top of page

​មេរៀនទី ១១: ការប្រទានសិរីរុងរឿង 

ការប្រទានសិរីរុងរឿងគឺជាដំណាក់កាលចុងក្រោយបង្អស់នៃផែនការរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្របស់ទ្រង់។ ហេតុដូច្នេះ វាគឺជាអ្វីដែលព្រះពរខាងវិញ្ញាណដទៃទៀតនាំឆ្ពោះទៅកាន់ ហើយជាគោលបំណង ចុងក្រោយបង្អស់នៃជីវិតរបស់គ្រីស្ទបរិស័ទ។ 

 

តើអ្វីជាការប្រទានសិរីរុងរឿង?

ពាក្យ “សិរីរុងរឿង” (δόξα) មានន័យថា ភាពរុងរឿង កិត្តិយស ឧត្តមភាព ភាពល្អឥតខ្ចោះ។ ហេតុដូច្នេះ ដើម្បីផ្តល់សិរីរុងរឿងទៅនរណាម្នាក់គឺត្រូវផ្តល់ទាំងកិត្តិយស និងលើកតម្កើងឡើងពួកគេ។ យើងថ្វាយសីរីរុងរឿងទៅកាន់ព្រះជាម្ចាស់តាមរយៈការទទួលស្គាល់ភាពអស្ចារ្យរបស់ទ្រង់ ហើយបន្ទាប់មក ផ្តល់កិត្តិយសព្រមទាំងលើកទ្រង់ឡើង តាមរយៈការសរសើរ និងបម្រើ។ ព្រះជាម្ចាស់ផ្តល់សិរីល្អដល់យើងដោយធ្វើឱ្យយើងបានគ្រប់លក្ខណ៍ដើម្បីឱ្យយើងសមនឹងស្ថានសួគ៌។ 

តាំងពីមុនពេលវេលាចាប់ផ្តើមឡើង ព្រះជាម្ចាស់ទ្រង់មានផែនការផ្តល់សិរីល្អដល់យើង។ ទ្រង់បានរៀបចំទុកសេចក្ដី​ដ៏អស្ចារ្យសម្រាប់យើងលើសពីអ្វីដែលចិត្ត​នឹក​មិន​ដែល​ដល់!

 

១ កូរិន‌ថូស ២:៧-៩

គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ​នេះ បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»

ឥឡូវនេះ ព្រះអង្គហៅយើងមក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

 

១ ថេស្សា‌ឡូនិក ២:១២ 

ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

 

តើអ្វីជាសិរី‌ល្អនេះ ដែលព្រះជាម្ចាស់បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប ដែលទ្រង់ត្រាស់ហៅយើង មកឥឡូវ​នេះ? 

 

១ យ៉ូហាន ៣:២ 

ពួក​ស្ងួន‌ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង

 

សីរីរុងរឿងដែលព្រះបាន​គិត‌គូ សម្រាប់យើងគឺថា យើងនឹងបានដូចជាព្រះយេស៊ូវ។  ការប្រទានសិរីរុងរឿងគឺជាភាពដ៏ល្អឥតខ្ចោះជាទីបំផុតរបស់អ្នកជឿដែលនឹងកើតឡើងនៅពេលព្រះយេស៊ូវលេចមក។ យើងនឹងឃើញព្រះអង្គមានលក្ខណៈជាអង្គទ្រង់ ហើយយើងនឹងបានដូចជាទ្រង់ដែរ។ 

 

២ កូរិន‌ថូស ៣:១៨ 

ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ។

 

ពួកយើង​កំពុង​ត្រូវ​បានផ្លាស់ប្រែ​ឲ្យ​មាន​សិរី​រុងរឿង ​ដូចជាព្រះយេស៊ូវ។ នៅពេលដែលយើង​កំពុង​តែ ​រំពឹង​មើល​សិរី‌ល្អ​របស់ទ្រង់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅឲ្យ​ដូច​ជារូប​អង្គ​របស់ទ្រង់។ បន្ទាប់មក នៅពេលទ្រង់យាងមកវិញជាលើកទីពីរ ជាពេលដែលយើងមើលឃើញទ្រង់យ៉ាងល្អឥតខ្ចោះ យើងនឹងបានដូចជាទ្រង់។ ការនេះតែងតែជាផែនការរបស់ព្រះជាម្ចាស់ជានិច្ច។​  ព្រះជាម្ចាស់បានបង្កើត មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈរបស់ទ្រង់នៅលើផែនដី (លោកុប្បត្តិ ១:២៦-២៧)។ ​រូប​អង្គនោះត្រូវបានខូចខាតដោយសារអំពើបាបរបស់យើង ប៉ុន្តែឥឡូវនេះយើងត្រូវបានបំផ្លាស់បំប្រែឱ្យក្លាយ ទៅជា​រូប​អង្គ​របស់ព្រះជាម្ចាស់ម្តងទៀត។ 

 

រ៉ូម ៨:២៩-៣០

ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។

 

នេះគឺជាសេចក្តីពិតដ៏គួរឱ្យកត់សម្គាល់មួយ។ សូមគិតពីព្រះយេស៊ូវ។ ចូរគិតពីរលក្ខណៈគ្រប់លក្ខណ៍ និងមានប្រាជ្ញា ហើយតើទ្រង់មានព្រះចេស្តាខ្លាំងប៉ុណ្ណា។ សូមគិតពីរបៀបដែលទ្រង់ប្រោស​អស់​ទាំង​ ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា និងរបៀបដែលទ្រង់បង្គាប់ខ្យល់ និងរលកហើយវាស្តាប់តាមទ្រង់។ សូមគិតពីព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​របស់ទ្រង់ចំពោះមនុស្ស។ សូមគិតពីប្រាជ្ញា ដែលទ្រង់បានបង្ហាញ ជាចម្លើយទៅកាន់សំណួរដែលមនុស្សសួរទ្រង់។ សូមគិតពីការស្តាប់បង្គាប់ និងសេចក្តីស្រឡាញ់ របស់ទ្រង់ចំពោះព្រះបិតាទ្រង់។  

 

ឥឡូវនេះ សូមគិតពីអ្នកជឿដែលអ្នកស្គាល់។ បន្ទាប់មកចូរស្រមៃថានៅថ្ងៃមួយពួកគេនឹងមានលក្ខណៈ ដូចជាព្រះយេស៊ូវដែរ! ពួកគេនឹងបានល្អឥតខ្ចោះ មានប្រាជ្ញា ហើយមានចេស្តា ព្រមទាំង…សិរីរុងរឿង! គ្មានអ្នកគ្រីស្ទានធម្មតានោះទេ។ យើងទាំងអស់គ្នាកំពុងត្រូវបានបំប្លែងដោយអំណាចនៃព្រះទៅជា ការបង្កើតដ៏រុងរឿងនៅដែលនឹងឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះជារៀងរហូត!

ឥឡូវនេះ ចូរគិតពីខ្លួនរបស់អ្នក។ នេះគឺជាអ្វីដែលព្រះជាម្ចាស់មានផែនការសម្រាប់អ្នកចាប់តាំងពីមុន ការបង្កើតលោកីយមកម្លេះ។ ផែនការរបស់ទ្រង់តែងតែថាអ្នកនឹងទទួលបានសិរីរុងរឿង ដូចព្រះយេស៊ូវ ជារៀងរហូត!

 

មានលក្ខណៈដូចជាព្រះយេស៊ូវ

សាវ័កពេត្រុសពណ៌នាអំពី​ការប្រទានសិរីរុងរឿង​របស់​យើង​ដោយព្រះជាម្ចាស់ តាមរបៀបដ៏គួរឱ្យកត់សម្គាល់៖ គាត់និយាយថាយើង "បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ”។

២ ពេត្រុស ១:២-៤

សូម​ឲ្យ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្គាល់​ព្រះ នឹង​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដ្បិត​ព្រះ‌ចេស្តា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់​គ្នា​មាន​គ្រប់​របស់​ទាំង​អស់ ខាង​ឯ​ជីវិត នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​យើង​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ទ្រង់​ហៅ​យើង​រាល់​គ្នា​មក ដោយ‌សារ​សិរី‌ល្អ នឹង​សគុណ​របស់​ទ្រង់ ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា 

 

តើការដែលយើង "បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ” មានន័យដូចម្តេច? វាមិនមែនមានន័យថា យើងក្លាយទៅជាព្រះនោះទេ ប៉ុន្តែវាមានន័យថាយើងទទួលមរតកនូវនិស្ស័យថ្មីមួយ មកពីព្រះយេស៊ូវ។ ដោយសារភាពជាមនុស្ស យើងទទួលបានមរតកនៃនិស្ស័យជាមនុស្សមកពីអ័ដាំ ហើយនិស្ស័យជាមនុស្ស ត្រូវបានធ្លាក់ចុះ និងពោរពេញដោយអំពើបាប។ ដោយសារការប្រទានសិរីរុងរឿង យើងនឹងទទួលនិស្ស័ យសិរីរុងរឿងថ្មីមកពីព្រះយេស៊ូវ ហើយនឹងមិនធ្វើបាបទៀតឡើយ។ យើងនឹងមានលក្ខណៈល្អឥតខ្ចោះ ដូចជាទ្រង់ដែរ។ ការនេះចាំបាច់ណាស់ដើម្បីឱ្យយើងអាចរស់នៅលើផែនដីថ្មី ដែលនឹងមានលក្ខណៈ ល្អឥតខ្ចោះ។ 

 

ដូចដែលយើងបានឃើញ ការញែកជាបរិសុទ្ធគឺជាដំណើរការនៃការលូតលាស់នៅក្នុងភាពបរិសុទ្ធ តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។ ការប្រទានសិរីរុងរឿងគឺជាលទ្ធផលចុងក្រោយ។ ការតម្កើងឡើងគឺជាដកចេញពីអំពើបាបទាំងអស់ចេញពីជីវិតប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ នៅពេល ព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ សិរីរុងរឿងនៃព្រះជាម្ចាស់នឹងត្រូវបានសម្រេចបាននៅក្នុង យើង។ យើងនឹងទទួល “បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា” ជំនួសឱ្យការជាប់មានបន្ទុកជាមួយនឹងនិស្ស័យអំពើបាប (ពីអ័ដាំ) តទៅទៀត យើងនឹងត្រូវបានផ្លាស់ប្រែចូលទៅក្នុងសិរីរុងរឿងជាមួយនឹងនិស្ស័យជាទេវភាព (ពីព្រះយេស៊ូវ)។ បន្ទាប់មកយើងនឹងរីករាយជាមួយការរួមសម្ព័ន្ធវង្សដ៏បរិសុទ្ធជាមួយព្រះជាម្ចាស់ជារៀងរហូត!

 

ព្រះជាម្ចាស់បានចាប់ផ្តើមធ្វើការនៅក្នុងអ្នកដែលនឹងធ្វើឱ្យអ្នកមានលក្ខណៈដូចជាព្រះយេស៊ូវអស់កល្បជារៀងរហូតតទៅ! ពិភាក្សាតើអ្វីជាការឆ្លើយតបរបស់អ្នកចំពោះការពិតដែលថា ព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកទៅជាល្អឥតខ្ចោះដូចជាព្រះយេស៊ូវជារៀងរហូត? 

 

ផ្នែកទី២៖ ប្រវត្តិនៃការប្រទានសិរីរុងរឿង

យើងអាចដឹងបន្ថែមពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ការប្រទានសិរីរុងរឿងរបស់យើងតាមរយៈការសិក្សាពីរបៀបដែលព្រះពរនេះបន្តិចម្តងៗបង្ហាញចេញមកតាមរយៈព្រះគម្ពីរទាំងស្រុង។ 

អ័ដាំដំបូងបង្អស់

ព្រះជាម្ចាស់មានព្រះហឫទ័យផ្តល់សិរីរុងរឿងដល់សាសន៍របស់មនុស្សជាតិតាំងពីដើមរៀងមក។ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់។ 

 

លោកុ‌ប្បត្តិ ១:២៦-២៧

ទ្រង់​ក៏​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្សឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី 

 

ដើម្បីឲ្យ​ដូច​ជា​រូប​អង្គរបស់ព្រះជាម្ចាស់គឺត្រូវឆ្លុះបញ្ចាំងពីសិរីរុងរឿងរបស់ទ្រង់។ យ៉ាងណាមិញ មនុស្សដំបូងត្រូវបានល្បួងឱ្យទៅជាមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ 

លោកុ‌ប្បត្តិ ៣:១-៥

ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ‌កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន‌ច្បារ​មែន​ឬ ស្ត្រី​ឆ្លើយ​តប​ថា យើង​បរិភោគ​អស់​ទាំង​ផ្លែ​ឈើ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ត្រង់​ដើម​ឈើ​១​ ដែល​នៅ​ កណ្តាល​សួន‌ច្បារ​នោះ ព្រះ‌ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែង‌លោ​ស្លាប់ រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង 

 

អំពើបាបរបស់អ័ដាំ និងអេវ៉ាគឺស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង ដាច់ចេញពីព្រះជាម្ចាស់។  ពួកគេចង់ក្លាយទៅជា “ដូចជាព្រះ” ប៉ុន្តែពួកគេត្រូវបានបោកបញ្ឆោតពីរបៀបសម្រេចបានអំពីរឿងនេះ។ យើងមិនអាចក្លាយទៅជាដូចព្រះជាម្ចាស់តាមរយៈការសង្ស័យលើព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្តាប់ បង្គាប់តាមបញ្ញតិទ្រង់នោះទេ។ យើងក្លាយទៅជាដូចព្រះជាម្ចាស់តាមរយៈការចុះចូលចំពោះទ្រង់ ហើយអនុញ្ញាតិឱ្យព្រះអង្គបង្កើតនូវភាពបរិសុទ្ធនៅក្នុងយើងតាមរយៈព្រះចេស្តានៃព្រះវិញ្ញាណដ៏បរិសុទ្ធ។  

 

រ៉ូម ២:៧ 

​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ នឹង​សេចក្ដី​មិន​ពុក‌រលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ

 

វាជាការល្អក្នុងការស្វែងរកសិរីរុងរឿង ប៉ុន្តែយើងមិនត្រូវស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង ដាច់ចេញពីព្រះជាម្ចាស់ ដូចជាការដែលអ័ដាំ និងអេវ៉ាធ្វើនោះទេ។ តាមរយៈការមិនស្តាប់បង្គាប់ អ័ដាំ និងអេវ៉ាមិនបានក្លាយទៅជាដូចព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ ពួកកេបានចម្លងតាមសាតាំង ដែល​ជា​អ្នក​បះបោរ​ដំបូង​ដែលប្រឆាំងនឹងព្រះជាម្ចាស់។ តាមរយៈការព្យាយាមដើម្បីសម្រេចឱ្យបាននូវ សិរីរុងរឿងរបៀបនេះ អ័ដាំបាននាំយកអំពើបាបចូលមកកាន់ពិភពលោកនេះ។  

 

រ៉ូម ៥:១២

ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ‌សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល‌ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ 

 

រ៉ូម ៣:២៣ 

ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ 

 

ជាធម្មតាយើងគិតពីអំពើបាបថា ជាការខ្វះមិនដល់ស្តង់ដារនៃភាពសុចរិត (ដូចជាតាមក្រិត្យ‌វិន័យជាដើម)។ ប៉ុន្តែនៅក្នុងខគម្ពីរនេះគឺថា យើងមើលឃើញថាវាមានច្រើនលើសពីនោះទៅទៀត។ ការធ្វើបាបគឺជាការ "ខ្វះ​មិន​ដល់​សិរី‌ល្អ​នៃ​ព្រះ"។  ដូចយើងបានឃើញ ពាក្យជាភាសាក្រិកសម្រាប់អំពើបាបមានន័យថា ខ្វះមិនដល់គោលដៅ។ គោលដៅគឺ​សិរី‌ល្អ។ សិរី‌ល្អ​នៃ​ព្រះគឺជាអ្វីដែលមនុស្សគ្រប់​គ្នា​ខ្វះមិនដល់ ហើយសិរី‌ល្អ​នៃ​ព្រះគឺជាអ្វីដែលព្រះយេស៊ូវបានយាងមកដើម្បីផ្តល់មកឱ្យយើង។ 

ព្រះយេស៊ូវ - អ័ដាំចុងក្រោយ

គ្រប់មនុស្សទាំងអស់ត្រូវបានជាប់ជាឈ្លើយចំពោះអំពើបាបដោយសារតែអ័ដាំដំបូងបង្អស់។ យ៉ាងណាមិញ ព្រះយេស៊ូវ (ដែលជា “អ័រដាំចុងក្រោយ”) បានយាងមកកាន់ផែនដីនេះ បានរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះ សុគត ហើយត្រូវបានរស់ឡើងវិញ និងបានលើកឡើងទៅស្ថានសួគ៌វិញដែលជាកន្លែងទ្រង់ ត្រូវបានតម្កើងឡើង។ នៅពេលដែលទ្រង់គង់នៅលើផែនដីនេះនៅឡើយមនុស្សបានឃើញសិរីរុងរឿងរ បស់ព្រះអង្គ។

យ៉ូហាន ១:១៤

ព្រះ‌បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ គឺ​ជា​សិរី‌ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១ ដែល​មក​ពី​ព្រះវរ‌បិតា មាន​ពេញ​ជា​ព្រះ‌គុណ នឹង​សេចក្ដី​ពិត

 

មានរបៀបចំនួនបីយ៉ាងដែលសិរីរុងរឿងរបស់ទ្រង់ត្រូវបានបង្ហាញចេញមក។ ទីមួយមានការអស្ចារ្យ ដែលទ្រង់បានធ្វើដូច្នោះដើម្បីបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គលើស្នាព្រះហស្តទាំងអស់។ នៅពេលទ្រង់ ធ្វើការអស្ចារ្យ ទ្រង់បាន ‘សំដែង​សិរី‌ល្អ​របស់​ទ្រង់’ (យ៉ូហាន ២:១១)។ ទីពីរ មានសិរីរុងរឿងខាងសីលធម៌របស់ទ្រង់ ដែលជាជីវិត និងចរិកលក្ខណៈដ៏ល្អឥតខ្ចោះរបស់ទ្រង់។ គ្មានកំហុស ឬការបន្ទោសអ្វីសោះនៅក្នុងទ្រង់។ ទ្រង់គ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយរាល់គុណធម៌ត្រូវបានបង្ហាញចេញមកនៅក្នុងជីវិតរបស់ទ្រង់។ ទីបី មានពន្លឺចែងចាំងនៃសីរីរុងរឿង របស់ព្រះអង្គដែលបានកើតឡើងនៅត្រង់ចំណុចនៃការផ្លាស់ប្រែរបស់ទ្រង់។ សូមអានអំពីរឿងនេះនៅក្នុង ម៉ាថាយ ១៧:១-៨

ព្រះយេស៊ូវបាន “ផ្លាស់ប្រែ” (μετεμορφώθη) នៅនឹងមុខគេ។ ពាក្យនៅក្នុងភាសាក្រិចប្រាប់យើងថា មានការផ្លាស់ប្តូរពីរូបរាងរបស់ព្រះយេស៊ូវ ដែលបណ្តាលមកពីពន្លឺចែងចាំងពីខាងក្នុងរបស់ព្រះអង្គ។  ការដែលព្រះអង្គយាង​មក​ផែនដីនេះ​ ក្នុងភាពជាមនុស្ស  ព្រះ​យេស៊ូ​វបាន​លះបង់សិរី​ល្អ​របស់​ទ្រង់រួចទៅហើយ។ (ភីលីព ២:៥-៧)។ ពេលនេះ សិរីល្អព្រះអង្គ ត្រូវបានបើកសំដែងដែលបានជះពន្លឺនៅក្នុងរូបកាយសាច់ឈាម របស់ព្រះអង្គ។ ​“ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ”​ (ម៉ាថាយ ​១៧:២)។​ ពន្លឺដ៏ភ្លឺគឺជាលក្ខណៈរបស់ព្រះ ហើយព្រះយេស៊ូវ “គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​ជា​រូប‌ភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រ‌ទ្រង់​គ្រប់​របស់​ទាំង​អស់” ​(ហេព្រើរ ១:៣)។ ជាលើកំបូងបំផុតដែលពួកសិស្ស ទាំងនេះបានឃើញព្រះយេស៊ូវនៅក្នុងលក្ខណៈពិតរបស់ព្រះអង្គ (សិរីល្អដ៏ពិតរបស់ព្រះអង្គ ព្រះចេស្តា និងអំណាចជាស្តេចរបស់ព្រះអង្គ) ដែលជាលក្ខណៈរបស់ព្រះអង្គ តាំងពីមុនដែល ពិភពលោកត្រូវបានបង្កើតមក។

សូមស្តាប់ពីអ្វីដែលព្រះយេស៊ូវបានអធិស្ឋាននៅយប់មុនពេលគេឆ្កាងទ្រង់។

 

យ៉ូហាន ១៧:៥

ឥឡូវ​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ទូលបង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូលបង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ​មិន​ទាន់​បាន​កើត​នៅ​ឡើយ។

 

យ៉ូហាន ១៧:២២

ឯ​សិរី‌ល្អ​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ 

 

ព្រះយេស៊ូវមានសិរីរុងរឿងតាំងពីមុនកំណើតលោកីយមកម្លេះ។ ទ្រង់បានបង្ហាញសិរីរុងរឿងរបស់ទ្រង់ ទៅកាន់សាក្សីនៅលើផែនដីនេះ។ ហើយទ្រង់ប្រទានឱ្សិរីរុងរឿងដល់សិស្សរបស់ទ្រង់។ មុនពេលដែលទ្រង់អាចធ្វើនេះបាន វាចាំបាច់ដែលព្រះយេស៊ូវត្រូវរងទុក្ខនៅលើឈើឆ្កាង ដើម្បីនាំយើងមក​ក្នុង​សិរី‌ល្អបាន។

 

ហេប្រឺ ២:១០

ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក 

ព្រះយេស៊ូវរងទុក្ខជំនួសយើងដើម្បីសង្គ្រោះយើង និងនាំយើងមក​ក្នុង​សិរី‌ល្អ។ ទ្រង់បានយាងមកមិនមែនគ្រាន់តែសង្គ្រោះមនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបំផ្លាស់បំប្រែវិញ។ ទ្រង់បានចែករំលែកមនុស្សជាតិរបស់យើងពេញលេញ ហើយបានសុគតសម្រាប់យើងដើម្បីឱ្យយើងអាចចែករំលែកសិរីរុងរឿងរបស់ទ្រង់ពេញលេញបាន។ បន្ទាប់មកទ្រង់បានធ្វើការនេះរួចរាល់ ព្រះអង្គបានយាងទៅកាន់សិរីរុងរឿងរបស់ទ្រង់នៅស្ថានសួគ៌វិញ។ 

 

 

ម៉ាកុស ១៦:១៩ 

ដូច្នេះ ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​មាន​បន្ទូល​នឹង​គេ​រួច​ហើយ នោះ​ព្រះវរ‌បិតា​បាន​ទទួល​ទ្រង់​ឡើង​ទៅ​ស្ថាន‌សួគ៌​វិញ ឲ្យ​គង់​នៅ​ខាង​ស្តាំ

 

១ ធីម៉ូថេ ៣:១៦ 

ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។

 

ក្រោយពេលទ្រង់សុគត ព្រះយេស៊ូវត្រូវបានរស់ឡើងវិញ ហើយបន្ទាប់មកត្រូវបានលើកឡើង ទៅក្នុងសិរី‌ល្អ​ទៅនៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌វិញ។ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទនឹងមាន ​បទ​ពិសោធ​ដូច​គ្នៃ ​នៃការស្លាប់ បន្ទាប់មករស់ឡើងវិញ ហើយបន្ទាប់ទៀតគឺការប្រទានសិរីរុងរឿង នៅស្ថានសួគ៌។

ផ្នែកទី៣៖ ការប្រទានសិរីរុងរឿងរបស់យើង

នៅក្នុងផ្នែកចុងក្រោយនៃការសិក្សានេះយើងនឹងឆ្លើយសំណួរចំនួនបី៖

  • តើយើងនឹងទទួលបានការប្រទានសិរីរុងរឿងនៅពេលណា?

  • តើយើងនឹងទទួលបានការប្រទានសិរីរុងរឿងដោយរបៀបណា?​

  • តើការប្រទានសិរីរុងរឿងរបស់យើងពាក់ព័ន្ធនឹងអ្វីខ្លះ? 

 

តើយើងនឹងទទួលសិរីរុងរឿងនៅពេលណា?  

ការប្រទានសិរីរុងរឿងគឺនៅថ្ងៃអនាគត។ វាគឺជាសេចក្តីដែលត្រូវសង្ឃឹមទុក ដោយសារវានឹងត្រូវបាន បើកសម្តែងឱ្យឃើញ។ 

វាគឺជាអ្វីដែលត្រូវសង្ឃឹមទុក…

 

រ៉ូម ៥:២

ក៏​ដោយ‌សារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះ‌គុណ​នេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្ដី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្ដី​សង្ឃឹម​ដល់​សិរី‌ល្អ​នៃ​ព្រះ​ផង

 

កូឡូស ១:២៧

ព្រះ‌ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​សំដែង​ឲ្យ​ពួក​បរិសុទ្ធ​នោះ​ដឹង​ថា សិរី‌ល្អ​ដ៏​បរិបូរ​របស់​សេចក្ដី​អាថ៌‌កំបាំង​នេះ​ជា​យ៉ាង​ណា ក្នុង​ពួក​សាសន៍​ដទៃ គឺ​ថា ព្រះ‌គ្រីស្ទ​ទ្រង់​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម

វានឹងត្រូវបានបើកសម្តែងឱ្យឃើញ…

រ៉ូម ៨:១៨

ខ្ញុំ​រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្ដី​មិន​គួរ​ប្រៀប‌ផ្ទឹម​នឹង​សិរី‌ល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ

 

១ ពេត្រុស ៥:១

ឯ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ ដែល​ជា​អ្នក​ចាស់‌ទុំ​ដែរ ហើយ​ជា​ស្មរ​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី‌ល្អ​ដែល​ត្រូវ​លេច​មក

 

តើពេលណាការប្រទានសិរីរុងរឿងនេះនឹងត្រូវបង្ហាញចេញមក? ចម្លើយគឺនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ។ កាល​ណា​ព្រះ‌គ្រីស្ទ​បាន​លេច​មក នោះ​យើងនឹងលេចមក​ក្នុង​សិរី‌ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។

 

កូឡូស ៣:៤

កាល​ណា​ព្រះ‌គ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​លេច​មក​ក្នុង​សិរី‌ល្អ ជា​មួយ​នឹង​ទ្រង់​ដែរ។

តើយើងនឹងត្រូវបានសិរីរុងរឿងដោយរបៀបណា? 

ការប្រទានសិរីរុងរឿងគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ អ្នកជឿត្រូវបាន​ត្រាស់ហៅ និងនាំចូលមកក្នុងសិរីរុងរឿងដោយព្រះជាម្ចាស់។ 

ព្រះជាម្ចាស់ប្រកាសពីសិរីរុងរឿងរបស់យើង តាំង​ពី​មុន​អស់​ទាំង​កល្ប។ តាំងពីមុនកំណើតលោកីយមក ព្រះជាម្ចាស់បានប្រកាសរួចហើយថាអ្នកនឹងត្រូវបានសិរីរុងរឿង។ 

 

១ កូរិន‌ថូស ២:៧

គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា 

ព្រះជាម្ចាស់ត្រាសហៅអ្នកជឿមកក្នុងសិរីរុងរឿងរបស់ទ្រង់

អ្នកត្រូវបានកំណត់ទុកជាមុនសម្រាប់សិរីរុងរឿងតាំងពីមុនកំណើតលោកីយមកម្លេះ។ នៅពេលដល់ពេលហើយ ព្រះជាម្ចាស់បានត្រាស់ហៅអ្នកចូលមកក្នុងសិរីរុងរឿង។ 

 

១ ថេស្សា‌ឡូនិក ២:១២

ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

គោលបំណងនៃការត្រាស់ហៅអ្នករបស់ព្រះជាម្ចាស់តាមរយៈដំណឹងល្អគឺថាអ្នកនឹង ទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអម្ចាស់។ 

២ ថេស្សា‌ឡូនិក ២:១៣-១៤

ឱ​បង​ប្អូន​ដ៏​ជា​ស្ងួន‌ភ្ងា​នៃ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​ព្រះ‌ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ដោយ​មាន​ចិត្ត​ជឿ តាម​សេចក្ដី​ពិត​ផង ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ដំណឹង​ល្អ​នៃ​យើង​ខ្ញុំ ប្រយោជន៍​ឲ្យ​បាន​សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង

 

ព្រះជាម្ចាស់នាំអ្នកជឿមក​ក្នុង​សិរី‌ល្អ 

នៅចុងបញ្ចប់ព្រះជាម្ចាស់នឹងនាំអ្នកចូលមកក្នុងសិរីរុងរឿង។ ការប្រទានសិរីរុងរឿង (គឺដូចជា ព្រះពរខាងវិញ្ញាណទាំងអស់) ដោយសារព្រះគុណ ហើយគឺជាកិច្ចការរបស់ព្រះជាម្ចាស់។ ដូចជាអ្វីដែលយើងបានឃើញ ព្រះជាម្ចាស់ “​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ” (ហេប្រឺ ២:១០)។ ទ្រង់បានរៀបចំសិរីរុងរឿងសម្រាប់យើង ហើយនឹងយាងមកដើម្បីនាំយើងទៅនៅជាមួយទ្រង់វិញ។ 

 

យ៉ូហាន ១៤:២-៣

នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ 

ព្រះជាម្ចាស់រៀបចំយើងសម្រាប់សិរីរុងរឿង និងរៀបចំសិរីរុងរឿងសម្រាប់យើង។ * សូមមើលកំណត់ស្គាល់សម្រាប់គ្រូដូចខាងក្រោម

វាគឺជាសេចក្តីពិតដ៏អស្ចារ្យដែលព្រះជាម្ចាស់បានរៀបចំព្រះពរទុកសម្រាប់យើង។ ប៉ុន្តែសេចក្តីពិតដ៏អស្ចារ្យ មួយទៀតគឺថាព្រះជាម្ចាស់ក៏បានរៀបចំយើងសម្រាប់ព្រះពរដែរ។ ទ្រង់កំពុងតែធ្វើឱ្យយើងរួចរាល់ ដើម្បីទទួលបានអ្វីដែលទ្រង់បានរៀបចំសម្រាប់យើង។ ទ្រង់កំពុងតែបំផ្លាស់បំប្រែយើងទៅជាប្រភេទមនុស្ស ដែលអាចរីករាយបានពេញលេញជាមួយនឹងព្រះពរទាំងឡាយដែលទ្រង់មានសម្រាប់យើង។ 

ដូច្នេះហើយបានជា ព្រះជាម្ចាស់បានរៀបចំសិរីរុងរឿងសម្រាប់យើង

 

១ កូរិន‌ថូស ២:៩

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»

…ហើយព្រះជាម្ចាស់កំពុងតែរៀបចំយើងសម្រាប់សិរីរុងរឿងដែរ។​

 

រ៉ូម ៩:២៣

ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ

 

ទំនុក‌តម្កើង ៧៣:២៤  

ទ្រង់​នឹង​នាំ​ទូលបង្គំ ដោយ​ដំបូន្មាន​របស់​ទ្រង់

រួច​នឹង​ទទួល​ទូលបង្គំ​ចូល​ក្នុង​សិរី‌ល្អ

ការប្រទានសិរីរុងរឿងរបស់យើងនឹងមានលក្ខណៈអចិន្ត្រៃយ៍ និងអស់កល្បជានិច្ច។ ហេតុដូច្នេះ វាមានតម្លៃក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក និងទុក្ខវេទនាបណ្តោះអាសន្ននេះ។ ព្រះយេស៊ូវបានរងទុក្ខដើម្បីនាំយើងមកកាន់សិរីរុងរឿង។ យើងបានរួបរួមគ្នាជាមួយទ្រង់វិញ។ ហេតុដូច្នេះ យើងនឹងចែករំលែកការរងទុក្ខរបស់ទ្រង់មុនពេលយើងចែករំលែកនៅក្នុងសិរីរុងរឿងរបស់ទ្រង់។ 

រ៉ូម ៨:១៦-១៧

ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។

 

២ កូរិន‌ថូស ៤:១៦-១៨

ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស‌លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​‌កល្ប​ជានិច្ច​វិញ។

 

១ ពេត្រុស ៥:១០

រីឯ​ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ក្នុង​ខណ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច 

ពិភាក្សាតើការដឹងថាការរងទុក្ខលំបាកដែលយើងជួបប្រទះពេលនេះគឺជា “បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ ​យ៉ាង​ធ្ងន់​លើស‌លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ” លើកទឹកចិត្តយើងឱ្យចេះស៊ូទ្រាំ និងមានចិត្តស្មោះត្រង់ យ៉ាងដូចម្តេច?  

 

តើការប្រទានសិរីរុងរឿងរបស់យើងពាក់ព័ន្ធនឹងអ្វីខ្លះ? 

ការប្រទានសិរីរុងរឿងទាក់ទងនឹងលក្ខណៈគ្រប់លក្ខណ៍នៃលក្ខណៈរបស់យើង និងរាងកាយរបស់យើង ដើម្បីឱ្យយើងអាចចូលរួមនៅក្នុងការបង្កើតថ្មី ដែលព្រះជាម្ចាស់នឹង “សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស‌លប់​របស់​ទ្រង់ ដោយ​សេចក្ដី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ” (អេភេសូរ ២:៧)។

ដំបូងបង្អស់ ការប្រទានសិរីរុងរឿងទាក់ទងនឹងភាពល្អឥតខ្ចោះខាងសីលធម៌របស់យើង

 

យូដាស ១:២៤-២៥

រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​នឹង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរី‌ល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេក‌អរ​ផង គឺ​ជា​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា នឹង​អំណាច តាំង​ពី​មុន​អស់‌កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ។ អាម៉ែន។:៚

 

អេភេសូរ ៥:២៥-២៧

…​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ផង ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺ​ជា​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ

 

ការប្រទានសិរីរុងរឿងមានន័យថានៅពេលយើងឈរនៅចំពោះព្រះភក្ររបស់ព្រះជាម្ចាស់ ព្រះយេស៊ូវនឹង​ "ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ  ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ"។ នៅក្នុងស្ថានភាពនៃភាពគ្រប់លក្ខណ៍ ខាងសីលធម៌នេះ យើងនឹងមិនប្រព្រឹត្តិអំពើបាបទៀតឡើយ។ សម្រាប់អស់អ្នក ដែលស្រេកឃ្លានសេចក្តីសុចរិត នេះគឺជាដំណឹងដ៏ល្អបំផុត! យើងនឹងលែងដួលចុះនៅក្នុងអំពើបាប និងភាពទន់ខ្សោយទៀតហើយ។ យើងនឹងលែងប្រព្រឹត្តិខុស ធ្វើឱ្យមនុស្សឈឺចាប់ ប្រព្រឹត្តិកំហុស ឬមានអារម្មណ៍ខ្មាសអៀនទៀតហើយ។ យើងនឹងមានសេរីភាពចេញពីអំពើបាបជារៀងរហូត!

 

នៅក្នុងមេរៀនទីមួយរបស់យើងក្នុងស៊េរីនេះ យើងបានរៀនថា ការសង្គ្រោះគឺចេញពីការដាក់ទោស អំណាច និងវត្តមាននៃអំពើបាប។ ព្រះជាម្ចាស់បានសង្គ្រោះយើងចេញពីការដាក់ពិន័យរបស់អំពើបាបតាមរយៈការរាប់ជាសុចរិត ទ្រង់កំពុងតែសង្គ្រោះយើងចេញពីអំណាចនៃអំពើបាបតាមរយៈការញែកជាបរិសុទ្ធ ហើយទ្រង់នឹងសង្រ្គោះយើងចេញពីវត្តមាននៃអំពើបាបតាមរយៈការប្រទានសិរីរុងរឿង!

ទីពីរ ការប្រទានសិរីរុងរឿងមានន័យថាយើងនឹងទទួលបាននូវរូបកាយដែលមានសិរីរុងរឿង។ 

 

ភីលីព ៣:២០-២១

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប‌កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​អង្គ​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។

 

១ កូរិន‌ថូស ១៥:៤២-៤៣

សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូប‌កាយ ដែល​ពុក‌រលួយ តែ​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក‌រលួយ​ឡើយ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់‌ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី‌ល្អ 

 

នៅក្នុងមេរៀនរបស់យើងអំពីព្រះពរខាងវិញ្ញាណនៃការរស់ឡើងវិញ យើង​បាន​​រៀន​​ថា រូបកាយដែលរស់ឡើងវិញរបស់យើងគឺជារូបកាយខាងវិញ្ញាណ មិនចេះវិនាស ហើយមានសិរីរុងរឿង និងមានអំណាច។ យើងនឹងលែងឈឺ ឬអស់កម្លាំង ឬមានអារម្មណ៍ថាលែងឈឺចាប់ទៀតឡើយ។  

 

ទីបី ការប្រទានសិរីរុងរឿង មានន័យថាយើងនឹងរស់នៅក្នុងការបង្កើតថ្មី (ស្ថានសួគ៌ និងផែនដីថ្មី) ដែលគ្មានពុករលួយ ការខូច និងស្លាប់ទៀតហើយទេ។ 

 

វិវរណៈ ២១:៥

ឯ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី 

 

រ៉ូម ៨:២១

ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ

 

គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី គឺដើម្បីឱ្យការបង្កើតនោះ “នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ”។ នៅក្នុងការបង្កើតថ្មី យើងនឹងទទួលបានបទពិសោធន៍នៃសិរីរុងរឿងដ៏អស់កល្បជានិច្ច (២ ធីម៉ូថេ ២:១០)។ សិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់យើងត្រូវបានពណ៌នាតាមរបៀបនេះ៖ យើងនឹង “ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរ‌បិតា​នៃ​យើង”!

 

ដានី‌យ៉ែល ១២:៣

ឯ​ពួក​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​ភ្លឺ​ដូច​ជា​រស្មី​នៃ​ផ្ទៃ​មេឃ ហើយ​ពួក​អ្នក​ដែល​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វិល​មក​ឯ​សេចក្ដី​សុចរិត នោះ​នឹង​ភ្លឺ​ដូច​ជា​អស់​ទាំង​ផ្កាយ​នៅ​ជា​ដរាប​ត​ទៅ 

 

ម៉ាថាយ ១៣:៤៣

គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

នេះគឺជាអ្វីដែលព្រះជាម្ចាស់មានផែនការ ហើយ​នឹងធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ។ ទ្រង់នឹងធ្វើឱ្យយើងគ្រប់លក្ខណ៍ខាងវិញ្ញាណ និងរូបកាយ ហើយបន្ទាប់មកយើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីរីករាយជាមួយជីវិតនៅក្នុងសិរីរុងរឿងក្នុងនគររបស់ទ្រង់ជារៀងរហូត!

ពិភាក្សាប្រសិនបើនរណាម្នាក់សួរអ្នកថាតើអ្វីជាគោលដៅចុងក្រោយបង្អស់នៃជីវិតរបស់គ្រីស្ទបរិស័ទ តើអ្នកនឹងនិយាយថាយ៉ាងដូចម្តេច? 

សង្ខេប៖ ការប្រទានសិរីរុងរឿងគឺជាភាពគ្រប់លក្ខណ៍បំផុតរ​នៃអ្នកជឿ ដែលនឹងកើតឡើង នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ។ យើងនឹងឃើញព្រះអង្គមានលក្ខណៈជាអង្គទ្រង់ ហើយយើងនឹងបានដូចជាទ្រង់ដែរ។  យើងនឹងមានសិរីរុងរឿងដោយសារយើងឆ្លុះបញ្ចាំងពីសិរីរុងរឿង របស់ព្រះជាម្ចាស់ជារៀងរហូត។

អធិស្ឋានបញ្ចប់

 

*កំណត់សម្គាល់សម្រាប់គ្រូ

ចូរស្រមៃថាឪពុកចង់ផ្តល់​ឱកាសថ្ងៃឈប់សម្រាកដល់កូនប្រុសរបស់គាត់នៅប្រទេសបារាំង។ ដើម្បីធ្វើឱ្យប្រាកដថាកូនប្រុសរបស់គាត់មានពេលវេលាល្អ ឪពុកត្រូវតែធ្វើកិច្ចការពីរយ៉ាង។

ទីមួយគាត់ត្រូវតែរៀបចំដំណើរកំសាន្តសម្រាប់កូនប្រុសរបស់គាត់ (ដោយធ្វើការទិញសំបុត្រយន្តហោះ កក់កន្លែងស្នាក់នៅ រៀបចំកម្មវិធីដំណើរកំសាន្ត។ល។)។

ប៉ុន្តែទីពីរ គាត់ក៏ត្រូវរៀបចំកូនប្រុសរបស់គាត់សម្រាប់ការធ្វើដំណើរកំសាន្តដែរ (តាមរយៈការធ្វើឱ្យប្រាកដថាគាត់មានលិខិតឆ្លងដែន និងលុយប្រទេសបារាំង ហើយចេះភាសា និងទំនៀមទម្លាប់ខ្លះៗនៅក្នុងប្រទេសបារាំង។ល។)។

ស្រដៀងគ្នាដែរ ព្រះជាម្ចាស់បានរៀបចំស្ថានសួគ៌រួចជាស្រេចសម្រាប់យើង ឥឡូវនេះទ្រង់កំពុងតែរៀបចំយើងសម្រាប់ស្ថានសួគ៌វិញ!

bottom of page