
មេរៀនទី ៦: ការលើកលែងទោស
សម្រង់សម្តីព្រះយេស៊ូវ៖ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ (លូកា ២៣:៣៤ក)
ព្រះគម្ពីរបង្រៀនយើងថាអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទគឺសុទ្ធតែទទួលបានព្រះពរខាងវិញ្ញាណនៃការលើកលែងទោស។ នៅក្នុងគម្ពីរសញ្ញាថ្មី ពាក្យជាភាសាក្រិកដែលបានបកប្រែពាក្យលើកលែងទោស (Ἄφεσις) មានន័យថា ‘បញ្ជូនចេញ’។ ពាក្យនេះចង់សំដៅទៅលើការដោះលែងមនុស្សចេញពីកាតព្វកិច្ច បំណុល ឬការកាត់ទោសពីបទឧក្រិដ្ឋ។ នៅក្នុងព្រះគម្ពីរ ការលើកលែងទោសមានន័យថាការអត់ទោសបាប។ ហេតុដូច្នេះ ដើម្បីឲ្យយល់ពីការលើកលែងទោស យើងត្រូវតែយល់ថាតើអ្វីទៅជាអំពើបាប។
មនុស្សភាគច្រើនយល់ថាអំពើបាបគឺជាការធ្វើខុស។ ប៉ុន្តែអំពើបាបគឺលើសពីសកម្មភាពនៃ ការប្រព្រឹត្តិមិនត្រឹមត្រូវទៅទៀត។ អំពើបាបក៏ជាការមិនប្រព្រឹត្តិឲ្យត្រឹមត្រូវដែរ។
យ៉ាកុប ៤:១៧
ដូច្នេះ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ។
ដូច្នេះយើងធ្វើបាបដោយសាតែអ្វីដែលយើងធ្វើមិនត្រឹមត្រូវ ហើយយើងក៏ធ្វើបាបផងដែរដោយមិនធ្វើការប្រព្រឹត្តិត្រឹមត្រូវដែលអាចធ្វើបាន។ ប៉ុន្តែអំពើបាបវាលើសជាងសកម្មភាពដែលខុស ឬអសកម្មទៅទៀត។ អំពើបាបក៏ជាពាក្យសម្តី ការគិត និងអាកប្បកិរិយាមិនត្រឹមត្រូវដែរ។ សូមស្តាប់ពីអ្វីដែលព្រះយេស៊ូវបង្រៀន៖
ម៉ាថាយ ៥:២១-២២
អ្នករាល់គ្នាបានឮសេចក្ដីដែលសំដែងដល់មនុស្សពីបុរាណ ថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្ដីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក
ម៉ាថាយ ៥:២៧-២៨
អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ
មនុស្សជាច្រើនព្យាយាមនិយាយដោះសារខ្លួនឯងដោយនិយាយថាពួកគេមិនបានធ្វើរឿងណាដែលអាក្រក់ខ្លាំងនោះទេ ប៉ុន្តែនោះមិនមានន័យថាពួកគេមិនធ្លាប់បានធ្វើបាបនោះទេ។ អំពើផិតក្បត់គឺជាអំពើបាប ប៉ុន្តែការមើលទៅកាន់នរណាម្នាក់ដោយបង្កប់ជាមួយតណ្ហាក៏ជាអំពើបាបដែរ។ ការសម្លាប់មនុស្សគឺជាអំពើបាប ប៉ុន្តែការស្អប់ ការខឹង និងការមើលងាយមនុស្សក៏ជាអំពើបាបដែរ។ គ្រប់ពេលដែលយើងមានគំនិត អាកប្បកិរិយា ឬពាក្យសម្តីមិនត្រឹមត្រូវ - យើងបានធ្វើបាប។ ដូចជា ១ យ៉ូហាន ៥:១៧ ប្រាប់យើងថា “គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់”។
ហេតុផលថាតើហេតុអ្វីបានជាវាមានសារៈសំខាន់ម្លេះក្នុងការមានការយល់ដឹងពិតប្រាកដអំពីអំពើបាបគឺមិនមែនដើម្បីធ្វើឲ្យយើងមានអារម្មណ៍មិនល្អទេ ប៉ុន្តែដើម្បីជួយយើងឲ្យផ្តល់តម្លៃដល់ការលើកលែងទោសឲ្យបានសមរម្យ។ ប្រសិនបើយើងគិតថាអំពើបាបគឺជារឿងតូចតាច បន្ទាប់មកការលើកលែងទោសអំពើបាបក៏ជារឿងតូចតាចដែរ។ ប៉ុន្តែនៅពេលយើងដឹងថាអំពើបាបធ្ងន់ធ្ងរប៉ុណ្ណានោះ យើងនឹងដឹងពីតម្រូវការនៃការលើកលែងទោសធំប៉ុណ្ណា ហើយថាតើព្រះជាម្ចាស់ទ្រង់អស្ចារ្យប៉ុណ្ណាដែលបានលើកលែងទោសឲ្យយើងជាមួយនឹងការបង់ថ្លៃដ៏មហិមាចំពោះទ្រង់ផ្ទាល់។
រាល់ពេលយើងប្រព្រឹត្តិអំពើបាប យើងមិនគ្រាន់តែបង្កើតកំហុស ឬធ្វើបំពានច្បាប់របស់មនុស្សប៉ុណ្ណោះទេ។ យើងកំពុងតែបំពានក្រិត្យវិន័យរបស់ព្រះជាម្ចាស់។
១ យ៉ូហាន ៣:៤
ឯអស់អ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះក៏ឈ្មោះថាប្រព្រឹត្តរំលងក្រិត្យវិន័យដែរ ដ្បិតអំពើបាបជាការរំលងក្រិត្យវិន័យហើយ
អំពើបាបគឺជាការបដិសេធមិនរស់នៅតាមស្តង់ដារនៃសេចក្តីសុចរិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។ នៅពេលយើងប្រព្រឹត្តិបាប យើងធ្វើហាក់ដូចជាក្រិត្យវិន័យ របស់ព្រះជាម្ចាស់មិនអាចអនុវត្តបានជាមួយ យើងនោះទេ។ នេះគឺជាការបដិសេធសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចំពោះខ្លួនយើង។ ហេតុដូច្នេះ អំពើបាបគឺជា ការបះបោរទាស់នឹងព្រះជាម្ចាស់។
ដានីយ៉ែល ៩:៩
ឯសេចក្ដីមេត្តាករុណា នឹងសេចក្ដីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ ទោះបើយើងខ្ញុំបានបះបោរនឹងទ្រង់ក៏ដោយ
តាមរយៈការមិនស្តាប់បង្គាប់ និងការបះបោរទាស់នឹងព្រះជាម្ចាស់ យើងកំពុងតែខ្វះមិនដល់ពីគោលបំណង ដែលព្រះជាម្ចាស់បានបង្កើតមនុស្សមក៖ នោះគឺដើម្បីឆ្លុះបញ្ចាំងពីសិរីល្អរបស់ទ្រង់នៅលើផែនដីនេះ។
ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ
និយាយដោយសង្ខេប អំពើបាបគឺជាសកម្មភាព ភាពអសកម្ម ពាក្យសម្តី អាកប្បកិរិយា និងគំនិតដែលមិនត្រឹមត្រូវទៅកាន់ព្រះជាម្ចាស់ និងមនុស្ស។ ប៉ុន្តែអំពើបាបក៏ជាការបំផ្លាញ និងមានគ្រោះថ្នាក់ដល់មនុស្សដែលធ្វើបាបដែរ។ អំពើបាបមានផលប៉ះពាល់អាក្រក់ខ្លាំងណាស់ទៅលើ អ្នកប្រព្រឹត្តិអំពើបាប។
ដំបូងបង្អស់ អំពើបាបធ្វើឲ្យមានចិត្តរឹងរូស។ ព្រះគម្ពីរប្រាប់យើងអំពី "ចិត្តរឹងរូស ដោយសេចក្ដីបញ្ឆោតរបស់អំពើបាប" (ហេព្រើរ ៣:១៣)។ នៅពេលយើងមានចិត្តទន់ យើងទោរទន់អារម្មណ៍ ហើយអាចដឹង និងទទួលព្រះជាម្ចាស់ និងសេចក្តីពិតខាងឯវិញ្ញាណ។ ព្រះជាម្ចាស់អាចនិយាយមកកាន់ដួងចិត្តរបស់យើង ហើយដឹកនាំជីវិតរបស់យើងដើម្បីឲ្យយើងរស់នៅបានល្អ។ ប៉ុន្តែអំពើបាបធ្វើឲ្យមនុស្សមានចិត្តរឹង។ នៅពេលចិត្តរបស់មនុស្សរឹងហើយ គាត់បាត់បង់សមត្ថភាពដើម្បីទទួលសេចក្តីពិតខាងឯវិញ្ញាណ។ ចិត្តរបស់គាត់គឺដូចជាដីរឹងដូច្នោះដែរដែលមិនអាចទទួលយកគ្រាប់ពូជដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចិត្តរឹងខ្វះភាពទោរទន់ចិត្តខាងឯវិញ្ញាណ មិនព្រមចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបាត់បង់គោលបំណងដ៏អស្ចារ្យសម្រាប់ជីវិតរបស់គាត់។
ទីពីរ អំពើបាបបំបែកយើងចេញពីព្រះជាម្ចាស់។ អំពើបាបគឺជាការបំបែកបំបាក់ការប្រកបគ្នាជាមួយនឹងព្រះជាម្ចាស់ ហើយធ្វើតាមរបៀបខ្លួនឯងវិញ។ បន្ទាបពីអ័ដាំ និងអេវ៉ាបានធ្វើបាបរួចហើយ ពួកគេរត់ពួនព្រះជាម្ចាស់។ ពួកគេមិនធ្លាប់រត់ពួនព្រះជាម្ចាស់ទេពីមុនមក។ អំពើបាបបណ្តាលឲ្យមនុស្សលែងស្តាប់បង្គាប់តាមព្រះជាម្ចាស់។ ហើយជាជាងការទទួលស្គាល់ និងការកែប្រែចិត្តចេញពីអំពើបាបរបស់ពួកគេ ពួកគេរត់ពួនព្រះជាម្ចាស់។
អំពើបាបមិនត្រឹមតែធ្វើឱ្យមនុស្សចង់លាក់ខ្លួនពីព្រះប៉ុណ្ណោះទេ វាក៏បង្កើតឲ្យមានការបែកបាក់ពិតប្រាកដចេញពីទ្រង់ផងដែរ។ ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ហើយស្ថិតនៅដាច់ដោយឡែកចេញពីអ្វីៗទាំងអស់ដែលមិនបរិសុទ្ធ។ គ្មានអ្វីដែលមានបាបអាចស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់បានឡើយ។ អំពើអាក្រក់មិនអាចនៅជាមួយព្រះជាម្ចាស់បាននោះទេ ដូចជាភាពងងឹតមិនអាចនៅជាមួយពន្លឺបានឡើយ។
អេសាយ ៥៩:២
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ
មនុស្សជាច្រើននិយាយថាពួកគេមិនជឿលើព្រះជាម្ចាស់ទេ ពីព្រោះពួកគេមិនធ្លាប់មានបទពិសោធន៍ អ្វីជាមួយទ្រង់នោះទេ។ យ៉ាងណាមិញ នោះមិនអាចបញ្ជាក់បានទេថាមិនមានព្រះជាម្ចាស់នោះទេ។ វាបញ្ជាក់ថាអ្វីដែលព្រះគម្ពីរបានលើកឡើងគឺជាការពិត៖ ពួកគេដាច់ចេញពីព្រះជាម្ចាស់ដោយសារតែ អំពើបាបរបស់ពួកគេ។ មនុស្សមានបាបដែលមិនកែប្រែចិត្តនឹងមើលព្រះមិនឃើញឡើយ។ យ៉ាងណាមិញ មានមនុស្សរាប់លាននាក់នៅក្នុងពិភពលោកនេះមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយសារតែពួកគេទទួលបានការស្តារមកកាន់ទ្រង់វិញតាមរយៈការអត់ឱនទោស។
ទីបី អំពើបាបបណ្តាលឲ្យស្លាប់។ ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត។ នៅពេលយើងដាច់ចេញពីព្រះជាម្ចាស់ លទ្ធផលគឺត្រូវស្លាប់។ ការស្លាប់ចូលមកក្នុងពិភពលោកនេះដោយសារតែអំពើបាបរបស់អ័ដាំ។
រ៉ូម ៥:១២
ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ
ការស្លាប់បានរីករាលដាលទៅកាន់មនុស្សទាំងអស់ដោយសារយើងទាំងអស់គ្នាបានធ្វើបាប។ អំពើបាបនាំទៅរកការស្លាប់។
យ៉ាកុប ១:១៥
រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់។
រ៉ូម ៦:២៣ក
ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់
ឈ្នួលគឺជាអ្វីដែលយើងរកបាន និងសមទទួលបានពីអ្វីដែលយើងធ្វើ។ អំពើបាបរបស់យើងរកបានសេចក្តីស្លាប់របស់យើង ហើយនៅថ្ងៃមួយនេះគឺជាអ្វីដែលយើងនឹងទទួលបាន។ បើយើងរស់នៅដោយដាច់ចេញពីព្រះជាម្ចាស់ យើងនឹងស្លាប់ដោយដាច់ចេញពីព្រះជាម្ចាស់ ហើយដាច់ចេញពីព្រះជាម្ចាស់ដ៏អស់កល្បជានិច្ច។ យើងទាំងអស់គ្នាត្រូវតែមើលឲ្យឃើញពីតម្រូវការដ៏ធំរបស់យើងសម្រាប់ការលើកលែងទោស។
ពិភាក្សា៖ ប្រសិនបើមាននរណាម្នាក់សួរអ្នកថាតើហេតុអ្វីបានជាពួកគេត្រូវការការលើកលែងទោសពីព្រះជាម្ចាស់ តើអ្នកនឹងនិយាយថាដូចម្តេច?
ការទទួលការលើកលែងទោស
ដើម្បីទទួលបានការលើកលែងទោស មានកិច្ចការមួយចំនួនដែលយើងត្រូវធ្វើ។ ដំបូងបំផុតគឺត្រូវកែប្រែចិត្ត។ កែប្រែចិត្តគឺជាការជ្រើសរើសបែរចេញពីអំពើបាប។ មនុស្សទាំងអស់ទទួលបានបទបញ្ជាឲ្យកែប្រែចិត្ត។
ម៉ាថាយ ៤:១៧
តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។
លូកា ២៤:៤៥-៤៧
នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ ទ្រង់មានបន្ទូលទៅគេថា គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត នឹងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ ចាប់តាំងពីក្រុងយេរូសាឡិមទៅ
កិច្ចការ ២:៣៨-៣៩
ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ
ពាក្យជាភាសាហេព្រើរសម្រាប់ការកែប្រែចិត្ត (שׁוּב) មានន័យថា ‘វិលត្រឡប់មក’។ វាគឺជាការបែរចេញពី អំពើបាប និងបែរទៅ រកព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក (μετανοέω) មានន័យថា ‘ផ្លាស់ប្រែចិត្តរបស់អ្នក’ ឬ ‘ក្រោយមកគិតតាមបែបផ្សេង’។ ហេតុដូច្នេះ ការកែប្រែចិត្តគឺជាការកែប្រែចិត្ត (μετανοέω) ដែលនាំឲ្យមានការផ្លាស់ប្តូរទិសដៅ (שׁוּב) នៅក្នុងជីវិតរបស់អ្នក។ ជំនួសឲ្យការដើរចេញពីព្រះជាម្ចាស់ទៅរកអំពើបាប អ្នកបែរចេញ និងដើរចេញពីអំពើបាបទៅរកព្រះជាម្ចាស់វិញ។
អេសាយ ៥៥:៧
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ
ការកែប្រែចិត្តរួមទាំងការសារភាពអំពើបាបរបស់អ្នកទៅកាន់ព្រះជាម្ចាស់ និងសុំឲ្យទ្រង់លើកលែងទោសឲ្យអ្នក។
១ យ៉ូហាន ១:៨-៩
បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ 9បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង
ការសារភាពអំពើបាបរបស់អ្នកទៅព្រះជាម្ចាស់គឺជាជំហានយ៉ាងសំខាន់ដើម្បីទទួលបានសេរីភាពពីអំពើបាប។ ជាជាងគិតថាអំពើបាបរបស់អ្នកដូចជាបទឧក្រិដ្ឋ ដែលអ្នកសង្ឈឹមថាគ្មាននរណាម្នាក់ដឹង ចូរគិតថាអំពើបាប គឺជាជម្ងឺ (ដែលប៉ះពាល់ដល់ពូជមនុស្សទាំងអស់) ដែលអ្នកចង់ទទួលបានការព្យាបាល។ ប្រសិនបើប៉ូលីសមកដល់ផ្ទះរបស់អ្នក អ្នកសង្ឈឹមថាពួកគេនឹងរកមិនឃើញថាមានអ្វីខុសឡើយ។ ប៉ុន្តែបើអ្នកឈឺ ហើយទៅជួបជាមួយគ្រូពេទ្យ អ្នកចង់ឲ្យគាត់រកមើលថាតើមានអ្វីមិនប្រក្រតី ដើម្បីឱ្យគាត់អាចជួយអ្នកឲ្យមានភាពប្រសើរឡើង។ ការសារភាពគឺជាការប្រាប់ដល់ព្រះជាម្ចាស់ ចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលអ្នកបានធ្វើខុសនៅក្នុងជីវិតរបស់អ្នក ដើម្បីឲ្យទ្រង់អាចរព្យាបាល សម្អាត និងធ្វើឲ្យអ្នកប្រសើរឡើង។
ដើម្បីទទួលបានការលើកលែងទោសមកពីព្រះជាម្ចាស់ យើងក៏ត្រូវតែអត់ឱនទោសឲ្យអ្នកដទៃទៀតដែរ។ នេះជាអ្វីដែលយើងមើលឃើញពីភាពពោរពេញនៃព្រះពររបស់ព្រះជាម្ចាស់សម្រាប់ការលើកលែងទោស។ ព្រះជាម្ចាស់យកអំពើបាបរបស់យើងចេញ ហើយទ្រង់ក៏ធ្វើឲ្យយើងអាចបោះបង់កំហឹង ភាពល្វីងជូរចត់ និងការស្គប់ដែលយើងមានចំពោះអ្នកដទៃទៀតដែលបានធ្វើបាបទាស់នឹងយើងដែរ។
ម៉ាថាយ ៦:១២, ១៤-១៥
សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ
ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។
លូកា ៦:៣៦-៣៧
ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ 37កុំឲ្យថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំឲ្យនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ
តើយើងអាចលើកលែងទោសឲ្យអ្នកដទៃបានដោយរបៀបណា? គំរូដ៏អស្ចារ្យបំផុតនៃការលើកលែងទោសត្រូវបានបង្ហាញឲ្យឃើញដោយព្រះយេស៊ូវនៅលើឈើឆ្កាង។ ទោះបីជាព្រះអង្គមានការឈឺចាប់យ៉ាងខ្លាំង និងសុគតក៏ដោយ ទ្រង់បានអធិស្ឋានឲ្យដល់អស់អ្នកដែលបានឆ្កាងទ្រង់ដែរ។
លូកា ២៣:៣៣-៣៤ក
កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ
ពីព្រោះយើងទាំងអស់គ្នាប្រព្រឹត្តិអំពើបាបរៀងរាល់ថ្ងៃ តម្រូវការនៃការកែប្រែចិត្ត និងទទួលបាននូវការលើកលែងទោសគឺមានជាបន្តបន្ទាប់ ហើយតម្រូវការដើម្បីឲ្យយើងលើកលែងទោសឲ្យអ្នកដទៃក៏មានជាបន្តបន្ទាប់ផងដែរ។ តាមរយៈការយល់ដឹង ការទទួល និងការចេះអរព្រះគុណចំពោះការលើកលែងទោសរបស់ព្រះជាម្ចាស់របស់យើង ព្រះធ្វើឱ្យយើងអាចធ្វើបាន ឲ្យចេះលើកលែងទោសឲ្យអ្នកដទៃ។
អេភេសូរ ៤:៣១-៣២
ចូរខំដកគ្រប់ទាំងសេចក្ដីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ នឹងគ្រប់ទាំងសេចក្ដីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ។
កូឡូស ៣:១២-១៣
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ
ដូជាអ្វីដែលព្រះជាម្ចាស់បានលើកលែងទោសឲ្យយើងដោយគ្មានដែនកំណត់ដែរ យើងត្រូវតែលើកលែងទោសឲ្យអ្នកដទៃដោយគ្មានដែនកំណត់ដែរ។
ម៉ាថាយ ១៨:២១-២២
ខណនោះពេត្រុសក៏មកឯទ្រង់ទូលថា ព្រះអម្ចាស់អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត
បន្ទាប់មកព្រះយេស៊ូវបានប្រាប់រឿងប្រៀបប្រដូចមួយដើម្បីពន្យល់ថាតើហេតុអ្វីបានជាយើងត្រូវតែចេះលើកលែងទោស។ ខ្ញុំនឹងអានព្រះគម្ពីរឥឡូវនេះ។ តើខ្ញុំអាចសុំឲ្យមានអ្នកស្មគ្រចិត្តចំនួនបីនាក់ដើម្បីជួយសម្តែងរឿងបានទេ? បន្ទាប់មកសូមអាន ម៉ាថាយ ១៨:២៣-៣៥ ឲ្យឮៗ ហើយសុំឲ្យតួរសម្តែងធ្វើត្រាប់តាមរឿងប្រៀបប្រដូច។ បន្ទាប់មកសូមសួរ៖ តើរឿងប្រៀបប្រដូចនេះមានន័យដូចម្តេច?
បន្ទាប់ពីពិភាក្សាគ្នារួច សូមនិយាយ៖ សូមមើលថាតើព្រះគម្ពីរប្រាប់យើងអ្វីខ្លះអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះអំពើបាបរបស់យើង។
ផ្នែកទី២៖ តើព្រះជាម្ចាស់បានធ្វើអ្វីចំពោះអំពើបាបរបស់ខ្ញុំ
១) អំពើបាបរបស់យើងត្រូវបានដកចេញពីយើង
ដូចជាអ្វីដែលយើងបានឃើញ ពាក្យជាភាសាក្រិកនៅក្នុងគម្ពីរសញ្ញាថ្មីសម្រាប់ពាក្យលើកលែងទោសមានន័យថា “បញ្ជូនចេញ”។ នៅពេលព្រះជាម្ចាស់លើកលែងទោសឲ្យយើង ទ្រង់បានទទួលយកអំពើបាបរបស់យើង ហើយបញ្ជូនវាចេញទៅឆ្ងាយ ដើម្បីកុំឲ្យវានៅជាបន្ទុកទៅលើកំហុស ភាពខ្មាស់អៀន និងភាពភ័យខ្លាចនៃការកាត់ទោសរបស់យើងតទៅទៀត។ ព្រះគម្ពីរពិពណ៌នាអំពីការដែលព្រះជាម្ចាស់ ដកអំពើបាបរបស់យើងចេញតាមរបៀបប្រកបដោយរិទ្ធានុភាពជាច្រើន។
អេសាយ ៤៤:២២
អញបានលុបអំពើរំលងរបស់ឯងចេញ ដូចជាពពកយ៉ាងក្រាស់ នឹងអំពើបាបឯងដូចជាពពកផង ចូរវិលមកឯអញវិញ ពីព្រោះអញបានលោះឯងហើយ
មីកា ៧:១៨-១៩
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ 19ទ្រង់នឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ
ទំនុកតម្កើង ១០៣:១២
ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង
ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
ព្រះជាម្ចាស់បានដកយកអស់ទាំងការល្មើសនៃយើង ចេញពីយើងឆ្ងាយ ដូចពីខិសខាងកើតមកទិសខាងលិច ហើយបានលុបអំពើរំលងរបស់ឯងចេញ ដូចជាពពកយ៉ាងក្រាស់។ ទ្រង់កំរាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ។ វាច្បាស់ណាស់ថាព្រះជាម្ចាស់បានដកអំពើបាបរបស់យើងចេញទាំងស្រុង ហើយបញ្ជូនវាទៅឆ្ងាយដើម្បីឲ្យយើងមានសេរីភាពចេញពីអំពើបាបរបស់យើងជារៀងរហូត!
២) អំពើបាបរបស់យើងមិនត្រូវបានចងចាំទៀតទេ
ព្រះជាម្ចាស់សន្យាថាទ្រង់នឹងមិននឹកចាំពីអំពើបាបរបស់យើងឡើយ។ នេះមិនមានន័យថាព្រះជាម្ចាស់បំភ្លេចអំពើបាបរបស់យើងនោះទេ។ ព្រះជាម្ចាស់មានចំណេះដឹងសព្វគ្រប់ល្អឥតខ្ចោះ។ គ្មានអ្វីដែលទ្រង់ភ្លេច ឬមិនដឹងសោះនោះឡើយ។ អ្វីដែលចង់មានន័យនោះគឺថាព្រះជាម្ចាស់នឹងមិនអនុញ្ញាតិឲ្យអំពើបាបរបស់យើងប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយទ្រង់ឡើយ។
យេរេមា ៣១:៣៤
រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។
ហេប្រឺ ៨:១២
ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត»
ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមិននឹកចាំពីអំពើបាបរបស់យើងទេ នោះយើងក៏មិនត្រូវនឹកចាំពីវាដែរ។ នៅពេលយើងកែប្រែចិត្តចេញពីអំពើបាប ហើយទទួលយកការលើកលែងទោសពីព្រះជាម្ចាស់ ការផ្តោតអារម្មណ៍របស់យើងត្រូវតែរីករាយនៅក្នុងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់នៃយើង មិនមែនមានអារម្មណ៍មិនល្អអំពីកំហុសពីអតីតកាលរបស់យើងនោះទេ។
៣) អំពើបាបរបស់យើងត្រូវបានគ្រប់បាំង និងមិនត្រូវបានរាប់ឡើយ
ព្រះជាម្ចាស់បានគ្របបាំងអំពើបាបរបស់យើង។ ដើម្បីគ្របបាំងអ្វីម្យ៉ាងគឺត្រូវលាក់វាឲ្យជិតទាំងស្រុង ដើម្បីកុំឲ្យមើលវាឃើញទៀត។ សម្រាប់ការបង្រៀនពីរឿងនេះ សូមមើលទៅកាន់មេរៀនអំពីដង្វាយធួន របស់យើង។ លទ្ធផលនៃការគ្របបាំងអំពើបាបគឺថាវានឹងមិនត្រូវបានរាប់ទាស់នឹងយើងឡើយ។
ទំនុកតម្កើង ៣២:១-២
មានពរហើយ មនុស្សណាដែលការរំលង
ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ
គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ
មានពរហើយ មនុស្សណាដែលព្រះយេហូវ៉ាមិនរាប់ថា
ជាអ្នកមានទោស
ជាអ្នកដែលគ្មានកលឧបាយនៅក្នុងចិត្តសោះ
គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។
ពាក្យជាភាសាក្រិកដែលត្រូវបានបកប្រែថា “ប្រកាន់” (λογιζόμενος) ត្រូវបានប្រើប្រាស់នៅក្នុងគណនេយ្យ។ គណនេយ្យករនឹងរាប់រាល់ទាំងចំណូល និងចំណាយដើម្បីរកមើលថាប្រសិនបើអាជីវកម្មបានទទួល ផលចំណេញ ឬក៏ខាត។ ប៉ុន្តែព្រះជាម្ចាស់មិនដូច្នោះទេ។ ព្រះអង្គមិនរាប់អំពើបាបរបស់យើងបញ្ចូលគ្នា ហើយដាក់វាចូលនៅក្នុងគណនីរបស់យើងដែរ។ ប្រសិនជាទ្រង់ធ្វើបែបនោះមែន អំពើបាបរបស់យើងនឹង បណ្តាលឲ្យមានបំណុលដ៏ច្រើនលើសលប់ដែលយើងនឹងមិនអាចសងរួចឡើយ (ដូចជាពាក្យប្រៀបប្រដូច ដែលយើងទើបតែអានរួចអម្បាញ់មិញ)។
៤) អំពើបាបរបស់យើងត្រូវបានអត់ទោស
ដើម្បីទទួលបានការអត់ទោស សំដៅទៅលើសិទ្ធិជាស្តេចក្នុងការប្រកាសអោយរួចទោស ឲ្យសមាជិកនៃព្រះរាជ្យរបស់ទ្រង់ពីកំហុស ឬការដាក់ទោសចំពោះបទឧក្រិដ្ឋមួយ។ ព្រះជាម្ចាស់គឺជាស្តេច របស់យើង ដែលអត់ទោសយើង ដើម្បីយើងនឹងលែងប្រឈមជាមួយនឹងការដាក់ទោសចំពោះ អំពើបាបរបស់យើងទៀតហើយ។
មីកា ៧:១៨
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
៥) អំពើបាបរបស់យើងត្រូវបានលាងសម្អាត ហើយយើងបានស្អាត
អំពើបាបបានធ្វើឲ្យយើងទៅជាស្មោគគ្រោក ហើយធ្វើឲ្យយើងមិនបរិសុទ្ធខាងឯវិញ្ញាណ ប៉ុន្តែព្រះជាម្ចាស់លាងសម្អាតអំពើបាបរបស់យើងចេញ ហើយធ្វើឲ្យយើងស្អាត។ ព្រះគម្ពីរពិពណ៌នាពី ការលើកលែងទោសរបស់ព្រះជាម្ចាស់របស់យើងថាជាការសម្អាតចេញពីអំពើបាប។
ទំនុកតម្កើង ៥១:២
សូមលាងទូលបង្គំឲ្យយ៉ាងស្អាត
ពីអំពើទុច្ចរិតរបស់ទូលបង្គំ
សូមសំអាតអំពើបាបរបស់ទូលបង្គំផង
អេសាយ ១:១៨
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
យេរេមា ៣៣:៨
ក៏នឹងសំអាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្ដីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ
ដើម្បីទទួលបានការសម្អាតឲ្យស្អាតមានន័យថារាល់ការប្រឡាក់ និងភាពមិនបរិសុទ្ធទាំងអស់នឹងត្រូវបានយកចេញ។ ព្រះជាម្ចាស់ទ្រង់បរិសុទ្ធយ៉ាងឥតខ្ចោះ ហេតុដូច្នេះហើយបានជា វាចាំបាច់ដើម្បីឲ្យមនុស្សទទួលបានការលាងសម្អាតប្រសិនបើយើង ចូលមកក្នុងព្រះវត្តមានរបស់ព្រះអង្គ និងថ្វាយបង្គំទ្រង់។ ពីព្រោះគ្មានពួកយើងណាម្នាក់បានស្អាតដោយសារគុណសម្បត្តិរបស់យើងនោះឡើយ ព្រះជាម្ចាស់សម្អាតប្រជារាស្ត្ររបស់ទ្រង់ និងធ្វើឲ្យគេបានស្អាំត និងបរិសុទ្ធ។
៦) អំពើបាបរបស់យើងត្រូវបានលុបចេញ
កាលពីសម័យបុរាណ មនុស្សសរសេរនៅលើសម្ភារៈដែលត្រូវបានគេហៅថា ប៉ាពីរុស ដែលអាចលុប និងសម្អាតម្តងទៀតបាន (ដូចជាក្តារខៀនពណ៌ស)។ ពាក្យនេះត្រូវបានបកប្រែថា “លុបចេញ” បានប្រើប្រាស់សម្រាប់លុបទឹកថ្នាំចេញដើម្បីអាចឲ្យសរសេរនៅលើប៉ាពីរុសបានម្តងទៀត។ ហេតុដូច្នេះ វាមានន័យថាត្រូវដកស្នាមប្រឡាក់ចាស់ចេញដើម្បីធ្វើអ្វីម្យ៉ាងឲ្យថ្មីឡើងវិញ។
អេសាយ ៤៣:២៥
គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ
កិច្ចការ ៣:១៩
ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់
ទំនុកតម្កើង ៥១:១
ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ
តាមសេចក្ដីសប្បុរសរបស់ទ្រង់
ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ
ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
ទំនុកតម្កើង ៥១:៩
សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ
ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ
ពិភាក្សាគ្នាជាមួយដៃគូ៖ ប្រសិនបើមាននរណាម្នាក់សួរអ្នកពីអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះអំពើបាបរបស់អ្នក តើអ្នកនឹងនិយាយថាដូចម្តេច?
តើព្រះជាម្ចាស់លើកលែងទោសឲ្យយើងតាមរបៀបណា?
ការលើកលែងទោសគឺនៅក្នុងព្រះគ្រីស្ទ។ ហេតុផលដែលព្រះជាម្ចាស់អាចលើកលែងទោសឲ្យអ្នកមានបាប ដែលកែប្រែចិត្ត (ដោយសេរី និងពេញលេញ) គឺដោយសារព្រះយេស៊ូវបានបង់ថ្លៃ សម្រាប់អំពើបាបរបស់យើងទាំងអស់រួចហើយ។ គឺតាមរយៈព្រះលោហិតរបស់ព្រះអង្គ ដែលយើងទទួលបាន ការលើកលែងទោស។ សូមស្តាប់ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលនាយប់មុនពេល ព្រះយេស៊ូវទ្រង់ជាប់ឆ្កាង៖
ម៉ាថាយ ២៦:២៧-២៨
រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប
ការលើកលែងទោសនេះ ពីអំពើបាបតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវ គឺតាមព្រះគុណដ៏ធ្ងន់ក្រៃលែង នៃព្រះជាម្ចាស់។
អេភេសូរ ១:៧
ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់
កូឡូស ១:១៣-១៤
ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់
១ យ៉ូហាន ១:៧
តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នាពីគ្រប់អំពើបាបទាំងអស់
ខណៈពេលដែលពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់បាននិយាយអំពីការដែលព្រះជាម្ចាស់ដកអំពើបាបរបស់យើងចេញតាមរបៀបមួយដ៏ស្រស់ស្អាត (ដូចជាការបោះវាចូលទៅក្នុងជម្រៅទឹកសមុទ្រ) ពេលព្រះយេស៊ូវបានយាងមក វាច្បាស់ណាស់ជាកន្លែងដែលព្រះជាម្ចាស់ពិតជាបានដាក់យកអំពើបាបរបស់យើង៖ ទ្រង់បានដាក់អំពើបាបរបស់យើងទាំងអស់ទៅលើព្រះយេស៊ូវនៅលើឈើឆ្កាង។
អេសាយ ៥៣:៦
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។
១ ពេត្រុស ២:២៤
ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា
ព្រះជាម្ចាស់បានសម្រេចការលើកលែងទោសតាមរយៈការផ្ទេរអំពើបាបរបស់យើងទៅកាន់ព្រះគ្រីស្ទនៅលើឈើឆ្កាង ហើយកាត់ទោសនៅកន្លែងនោះ។ នៅពេលមានមនុស្សម្នាក់ទទួលព្រះគ្រីស្ទធ្វើជាព្រះអង្គសង្គ្រោះរបស់គាត់ គាត់ត្រូវបានលើកលែងទោសឲ្យតាមរបៀបនៃការផ្ទេរនេះ។ ព្រះយេស៊ូវគឺជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក” (យ៉ូហាន ១:២៩)។ ព្រះអង្គ “បានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប” (វិវរណៈ ១:៥) និង “ទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា” (ហេព្រើរ ៩:២៦)។ ការនេះមានន័យថាការកត់ត្រាបំណុលរបស់យើង (អំពើបាប) ត្រូវបានលុបចោលនៅលើឈើឆ្កាង។
កូឡូស ២:១៣-១៤
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង
ព្រះគម្ពីរជួយយើងឲ្យមើលឃើញថាអំពើបាបរបស់យើងគឺពិតជាអាក្រក់ខ្លាំងជាងការដែលយើងដឹង។ ការដាក់ទោសចំពោះអំពើបាបដែលយើងសមនឹងទទួលគឺអាក្រក់ជាងអ្វីដែលយើងអាចស្រមៃឃើញ។ តម្លៃនៃការលើកលែងទោសគឺមានតម្លៃជាងអ្វីដេលយើងអាចពិពណ៌នាបាន។ ប៉ុន្តែព្រះជាម្ចាស់តាមរយៈព្រះគុណរបស់ទ្រង់បានធ្វើកិច្ចការចាំបាច់គ្រប់យ៉ាងសម្រាប់យើងដើម្បីឲ្យយើងទទួលបានការលើកលែងទោស។ ព្រះអង្គបានសម្រេចវាហើយ ហើយទ្រង់បានធ្វើឲ្យមានវាសម្រាប់អស់អ្នកណាដែលកែប្រែចិត្ត ហើយជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។
សេចក្តីអំណរទទួលបានពីការលើកលែងទោស
ការសិក្សានេះនឹងមិនពេញលេញនោះទេ ប្រសិនបើយើងមិនបានពិចារណាទៅលើការឆ្លើយតបដែលអ្នកដេលទទួលបានការលើកលែងទោសពីព្រះជាម្ចាស់គួរតែមាននោះ។ ឧទាហរណ៍ដ៏ល្អស្ថិតនៅក្នុងគម្ពីរ លូការ ៧:៣៦-៥០។ សូមចំណាយពេលបន្តិចដើម្បីអានឥឡូវនេះ។
នេះគឺជាខគន្លឹះនៅក្នុងអត្ថបទនេះ៖
លូកា ៧:៤៧
ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែអ្នកណាដែលគេអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិច
ការពិតគឺថាអ្នកជឿទាំងអស់គ្នាទទួលបានការលើកលែងទោសជាច្រើន។ ហេតុដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវតែស្រឡាញ់ព្រះជាម្ចាស់ឲ្យបានច្រើន។
នៅក្នុងសាច់រឿងអំពីស្ត្រី និងលោកស៊ីម៉ូនជាពួកផារីស៊ី យើងបានរៀនពីមេរៀននេះថា៖ តម្លៃដែលយើងដាក់ទៅលើការលើកលែងទោសដែលបានមកពីព្រះជាម្ចាស់នឹងកំណត់ពីកម្រិតនៃសេចក្តីស្រឡាញ់ ការដឹងគុណ និងការបម្រើទ្រង់របស់យើងចំពោះទ្រង់។ ការចេះដឹងគុណបន្តិចបន្តួចចំពោះការលើកលែងទោសរបស់ព្រះជាម្ចាស់នឹងនាំទៅរកសេចក្តីស្រឡាញ់ ការដឹងគុណ និងការបម្រើតិចតួច (ដូចជាលោកស៊ីម៉ូនដែលជាពួកផារីស៊ី)។ ការចេះថ្លែងអំណរគុណដ៏ច្រើនលើសលប់ចំពោះការលើកលែងទោសរបស់ព្រះជាម្ចាស់នឹងនាំទៅរកសេចក្តីស្រឡាញ់ និងការចេះដឹងគុណដ៏សម្បើមដែលនឹងជម្រុញឲ្យមានការបម្រើដ៏អស្ចារ្យ (ដូចជាស្ត្រីនេះ)។ កម្រិតនៃការចេះដឹងគុណរបស់អ្នកចំពោះព្រះជាម្ចាស់គឺជាសូចនាករថាតើអ្នកយល់ដឹងបានល្អកម្រិតណាពីព្រះពរខាងវិញ្ញាណនេះសម្រាប់ការលើកលែងទោស។ សូមព្រះជាម្ចាស់ជួយយើងធ្វើការឲ្យតម្លៃឲ្យបានត្រឹមត្រូវចំពោះការលើកលែងទោសដែលយើងបានទទួល និងដើម្បីបង្ហាញពីការចេះដឹងគុណរបស់យើងប្រកបដោយសេចក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះទ្រង់!
ពិភាក្សា៖ សាសនាជាច្រើនបង្រៀនថាអ្នកត្រូវតែធ្វើការល្អដើម្បីលុបលាងអំពើបាបរបស់អ្នក។ ប៉ុន្តែ ព្រះគម្ពីរបង្រៀនថា អ្នកត្រូវបានលើកលែងទោស ដោយសារអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក។ តើសេចក្តីពិតនេះជួយជម្រុញទឹកចិត្តអ្នកឲ្យរស់នៅសម្រាប់សិរិល្អរបស់ទ្រង់ដោយរបៀបណា?
ព្រះពរខាងវិញ្ញាណនៃការលើកលែងទោសមានន័យថា៖
-
ព្រះជាម្ចាស់ដកអំពើបាបរបស់អ្នកចេញ ហើយបញ្ជូនអំពើបាបរបស់អ្នកចេញឆ្ងាយពីអ្នក ហើយដាក់អំពើបាបរបស់អ្នកនៅលើព្រះយេស៊ូវនៅលើឈើឆ្កាង ដើម្បីឲ្យទ្រង់ទទួលយកទណ្ឌកម្មសម្រាប់វា។
-
នៅពេលយើងជឿទៅលើដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ កែប្រែចិត្តចេញពីអំពើបាបរបស់យើង សារភាពវាទៅកាន់ព្រះជាម្ចាស់ ហើយសុំទ្រង់ឲ្យលើកលែងទោសឲ្យយើង - ព្រះអង្គនឹងធ្វើដូច្នេះ។
-
ឥឡូវនេះអ្នកអាចរស់នៅក្នុងជីវិតដែលចេះដឹងគុណ និងស្រឡាញ់ព្រះជាម្ចាស់ ជាជាងជីវិតដែលមានកំហុស ឬព្យាយាមដកអំពើបាបរបស់ខ្លួនចេញ ដែលមិនអាចធ្វើទៅបាននោះ។
អធិស្ឋានបញ្ចប់។




