
នៅក្នុងសៀវភៅទីពីរនៃព្រះគម្ពីរ គឺសៀវភៅនិក្ខមនំ ព្រះទ្រង់បានបង្ហាញអង្គទ្រង់ទៅកាន់បុរសម្នាក់ ឈ្មោះថាម៉ូសេ ហើយ ទ្រង់បានបញ្ជូនឲ្យគាត់ទៅដឹកនាំជនជាតិអ៊ីស្រាអែល។ លោកម៉ូសេ មានអារម្មណ៍សង្ស័យថា ពួកអ៊ីស្រាអែល នឹងមិនស្តាប់គាត់នោះទេ ដូច្នេះគាត់សួរព្រះអង្គ សំនួរយ៉ាងសំខាន់មួយ។
ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច ព្រះទ្រង់មានបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា (១៥) ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ (និក្ខមនំ ៣:១៣-១៥)
នៅក្នុងខ ១៥ ព្រះអង្គបង្ហាញព្រះនាមព្រះអង្គថា יְהוָ֥ה (យ៉ាវេហ៍)។
ព្រះអង្គមានបន្ទូលថា នោះជាឈ្មោះទ្រង់នៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្តីរំឭក ពីទ្រង់ដល់គ្រប់ ទាំងដំណរៀងរាបតទៅ។ ព្រះនាមទ្រង់ត្រូវបានសរសេរចំនួន ៦២១៨ដង នៅក្នុងព្រះគម្ពីរ លើសជាងពាក្យ ណា ផ្សេងៗទៀតសម្រាប់ព្រះ។ នៅក្នុងភាសាខ្មែរ ត្រូវបានគេបកប្រែថា ព្រះយេហូវ៉ា នៅក្នុងព្រះគម្ពីរបកប្រែ ចាស់ (ពគប) ហើយ ព្រះអម្ចាស់នៅក្នុងគម្ពីរបកប្រែថ្មី (គខប)។ នៅក្នុងភាសាអង់គ្លេស ត្រូវបានបកប្រែថា ‘the LORD’ ដែលសរសេរជាអក្សរធំទាំងអស់ជាភាសាអង់គ្លេស។
តើព្រះនាមព្រះអង្គមានអត្ថន័យយ៉ាងដូចម្តេច? ព្រះនាមរបស់ព្រះ មានភាពស្រដៀងគ្នាទៅកាន់ពាក្យក្នុងភាសាហេព្រើរ ដែលមានន័យថា ‘I AM’ «អញជាព្រះដ៏ជាព្រះ» (យើងគឺជាយើង)។ ទោះបីវាជាការមិនអាចទៅរួចក្នុងការបកប្រែឲ្យចំត្រឹមត្រូវក៏ដោយ ព្រះនាមរបស់ព្រះអង្គមានន័យថា ‘អង្គបុគ្គលដ៏នៅអស់កល្បជានិច្ច’ ‘គឺជាអង្គបុគ្គលដែលតែងតែរមានវត្តមាន តាំងពីណាពីណៃមក’ ‘គឺជាអង្គ បុគ្គលដែលបានមានវត្តមានតាំងពីមុនមក រហូតដល់សព្វថ្ងៃ ហើយជា រៀងរហូតតទៅ’។ ដូច្នេះព្រះនាម ព្រះអង្គ ពណ៌នាពីភាពជាព្រះរបស់ទ្រង់ ដែលទ្រង់គង់នៅស្ថិតស្ថេរ អស់ កល្បជានិច្ច ហើយគ្មានការប្រែប្រួល នោះឡើយ។
ដំបូង នៅអស់កល្បជានិច្ច មានន័យថាគ្មានទីចាប់ផ្ដើម។ គ្រប់យ៉ាងដែល ព្រះជាម្ចាស់បានបង្កើត សុទ្ធតែមានទីចាប់ផ្ដើម។ ប៉ុន្តែ ព្រះអង្គមិនមានទីចាប់ផ្ដើមទេ។ គ្មាននរណា បង្កើតព្រះអង្គឡើយ។ ព្រះអង្គគង់នៅតាំងតែពីអស់កល្បមកម្ល៉េះ។
ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព ព្រមទាំងក្រវាត់អង្គ ដោយសេចក្តីនោះដែរ ឯលោកីយ៍នោះបានតាំងមាំមួន និងរង្គើមិនបានឡើយបល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណ គឺមានទ្រង់តាំងតែពីអស់កល្បរៀងមក (ទំនុកតម្កើង ៩៣:១-២)
មួយទៀត នៅអស់កល្បជានិច្ចមានន័យថា គ្មានទីបញ្ចប់ទេ។ របស់គ្រប់យ៉ាងសុទ្ធតែមានទីបញ្ចប់។ ប៉ុន្តែព្រះអង្គជាព្រះដែលគង់នៅអស់កល្ប ហើយទ្រង់គ្មានទីបញ្ចប់ទេ។
អស់ទាំងថ្ងៃអាយុនៃទូលបង្គំ ដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យ នៅអស់កល្បជានិច្ច ហើយនឹងមានសេចក្តីនឹកចាំពីទ្រង់ នៅអស់ទាំងដំណមនុស្សតទៅ។ (ទំនុកតម្កើង ១០២:១១-១២)
កាលដើមដំបូងទ្រង់បានតាំងឫសផែនដី ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ របស់ទាំងនោះនឹងវិនាសសូន្យទៅពិត តែទ្រង់នឹងស្ថិតស្ថេរនៅវិញ អើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវ ដូច្នេះនឹងបានផ្លាស់ចេញជាពិត ប៉ុន្តែ ឯទ្រង់ៗនៅដដែល ហើយព្រះជន្មទ្រង់មិនចេះផុតឡើយ។ (ទំនុកតម្កើង ១០២:២៥-២៧)
សកលលោកក៏មិននៅអស់កល្បជានិច្ចទេ។ សកលលោក សុទ្ធតែមានទីចាប់ផ្ដើ ហើយមានទីបញ្ចប់។ គ្រប់ការបង្កើតទាំងអស់ មានដែនកំណត់នៅក្នុងពេលវេលា តែព្រះគ្មានដែនកំណត់នៅក្នុងពេលវេលាទេ។ ព្រះអង្គ “ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច”។
ឱព្រះអម្ចាស់អើយ ទ្រង់បានធ្វើជាទីអាស្រ័យនៅនៃយើងខ្ញុំ នៅអស់ទាំងដំណតមក គឺមុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី និងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ។ (ទំនុកតម្កើង ៩០:១-២)
ព្រោះព្រះអង្គតែងតែគង់នៅ ព្រះអង្គគឺ អចិន្ត្រៃយ៍។ ព្រះអង្គ គឺជាការពិតដែលនៅអចិន្ត្រៃយ៍តែមួយ។ គ្រប់ របស់ផ្សេងៗ គឺនៅបណ្ដោះអាសន្ន។ ប៉ុន្តែ ព្រះអង្គគង់នៅជានិច្ច។ ព្រះអង្គគឺ គង់នៅ "តាំងពី មុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ"
សូមឱ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្តា និងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ (យូដា ២៥)
ខាងក្រោមនេះគឺជាចំនុចគន្លឹះចំបង ដែលព្រះគម្ពីរបង្រៀនយើងអំពីព្រះអង្គគឺជាព្រះសព្វវត្តមាន
(១) គ្មានកន្លែងណា ដែលអាចផ្ទុកព្រះវត្តមានទ្រង់បានឡើយ ហើយទ្រង់មិនដែលអវត្តមាននៅកន្លែង ណាមួយឡើយ។
“យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មម ឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ាន ទៅទៀត” (១ ពង្សាវតារក្សត្រ ៨:២៧)
(២) ព្រះអង្គគង់នៅពាសពេញស្ថានសួគ៍ និងផែនដី។
“ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យអញមើលមិនឃើញ បានឬ តើអញមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា” (យេរេមា ២៣:២៣-២៤)
(៣) ព្រះអង្គមានព្រះវត្តមានគង់នៅគ្រប់ទីកន្លែង - គ្មានកន្លែងណា ទ្រង់អវត្តមាន ហើយគ្មានកន្លែង ណាដែលមានភាពធំធេងខ្ពង់ខ្ពស់ជាងព្រះឡើយ។
ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយ ហើយបានដាក់ព្រះហស្តលើទូលបង្គំ ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំ ឈោងមិនដល់សោះ តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ (ទំនុកតម្កើង ១៣៩:៥-១០)
ដើម្បីធ្វើការសង្ខេប ចំនុចគន្លិះចំបង ដែលព្រះគម្ពីរបានបង្រៀនយើងអំពីព្រះដំរិះរបស់ព្រះគឺ :
(១) ព្រះអង្គមានព្រះដំរិះយ៉ាងឥតខ្ចោះ ហើយការយល់ដឹងរបស់ទ្រង់គ្មានដែនកំណត់ឡើយ។
ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយក៏ហៅបានតាមឈ្មោះទាំងអស់ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរហើយមានឫទ្ធានុភាពក្រៃលែងឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់ (ទំនុកតម្កើង ១៤៧:៤-៥)
“ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗ ដូចម្តេចឬទេ តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ ឬទេ” (យ៉ូប ៣៧:១៤-១៦)
(២) ព្រះអង្គជ្រាបស្គាល់គ្រប់យ៉ាងអំពីចក្រវាឡ ដែលទ្រង់បានបង្កើត។
...ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញា របស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។ (យេរេមា ១០:១២)
(៣) ព្រះអង្គជ្រាបដឹងពីចិត្តគំនិត ផែនការ ពាក្យសំដី ហើយសកម្មភាពរបស់មនុស្សគ្រប់គ្នា។
ព្រះអង្គជ្រាបដឹងអំពី :
គ្រប់ជំហានរបស់យើង (យ៉ូប ៣៤:២១)
គ្រប់ការដែលយើងធ្វើ (ទំនុកតម្កើង ៣៣:១៣-១៥)
គ្រប់ទាំងផ្លូវរបស់យើង (ទំនុកតម្កើង ១៣៩:១-៣)
អ្វីដែលយើងត្រូវការ (ម៉ាថាយ ៦:៨)
ចំនួនសក់ដែលនៅលើក្បាលយើង (ម៉ាថាយ ១០:២៩-៣០)
អ្វីដែលនឹងយើងនិយាយ មុនពេលដែលយើងនិយាយ (ទំនុកតម្កើង ១៣៩:៤)
ចិត្តរបស់មនុស្សទាំងអស់ (១ ពង្សាវតា ៨:៣៨-៣៩; កិច្ចការ ១:២៤)
ចិត្ត ផែនការ និង គំនិតរបស់យើង (១ របាក្សត្រ ២៨:៩)
(៤) ព្រះអង្គមានចំនេះជ្រាបដឹងយ៉ាងឥតខ្ចោះអំពីគ្រប់អ្វីៗទាំងអស់ - អតីតកាល បច្ចុប្បន្ន និង អនាគត។
ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ (សុភាសិត ៥:២១)
ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ (យ៉ូប ២៨:២៤)
នចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចជាអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ (អេសាយ ៤៦:៩-១០)
មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយគឺជាការថ្មី ដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការ ទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។ (អេសាយ ៤២:៩)
ការសង្ខេប ចំនុចគន្លឹះដែលព្រះគម្ពីរបង្រៀនអំពីគ្រប់ព្រះចេស្តារបស់ព្រះគឺ :
(១) ព្រះចេស្តារបស់ព្រះគ្មានដែនកំណត់
ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបាន ស្មើនឹង គេនោះ ចូរងើយភ្នែកឯងមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែល នាំឲ្យ ពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ទ្រង់ក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តា ដ៏ធំរបស់ទ្រង់ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។ (អេសាយ ៤០:២៥-២៦)
(២) គ្មានអ្វីដែលពិបាកពេកសម្រាប់ព្រះឡើយ។ ទ្រង់មានសមត្ថភាព ដែលគ្មានដែនកំណត់។
មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ (យេរេមា ៣២:២៧)
ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ (យេរេមា ៣២:១៧)
(៣) ព្រះចេស្តារបស់ទ្រង់គ្របដណ្តប់គ្រប់ទីកន្លែង គឺលើគ្រប់របស់សព្វសារពើរ។
ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ជាការយ៉ាងអស្ចារ្យឥតគណនា (យ៉ូប ៥:៩)
(៤) គ្មានអ្វីអាចទាស់ប្រឆាំង យកឈ្នះ ទៅកាន់ព្រះចេស្តារបស់ព្រះបានឡើយ។
“ឱព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ”។ (២ របាក្សត្រ ២០:៦)
នាមថាយេស៊ូវត្រូវបានបកប្រែពីឈ្មោះក្នុងភាសាហេប្រឺ יְהוֹשֻֽׁעַ׃, (អានថា យេ-ហូ-ហ្សូ-អា)។ ឈ្មោះនេះមកពីភាសាហេប្រឺពីរពាក្យ: יְהוָה (យ៉ាវេហ៍) គឺព្រះនាមរបស់ព្រះ និង יָשַׁע ដែលមានន័យថា សេចក្តីសង្រ្គោះ ។ ដូច្នេះហើយ ឈ្មោះមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសង្គ្រោះ។ ព្រះអង្គត្រូវបាន ប្រទានឲ្យមានព្រះនាមនេះដោយព្រោះតែព្រះអង្គគឺជាព្រះអង្គសង្រ្គោះដែលត្រូវបានចាត់មក ដោយព្រះជាម្ចាស់ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គពីអំពើបាបរបស់គេ (ម៉ាថាយ១:២១)។
ព្រះគ្រីស្ទ គឺជាតួនាទី (មិនមែនជានាមត្រកូល) ដែលត្រូវបានបកប្រែពីពាក្យនៅក្នុងភាសាហេប្រឺ המשיח (មេស៊ី) ដែលមានន័យថា «អ្នកដែលត្រូវបានចាក់ប្រេងតាំង»។ សម្រាប់មនុស្សការដែលទទួលបាន «ការចាក់ ប្រេងតាំង» មានន័យថាប្រេងនោះត្រូវបានបង្ហូរពីលើគាត់ដើម្បីបង្ហាញថា គាត់ត្រូវបានត្រាស់ហៅដោយ ព្រះជាម្ចាស់ឲ្យធ្វើជាហោរា (១ ពង្សាវតារក្សត្រ ១៩:១៦) ជាសង្ឃ (លេវីវិន័យ ៨:១២) ឬជាស្តេច (២ ពង្សាវតារក្សត្រ ៩:៦)។
នៅក្នុងសេចក្តីទំនាយច្រើនជាង ៣០០ សេចក្តីទំនាយដែលមាននៅក្នុងព្រះគម្ពីរ សញ្ញាចាស់ ព្រះជាម្ចាស់បានប្រកាសថាព្រះអង្គទ្រង់នឹងចាត់ព្រះមេស៊ីឲ្យមកធ្វើជាហោរាជាសង្ឃ ហើយជាស្តេច លើប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះយេស៊ូវគឺជាហោរា ជាសង្ឃហើយជាស្តេចមួយនោះ។ ព្រះអង្គគឺជាហោរាដែល ប្រកាសពីព្រះបន្ទូលនៃព្រះ(ហេព្រើរ ១:១-២‚យ៉ូហាន ១២:៤៩-៥០) ជាសម្តេចសង្ឃ ដ៏ខ្ពស់ជាអ្នកផ្សះផ្សា ដែលនៅ កណ្តាលរវាងព្រះជាម្ចាស់ ហើយនឹង មនុស្ស (១ ធីម៉ូថេ ២:៥-៦) ហើយជាស្តេច ដែលសោយរាជ្យ អស់កល្បជានិច្ច (ហេព្រើរ ១:៨‚ វិវរណៈ ១១:១៥)។
ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានឱ្យដល់អ្នកជឿទាំងឡាយ ដើម្បីជួយយើងឱ្យរស់នៅក្នុងជីវិតជា គ្រីស្ទបរិស័ទ។
ព្រះវិញ្ញាបរិសុទ្ធឱ្យយើងសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ ដើម្បីឱ្យយើងអាចចូល ទៅក្នុងនគរព្រះ
នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃ សេចក្ដីកើតជាថ្មី ហើយការ ប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:៥)
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ (យ៉ូហាន ៣:៥)
ព្រះវិញ្ញាណបរិសុទ្ធ គង់ជាមួយ ក៏សណ្ឋិតនៅក្នុងអ្អ្នកជឿគ្រប់រូប
នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃ សេចក្ដីពិត ដែលលោកីយ ទទួល ពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ (យ៉ូហាន ១៤:១៦-១៧)
មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិត ក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោស រូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែល សណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។(រ៉ូម ៨:១១)
តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួល មកពីព្រះ (១ កូរិនថូស ៦:១៩a)
ព្រះវិញ្ញាណបរិសុទ្ធនាំយើងចូលក្នុង គ្រប់ទាំងសេចក្ដីពិត
កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុង គ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក (យ៉ូហាន ១៦:១៣)
ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។ (១ កូរិនថូស ២:១០-១១)
ព្រះវិញ្ញាណបរិសុទ្ធ បង្រៀន និងរំឮកយើងពីគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានមានបន្ទូល
តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹង បង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដីដែលខ្ញុំបានប្រាប់ដល់ អ្នក រាល់គ្នាដែរ (យ៉ូហាន ១៤:២៦)
ព្រះវិញ្ញាណបរិសុទ្ធ ធ្វើបន្ទាល់ពីព្រះយេស៊ូវមកកាន់យើង ដើម្បីដំកើងទ្រង់
ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណ នៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ (យ៉ូហាន ១៥:២៦)
ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា (យ៉ូហាន ១៦:១៤)
ព្រះវិញ្ញាណបរិសុទ្ធ ជួយឱ្យយើងអាចនឹងថា "ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់"
ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណ នៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជា ព្រះអ ម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ (១ កូរិនថូស ១២:៣)
ព្រះវិញ្ញាណបរិសុទ្ធ សំដែងឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមក ហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិតហើយពីសេចក្ដីជំនុំ ជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយ អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ នឹងពីសេចក្ដីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។ (យ៉ូហាន ១៦:៧-១១)
ព្រះវិញ្ញាណបរិសុទ្ធ ញែកជាបរិសុទ្ធយើង ដោយបានប្រោសឲ្យខ្ញុំរួចពីអំណាច របស់អំពើបាប
ដ្បិតអំណាចរបស់ព្រះវិញ្ញាណនៃជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះបានប្រោសឲ្យខ្ញុំរួចពីអំណាច របស់អំពើបាប នឹងសេចក្ដីស្លាប់ហើយ (រ៉ូម ៨:២)
តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ (កាឡាទី ៥:១៦)
ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នក រាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិ ញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្ដីពិតផង (២ ថែស្សាឡូនីច ២:១៣)
ព្រះវិញ្ញាណបរិសុទ្ធ បំបាត់អរិភាពរបស់យើងចំពោះព្រះ បណ្តាលមកពីគំនិតខាងសាច់ឈាមរបស់យើង។
ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រិត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ (រ៉ូម ៨:៧-៨)
ព្រះវិញ្ញាណបរិសុទ្ធ បំពេញចិត្តយើងដោយសេចក្ដីស្រឡាញ់របស់ព្រះ
ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ (រ៉ូម ៥:៥)
ព្រះវិញ្ញាណបរិសុទ្ធ ប្រទានអំណាចមក ដើម្បីឱ្យយើងធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ
ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា នឹងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង (កិច្ចការ ១:៨)
ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ នៃយើងរាល់គ្នា ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង (អេភេសូរ ៣:១៤-១៦)
ព្រះវិញ្ញាណបរិសុទ្ធ បំពាក់យើងដោយអំណោយទានខាងវិញ្ញាណ ដើម្បីឱ្យយើងអាចបម្រើព្រះ
រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះ ឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមាន សេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោស ឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះ អធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើ គ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។ (១ កូរិនថូស ១២:៤-១១)
ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំយើង
ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ (រ៉ូម ៨:១៤)
បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ (កាឡាទី ៥:២៥)
ព្រះវិញ្ញាណបរិសុទ្ធ ប្រទានពាក្យសម្ដីត្រឹមត្រូវឱ្យយើងនិយាយ
ប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែល ត្រូវថាឡើយ ត្រូវនិយាយតែសេចក្ដីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ (ម៉ាកុស ១៣:១១)
ព្រះវិញ្ញាណបរិសុទ្ធ បង្កើតផលផ្លែនៃព្រះវិញ្ញាណនៅក្នុងយើង
តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រិត្យវិន័យណាទាស់នឹងសេចក្ដីយ៉ាងនោះទេ(កាឡាទី ៥:២២-២៣)
ព្រះវិញ្ញាណបរិសុទ្ធ ជួយយើងឱ្យអធិស្ឋាន អរព្រះគុណ និងថ្វាយបង្គំព្រះ
ព្រមទាំងប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង (អេភេសូរ ៦:១៨a)
កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅ វិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំង ច្រៀង ហើយសរសើរ ដល់ព្រះអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយ នូវព្រះនាមព្រះយេស៊ូវគ្រីស្ទ (អេភេសូរ ៥:១៨-២០)
ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនិងសាច់ ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត (ភីលីព ៣:៣)
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ជួយអង្វរជំនួសយើង
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋាន សូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ (រ៉ូម ៨:២៦)
ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជា កូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះ វិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ (រ៉ូម ៨:១៥-១៦)
ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ (កាឡាទី ៤:៦)
ព្រះវិញ្ញាណបរិសុទ្ធ ធានាឱ្យយើងនូវមរតកដ៏អស់កល្បជានិច្ច
ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយ សារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបាន លោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្ដី សរសើរដល់សិរីល្អនៃទ្រង់។ (អេភេសូរ ១:១៣-១៤)
រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្ត យើងខ្ញុំដែរ។ (២ កូរិនថូស ៥:៥)
បើសិនជាយើងរស់ដោយនូវព្រះវិញ្ញាណ នោះត្រូវដើរដោយព្រះវិញ្ញាណដែរ (កាឡាទី ៥:២៥)
ការដើរនៅក្នុងព្រះវិញ្ញាណគឺជាការ ដែលរស់នៅជីវិតរបស់យើង ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ គ្រប់ពេលវេលា ដោយមានការញាណដឹងពីការ ដឹកនាំរបស់ទ្រង់ ហើយស្តាប់បង្គាប់ធ្វើតាមទ្រង់។ នៅពេលដែលយើងធ្វើការនេះ ព្រះអង្គទ្រង់នឹង ប្រទានអំណាច ដឹកនាំ តម្រែតម្រង់ផ្លូវ មកកាន់ជីវិតរបស់យើង។
ការដើរដោយព្រះវិញ្ញាណមិនមែនជាអ្វីដែលអាថ៍កំបាំងហើយពិបាកយល់នោះទេ។ ការដើរដោយព្រះវិញ្ញាណ គឺជាការដែល ព្រះវិញ្ញាណធ្វើការហ្វឹកហ្វឺនមកកាន់យើង តាមរយៈព្រះបន្ទូលព្រះ ដើម្បីឲ្យលោកអ្នកធ្វើបាបកាន់ តែតិច ហើយស្តាប់បង្គាប់ធ្វើតាមព្រះកាន់តែច្រើន ហើយនេះហើយគឺជាការលូតលាស់រីកចម្រើនខាងវិញ្ញាណ។
ពេលដែលយើងអានព្រះបន្ទូលព្រះ ព្រះវិញ្ញាណដាក់ព្រះបន្ទូល មកកាន់ ចិត្តយើង ដើម្បីបង្ហាត់បង្រៀនដាស់តឿន ចាក់ចុចចិត្តយើង ហើយដឹកនាំយើងឲ្យឆ្ពោះទៅកាន់ គ្រប់អស់ទាំងសេចក្តីពិត (យ៉ូហាន ១៤:១៦; ១៦:៨-១៥)។ ទ្រង់បង្ហាញ យើងពីរបៀបដែលត្រូវរស់នៅ ដើម្បីថ្វាយកិត្តិយសទៅកាន់ព្រះ ហើយទ្រង់ក៏ប្រទាន ព្រះចេស្តាជួយឲ្យយើងអាចស្តាប់បង្គាប់ព្រះអង្គផងដែរ។
តែខ្ញុំប្រាប់ថា ចូរដើរក្នុងព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមិនបំពេញសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាមទេ (កាឡាទី ៥:១៦)
នៅពេលដែលយើងជាគ្រីស្ទបរិស័ទ ដើរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ នោះយើងមាន សេចក្តីសន្យាមក កាន់យើងថា យើងនឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមទេ។ «សាច់ឈាម» របស់យើង គឺជា និស្ស័យបាបរបស់យើង។ នៅពេលដែលយើងដើរដោយព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងទទួលបានជ័យជំនះ លើអំពើបាប។ ចូរដើរដោយព្រះវិញ្ញាណកាន់តែច្រើនឡើងៗ នោះលោកអ្នក នឹងកាន់តែធ្វើបាបតិចទៅៗ។ យ៉ាងណាមិញ នេះមិនមែនជាដំណើរការងាយស្រួលទេ។ ពេលខ្លះ យើងនឹង ជួបមានការល្បួងឲ្យធ្វើអំពើបាប។ យើងដឹងថាយើងមិនគួរធ្វើអ្វីមួយ តែយើងមានអារម្មណ៍ ចង់ធ្វើការនោះ។ វាហាក់បីដូចជាមានសង្គ្រាម នៅខាងក្នុងយើង។ តើមានអ្វីកំពុងកើតឡើង?
ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្ដីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត (កាឡាទី ៥:១៧)
មនុស្សទាំងអស់មាននិស្ស័យបាបតាំងតែងពី ពេលចាប់កំណើតមក គឺជាអ្វី ដែលយើងទទួលបាន ពីអ័ដាម។ ពួកអ្នកជឿក៏មានព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលយើងបានទទួលនៅពេល យើងបានកើតជាថ្មី។ អ្វីទាំងពីរនេះសុទ្ធតែមានសេចក្តីប៉ងប្រាថ្នា: សាច់ឈាមចង់ធ្វើអំពើបាប ហើយព្រះវិញ្ញាណឲ្យរស់នៅបរិសុទ្ធ។ ដូច្នេះ គឺមានសង្គ្រាមដែលកំពុងកើតឡើងនៅខាងក្នុងយើង ហើយដោយសារតែការនេះហើយ ដែលធ្វើឲ្យយើង មានការពិបាកក្នុងការដើរដោយព្រះវិញ្ញាណបរិសុទ្ធ។ សាច់ឈាមរបស់យើងតែងមានការទាស់ ប្រឆាំងជាមួយនឹង ព្រះវិញ្ញាណបរិសុទ្ធ ហើយ ព្រះវិញ្ញាណបរិសុទ្ធ តែងទាស់ប្រឆាំងជាមួយនឹងសាច់ឈាម។ ប្រសិនបើយើងចង់ឲ្យ ព្រះវិញ្ញាណ បរិសុទ្ធមានជ័យជំនះ យើងត្រូវតែសហការជាមួយទ្រង់ ហើយអនុញ្ញាត ឲ្យទ្រង់សម្រេចកិច្ចការ ទ្រង់នៅក្នុងយើង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងយើង ការពារយើងមិនឲ្យយើង ធ្វើតាមបំណង ប្រាថ្នារបស់សាច់ឈាម តែផ្ទុយទៅវិញ យើងត្រូវធ្វើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធចង់ធ្វើ។
ប្រសិនបើយើងចង់ឃើញជីវិតដែលដឹកនាំដោយព្រះវិញ្ញាណ មានលក្ខណៈយ៉ាងណា ចូរឲ្យយើងសំលឹងមើល ទៅឯព្រះយេស៊ូវ។ ទ្រង់បានចាប់កំណើតនៅក្នុងផ្ទៃពោះរបស់នាងម៉ារា ដោយព្រះវិញ្ញាណបរិសុទ្ធ (លូកា ១:៣៥) ទ្រង់បានពេញដោយព្រះចេស្តា ដោយសារព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលទ្រង់បានទទួលបុណ្យជ្រមុជទឹក (លូកា ៣:២១-២២) ហើយព្រះវិញ្ញាណបរិសុទ្ធបាន ដឹកនាំទ្រង់ទៅឯវាលរហោស្ថាន (លូកា ៤:១)។ ទ្រង់បានបង្ហាត់បង្រៀន ដោយអំណាចចេស្តារបស់ ព្រះវិញ្ញាណបរិសុទ្ធ (លូកា ៤:១៦-១៩; កិច្ចការ ១០:៣៨), «ទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មងដល់ព្រះ» នៅលើឈើឆ្កាង ដោយសារព្រះវិញ្ញាណបរិសុទ្ធ (ហេព្រើរ ៩:១៤) ហើយ «ខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះ ពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ» (រ៉ូម ១:៤)។
ជីវិតគ្រីស្ទបរិស័ទផ្តោតយ៉ាងសំខាន់ទៅលើការនេះឯង គឺឲ្យក្លាយកាន់តែដូចព្រះយេស៊ូវ។ ការញែកចេញជាបរិសុទ្ធ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងយើង ដើម្បីឲ្យកាន់តែដូច ព្រះគ្រីស្ទច្រើនឡើងៗ។ វាជាការកាត់បន្ថយនៃអំពើបាប ហើយជាការបង្កើននៃភាពបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធ បើកបង្ហាញព្រះបន្ទូលទៅកាន់លោកអ្នក ដឹកនាំការអធិស្ឋានរបស់លោកអ្នកគ្រប់គ្រងមកកាន់ ជីវិតរបស់លោកអ្នក ហើយធ្វើឲ្យលោកអ្នកមានចរិតលក្ខណៈរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់លោកអ្នក។


