top of page

​មេរៀនទី ៩: ជីវិតអស់កល្បជានិច្ច

សម្រង់សម្តីព្រះយេស៊ូ៖ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច  (យ៉ូហាន ៦:៤៧).

សេចក្តីសង្ឃឹមដ៏អស្ចារ្យរបស់គ្រីស្ទបរិស័ទគឺជាជីវិតអស់កល្បជានិច្ច។ ជីវិតអស់កល្បគឺជាអ្វីដែលព្រះយេស៊ូវសន្យាទៅកាន់អ្នក​ទាំងអស់​ដែល​ជឿ​ដល់ទ្រង់។ ហេតុដូច្នេះ យើងត្រូវសួរថា៖ តើជីវិតអស់កល្បជានិច្ចគឺជាអ្វី?

ពាក្យជាភាសាក្រិចនៅក្នុងព្រះគម្ពីរដែលបកប្រែពាក្យ ‘អស់កល្ប’ (αἰώνιος) សំដៅទៅលើសម័យកាល។ អ្នកប្រវត្តសាស្ត្របែងចែកពេលវេលាទៅជាសម័យកាលផ្សេងៗគ្នា (ឧទាហរណ៍ ‘សម័យអង្គរ’ ឬ ‘សម័យអាណាចក្រខ្មែរ’)។ សម័យកាលនីមួយៗមានលក្ខណៈផ្ទាល់ខ្លួនរបស់វាផ្សេងៗគ្នាអំពីជីវភាពរស់នៅរបស់មនុស្ស។ * កំណត់ចំណាំសម្រាប់គ្រូ #១

ដូច្នេះនៅពេលព្រះគម្ពីរនិយាយអំពី “ជីវិតអស់កល្ប” វាមានន័យថាជាជីវិតដែលយើងនឹងមាននៅក្នុងសម័យកាលជាក់លាក់មួយ។

ចំណុចគន្លឹះ #១៖ ជីវិតអស់កល្បគឺជាគុណភាពជីវិតទាក់ទងជាមួយនឹងសម័យកាលជាក់លាក់មួយ។

នៅពេលព្រះគម្ពីរនិយាយអំពី “ជីវិតអស់កល្ប” តើវាសំដៅទៅលើសម័យកាលណាមួយ? របៀបដ៏ងាយស្រួលបំផុតដើម្បីយល់ពីកិច្ចការនេះបានគឺចាប់ផ្តើមជាមួយនឹងគំនិតដែលថាវាគឺជាជីវិតដែលយើងនឹងទទួលបទពិសោធន៍នៅក្នុងសម័យកាលដែលត្រូវមកដល់ (នោះគឺនៅពេលដែលព្រះយេស៊ូវយ៉ាងមក សោយរាជ្យនៅលើផែនដី)។ នៅពេលការនេះកើតឡើង សម័យកាលថ្មីនៃភាពសុចរិតនឹងចាប់ផ្តើមឡើង។ 

 

២ ពេត្រុស ៣:១៣

តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ

យ៉ាងណាមិញ ដោយសារព្រះយេស៊ូវសោយរាជ្យនៅក្នុងជីវិតរបស់អ្នកជឿបច្ចុប្បន្ននេះ យើងចាប់ផ្តើមទទួលបទពិសោធន៍ខ្លះៗនៃគុណភាពជីវិតដ៏អស់កល្បជានិច្ចរួចហើយ។ ព្រះយេស៊ូវប្រាប់យើងពីជីវិតអស់កល្បជានិច្ចនៅក្នុង យ៉ូហាន ១៧:៣

 

នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង 

 

ជីវិតអស់កល្បគឺជាការស្គាល់ព្រះជាម្ចាស់ដែលជាព្រះវរបិតា និងព្រះរាជបុត្រា។ នៅក្នុង យ៉ូហាន ១៧:៣ ពាក្យជាភាសាក្រិកសម្រាប់ពាក្យ “ស្គាល់” (γινώσκω) មានន័យថាគឺជាកា រស្គាល់តាមរយៈបទពិសោធន៍ ផ្ទាល់ខ្លួន។ វាមិនមែនអំពីព័ត៌មាននោះទេ ប៉ុន្តែអំពីទំនាក់ទំនងវិញ។ ហេតុដូច្នេះ ជីវិតអស់កល្បជានិច្ចគឺជាការ មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់។ នេះគឺជាលក្ខណៈដែលមានសារៈសំខាន់បំផុត សម្រាប់ជីវិតអស់កល្បជានិច្ច៖ ជីវិតអស់កល្បគឺជាជីវិតនៅជាមួយព្រះជាម្ចាស់។

ចំណុចគន្លឹះ #២៖ ជីវិតអស់កល្បគឺជាជីវិតនៅជាមួយព្រះជាម្ចាស់។

សម័យកាលថ្មីមួយនេះ នៅពេលដែលមនុស្សអាចស្គាល់ព្រះជាម្ចាស់ចាប់ផ្តើមនៅពេលណា? ចម្លើយគឺ៖ វាមានរួចហើយ!​ ដោយសារព្រះយេស៊ូវ ជីវិតនៃសម័យកាលខាងមុខគឺមានរួចហើយ។ ហេតុដូច្នេះហើយបានជាព្រះយេស៊ូវមាន​បន្ទូល (នៅក្នុងបច្ចុប្បន្នកាល) អំពីការដែលយើងមានជីវិតអស់កល្បជានិច្ច។

 

យ៉ូហាន ៥:២៤

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ 

 

យ៉ូហាន ៦:៤៧ 

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច

 

១ យ៉ូហាន ៥:១២-១៣

ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។ ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​ហើយ

ប្រសិនបើអ្នកជឿលើព្រះយេស៊ូវ អ្នកមានជីវិតអស់កល្បជានិច្ច។ អ្នកមានវាហើយឥឡូវនេះ! អ្នកបាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ។ 

ជីវិតអស់កល្បជានិច្ចគឺវាលើសពីការដែលគ្រាន់តែទៅនគរស្ថានសួគ៌នៅពេលយើងស្លាប់ទៅ។ ជីវិតអស់កល្បជានិច្ចគឺជាការស្គាល់ព្រះជាម្ចាស់ ជាមនុស្សម្នាក់របស់ព្រះ ដែលរស់នៅខាងវិញ្ញាណឥឡូវនេះ។  ជីវិតនេះគឺស្ថិតនៅក្នុងអ្នកដែលបានទុកចិត្តលើព្រះយេស៊ូវគ្រីស្ទហើយ។ 

ជីវិតនៃសម័យកាលខាងមុខមាននៅក្នុងព្រះយេស៊ូវ ហើយបានធ្វើឱ្យមានសម្រាប់សិស្សរបស់ព្រះអង្គ ហើយស្ថិតនៅចំណុចកណ្តាលគឺទំនាក់ទំនងជាមួយព្រះជាម្ចាស់។ បើទោះបីជាព្រះជាម្ចាស់គង់នៅស្ថានសួគ៌ ហើយយើងនៅលើផែនដីនេះក៏ដោយ យើងអាចចាប់ផ្តើមស្គាល់ទ្រង់ ហើយទទួលបទពិសោធន៍ ‘ព្រះចេស្តារ សេចក្តីស្រឡាញ់ និងប្រាជ្ញារបស់ទ្រង់នៅក្នុងជីវិតរបស់យើងនៅទីនេះ និងឥឡូវនេះ។ ជីវិតអស់កល្បជានិច្ចចាប់ផ្តើមនៅពេលយើងកើតជាថ្មី។ វាគឺជាអំណោយទានរបស់​ព្រះ ដែលទ្រង់ប្រទានឱ្យ នៅពេលដែលមនុស្សប្រែចិត្តចេញពីអំពើបាបរបស់ពួកគេ ហើយជឿលើព្រះយេស៊ូវគ្រីស្ទ។ 

នេះគឺជាជីវិតអស់កល្បជានិច្ច។ តើអ្នកទទួលវាហើយឬនៅ? តើអ្នកមានជីវិតរស់នៅចំពោះព្រះជាម្ចាស់ជាមួយជីវិតដែលអ្នកមិនធ្លាប់មាន (មកពីកំណើត) ប៉ុន្តែបានប្រទានមកអ្នកដោយសារព្រះវិញ្ញាណដ៏បរិសុទ្ធ? ប្រសិនបើវាកើតមានឡើង នោះទំនាក់ទំនងបានចាប់ផ្តើមកើតឡើងរវាងព្រះជាម្ចាស់ និងអ្នកដែលនឹងជាប់មានជារៀងរហូត! 

ប្រសិនបើអ្នកមានជីវិតអស់កល្បជានិច្ច សូមចំណាយពេលបន្តិចដើម្បីអរគុណដល់ព្រះជាម្ចាស់សម្រាប់ការនេះ។ 

បន្ទាប់មក អធិស្ឋានសម្រាប់អ្នកដែលមិនមាន។ 

ចំណុចគន្លឹះ #៣៖ ជីវិតអស់កល្បចាប់ផ្តើមឥឡូវនេះ។

ពាក្យមួយទៀតដែលយើងត្រូវធ្វើការពិចារណាគឺ “ជីវិត”។ នៅពេលព្រះគម្ពីរនិយាយអំពីជីវិតអស់កល្បជានិច្ច ពាក្យជីវិតគឺ ζωή។ ព្រះគម្ពីរបង្រៀនយើងថា ព្រះវរ‌បិតា​មាន​ជីវិត​ (ζωή) ក្នុង​ព្រះ‌អង្គ​ទ្រង់​  និងព្រះ‌រាជ‌បុត្រា​មាន​ជីវិតក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ។ 

 

យ៉ូហាន ៥:២៦

ពី​ព្រោះ​ដែល​ព្រះវរ‌បិតា​មាន​ជីវិត​ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​ព្រះ‌អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ 

ព្រះជាម្ចាស់គឺជាព្រះអាទិករ និងជាអ្នកទ្រទ្រង់ជីវិតទាំងអស់។ ជីវិតទាំងឡាយនៅក្នុងសកលលោកកើតមកពីទ្រង់។ ជីវិតត្រូវបានប្រទានមកឱ្យយើងម្នាក់ៗ ប៉ុន្តែមិនដែលប្រទានទៅព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មានជីវិតនៅក្នុងព្រះអង្គទ្រង់ ហើយជីវិតនោះមិនដែលមានទីចាប់ផ្តើមឡើយ។ 

មនុស្សគ្មានជីវិតនៅក្នុងខ្លួននោះទេ។ យើងមានជីវិតតែនៅក្នុងព្រះជាម្ចាស់តែប៉ុណ្ណោះ។ មូលហេតុដែលយើងម្នាក់ៗមានជីវិតរស់នៅឥឡូវនេះគឺដោយសារព្រះជាម្ចាស់បានប្រទានឱ្យយើងនូវអំណោយទានជីវិតខាងរូបកាយ។ ដូចជាជីវិតខាងរូបកាយដែរគឺត្រូវពឹងផ្អែកទាំងស្រុងទៅលើព្រះជាម្ចាស់ដែលបានបង្កើត និងទ្រទ្រង់យើង ជីវិតអស់កល្បជានិច្ចក៏ត្រូវពឹងផ្អែកទាំងស្រុងលើព្រះជាម្ចាស់ដែរ។ 

ជីវិតអស់កល្បគឺមិនមែនជាអ្វីម្យ៉ាងដែលព្រះជាម្ចាស់អាចប្រទានឱ្យយើងក្រៅពីទ្រង់នោះឡើយ។ ជីវិតអស់កល្បជានិច្ចគឹជាការចែករំលែកនៅក្នុងជីវិតរបស់ព្រះជាម្ចាស់។ វាគឺជាអំណោយទាននៃជីវិតរបស់ទ្រង់នៅក្នុងយើង។ ** កំណត់ចំណាំសម្រាប់គ្រូ #២

តើព្រះជាម្ចាស់ប្រទានអំណោយទានជីវិតរបស់ទ្រង់ដល់យើងដោយរបៀបណា? ចម្លើយគឺតាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ព្រះជាម្ចាស់ប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សតាមរយៈការរួបរួមគ្នារបស់ពួកគេជាមួយ ព្រះយេស៊ូវ។ 

 

យ៉ូហាន ១១:២៥-២៦  

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ

 

១ យ៉ូហាន ៥:១១ 

នេះ​ហើយ​ជា​សេចក្ដី​បន្ទាល់​នោះ គឺ​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ 

ព្រះជាម្ចាស់មានជីវិតនៅក្នុងអង្គទ្រង់ ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ទ្រង់មានជីវិតនៅក្នុងអង្គទ្រង់ ហើយតាមរយៈការួមនឹងព្រះយេស៊ូវយើងក៏មានជីវិតអស់កល្បជានិច្ចផងដែរ។ 

 

យ៉ូហាន ១:១-៤ 

កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ព្រះ តាំង​អំពី​ដើម​មក គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​ក្នុង​បណ្តា​របស់​ដែល​បាន​បង្កើត​មក​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ទ្រង់​ឡើយ នៅ​ក្នុង​ទ្រង់​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក

 

១ យ៉ូហាន ១:១-៣  

ឯ​សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ជីវិត (ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះវរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ) ដូច្នេះ សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្ដី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះវរ‌បិតា ហើយ​នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ 

 

១ យ៉ូហាន ៥:២០  

យើង​ក៏​ដឹង​ថា ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់ ព្រះ‌អង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង។

ព្រះយេស៊ូវគឺជា “​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះវរ‌បិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ"។ ដើម្បីឱ្យយើងមានជីវិតអស់កល្បជានិច្ចមានន័យថាយើងស្គាល់ទ្រង់ ហើយមានការប្រកបគ្នាជាមួយទ្រង់ ហើយតាមរយៈទ្រង់យើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់!​

ព្រះយេស៊ូវគឺជាជីវិតដ៏អស់កល្បជានិច្ច។ “ព្រះ‌អង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង”។ នៅក្នុងទ្រង់គឺជាជីវិត។ ហើយយើងនៅក្នុងទ្រង់។ ហេតុនេះហើយបានជាអស់អ្នកដែលរស់នៅក្នុងព្រះគ្រីស្ទមានជីវិតអស់កល្បជានិច្ច។

ការព្យាយាមដើម្បីទទួលបានជីវិតអស់កល្បជានិច្ចក្រៅពីព្រះជាម្ចាស់គឺមិនអាចទៅរួចនោះទេ ពីព្រោះជីវិតអស់កល្បជានិច្ចគឺជាការស្គាល់ព្រះជាម្ចាស់ ហើយចែករំលែកជីវិតដែលទ្រង់តែងតែរីករាយជាមួយ។ ជីវិតខាងរូបកាយមានចាប់តាំងពីកើតមករហូតដល់ពេលស្លាប់ ប៉ុន្តែជីវិតរបស់ព្រះជាម្ចាស់មិនចេះចប់ឡើយ។ ហើយនេះគឺជាជីវិតអស់កល្បជានិច្ច៖ ដើម្បីស្គាល់ព្រះដ៏ពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានបញ្ជូនមក។ 

ជីវិតអស់កល្បជានិច្ចគឺជាជន្មរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នកជឿ។ មានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលអស់កល្ប ហើយជីវិតតែមួយគត់ដែលនៅអស់កល្បគឺមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាអំណោយទានដែលត្រូវបានប្រទានមក។ ព្រះយេស៊ូវមានបន្ទូលថា “ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ដែរ” (យ៉ូហាន 14:23)។ ព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់យាងមកគង់នៅក្នុងអ្នកជឿ។  អ្នកជឿក្លាយទៅជាព្រះវិហារនៃព្រះវិញ្ញាណដ៏បរិសុទ្ធ ដូច្នេះហើយ ពួកគាត់​នៅ​រស់​ចំពោះ​ព្រះ។

ចំណុចគន្លឹះ #៤៖ ជីវិតអស់កល្បជានិច្ចគឺជាការចែករំលែកនៅក្នុងជីវិតរបស់ព្រះជាម្ចាស់

 

ជីវិតអស់កល្បជានិច្ចគឺជាជីវិតដែលមិនចេះស្លាប់។ នេះគឺជាសេចក្តីពិតដែលមនុស្សភាគច្រើនគិតនៅពេលដែលពួកគេគិតអំពីជីវិតអស់កល្បជានិច្ច៖ ថារយៈពេលរបស់វាគឺគ្មានទីបញ្ចប់។ ជីវិតអស់កល្បជានិច្ចមិនដែលចប់ឡើយ។ ជីវិតដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកជឿគ្រប់ៗរូបនៅក្នុងការកើតជាថ្មីរបស់ពួកគេមិនចេះស្លាប់ឡើយ។ ព្រះយេស៊ូវមានបន្ទូលថា៖ “ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ខ្ញុំ​ឲ្យ​ជីវិត​អស់​‌កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់‌កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ” (យ៉ូហាន ១០:២៧-២៨)

ជីវិតរបស់ព្រះជាម្ចាស់នៅក្នុងអ្នកគឺអស់កល្បជានិច្ច។ តើអ្នកមើលឃើញពីព្រះពរដ៏​អស្ចារ្យ​អ្វី​ជា​របស់​អ្នក​ដែរឬទេ ប្រសិនបើអ្នកបានទទួលអំណោយទាននេះ?  ប្រសិនបើអ្នកបានទទួលជីវិតតាមរយៈព្រះយេស៊ូវគ្រីស្ទ អ្នកមានជីវិតដែលមិនចេះស្លាប់ ជីវិតដែលជាប់នៅមានរយៈពេលយូរជាងព្រះអាទិត្យ ឬព្រះច័ន្ទ។ លោកីយ៍ទាំងឡាយនឹងត្រូវកន្លងផុតទៅ ប៉ុន្តែជីវិតរបស់អ្នក និងជីវិតរបស់ព្រះជាម្ចាស់នឹងនៅតែបន្តរហូតតរៀងទៅ! គិតអំពីរឿងនេះ៖ មួយពាន់ឆ្នាំចាប់ពីថ្ងៃនេះទៅ អ្នកនឹងនៅតែមានជីវិត! អ្នកគឺអស់កល្បជានិច្ច! ហាលេ‌លូយ៉ា!

ចំណុចគន្លឹះ #៥៖ ជីវិតអស់កល្បជានិច្ចគ្មានទីបញ្ចប់ឡើយ

 

ជីវិតអស់កល្បជានិច្ចគឺជាជីវិតដែលឈានដល់ភាពល្អឥតខ្ចោះពេញលេញនៅក្នុងសិរីរុងរឿង។ នៅក្នុងជីវិតខាងរូបកាយ មានលក្ខណៈខុសគ្នាខ្លាំងមួយរវាងទារក និងមនុស្សពេញវ័យ ដែលធំលូតលាស់ឡើង។ ប៉ុន្តែវាគឺជាជីវិតដដែល។ ដូចគ្នានេះដែរ មានភាពខុសគ្នាខ្លាំងនៅក្នុង ជីវិតរបស់អ្នករវាងពេលដែលអ្នកទទួលបានជីវិតអស់កល្បជានិច្ចជាលើកដំបូង (ក្នុងនាមជាអ្នកជឿថ្មីដែលកើត ម្តងទៀត) ហើយគ្រីស្ទានចាស់ទុំដែលអ្នកត្រូវក្លាយទៅជា។ ប៉ុន្តែវាគឺជាជីវិតដដែល។ វាគឺជាជីវិតដដែល ប៉ុន្តែពេញលេញជាង និងបរិបូរណ៍ជាង។ ខណៈពេលដែលជីវិតអស់កល្បជានិច្ចចាប់ផ្តើម នោះវានឹងលូតលាស់ ហើយក្លាយជាកាន់តែមានផលផ្លែរហូតទាល់តែឈានដល់ភាពល្អឥតខ្ចោះពេញលេញនៅក្នុងសិរីរុងរឿង។ 

 

យើងស្ថិតនៅចំណុចចាប់ផ្តើមនៃជីវិតអស់កល្បជានិច្ចតែប៉ុណ្ណោះ។ វានឹងកាន់តែប្រសើរឡើងនៅពេលដែលទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់លូតលាស់ឡើង ហើយអ្នកលូតលាស់នៅក្នុងភាពបរិសុទ្ធ និងភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់។ ថ្ងៃមួយនៅពេលយើងស្ថិតនៅក្នុងព្រះវត្តមានរបស់ព្រះអង្គនៅស្ថានសួគ៌ សេចក្តីអំណររបស់យើងនឹងមានលក្ខណៈពេញលេញ។ នៅថ្ងៃនោះ យើងនឹងដឹងថាជីវិតអស់កល្បជានិច្ចរបស់យើងបានចាប់ផ្តើមមុនពេលយើងមកដល់ស្ថានសួគ៌ទៅទៀត។ វាបានចាប់ផ្តើមនៅពេលយើងបានស្គាល់ព្រះជាលើកដំបូង។

ចំណុចគន្លឹះ #៦៖ ជីវិតអស់កល្បជានិច្ចគឺជាជីវិតដែលឈានដល់ភាពល្អឥតខ្ចោះពេញលេញ នៅក្នុងសិរីរុងរឿង

ពិភាក្សាប្រសិនបើនរណាម្នាក់សួរអ្នកថា “តើជីវិតអស់កល្បជានិច្ចគឺជាអ្វី”? តើអ្នកនឹងនិយាយដូចម្តេច?

ផ្នែកទី២៖ របៀបដែលយើងទទួលបានជីវិតអស់កល្បជានិច្ច

ជីវិតអស់កល្បជានិច្ចគឺមិនមែនជាអ្វីម្យ៉ាងដែលយើងសមនឹងទទួល ឬអាចរកបាននោះទេ។ ការពិតខគម្ពីរបន្ទាប់ទៀតប្រាប់យើងពីអ្វីដែលយើងរកបាន ហើយសមនឹងទទួល (“ឈ្នួលរបស់យើង”) គឺសេចក្តីស្លាប់។ ប៉ុន្តែអំណោយទានឥតគិតថ្លៃរបស់ព្រះជាម្ចាស់គឺជាជីវិតអស់កល្បជានិច្ច។

 

រ៉ូម ៦:២២-២៣   

តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានរបស់ព្រះជាម្ចាស់។ តើខគម្ពីរទាំងនេះប្រាប់យើងអំពីរបៀបដែលយើងទទួលអំណោយទាននេះយ៉ាងដូចម្តេច?

យ៉ូហាន ៣:១៦  

ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ 

 

យ៉ូហាន ៣:៣៦   

ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្ដី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។

 

១ ធីម៉ូថេ ១:១៦  

ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្ដី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច 

យើងទទួលបានជីវិតអស់កល្បជានិច្ចដែលជាអំណោយទានរបស់ព្រះជាម្ចាស់តាមរយៈការជឿលើព្រះយេស៊ូវ។ វិធីតែមួយគត់ដែលមនុស្សម្នាក់អាចរស់បានជារៀងរហូតគឺត្រូវរួមជាមួយនឹងព្រះជាម្ចាស់។ អំពើបាបបានបំបែកការរួបរួមរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់។ ឥឡូវនេះ វិធីតែមួយគត់ដើម្បីរួបរួមគ្នាជាមួយព្រះជាម្ចាស់ឡើងវិញគឺមានតែតាមរយៈវិធីដែលទ្រង់បានផ្តល់ឱ្យតែប៉ុណ្ណោះ៖ នោះគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ។

 

យ៉ូហាន ១៤:៦ 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ

សេចក្តីសង្ឃឹមរបស់គ្រីស្ទានសម្រាប់ជីវិតអស់កល្បជានិច្ចគឺផ្អែកទៅលើសេចក្តីសន្យារបស់ព្រះយេស៊ូវ។ តោះយើងក្រឡេកមើលសេចក្តសន្យាទាំងអស់នេះ។

 

យ៉ូហាន ៤:១៤   

តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច 

 

យ៉ូហាន ៥:២៤  

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ 

 

យ៉ូហាន ៦:៣៩-៤០  

ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។

 

យ៉ូហាន ៦:៤៧   

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច 

 

យើងមានការសន្យាជាច្រើនមកពីព្រះយេស៊ូវដែលយើងនឹងមានជីវិតដ៏អស់កល្បជានិច្ចជាមួយនឹងព្រះជាម្ចាស់។ យើងនឹងស្គាល់ទ្រង់ ហើយចូលរួមនៅក្នុងជីវិតរបស់ព្រះជាម្ចាស់។ យើងនឹងរីករាយជាមួយនឹងគុណភាពនៃជីវិត ដែលបរិសុទ្ធ និងល្អឥតខ្ចោះ ហើយនិងបរិមាណនៃជីវិត ដែលចមិនដែលចប់ឡើយ។  នេះគឺជាជីវិតពិតដែលព្រះជាម្ចាស់មានបំណងសម្រាប់មនុស្ស - គ្មានអំពើបាប គ្មានសេចក្តីស្លាប់ គ្មានទីបញ្ចប់។ ពិភាក្សាជាមួយដៃគូរ៖ តើអ្នកមានទំនុកចិត្តប៉ុណ្ណាថាអ្នកនឹងមានជីវិតអស់កល្បជានិច្ច? ហេតុអ្វី?

 

១ យ៉ូហាន ២:២៥  

នេះ​ហើយ ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​‌កល្ប​ជានិច្ច។

 

ទីតុស ១:២   

ដោយ​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប 

មនុស្សមួយចំនួនគិតថាការនេះគឺវាសាមញ្ញពេក។ អ្វីដែលយើងត្រូវធ្វើគឺជឿលើព្រះយេស៊ូវ ហើយ យើងទទួលបានជីវិតអស់កល្បជានិច្ច។ ប៉ុន្តែវាមិនសាមញ្ញនោះទេដើម្បីឱ្យព្រះយេស៊ូវសម្រេចការនេះបាន។ ទ្រង់ត្រូវយាងចុះពីស្ថានសួគ៌មកកាន់ផែនដី រស់នៅក្នុងជីវិតដែលល្អឥតខ្ចោះដើម្បីតតាំងនឹងការល្បួងគ្រប់យ៉ាង ទទួលយកការកាត់ទោសទាំងគ្មានកំហុស វាយនឹងរំពាត់ ជាប់ឆ្កាង ទទួលយកសេចក្ដី​ក្រោធរបស់ព្រះជាម្ចាស់សម្រាប់រាល់អំពើបាបដែលយើងប្រព្រឹត្តិ សុគត ហើយត្រូវបានប្រោសឱ្យរស់ពីសុគតឡើងវិញ។ នេះគឺជារបៀបដែលទ្រង់សម្រេចបានសេចក្ដីសង្រ្គោះ និងជីវិតអស់កល្បជានិច្ចរបស់យើង។ វាមិនសាមញ្ញនោះទេ។ ការលះបង់នោះគឺវាធំធេងជាង ការដែលយើងអាចស្រមៃឃើញ។ អ្នកអាចទទួល ឬបដិសេធការនេះ ប៉ុន្តែសូមកុំគិតថា វាមិនទាន់គ្រប់គ្រាន់សម្រាប់ជីវិតអស់កល្បជានិច្ចឱ្យសោះ។

ផ្នែកទី៣៖ តើជីវិតអស់កល្បជានិច្ចមានលក្ខណៈដូចម្តេច?

 

ការ​បើក​សំដែងនៃជីវិតដ៏អស់កល្បជានិច្ច

យើងចាប់ផ្តើមទទួលបានបទពិសោធន៍នៃជីវិតដ៏អស់កល្បជានិច្ចឥឡូវនេះ ប៉ុន្តែយើងនឹងមានវាពេញលេញនៅក្នុងសម័យកាលដែលនឹងត្រូវមកដល់។ តើព្រះគម្ពីរប្រាប់យើងដូចម្តេចអំពីសម័យកាលដែលនឹងត្រូវមកដល់?

 

វិវរណៈ ២១:១-៤  

រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ តាក់‌តែង​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​តែង​ខ្លួន​ទទួល​ប្ដី ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។

យើងរៀនថានឹងមានស្ថានសួគ៌ និងផែនដីថ្មី។ ស្ថានសួគ៌ និងផែនដីបច្ចុប្បន្ននឹងត្រូវកន្លងផុតទៅ។ យើងនឹងរស់នៅក្នុងទីក្រុងបរិសុទ្ធ (“ទីក្រុងយេរូសាឡឹមថ្មី”) ហើយនឹងមានបទពិសោធន៍នៅជិតស្និទ ជាមួយនឹងព្រះជាម្ចាស់។  កន្លែងសម្រាប់ព្រះគង់នៅនឹងស្ថិតនៅជា​មួយ​នឹង​មនុស្ស។ ព្រះជាម្ចាស់នឹងក្លាយទៅជាព្រះរបស់យើង ហើយយើងនឹងក្លាយទៅជាបុត្រាបុត្រីរបស់ទ្រង់។ នឹងគ្មានសេចក្តីស្លាប់ ឬការឈឺចាប់ ឬការរងទុក្ខនៅក្នុងជីវិតអស់កល្បជានិច្ចទេ។ 

 

វិវរណៈ ២១:៩-១១  

ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្ដី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោង‌ថ្មី ជា​ភរិយា​របស់​កូន​ចៀម នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​អំពី​ព្រះ ទាំង​មាន​សិរី‌ល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណី‌ជោតិ ហើយ​ថ្លា​ដូច​ជា​កែវ​ចរណៃ 

ទីក្រុងបរិសុទ្ធគឺជាមនុស្ស ហើយមនុស្សគឺជា “ភរិយា​របស់​កូន​ចៀម”។ "កូនចៀម" ជាព្រះយេស៊ូវ។ ដោយ​ហៅ​យើង​ថា​ជា “ភរិយា​របស់​កូន​ចៀម” ការនេះបង្ហាញថាយើងត្រូវ​បានការស្រឡាញ់ពីព្រះយេស៊ូវ ហើយត្រូវរួបរួមគ្នាជាមួយទ្រង់នៅក្នុងទំនាក់ទំនងជាអចិន្ត្រៃយ៍ (ដូចជា​អាពាហ៍ពិពាហ៍)។ កូនក្រមុំរបស់ព្រះគ្រីស្ទគឺជាមនុស្សទាំងអស់ដែលទទួលបានការប្រោសលោះពេញមួយប្រវត្តិសាស្ត្រ។

 

វិវរណៈ ២១:១៥-២១  

ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង នឹង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់ ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណី‌ជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ ជើង​កំផែង​បាន​តាក់‌តែង ដោយ​ត្បូង​មាន​ដំឡៃ​គ្រប់​យ៉ាង ជើង​ទី​១​មាន​ត្បូង​មណី‌ជោតិ ទី​២​មាន​ត្បូង‌កណ្តៀង ទី​៣​មាន​ត្បូង​មោរ៉ា ទី​៤​មាន​ត្បូង​មរកត ទី​៥​មាន​ត្បូង​សាមស៊ី ទី​៦​មាន​ត្បូង​ពិទាយ ទី​៧​មាន​ត្បូង​ប៊ុត‌លឿង ទី​៨​មាន​ត្បូង​បេរីល ទី​៩​មាន​ត្បូង​ទោប៉ាត់ ទី​១០​មាន​ត្បូង​យក់ ទី​១១​មាន​ត្បូង​និល ទី​១២​មាន​ត្បូង​ត្របែក ទ្វារ​ទាំង​១២​ជា​កែវ‌មុក្តា​១២ គឺ​ទ្វារ​១​ធ្វើ​ពី​កែវ‌មុក្តា​១ ហើយ​ផ្លូវ​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​ជា​កែវ។

 

ទីក្រុងគឺជាគូបដ៏ល្អឥតខ្ចោះ (ដែលមានប្រវែង ទទឺង និងកម្ពស់ទីក្រុងស្មើៗគ្នា) ដូចជាកន្លែងដ៏បរិសុទ្ធបំផុតនៅក្នុងព្រះវិហារដូច្នោះដែរ។ នេះគឺជាកន្លែងដែលព្រះវត្តមានរបស់ព្រះជាម្ចាស់គង់នៅ។ ការនេះបង្ហាញថាទីក្រុងទាំងមូលគឺជាកន្លែងដែលយើងនឹងទទួលបានបទពិសោធន៍នៃព្រះវត្តមានរបស់ព្រះជានិច្ច។ ទីក្រុងយេរូសាឡឹមថ្មីនឹងមានសិរីរុងរឿង។ គ្រឿងអលង្ការបង្ហាញប្រាប់ថាវានឹងក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាតដែលមិនអាចប្រៀបផ្ទឹមបាន។

 

វិវរណៈ ២១:២២-២៧  

ខ្ញុំ​មិន​ឃើញ​មាន​ព្រះ‌វិហារ​ណា នៅ​ក្នុង​ក្រុង​នោះ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រម​ទាំង​កូន​ចៀម​ដែរ ទ្រង់​ជា​ព្រះ‌វិហារ​នៃ​ទី​ក្រុង​នោះ ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ ទ្វារ​ក្រុង​នោះ​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ឯ​ណោះ​គ្មាន​យប់​ឡើយ មនុស្ស​លោក​នឹង​យក​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ ក៏​គ្មាន​អ្វី​ស្មោក‌គ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្ដី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​បាន​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។

ខណៈដែលទំហំ និងភាពស្រស់ស្អាតរបស់ទីក្រុងគឺពិតជាអស្ចារ្យខ្លាំងណាស់ អ្វីដែលធ្វើឱ្យវាកាន់តែពិសេសគឺជាព្រះវត្តមានរបស់ព្រះជាម្ចាស់។ យើងនឹងមិនទៅព្រះវិហារទៀតទេ យើងនឹងទៅកាន់ព្រះជាម្ចាស់ និងព្រះយេស៊ូវដោយផ្ទាល់តែម្តង! ព្រះវត្តមានរបស់ព្រះជាម្ចាស់នឹងមានពេញនៅលើស្ថានសួគ៌ និងផែនដីថ្មីទាំងមូល (ខ៣) ដូច្នេះតាមរយៈការនៅកន្លែងនោះយើងនឹងចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ដែលគ្មានដែនកំណត់ (យ៉ូហាន ១៤:៣; ១ ថែស្សាឡូនិច ៤:១៧)។ ទីក្រុងនឹងបំភ្លឺដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយជាចង្កៀងរបស់កូនចៀម។ 

 

វិវរណៈ ២២:១-៥  

ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម ឯ​នៅ​កណ្តាល​ផ្លូវ​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្តងៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា គ្រា​នោះ នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត​ឡើយ ហើយ​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ ឯ​ពួក​បាវ​របស់​ទ្រង់ គេ​នឹង​បំរើ​ទ្រង់ គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ ក៏​នឹង​ឥត​មាន​យប់​ទៀត​ឡើយ ហើយ​គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ពី​ព្រោះ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌ទ្រង់​នឹង​បំភ្លឺ​គេ ហើយ​គេ​នឹង​សោយ‌រាជ្យ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។

 

ដើមឈើជីវិតត្រូវបានដាំនៅចំចំណុចកណ្តាលនៃសួនច្បារអេដែន (លោកុប្បត្តិ ៣:២២)។ ដោយសារតែអំពើបាបរបស់អ័ដាម មនុស្សត្រូវបានហាមឃាត់ពីសួនច្បារអេដែន (លោកុប្បត្តិ ៣:១៧-១៨)។ ប៉ុន្តែមនុស្សជាតិដែលទទួលបានការប្រោសលោះនឹងអាចញ៉ាំផ្លែឈើនៃដើមជីវិតម្តងទៀត។ នៅសម័យកាលថ្មី ព្រះពររបស់សួនច្បារអេដែនត្រូវបានស្តារឡើងវិញ! យើងនឹងរីករាយក្នុងការប្រកបគ្នាជាមួយព្រះជាម្ចាស់ ជារៀងរហូតអស់កល្បតរៀងទៅ! 

ពិភាក្សា៖ តើអ្វីគឺជាទិដ្ឋភាពដ៏អស្ចារ្យបំផុតនៃជីវិតដ៏អស់កល្បជានិច្ចសម្រាប់អ្នក? 

ការសន្និដ្ឋាន

ការសន្យាពីជីវិតអស់កល្បជានិច្ចគឺជាការលើកទឹកចិត្តដ៏អស្ចារ្យដើម្បីរស់នៅសម្រាប់ព្រះជាម្ចាស់នៅពេលនេះ។ ប្រសិនបើព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចដល់យើង យើងត្រូវតែរស់នៅសម្រាប់ភាពអស់កល្បជានិច្ច។

 

ម៉ាថាយ ៦:១៩-២១

កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

ឥឡូវនេះមិនមែនជាពេលវេលាសម្រាប់ការស្វែងរកផាសុកភាព និងឋានៈបណ្តោះអាសន្ននៅក្នុងលោកីយ៍ដែលនឹងកន្លងផុតទៅនោះទេ។ វាគឺជាពេលវេលាសម្រាប់ការប្រមូលផលផ្លែសម្រាប់ជីវិតអស់កល្បជានិច្ចវិញ។

 

យ៉ូហាន ៤:៣៦ 

អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ នឹង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា

 

យ៉ូហាន ៦:២៧-២៩   

កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះវរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា ដែល​នឹង​ធ្វើ​ការ​របស់​ព្រះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ការ​របស់​ព្រះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក 

 

ពិភាក្សា៖ តើអ្នកគិតពីជីវិតអស់កល្បជានិច្ចញឹកញាប់ដែរឬទេ? ប្រសិនបើអ្នកគិត តើអ្នករស់នៅដោយរបៀបណាឥឡូវនេះសម្រាប់ជីវិងដ៏អស់កល្បជានិច្ច? 

សង្ខេប

ជីវិតអស់កល្បជានិច្ចគឺលើសពីការដែលគ្រាន់តែរស់នៅជារៀងរហូត។ ជីវិតអស់កល្បជានិច្ចគឺជា ជីវិតនៅជាមួយនឹងព្រះជាម្ចាស់។ វាគឺជាការស្គាល់ទ្រង់ និងរីករាយទំនាក់ទំនងជាមួយទ្រង់។ ជីវិតអស់កល្បជានិច្ចគឺជាអំណោយទានរបស់ព្រះជាម្ចាស់ដែលយើងទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ។ វាចាប់ផ្តើមក្នុងពេលឥឡូវនេះក្នុងនាមជាមនុស្សដែលកើតជាថ្មី ហើយនឹងទទួលបានបទពិសោធន៍ពេញ លេញនៅស្ថានសួគ៌ និងផែនដីថ្មីជាកន្លែងដែលយើងនឹងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូតតទៅ។ 

* កំណត់ចំណាំសម្រាប់គ្រូ ១

សូមស្រមៃថាមានម៉ាស៊ីនពេលវេលា ហើយអ្នកត្រឡប់ទៅកាន់សម័យអង្គរវិញ។ ចូរគិតថាតើជីវិតរបស់អ្នកនឹងមានភាពខុសប្លែកគ្នាយ៉ាងដូចម្តេច? អ្នកនឹងមិនលេងបាល់ទាត់ ឬជិះម៉ូតូ ឬផឹកកាហ្វេ ឬចូលទៅកាន់ហ្វេសប៊ុកទេ។ ជំនួសមកវិញ អ្នកនឹងានជីវភាពរស់នៅថ្មី និងខុសគ្នាទាំងស្រុង។ របៀបស្លៀកពាក់ ការដឹកជញ្ជូន លំនៅដ្ឋាន ការកំសាន្តរបស់អ្នក។ល។ នឹងមានលក្ខណៈខុសប្លែកគ្នា។ ហេតុអ្វី? ពីព្រោះអ្នករស់នៅក្នុងសម័យកាលមួយផ្សេងទៀត។ ចំណុចគឺ៖ សម័យកាលដែលយើងរស់នៅមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់យើង។ 

* កំណត់ចំណាំសម្រាប់គ្រូ ២

ចូរគិតពីឪពុកម្នាក់ដែលឱ្យរថយន្តធ្វើជាអំណោយដល់កូនស្រីពេញវ័យរបស់គាត់។ កូនស្រីនិយាយថាអរគុណ ហើយក៏បើកបររថយន្តនោះចេញទៅ។ អំណោយ និងអ្នកផ្តល់ឱ្យគឺខុសពីគ្នា។ កូនស្រីអាចរីករាយជាមួយនឹងរថយន្តរបស់នាងរាប់ខែដោយមិនជួបជាមួយនឹងឪពុករបស់នាង។ មនុស្សមួយចំនួនចង់ឃើញជីវិតអស់កល្បជានិច្ចមានលក្ខណៈបែបនេះ។ ពួកគេចង់បានជីវិតអស់កល្បជានិច្ចគឺជាអំណោយដែលឪពុកផ្តល់ឱ្យយើង ហើយបន្ទាប់មកអនុញ្ញាតិឱ្យយើងរីករាយតាមរបៀបរបស់យើង (ឧទាហរណ៍៖ តាមរបៀបដែលយើងចង់បាន)។ ប៉ុន្តែនេះមិនមែនជាជីវិតអស់កល្បជានិច្ចនោះទេ។ អំណោយ និងអ្នកផ្តល់ឱ្យគឺតែមួយ។ ព្រះជាម្ចាស់គឺជាអំណោយដែលបានប្រទានឱ្យ។ ជីវិត​អស់កល្ប​ជានិច្ច​មាន​ន័យ​ថា​ព្រះយេស៊ូវ​​ប្រទាន​អំណោយ​ទានដល់យើង​នៃ​ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះវរបិតា!

bottom of page