top of page

​មេរៀនទី ៧: ​ការរាប់ជាសុចរិត

សម្រង់សម្តីព្រះយេស៊ូវ៖ ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។ (លូកា ១៨:១៣-១៤)។

ការរាប់ជាសុចរិតគឺជាពាក្យដែលត្រូវបានប្រើប្រាស់នៅក្នុងតុលាការ។ នៅពេលសាវនាការ បន្ទាប់ពីចៅក្រម បានស្តាប់អំពីភ័ស្តុតាងទាំងអស់រួចហើយ គាត់នឹងធ្វើការកាត់ក្តី។ បុគ្គលដែលត្រូវចោទ នឹងត្រូវបានកាត់ទោស ឬ រាប់ជាសុចរិត។ ដើម្បីរាប់ជាសុចរិតមានន័យថាគាត់ត្រូវបានប្រកាសថា ‘គ្មានទោស’ ពីចៅក្រម។

 

នៅក្នុងព្រះគម្ពីរ ការរាប់ជាសុចរិតមានន័យថាព្រះជាម្ចាស់ប្រកាសថាអស់អ្នកដែលជឿលើព្រះយេស៊ូវទទួល ភាពសុចរិត។ ព្រះជាម្ចាស់ប្រទានឱ្យអ្នកជឿនូវភាពសុចរិតរបស់ព្រះយេស៊ូវ ហើយសម្អាតគាត់ចេញពី គ្រប់ទាំងកំហុសទាក់ទងនឹងអំពើបាបរបស់គាត់។    

ការរាប់ជាសុចរិតគឺជាកិច្ចការរបស់ព្រះជាម្ចាស់ដែលទ្រង់បានប្រកាសពីភាពសុចរិត

ដល់អស់អ្នកដែលជឿលើព្រះយេស៊ូវ។

ការសង្គ្រោះគឺជាការជួយឲ្យមនុស្សមានបាបរួចចេញ។ ការប្រោសលោះគឺជាសេរីភាពរបស់ទាសករ។ ការរាបជាសុចរិតគឺជាភាពសុចរិតសម្រាប់អ្នកដែលមានទោស។ ដើម្បីស្វែងយល់ពីការរាប់ជាសុចរិត យើងត្រូវសិក្សាអំពី៖

  • ក្រិត្យ‌វិន័យ

  • ឧក្រិដ្ឋកម្ម

  • ការកាត់ក្តី

  • ចៅក្រម

  • សាលក្រម

  • ការសន្និដ្ឋានដ៏គួរឱ្យឆល់

(១) ក្រិត្យ‌វិន័យ

ក្រិត្យ‌វិន័យគឺជាខ្នាតតម្រាស្តង់ដាដ៏បរិសុទ្ធ ល្អ និងសុចរិតរបស់ព្រះជាម្ចាស់សម្រាប់អាកប្បកិរិយា របស់មនុស្ស។  រយៈពេលប្រាំពីរសប្តាហ៍ក្រោយពេលដែលព្រះជាម្ចាស់បានប្រោសលោះ ប្រជារាស្ត្ររបស់ ទ្រង់ចេញពីភាពជាទាសករនៅក្នុងប្រទេសអេសីព្ទ ព្រះអង្គបានប្រទានក្រិត្យ‌វិន័យដល់ពួកគេនៅភ្នំស៊ីណៃ ដើម្បីឱ្យពួកគេស្គាល់ពីភាពសុចរិតថាជាអ្វី។

 

ចោទិយ‌កថា ៦:២៤

ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

 

អេសាយ ៤២:២១ 

ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់

 

រ៉ូម ៧:១២  

ដូច្នេះ ក្រិត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្ដី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ 

ក្រិត្យ‌វិន័យរបស់ព្រះជាម្ចាស់គឺជាតម្រាស្តង់ដាជាអចិន្ត្រៃយ៍នៃភាពសុចរិតសម្រាប់មនុស្ស។ វានឹងមិនបាត់ ទៅណា ឬមានការប្រែប្រួលតាមរបៀបណាមួយឡើយ។ សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ៖ 

ម៉ាថាយ ៥:១៧-១៩

តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ។ កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ

ក្រិត្យ‌វិន័យប្រាប់យើងពីតម្រាស្តង់ដានៃភាពសុចរិត។ ហេតុដូច្នេះ ប្រសិនបើមនុស្សម្នាក់ កាន់តាមបទបញ្ញតិទាំងអស់ គាត់នឹងទទួលបាននូវភាពសុចរិត ឥតកន្លែងបន្ទោសបាន និងជាមនុស្សមានពរ។

 

ចោទិយ‌កថា ៦:២៥

ដូច្នេះ​បើ​យើង​ប្រយ័ត នឹង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​យើង​ហើយ។

 

ទំនុកដំកើង ១១៩:១

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ គឺ​ជា​អ្នក​ដែល​ដើរ​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា

(២) ឧក្រិដ្ឋកម្ម៖ ការបំពានក្រិត្យ‌វិន័យ

អំពើបាបគឺច្រើនជាងគ្រាន់តែធ្វើខុស។ វាបំពានក្រិត្យ‌វិន័យរបស់ព្រះ។

 

១ យ៉ូហាន ៣:៤ 

ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រិត្យ‌វិន័យ​ហើយ

 

ប្រសិនបើយើងមិនកាន់តាមបញ្ញតិទាំងអស់ទេ យើងមានកំហុសក្នុងនាមជាអ្នកបំពានក្រិត្យ‌វិន័យ។ ប្រសិនបើមនុស្សម្នាក់បំពានក្រិត្យ‌វិន័យតែមួយផ្នែក ហើយគោរពប្រតិបតិ្តតាមគ្រប់ផ្នែកនៃបញ្ញតិទាំងអស់ គាត់នៅតែមានកំហុសនៃការបំពានក្រិត្យ‌វិន័យដដែល។ 

 

យ៉ាកុប ២:១០ 

ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។

 

ការល្បងលនៃភាពសុចរិត

តើយើងដឹងយ៉ាងដូចម្តេចថាយើងជាមនុស្សសុចរិត ឬមិនសុចរិតនោះ? ព្រះជាម្ចាស់បានបញ្ជាក់ដល់យើងយ៉ាងច្បាស់នៅក្នុងក្រិត្យ‌វិន័យរបស់ព្រះអង្គ ដេលសង្ខេបនៅក្នុងបញ្ញតិទាំងដប់ប្រការ។  បទបញ្ញតិប្រាប់យើងពីរបៀបឲ្យមានសេចក្តីស្រឡាញ់ដែលត្រឹមត្រូវដល់ព្រះជាម្ចាស់ និមនុស្ស។ សូមអាន៖ និក្ខមនំ ២០:១-១៧ 

 

ពិចារណា៖ សូមចំណាយពេលបន្តិចដើម្បីគិតពីបទបញ្ញតិនីមួយៗ។ តើអ្នកធ្លាប់…? 

(១) យកព្រះក្លែងក្លាយដាក់នៅចំពោះព្រះជាម្ចាស់? 

(២) ថ្វាយបង្គំរូបចម្លាក់? 

(៣) ប្រើព្រះនាមរបស់ព្រះខុស? 

(៤) មិនប្រតិបត្តិតាមថ្ងៃសប្ប័ទ? 

(៥) មិនគោរពប្រតិបត្តិឪពុកម្តាយរបស់អ្នក?

(៦) សម្លាប់នរណាម្នាក់? 

(៧) ប្រព្រឹត្តិអំពើកំផិត? 

(៨) លួចអ្វីមួយ? 

(៩) និយាយមិនពិតពីនរណាម្នាក់? 

(១០) ចង់បានរបស់ដែលជាកម្មសិទ្ធិរបស់អ្នកផ្សេង? 

 

បទបញ្ញតិគឺជាតម្រាស្តង់ដាដ៏ល្អឥតខ្ចោះនៃភាពសុចរិតរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកបានបំពានទៅលើបទបញ្ញតិណាមួយទាំងនេះ អ្នកមិនសុចរិតនោះទេ។ សេចក្តីពិតគឺថាគ្មានពួកយើងណាម្នាក់សុចរិតទេ។ 

 

ទំនុកដំកើង ១៤:២-៣

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌

ចំពោះ​ពួក​កូន​មនុស្ស

ដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត

ស្វែង​រក​ព្រះ​ឬ​ទេ

តែ​គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅ

ជា​ស្មោក‌គ្រោក​ទាំង​អស់

គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ

សូម្បី​តែ​១​ក៏​គ្មាន​ផង

 

អេសាយ ៦៤:៦

ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​រាល់​គ្នា​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់​យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់ 

 

យើងអាចគិតថាយើងជាមនុស្សសុចរិតតាមរយៈតម្រាស្តង់ដារបស់មនុស្ស។ ប៉ុន្តែយើងមិនមែនវិន្និច្ឆ័យដោយតម្រាស្តង់ដារបស់មនុស្សនោះទេ។ យើងត្រូវបានវិន្និច្ឆ័យតាមរយៈតម្រាស្តង់ដារបស់ព្រះជាម្ចាស់។ តាមរយៈតម្រាស្តង់ដារបស់ព្រះជាម្ចាស់យើងទាំងអស់គ្នាសុទ្ធតែមិនសុចរិត។ 

បញ្ហាគឺថាមិនស្ថិតនៅលើក្រិត្យ‌វិន័យដែលបរិសុទ្ធ សុចរិត និងការល្អនោះទេ ប៉ុន្តែចំពោះមនុស្សដែលមិនចុះចូលទៅនឹងក្រិត្យ‌វិន័យរបស់ព្រះជាម្ចាស់។  

 

រ៉ូម ៧:១៤  

ដ្បិត​យើង​ដឹង​ថា ក្រិត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប

 

រ៉ូម ៨:៧-៨ 

ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ 

 

ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ សុចរិត ហើយល្អ។ ព្រះអង្គប្រទានក្រិត្យ‌វិន័យដែលបរិសុទ្ធ សុចរិត និងល្អ មកដល់មនុស្ស។ បញ្ញតិរបស់ទ្រង់មិនប្រែប្រួលសោះឡើយ។ យ៉ាងណាមិញ ខាងសាច់ឈាម (គឺជាសណ្ឋានដែលធ្លាក់ចុះរបស់មនុស្ស) គឺជាសត្រូវរបស់ព្រះជាម្ចាស់ ហើយមិនអាចចុះចូលទៅនឹងបទបញ្ញតិរបស់ព្រះជាម្ចាស់បានឡើយ។ គ្មានពួកយើងណាម្នាក់អាចប្រតិបត្តិតាមបទបញ្ញតិទាំងអស់បានទេ។ ហេតុដូច្នេះហើយបានជាគ្មានពួកយើងណាម្នាក់សុចរិតឡើយ។

(៣) ការកាត់ក្តី

នឹងមានថ្ងៃជំនុំជម្រះនៅពេលដែលមនុស្សទាំងអស់នឹងត្រូវបានកាត់ទោសចំពោះអ្វីដែលយើងបានប្រព្រឹត្តិ និងនិយាយចេញមក។

 

ហេ‌ព្រើរ ៩:២៧ 

ហើយ​ដោយ​ព្រោះ​បាន​ដំរូវ​ត្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្ដី​ជំនុំ‌ជំរះ

នៅពេលកាត់ទោស គ្មានអ្វីនឹងជាអាថ៌កបាំងនោះទេ។ អ្វីៗគ្រប់យ៉ាងនឹងត្រូវបាននាំចេញមកកាន់ពន្លឺ។ អ្វីៗដែលយើងធ្លាប់បាននិយាយ ប្រព្រឹត្តិ និងគិតនឹងត្រូវបានសម្តែងចេញមក ហើយកាត់ទោស។ 

 

ហេ‌ព្រើរ ៤:១៣

គ្មាន​អ្វី​កើត​មក ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់​រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់។

 

១ កូរិន‌ថូស ៤:៥ 

ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​នឹង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្ដី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។

(៤) ចៅក្រម

យើងទាំងអស់គ្នានឹងត្រូវបានជំនុំជម្រះ។ ហេតុដូច្នេះ យើងត្រូវសួរថា៖ តើនរណាជាចៅក្រម? 

 

យ៉ូហាន ៥:២២

ព្រះវរ‌បិតា​ទ្រង់​មិន​ជំនុំ‌ជំរះ​អ្នក​ណា​ទេ ទ្រង់​បាន​ប្រគល់​គ្រប់​ការ​ជំនុំ‌ជំរះ ដល់​ព្រះ‌រាជ‌បុត្រា​វិញ 

 

២ កូរិន‌ថូស ៥:១០

ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ទៅ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ការ​ដែល​បាន​ធ្វើ ពី​កាល​នៅ​ក្នុង​រូប‌កាយ​រៀង​ខ្លួន ទោះ​ល្អ​ឬ​អាក្រក់​ក្តី 

 

រ៉ូម ២:១៦ 

គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ‌ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ។

សួរ៖ តើនរណាជាចៅក្រម?

ព្រះយេស៊ូវគឺជាចៅក្រមរបស់មនុស្សទាំងអស់។ យើងទាំងអស់គ្នាត្រូវតែលេចឡើងនៅចំពោះបល្ល័ងនៃការជំនុំជម្រះរបស់ទ្រង់។ វាមិនអាស្រ័យថាតើយើងគិតថាយើងគ្មានកំហុស ឬមិនមាននោះទេ។ ព្រះយេស៊ូវទ្រង់ជាអ្នកសម្រេចព្រះទ័យ។

ព្រះយេស៊ូវគឺជាចៅក្រមដ៏សុចរិត។ ហេតុដូច្នេះ ទ្រង់នឹងមិនព្រងើយកន្តើយ ឬមើលរំលងអំពើបាបទេ។  ចៅក្រមដ៏សុចរិតមិនធ្វើដូច្នោះទេ។ ព្រះអង្គនឹងមិនបរាជ័យក្នុងការជំនុំជម្រះអំពើបាបទេ។ ទ្រង់នឹងជំនុំជម្រះពិភពលោកនវដោយភាពសុចរិត។

 

ទំនុកដំកើង ៩:៨

ទ្រង់​នឹង​ជំនុំ‌ជំរះ​មនុស្ស​លោក​ដោយ​យុត្តិ‌ធម៌

ក៏​នឹង​វិនិច្ឆ័យ​អស់​ទាំង​សាសន៍ ដោយ​សេចក្ដី​សុចរិត

(៥) សាលក្រម

នេះគឺជាស្ថានភាពរបស់យើង៖ ព្រះជាម្ចាស់បានប្រទានក្រិត្យ‌វិន័យដ៏បរិសុទ្ធ សុចរិត និងល្អ។  យើងទាំងអស់គ្នាបានបំពានក្រិត្យ‌វិន័យបស់ព្រះអង្គ។ ព្រះជាម្ចាស់បានជ្រើសរើសយកថ្ងៃមួយពេលដែល យើងនឹងទទួលការជំនុំជម្រះពីអ្វីៗគ្រប់យ៉ាងដែលយើងបាននិយាយ ប្រព្រឹត្តិ និងគិត។ ចៅក្រមនឹងជំនុំជម្រះយើងដោយភាពសុចរិត។ ប្រសិនបើជាអ្វីដែលអ្នកធ្លាប់បាននិយាយ ប្រព្រឹត្តិ ហើយគិតថានឹងត្រូវជំនុំជម្រះ តើអ្នកនឹងត្រូវបានរកឃើញថាមានទោស ឬគ្មានទោស? 

 

រ៉ូម ៣:១០  

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង 

 

រ៉ូម ៣:២០ 

ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

 

១ យ៉ូហាន ១:៨  

បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ

ច្បាស់ណាថាយើងទាំងអស់គ្នាគឺសុទ្ធតែមានទោស។ យើងទាំងអស់គ្នាបានបំពានក្រិត្យ‌វិន័យរបស់ ព្រះជាម្ចាស់ ហើយសមនឹងទទួលការកាត់ទោស។ ហេតុដូច្នេះ អ្វីដែលយើងសមនឹងទទួលគឺ ផ្ទុយពីការរាប់ជាសុចរិត។

 

(៦) ការសន្និដ្ឋានដ៏គួរឱ្យឆល់

អ្នកកំពុងតែឈរនៅក្នុងបន្ទប់សាវនាការ។ អ្នកដឹងថាអ្នកមានទោសពីបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់។ ចៅក្រមដឹងថាអ្នកមានតោស ហើយបានចេញសាលក្រមរបស់គាត់ថា៖ “មានទោស”។ ទោសនៃបទឧក្រិដ្ឋគឺការស្លាប់។

បន្តែជាជាងត្រូវបាននាំឲ្យទៅទទួលទ័ណ្ឌកម្មពីបទឧក្រិដ្ឋរបស់អ្នក ចៅក្រមបោះជំហានទៅមុខ ហើយនិយាយថាគាត់នឹងទួលយកទ័ណ្ឌកម្មនោះសម្រាប់អ្នក! គាត់នឹងប្រគល់ជីវិតរបស់គាត់ជាថ្នូរនឹងអ្នក។ វាគឺជាសេចក្តីស្រឡាញ់ និងសេក្តីមេត្តាករុណាដ៏អស្ចារ្យបំផុតដែលអ្នកនឹងទទួលបាន។ ចាក់បទចម្រៀង៖ ក្តីស្នេហ៍អស្ចារ្យ

ការរាប់ជាសុចរិតតាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ

មានរបៀបមួយទៀតដើម្បីទទួលបាននូវភាពសុចរិតក្រៅពីក្រិត្យ‌វិន័យ។ វាគឺតាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទជាចៅក្រមដ៏សុចរិតដែលបានសុគតជំនួសអ្នក។

 

រ៉ូម ៣:២១-២៦

ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រិត្យ‌វិន័យ សេចក្ដី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រិត្យ‌វិន័យ នឹង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​បាន ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។

 

នេះគឺជាដំណឹងល្អ។ អស់អ្នកណាដែលទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ គឺត្រូវបាន​រាប់​ជា​សុចរិត​ ដោយ​ព្រះជាម្ចាស់។ យើង​ត្រូវ​បាន​គេ​ប្រកាស​ថា​សុចរិត មិន​មែន​ដោយ​សារ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង។ យើងទាំងអស់គ្នាត្រូវបាន​រាប់​ជា​សុចរិត ដោយព្រះគុណរបស់ព្រះជាម្ចាស់ជាអំណោយ (ខ២៤)។ ដោយរបៀបណា? ““ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ”  ដែលយើងទទួលដោយសេចក្តីជំនឿ (ខ២៤-២៥)។ លទ្ធផលគឺថា ព្រះអង្គ​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ (ខ២៦)!

ព្រះជាម្ចាស់​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ

 

ពេលខ្លះមានមនុស្សសួរថា៖ ប្រសិនបើព្រះជាម្ចាស់ល្អមែន ហេតុអ្វីបានជាទ្រង់ដាក់ទោសមនុស្ស?  ចម្លើយគឺថាមនុស្សសុទ្ធតែមានបាប ព្រះជាម្ចាស់ទ្រង់សុចរិត ហើយទ្រង់ជំនុំជម្រះអំពើបាបដោយយុត្តិធម៌។ សំណួរដែលពិបាកជាងនោះគឺ៖ តើព្រះជាម្ចាស់ទ្រង់យុត្តិធម៌ដោយរបៀបណា ហើយប្រកាសថា អ្នកមានបាបសុចរិតយ៉ាងម៉េចទៅ? យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តិអំពើបាប។ តើព្រះជាម្ចាស់ ដែលទ្រង់យុត្តិធម៌ និងសុចរិត មើលមកកាន់អ្នកមានបាបដែលមានទោស ហើយប្រកាសថាគាត់គ្មានទោស ហើយនៅតែមានយុត្តិធម៌ និងភាពសុចរិតដដែល ដោយ​របៀប​ណា? 

 

តាមរបៀបតែមួយគត់ដែលព្រះជាម្ចាស់អាចជំនុះជម្រះអំពើបាប ហើយអនុញ្ញាតិឲ្យអ្នកមានបាបមាន សេរីភាពពីការដាក់ទោសគឺត្រូវមានអ្នកដែលគ្មានកំហុសមកទទួលទោសជំនួស។ ព្រះជាម្ចាស់បានធ្វើ កិច្ចការនេះដោយបានបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គមកក្នុងពិភពលោកនេះដើម្បីរស់នៅប្រកបដោយការស្តាប់បង្គាប់តាមក្រិត្យ‌វិន័យដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកទទួលយកការដាក់ទោសជំនួសមនុស្ស ដែលបានបំពានក្រិត្យ‌វិន័យ។ ដំណោះស្រាយចំពោះបញ្ហាពីរបៀបដែលថាព្រះជាម្ចាស់យុត្តិធម៌ និងរាប់មនុស្ស ទុច្ចរិតថាសុចិរតគឺរកឃើញនៅលើឈើឆ្កាង។ នៅលើឈើឆ្កាង ព្រះជាម្ចាស់បង្ហាញពី ការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់ចំពោះអំពើបាប  ប៉ុន្តែធ្វើកិច្ចការនេះតាមរយៈការជំនួស (ព្រះយេស៊ូវ)  ដោយហេតុនេះបង្ហាញពីព្រះគុណ និងសេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សមានបាប។

នេះគឺជារបៀបដែលព្រះជាម្ចាស់ទ្រង់មានយុត្តិធម៌ និងធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់បានសុចរិត៖​

  • ព្រះជាម្ចាស់ទ្រង់យុត្តិធម៌ដោយសារទ្រង់មិនព្រងើយកន្តើយ ឬបរាជ័យក្នុងការកាត់ទោសអំពើបាបទេ។ ព្រះអង្គប្រទានសាលក្រមត្រឹមត្រូវ “មានទោស” ហើយទ្រង់បានប្រទានការកាត់ទោសដែលត្រឹមត្រូវ “ការស្លាប់”។

  • ព្រះជាម្ចាស់ទ្រង់ជាអ្នកធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់បានសុចរិត ដោយសារការកាត់ទោសឲ្យ ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ទ្រង់សុគតនៅកន្លែងរបស់យើង។  ឥឡូវនេះព្រះជាម្ចាស់អាចប្រកាសថាយើងមានភាពសុចរិតបានហើយដោយសារការដាក់ទោស ដោយយុត្តិធម៌សម្រាប់អំពើបាបរបស់យើងទាំងអស់គ្នាត្រូវបានប្រទានមកយ៉ាងពេញលេញហើយ។

** ចូរផ្តល់ឧទាហរណ៍នៅក្នុងកំណត់សម្គាល់របស់គ្រូប្រសិនបើអ្នកគិតថាវាជួយដល់សិស្សរបស់អ្នក។

 

នៅពេលយើងសម្លឹងមើលទៅកាន់ឈើឆ្កាង គ្មាននរណាម្នាក់អាចនិយាយថាព្រះជាម្ចាស់មិនយុត្តិធម៌នោះទេ (ទ្រង់ពិតប្រកដជាកាត់ទោសអំពើបាប) ហើយក៏គ្មាននរណាម្នាក់អាចនិយាយថាព្រះជាម្ចាស់ គ្មានសេចក្តីមេត្តាករុណាដែរ (ព្រះអង្គពិតជាបានធ្វើឲ្យអ្នកមានបាបដែលមានកំហុសបានសុចរិតវិញ)។

 

អេសាយ ៥៣:៦

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។

អេសាយ ៥៣:១១

ទ្រង់​នឹង​ឃើញ​ផល​នៃ​ការ​ដែល​ព្រលឹង​ទ្រង់​រង​វេទនា នោះ​នឹង​បាន​ស្កប់‌ស្កល់​ផង អ្នក​ដ៏​សុចរិត គឺ​ជា​អ្នក​បំរើ​របស់​អញ ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ 

ពិភាក្សា

  • តើព្រះជាម្ចាស់អនុញ្ញាតិឲ្យអ្នកមានបាបមានសេរីភាព ហើយនៅតែជា​ព្រះ​ដ៏​សុចរិត​ ដោយ​របៀប​ណា?

  • ហេតុអ្វីបានជាមានសារៈសំខាន់ដែលត្រូវដឹងថាព្រះជាម្ចាស់មិនព្រងើយកន្តើយនឹងអំពើបាប ប៉ុន្តែទ្រង់បានជំនុំជម្រះវារួចហើយនៅលើឈើឆ្កាង? 

 

តើយើងមាន​ការរាប់ជាសុចរិតដោយរបៀបណា?

ប្រភព៖ ការរាប់ជាសុចរិតគឺជាអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់

ព្រះជាម្ចាស់គឺជាប្រភពនៃការរាប់ជាសុចរិតរបស់យើងឡើងវិញ។ ដូចដែលយើងអាននៅក្នុង រ៉ូម ៣:២៤ យើងត្រូវបានធ្វើឲ្យមានភាពសុចរិតត្រឹមត្រូវឡើងវិញដោយសារព្រះគុណរបស់ព្រះជាម្ចាស់ជាអំណោយ។ ជាអំណោយ គឺជាអ្វីម្យ៉ាងដែលយើងមិនអាចសម្រេចបាននោះទេ វាគឺជាអ្វីដែលយើងទទួល។

 

រ៉ូម ៣:២៣-២៤

ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

មូលដ្ឋាន៖ ការរាប់ជាសុចរិតឡើងវិញគឺសម្រេចបានតាមរយៈការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ

មូលហេតុថាតើហេតុអ្វីបានជាព្រះជាម្ចាស់អាចប្រកាសថាអ្នកមានបាបមានភាពសុចរិតគឺពីព្រោះថាព្រះយេស៊ូវគ្រីស្ទបានទទួលនូវការដាក់ទោសពេញលេញសម្រាប់អំពើបាបរបស់យើងតាមរយៈការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ បើគ្មានការនេះទេ ការរាប់ជាសុចរិតរបស់យើងមិនអាចធ្វើបាននោះទេ។

 

រ៉ូម ៥:៩

ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្ដី​ក្រោធ ដោយ‌សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត

ស្ថានភាពថ្មីនៃភាពសុចរិតរបស់យើងគឺសម្រេចបានតាមរយៈកិច្ចការរបស់ព្រះយេស៊ូវធ្វើជំនួសយើង។ យើងត្រូវបាន “រាប់ជាសុចរិតដោយសារព្រះលោហិតទ្រង់”។ “លោហិត” របស់ទ្រង់សំដៅលើ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាងសម្រាប់ជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ ព្រះជាម្ចាស់បាន បង្ហាញថាទ្រង់ទទួលយកយញ្ញបូជារបស់ព្រះយេស៊ូវតាមរយៈការប្រោសឱ្យទ្រង់រស់ពីសុគតឡើងវិញ។

 

រ៉ូម ៤:២៤ខ-២៥

គឺ​សំរាប់​យើង​រាល់​គ្នា​ដែរ សេចក្ដី​សុចរិត​នោះ​នឹង​បាន​រាប់​ដល់​យើង​រាល់​គ្នា ជា​ពួក​អ្នក​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដែល​ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត។

មធ្យោបាយ៖ ការរាប់ជាសុចរិតបានទទួលតាមរយៈជំនឿលើព្រះយេស៊ូវ

 

ឥឡូវនេះយើងទទួលបានការរាប់ជាសុចរិតឡើងវិញតាមរយៈ “សេចក្តីជំនឿលើព្រះយេស៊ូវ” គឺថាតាមរយៈការទុកចិត្តលើទ្រង់ និងអ្វីៗទាំងអស់ដែលព្រះអង្គបានធ្វើសម្រាប់យើង។ នៅពេលមនុស្សមានបាបទទួលព្រះគ្រីស្ទដោយសេចក្តីជំនឿ ពួកគេត្រូវបានរាប់ជាសុចរិត។

 

កាឡា‌ទី ២:១៦ 

យើង​ដឹង​ថា មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ គឺ​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ ហេតុ​នោះ​បាន​ជា​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌គ្រីស្ទ​នោះ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ឡើយ

 

តើធ្វើយ៉ាងណាដើម្បីឲ្យបុគ្គលណាមួយអាចរាប់ជាសុចរិតបាន? មានមនុស្សជាច្រើនព្យាយាមឲ្យ បានការរាប់ជា សុចរិត ដោយការប្រព្រឹត្តរបស់ខ្លួន ប៉ុន្តែវាគឺជាអ្វីដែលមិនអាចទៅរួចនោះឡើយ។ លោកប៉ុលបាននិយាយ នៅខ១៦ បីដងថា មនុស្ស​មិន​អាចបាន​រាប់​ជា​សុចរិត តាមរយៈការ ​ប្រព្រឹត្ត​តាម ច្បាប់​ក្រឹត្យវិន័យ​នោះឡើយ។

 

  • «មនុស្ស​មិន​បាន​រាប់​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​នោះឡើយ​»

  • «មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទេ»

  • «ពី​ព្រោះ​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ឡើយ»។

 

ក្រឹត្យវិន័យត្រង់នេះគឺជាការសំដៅទៅលើ ក្រឹត្យវិន័យរបស់លោកម៉ូសេ ប៉ុន្តែក៏រាប់បញ្ចូលរាល់ទាំងក្រឹត្យវិន័យ សាសនា ដែលផ្តោតទៅលើការខំប្រឹងប្រព្រឹត្តរបស់មនុស្ស ដើម្បីឲ្យបានសេចក្តីសុចរិតដែរ។ គ្មានអ្វីដែល នរណាម្នាក់អាចធ្វើបាន ដើម្បីឲ្យអាចរាប់ខ្លួនជាសុចរិតនៅចំពោះមុខព្រះបានឡើយ។ នេះគឺជាដំណឹងអាក្រក់។

ការរាប់ជាសុចរិតមិនអាចរកបាន ឬសម្រេចបានតាមរយៈការដែលយើងធ្វើនោះទេ។ ដោយសារ អំពើបាបរបស់យើង យើងគឺមិនអាចសម្រេចបាននូវភាពសុចរិតរបស់យើងដោយការខិតខំផ្ទាល់ខ្លួន របស់យើងបានឡើយ។  

 

រ៉ូម ៣:២០

ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

 

កាឡា‌ទី ៣:១១ 

ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រិត្យ‌វិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្ដី​ជំនឿ»

 

ដូច្នេះ តើធ្វើយ៉ាងណាឲ្យយើងអាចរាប់ជាសុចរិតបាន? ម្តងទៀត លោកប៉ុលបានប្រាប់យើង ៣ចំនុច:

  • «គឺ​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ​វិញ»

  • «យើង​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ»

  • «ដោយសារ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះគ្រីស្ទនោះ»។

 

រ៉ូម ៣:២៨

ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ

 

រ៉ូម ១:១៧ 

ដ្បិត​សេចក្ដី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្ដី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ»។

 

រ៉ូម ៤:៥

តែ​ចំណែក​អ្នក​ដែល​មិន​ធ្វើ​ការ​សោះ គឺ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ទ្រង់​ប្រោស​ឲ្យ​មនុស្ស​ទមិល​ល្មើស​បាន​សុចរិត នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​នោះ បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត​វិញ

 

មានតែវិធីមួយទេ ដែលអាចធ្វើឲ្យយើងរាប់ជាសុចរិតបាន នោះគឺ​ការមាន​សេចក្តី​ជំនឿជឿ​លើ​ ព្រះយេស៊ូវគ្រីស្ទ។ ជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជា ការទទួលស្គាល់ជឿលើចំនុចគ្រប់យ៉ាងអំពី ព្រះយេស៊ូវ និងគ្រប់ទាំងការដែលទ្រង់ បានធ្វើសម្រាប់យើង។ អ្នកណាក៏ដោយក៏អាចទទួលបាន ការរាប់ជាសុចរិតពីព្រះបានដែរ តែមិនមែន ដោយសារតែការប្រព្រឹត្តរបស់ពួកគេនោះទេ ប៉ុន្តែ ដោយសារតែពួកគេមានជំនឿជឿលើព្រះយេស៊ូវគ្រីស្ទ។ នេះគឺជាដំណឹងដ៏ល្អ។⁣

ដោយសង្ខេប ប្រភពនៃការរាប់ជាសុចរិតគឺព្រះជាម្ចាស់ជាវរបិតា។ ព្រះអង្គអាចរាប់យើងជាសុចរិតដោយព្រោះការសុគតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងជំនួសយើងដែលយើងទទួលតាមរយៈជំនឿ។

ចូរចំណាយពេលខ្លះៗដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ការរាប់អ្នកថាសុចរិតជាមួយតម្លៃដ៏ខ្ពស់បំផុត។

 

លទ្ធផលនៃការរាប់ជាសុចរិត

យើងនឹងបញ្ចប់ការសិក្សារបស់យើងតាមរយៈការចាត់ទុកលទ្ធផលនៃការត្រូវ​បានប្រកាសពីភាពសុចរិតមកពីព្រះជាម្ចាស់។

១) អ្នកមានសេរីភាពចេញពីការកាត់ទោស។

នៅពេលចៅក្រមនៃពិភពលោកនេះប្រកាសថាយើងសុចរិត គ្មាននរណាអាចកាត់ទោសយើងបានទេ។

 

រ៉ូម ៨:១ 

ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ

 

រ៉ូម ៨:៣១-៣៤ក

ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ឯ​ព្រះ‌អង្គ ដែល​មិន​បាន​សំចៃ​ទុក​នូវ​ព្រះ‌រាជ‌បុត្រា​ទ្រង់​បង្កើត គឺ​បាន​បញ្ជូន​ទ្រង់​ទៅ​ជំនួស​យើង​រាល់​គ្នា នោះ​តើ​មាន​ទំនង​អ្វី ឲ្យ​ទ្រង់​មិន​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់​នោះ​ផង តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន 

២) អ្នកទទួលបានភាពសុចរិតរបស់ព្រះជាម្ចាស់

ព្រះជាម្ចាស់គឺជាប្រភពនៃភាពសុចរិតដែលយើងទាំងអស់គ្នាត្រូវការ។ អ្វីដែលព្រះជាម្ចាស់ទាមទារពីយើង ទ្រង់បានប្រទានមកឲ្យយើង។ ការរាប់ជាសុចរិតគឺមិនមែនជារង្វាន់សម្រាប់មនុស្សសុចរិតទេ វាគឺជាអំណោយចំពោះមនុស្សមានទោស។ តាមរយៈព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ មិនគ្រាន់តែព្រះជាម្ចាស់មិនដាក់ទោសយើងប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏បានប្រទានភាពសុចរិតឲ្យយើងដែរ។

 

ម៉ាថាយ  ៥:៦  

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត

តើយើងស្រេកឃ្លានភាពសុចរិតដែរឬទេ? ប្រសិនបើយើងស្រេកឃ្លាន នោះព្រះជាម្ចាស់មានដំណឹងល្អសម្រាប់យើង។ ព្រះអង្គនឹងបំពេញយើងដោយភាពសុចរិតរបស់ព្រះគ្រីស្ទ។

 

២ កូរិន‌ថូស ៥:២១ 

ដ្បិត​ឯ​ព្រះ‌អង្គ ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ‌អង្គ​នោះ​ឯង។

 

ដើម្បីព្រះយេស៊ូវត្រូវបាន “ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប” មិនមានន័យថា បុគ្គលិកលក្ខណៈរបស់ទ្រង់ប្រែទៅជាអសីលធម៌នោះទេ ប៉ុន្តែទ្រង់នឹងទទួលនូវផលវិបាកតាមផ្លូវច្បាប់សម្រាប់អំពើបាបរបស់យើង។  ទ្រង់ត្រូវបានគេចាត់ទុកថាមានទោសចំពោះអំពើបាបទាំងអស់ ដែលធ្លាប់បានប្រព្រឹត្តិ បើទោះបីជាព្រះអង្គមិនបានប្រព្រឹ្តត្តិសោះក៏ដោយ។ ស្រដៀងគ្នានេះដែរ សម្រាប់យើង “បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ” មិនមានន័យថាបុគ្គលិកលក្ខណៈរបស់យើងប្រែទៅជាសុចរិត ភ្លាមៗនោះទេ ប៉ុន្តែយើងមានស្ថានភាពនៃភាពសុចរិតតាមច្បាប់នៅចំពោះព្រះជាម្ចាស់។ ព្រះយេស៊ូវ មិនមែនជាអ្នកមានបាបទេ ប៉ុន្តែទ្រង់ត្រូវបានគេចាត់ទុកដូចជា ទ្រង់ជាអ្នកមានបាប។ ដោយហេតុនេះ អ្នកជឿត្រូវបានចាត់ទុកដូចជាពួកគេជាមនុស្សសុចរិត បើទោះបីជាយើងមិនសុចរិតក៏ដោយ។ 

 

ពួកយើងគ្មាននរណាម្នាក់សុចរិតទេ ប៉ុន្តែព្រះពរខាងវិញ្ញាណនៃការរាប់ជាសុចរិតតាមរយៈសេចក្តីជំនឿ មានន័យថា ព្រះជាម្ចាស់​ចាត់ទុកដូចជាយើងជាមនុស្សសុចរិត។ នៅពេលព្រះជាម្ចាស់ទតមើល មកយើង ទ្រង់មិនមើលទៅកាន់អំពើបាបទាំងអស់របស់យើងទេ ទ្រង់ទតឃើញសេចក្តីសុចរិត របស់ព្រះយេស៊ូវវិញ។ ព្រះយេស៊ូវបានសុគតជំនួសយើង ហើយក៏រស់សម្រាប់យើងដែរ។ ព្រះអង្គបានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះជំនួសយើង។ វា​គឺ​ជា​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ ដែល​ប្រៀប​ដូច​ជា​អាវផាយ ដែល​យើង​អាច​ពាក់​បាន​ឥឡូវ​នេះ។

 

អេសាយ ៦១:១០ក

ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត 

 

យើងមានបាប ព្រះគ្រីស្ទមានភាពសុចរិត។ ព្រះអង្គទទួលយកអំពើបាបរបស់យើង ហើយប្រទានភាពសុចរិតរបស់ទ្រង់ដល់យើងវិញ។ ដូចជាព្រះគ្រីស្ទគ្មានបាបសោះ ប៉ុន្តែទ្រង់ទទួលបាបរបស់យើងវិញទេ យើងគ្មានភាពសុចរិតទេ ប៉ុន្តែទទួលភាពសុចរិតរបស់ទ្រង់វិញ។ 

ភាពសុចរិតដែលព្រះជាម្ចាស់ប្រកាសថាអ្នកជឿមានគឺជាភាពសុចរិតរបស់ព្រះយេស៊ូវ។ អ្នកជឿទាំងអស់មានភាពសុចរិតដូចៗគ្នា នោះគឺជាភាពសុចរិតរបស់ព្រះគ្រីស្ទ។ វាគឺដោយការស្តាប់បង្គាប់របស់ព្រះយេស៊ូវ ដល់ព្រះជាម្ចាស់ថាយើងត្រូវបានធ្វើឱ្យសុចរិតឡើងវិញ។ 

 

រ៉ូម ៥:១៨-១៩

ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ‌សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ

 

ភាពសុចរិតរបស់អ្នកស្ថិតនៅស្ថានសួគ៌

វាសំខាន់ណាស់ដែលត្រូវដឹងថាដើម្បីទទួលបានភាពសុចរិតគឺជាសាលក្រមតាមផ្លូវច្បាប់ដែលកើតឡើងនៅក្នុងតុលាការរបស់ព្រះជាម្ចាស់ មិនមែននៅក្នុងចិត្តរបស់មនុស្សមានបាបនោះទេ។  ប្រហែលជា មនុស្សម្នាក់មិនមានអាមរម្មណ៍ថារាប់ជាសុចរិត ជាពិសេសប្រសិនបើគេផ្តោតទៅលើភាពមិនសុចរិតនៅ ក្នុងខ្សែជីវិតរបស់ពួកគេ ជាជាងផ្តោតទៅលើភាពសុចរិតរបស់ព្រះគ្រីស្ទ។ ប្រហែលជាអ្នកត្រូវរំលឹកថាភាពសុចរិតរបស់អ្នក ស្ថិតនៅលើស្ថានសួគ៌។

 

ដើម្បីមានភាពសុចរិតមានន័យថាត្រូវមានភាពត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់។ ព្រះយេស៊ូវគឺជាភាពសុចរិតរបស់អ្នក។ ព្រះយេស៊ូវគង់នៅខាងស្តាំនៃព្រះហស្តរបស់ព្រះជាម្ចាស់។ ដូច្នេះភាពសុចរិតរបស់អ្នកស្ថិតនៅខាងស្តាំព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ!​ ព្រះជាម្ចាស់ទតឃើញភាពសុចរិតរបស់អ្នកជារៀងរាល់ថ្ងៃ។ ថ្ងៃល្អរបស់អ្នកមិនធ្វើឱ្យភាពសុចរិតរបស់អ្នកប្រសើរឡើងនោះទេ ហើយថ្ងៃអាក្រក់របស់អ្នកក៏មិនធ្វើឲ្យភាពសុចរិតរបស់អ្នកកាន់តែអាក្រក់នោះដែរ ដ្បិតភាពសុចរិតរបស់អ្នកគឺជាព្រះយេស៊ូវគ្រីស្ទដែល “​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ” (ហេព្រើរ ១៣:៨)។ 

ពិភាក្សា៖ ប្រសិនបើមាននរណាម្នាក់សួរអ្នក “តើអ្នកសុចរិតដែរឬទេ?” តើអ្នកនឹងនិយាយថាយ៉ាងម៉េច?

 

សង្ខេប

ព្រះពរខាងវិញ្ញាណនៃការរាប់ជាសុចរិតមានន័យថាព្រះជាម្ចាស់ប្រកាសដល់អស់អ្នកដែលបានដាក់សេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទក្លាយជាមនុស្សសុចរិត ហើយប្រទានឱ្យគេនូវភាពសុចរិតរបស់ ព្រះគ្រីស្ទយ៉ាងពេញលេញ និងល្អឥតខ្ចោះបំផុត។ យើងទាំងអស់គ្នាបានប្រព្រឹត្តិអំពើបាប ហើយសមនឹងទទួលការកាត់ទោស ប៉ុន្តែប្រសិនបើយើងដាក់សេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ព្រះជាម្ចាស់នឹងប្រកាសថាយើងជាមនុស្សសុចរិតដោយសារតែការរស់នៅ សុគត និងការរស់ឡើងវិញ របស់ព្រះយេស៊ូវ។ ព្រះយេស៊ូវគ្មានបាបសោះ ប៉ុន្តែព្រះអង្គបានយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់។ យើងគ្មានភាពសុចរិតទេ ប៉ុន្តែព្រះយេស៊ូវបានដាក់ភាពសុចរិតរបស់ទ្រង់លើយើង។ ហាលេលូយ៉ា!

អធិស្ឋានបញ្ចប់

 

កំណត់សម្គាល់គ្រូ

 

** ឧទាហរណ៍មួយអាចជួយធ្វើឱ្យអ្នកច្បាស់លាស់។ ចូរស្រមៃថាមាននរណាម្នាក់លួចយកម៉ូតូរបស់អ្នកទៅ ហើយក៏ដួល និងបំផ្លាញវាចោល។ មានសាក្សីជាច្រើននាក់ ដើម្បីអាចបញ្ជាក់ថាមានអ្វីកើតឡើង។ ប៉ូលីសក៏ចាប់ចោរនោះ ហើយសំណុំរឿងក៏ឡើងទៅដល់តុលាការ។ ចៅក្រមស្តាប់ពីការពិត ហើយវាច្បាស់ណាស់ថាចោរមានកំហុស។ ប៉ុន្តែចៅក្រមប្រកាសថាគាត់គ្មានទោសទេ ហើយប្រាប់គាត់ថាមិនចំបាច់សងបំណុលអ្វីនោះទេ!   

តើគាត់ជាចៅក្រមល្អដែរឬទេ? អត់ទេ!​ តើគាត់គឺជាចៅក្រមមានចិត្តល្អ និងសប្បុរសដែរឬទេ? សម្រាប់ចោរគាត់ជាមនុស្សចិត្តល្អ ប៉ុន្តែមិនមែនសម្រាប់អ្នកទេ! នេះគឺមិនយុត្តិធម៌ទេ! ចោរមានសេរីភាព ហើយអ្នកបាត់ម៉ូតូរបស់អ្នក ហើយមិនបានទទួលសំណងអ្វីទាល់តែសោះ។

 

ប៉ុន្តែប្រសិនបើចៅក្រមធ្វើបែបនេះជំនួសវិញ៖ គាត់ប្រកាសថាចោរមានទោស ហើយបានបញ្ជាឲ្យគាត់ទិញម៉ូតូថ្មីមួយគ្រឿងឱ្យអ្នកវិញ។ នេះគឺយុត្តិធម៌! ប៉ុន្តែដោយសារតែចោរមិនអាចបង់ទៅតាមតម្លៃនោះបាន ចៅក្រមជាអ្នកបង់ថ្លៃជួសវិញ។ អ្នកទទួលបានម៉ូតូថ្មីមួយគ្រឿង! តើអ្នកអាចនៅតែទាមទារឲ្យដាក់ទោសចោរនោះដែរឬទេ? អត់ទេ ចៅក្រមនិយាយថាគាត់អាចចេញទៅដោយមានសេរីភាព។ គាត់ត្រូវបានប្រកាសពីភាពសុចរិត ដោយសារតម្លៃ​ត្រូវ​បាន​បង់​ពេញឲ្យរួចហើយ។  អ្នកមិនបានបាត់បង់អ្វីនោះទេ ចោរក៏មិនបាត់បង់អ្វីនោះដែរ តម្លៃត្រូវបានបង់ទាំងស្រុងពីចៅក្រម។

bottom of page