top of page

ព្រះយេស៊ូវបង្រៀនអំពីការរៀបការ ការលះលែង ហើយនឹង​​ភាព​នៅ​លីវ 

លុះ​ព្រះ‌យេស៊ូវ​បាន​មាន​បន្ទូល​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ថយ​ចេញ​ពី​ស្រុក​កាលី‌ឡេ ទៅ​ឯ​ព្រំ​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​តាម​ទ្រង់​ទៅ នៅ​ទី​នោះ​ទ្រង់​ក៏​ប្រោស​ឲ្យ​គេ​បាន​ជា។ 

១៩:១-២ ព្រះយេស៊ូវកំពុងតែយាងនៅក្នុងចំងាយ​១៥០ គីឡូម៉ែត្រឆ្ពោះទៅកាន់ក្រុង យេរូសាឡិម សម្រាប់ពិធីបុណ្យរំលង។ ​ព្រះអង្គជា្របថានឹងមានរឿអ្វីកើតឡើងចំពោះព្រះអង្គនៅក្នុងក្រុងយេរូសាឡិម គឺថាព្រះអង្គនឹងត្រូវសុគតនៅលើឈើឆ្កាងដោយព្រោះតែអំពើបាបរបស់មនុស្សក្នុងពិភពលោក។ ​ហ្វូងមនុស្សយ៉ាងធំបានដើរតាមព្រះអង្គពីស្រុកកាលីឡេ ហើយពេលដែលធ្វើដំណើរតាមផ្លូវ ព្រះអង្គបានប្រោសអ្នកមានជំងឺឲ្យបានជា។ ​ 

រីឯ​ពួក​ផារិស៊ី គេ​មក​ល្បួង​ទ្រង់​ដោយ​ទូល​ថា តើ​មនុស្ស​មាន​ច្បាប់​នឹង​លែង​ប្រពន្ធ ដោយ​ហេតុ​ណា​ក៏​ដោយ​បាន​ឬ​ទេ

 

១៩:៣ ​ក្រឹត្យវិន័យបានអនុញ្ញាតឲ្យមានការលែងលះ។ ​ពួកផារិស៊ីទាំងនេះចង់ដឹងថា តើការអនុញ្ញាតឲ្យលែងលះនោះសម្រាប់ហេតុផលណាក៏បាន ឬក៏សម្រាប់តែហេតុផលជាក់លាក់ណាមួយ ប៉ុណ្ណោះ។ ​ចោទិយកថា ២៤:១ ​អនុញ្ញាតឲ្យបុរសអាចលែងលះប្រពន្ធរបស់ខ្លួបានប្រសិនបើគាត់ឃើញ “សេចក្ដី​ណា​ដែល​មិន​គប្បី​នៅ​នឹង​នាង”។  ​សាលាបង្រៀនពីរដែលបង្រៀនពីក្រឹត្យវិន័យនៅក្នុង ជំនាន់នេះមានគំនិតផ្សេងពីគ្នាអំពីនិយមន័យនៃពាក្យទាំងនេះ។ ​សាលាមួយ (ហ្សាមម៉ៃ) បានបង្រៀនថាពាក្យនេះមានន័យថា ការផិតក្បត់។ សាលាមួយទៀត (ហ៊ីលឡេល) បានបង្រៀនថា អាចជាអ្វីមួយដែលធ្វើឲ្យទាស់ចិត្តប្តី សូម្បីតែបញ្ហាតូចៗតួយ៉ាងដូចជាប្រសិនបើប្រពន្ធរបស់គាត់ធ្វើឲ្យខ្លោច អាហារពេលល្ងាចរបស់គាត់ ឬប្រសិនបើនាងនិយាយច្រើនពេកជាដើម។ ​ពួកគ្រូបង្រៀនសាសន៍យូដា តែងតែជជែកអំពីហេតុផលដែលសមស្របចំពោះការលែងលះ ប៉ុន្តែព្រះយេស៊ូវបង្ហាញពីសំនួរ ដ៏ពិតប្រាកដដែលត្រូវសួរនោះគឺ: តើអ្វីជាបំណងព្រះហឫទ័យព្រះចំពោះការរៀបអាពាហ៍ពិពាហ៍?   

ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី រួច​ក៏​មាន​បន្ទូល​ថា ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ

១៩:៤-៥ ព្រះមានបំណងព្រះហឫទ័យចំពោះការរៀបអាពាហ៍ពិពាហ៍ចាប់តាំងពីការបង្កើតដំបូង។​ ព្រះយេស៊ូវ ដកស្រង់ចេញពី លោកុប្បត្តិ ១:២៧ និង ២:២៤ ដើម្បីបង្ហាញពីបំណងព្រះហឫទ័យព្រះចំពោះអាពាហ៍ពិពាហ៍។ មនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ដើម្បីទៅនៅជាប់ (κολληθήσεται) នឹងប្រពន្ធរបស់គាត់។ ​ពាក្យនៅក្នុងភាសាក្រិចមានន័យជាក់ស្តែងថា “ស្អិតជាប់គ្នា” (ដូចជាដោយកាវ​)។ ​​​​ការនេះបង្ហាញថា អចិន្ត្រៃយ៍ភាពនៃការរួបរួមនេះ ហើយថាពួកគេមិនអាចញែកចេញពីគ្នាដោយគ្មានការដែលធ្វើអោយគ្នាឈឺចាប់ នោះឡើយ។​ ក្នុងការដែលប្រែក្លាយជា​ “សាច់តែ១សុទ្ធ”  មានន័យថាប្តីហើយនឹងប្រពន្ធមួយគូររួបរួមជាមួយគ្នា នៅក្នុងការរួបរួមនៃជីវិត ហើយនឹងគោលបំណង។​ នេះគឺជាផែនការណ៏របស់ព្រះដែលការនេះ នឹងបន្តរហូតដល់ ស្លាប់។​

យ៉ាង​នោះ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​ទេ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ‌ទ្រង់​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ 
 

១៩:៦ ​អាពាហ៍ពិពាហ៍គឺជាកិច្ចការរបស់ព្រះហើយមនុស្សមិនត្រូវញែកការបង្រួបបង្រួមនេះដោយ ការលែងលះ នោះឡើយ។​ ព្រះទ្រង់បាន “​ផ្សំ‌ផ្គុំ​គ្នា​” (συνεζευξεν) មនុស្សប្រុសនិងមនុស្សស្រីនៅក្នុងចំណង  អាពាហ៍ពិពាហ៍។ ​ពាក្យនៅក្នុងភាសាក្រិចមានន័យថា ទន្ទឹមគ្នា ដូចជាផ្ទឹមគោដើម្បីភ្ជួរដី ដែលពួកគេត្រូវតែ ប្រឹងអូសទាញ​ស្មើគ្នាជាមួយគ្នាក្នុងទិសដៅតែមួយដើម្បី ទៅមុខឆ្ពោះទៅរកគោលដៅមួយ។​

គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ

 

១៩:៧ ពួកផារិស៊ីមិនបានយល់ពីអ្វីដែលចែងក្នុង ចោទិយកថា ២៤:១។  ការនេះមិនមែនជា “បង្គាប់​” សម្រាប់ការលែងលះ ប៉ុន្តែជាការអនុញ្ញាតសម្រាប់តែស្ថានភាពច្បាស់លាស់មួយតែប៉ុណ្ណោះ  ហើយបានប្រទាននូចជំហ៊ានសំខាន់សម្រាប់ការលែងលះ ឲ្យបានស្របច្បាប់។ ​​

 

ទ្រង់​ក៏​មាន​បន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹង​ប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ


១៩:៨ ប៉ុន្តែ ព្រះយេស៊ូវពន្យល់ពីអត្ថន័យដ៏ពិតនៃក្រឹត្យវិន័យនេះវិញ។ ​ការលែងលះត្រូវបានអនុញ្ញត ប៉ុន្តែ ដោយព្រោះតែចិត្តរឹងទទឹងរបស់មនុស្សតែប៉ុណ្ណោះ។​ មនុស្សដែលមានចិត្តរឹងទទឹងងមិនស្រឡាញ់គ្នាតាម ដែល ព្រះគាប់ព្រះទ័យនោះឡើយ ហើយនៅពេលដែលប្តីឬប្រពន្ធបានធ្វើឲ្យចិត្តគេរឹងទទឹងវាអាចនឹងជា ការលំបាក នៅក្នុងការបន្តចំណងអាពាហ៍ពិពាហ៍។ យ៉ាងណាមិញ ​ការអនុញ្ញាតអោយលែងលះមិនមែន មានន័យថាព្រះទ្រង់ យល់​ព្រម​ឲ្យការលែងលះនោះឡើយ។ ​តាមការពិតទៅ ព្រះស្អប់ការលែងលះ ​(ម៉ាឡាគី ២:១៣-១៦) ដោយព្រោះតែវាជាការដែលញែកចេញនូវអ្វី ដែល​គួរ​តែ​ជាការរួបរួមដ៏អចិន្ត្រៃយ៍។ ​

ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ មិន​មែន​ដោយ​ព្រោះ​នាង​នោះ​ផិត ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ឯ​អ្នក​ណា​ដែល​យក​ប្រពន្ធ ជា​ស្រី​ដែល​ប្ដី​ដើម​លែង នោះ​ក៏​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ

១៩:៩ ​សូមមើលចំនុចនៅក្នុង ៥:៣២។ ​ព្រះយេស៊ូវបានមានព្រះបន្ទូលយ៉ាងច្បាស់ថា មានហេតុផលតែមួយប៉ុណ្ណោះសម្រាប់ការលែងលះ នោះគឺជាការដែលប្រព្រឹត្តសហាយស្មន់។ ប្រសិនបើប្រពន្ធបានប្រព្រឹត្តសេចក្តីកំផិត នោះសម្បថអាពាហ៍ពិពាហ៍បានខូចហើយ ហើយអាពាហ៍ពិពាហ៍ នោះបានបរាជ័យទៅហើយ។ ​ដូច្នេះហើយ ប្តីត្រូវបានអនុញ្ញាត​ឲ្យលែងលះប្រពន្ធប្រសិនបើគាត់ចង់។ ប៉ុន្តែប្រសិនបើគ្មានការកំផិតនោះទេ នោះការលែងលះមិនត្រូវបានអនុញ្ញាតនោះឡើយដោយព្រោះ ការរៀបអាពាហ៍ពិពាហ៍គឺជាការប្តេជ្ញាពេញមួយជីវិត។ ​


ការលែងលះ និងការរៀបការជាថ្មី គឺជាការកំផិត ដែល​ជា​ការល្មើសនឹងបញ្ញត្តទីប្រាំពីរ។​ មនុស្សប្រុសដែលលែងលះប្រពន្ធហើយរៀបការជាមួយនឹង ស្រ្តីផ្សេងទៀត បានប្រព្រឹត្តិការកំផិតដោយព្រោះព្រះរាប់ថាគាត់នៅតែបានរៀបការជាមួយនឹងប្រពន្ធទីមួយ របស់គាត់នៅឡើយ។ ដោយព្រោះតែព្រះនៅតែរាប់ថាពួកគាត់ទាំងពីរនៅតែស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ នៅឡើយ មនុស្សប្រុសណាដែលរៀបការជាមួយនឹងស្រ្តីដែលប្តីលែងក៏ប្រព្រឹត្តសេចក្តីកំផិតដែរ។ 

ពួក​សិស្ស​ទូល​ទ្រង់​ថា បើ​របៀប​នៃ​មនុស្ស​ដែល​មាន​ប្រពន្ធ​ត្រូវ​ជា​យ៉ាង​នេះ នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង 

១៩:១០ ពួកសិស្សបានធ្វើការសន្និដ្ឋានថាប្រសិនបើការរៀបអាពាហ៍ពិពាហ៍ជាការប្តេជ្ញាពេញមួយជីវិតនោះ ហើយគ្មានឳកាសនៅក្នុងការលែងលះនោះ ដូច្នេះ “នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង” (នោះគឺជា ការដែលមិនរៀបការនោះប្រសើរជាជាង)។


តែ​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​ទាំង​អស់​ទទួល​តាម​ពាក្យ​នេះ​មិន​បាន​ទេ ទទួល​បាន​តែ​អស់​អ្នក​ដែល​ពាក្យ​នេះ​បាន​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ

១៩:១១ ​ព្រះយេស៊ូវមិនយល់ស្របឬបដិសេដជាមួយនឹងការលើកឡើងរបស់ពួកសិស្សនោះឡើយ។ ព្រះអង្គមានបន្ទូលថាមិនមែនគ្រប់គ្នាអាចទទួលការនេះ “ពាក្យ​នេះ” ថា “នោះ​ស៊ូ​កុំ​យក​គ្នា​ជា​ជាង”។ ​​ហេតុអ្វី? ​ដោយព្រោះតែការនេះមិនមែនត្រូវបានប្រទាន មកដល់មនុស្សគ្រប់គ្នានោះឡើយ ប៉ុន្តែសម្រាប់តែមនុស្សខ្លះតែប៉ុណ្ណោះ។  “អស់​អ្នក​ដែល​ពាក្យ​នេះ​បាន ​ប្រទាន​មក​ឲ្យ​ប៉ុណ្ណោះ” គឺជាមនុស្សដែលព្រះបានប្រទានសមត្ថភាព​ឲ្យនៅតែឯង ដោយមិនរៀបការពេញមួយជីវិតតែប៉ុណ្ណោះ (១​ កូរិនថូស​៧:៧  ៧:១៧)។ ដូច្នេះហើយ ព្រះយេស៊ូវកំពុងបង្រៀនថា មានតែអស់អ្នកដែលព្រះ​បាន​ប្រទាន ឲ្យ​​ពាក្យនេះដែលថា  ដែលមិនរៀបការនោះប្រសើរជាជាង អាចទទួលពាក្យនេះបាន។ ​

ពី​ព្រោះ​មាន​មនុស្ស​ខ្ទើយ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​ខ្ទើយ​តែ​ម្តង មាន​ខ្លះ​ដែល​មនុស្ស​លោក​បាន​ក្រៀវ ហើយ​មាន​ខ្លះ​ដែល​ក្រៀវ​ខ្លួន​ឯង​ដែរ ដោយ​យល់​ដល់​នគរ​ស្ថាន‌សួគ៌ ដូច្នេះ អ្នក​ណា​ដែល​អាច​នឹង​ទទួល​បាន ឲ្យ​ទទួល​ចុះ។ 

១៩:១២ ​ព្រះយេស៊ូវរៀបរាប់ពីមនុស្សបីប្រភេទដែលអាចទទួលពាក្យនេះបាននោះគឺថា ​ដែលមិនរៀបការនោះប្រសើរជាជាង។ ​ពាក្យដែលបកប្រែមកថា “មនុស្ស​ខ្ទើយ” (εὐνοῦχοι) គឺមានន័យថា “អ្នកដែលដេកតែឯង” ហើយមានន័យថា​មិនមានដៃគូររៀបការ។  ហេតុផលសម្រាប់ការនេះអាចមកពី (១) លក្ខណៈពីកំណើត (“កើតពីផ្ទៃ”) មានន័យថាគាត់មានពិការ ភាពមួយផ្នែកចំពោះរូបកាយរបស់គាត់  ឬ (២) ដោយព្រោះតែអ្នកដទៃ​ (“មនុស្ស​លោក​បាន​ក្រៀវ” មានន័យថា ជាមនុស្សដែលត្រូវបានក្រៀវដើម្បីអាចធ្វើការនៅ ក្នុងរាជ្យវាំងនៅក្នុងចំណោមអ្នកម្នាងបាន ដូចជាមនុស្សកំរៀវសាសន៍អេធីយ៉ូពីនៅក្នុង កិច្ចការ​ ៨:២៧)  ឬ (៣) ដោយជំរើសរបស់គេ ដើម្បីអាចបំពេញតាមការត្រាស់ហៅនៅក្នុងនគរស្ថានសួគ៌ (ដូចជា លោកយ៉ូហានបាប់ទីស្ទ និងព្រះយេស៊ូវ ១ កូរិនថូស ៧:៣២-៣៥)។  ហេតុនេះហើយ មិនអាចធ្វើការសន្មតថា គ្រប់គ្នាគួរតែរៀបការនោះដែរ។ ​សម្រាប់មនុស្សខ្លះ ការនោះជាផែនការរបស់ព្រះ ដែលគេមិនរៀបការ។ ​

 

ពួកសាសន៍យូដានៅក្នុងជំនាន់នោះបដិសេធការដែលមិនរៀបការថាជាជម្រើសល្អ។ ប៉ុន្តែព្រះយេស៊ូវ លើកទឹកចិត្តដល់អស់អ្នកដែលអាច​ព្រមទទួល​​ភាព​នៅ​លីវ  (ដោយព្រោះតែពួកគេត្រូវបានប្រទាន សមត្ថភាព នោះមកពីព្រះ, ខ១១) ឲ្យគេបានទទួល។  ព្រះយេស៊ូវទតមើលភាព​នៅ​លីវជាការវិជ្ជមាន (“អ្នក​ណា​ដែល​អាច​នឹង​ទទួល​បាន ឲ្យ​ទទួល​ចុះ”)។  ដូច្នេះហើយនៅក្នុងបទគម្ពីរ​នេះ ព្រះយេស៊ូវបានបង្កើនឋានៈទាំងពីរគឺជា ការដែលរៀបការ​ (ជាការបង្រួបបង្រួមដែល​ព្រះ​បាន​បង្កើត​ឡើង ពេញមួយជីវិតរបស់អ្នក) ហើយថា ភាព​នៅ​លីវ (គឺជាអភ័យឯកសិទ្ធដែលត្រូវបានប្រទានមក មនុស្សមួយចំនួន ដែលអាច និងគួរតែទទួលការនោះដែរ)។ ទាំង​ពីរ​គឺ​ជា​អំណោយទាន​មក​ពី​ព្រះ ហើយ​សរសើរដំកើងព្រះអង្គ ប្រសិនបើបានទទួលជាមួយនឹងឥរិយបទដែលត្រឹមត្រូវ។ ​

សង្ខេបឲ្យខ្លី  ការរៀបអាពាហ៍ពិពាហ៍គឺជាអំណោយទានរបស់ព្រះសម្រាប់អ្នកខ្លះ; ការមិនរៀបការជា អំណោយទានរបស់ព្រះសម្រាប់អ្នកផ្សេងទៀត។ មិនថាអ្នកត្រូវបានប្រទានឲ្យនូវអំណោយទានមួយ ណានោះឡើយ ចូរទទួលការនោះដោយអំណរហើយប្រើវាដើម្បីជាសិរីល្អដល់ព្រះ!​

ព្រះយេស៊ូវ និងកូនក្មេងតូចៗ
លំដាប់​នោះ មាន​គេ​នាំ​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​អធិស្ឋាន​ឲ្យ​វា តែ​ពួក​សិស្ស​បន្ទោស​ដល់​គេ 

 

១៩:១៣ មនុស្សបាននាំយកកូនរបស់គេមកឯព្រះយេស៊ូវដើម្បីឲ្យព្រះអង្គប្រទានពរ។​ ​មនុស្សក៏នាំយក ទារកមកដែរ។ យ៉ាងណាមិញ ពួកសិស្សបានគិតថាក្មេងៗមិនសំខាន់នោះឡើយ ដោយព្រោះតែពួកគេមានឋានៈតូចទាបនៅក្នុងសង្គម ដូច្នេះហើយ ពួកគេបានព្យាយាមហាមឃាត់ការនេះកុំឲ្យមានការរំខាន។ 

នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថាន‌សួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា 

១៩:១៤ ឥរិយាបទសិស្សរបស់ព្រះអង្គបានធ្វើឱ្យព្រះយេស៊ូវបានព្រួយព្រះទ័យ។ យើងមិនគួរហាមឃាត់អ្នក ណាម្នាក់ ក្នុងការចូលមកឯព្រះយេស៊ូវនោះឡើយ ជាពិសេសកូនក្មេង។​ ​ក្មេងៗតូចៗមានចំណែកនៅក្នុងនគរនៃព្រះដូចជាមនុស្សចាស់ផ្សេងទៀតដែរ ដោយព្រោះតែ ឋានៈព្រលឹងវិញ្ញាណរបស់យើងទាំងអស់គ្នាពឹងផ្អែកទាំងស្រុងលើការដែលព្រះបានធ្វើសម្រាប់យើង មិនមែន លើអ្វីដែលយើងបានធ្វើនោះឡើយ។ ​តាមការពិតទៅ ឋានៈដ៏តូចទាបនៅក្នុងពិភពលោក ការពឹងផ្អែក ការចុះចូល ការទុកចិត្ត និងការបន្ទាបខ្លួនរបស់ក្មេងៗធ្វើឲ្យពួកគេប្រែក្លាយជាគំរូសម្រាប់សិស្ស ដែលពេញ វ័យយកតម្រាប់តាម (១៨:១-៤) ដោយព្រោះតែពួកគេបង្រៀនយើងទាំងអស់គ្នា ពីសារៈសំខាន់ នៃការពឹងផ្អែកលើព្រះវរបិតា។ ​

ការដែលចូលទៅក្នុងនគរស្ថានសួគ៌យើងត្រូវតែចូលមកឯព្រះដោយសេចក្តីជំនឿដូចជាកូនក្មេងដែលទទួលស្គាល់ថាពួកយើងពឹងផ្អែកទាំងស្រុងលើព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌។ “នគរស្ថានសួគ៌” គឺជាការសោយរាជ្យរបស់ព្រះ នៅក្នុងជីវិតរបស់យើងនៅលើផែនដី។ ​ប្រសិនបើយើងចង់មាន បទពិសោធន៍ពីការនេះ យើងត្រូវតែបន្ទាបខ្លួនយើង ហើយអនុញ្ញាតឲ្យព្រះត្រួតត្រានៅក្នុងជីវិតរបស់យើង។ យើងនឹងមិនមានបទពិសោធន៍ពីការសោយរាជ្យរបស់ព្រះនៅក្នុងជីវិតរបស់យើងទេលុះត្រាតែយើងរៀនឲ្យបានចេះចុះចូលហើយស្តាប់បង្គាប់ព្រះអង្គ ដូចជាក្មេងល្អចុះចូលចំពោះឪពុកល្អម្នាក់ដែរ។ ​

ទ្រង់​ក៏​ដាក់​ព្រះ‌ហស្ត​លើ​វា​រាល់​គ្នា រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។

១៩:១៥ ព្រះយេស៊ូវបានយកក្មេងតូចមកក្នុងព្រះហស្តរបស់ព្រះអង្គហើយបានប្រទានពរយ៉ាងវិសេស ដល់ពួកគេ និងមួយៗ។ ​វាគឺជាពេលដ៏វិសេសសម្រាប់ក្មេងៗទាំងនេះហើយនឹងក្រុមគ្រួសាររបស់ពួកគេ។​

អ្នកមានវ័យក្មេងម្នាក់
នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប​ជានិច្ច

 

១៩:១៦ ព្រះយេស៊ូវបានបង្រៀនថាផ្លូវតែមួយដែលអាចទទួលនគរស្ថានសួគ៌បាននោះគឺត្រូវឲ្យបានដូចជា កូនក្មេង។ ​ក្រោយមកមានម្នាក់មកឯព្រះអង្គដែលចាំបាច់ត្រូវដឹងពីសេចក្តីពិតនេះ។ ​មនុស្សម្នាក់នេះ ជាអ្នកមាន (ខ២២) ក្មេង (ខ២០) ហើយជានាម៉ឺន (លូកា ១៨:១៨; ​ប្រហែលជាអ្នកដឹកនាំនៅក្នុងសាលា ប្រជុំមួយ)។
 

មនុស្សម្នាក់នេះចង់ដឹងថាការល្អអ្វីដែលគាត់ត្រូវធ្វើដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច។ ​បំណងប្រាថ្នានៅក្នុង ការទទួលបានជីវិតអស់កល្បជានិច្ចគឺជាបំណងប្រាថ្នាដែលល្អ ប៉ុន្តែបញ្ហាដំបូងបំផុតនោះគឺមនុស្សនោះ គិតថាគាត់អាចទទួលបានជីវិតអស់កល្បជានិច្ចដោយការល្អដែលគាត់បានប្រព្រឹត្ត។ 

ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ

១៩:១៧ ព្រះយេស៊ូវឆ្លើយតបដោយការកែតម្រូវពីការយល់ដឹងរបស់មនុស្សនោះចំពោះការល្អ។ មានតែព្រះតែប៉ុណ្ណោះដែលល្អ(ទំនុកដំកើង ១០៦:១; ១១៨:១)។ ការនេះរួមបញ្ចូលព្រះវរបិតាដ៏ជាព្រះ ព្រះវិញ្ញាណបរិសុទ្ធ (នេហេមា ៩:២០; ទំនុកដំកើង ១៤៣:១០) និងព្រះយេស៊ូវ (យ៉ូហាន ១០:១១)។ ​បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលប្រាប់គាត់ពីបញ្ញត្តទាំងដប់ប្រការ ដែលព្រះបានមានបន្ទូលប្រាប់ ដល់ប្រជារាស្រ្តរបស់ព្រះអង្គពីអ្វីដែលគេត្រូវធ្វើដើម្បីឲ្យបានជីវិតដែលសុចរិត។ ​​


គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ» ហើយ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង»


១៩:១៨-១៩ ព្រះយេស៊ូវមាន​បន្ទូល​អំពី​បញ្ញត្តប្រាំមួយចុងក្រោយ (និក្ខមនំ ២០:១២-១៦) ដែលប្រាប់យើងទាំងអស់គ្នា ពីអ្វីដែលយើងមិនគួរធ្វើដាក់មនុស្សផ្សេងទៀត។ សូមចំណាំថា ព្រះយ៊េសូវមិនបានសួរពីបញ្ញត្តណាមួយនៅក្នុងបញ្ញត្តបួនដំបូងនោះឡើយ ដែលនិយាយពីទំនាក់ទំនង របស់មនុស្សជាមួយនឹងព្រះ ឬបញ្ញត្តទីដប់ដែលនិយាយពីការលោភលន់នោះឡើយ។ ​ហេតុអ្វីបានជា ព្រះយេស៊ូវមានបន្ទូលពីក្រឹត្យវិន័យទៅកាន់មនុស្សម្នាក់នោះ? 


គោលដៅរបស់ក្រឹត្យវិន័យគឺដើម្បីបង្ហាញយើងថាយើងទាំងអស់គ្នាគឺជាមនុស្សមានបាប។ ​ដំណឹងល្អនោះគឺថា ព្រះយេស៊ូវបានយាងមកដើម្បីសង្រ្គោះមនុស្សមានបាប។ ​ដូច្នេះហើយ ព្រះយេស៊ូវបានប្រាប់​បុរស​នោះ​ ឲ្យ​គិត​អំពីក្រឹត្យវិន័យដើម្បីជួយ​គាត់​ឲ្យ​ឃើញ​ពី​អំពើ​បាប​របស់​គាត់ ដោយព្រោះតែមុនពេលដែលមនុស្ស អាចទទួលដំណឹងល្អ ពួកគាត់ត្រូវតែមើលឃើញថាខ្លួនគាត់ជាមនុស្សមានបាបជាមុនសិន។ ​ប្រសិនបើ អ្នកត្រួតត្រាវ័យ ក្មេង ហើយមាននោះទទួលស្គាល់ការនេះ គាត់នឹងបានដឹងថាគាត់មិនអាចធ្វើអ្វីដើម្បីឲ្យ ទទួលបានជីវិតអស់កល្ប ជានិច្ច នោះឡើយដោយព្រោះតែគាត់មិនល្អ ហើយទទួលស្គាល់ថាគាត់ត្រូវការសេចក្តី សង្រ្គោះដែលព្រះ (មានតែព្រះអង្គដែលល្អ) បានប្រទានឲ្យតែប៉ុណ្ណោះ។​

មនុស្ស​កំឡោះ​នោះ​ក៏​ទូល​ទ្រង់​ថា ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​ឯ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ

១៩:២០-២១ យ៉ាងណា​ម៉ិញ មនុស្សម្នាក់នោះមិនបានយល់នោះឡើយ។ ​គាត់និយាយថាគាត់បានកាន់តាម “អស់ទាំង” បញ្ញត្តហើយ (បញ្ញត្តទីប្រាំដល់ទីប្រាំបួន)។​ ​ដូច្នេះ បញ្ហាទីពីររបស់គាត់គឺ គាត់មិនបានដឹងពីអំពើបាបរបស់គាត់។ ដូចនេះហើយ គាត់មិនដឹងថាគាត់ត្រូវការ​ព្រះអង្គសង្រ្គោះមួយអង្គនោះឡើយ។​

គាត់ព្យាយាមរស់នៅក្នុងជីវិតដែលសុចរិត ប៉ុន្តែគាត់នៅតែមានអារម្មណ៏ថា គាត់ខ្វះអ្វីម្យ៉ាង។ តើវា​ជា​អ្វី? ព្រះយេស៊ូវមានបន្ទូលឲ្យគាត់លក់ទ្រព្យរបស់គាត់ ហើយទាន​ឲ្យ​ដល់ពួក​អ្នក​ក្រ​។ បន្ទាប់មកគាត់នឹងបានទ្រព្យសម្បត្តិដ៏ពិតប្រាកដ ដែលជាទ្រព្យសម្បត្តិនៅស្ថានសួគ៌។​ ​គាត់ទុកចិត្តលើសេចក្តីសុចរិតរបស់ខ្លួនគាត់ ប៉ុន្តែគាត់ដឹងថាគាត់មិនល្អគ្រប់គ្រាន់នៅក្នុង ការទទួលបានជីវិតអស់កល្បនោះឡើយ។ ​ដូច្នេះហើយគាត់មានជម្រើសមួយ: ថាជាការទទួលស្គាល់ពី សេចក្តីត្រូវការរបស់គាត់ចំពោះព្រះអង្គសង្រ្គោះហើយដើរតាមព្រះយេស៊ូវ ឬបន្តទុកចិត្តលើខ្លួនគាត់ នៅក្នុងការព្យាយាមឲ្យទទួលបានសេចក្តីសង្រ្គោះ។ ​ប្រភពនៃជីវិតអស់កល្ប ជានិច្ចកំពុងតែគង់នៅចំពោះមុខគាត់ហើយ (១ យ៉ូហាន ៥:១១‚៥:២០) សំនួរនោះគឺថា តើគាត់នឹងដើរតាមព្រះ អង្គដែរទេ? 

ព្រះយេស៊ូវបានហៅមនុស្សនោះឲ្យដើរតាមព្រះអង្គ ប៉ុន្តែមុនពេលដែលគាត់អាច​ធ្វើការនេះបានគាត់ ត្រូវតែលក់ ទ្រព្យរបស់គាត់ជាមុនសិន។ ​ការដែលលក់​ទ្រព្យ​ទាំង​ប៉ុន្មាននោះមិនមែនជាការទាមទារ ដើម្បីអោយទទួលបាន ជីវិតអស់កល្បជានិច្ចនោះឡើយ បើដូច្នោះហេតុអ្វីបានជា ព្រះយេស៊ូវទាមទារអោយ មនុស្សម្នាក់នេះធ្វើដូច្នោះ?  ​ដោយព្រោះតែការដែលដើរតាមព្រះយេស៊ូវទាមទារអោយយើង បានរាប់ព្រះអង្គជាទីមួយ លើសជាងអ្វី​គ្រប់ទាំង អស់ នៅក្នុងជីវិតរបស់យើង (លូកា ១៤:៣៣)។ ​ការនេះមានន័យថាក្នុងនាមជាសិស្សម្នាក់របស់ព្រះយេស៊ូវ ត្រូវតែលះបង់គ្រប់យ៉ាងដែលមានសារៈសំខាន់ ជាងព្រះយេស៊ូវនៅក្នុងជីវិតរបស់គាត់​។ សម្រាប់មនុស្សម្នាក់នេះវា គឺជាទ្រព្យសម្បត្តិរបស់គាត់។ មនុស្សម្នាក់នោះមិនអាចនឹងទទួលបានជីវិតអស់កល្បជានិច្ចដោយព្រោះតែការលក់ ទ្រព្យរបស់គាត់ ហើយចែកទៅដល់អ្នកក្រនោះឡើយ។ គាត់អាចទទួលបានជីវិតអស់កល្បដូចជាអ្នកដទៃទៀតបាន មានតែតាមរយៈការឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះយេស៊ូវថា “ចូរមកតាមខ្ញុំ”។

សង្ខេបឲ្យខ្លី អ្នកមានវ័យក្មេងបរាជ័យ នៅក្នុងគោលដៅរបស់គាត់នៅក្នុងការទទួលបានជីវិត អស់កល្បជានិច្ចដោយព្រោះ:
(១) គាត់ទុកចិត្តខ្លួនគាត់ហើយនិងការល្អដែលគាត់បានប្រព្រឹត្តនៅក្នុងការទទួលបានជីវិតអស់កល្ប។ 
(២) គាត់មិនបានស្គាល់អំពើបាបរបស់គាត់ ​ដូច្នេះហើយមិនបានដឹងពីសេចក្តីត្រូវការបស់គាត់សម្រាប់ ព្រះអង្គសង្រ្គោះនោះឡើយ។ ​
(៣) សេចក្តីស្រលាញ់ចំពោះទ្រព្យសម្បត្តិលោកីយរបស់គាត់ធំជាងបំណងប្រាថ្នារបស់សម្រាប់ជីវិត អស់កល្បជានិច្ច។ ​
(៤) ដូច្នេះហើយ គាត់បានសម្រេចចិត្តថាគាត់នឹងមិនដើរតាមព្រះយេស៊ូវនោះឡើយ។ ​

កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះ‌បន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។

 

១៩:២២ ​មនុស្សម្នាក់នោះមាន “សម្បត្តិច្រើនណាស់” (κτήματα)​​ ពាក្យនេះជាធម្មតានិយាយអំពីការ ដែលមានដីជាច្រើន។ ពេលនេះយើងបានឃើញថាហេតុអ្វីបានជាព្រះយេស៊ូវមិនបានសួរគាត់អំពីសេចក្តីលោភ លន់ (បញ្ញត្តប្រការទីដប់) ហើយនឹងបញ្ញត្តទាំងបួនប្រការដំបូង (ដែលជាបញ្ញត្តអំពីទំនាក់ទំនងរបស់មនុស្សម្នាក់ ជាមួយនឹងព្រះជាម្ចាស់)។ ​នេះជាបញ្ញត្តទាំងប៉ុន្មានដែលគាត់មិនបានកាន់តាម។ ការបដិសេធរបស់គាត់ចំពោះ  ការលក់ទ្រព្យសម្បត្តិបង្ហាញថាសេចក្តីស្រឡាញ់របស់គាត់ចំពោះទ្រព្យសម្បត្តិលោកីយ៍នោះលើសជាងបំណង ប្រាថ្នារបស់គាត់សម្រាប់ជីវិតអស់កល្បជានិច្ច។​ ដូច្នេះហើយ បញ្ហាទីបីរបស់អ្នកមានវ័យក្មេងនេះគឺជា ការស្រឡាញ់ចំពោះទ្រព្យសម្បត្តិ ដែលជាការឃាត់ឃាំងគាត់មិនអោយដើរតាមព្រះយេស៊ូវ។​

មនុស្សនោះបដិសេធការត្រាស់ហៅឲ្យបានដើរតាមព្រះយេស៊ូវ។ផ្ទុយទៅវិញ គាត់ចង់អោយព្រះយេស៊ូវបង្ហាញ គាត់ពីរបៀបដែលគាត់អាចសង្រ្គោះខ្លួនឯង។ ​ប៉ុន្តែការនេះមិនអាចកើតឡើងបាននោះឡើយ។  ជីវិតអស់កល្បជានិច្ច គឺជាអំណោយទានមកពីព្រះ ដែលព្រះអង្គបានប្រទានឲ្យយើងនៅក្នុងព្រះគ្រីស្ទ (១ យ៉ូហាន ៥:១១‚៥:២០)។​ គ្មានអ្នកណាម្នាក់ដែលអាច ដើរចេញពីព្រះយេស៊ូវហើយមានជីវិតអស់កល្បជានិច្ចនោះឡើយ។​ ព្រះយេស៊ូវមានបន្ទូលប្រាប់យើងថាជីវិតអ ស់កល្បជាអ្វីនៅក្នុងសេចក្តីអធិស្ឋានរបស់ព្រះអង្គនៅក្នុងយ៉ូហាន ១៧:៣។ ​ព្រះអង្គមានបន្ទូលថា “នេះ​ជា​ ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ ​មក​ផង”។ ជីវិតអស់កល្បជានិច្ចមិនមែនជាអំណោយទានដែល ព្រះទ្រង់ប្រទានមកអោយយើងបានឃ្លាតឆ្ងាយពី ព្រះអង្គនោះឡើយ តែជាអំណោយទាននៃទំនាក់ទំនងជាមួយ នឹងព្រះអស់កល្បជានិច្ច។ ប៉ុន្តែមនុស្សម្នាក់នោះគិត ថា ទ្រព្យសម្បត្តិរបស់គាត់មានតម្លៃជាងជីវិតអស់កល្បជានិច្ច។ គាត់បានចាកចេញទៅដោយព្រួយចិត្តជាខ្លាំង។​ 

នោះ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​នឹង​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​អ្នក​មាន​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពិបាក​ណាស់

 

១៩:២៣ ការចូលទៅក្នុង​នគរ​ស្ថាន‌សួគ៌គឺជាការទទួលជីវិតអស់កល្បជានិច្ច។​ ព្រះយេស៊ូវបានបង្ហាញ យ៉ាងច្បាស់ ដល់សិស្សព្រះអង្គថាទ្រព្យសម្បត្តិគឺជាឧបសគ្គចំពោះការទទួលបានជីវិតអស់កល្បជានិច្ច។​ ព្រះអង្គជ្រាបពី គ្រោះថ្នាក់ដែលមនុស្សប្រឈមមុខនៅពេលដែលពួកគេមានទ្រព្យសម្បត្តិជាច្រើន។​  ទ្រព្យសម្បត្តិអាចធ្វើអោយ មនុស្សម្នាក់ ប្រែទៅជាមានអំណួត អាចធ្វើអោយពួកគេទុកចិត្តដល់ទ្រព្យសម្បត្តិ របស់ពួកគេជាជាងព្រះជាម្ចាស់ ហើយធ្វើឲ្យ ពួកគេគិតខ្លាំងអំពីសម្ភារៈនិយមជាជាងខាងព្រលឹងវិញ្ញាណ។ ចំនុចទាំងនេះធ្វើអោយមនុស្ស អ្នកមាន​ មានការលំបាកនៅក្នុងការទទួលអំណោយទាននៃសេចក្តីសង្រ្គោះ ដែលត្រូវតែទទួលដូចជាកូនក្មេង ដូច្នោះដែរ។​

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា ដែល​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ ជា​ជាង​ឲ្យ​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ 

១៩:២៤ សត្វអូដ្ឋគឺជាសត្វដែលធំជាងគេបង្អស់នៅក្នុងស្រុកផាឡេស្ទីន ប្រហោងម្ជុលគឺជារន្ធដែលតូច ជាងគេ។ វាមិនអាចទៅរួចនោះទេ ដែលសត្វអូដ្ឋអាចចូល​តាម​ប្រហោង​ម្ជុលបាន ដូច្នេះហើយ ព្រះបន្ទូល របស់ព្រះយេស៊ូវ   បង្ហាញថា វាពិតជាពិបាកខ្លាំងណាស់សម្រាប់មនុស្សអ្នកមានចូលទៅក្នុងរាជនគរ។

កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ក្រៃ‌លែង ហើយ​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ 

 

១៩:២៥ ពួកសិស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការនេះ។ ពួកគេបានគិតថាប្រសិនបើអ្នកមាន មិនអាចចូលទៅក្នុងរាជនគរបាន វាពិតជាលំបាកខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នាផ្សេងទៀត។​ ពួកសាសន៍យូដាភាគច្រើនជឿថាទ្រព្យសម្បត្តិ គឺជាសញ្ញានៃព្រះពរ និងការគាប់ព្រះទ័យព្រះ ដោយព្រោះតែសេចក្តីសុចរិតរបស់មនុស្សនោះ។​ សូម្បីតែក្នុងពេល សព្វថ្ងៃនេះមនុស្សគិតថា ទ្រព្យសម្បត្តិ គឺជារង្វាន់មកពីព្រះជាម្ចាស់។ ​ប៉ុន្តែព្រះយេស៊ូវបានបង្រៀ​ន​ថាវាមិនមែនជា ការពិតនោះឡើយ (ម៉ាថាយ ៦:២៤; ម៉ាកុស ៤:១៩; លូកា ៦:២០‚ ៦:២៤‚ ១២:១៥)។  

ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។

 

១៩:២៦ ​ព្រះយេស៊ូវបានបញ្ជាក់យ៉ាង​ច្បាស់​ថា សេចក្តីសង្រ្គោះគឺជា​កិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុង។​ ​ សេចក្តីសង្គ្រោះគឺដោយសារព្រះគុណនៃព្រះតែមួយប៉ុណ្ណោះ។  ​វាពិតជាមិនអាចទៅរួច (ἀδύνατον) សម្រាប់មនុស្សណាម្នាក់នៅក្នុង ការសង្រ្គោះខ្លួនគេដោយពឹងលើការខំប្រឹងរបស់គេបាននោះឡើយ (រ៉ូម ៣:៩-២០; កាឡាទី ៣:១០-១៣; ភីលីព ៣:៤-៩)។ ពាក្យនៅក្នុងភាសាក្រិកមានអត្ថន័យថា យើង “គ្មានអំណាច”​ នៅក្នុងការធ្វើការនេះ។ ​ប៉ុន្តែចំពោះ ការអ្វីដែលយើងមិនអាចធ្វើអោយខ្លួនយើងបាននោះ ព្រះទ្រង់ធ្វើសម្រាប់យើង។ ​​ព្រះយេស៊ូវកំពុងបង្រៀនសិស្សរបស់ព្រះអង្គនូវ​ភាពចាំបាច់​ទាំងស្រុង ក្នុងការទុកចិត្តលើព្រះជាម្ចាស់តែមួយ ចំពោះសេចក្ដីសង្គ្រោះ។

ពេត្រុស​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ

១៩:២៧ អ្នកមានវ័យក្មេងបានបដិសេធនៅក្នុងការលក់អ្វីគ្រប់យ៉ាង ហើយដើរតាមព្រះយេស៊ូវ។ ​ប៉ុន្តែសិស្ស បានលះ​ចោល​ទាំង​អស់ ដើម្បីដើរតាមព្រះយេស៊ូវ។ 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២

១៩:២៨ ព្រះយេស៊ូវបានធានា​ដល់ពេត្រុសជាមួយនឹងសេចក្តីសន្យាដ៏អស្ចារ្យមួយ។ សិស្សទាំងដប់ពីរ នាក់នឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង​១២ (លូកា ២២:២៨-៣០)។ ​នៅក្នុងព្រះគម្ពីរ សញ្ញាចាស់ ពួកអ្នកជំនុំជំរះហេប្រឺគឺជាអ្នកដឹកនាំអ៊ីស្រាអែល ដូច្នេះហើយការដែល “ជំនុំជំរះ” មានន័យថា គ្រប់គ្រងនិងត្រួតត្រា។ ​ពួកសាវ័កនឹងគ្រប់គ្រង “នៅក្នុងផែនដីថ្មី” ការនេះគឺសំដៅ ទៅលើពេលវេលាប ន្ទាប់ពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវពេលដែលព្រះអង្គនឹងតាំងរាជ្យរបស់ព្រះអង្គលើផែនដី(វិវរណៈ ២០:១-១៥)។ នៅក្នុងពេលនោះ មនុស្សទាំងនេះ ដេលបានលះបង់ចោលគ្រប់យ៉ាងដើម្បី ដើរតាមព្រះយេស៊ូវនឹងបានក្លាយជាអ្នកដឹកនាំរបស់អ៊ីស្រាអែល!

ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ 

១៩:២៩ ពេលនេះព្រះយេស៊ូវបានប្រទានសេចក្តីសន្យាសម្រាប់ពួកអ្នកជឿទាំងអស់ (ម៉ាថាយ ២០:១៦; ម៉ាកុស ១០:៣១; លូកា ១៣:៣០)។ ​សេចក្តីសន្យារបស់ព្រះអង្គនោះគឺថា ការលះបង់ ដែលយើងទាំងអស់គ្នាបានធ្វើនឹងទទួលបានរង្វាន់។ ​ព្រះពរនៃសេចក្តីសង្រ្គោះ ដែលយើងទទួលបាន នោះវិសេសជាងអ្វីគ្រប់យ៉ាងដែលយើងបានលះបង់ដើម្បីដើរតាមព្រះយេស៊ូវ (១ កូរិនថូស ២:៩)។ 

គ្រប់គ្នាដែលបានលះចោល ផ្ទះសំបែង គ្រួសារឬដីចំការដោយព្រោះព្រះយេស៊ូវហើយនឹងដំណឹងល្អ នឹង (១) ទទួលបានវិញនៅក្នុងជីវិតនេះ ១រយភាគឡើងចំពោះអ្វីដែលពួកគេបានលះបង់ និង (២) ទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចដល់​បរ‌លោក​នាយ។​

១) ​ទោះបីជានៅក្នុងជីវិតនេះពួកសិស្សទទួលបានលើសពីអ្វីដែលពួកគេបានលះបង់ក៏ដោយ។ ពួកអ្នកជឿបានប្រែក្លាយជាផ្នែ កនៃគ្រួសារនៃព្រះ ដែលពួកគេមានបងប្អូនប្រុសស្រី ម្តាយ កូនជាច្រើន ទាំងអស់នៅក្នុងព្រះគ្រីស្ទ។ 

២) ព្រះយេស៊ូវសន្យាថានឹងបានជីវិតអស់កល្បជានិច្ចដល់​បរ‌លោក​នាយ។​ ជីវិតអស់កល្បជានិច្ចមិនអាចនឹងទទួលបានតាមការធ្វើអ្វីមួយនោះឡើយ វាអាចត្រឹមតែស្នងយកប៉ុណ្ណោះ។ យើងស្នងវាមកពីព្រះ យេស៊ូដែលបានសុគតសម្រាប់យើង។ ជីវិតអស់កល្បជានិច្ចគឺជាមរតកសម្រាប់អស់អ្នកដែលដើរតាមព្រះយេស៊ូវ។ វាគឺជាជីវិតជាមួយនឹងព្រះ ជាជីវិតដែលព្រះតែងតែមាន ហើយត្រាស់ហៅឱ្យយើងចូលរួមជាមួយ។


តែ​នឹង​មាន​មនុស្ស​មុន ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​នឹង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ។ 

១៩:៣០ ព្រះទ្រង់នឹងតម្កើងអស់អ្នកដែលពិភពលោកមិនអោយតម្លៃដោយព្រោះតែព្រះអង្គទ្រង់នឹងជំនុំជំរះ ពួកគេតាមបែបមួយផ្សេងទៀត (១ សាំយូអែល ១៦:៧)។ ​ ព្រះយេស៊ូវបានបង្រៀនថា អ្នកដែលធំជាងគេនៅក្នុងនគរស្ថានសួគ៌គឺជា អស់អ្នកដែលបន្ទាបខ្លួន ឲ្យបានដូចជាកូនក្មេង (១៨:៣) ហើយអ្នកដែលតូចបំផុតនៅក្នុងនគរស្ថានសួគ៌គឺជា អស់អ្នកមិនអើពើចំពោះក្រឹត្យវិន័ដ៏តូចណាមួយ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើដូចគ្នានោ” (៥:១៩)។ មនុស្សជាច្រើនដែលត្រូវបានលើកដំកើងនៅក្នុង លោកីយ៍ដោយព្រោះតែ ទ្រព្យសម្បត្តិរបស់គេឬដំណែងដ៏សំខាន់នៅក្នុងសង្គមរបស់គេ ដែលវានឹងមិនសូវ សំខាន់ទេ នៅស្ថានសួគ៌នោះ។

ទោះបីជាការបង់ថ្លៃនៃភាពជាសិស្សនោះធំក៏ដោយ រង្វាន់នោះកាន់តែធំលើសទៅទៀត។ ​អស់អ្នកដែល ដើរតាមព្រះយេស៊ូវនឹងទទួលបានអនាគតពេញដោយសេរីល្អ។ ពួកគេនឹងរីករាយជាមួយនឹង ព្រះពរនៃជីវិតអស់កល្បជានិច្ចដ៏បរិបូរ។ សេចក្តីជំនឿរបស់យើងនៅក្នុងសេចក្តីសន្យារបស់ព្រះយេស៊ូវទាំង នេះគួរតែអាចជំរុញទឹកចិត្តយើងអោយបដិសេធខ្លួនយើង ផ្ទុកឈើឆ្កាងរបស់យើង ហើយដើរតាមព្រះអង្គ។ យើងគួរតែរស់នៅដោយការលះបង់ដោយព្រោះតែព្រះនាមព្រះអង្គ ហើយទុកចិត្ត ព្រះអង្គថាទ្រង់ នឹងប្រទានរង្វាន់ដល់យើងនៅក្នុងពេលខាងមុខ។ ​ប្រសិនបើយើងសរសើដំកើង ព្រះអង្គក្នុងពេលនេះ ព្រះអង្គនឹងសរសើរយើងអស់កល្បជានិច្ច។ ​អស់អ្នកដែលនៅក្រោយគេនៅក្នុងភ្នែក របស់លោកីយនឹងបានជាអ្នកមុនពេលដែលព្រះយេស៊ូវយាងមកក្នុងព្រះចេស្តាព្រះអង្គ។ ​


 

bottom of page