top of page

​មេរៀនទី ១០: ការរស់ឡើងវិញ

សម្រង់សម្តីព្រះយេស៊ូវ៖ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ  (យ៉ូហាន ១១:២៥-២៦)

ព្រះពរខាងវិញ្ញាណបន្ទាប់ទៀតដែលយើងនឹងសិក្សាគឺការរស់ឡើងវិញ។ ការរស់ឡើងវិញមានអត្ថន័យលើសពីការមានជីវិតឡើងវិញក្រោយពីការសុគត។ នៅក្នុងព្រះគម្ពីរ មនុស្សមួយចំនួនត្រូវបានប្រោសឱ្យរស់ឡើងវិញពីសេចក្តីស្លាប់៖ 

 

  • កូនប្រុសរបស់ស្រ្តីមេម៉ាយក្រុងសារិបតា (១ ពង្សា‌វតារ‌ក្សត្រ ១៧:៨-២៤),

  • កូនប្រុសរបស់ស្រ្តីនៅស៊ូណែម (២ ពង្សា‌វតារ‌ក្សត្រ ៤:៨-៣៧), 

  • បុរសដែលត្រូវបោះចូលទៅក្នុងផ្នូររបស់អេលីសេ (២ ពង្សា‌វតារ‌ក្សត្រ ១៣:២០-២១), 

  • កូនប្រុសរបស់ស្ត្រីមេម៉ាយក្រុងណាអ៊ីន (លូកា ៧:១១-១៧), 

  • កូនស្រីរបស់លោកយ៉ៃរ៉ូស (ម៉ាកុស៥:២១-៤៣), 

  • ឡាសា (យ៉ូហាន ១១:១-៤៤), 

  • មនុស្សដែលរស់វិញនៅពេលព្រះយេស៊ូវសុគត (ម៉ាថាយ ២៧:៥០-៥៣), 

  • តេប៊ីថា (កិច្ចការ ៩:៣៦-៤២)  

  • អើទីកុស (កិច្ចការ ២០:៧-១២)។

មនុស្សទាំងនេះបានស្លាប់ ហើយមានជីវិតរស់វិញនៅក្នុងរូបកាយដដែលដើម្បីបន្តជីវិតរបស់ពួកគេ ដូចជាពីមុន ហើយបន្ទាប់មកពួកគេបានស្លាប់ម្តងទៀតនាពេលក្រោយមក។ ទាំងអស់នេះមិនដូចគ្នានឹងការរស់ឡើងវិញនោះទេ។  ដើម្បីរស់ឡើងវិញគឺត្រូវមានជីវិតជាមួយនឹងរូបកាយដែលទទួលនូវសិរីល្អមិនចេះស្លាប់ទៀតឡើយ។ 

ដើម្បីរស់ឡើងវិញគឺត្រូវបានប្រោសឱ្យមានជីវិតរស់ពីស្លាប់ជាមួយរូបកាយដែលមានសិរីរុងរឿងថ្មី

មិនស្លាប់ទៀតឡើយ។

មានតែមួយអង្គគត់នៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោកនេះដែលត្រូវបានប្រោសឱ្យមានព្រះជន្មរស់ឡើងវិញគឺ ព្រះយេស៊ូវ។ ព្រះអង្គគឺជាភ័ស្តុតាងបញ្ជាក់ថាការរស់ឡើងវិញពិតជាអាចកើតឡើងបាន។  

 

១ កូរិន‌ថូស ១៥:១២

បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ

តោះសូមមើលឱ្យបានច្បាស់ពីការរស់ឡើងវិញរបស់ព្រះយេស៊ូវដើម្បីយល់ដឹងបន្ថែមទៀតអំពីព្រះពរខាងវិញ្ញាណនៃការរស់ឡើងវិញនេះដែលនៅថ្ងៃមួយក៏ជារបស់យើងផដែរ។ 

ផ្នែកទី ១៖ ការរស់ឡើងវិញរបស់ព្រះយេស៊ូវ

ការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅដំណឹងល្អទាំងបួនក្បាល។ យើងនឹងអានចេញពីសៀវភៅនីមួយៗដើម្បីទទួលបានរូបភាពពេញលេញអំពីអ្វីដែលបានកើតឡើង។ 

 

ម៉ាកុស ១៦:១-៧

កាល​ផុត​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​សាឡូ‌មេ​បាន​នាំ​គ្នា​ទិញ​គ្រឿង​ក្រអូប ដើម្បី​នឹង​ទៅ​អប់​ព្រះ‌សព​ទ្រង់ ដល់​ព្រលឹម​ឡើង នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ កាល​ថ្ងៃ​ទើប​នឹង​រះ​ឡើង គេ​ក៏​ទៅ​ឯ​ផ្នូរ ព្រម​ទាំង​និយាយ​គ្នា​បណ្តើរ​ថា តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់) លុះ​កាល​បាន​ចូល​ទៅ​ក្នុង​ផ្នូរ ក៏​ឃើញ​កំឡោះ​ម្នាក់ ពាក់​អាវ​ស​អង្គុយ​នៅ​ខាង​ស្តាំ ហើយ​ស្ត្រី​ទាំង​នោះ​មាន​សេចក្ដី​ភាំង​ស្លុត តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះ‌សព​ទ្រង់ ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក 

 

ម៉ាថាយ ២៨:៨-១០

ស្ត្រី​២​នាក់​នោះ​ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់ តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​បន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ​ឱប​ព្រះ‌បាទ​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។

 

លូកា ២៤:៣៦-៤៣

កាល​កំពុង​តែ​ប្រាប់​រឿង​ទាំង​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្តាល​គេ មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ចុះ តែ​គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង​វិញ ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ ចូរ​មើល​មក​ដៃ​នឹង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ លុះ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ព្រះ‌បាទ​ទ្រង់​ដល់​គេ កាល​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​បន្ទូល​ថា នៅ​ទី​នេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ក៏​យក​ត្រី​អាំង​១​ដុំ នឹង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ទ្រង់ រួច​ទ្រង់​យក​ទៅ​សោយ​នៅ​មុខ​គេ 

 

យ៉ូហាន ២០:២៤-២៩

រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះ‌អម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត រួច​ទ្រង់​មាន​បន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។

រូបកាយរស់ឡើងវិញរបស់ព្រះយេស៊ូវបង្ហាញប្រាប់នូវសេចក្តីពិតពីអ្វីដែលរូបកាយដែលរស់ឡើងវិញរបស់យើងនឹងមានលក្ខណៈបែបយ៉ាងណា។

តើរូបកាយដែលរស់ឡើងវិញរបស់ព្រះយេស៊ូវមានលក្ខណៈដូចម្តេច? 

  • ម៉ាថាយ ២៨:៩        ព្រះ‌បាទា​របស់ទ្រង់អាចត្រូវបានឱប។ 

  • លូកា ២៤:៣៦–៣៩ ព្រះអង្គមានរូបកាយមានសាច់ឈាម និងឆ្អឹង។

  • លូកា ២៤:៤១          ទ្រង់ទទួលទានត្រីជាអាហារ។ 

  • យ៉ូហាន ២០:២៦      ព្រះអង្គអាចចូលទៅកាន់បន្ទប់ចាក់សោបាន។

  • យ៉ូហាន ២០:២៧     រូបកាយរស់ឡើងវិញរបស់ព្រះអង្គនៅតែមានស្នាមដែកគោល។

ពិភាក្សា៖ តើការពិតទាំងនេះប្រាប់យើងអំពីរូបកាយដែលរស់ឡើងវិញរបស់ព្រះយេស៊ូវយ៉ាងណាខ្លះ? 

កំណត់ចំណាំរបស់គ្រូ៖ ចំណុចគន្លឹះគឺ៖

  • រាងកាយររបស់ព្រះអង្គគឺជារូបកាយ - អាចចាប់កាន់បាន ហើយមានសាច់ និងឆ្អឹង ប៉ុន្តវាក៏មានសមត្ថភាពពិសេសផងដែរ - គឺអាចចូលទៅកាន់បន្ទប់ចាក់សោជិតបាន (ហើយក្រោយមកត្រូវបានលើកឡើងទៅកាន់ស្ថានសួគ៌)។ 

  • ពេលពួកសិស្សឃើញព្រះអង្គលើកដំបូងពួកគេគិតថាទ្រង់គឺជាវិញ្ញាណ ប៉ុន្តែបន្ទាប់មកពួកគេស្គាល់ថាជាទ្រង់ ហើយដឹងថាគឺជាព្រះយេស៊ូវ។ 

  • រាងកាយរបស់ទ្រង់មានលក្ខណៈខុសពីនៅពេលដែលទ្រង់សុគតកាលពីប៉ុន្មានថ្ងៃមុន។ ព្រះអង្គមិនមានហូរឈាម ឬការឈឺចាប់នោះទេ។ ព្រះអង្គមានសុខភាពល្អ ហើយមានកម្លាំងមាំមួន ប៉ុន្តែទ្រង់នៅតែមានស្នាមដែកគោល និងស្នាមលំពែងនៅលើខ្លួនទ្រង់។ 

 

ផ្នែកទី ២៖ សារៈសំខាន់នៃការរស់ឡើងវិញរបស់ព្រះយេស៊ូវ

 

សម្រង់សម្តីរបស់ពេត្រុស៖ ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា (កិច្ចការ ២:៣២) 

ការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាសារគន្លឹះរបស់ពួកសាវ័ក។ តាមការពិត តួរនាទីរបស់ពួកសាវ័កគឺត្រូវធ្វើជាសាក្សីនៃការរស់ឡើងវិញរបស់ព្រះអង្គ​ (កិច្ចការ ១:២២, ៣:១៥)។ 

 

កិច្ចការ ៤:៣៣ 

ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ 

លោកពេត្រុសបានអធិប្បាយអំពីការរស់ឡើងវិញនៅថ្ងៃទីហាសិប។ សូមអាន៖ កិច្ចការ ២:២២-៣២ (សុំឱ្យម្នាក់នៅក្នុងថ្នាក់ធ្វើជាលោកពេត្រុស ហើយអធិប្បាយខទាំងនេះ)។

លោកពេត្រុសបានប្រកាសថាព្រះជាម្ចាស់បានប្រោសព្រះយេស៊ូវឱ្យរស់ឡើងវិញ ពីព្រោះសេចក្តីស្លាប់មិនអាចឃាត់ទ្រង់បាននោះទេ។ ព្រះអង្គមិនត្រូវបាន​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ  ហើយរូបសាច់របស់ទ្រង់ក៏មិនខូចដែរ ប៉ុន្តែព្រះជាម្ចាស់បានប្រោសឱ្យទ្រង់រស់ពីស្លាប់ឡើងវិញ។  

លោកប៉ូលក៏បានអធិប្បាយអំពីការរស់ឡើងវីញរបស់ព្រះយេស៊ូវ និងសេចក្តីសង្ឃឹមពីការរស់ឡើងវិញរបស់អ្នកដើរតាមទ្រង់ដែរ។​ សូមអាន កិច្ចការ ១៣:២៦-៣៧  

(សុំឱ្យនរណាម្នាក់នៅក្នុងថ្នាក់ធ្វើជាលោកប៉ូល ហើយអធិប្បាយ ខទាំងនេះ)។

ពិភាក្សាយ តើមានសារៈសំខាន់អ្វីពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែល​វា​ជា​ចំណុច​សំខាន់​នៃ​ការ​អធិប្បាយរបស់ពួកសាវ័ក?  

ការរស់ឡើងវិញរបស់ព្រះយេស៊ូវបង្ហាញថា

(១) ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់

រ៉ូម ១:៣-៤

គឺ​ពី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះ‌វង្សា​ហ្លួង​ដាវីឌ តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

(២) ព្រះយេស៊ូវមានព្រះជន្មរស់ជារៀងរហូត ហើយមានអំណាចលើសេចក្តីស្លាប់

វិវរណៈ ១:១៧-១៨

កាល​ខ្ញុំ​ឃើញ​ទ្រង់ នោះ​ខ្ញុំ​ដួល​នៅ​ទៀប​ព្រះ‌បាទា​ទ្រង់​ដូច​ជា​ស្លាប់ តែ​ទ្រង់​ដាក់​ព្រះ‌ហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ 

អេភេសូរ ១:១៩-២១

…តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ ជា​ព្រះ‌ចេស្តា​ដែល​ទ្រង់​បាន​សំដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ទ្រង់ នៅ​ស្ថាន​ដ៏​ខ្ពស់ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់‌គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ‌បារមី នឹង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណោះ គឺ​ទៅ​ក្នុង​អនាគត​ខាង​មុខ​ទៀត​ផង

(៣) នៅក្នុងព្រះយេស៊ូវ យើងនឹងមានជីវិតជារៀងរហូត

១ កូរិន‌ថូស ១៥:២០-២២

តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ‌សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ‌សារ​មនុស្ស​ដែរ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ

ចូរកត់សម្គាល់ពីការទំនាក់ទំនងគ្នារវាងសេចក្តីពិតដ៏អស្ចារ្យទាំងនេះ។ ដោយសារតែព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ជារៀងរហូត និងមានអំណាចលើសេចក្តីស្លាប់ (“ន​សោ​នៃ​សេចក្ដី​ស្លាប់ នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់”) ថានៅក្នុងទ្រង់ពួកយើងនឹងបានប្រោសឱ្យរស់ឡើងវិញ!

កំណត់ចំណាំសម្រាប់គ្រូ៖ ការរស់ឡើងវិញរបស់ព្រះយេស៊ូវបំផ្លាស់បំប្រែពួកសិស្សរបស់ទ្រង់ចេញពីមនុស្សដែលតែងតែលាក់ខ្លួន និងមានការភ័យខ្លាចឱ្យក្លាយទៅជាមនុស្សមានភាពក្លាហានក្នុងការប្រកាសពីការរស់ឡើងវិញរបស់ព្រះគ្រីស្ទ! ដោយសារសេចក្តីពិតនេះ ពួកគេមិនខ្លាចស្លាប់ទៀតឡើយ។ ហេតុអ្វី? ពីព្រោះពួកគេដឹងថាអ្នកជឿនឹងត្រូវបានប្រោសឱ្យរស់ឡើងវិញបន្ទាប់ពីយើងស្លាប់ទៅ។ 

 

ផ្នែកទី ៣៖ ការរស់ឡើងវិញរបស់យើង

មកដល់ស៊េរីនេះរហូតដល់ពេលនេះ រាល់ព្រះពរខាងវិញ្ញាណទាំងអស់ដែលយើងបានសិក្សាអាចក្លាយទៅជាបទពិសោធន៍ទាំងស្រុង ឬជាផ្នែកមួយនៅក្នុងជីវិតរបស់យើងនាពេលឥឡូវនេះ។ ប៉ុន្តែការរស់ឡើងវិញគឺជាសេចក្តីសង្ឃឹមដែលយើងមានសម្រាប់ពេលអនាគត។ សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទគឺការរស់ឡើងវិញរបស់រូបកាយនៅថ្ងៃចុងក្រោយ (នោះគឺនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ)។ យើងមានសេចក្តីសង្ឃឹមនេះតាមរយៈការសន្យសារបស់ព្រះយេស៊ូវ។ ព្រះយេស៊ូ​វមាន​ព្រះបន្ទូល​ថា​៖

 

យ៉ូហាន ៦:៣៩-៤០

ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក នោះ​គឺ​មិន​ចង់​ឲ្យ​ខ្ញុំ​បាត់​អ្នក​ណា ក្នុង​គ្រប់​អស់​ទាំង​មនុស្ស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ គឺ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ប្រោស​ទាំង​អស់​ឲ្យ​រស់​ឡើង នៅ​ថ្ងៃ​ចុង​បំផុត​វិញ នេះ​ហើយ​ជា​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ គឺ​ឲ្យ​អស់​អ្នក​ណា​ដែល​ឃើញ​ព្រះ‌រាជ‌បុត្រា ហើយ​ក៏​ជឿ​ដល់​ទ្រង់ បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត។

 

យ៉ូហាន ៦:៤៤ 

គ្មាន​អ្នក​ណា​អាច​នឹង​មក​ឯ​ខ្ញុំ​បាន​ទេ លើក​តែ​ព្រះវរ‌បិតា ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​ទាញ​នាំ​គេ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត​ដែរ 

 

យ៉ូហាន ៦:៥៤ 

អ្នក​ណា​ដែល​បរិភោគ​សាច់ នឹង​ឈាម​របស់​ខ្ញុំ នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នោះ​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​បំផុត

 

យ៉ូហាន ១១:២៥-២៦

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ 

ព្រះយេស៊ូវបានសន្យាថាទ្រង់នឹង​ឲ្យមនុស្សទាំងអស់ដែលជឿលើទ្រង់នោះ​រស់​ឡើង​វិញ។ ពិភាក្សាជាមួយដៃគូ៖ តើអ្នកមានទំនុកចិត្តប៉ុណ្ណាចំពោះការសន្យារបស់ព្រះយេស៊ូវថាទ្រង់នឹងឲ្យអ្នក​រស់​ឡើង​វិញ? 

មុនពេលទ្រង់សុគត ព្រះយេស៊ូវបានដឹងថាព្រះអង្គនឹងត្រូវមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានប្រកាសប្រាប់មនុស្ស ដែលថាទ្រង់នឹងរស់ឡើងវិញ។ ព្រះអង្គមានជំនឿចិត្តពេញលេញថាព្រះជាម្ចាស់ដ៏ជាព្រះវរបិតានឹងធ្វើកិច្ចការនេះ។ សូមអានពីអ្វីដែលទ្រង់មានបន្ទូលនៅក្នុងខគម្ពីរទាំងអស់នេះ។ សូមចំណាំថាតួរនាទីរបស់ព្រះយេស៊ូវសម្រាប់ អង្គទ្រង់គឺជា “កូនមនុស្ស”។ 

 

ម៉ាកុស ៨:៣១

រួច​ទ្រង់​ចាប់​តាំង​បង្រៀន​គេ​ថា កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ហើយ​ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ បោះ​បង់​ចោល ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​លោក​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ

 

ម៉ាកុស១០:៣២-៣៤

ទ្រង់​ក៏​យក​ពួក​១២​មក​ម្តង​ទៀត ចាប់​តាំង​មាន​បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​មក​ដល់​ទ្រង់​ថា មើល យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​មើល‌ងាយ វាយ​នឹង​រំពាត់ ស្តោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ។

ព្រះយេស៊ូវមានបន្ទូលថាទ្រង់នឹងត្រូវបានប្រោសឱ្យរស់ឡើងវិញ ហើយទ្រង់ត្រូវបានប្រោសឱ្យរស់ឡើងវិញ។ ព្រះអង្គសន្យាថាទ្រង់នឹងប្រោសឱ្យយើងរស់ឡើងវិញ ហើយទ្រង់ច្បាស់ជានឹងធ្វើកិច្ចការនេះយ៉ាងពិតប្រាកដ ជាក់ជាមិនខាន។

ដូចជាការដែលព្រះយេស៊ូវទ្រង់មានព្រជន្មរស់ឡើងវិញដែរ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទនឹងត្រូវបានរស់ឡើងវិញ ដូច្នោះដែរ។​ ការរស់ឡើងវិញរបស់យើងទាក់ទងគ្នាជាមួយការរស់ឡើងវិញរបស់ទ្រង់។ ការរស់ឡើងវិញ របស់ព្រះយេស៊ូវ គឺជាការធានាពីការរស់ឡើងវិញនាពេលអនាគតសម្រាប់អស់អ្នកដែល​ជាប់​ជា​មួយ​នឹងទ្រង់។ 

 

រ៉ូម ៦:៤-៥

ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្ដី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា​ដែរ ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្ដី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្ដី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ

 

១ កូរិន‌ថូស ៦:១៤

ព្រះ‌ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះ‌អម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ 

 

កូឡូស ១:១៨

ទ្រង់​ជា​សិរសា​របស់​រូប‌កាយ គឺ​ជា​ពួក​ជំនុំ ទ្រង់​ជា​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់ ដើម្បី​ឲ្យ​ទ្រង់​បាន​ជា​ប្រធាន​ក្នុង​គ្រប់​ទាំង​អស់ 

 

ព្រះយេស៊ូវជា “​ដើម ក៏​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់”។ ព្រះអង្គគឺជាមនុស្សដំបូងគេ ដែលឈ្នះលើសេចក្តីស្លាប់ ហើយទទួលបានជីវិតថ្មីជាមួយនឹងរូបកាយដែលរស់ឡើងវិញ។ ព្រះអង្គគឺជាសិរសាររបស់ក្រុមជំនុំ ហើយយើងគឺជារូបកាយ។ តាមធម្មតាពេលកើតមកគឺក្បាលចេញមកមុន ហើយបន្ទាប់មករាងកាយចេញមកតាមក្រោយ។ ដូចគ្នានេះដែរ ព្រះយេស៊ូវគឺជាមនុស្សដំបូងគេ ដែលត្រូវបានប្រោសឱ្យរស់ឡើងវិញ ហើយនៅថ្ងៃមួយអ្នកជឿលើទ្រង់ទាំងអស់ក៏នឹងត្រូវប្រោសឱ្យរស់ឡើងវិញដែរ។ ការបង្ហាញតាមរបៀបម្យ៉ាងទៀតពីសេចក្តីពិតនេះគឺត្រូវពណ៌នាពីព្រះយេស៊ូវថាជាផលផ្លែដំបូងនៃចម្រូតដ៏អស្ចារ្យ។ 

 

១ កូរិន‌ថូស ១៥:២០-២៣

តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ‌សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ‌សារ​មនុស្ស​ដែរ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក 

 

អំពើបាបរបស់អ័ដាំបាននាំយកសេចក្តីស្លាប់មកដល់មនុស្សជាតិ។ ភាពល្អឥតខ្ចោះរបស់ព្រះគ្រីស្ទនាំយក នូវជីវិតរស់ឡើងវិញមកដល់មនុស្សជាតិ។ ព្រះគ្រីស្ទគឺជា “​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ”។

ព្រះយេស៊ូវត្រូវបានប្រោសឱ្យរស់ឡើងវិញនៅថ្ងៃអាទិត្យដំបូងបន្ទាប់ពីថ្ងៃបុណ្យរំលងដែលជាថ្ងៃនៃផលដំបូង។ នៅថ្ងៃដ៏វិសុទ្ធនេះ មនុស្សអបអរផលដំបូងនៃរដូវកាលថ្មី។ មនុស្សអបអរដោយរីករាយដោយសារតែការលេចចេញ នូវផលដំបូងនៃរដូវកាលដែលជាសញ្ញាប្រាប់ថាព្រះជាម្ចាស់បានប្រទានឱ្យនូវជីវិតថ្មី។ នៅថ្ងៃនេះ ផលដំបូងត្រូវបានថ្វាយទៅកាន់ព្រះជាម្ចាស់ដើម្បីបង្ហាញប្រាប់ថានោះជារបស់ទ្រង់ ហើយថាទ្រង់តែងតែជាទីមួយជានិច្ច ហើយក៏ជាសញ្ញានៃសេចក្តីជំនឿរបស់មនុស្សថាជាចម្រូតដ៏អស្ចារ្យដែលនឹងត្រូវមកតាមក្រោយ។ តាមរបៀបដូចគ្នានេះ ការរស់ឡើងវិញដំបូងមកពីសេចក្តីស្លាប់គឺជារបស់ព្រះជាម្ចាស់ (ព្រះយេស៊ូវ) ហើយឥឡូវនេះយើងត្រូវតែមានសេចក្តីជំនឿយ៉ាងជាក់ថាចម្រូត (ដែលជាអ្នកជឿទាំងអស់) នឹងត្រូវមកតាមក្រោយ។ 

 

សាវ័កប៉ូលបាននិយាយអំពីព្រះយេស៊ូវថា “ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។” (កិច្ចការ ២៦:២៣)។ សេចក្តីសង្ឃឹមនៃជីវិតដែលរស់ឡើងវិញសម្រាប់មនុស្សទាំងអស់នៅលើពិភពលោកគឺជាព្រះយេស៊ូវ! ដូចព្រះយេស៊ូវមានបន្ទូលថា “ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ” (យ៉ូហាន ១៤:១៩)។  

***ចាក់បទចម្រៀង៖ រហូតដល់ពេលព្រះគ្រីស្ទទ្រង់យាងមក

 

ការរស់ឡើងវិញរបស់យើង៖ តើនឹងមានអ្វីកើតឡើង? 

ការរស់ឡើងវិញរបស់អ្នកជឿនឹងកើតឡើងនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ។ ព្រះយេស៊ូវពណ៌នាពីព្រឹត្តិការណ៍នេះថា៖

យ៉ូហាន ៥:២៨-២៩

កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស

 

វានឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ! ដូចជាព្រះយេស៊ូវបានសុគត ហើយបានរស់ឡើងវិញ នោះអ្នកជឿទាំងអស់ក្នុងប្រវត្តិសាស្ត្រនឹងរស់ឡើងវិញនៅពេលទ្រង់ យាងត្រឡប់មកវិញ លើកទីពីរ។ សាវ័កប៉ូលបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតដល់យើងអំពីថ្ងៃប្រោសឱ្យ រស់ឡើងវិញ។

 

១ ថេស្សា‌ឡូនិក ៤:១៣-១៨ 

បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម ដ្បិត​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ‌ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះ‌យេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ ដ្បិត​យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ​ថា យើង​ដែល​រស់​នៅ​ជាប់ ដរាប​ដល់​ព្រះ‌អម្ចាស់​យាង​មក នោះ​យើង​មិន​ទៅ​មុន​ពួក​អ្នក ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ

 

ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ‌ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា នឹង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួប‌ជុំ​នឹង​ព្រះ‌អម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះ‌អម្ចាស់​ជា​ដរាប​ទៅ ដូច្នេះ ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ។

 

តើនឹងមានអ្វីកើតឡើង? 

(១) ព្រះយេស៊ូវ នឹងយាងចុះមកពីស្ថានសួគ៌។

(២) មហាទេវតានឹងចេញបញ្ជាឱ្យផ្លុំត្រែ

(៣) មនុស្សស្លាប់នឹងរស់វិញទៅជួប‌ជុំ​នឹងព្រះយេស៊ូវ។ 

(៤) បន្ទាប់មក អ្នកជឿដេលមានជីវិតនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញនឹងត្រូវលើកឡើងទៅក្នុង​ពពក។ 

(៥) អ្នកជឿទាំងអស់នឹងនៅជាមួយព្រះជាម្ចាស់ជា​ដរាប​ទៅ។ 

 

អេសាយ ២៦:១៩

ឯ​ពួក​ស្លាប់​របស់​ឯង​គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។

តើយើងនឹងមានរូបកាយដូច​ម្តេច?

ជំពូកដ៏អស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរអំពីការរស់ឡើងវិញមាននៅក្នុង ១ កូរិនថូស ១៥។ តោះសូមមើលឥឡូវនេះ។

១ កូរិន‌ថូស ១៥:៣៥-៤១

មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា ឯ​ពួក​មនុស្ស​ស្លាប់ នឹង​រស់​ឡើង​វិញ​យ៉ាង​ណា តើ​មក​វិញ​មាន​រូប‌កាយ​ដូច​ម្តេច ឱ​មនុស្ស​កំឡៅ​អើយ គ្រាប់​ពូជ​ដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី តែ​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះ‌ហឫទ័យ​ទ្រង់ គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​១​របស់​មនុស្ស ១​របស់​សត្វ ១​របស់​ត្រី ហើយ​១​របស់​សត្វ​ហើរ ក៏​មាន​រូប‌កាយ​សំរាប់​ស្ថាន‌សួគ៌ ហើយ​មាន​រូប‌កាយ​សំរាប់​ផែនដី​ដែរ តែ​សិរី​របស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ នឹង​របស់​រូប‌កាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា ឯ​ព្រះ‌អាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះ‌ចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ 

 

ទីមួយនឹងមានការបន្តអត្តសញ្ញាណ។ អ្នកនៅតែជាខ្លួនអ្នកដដែល។ ខ្ញុំនៅតែជាខ្ញុំដដែល។ យើងនៅតែជាបុគ្គលម្នាក់ៗដដែល។ បើទោះបីជាយើងនឹងមានការ "ផ្លាស់ប្តូរ" យើងនៅតែមានលក្ខណៈ ជាយើងដដែល។ សាវ័កប៉ូលបង្ហាញពីសេចក្តីពិតដោយប្រាប់ពីឧទាហរណ៍នៃគ្រាប់ស្រូវសាឡី។ នៅពេលព្រួសគ្រាប់ពូជវាត្រូវបានផ្លាស់ប្តូររូបរាង ប៉ុន្តែនៅតែជាស្រូវសាឡីដដែល។ អ្នកមិនព្រួសស្រូវសាឡី ហើយទទួលបានដំឡូងនោះទេ។ នៅក្នុងដំណឹងល្អ រូបរាងរបស់ព្រះយេស៊ូវបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ បានបង្ហាញពីការបន្តអត្តសញ្ញាណរបស់ព្រះអង្គ។ ព្រះយេស៊ូវនៅតែជាព្រះយេស៊ូវដដែល។ សាវ័ករបស់ ទ្រង់បានស្គាល់ទ្រង់។ ស្នាមចាក់ទម្លុះនៅលើព្រះហស្តរបស់ទ្រង់ និងលើចំហៀងខ្លួនទ្រង់គឺជាសញ្ញាប្រាប់ ពីការបន្តនៃអត្តសញ្ញាណរបស់ទ្រង់។ 

ទីពីរ យើងនឹងត្រូវបានផ្លាស់ប្តូរដោយសារព្រះចេស្តាររបស់ព្រះជាម្ចាស់។ រូបកាយរស់ឡើងវិញរបស់យើង នឹងត្រូវប្រទានឱ្យយើងមកពីព្រះជាម្ចាស់ ហើយនឹងមានលក្ខណៈខុសគ្នាពីរូបកាយពីមុនរបស់យើង។ ដូចជារុក្ខជាតិដែរ អ្វីដែលបានព្រួសគ្រាប់ពូជទៅកំណត់ពីអ្វីដែលនឹងត្រូវដុះឡើង ប៉ុន្តែអ្វីដែលដុះឡើងមាន លក្ខណៈខុសគ្នាពីអ្វីដែលបានព្រួសចេញទៅ (ដើមឈើមិនមានរូបរាងដូចជាគ្រាប់ពូជនោះទេ)។ រូបរាងកាយរបស់ យើងត្រូវបានព្រួសចូលទៅក្នុងការកប់ដីដូចជាគ្រាប់ពូជដែរ បន្ទាប់មករាងកាយដូចគ្នានេះនឹងរស់ឡើងវិញនៅក្នុង ជីវិតថ្មីទៅជាអ្វីម្យ៉ាងដែលប្រសើរជាងពីមុន។ ដូច្នេះយើងនឹងបន្តនៅតែជាខ្លួនរបស់យើង ប៉ុន្តែតាមរបៀបដ៏រំភើបថ្មីមួយ។ លោកប៉ូលបន្ត៖

 

១ កូរិន‌ថូស ១៥:៤២-៤៤ក

សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូប‌កាយ ដែល​ពុក‌រលួយ តែ​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក‌រលួយ​ឡើយ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់‌ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី‌ល្អ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​កំសោយ តែ​រស់​ឡើង​វិញ ទាំង​មាន​ព្រះ‌ចេស្តា បាន​កប់​ទៅ ជា​រូប‌កាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូប‌កាយ​ខាង​វិញ្ញាណ​វិញ 

 

សូមគូសបន្ទាប់ពីក្រោមពីការផ្លាស់ប្តូរចំនួនបួនដែលលោកប៉ូលប្រាប់យើងអំពីរូបកាយដែលរស់ឡើងវិញរបស់យើង។ បន្ទាប់មកចូរបំពេញតារាង។ 

 

រូបកាយយើងពេលនេះ ("បាន​កប់​ទៅ")                               

  • ពុក‌រលួយ

  • មាន​សេចក្ដី​អាប់‌ឱន

  • មាន​សេចក្ដី​កំសោយ

  • ខាង​សាច់​ឈាម

 រូបកាយរស់ឡើងវិញរបស់យើង

  • មិន​ចេះ​ពុក‌រលួយ​ឡើយ

  • មាន​សិរី‌ល្អ

  • មាន​ព្រះ‌ចេស្តា

  • ខាងវិញ្ញាណ

រូបកាយដែលរស់ឡើងវិញរបស់យើងគឺជារូបកាយខាងវិញ្ញាណ មិនចេះវិនាស ហើយត្រូវបានប្រោសឱ្យរស់ឡើងវិញមានសិរីរុងរឿង និងមានអំណាច។ 

រូបកាយដែលស្លាប់មិនអំណាច ឬមាន​សិរី‌ល្អនោះទេ។ ហេតុនេះបានជាលោកប៉ូលសំដៅទៅវាថាជា “បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់‌ឱន” និង “បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​កំសោយ”។ ប៉ុន្តែយើងត្រូវបានបង្កើតឡើង ឱ្យរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូត - មិនត្រូវកប់ទៅក្នុងដីដោយអាម៉ាស់ឡើយ។ ហេតុដូច្នេះ រាងកាយរបស់យើងដែលត្រូវបានព្រួសពូជនៅក្នុងភាពទន់ខ្សោយនឹងត្រូវបានប្រោសឱ្យរស់ឡើងវិញ ប្រកបដោយ អំណាច! ពីរូបកាយដែលរស់ឡើងវិញរបស់យើងនឹងមិនទន់ខ្សោយ ឬឈឺ ឬស្លាប់ទៀតទេ។ ជាលើកដំបូង មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សគនិងចេះនិយាយ ហើយមនុស្សខ្វិននឹងដើរ។ វានឹងក្លាយទៅជាថ្ងៃដ៏រីករាយនៅពេលដែលរូបកាយរបស់យើងត្រូវបាន​ "រស់​ឡើង​វិញទាំង​មាន​សិរី‌ល្អ"!

ព្រះយេស៊ូវពណ៌នាយើង (បន្ទាប់ពីការរស់ឡើងវិញរបស់យើង) ថា “​ដូច​ជា​ទេវតា”។

លូកា ២០:៣៤-៣៦

នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ធម្មតា​មនុស្ស​នៅ​លោកីយ​នេះ គេ​តែង​យក​ប្ដី​ប្រពន្ធ តែ​អស់​អ្នក​ដែល​បាន​រាប់​ជា​គួរ ឲ្យ​បាន​ទៅ​ឯ​បរ‌លោក​នាយ ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​ដែល​យក​ប្ដី​ប្រពន្ធ​ទៀត​ទេ ពី​ព្រោះ​គេ​មិន​ចេះ​ស្លាប់​ទៀត គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ​ផង ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ 

នេះគឺជាសេចក្តីពិតដ៏គួរឱ្យកត់សម្គាល់។ ចូរស្រមៃគិតពីខ្លួនអ្នក មានរូបកាយដែលរស់ឡើងវិញ គឺជារូបកាយខាងវិញ្ញាណ មិនចេះវិនាស ហើយមានសិរីរុងរឿង និងមានអំណាច។ ប៉ុន្តែនៅតែជាអ្នកដដែល! មនុស្សនៅតែស្គាល់អ្នកដដែល ប៉ុន្តែពួកគេនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ចំពោះ​ការបំផ្លាស់បំប្រែដ៏​អស្ចារ្យ​នេះ​ដោយព្រះចេស្តាររបស់ព្រះជាម្ចាស់។

បន្ទាប់មក លោកប៉ូលបានធ្វើការប្រៀបធៀបពីរូបកាយធម្មជាតិរបស់យើងដែលយើងមាននៅពេលនេះ ជាមួយនឹងរូបកាយខាងវិញ្ញាណដែលយើងនឹងមាននៅពេលរស់ឡើងវិញ។ 

 

១ កូរិន‌ថូស ១៥:៤៤គ-៥០

បើ​មាន​រូប‌កាយ ខាង​សាច់​ឈាម នោះ​ក៏​មាន​រូប‌កាយ ខាង​វិញ្ញាណ​ដែរ ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក ពី​លោក​អ័ដាម ដែល​ជា​មនុស្ស​មុន​ដំបូង​ថា «បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់» តែ​លោក​អ័ដាម​ក្រោយ​បង្អស់ ជា​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ ឯ​វិញ្ញាណ​មិន​មែន​កើត​មុន​ទេ គឺ​ជា​រូប​សាច់​ទេ​តើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះ‌អម្ចាស់​ដែល​ចេញ​មក​ពី​ស្ថាន‌សួគ៌​វិញ ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌អម្ចាស់ ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ ជា​យ៉ាង​ណា ពួក​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ បង​ប្អូន​អើយ សេចក្ដី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្ដី​ពុក‌រលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្ដី ដែល​មិន​ចេះ​ពុក‌រលួយ​បាន​ដែរ។

 

លោកប៉ូលធ្វើការប្រៀបធៀបលោកអ័ដាំ និងព្រះយេស៊ូវ។ នៅក្នុងអ័ដាំ “យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ”។ នេះគឺជា រូបកាយរបស់យើង ដែល​ធ្វើ​ពីធូលីដីដែលនឹងត្រូវស្លាប់ ហើយត្រឡប់ទៅជាដីវិញ (លោកុ‌ប្បត្តិ ២:៧, ៣:១៩)។  ប៉ុន្តែនៅក្នុងព្រះគ្រីស្ទ “យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌” (នោះគឺព្រះយេស៊ូវ)។ នេះគឺជារូបកាយខាងវិញ្ញាណ​ពី​ស្ថាន‌សួគ៌ ដែលរស់ឡើងវិញរបស់យើង។ វាគឺជារូបកាយនេះហើយដែលមិនវិនាស ហើយនឹងទទួលមរតកពីនគរព្រះ! រូបកាយដែលរស់ឡើងវិញនឹងត្រូវបានសម្របខ្លួនរស់នៅក្នុងបរិយាកាសថ្មីនៅក្នុងយុគសម័យដែលត្រូវមកដល់ (ដូចជារូបកាយបច្ចុប្បន្នរបស់យើងត្រូវបានសម្របខ្លួនរស់នៅក្នុងពិភពលោកនេះដូច្នោះដែរ)។

លោកប៉ូសសន្និដ្ឋាន៖

 

១ កូរិន‌ថូស ១៥:៥១-៥៧

នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌‌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ ដ្បិត​ត្រូវ​តែ​រូប‌កាយ​ដ៏​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ​វិញ ហើយ​រូប‌កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ កាល​ណា​រូប‌កាយ​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ ហើយ​រូប‌កាយ​ដែល​តែង‌តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំរេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ជ័យ‌ជំនះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ» «ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យ‌ជំនះ​របស់​ឯង​នៅ​ឯ​ណា» រីឯ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ជា​ក្រិត្យ‌វិន័យ តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ‌ជំនះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង 

យើងនឹងត្រូវរស់ឡើងវិញនៅពេលព្រះយេស៊ូវយាងមកវិញ។ ការផ្លាស់ប្តូរនឹងកើតមានឡើងភ្លាមៗ “​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ”។ រូបកាយថ្មីរបស់យើងនឹងមិនវិនាសទៀតឡើយ។ អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ‌ជំនះ លើសេចក្តីស្លាប់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង!

យ៉ូបជាសៀវភៅដែលមានអាយុចំណាស់ជាងគេនៅក្នុងលោក។ វាត្រូវបានសរសេរឡើង ជាង ៤០០០ ឆ្នាំមុន។ ប៉ុន្ដែទោះបីពេលនោះក៏ដោយ លោកយ៉ូបបានដឹងអំពីព្រះពរ នៃការរស់ឡើងវិញ។ ចូរស្ដាប់អ្វីដែលគាតបាននិយាយ។

 

យ៉ូប ១៩:២៥-២៧

ប៉ុន្តែឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

លោកយ៉ូបបានដឹងថាគាត់មានអ្នក​ដែល​លោះគាត់ (ព្រះយេស៊ូវ) ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​ឈរលើផែនដី (ការយាងមកជាលើកទី២របស់ទ្រង់) ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ (ការសុគត់របស់ទ្រង់) គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ (ការរស់ឡើងវិញរបស់ទ្រង់)។ 

ពិភាក្សាចូរជ្រើសរើសពាក្យមួយដើម្បីពណ៌នាពីអារម្មណ៍របស់អ្នកចំពោះការរស់ឡើងវិញ។ បន្ទាប់មកប្រាប់ទៅកាន់ក្រុមទាំងមូលថាតើហេតុអ្វីបានជាអ្នកជ្រើសរើសយកពាក្យនេះ។

សង្ខេប៖ អ្នកជឿទាំងអស់នឹងរស់ឡើងវិញនៅពេលព្រះយេស៊ូវយាងមកលើកទីពីរ។ រូបកាយដែលរស់ឡើងវិញរបស់យើងគឺជារូបកាយខាងវិញ្ញាណ មិនចេះវិនាស ហើយមានសិរីរុងរឿង និងមានអំណាច។ 

អធិស្ឋានបញ្ចប់

bottom of page