top of page

ព្រះពរខាងវិញ្ញាណនៅក្នុងព្រះគ្រីស្ទ

សូមស្វាគមន៍

គោលបំណងដ៏អស្ចារ្យនៃជីវិតរបស់យើងគឺត្រូវស្រឡាញ់ព្រះជាម្ចាស់។

 

នៅពេលដែលគេចោទសួរទៅកាន់ព្រះយេស៊ូវថាតើអ្វីទៅគឺជាបញ្ញតិ្តដ៏អស្ចារ្យជាងគេបំផុតនោះ ទ្រង់មានបន្ទូលថា “ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» (ម៉ាកុស ១២:២៨-៣០)។

ដើម្បីស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់ពីកម្លាំងរបស់យើង គឺត្រូវស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីអ្វីទាំងអស់ដែលយើងមាននោះ។ តើយើងអាចស្រឡាញ់ព្រះជាម្ចាស់បែបនេះ បានដោយរបៀបណា? សាវ័កយ៉ូហានបានដឹងពីចម្លើយនោះ។ គាត់សរសេរថា “ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។” (១ យ៉ូហាន ៤:១៩)

យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។ នេះគឺជាគន្លឹះក្នុងការស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីអ្វីៗ ដែលយើងមាន។ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដោយ​សមរម្យ  យើងត្រូវដឹងថាទ្រង់បានស្រឡាញ់យើងជាមុន។ សូមកត់សម្គាល់ថាពាក្យកិរិយាស័ព្ទមានទម្រង់ជាអតីតកាល។ អ្វីដែលលោកយ៉ូហានបានលើកឡើងគឺថា ព្រះជាម្ចាស់បានធ្វើអ្វីៗ រួចហើយកាលពីពេលកន្លងមកដោយបានបង្ហាញសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ មកដល់យើង។ ហេតុដូច្នេះ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ដោយ​សមរម្យយើងត្រូវតែដឹង យល់ និងឱ្យតម្លៃទៅលើអ្វី ដែលព្រះអង្គ បានធ្វើដើម្បីយើង។​

មុនពេលព្រះជាម្ចាស់បង្កើតផែនដីនេះឡើង ទ្រង់បានសម្រេចព្រះទ័យថាព្រះអង្គនឹងប្រទានពរខាងវិញ្ញាណដ៏អស្ចារ្យ ដល់មនុស្ស។ ព្រះពរទាំងនេះពិតជាវិសេសខ្លាំងណាស់ដែលគ្មាននរណាម្នាក់អាចរកបាន ឬសមនឹងទទួលវានោះទេ។ ដូច្នេះព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ មកកាន់ផែនដីរបស់យើងដើម្បីសម្រេចវា ឱ្យបានសម្រាប់យើង។ ព្រះអង្កសម្រេចបានបានព្រះពរទាំងអស់នេះតាមរយៈការបង់ថ្លៃដ៏មហិមា តាមរយៈលះបង់ព្រះជន្មទ្រង់ជំនួសយើងនៅលើឈើឆ្កាង។  ឥឡូវនេះ ព្រះជាម្ចាស់បញ្ជូនព្រះវិញ្ញាណដ៏បរិសុទ្ធទ្រង់ មកជួយយើង ដើម្បីឱ្យយើងទទួល យល់ដឹង និងអនុវត្តនូវព្រះពរទាំងឡាយនេះ ដើម្បី​ឱ្យ​វាមានឥទ្ធិពលយ៉ាងពិតប្រាកដនៅក្នុងជីវិតរបស់យើង។ ព្រះពរខាងវិញ្ញាណដែលយើងមាននៅក្នុង ព្រះគ្រីស្ទរួមមាន៖

ការសង្គ្រោះ៖ ព្រះជាម្ចាស់សង្គ្រោះអ្នកចេញពីការដាក់ទោស អំណាច និងវត្តមាននៃអំពើបាប។

កំណើតថ្មី៖ ព្រះជាម្ចាស់ធ្វើឱ្យអ្នកមានជីវិតរស់ខាងឯវិញ្ញាណតាមរយៈការប្រទានព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់ដល់អ្នក។

ការប្រោសលោះ៖ ព្រះយេស៊ូវទិញអ្នកចេញពីភាពជាទាសករនៃអំពើបាប ដើម្បីឱ្យអ្នកមានសេរីភាពចេញពីអំពើបាប និងក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។

ការយកធ្វើជាកូនចិញ្ចឹម៖ ព្រះជាម្ចាស់យកអ្នកធ្វើជាបុត្រាបុត្រីរបស់ព្រះអង្គ ហើយធ្វើឱ្យអ្នកក្លាយជាអ្នកស្នងមរតក នៃជីវិតដ៏អស់កល្បជានិច្ចនៅក្នុងព្រះរាជ្យរបស់ទ្រង់។ 

ការធួននឹងបាប៖ ព្រះយេស៊ូវគ្របបាំងអំពើបាបរបស់អ្នកដើម្បីឱ្យអ្នកបានផ្សះផ្សាជាមួយព្រះជាម្ចាស់ឡើងវិញ ហើយមានសន្តិភាពជាមួយទ្រង់។​

​ការ​លើកលែង​ទោស៖ ព្រះជាម្ចាស់ដក និងបញ្ជូនអំពើបាបរបស់អ្នកចេញពីអ្នកជារៀងរហូត។ 

ការរាប់ជាសុចរិត៖ ព្រះជាម្ចាស់ប្រកាសថាអ្នកជាមនុស្សសុចរិត ដាក់សេចក្តីសុចរិតរបស់ព្រះគ្រីស្ទលើអ្នក ហើយចាត់ទុកអ្នកថាដូចជាមនុស្សដែលមិនដែលប្រព្រឹត្តិអំពើបាបទាល់តែសោះ។

ការញែកជាបរិសុទ្ធ៖ ព្រះជាម្ចាស់ធ្វើឱ្យអ្នកបរិសុទ្ធតាមរយៈកិច្ចការរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធនៅក្នុងអ្នក។

ជីវិតអស់កល្បជានិច្ច៖ ព្រះយេស៊ូវប្រទានឱ្យអ្នកមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដែលជាលក្ខណៈដែលបង្ហាញពីសេចក្តីស្រឡាញ់ ភាពសុចរិត សេចក្តីសុខសាន្ត និងអំណរជារៀងរហូត។ 

ការរស់ឡើងវិញ៖ នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ អ្នកនឹងទទួលបានរូបកាយថ្មីដែលមានចេស្តារ សិរីរុងរឿង ជាវិញ្ញាណ និងមិនរលួយខូចឡើយ។ 

 

ការប្រទានសិរីរុងរឿង៖ នៅពេលអ្នកឃើញព្រះយេស៊ូវ​ ទ្រង់នឹងធ្វើឱ្យអ្នកមានសិរីរុងរឿង និងគ្រប់លក្ខណ៍ដូចជាទ្រង់ដែរ។

ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ ទាំងអស់នេះគឺជាព្រះពរខាងវិញ្ញាណរបស់អ្នក។ វាគឺជាអំណោយទានដ៏អស្ចារ្យបំផុតអ្នកនឹងទទួលបាន ។ ខណៈពេលដែលអ្នកយល់ដឹងបន្ថែមទៀតពីព្រះពរខាងវិញ្ញាណដែលព្រះជាម្ចាស់ប្រទានឱ្យអ្នក នោះអ្នកនឹងដឹងថាសេចក្តីស្រឡាញ់របស់ទ្រង់អស្ចារ្យប៉ុណ្ណា ហើយអ្នកនឹងស្រឡាញ់ទ្រង់កាន់តែច្រើនឡើង។  

ការនេះមិនមែនដោយសារតែអ្វីដែលអ្នកបានធ្វើនោះទេ ប៉ុន្តែគឺជាអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើងវិញ។ វាគឺដោយសារតែលក្ខណៈសម្បត្តិរបស់ព្រះអង្គ មិនមែនរបស់យើងទេដែលយើងអាចទទួលបានព្រះពរទាំងអស់នេះ។ ហេតុដូច្នេះបានជាព្រះគម្ពីរចែងថាព្រះពរគឺកើតមានឡើងដោយសារ “ព្រះគុណ”។ អ្នកជឿទាំងអស់កំពុងតែធ្វើដំណើរពីព្រះគុណទៅកាន់សិរីរុងរឿង។ ចំណុចចាប់ផ្តើមរបស់យើងគឺព្រះគុណរបស់ព្រះជាម្ចាស់ដែលជាអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការសម្រាប់ការធ្វើដំណើរដែលបានប្រទានឱ្យរួចជាស្រេចហើយ។ គោលដៅគឺជាសិរីរុងរឿង។ នៅតាមផ្លូវយើងនឹងរកឃើញព្រះពរខាងវិញ្ញាណដ៏អស្ចារ្យលើសពីការស្រមៃគិតរបស់មនុស្សទៅទៀត។ គ្រប់ទាំងព្រះពរនីមួយៗគឺជាប្រភពនៃសេចក្តីអំណរ និងកម្លាំងសម្រាប់អ្នកជឿ។ ការស្គាល់ពីព្រះពរទាំងអស់នេះនឹងជួយអ្នកឱ្យរីករាយ តស៊ូ និងទទួលបានជោគជ័យនៅក្នុងដំណើរជីវិតជាគ្រីស្ទបរិស័ទរបស់អ្នក។ ដូច្នេះឥឡូវនេះចូររៀនជាមួយគ្នាពីព្រះពរខាងវិញ្ញាណរបស់យើងនៅក្នុងព្រះគ្រីស្ទ!

bottom of page