
មេរៀនទី ១: សេចក្ដីសង្គ្រោះ
សម្រង់សម្តីព្រះយេស៊ូវ៖ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។ (លូកា ១៩:១០)
ការសង្គ្រោះគឺជាប្រធានបទដ៏អស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរប្រាប់យើងពីរបៀបដែលព្រះជាម្ចាស់ សង្គ្រោះមនុស្ស និងនាំពួកគេចូលទៅកាន់គ្រប់ទាំងព្រះពរខាងឯវិញ្ញាណ ដែលទ្រង់បានរៀបចំទុកសម្រាប់ ពួកគេ។
ការសង្គ្រោះគឺជាការជួយឲ្យរួចផុតពីគ្រោះថ្នាក់។ ហេតុការណ៍ដែលព្រះយេស៊ូវយាងមក “ដើម្បីនឹងរក ហើយជួយសង្គ្រោះ ដល់មនុស្សបាត់បង់” បង្ហាញថាមនុស្សស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដែលយើង ត្រូវជួយសង្គ្រោះឲ្យរួចពី។ ហេតុដូច្នេះ សំណួរដំបូងបំផុតដែលយើងគួរសួរគឺ៖ តើព្រះយេស៊ូវសង្គ្រោះយើងពីអ្វី? ចម្លើយគឺត្រូវបានផ្តល់ឲ្យតាមរយៈជំពូកទីមួយនៅក្នុងសញ្ញាថ្មី។
ម៉ាថាយ ១:២០-២១
កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប
ព្រះយេស៊ូវសង្គ្រោះរាស្ត្រទ្រង់ចេញពីអំពើបាបរបស់ពួកគេ។
តើអំពើបាបគឺជាអ្វី?
នៅក្នុងប្រទេសក្រិកនាសម័យបុរាណមនុស្សប្រកួតគ្នាតាមរយៈការគប់លំពែងទៅកាន់គោលដៅមួយ។ អ្នកមានកម្លាំងខ្សោយគប់លំពែងបានខ្លីមិនដល់គោលដៅដែលត្រូវបានហៅថា ἁμαρτία មានន័យថា ‘មិនត្រូវសញ្ញា’ ឬ ‘មិនត្រូវគោលដៅ’។ នេះគឺជាពាក្យនៅក្នុងព្រះគម្ពីរដែលយើងបកប្រែថា “បាប”។ ដូច្នេះ ការប្រព្រឹត្តិអំពើបាបគឺមិនត្រូវគោលដៅដោយសារទៅមិនដល់។ តើគោលដៅគឺជាអ្វី?
រ៉ូម ៣:២៣
ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ
គោលដៅគឺសិរីល្អនៃព្រះ។ នេះគឺជាគោលដៅដែលយើងបាត់ ឬខ្វះមិនដល់ជារៀងរាល់ពេលយើងប្រព្រឹត្តិ អំពើបាប។ ព្រះជាម្ចាស់បានបង្កើតមនុស្សតាមសណ្ឋានរបស់ទ្រង់ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈរបស់ទ្រង់ នៅក្នុងពិភពលោក។ មនុស្សគ្រប់ៗរូបសុទ្ធតែបង្កើតឡើងដោយព្រះជាម្ចាស់ដើម្បីឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះ។
តើយើងឆ្លុះបញ្ចាំងពីសិរីល្អនៃព្រះដោយរបៀបណា?
ព្រះជាម្ចាស់ផ្តល់បញ្ញតិអំពីរបៀបធ្វើកិច្ចការនេះ។ ព្រះគម្ពីរហៅការនេះថា “ក្រិតវិន័យ”។ ក្រិតវិន័យប្រាប់យើងពីរបៀបដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សរស់នៅតាមរយៈការផ្តល់ឲ្យនូវស្តង់ដារច្បាស់លាស់សម្រាប់ភាពសុចរិត។ ព្រះយេស៊ូវសង្ខេបសេចក្តីអំពីក្រិតវិន័យយ៉ាងដូច្នេះ៖
“នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។” (ម៉ាថាយ ២២:3៧-៤០)
ក្រិតវិន័យអាចសង្ខេបមកជាពាក្យមួយម៉ាត់៖ ស្រឡាញ់។ ពេលយើងស្រឡាញ់ យើងឆ្លុះបញ្ចាំងពីព្រះជាម្ចាស់។ ប៉ុន្តែរាល់ពេលដែលយើងបរាជ័យចំពោះការស្រឡាញ់ព្រះ ឬអ្នកជិតខាងរបស់យើង យើងកំពុងតែប្រព្រឹត្តិ អំពើបាប។ ខ្លឹមសារនៃអំពើបាបទាំងអស់គឺភាពបរាជ័យក្នុងការស្រឡាញ់។ ប្រសិនបើយើងស្រឡាញ់ ព្រះជាម្ចាស់ ហើយស្រឡាញ់មនុស្សយ៉ាងល្អឥតខ្ចោះនោះ យើងនឹងមិនប្រព្រឹត្តិអំពើបាបទេ។ វានឹងមិនមាន ការស្អប់ ទាស់ទែងគ្នា លួច កុហក ថ្វាយបង្គំរូបព្រះ ពុករលួយ កេងប្រវ័ញ្ច ឬអំពើបាបផ្សេងៗទៀតទេ ប្រសិនបើយើងស្រឡាញ់ព្រះ និងមនុស្សបានយ៉ាងត្រឹមត្រូវនោះ។
អំពើបាបរបស់មនុស្សបានធ្វើឲ្យពិភពលោកពោរពេញដោយការរងទុក្ខ និងការឈឺចាប់។ ប៉ុន្តែដំណឹងល្អគឺថាព្រះយេស៊ូវសង្គ្រោះមនុស្សចេញពីអំពើបាប។ ដើម្បីបានសង្គ្រោះឲ្យរួចពីបាបមានន័យថាយើងត្រូវបានសង្គ្រោះចេញពី៖
-
ការដាក់ទោសចំពោះអំពើបាប
-
អំណាចនៃអំពើបាប
-
វត្តមាននៃអំពើបាប។
មានទិដ្ឋភាពពីអតីតកាល បច្ចុប្បន្នកាល និងអនាគតអំពីការសង្គ្រោះ។ អ្នកជឿនៅក្នុងព្រះគ្រីស្ទទទួលបានការសង្គ្រោះចេញពីការដាក់ទោសនៃអំពើបាបរួចហើយ កំពុងតែទទួលបានការសង្គ្រោះចេញពីអំណាចនៃអំពើបាបឥឡូវនេះ ហើយនឹងត្រូវបានសង្គ្រោះចេញពីវត្តមាននៃអំពើបាបនាពេលអនាគត។
អតីតកាល ⇨ យើងទទួលបានការសង្គ្រោះចេញពីការដាក់ទោសនៃអំពើបាប
បច្ចុប្បន្នកាល ⇨ យើងកំពុងត្រូវបានសង្គ្រោះចេញពីអំណាចនៃអំពើបាប
អនាគតកាល ⇨ យើងនឹងទទួលបានការសង្គ្រោះចេញពីវត្តមាននៃអំពើបាប
តោះសូមក្រឡេកមើលថាតើនីមួយៗទាំងនេះមានន័យដូចម្តេច។
(១) ព្រះយេស៊ូវសង្គ្រោះពីទណ្ឌកម្មនៃអំពើបាប
យើងទាំងអស់គ្នាបានធ្វើបាប។ ព្រះគម្ពីរប្រាប់យើងថាផលវិបាកនៃអំពើបាបគឺសេចក្តីស្លាប់ ការកាត់ទោស និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់សង្គ្រោះអ្នកជឿពីការទាំងនេះតាមរយៈកិច្ចការរបស់ ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវ។
សង្គ្រោះពីអំណាចនៃលេចក្តីស្លាប់
ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត។ ទ្រង់គឺជាព្រះអាទិករ និងទ្រទ្រង់គ្រប់ទាំងអស់។ ក្រៅពីព្រះជាម្ចាស់ គ្មានជីវិតសោះឡើយ។ បាបបំបែកយើងចេញពីព្រះជាម្ចាស់ ហេតុនេះហើយបានជាពេល ដែលវាធំពេញ វ័យឡើង វានាំមកនូវសេចក្តីស្លាប់។
យ៉ាកុប ១:១៣-១៥
កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់។
រ៉ូម ៥:១២
ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ
អំពើបាប “បង្កើតឲ្យមានសេចក្តីស្លាប់នៅក្នុងយើង” (រ៉ូម ៧:១៣) និង “សម្លាប់យើង” (រ៉ូម ៧:១១)។ ដោយសារអំពើបាប មនុស្សទាំងអស់នឹងស្លាប់។ មិនថាយើងជានរណា ឬយើងធ្វើអ្វីនោះទេ យើងទាំងអស់គ្នានឹងស្លាប់។ តើគ្រប់គ្នាអាចនឹងទទួលបានការសង្គ្រោះចេញពីអំណាចនៃសេចក្តីស្លា ប់ដោយរបៀបណា?
រ៉ូម ៦:២៣
ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
វិធីតែមួយគត់ដើម្បីទទួលបានការសង្គ្រោះឲ្យផុតពីសេចក្តីស្លាប់គឺត្រូវទទួលយកអំណោយនៃជីវិតអស់កល្បជានិច្ច។ ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ឈ្នួសគឺជាអ្វីដែលយើងរកបាន។ យើងសមនឹងទទួលយកឈ្នួលរបស់យើងចំពោះអ្វីដែលយើងបានប្រព្រឹត្តិ។ យ៉ាងណាមិញ អំណោយគឺមិនមែនជាអ្វីដែលយើងរកបាននោះទេ។ វាត្រូវបានផ្តល់ឲ្យដោយសារតែចិត្តសប្បុរសរបស់អ្នកឲ្យ។ សកម្មភាពពោរពេញដោយអំពើបាបរបស់យើងមានន័យថាយើងសមនឹងទទួលសេចក្តីស្លាប់ ប៉ុន្តែអំណោយទានរបស់ព្រះជាម្ចាស់គឺជាជីវិតអស់កល្បជានិច្ចនៅក្នុងព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង!
យ៉ូហាន ១១:២៥-២៦
ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ
បាបបណ្តាលឲ្យស្លាប់។ ព្រះយេស៊ូវសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។ បន្ទាប់មកព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញម្តងទៀត។ ដូច្នេះព្រះយេស៊ូវ “ជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត”។ តាមរយៈការរស់ពីសុគតឡើងវិញរបស់ទ្រង់ ព្រះអង្គយកឈ្នះលើអំណាចនៃសេចក្តីស្លាប់។ ឥឡូវនេះ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ (ដែលជាកម្មសិទ្ធិរបស់ទ្រង់) ទទួលបានជ័យជំនះលើសេចក្តីស្លាប់ដូចទ្រង់ដែរ។
១ កូរិនថូស ១៥:២១-២៦
ដ្បិតដែលសេចក្ដីស្លាប់បានមកដោយសារមនុស្ស នោះសេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្ដីស្លាប់
អ្នកជឿមិនចាំបាច់ខ្លាចការស្លាប់នោះទេ។ អំណាចនៃសេចក្តីស្លាប់នឹងត្រូវបានបំផ្លាញនៅពេលដែលព្រះយេស៊ូវ យ៉ាងត្រឡប់មកវិញជាលើកទីពីរ នៅពេលដែលអ្នកជឿរស់ឡើងវិញដូចជាទ្រង់ដែរ។ យើងនឹងស្លាប់ ប៉ុន្តែ សេចក្តីស្លាប់នឹងមិនអាចយកឈ្នះយើងបានឡើយ។ ដោយសារព្រះយេស៊ូវ យើងនឹងងើបឡើង។ រួចហើយនឹងគ្មានការស្លាប់ចំពោះប្រជារាស្ត្ររបស់ទ្រង់ទៀតទេ។
១ កូរិនថូស ១៥:៥១-៥៧
នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីអាថ៌កំបាំង គឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញដែរ កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ» «ឱសេចក្ដីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្ដីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» រីឯទ្រនិចនៃសេចក្ដីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង
អេសាយ ២៥:៨-៩
ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
វិវរណៈ ២១:៣-៥
ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។ ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ
នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរ អ្នកជឿ “នឹងរស់ឡើងវិញ មិនពុករលួយទៀត ឡើយ”។ សេចក្តីស្លាប់នឹងគ្មានទៀតឡើយ។ យើងនឹងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូត។
ពិភាក្សា៖ តើអ្នកឆ្លើយតបដូចម្តេចចំពោះការពិតដែលព្រះយេស៊ូវបានសង្គ្រោះអ្នកចេញពីអំណាចនៃសេចក្តីស្លាប់?
បានសង្គ្រោះពីការកាត់ទោស និងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់
បន្ទាប់ពីការស្លាប់ មនុស្សទាំងអស់នឹងទទួលបានការកាត់ទោសទៅតាមអ្វីដែលគេបានប្រព្រឹត្តិនៅក្នុងជីវិត របស់ពួកគេ។
ហេព្រើរ ៤:១៣
គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់។
២ កូរិនថូស ៥:១០
ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី
ព្រះជាម្ចាស់ជ្រាបនូវអ្វីៗគ្រប់យ៉ាងដែលគ្រប់គ្នាធ្លាប់និយាយ ប្រព្រឹត្តិ និងគិត។ ព្រះអង្គជ្រាបពីការជម្រុញចិត្ត របស់មនុស្សទាំងអស់។ នៅថ្ងៃនោះ តើគ្រប់គ្នានឹងត្រូវបានចាត់ទុកថា ជាមនុស្សសុចរិតដោយសារតែគុណ សម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ?
រ៉ូម ៣:១០
ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង
១ យ៉ូហាន ១:៨
បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងយើងទេ
គ្មាននរណាម្នាក់ក្នុងចំណោមយើងសុចរិតនោះទេ។ យើងទាំងអស់គ្នាបានធ្វើបាប។ ហេតុដូច្នេះ យើងសមនឹងទទួលនូវការកាត់ទោស។ ប៉ុន្តែព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រាទ្រង់មកដើម្បីទទួល ការដាក់ទណ្ឌកម្មជំនួសអំពើបាបរបស់យើង ដើម្បីឲ្យយើងអាចទទួលបានការសង្គ្រោះឲ្យផុតពីការកាត់ទោស។
យ៉ូហាន ៣:១៧-១៨
ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ ដើម្បីនឹងជំនុំជំរះលោកីយនោះទេ គឺឲ្យលោកីយបានសង្គ្រោះ ដោយសារទ្រង់វិញ ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រា តែ១របស់ព្រះ
ម៉ាកុស ១៦:១៦
អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ
ហេព្រើរ ៩:២៧-២៨
ហើយដោយព្រោះបានដំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ ដូច្នេះ ព្រះគ្រីស្ទ ក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់ មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះ ដល់អស់ អ្នកដែលរង់ចាំទ្រង់។
អ្នកជឿម្នាក់មិនចាំបាច់ខ្លាចការកាត់ទោសនោះទេ។ ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ អំពើបាបរបស់អ្នកត្រូវបាន កាត់ទោសរួចហើយ។ សាលក្រមគឺ “មានទោស” ហើយព្រះយេស៊ូវត្រូវបានកាត់ទោសជំនួសអ្នក។
អេសាយ ៥៣:៦
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។
លទ្ធផលនៃការនេះគឺថាព្រះយេស៊ូវបានសង្គ្រោះយើងចេញពីការកាត់ទោស។
រ៉ូម ៨:១
ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ
តើហេតុអ្វីបានជាវាមានសារៈសំខាន់ដែលថាគ្មានការកាត់ទោសចំពោះអ្នកដែលស្ថិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ? ចម្លើយគឺដោយព្រោះថា ការកាត់ទោសនាំឲ្យមានការដាក់ទណ្ឌកម្ម។ ព្រះគម្ពីរហៅការដាក់ទណ្ឌកម្មសុចរិតរបស់ព្រះចំពោះមនុស្សមានបាបដែលត្រូវបានកាត់ទោសថាជា “សេចក្តីក្រោធរបស់ព្រះ”។
រ៉ូម ១:១៨
ពីព្រោះសេចក្ដីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្ដីទមិលល្មើស នឹងសេចក្ដីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្ដីពិត ដោយសេចក្ដីទុច្ចរិត
អេភេសូរ ៥:៦
កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសំដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្ដីទាំងនោះ បានជាសេចក្ដីក្រោធរបស់ព្រះ បានមកលើមនុស្សរឹងចចេស
កូល៉ុស ៣:៥-៦
ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោក គ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស
នៅលើឈើឆ្កាង ព្រះយេស៊ូវទទួលបាននូវសេចក្តីក្រោធរបស់ព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង។ ព្រះជាម្ចាស់មិនព្រងើយកន្តើយ បំភ្លេចចោល ឬមើលរំលងអំពើបាបរបស់យើងឡើយ។ ផ្ទុយទៅវិញ ទ្រង់បានដាក់ទណ្ឌកម្មវានៅលើឈើឆ្កាងរួចហើយ។
អេសាយ ៥៣:៤-៥
ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់
ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ ការដាក់ទណ្ឌកម្មចំពោះអំពើបាបរបស់អ្នកត្រូវបានផ្តល់ឲ្យរួចហើយ ហើយអ្នកទទួលបានការសង្គ្រោះចេញពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់។
១ ថែស្សាឡូនីច ៥:៩
ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង
រ៉ូម ៥:៨-៩
តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង 9ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត
១ ថែស្សាឡូនីច ១:៩-១០
ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។
តើព្រះជាម្ចាស់សង្គ្រោះយើងចេញពីការដាក់ទណ្ឌកម្មនៃអំពើបាបយ៉ាងដូចម្តេច?
ព្រះជាម្ចាស់សង្គ្រោះយើងចេញពីការដាក់ទណ្ឌកម្មរបស់អំពើបាបតាមរយៈការដាក់នូវរាល់អំពើបាបរបស់យើងទៅលើអង្គព្រះយេស៊ូវ ហើយកាត់ទោសបាបរបស់យើងនៅលើឈើឆ្កាង។ ព្រះយេស៊ូវទទួលរងទុក្ខការស្លាប់
ការកាត់ទោស និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ នៅលើឈើឆ្កាងសម្រាប់យើង។ អស់អ្នកដែលនៅក្នុង ព្រះគ្រីស្ទដឹងថា អំពើបាបរបស់ពួកគេត្រូវបានកាត់ទោស និងដាក់ទោសដោយយុត្តិធម៌រួចហើយ ហើយមិនចាំបាច់ខ្លាចការស្លាប់ ការកាត់ទោស និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទៀតទេ។
ពិភាក្សា៖ តើអ្នកឆ្លើយតបដូចម្តេចចំពោះការពិតដែលព្រះយេស៊ូវបានសង្គ្រោះអ្នកចេញពីការកាត់ទោស និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់?
សង្ខេប៖ យើងទាំងអស់គ្នាបានធ្វើបាប។ បើគ្មានព្រះយេស៊ូវទេ លទ្ធផលនេះនឹងនាំឲ្យមានសេចក្តីស្លាប់ ការកាត់ទោស និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់។ ប៉ុន្តែជាមួយព្រះយេស៊ូវ យើងមានជីវិតអស់កល្បជានិច្ច សុចរិត និងសេចក្តីមេត្តាករុណាពីព្រះជាម្ចាស់។
(២) ព្រះយេស៊ូវសង្គ្រោះពីអំណាចនៃអំពើបាប
បញ្ហាដ៏ធំបំផុតរបស់មនុស្សជាតិគឺអំពើបាប។ យើងគ្មានដំណោះស្រាយចំពោះវាសោះឡើយ។ យើងបង្កើតច្បាប់ និងក្រិតវិន័យដើម្បីគ្រប់គ្រងអាកប្បកិរិយា យើងប៉ុនប៉ងធ្វើឲ្យមានភាពប្រសើរឡើងចំពោះខ្លួនឯងគ្រប់ទាំងអស់ យើងអប់រំ និងដាក់វិន័យកូនៗរបស់យើង តែសេចក្តីពិតគឺថា៖ យើងទាំងអស់គ្នានៅតែធ្វើបាប។ ហេតុអ្វី? ដោយសារតែអំពើបាបមានអំណាចលើយើង។ យើងរៀនអំពីអំណាចនៃអំពើបាបនៅក្នុង រ៉ូម ៧:១៤-២០។ សូមចំណាយពេលវេលាខ្លះៗដើម្បីអានអត្ថបទឲ្យឮៗឥឡូវនេះ។
លោកប៉ូល បានដឹងថាអំពើបាបមិនមែនគ្រាន់តែជាអ្វីដែលយើងប្រព្រឹត្តិតែប៉ុណ្ណោះទេ។ វាគឺជានិស្ស័យ របស់យើង។ វាគឺជារឿងធម្មជាតិសម្រាប់មនុស្សក្នុងការធ្វើអំពើបាប ដែលយើងមិនចាំបាច់ទទួល ការបង្រៀនពីរបៀបធ្វើវានោះទេ។** មុនពេលដែលព្រះជាម្ចាស់សង្គ្រោះយើង យើងគឺជា “មនុស្សជាប់ក្នុងសេចក្ដីខ្ញាល់”។
អេភេសូរ ២:១-៣
ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ
“មនុស្សជាប់ក្នុងសេចក្ដីខ្ញាល់” ពណ៌នាអំពីការធ្លាក់ចុះនៃធម្មជាតិរបស់មនុស្ស ដោយតាមនិស្ស័យ បានបះបោរប្រឆាំងនឹងព្រះ និងក្រិតវិន័យរបស់ទ្រង់។ ហេតុដូច្នេះ ដើម្បីទទួលបានការសង្គ្រោះ យើងត្រូវតែមានសេរីភាពរួចផុតពីអំណាចនៃអំពើបាបដែលមានចំពោះយើង។ ដំណឹងល្អគឺថាព្រះជាម្ចាស់ចង់ឲ្យយើងមានសេរីភាពចេញពីអំណាចនៃអំពើបាប ហើយទ្រង់សម្រេចវាបានតាមរយៈការផ្តល់ឲ្យយើងនូវចិត្តគំនិតថ្មី និងព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់មកដល់យើង។
អេសេគាល ៣៦:២៦-២៧
អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ហើយបណ្តាលឲ្យឯងរាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង
ការសង្គ្រោះចេញពីអំណាចនៃអំពើបាបមិនមែនសម្រេចបានដោយគ្រាន់តែដកចេញ ឬកែលម្អនិស្ស័យពេញ ដោយបាបរបស់យើងនោះទេ។ យើងនៅតែមាននិស្ស័យជាមនុស្សពេញដោយអំពើបាប ហេតុដូច្នេះហើយ បានជាយើងនៅតែធ្វើបាប។ ប៉ុន្តែអ្វីដែលបានផ្លាស់ប្តូរគឺថាឥឡូវនេះយើងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុង យើង។ គឺដោយសារព្រះវត្តមានរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធនៅក្នុងយើង នោះយើងចាប់ផ្តើមមានជ័យជំនះ លើអំណាចនៃអំពើបាប។
តើព្រះជាម្ចាស់សង្គ្រោះយើងចេញពីអំណាចនៃអំពើបាបដោយរបៀបណា?
ព្រះជាម្ចាស់សង្គ្រោះយើងចេញពីអំណាចរបស់អំពើបាបដោយដាក់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។ ឥទ្ធិពលនៃការទទួលព្រះវិញ្ញាណបរិសុទ្ធ គឺថាអ្នកជឿកាន់តែឱ្យតម្លៃ និងមានបំណងចិត្តចង់បានភាពបរិសុទ្ធ។ រឿងនេះជួយឲ្យមនុស្សម្នាក់យកឈ្នះទៅលើនិស្ស័យនៃអំពើបាបរបស់គាត់បាន។ ការសង្គ្រោះពីអំណាច នៃអំពើបាបទាក់ទងនឹង៖
-
សង្គ្រោះយើងចេញពីសេចក្តីស្រឡាញ់នៃអំពើបាប។ ការនេះអាចសម្រេចបានតាមរយៈការទទួលយក ដួងចិត្តថ្មី និងព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់នៅក្នុងយើងដោយស្អប់បាប ហើយមានបំណងចិត្ត ចង់បានភាពបរិសុទ្ធ។ លទ្ធផលគឺថាបាបមិនអាចល្បួងយើងបានដូចពីមុននោះទេ។
-
សង្គ្រោះយើងចេញពីការបោកបញ្ឆោតនៃអំពើបាប។ ការនេះសម្រេចបានដោយសារការដឹកនាំពី ព្រះវិញ្ញាណបរិសុទ្ធទៅក្នុងសេចក្តីពិតគ្រប់យ៉ាង។ លទ្ធផលគឺថាបាបមិនអាចបំភាន់យើងដូចពីមុន នោះទេ។
-
សង្គ្រោះយើងចេញពីការដោះសារ និងអាកប្បកិរិយាធម្មតារបស់យើងចំពោះអំពើបាប។ ការនេះសម្រេចបានដោយព្រះវិញ្ញាណដ៏បរិសុទ្ធធ្វើការប៉ះពាល់ចិត្តចំពោះអំបើបាប។ អាកប្បកិរិយាថ្មីរបស់យើងចំពោះបាបគឺមើលឃើញនៅក្នុងភាពទុក្ខសោកចំពោះអំពើបាប ការសារភាពបាប ខ្វះសេចក្តីពិតខាងសាច់ឈាម និងការតាំងចិត្តលះបង់អំពើបាបចោល។
ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ នោះអ្នកទទួលបានការសង្គ្រោះឲ្យរួចចេញពីអំណាចនៃអំពើបាបហើយ។ ការនេះមិនមែនមានន័យថាអ្នកនឹងមិនប្រព្រឹត្តិអំពើបាបទៀតទេ។ យ៉ាងណាមិញ វាមានន័យថាបំណងចិត្ត របស់អ្នកសម្រាប់ភាពបរិសុទ្ធនឹងកើនឡើង ហើយបំណងចិត្តនៃការធ្វើបាបនឹងថយចុះ។ ការនេះនឹងផ្តល់ឲ្យ អ្នកនូវសេរីភាពចេញពីអំពើបាប និងជួយអ្នកមិនឲ្យប្រព្រឹត្តិអំពើបាបច្រើន។ លទ្ធផលគឺថាអ្នកមិនមែនជាទាសករ នៃអំពើបាបទៀតទេ។ បាបនឹងមិនអាចសោយរាជ្យនៅក្នុងជីវិតអ្នកបានទៀតទេ។ វានឹងមិនអាចគ្រប់គ្រងនៅ លើអ្នកបានទៀតឡើយ។ អ្នកទទួលបានការរំដោះឲ្យមានសេរីភាព។
ទំនុកដំកើង ១៩:១៣
សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់
ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ
កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ
នោះទូលបង្គំនឹងបានទៀងត្រង់ ហើយនឹងបានរួចពីអំពើ
រំលងយ៉ាងធំផង
រ៉ូម ៦:១២-១៤
ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្ដីប៉ងប្រាថ្នារបស់បាបនោះឡើយ ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ប្រដាទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រិត្យវិន័យ គឺនៅក្រោមព្រះគុណវិញ។
រ៉ូម ៦:១៧-១៨
ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែ អរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្ដីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ
វិវរណៈ ១:៥b-៦
រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
ព្រះយេស៊ូវបានរំដោះយើងឲ្យមានសេរីភាពចេញពីបាបរបស់យើងដោយសារព្រះលោហិតរបស់ទ្រង់។ អំណាចនៃអំពើបាបដើម្បីយកយើងធ្វើជាទាសករត្រូវបានកាត់ផ្តាច់។ ពេលនេះព្រះជាម្ចាស់រស់នៅក្នុងអ្នកជឿតាមរយៈព្រះវត្តមាននៃព្រះវិញ្ញាណរបស់ទ្រង់ ហើយព្រះអង្គប្រទានឲ្យយើងនូវឆន្ទៈ និងអំណាចសម្រាប់ការរស់នៅក្នុងជីវិតដ៏បរិសុទ្ធ។
ពិចារណា៖ ចូរគិតអំពីអំពើបាបមួយចំនួនដែលធ្លាប់វាយបំបាក់អ្នក ប៉ុន្តែមិននៅដូច្នោះទៀតទេ។ បន្ទាប់មកអរគុណព្រះជាម្ចាស់សម្រាប់ការសង្គ្រោះអ្នកចេញពីអំណាចរបស់វាមកលើអ្នក។
ប្រសិនបើមាននរណាម្នាក់ចង់ចែករំលែកពីទីបន្ទាល់ផ្ទាល់ខ្លួនអំពីរឿងនេះ សូមធ្វើដូច្នោះចុះ។
(៣) ព្រះយេស៊ូវសង្គ្រោះពីវត្តមាននៃអំពើបាប
ខណៈពេលដែលយើងស្ថិតនៅក្នុងលោកីយ៍នេះនៅឡើយយើងនឹងស្ថិតនៅក្នុងវត្តិមាននៃអំពើបាប។ ព្រះគម្ពីរហៅការនេះថា “លោកីយដ៏អាក្រក់សព្វថ្ងៃនេះ” ពីព្រោះវាទទួលរងផលប៉ះពាល់យ៉ាងអាក្រក់ បំផុតដោយសារអំពើបាប។
កាឡាទី ១:៣-៥
សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា នឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោសឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតា នៃយើង សូមឲ្យទ្រង់បានសិរីល្អ ដល់អស់កល្បជានិច្ចរៀងតទៅ អាម៉ែន។
ព្រះយេស៊ូវនឹងរំដោះយើងចេញពីវត្តមាននៃលោកីយដ៏អាក្រក់នេះ។ នៅពេលយើងស្លាប់ ព្រះអង្គនាំយើង ចូលទៅក្នុងនគរទ្រង់នៅស្ថានសួគ៌។
២ ធីម៉ូថេ ៤:១៨
ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសំរាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
តើព្រះជាម្ចាស់សង្គ្រោះយើងចេញពីវត្តមាននៃអំពើបាបដោយរបៀបណា?
ព្រះជាម្ចាស់សង្គ្រោះយើងចេញពីវត្តមានរបស់អំពើបាបតាមរយៈការនាំយើងមកកាន់ព្រះរាជ្យនៃស្ថានបរម្យសុខ។ ព្រះជាម្ចាស់កំពុងតែសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ចេញពីអំពើបាបដើម្បីរៀបចំយើងសម្រាប់ ភាពអស់កល្បជានិច្ចជាមួយនឹងទ្រង់នៅក្នុងពិភពដ៏ល្អឥតខ្ចោះ។
ព្រះយេស៊ូវនឹងសង្គ្រោះយើងចេញពីវត្តមាននៃរាល់អំពើបាបទាំងអស់។ ការនេះរួមទាំង:
-
អំពើបាបដែលស្ថិតនៅជុំវិញយើងនៅក្នុងយុគ្គសម័យដ៏អាក្រក់នេះ (មានដូចជាអំពើហឹង្សារ ការស្អប់ និងភាពលោភលន់) ដែលនឹងមិនមែន ជាផ្នែកមួយនៃស្ថានសួគ៌ថ្មី និងផែនដីថ្មីនោះទេ ដ្បិត “ក៏គ្មានអ្វីស្មោគគ្រោក ឬអ្នកណាដែលប្រព្រឹត្តិបែបគួរខ្ពើម ឬសេចក្តីកំភូតណាចូលទៅក្នុងទីក្រុងនោះបានឡើយ” (វិវរណៈ ២១៖២៧)។
-
អំពើបាបដែលមាននៅក្នុងយើង។ នៅពេលយើងនៅជាមួយព្រះយេស៊ូ នៅ ក្នុងនគរព្រះអង្គ យើងនឹងមិនធ្វើបាបទៀតឡើយ។ យើងនឹងបរិសុទ្ធ និងឥតកន្លែងបន្ទោសបាន។ យើងនឹងបានល្អឥតខ្ចោះដូចជាទ្រង់ដែរ។
១ យ៉ូហាន ៣:២-៣
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង អស់អ្នកណាដែលមានសេចក្ដីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួនឲ្យដូចទ្រង់ដែលស្អាតដែរ
ពិភាក្សា៖ តើអ្នកឆ្លើយតបដូចម្តេចចំពោះការពិតដែលព្រះជាម្ចាស់នឹងសង្គ្រោះអ្នកចេញពីវត្តមាននៃអំពើបាប?
សង្ខេប៖ ព្រះយេស៊ូវសង្គ្រោះយើងចេញពីអំពើបាប។
-
ការសង្គ្រោះរបស់យើងចេញពីទណ្ឌកម្មនៃអំពើបាប បានសម្រេចតាមរយៈការរងទុក្ខរបស់ ព្រះគ្រីស្ទនៅលើឈើឆ្កាង ជាកន្លែងដែលទ្រង់បានស៊ូទ្រាំនឹងការដាក់ទណ្ឌកម្មសម្រាប់ អំពើបាបរបស់យើង។
-
ការសង្គ្រោះរបស់យើងចេញពីអំណាចនៃអំពើបាប កំពុងត្រូវបានសម្រេចឥឡូវនេះតាមរយៈ កិច្ចការដែលព្រះវិញ្ញាណដ៏បរិសុទ្ធគង់នៅក្នុងយើង។
-
ការសង្គ្រោះរបស់យើងចេញពីវត្តមាននៃអំពើបាប នឹងសម្រេចបាននៅពេលដែលព្រះគ្រីស្ទ យាងត្រឡប់មកវិញជាលើកទីពីរ។ ទ្រង់នឹងនាំយើងចូលទៅកាន់ព្រះរាជ្យរបស់ទ្រង់ ជាកន្លែងដែលយើងនឹងមានសេរីភាពចេញពីអំពើបាបជារៀងរហូត។
កំណត់សម្គាល់គ្រូ
* ផ្អាក ពន្លាតពេល និងចាក់ចម្រៀង៖
https://www.youtube.com/watch?v=2Hktq5tnMYs&list=PLhkGkd3nKogeqERFO0wMuOmi3YHsoync
https://www.youtube.com/watch?v=0JC1Dj_QWsQ&list=PLhkGkd3nKogeBm9QFT-HqvoFXYcOZ2JnN
** និយាយ៖ ចូរគិតអំពីក្មេងៗ។ គ្មាននរណាបង្រៀនមនុស្សឲ្យកុហក ឬមានភាពអាត្រានិយម ឬវាយបងប្អូនខ្លួនឯងដែរ - ប៉ុន្តែគេធ្វើយ៉ាងដូច្នោះ។ តើពួកគេដឹងពីរបៀបធ្វើយ៉ាងដូច្នោះដោយរបៀបណា? គ្មាននរណាបង្រៀនពួកគេទេ ប៉ុន្តែពួកគេធ្វើវាតាមធម្មជាតិខ្លួនវិញ។ យ៉ាងណាមិញ ក្មេងៗត្រូវការបង្រៀនឲ្យនិយាយសេចក្តីពិត ឬចេះគួរសម ឬលេងឲ្យល្អជាមួយបងប្អូនដែលមានអាយុតិចជាងរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះថាពួកគេនឹងមិនធ្វើដូច្នេះតាមធម្មជាតិនោះទេ។ វាមិនមែនជាធម្មជាតិរបស់ពួកគេនោះទេ។