top of page

រីឯ​ខ្ញុំ បង​ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្ដី​បន្ទាល់​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ទេ

២:១ ព័ន្ធកិច្ចរបស់លោកប៉ុលនៅទីក្រុងកូរិនថូសត្រូវបានកត់ត្រានៅក្នុងសៀវភៅ កិច្ចការ ១៨។ គាត់បានមកប្រកាសពី “​សេចក្តី​បន្ទាល់​ពី​ព្រះ” ដែលជាដំណឹងល្អពីអ្វីដែលព្រះជាម្ចាស់បានធ្វើនៅក្នុង ព្រះគ្រីស្ទដើម្បីសម្រេចបាននូវការសង្គ្រោះសម្រាប់មនុស្ស។ គោលបំណងរបស់លោកប៉ុលគឺដើម្បីធ្វើជា សាក្សីសម្រាប់ដំណឹងល្អ ហើយសាក្សីនោះត្រូវតែធ្វើបន្ទាល់ជាភាសាសាមញ្ញៗ ច្បាស់ៗដើម្បីឱ្យមនុស្ស អាចស្គាល់ពីសេចក្តីពិត។ ហេតុដូច្នេះនៅពេលដែលលោកប៉ុលប្រកាសដំណឹងល្អ គាត់មិនប្រើ “​​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម” ទេ។

 

ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្គាល់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង

 

២:២ លោកប៉ុលបានដឹងថាអ្នកស្តាប់របស់លោកចង់ឮពាក្យឧត្តុង្គឧត្តមដែល​ពូកែ​បញ្ចុះបញ្ចូលតាមប្រាជ្ញា របស់មនុស្ស (១:២២) ប៉ុន្តែផ្ទុយទៅវិញគាត់បានអធិប្បាយថា “​ព្រះយេស៊ូវគ្រីស្ទហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្ កាង​”។ លោកប៉ុលបានអធិប្បាយអំពីថាតើព្រះយេស៊ូវជានរណា ហើយរាល់ពេលដែលគាត់ធ្វើយ៉ាងដូច្នេះ គាត់បាននិយាយពីការលះបង់របស់ទ្រង់នៅលើឈើឆ្កាងដើម្បីដកអំពើបាបរបស់យើងចេញ។ លោកប៉ុល ធ្វើយ៉ាងដូច្នេះពីព្រោះគាត់ដឹងថានេះគឺជាប្រាជ្ញារបស់ព្រះជាម្ចាស់សម្រាប់ការសង្គ្រោះរបស់យើង។ 

 

ខ្ញុំ​ក៏​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​កំសោយ ភិត‌ភ័យ ហើយ​ញាប់‌ញ័រ​ជា​ច្រើន​ដែរ ឯ​ពាក្យ​សំដី នឹង​វោហារ​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះ‌វិញ្ញាណ នឹង​ព្រះ‌ចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​វិញ។

 

២:៣-៤ សេចក្តីអធិប្បាយរបស់លោកប៉ុលមិនមានលក្ខណៈជាការប្រើវោហារ ឬ​ប្រាជ្ញា​របស់មនុស្សទេ ផ្ទុយទៅវិញវាមានលក្ខណៈទន់ខ្សោយ ភ័យខ្លាច និងញាប់ញ័ររបស់គាត់វិញ (កិច្ចការ ១៨:៩-១១) ប៉ុន្តែក៏តាមរយៈអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។  

ភាពជោគជ័យនៃការអធិប្បាយពីដំណឹងល្អនៅក្នុងទីក្រុងកូរិនថូសមិនមែនដោយសារសមត្ថភាពរបស់លោកប៉ុលទេ ប៉ុន្តែដោយសារព្រះ‌ចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការតាមរយៈដំណឹងល្អ ដើម្បីនាំមនុស្សឱ្យ ទទួលបានការសង្គ្រោះ។ តាមរយៈការពឹងផ្អែលលើព្រះវិញ្ញាណបរិសុទ្ធ លោកប៉ុលគឺជា គំរូពីគ្រប់កិច្ចការ ពិតប្រាកដទាំងឡាយសម្រាប់ព្រះជាម្ចាស់ដែលនោះគឺ “មិន​មែន​ដោយ​ឥទ្ធិឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​អញ​វិញ” (សាការី ៤:៦)។

 

២:៥ មូលហេតុដែលលោកប៉ុលមិនប្រើវោហារ ឬ​ប្រាជ្ញា​របស់មនុស្សគឺដើម្បីឱ្យនៅពេលដែលមនុស្សស្តាប់ ឮសេចក្តីអធិប្បាយរបស់គាត់ ហើយនោះសេចក្តីជំនឿរបស់ពួកគេគឺតាំង​នៅដោយសារអំណាចរបស់ ព្រះជាម្ចាស់វិញ (ហើយមិនមែនដោយសារអំណាចរបស់មនុស្សទេ)។ ប្រសិនបើអ្នកអធិប្បាយប្រកាសពី ប្រាជ្ញា របស់មនុស្សដោយប្រើវោហារនោះគាត់អាចបញ្ចុះបញ្ចូលមនុស្សបាន ប៉ុន្តែអ្វីដែលពួកគេជឿ (ប្រាជ្ញារបស់មនុស្ស) និងរបៀបដែលពួកគេជឿ (គំនិតរបស់ពួកគេត្រូវបានបញ្ចុះបញ្ចូលដោយវោហារស័ព្ទ) គឺតាំង​នៅប្រាជ្ញារបស់មនុស្សវិញ។ 

 

ប៉ុន្តែប្រសិនបើអ្នកអធិប្បាយមានជំនឿគ្រប់គ្រាន់ដើម្បីប្រកាសពីដំណឹងល្អនៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ យ៉ាងច្បាស់លាស់ និងសាមញ្ញនោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចប្រទាននូវការបើកសម្តែង និងការយល់ដឹងដល់អ្នកស្តាប់មិនខាន។ ហេតុដូច្នេះអ្វីដែលពួកគេជឿ (នោះគឺដំណឹងល្អដែលជា “​ប្រាជ្ញា​របស់​ព្រះ​” (១:២៤) និង “សេចក្តី​បន្ទាល់​ពី​ព្រះ” (២:១) និងរបៀបដែលពួកគេជឿ (នោះគឺ តាមរយៈព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលប្រទាននូវបើកសម្តែង និងការយល់ដឹងដល់ពួកគេវិញ) គឺតាមរយៈព្រះចេស្តារបស់ព្រះជាម្ចាស់។ ការផ្លាស់ប្រែពិតប្រាកដកើតឡើងនៅពេលដែលមនុស្សស្តាប់ឮ ដំណឹងល្អរបស់ព្រះគ្រីស្ទដែលបានជាប់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់គាត់ ហើយបន្ទាប់មក តាមរយៈព្រះ‌ចេស្តានៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គាត់យល់ កែប្រែចិត្តចេញពីអំពើបាប ជឿលើព្រះយេស៊ូវ ហើយកើតជាថ្មី។  

ជំនឿរបស់គ្រីស្ទបរិស័ទគឺដោយសារព្រះ‌ចេស្តារបស់ព្រះជាម្ចាស់។ នៅពេលប្រកាសដំណឹងចេញទៅ ព្រះជាម្ចាស់ធ្វើការតាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដើម្បីនាំមនុស្សមកកាន់ទ្រង់ (យ៉ូហាន ៦:៤៤) បើកចិត្តរបស់ពួកគេ (កិច្ចការ ១៦:១៤, ២ ធីម៉ូថេ ២:២៥; រ៉ូម ២:៤) នាំយកការកាត់ទោសអំពើបាប ភាពសុចរិត និងការជំនុំជម្រះ (យ៉ូហាន ១៦:៨) ហើយប្រទាននូវ ការកែប្រែចិត្ត (កិច្ចការ ១១:៨) និងជំនឿ (អេភេសូ ២:៨, រ៉ូម ១០:១៧)។

 

លោកប៉ុលបានដឹងពីការនេះ ហេតុដូច្នេះគាត់បានដឹងថាវាគឺជាកិច្ចការរបស់គ្រូអធិប្បាយក្នុងការប្រកាស ដំណឹងល្អដែលមានលក្ខណៈសាមញ្ញ និងច្បាស់ៗ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺធ្វើការតាមរយៈ ព្រះ‌ចេស្តាដែលនឹងបំផ្លាស់បំប្រែដល់អ្នកស្តាប់។ នេះជាមូលហេតុដែលលោកប៉ុលមិនពឹងផ្អែកទៅលើប្រាជ្ញា របស់លោកីយ៍ និងវោហារសព្ទឡើយ ប៉ុន្តែបានទុកចិត្តទៅលើប្រាជ្ញារបស់ព្រះជាម្ចាស់ និងព្រះ‌ចេស្តានៃ ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់វិញ។ គ្រូអធិប្បាយត្រូវតែទុកចិត្តលើព្រះបន្ទូល និងព្រះវិញ្ញាណរបស់ ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់។

បើទោះបីជាលោកប៉ុលមានភាពទន់ខ្សោយក៏ដោយក៏គាត់នៅតែទុកចិត្តលើព្រះជាម្ចាស់ ហើយ សេចក្តីអធិប្បាយរបស់គាត់ក៏មិនខ្វះព្រះចេស្តាដែរ។ តាមការពិតវាអមមកជាមួយនឹង “ការ​សម្ដែង​ចេញ​ជា​ ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​”។ ព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានសម្តែងចេញមកតាមរយៈ ការផ្លាស់ប្រែរបស់អ្នកក្រុងកូរិនថូសនៅពេលដែលពួកគេបានស្តាប់ឮដំណឹងល្អ។ ព្រះវិញ្ញាណបរិសុទ្ធ ធ្វើការដោយព្រះចេស្តាដើម្បីបង្កើតនូវជំនឿ ការប្រែចិត្ត ព្រមទាំងជីវិតថ្មីនៅក្នុងជីវិតរបស់អ្នកក្រុង កូរិនថូស។ នេះគឺជាការអស្ចារ្យដែលកើតឡើងនៅពេលដែលដំណឹងល្អត្រូវបានប្រកាសចេញទៅដោយ ភាពស្មោះត្រង់។ 

 

ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ​នេះ ដែល​ត្រូវ​សាប‌សូន្យ​នោះ​ទេ

២:៦ លោកប៉ុលបានអធិប្បាយពីដំណឹងល្អអំពីព្រះគ្រីស្ទដែលបានជាប់នៅលើឈើឆ្កាង (១:២៣-២៤) ដែលជាប្រាជ្ញារបស់ព្រះជាម្ចាស់ (១:៣០)។ ប្រាជ្ញានេះគឺសម្រាប់ “​មនុស្ស​គ្រប់​លក្ខណ៍” នោះគឺអ្នក ដែលមានភាពចាស់ទុំខាងវិញ្ញាណដោយសារពួកគេមានព្រះវិញ្ញាណបរិសុទ្ធ (ខ១២) ហេតុដូច្នេះហើយ ពួកគេអាចយល់ដឹង និងប្រតិបត្តិតាមប្រាជ្ញារបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេបាន។ 

ប្រាជ្ញារបស់ព្រះជាម្ចាស់គឺ “មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ៍​នេះ”។ គំនិត​ និងផ្លូវរបស់ព្រះជាម្ចាស់មិនដូចជាគំនិត និងផ្លូវរបស់មនុស្សទេ (អេសាយ ៥៥:៨-៩)។ លោកីយ៍នេះគិតថា “​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត” (១:១៨) ហើយព្រះជាម្ចាស់វិញគិតថា “​ប្រាជ្ញា​របស់​ លោកីយ៍​នេះ ជា​សេចក្តី​ល្ងង់ល្ងើ​” (៣:១៩)។ ហេតុដូច្នេះយើងត្រូវតែជ្រើសរើសរវាង ប្រាជ្ញារបស់ ព្រះជាម្ចាស់ ឬប្រាជ្ញារបស់លោកីយ៍នេះ។ ប្រាជ្ញារបស់លោកីយ៍មានលក្ខណៈបណ្តោះអាសន្ន រីឯរបស់ពួកចៅហ្វាយ របស់លោកីយ៍វិញនឹងត្រូវកន្លងបាត់ទៅ ប៉ុន្តែប្រាជ្ញារបស់ព្រះជាម្ចាស់នឹងមាន ជារៀងរហូត។

 

គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា

 

២:៧ មុនពេលបង្កើតលោកីយ៍មក ព្រះជាម្ចាស់បានសម្រេចថាមនុស្សមានបាបនឹងត្រូវបានសង្គ្រោះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាទ្រង់នៅលើឈើឆ្កាង។ នេះគឺ “​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្តី​អាថ៌កំបាំង​ដ៏​លាក់​ទុក” ដែលឥឡូវនេះពួកសាវ័កបានប្រកាសទៅកាន់លោកីយ៍នេះ។ ផែនការរបស់ព្រះជាម្ចាស់គឺដើម្បីសម្រេចការសង្គ្រោះដ៏អស់កល្បជានិច្ចដល់រាស្ត្ររបស់ព្រះអង្គតាមរយៈព្រះគ្រីស្ទគឺសម្រាប់ជា “សិរីល្អ” ដល់យើងរាល់គ្នា។ ការនេះសម្តៅលើដំណាកកាលចុងក្រោយនៃការសង្គ្រោះ ដែលរាស្ត្ររបស់ព្រះជាម្ចាស់នឹងចូលរួមចំណែកនៅក្នុងសិរីល្អនៃព្រះរាជបុត្រារបស់ទ្រង់ដែលជា “​ព្រះអម្ចាស់​ដ៏​មាន​សិរី​” (ខ៨)។

គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ​នេះ បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ

២:៨ “តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្តី​អាថ៌កំបាំង​ដ៏​លាក់​ទុក” គឺជាដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលជាប់ នៅលើឈើឆ្កាងដើម្បីការសង្គ្រោះរបស់យើងរាល់គ្នាដែលសាសន៍យូដាចាត់ទុកថាជារឿងដែលនាំឱ្យ “រវាត​ចិត្ត​” ហើយសាសន៍ក្រិកចាត់ទុកថាជា “​សេចក្តី​ល្ងង់ល្ងើ​” (១:២៣)។ ហេតុអ្វីបានជាពួកចៅហ្វាយ នៅលើលោកីយ៍នេះបរាជ័យមិនអាចយល់ដឹងពីប្រាជ្ញារបស់ព្រះជាម្ចាស់បាន? ដោយសារប្រាជ្ញារបស់ មនុស្ស មិនអាចយល់ដឹងពីវាបាន ប៉ុន្តែមានតែតាមរយៈការបើកសម្តែងពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ដោយសារតែការ មិនយល់ដឹងពីវា តាមពិតពួកគេបានធ្វើឱ្យវាបានសម្រេចនៅពេលដែលពួកគេឆ្កាង ព្រះយេស៊ូវនៅលើឈើឆ្កាង។ 

 

ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»

 

២:៩ ការដកស្រង់គឺបានមកពី អេសាយ ៦៤:៤។ វាប្រាប់យើងឱ្យដឹងថាព្រះជាម្ចាស់បានរៀបចំអ្វីម្យ៉ាង ដ៏អស្ចារ្យសម្រាប់ប្រជារាស្ត្ររបស់ទ្រង់ (“ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់”) ដែលមិនអាចយល់ដឹងបានតាមរយៈ អារម្មណ៍ដែលមានពីធម្មជាតិ (“សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ”) ឬតាមគំនិតរបស់ មនុស្ស (“ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់”)។ យ៉ាងណាមិញនៅពេលដ៏ត្រឹមត្រូវនោះព្រះជាម្ចាស់នឹង បើកសម្តែងជាក់ជាមិនខាន។ 

 

ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ

២:១០ ប្រាជ្ញារបស់ព្រះគឺត្រូវបានបើកសម្តែងមកពីព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធទៅកាន់ ពួកសាវ័កដែលបន្ទាប់មកបានប្រកាសពីវា។ ព្រះវិញ្ញាណបរិសុទ្ធមានសិទ្ធិពេញលេញដើម្បីចូលទៅកាន់ ប្រាជ្ញារបស់ព្រះជាម្ចាស់ ហើយបើកសម្តែងទៅកាន់រាស្ត្ររបស់ព្រះជាម្ចាស់។ ប្រាជ្ញារបស់ព្រះជាម្ចាស់ អាចដឹងបានតែដោយមនុស្សរបស់ព្រះតែប៉ុណ្ណោះ ពីព្រោះមានតែពួកគេប៉ុណ្ណោះដែលមាន ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុនេះបានជាពួកចៅហ្វាយនៅលើលោកីយ៍នេះមិនអាចយល់ពីវាបាន ប៉ុន្តែយើងអាចយល់ពីប្រាជ្ញារបស់ព្រះជាម្ចាស់ដែលបានបើកសម្តែងតាមរយៈការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង។ វាគឺជាឯកសិទ្ធិសម្រាប់គ្រីស្ទបរិស័ទគ្រប់ៗរូបដែលអាថ៌កំបាំងនៃការសង្គ្រោះត្រូវបានបើក សម្តែងមកកាន់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។

 

ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។

 

២:១១ គ្មាននរណាម្នាក់ដឹងថាមនុស្សគិតពីអ្វីទេមានតែខ្លួនឯងប៉ុណ្ណោះ ហើយក៏មាននរណាម្នាក់អាចដឹង បានដែរលើកលែងតែគាត់ជ្រើសរើសប្រាប់គេពីវា។ តាមរបៀបនេះដែរ គំនិតរបស់ព្រះជាម្ចាស់ អាចដឹងបានតែ តាមរយៈព្រះវិញ្ញាណទ្រង់ប៉ុណ្ណោះ ហើយមានតែព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ដែលអាចបើកសម្តែង ពីគំនិត​របស់ព្រះជាម្ចាស់មកកាន់យើងបាន។ ហេតុដូច្នេះព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះដើម្បីយល់ ដឹងពីប្រាជ្ញារបស់ព្រះជាម្ចាស់បាន។ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានតភ្ជាប់រវាង ព្រះជាម្ចាស់ និងមនុស្ស ដែលបានធ្វើឱ្យយើងអាចយល់ដឹងពីប្រាជ្ញារបស់ព្រះជាម្ចាស់បាន។

 

ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង

 

២:១២ វិញ្ញាណដែលគ្រីស្ទបរិស័ទទទួលបានគឺ “មក​ពី​ព្រះ​” មិនមែន “របស់លោកីយ៍​” ទេ។ វាគឺ ដោយសារយើងបានទទួលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ (រ៉ូម ៨:១៤-១៦) ដែលយើងអាចយល់ដឹងពី ប្រាជ្ញារបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកឱ្យយើងដើម្បីឱ្យ យើងអាចយល់ដឹង “ដើម្បី​ឱ្យបាន​ស្គាល់​អស់​ទាំង​ព្រះគុណដែល​ព្រះ​បាន​ផ្តល់​មក​យើង” (ម៉ាថាយ ១៦:១៦-១៧)។ ទាំងនេះ រួមមានគ្រប់ទាំងព្រះពរនៃការសង្គ្រោះដែលព្រះយេស៊ូវដែលសម្រេច បានដើម្បីយើង។ ព្រះពរទាំងនេះ ត្រូវបានបើកសម្តែងមកកាន់យើងនៅក្នុងព្រះបន្ទូលរបស់​ព្រះ ដោយរួមមានទាំងការប្រោសលោះ ភាពសុចរិត ភាពបរិសុទ្ធ កូនចិញ្ចឹមដូចជាបុត្ររបស់ព្រះជាម្ចាស់ សាសន៍នៃស្ថានសួគ៌ និងជីវិតដ៏អស់កល្បជានិច្ច។ 

 

ហើយ​យើង​ក៏​និយាយ​ពី​សេចក្ដី​ទាំង​នោះ​ឯង មិន​មែន​ដោយ​ពាក្យ​សំដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ព្រម​ទាំង​ផ្ទឹម​ពន្យល់​សេចក្ដី​ខាង​ឯ​វិញ្ញាណ ដោយ‌សារ​សេចក្ដី​ខាង​ឯ​វិញ្ញាណ​ផង

២:១៣ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលអាចបើកសម្តែងពីសេចក្តីពិតខាងវិញ្ញាណដល់ មនុស្សបាន។ នេះជាមូលហេតុដែលពួកសាវ័កបង្រៀន “មិន​មែន​ដោយ​ពាក្យ​សំដីដែល​ប្រាជ្ញា​ មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សំដីដែល​ព្រះវិញ្ញាណ​បង្រៀន​វិញ”។ នៅពេលពួកគេប្រកាសពីប្រាជ្ញា របស់ព្រះជាម្ចាស់នៅក្នុងព័ន្ធកិច្ចអធិប្បាយរបស់ពួកគេ (និងតាមរយៈការសរសេរនៅក្នុងគម្ពីរសញ្ញាថ្មី) ពួកគេប្រើពាក្យដែលព្រះវិញ្ញាណបានបង្រៀនដល់ពួកគេ។ 

 

កត់សម្គាល់ឃើញថាព្រះវិញ្ញាណបរិសុទ្ធគឺជាគន្លឹះសម្រាប់គ្រប់អ្វីៗដែលបានកើតឡើង។ ព្រះវិញ្ញាណបរិសុទ្ធបានបើកសម្តែងពីប្រាជ្ញារបស់ព្រះជាម្ចាស់ទៅកាន់ពួកសាវ័ក ហើយពួកគេបានពន្យល់ ពីការនេះដោយប្រើវោហារដែលព្រះវិញ្ញាណបរិសុទ្ធបង្រៀនទៅកាន់មនុស្សដែលមានព្រះវិញ្ញាណបរិសុទ្ធ។ ហេតុដូច្នេះ ការអធិប្បាយរបស់លោកប៉ុល (ខ៤-៥, ១៣) ការផ្លាស់ប្រែរបស់អ្នកក្រុងកូរិនថូស (ខ៤-៥, ១២) ការយល់ដឹងរបស់ពួកគេពីដំណឹងល្អ ដែលជាប្រាជ្ញាដ៏ពិត មកពីព្រះជាម្ចាស់ (ខ៦-១៣)​ ហើយ ពួកសាវ័កបានកត់ត្រាពីសេចក្តីពិតទាំងអស់នេះនៅក្នុងគម្ពីរសញ្ញាថ្មីដែលទាំងអស់ គឺតាមរយៈកិច្ចការរបស់ ព្រះវិញ្ញាណបរិសុទ្ធ។ 

 

ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្ដី​ល្ងង់‌ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ ឯ​មនុស្ស​ខាង​វិញ្ញាណ​វិញ គេ​ពិចារណា​យល់​គ្រប់​ទាំង​អស់​បាន តែ​មិន​ត្រូវ​អ្នក​ណា​ពិចារណា​ខ្លួន​ឡើង

២:១៤ “មនុស្ស​ខាង​សាច់​ឈាម” គឺជាមនុស្សដែលគ្មានព្រះវិញ្ញាណបរិសុទ្ធទេ។ ដោយសារគាត់គ្មានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ គាត់មិនអាចយល់ដឹងពីគំនិតរបស់ ព្រះជាម្ចាស់បានឡើយ (ខ១០-១១) ហេតុដូច្នេះគាត់គិតថាដំណឹងល្អពីការសង្គ្រោះតាមរយៈព្រះគ្រីស្ទ ជាប់នៅលើឈើឆ្កាងគឺ “ល្ងង់ល្ងើ​”” (១:១៨, ១:២៣)។ មូលហេតុដែលមនុស្ស​ខាង​សាច់​ឈាមមិនអាច យល់ដឹង និងទទួលយកអ្វីៗខាងវិញ្ញាណបានគឺដោយសារទាំងនេះគឺ “ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ” នោះគឺ អ្វីៗខាងវិញ្ញាណអាចយល់ដឹងបានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ (ដែលបានបើកសម្តែង និងបង្រៀនពី សេចក្តីពិតទាំងនេះដល់អ្នកជឿ) ដែលមនុស្សខាងសាច់ឈាមមិនមាន។

 

២:១៥ ប៉ុន្តែ “មនុស្ស​ខាង​វិញ្ញាណ” មានព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នេះហើយអាចធ្វើការវិន្និច្ឆ័យគ្រប់ ការទាំងអស់បាន នោះគឺពួកគេមានការពិចារណាយល់ខាងវិញ្ញាណ ហើយអាចដឹងនូវអ្វីដែលជា សេចក្តីពិតមកពីព្រះជាម្ចាស់ និងអ្វីដែលគ្រាន់តែជាប្រាជ្ញារបស់មនុស្ស។ ព្រះវិញ្ញាណ “ស្ទង់​មើល​ គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ជ្រាល​ជ្រៅ​នៃ​ព្រះ​ដែរ” (ខ១០)។ ហេតុដូច្នេះ មនុស្សដែលមាន ព្រះវិញ្ញាណអាចយល់ដឹង ពីសេចក្តីពិតខាងវិញ្ញាណដែលព្រះជាម្ចាស់បានបើកសម្តែង បានជា ពិសេសពីផែនការនៃការសង្គ្រោះរបស់ទ្រង់ និងរបៀបដែលវាអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។

 

មនុស្សខាងវិញ្ញាណមិនអាចធ្វើការវិន្និច្ឆ័យបានដោយមនុស្សខាងសាច់ឈាមបានទេដោយសារមនុស្សខាងសាច់ឈាមមិនយល់ដឹងពីអ្វីៗខាងវិញ្ញាណទេ (ខ១៤)។ ដោយសារចំណុចនេះហើយអ្នកជឿមិនគួររំពឹង ថាលោកីយ៍នឹងយល់ដឹងពីយើងបាននោះទេ។ ឧទាហរណ៍ ទស្សនវិទូនៅទីក្រុងអាថែនបានហៅ លោកប៉ុលថាជា “​អ្នក​ដែល​និយាយ​ប៉ប៉ាច់​” ហើយចំអកឱ្យគាត់នៅពេលគាត់អធិប្បាយអំពីការរស់ឡើងវិញ (កិច្ចការ ១៧:៣២)។ 

 

ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​នៃ​ព្រះ‌អម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​វិញ។

២:១៦ លោកប៉ុលដកស្រង់ចេញមកពី អេសាយ ៤០:១៣ ដើម្បីបញ្ជាក់ប្រាប់ថាគ្មាននរណាម្នាក់ អាចយល់ដឹងពីគំនិត និងប្រាជ្ញារបស់ព្រះជាម្ចាស់បានតាមរយៈសមត្ថភាពផ្ទាល់ខ្លួនរបស់ ពួកគេបានទេ។ បន្ទាប់មកគាត់បានបន្ថែមពីរបៀបដែលមនុស្សអាចយល់ដឹងពីប្រាជ្ញារបស់ ព្រះជាម្ចាស់បាន។ តាមរយៈការមាន “គំនិត​ជា​របស់​ផង​ព្រះគ្រីស្ទ”។ នៅពេលយើងមាន ព្រះវិញ្ញាណទ្រង់នៅក្នុងខ្លួន របស់យើង និងព្រះបន្ទូលទ្រង់នៅចំពោះមុខយើង យើងអាចយល់ផែនការ គំនិត និងរបៀប របស់ ព្រះជាម្ចាស់បាន ដូច្នេះហើយក៏រស់នៅតាមនៅតាមរបៀបនេះដែរ។ នោះជារបៀបដែលយើងក្លាយជា មនុស្សដែលមានភាពចាស់ទុំខាងវិញ្ញាណ ហើយមាន “គំនិត​ជា​របស់​ផង​ព្រះគ្រីស្ទ”។

 

ដោយសង្ខេបមុនពេលកើតមានផែនដីនេះ ព្រះជាម្ចាស់បានសម្រេចផែនការសម្រាប់ជាសិរីល្អរបស់យើង។ ផែនការគឺថាព្រះរាជបុត្រារបស់ទ្រង់នឹងត្រូវជាប់នៅលើឆ្កាងសម្រាប់អំពើបាបរបស់យើងដើម្បីសម្រេចបាននូវការសង្គ្រោះរបស់យើង។ ដំណឹងល្អពីការសង្គ្រោះតាមរយៈព្រះគ្រីស្ទដែលជាប់នៅលើឈើឆ្កាងនេះគឺជា ប្រាជ្ញារបស់ព្រះជាម្ចាស់។  យ៉ាងណាមិញមនុស្សចាត់ទុកថាវាជាភាពល្ងង់ល្ងើ។ ប៉ុន្តែព្រះជាម្ចាស់ធ្វើឱ្យ មនុស្សអាចស្គាល់បាន និងយល់ដឹងបាន ពីប្រាជ្ញារបស់ទ្រង់។ ព្រះអង្គធ្វើបែបនេះដោយសារព្រះវិញ្ញាណ   ទ្រង់ដែលបានប្រទាននូវការបើកសម្តែង (ខ៩-១២) ការបំផុស (ខ១៣) និងការយល់ដឹង (ខ១៤-១៦)។ តាមរយៈព្រះវិញ្ញាណទ្រង់ ព្រះជាម្ចាស់ប្រទាននូវការបើកសម្តែងដល់ពួកសាវ័កដែលបំផុសឱ្យកត់ត្រាពី ការបើកសម្តែងនេះនៅក្នុងគម្ពីរសញ្ញាថ្មី។ ឥឡូវនេះព្រះវិញ្ញាណទ្រង់កំពុងតែធ្វើការនៅក្នុងជីវិតរបស់ គ្រីស្ទបរិស័ទដើម្បីធ្វើឱ្យយើងអាចយល់ដឹងបានពីប្រាជ្ញារបស់ព្រះជាម្ចាស់ដែលបានបើកសម្តែងមកកាន់យើងនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនេះ។

bottom of page