top of page

​មេរៀនទី ៤: ការយកធ្វើជាកូនចិញ្ចឹម

សម្រង់សម្តីព្រះយេស៊ូវ៖ រីឯ​បាវ​បំរើ គេ​មិន​នៅ​ជាប់​ក្នុង​ផ្ទះ​ជា​ដរាប​ទេ តែ​ព្រះ‌រាជ‌បុត្រា ទ្រង់​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ (យ៉ូហាន ៨:៣៥)

នៅក្នុងការសិក្សារបស់យើងកន្លងមក យើងបានក្រឡេកមើលទៅកាន់ព្រះពរខាងវិញ្ញាណនៃ ការប្រោសលោះ។ យើងបានឃើញថាមនុស្សទាំងអស់បានក្លាយជាទាសករនៃអំពើបាប ហើយគ្មានវិធីណា ដែលយើងអាចគេចចេញពីរឿងនេះដោយខ្លួនឯងបានឡើយ។ បន្ទាប់មក អ្នកប្រោសលោះបានបង់ថ្លៃលោះ ដើម្បីទិញយកយើង។

បន្ទាប់មក យើងរកឃើញថាអ្នកប្រោសលោះរបស់យើងមានផែនការដ៏គួរឲ្យកត់សម្គាល់បំផុត សម្រាប់យើង។ ព្រះអង្គនាំយើងទៅកាន់វិមានរបស់ព្រះបិតាទ្រង់។ ព្រះបិតារបស់ទ្រង់គឺជាស្តេចដ៏ឧត្តម! វាពិតជាឯកសិទ្ធិខ្លាំងណាស់សម្រាប់យើងដែលក្លាយជាអ្នកបម្រើរបស់ទ្រង់។ ប៉ុន្តែ  ព្រះបិតាមានព្រះពរ ដ៏ភ្ញាក់ផ្អើលសម្រាប់យើង។ ព្រះអង្គប្រកាសថាទ្រង់មានបំណងធ្វើឲ្យយើងក្លាយជាសមាជិក នៃគ្រួសាររបស់ទ្រង់! យើងនឹងក្លាយជាកូនប្រុសស្រីដ៏ជាទីស្រឡាញ់របស់ទ្រង់!

កាឡា‌ទី ៤:៤-៥     
តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ‌ទ្រង់​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រិត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម 

ខនេះប្រាប់យើងអំពីគោលបំណងនៃការប្រោសលោះរបស់យើង។ ព្រះជាម្ចាស់បានបញ្ជូនព្រះយេស៊ូវមក លោះយើង “ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម”។ ការប្រោសលោះគឺ គ្រាន់តែជា ជំហានដំបូង តែប៉ុណ្ណោះ។ គោលដៅគឺការយកធ្វើជាកូនចិញ្ចឹម។  

តើអ្វីគឺជាការយកធ្វើជាកូនចិញ្ចឹម?
ការយកធ្វើជាកូនចិញ្ចឹម (υἱοθεσία) បានមកពីពាក្យជាភាសាក្រិចចំនួនពីរពាក្យ៖ υἱός ដែលមានន័យថា ‘កូនប្រុស’ និង τίθημι ដែលមានន័យថា ‘ដើម្បីដាក់’។ ដើម្បីសូមនរណាម្នាក់ធ្វើជាកូនចិញ្ចឹមគឺដើម្បីដាក់ ពួកគេ នៅក្នុងតួរនាទីជាកូនប្រុស។ វាគឺជាការយកនរណាម្នាក់ដែលស្ថិតនៅក្រៅពីគ្រួសាររបស់អ្នក ហើយដាក់ពួកគេចូលមកក្នុងគ្រួសាររបស់អ្នកធ្វើជាកូនប្រុស។

ការសុំកូនមកចិញ្ចឹមគឺជារឿងធម្មតានៅក្នុងពិភពរបស់ចក្រភពរ៉ូម។ ប៉ុន្តែ ជនជាតិរ៉ូម៉ាំងមិនយកកូនចិញ្ចឹម កុមារតូចៗនោះទេ។ ពួកគេទទួលចិញ្ចឹមមនុស្សពេញវ័យវិញ - ជាទូទៅភាគច្រើនបំផុតគឺជាមនុស្សប្រុស មានអាយុ ២០ឆ្នាំ ឬច្រើនជាងនេះ (ហេតុនេះហើយបានជាពាក្យជាភាសាក្រិចសម្រាប់ការសុំធ្វើជា កូនចិញ្ចឹមសំដៅ ទៅលើកូនប្រុស)។ ពួកគេត្រូវបានយកមកចិញ្ចឹមដោយគ្រួសារអ្នកមានដែលមាន ទ្រព្យសម្បត្តិ។ គោលបំណងនៃការយកធ្វើជា កូនចិញ្ចឹមគឺជាការនាំយកអ្នកទទួលមរតកចូលមកក្នុងគ្រួសារ ដែលនៅថ្ងៃមួយទទួលមរតកនៃទ្រព្យសម្បត្តិ។

មនុស្សដែលត្រូវបានយកមកចិញ្ចឹមគឺមិនមែនជាកុមារកំព្រាទេ។ ជាទូទៅពួកគេមានឪពុកម្តាយរួចហើយ ហើយការទទួលធ្ចើជាកូនចិញ្ចឹមរបស់ពួកគេមិនមានន័យថា ពួកគេត្រូវបោះបង់ចោលគ្រួសារដើមរបស់ ពួកគេទេ។ គ្រួសារដើមរបស់ពួកគេរីករាយជាមួយនឹងជោគជ័យមួយចំនួនរបស់កូនប្រុសពួកគេដោយសារ គេបន្តមានទំនាក់ទំនងជាមួយគាត់។ យ៉ាងណាក្តី កូនប្រុសដែលត្រូវបានយកមកចិញ្ចឹម នឹងត្រូវទទួលបាន ឈ្មោះឪពុកថ្មីរបស់គេ។ គាត់នឹងទទួលបានសិទ្ធិ និងឯកសិទ្ធិទាំងអស់នៃគ្រួសារដែលទទួលយកគាត់ មកចិញ្ចឹម។ ជាការពិតគាត់គឺជាអ្នកទទួលមរតកគ្រប់យ៉ាងដែលគ្រួសារកាន់កាប់។ លើសពីនេះ បំណុលពីមុនទាំងអស់ របស់គាត់គឺត្រូវបានលុបចោល។ បទឧក្រិដទាំងឡាយណាដែលគាត់បានប្រព្រឹត្តិ ត្រូវបានលុបចោលស្របច្បាប់។ ហេតុដូច្នេះដើម្បីបានធ្វើជាកូនចិញ្ចឹមគឺត្រូវមានឈ្មោះថ្មី អត្តសញ្ញាណថ្មី និងក្លាយទៅជាមនុស្សថ្មីម្នាក់នៅក្នុងក្រសែភ្នែករបស់ច្បាប់។ 

 

យោងតាមច្បាប់របស់ចក្រភពរ៉ូម ឪពុកមិនអាចលុបចោលកូនចិញ្ចឹមបានទេ។ នៅពេលដែលមនុស្សម្នាក់ត្រូវបានយកមកធ្វើជាកូនចិញ្ចឹមហើយ វាមានលក្ខណៈអចិន្ត្រៃយ៍។ ការនេះបង្ហាញយើងពីសុវត្ថិភាពដែលការយកមកធ្វើជាកូនចិញ្ចឹមផ្តល់ឲ្យ។ អស់អ្នកដែលត្រូវបានយកមកធ្វើជាកូនចិញ្ចឹមក្លាយជាសមាជិកអចិន្ត្រៃយ៍របស់គ្រួសារ។
 

ដោយសង្ខេប មានលទ្ធផលចំនួនបីសម្រាប់ការយកធ្វើជាកូនចិញ្ចឹមរបស់កូនប្រុស៖
   ១) គាត់មានឪពុកថ្មីដែលទទួលយកមកធ្វើជាកូនចិញ្ចឹម និងដាក់ឈ្មោះឲ្យគាត់។
   ២) គាត់គឺជាអ្នកស្នងមរតកចំពោះទ្រព្យសម្បត្តិឪពុកថ្មីរបស់គាត់។
   ៣) គាត់មានអត្តសញ្ញាណថ្មី ហើយអតីតកាលរបស់គាត់ត្រូវបានលុបចោលស្របតាមផ្លូវច្បាប់។

សូមយើងក្រឡេកមើលទៅកាន់អត្ថប្រយោជន៍ទាំងនេះ ដែលកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ទទួលបាន។

(១) ឪពុកថ្មី
ឯកសិទ្ធិដំបូងបង្អស់នៃការក្លាយជាកូនចិញ្ចឹមគឺថាអ្នកដែលត្រូវបានក្លាយទៅជាកូនចិញ្ចឹមមានឪពុកថ្មី។ ដូចគ្នានេះដែរនៅពេលដែលព្រះជាម្ចាស់ទទួលយកយើងធ្វើជាកូនចិញ្ចឹម វាមានន័យថាយើងមានបិតាថ្មី។

 

២ កូរិន‌ថូស ៦:១៨     
អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​ដល់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត»។

ម៉ាថាយ ៦:៩ 
ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ 

យ៉ូហាន ២០:១៧ 
ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ទាន់​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ឡើយ ចូរ​នាង​ទៅ​ឯ​ពួក​បង​ប្អូន​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ជា​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ

 

អ្នកមានបិតាដែលគង់នៅស្ថានសួគ៌។ បិតារបស់អ្នកគឺជាព្រះអទិករ និងជាអង្គបុគ្គលទ្រទ្រង់ ពិភពលោកនេះ។ បិតារបស់អ្នកមានគ្រប់ទាំងសិទ្ធិអំណាច ព្រះចេស្តា ប្រាជ្ញា និងចំណេះដឹង។ បិតារបស់អ្នកមានបន្ទូល ហើយតាមរយៈការបង្គាប់បញ្ជារបស់ទ្រង់មានភព ១០០ពាន់លាន ត្រូវបានបង្កើតឡើង។ បិតារបស់អ្នកស្រឡាញ់អ្នក ហើយបានបង្កើតផែនការសម្រាប់អ្នកឲ្យមាន ភាពរីករាយអស់កល្បជានិច្ច!


ពិភាក្សាជាមួយដៃគូ៖ តើអ្វីជាព្រះពរនៃការមានព្រះជាម្ចាស់ធ្វើជាព្រះបិតារបស់អ្នកមានអត្ថន័យចំពោះអ្នក?

 

ព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ (ដែលសុទ្ធតែជាជនជាតិយូដា) ថាព្រះជាម្ចាស់គឺជា ព្រះបិតារបស់ពួកគេដើម្បីជួយគេឲ្យដល់ដឹងពីទំនាក់ទំនងថ្មីដែលពួកគេមានជាមួយព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូវ។ វប្បធម៌ផ្សេងៗគ្នាមានគំនិតផ្សេងៗគ្នាអំពីតួរនាទីរបស់ឪពុក ដូច្នេះ វាមាន  អត្ថប្រយោជន៍ក្នុងការស្វែងយល់អំពីគំនិតរបស់ជនជាតិយូដាសម្រាប់ភាពជាឪពុកដើម្បីឲ្យបានដឹងពីអ្វីដែលព្រះយេស៊ូវកំពុងបង្រៀនដល់ពួកសិស្សរបស់ព្រះអង្គ។ សម្រាប់ជនជាតិយូដា ព្រះបិតាគឺជាអ្នកដឹកនាំ នៅក្នុងគ្រួសារ។ នេះមានន័យថា៖

  • ឪពុកជាអ្នកដាក់ឈ្មោះឲ្យកូនប្រុសកូនស្រីរបស់គាត់។ ឈ្មោះរបស់ជនជាតិយូដាតែងតែត្រូវបានជ្រើសរើសដោយឪពុករបស់ពួកគេ។ លើសពីនេះ ជនជាតិយូដាមិនមាននាមត្រកូលនោះទេ។ ជំនួសមកវិញ ពួកគេមានពាក្យថា ‘បា’ ជាភាសាអារ៉ាមេក (ដែលមានន័យថា’កូនប្រុសរបស់’) ឬ ‘បាតា’ (ដែលមានន័យថា ជា’កូនស្រីរបស់’) ហើយបន្ទាប់មកគឺឈ្មោះឪពុករបស់ពួកគេ។ ឧទាហរណ៍ ស៊ីម៉ូន កូន​យ៉ូណាស​។​

 

  • ឪពុកជាអ្នកកំណត់កន្លែងដែលកូនប្រុសកូនស្រីរបស់គាត់រស់នៅ។ នៅក្នុងសម័យសញ្ញាចាស់ ទឹកដីសន្យាត្រូវបានបែងចែកជាតំបន់ទៅតាមកុលសម្ព័ន្ធ។ ជនជាតិយូដាជាកម្មសិទ្ធរបស់ កុលសម្ព័ននៃឪពុករបស់ពួកគេ ហើយនេះវាកំណត់ពីតំបន់ដែលពួកគេត្រូវរស់នៅ។ ម៉្យាងទៀត កូនប្រុសកូនស្រីរស់នៅក្នុងផ្ទះឪពុករបស់ពួកគេរហូតដល់ពេលគេរៀបការរួច បើទោះបីជាវាត្រូវចំណាយពេលវេលាយូរប៉ុណ្ណាដើម្បីឲ្យការនេះកើតឡើងក៏ដោយ។ ពួកគេរស់នៅដោយស្ថិតនៅក្រោមសិទ្ធិអំណាច និងការការពាររបស់គាត់។

  • ឪពុកជាអ្នកផ្គត់ផ្គង់ដល់សមាជិកគ្រួសាររបស់គាត់ទាំងអស់។ ឪពុកជនជាតិយូដាគឺជាអ្នកផ្គត់ផ្គង់ដល់គ្រួសារ ហើយពួកគេទុកចិត្តគាត់សម្រាប់រឿងគ្រប់យ៉ាងដែលពួកគេត្រូវការ។

  • ឪពុកជាអ្នកកំណត់អាជីពកូនប្រុសរបស់គាត់។ អាជីពរបស់កូនប្រុសជនជាតិយូដាគឺដូចគ្នានឹងអាជីពរបស់ឪពុកគាត់ដែរ។ ឧទាហរណ៍ យ៉ូសេបគឺជាជាងឈើ ដូច្នេះព្រះយេស៊ូវបានក្លាយទៅជាជាងឈើដែរ សេបេដេមានអាជីវកម្មខាងនេសាទ ដូច្នេះយ៉ាកុប និងយ៉ូហានក៏ជាអ្នកនេសាទដែរ។

  • ឪពុកជាអ្នកសម្រេចចិត្តថាតើនរណាជាមនុស្សដែលកូនប្រុសកូនស្រីរបស់គាត់ត្រូវរៀបការជាមួយ។ អាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងពីឪពុក។ ជាទូទៅឪពុកគឺជាអ្នកសម្រេចចិត្តលើរឿងនេះនៅពេលកូនៗរបស់ពួកគេនៅក្មេងនៅឡើយ។

  • ឪពុកឲ្យពរទៅកាន់កូនៗរបស់គាត់ ដែលកំណត់អំពីដំណើរជីវិតរបស់ពួកគេ (ឧទាហរណ៍ យ៉ាកុប និងកូនៗរបស់គាត់នៅក្នុង លោកុប្បត្តិ ៤៩ ឬអ៊ីសាក់ជាមួយយ៉ាកុប និងអេសាវនៅក្នុង លោកុប្បត្តិ ២៧)។ ពាក្យសម្តីរបស់ឪពុកមានសិទ្ធិអំណាច ហើយគឺជាទំនាយ និងពរដែលមានផលប៉ះពាល់ យ៉ាងពិតប្រាកដទៅលើអនាគតកូនៗរបស់ពួកគេ។

ដូច្នេះ នៅពេលដែលព្រះយេស៊ូវមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ឲ្យគិតពីព្រះជាម្ចាស់ថាជាព្រះបិតារបស់ ពួកគេ ពួកគេយល់ថាការនេះមានន័យថា ជីវិតរបស់ពួកគេនឹងពឹងផ្អែកទាំងស្រុងលើព្រះ ដែលទទួលខុសត្រូវគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ ៖ ឈ្មោះរបស់ពួកគេ ការងាររបស់ពួកគេ ផ្ទះរបស់ពួកគេ អាពាហ៍ពិពាហ៍របស់ពួកគេ អនាគតរបស់ពួកគេ - ជីវិតទាំងស្រុងរបស់ពួកគេនឹងត្រូវបានកំណត់ដោយ និងពឹងផ្អែកលើព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់យកអ្នកធ្វើជាកូនចិញ្ចឹម វាមានន័យថាទ្រង់ក្លាយទៅជាមានសិទ្ធិអំណាចដ៏អស្ចារ្យបំផុត នៅក្នុងជីវិតរបស់អ្នក ហើយនឹងធ្វើកិច្ចការគ្រប់ទាំងអស់ដែលព្រះអង្គមានផែនការសម្រាប់អ្នក។ 


ពិភាក្សា៖ តើអ្វីគឺជាផលប៉ះពាល់ចំពោះជីវិតរបស់អ្នកដែលថាព្រះជាម្ចាស់គឺជាព្រះបិតារបស់អ្នក?

 

(២) អ្នកស្នងមរតករបស់ព្រះជាម្ចាស់

ការទទួលយកធ្វើជាកូនចិញ្ចឹមរបស់ជនជាតិរ៉ូម៉ាំងគឺសម្រាប់គោលបំណងនៃការស្នងមរតក។ ដូចគ្នានេះដែរ កូនដែលយកមកធ្វើជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់គឺជាអ្នកស្នងមរតកដ៏អស្ចារ្យ។

 

កាឡា‌ទី ៤:៦-៧  

ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ‌ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរ‌បិតា​អើយ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ 

ដោយសារតែការយកធ្វើជាកូនចិញ្ចឹមរបស់យើង យើងលែងជាទាសករនៃអំពើបាបទៀតហើយ យើងគឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់វិញ!

ព្រះយេស៊ូវគឺជាអ្នកស្នងមរតកគ្រប់ទាំងអស់។

 

ហេ‌ព្រើរ ១:២

នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​បន្ទូល​នឹង​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ ដោយ‌សារ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ

 

យ៉ូហាន ៣:៣៥ 

ឯ​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បាន​ប្រគល់​គ្រប់​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់

 

កូល៉ុស ១:១៦

ដ្បិត​គឺ​ទ្រង់​ហើយ ដែល​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់‌គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង

 

ព្រះយេស៊ូវគឺជាអ្នកស្នងមរតកគ្រប់ទាំងអស់។ របស់ទាំងអស់ត្រូវបានបង្កើតឡើងសម្រាប់ព្រះអង្គ។ ព្រះជាម្ចាស់បានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ទ្រង់។ ឥឡូវនេះ ចូរក្រឡេកមើលទៅកាន់សេចក្តីពិតដ៏គួរឲ្យកត់សម្គាល់បន្ទាប់នេះ។

យើងគឺជាអ្នកស្នងមរតកជាមួយនឹង​ព្ព្រះគ្រីស្ទដែរ!!!!

 

រ៉ូម ៨:១៦-១៧

ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។

 

គ្រប់ទាំងអស់ត្រូវបានបង្កើតឡើងសម្រាប់ព្រះយេស៊ូវ។ ព្រះជាម្ចាស់បានប្រគល់អ្វីៗគ្រប់យ៉ាងទៅក្នុង ព្រះហស្តរបស់ព្រះយេស៊ូវ។ ឥឡូវនេះយើងគឺជាអ្នកស្នងមរតកជាមួយនឹងព្រះយេស៊ូវដែរ។ ហេតុដូច្នេះ គ្រប់ទាំងអស់គឺជារបស់យើង! អ្នកជឿទាំងអស់ចែករំលែកព្រះពរដ៏មានតម្លៃ និងសំខាន់បំផុតរបស់ ព្រះជាម្ចាស់ស្មើៗគ្នា - សម្រាប់ការសង្គ្រោះ កំណើតថ្មី ការប្រោសលោះ ការយកធ្វើជាកូនចិញ្ចឹម ដង្វាយធួន ការអត់ទោស ការរាប់ថាសុចរិត ការញែកជាបរិសុទ្ធ ការរស់ឡើងវិញ ការថ្វាយសិរីល្អ និងជីវិតអស់កល្ប!

 

១ កូរិន‌ថូស ៣:២១-២៣

ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង​អស់​ជា​របស់​ផង​អ្នក​រាល់​គ្នា ទោះ​ទាំង​ប៉ុល ឬ​អ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្ដី​ស្លាប់ របស់​នៅ​ជំនាន់​សព្វ​ថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ទាំង​អស់ តែ​ឯ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ ហើយ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​របស់​ព្រះ។

មរតករបស់យើងគឺស្ថិតនៅជារៀងរហូត៖ វាមិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ! 

 

១ ពេត្រុស ១:៣-៥

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ

មរតករបស់យើងត្រូវបានបំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។

យើងទទួលមរតកនៃជីវិតអស់កល្បនៅក្នុងនគរព្រះ។

 

ម៉ាថាយ ១៩:២៩

ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ 

 

ទីតុស ៣:៧ 

ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច

 

ការរស់នៅអស់កល្បជានិច្ចនៅក្នុងនគរព្រះគឺជាមរតកសម្រាប់កូនរបស់ព្រះទាំងអស់។ សូមកត់សម្គាល់ថា ជីវិតអស់កល្បជានិច្ចមិនអាចរកបាននោះទេ វាអាចទទួលបានតែតាមរយៈមរតកតែប៉ុណ្ណោះ។ វាគឺជាអំណោយទានមកពីព្រះជាម្ចាស់ដែលយើងទទួលបានតាមរយៈការដើរតាមព្រះយេស៊ូវ។

 

ម៉ាថាយ ២៥:៣៤

នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក

 

យ៉ាកុប ២:៥ 

ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី 

 

កូល៉ុស ១:១២

ព្រម​ទាំង​អរ​ព្រះ‌គុណ ដល់​ព្រះវរ‌បិតា​ដែល​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្ដិ៍‌អាករ ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង 

 

លូកា ១២:៣២

កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត 

 

សូមកត់សម្គាល់ថា អ្នកស្នងមរតកនៃព្រះរាជ្យគឺត្រូវបានប្រទានពរតាមរយៈព្រះបិតា ត្រូវបានជ្រើសរើសដោយព្រះបិតា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយព្រះបិតា ហើយប្រទានព្រះរាជ្យតាមរយៈព្រះបិតា។ បន្ទាប់ពីអានចប់ យើងអាចចូលរួមជាមួយស្តេចដាវីឌដោយថា៖ ខ្សែ​រង្វាស់​បាន​ធ្លាក់​នៅ​ទី​កន្លែង​គាប់​ចិត្ត​ឲ្យ​ទូលបង្គំ អើ ទូលបង្គំ​បាន​ទទួល​មរដក​ល្អ​ណាស់ (ទំនុកដំកើង ១៦:៦)

 

ពិភាក្សា៖ តើអ្វីជាសារៈសំខាន់នៃការពិតដែលថាជីវិតអស់កល្បនៅក្នុងនគរព្រះគឺជាមរតក (មិនអាចរកបាន)ដោយមនុស្ស?

ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង គឺជាការធានាដែលយើងមានជាមរតក។

 

អេភេសូរ ១:១៣-១៤

ឯ​អ្នក​រាល់​គ្នា ក៏​បាន​ឮ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ជា​ដំណឹង​ល្អ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ដោយ‌សារ​ទ្រង់​ដែរ ហើយ​កាល​អ្នក​រាល់​គ្នា​បាន​ជឿ​ហើយ នោះ​ទ្រង់​ក៏​ដៅ​ចំណាំ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​បាន​សន្យា ព្រះ‌វិញ្ញាណ​នោះ​ទ្រង់​ជា​ទី​បញ្ចាំ​ចិត្ត ពី​ដំណើរ​កេរ្តិ៍‌អាករ​របស់​យើង​រាល់​គ្នា ទាល់​តែ​បាន​លោះ​របស់​កំណាន់ ដែល​ទ្រង់​បាន​ទិញ​ទុក​ឲ្យ​យើង​នោះ សំរាប់​ជា​សេចក្ដី​សរសើរ​ដល់​សិរី‌ល្អ​នៃ​ទ្រង់។

 

ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកគឺជាការធានាដែលអ្នកមានជាមរតក។ ពាក្យសម្រាប់ពាក្យថា “​ទី​បញ្ចាំ​ចិត” (ἀρραβὼν) គឺជាពាក្យដែលអ្នកជួញដូរបានប្រើប្រាស់នៅពេលដែលអ្នកទិញផ្តល់ឲ្យផ្នែកនៃតម្លៃ ជាការសន្យា។ នៅពេលដែលការសន្យាត្រូវបានទទួលយក វាបានបង្កើតនូវកិច្ចសន្យាស្របច្បាប់មួយ ដែលបានធានាថាប្រតិបត្តិការនឹងត្រូវបានចប់សព្វគ្រប់ក្នុងពេលអនាគត។ នេះគឺជាអ្វីដែល ព្រះវិញ្ញាណបរិសុទ្ធគឺសម្រាប់អ្នកជឿ - ការសន្យាដែលព្រះជាម្ចាស់ផ្តល់ឲ្យយើងឥឡូវនេះ គឺសម្រាប់ បញ្ជាក់ពីមរតកអនាគតរបស់យើង។

(៣) អ្នកជាមនុស្សថ្មី

នៅពេលដែលមនុស្សម្នាក់ត្រូវបានយកមកធ្វើជាកូនចិញ្ចឹម គាត់គឺជាមនុស្សថ្មីម្នាក់ ហើយមានជីវិតថ្មី។ នេះគឺជាការពិតសម្រាប់យើងក្នុងនាមជាកូនចិញ្ចឹមប្រុសស្រីរបស់ព្រះជាម្ចាស់។ ជាលទ្ធផលនៃការយកធ្វើជាកូនចិញ្ចឹមរបស់យើង យើងមាន៖

 

១, សញ្ជាតិថ្មី

ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ អ្នកគឺជាពលរដ្ឋនៃស្រុកកំណើតរបស់ទ្រង់គឺ ស្ថានសួគ៌។

 

ភីលីព ៣:២០

ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង  

 

“យើង​ជា​សាសន៍​ស្ថាន‌សួគ៌” ប្រាប់យើងថាស្ថានសួគ៌គឺជាកន្លែងដែលយើងគឺជាកម្មសិទ្ធិ - វាគឺជាស្រុកកំណើតរបស់យើងដែលព្រះបិតារបស់យើងស្ថិតនៅ ជាកន្លែងដែលឈ្មោះរបស់យើងត្រូវបានកត់ត្រាទុក (លូកា ១០:២០) និងជាកន្លែងដែលមរតករបស់យើងកំពុងតែរង់ចាំយើង (១ ពេត្រុស ១:៤)។

២) លំនៅដ្ឋានថ្មី

នៅស្ថានសួគ៌ អ្នកមានផ្ទះដែលព្រះយេស៊ូវបានរៀបចំសម្រាប់អ្នករួចហើយ។ នេះនឹងក្លាយទៅជាផ្ទះរបស់អ្នកជារៀងរហូត។

 

យ៉ូហាន ១៤:១-៣

កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ

៣) លក្ខណៈថ្មី

កូនប្រុសចិញ្ចឹមមានប្រវត្តិនៃបទឧក្រដ្ឋពីអតីតកាលរបស់អ្នកលុបចោលស្របច្បាប់រួចហើយ។ ដូចគ្នានេះដែរ ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ អំពើ​បាប​ពី​អតីតកាល​របស់​យើង​ទាំង​អស់​ត្រូវ​បាន​លុប​ចេញ  ហើយយើង មានសេរីភាពត្រូវបានដោះលែងចេញពីកំហុសរបស់វា។  យើងនឹងក្រឡេកមើលរឿងនេះនៅក្នុងមេរៀននៃ ការអត់ឱនទោស។ 

ឥឡូវនេះដែលយើងត្រូវបានរំដោះឲ្យមានសេរីភាពចេញពីអំពើបាបហើយ យើងអាចចាប់ផ្តើមរស់នៅក្នុង ជីវិតប្រកបដោយភាពសុចរិត។ យើងបានក្លាយជាសមាជិកគ្រួសាររបស់ព្រះជាម្ចាស់ ហើយលក្ខណៈរបស់ យើងគួរឆ្លុះបញ្ចាំងពីព្រះជាម្ចាស់កាន់តែកើនឡើង។

 

ម៉ាថាយ ៥:៤៤-៤៨

ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

​ព្រះយេស៊ូវសង្ខេបគោលដៅនៃជីវិតរបស់គ្រីស្ទាន: ជាការឆ្លុះបញ្ចាំងពីលក្ខណៈនៃព្រះដ៏ជា ព្រះវរបិតានៃយើង។ ​​ពាក្យដែលបកប្រែថា “គ្រប់លក្ខណ៍”  (τελειο)  ​មានន័យថា “ចាស់ទុំ” ឬ  “ពេញ​វ័យ”  ឬ “ពេញលេញ” ដែលត្រូវបានប្រើសម្រាប់ការរៀបរាប់ពីមនុស្សចាស់ធៀបនឹងកូនក្មេង (ដែលត្រូវបានប្រើស សម្រាប់ភាពធំដឹងក្តីខាងវិញ្ញាណ​ ១ កូរិនថូស ២:៦,  ១៤:២០; ភីលីព ៣:១៥) ។ ​ពាក្យនេះ មកពី ពាក្យថា τελος មានន័យថា “ចុងបញ្ចប់” ឬ “គោលដៅ”។ ​ វាមិនមែនជាអ្វីមួយដែលយើងអាច សម្រេចបានភ្លាមៗនោះឡើយ។ ​ការនេះទាមទារអោយយើងបានឆ្លងកាត់ដំណាក់កាលសំខាន់ៗ ជាច្រើនដើម្បីអោយ បានដល់គោលដៅចុងបំផុត។ ​គោលដៅនោះគឺជាសេចក្តីគ្រប់លក្ខណ៍នៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ​យើងប្រៀបបានដូចជាកូនក្មេងតូច ដែលកំពុងតែរីកចំរើនក្នុងលក្ខណៈ សម្បត្តិដើម្បីឲ្យយើង បានប្រែដូចជាព្រះវរបិតានៃយើងកាន់តែខ្លាំងឡើងថែមទៀត។ ​ 

 

អេភេសូរ ៥:១ 

ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា 

 

ភីលីព ២:១៥ 

ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក

ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះជាម្ចាស់ យើងត្រូវតែទទួលប្រដៅ។ ព្រះបិតារបស់យើងជាអ្នកផ្តល់ឲ្យ។

 

ហេ‌ព្រើរ ១២:៦-៧  

ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ផ្ចាញ់‌ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល» បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ផ្ចាញ់‌ផ្ចាល នោះ​គឺ​ព្រះ‌អង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ‌ផ្ចាល​នោះ 

 

សុភាសិត ៣:១១-១២

កូន​អើយ កុំ​ឲ្យ​មើល‌ងាយ​សេចក្ដី​ប្រៀន​របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស​របស់​ទ្រង់​ដែរ ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ។

ដូចជាឪពុកល្អដែរ ព្រះជាម្ចាស់ចង់ឲ្យបុត្ររបស់ព្រះអង្គមានលក្ខណៈល្អកាន់តែប្រសើរឡើង។ ហេតុដូច្នេះ ទ្រង់ប្រដៅដល់អស់អ្នកដែលព្រះអង្គស្រឡាញ់។

 

៤) គ្រួសារថ្មី

ក្នុងនាមជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ យើងមានគ្រួសារថ្មីមួយ។ គ្រួសារនេះមានបងប្អូនប្រុសស្រីរាប់លាននាក់នៅក្នុងព្រះគ្រីស្ទមកពីជុំវិញពិភពលោក។

 

ម៉ាថាយ ១២:៤៦-៥០ 

កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា នឹង​ពួក​ប្អូន​ទ្រង់​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់ មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ នឹង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ​ហើយ​ជា​ប្អូន​ខ្ញុំ រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះវរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។

 

ដោយសង្ខេប ជាលទ្ធផលនៃការក្លាយជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ អ្នកមានព្រះបិតាថ្មី មរតក គ្រួសារថ្មី លំនៅដ្ឋានថ្មី សញ្ជាតិថ្មី ហើយឥឡូវនេះមានលក្ខណៈថ្មីដែលកំពុងលូតលាស់។ អ្នកគឺជាមនុស្សថ្មីទាំងស្រុង! 

 

ចាក់ភ្លេង

 

ការយកធ្វើជាកូនចិញ្ចឹម៖ កិច្ចការរបស់ព្រះជាម្ចាស់

ចូរយើងបញ្ចប់មេរៀនរបស់យើង តាមរយៈការសិក្សាពីរបៀប ដែលការសុំកូនចិញ្ចឹមរបស់យើងត្រូវបាន សម្រេច។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធមានតួរនាទីសំខាន់រៀងៗខ្លួននៅក្នុងការយក យើងធ្វើជាកូនចិញ្ចឹម។ 

តួរនាទីជាព្រះបិតារបស់ព្រះជាម្ចាស់សម្រាប់ការយកយើងធ្វើជាកូនចិញ្ចឹម

 

អេភេសូរ ១:៣-៦ 

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​ព្រលឹង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ​មក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់ ដែល​បាន​ផ្តល់​មក​យើង​រាល់​គ្នា​ទទេ ក្នុង​ព្រះ‌រាជ‌បុត្រា​ស្ងួន‌ភ្ងា​របស់​ទ្រង់

 

នៅក្នុងអត្ថបទនេះប្រាប់យើងពីសេចក្តីពិតដ៏អស្ចារ្យបីយ៉ាងអំពីការទទួលយកយើងធ្វើជាកូនចិញ្ចឹម។

ទីមួយ ការទទួលយកធ្វើជាកូនចិញ្ចឹមរបស់យើងគឺ “តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់”។ ពាក្យជាភាសាក្រិក បកប្រែពាក្យ “គោលបំណង” នៅក្នុងខ៥ ថាជា εὐδοκίαν មានន័យថា “ភាពរីករាយដ៏ល្អ”។ វាគឺជាភាពរីករាយដ៏ល្អរបស់ព្រះជាម្ចាស់ក្នុងការទទួលយកយើងធ្វើជាកូនចិញ្ចឹម។ 

 

ការយកធ្វើជាកូនចិញ្ចឹមគឺជាព្រះហឫទ័យ និងជាកិច្ចការរបស់ព្រះបិតា។ ភាពជាកូនចិញ្ចឹមរបស់អ្នកមិនមែនដោយសារតែអ្វីដែលអ្នកបានធ្វើ ឬការសម្រេចចិត្តរបស់អ្នកនោះទេ ជំនួសមកវិញព្រះជាម្ចាស់បានសម្រេចព្រះទ័យក្នុងភាពអស់កល្បជានិច្ច។ សូមកត់សម្គាល់ថា “ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម”។ “បានដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន” មានន័យថាព្រះជាម្ចាស់បានសម្រេចព្រះទ័យ និងបង្កើតការនេះជាមុន។ តើទ្រង់បានធ្វើរឿងនេះតាំងពីពេលណាមក? ទ្រង់បានជ្រើសរើសយើង “តាំង​ពី​មុន​កំណើត​លោកីយ​មក”។ ភាពជាកូនចិញ្ចឹមរបស់អ្នកចូលទៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់មានការគ្រោងទុកជាមុន មុនពេលពិភពលោកនេះត្រូវបានបង្កើតឡើងទៅទៀត ហើយវាស្ថិតនៅជារៀងរហូត។

ទីពីរ ការយកយើងធ្វើជាកូនចិញ្ចឹមគឺដោយសារសេចក្តីស្រឡាញ់របស់ព្រះបិតា។ សូមកត់សម្គាល់ថា “ដោយ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​ដំរូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​ កូន​ចិញ្ចឹម ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ”។ ការនេះរំលឹកយើងពីអ្វីដែលសាវ័កយ៉ូហានបានសរសេរ៖

 

១ យ៉ូហាន ៣:១ក

មើល សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរ‌បិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ 

 

ចូរគិតអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលបាននាំយើងចូលមកក្នុងគ្រួសារបស់ព្រះជាម្ចាស់! ព្រះជាម្ចាស់អាចប្រោសលោះយើងដោយមិនចាំបាច់ធ្វើឲ្យយើងក្លាយទៅជាកូនរបស់ទ្រង់ឡើយ។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែលព្រះជាម្ចាស់មានសម្រាប់យើងត្រូវបានបង្ហាញចេញមកដោយថា ទ្រង់បាននាំយកយើងចូលមកក្នុងគ្រួសាររបស់ព្រះអង្គជាកូនៗដ៏ជាទីស្រឡាញ់របស់ទ្រង់។

ទីបី ការយកយើងធ្វើជាកូនចិញ្ចឹមគឺ “ដើម្បី​នឹង​សរសើរ​ដល់​ព្រះ‌គុណ​ដ៏​ឧត្តម​របស់​ទ្រង់”។ លទ្ធផលនៃការយកធ្វើជាកូនចិញ្ចឹមរបស់អ្នកគឺថាសិរីល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ត្រូវបានសរសើរ។ ព្រះជាម្ចាស់មិនត្រូវការទទួលយកកូនចិញ្ចឹមនោះទេ។ ទ្រង់មានព្រះបុត្រាដែលស្តាប់បង្គាប់ដ៏ល្អឥតខ្ចោះ បំផុតរបស់ទ្រង់រួចហើយ! ប៉ុន្តែទ្រង់បានជ្រើសរើស កំណត់ទុកជាមុន ប្រោសលោះ និងយកទាសករដែលបះបោរមកធ្វើជាកូនចិញ្ចឹមដើម្បីឲ្យក្លាយទៅជាកូនដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ នេះគឺជាការបង្ហាញដ៏គួរឲ្យកត់សម្គាល់អំពីព្រះគុណរបស់ព្រះជាម្ចាស់ដែលគួរតែបណ្តាលឲ្យយើងសរសើរតម្កើងដល់ទ្រង់។

តួរនាទីរបស់ព្រះយេស៊ូវនៅក្នុងការយកយើងធ្វើជាកូនចិញ្ចឹម

បន្ទាប់ពីព្រះបិតាបានសម្រេចចិត្តយកយើងធ្វើជាកូនចិញ្ចឹម ព្រះយេស៊ូវបានសម្រេចកិច្ចការនេះហើយ។ អត្ថបទនៅក្នុងគម្ពីរអេភេសូប្រាប់យើងថាការយកយើងធ្វើជាកូនចិញ្ចឹមគឺ “ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ”។ មនុស្សទាំងអស់គឺជាការបង្កើតរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងក្លាយជាបុត្ររបស់ព្រះជាម្ចាស់បានតែតាមរយៈ ការយកធ្វើជាកូនចិញ្ចឹមតែប៉ុណ្ណោះ ហើយការយកធ្វើជាកូនចិញ្ចឹមគឺមានតែតាមរយៈព្រះយេស៊ូវគ្រីស្ទតែ ប៉ុណ្ណោះ។

 

យ៉ូហាន ១:១២-១៣   

ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ (ព្រះយេស៊ូវ) គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។

 

កាឡា‌ទី ៣:២៦  

ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ

 

ខគម្ពីរទាំងនេះប្រាប់យើងពីរបៀបដែលយើងក្លាយជាកូនរបស់ព្រះជាម្ចាស់។ គឺតាមរយៈសេចក្តីជំនឿ នៅក្នុងព្រះយេស៊ូវ តាមរយៈការទទួលទ្រង់ តាមរយៈការជឿដល់ព្រះនាមទ្រង់។ នៅក្នុងសម័យនោះ ឈ្មោះរបស់មនុស្សម្នាក់បង្ហាញពីការពិតអំពីលក្ខណៈ និងអត្តសញ្ញាណរបស់គាត់។ ហេតុដូច្នេះ ដើម្បី “ជឿលើព្រះនាមទ្រង់” គឺត្រូវទទួលយកអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូវមានព្រះបន្ទូលអំពីអង្គទ្រង់។ មានតែព្រះយេស៊ូវតែប៉ុណ្ណោះដែលផ្តល់សិទ្ធិ (ἐξουσίαν) ឲ្យក្លាយជាកូនរបស់ព្រះជាម្ចាស់បាន។

 

ព្រះរាជបុត្រាផ្តល់ឲ្យយើងនូវស្ថានភាពជាកូនប្រុស

មានតែព្រះយេស៊ូវទេ ដែលទ្រង់មានភាពសក្តិសមយ៉ាងពិសេស ដែលទ្រង់អាចសម្រេច ការយកយើងមកធ្វើជាកូនចិញ្ចឹម។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយមានតែទ្រង់ទេ ដែលអាចប្រទានឲ្យ ឋានៈ និង សិទ្ធិ ជាកូនប្រុសរបស់ទ្រង់មកកាន់យើង។ ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះបានក្លាយជាមនុស្ស ដើម្បីឲ្យមនុស្សអាចក្លាយជាកូនប្រុសរបស់ព្រះបាន។ ព្រះអង្គបានជ្រើសរើសចែករំលែកមរតករបស់ទ្រង់ជាមួយយើង។

 

កាឡា‌ទី ៤:៤-៥  

តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ‌ទ្រង់​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រិត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម

តួរនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការយកយើងធ្វើជាកូនចិញ្ចឹម

ព្រះជាម្ចាស់បានបញ្ជូនព្រះរាជបុត្រារបស់ព្រះអង្គមកក្នុងលោកីយ៍នេះដើម្បីឲ្យយើងក្លាយជាបុត្ររបស់ទ្រង់។ ឥឡូវនេះ ព្រះជាម្ចាស់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកគង់នៅក្នុងចិត្តយើងដើម្បីឲ្យយើងមាននូវ បទពិសោធន៍ នៃកូនរបស់ទ្រង់ (នោះគឺដើម្បីឲ្យយើងស្គាល់ព្រះជាម្ចាស់ជាព្រះបិតារបស់យើង)។

 

កាឡា‌ទី ៤:៦-៧  

ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ‌ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរ‌បិតា​អើយ ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ

ព្រះវិញ្ញាណផ្តល់បទពិសោធន៍នៃភាពជាកូនប្រុសដល់យើង

ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តយើង បណ្តាលឲ្យយើង អាចស្រែកឡើងថា “អ័ប្បា”។  អ័ប្បាគឺជាពាក្យភាសាអារ៉ាប់ ដែលកូនៗប្រើ សម្រាប់ហៅទៅកាន់ឪពុករបស់ខ្លួន (រ៉ូម ៨:១៥)។ ពាក្យនេះបកប្រែថា “ស្រែកឡើង” (κράζω) មានន័យថា គឺជា  ការស្រែកចង់បាន បន្ទាន់ ជាមួយនឹងអារម្មណ៍យ៉ាងជ្រាលជ្រៅ។ នៅគម្ពីរដំណឹង ល្អ បានកត់ត្រា ពាក្យនេះតែម្តងគត់គឺនៅពេលព្រះយេស៊ូវបានហៅព្រះថា “អ័ប្បា” នៅក្នុងម៉ាកុស ១៤:៣៦ នៅក្នុង សួនគែតសេម៉ានី។ នេះគឺជាការត្រឹមត្រូវ សម្រាប់ឲ្យព្រះយេស៊ូវក្នុងការប្រើប្រាស់ពាក្យនេះ ក្នុងពេលវេលាដែលទ្រង់ត្រូវការកំលាំងបន្ទាន់យ៉ាងខ្លាំងមកពីព្រះ។ ឥឡូវ ព្រះវិញ្ញាណបរិសុទ្ធក៏បានដាក់ ពាក្យដូចគ្នាមកលើកូនចិញ្ចឹមរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ចិត្តរបស់យើង ប្រទានឲ្យយើងមានបំណងចិត្តយ៉ាងខ្លាំងក្លាចង់បានព្រះអង្គ ដែលទ្រង់ជាព្រះវរបិតា របស់យើង។ 

 

រ៉ូម ៨:១៤-១៧  

ហើយ​អស់​អ្នក​ណា​ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។

 

ខណៈពេលដែលមនុស្សម្នាក់ទទួលបានបទពិសោធន៍ពីព្រះវិញ្ញាណបរិសុទ្ធដឹកនាំគាត់ (នោះគឺ បង្រៀនគាត់ពីសេចក្តីពិតខាងឯវិញ្ញាណតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ញែកគាត់ជាបរិសុទ្ធ និងបង្កើតផលផ្លែខាងវិញ្ញាណនៅក្នុងជីវិតរបស់គាត់) គាត់មានទំនុកចិត្តថាមានការពិតគួរឲ្យកត់សម្គាល់បានកើតឡើង។ គាត់បានក្លាយទៅជាបុត្ររបស់ព្រះជាម្ចាស់ ហើយគាត់ដឹង និងស្រឡាញ់ព្រះជាម្ចាស់ជាព្រះបិតារបស់គាត់! ការទទួលយកធ្ចើជាកូនចិញ្ចឹមនេះគឺជាបំណងព្រះហឫទ័យរបស់ព្រះបិតា ដោយសម្រេចបានតាមរយៈព្រះរាជបុត្រា ហើយអនុវត្តនៅក្នុងជីវិតរបស់គាត់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

សេចក្តីសង្ខេប៖ ការទទួលយកជាកូនចិញ្ចឹមគឺជាព្រះពរខាងវិញ្ញាណមកពីព្រះជាម្ចាស់ដែលទ្រង់បានដាក់មនុស្សចូលទៅក្នុងគ្រួសារធ្វើជាបុត្ររបស់ព្រះអង្គ។ ពួកគេមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ជាព្រះបិតរារបស់ពួកគេ ទទួលមរតកនៃជីវិតដ៏អស់កល្បនៅក្នុងនគរព្រះ និងអត្តសញ្ញាណថ្មីជាបុត្ររបស់ព្រះជាម្ចាស់។   

 

ចូរចំណាយពេលខ្លះដើម្បីអធិស្ឋានអរព្រះគុណព្រះជាម្ចាស់ឥឡូវនេះសម្រាប់ព្រះពរនៃការយកធ្វើជាកូនចិញ្ចឹមរបស់ទ្រង់។

អធិស្ឋានបិទ

bottom of page