top of page

សេចក្តីអធិប្បាយពីសៀវភៅកាឡាទី 

ផ្នែកទី១ : ដំណឹងល្អ និង លោកសាវ័កប៉ុល

សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ

១:១ វាគឺជាទំនៀបទំលាប់នៅក្នុងសម័យនោះ ក្នុងការចាប់ផ្តើមផ្នែកដំបូងនៃសំបុត្រ ដោយសរសេរឈ្មោះរបស់អ្នកសរសេរសំបុត ហើយឈ្មោះរបស់អ្នកទទួល បន្ទាប់មកការសួរសុខទុក្ខ។ លោកប៉ុល បានធ្វើតាមទំនៀមទំលាប់នេះប៉ុន្តែគាត់ក៏បានបន្ថែមចំនុចចំបងជាក់ស្តែងមួយចំនួនដើម្បីបង្ហាញអទិភាព២សំខាន់នៅក្នុងសំបុត្រនេះ។ ការនោះគឺការការពារទៅកាន់ដំណឹងល្អដែលគាត់បានបង្ហាត់បង្រៀនផ្សាយ និង ការការពារមកកាន់ការត្រាស់ហៅរបស់គាត់ក្នុងនាមជាសាវ័ក។ 

 

នៅក្នុងភាសាក្រិច ពាក្យ២ដើមដំបូងគឺពាក្យ Παῦλος  ἀπόστολος មានន័យថា ប៉ុល ជាសាវ័ក។ ចំនុចទី១ ដែល លោកប៉ុលចង់ឲ្យអ្នកអានរបស់លោកដឹងថា លោកគឺជាសាវ័ក។  សាវ័កគឺមានន័យថា គឺជា នរណាម្នាក់ដែល «បានទទួលការបញ្ជូនឲ្យចេញទៅ»។ អ្នកនោះគឺជាអ្នកដំណាង។ នៅពេលដែលស្តេច ឬ រដ្ឋាភិបាលបញ្ជូនអ្នកដំណាងណាម្នាក់ឲ្យទៅអ្នកនោះមានអំណាចក្នុងការនិយាយ និង ធ្វើអ្វីៗ ដោយនៅក្នុងនាមរបស់ពួកគេ។ ព្រះយេស៊ូវបានជ្រើសរើសពួកសិស្សរបស់ទ្រង់ បន្ទាប់មកទ្រង់បានបញ្ជូនអ្នកទាំង ១២ នាក់នោះទៅ ដោយហៅពួកគេថាជា «ពួកសាវ័ក» (លូកា ៦:១៣-១៦ ម៉ាកុស ៣:១៤-១៩, ៦:៣០)។ ពួកគេគឺជាអ្នកតំណាងរបស់ទ្រង់ ហើយទ្រង់បានជ្រើសរើសពួកគេដោយផ្ទាល់ ហើយទ្រង់បានបញ្ជូនពួកគេចេញឲ្យនាំ ព្រះរាជសាររបស់ទ្រង់ចេញទៅ ដោយអំណាចចេស្តា និង សិទ្ធិអំណាចមកពីទ្រង់។ 

 

ក្រោយមក ព្រះយេស៊ូវបានបញ្ជូនសាវ័កមួយចុងក្រោយ អ្នកនោះគឺលោកប៉ុល។ សាវ័កប៉ុល «មិនមែនអំពីមនុស្ស  ឬ ដោយសារមនុស្ស»។ ព្រះវរបិតាបានបញ្ជូនលោកប៉ុល ហើយការនេះកើត ឡើងតាមរយៈការដែលព្រះយេស៊ូវបានកើតសំដែងឲ្យអង្គទ្រង់ឲ្យលោកប៉ុលឃើញ បន្ទាប់ពីពេល ដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ (កិច្ចការ៩)។ ហេតុអ្វី បានជាវាគឺជាការសំខាន់ សម្រាប់ ឲ្យអ្នកអានរបស់លោកប៉ុល ត្រូវដឹងពីការនេះ?។ ដោយសារតែការ ការត្រាស់ហៅរបស់ព្រះ មកកាន់ជីវិតរបស់លោកប៉ុល ឲ្យធ្វើជាសាវីក គឺជាប្រភពនៃសិទ្ធិអំណាច របស់គាត់។ លោកប៉ុល មិនមែនបានបញ្ចូនដោយសារមនុស្ស ឲ្យចេញទៅធ្វើការបង្រៀនអំពី គំនិតរបស់មនុស្សនោះទេ។ ប៉ុន្តែគឺជាព្រះដែលបានបញ្ជូនគាត់ ឲ្យគាត់ ធ្វើជាអ្នកតំណាងរបស់ទ្រង់ក្នុងការប្រកាសព្រះបន្ទូល របស់ទ្រង់ ហើយព្រះបន្ទូលនោះគឺជាដំណឹងល្អ។ 

 

ខ្ញុំ នឹង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី

១:២ កាឡាទីគឺជាតំបន់ធំមួយ ដែលមានទីក្រុងបួន ហើយក៏ជាកន្លែងដែលលោកប៉ុលបានធ្វើដំណើរ ឆ្លងកាត់ ក្នុងកំឡុងពេលដំណើរបេសកម្មទីមួយរបស់គាត់ (កិច្ចការ ១៣, ១៤)។ លោកប៉ុលបាន ប្រកាសផ្សាយដំណឹងល្អនៅក្នុងតំបន់នេះ ដាំដុះក្រុមជំនុំ ហើយថែមទាំងតែងតាំងឲ្យមានពួកចាស់ទុំនៅក្នុងក្រុមជំនុំនីមួយៗ។ លោកប៉ុលបានសរសេរ សំបុត្រនេះឡើង ដើម្បីផ្ងើរទៅកាន់ក្រុមជំនុំទាំងនេះ។ 

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នឹង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា 

 

១:៣ លោកប៉ុលបានជំរាបសួរទៅកាន់ពួកគាត់ ដោយការជំរាបសួរធម្មតារបស់គាត់ «ព្រះគុណ និងសេចក្តីសុខសាន្ត» ។ ព្រះគុណគឺជាអំណោយទាន មកពីព្រះ គឺជាអំណាចចេស្តាដ៏រស់រវើក របស់ព្រះនៅក្នុងជីវិតយើង។  គ្មានអ្វីដែលយើងអាចធ្វើបាន ដើម្បីធ្វើឲ្យយើងសមនឹងទទួល ព្រះគុណរបស់ទ្រង់ឡើយ។ ព្រះអង្គប្រទានមកកាន់យើង ដោយសារសេចក្តីល្អ និង សេចក្តី​​ មេត្តាករុណារបស់ទ្រង់។ យើងបានសង្គ្រោះដោយសារព្រះគុណរបស់ទ្រង់ ហើយ ដោយសារការនេះហើយ ដែលធ្វើឲ្យយើងមានសេចក្តីសុខសាន្ត។ គឺជាសេចក្តីសុខសាន្តជាមួយនឹងព្រះ ជាមួយនឹងមនុស្ស និង ជាមួយនឹងខ្លួនឯង។ 

 

ដែល​ទ្រង់​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស​ឲ្យ​យើង​បាន​រួច​ពី​លោកីយ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ‌ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង

១:៤ លោកប៉ុលបានបន្ថែមទៅការជំរាបសួររបស់គាត់ ដោយដាក់ការសង្ខេបអំពីដំណឹងល្អ ហើយ នៅក្នុងចំនុចនេះមាន ៣ ផ្នែក:

 

  • ព្រះយេស៊ូវបានប្រគល់​ព្រះអង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា

បញ្ហាដ៏ធំបំផុតរបស់មនុស្សលោកគឺជាអំពើបាប។ ដំណឹងល្អគឺជាដំណោះស្រាយរបស់ព្រះ មកកាន់ បញ្ហាអំពើបាបរបស់យើង តាមរយៈព្រះ‌ជន្ម ការសុគត និង រស់ឡើងវិញរបស់ព្រះយេស៊ូវ។ មនុស្សជា ច្រើនគិតថាអំពើបាបជារឿងតូចតាច ហើយអ្នកខ្លះទៀតគិតថា ការធ្វើបុណ្យ ឬ ការល្អ អាចលុបលាងអំពើបាបរបស់ពួកគេបាន។ ប៉ុន្តែមានតែព្រះលោហិតរ​បស់ ព្រះយេស៊ូវទេ ដែលអាច អត់ទោសអំពើបាបយើង ហើយលាងសំអាតរំដោះយើង ឲ្យរួចផុតពីអំពើបាបជារៀងរហូត។  ព្រះយេស៊ូវគឺជា «កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​ បាប​មនុស្ស​លោក» (យ៉ូហាន ១:២៩)។ ព្រះយេស៊ូវបានស្ម័គ្រចិត្តក្នុងការលះបង់ព្រះជន្មរបស់ទ្រង់សម្រាប់ការបង់ថ្លៃយ៉ាងពេញលេញលោះយើងឲ្យរួចចេញពីអំពើបាប (យ៉ូហាន ១០:១៧-១៨)។  ការលះបង់របស់ទ្រង់គឺល្អឥតខ្ចោះគ្មានអ្វីប្រៀបស្មើ ហើយគ្មានអ្វីដែលយើងអាចធ្វើបានដើម្បីបន្ថែម ពីលើការនេះនោះឡើយ។

 

  • ដើម្បី​នឹង​ប្រោស ឲ្យយើង​​បាន​រួច​ពី​លោកីយ៍ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ

ការនេះបានប្រាប់យើងអំពីគោលបំណង នៃការលះបង់របស់ព្រះយេស៊ូវ គឺដើម្បីសង្គ្រោះមនុស្សលោក។ យើងទាំងអស់គ្នា ត្រូវការការប្រោសឲ្យបានរួចពីលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ។ នៅសព្វ ថ្ងៃនេះលោកីយ៍មានការអាក្រក់ជាច្រើន ដោយសារតែមនុស្ស មិនព្រមចុះចូលទទួលស្គាល់ច្បាប់របស់ព្រះ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យពួកគេរស់នៅក្នុងភពងងឹត និងនៅក្នុងភាពមិនអើពើ ចំពោះសេចក្តីពិត (យ៉ូហាន ៣:១៩; ២ កូរិនថូស ៥:១៨-២១; អេភេសូរ ៤:១៨; ១ យ៉ូហាន ២:១៦)។ យើងបានទទួលការសង្គ្រោះនៅពេលដែលយើងបានរួចចេញពីអំពើបាប និងការឲ្យ តំលៃខុសឆ្គងរបស់សម័យនេះ ហើយបានទទួលការផ្សះផ្សារជាមួយនឹងព្រះ (កូឡូស ១:១១-១៤; ២ កូរិនថូស ៥:១៨- ២១)។ ការសង្គ្រោះនេះនឹងបានពេញលេញនៅពេលដែល ព្រះយេស៊ូវយាងមកវិញជាលើកទីពីរដើម្បីបញ្ចប់សម័យអាក្រក់នេះ ហើយទ្រង់នឹងនាំឲ្យមានសម័យសុចរិតវិញ។   

 

  • តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង

ការនេះប្រាប់យើងពីប្រភពនៃដំណឹងល្អមកពីណា គឺមកពីព្រះដ៏ជាព្រះវរបិតា។ ការដែលព្រះយេស៊ូវ បានលះបង់ ដើម្បីសង្គ្រោះយើង គឺជាផែនការរបស់ព្រះវរបិតា (កិច្ចការ ២:២២-២៤)។ ព្រះយេស៊ូវបានស្តាប់បង្គាប់ទៅឯឈើឆ្កាងទៅតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតា (ម៉ាថាយ ២៦:៣៦-៤៦)។ នៅពេលដែលយើងយល់ពីការនេះ យើងនឹងឃើញពីសេចក្តីស្រលាញ់ និង សេចក្តីមេត្តាករុណាដ៏ធំធេងរបស់ព្រះវរបិតា ដែលទ្រង់ហ៊ានប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់សំរាប់ យើងរាល់គ្នា។ ព្រះអង្គទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ដើម្បីសម្រេចការប្រោសលោះមកកាន់ជីវិតរបស់យើងដើម្បីឲ្យទ្រង់បានក្លាយជាឪពុកព្រះបិតាទៅកាន់អស់អ្នកដែលបានជឿលើព្រះយេស៊ូវ (យ៉ូហាន ១:១២-១៣; ២០:១៧; កាឡាទី ៤:៤-៥)។

 

នេះហើយគឺជាដំណឹងល្អ។ ដំណឹងល្អគឺមិនមែនអំពី អ្វីដែលយើងធ្វើសម្រាប់ព្រះ តែដំណឹងល្អគឺអំពី អ្វីដែលព្រះបានធ្វើសម្រាប់យើងវិញ។ ដំណឹងល្អគឺជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះដល់​អស់​អ្នក​ណា ​ដែល​ជឿ (រ៉ូម ១:១៦) ។ ព្រះដ៏ជាព្រះវរបិតាបាន រៀបចំផែនការឡើង ហើយព្រះយេស៊ូវជាព្រះរាជបុត្រារបស់ទ្រង់ បានធ្វើឲ្យផែនការនេះបានសម្រេច។ ដំណឹងល្អគឺមកពីព្រះ។ នេះហើយជាមូលហេតុដែលលោកប៉ុលបានហៅដំណឹងល្អនេះថា «ដំណឹងល្អរបស់ព្រះ» (រ៉ូម ១៥:១៦) «ដំណឹងពីសិរីល្អនៃព្រះដ៏មានពរ» (១ ធីម៉ូថេ ១:១១) ហើយ «រស្មីពន្លឺនៃដំណឹងល្អ ដែលសម្តែងពីសិរីល្អនៃព្រះគ្រីស្ទ» (២ កូរិនថូស ៤:៤)។ ដំណឹងល្អមិនមែនគឺជាសាសនានោះទេ ហើយក៏មិនមែនជាទស្សនៈវិជ្ជាដែរ ប៉ុន្តែដំណឹងល្អគឺជា ផែនការរបស់ព្រះ។ 

សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ដល់​អស់​‌កល្ប​ជានិច្ច​រៀង​ត​ទៅ អាម៉ែន។

 

១:៥ នៅត្រង់ខនេះបាននិយាយយ៉ាងច្បាស់ពីគោលបំណងនៃដំណឹងល្អ ។ គឺដើម្បីថ្វាយសិរីល្អទាំង អស់ទៅកាន់ព្រះ! ព្រះអង្គទទួលបានគ្រប់ទាំងសិរីល្អ ព្រោះថាដោយព្រះគុណរបស់ទ្រង់ ទ្រង់បាន សង្គ្រោះមនុស្សមានបាប ដែលមិនសក្តិសមទទួលការសង្គ្រោះ ។ គ្រប់ទាំងសិរីល្អជារបស់ ផងទ្រង់ ដោយសារតែ មានតែទ្រង់ទេ ដែលអាចធ្វើកិច្ចការនេះ ហើយបានសម្រេចការនេះ។ គ្រប់យ៉ាង ដែលមានការពាក់ព័ន្ធជាមួយនឹងការសង្គ្រោះរបស់យើង គឺកើតឡើងដោយសារព្រះគុណ របស់ ទ្រង់។ ហើយវាគ្មានពាក់ព័ន្ធជាមួយនឹងអំពើល្អ និង ការប្រព្រឹត្តរបស់យើងនោះទេ។ យើងបាន សង្គ្រោះដោយសារតែព្រះគុណរបស់ព្រះ តាមរយៈសេចក្តីជំនឿជឿលើព្រះគ្រីស្ទតែមួយគត់។ អស់ អ្នកដែលយល់ពីដំណឹងល្អ ដឹងថាគ្រប់ ទាំងសិរីល្អគឺជារបស់ផងព្រះ ហើយពួកគេរស់នៅដើម្បីថ្វាយ សិរីល្អទៅកាន់ទ្រង់។ 

 

គ្មានដំណឹងល្អណាផ្សេងទៀតទេ

ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ‌គុណ ​នៃ​ព្រះ‌គ្រីស្ទ ជា​ឆាប់​ម៉្លេះ នឹង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ 

១:៦ លោកប៉ុលបានឆ្ពោះទៅកាន់ការនិយាយពីគោលដៅ នៃការដែលគាត់សរសេរសំបុត្រនេះ។ គាត់ឆ្ងល់ណាស់ ចំពោះការដែលក្រុមជំនុំ ដែលគាត់ទើបតែបានដាំ (ប្រហែល ២ ឆ្នាំមុន) បានកំពុងតែចាប់ផ្តើមផ្លាស់ប្រែចេញពីដំណឹងល្អ!។ លោកប៉ុលបានសរសេរសំបុត្រនេះផ្ងើរទៅ កាន់ ពួកគាត់ ដើម្បីកុំឲ្យពួកគាត់ បែរចេញឆ្ងាយពីដំណឹងល្អរបស់ព្រះ។ 

 

លោកប៉ុលបានផ្សាយដំណឹងល្អ ហើយបង្រៀនដំណឹងល្អទៅកាន់ពួកគាត់ ប៉ុន្តែក្រោយមកមាន គ្រូបង្រៀនផ្សេងទៀតបានមក ហើយបានដាក់បន្ថែមទៅលើសេចក្តីបង្រៀនរបស់លោកប៉ុល។ នៅ ពេលយើងបន្តអានសំបុត្រនេះទៅមុខទៀត យើងនឹងឃើញយ៉ាងច្បាស់ថា «ដំណឹងល្អផ្សេងទៀត» គឺជាអ្វី ប៉ុន្តែយ៉ាងណាមិញយើងបានឃើញហើយថា ដំណឹងល្អនោះមិនមែនផ្តោតទៅលើ ព្រះអង្គ នោះទេ។ តាមរយៈការទទួលដំណឹងល្អផ្សេងទៀតនេះ ធ្វើឲ្យពួកកាឡាទីជាច្រើនបានចាប់ផ្តើម ផ្លាស់ប្រែ បែរចេញពីព្រះ (បោះបង់ព្រះ) ដែលបានត្រាស់ហៅពួកគេ។ 

 

ពាក្យ «ផ្លាស់ប្រែចេញ (បោះបង់ចោល ឬ រត់ចោលជួរ)» គឺជាពាក្យដែលគេបានប្រើនៅក្នុងជួរ ទាហាន សម្រាប់ពួកទាហានក្បត់រត់ចោលជួរ។ ទាហាននោះដូរខាង ហើយទៅចូលដៃចូលជើង ជាមួយនឹងសត្រូវ។ ពួកគាត់បានបែរចេញពីដំណឹងល្អ ហើយនេះរាប់ថាជាការបែរ ចេញពីព្រះ ព្រោះថាដំណឹងល្អគឺជាផែនការរបស់ព្រះ។ ព្រះអង្គបានត្រាស់ហៅពួកគេដោយព្រះគុណ តែពួកគេ បែរជាផ្លាស់ជំនឿ ទៅជឿលើដំណឹងល្អក្លែងក្លាយ ដែលគឺជាដំណឹងល្អ នៃការប្រព្រឹត្តវិញ។ គ្រប់ទាំង ដំណឹងល្អក្លែងក្លាយទាំងអស់មាន ការស្រដៀងគ្នា ហើយនោះគឺជា ការបង្រៀនបង្វែរមនុស្ស ឲ្យងាកបែរចេញពីការផ្តោតទៅកាន់ព្រះ ហើយធ្វើឲ្យពួកគេផ្តោតទៅលើ គំនិត ទស្សនៈ ប្រពៃណីទំនៀម ទំលាប់ និង មហិច្ឆតារបស់មនុស្សវិញ។  

ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ផង

 

១:៧ មានតែដំណឹងល្អតែមួយគត់។ ដំណឹងល្អផ្សេងៗទៀតមិនមែនជាដំណឹងល្អដ៏ពិតនោះទេ។ ដូច្នេះអ្នកជឿព្រះទាំងអស់ត្រូវតែ រៀនស្គាល់ឲ្យបានច្បាស់អំពីដំណឹងល្អរបស់ព្រះ។ 

 

ពួកអ្នកដែលបង្រៀនពីដំណឹងល្អក្លែងក្លាយគឺជា ពួកអ្នកកាន់សាសនាយូដា ‘Judaizers’ គឺជាពួក ដែលរស់នៅតាមទំនៀមទំលាប់របស់ពួកយូដា។ ពីសំបកក្រៅពួកគាត់មើលទៅ ដូចជាពួកគ្រីស្ទាន។ ពួកគេមិនបានបដិសេធការពិតរបស់ដំណឹងល្អនោះទេ ហើយក៏មិនបានដកអ្វីចេញពីដំណឹងល្អ ដែរ ប៉ុន្តែពួកគេបានបន្ថែមទៅកាន់ដំណឹងល្អ។ ពួកគេបានបង្រៀនថា ដើម្បីឲ្យបានសង្គ្រោះ គឺទាមទារ ឲ្យមាន សេចក្តីជំនឿជឿលើព្រះគ្រីស្ទ និង ធ្វើការស្តាប់បង្គាប់កាន់តាម ក្រឹត្យវិន័យរបស់ លោកម៉ូសេ (កិច្ចការ ១៥:១-៥)។ លោកប៉ុលបាននិយាយថា នេះគឺជាការបង្ខូចដំណឹងល្អ។ នៅក្នុងភាសាក្រិច ពាក្យថា «បង្ខូច» មានន័យថាធ្វើឲ្យអ្វីមួយមានភាពផ្ទុយ ឬ ខុសពីភាពដើម ដែលបណ្តាលក្លាយជាអ្វី ដែលខុសប្លែកពីមុនទាំងស្រុង។ លោកលូកា បានប្រើពាក្យនេះពណ៌នា ពីថ្ងៃដែលបានប្រែជាងងឹត (កិច្ចការ ២:២០) ហើយលោកយ៉ាកុបបានប្រើពាក្យ ចូរឲ្យសំណើច បាន​ត្រឡប់ទៅជាដំងូរ (យ៉ាកុប ៤:៩)។ ដូចនេះការ «បង្ខូចដំណឹងល្អ» គឺជាការដែលធ្វើឲ្យ ដំណឹងល្អនោះមានភាពផ្ទុយស្រលះ ទៅភាពដើមពិតប្រាកដរបស់ដំណឹងល្អនោះ។ 

 

ដំណឹងល្អ គឺជាការដែលយើងរាល់គ្នាបានសេចក្តីសង្គ្រោះដោយសារព្រះគុណ តាមរយៈការសេចក្តី ជំនឿជឿលើព្រះគ្រីស្ទ។ នោះគឺជាការដែលព្រះគ្រីស្ទបានធ្វើដើម្បីសង្គ្រោះយើង ហើយនោះមិនមែន ជាការដែលយើងបានធ្វើនោះទេ។ សេចក្តីសង្គ្រោះ គឺជាអំណោយទានដែលព្រះប្រទានមកកាន់ យើង ហើយមិនមែនជា អ្វីដែលយើងខំប្រឹងធ្វើការ ដើម្បីឲ្យទទួលបាននោះទេ។ ការប្រព្រឹត្តល្អ គឺជាការ ដែលនឹងកើតឡើង បន្ទាប់ពីពេលដែលយើងបានសង្គ្រោះហើយ ហើយយើងការអាចធ្វើ ការល្អទាំងនេះបាន ដោយសារតែការដឹកនាំ និង ការប្រទានព្រះចេស្តារបស់ព្រះមកកាន់ជីវិតយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែពួកសាសនាយូដាបាននិយាយថា ដើម្បីឲ្យអាចទទួលបាន សេចក្តីសង្គ្រោះ ពួកជំនុំកាឡាទី ត្រូវតែធ្វើការប្រព្រឹត្តតាមក្រឹត្យវិន័យច្បាប់សាសនា។ នេះគឺជាការ បង្ខូចដំណឹងល្អ។ ពួកគេកំពុងតែបង្វែរដំណឹងល្អនៃព្រះគុណរបស់ព្រះ ទៅកាន់មនុស្សមានបាប ឲ្យទៅជាសាសនា នៃការព្យាយាមទទួលបាន ការទទួលស្គាល់ពីព្រះតាមរយៈការប្រព្រឹត្តវិញ។ 

 

ការជឿថាសេចក្តីសង្គ្រោះគឺជាអ្វីដែលអាចទទួលបាន តាមរយៈការប្រព្រឹត្ត គឺមិនមែនគ្រាន់តែជាការ យល់ខុសទៅ កាន់សេចក្តីសង្គ្រោះតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការយល់ខុសទៅកាន់ព្រះថែមទៀត ផង។ ហើយការនេះមិនបានថ្វាយ សិរីល្អទៅកាន់ព្រះ ដូចតាមការដែលទ្រង់សក្តិសមទទួលឡើយ។ នេះគឺជាការបរាជ័យ ក្នុងការទទួលស្គាល់ថា ព្រះអង្គគឺជាព្រះ ដែលពេញដោយសេចក្តីស្រលាញ់ សេចក្តីមេត្តាករុណា និង ពេញដោយព្រះគុណ។ ដូច្នេះការស្គាល់ដំណឹងល្អដ៏ពិត គឺជាមូលដ្ឋាន គ្រឹះយ៉ាងសំខាន់ សម្រាប់ឲ្យយើង មានការយល់ដឹងត្រឹមត្រូវទៅកាន់ព្រះ និង មានការថ្វាយបង្គំ ត្រឹមត្រូវទៅកាន់ទ្រង់ផងដែរ។ 

ឥទ្ធិពលនៃការបង្ខូចដំណឹងល្អរបស់ពួកគ្រូក្លែងក្លាយ ធ្វើឲ្យពួកជំនុំកាឡាទីមានភាពស្លន់ស្លោ និងរកាំចិត្ត។ ពួកក្រុមជំនុំ នៅកាឡាទីបានជឿថា ព្រះបានសង្គ្រោះពួកគេនៅពេល ដែលពួកគេបានទទួលដំណឹងល្អដោយសេចក្តីជំនឿ។ ក្រោយមក ពួកគ្រូបង្រៀនក្លែងក្លាយបានមកដល់ ហើយ និយាយថា ព្រះមិនទាន់បានសង្គ្រោះពួកគេនោះទេ ហើយ ថា ដើម្បីឲ្យពួកគេទទួលបានសេចក្តី សង្គ្រោះពេញលេញ ពួកគេត្រូវតែធ្វើតាមច្បាប់ក្រឹត្យវិន័យសាសនាយូដា។ ឥឡូវ ពួកជំនុំកាឡាទីមាន អារម្មណ៍ត្រូវគេអង្រួន។ ហើយពួកគាត់មានការថប់អារម្មណ៍ និង ស្លន់ស្លោ ដែលមិនមែនជាអ្វី ដែល ព្រះយេស៊ូវចង់ឲ្យកើតមានចំពោះពួកជំនុំរបស់ទ្រង់នោះឡើយ។ ហើយតាមការពិត ព្រះយេស៊ូវ បានប្រើពាក្យនេះ ប្រាប់អ្នកដើរតាមទ្រង់ថាកុំឲ្យមានអារម្មណ៍ដូច្នេះ ( យ៉ូហាន ១៤:១ ១៤:២៧)។

ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ ឯ​សេចក្ដី​ដែល​ខ្ញុំ​ទើប​នឹង​និយាយ​អម្បាញ់‌មិញ​នេះ នោះ​ខ្ញុំ​និយាយ ​ម្តង​ទៀត​ថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ ​បណ្តាសា​ចុះ 

 

១:៨-៩ ដំណឹងល្អមានអំណាចចេស្តា ដោយសារតែ ដំណឹងល្អគឺជាសេចក្តីពិតរបស់ព្រះ។ លោក ប៉ុលបាននិយាយថា បើ​អ្នក​ណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹង​ល្អនេះ នោះ​ឲ្យ​គេត្រូវ​បណ្តាសា ​ចុះ។ ការត្រូវបណ្តាសាមានន័យថា ត្រូវដាច់ចេញឆ្ងាយពីព្រះ ហើយទទួលសេចក្តីហិនវិនាស (ម៉ាថាយ ២០:៤១)។ នេះគឺជាការដាក់ទោសដ៏អស់កល្បជានិច្ច។ នេះហើយគឺជាលទ្ធផល នៃការ បង្រៀន អំពីដំណឹងល្អក្លែងក្លាយ។ លោកប៉ុលកំពុងនិយាយថា អ្នកណាក៏ដោយ ដែលបង្រៀន ដំណឹងល្អ ក្លែងក្លាយនឹងទទួលទោស សូម្បីតែគាត់ក៏អាចទទួលទោសបានដែរ ប្រសិនបើគាត់ បង្រៀនដំណឹងល្អក្លែងក្លាយដែរ។ 

 

ហេតុអ្វីបានជាលោកប៉ុលហ៊ាន និយាយខ្លាំងៗ ដល់ថ្នាក់នេះ?  ដោយសារតែដំណឹងល្អគឺជាផែនការ របស់ព្រះ ដើម្បីសង្គ្រោះទៅកាន់មនុស្ស។ ហើយទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់ ឲ្យសម្រេចការ នេះ។  ការនេះបង្ហាញថាដំណឹងល្អមានសារៈសំខាន់ប៉ុណ្ណាទៅកាន់ទ្រង់! ការបង្រៀនមនុស្សអំពី ដំណឹងល្អក្លែងក្លាយ គឺជាការនាំឲ្យពួកគេវង្វេងចេញឆ្ងាយពីព្រះ ចេញឆ្ងាយពីផែនការនៃសេចក្តី សង្គ្រោះរបស់ទ្រង់ ហើយដឹកនាំពួកគេទៅភាពងងឹតខាងវិញ្ញាណ។ នេះគឺជាអ្វីដែលសមទទួលការកាត់ទោស។

ដ្បិត​តើ​ខ្ញុំ​រក​បញ្ចុះ‌បញ្ចូល​អ្នក​ណា តើ​ជា​មនុស្ស ឬ​ព្រះ ឬ​ចង់​បំពេញ​ចិត្ត​មនុស្ស​ឬ​អី បើ​សិន​ជា​ខ្ញុំ​ចង់​បំពេញ ​ចិត្ត​មនុស្ស នោះ​ខ្ញុំ​មិន​មែន​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​ទេ។

 

១:១០ ពួកសាសនាយូដាបានបង្រៀនទៅកាន់ពួកជំនុំកាឡាទីថា ដើម្បីទទួលបានសេចក្តីសង្គ្រោះ ពួកគេត្រូវតែ កាន់តាមក្រឹត្យវិន័យនៃការកាត់ស្បែក កាន់ក្រឹត្យវិន័យអាហារ និង ការកាន់តាមថ្ងៃ ពិសេសផ្សេងៗ (កាឡាទី ៤:១០, ៥:១១)។   លោកប៉ុលដឹងថា ចំនុចទាំងនេះមិនមែនជាអ្វីដែលចាំ បាច់ត្រូវធ្វើនោះឡើយ ដូច្នេះគាត់មិនបង្រៀនពីការទាំងនេះនោះទេ។ មើលទៅវាហាក់ដូចជាពួក សាសនាយូដា បានចោទប្រកាន់ទៅកាន់លោកប៉ុលថា គាត់បានបានបង្រៀនដំណឹងល្អ មិនពេញ លេញ បង្រៀនតែអ្វីស្រួលៗ ដើម្បីឲ្យគាត់បានទទួលបានមុខមាត់ និង ការពេញចិត្តពីពួកជំនុំកាឡាទីតែប៉ុណ្ណោះ។ ប៉ុន្តែ លោកប៉ុលមិនបានផ្លាស់ប្តូរព្រះបន្ទូលនៃដំណឹងល្អ ដែលព្រះយេស៊ូវបានប្រទាន មកកាន់គាត់ ដើម្បីគាប់ចិត្តមនុស្សនោះទេ។ លោកប៉ុល គឺជាបាវបម្រើរបស់ព្រះគ្រីស្ទ។ បាវបម្រើរបស់ព្រះគ្រីស្ទមិនស្វែងរកការទទួលស្គាល់ពីមនុស្សនោះឡើយ។ តែពួកគាត់ខំប្រឹងប្រែង ចង់តែគាប់ ព្រះហឫទ័យចៅហ្វាយរបស់ពួកគាត់ ដោយធ្វើការល្អ និង បម្រើដោយភាពស្មោះត្រង់ (២ កូរិនថូស ៥:៩)។

ទីបន្ទាល់របស់លោកប៉ុល

បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់ នោះ​មិន​មែន​តាម​មនុស្ស​ទេ ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​មក​ពី​មនុស្ស ក៏​គ្មាន​អ្នក​ណា​បង្រៀន​ខ្ញុំ​ផង គឺ​ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​បើក​សំដែង​វិញ 

១:១១-១២ វាជាការសំខាន់សម្រាប់ពួកជំនុំកាឡាទីក្នុងការដឹងពី របៀបដែលលោកប៉ុលបានទទួល ដំណឹងល្អ ដែលគាត់បានបង្រៀនទៅកាន់ពួកគេ។ ដើម្បីជួយឲ្យពួកគេដឹងពីសិទ្ធិអំណាចនៃដំណឹងល្អ ហើយមានទំនុកចិត្ត ទុកចិត្តទៅលើដំណឹងល្អនោះ។ លោកប៉ុលបាននិយាយយ៉ាងច្បាស់ ថាគាត់បានទទួលដំណឹងល្អផ្ទាល់ពីព្រះយេស៊ូវ គឺដោយទ្រង់បាននាំការបើកសំដែងមកកាន់គាត់ (កិច្ចការ ៩:១-៩; ២២:៦-១០, ២៦:១៣-១៨⁣; ១ កូរិនថូស ១៥:៨; អេភេសូរ ៣:២-៣)។ គាត់មិន បានទទួល ដំណឹងល្អមកពីមនុស្សណាទេ ហើយគាត់ក៏មិនបានបង្កើតដំណឹងល្អនេះដោយខ្លួនឯង ដែរ។ 

អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​កិរិយា​របស់​ខ្ញុំ នៅ​ក្នុង​សាសនា​ពួក​យូដា​កាល​ពី​ដើម ថា​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន ហើយ​បំផ្លាញ​ដល់​ពួក​ជំនុំ​នៃ​ព្រះ​ជា​ខ្លាំង​ណាស់ ហើយ​ថា ខ្ញុំ​កំពុង​តែ​ជឿន​ឡើង​ក្នុង​សាសនា​របស់​ពួក​យូដា លើស​ជាង​ពួក​សាសន៍​ខ្ញុំ ដែល​ស្រករ​នឹង​ខ្ញុំ​ជា​ច្រើន​ដែរ ពី​ព្រោះ​ខ្ញុំ​មាន​ចិត្ត​ឧស្សាហ៍ តាម​សណ្តាប់​បុរាណ​ របស់​ពួក​ឰយុកោ​ខ្ញុំ លើស​ជាង​គេ​សន្ធឹក 

 

១:១៣-១៤ ឥឡូវនេះលោកប៉ុលធ្វើការចែកចាយទីបន្ទាល់របស់គាត់។ លោកប៉ុលមិនបានផ្លាស់ប្តូរ ដំណឹងល្អនោះទេ តែផ្ទុយទៅវិញគឺ ដំណឹងល្អទេតើ ដែលបានផ្លាស់ប្រែជីវិតរបស់គាត់វិញ។ 

 

ជំនឿយូដានិយម គឺជា សាសនាយូដា ហើយក៏ជារបៀបនៃការរស់នៅមួយដែរ។ ពីដើម លោកប៉ុលគឺ ជាអ្នកមានចិត្តឧស្សាហ៍យ៉ាងខ្លាំងចំពោះ ប្រពៃណី និង វប្បធម៌របស់គាត់។ ចិត្តឧស្សាហ៍របស់គាត់ បានបណ្តាលឲ្យគាត់ ព្យាយាមបំផ្លាញក្រុមជំនុំ។ ហេតុអ្វី? ដោយសារតែក្រុមជំនុំបានប្រកាសថា ព្រះមែស្សុីបានយាងមកហើយ ហើយទ្រង់ត្រូវបានគេឆ្កាង ដើម្បីសង្គ្រោះអ្នកជឿលើទ្រង់ នៅក្នុងគ្រប់ អស់ទាំងសាសន៍។ នេះគឺជាអ្វីដែលផ្ទុយស្រលះ ពីការរំពឹងទុករបស់ពួកយូដាអំពីព្រះមែស្សុី។ ពួកគេ បានគិតថាព្រះមែស្សុីនឹងមក ដើម្បីយកឈ្នះទៅកាន់អាណាចក្ររ៉ូម ហើយនាំឲ្យអ៊ីស្រាអែលមាន អំណាច និង ភាពចម្រុងចម្រើនឡើងវិញ។ ដូច្នេះហើយបានជា លោកប៉ុលបានធ្វើទុក្ខបៀតបៀនក្រុមជំនុំ ដោយសារតែគាត់គិតថាដំណឹងល្អដែលក្រុមជំនុំប្រកាស គឺជាគ្រោះថ្នាក់ទៅកាន់គោលជំនឿនៃវប្បធម៌របស់គាត់។ 

ប៉ុន្តែ កាល​ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​ទ្រង់ 

 

១:១៥  ប៉ុន្តែព្រះបានជ្រើសរើសលោកប៉ុលដាច់ដោយឡែក សម្រាប់ឲ្យបម្រើទ្រង់។ តើព្រះ អង្គបានធ្វើការនេះនៅពេលណា? គឺនៅពេលដែលលោកប៉ុលនៅក្នុងផ្ទៃម្តាយរបស់គាត់។ ព្រះអង្គ បានជ្រើសរើសលោកប៉ុល ហើយញែកគាត់ឲ្យដាច់ដោយឡែករួចជាស្រេចមុនពេលដែល គាត់បាន កើតមកម្ល៉េះ។ ក្រោយលោកប៉ុលព្យាយាមញែកខ្លួនដាច់ដោយ តាមរយៈការក្លាយជា ផារីស៊ី (ពាក្យថា ផារីស៊ីមានន័យ អស់អ្នកដែលបានញែកចេញ)។ ការក្លាយខ្លួនជាផារីស៊ី បានធ្វើឲ្យលោក ប៉ុលក្លាយ ជាអ្នកកាន់សាសនាយ៉ាងសំខាន់ម្នាក់ តែការនេះមិនបានធ្វើឲ្យលោកប៉ុលញែកចេញដាច់ ដោយឡែកសម្រាប់ព្រះនោះឡើយ។ ចូរឲ្យយើងកត់សំគាល់ពីរបៀប ដែលគាត់និយាយពីជីវិតរបស់ គាត់: «ខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំ» «ខ្ញុំកំពុងតែជឿនឡើង»។ ជីវិតរបស់ លោកប៉ុល គឺជាការគ្រប់យ៉ាងដែលគាត់ធ្វើ ព្យាយាមចង់បានភាពសុចរិត ស្របទៅតាមសាសនានៃវប្បធម៌របស់គាត់។ 

 

ប៉ុន្តែ នៅពេលដែលលោកប៉ុល បានស្គាល់ព្រះអង្គជាព្រះដ៏ពិត គាត់បានដឹងខ្លួនថាជីវិតរបស់គាត់ គឺជាអ្វីគ្រប់យ៉ាង ដែលព្រះបានធ្វើ : «កាលព្រះដែលរើសខ្ញុំ» «ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​ទ្រង់» «បាន ​សព្វ​ព្រះហឫទ័យ នឹង​បើក​សំដែង​ព្រះរាជបុត្រា​ទ្រង់»។ ជីវិតគ្រីស្ទបរិស័ទចាប់ផ្តើមពិតប្រាកដនៅ ពេលលោកអ្នកដឹងថា វាមិនមែនផ្តោតទៅលើអ្វីដែលយើងអាចធ្វើអ្វីមួយឲ្យបានសម្រេច ដើម្បីទទួល បានសេចក្តីសុចរិតនោះទេ ប៉ុន្តែគឺជាការផ្តោតទៅលើអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង ដើម្បីឲ្យយើងបានជាសុចរិត។ បន្ទាប់មក ការផ្តោតទៅលើជីវិតរបស់យើង ក្លាយជាការផ្តោតទៅលើព្រះអង្គ និង អ្វីដែលព្រះអង្គចង់ធ្វើតាមរយៈអ្នករាល់គ្នា ស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ 

 

យើងអាចឃើញនៅ ក្នុងទីបន្ទាល់នៃជីវិតរបស់លោកប៉ុលថា ព័ន្ធកិច្ចរបស់គាត់ពិតជាផែនការ របស់ព្រះមែន។ ហើយវាជា ការច្បាស់ក្រលែតថា វាមិនមែនជាផែនការរបស់លោកប៉ុលនោះទេ។ ក្នុងនាមជាសាសន៍យូដាដែលមាន ចិត្តឧស្សាហ៍ និង ជាផារីស៊ី ជីវិតរបស់លោកប៉ុលតែងតែរជាការ ចង់ញែកខ្លួនដាច់ចេញពីពួកសាសន៍ដទៃ។ តែលោកប៉ុលបែរជាចាប់ផ្តើម ប្រកាសប្រាប់ទៅកាន់ពួកសាសន៍ដទៃអំពីព្រះគុណ របស់ព្រះវិញ ដើម្បីជាការសាងសង់ក្រុមជំនុំ ដែលពីមុន គាត់ព្យាយាម បំផ្លាញ! តើអ្នកណាបាន ធ្វើឲ្យមាន ការប្រែប្រួលយ៉ាងខ្លាំងដល់ថ្នាក់នេះ នៅក្នុងជីវិតរបស់លោកប៉ុល? គឺព្រះអង្គ។ ព្រះអង្គបានជ្រើសរើសលោកប៉ុល មុនពេលដែលគាត់ បានកើតមកម្ល៉េះ។ បន្ទាប់មក ព្រះអង្គបានត្រាស់ហៅលោកប៉ុល នៅតាមផ្លូវទៅកាន់ក្រុងដាម៉ាស។ ព្រះអង្គមិនបានត្រាស់ហៅ លោកប៉ុល ដោយសារតែអ្វីដែលគាត់បានធ្វើពីមុន ហើយក៏មិនមែនដោយសារតែសាសនា របស់គាត់ ឬ កិច្ចការប្រព្រឹត្តរបស់គាត់ដែរ ដែលការទាំងនោះ សុទ្ធតែជាការទាស់ប្រឆាំងជាមួយ នឹងព្រះក៏ដោយ។ តើអ្វីបណ្តាលឲ្យព្រះអង្គត្រាស់ហៅរបស់លោកប៉ុល? នោះគឺដោយសារតែ ព្រះគុណរបស់ទ្រង់ តែមួយប៉ុណ្ណោះ។ 

បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​បើក​សំដែង​ព្រះ‌រាជ‌បុត្រា​ទ្រង់ មក​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ទ្រង់ ដល់​ពួក​សាសន៍​ដទៃ នោះ​ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​នឹង​សាច់​ឈាម​ទេ ក៏​មិន​បាន​ឡើង​ទៅ​ឯ​ពួក​អ្នក ដែល​ជា​សាវក​មុន​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡិម​ដែរ គឺ​បាន​ឡើង​ទៅ​ឯ​ស្រុក​អារ៉ាប់​ភ្លាម រួច​ត្រឡប់​ទៅ​ក្រុង​ដាម៉ាស​វិញ

 

១:១៦-១៧ តើព្រះអង្គបានត្រាស់ហៅលោកប៉ុលដោយរបៀបណា? គឺតាមរយៈការបើកសំដែង ព្រះរាជបុត្រារបស់ទ្រង់ទៅកាន់គាត់។ មុនដំបូង ព្រះអង្គបានបើកសំដែងព្រះរាជបុត្រាទ្រង់ទៅកាន់ លោកប៉ុល នៅពេលដែលគាត់បានឃើញព្រះយេស៊ូវ ក្នុងកំឡុងដែលគាត់ធ្វើដំណើរនៅតាមផ្លូវទៅ កាន់ក្រុងដាម៉ាស។ បន្ទាប់មកទ្រង់បានបើកសំដែងពីព្រះយេស៊ូវ នៅក្នុងជីវិតរបស់លោកប៉ុល និង ព័ន្ធកិច្ចរបស់គាត់ ដើម្បីឲ្យមនុស្សផ្សេងទៀតអាចឃើញព្រះយេស៊ូវ។ នេះគឺជាការពិតកើតឡើងនៅ ក្នុងជីវិតរបស់អ្នកជឿទាំងអស់។ ដំបូង ព្រះយេស៊ូវបានបើកសំដែងអង្គទ្រង់មកកាន់យើងរាល់គ្នា ដើម្បីឲ្យយើងអាចស្គាល់ទ្រង់។ បន្ទាប់មកទ្រង់បើកសំដែងអង្គទ្រង់នៅក្នុងយើង ដើម្បីឲ្យអ្នកដទៃ អាចឃើញទ្រង់តាមរយៈជីវិតរបស់យើង។ 

លោកប៉ុលបានបង្ហាញយ៉ាងច្បាស់ថា គាត់មិនបានទៅពិគ្រោះសួរអំពីដំណឹងពីនរណាម្នាក់ទេ ហើយ ក៏មិនបានទៅពិគ្រោះសួរពីពួកសាវ័កផងដែរ។ ទាំងដំណឹងល្អ និង ការត្រាស់ហៅឲ្យប្រកាសដំណឹង ល្អទៅកាន់ពួកសាសន៍ដទៃ សុទ្ធតែជាការដែលព្រះយេស៊ូវបានប្រទានមកកាន់ជីវិត របស់លោកប៉ុលដោយផ្ទាល់។

លុះ​ក្រោយ​៣​ឆ្នាំ​មក ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ក៏​នៅ​ជា​មួយ ​នឹង​លោក​អស់​១៥​ថ្ងៃ តែ​មិន​បាន​ឃើញ​ពួក​សាវក​ឯ​ទៀត​ទេ ឃើញ​តែ​យ៉ាកុបជា​ប្អូននៃ​ព្រះ‌អម្ចាស់ ​ប៉ុណ្ណោះ 

 

១:១៨-១៩ បីឆ្នាំក្រោយមក លោកប៉ុលបានទៅក្រុងយេរូសាឡិម «ដើម្បីឲ្យបានស្គាល់» (ἱστορῆσαι) លោក ពេត្រុស។ នៅក្នុងភាសាក្រិច ការនេះមានន័យថាការស្វែងយល់អំពីប្រវត្តរបស់ នរណាម្នាក់។ លោកប៉ុលចង់ជួបជាមួយនឹងលោកពេត្រុស ដើម្បីស្គាល់ពីរឿងរ៉ាវនៃជីវិតរបស់គាត់។ គាត់មិនបានទៅ ដើម្បីសិក្សាស្វែងយល់ពីដំណឹងល្អពីលោកពេត្រុសនោះទេ។ លោកប៉ុលបាន ចំណាយពេលនៅក្នុងក្រុងយេរូសាឡិមតែ ១៥ ថ្ងៃប៉ុណ្ណោះ ហើយគាត់បានចំណាយមួយចំនួននៃពេលវេលានេះ ក្នុងការផ្សាយដំណឹងល្អផងដែរ (កិច្ចការ ៩:២៦-៣០)។ ប្រសិនបើលោកប៉ុលមិនមានការ យល់ច្បាស់ពីសារនៃដំណឹងល្អនោះទេ  គាត់ប្រាកដជាឆាប់ទៅក្រុងយេរូសាឡិមតាំងពីយូរមក ម៉្លេៈ ហើយចំណាយពេលយូរនៅទីនោះដែរ ដើម្បីទទួលបានចំនេះដឹងយ៉ាងច្រើនអំពីដំណឹងល្អ ពីពួកសាវ័ក។

រីឯសេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល ខ្ញុំនៅចំពោះព្រះហើយ ខ្ញុំមិនកុហកទេ

 

១:២០ លោកប៉ុលបាននិយាយប្រកាសដោយ យកព្រះធ្វើជាសាក្សី ហើយនេះគឺជាអ្វីដែលជនជាតិយូដា ធ្វើប្រសិនបើ ពិតជាមានភាពច្បាស់លាស់ថា គ្រប់ទាំងការដែលខ្លួននិយាយគឺជាការពិត។ លោក ប៉ុលបានធ្វើការនេះ ដោយព្រោះ ថា វាជាការសំខាន់ណាស់ ក្នុងការឲ្យពួកជំនុំកាឡាទីជឿទៅលើអ្វី ដែលគាត់និយាយ។ គាត់ចង់ឲ្យពួកគេដឹងថា ដំណឹងល្អដែលគាត់បានប្រកាសផ្សាយទៅកាន់ពួក គាត់ គឺជាដំណឹងល្អដ៏ពិតប្រាកដពេញលេញ ដែលគាត់ទទួលបានពីព្រះយេស៊ូវគ្រីស្ទ។ 

ក្រោយ​នោះ ខ្ញុំ​បាន​មក​ក្នុង​ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា 

 

១:២១ លោកប៉ុលបានចំណាយពេលជាង ១០ឆ្នាំ ធ្វើព័ន្ធកិច្ចផ្សាយដំណឹងល្អ នៅខេត្តស្រុក​ស៊ីរី (កិច្ចការ ១១:២៥-២៦) និង​ ស្រុក​គីលីគា (កិច្ចការ ៩:៣០)។ ស្រុក កំណើតរបស់លោកប៉ុលគឺនៅក្នុងក្រុង តើសុស ដែលនៅក្នុងស្រុកគីលីគា ។ ហើយទីក្រុង អាន់ទីយ៉ូកគឺជាស្ថិតនៅក្នុងស្រុកស៊ីរី។ ហើយក្រោយមកក្រុមជំនុំនៅក្នុងក្រុងអាន់ទីយ៉ូក បានបញ្ជូន លោកប៉ុលឲ្យចេញទៅដំណើរបេសកម្មរបស់គាត់។ 

តែ​ពួក​ជំនុំ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ស្រុក​យូដា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ 

 

១:២២ ដោយសារតែលោកប៉ុលបានធ្វើព័ន្ធកិច្ចនៅក្រៅស្រុកយូដា ធ្វើឲ្យពួកជំនុំនៅទីនោះមិន ស្គាល់គាត់នោះទេ។ 

 

គេ​គ្រាន់​តែ​ឮ​ថា អ្នក​ដែល​ធ្វើ​ទុក្ខ​គេ​កាល​ពី​ដើម ឥឡូវ​នេះ កំពុង​ផ្សាយ​ដំណឹង​ពី​សេចក្ដី​ជំនឿ ដែល​ខ្លួន​បាន​បំផ្លាញ​ពី​ដើម​នោះ​វិញ ហើយ​គេ​ក៏​សរសើរ​ដំកើង​ដល់​ព្រះ​ដោយ​ព្រោះ​ខ្ញុំ។ 


១:២៣-២៤ ក្រុមជំនុំនៅក្នុងស្រុកយូដាមិនបានស្គាល់លោកប៉ុលនោះទ ប៉ុន្តែ ពួកគេបានឮ ការរាយ ការណ៍ល្អៗ អំពីកិច្ចការផ្សាយដំណឹងល្អរបស់គាត់នៅស្រុក​ស៊ីរី និង​ស្រុក​គីលីគា។ ពួកគេបានសរ សើរតម្កើងព្រះ ដែលទ្រង់បានបំផ្លាស់បម្រែចិត្ត និង ជីវិតរបស់គាត់ ដែលពីមុនគាត់គឺជាអ្នកបៀត បៀនក្រុមជំនុំ តែឥឡូវគាត់បានក្លាយជា អ្នកផ្សាយដំណឹងល្អវិញ។ ជាថ្មីម្តងទៀតយើងបានឃើញពី លទ្ធផលរបស់ដំណឹងល្អនៃព្រះគុណ ហើយនេះគឺជាការដែលព្រះអង្គទទួលបានសិរីល្អ (ខ៥) ។ គោលបំណងរបស់ដំណឹងល្អ គឺជាការនាំសិរីល្អទៅកាន់ព្រះ។ ហើយសម្រាប់អស់អ្នកដែលបានទទួលដំណឹងល្អ គោលបំណងនៃជីវិតរបស់ពួកគាត់គឺជា រស់នៅក្នុងរបៀបមួយ ដែលនាំឱ្យអ្នកដទៃការថ្វាយសិរីល្អទៅកាន់ព្រះដែរ។ 

bottom of page