top of page

​មេរៀនទី ៨: ​ការញែកជាបរិសុទ្ធ

សម្រង់សម្តីព្រះយេស៊ូវ៖ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ​ដែរ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។ (យ៉ូហាន ១៧:១៧-១៩)

កាលពីមេរៀនមុន យើងឃើញថាដើម្បីរាប់ជាសុចរិតមានន័យថាព្រះជាម្ចាស់ប្រកាសថាអ្នកបានសុចរិត ដោយសារសេចក្តីជំនឿលើ​ព្រះគ្រីស្ទ។ នេះមានន័យថាអ្នកមានឋានៈនៃ “ភាពសុចរិត” ស្របច្បាប់នៅក្នុងព្រះនេត្យរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ នេះមិនមានន័យថា កិរិយារបស់អ្នក ប្រែទៅជាសុចរិតឥតខ្ចោះភ្លាមៗនោះទេ។ វាក៏មិនន័យថាអ្នកបន្តធ្វើដូចពីមុន ទុកដូចជាគ្មានអ្វីកើតឡើង ចំពោះអ្នកនោះដែរ។ អ្វីដែលចង់មានន័យនោះគឺថាព្រះជាម្ចាស់ចាប់ផ្តើមដំណើរការនៃការបង្កើតភាពសុចរិត និងបរិសុទ្ធនៅក្នុងជីវិតរបស់អ្នក។ ដំណើរការនេះគឺដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នក ហើយត្រូវបានហៅថាការញែកជាបរិសុទ្ធ។ 

ការញែកជាបរិសុទ្ធគឺជាដំណើរការនៃការធ្វើឱ្យមនុស្សបរិសុទ្ធដោយសារព្រះជាម្ចាស់។ 

តើ “បរិសុទ្ធ” មានន័យដូចម្តេច? 

នៅក្នុងព្រះគម្ពីរ ពាក្យជាភាសាហេព្រើរសម្រាប់បរិសុទ្ធ ពាក្យថា קָדוֹשׁ មានន័យថា ‘ញែកចេញ’  ឬ ‘ដាច់ដោយឡែក’។ ពាក្យជាភាសាក្រិក ἅγιος មានន័យថា ‘ខុសពី’។ ដូច្នេះ ដើម្បីក្លាយជាបរិសុទ្ធគឺត្រូវបែក ខុសពី ពិសេស ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់ដោយឡែកផ្ទាល់ខ្លួន។ មានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលបរិសុទ្ធ តាមលក្ខណៈរបស់ទ្រង់ ពីព្រោះគ្មាននរណាដូចជា ព្រះជាម្ចាស់នោះទេ។

 

និក្ខមនំ ១៥:១១

ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ​ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

 

១ សាំយូ‌អែល ២:២ 

គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ

អេសាយ ៤០:២៥

ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​ប្រៀប‌ផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ

 

សូមសម្គាល់ថា ភាពបរិសុទ្ធគឺនិយាយអំពី វិសេសដាច់ដោយឡែក គ្មានអ្វីប្រៀបធៀបបាន និងគ្មានអ្វីប្រៀបស្មើបាន។ ‘‘បរិសុទ្ធ’ ពណ៌នាពីភាពឧត្តុងឧត្តម្ភ និងល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យទ្រង់ខ្ពស់លើសពី អ្វីៗគ្រប់យ៉ាង ដែលទ្រង់បានបង្កើតឡើយ។

 

សេចក្តីពិតដ៏គួរឱ្យកត់សម្គាល់នៃការញែកជាបរិសុទ្ធគឺថាព្រះជាម្ចាស់កំពុងតែធ្វើឱ្យយើងបរិសុទ្ធ! ព្រះជាម្ចាស់ហៅអ្នកមានបាប (ដូចជាអ្នក និងខ្ញុំ) ប្រកាសថាពួកគេបានសុចរិត ហើយបន្ទាប់មកចាប់ផ្តើមផ្លាស់ប្រែពួកគេដើម្បីឱ្យពួកគេបានក្លាយទៅជាសុចរិតពិតប្រាកដ! 

 

វាអាចជាមានប្រយោជន៍ក្នុងការគិតពីការញែកជាបរិសុទ្ធថាជាដំណើរការដេលព្រះជាម្ចាស់បំផ្លាស់បំប្រែមនុស្សមានបាបដែលទទួលការរាប់ជាសុចរិតដោយសារជំនឿ ក្លាយ​ជាពួកបរិសុទ្ធដ៏មានសិរីល្អ។ គ្រប់គ្នាដែលព្រះជាម្ចាស់រាប់ជាសុចរិត ដោយសេចក្តីជំនឿលើ​ព្រះគ្រីស្ទ នោះទ្រង់ញែកជាបរិសុទ្ធដោយព្រះវិញ្ញាណដ៏បរិសុទ្ធ។

ការរាប់ជាសុចរិត       ⇒     ការញែកជាបរិសុទ្ធ    ⇒    ការទទួលសិរីរុងរឿង

 

ការរាប់ជាសុចរិតកើតឡើងនៅពេលចាប់ផ្តើមជីវិតជាគ្រីស្ទានរបស់យើង។ ការទទួលសិរីល្អគឺជា គោលដៅចុងក្រោយបង្អស់។ ការញែកជាបរិសុទ្ធគឺជាដំណើរការនៅក្នុងចន្លោះនោះ។ ការញែកជាបរិសុទ្ធ ចាប់ផ្តើមនៅពេលរាប់ជាសុចរិតរបស់យើង ហើយនឹងបញ្ចប់ទៅនៅពេលទទួលសិរីល្អរបស់យើង។ ដូច្នេះហើយ ជីវិតជាគ្រីស្ទានគឺជាការញែកជាបរិសុទ្ធពេញមួយជីវិត។

គ្រិស្តសាសនាមិនមែនជាសាសនាដែលអ្នកត្រូវចំណាយពេលពេញមួយជីវិតដើម្បីព្យាយាមស្វែងរកបុណ្យ កុសលនោះទេ។ ព្រះជាម្ចាស់បានប្រទានឲ្យ​យើងនូវការពេញចិត្តរបស់​ទ្រង់ និងការទទួលយកយើង រួចហើយ នៅពេលចាប់ផ្តើមការ​ដើរជាគ្រីស្ទានរបស់យើង។ ការនេះមិនមែនដោយសារតែអ្វីដែលអ្នកបានធ្វើនោះទេ ប៉ុន្តែគឺជាអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើងវិញ។ ឥឡូវនេះដោយបានទទួលយកយើងរួចហើយ ព្រះជាម្ចាស់ចាប់ផ្តើមធ្វើការនៅក្នុងជីវិតរបស់យើង ដើម្បីបង្កើតភាពសុចរិតដែលទ្រង់បានប្រកាសថា យើងមានរួចហើយ។  ** សូមមើលកំណត់សម្គាល់របស់គ្រូទី១

 

ការញែកជាបរិសុទ្ធគឺជាដំណើរការនៃការធ្វើឱ្យមនុស្សបរិសុទ្ធដោយសារព្រះជាម្ចាស់។ ការនេះពាក់ព័ន្ធជាមួយនឹង អ្នកជឿម្នាក់ដាច់ចេញពីអំពើបាបកាន់តែច្រើនឡើង ហើយស្មោះចំពោះព្រះជាម្ចាស់កាន់តែច្រើនឡើង។  ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ហើយព្រះអង្គក៏ញែកប្រជារាស្ត្ររបស់ទ្រង់ឱ្យបរិសុទ្ធដូច្នោះដែរ។ នៅក្នុងគម្ពីរសញ្ញាចាស់ ជនជាតិអ៊ីស្រាអែលត្រូវបានញែកចេញដោយឡែកពីជាតិសាសន៍នានាឱ្យក្លាយជា ប្រជារាស្ត្រដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់។

 

លេវី‌វិន័យ ២០:២៦

ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ដល់​អញ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​បរិសុទ្ធ ហើយ​អញ​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ជា​របស់​ផង​អញ​វិញ។

 

ទុតិយ‌កថា ៧:៦

ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។

សូមកត់សម្គាល់ថារបៀបដែលព្រះជាម្ចាស់ធ្វើឱ្យមនុស្ស ‘បរិសុទ្ធ’ គឺតាមរយៈការជ្រើសរើសយកពួកគេ ហើយបំបែកពួកគេដើម្បីឱ្យពួកគេក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ។ ដើម្បីឱ្យជនជាតិអ៊ីស្រាអែលបានក្លាយជា បរិសុទ្ធមានន័យថាពួកគេត្រូវមើលខ្លួនឯងថាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ ពួកគេមិនត្រូវត្រាប់តាមអកប្បកិរិយារបស់ជាតិសាសន៍នានាទេ ប៉ុន្តែផ្ទុយមកវិញត្រូវអនុវត្តតាមបទបញ្ញតិរបស់ព្រះជាម្ចាស់វិញ។ 

 

ទុតិយ‌កថា ១៨:៩ 

កាល​ណា​ឯង​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ 

 

ប្រសិនបើជនជាតិអ៊ីស្រាអែលធ្វើតាមបទបញ្ញតិរបស់ព្រះជាម្ចាស់ ពួកគេនឹងបានជាបរុសុទ្ធ ហើយខុសប្លែក ពីជាតិសាសន៍ដទៃៗទៀត។ ប៉ុន្តែជំនួសមកវិញ ពួកគេត្រាប់តាមជាតិសាសន៍នានា នៅជុំវិញពួកគេ។ ពួកគេមិនចង់ឱ្យព្រះជាម្ចាស់ធ្វើឱ្យពួកគេបរិសុទ្ធទេ។ ជំនួសមកវិញ ពួកគេចង់ដូចជាអ្នកដទៃទៀតដែរ។ 

នៅក្នុងគម្ពីរសញ្ញាថ្មី មានបញ្ញតិស្រដៀងគ្នាសម្រាប់អ្នកជឿ។

 

១ យ៉ូហាន ២:១៥-១៦

កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ 

តើយើងនឹងស្តាប់តាមការព្រមានទាំងនេះ? ឬតើយើងនឹងធ្វើដូចជាជនជាតិអ៊ីស្រាអែល? យើងត្រូវតែយកចិត្តទុកដាក់ចំពោះមនុស្សនៅទូទាំងពិភពលោក ប៉ុន្តែយើងមិនត្រូវដាក់ចិត្តរបស់យើងទៅលើ របស់នៅលើលោកីយ៍នេះទេ។ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គឺអស់អ្នកដែលដាក់ចិត្តទៅលើទ្រង់ និងព្រះរាជ្យ និងភាពសុចរិតរបស់ទ្រង់។

ពិភាក្សា៖ តើវាមានន័យយ៉ាងដូចម្តេចសម្រាប់អ្នក ដែលថាព្រះជាម្ចាស់បំបែកអ្នកចេញពីអ្វីៗ ទាំងអស់ ដែលមិនសុចរិត

 

ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ។ ព្រះជាម្ចាស់ត្រាស់ហៅ ជ្រើសរើស និងបំបែកមនុស្សដើម្បីឱ្យ ពួកគេក្លាយជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយលទ្ធផលពីការនេះគឺថាពួកគេបានបរិសុទ្ធ។ ភាពបរិសុទ្ធ របស់ពួកគេភ្ជាប់ទៅកាន់ភាពបរិសុទ្ធរបស់ព្រះអង្គ។ ភាពបរិសុទ្ធមិនមែនជាអ្វីដែលអ្នកសាកល្ប ដើម្បី សម្រេចឱ្យបានដោយខ្លួនឯងតាមរយៈការអនុវត្តតាមច្បាប់នោះឡើយ។ ភាពបរិសុទ្ធគឺជា ការទទួលស្គាល់ថាអ្នកជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ទ្រង់បានត្រាស់ហៅអ្នក ជ្រើសរើសអ្នក និងបំបែកអ្នកឱ្យក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ព្រះអង្គ។ នេះគឺជាការជម្រុញទឹកចិត្តដល់ អ្នកឱ្យរស់នៅ ក្នុងជីវិតដែលបរិសុទ្ធ។

 

មូលហេតុដែលព្រះជាម្ចាស់ត្រាស់ហៅមនុស្សគឺដើម្បីឱ្យយើងត្រូវបានញែកជាបរិសុទ្ធតាមបំណង ព្រះហឫទ័យរបស់ទ្រង់។ នៅក្នុងព្រះគម្ពីរ អ្វីៗដែលព្រះជាម្ចាស់ញែកសម្រាប់គោលបំណង របស់ទ្រង់ត្រូវហៅថា ‘បរិសុទ្ធ’។ សូម្បីតែផើងនៅក្នុងព្រះវិហារក៏ហៅថា ‘បរិសុទ្ធ’ ដែរ។ តើអ្វីដែលធ្វើឱ្យផើងធម្មតាក្លាយជា ‘បរិសុទ្ធ’ គឺថាវាត្រូវបានញែកសម្រាប់ការប្រើប្រាស់របស់ព្រះជាម្ចាស់។ ហេតុដូច្នោះ ដើម្បីញែកអ្វីមួយឱ្យបរិសុទ្ធគឺត្រូវយករបស់ធម្មតា ហើយញែកវាដោយឡែកសម្រាប់ ការប្រើប្រាស់របស់ ព្រះជាម្ចាស់។
 

២ ធីម៉ូថេ ២:២១ 

ដូច្នេះ បើ​អ្នក​ណា​បាន​សំអាត​ខ្លួន ពី​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​បាន​ជា​ប្រដាប់​សំរាប់​ការ​ប្រសើរ ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ហើយ ក៏​មាន​ប្រយោជន៍​ដល់​ម្ចាស់​ផង ទុក​ជា​ប្រដាប់​ដែល​បាន​រៀបចំ សំរាប់​ការ​ល្អ​គ្រប់​ជំពូក។

 

ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គឺជាមនុស្សបរិសុទ្ធ ប៉ុន្តែតាមសណ្ឋានពីធម្មជាតិយើងមិនខុសគ្នាពីមនុស្ស ដទៃទៀតឡើយ។ តើមានអ្វីដែលធ្វើឱ្យយើងបរិសុទ្ធគឺថាព្រះជាម្ចាស់បានញែកយើងដាច់ ដោយឡែកសម្រាប់ការប្រើប្រាស់របស់ទ្រង់។ ឥឡូវនេះ ប្រយោជន៍របស់យើងចំពោះម្ចាស់គឺអាស្រ័យ ទៅលើការញែកជាបរិសុទ្ធរបស់យើង នោះគឺថា តើយើងអនុញ្ញាតិឱ្យទ្រង់ញែកយើងដាច់ដោយ ឡែកសម្រាប់ការប្រើប្រាស់របស់ទ្រង់។ យើងគឺជា “ប្រដាប់” របស់ព្រះជាម្ចាស់។ តើយើងនឹងត្រូវបានទ្រង់ប្រើប៉ុន្មាននោះអាស្រ័យទៅលើថាតើយើងអនុញ្ញាតិឱ្យទ្រង់បំពេញយើងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ច្រើនប៉ុណ្ណា។

 

គោលបំណងរបស់ប្រទេសអ៊ីស្រាអែលក្នុងនាមជាប្រជាជាតិបរិសុទ្ធគឺដើម្បីបង្ហាញដល់ពិភពលោកពីរបៀបដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់រស់នៅ។ នេះគឺជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដើម្បី នាំការសង្គ្រោះមកដល់ពិភពលោកទាំងមូល។

អេសាយ ៤៩:៦ខ 

អញ​នឹង​បន្ថែម​ការ​នេះ​ឲ្យ​ឯង​បាន​ធ្វើ​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​អញ រហូត​ដល់​ចុង​ផែនដី​បំផុត

នៅក្នុងគម្ពីរសញ្ញាថ្មី គ្រីស្ទានមានការត្រាស់ហៅដូចៗគ្នា។

 

ម៉ាថាយ ៥:១៥-១៦

ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌។

 

យើងត្រូវបានព្រះជាម្ចាស់ញែកយើងដោយឡែកសម្រាប់បំណងព្រះហឫទ័យរបស់ទ្រង់។ ឥឡូវនេះ ព្រះជាម្ចាស់ចង់ធ្វើការតាមរយៈជីវិតរបស់យើងដើម្បីប្រទានពរដល់អ្នកដទៃទៀត ហើយជួយពួកគេឱ្យស្គាល់ ទ្រង់ដែរ។

 

ពិភាក្សា៖ តើវាមានន័យដូចម្តេចសម្រាប់អ្នកដែលថាព្រះជាម្ចាស់ញែកអ្នកដាច់ដោយឡែកសម្រាប់បំណង ព្រះហឫទ័យរបស់ទ្រង់? តើសេចក្តីពិតនេះមានឥទ្ធិពលនៅក្នុងជីវិតអ្នកយ៉ាងដូចម្តេច?

ផ្នែកទី២៖ ការញែកជាបរិសុទ្ធ៖ កិច្ចការរបស់ព្រះ និងរបស់យើង

ការញែកជាបរិសុទ្ធ៖ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយើង

ភាពបរិសុទ្ធមិនមែនជាអ្វីដែលយើងអាចបង្កើតឡើងបាន ឬសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនយើងនោះទេ។ ព្រះជាម្ចាស់តាមរយៈអំណាចនៃព្រះវិញ្ញាណដ៏បរិសុទ្ធបង្កើតបានជាភាពបរិសុទ្ធនៅក្នុងយើង។

 

១ ​ថេស្សា‌ឡូនិក ៥:២៣

សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប‌កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក

 

២ ​ថេស្សា‌ឡូនិក ២:១៣ 

ឱ​បង​ប្អូន​ដ៏​ជា​ស្ងួន‌ភ្ងា​នៃ​ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ពី​ព្រោះ​ព្រះ‌ទ្រង់​បាន​រើស​អ្នក​រាល់​គ្នា តាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ចេញ​ជា​បរិសុទ្ធ ហើយ​ដោយ​មាន​ចិត្ត​ជឿ តាម​សេចក្ដី​ពិត​ផង

 

ព្រះជាម្ចាស់ញែកយើងជាបរិសុទ្ធតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានផ្តល់ឱ្យទៅ អ្នកជឿនៅពេលយើងប្រែចិត្តដើម្បីអនុញ្ញាតិឱ្យយើងរស់នៅក្នុងជីវិតដែលបរិសុទ្ធ។ យើងមិនអាចរស់នៅ ក្នុងជីវិតដែលបរិសុទ្ធតាមរយៈការខិតខំ ប្រឹងប្រែងដោយខ្លួនយើងបាននោះទេ (អ្វីដែលព្រះគម្ពីរហៅថា “សាច់ឈាម”)។ យើងត្រូវការព្រះចេស្តារ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។ 

 

ដូចជាគ្មាននរណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិឡើយ ប៉ុន្តែគឺតាមរយៈសេចក្តីជំនឿលើ ព្រះគ្រីស្ទតែប៉ុណ្ណោះ គ្មាននរណាម្នាក់ត្រូវញែកជាបរិសុទ្ធដោយកិច្ចការរបស់ពួកគេនោះឡើយ ប៉ុន្តែតាមរយៈការទទួលយកកិច្ចការរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធវិញ។ យើងទទួលកិច្ចការរបស់ព្រះយេស៊ូវ ដែលបានធ្វើសម្រាប់យើង ប៉ុន្តែយើងក៏ត្រូវទទួលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានធ្វើនៅក្នុងយើង ផងដែរ។ ព្រះយេស៊ូវបានឈ្នះលើអំពើបាបជំនួសយើង។ ឥឡូវនេះ ព្រះវិញ្ញាណដ៏បរិសុទ្ធ កំពុងតែផ្តល់ជ័យជំនះនោះមកដល់យើងនៅពេលដែលទ្រង់ជួយយើងឱ្យយកឈ្នះលើអំពើបាប។

 

ការប្រយុទ្ធ៖ វិញ្ញាណ ទល់នឹងសាច់ឈាម

ព្រះគម្ពីរប្រើពាក្យ “សាច់ឈាម” មានន័យថា ‘ការខិតខំប្រឹងប្រែងរបស់មនុស្សដោយគ្មានព្រះ’។ យើងនឹងមិនអាចទទួលបានភាពបរិសុទ្ធតាមរយៈ “សាច់ឈាម” (នោះគឺជា ដោយការខិតខំប្រើប្រែង របស់យើងនោះទេ)។

 

កាឡាទី ៣:៣

តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ 

 

ចំណុចរបស់លោកប៉ូលគឺថាជីវិតថ្មីរបស់អ្នកនៅក្នុងព្រះគ្រីស្ទចាប់ផ្តើមនៅពេលអ្នកទទួលព្រះវិញ្ញាណបរិសុទ្ធ។ ឥឡូវនេះ តើអ្នកនឹងរស់នៅក្នុងជីវិតថ្មីនេះដោយរបៀបណា? តាមរយៈអំណាចខាងសាច់ឈាមរបស់អ្នក ឬព្រះចេស្តារនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងអ្នក? 

 

រ៉ូម ៨:៧-៩ 

ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ

 

សាច់ឈាមមិនជួយដល់ជីវិតខាងវិញ្ញាណរបស់យើងនោះទេ។ “គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ ទទឹង​នឹង​ព្រះ”។ ​សាច់ឈាម “មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង”។  វាមិនអាចស្តាប់បង្គាប់តាមព្រះជាម្ចាស់នោះទេ។ មុនពេលអ្នកស្គាល់ព្រះជាម្ចាស់ អ្នកត្រូវបានគ្រប់គ្រង ដោយសាច់ឈាម។ ឥឡូវនេះអ្នកមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នក។ ប៉ុន្តែ សាច់ឈាមនៅតែមានដដែល។ ដូច្នេះមានការប្រយុទ្ធកំពុងតែកើតឡើងនៅក្នុងអ្នក។  ការប្រយុទ្ធគ្នារវាងសាច់ឈាម និងព្រះវិញ្ញាណបរិសុទ្ធ។ ទាំងសាច់ឈាម និងព្រះវិញ្ញាណបរិសុទ្ធមានសេចក្តីប៉ងប្រាថ្នា ប៉ុន្តែវាប្រឆាំងគ្នា ទៅវិញទៅមក។

 

កាឡាទី ៥:១៦-១៧

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ ដ្បិត​សាច់​ឈាម​តែង‌តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត 

  • សូមអាននូវអ្វីដែលសាវ័កប៉ូលបានសរសេរអំពីកិច្ច‌ការ​ខាង​សាច់​ឈាមនៅក្នុង កាឡាទី ៥:១៩-២១។

  • សូមអាននូវអ្វីដែលសាវ័កប៉ូលបានសរសេរអំពីផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​នៅក្នុង កាឡាទី ៥:២២-២៣។

សូមកត់សម្គាល់ថាការអាក្រក់ដែលមនុស្សធ្វើគឺជា “កិច្ច‌ការ​ខាង​សាច់​ឈាម”។ វាគឺជាសកម្មភាព ដែលលក្ខណៈដែលពេញដោយអំពើបាបរបស់យើងអាចធ្វើបានគ្រប់ពេលវេលា។ ប៉ុន្តែការល្អដែលមនុស្ស ធ្វើគឺជាគឺជា “ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​” នោះគឺជា គុណភាពដែលព្រះវិញ្ញាណបរិសុទ្ធបង្កើតឡើងនៅក្នុងយើង ដែលលូតលាស់ជាលំដាប់នៅក្នុងរយៈពេលមួយ។

 

មនុស្សមួយចំនួនគិតថាពួកគេអាចរស់នៅប្រកបដោយភាពសុចរិតតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់គេ។ ប៉ុន្តែអ្នកមិនអាចយកឈ្នះលើសាច់ឈាមបានតាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនឯងនោះទេ (នោះគឺតាមរយៈខាងសាច់ឈាមរបស់អ្នក!)។ សាច់ឈាមរបស់អ្នកនឹងមិនបំបាក់ខ្លួនឯងនោះទេ! មានវិធីតែមួយគត់ដើម្បីយកឈ្នះខាងសាច់ឈាមបានគឺត្រូវចុះចូលចំពោះអំណាចដ៏អស្ចារ្យជាង នោះគឺជា ព្រះវិញ្ញាណដ៏បរិសុទ្ធ។ ទ្រង់នឹងជួយអ្នកឱ្យយកឈ្នះលើអំពើបាប ហើយបង្កើតផលផ្លែល្អ នៅក្នុង ជីវិតរបស់អ្នក។

 

កិច្ចការរបស់យើងនៅក្នុងការញែកជាបរិសុទ្ធ

មានបញ្ញតិជាច្រើននៅក្នុងគម្ពីរសញ្ញាថ្មីដែលបង្ហាញប្រាប់ថាយើងមានទំនួលខុសត្រូវសម្រាប់ការញែកជា បរិសុទ្ធរបស់យើង។ ឧទាហរណ៍ យើត្រូវបានបង្គាប់ឱ្យ “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា ​ទាំង​អស់” (១ ពេត្រុស ១:១៥-១៦) ហើយ​ដេញ​តាម​ "ឲ្យ​បាន​​ញែក​ជា​បរិសុទ្ធ​ បើ​អ្នក​ណា​គ្មានសេចក្ដី ​បរិសុទ្ធ នោះ​មិន​ដែល​ឃើញ​ព្រះ‌អម្ចាស់​ឡើយ" (ហេព្រើរ ១២:១៤)។ ដូច្នេះតើអ្វីជាតួរនាទីរបស់យើង ក្នុងការញែកជាបរិសុទ្ធរបស់យើង?

១) យើងថ្វាយរូបកាយរបស់យើងទៅព្រះជាម្ចាស់

 

រ៉ូម ១២:១-២ 

ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​មេត្តា‌ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង

 

រ៉ូម  ៦:១៩ខ

ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្ដី​ស្មោក‌គ្រោក នឹង​សេចក្ដី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្ដី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ

 

យើងចាប់ផ្តើមដោយការថ្វាយរូបកាយរបស់យើងទៅព្រះជាម្ចាស់។ នេះគឺជារបៀបដែលយើងថ្វាយបង្គំ ព្រះជាម្ចាស់៖ តាមរយៈការប្រគល់ខ្លួនយើងទៅទ្រង់។ យើងអនុញ្ញាតិឱ្យព្រះជាម្ចាស់បំផ្លាស់ប្រែយើង "ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង"ដោយការទទួលសេចក្តីពិតចេញមកពីព្រះបន្ទូលរបស់ទ្រង់ ជារៀងរាល់ថ្ងៃ។ បន្ទាប់មក យើងអាចស្គាល់ និងធ្វើតាមព្រះហឫទ័យទ្រង់បាន។

 

២) យើងត្រូវតែស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ 

នៅយប់មុនថ្ងៃគេយកព្រះអង្គទៅឆ្កាង ព្រះយេស៊ូវបានអធិស្ឋានឱ្យអ្នកជឿ៖ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ​ដែរ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។  (យ៉ូហាន ១៧:១៧-១៩)

 

ការញែកជាបរិសុទ្ធរបស់យើងគឺដោយសេចក្តីពិតដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហេតុដូច្នោះ ដើម្បីលូតលាស់នៅក្នុងការញែកជាបរិសុទ្ធយើងត្រូវតែលូតលាស់តាមរយៈការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់​​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ។ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។ ពេលដែលយើងអានព្រះបន្ទូលព្រះ ព្រះវិញ្ញាណដាក់ព្រះបន្ទូល មកកាន់ ចិត្តយើង ដើម្បីបង្ហាត់បង្រៀនដាស់តឿន ចាក់ចុចចិត្តយើង ហើយដឹកនាំយើងឲ្យឆ្ពោះទៅកាន់ គ្រប់អស់ទាំងសេចក្តីពិត (យ៉ូហាន ១៤:១៦; ១៦:៨-១៥)។ ទ្រង់បង្ហាញ យើងពីរបៀបដែលត្រូវរស់នៅ ដើម្បីថ្វាយកិត្តិយសទៅកាន់ព្រះ ហើយទ្រង់ក៏ប្រទាន ព្រះចេស្តាជួយឲ្យយើងអាចស្តាប់បង្គាប់ព្រះអង្គផងដែរ។ 

 

ការញែកជាបរិសុទ្ធកើតឡើងនៅពេលយើងចំណាយពេលអានព្រះគម្ពីរដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលយើងធ្វើដូច្នេះ ព្រះវិញ្ញាណញែកយើងជាបរិសុទ្ធតាមរយៈការការបង្ហាញប្រាប់ ពីអំពើបាបរបស់យើង បង្ហាញយើងពីគំរូរបស់ព្រះគ្រីស្ទ និងគ្រប់អ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់យើង ហើយជួយយើងឱ្យស្គាល់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យទ្រង់សម្រាប់យើង។

៣) យើងដើរដោយព្រះវិញ្ញាណបរិសុទ្ធ

ការដើរនៅក្នុងព្រះវិញ្ញាណគឺជាការ ដែលរស់នៅជីវិតរបស់យើង ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ គ្រប់ពេលវេលា ដោយមានការញាណដឹងពីការ ដឹកនាំរបស់ទ្រង់ ហើយស្តាប់បង្គាប់ធ្វើតាមទ្រង់។ នៅពេលដែលយើងធ្វើការនេះ ព្រះអង្គទ្រង់នឹងប្រទានអំណាច ដឹកនាំ តម្រែតម្រង់ផ្លូវមកកាន់ជីវិត របស់យើង។ 

 

កាឡាទី ៥:១៦  

តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ 

នៅពេលដែលយើងជាគ្រីស្ទបរិស័ទ ដើរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ នោះយើងមាន សេចក្តីសន្យាមក កាន់យើង​ថា យើងនឹង​មិនបំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ។  នៅពេលដែលយើងដើរដោយព្រះវិញ្ញាណបរិសុទ្ធ នោះយើងនឹងទទួលបានជ័យជំនះ លើអំពើបាប។  ការដើរដោយព្រះវិញ្ញាណមិនមែនជាអ្វីដែលអាថ៍កំបាំងហើយពិបាកយល់នោះទេ។⁣ ការដើរដោយព្រះវិញ្ញាណ គឺជាការដែល ព្រះវិញ្ញាណធ្វើការហ្វឹកហ្វឺនមកកាន់យើង តាមរយៈព្រះបន្ទូលព្រះ ដើម្បីឲ្យលោកអ្នកធ្វើបាបកាន់ តែតិច ហើយស្តាប់បង្គាប់ធ្វើតាមព្រះកាន់តែច្រើន ហើយនេះហើយគឺជាការលូតលាស់រីកចម្រើនខាងវិញ្ញាណ។  ព្រះវិញ្ញាណបរិសុទ្ធ បើកបង្ហាញព្រះបន្ទូលទៅកាន់លោកអ្នក ដឹកនាំការអធិស្ឋានរបស់លោកអ្នកគ្រប់គ្រងមកកាន់ ជីវិតរបស់លោកអ្នក ហើយធ្វើឲ្យលោកអ្នកមានចរិតលក្ខណៈរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតរបស់លោកអ្នក។ 

ការដើរដោយព្រះវិញ្ញាណបរិសុទ្ធគឺជារបៀបដែលព្រះយេស៊ូវបានរស់នៅ។ ព្រះយេស៊ូវទទួលបានការចាក់ ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតាដ៏ជាព្រះនៅក្នុងការជ្រមុជទឹករបស់ទ្រង់ ហើយបន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវឱ្យតែងតែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាជានិច្ច។ នៅពេលយើងធ្វើដូចគ្នានេះ យើងក្លាយដូចជាទ្រង់។

 

៤) យើងបដិសេធអំពើបាបដោយអំណាចនៃព្រះវិញ្ញាណដ៏បរិសុទ្ធ

នៅពេលយើងដឹងថាអំពើបាបធ្វើឱ្យព្រះជាម្ចាស់អន់ព្រះទ័យ ហើយធ្វើឱ្យព្រះវិញ្ញាណបរិសុទ្ធសោកសង្រេង យើងចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងអំពើបាបនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង។

១ ​ថេស្សា‌ឡូនិក ៤:៣-៧

ដ្បិត​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​សេចក្ដី​កំផិត​ចេញ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ​ចេះ​រក្សា​អត្ត‌ភាព​ខ្លួន ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រសើរ មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង ដ្បិត​ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​ទេ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ

 

១ យ៉ូហាន ៣:៣  

អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន​ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ 

 

ឥទ្ធិពល​នៃ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ថាអ្នកមាន​ភាពស្រេកឃ្លាន​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ភាព​បរិសុទ្ធ ។ ភាព​បរិសុទ្ធបដិសេធអ្វីៗដែលមិនធ្វើឱ្យព្រះគាប់ព្រះហឫទ័យដើម្បីមានការប្រកបគ្នាជាមួយព្រះជាម្ចាស់។  ភាពបរិសុទ្ធកើតឡើងនៅពេលអ្នកយល់ដឹងថា ព្រះជាម្ចាស់អស្ចារ្យប៉ុណ្ណា បន្ទាប់មកអ្នកឱ្យតម្លៃទៅ លើទំនាក់ទំនងដែលអ្នកមានជាមួយទ្រង់ ហើយជ្រើសរើសដើម្បីបែក ចេញពីអ្វីដែលទ្រង់មិនគាប់ ព្រះហឫទ័យ ដើម្បីថ្វាយដួងចិត្តរបស់អ្នកពេញលេញ​ដល់​ព្រះអង្គ។ 

ពិភាក្សា៖ តើការញែកជាបរិសុទ្ធជាកិច្ចការរបស់ព្រះជាម្ចាស់ ឬរបស់មនុស្ស?

 

នេះគឺជាគន្លឹះ៖ ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងយើង។ យើងមិនអាចធ្វើវាដោយមិនមានទ្រង់បានទេ។ ទ្រង់មិនបានធ្វើដាច់ដោយឡែកដោយគ្មានយើងដែរ។ ភីលីព ២:១៣ ប្រាប់យើងថា “ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាមបំណង​ព្រះ‌ហឫ‌ទ័យ ​ទ្រង់​ដែរ”។ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនៅក្នុងយើង ដើម្បីយើងជ្រើសរើសយកភាពបរិសុទ្ធជាង អំពើបាប។

 

ពិចារណា

អ្នកជឿទាំងអស់កំពុងទទួលការញែកជាបរិសុទ្ធ។ សូមចំណាយពេលខ្លះៗដើម្បីធ្វើការពិចារណាពីផ្នែក នៃជីវិតរបស់អ្នក ដែលព្រះជាម្ចាស់បានធ្វើឱ្យអ្នកបរិសុទ្ធចាប់តាំងពីការផ្លាស់ប្រែចិត្តរបស់អ្នក។ ចូរអរព្រះគុណទ្រង់ចំពោះការនេះ។

 

បន្ទាប់មក សួរថាតើមានផ្នែកផ្សេងទៀតដែលអ្នកនៅតែត្រូវការការបីញែកជាបរិសុទ្ធដែរឬទេ។ សុំឱ្យទ្រង់ធ្វើកិច្ចការនេះ ហើយជួយអ្នកឱ្យចេះសហការជាមួយទ្រង់។

ផ្នែកទី៣៖ គោលបំណងនៃការញែកជាបរិសុទ្ធ

តោះយើងបញ្ចប់ជាមួយគ្នាដោយក្រឡេកមើលទៅកាន់គោល​បំណង​នៃការញែកជាបរិសុទ្ធ។

 

  • ការញែកជាបរិសុទ្ធិគឺដើម្បីធ្វើឱ្យយើងអាចលូតលាស់បានសេចក្ដីពោរ‌ពេញ​ផង​ព្រះ‌គ្រីស្ទ 

ព្រះជាម្ចាស់ធ្វើឱ្យយើងបរិសុទ្ធដើម្បីឱ្យយើងបានដូចជាព្រះយេស៊ូវ។ បំណងព្រះហឫទ័យរបស់ទ្រង់គឺថា គ្រីស្ទាននឹង “មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​” (១ កូរិនថូស ២:១៦; ភីលីព ២:៥) និង “ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ” (រ៉ូម ៨:៩) ពីព្រោះ “ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​​គ្នា” (រ៉ូម ៨:១០)។ ផែនការរបស់ព្រះជាម្ចាស់គឺដើម្បីឱ្យយើងលូតលាស់នៅក្នុងព្រះអង្គ (អេភេសូ ៤:១៥) “ព្រះ‌គ្រីស្ទមាន​រូប​រាង​ឡើង​ក្នុង​អ្នក​រាល់​គ្នា” (កាឡាទី ៤:១៩) ហើយយើងត្រូវក្រឡេកមើលទៅកាន់ទ្រង់ ហើយផ្លាស់ប្តូរទៅជារូបរាងរបស់ព្រះអង្គ (២ កូរិនថូស ៣:១៧)។

 

រ៉ូម  ៨:២៨-២៩

តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ‌ដំរិះ​ទ្រង់ ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​ដំរូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន

 

គោលបំណងល្អដែលគ្រប់ការទាំងអស់នៅក្នុងជីវិតរបស់អ្នកកំពុងតែធ្វើរួមគ្នាគឺថា៖ អ្នកត្រូវ​បានត្រឡប់​ ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌យេស៊ូវ។ នេះគឺជារបៀបដែលគ្រីស្ទបិរស័ទត្រូវតែមើលនៅក្នុងជីវិតរបស់គាត់៖ អ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកគឺរួមគ្នាដើម្បីឱ្យអ្នកក្លាយដូចជាព្រះយេស៊ូវ!  អ្នកជឿកំពុងតែត្រូវបាន “ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់” ដើម្បីឱ្យយើងសម្រេចបាន “​​ដល់​ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរ‌ពេញ​ផង​ព្រះ‌គ្រីស្ទ” (អេភេសូ ៤:១៣)។ តាមរយៈការញែកជាបរិសុទ្ធ យើងក្លាយជាបុត្រាបុត្រីដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ដូចជាព្រះយេស៊ូវដែរ។

 

  • ការញែកជាបរិសុទ្ធគឺដើម្បីឲ្យ​យើង​បាន​ធ្វើ​ជាប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​​ព្រះជាម្ចាស់

ព្រះជាម្ចាស់ធ្វើឱ្យយើងបរិសុទ្ធពីព្រោះព្រះអង្គចង់បានមនុស្សដែលបរិសុទ្ធឥតសៅហ្មងសម្រាប់ទ្រង់។ ព្រះជាម្ចាស់ “បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ​មក ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់” (អេភេសូ ១:៤)។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺដើម្បី “​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ” (ទីតុស ២:១៤)។

 

អេភេសូរ ៥:២៥ក-២៧ 

..ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ផង ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺ​ជា​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ

 

តាមរយៈការញែកជាបរិសុទ្ធ ព្រះជាម្ចាស់កំពុងតែធ្វើឱ្យ រូប​អង្គ​របស់ទ្រង់កាន់តែថ្មីឡើងនៅក្នុងយើង។ នៅក្នុងលោកុប្បត្តិ ជំពូក ១ យើងរៀនថាមនុស្សត្រូវបាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់។ ​រូប​អង្គ​នោះត្រូវបានខូចដោយសារតែអំពើបាប។ ឥឡូវនេះនៅក្នុងព្រះគ្រីស្ទ មានការបង្កើតថ្មី ហើយស្តារ​រូប​អង្គ​របស់ព្រះជាម្ចាស់នៅក្នុងប្រជារាស្ត្ររបស់ទ្រង់ដើម្បីឱ្យយើងនឹងឆ្លុះបញ្ចាំងពីភាពបរិសុទ្ធ និងភាពសុចរិតរបស់ទ្រង់។

 

អេភេសូរ ៤:២០-២៤   

តែ​អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ទេ នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ​ដែរ ថា​ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង‌តែ​ខូច​ទៅ តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សេចក្ដី​ឆ‌បោក​ចោល​ចេញ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្ដី​សុចរិត ហើយ​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​ផង​សេចក្ដី​ពិត តាម​ភាព​ព្រះ។

  • ការញែកជាបរិសុទ្ធរៀបចំយើងសម្រាប់ជីវិតដ៏អស់កល្បជានិច្ច

ចុងបញ្ចប់ព្រះជាម្ចាស់ធ្វើឱ្យយើងបរិសុទ្ធដើម្បីរៀបចំយើងសម្រាប់ជីវិតនៅក្នុងនគររបស់ទ្រង់ដែលអ្វីៗគ្រប់យ៉ាងសុទ្ធតែល្អឥតខ្ចោះ។ វាគឺជា "អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ" ដែលនឹងបាន​ឃើញព្រះ (ម៉ាថាយ ៥:៨)។ 

 

រ៉ូម  ៦:២២

តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង 

បងប្អូនប្រុសស្រីអើយ ចូរអរសប្បាយចុះ! ថ្ងៃមួយ យើងនឹងបានល្អឥតខ្ចោះ! យើងនឹងមានសេរីភាពរួចពីអំពើបាបជារៀងរហូត។ យើងនឹងបរិសុទ្ធដូចជាព្រះគ្រីស្ទ! យើងនឹងមានដួងចិត្តបរិសុទ្ធ ហើយនឹងមើលឃើញព្រះជាម្ចាស់!

ការសន្និដ្ឋាន

មនុស្សមួយចំនួនខ្វល់ខ្វាយថា ពួកគេនឹងបរាជ័យខាងវិញ្ញាណ។ ចូរមានជំនឿ! ការជឿជាក់របស់យើងគឺមិនមែនជាសមត្ថភាពរបស់យើងដើម្បីសម្រេចឱ្យបាននូវការញែកជាបរិសុទ្ធទេ ដ្បិតយើងនឹងបរាជ័យបើវាជាផែនការរបស់យើងមែននោះ។ ការជឿជាក់របស់យើងទៅលើសមត្ថភាពរបស់ព្រះជាម្ចាស់គឺដើម្បីញែកយើងជាបរិសុទ្ធ។

 

ហេប្រឺ ១០:១៤ 

ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​‌កល្ប​ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ

នៅក្នុងភាសាក្រិក ខគម្ពីរនេះបញ្ជាក់ច្បាស់ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យគេ​ល្អឥតខ្ចោះរួចហើយ («កិច្ច‌ការ​ចប់​សព្វ​គ្រប់​ហើយ») អស់អ្នកដែលកំពុងត្រូវបានទទួលញែកជាបរិសុទ្ធឥឡូវនេះ (សកម្មភាពកំពុងតែដំណើរការ)។ តាមរយៈទស្សនៈដ៏អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ព្រះយេស៊ូវបានធ្វើឱ្យគ្រប់គ្នាបានល្អឥតខ្ចោះ ដែលស្ថិតនៅក្នុងដំណើរការនៃការញែកជាបរិសុទ្ធ! 

 

ភីលីព ១:៦ 

ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ 

 

ហេប្រឺ ១០:១០

គឺ​ដោយ‌សារ​ចំណង់​ព្រះ‌ហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះ‌យេស៊ូវ​គ្រីស្ទ​១​ដង​ជា​សំរេច។

 

យើងត្រូវបានព្រះយេស៊ូវញែកជាបរិសុទ្ធរួចហើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានដល់យើង ដើម្បីធ្វើការការញែកជាបរិសុទ្ធនៅក្នុងយើង។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឱ្យទទួលបទពិសោធន៍នូវ អ្វីដែលព្រះយេស៊ូវបានសម្រេចសម្រាប់យើង។ ជាថ្មីម្តងទៀត យើងមើលឃើញសេចក្តីពិតថា អ្វីដែលព្រះវរបិតាបង្គាប់ ព្រះរាជ្យបុត្រាសម្រេចបាន (បាន​តម្រូវ​ទុក​មក) ហើយព្រះវិញ្ញាណបរិសុទ្ធ ធ្វើឱ្យយើងអាចធ្វើបានទទួល។

 

យូដាស ២៤-២៥ 

រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​នឹង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរី‌ល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេក‌អរ​ផង គឺ​ជា​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា នឹង​អំណាច តាំង​ពី​មុន​អស់‌កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ។ អាម៉ែន។:៚.

 

សង្ខេប៖ ការញែកជាបរិសុទ្ធមានន័យថាព្រះជាម្ចាស់ញែកអស់អ្នកដែលទ្រង់រាប់ជាសុចរិតដោយសារសេចក្តីជំនឿលើ​ព្រះគ្រីស្ទ ហើយបញ្ជូនព្រះវិញ្ញាណបរិសុទ្ធឱ្យគង់នៅក្នុងពួកគេដើម្បីធ្វើឱ្យពួកគេអាចធ្វើបាន លូតលាស់នៅក្នុងភាពបរិសុទ្ធ និងទទួលបានជ័យជំនះលើអំពើបាប និងសាច់ឈាមរបស់ពួកគេ។ នៅពេលគេធ្វើបាបកាន់តែតិចទៅៗ ហើយស្តាប់បង្គាប់តាមព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកគេកំពុងតែត្រូវបាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះយេស៊ូវ ក្លាយជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយត្រូវបានរៀបចំសម្រាប់ជីវិតដ៏អស់កល្បជានិច្ចនៅក្នុងនគររបស់ព្រះអង្គ។

សូមចំណាយពេលខ្លះៗដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ពះពរនៃការញែកជាបរិសុទ្ធ!

* កំណត់សម្គាល់របស់គ្រូទី១

សូមស្រមៃថាអ្នកចាត់ចែងក្លិបបាល់ទាត់រៀលម៉ាឌ្រីតមកលេងប្រទេសកម្ពុជា។ គាត់ឃើញក្មេងៗលេងបាល់ទាត់ ហើយចុះកុងត្រាឱ្យពួកគេលេងក្នុងក្លិបរបស់គាត់។ ពិតណាស់ ពួកគេមិនទាន់មានសមត្ថភាពដូចជាកីឡាករបាល់ទាត់អាជីពនៅឡើយទេ។ ពួកគេនៅខ្វះមិនទាន់ដល់ស្តង់ដារនៅឡើយ។ ប៉ុន្តែអ្នកចាត់ចែងក្លិបបានសម្រេចចិត្តជ្រើសរើសពួកគេដើម្បីចាប់ផ្តើមដំណើរការហ្វឹកហាត់រយៈពេលយូររហូតទាល់តែថ្ងៃមួយពួកគេក្លាយជាកីឡាករបាល់ទាត់អាជីព។

 

ស្រដៀងគ្នាដែរ ព្រះជាម្ចាស់ប្រកាសថាអ្នកក្លាយជាមនុស្សសុចរិត បើទោះបីជាអ្នកនៅខ្វះមិនទាន់ដល់ស្តង់ដារនៅឡើយ។ ឥឡូវនេះ ព្រះអង្គកំពុងតែហ្វឹកហ្វឺនអ្នកតាមរយៈព្រះបន្ទូលរបស់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធដើម្បីឱ្យថ្ងៃមួយអ្នកនឹងរស់នៅក្លាយជាកូនដែលសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងនគររបស់ព្រះអង្គជារៀងរហូត!

 

ពិភាក្សា៖ តើអ្នកគិតថាក្មេងតូចម្នាក់មកពីភូមិមួយនឹងមានអារម្មណ៍បែបណាដែលត្រូវបានជ្រើសរើសឱ្យក្លាយជាកីឡាករអាជីព? តើអ្នកមានអារម្មណ៍បែបណាដោយដឹងថាព្រះជាម្ចាស់បានជ្រើសរើសអ្នកឱ្យក្លាយជាមនុស្សសុចរិតជារៀងរហូត?

bottom of page