top of page

សេចក្តីអធិប្បាយពីបទគម្ពីរ ១ កូរិន‌ថូស

សំបុត្រ​ប៉ុល​ខ្ញុំ ជា​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​ហៅ​មក​ធ្វើ​ជា​សាវក​របស់​ទ្រង់ តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ ព្រម​ទាំង​សូស្ថេន ជា​ពួក​បង​ប្អូន

១:១ វាគឺជាទំនៀបទំលាប់នៅក្នុងសម័យនោះ ក្នុងការចាប់ផ្តើមផ្នែកដំបូងនៃសំបុត្រ ដោយសរសេរឈ្មោះ របស់អ្នកសរសេរសំបុត ហើយឈ្មោះរបស់អ្នកទទួល បន្ទាប់មកការសួរសុខទុក្ខ។ 
 

អ្នកសរសេរសំបុត្រនេះឡើងគឺលោកប៉ុលដែលជាសាវ័ករបស់ព្រះយេស៊ូវ។ ពាក្យនៅក្នុងភាសាក្រិច ដែលបកប្រែមកថា “សាវក” (ἀπόστολος) ​មានន័យថា មនុស្សម្នាក់ ‘ដែលត្រូវបានចាត់អោយទៅ’។ ​អ្នកនោះគឺជា អ្នកដំណាង។ ​លោកប៉ុលបានប្រែក្លាយជាសាវករបស់ ព្រះគ្រីស្ទយេស៊ូវនៅពេលដែល ព្រះអង្គចាត់គាត់ឲ្យចេញទៅ “ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង” (កិច្ចការ ៩:១៥)។ ​នេះមិនមែនជាការសម្រេចចិត្តដែលបានធ្វើឡើងដោយលោកប៉ុលឬដោយពួកជំនុំនោះឡើយ។ ​តាមការពិតទៅ លោកប៉ុលកំពុងតែធ្វើការបៀតបៀននិងព្យាយាមបំផ្លាញពួកជំនុំទៅវិញទេ។ តែផ្ទុយទៅវិញ ការនោះជា “បំណង ព្រះហឫទ័យព្រះ” ដែលលោកប៉ុលបានប្រែក្លាយជាសាវកម្នាក់។

 

សូស្ថេនគឺជាអ្នកនិពន្ធ របស់លោកប៉ុល។ លោកគឺជាសាសន៍យូដាដែលជាអ្នកគ្រប់គ្រង នៅសាលប្រជុំក្នុងទីក្រុងកូរិនថូស នៅពេលដែលលោកប៉ុលធ្វើដំណើរមកកាន់ទីក្រុងនេះ (កិច្ចការ ១៨:១៧)។ គាត់បានក្លាយជាគ្រីស្ទបរិស័ទ ហើយជាអ្នកជួយលោកប៉ុលនៅក្នុងព័ន្ធកិច្ចរបស់គាត់។ សំបុត្រនេះត្រូវបានសរសេរឡើងនៅក្នុងនិទាឃរដូវ ឆ្នាំ ៥៤ គ.ស មកពីទីក្រុងអេភេសូ។

 

ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិន‌ថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ នឹង​យើង​ផង 

 

១:២ សំបុត្រនេះត្រូវបានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងកូរិនថូស។ លោកប៉ុលបានដាំក្រុមជំនុំ ហើយបង្រៀនដល់ពួកគេអស់រយៈពេលមួយឆ្នាំកន្លះនៅក្នុងឆ្នាំ ៥០-៥១ គ.ស (កិច្ចការ ១៨)។ ឥឡូវនេះអស់រយៈពេលបីឆ្នាំក្រោយមក គាត់ដឹងថាមានបញ្ហាជាច្រើននៅក្នុងក្រុមជំនុំ។ ប៉ុន្តែសម្គាល់ឃើញថាគាត់ពណ៌នាអំពីពួកគេស្របតាមការងារ និងផែនការរបស់ព្រះជាម្ចាស់ សម្រាប់ពួកគេ។ អត្តសញ្ញាណពិតប្រាកដរបស់ពួកគេគឺមកពីព្រះជាម្ចាស់ ហេតុដូច្នេះហើយនេះគឺជារបៀប ដែលលោកប៉ុលមើលទៅពួកគេ និងរបៀបដែលពួកគេគួរតែមើលទៅកាន់ខ្លួនឯងផងដែរ។

 

  • ពួកគេគឺជា “​ពួក​ជំនុំ​នៃ​ព្រះ”។ ពាក្យជាភាសាក្រិកបកប្រែ “ពួកជំនុំ” (ἐκκλησίᾳ) មានន័យថា ‘ត្រាស់ហៅចេញមក’។ នៅសម័យបុរាណពេលដែលស្តេចមានព្ររាជសារសម្រាប់ប្រជារាស្ត្រ របស់ទ្រង់  នោះទ្រង់នឹងបញ្ជូនអ្នកប្រកាសទៅហៅពួកគេមកជុំគ្នា។ ពេលដែលប្រជាជន ឮការប្រកូកប្រកាសពីអ្នកប្រកាសហើយ ពួកគេប្រមូលផ្តុំគ្នាស្តាប់ព្រះរាជសាររបស់ស្តេច។ ការប្រមូលផ្តុំគ្នានេះគេហៅថា ἐκκλησίᾳ ដែលជាពាក្យដែលបកប្រែថា “ពួកជំនុំ”។ នៅក្នុងព្រះគម្ពីរ “ពួកជំនុំ” គឺជាមនុស្សទាំងឡាយដែលប្រមូលផ្តុំគ្នាជា ការឆ្លើយត បទៅកាន់ការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ព្រះអង្គគឺជាស្តេចរបស់ពួកគេ ពួកគេគឺជា ប្រជារាស្ត្ររបស់ទ្រង់ ហើយពួកគេប្រមូលផ្តុំគ្នាដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ។  

 

  • ពួកគេគឺ “​បាន​ញែក​ចេញ​ជា​បរិសុទ្ធក្នុង​ព្រះគ្រីស្ទយេស៊ូវ”។ ក្រុមជំនុំទាំងអស់ត្រូវបានធ្វើឱ្យទៅជាបរិសុទ្ធតាមរយៈកិច្ចការដើម្បីបន្សុតរបស់ព្រះជាម្ចាស់នៅក្នុង ព្រះយេស៊ូវគ្រីស្ទ។ ពួកគេត្រូវបានញែកចេញជាបរិសុទ្ធដោយសារពួកគេបានទុកចិត្តលើ ព្រះយេស៊ូវថាជាព្រះសង្គ្រោះរបស់ពួកគេ អំពើបាបរបស់ពួកគេត្រូវបានលើកលែង (នោះគឺត្រូវបានយកចេញ) ហើយពួកគេត្រូវបានព្រះជាម្ចាស់ដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីបម្រើទ្រង់។

 

  • ពួកគេគឺជា “​ពួក​បរិសុទ្ធ”។ ក្រុមជំនុំនៅទីក្រុងកូរិនថូសគឺជា “ពួកបរិសុទ្ធ” មិនមែនដោយសារតែ ការប្រព្រឹត្តិដោយបរិសុទ្ធរបស់ពួកគេទេ តាមការពិតពួកគេខ្លះបានប្រព្រឹត្តិដោយមិនបរិសុទ្ធឡើយ (៥:១, ៦:៥-៨, ៦:១៦)។ ប៉ុន្តែ ក្រុមជំនុំទាំងអស់គឺជាពួកបរិសុទ្ធដោយសារពួកគេត្រូវបានញែក ចេញជាបរិសុទ្ធនៅក្នុងព្រះយេស៊ូវ (១:៣០) ហើយព្រះជាម្ចាស់បានដាក់ពួកគេដាច់ដោយឡែក ឱ្យក្លាយជាប្រជារាស្ត្ររបស់ទ្រង់។

 

អ្នកជឿនៅក្នុងទីក្រុងកូរិនថូសគឺជាពួកបរិសុទ្ធរួមជាមួយ “​នឹង​អស់​អ្នកនៅ​គ្រប់​ទី​កន្លែងដែល​អំពាវនាវ ​ដល់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ”។ ដើម្បីអំពាវនាវដល់ព្រះនាមព្រះយេស៊ូវគឺត្រូវមានជំនឿលើទ្រង់ ហេតុដូច្នេះត្រូវថ្វាយបង្គំ បម្រើ និងស្តាប់បង្គាប់ទ្រង់ ជាព្រះអម្ចាស់។ ការពិតនោះទ្រង់គឺ “ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ និង​យើង​ផង” បញ្ជាក់ពីការរួបរួមដែលអ្នកជឿទាំងអស់ មាននៅក្នុងព្រះយេស៊ូវគ្រីស្ទ។

 

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា នឹង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ផង។

១:៣ លោកប៉ុលបានជំរាបសួរដល់អ្នកអានរបស់គាត់ជាមួយនឹងពាក្យជំរាបសួរ​ធម្មតារបស់គាត់ នៃព្រះគុណ និងសេចក្តីសុខសាន្ត។ ព្រះគុណគឺជាព្រះពរ និងព្រះចេស្តារបស់ព្រះ ដែលធ្វើការនៅក្នុងជីវិត មនុស្សណាម្នាក់។​​​ ​ពួកអ្នកជឿទទួលសេចក្តីសង្រ្គោះដោយព្រះគុណ ហើយរស់នៅក្នុងជីវិតគ្រីស្ទាន ដោយព្រះគុណ (១ កូរិនថូស ១៥:១០; ទីតុស ២:១១-១៤; កាឡាទី ២:២០)។​  លទ្ធផលពីព្រះគុណនេះ គឺជាសេចក្តីសុខសាន្ត (រ៉ូម​ ៥:១)។ សេចក្តីសុខសាន្តគឺជា សុខុមាលភាពខាងព្រលឹងវិញ្ញាណ ដែលបានមកពីការដែលបានដឹងថា អ្នកមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយ នឹងព្រះ (នោះគឺ អ្នកត្រូវបានលើកលែងទោស ទទួលយក ហើយស្រឡាញ់ដោយព្រះអង្គ)។ ព្រះគុណ និងសេចក្តីសុខសាន្តគឺជាការប្រទានពីព្រះវរបិតានៃយើងហើយនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។​

 

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អ្នក​រាល់​គ្នា​បាន​ចំរើន​ឡើង​គ្រប់​ចំពូក ដោយ‌សារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី នឹង​ចំណេះ​ទាំង​អស់​ដែរ តាម​ដែល​សេចក្ដី​បន្ទាល់​ពី​ព្រះ‌គ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា 

 

១:៤-៥ លោកប៉ុលចាប់ផ្តើមដោយអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់ក្រុមជំនុំនៅទីក្រុង កូរិនថូសដោយសារគាត់ដឹងថាក្រុមជំនុំគឺជាកិច្ចការរបស់ទ្រង់ (៣:៥-១៧)។ ព្រះជាម្ចាស់បានបញ្ជូន លោកប៉ុលទៅកាន់ទីក្រុងកូរិនថូសដើម្បីប្រកាសដំណឹងល្អទៅកាន់ពួកគេ ហើយពួកគេជឿ។ បន្ទាប់មក ព្រះជាម្ចាស់ឱ្យពួកគេ “ចម្រើន​ឡើង” តាមរយៈ “ព្រះគុណ” ទ្រង់ ដែលនៅក្នុងខគម្ពីរនេះសំដៅលើ អំណោយទានខាងវិញ្ញាណដែលទ្រង់បានប្រទានឱ្យពួកគេ។ ដោយសារអំណោយទានខាងវិញ្ញាណនេះ ពួកគេបានចម្រើនឡើងគ្រប់ជំពូកទាំង “​ពាក្យ​សំដី” (តាមរយៈអំណោយទានខាងសេចក្តីទំនាយ ការអធិប្បាយ  ផ្សាយ​ដំណឹង​ល្អ​ និង​និយាយ​ភាសា​ដទៃ) ហើយ “ចំណេះ” ទាំងអស់ (តាមរយៈអំណោយទាននៃការបង្រៀន ប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ)។ 

 

១:៦ “សេចក្តី​បន្ទាល់​ពី​ព្រះគ្រីស្ទ​” គឺជាដំណឹងល្អ។ ពេលលោកប៉ុលធ្វើបន្ទាល់ទៅកាន់ពួកគេអំពីព្រះគ្រីស្ទ ព្រះជាម្ចាស់បានបញ្ជាក់ថាសាររបស់លោកគឺជាការពិត ហើយអ្នកជឿនៅទីក្រុងកូរិនថូសបានក្លាយទៅជា ប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ របៀបដែលព្រះជាម្ចាស់បានបញ្ជាក់ពីរឿងនេះគឺតាមរយៈការប្រទាន ព្រះវិញ្ញាណបរិសុទ្ធមកដល់ពួកគេ (ដូចនៅក្នុងកិច្ចការ ១១:១៥-១៨) និងអំណោយទានខាងវិញ្ញាណ។

 

ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​ឯ​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​លេច​មក​ផង ដែល​ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ដរាប​ដល់​ចុង​បំផុត ឲ្យ​បាន​ឥត​កន្លែង​បន្ទោស​បាន ក្នុង​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង

 

១:៧-៨ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់សម្រាប់ក្រុមជំនុំនៅទីក្រុងកូរិនថូស ពួកគេមិនខ្វះនូវ អំណោយទានអ្វីសោះឡើយ។ ការនេះប្រាប់យើងពីភាពសប្បុរស និងការផ្គត់ផ្គង់យ៉ាងច្រើនរបស់ ព្រះជាម្ចាស់។ ព្រះជាម្ចាស់បំពាក់បំប៉នដល់ក្រុមជំនុំរបស់ទ្រង់ជាមួយនឹងអំណោយទានខាងវិញ្ញាណ ដើម្បីឱ្យយើងអាចរីកចម្រើនមានភាពពេញវ័យខាងវិញ្ញាណ។ ព្រះជាម្ចាស់ក៏ទ្រទ្រង់យើង និងរក្សា យើងឱ្យរឹងមាំខណៈពេលដែលយើងរង់ចាំដោយរំពឹងយ៉ាងរីករាយពីការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញសិរីល្អរបស់ទ្រង់នឹងបង្ហាញឱ្យ មនុស្សទាំងអស់ឃើញ (វិវរណៈ ១:១៧, ៤:១១, ៥:១២, ១៧:១៤)។ បន្ទាប់មកនឹងមានការវិន្និច្ឆ័យកើតឡើង ប៉ុន្តែអ្នកដែលជាកម្មសិទ្ធិរបស់ ព្រះយេស៊ូវនឹង ​“ឥត​សៅហ្មង” ដោយសារទ្រង់បានប្រទានឱ្យយើងនូវភាពសុចរិតរបស់ទ្រង់ (១:៣០, ៦:១១; រ៉ូម ៣:២១-២៦, ៥:១៧-២១)។ 

 

ឯ​ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះ‌ត្រង់។

១:៩ តើលោកប៉ុលអាចប្រាកដបានយ៉ាងដូចម្តេចថាក្រុមជំនុំនឹង “ឥតសៅហ្មង” នៅថ្ងៃនោះ? ចម្លើយគឺ “​ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់”។ ភាពស្មោះត្រង់របស់ព្រះជាម្ចាស់មានន័យថាព្រះអង្គរក្សាតាមពាក្យសន្យា និងរក្សាប្រជារាស្ត្ររបស់ទ្រង់។ ព្រះជាម្ចាស់នឹងបង្ហាញនូវភាពស្មោះត្រង់របស់ព្រះអង្គតាមរយៈការទ្រទ្រង់ យើងរហូតដល់ទីបញ្ចប់ដើម្បីឱ្យយើងឥតសៅហ្មងនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ លក្ខណៈរបស់ព្រះជាម្ចាស់គឺជាការធានាថាវានឹងពិតជាកើតឡើងមែន។

ព្រះជាម្ចាស់បានត្រាស់ហៅយើងមករួមប្រកប ហើយទ្រង់មិនផ្លាស់ប្តូរព្រះទ័យរបស់ទ្រង់ឡើង។ យើងត្រូវបានត្រាស់ហៅឱ្យ “​មាន​សេចក្តី​ប្រកប​នឹង​ព្រះរាជបុត្រា​ទ្រង់គឺ​ព្រះយេស៊ូវគ្រីស្ទជា​ ព្រះអម្ចាស់​នៃ​យើង”។ “សេចក្តីប្រកប” មានន័យថាការចូលរួម និងចែករំលែក។ “សេចក្តីប្រកប” នេះមានន័យថាព្រះជាម្ចាស់ត្រាស់ហៅយើងមកដើម្បីៈ 

(១) ឱ្យមានទំនាក់ទំនងជាមួយព្រះយេស៊ូវ

(២) ក្លាយជាសមាជិកនៅក្នុងគ្រួសារដែលព្រះយេស៊ូវបានបង្កើត (ក្រុមជំនុំរបស់ទ្រង់) និង

(៣) រួបរួមគ្នាជាមួយព្រះយេស៊ូវខាងវិញ្ញាណ ហើយដោយហេតុនេះគឺដើម្បីចែករំលែកព្រះជន្មទ្រង់ និងដើម្បីឱ្យក្លាយទៅជាដូចទ្រង់។

 

សូមកត់សម្គាល់មើលពីការសង្កត់ធ្ងន់ទៅលើការត្រាស់ហៅរបស់ព្រះជាម្ចាស់នៅក្នុងផ្នែកទីមួយនៃសំបុត្រនេះ។ លោកប៉ុលត្រូវ “បាន​ហៅ​មក​ធ្វើ​ជា​សាវ័ក​របស់​ទ្រង់តាម​បំណង​ព្រះហឫទ័យ​ព្រះ” (ខ១)។ ក្នុងនាមជាសាវ័ក លោកប៉ុលបានអធិប្បាយដំណឹងល្អនៅក្នុងទីក្រុងកូរិនថូស ហើយព្រះជាម្ចាស់ បានត្រាស់ហៅអ្នកក្រុងកូរិនថូសតាមរយៈដំណឹងល្អ។ ពួកគេត្រូវបាន “ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ” (ខ២) ហើយពួកគេត្រូវបាន “​ហៅ​មកឲ្យ​មាន​សេចក្តី​ប្រកប​នឹង​ព្រះរាជបុត្រា​ទ្រង់គឺ​ព្រះយេស៊ូវគ្រីស្ទជា​ ព្រះអម្ចាស់​ នៃ​យើង” (៩)។ ផ្នែកផ្សេងទៀតរបស់សំបុត្រដែលនៅសេសសល់នេះ លោកប៉ុលនឹងណែនាំពួកគេ ពីរបៀបដែលពួកគេត្រូវរស់នៅធ្វើជាមនុស្សដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យមករួមប្រកបជាមួយនឹង ព្រះយេស៊ូវ។

 

ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួប‌រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង‌តែ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា

១:១០-១១ បន្ទាប់ពីសេចក្តីផ្តើម (ខ១-៣) និងអរព្រះគុណ (ខ៤-៩) រួចលោកប៉ុលចាប់ផ្តើមតួរ សេចក្តីរបស់សំបុត្រដែលមានចំនួនពីរផ្នែក។

នៅក្នុងផ្នែកទីមួយ (១:១០-៦:២០) លោកប៉ុលសរសេរប្រាប់ពីបញ្ហាដែលបំផ្លាញដល់ក្រុមជំនុំនៅទីក្រុង កូរិនថូស។ បញ្ហាគឺជាការបែកបាក់គ្នា (១:១០-៤:២១) សាហាយស្មន់ (៥:១-១៣) រឿងក្ដី (៦:១-១១) រឿងក្ដី និងអំពើអសីលធម៌ផ្លូវភេទ (៦:១២-២០)។ នៅក្នុងផ្នែកទីពីរ (៧:១-១៦:៤) លោកប៉ុលតបទៅកាន់ សំបុត្រដែលក្រុមជំនុំនៅទីក្រុងកូរិនថូសបានផ្ញើមកឱ្យគាត់។

បញ្ហាទីមួយដែលលោកប៉ុលណែនាំគឺការបែកបាក់នៅក្នុងក្រុមជំនុំ។ អ្នកជឿនៅក្នុងទីក្រុងកូរិនថូស ឈ្លោះប្រកែកគ្នា ប៉ុន្តែលោកប៉ុលចង់ឱ្យពួកគេយល់ព្រម មានការរួបរួមគ្នា និងចុះសម្រុងជាមួយគ្នាវិញ។

 

គឺ​ថា អ្នក​រាល់​គ្នា​និមួយៗ​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ

 

១:១២ តើពួកគេឈ្លោះប្រកែកគ្នាអំពីអ្វី? ចម្លើយគឺមេដឹកនាំរបស់ពួកគេ។ លោកប៉ុលបានដាំក្រុមជំនុំនៅក្នុងទីក្រុងកូរិនថូស (៣:៦, ៣:១០, ៩:២; កិច្ចការ ១៨:១–១៨)។ អ័ប៉ុឡូស​បានបង្រៀនដល់ក្រុមជំនុំ បន្ទាប់ពីលោកប៉ុលបានចាកចេញពីទីក្រុង (៣:៦–៩)។ “កេផាស” គឺជាឈ្មោះជាភាសាហេព្រើររបស់លោកពេត្រុស ដែលជាអ្នកដឹកនាំនៅក្នុងចំណោមពួកសាវ័ក។ ការបែកបាក់នៅក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូសគឺដោយសារ ពួកគេយកចិត្តទុកដាក់ខ្លាំងពេក ទៅលើអ្នកនាំសារទាំងនេះ ជាជាងសារដែលពួកគេបាននាំយក មកជាមួយ។ 

 

ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី

 

១:១៣ លោកប៉ុលសួរទៅកាន់អ្នកក្រុងកូរិនថូសនូវសំណួរចំនួនបីដើម្បីជួយពួកគេឱ្យមើលឃើញថា វាខុសដែលមានការបែកបាក់នេះនៅក្នុងក្រុមជំនុំរបស់ពួកគេ។

តើព្រះគ្រីស្ទបែកបាក់ដែរឬទេ? ព្រះគ្រីស្ទមិនបានបែកបាក់ ហើយរូបកាយរបស់ទ្រង់ក៏ដូច្នោះដែរ ដែលជាក្រុមជំនុំ។ ព្រះគ្រីស្ទគឺតែមួយ ហើយក្រុមជំនុំរបស់ទ្រង់ត្រូវតែជាតែមួយដែរ។

 

តើលោកប៉ុលបានជាប់ឆ្កាងដើម្បីអ្នក? ព្រះយេស៊ូវបានជាប់ឆ្កាងដើម្បីពួកគេ ហេតុដូច្នេះមានតែទ្រង់តែមួយ អង្គប៉ុណ្ណោះដែលជាអ្នកប្រោសលោះរបស់ពួកគេ និងជាក្បាលរបស់ក្រុមជំនុំ។ ព្រះយេស៊ូវបានសុគត សម្រាប់អំពើបាបរបស់ពួកគេ និងទទួលបានការសង្គ្រោះសម្រាប់ពួកគេ។ មានតែព្រះយេស៊ូវតែប៉ុណ្ណោះ ដេលអាចសម្រេចការនេះបាន - មិនមែនលោកប៉ុល អ័ប៉ុឡូស ឬពេត្រុសទេ។

តើអ្នកធ្វើពិធីជ្រមុជទឹកក្នុងនាមលោកប៉ុល? អ្នកជឿនៅទីក្រុងកូរិនថូសទទួលបានពិធីជ្រមុជទឹក នៅក្នុងព្រះនាមព្រះយេស៊ូវ។ ការនេះបង្ហាញប្រាប់ថាភាពស្មោះត្រង់របស់ពួកគេគឺមានសម្រាប់ទ្រង់ តែប៉ុណ្ណោះ ហើយមិនមែននរណាម្នាក់ផ្សេងទៀតទេ។

 

ដំណោះស្រាយសម្រាប់ការបែងបាក់នៅក្នុងក្រុមជំនុំគឺត្រូវផ្តោតទៅលើព្រះយេសូវ។ ក្រុមជំនុំគឺជា មនុស្សដែលជាកម្មសិទ្ធិរបស់ព្រះយេស៊ូវដែលបានជាប់ឆ្កាងសម្រាប់យើងទាំងអស់គ្នា ហើយគឺជា ព្រះអម្ចាស់របស់ក្រុមជំនុំ។ នេះគឺជាអ្វីដែលធ្វើឱ្យក្រុមជំនុំមានការរួបរួមគ្នា។ នៅពេលយើងផ្តោតខ្លាំង ពេកទៅលើអ្នកដឹកនាំដែលជាមនុស្ស ឬក្រុមជំនុំតាមបែបប្រពៃណី ឬនិកាយ វាធ្វើឱ្យមានការបែកបាក់ ប៉ុន្តែនៅក្នុងព្រះគ្រីស្ទយើងមានការរួបរួម។ នេះគឺជាអ្វីដែលយើងត្រូវតែបន្តផ្តោតទៅលើព្រះយេស៊ូវ។

 

សូមកត់សម្គាល់មើលខគម្ពីរទាំងដប់ដំបូងនេះ លោកប៉ុលសំដៅទៅលើព្រះយេស៊ូវនៅក្នុងគ្រប់ខគម្ពី រទាំងអស់។ លោកប៉ុលគឺជាសាវ័ករបស់ព្រះយេស៊ូវ (ខ១) ក្រុមជំនុំត្រូវបានញែកជាបរិសុទ្ធនៅក្នុង ព្រះយេស៊ូវ (ខ២) ហើយព្រះគុណ និងសេចក្តីសុខសាន្តដែលយើងមានគឺបានមកពីព្រះយេស៊ូវ (ខ៣, ខ៤)។ ក្រុមជំនុំបានចម្រើនឡើងនៅក្នុងព្រះយេស៊ូវ (ខ៥) ហើយទីបន្ទាល់អំពីព្រះយេស៊ូវត្រូវបានប្រកាស ទៅកាន់ពួកគេ (ខ៦)។ ក្រុមជំនុំកំពុងតែរង់ចាំការបង្ហាញឱ្យឃើញព្រះយេស៊ូវនៅពេលទ្រង់យាងមក វិញជាលើកទីពីរ (ខ៧, ខ៨) ហើយពួកគេត្រូវបានត្រាស់ហៅឱ្យមករួមប្រកបជាមួយព្រះយេស៊ូវ (ខ៩)។ ដោយសាររឿងនេះទើបបានជាលើកប៉ុលអំពាវនាវទៅកាន់ពួកគេក្នុងព្រះនាមព្រះយេស៊ូវឱ្យមានការរួបរួមគ្នាឡើង (ខ១០)។

 

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីស‌ប៉ុល នឹង​កៃយុស​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ

១:១៤-១៦ ការហៅរបស់លោកប៉ុលគឺជាការអធិប្បាយពីដំណឹងល្អ ដូច្នេះគាត់បានអនុញ្ញាតិឱ្យ អ្នកឯទៀតៗធ្វើពិធីជ្រមុជទឹកឱ្យមនុស្សដែលគាត់បាននាំមករកព្រះយេស៊ូវ។

ដ្បិតព្រះ‌គ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជ‌ទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គ‌ឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះ‌គ្រីស្ទទៅជាអសារឥតការវិញ

 

១:១៧ នៅពេលលោកប៉ុលអធិប្បាយ គាត់មិនបានប្រើ “​ពាក្យ​ឧត្តុង្គឧត្តម​” ឡើយពីព្រោះគាត់ដឹងថា ការអធិប្បាយរបៀបនេះធ្វើឱ្យមនុស្សផ្តោតទៅលើអ្នកអធិប្បាយជាជាងទៅលើព្រះយេស៊ូវ ហេតុដូច្នេះហើយបានជាឈើឆ្កាងរបស់ព្រះគ្រីស្ទមិនមានព្រះចេស្តារដែលមានឥទ្ធិពលទៅលើជីវិតរបស់ពួកគេ។ លោកប៉ុលដឹងថានៅពេលអធិប្បាយពីដំណឹងល្អឱ្យបានច្បាស់លាស់ និងមានលក្ខណៈសាមញ្ញ វាលើកតម្កើងព្រះយេស៊ូវ ផ្តន្ទាទោសមនុស្សអំពីអំពើបាបរបស់ពួកគេ ហើយនាំពួកគេឱ្យទុកចិត្តលើទ្រង់ (យ៉ូហាន ១២:៣២)។

ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ

 

១:១៨ “ដំណឹង​ពី​ឈើ​ឆ្កាង” គឺជាដំណឹងល្អនៃការសង្គ្រោះដែលយើងមាននៅក្នុងព្រះយេស៊ូវ។ ដើម្បីប្រកាសពី “ដំណឹងពីឈើឆ្កាង” គឺត្រូវប្រាប់មនុស្សថាព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីដកយកអំពើបាបរបស់លោកីយ ហើយផ្តល់នូវការលើកលែងទោស ភាពសុចរិត និងជីវិតអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់សម្រាប់អស់អ្នកដែលជឿលើទ្រង់។

 

ដើម្បីប្រកាសថាការសង្រ្គោះបានសម្រេចហើយពីព្រះអង្គសង្គ្រោះដែលបានជាប់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់លោកិយគឺ “សេចក្តី​ចំកួត” ទៅកាន់អ្នកមិនជឿដោយសារវាផ្ទុយពីអ្វីៗទាំងឡាយ ដែល លោកិយផ្តល់តម្លៃឱ្យដូចជាអំណាច ទ្រព្យសម្បត្តិ ប្រជាប្រិយភាព និងឋានៈ។

យ៉ាងណាមិញ អ្នកជឿដឹងថាដំណឹងល្អពីព្រះអង្គសង្គ្រោះដែលបានជាប់នៅលើឈើឆ្កាងសម្រាប់អំពើបាប   របស់យើង គឺជា “​ព្រះចេស្តា​នៃ​ព្រះ”។ ហេតុអ្វី? ពីព្រោះនៅពេលដែលដំណឹងល្អត្រូវបានប្រកាសចេញទៅ ព្រះជាម្ចាស់ធ្វើការយ៉ាងអស្ចារ្យដើម្បីនាំមនុស្សមករកសេចក្តីសង្គ្រោះ។ នៅពេលដែលប្រកាសពី “​ដំណឹង​ពី​ឈើ​ឆ្កាង” ព្រះជាម្ចាស់បានទាញមនុស្សមានបាបឱ្យចូលមករកទ្រង់ បង្ហាញប្រាប់ពីអំពើបាប របស់ពួកគេ បង្ហាញពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ ប្រទានឱ្យពួកគេនូវការប្រែចិត្ត និងជំនឿ ព្រមទាំងសម្រេចការសង្គ្រោះឱ្យដល់ពួកគេ។ ហេតុនេះហើយបានជាលោកប៉ុលសរសេរ នៅក្នុងរ៉ូម ១:១៦ ថា “ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​ នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ”។ ដូច្នេះការជឿលើដំណឹង​ពី​ឈើ​ឆ្កាងគឺជា បទពិសោធន៍ដែលផ្លាស់ប្តូរជីវិត ហើយមានអំណាចបំផុតដែលមនុស្សអ្នកអាចទទួលបានដោយសារវាគឺ ជាអ្វីដែលបណ្តាលឱ្យការសង្គ្រោះរបស់ពួកគេកើតមានឡើង។

 

ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​លើក​ចំណេះ​របស់​ពួក​អ្នក​ដែល​ចេះ ចោល​ចេញ»

 

១:១៩ លោកប៉ុលដកស្រង់ចេញមកពី អេសាយ ២៩:១៤ ដើម្បីគាំទ្រពីអ្វីដែលបានលើកឡើង។ ព្រះជាម្ចាស់មានបន្ទូលថាព្រះអង្គនឹង “បំផ្លាញ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ” ហើយវាកើតមានឡើង នៅពេលទ្រង់បាននាំយកការសង្គ្រោះមកកាន់លោកិយតាមរបៀបដែលគ្មាននរណារំពឹងទុកសោះ នោះគឺតាមរយៈឈើឆ្កាងរបស់ព្រះគ្រីស្ទ។

 

តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា តើ​អាចារ្យ​នៅ​ឯ​ណា តើ​អ្នក​ដេញ‌ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ​នេះ ទៅ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​វិញ​ទេ​តើ

 

១:២០ “អ្នកប្រាជ្ញ” នៅក្នុងសម័យរបស់លោកប៉ុលរួមមាន “អាចារ្យ​” (គ្រូបង្រៀនច្បាប់របស់សាសន៍យូដា) និង “អ្នក​ដេញ​ដោល” (ទស្សនវិទូជនជាតិក្រិក)។ ប៉ុន្តែព្រះជាម្ចាស់បាន “​​ធ្វើ​ឱ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​សេចក្តី​ល្ងង់ល្ងើ​វិញ​” ដោយធានាថាការសង្គ្រោះមិនមែនសម្រេចបានដោយសារប្រាជ្ញារបស់ មនុស្សទេ ប៉ុន្តែសម្រេចបានតាមរបៀបដែលអ្នកប្រាជ្ញចាត់ទុកថាល្ងីល្ងើវិញ។ 

ដ្បិត​ដោយ​ព្រោះ​ព្រះ‌ទ្រង់​បាន​សំរេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយ‌សារ​សេចក្ដី​ល្ងី‌ល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ

 

១:២១ លោកិយនេះមិនមែនស្គាល់ព្រះជាម្ចាស់តាមរយៈប្រាជ្ញារបស់ខ្លួនឡើយ។ ព្រះជាម្ចាស់បានសម្រេច ព្រះទ័យថាជំនឿ (មិនមែនជាប្រាជ្ញារបស់មនុស្សទេ) គឺជារបៀបដើម្បីឱ្យមនុស្សស្គាល់ពីទ្រង់។ តាមរយៈ ប្រាជ្ញារបស់ទ្រង់នេះ ព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះមនុស្ស ហើយនាំពួកគេមកឱ្យមានទំនាក់ទំនង ជាមួយទ្រង់តាមរយៈការប្រកាសពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានជាប់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើង។ សម្រាប់យើងការអនុវត្តពីសេចក្តីពិតនេះគឺថាយើងត្រូវតែដឹងថា យើងនឹងមិនអាច ស្គាល់ព្រះជាម្ចាស់បានតាមរយៈប្រាជ្ញារបស់លោកិយនេះបានឡើយ ប៉ុន្តែមានតែតាមរយៈការជឿលើ ដំណឹងល្អតែប៉ុណ្ណោះ។ 

 

ពី​ព្រោះ​សាសន៍​យូដា គេ​ចង់​ឃើញ​ភស្តុ‌តាង ហើយ​សាសន៍​ក្រេក គេ​ស្វែង​រក​ប្រាជ្ញា តែ​យើង​ខ្ញុំ​ប្រកាស​ប្រាប់​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ឆ្កាង​វិញ ជា​ហេតុ​នាំ​ឲ្យ​រវាត​ចិត្ត​ដល់​សាសន៍​យូដា នឹង​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​សាសន៍​ក្រេក 

១:២២-២៣ ក្រុមជនជាតិភាគតិចចំនួនពីរក្រុមដែលលោកប៉ុលបានអធិប្បាយដំណឹងល្អទៅកាន់ គឺសាសន៍យូដា និងសាសន៍ក្រិក ហើយក្រុមទាំងពីរនេះចាត់ទុកថាដំណឹងពីឈើឆ្កាងមានភាពល្ងីល្ងើ ហើយពិបាកជឿណាស់។ 

សាសន៍យូដាកំពុងតែស្វែងរកទីសម្គាល់ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ព្រះគ្រីស្ទ។ នៅពេលដែល អ្នកដឹកនាំសាសនាសួរទៅកាន់ព្រះយេស៊ូវឱ្យបង្ហាញទីសម្គាល់ដល់ពួកគេ ព្រះអង្គបានប្រាប់ពួកគេថា ទីសម្គាល់តែមួយគត់ដែលនឹងប្រទានមកឱ្យពួកគេគឺ “ទី​សំគាល់​របស់​លោក​យ៉ូណាស” (ម៉ាថាយ ១២:៣៨-៤៥)។ ព្រះយេស៊ូវចង់មានន័យថាទីសម្គាល់មួយគឺថាទ្រង់នឹងសុគត កប់ក្នុងផ្នូរ ហើយ មានព្រះជន្មរស់ឡើងវិញ។ ប៉ុន្តែសម្រាប់សាសន៍យូដា ព្រះគ្រីស្ទដែលជាប់នៅលើឈើឆ្កាងគឺជា “​ថ្ម​ចំពប់” ពីព្រោះពួកគេសង្ឃឹមថាព្រះគ្រីស្ទនឹងក្លាយជាអ្នកដឹកនាំទ័ពដ៏មានអំណាច ដែលនឹងជួយសង្គ្រោះ អ៊ីស្រាអែលពីការគ្រប់គ្រងរបស់សាសន៍រ៉ូម មិនមែនជាព្រះសង្គ្រោះមនុស្ស​លោកដែលត្រូវបានដំដែក គោលនៅលើឈើឆ្កាងរបស់សាសន៍រ៉ូមនោះទេ។ នេះគឺជាថ្ម​ដែលចំពប់ (អេសាយ ៨:១៤) ពីព្រោះ ពួកគេដឹងថាអស់អ្នកដែលជាប់​នៅ​លើ​ឈើនោះគឺត្រូវបណ្តាសារមកពីព្រះជាម្ចាស់ហើយ (ចោទិយ‌កថា ២១:២៣)។ តើមនុស្សម្នាក់ដែលត្រូវរងបណ្តាសារពីព្រះជាម្ចាស់ជាព្រះគ្រីស្ទបានដោយរបៀបណា?

សម្រាប់សាសន៍ក្រិក ដំណឹងពីឈើឆ្កាងគឺជាសេចក្តីចំកួត ពីព្រោះមានតែឧក្រិដ្ឋជនដ៏អាក្រក់បំផុត តែប៉ុណ្ណោះ ដែលត្រូវស្លាប់នៅលើឈើឆ្កាង ហើយពួកគេមិនជឿលើការរស់ឡើងវិញនោះទេ។ ដូច្នេះតើឧក្រិដ្ឋជនដែលស្លាប់ហើយអាចសង្គ្រោះពួកគេបានដោយរបៀបណា? “ដំណឹងពីឈើឆ្កាង” គឺផ្ទុយគ្នាពីអ្វីដែលពួកគេចង់ស្តាប់ឮដោយសារវាមិនមែនដោយសារតែអំណាច សិរីរុងរឿង និងកិត្តិយសដែលពួកគេឱ្យតម្លៃទេ។ តាមការពិតឈើឆ្កាងត្រូវបានចាត់ទុកថាគួរ​ឱ្យអាម៉ាស់ និងអាក្រក់បំផុតដែលសាសន៍ក្រិកគិតថាពាក្យ “ឈើឆ្កាង” មិនគួរលើកយកមកនិយាយនៅក្នុងសង្គ មដែលសុភាពរាបសារនោះទេ។

ពាក្យ “ព្រះគ្រីស្ទ” មានន័យថាអំណាច ភាពរុងរឿង និងជ័យជំនះ “​ត្រូវឆ្កាង” មានន័យថាភាពទន់ខ្សោយ ចាញ់ និងភាពអាម៉ាស់។ ហេតុនេះ “ព្រះគ្រីស្ទដែល​ទ្រង់​ត្រូវ​ឆ្កាង​” គឺជាភាពផ្ទុយគ្នា (ដូចជាយក្សតឿ ឬអ្នកមានដែលក្រ ឬទឹកកកឆា) ហើយនេះគឺជាអ្វីដែលលោកប៉ុលបានអធិប្បាយ! លោកប៉ុលបានអធិប្បាយ ពីការនេះដោយសារលោកបានដឹងថាមានតែដំណឹងល្អរបស់ព្រះគ្រីស្ទដែលជាប់ឆ្កាងប៉ុណ្ណោះដែលមានអំណាចសម្រាប់ការសង្គ្រោះ។

 

តែ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​ព្រះ‌ចេស្តា ហើយ​ជា​ប្រាជ្ញា​របស់​ព្រះ​វិញ ដល់​អស់​អ្នក​ដែល​ទ្រង់​ហៅ ទាំង​សាសន៍​យូដា ហើយ​នឹង​សាសន៍​ក្រេក​ផង

១:២៤ ទោះបីជាដំណឹងពីឈើឆ្កាងគឺជាថ្មជំពប់សម្រាប់សាសន៍យូដា និងជាសេចក្តីចំកួតដល់សាសន៍ក្រិក ពួកគេមួយចំនួននៅតែទទួលយកវានៅឡើយ។ ហេតុអ្វី? ដោយសារព្រះជាម្ចាស់ត្រាស់ហៅមនុស្ស តាមរយៈដំណឹងល្អ។ នៅពេលអ្នកដែលត្រូវបានព្រះជាម្ចាស់ត្រាស់ហៅស្តាប់ឮដំណឹងល្អ ពួកគេយល់ ហើយក៏ជឿតាម។ ពួកគេដឹងថានៅក្នុងព្រះគ្រីស្ទ (ព្រះអម្ចាស់ដែលត្រូវជាប់ឆ្កាង ហើយរស់ឡើងវិញ) គឺជាព្រះចេស្តារបស់ព្រះសម្រាប់សង្គ្រោះ។ ពួកគេជឿលើរឿងនេះ ហើយបន្ទាប់មកពួកគេទទួលបានបទ ពិសោធន៍ នេះនៅក្នុងជីវិតរបស់ពួកគេ។ 

 

សម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ព្រះគ្រីស្ទគឺជាព្រះចេស្តារបស់ព្រះជាម្ចាស់ និងជាប្រាជ្ញារបស់ព្រះជាម្ចាស់។ ព្រះគ្រីស្ទគឺជាព្រះចេស្តារបស់ព្រះជាម្ចាស់ដោយសារតាមរយៈ ព្រះជន្មរបស់ទ្រង់ សេចក្តីស្លាប់ និងការរស់ឡើងវិញដែលព្រះជាម្ចាស់សង្គ្រោះមនុស្សចេញពីអំពើបាប និងសេចក្តីស្លាប់ ហើយប្រទានឱ្យពួកគេនូវជីវិតដ៏អស់កល្បជានិច្ច។ ដើម្បីជួយសង្គ្រោះមនុស្ស តាមរបៀបនេះ (នោះគឺតាមរយៈព្រះគ្រីស្ទ) ជាប្រាជ្ញាមកពីព្រះជាម្ចាស់។ ព្រះចេស្តា និងប្រាជ្ញារបស់ព្រះជាម្ចាស់នេះត្រូវបានគេមើលឃើញនៅទូទាំងពិភពលោកនៅពេលដំណឹងល្អពីព្រះគ្រីស្ទដែលជាប់នៅលើឈើឆ្កាងត្រូវបានអធិប្បាយ ហើយមនុស្សចូលមកប្រែចិត្ត មានជំនឿ និងទទួលបានការសង្គ្រោះ។ ហេតុដូច្នេះ ដំណឹង​ពី​ឈើ​ឆ្កាងដែលមើលទៅហាក់ដូចជា សេចក្តីចំកួតសម្រាប់គំនិតដ៏មានអំណួតរបស់មនុស្ស តាមពិតទៅគឺជាព្រះចេស្តា និងជាប្រាជ្ញា របស់ព្រះជាម្ចាស់ ដើម្បីសង្គ្រោះមនុស្សទៅវិញ។

 

ដ្បិត​សេចក្ដី​ល្ងង់‌ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស ហើយ​សេចក្ដី​កំសោយ​របស់​ព្រះ ក៏​មាន​កំឡាំង​លើស​ជាង​មនុស្ស​ដែរ។

១:២៥ ការសង្គ្រោះមិនមែនជាការសម្រេចបានតាមរយៈប្រាជ្ញា និងកម្លាំងរបស់មនុស្សទេ។ ការសង្គ្រោះ គឺជាការសម្រេចបានដោយសារព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង។ អ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ មនុស្សតាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទគឺជាសេចក្តីចំកួត និងភាពទន់ខ្សោយបើ តាមគំនិតរបស់ មនុស្សអំពីប្រាជ្ញា និងកម្លាំង ប៉ុន្តែវាសម្រេចបាននូវការសង្គ្រោះដ៏អស់កល្បជានិច្ចដែលប្រាជ្ញា និងកម្លាំង របស់មនុស្សមិនអាចធ្វើបានឡើយ។ នេះជាមូលហេតុ “ដ្បិត​សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះនោះ​មានប្រាជ្ញា​ លើស​ជាង​មនុស្ស ហើយ​សេចក្តី​កំសោយ​របស់​ព្រះក៏​មាន​កម្លាំង​លើស​ជាង​មនុស្ស​ដែរ”។

 

ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិន‌សូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច នឹង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ

១:២៦ យោងទៅលើប្រាជ្ញារបស់ពិភពលោកនេះ ឋានៈទទួលបានមកពីការមានប្រាជ្ញា អំណាច និងការកើតមកនៅក្នុងវណ្ណៈអភិជន។ ប៉ុន្តែព្រះជាម្ចាស់មិនបានត្រាស់ហៅមនុស្សជាច្រើន ដែលពិភពលោកនេះចាត់ទុកថាមានប្រាជ្ញា អំណាច និងវណ្ណៈអភិជនទេ។ នេះជាការពិតនៅក្នុងទីក្រុង កូរិនថូសនៅក្នុងសម័យរបស់លោកប៉ុល ហើយវានៅតែពិតរហូតដល់សព្វថ្ងៃនេះ។

 

ព្រះ‌ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស ហើយ​ទ្រង់​បាន​រើស​អ្នក​ទាប​ថោក​នៅ​លោកីយ​នេះ នឹង​ពួក​អ្នក​ដែល​គេ​មើល‌ងាយ ព្រម​ទាំង​របស់​ដែល​គ្មាន​ផង ដើម្បី​នឹង​លើក​ចោល​របស់​ដែល​មាន​ចេញ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួន នៅ​ចំពោះ​ព្រះ​ឡើយ

១:២៧-២៨ ព្រះជាម្ចាស់ជ្រើសរើសមនុស្សដែលពិភពលោកនេះចាត់ទុកថា ជាពួក​ល្ងង់‌ល្ងើ​ ​ពួក​កំសោយ អ្នក​ទាប​ថោក​ និងពួក​អ្នក​ដែល​គេ​មើល‌ងាយ។ ព្រះជាម្ចាស់ជ្រើសរើលមនុស្សប្រភេទនេះឱ្យមានជំនឿលើ ព្រះយេស៊ូវ ហើយទទួលបាននូវភាពសប្បូរសប្បាយនៅក្នុងព្រះគុណរបស់ទ្រង់វិញ (ខ៤)។ ដូចដែល ព្រះយេស៊ូវ មានបន្ទូលថា “ឱ​ព្រះ‌វបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី​អើយ ទូលបង្គំ​សរសើរ ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង ​ឲ្យ​ពួក​កូន ​ក្មេង​យល់​វិញ” (ម៉ាថាយ ១១:២៥)។

 

១:២៩ គោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ការជ្រើសរើសប្រភេទមនុស្សទាំងនេះគឺថា “ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ណា​បាន​អួត​ខ្លួននៅ​ចំពោះ​ព្រះ​ឡើយ”។ ប្រសិនបើការសង្គ្រោះគឺជា ការសម្រេចបាន ដែលមនុស្សដែលមានប្រាជ្ញាបំផុត  និងខ្លាំងក្លាបំផុតអាចសម្រេចបាន ពួកគេអាចអួតពីកិច្ចការនេះមិនខាន។ ប៉ុន្តែព្រះជាម្ចាស់លុបបំបាត់នូវអួតរបស់មនុស្សទាំងអស់ សម្រាប់ការសង្គ្រោះនេះតាមរយៈការប្រទានជាអំណោយដល់ពួក​ល្ងង់‌ល្ងើ​ ​ពួក​កំសោយ អ្នក​ទាប​ថោក​ និងពួក​អ្នក​ដែល​គេ​មើល‌ងាយ។

តាមរយៈការជ្រើសរើសយកពួក​ល្ងង់‌ល្ងើ​ ​ពួក​កំសោយ អ្នក​ទាប​ថោក​ និងពួក​អ្នក​ដែល​គេ​មើល‌ងាយ ព្រះជាម្ចាស់បញ្ជាក់ យ៉ាងច្បាស់ថាការសង្រ្គោះគឺកើតឡើងដោយសារព្រះគុណរបស់ទ្រង់ មិនមែនតាមរយៈគុណសម្បត្តិ ឬសមត្ថភាពរបស់មនុស្សឡើយ។ អ្នកដែលទទួលបានការសង្គ្រោះ មិនអួតខ្លួនឡើយ ពីព្រោះពួកគេដឹងថា ការសង្គ្រោះរបស់ពួកគេមិនមែនបានមកដោយសារការសម្រេចបាន តាមរយៈគុណសម្បត្តិរបស់ពួកគេឡើយ។ ផ្ទុយទៅវិញពួកគេសរសើរតម្កើងព្រះជាម្ចាស់ ដោយសារពួកគេដឹងថាវាគឺជាអំណោយ និងការសម្រេចបានរបស់ទ្រង់វិញ។ 

 

តែ​ដោយ‌សារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ទ្រង់​បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ ហើយ​ជា​សេចក្ដី​សុចរិត សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​ប្រោស​លោះ​ដល់​យើង​ផង

 

១:៣០ ប្រាជ្ញារបស់ព្រះជាម្ចាស់គឺដើម្បីប្រទានព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះមកឱ្យយើង។ ព្រះជាម្ចាស់ជ្រើសរើសមនុស្ស ត្រាស់ហៅពួកគេតាមរយៈដំណឹងល្អ ហើយនៅពេលពួកគេទទួល ដំណឹងល្អតាមរយៈជំនឿ និងការប្រែចិត្ត នោះទ្រង់ដាក់ពួកគេ “នៅ​ក្នុង​ព្រះគ្រីស្ទ”។ ដើម្បី “នៅ​ក្នុង​ព្រះគ្រីស្ទ” មានន័យថាព្រះជាម្ចាស់បានបង្កើតនូវការរួបរួមខាងវិញ្ញាណរវាងព្រះយេស៊ូវ និងគ្រីស្ទបរិស័ទ ដូច្នេះដើម្បីឱ្យគ្រប់ទាំងអ្វីៗដែលទ្រង់សម្រេចបានកើតមាននៅក្នុងជីវិតរបស់យើងដែរ។ ដោយសារយើងស្ថិតនៅក្នុងព្រះយេស៊ូវដោយសារយើងមានព្រះពរខាងឯវិញ្ញាណ “ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង”។
 

សេចក្តី​សុចរិតមានន័យថាត្រូវមានភាពត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ ហើយដូច្នេះ ដើម្បីមានទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់។ ដោយសារ អំពើបាបរបស់យើង យើងគឺមិនអាចសម្រេចបាននូវភាពសុចរិតរបស់យើងដោយការខិតខំផ្ទាល់ខ្លួន របស់យើងបានឡើយ។  ប៉ុន្តែ ព្រះយេស៊ូវគឺជាភាពសុចរិតរបស់យើង។ ព្រះពរខាងវិញ្ញាណនៃការរាប់ជាសុចរិតមានន័យថាព្រះជាម្ចាស់ប្រកាសដល់អស់អ្នកដែលបានដាក់សេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទក្លាយជាមនុស្សសុចរិត ហើយប្រទានឱ្យគេនូវភាពសុចរិតរបស់ ព្រះគ្រីស្ទយ៉ាងពេញលេញ និងល្អឥតខ្ចោះបំផុត។ យើង​ត្រូវ​បាន​គេ​ប្រកាស​ថា​សុចរិត មិន​មែន​ដោយ​សារ​អ្វី​ដែល​យើង​បាន​ធ្វើ​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង។ ព្រះយេស៊ូវគ្មានបាបសោះ ប៉ុន្តែព្រះអង្គបានយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់។ យើងគ្មានភាពសុចរិតទេ ប៉ុន្តែព្រះយេស៊ូវបានដាក់ភាពសុចរិតរបស់ទ្រង់លើយើង។

 

ការញែកជាបរិសុទ្ធគឺជាដំណើរការនៃការធ្វើឱ្យមនុស្សបរិសុទ្ធដោយសារព្រះជាម្ចាស់។ ព្រះជាម្ចាស់ហៅអ្នកមានបាប (ដូចជាអ្នក និងខ្ញុំ) ប្រកាសថាពួកគេបានសុចរិត ហើយបន្ទាប់មកចាប់ផ្តើមផ្លាស់ប្រែពួកគេដើម្បីឱ្យ ពួកគេមាន​ជ័យជម្នះ​លើ​អំពើបាប ហើយ​ដូច្នេះបានក្លាយទៅជាសុចរិតពិតប្រាកដ! ការនេះពាក់ព័ន្ធ ជាមួយនឹង អ្នកជឿម្នាក់ដាច់ចេញពី អំពើបាបកាន់តែច្រើនឡើង ហើយស្មោះចំពោះព្រះជាម្ចាស់កាន់តែ ច្រើនឡើង។ នៅពេលយើងធ្វើបាបកាន់តែតិចទៅៗ ហើយស្តាប់បង្គាប់តាមព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ពួកយើងកំពុងតែត្រូវបាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះយេស៊ូវ ក្លាយជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយត្រូវបានរៀបចំសម្រាប់ជីវិតដ៏អស់កល្បជានិច្ចនៅក្នុងនគររបស់ព្រះអង្គ។ នេះជាអ្វីដែលមានន័យថា ត្រូវបានញែកជាបរិសុទ្ធ។

ការប្រោសលោះគឺជាការដោះលែង ឈ្លើយឱ្យរួចចេញពី ការជាប់ឃុំឃាំង ដែលសម្រេចទៅបានតាមរយៈ ការបង់ប្រាក់លោះ។ ព្រះយេស៊ូវគឺជាអ្នកប្រោសលោះរបស់យើង ដែលបានប្រោលលោះប្រជារាស្ត្ររបស់ ទ្រង់ តាមរយៈការបង់ថ្លៃនៃតម្លៃលោះនៃសេរីភាព។ តម្លៃនៃការប្រោសលោះរបស់យើងគឺជាព្រះលោហិត របស់ព្រះយេស៊ូវ នោះគឺការសុគតរបស់ទ្រង់។ តាមរយៈការប្រទានជីវិតរបស់អង្គទ្រង់ នៅលើឈើឆ្កាង ព្រះយេស៊ូវបានតិញយើងចេញពីភាពជាទាសករនៃអំពើបាប ហើយឥឡូវនេះយើងគឺជាប្រជារាស្ត្រ របស់ទ្រង់។ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទទួលបានការប្រោសលោះ ហើយឥឡូវនេះយើងកំពុងតែរង់ចាំ ថ្ងៃនៃការប្រោសលោះ។ ថ្ងៃនៃការប្រោសលោះនឹងកើតឡើងនៅពេលដែលព្រះយេស៊ូវយាងត្រឡប់ មកវិញ ជាលើកទីពីរ នៅពេលដែលការបង្កើតទាំងស្រុងត្រូវបានរំដោះឲ្យមានសេរីភាពចេញពីគ្រប់ទាំង ផលប៉ះពាល់ទាំងអស់នៃអំពើបាប ហើយត្រូវបានស្តារឡើងវិញទៅកាន់ព្រះអម្ចាស់ និងជាចៅហ្វាយដ៏ពិត របស់វាវិញគឺព្រះយេស៊ូវ!

បទគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថាយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ (រ៉ូម ៥:៩) យើងត្រូវបានញែកជាបរិសុទ្ធដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ (ហេព្រើរ ១៣:១២) ហើយយើងត្រូវបានប្រោសលោះដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ (អេភេសូ ១:៧)។ “លោហិត” របស់ទ្រង់សំដៅលើការសុគតរបស់ទ្រង់នៅលើឈើឆ្កាងធ្វើជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង។ ភាពសុចរិត ការបរិសុទ្ធ និងការប្រោសលោះរបស់យើងពិតជាមានសារៈសំខាន់ណាស់ចំពោះព្រះយេស៊ូវ ដែលទ្រង់បានលះបង់ព្រះជន្មទ្រង់ដើម្បីសម្រេចវាឱ្យបានសម្រាប់យើង។ ព្រះអង្គធ្វើកិច្ចការនេះដោយ ការខ្ចាយព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ នេះគឺជាដំណឹងល្អ។ វាគឺជាប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលក្រុមជំនុំស្រឡាញ់ ហើយលោកិយនេះចាត់ទុកថា សេចក្តីចំកួត។ 

 

អ្នកជឿមានភាពសុចរិត ការបរិសុទ្ធ និងការប្រោសលោះដោយសារការួមប្រកបរបស់យើងជាមួយ ព្រះគ្រីស្ទ ហើយយើងនៅក្នុងព្រះគ្រីស្ទដោយសារព្រះជាម្ចាស់៖ “តែ​ដោយសារ​ព្រះ នោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង ​ព្រះគ្រីស្ទយេស៊ូវ”។ ដូច្នេះលោកប៉ុលរំលឹកប្រាប់អ្នកក្រុងកូរិនថូសថាពួកគេជំពាក់ព្រះជាម្ចាស់គ្រប់យ៉ាង។ មូលហេតុដែលពួកគេទទួលបានការសង្គ្រោះ ហើយស្គាល់ព្រះជាម្ចាស់ និងជារាស្ត្ររបស់ព្រះជាម្ចាស់គឺ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទ។ ហេតុដូច្នេះ លោកប៉ុលបញ្ចប់ដោយដកស្រង់ពី យេរេមា ៩:២៣-២៤ “អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះអម្ចាស់​ប៉ុណ្ណោះ”។

 

ដើម្បី​ឲ្យ​បាន​ត្រូវ​នឹង​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​អួត ត្រូវ​អួត​តែ​ពី​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ»។

១:៣១ តាមប្រាជ្ញារបស់មនុស្ស ការសង្គ្រោះគឺតាមរយៈការប្រព្រឹត្តិល្អ ពាក្យសម្តីមានប្រាជ្ញា និងគុណសម្បត្តិរបស់មនុស្ស។ ប៉ុន្តែព្រះជាម្ចាស់បានសម្រេចថារបៀបដើម្បីទទួលបានការសង្គ្រោះគឺ ត្រូវទុកចិត្តលើព្រះរាជបុត្រារបស់ទ្រង់ដែលបានជាប់ឆ្កាង ហើយខ្ចាយព្រះលោហិតទ្រង់ដើម្បីយើង។ ដោយសារការសង្គ្រោះទាំងអស់បានមកតាមរយៈព្រះគុណរបស់ទ្រង់ ហេតុដូច្នេះជាការសមរម្យណាស់ ដែលគ្រីស្ទបរិស័ទអួតតែពីព្រះជាម្ចាស់ដែលបានសម្រេចការសង្គ្រោះរបស់យើង និងប្រទានឱ្យយើង ជាអំណោយមកពីទ្រង់។

bottom of page