top of page

​មេរៀនទី ២: កំណើតថ្មី

សម្រង់សម្តីព្រះយេស៊ូវ៖ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ (យ៉ូហាន ៣:៣) * កំណត់សម្គាល់គ្រូ #១

នៅពេលមនុស្សម្នាក់ជឿលើព្រះយេស៊ូវជាលើកដំបូង សេចក្តីពិតដែលគាត់មិនធ្លាប់បានដឹងពីមុនមកស្រាប់តែ ក្លាយជាការពិតសម្រាប់គាត់។ គាត់ដឹងអំពីអំពើបាប ដំណឹងល្អ និងសេចក្តីត្រូវការព្រះយេស៊ូវមកធ្វើជា ព្រះសង្គ្រោះរបស់គាត់។ គាត់មានអារម្មណ៍ថាមានការទាញឲ្យកែប្រែចិត្ត ដែលនោះគឺជាពេលដែលគាត់ចង់ ងាកចេញពីអំពើបាប និងត្រឡប់មករកព្រះវិញ។ គាត់ជឿថាព្រះជាម្ចាស់គឺពិតប្រាកដ ហើយថា គាត់អាច ស្គាល់ព្រះ ហើយថាព្រះជាម្ចាស់ស្រឡាញ់គាត់។ គាត់ទទួលអារម្មណ៍ថាចិត្តរបស់គាត់បានផ្លាស់ប្តូរនៅក្នុង ខ្លួនគាត់។ ទាំងអស់នេះកើតឡើងដោយសារតែឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធ ហើយជាទីសម្គាល់នៃជីវិតថ្មី មកពីព្រះជាម្ចាស់។ អ្នកជឿថ្មីបាន “កើតជាថ្មី”។

សេចក្តីពិត #១៖ ជីវិតថ្មីរបស់យើងនៅក្នុងព្រះគ្រីស្ទចាប់ផ្តើមនៅពេលយើង “កើតជាថ្មី”។
 

អត្ថបទគន្លឹះនៅក្នុងព្រះគម្ពីរអំពីការកើតជាថ្មីនៅក្នុងគម្ពីរយ៉ូហាន ជំពូក ៣។ ចំណាយពេលបន្តិចអាន យ៉ូហាន ៣:១-១០ ឲ្យឮៗ។ 

សូមយើងពីនិត្យមើលអ្វីដែលព្រះយេស៊ូវបង្រៀនអំពីការកើតជាថ្មី។ ដំបូងបង្អស់ ប្រៀបធៀបអ្វីដែល ព្រះយេស៊ូវមានបន្ទូលនៅក្នុងខ ៣ និងខ ៥។ 

យ៉ូហាន ៣:៣ 
ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ

យ៉ូហាន ៣:៥ 
ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ‌វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ

 

វាច្បាស់ណាស់ថាដើម្បី “កើតជាថ្មី” គឺត្រូវ “កើតចេញពីទឹក និងព្រះវិញ្ញាណ”។

 សេចក្តីពិត #២ ដើម្បីកើតជាថ្មីគឺត្រូវកើតចេញពីទឹក និងព្រះវិញ្ញាណ។

ប៉ុន្តែតើវាមានន័យដូចម្តេចចំពោះការកើតចេញពីទឹក និងព្រះវិញ្ញាណ? ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ លោកនីកូដេមដែលជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយព្រះយេស៊ូវបាន​រំពឹង​ថាគាត់នឹងយល់អំពីរឿងនេះ (ខ ១០)។ ហេតុអ្វី? ដោយសារព្រះជាម្ចាស់មានព្រះបន្ទូលអំពីរឿងនេះរួចហើយតាមរយៈហោរ៉ារបស់ព្រះអង្គ។ យើងមើលឃើញការយកចិត្តទុកដាក់ចំពោះជីវិតថ្មីតាមរយៈទឹក និងព្រះវិញ្ញាណនៅក្នុងសេចក្តីទំនាយ របស់លោកអេសេគាល៖

អេសេគាល ៣៦:២៥-២៧

នោះ​អញ​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​ឯង​រាល់​គ្នា ដូច្នេះ ឯង​នឹង​បាន​ស្អាត អញ​នឹង​ជំរះ​ឯង​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​ទាំង​សេចក្ដី​ស្មោក‌គ្រោក ហើយ​ពី​អស់​ទាំង​រូប​ព្រះ​របស់​ឯង​ផង អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

** នៅក្នុងអត្ថបទនេះ តើអ្នកអាចមើលឃើញការយកចិត្តទុកដាក់ទៅលើទឹក និងព្រះវិញ្ញាណដែលជារបៀបក្នុងការបង្កើតជាថ្មីដែរឬទេ?

ព្រះជាម្ចាស់បានសន្យាតាមរយៈហោរ៉ាអេសគាលថាពេលវេលាបានកំពុងតែមកដល់នៅពេលដែលទ្រង់នឹង ធ្វើឲ្យមនុស្សកែជាថ្មីឡើង។ ជីវិតថ្មីនេះត្រូវបាននិមិត្តរូបតាមរយៈទឹកដែលលាងសម្អាតរាល់ភាពស្មោគគ្រោក និងការថ្វាយបង្គំរូបព្រះរបស់យើង ហើយតាមរយៈអំណោយទាននៃព្រះវិញ្ញាណដ៏បរិសុទ្ធដែលបានផ្លាស់ប្រែ មនុស្សពីខាងក្នុងមក និងប្រទានឲ្យពួកគេនូវបំណងចិត្តនៃការស្តាប់បង្គាប់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែល ពាក់ព័ន្ធនឹងកំណើតថ្មី៖ ការសម្អាតចេញពីអំពើបាបតាមរយៈព្រះជាម្ចាស់ និងការទទួលព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងអ្នក។ 

សេចក្តីពិត #៣៖ ការកើតចេញពីទឹក និងព្រះវិញ្ញាណមានន័យថាដើម្បីទទួលបានការសម្អាតចេញពីអំពើបាបទាំងអស់ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះនៅក្នុងអ្នក។

សាវ័កយ៉ូហានប្រើឃ្លាសមមូលគ្នាសម្រាប់ “ការកើតចេញពីទឹក និងព្រះវិញ្ញាណ” នៅពេលដែលគាត់សរសេរថាយើង “កើត​មក​អំពី​ព្រះ”។

យ៉ូហាន ១:១២-១៣     
ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ (ព្រះយេស៊ូវ) គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។

 

ពេលយើងទទួល និងជឿលើព្រះយេស៊ូវ យើងកើត​មក​អំពី​ព្រះ។ ពេលទារកកើតចេញមក វាមានជីវិតបែបដែលឪពុកម្តាយមាន នោះគឺជាជីវិតមនុស្សខាងសាច់ឈាម។ ពេលយើងកើតជាថ្មី យើង “កើត​មក​អំពី​ព្រះ” ជាមួយជីវិតបែបដែលព្រះជាម្ចាស់មាន នោះគឺជាជីវិតខាងវិញ្ញាណ ដែលនៅអស់កល្បជានិច្ច។

 

យ៉ូហាន ៣:៦ 
របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ

 

ការកើតជាថ្មីគឺជាកំណើតខាងវិញ្ញាណ។ កំណើតដំបូងរបស់យើងបានផ្តល់ជីវិតខាងសាច់ឈាមឲ្យយើង កំណើតថ្មីផ្តល់ឲ្យយើងនូវជីវិតខាងវិញ្ញាណ។ ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ។ ហេតុដូច្នេះ ដើម្បីកើតជាថ្មីគឺត្រូវមានជីវិតខាងវិញ្ញាណមកពីព្រះជាម្ចាស់។ 

 

សេចក្តីពិត #៤ ការកើតជាថ្មីគឺមានជីវិតខាងវិញ្ញាណមកពីព្រះជាម្ចាស់។

 

តើហេតុអ្វីបានជាមនុស្សម្នាក់ត្រូវកើតជាថ្មីម្តងទៀត?
ព្រះយេស៊ូវមានព្រះបន្ទូលថាយើងត្រូវតែកើតជាថ្មី (យ៉ូហាន ៣:៧)។ ‘ត្រូវតែ’ គឺជាពាក្យសង្កត់ធ្ងន់ ដែលបង្ហាញថាវាចាំបាច់។ តើហេតុអ្វីបានជាចាំបាច់ត្រូវកើតជាថ្មី? ដើម្បីយល់អំពីចំណុចនេះ យើងត្រូវតែសួរថា តើលក្ខខណ្ឌធម្មជាតិនៃមនុស្សគឺអ្វី?

លក្ខខណ្ឌរបស់មនុស្ស
មនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ដើម្បីឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់។ នេះគឺជាជីវិតខាងវិញ្ញាណ។ វាគឺជាជីវិតរួមប្រកបជាមួយព្រះជាម្ចាស់។ ប៉ុន្តែមនុស្សបានបាត់បង់ជីវិតខាងវិញ្ញាណដែលព្រះជាម្ចាស់បានផ្តល់ឲ្យនៅពេលទ្រង់បង្កើតគេមក។ យើងអានអំពីរឿងនេះនៅក្នុងគម្ពីរលោកុប្បត្តិ។

លោកុ‌ប្បត្តិ ២:១៥-១៧
ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែ​រក្សា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បង្គាប់​ទៅ​អ័ដាម​ថា ឯង​នឹង​ស៊ី​ផ្លែឈើ​ទាំង​អស់​ក្នុង​សួន‌ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់ ​ជា​មិន​ខាន។


អ័ដាមបានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ ប៉ុន្តែតើគាត់បានស្លាប់នៅក្នុងថ្ងៃនោះដែរឬទេ? អត់ទេ។ គាត់រស់នៅអស់រយៈពេលជាច្រើនឆ្នាំក្រោយមក ហើយស្លាប់នៅអាយុ ៩៣០ឆ្នាំ។ ដូច្នេះតើគាត់ស្លាប់ក្នុងន័យអ្វី “នៅថ្ងៃ” ដែលគាត់បរិភោគនោះ? អ័ដាមមិនបានស្លាប់ខាងសាច់ឈាមទេ សេចក្តីស្លាប់របស់គាត់គឺខាងវិញ្ញាណ។ នៅថ្ងៃនោះគាត់ទទួលបានបទពិសោធន៍នៃការបែកចេញពីព្រះជាម្ចាស់។ 

ការបែកចេញពីជីវិតរបស់ព្រះជាម្ចាស់គឺជាការស្លាប់ខាងវិញ្ញាណ។ ស្ថានភាពនៃការស្លាប់ខាងវិញ្ញាណនេះគឺជាអ្វីដែលមនុស្សទាំងប្រុសទាំងស្រីបានទទួលមកពីអ័ដាម។ ដូច្នេះចម្លើយសម្រាប់សំណួរ “តើហេតុអ្វីបានជាមនុស្សម្នាក់ត្រូវការកើតជាថ្មី?” គឺថាកំណើតថ្មីគឺជាភាពចាំបាច់ដើម្បីទទួលបានជីវិតខាងវិញ្ញាណ។


សាវ័កប៉ូលពណ៌នាអំពីលក្ខណៈដែលមនុស្សទាំងអស់មានមុនពេលគេមានបទពិសោធន៍នៅក្នុងកំណើតថ្មី។

 

អេភេសូរ ៤:១៨
គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញ​ពី​ព្រះ‌ជន្ម​ព្រះ ដោយ‌សារ​សេចក្ដី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង‌ទទឹង

 

នេះគឺជាលក្ខខណ្ឌរបស់មនុស្ស។ មនុស្សត្រូវបាន​ “ដាច់​ចេញ​ពី​ព្រះ‌ជន្ម​ព្រះ ដោយ‌សារ​សេចក្ដី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង‌ទទឹង”។ លទ្ធផលចំពោះរឿងនេះគឺមនុស្សមិនបានយល់ដឹងអំពីសេចក្តីពិតខាងវិញ្ញាណ។


១ កូរិន‌ថូស ២:១៤
ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ


“មនុស្ស​ខាង​សាច់​ឈាម” គឺជាអ្វីដែលយើងទាំងអស់គ្នាមានតាមធម្មជាតិ។ “មនុស្សខាងវិញ្ញាណ” គឺជាអ្វីដែលយើងទទួលបាននៅពេលមានកំណើតថ្មី។ មនុស្សតាមធម្មជាតិ “មិនទទួល” ហើយ “រក​ស្គាល់​មិន​បាន” អំពីរឿងរ៉ាវនៃព្រះវិញ្ញាណរបស់ព្រះបានឡើយ។


រ៉ូម ៨:៧-៩
ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ


គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ។ នេះមានន័យថាមនុស្សគ្មានបំណងចិត្ត តាមធម្មជាតិក្នុងការចង់ដឹង បម្រើ ស្រឡាញ់ ឬស្តាប់បង្គាត់ព្រះទេ។ នេះបង្ហាញពួកយើងថាតើហេតុអ្វីបាន ជាមនុស្សដែលមិនបានកើតជាថ្មី មិនអាចូលទៅក្នុងនគរព្រះបានឡើយ។ ដើម្បីចូលទៅក្នុងនគរព្រះ យើងត្រូវតែ​មានជីវិតខាងវិញ្ញាណ ដែលដឹងថាព្រះជាម្ចាស់គឺជាស្តេចរបស់យើង។


យ៉ូហាន ៤:២៤
ឯ​ព្រះ ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ‌បង្គំ ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ


ដើម្បីស្គាល់ព្រះ និងថ្វាយបង្គំទ្រង់ដោយវិញ្ញាណ និងសេចក្តីពិតមិនអាចសម្រេចបានដោយ “មនុស្ស​ខាង ​សាច់​ឈាម”  ទេ។ យើងត្រូវតែកើតជាថ្មី។ ពិភាក្សា៖ ប្រសិនបើនរណាម្នាក់សួរអ្នកថាតើហេតុអ្វីបានជាមនុស្សម្នាក់ត្រូវ “កើតជាថ្មី” តើអ្នកនឹងនិយាយថាដូចម្តេច?


មនុស្សស្លាប់ត្រូវបានធ្វើឲ្យរស់ឡើងវិញ

គ្រីស្តសាសនាមានច្រើនជាងការទៅនគរស្ថានសួគ៌នៅពេលយើងស្លាប់ទៅទៀត។ វាគឺជាអំពីការមានជីវិត ខាងវិញ្ញាណដ៏បរិបូរនាពេលឥឡូវនេះ។ តាមធម្មជាតិរបស់មនុស្សស្លាប់ខាងវិញ្ញាណដោយសារតែអំពើបាប ហេតុដូច្នេះហើយបានជាយើងត្រូវការជីវិតថ្មីមកពីព្រះជាម្ចាស់។ 

អេភេសូរ  ២:១-៣
ពី​ដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើ​បាប​ដែរ ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត តាម​របៀប​លោកីយ​នេះ គឺ​តាម​មេ​គ្រប់‌គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្តាល​មក​ក្នុង​ពួក​មនុស្ស​រឹង‌ចចេស យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​សាច់​ឈាម នឹង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្ដី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ


ខណៈពេលដែលយើងស្ថិតនៅក្នុងលក្ខខណ្ឌស្លាប់ខាងវិញ្ញាណនេះ ព្រះជាម្ចាស់បានសង្គ្រោះយើង។

 

អេភេសូរ  ២:៤-៥ក
ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​លើស‌លប់ ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មាន​ដល់​យើង​រាល់​គ្នា ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ 

កូល៉ុស ២:១៣
ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ជា​មួយ​នឹង​ទ្រង់ ដោយ​បាន​អត់​ទោស​ចំពោះ​អស់​ទាំង​ការ​រំលង​របស់​អ្នក​រាល់​គ្នា


ប្រសិនបើអ្នកគឺជាអ្នកជឿ ការរស់ឡើងវិញខាងវិញ្ញាណបានកើតមានឡើង! ដូចជាការដែលព្រះយេស៊ូវបានសុគតខាងសាច់ឈាម ហើយត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញដោយព្រះជាម្ចាស់ អ្នកបានស្លាប់ខាងវិញ្ញាណ ហើយត្រូវបានលើកឡើងឲ្យមានជីវិតខាងវិញ្ញាណដោយព្រះជាម្ចាស់។ 

រ៉ូម ៨:១១
មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

 


ជីវិតថ្មីនៃការរស់ឡើងវិញនេះ ដែលយើងមាន បានកើតឡើងចំពោះយើង ដោយសារយើងចូល​រួមនៅក្នុងជីវិតរស់ឡើងវិញរបស់ព្រះយេស៊ូវ។ 

១ ពេត្រុស ១:៣  
សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ

យ៉ូហាន ៥:២៤ 
ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នក​នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ហើយ​មិន​ដែល​ត្រូវ​ជំនុំ‌ជំរះ​ឡើយ គឺ​បាន​កន្លង​ហួស​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​វិញ

 

១ យ៉ូហាន ៥:១២ 
ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

 

ប្រសិនបើអ្នកបានកើតជាថ្មីម្តងទៀត អ្នកបានឆ្លងផុតពីការស្លាប់ទៅកាន់ជីវិតហើយ! ការផ្តល់ឲ្យមានជីវិតឡើងវិញមកពីព្រះជាម្ចាស់ យើងពិតជានឹងមិនស្លាប់ឡើយ។ រូបកាយខាងសាច់ឈាមរបស់យើងនឹងស្លាប់ទៅនៅថ្ងៃមួយ ប៉ុន្តែយើងនឹងមិនស្លាប់ទេ។ ហេតុដូច្នេះ កំណើតថ្មីគឺជាចំណុចចាប់ផ្តើមនៃជីវិតដ៏អស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។


យ៉ូហាន ១៧:៣
នេះ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង


តាមរយៈការកើតជាថ្មី ជីវិតខាងវិញ្ញាណថ្មីត្រូវបានផ្តល់មកឲ្យយើង ហើយយើងចាប់ផ្តើមរស់នៅក្នុងជីវិតដែលព្រះជាម្ចាស់មានបំណងព្រះហឫទ័យសម្រាប់មនុស្ស នោះគឺជាជី វិតដ៏ពេញបរិបូរណ៍ដែលមានភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងព្រះអាទិកររបស់យើង!


ពិភាក្សា៖ ចូរគិតអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នក៖ តើអ្វីជាភាពខុសគ្នារវាងការមានតែជីវិតខាងរូបកាយ ប្រៀបធៀបទៅនឹងការស្គាល់ព្រះជាម្ចាស់ និងការមានជីវិតខាងវិញ្ញាណ?  *** ចាក់ចម្រៀងសម្រាប់ឆ្លុះបញ្ចាំង 


តើយើងកើតជាថ្មីដោយរបៀបណា?
មនុស្សគ្រប់ៗរូបត្រូវការកើតជាថ្មីដើម្បីទទួលបានជីវិតអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។ មិនថាបុគ្គលខ្ពស់ខ្ពស់ប៉ុណ្ណា ល្អប៉ុណ្ណា ឬមានសីលធម៌ប៉ុណ្ណាគឺតាមស្តង់ដារមនុស្ស បើមិនកើតជាថ្មីទេ គាត់មានតែជីវិតខាងរូបកាយ ប៉ុន្តែមិនមានជីវិតអស់កល្បជានិច្ចនោះទេ។ 

 
ដូច្នេះតើយើងអាចមានជីវិតខាងវិញ្ញាណនៃព្រះនៅក្នុងយើងនេះដោយរបៀបណា? សាវ័កប៉ូលប្រាប់យើង៖


ទីតុស ៣:៣-៦ 
ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង‌ចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្ដី​ប៉ង‌ប្រាថ្នា នឹង​សេចក្ដី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ តែ​កាល​សេចក្ដី​សប្បុរស​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង 
 
សូមកត់សម្គាល់ជាថ្មី ចំនុចផ្ដោតនោះគឺនៅលើជីវិតថ្មីដែលកើតចេញពីទឹក និងព្រះវិញ្ញាណ។ ព្រះជាម្ចាស់សង្គ្រោះយើង “ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង”។


យ៉ូហាន ៦:៦៣ 
គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ


មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះអាចធ្វើឲ្យមនុស្សម្នាក់មានជីវិតខាងវិញ្ញាណបាន។ សាច់ឈាមមិនអាចជួយអ្វីបានឡើយ។ វាគឺជាព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់នៅក្នុងយើងដែលធ្វើឲ្យយើងមានជីវិតខាងវិញ្ញាណ មានទំនាក់ទំនងជាមួយព្រះ និងអាចដឹង និងទទួលបានសេចក្តីពិតខាងវិញ្ញាណ។


សូមកត់សម្គាល់ផងដែរអំពីសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីបង្កើតកំណើតថ្មី។ ព្រះយេស៊ូវមានបន្ទូល “ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ”។ សាវ័កពេត្រុសប្រាប់យើង៖

 

១ ពេត្រុស ១:២២-២៥ (គកស១៦)
ដោយ​អ្នក​រាល់​គ្នា​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​ស្តាប់​តាម​សេចក្តី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ជា​បង‌ប្អូន នោះ​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។ ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ។ ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌និច្ច​វិញ ព្រះ‌បន្ទូល​នោះ​គឺ​ជា​ដំណឹង​ល្អ​ដែល​បាន ប្រកាស​ ប្រាប់​អ្នក​រាល់​គ្នា។

លោកពេត្រុសប្រាប់យើងពីរបៀបកំណើតថ្មីចាប់បដិសន្ធិឡើង៖ “ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី (តាមរយៈ) … ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ… ព្រះ‌បន្ទូល​នោះ​គឺ​ជា​ដំណឹង​ល្អ​ដែល​បានប្រកាស​ ប្រាប់​អ្នក​រាល់​គ្នា”។ រឿងនេះប្រាប់យើងថាគឺតាមរយៈដំណឹងល្អដែលយើងបានកើតជាថ្មី។ លោកយ៉ាកុបបញ្ជាក់ពីចំណុចនេះ។ គាត់សំដៅទៅលើកំណើតថ្មីបែបយ៉ាងដូច្នេះ៖


យ៉ាកុប ១:១៨
ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។


ពាក្យបកប្រែថា “បាន​បង្កើត​យើង​រាល់​គ្នា​ម​ក” (ἀπεκύησεν) គឺជាពាក្យជាភាសាក្រិកសម្រាប់ ‘កំណើត’។ របៀបដែលព្រះជាម្ចាស់បង្កើតយើងគឺដោយសារ “ព្រះបន្ទូលដ៏ពិត” ឃ្លាដែលនៅក្នុងព្រះគម្ពីរតែងតែសំដៅទៅលើដំណឹងល្អ (អេភេសូ ១:១៣; កូឡុស ១:៥; ២ ធីម៉ូថេ ២:១៥)។ ដូច្នេះគឺតាមរយៈដំណឹងល្អដែលយើងបានកើតជាថ្មីម្តងទៀត។


ព្រះបន្ទូល និងព្រះវិញ្ញាណ

ព្រះវិញ្ញាណដ៏បរិសុទ្ធ និងព្រះបន្ទូលព្រះធ្វើការរួមគ្នានៅក្នុងកំណើតថ្មី។ ព្រះវិញ្ញាណបរិសុទ្ធធ្វើចលនាស្របជាមួយនឹងការផ្សាយដំណឹងល្អ។ យ៉ូហាន ១៦:១៤ ប្រាប់យើងថាបេសកកម្មនៃព្រះវិញ្ញាណដ៏បរិសុទ្ធគឺដើម្បីលើកតម្កើងព្រះយេស៊ូវ។ ហេតុដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើឱ្យមនុស្សកើតជាថ្មី ដាច់ដោយឡែកក្រៅពីពួកគេឮដំណឹងល្អំពីព្រះយេស៊ូវទេ។

កិច្ចការ ១០:៤៤ 
កាល​ពេត្រុស​កំពុង​តែ​អធិប្បាយ​នៅ​ឡើយ នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក សណ្ឋិត​លើ​អស់​អ្នក​ដែល​កំពុង​តែ​ស្តាប់​ព្រះ‌បន្ទូល 

នៅក្នុងសៀវភៅកិច្ចការ សាវ័កផ្សព្វផ្សាយដំណឹងល្អ ហើយបន្ទាប់មកព្រះវិញ្ញាណបរិសុទ្ធយាងចូលមក កាន់មនុស្ស ហើយពួកគេបានកើតជាថ្មី។ រឿងនេះអាចកើតឡើងទៅដល់មនុស្សចំនួនបីពាន់នាក់ ក្នុងពេលតែមួយដូច ជានៅថ្ងៃបុណ្យទីហាសិបនៅក្នុងទីក្រុងយេរូសាឡឹម (កិច្ចការ ២)។ វាក៏អាចកើតឡើងចំពោះបុគ្គលម្នាក់ ដូចជានៅពេលដែលព្រះជាម្ចាស់បើកដួងចិត្តរបស់លីឌា ដើម្បីឆ្លើយតបទៅកាន់សាររបស់លោកប៉ូល (កិច្ចការ ១៦)។

មេរៀនសម្រាប់យើងគឺថាយើងមិនអាចបង្កើតឲ្យមានកំណើតថ្មីបានទេ នៅក្នុងខ្លួនយើង ឬនៅក្នុងអ្នកដទៃ។ វាគឺជាកិច្ចការនៃការបង្កើតថ្មីមកពីព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់តាមរយៈដំណឹងល្អ។ ហេតុដូច្នេះ ប្រសិនបើយើងចង់ឱ្យ មនុស្សទទួលបានកំណើតថ្មី តួរនាទីរបស់យើងគឺនិយាយពីដំណឹងល្អរបស់ព្រះជាម្ចាស់ ហើយទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើកិច្ចការកំណើតថ្មី។


នៅក្នុងលោកុប្បត្តិ ជំពូក ១ យើងអានថាព្រះជាម្ចាស់បានបង្កើតផែនដី និងរបស់គ្រប់យ៉ាងនៅក្នុងនោះ។ តើទ្រង់ធ្វើវាបានដោយរបៀបណា? ចម្លើយគឺ៖ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវិញ្ញាណរបស់ទ្រង់។ ព្រះវិញ្ញាណបានរេរានៅលើផ្ទៃទឹក ហើយព្រះជាម្ចាស់មានបន្ទូល ហើយវាកើតឡើងយ៉ាងដូច្នោះ។ ការបង្កើតទាំងអស់កើតមានឡើងដោយសារតែព្រះបន្ទូល និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។


ព្រះជាម្ចាស់បានបង្កើតមនុស្សតាមសណ្ឋានរបស់ទ្រង់។ បន្ទាប់មកនៅពេលដែលមនុស្សបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដោយសារអំពើបាប យើងបានឃ្លាតដាច់ឆ្ងាយចេញពីព្រះជន្មរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ព្រះជាម្ចាស់កំពុងតែធ្វើឲ្យយើងបង្កើតយើងជាថ្មី ហើយជាថ្មីម្តងទៀតទ្រង់ធ្វើតាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ការផ្លាស់ប្តូរនេះគឺធំណាស់ដែលវាគឺជា ការបង្កើតថ្មី។


វិវរណៈ  ២១:៥ក
ឯ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី 


២ កូរិន‌ថូស ៥:១៧     
បាន​ជា​បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ អស់​ទាំង​សេចក្ដី​ចាស់​បាន​កន្លង​បាត់​ទៅ មើល គ្រប់​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ


ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានសណ្ឋានដូចជាទ្រង់។ សណ្ឋានត្រូវបានបំផ្លាញដោយសារអំពើបាប។ ប៉ុន្តែព្រះជាម្ចាស់កំពុងតែស្តារសណ្ឋានរបស់ទ្រង់នៅក្នុងមនុស្សវិញ។ ជាលទ្ធផលនៃកំណើតថ្មី អ្នកមាន " មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។” (អេភេសូរ ៤:២៤) និង "​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក  (កូល៉ុស ៣:១០)!


សង្ខេប៖ កំណើតថ្មីគឺជាការអស្ចារ្យរបស់ព្រះជាម្ចាស់ដែលទ្រង់បានប្រទានជីវិតខាងវិញ្ញាណដ៏នៅអស់កល្បជានិច្ចដល់អ្នកដែលស្លាប់ក្នុងការរំលង និងអំពើបាបរបស់ពួកគេ នៅពេលដែលពួកគេទទួលដំណឹងល្អពីព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ហើយទទួលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងពួកគេ។ 


ភ័ស្តុតាង និងលទ្ធផលនៃកំណើតថ្មី
ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ” (យ៉ូហាន 3:8).

ព្រះយេស៊ូវមានបន្ទូលថាកំណើតថ្មីគឺដូចជាខ្យល់។ តើទ្រង់មានន័យយ៉ាងដូចម្តេច?
 

  • ទីមួយ វាកើតឡើងទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងមិនអាចបង្កើតខ្យល់ ឬធ្វើឲ្យព្រះវិញ្ញាណមានចលនាបានទេ។ វាមិនមែនជាអំណាចដែលមនុស្សអាចគ្រប់គ្រងបាននោះទេ។

 

  • ទីពីរ កំណើតថ្មីគឺមើលមិនឃើញ។ ដូចជាអ្នកមិនអាចមើលឃើញខ្យល់ដូច្នោះដែរ ប៉ុន្តែអ្នកអាចមើលឃើញពីឥទ្ធិពលរបស់ខ្យល់ អ្នកមិនអាចមើលឃើញកំណើតថ្មីកើតឡើងទេ ប៉ុន្តែអ្នកអាចមើលឃើញពីឥទ្ធិពលរបស់វានៅក្នុងជីវិតរបស់មនុស្សម្នាក់។

 

  • ទីបី ដូចជាខ្យលល់ដែរ កំណើតថ្មីគឺមិនអាចទាយទុកជាមុនបានទេ។ វាមិនអាចដឹងបានថាពេលណា និងកន្លែងណាដែលវានឹងកើតឡើងនោះទេ។

 

  • ទីបួន កំណើតថ្មីគឺមានថាមពល។ ខ្យល់អាចបក់ដោយកម្លាំងដែលវាផ្លាស់ប្តូរតំបន់មួយទាំងស្រុង។ ដូចគ្នាដែរ កំណើតថ្មីធ្វើឲ្យមានការផ្លាស់ប្តូរបុគ្គល ក្រុមជំនុំ សហគមន៍ និងសូម្បីតែជាតិសាសន៍។

 
ដូច្នេះតើយើងដឹងបានយ៉ាងដូចម្តេចថាប្រសិនបើមនុស្សម្នាក់បានកើតជាថ្មី? ចូរយើងសរុបសេចក្តីនៃមេរៀននេះតាមរយៈការមើលទៅកាន់ភ័ស្តុតាង និងលទ្ធផលនៃការកើតជាថ្មី។


(១) ជំនឿលើព្រះយេស៊ូវ

១ យ៉ូហាន ៥:១     
អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ

ភ័ស្តុតាងទីមួយដែលយើងបានកើតជាថ្មីគឺថាយើងជឿថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។ សេចក្តីជំនឿរបស់យើងមិនបណ្តាលឲ្យមានកំណើតថ្មីទេ។ កំណើតថ្មីបណ្តាលឲ្យមានជំនឿ។ វាគឺដោយសារមនុស្សម្នាក់បានកើត​មក​អំពី​ព្រះ គាត់ជឿថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។ ដើម្បីជឿថាព្រះយេស៊ូវគឺជា “ព្រះគ្រីស្ទ” គឺត្រូវដឹងថាទ្រង់បានទទួលការចាក់ប្រេងតាំងពីព្រះជាម្ចាស់ ឲ្យក្លាយជាស្តេចនៅក្នុងជីវិតរបស់អ្នក។ នេះគឺជាអ្វីដែលព្រះយេស៊ូវគឺសម្រាប់អស់អ្នកដែលបានកើតជាថ្មីម្តងទៀត។


(២) សេចក្តីស្រឡាញមកពីព្រះសម្រាប់អ្នកដទៃ

១ យ៉ូហាន ៤:៧     
ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ 

 
ភ័ស្តុតាងមួយទៀតដែលមនុស្សម្នាក់បានកើតជាថ្មីគឺជាសេចក្តីស្រឡាញ់។ កំណើតថ្មីផ្លាស់ប្រែដួងចិត្តរបស់មនុស្សដែលពីមុនមកធ្លាប់បានបដិសេធ ច្រានចោល ឬមិនស្គាល់ព្រះជាម្ចាស់ទេ ដើម្បីឲ្យពួកគេបានក្លាយជាមនុស្សដែលស្រឡាញ់ទ្រង់ ហើយជាលទ្ធផលចេះស្រឡាញ់ដល់អ្នកដទៃទៀត។

១ យ៉ូហាន ៣:១៤
យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្ដី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ស្លាប់​នៅ​ឡើយ

 
កំណើតថ្មីមានន័យថាព្រះជាម្ចាស់បានប្រទានឲ្យអ្នកមានដួងចិត្តថ្មីមួយ។ នៅក្នុង អេសេគាល ៣៦ ព្រះជាម្ចាស់ពណ៌នាអំពីរឿងនេះថា ជាការជំនួសដួងចិត្តដែល​រឹង​ដូច​ថ្ម ​របស់អ្នកដោយដួងចិត្តជា​សាច់វិញ។ ឥឡូវនេះអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់មនុស្សតាមរបៀបមួយដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក។ 


(៣) ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត

១ យ៉ូហាន ២:២៩ 
បើ​អ្នក​រាល់​គ្នា​ដឹង​ថា ទ្រង់​សុចរិត នោះ​ត្រូវ​តែ​យល់​ឃើញ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​នោះ គេ​បាន​កើត​ពី​ទ្រង់​មក​ដែរ។

កំណើតថ្មីបង្កើតឲ្យមានប្រព្រឹត្ត​សុចរិតនៅក្នុងជីវិតរបស់មនុស្សម្នាក់ដោយសារតែវាផ្លាស់ប្តូរដួងចិត្តរបស់គាត់ ឆន្ទៈរបស់គាត់ និងបំណងចិត្តរបស់គាត់។ មនុស្សដែលចូលចិត្តធ្វើតាមឆន្ទៈរបស់ខ្លួនពីមុន ឥឡូវនេះចូលចិត្តធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់វិញ។ គាត់ស្រេកឃ្លាននូវភាពសុចរិត ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងគាត់អនុញ្ញាតិឲ្យគាត់លូតលាស់នៅក្នុងសេចក្តីសុចរិត។

 

(៤) ការយកឈ្នះបាប 


១ យ៉ូហាន ៣:៩     
អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក

១ យ៉ូហាន ៥:១៨    
យើង​ដឹង​ថា អ្នក​ណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើ​បាប​ទេ អ្នក​នោះ​ឯង​ជា​អ្នក​រក្សា​ខ្លួន​វិញ ហើយ​មេ​កំណាច​នឹង​ពាល់​អ្នក​នោះ​មិន​បាន​ឡើយ

លទ្ធផលដទៃទៀតនៃការកើតម្តងទៀតគឺថាឥឡូវនេះអ្នកស្រេកឃ្លាននូវភាពបរិសុទ្ធ។ អ្នកស្រឡាញ់ព្រះជាម្ចាស់ និងមនុស្ស និងហេតុដូច្នេះហើយបានជាអ្នកមិនចង់ធ្វើបាបប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងមនុស្សទៀតទេ។ ឥឡូវនេះអ្នកមានបំណងចិត្តចង់បានភាពបរិសុទ្ធ ច្រើនជាងដែលអ្នកមានបំណងចិត្តចង់ធ្វើបាប។ ** កំណត់សម្គាល់គ្រូ #២


(៥) ការយកឈ្នះទៅលើពិភពលោក

 

១ យ៉ូហាន ៥:៤     
ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ​ហើយ ឯ​ជ័យ‌ជំនះ​ដែល​ឈ្នះ​លោកីយ នោះ​គឺ​ជា​សេចក្ដី​ជំនឿ​របស់​យើង


សញ្ញាមួយទៀតដែលមនុស្សម្នាក់បានទទួលកំណើតថ្មីគឺថាគាត់មិនត្រូវបានគ្រប់គ្រងដោយពិភពលោកនេះ ទៀតទេ។ របស់ដែលគាត់ឲ្យតម្លៃ (អំណាច ទ្រព្យសម្បត្តិ ការសរសើររបស់មនុស្ស កិត្តិយស។ល។) លែងជាអន្ទាក់សម្រាប់គាត់ទៀតហើយ។ គាត់បានយកឈ្នះពិភពលោកនេះហើយ!


ពិភាក្សាជាមួយដៃគូ៖ តើអ្នកបានកើតជាថ្មីឬ? ប្រសិនបើមាន តើមានការផ្លាស់ប្តូរអ្វីខ្លះជាលទ្ធផលនៅក្នុងជីវិតរបស់អ្នក?


អធិស្ឋានបញ្ចប់។

 


កំណត់សម្គាល់គ្រូ


 កំណត់សម្គាល់គ្រូ #១
* ទារកមិនដឹងថាខ្លួនវាកើតមកដោយរបៀបណានោះទេ។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក គាត់ប្រហែលជាចង់ដឹង ហើយសួរទៅកាន់ឪពុកម្តាយរបស់គាត់ “តើទារកកើតមកពីណា?”។ ប៉ុន្តែពួកគេមិនប្រាប់គាត់នោះទេ។ តាមពិត ប្រហែលជាអស់រយៈពេលជាច្រើនឆ្នាំក្រោយមករហូតទាល់តែគាត់រកឃើញចម្លើយ (ហើយសូម្បីតែពេលនោះគាត់មិនជឿវាឡើយ!)។ ដូចគ្នា អ្នកជឿថ្មីជាធម្មតាច្រើនតែមិនដឹងថាមានអ្វីកើតឡើងចំពោះគាត់ខាងវិញ្ញាណនៅពេលគាត់ក្លាយជាគ្រីស្ទាននោះទេ។ ព្រះគម្ពីរប្រាប់គាត់ថាគាត់បាន “កើតជាថ្មី” ប៉ុន្តែគាត់មិនយល់ថាតើវាមានន័យយ៉ាងដូចម្តេចនោះទេ។ ប្រហែលជាអស់រយៈពេលជាច្រើនឆ្នាំក្រោយមកទើបគាត់យល់។

 


កំណត់សម្គាល់គ្រូ #២
** តើលោកយ៉ូហានមានន័យថានៅពេលដែលមនុស្សម្នាក់កើតជាថ្មីគាត់នឹងរស់នៅក្នុងជីវិតដែលមិនធ្វើបាបទៀត? ទេ នៅក្នុងសំបុត្រដូចគ្នានោះលោកយ៉ូហានបានសរសេរថា “បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ បើ​យើង​លន់‌តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង” (១ យ៉ូហាន ១:៨-៩)។ អ្វីដែលលោកយ៉ូហាននិយាយគឺថាមនុស្សកើតជាថ្មីមិនបន្តធ្វើបាបទៀតទេ។ គាត់មានន័យថាមនុស្សដែលកើតជាថ្មីម្តងទៀតមិនមានរបៀបរស់នៅដែលបះបោរ និងមិនស្តាប់បង្គាប់ព្រះជាម្ចាស់ឡើយ។

bottom of page