
មេរៀនទី ៤: ដង្វាយធួន
សម្រង់សម្តីព្រះយេស៊ូវ៖ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប (ម៉ាថាយ ២៦:២៨)។
ពាក្យ ‘ដង្វាយធួន’ បកប្រែជាពាក្យភាសាហេប្រឺ כָּפַר ដែលមានន័យថា ‘គ្របបាំងពីលើ’។ ដើម្បីឲ្យយល់ពីអត្ថន័យ យើងត្រូវការដឹងអំពីព្រឹត្តិការណ៍ពិសេសមួយដែលព្រះជាម្ចាស់បានបង្គាប់ឲ្យប្រជាជនអ៊ីស្រាអែលធ្វើជាប្រចាំឆ្នាំ ហៅថា ថ្ងៃឲ្យបានធួននឹងបាប។ សូមអាន លេវីវិន័យ ជំពូក ១៦ ឮៗឥឡូវនេះ។
មានចរិកលក្ខណៈចំនួនបីយ៉ាងនៅថ្ងៃឲ្យបានធួននឹងបាបដែលមានសារៈសំខាន់សម្រាប់ឲ្យយើងយល់ដឹង ដោយសារវាបង្រៀនយើងពីសេចក្តីពិតអំពីដង្វាយធួនដែលបានកើតឡើងដដែលៗជាច្រើនដងនៅក្នុងគម្ពីរ។
(១) ដង្វាយធួនគឺស្របតាមផែនការរបស់ព្រះជាម្ចាស់
តើអ្នកមានសម្គាល់ថាគម្ពីរ លេវីវិន័យ ជំពូកទី១៦ ទាំងស្រុងគឺជាការប្រទានការណែនាំមកពីព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់បានប្រទានការណែនាំឲ្យលោកអឺរ៉ុន (ជាសម្តេចសង្ឃទីមួយ) អំពីសម្លៀកបំពាក់ដែលគាត់ត្រូវស្លៀកពាក់ (ខ៤) ពិធីងូតទឹកដែលគាត់ត្រូវធ្វើ (ខ៤) សត្វដែលគាត់ត្រូវនាំយកមក (ខ៥) និងរបៀបត្រូវធ្វើយញ្ញបូជា (ខ៧-១៥)។ ការនេះបង្ហាញយើងថាដង្វាយធួនគឺស្របតាមផែនការរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ។ ព្រះជាម្ចាស់បានជ្រើសរើសថ្ងៃសម្រាប់ឲ្យកើតមានការថ្វាយដង្វាយធួន ហើយព្រះជាម្ចាស់បានជ្រើសរើសរបៀប ដែលថ្វាយដង្វាយធួននោះត្រូវកើតឡើង។
តើព្រះជាម្ចាស់ចង់ឲ្យមហាបូជាចារ្យធ្វើអ្វី?
ព្រះជាម្ចាស់បានណែនាំឲ្យមហាបូជាចារ្យចូលទៅកាន់ទីដ៏បរិសុទ្ធបំផុតនៅក្នុងព្រះពន្លា ហើយគ្របបាំងពីលើអសនៈនៃ សេចក្តីមេត្តារបស់ហិបសញ្ញាដោយឈាម។ អសនៈនៃសេចក្តីមេត្តាគឺជាផ្នែកខាងលើបង្អស់របស់ហិបនៅចន្លោះទេវតា ទាំងពីរ។ មហាបូជាចារ្យបានប្រោះឈាមទៅលើអសនៈនៃសេចក្តីមេត្តាករុណាចំនួន ៧ដង។ លេខ ៧ គឺជាសញ្ញា នៃភាពឥតខ្ចោះ ដូច្នេះនិមិត្តសញ្ញានេះសម្រាប់តំណាងឲ្យការគ្របបាំងដ៏ល្អឥតខ្ចោះ។ មានតែមហាបូជាចារ្យ តែប៉ុណ្ណោះ ដែលអាចធ្វើដូច្នេះបាន។ តាមពិតមហាបូជាចារ្យគឺជាបុគ្គលតែម្នាក់គត់ដែលអាចចូលទៅទី ដ៏បរិសុទ្ធបំផុតបាន ហើយគាត់អាចធ្វើដូច្នេះបានតែមួយថ្ងៃគត់ក្នុងមួយឆ្នាំ៖ នៅថ្ងៃឲ្យបានធួននឹងបាប។
តើហេតុអ្វីបានជាមហាបូជាចារ្យត្រូវប្រោះឈាមនៅលើអសនៈនៃសេចក្តីមេត្តាករុណា?
ដើម្បីយល់អំពីការនេះ យើងត្រូវដឹងថាតើមានអ្វីខ្លះនៅក្នុងហិប។ ហេព្រើរ ៩:៤ ប្រាប់យើងថាមានវត្ថុបីយ៉ាងនៅក្នុងហិប៖
-
ពានមាសមួយដែលគេដាក់នំម៉ាណា
-
ដំបងរបស់លោកអើរ៉ុនដែលមានផ្ការីកចេញមក
-
បន្ទះថ្មនៃសម្ពន្ធមេត្រីផង។
វត្ថុនីមួយៗគឺជានិមិត្តសញ្ញានៃការបរាជ័យរបស់អ៊ីស្រាអែល។ បន្ទះថ្មគឺជាការរំលឹកពីការបរាជ័យរបស់ពួកគេ ក្នុងការកាន់តាមបញ្ញតិទាំងដប់ប្រការ។ នំម៉ាណាដែលគេរក្សាទុកគឺជាការរំលឹកអំពីការខ្វះសេចក្តីជំនឿលើព្រះជាម្ចាស់ សម្រាប់ការផ្គត់ផ្គង់ដល់ពួកគេជារៀងរាល់ថ្ងៃ (និក្ខមនំ ១៦)។ ដំបងរបស់អើរ៉ុនគឺជាការរំលឹកដល់ពួកគេ អំពីការបះបោរប្រឆាំងនឹងមហាបូជាចារ្យដែលព្រះជាម្ចាស់បានជ្រើសរើស (ជនគណនា ១៧)។
ពន្លឺភ្លើងភ្លឺចិញ្ចាញដែលជានិមិត្តសញ្ញានៃព្រះវត្តមានរបស់ព្រះជាម្ចាស់ បង្ហាញចុះមកលើអសនៈនៃសេចក្តីមេត្តាករុណ។ ប្រោះឈាមនៅលើអសនៈនៃសេចក្តីមេត្តាករុណាមានន័យថាព្រះជាម្ចាស់ក្រឡេកមើលចុះមក ទ្រង់នឹងមិនមើលនិមិត្តសញ្ញាពីកំហុសរបស់ជនជាតិអ៊ីស្រាអែលទាំងនេះទេ។ ជំនួសមកវិញ ព្រះអង្គមើលទៅកាន់ឈាម។ នេះគឺជាអត្ថន័យនៃពាក្យថាដង្វាយធួន។ ដង្វាយធួនគឺត្រូវគ្របបាំងពីលើអំពើបាបរបស់អ្នកដោយឈាម ដើម្បីឲ្យព្រះជាម្ចាស់មើលរំលងពីការបរាជ័យរបស់អ្នក។
ដង្វាយធួនគឺត្រូវគ្របបាំងពីលើអំពើបាបរបស់អ្នកដោយឈាម
អធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងដង្វាយធួនអាចរកមើលឃើញបាននៅក្នុងសេចក្តីលម្អិតសំខាន់មួយផ្សេងទៀត។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតិឲ្យចូលទៅក្នុងត្រសាលជំនុំរហូតទាល់តែមហាបូជាចារ្យបានធ្វើចប់សព្វគ្រប់នូវអ្វីដែល ព្រះជាម្ចាស់បានបង្គាប់មក (ខ១៧)។ មនុស្សម្នារឈរចាំនៅខាងក្រៅនៅពេលមហាបូជាចារ្យដែលព្រះជាម្ចាស់ បានជ្រើសរើសធ្វើតាមអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្គាប់មកដើម្បីគ្របបាំងបាបរបស់ពួកគេ។ បើទោះបីជាមនុស្ស មិនអាចមើលឃើញអ្វីដែលបានកើតឡើងក៏ដោយ ពួកគេជឿលើព្រះជាម្ចាស់ និងទុកចិត្តមហាបូជាចារ្យរបស់ពួកគេ។ ពួកគេមានជំនឿថា គាត់បានធ្វើតាមអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីគ្របបាំងអំពើបាបរបស់ពួកគេ។ វាគ្រប់គ្រាន់ហើយសម្រាប់ដង្វាយឲ្យធួននឹងអំពើបាបរបស់ពួកគេ ដោយសារព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹង កិច្ចការរបស់មហាបូជាចារ្យ។ ដោយសារនេះគឺពិតជាអ្វីដែលព្រះជាម្ចាស់បានបង្គាប់មក។
ពិភាក្សា
-
តើភាពទាក់ទងគ្នាអ្វីខ្លះដែលអ្នកមើលឃើញរវាងសកម្មភាពរបស់មហាបូជាចារ្យនៅក្នុងទីដ៏បរិសុទ្ធបំផុត និងព្រះយេស៊ូវដែលជាមហាបូជាចារ្យរបស់យើងនៅលើឈើឆ្កាង?
-
តើវាមានសារៈសំខាន់អ្វីខ្លះសម្រាប់យើងចំពោះការរង់ចាំរបស់មនុស្សនៅខាងក្រៅ និងការទុកចិត្តដល់មហាបូជាចារ្យរបស់ពួកគេធ្វើតាមអ្វីៗគ្រប់យ៉ាងដូចដែលព្រះជាម្ចាស់ត្រូវការដើម្បីគ្របបាំងអំពើបាបពួកគេ?
(២) ដង្វាយធួនសម្អាតមនុស្សចេញពីអំពើបាបតាមរយៈការថ្វាយយញ្ញបូជា
គោលបំណងនៃការថ្វាយដង្វាយធួនគឺដើម្បីសម្អាតអំពើបាបចេញពីមនុស្ស។
លេវីវិន័យ ១៦:៣០
ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា
តើការសម្អាតនេះសម្រេចបានយ៉ាងដូចម្តេច? ចម្លើយគឺដោយសារឈាម។
លេវីវិន័យ ១៧:១១
ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន
ហេព្រើរ ៩:២២
ហើយតាមក្រិត្យវិន័យ សឹងតែគ្រប់របស់ទាំងអស់បានស្អាត ដោយសារឈាម បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ។
ហេតុផលដែលព្រះជាម្ចាស់បានបង្គាប់ឲ្យមហាបូជាចារ្យថ្វាយយញ្ញបូជានៅថ្ងៃឲ្យបានធួននឹងបាបគឺដើម្បីបង្ហាញដល់រាស្ត្ររបស់ទ្រង់ពីរបៀបដែលទ្រង់នឹងដោះស្រាយជាមួយអំពើបាប។ សកម្មភាពចំនួនបីផ្សេងៗគ្នាគឺមានភាពចាំបាច់ក្នុង ការបង្ហាញនូវអ្វីៗគ្រប់យ៉ាងថាព្រះជាម្ចាស់មានគោលបំណងឲ្យរាស្ត្ររបស់ទ្រង់យល់ដឹងពីរបៀបដែលទ្រង់ត្រូវដោះស្រាយជាមួយនឹងអំពើបាប។
១) ការថ្វាយដង្វាយធួនត្រូវសម្រេចបានតាមរយៈការសុគត។ ពពែទីមួយបង្ហាញពីរបៀប ដែលការថ្វាយដង្វាយធួនត្រូវសម្រេច - នោះគឺថាតាមរយៈការថ្វាយដង្វាយនៃការសុគត (ខ១៥-១៩)។ សូមសំគាល់ថាពពែត្រូវតែគ្មានស្នាមអ្វីទាំងអស់។
២) ការថ្វាយដង្វាយធួនដកបាបចេញពីរាស្ត្ររបស់ព្រះជាម្ចាស់។ ពពែទីពីរបង្ហាញពីលទ្ធផលនៃការថ្វាយដង្វាយធួន - នោះគឺអំពើបាបត្រូវបានដកចេញពីរាស្ត្ររបស់ព្រះជាម្ចាស់ (ខ២០-២២)។ ពពែត្រូវបញ្ជូនចូលទៅកាន់ទីរហោស្ថានដើម្បីឲ្យដឹកអំពើបាបរបស់មុស្សចេញ។
៣) តាមរយៈការថ្វាយដង្វាយធួនព្រះជាម្ចាស់បំផ្លាញអំពើបាប។ សត្វគោ និងពពែដែលត្រូវបានដុតបង្ហាញពីគោលបំណងនៃការថ្វាយដង្វាយធួន - ថាអំពើបាបនឹងត្រូវបានបំផ្លាញទាំងស្រុង (ខ២៧)។
(៣) ការថ្វាយដង្វាយធួនគ្របបាំងអំពើបាបទាំងអស់ចំពោះប្រជារាស្ត្រទាំងអស់របស់ព្រះជាម្ចាស់
ប្រទេសអ៊ីស្រាអែលមានពិធីបុណ្យចំនួនប្រាំពីរជារៀងរាល់ឆ្នាំ។ មានតែពិធីចំនួនពីរតែប៉ុណ្ណោះដែលត្រូវចូលរួមជាចាំបាច់៖ ពិធីបុណ្យរំលង និងថ្ងៃឲ្យបានធួននឹងបាប។ ប្រជារាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ទទួលបាននូវអត្ថប្រយោជន៍ នៃការគ្របបាំងដោយសម្រេចបានតាមរយៈមហាបូជាចារ្យនៅថ្ងៃឲ្យបានធួននឹងបាប។ អំពើបាបរបស់មនុស្សម្នាក់ៗ ត្រូវបានធួនតាមរបៀបដូចៗគ្នានៅក្នុងពេលជាមួយគ្នា។ គ្មាននរណាម្នាក់ត្រូវបានគ្របបាំងច្រើនជាង ឬគ្របបាំងតិចជានរណាម្នាក់នោះឡើយ។ សកម្មភាពដូចគ្នានៃការថ្វាយដង្វាយធួនគឺត្រូវបានធ្វើឡើង សម្រាប់មនុស្សទាំងអស់គ្នា (ខ២១) ហើយការគ្របបាំងនេះគ្របាំងអំពើបាបទាំងអស់របស់ពួកគេ។
វាពិតជាសំខាន់ណាស់ក្នុងការសម្គាល់ថាមហាបូជាចារ្យត្រូវធ្វើការថ្វាយយញ្ញបូជាពិសេសមួយសម្រាប់ខ្លួនឯង (ខ១១- ១៤)។ មនុស្សទាំងអស់ រួមទាំងលោកអើរ៉ុនផងគឺមានកំហុសនៃអំពើបាប។ ដូច្នេះតើមហាបូជាចារ្យអាចថ្វាយដង្វាយ ធួនសម្រាប់អំពើបាបរបស់អ្នកដោយរបៀបណានៅពេលដែលគាត់ខ្លួនឯងជាមនុស្សមានបាបនោះ? ចម្លើយគឺថាគាត់ មិនអាចធ្វើបានទេ។ ការពិតនៃអំពើបាបរបស់អើរ៉ុននេះបង្ហាញថា ការថ្វាយយញ្ញបូជានៅក្នុងសម័យសញ្ញាចាស់ គឺគ្រាន់តែជានិមិត្តសញ្ញានៃការថ្វាយដង្វាយធួនពិតប្រាកដប៉ុណ្ណោះដែលជាការថ្វាយយញ្ញបូជាអង្គព្រះយេស៊ូវនៅលើឈើឆ្កាង។ លោកអើរ៉ុនគឺជាមហាបូជាចារ្យដែលមិនល្អឥតខ្ចោះ ដែលមិនអាចថ្វាយយញ្ញបូជាល្អឥតខ្ចោះបានទេ ដូចជាឈាមគោ និងពពែមិនអាចធួននឹងបាបមនុស្សពិតប្រាកដបាននោះទេ។ ប៉ុន្តែថ្ងៃឲ្យបានធួននឹងបាប គឺត្រូវបានប្រទានមកដើម្បីរៀបចំមនុស្សរបស់ព្រះឲ្យយល់ដឹង ពីការថ្វាយដង្វាយធួនដ៏ល្អឥតខ្ចោះដែលព្រះជាម្ចាស់ នឹងប្រទានមកតាមរយៈព្រះយេស៊ូវ។ ដង្វាយធួនដ៏ពិតប្រាកដ គឺដោយមានតែព្រះគ្រីស្ទមួយអង្គតែប៉ុណ្ណោះ។
ផ្នែកទី២៖ ព្រះយេស៊ូវ និងដង្វាយធួន
(១) ព្រះយេស៊ូវគឺជាមហាបូជាចារ្យរបស់យើង
ព្រះយេស៊ូវគឺជាព្រះរាជបុត្រាដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែលបានប្រសូតមកជាមនុស្ស។ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ឲ្យទ្រង់ក្លាយជាមនុស្សដើម្បីក្លាយជាមហាបូជាចារ្យរបស់យើង។
ហេព្រើរ ៥:១ (KCB)
សម្ដេចសង្ឃគ្រប់រូបត្រូវបានជ្រើសរើសពីក្នុងចំណោមមនុស្ស ហើយតែងតាំងឲ្យធ្វើជាតំណាងមនុស្សនៅក្នុង កិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប
តួរនាទីរបស់មហាបូជាចារ្យគឺត្រូវ “ធ្វើជាតំណាងមនុស្សនៅក្នុងកិច្ចការទាក់ទងនឹងព្រះជាម្ចាស់ ដើម្បីថ្វាយតង្វាយ និងយញ្ញបូជាសម្រាប់បាប”។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ ដូចជាអ្វីដែលយើងបានឃើញ ដង្វាយធួនគឺជាកិច្ចការរបស់មហាបូជាចារ្យទាំងស្រុង។ គ្មាននរណាម្នាក់អាចជួយគាត់តាមរបៀបណាមួយបានទេ។ ព្រះយេស៊ូវគឺជាមហាបូជាចារ្យរបស់យើង ហើយព្រះអង្គបញ្ចប់ការងារនៃការថ្វាយដង្វាយធួនទាំងអស់តាមរយៈ ការថ្វាយយញ្ញបូជាមួយសម្រាប់អំពើបាបរបស់ប្រជារាស្ត្រទ្រង់។
ហេព្រើរ ២:១៧
ហេតុនោះបានជាគួរឲ្យទ្រង់បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ
ព្រះយេស៊ូវបានថ្វាយដង្វាយធួនសម្រាប់អំពើបាបរបស់យើង។ ឥឡូវនេះក្នុងនាមជាមហាបូជាចារ្យរបស់យើង ទ្រង់គឺជាអ្នកសម្របសម្រួលរវាងមនុស្ស និងព្រះជាម្ចាស់។
១ ធីម៉ូថេ ២:៥-៦
ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ នឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់
“អ្នកសម្របសម្រួល” គឺជាមនុស្សម្នកា់ដែលកិច្ចការរបស់គាត់គឺត្រូវធ្វើការជាមួយមនុស្សចំនួនពីរនាក់ដើម្បីឲ្យ មានកិច្ចព្រមព្រៀងរវាងគ្នាឡើង។ ព្រះយេស៊ូវគឺជាមួយអង្គដែលសម្របសម្រួលរវាងព្រះជាម្ចាស់ និងមនុស្ស។ មានតែទ្រង់មួយអង្គតែប៉ុណ្ណោះដែលអាចនាំមនុស្សទៅកាន់ព្រះជាម្ចាស់បាន (យ៉ូហាន ១៤:៦; កិច្ចការ ៤:១២)
ចូរគិតពីច្រាំងទាំងសងខាងទន្លេដែលត្រូវបានដាច់ចេញពីគ្នាដោយសារទន្លេដ៏ធំមួយ។ យើងស្ថិតនៅលើច្រាំងម្ខាងនៃទន្លេ ហើយព្រះជាម្ចាស់ស្ថិតនៅលើច្រាំងម្ខាងទៀត។ ទន្លេដែលបំបែកយើងចេញពីព្រះជាម្ចាស់គឺជាអំពើបាបរបស់យើង។ គ្មានវិធីសាស្ត្រណាមួយដែលយើងអាចឆ្លងទន្លេនេះបានទេ។ ប៉ុន្តែព្រះយេស៊ូវគឺជាស្ពានដែលតភ្ជាប់រវាងចំណុច ទាំងសងខាងនេះ។ ព្រះអង្គគង់នៅជាមួយយើង (នៅខាងយើង) ក្នុងនាមជាមនុស្ស ហើយគគង់នៅជាមួយព្រះជាម្ចាស់ (នៅខាងព្រះជាម្ចាស់) ក្នុងនាមជាបុត្រារបស់ព្រះអង្គ។ ឥឡូវនេះ ដោយសារទ្រង់ យើងអាចភ្ជាប់ទំនាក់ទំនងជាមួយ ព្រះជាម្ចាស់បាន។
ហេព្រើរ ៧:២៦
គួរឲ្យមានសំដេចសង្ឃយ៉ាងនោះសំរាប់យើង ដែលទ្រង់បរិសុទ្ធ ឥតពុតមាយា ឥតសៅហ្មង ដែលបានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត
ព្រះយេស៊ូវគឺជាមហាបូជាចារ្យដ៏អស្ចារ្យដែល “អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ”។
ហេព្រើរ ៧:២៣-២៥
មួយទៀត ពួកសង្ឃទាំងនោះមានគ្នាជាច្រើន ពីព្រោះគេតែងតែស្លាប់ មិននៅជាប់ស្ថិតស្ថេរទេ តែទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។
(២) ការសុគតរបស់ព្រះយេស៊ូវគឺជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង
ដូចដែលយើងបានឃើញតួរនាទីរបស់មហាបូជាចារ្យគឺត្រូវធ្វើអំណោយ និងយញ្ញបូជាសម្រាប់អំពើបាប។ ព្រះយេស៊ូវគឺជាមហាបូជាចារ្យរបស់យើង ហើយព្រះអង្គក៏ជាយញ្ញបូជាដែលទ្រង់ប្រទានមកដែរ។
វាមានភាពចាំបាច់ណាស់សម្រាប់ការដែលព្រះយេស៊ូវត្រូវក្លាយជាមនុស្សដើម្បីក្លាយជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ ឈាមរបស់សត្វមិនអាចគ្របបាំងអំពើបាបរបស់មនុស្សបានពិតប្រាកដសោះឡើយ។ ដូចគម្ពីរ ហេព្រើរ ១០:៤ ចែងថា “ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ”។ ដូច្នេះហើយបានជាព្រះយេស៊ូវបានក្លាយមកជាមនុស្សដើម្បីឲ្យទ្រង់អាចសុគតជំនួសមនុស្សបាន។
ការសុគតរបស់ព្រះយេស៊ូវគឺជាយញ្ញបូជាទៅព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង។
អេភេសូរ ៥:២
ហើយដើរក្នុងសេចក្ដីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ។
លោកយ៉ូហាន បាទីស្ទ កំណត់អត្តសញ្ញាណរបស់ព្រះយេស៊ូវថាជាកូនចៀមនៃយញ្ញបូជារបស់ព្រះជាម្ចាស់។
យ៉ូហាន ១:២៩
លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក
សាវ័កពេត្រុស និងសាវ័កប៉ុលក៏ពណ៌នាពីព្រះយេស៊ូវថាជាកូនចៀមដែលត្រូវធ្វើជាយញ្ញបូជាដែរ។
១ ពេត្រុស ១:១៨-១៩
ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម
១ កូរិនថូស ៥:៧
ចូរសំអាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ
ព្រះយេស៊ូវគឺជាកូនចៀមដ៏ល្អឥតខ្ចោះ (ដែលគ្មានស្លាកស្នាម ឬស្នាមអុជ) សម្រាប់បូជា ដើម្បីដកយកអំពើបាប របស់លោកិយ៍នេះ។
កាឡាទី ១:៣-៤
សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា នឹងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា ដើម្បីនឹងប្រោសឲ្យយើងបានរួចពីលោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង
ព្រះយេស៊ូវ “បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នា”។ លោកអើរ៉ុនបានថ្វាយពពែដោយស្តាប់តាម ការបង្គាប់របស់ព្រះជាម្ចាស់។ ប៉ុន្តែព្រះយេស៊ូវបានថ្វាយ អង្គទ្រង់ ដោយស្តាប់តាមការបង្គាប់ព្រះជាម្ចាស់វិញ។ យញ្ញបូជារបស់ព្រះអង្គបានកើតឡើងនៅថ្ងៃដែលព្រះជាម្ចាស់បានជ្រើសរើស ទៅតាមពេល និងទីកន្លែងជាមួយគ្នា ដែលព្រះជាម្ចាស់បានជ្រើសរើស និងតាមរបៀបដែលព្រះជាម្ចាស់បានបង្គាប់មក។ ហេតុដូច្នេះ យញ្ញបូជារបស់ព្រះយេស៊ូវ យ៉ាងល្អឥតខ្ចោះ ហើយព្រះជាម្ចាស់អាចទទួលយកវាបាន។
(៣) ព្រះយេស៊ូវគឺជាយញ្ញបូជាចុងក្រោយ
ដោយសារព្រះយេស៊ូវគឺជាមហាបូជាចារ្យដែលគ្មានបាបសោះ និងជាកូនចៀមដែលគ្មានស្លាកស្នាម និងស្នាមអុជ ទ្រង់អាចធ្វើជាយញ្ញបូជាបានយ៉ាងល្អឥតខ្ចោះ។
ហេព្រើរ ៧:២៧
ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង
ហេព្រើរ ៩:២៦ខ
តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា
បូជាចារ្យដ៏ល្អឥតខ្ចោះថ្វាយដង្វាយដ៏ល្អឥតខ្ចោះ។ ព្រះយេស៊ូវ "បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច" ដែលធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់បានល្អឥតខ្ចោះបានគ្រប់ពេលទាំងអស់។
ហេព្រើរ ១០:១២-១៤
តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ
យញ្ញបូជារបស់ព្រះយេស៊ូវគឺមានប្រសិទ្ធិភាពគ្រប់ពេលវេលា។ លទ្ធផលចំពោះរឿងនេះគឺថា "ទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច" ហើយទ្រង់បាន "សំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច"!
ហេព្រើរ ៩:១២-១៤
នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ដ្បិតបើសិនជាឈាមគោឈ្មោល នឹងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត
មុនពេលព្រះយេស៊ូវយាងមក មហាបូជាចារ្យត្រូវតែថ្វាយយញ្ញបូជានៅថ្ងៃឲ្យបានធួននឹងបាបដដែលៗជារៀងរាល់ឆ្នាំ។ វាគឺជាការរំលឹករហូតដែលថាអំពើបាបនៅតែមាននៅឡើយ វានៅតែជាបញ្ហា។ ដូចគម្ពីរ ហេព្រើរ ១០:៣ ចែងថា “តែយញ្ញបូជាទាំងនោះនាំឲ្យរឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ”។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃឲ្យបានធួននឹងបាបគឺគ្រាន់តែជា «ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក» (ហេព្រើរ ១០:១) ដែលចង្អុលទៅដង្វាយធួនចុងក្រោយដែលព្រះយេស៊ូវនឹងសម្រេចបាននៅលើឈើឆ្កាង។
ព្រះយេស៊ូវធ្វើឲ្យយញ្ញបូជានៅក្នុងសញ្ញាចាស់បានក្លាយទៅជាល្អឥតខ្ចោះដោយសារទ្រង់លះបង់អង្គទ្រង់ (មិនមែនជា ពពែ ឬគោ) តែម្តងគត់ (មិនមែនដដែលៗ) និងសម្រាប់គ្រប់ទាំងអស់ (មិនមែនសម្រាប់តែអីស្រាអែល) ហើយសំរេចបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច។ ឥឡូវនេះ គ្មានការថ្វាយយញ្ញបូជាចាំបាច់ណាទៀតទេ។ ទាំងអស់ដែលទាមទារនោះគឺត្រូវមានជំនឿទៅលើព្រះយេស៊ូវ និងការថ្វាយយញ្ញបូជាដ៏ល្អឥតខ្ចោះរបស់ព្រះអង្គ សម្រាប់ យើង។
គម្ពីរប្រាប់យើងថាព្រះយេស៊ូវ “សុគតសម្រាប់យើង”។ ពាក្យ “សម្រាប់” បកប្រែ ὑπὲρ ដេលមានន័យថា ក្នុងនាម។ ដូច្នេះនៅពេលគម្ពីរប្រាប់យើងថា “ព្រះយេស៊ូវសុគតសម្រាប់យើង” វាមានន័យថា ព្រះអង្គសុគតក្នុងនាមយើង ដែលជាតំណាងរបស់យើង។
ចូរគិតអំពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិរបស់យើង។ នៅពេលពួកគេឈ្នះបន្ទាប់ពីពេលប្រកួតរួចអ្នកនិយាយថា “យើងឈ្នះហើយ!”។ តាមពិតអ្នកមិនមែនជាអ្នកលេងផ្ទាល់ទេ ប៉ុន្តែអ្នកនិយាយថា “យើងឈ្នះហើយ” ពីព្រោះក្រុមជម្រើសជាតិតំណាងឲ្យមនុស្សទាំងអស់នៅក្នុងប្រទេសរបស់យើង។ ដូចគ្នាដែរ ព្រះយេស៊ូវតំណាងឲ្យយើង ហើងជ័យជំនះរបស់ព្រះអង្គគឺជាជ័យជំនះសម្រាប់យើង! ព្រះយេស៊ូវសុគតជំនួសយើង ហើយឥឡូវនេះទ្រង់គង់នៅធ្វើជា តំណាងរបស់យើងទៅកាន់ព្រះវរបិតាដ៏ជាព្រះ! តាមរយៈការធ្វើបែបនេះ ព្រះយេស៊ុវបានធ្វើការផ្លាស់ប្តូរជោគវា សនារបស់មនុស្សជាតិ!
គម្ពីរមានបន្ទូលពីព្រះយេស៊ូវថាជាតំណាងរបស់មនុស្សតាមរយៈការហៅទ្រង់ថា “ជាមនុស្សទីពីរ” ឬជា “អ័ដាមចុងក្រោយ”។ អ័ដាមគឺជាមនុស្សដំបូង ហើយមនុស្សទាំងអស់ទទួលបានមរតក៌នៃលក្ខណៈអំពើបាបរបស់គាត់ ពីកំណើតរបស់ពួកគេនោះ គឺនាំទៅរកសេចក្តីស្លាប់។
១ កូរិនថូស ១៥:៤៧
មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ
ព្រះជាម្ចាស់បានបង្កើតអ័ដាម (មនុស្សដំបូង) ចេញពីធូលីដី។ ប៉ុន្តែព្រះយេស៊ូវ (មនុស្សទីពីរ) គឺមកពីស្ថានសួគ៌។
១ កូរិនថូស ១៥:៤៥
ដូចជាសេចក្ដីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ
អ័ដាមកើតមកមានជីវិតតែម្តងនៅពេលព្រះជាម្ចាស់ផ្លុំខ្យល់ដង្ហើមចូលទៅក្នុងគាត់ ប៉ុន្តែព្រះយេស៊ូវ (អ័ដាមចុងក្រោយ) ប្រទានជីវិតដល់មនុស្សទាំងអស់ដែលជឿដល់ទ្រង់វិញ។
១ កូរិនថូស ១៥:២១-២២
ដ្បិតដែលសេចក្ដីស្លាប់បានមកដោយសារមនុស្ស នោះសេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ
អ័ដាមបាននាំយកអំពើបាប និងសេចក្តីស្លាប់មកក្នុងពិភពលោកនេះ ប៉ុន្តែព្រះយេស៊ូវនាំយកជីវិតរស់ពីសុគតឡើងវិញ! ឥឡូវនេះ មនុស្សដែលស្លាប់តាមរយៈអ័ដាម អាចត្រូវបានធ្វើឲ្យរស់ឡើងវិញក្នុងព្រះគ្រីស្ទ។ នេះគឺជារបៀបដែលព្រះយេស៊ូវ បានផ្លាស់ប្តូរវាសនារបស់មនុស្សទាំងស្រុង។
នៅក្នុងការយាងមកវិញជាលើកទីមួយ ព្រះយេស៊ូវបានបង់ព្រះជន្មទ្រង់ធ្វើជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ នៅក្នុងការយាងមកវិញជាលើកទីពីរ ព្រះអង្គនឹងត្រឡប់មកសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់!
ហេព្រើរ ៩:២៨
ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដងហើយ ដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។
ពិភាក្សា៖ តើវាមានន័យយ៉ាងដូចម្តេចសម្រាប់អ្នកដែលថាព្រះយេស៊ូវគឺជាតំណាងរបស់អ្នក?
ផ្នែកទី៣៖ ការផ្សះផ្សា
ដូចជាអ្វីដែលយើងបានមើលឃើញ ដង្វាយធួនមានន័យថាព្រះជាម្ចាស់គ្របបាំងអំពើបាបរបស់យើង។ តើអ្វីទៅជាគោលបំណងចំពោះរឿងនេះ? តើដង្វាយធួនសម្រេចបានអ្វីខ្លះ? ចម្លើយគឺថាយើងត្រូវបាន ផ្សះផ្សាជាមួយព្រះជាម្ចាស់ឡើងវិញ។
ទំនាក់ទំនងបាក់បែក
ដើម្បីផ្សះផ្សាមានន័យថាស្តារទំនាក់ទំនងដែលបានបែកបាក់នោះឡើងវិញ។ ទំនាក់ទំនងបែកបាក់គឺជាទំនាក់ទំនងរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់។ មនុស្សបានបំបែកបំបាក់ទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់តាមរយៈអំពើបាបរបស់ពួកគេ។ ប៉ុន្តែព្រះជាម្ចាស់បានជ្រើសរើសផ្សះផ្សាមនុស្សមករកព្រះអង្គវិញតាមរយៈកិច្ចការរបស់ព្រះយេស៊ូវ។
កូល៉ុស ១:១៩-២២
ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់ រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់
២ កូរិនថូស ៥:១៨-១៩
គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។
១ ពេត្រុស ៣:១៨
ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ
មនុស្សគឺជាអ្នកមានបាប បះបោរ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ ដង្វាយធួនគឺជាការផ្សះផ្សារបស់មនុស្សទៅ កាន់ព្រះជាម្ចាស់តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ សម្រេចបានតាមរយៈព្រះលោហិតរបស់ទ្រង់ដែលបានបង្ហូរនៅលើ ឈើឆ្កាង។ លទ្ធផលនៃដង្វាយធួនគឺជាសន្តិភាពជាមួយព្រះជាម្ចាស់ ការចូលទៅកាន់ព្រះវត្តមានរបស់ទ្រង់ និងស្តារទំនាក់ទំនងជាមួយទ្រង់ឡើងវិញ។
ការផ្សះផ្សាគឺជាកិច្ចការរបស់ព្រះជាម្ចាស់ដោយសារសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងព្រះគុណរបស់ទ្រង់។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទើបបានជាទ្រង់ “បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង”។
១ យ៉ូហាន ៤:១០
នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង
នេះគឺជាសេចក្តីពិតដ៏គួរឲ្យកត់សម្គាល់សម្រាប់ដង្វាយធួន។ ព្រះជាម្ចាស់ស្រឡាញ់យើង ក្នុងកាលដែលយើងនៅមានបាប បះបោរ និងនៅជាខ្មាំងសត្រូវរបស់ព្រះអង្គនៅឡើយ។ ហេតុដូច្នេះបានជា ព្រះអង្គប្រទាននូវអ្វីដែលមានតម្លៃបំផុតដល់ទ្រង់ - ព្រះរាជបុត្រារបស់ទ្រង់ - ឲ្យធួននឹងអំពើបាបរបស់យើង។
រ៉ូម ៥:៦-១១
ដ្បិតកាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ នោះព្រះគ្រីស្ទទ្រង់បានសុគត ជំនួសមនុស្សទមិលល្មើស កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង តែឯព្រះ ទ្រង់សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង ដូច្នេះ ដែលបានរាប់ជាសុចរិត ដោយសារព្រះលោហិតទ្រង់ នោះប្រាកដជាយើងនឹងបានរួចចេញពីសេចក្ដីក្រោធ ដោយសារទ្រង់ជាមិនខានលើសទៅទៀត ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយមិនតែប៉ុណ្ណោះសោត យើងក៏មានសេចក្ដីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ។
យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហេតុដូច្នេះហើយបានជាយើងរីករាយក្នុងព្រះជាម្ចាស់! វាមានសារៈសំខាន់ណាស់ដែលដឹងថាសេចក្តីស្រឡាញ់របស់ព្រះគឺជាមូលហេតុ មិនមែនជាលទ្ធផលនៃដង្វាយធួន នោះទេ។ មិនមែនដោយសារព្រះជាម្ចាស់ទ្រង់ខ្ញាល់នោះទេ ព្រះយេស៊ូវបានសុគត ហើយឥឡូវនេះ ព្រះជាម្ចាស់ស្រឡាញ់យើង។ អត់ទេ! សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាហេតុផល ដែលទ្រង់បានប្រទាន ព្រះរាជបុត្រាទ្រង់មកឲ្យយើង។
យ៉ូហាន ៣:១៦
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ព្រះជាម្ចាស់បានស្រឡាញ់យើង ដូច្នេះហើយបានជាទ្រង់ប្រទានព្រះរាជបុត្រារបស់ទ្រង់មកធ្វើជាដង្វាយធួនសម្រាប់ អំពើបាបរបស់យើង។ ដើម្បីទទួកយកយញ្ញបូជារបស់ព្រះយេស៊ូវសម្រាប់អ្នកគឺត្រូវទទួលយកសេចក្តីស្រឡាញ់របស់ ព្រះជាម្ចាស់ និងផ្សះផ្សាជាមួយទ្រង់ឡើងវិញ។
ពីមុនមានតែមហាបូជាចារ្យតែប៉ុណ្ណោះដែលអាចូលទៅកាន់ទីដ៏បរិសុទ្ធបំផុតបាន និងមានតែមួយថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ៖ ថ្ងៃឲ្យបានធួននឹងបាប។ ប៉ុន្តែពេលនេះ ដោយសារព្រះយេស៊ូវដែលជាមហាបូជាចារ្យរបស់យើង អ្នកជឿអាចចូលមកកាន់ព្រះជាម្ចាស់បានគ្រប់ពេល ហើយអាចធ្វើដូច្នោះបានប្រកបដោយ “ចិត្តជឿជាក់”។
ហេព្រើរ ១០:១៩-២២ក (គកស១៦)
ហេតុនេះ បងប្អូនអើយ ដោយយើងមានចិត្តជឿជាក់នឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ ហើយដោយយើងមានសម្តេចសង្ឃដ៏ធំមួយអង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ
យើងអាចចូលមករកព្រះជាម្ចាស់បានជានិច្ច ហើយមានតែតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ សម្តេចសង្ឃដ៏ពេញដោយសេចក្តីមេត្តាករុណារបស់យើងជម្រុញយើងឱ្យចូលមកជិតព្រះជាម្ចាស់ប្រកបដោយមានទំនុកចិត្ត។ ប្រសិនបើយើងនៅតែស្ថិតនៅខាងក្រៅទីដ៏បរិសុទ្ធបំផុត ការនេះបង្ហាញថាយើង មិនទាន់យល់ដឹងអំពី ដង្វាយធួននៅឡើយទេ។ ការបញ្ជាក់ដែលថា មនុស្សម្នាក់យល់អំពីព្រះពរខាងវិញ្ញាណនេះគឺថាគាត់ខិតចូល មកជិតព្រះជាម្ចាស់ “ជាមួយដួងចិត្តដ៏ពិតដែលនាធាសេចក្តីជំនឿយ៉ាងពេញលេញ”។ សូមឲ្យរឿងនេះពិតសម្រាប់យើងម្នាក់ៗ។
សូមសរសេរដោយសង្ខេប (មួយ ឬពីរប្រយោគ) អំពីថាតើដង្វាយធួនមានន័យយ៉ាងដូចម្តេចសម្រាប់អ្នក។ បន្ទាប់មកសូមអានការសង្ខេបរបស់អ្នកទៅកាន់ក្រុម។
សង្ខេប៖ ព្រះយេស៊ូវគឺជាមហាបូជាចារ្យរបស់យើងដែលបានប្រគល់អង្គទ្រង់សម្រាប់ធ្វើជាយញ្ញបូជាជំនួសអំពើបាបរបស់យើងដើម្បីផ្សះផ្សាយើងជាមួយព្រះជាម្ចាស់។ ព្រះពរខាងវិញ្ញាណនៃដង្វាយធួនមានន័យថាអំពើបាបរបស់អ្នកត្រូវបានគ្របបាំងដោយព្រះលោហិតរបស់ព្រះយេស៊ូវ ហើយឥឡូវនេះអ្នកត្រូវបានផ្សះផ្សាទៅកាន់ព្រះជាម្ចាស់វិញជាមួយទំនាក់ទំនងប្រកបដោយសន្តិភាព។
អធិស្ឋានបិទ។




