top of page

​មេរៀនទី ៣: ការប្រោសលោះ

សម្រង់សម្តីព្រះយេស៊ូវ៖ ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ (ម៉ាកុស ១០:៤៥)

ការប្រោសលោះគឺជាការដោះលែងឈ្លើយសឹកចេញពីការជាប់ឃុំឃាំងតាមរយៈការទូទាត់ថ្លៃលោះ។ ពីដើមពាក្យនេះបានក្លាយមកពីការអនុវត្តន៍នៅក្នុងសង្គ្រាម។ ក្រោយពេលប្រយុទ្ធគ្នារួច អ្នកមានជ័យជំនះនឹងចាប់មនុស្សដែលចាញ់សង្គ្រាម។ សមាជិកគ្រួសាររបសឈ្លើយសឹកនឹងត្រូវបង់ថ្លៃលោះ បន្ទាប់មកអ្នកជាប់ជាឈ្លើយនឹងត្រូវបានដោះលែងវិញ។ ដំណើរការនេះហៅថា ἀπολύτρωσις  ដែលជាពាក្យយើងបកប្រែថា ‘ការប្រោសលោះ’។​

ការប្រោសលោះគឺជាការដោះលែងឈ្លើយសឹកចេញពីការជាប់ឃុំឃាំង

តាមរយៈការទូទាត់ថ្លៃលោះ។

ក្រោយមក ពាក្យនេះត្រូវបានគេប្រើប្រាស់សម្រាប់ការទូទាត់លុយដើម្បីដោះលែងទាសករឲ្យមានសេរីភាព  ឬដោះលែងឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសប្រហារជីវិត។ នៅក្នុងករណីនីមួយៗ គំនិតគឺថាត្រូវទិញការដោះលែងរបស់មនុស្សម្នាក់ចេញពីការគ្រប់គ្រងរបស់អ្នកដែលមានអំណាចជាសត្រូវ (ឧ. ម្ចាស់របស់ទាសករ អ្នកទោស ឬអ្នកចាប់ជំរិត)។ មនុស្សដែលត្រូវការការប្រោសលោះកំពុងតែស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹម ហើយគ្មានអំណាចទទាល់តែសោះក្នុងជួយសង្គ្រោះខ្លួនឯង។ ហេតុដូច្នេះ គាត់ត្រូវការអ្នកប្រោសលោះដើម្បីទិញគាត់ឲ្យមានសេរីភាព។ 

នៅក្នុងការសិក្សានេះ យើងនឹងក្រឡេកមើលព្រះពរខាងវិញ្ញាណនៃការប្រោសលោះដោយចែកជា ៥ផ្នែក៖
   ១) ​ពួក​អ្នក​ដែលទទួលការប្រោស​លោះ​
   ២) អ្នកប្រោសលោះ
   ៣) ថ្លៃលោះ
   ៤) ការបង់ថ្លៃ
   ៥) តើការប្រោសលោះសម្រេចបានអ្វីខ្លះ។

 

១. ​ពួក​អ្នក​ដែលទទួលការប្រោស​លោះ​

ការប្រោសលោះគឺសម្រាប់ទាសករ អ្នកជាប់ឃុំ និងឧក្រិដ្ឋជន។ ហេតុដូច្នេះហើយបានជាគន្លឹះក្នុងការអរគុណសម្រាប់ការប្រោសលោះរបស់យើងឲ្យបានសមរម្យគឺត្រូវដឹងថានេះគឺជាស្ថានភាពរបស់យើងមុនពេលយើងស្គាល់ព្រះជាម្ចាស់។ ខាងឯវិញ្ញាណយើងគឺជាទាសករ អ្នកជាប់ឃុំ និងជាឧក្រិដ្ឋជន។ តើយើងជាទាសករទៅនឹងអ្វី? ចម្លើយគឺថាមនុស្សជាទាសករនៃអំពើបាប។ 

យ៉ូហាន ៨:៣៤     
ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បំរើ​របស់​អំពើ​បាប​នោះ​ហើយ 


២ ពេត្រុស ២:១៩ខ (គកស១៦) 
ដ្បិត​មនុស្ស​ជា​ទាសករ​ចំពោះ​អ្វី​ដែល​មាន​អំណាច​លើ​ខ្លួន។ 


រ៉ូម ៦:១៦
តើ​អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ទៅ​ធ្វើ​ជា​បាវ​បំរើ នឹង​ស្តាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម ទោះ​ជា​របស់​ផង​អំពើ​បាប ឲ្យ​បាន​សេចក្ដី​ស្លាប់ ឬ​ជា​របស់​ផង​សេចក្ដី​ស្តាប់​បង្គាប់ ឲ្យ​បាន​សុចរិត​ក្តី 

 

សូមកត់សម្គាល់ថាទាសភាពគឺត្រូវបានកំណត់តាមវិធីបីយ៉ាងតាមរយៈអត្ថបទខាងលើ។

ទីមួយ “អស់អ្នកណាដែលប្រព្រឹត្តិអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ”។ ព្រះយេស៊ុវកំពុងតែមានបន្ទូលអំពីសកម្មភាពដែលជាទម្លាប់របស់យើង។ ប្រសិនបើយើងធ្វើអ្វីម្យ៉ាងម្តងហើយម្តងទៀត ហើយមិនអាចបញ្ឃប់ធ្វើការនោះបានទេ (បើទោះបីជាយើងសម្រេចចិត្តថាយើងចង់ឈប់ក៏ដោយ) នោះវាច្បាស់ណាស់ថាយើងគឺជាទាសករទៅនឹងវាហើយ។ ប្រសិនបើអ្នកប្រព្រឹត្តិអំពើបាប ខណៈពេលដែលអ្នកមិនចង់ធ្វើបាប នោះបញ្ជាក់ច្បាស់ថាអំពើបាបមានអំណាចមកលើអ្នកហើយ។  

មនុស្សមួយចំនួនអាចបដិសេធថាពួកគេគឺជាទាសករនៃអំពើបាប។ មានវិធីសាស្ត្រច្បាស់លាស់ដើម្បី បញ្ជាក់ប្រសិនបើនោះគឺជារឿងពិត - ឈប់ធ្វើបាបតទៅទៀត! សម្រេចចិត្តឥឡូវនេះថា អ្នកនឹងមិនធ្វើបាបម្តងទៀតទេ។ អ្នកនឹងបរាជ័យ ប៉ុន្តែរឿងនេះនឹងនេះនឹងបង្រៀនអ្នកនូវសេចក្តីពិតដ៏សំខាន់មួយ។ វាកើតឡើងតែនៅពេលដែលមនុស្សម្នាក់ធ្វើការសម្រេចចិត្តថាគាត់ចង់ឈប់ធ្វើបាបតទៅ ទៀត ថាគាត់ស្វែងរកឃើញថាអំពើបាបមានអំណាចលើគាត់ ហើយថាគាត់ត្រូវការអំណាចដែលខ្លាំងជាងនេះ ដើម្បីរំដោះគាត់ឲ្យមានសេរីភាពចេញពីអំពើបាប។

ទីពីរ “ដ្បិត​មនុស្ស​ជា​ទាសករ​ចំពោះ​អ្វី​ដែល​មាន​អំណាច​លើ​ខ្លួន”។ នៅក្នុងសម័យបុរាណ របៀបទូទៅមួយដែលមនុស្សក្លាយទៅជាទាសករគឺតាមរយៈការចាញ់ដោយខ្មាំងសត្រូវដែលឈ្លានពាន។ ប្រសិនបើអ្នកមិនតតាំងជាមួយនឹងខ្មាំងសត្រូវទេ វានឹងយកជ័យជំនះ ហើយយកអ្នកធ្វើជាទាសករមិនខាន។ ដូចគ្នានេះដែរ រាល់ទាំងអំពើបាប និងការល្បួងទាំងអស់ដែលយកជ័យជំនះលើយើង យកយើងធ្វើជាទាសករហើយ។ 

ទីបី “អ្នក​ជា​បាវ​បំរើ​របស់​ចៅហ្វាយ​នោះ​ឯង​ដែល​អ្នក​ស្តាប់​តាម”។ ទាសករស្តាប់តាមចៅហ្វាយរបស់ពួកគេ។ ប្រសិនបើអ្នកចង់ដឹងថាតើមនុស្សម្នាក់គឺជាទាសករទៅនឹងអ្វី សូមក្រឡេកមើលទៅកាន់អ្វីដែលពួកគេស្តាប់តាម។ នៅពេលដែលយើងស្តាប់តាមការល្បួងដោយប្រព្រឹត្តិអំពើបាប យើងគឺជាទាសករនៃអំពើបាប។ 

អំពើបាបគឺជាអំណាចដែលមានមនុស្សទាំងអស់នៅក្រោមការគ្រប់គ្រងរបស់វា។ ព្រះគម្ពីរប្រាប់យើងថា មនុស្ស "សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប" (រ៉ូម ៣:៩) បាប “សោយរាជ្យ” (រ៉ូម ៥:២១) “មានអំណាចលើ​អ្នក​រាល់​គ្នា​” (រ៉ូម ៦:១៤) យើង "ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប" (រ៉ូម ៧:២៣) អំពើ​បាប “​​រុំ​យើង​ជុំ‌វិញ​ជា​ងាយ​ម៉្លេះ​នោះ​ចេញ" (ហេប្រឺ ១២:១) ហើយ បាបគឺ​ជា “នៅក្នុងយើង” (រ៉ូម ៧:១៧)។

ព្រះគម្ពីរបង្រៀនអំពីការសង្គ្រោះយ៉ាងច្បាស់លាស់ថាយើងទាំងអស់គ្នាគឺជាមនុស្សមានបាប ហើយត្រូវការការសង្គ្រោះចេញពីអំពើបាប។ ការប្រោសលោះបន្តទៅមុខទៀត ហើយបង្រៀនយើងថា យើងគឺជាទាសករចំពោះអំពើបាប ហើយត្រូវការបង់ថ្លៃដើម្បីរំដោះយើងឲ្យមានសេរីភាព។ 

ដើម្បីយល់អំពីការប្រោសលោះ សូមស្រមៃថាអ្នកគឺជាទាសករម្នាក់នៅក្នុងផ្សារទាសករ។ អ្នកមានសម្លៀកបំពាក់រហែករយ៉ៃ កខ្វក់ បរាជ័យ អស់សង្ឃឹម និងវេទនា។ បន្ទាប់មកមនុស្សម្នាក់ផ្តល់នូវការបង់ថ្លៃនូវអ្វីដែលត្រូវការដើម្បីទិញយកអ្នក។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល! គ្មានតម្លៃណាដែលខ្ពស់ពេកនោះទេ។ គាត់បានសម្រេចចិត្តឲ្យអ្នកមានសេរីភាពមិនថាថ្លៃប៉ុណ្ណានោះទេ! បន្តិចក្រោយមកត្រូវបានប្រកាសថា៖ 

ឥឡូវនេះអ្នកមានសេរីភាពចេញទៅហើយ!

ប៉ុន្តែមុនពេលអ្នកចេញទៅ អ្នកត្រូវដឹងថា… អ្នកណាគឺជាអ្នកប្រោសលោះម្នាក់នេះដែលឲ្យតម្លៃអ្នកខ្ពស់យ៉ាងដូច្នេះថាគាត់នឹងបង់ថ្លៃឲ្យអ្នកមានសេរីភាព…តើគាត់បង់ថ្លៃចំនួនប៉ុន្មាន…ហើយតើហេតុអ្វីបានជាគាត់ធ្វើដូច្នោះ?

២. អ្នកប្រោសលោះរបស់យើង

អ្នកទោសសង្គ្រាម ទាសករ និងឧក្រិដ្ឋជនត្រូវការការលោះកំហុស។ ប៉ុន្តែគ្មានអ្នកទោស ទាសករ ឬឧក្រិដ្ឋជនណាម្នាក់អាចលោះខ្លួនឯងបានឡើយ។ ហេតុដូច្នេះហើយបានជាពួកគេត្រូវការអ្នកជួយលោះ។ អ្នកជួយលោះពួកគេគឺអាចធ្វើបានតែតាមរយៈម្នាក់ដែលមានសេរីភាព (ទាសករមិនអាចជួយលោះទាសករដទៃទៀតបានទេ) ដែលមានបំណងក្នុងការជួយ ហើយអាចបង់ថ្លៃពេញទៅតាមតម្លៃដែលទាមទារ។ 

ដូចគ្នាដែរ យើងមិនអាចប្រោសលោះខ្លួនយើងដោយខ្លួនឯងបានទេ។ ការប្រោសលោះរបស់យើងអាចធ្វើទៅបានតែតាមរយៈនរណាម្នាក់ដែលមានសេរីភាព គ្មានកំហុស និងសុចរិត។ ប៉ុន្តែពិភពលោកទាំងមូលត្រូវបានចាប់ជាឈ្លើយ ជាទាសករនៃអំពើបាប មានទោស និងត្រូវបានកាត់ទោស។ ដូច្នេះតើនរណាអាចប្រោសលោះយើងបាន? មានតែបុគ្គលម្នាក់គត់ដែលមិនធ្លាប់ប្រព្រឹត្តិអំពើបាបសោះ ហើយស្មគ្រចិត្តសងបំណុលសម្រាប់អំពើបាបរបស់យើងទាំងអស់។ 

ព្រះយេស៊ូវមានលក្ខណៈសម្បត្តិពិសេសដើម្បីប្រោសលោះយើង
ហេតុអ្វី? ដំបូងបង្អស់ ព្រះយេស៊ូវទ្រង់គឺជាព្រះរាជបុត្រានៃព្រះល្អឥតខ្ចោះ។

 

១ យ៉ូហាន ៥:២០
យើង​ក៏​ដឹង​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ព្រះ‌អង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង។

 

ម៉ាថាយ ៣:១៧ 
នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។

 

រ៉ូម ១:៤ 
តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

 

ទីពីរ ព្រះយេស៊ូវបានក្លាយខ្លួនមកជាមនុស្ស។ តាមរយៈការក្លាយខ្លួនជាមនុស្ស ព្រះរាជបុត្រានៃព្រះបានកំណត់អត្តសញ្ញាណយ៉ាងពេញលេញជាមួយយើង។ ប្រសិនបើទ្រង់មិនត្រូវបានក្លាយខ្លួនមកជាមនុស្សទេ ទ្រង់មិនអាចប្រោសលោះមនុស្សបាននោះទេ។ 

១ ធីម៉ូថេ ២:៥-៦
ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ ៦ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់


ហេប្រឺ ២:១៤-១៥
ដូច្នេះ ដែល​កូន​ចៅ​បាន​ប្រកប​ដោយ​សាច់​ឈាម​ព្រម​គ្នា នោះ​ទ្រង់​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​បំផ្លាញ​អា​នោះ ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ គឺ​ជា​អារក្ស ដោយ​ទ្រង់​សុគត ១៥ហើយ​ឲ្យ​បាន​ប្រោស​ដល់​ពួក​អ្នក​នោះ ដែល​ជាប់​ជា​បាវ​បំរើ​គ្រប់​១​ជីវិត ដោយ​ខ្លាច​ស្លាប់ ឲ្យ​បាន​រួច​ចេញ​វិញ 

ទីបី ព្រះយេស៊ូវបានរស់នៅដោយគ្មានបាបសោះ។ ដោយសារព្រះយេស៊ូវគឺជាបុគ្គលតែមួយអង្គគត់ដែលបានរស់នៅដោយគ្មានបាបសោះ មានតែទ្រង់តែប៉ុណ្ណោះមានលក្ខណៈសម្បត្តិពិសេសគ្រប់គ្រាន់ដើម្បីបង់ថ្លៃលោះសម្រាប់អំពើបាបរបស់មនុស្ស។

១ យ៉ូហាន ៣:៥  
អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ

 

១ ពេត្រុស ២:២២ 
ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​អ្វី​នៅ​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ

 

ហេប្រឺ ៤:១៥  
ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត‌អាសូរ ដល់​សេចក្ដី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្ដី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ

ខណៈពេលដែលយើងមិនអាចរស់នៅក្នុងជីវិតដែលគ្មានបាបសោះ ព្រះយេស៊ូវបានរស់នៅក្នុងព្រះជន្មដែលល្អឥតខ្ចោះជំនួសយើងវិញ។ មានតែព្រះយេស៊ូវតែប៉ុណ្ណោះដែលសុចរិតដោយសារការស្តាប់បង្គាត់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ចំពោះក្រិត្យ‌វិន័យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ មានតែទ្រង់តែប៉ុណ្ណោះអាចប្រោសលោះមនុស្សមិនសុចរិតបាន។​

 

១ ពេត្រុស ៣:១៨ក
ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ 

២ កូរិន‌ថូស ៥:២១  
ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។

 

សង្ខេប៖ ព្រះយេស៊ូវគឺជាអ្នកប្រោសលោះរបស់យើងដែលបានប្រោលលោះប្រជារាស្ត្ររបស់ទ្រង់ចេញពីទាសករខាងវិញ្ញាណចំពោះអំពើបាបតាមរយៈការបង់ថ្លៃនៃតម្លៃលោះនៃសេរីភាពដែលយើងមិនអាចបង់ថ្លៃរួច។

ពិភាក្សា៖ តើវាមានអត្ថន័យយ៉ាងណាសម្រាប់អ្នកដែលព្រះយេស៊ូវគឺជាអ្នកប្រោសលោះរបស់អ្នក?

៣. ថ្លៃលោះ

ថ្លៃលោះគឺជាតម្លៃដែលត្រូវបានបង់ដើម្បីឲ្យនរណាម្នាក់មានសេរីភាពចេញពីចំណងនៃការជាប់ឃុំ។ យើងត្រូវបានក្លាយជាទាសករ និងជាអ្នកទោស។ ព្រះយេស៊ូវគឺជាអ្នកប្រោសលោះរបស់យើង។ ប៉ុន្តែតើទ្រង់បានបង់ថ្លៃអ្វីខ្លះដើម្បីធានាឲ្យមានការដោះលែងយើង? សេចក្តីពិតដ៏គួរឲ្យកត់សម្គាល់បំផុតអំពីការប្រោសលោះយើងគឺថា៖ ព្រះយេស៊ូវជាអ្នកប្រោសលោះរបស់យើងក៏គឺជាថ្លៃលោះផងដែរ។ តម្លៃដែលទ្រង់បានបង់ដើម្បីធ្វើជាថ្លៃលោះយើងគឺជាព្រះជន្មរបស់ទ្រង់។ សូមស្តាប់នូវអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលថាការសុគតរបស់ទ្រង់បានសម្រេចការហើយ៖

ម៉ាកុស ១០:៤៥  

ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។

ព្រះយេស៊ូវពិពណ៌នាការប្រទានជីវិតរបស់ទ្រង់ថាជា “ថ្លៃលោះ”។ សាវ័កពេត្រុស និងសាវ័កប៉ូលបានបង្រៀនពី សេចក្តីពិតនេះ។

១ ពេត្រុស ១:១៨-១៩  

ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម 

 

១ ធីម៉ូថេ ២:៥-៦  

ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ នឹង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់ 

ព្រះលោហិតរបស់ព្រះយេស៊ូវគឺជាថ្លៃសម្រាប់ការប្រោសលោះរបស់យើង។ ព្រះលោហិតរបស់ទ្រង់ទិញអ្នកជឿ រំដោះពួកគេចេញពីទាសករនៃអំពើបាប។

វិវរណៈ ១:៥-៦

ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី រីឯ​ព្រះ‌អង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះ‌លោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ​ថ្វាយ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា​នៅ​អស់​‌កល្ប​ជានិច្ច​រៀង‌រាប​ត​ទៅ អាម៉ែន។

 

អេភេសូរ ១:៧ 

ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ គឺ​ជា​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​ទោស តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ‌លែង​នៃ​ទ្រង់ 

 

ហេប្រឺ ៩:១២  

នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​‌កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់​វិញ

 

ការប្រោសលោះគឺជាកិច្ចការដ៏អស្ចារ្យបំផុតរបស់ព្រះជាម្ចាស់ដែលត្រូវបានវាស់វែងតាមរយៈតម្លៃដែលទ្រង់បានបង់នោះ។ វាធំជាងសូម្បីតែការបង្កើតផងដែរ។ ព្រះជាម្ចាស់បានបង្កើតភពរាប់រយពាន់លានភព ប៉ុន្តែវាមិនចំណាយអ្វីទាល់តែសោះ។ ទ្រង់មានបន្ទូល ហើយវាក៏កើតឡើងដូច្នោះ។ ប៉ុន្តែដើម្បីប្រោសលោះអ្នក ទ្រង់ត្រូវចំណាយអស់យ៉ាងច្រើន។ ព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់ត្រូវបានគេវាយដំ ស្តោះទឹកមាត់ដាក់ វាយនឹងរំពាត់ ឆូត បោះដែកគោលទៅលើព្រះហស្ថ និងព្រះបាទាទ្រង់ ព្យួរនៅលើឈើឆ្កាង ហើយហូរព្រះលោហិត និងសុគត។ នេះគឺសុទ្ធតែចាំបាច់ទាំងអស់ដើម្បីប្រោសលោះយើង។

៤. ការបង់ថ្លៃ 

តើថ្លៃលោះត្រូវបានបង់ដោយរបៀបណា? ចម្លើយគឺនៅលើឈើឆ្កាងរបស់ព្រះគ្រីស្ទ។

យ៉ូហាន ១៩:២៨-៣០
ក្រោយ​នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់
រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹក‌ខ្មេះ​ពេញ គេ​ក៏​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ‌ឱស្ឋ​ទ្រង់ កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​ទឹក‌ខ្មេះ​រួច​ហើយ ក៏​មាន​បន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះ‌សិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។

 

តើព្រះយេស៊ូវចង់មានន័យយ៉ាងដូចម្តេចនៅពេលទ្រង់មានបន្ទូលថា ‘ការ​ស្រេច​ហើយ’?
ពាក្យជាភាសាក្រិកត្រូវបានបកប្រែថា “ការ​ស្រេច​ហើយ” គឺΤετέλεσται។ វាគឺជាពាក្យសម្រាប់អាជីវកម្មដែលមានន័យថា “បង់ថ្លៃពេញ”។ នៅពេលដែលវិកយប័ត្រត្រូវបានទូទាត់ពេញលេញ វាមានត្រាថា Τετέλεσται  ដើម្បីបង្ហាញថាប្រតិបត្តិការត្រូវបានបញ្ចប់រួចរាល់។ គ្មានអ្វីបន្ថែមទៀតដែលត្រូវការទូទាត់នោះទេ។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលពាក្យនេះ ទ្រង់បានប្រកាសអំពីបំណុលដែលមនុស្សជំពាក់ (បំណុលនៃអំពើបាប) ដែលត្រូវបានទូទាត់ពេញលេញ។  

 

កូឡូស ២:១៣-១៤
ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា
ទាំង​លុប​ចោល​សេចក្ដី​ដែល​កត់​ទុក​ទាស់​នឹង​យើង​ក្នុង​សេចក្ដី​បញ្ញត្ត ដែល​ប្រទាំង​នឹង​យើង ហើយ​ទ្រង់​ក៏​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​ឈើ​ឆ្កាង

 

គម្ពីរសញ្ញាចាស់បានផ្តល់ការបង្ហាញពីការប្រោសលោះដើម្បីជួយយើងឲ្យយល់ដឹងអំពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើសម្រាប់ប្រជារាស្ត្ររបស់ទ្រង់។ សំខាន់បំផុតគឺការប្រោសលោះជនជាតិហេប្រឺរបស់ព្រះជាម្ចាស់ចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព។ ព្រះជាម្ចាស់បានសម្រេចកិច្ចការនេះតាមរយៈគ្រោះកាចទាំងដប់ (ចុងក្រោយបំផុតគឺជាការស្លាប់របស់កូនច្បង)។ ជនជាតិហេប្រឺមានសុវត្ថិភាពដោយសារតែពួកគេត្រូវបានគ្រប់ដណ្តប់ដោយឈាមរបស់កូនចៀម។ នៅថ្ងៃបន្ទាប់ ពួកគេត្រូវបានរំដោះឲ្យមានសេរីភាពចេញពីទាសភាពនៅក្នុងប្រទេសអេស៊ីព ហើយបានក្លាយទៅជាមនុស្សរបស់ព្រះជាម្ចាស់។ 

 

រឿងនេះជួយយើងឲ្យយល់ដឹងអំពីការប្រោសលោះរបស់យើង។ យើងមើលឃើញថាការប្រោសលោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការរំដោះឲ្យទាសករមានសេរីភាពចេញពីអំពើបាបក្លាយទៅជាប្រជារាស្ត្ររបស់ទ្រង់។ វាកើតឡើងបន្ទាប់ពីការស្លាប់របស់កូនច្បង នៅក្នុងករណីនេះគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ផ្ទាល់។ តម្លៃនៃការប្រោសលោះរបស់យើងគឺជាព្រះលោហិតរបស់ព្រះយេស៊ូវ (កូន​ចៀម​នៃ​ព្រះ) នោះគឺការសុគតរបស់ទ្រង់។ តាមរយៈការប្រទានជីវិតរបស់អង្គទ្រង់ ព្រះយេស៊ូវបានតិញយើងចេញពីភាពជាទាសករនៃអំពើបាប ហើយឥឡូវនេះយើងគឺជាប្រជារាស្ត្ររបស់ទ្រង់។ 

 

ឧទាហរណ៍មួយទៀតនៃការប្រោសលោះគឺជារឿងរ៉ាវរបស់ហោរ៉ាហោសេ។ ព្រះជាម្ចាស់ប្រាប់ឲ្យលោកហោសេទៅរៀបការជាមួយនឹងស្ត្រីម្នាក់ឈ្មោះហ្គោមើ។ ប៉ុន្តែនាងហ្គោមើមិនស្មោះត្រង់នឹងលោកហោសេទេ។ ចុងក្រោយបង្អស់នាងហ្គោមើបានក្លាយទៅជាទាសករ។ លោកហោសេបានធ្វើដំណើរទៅកាន់ផ្សារទាសករ ហើយបង់ថ្លៃជាមួយនឹងទឹកប្រាក់ជាច្រើនដើម្បីទិញកូនក្រមុំទាសករដែលមិនស្មោះត្រង់របស់គាត់មកវិញ។

ដូច​លោកហោសេបានទិញនាងហ្គោមើត្រឡប់មកវិញ ព្រះយេស៊ូវទិញកូនក្រមុំមិនស្មោះត្រង់របស់ទ្រង់ ត្រឡប់មកវិញដោយសារសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ទ្រង់។ លោកហោសេបានបង់ថ្លៃចំនួន ១៥ស៊ីកែលប្រាក់ និងទឹកស្រូវសាឡីច្រើនជាង ៣០០លីត្រ ថ្លៃជាងតម្លៃដែលទាសករមានទៅទៀត។ នេះគឺជារូបភាពនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវមានសម្រាប់យើង។ បើទោះបីជាយើងទាំងអស់គ្នាមិនស្មោះត្រង់ ហើយបានក្លាយទៅជាទាសករនៃអំពើបាប ព្រះយេស៊ូវបានប្រោសលោះយើងតាមរយៈការឲ្យ​ជីវិតទ្រង់ទុក​ជា​ថ្លៃ​លោះ។ តម្លៃគឺច្រើនជាងអ្វីដែលយើងមានតម្លៃទៅទៀត ហើយសេចក្តីមេត្តារបស់ទ្រង់គឺច្រើនជាងអ្វីដែលយើងសក្តិសមនឹងទទួល។

 

ពិភាក្សា៖ តើអ្នកឆ្លើយតបយ៉ាងដូចម្តេចចំពោះសេចក្តីពិតដែលព្រះយេស៊ូវបានប្រោសលោះអ្នកដោយព្រះលោហិតទ្រង់?

 

ចាក់ចម្រៀងសម្រាប់ធ្វើការពិចារណា

 

៥. ការសម្រេចបាននៃការប្រោសលោះ
យើងបានក្រឡេកមើលទៅកាន់សណ្ឋាននៃការជាប់ឃុំរបស់យើង និងអ្វីដែលអ្នកប្រោសលោះរបស់យើងបានធ្វើដើម្បីទិញយើងឲ្យមានសេរីភាព។ នៅក្នុងផ្នែកចុងក្រោយនៃការសិក្សានេះ យើងនឹងក្រឡេកមើលទៅកាន់ការសម្រេចសម្រាប់ការប្រោសលោះចំនួនបី។ 

 

១) លទ្ធផលនៃការប្រោសលោះសម្រាប់ប្រជារាស្ត្ររបស់ព្រះ
២) រង្វាន់នៃការប្រោសលោះសម្រាប់ព្រះយេស៊ូវ
៣) ការប្រោសលោះនៃការបង្កើត 

 

១) លទ្ធផលនៃការប្រោសលោះសម្រាប់ប្រជារាស្ត្ររបស់ព្រះ
ព្រះគម្ពីរប្រាប់យើងពីលទ្ធផលនៃការដែលព្រះយេស៊ូវប្រោសលោះយើង

យើងត្រូវបានរំដោះឲ្យមានសេរីភាពចេញពីទាសករនៃអំពើបាប
ការប្រោសលោះមានន័យថាយើងលែងជាទាសករនៃអំពើបាបទៀតហើយ។ អំពើបាបគ្មានអំណាចលើយើងទៀតទេ។ យើងនៅតែអាចជំពប់ដួលម្តងម្កាល ប៉ុន្តែអំពើបាបមិនអាចគ្រប់គ្រងយើងដូចពីមុននោះទេ។

 

រ៉ូម ៦:៦ 
ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ


យ៉ូហាន ៨:៣៦ 
ដូច្នេះ បើ​ព្រះ‌រាជ‌បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច នោះ​នឹង​បាន​រួច​ជា​ពិត 

 

យើងត្រូវបានប្រោសលោះចេញពីការ​រំលងរបស់យើង។


ហេប្រឺ ៩:១៥      
ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្ដី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ 

 

ឥឡូវនេះដោយយើងទទួលបានការប្រោសលោះហើយ យើងត្រូវរស់នៅក្នុងនាមជាមនុស្សមានសេរីភាព។


កាឡាទី ៥:១ 
ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន ក្នុង​សេរី‌ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ


រ៉ូម ៦:១៧-១៨
ឯ​អ្នក​រាល់​គ្នា ពី​ដើម​ជា​បាវ​បំរើ​របស់​អំពើ​បាប​មែន ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ឥឡូវ​នេះ បាន​ស្តាប់​ដោយ​ស្ម័គ្រ​ពី​ចិត្ត តាម​ក្បួន​នៃ​លទ្ធិ ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ 

 

ពីមុនយើងគឺជាទាសករនៃអំពើបាប តែឥឡូវយើងគឺជា “​បាវ​បំរើ​នៃ​សេចក្ដី​សុចរិត”។ តើនេះគឺជាទម្រង់មួយនៃភាពជាទាសករមែនទេ? អត់ទេ ការស្តាប់បង្គាប់ និងត្រូវបានគ្រប់គ្រងដោយភាពសុចរិតគឺផ្ទុយគ្នាទៅនឹងការជាប់ឃុំនៅក្នុងអំពើបាប។ ដើម្បីមានអំណាចរស់នៅដោយសុចរិតគឺជាសេរីភាពយ៉ាងពិតប្រាកដ។ 

 

សេរីភាពមិនមែនជាសិទ្ធិក្នុងការធ្វើអ្វីទៅតាមចិត្តចង់របស់អ្នកទេ វាគឺជាអំណាចក្នុងការធ្វើអ្វីដែលត្រឹមត្រូវ វិញ។ គ្មានសេរីភាពណាដែលអាចធ្វើអ្វីៗបានទៅតាមចិត្តចង់របស់អ្នកឡើយប្រសិនបើការចង់បាននោះ ត្រូវបានគ្រប់គ្រងដោយអំពើបាប។ ហេតុដូច្នេះ មនុស្សដែលរីករាយជាមួយនឹងសេរីភាពដ៏ពិតប្រាកដគឺ អស់អ្នកដែលត្រូវបានរំដោះឲ្យមានសេរីភាពចេញពីអំណាចនៃអំពើបាបនៅក្នុងជីវិតរបស់ពួកគេ។ ពួកគេដឹងថាគេត្រូវធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេចង់ធ្វើ ពួកគេចូលចិត្តធ្វើ ហើយពួកគេមានអំណាចដើម្បីធ្វើឲ្យពួកគេអាចធ្វើដូច្នោះបាន។ 

 

យើងមានចៅហ្វាយនាយថ្មី

នៅពេលដែលអ្វីមួយត្រូវបានលោះវាត្រូវបានស្តារឲ្យត្រឡប់ទៅរកគ្រួសារពិត ឬម្ចាស់របស់វាវិញ។ យើងជា កម្មសិទ្ធិរបស់ព្រះជាម្ចាស់ដែលជាអ្នកបង្កើតយើង ប៉ុន្តែយើងបានក្លាយទៅជាទាសករនៃអំពើបាប។ ទោះជាយ៉ាងណាក៏ដោយ អំពើបាបមិនមែនជាចៅហ្វាយនាយរបស់យើងទៀតទេ។ ព្រះយេស៊ូវបានទិញយើងចេញពីទាសកររួចហើយ ហើយឥឡូវនេះយើងជាកម្មសិទ្ធិរបស់ទ្រង់។ 
 

១ កូរិន‌ថូស ៦:១៩-២០ 

តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូប‌កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះ​នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

 

រ៉ូម ១៤:៨ 

ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្តី គង់​តែ​យើង​ត្រូវ​រស់​ឬ​ស្លាប់​ថ្វាយ​ព្រះ‌អម្ចាស់​វិញ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្តី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះ‌អម្ចាស់​ដែរ

អ្នកត្រូវបានទិញដោយព្រះយេស៊ូវ។ ជីវិតថ្មីរបស់អ្នកជាកម្មសិទ្ធិរបស់ព្រះយស៊ូវ។ អស់អ្នកដែលទទួលបានការប្រោសលោះពីព្រះយេស៊ូវគឺជាកម្មសិទ្ធិរបស់ទ្រង់ជារៀងរហូត។ មិនថាយើងរស់ ឬស្លាប់ យើងគឺជារបស់ទ្រង់ជារៀងរហូត។

កិច្ចការ ២០:២៨ 
ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ហើយ​ខំ​ថែ​រក្សា​ហ្វូង​សិស្ស ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​គេ ដើម្បី​ឲ្យ​បាន​ឃ្វាល​ពួក​ជំនុំ​របស់​ព្រះ‌អម្ចាស់ ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះ‌លោហិត​ព្រះ‌អង្គ​ទ្រង់​ចុះ

 

ព្រះយេស៊ូវបានទិញក្រុមជំនុំ (នោះគឺអ្នកជឿទាំងអស់) ដោយសារព្រះលោហិតរបស់ទ្រង់។ យើងត្រូវដឹងថាការផ្ទេរបានកើតឡើងរួចហើយ។ តម្លៃនៃការទិញត្រូវបានបង់រួចរាល់ ហើយគ្រីស្ទានគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ ហើយហេតុដូច្នេះហើយមានសេរីភាពចេញពីគ្រប់អំណាចទាំងអស់ដែលចាប់គាត់ពីមុនមក។ ដូចទាសករចេញពីផ្សារទាសករ ហើយធ្វើដំណើរទៅជាមួយអ្នកលោះគាត់ យើងចាកចេញពីទាសភាពនៃអំពើបាប ហើយធ្វើដំណើរទៅជាមួយអ្នកប្រោសលោះរបស់យើងគឺព្រះយេស៊ូវ។

កូឡូស ១:១៣-១៤       
ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រួច​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​នៃ​ទ្រង់ យើង​រាល់​គ្នា​មាន​សេចក្ដី​ប្រោស​លោះ​ក្នុង​ព្រះ‌រាជ‌បុត្រា​នោះ គឺ​ជា​សេចក្ដី​ផ្តាច់​បាប ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ 

 

ការប្រោសលោះមានន័យថាយើងមានអាសយដ្ឋានខាងវិញ្ញាណថ្មី។ យើងមិនស្ថិតនៅក្នុង “ដែននៃភាពងងឹត” ទៀតទេ។ ឥឡូវនេះយើងស្ថិតនៅក្នុងនគរ​របស់ព្រះយេស៊ូវ!

  

ពិភាក្សា៖ តើការពិតដែលព្រះយេស៊ូវបានទិញអ្នក ហើយឥឡូវនេះអ្នកគឺជាកម្មសិទ្ធិរបស់ទ្រង់មានឥទ្ធិពលអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក?

តើមានអ្វីកើតឡើងនៅពេលដែលមនុស្សម្នាក់យល់អំពីការប្រោសលោះ? នៅក្នុងសំបុត្ររបស់ពួកគេ លោកប៉ូល លោកពេត្រុស លោកយ៉ាកុប និងលោកយូដាស ទាំងអស់គ្នាណែនាំខ្លួនថាជា δοῦλοι របស់ព្រះយេស៊ូវ។ ពាក្យជាភាសាក្រិកគឺជាពាក្យសម្រាប់ទាសករ។ តើហេតុអ្វីបានជាគេជ្រើសរើសយកពាក្យនេះ? ពីព្រោះគេសម្លឹងមើលទៅកាន់អ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកគេ ហើយបានដឹងថាវាមានអត្ថន័យយ៉ាងដូចម្តេច។ ពួកគេមិនមែនគ្រាន់តែជាបាវបម្រើរបស់ព្រះយេស៊ូវប៉ុណ្ណោះទេ ពួកគេគឺជាកម្មសិទ្ធិរបស់ទ្រង់។ ប្រសិនបើទ្រង់បានប្រោសលោះអ្នក នោះអ្នកគឺជាកម្មសិទ្ធិរបស់ទ្រង់ហើយ។ ការប្រោសលោះមានន័យថាព្រះអង្គបានទិញយើងដោយការបង់ថ្លៃ (១ កូរិនថូស ៧:២២-២៣) ហើយជីវិតរបស់យើងគឺជារបស់ទ្រង់។ 

២) រង្វាន់នៃការប្រោសលោះសម្រាប់ព្រះយេស៊ូវ
សូមឲ្យយើងពិចារណាពីរង្វាន់នៃការប្រោសលោះសម្រាប់ព្រះយេស៊ូវ។ តើទ្រង់ទទួលបានអ្វីខ្លះពីកិច្ចការប្រោសលោះរបស់ទ្រង់?

ទីតុស ២:១១-១៤       
ព្រះ‌គុណ​នៃ​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់‌ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ទាំង​រង់‌ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ជា​ធំ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ 


១ ពេត្រុស ២:៩
តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់

 

វិវរណៈ ៥:៩-១០       
ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ‌រាជ្យ​លើ​ផែនដី។

 

ព្រះយេស៊ូវ “ថ្លៃលោះមនុស្សសម្រាប់ព្រះជាម្ចាស់គ្រប់ទាំងសាសន៍ និងភាសា ព្រមទាំងមនុស្ស និងប្រជាជាតិ”។ មនុស្សទាំងនេះក្លាយទៅជាព្រះរាជ្យសង្ឃហ្លួងរបស់ព្រះ ជាជាតិសាសន៍បរិសុទ្ធ ប្រជារាស្ត្រដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ។  ពួកគេត្រូវបានប្រោសលោះ​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយត្រូវបានខ្នះខ្នែងសម្រាប់កិច្ចការល្អ។ ពួកគេនឹងប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។  ដូច្នេះព្រះយេស៊ូវមានបំណងក្នុងការប្រោសលោះយើងដែលប្រសើរជាងគ្រាន់តែរំដោះយើងចេញពីអំពើបាបទៅទៀត។ យើងទទួលបានការប្រោសលោះដើម្បីក្លាយទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ និងដើម្បីថ្វាយសិរីល្អដល់ទ្រង់ជារៀងរហូត!

 

៣) ការប្រោសលោះនៃការបង្កើត 
អំពើបាបរបស់មនុស្សមិនគ្រាន់តែធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើននោះទេ។ ការបង្កើតទាំងអស់ត្រូវបានខូចខាត ហើយត្រូវការការប្រោសលោះ។


រ៉ូម ៨:១៩-២៣
ដ្បិត​សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង‌ឡាយ នោះ​រង់‌ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ 20ពី​ព្រោះ​ជីវិត​ទាំង‌ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ‌អង្គ ដែល​ទ្រង់​បញ្ចុះ‌បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំង‌ឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ‌ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់‌ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្ដី​ប្រោស​លោះ​ដល់​រូប‌កាយ​យើង​ផង

 

នៅពេលដែលព្រះជាម្ចាស់បញ្ចប់ការបង្កើតរួចហើយ វាជាការ​ល្អ​ប្រពៃ (លោកុប្បត្តិ ១:៣១)។ ប៉ុន្តែសព្វថ្ងៃវាគឺជាបង្កើតដែលទួញថ្ងូរ ពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ និងស្លាប់ ដោយសារតែអំពើបាបរបស់មនុស្ស។ ប៉ុន្តែនៅថ្ងៃមួយព្រះជាម្ចាស់នឹងរំដោះពិភពលោកនេះឲ្យមានសេរីភាពចេញពីភាពពុកផុយដែលប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាង។ ការនេះនឹងកើតឡើងនៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញលើកទីពីរ។


យ៉ូប ១៩:២៥
ប៉ុន្តែឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី


លូកា ២១:២៧-២៨
នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​លើ​ពពក មាន​ទាំង​ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​ខ្លាំង កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី​ព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ។

 

ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទទួលបានការប្រោសលោះ ហើយឥឡូវនេះយើងកំពុងតែរង់ចាំ “ថ្ងៃនៃការប្រោសលោះ”។ ថ្ងៃនៃការប្រោសលោះនឹងកើតឡើងនៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ នៅពេលដែលការបង្កើតទាំងស្រុងត្រូវបានរំដោះឲ្យមានសេរីភាពចេញពីគ្រប់ទាំងផលប៉ះពាល់ទាំងអស់នៃអំពើបាប ហើយត្រូវបានស្តារឡើងវិញទៅកាន់ព្រះអម្ចាស់ និងជាចៅហ្វាយដ៏ពិតរបស់វាវិញគឺព្រះយេស៊ូវ!

សូមសរសេរខ្លីដោយសង្ខេប (មួយ ឬពីរប្រយោគ) នៃអ្វីទៅគឺជាការប្រោសលោះ។ បន្ទាប់មក សូមអានការសង្ខេបរបស់អ្នកទៅដល់ក្រុម។

អធិស្ឋានបញ្ចប់។

 

bottom of page