
ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នា ដូចនឹងមនុស្សខាងឯវិញ្ញាណបានទេ ត្រូវតែនិយាយដូចនឹងមនុស្សខាងឯសាច់ឈាមវិញ គឺដូចជានិយាយនឹងកូនខ្ចីក្នុងព្រះគ្រីស្ទ
៣:១ កាលពីជំពូកមុន លោកប៉ុលបានបង្រៀនថា “មនុស្សខាងឯសាច់ឈាម” គឺជាមនុស្ស ដែលគ្មាន ព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នេះហើយបានជាពួកគេមិនយល់ពីប្រាជ្ញារបស់ព្រះជាម្ចាស់ (២:១៤)។ យើងទាំងអស់គ្នាគឺជា “មនុស្សខាងឯសាច់ឈាម” រហូតទាល់តែយើងទទួលព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលយើងទទួលព្រះវិញ្ញាណបរិសុទ្ធ យើងក្លាយជា “មនុស្សខាងវិញ្ញាណ” (២:១៥)។
“មនុស្សខាងវិញ្ញាណ” គឺជាអ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ ហើយនេះគឺជាអ្នកជឿទាំងអស់ (រ៉ូម ៨:៩; កាឡាទី ៣:២-៣; ទីតុស ៣:៥-៧)។ យ៉ាងណាមិញ អ្នកជឿមានកម្រិតនៃភាពពេញវ័យខាងវិញ្ញាណ ខុសៗ គ្នា។
-
“មនុស្សគ្រប់លក្ខណ៍” (២:៦) គឺជាគ្រីស្ទបរិស័ទដែលអនុញ្ញាតិឱ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំពួកគេ។ ព្រះវិញ្ញាណបរិសុទ្ធបើកសម្តែងសេចក្តីពិតខាងវិញ្ញាណតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយ ពួកគេយល់ និងអនុវត្តសេចក្តីពិតទាំងនេះនៅក្នុងជីវិតរបស់ពួកគេតាមរយៈអំណាចរបស់ទ្រង់។ តាមរយៈការស្តាប់បង្គាប់ចំពោះព្រះវិញ្ញាណបរិសុទ្ធរបស់ពួកគេ ពួកគេរីកចម្រើនមានភាពពេញវ័យ ខាងវិញ្ញាណ នោះគឺចរិតលក្ខណៈរបស់ពួកគេដែលកាន់តែដូចជាព្រះយេស៊ូវ។ កិច្ចការរបស់ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នកជឿគឺដើម្បីបង្កើតនូវចរិតលក្ខណៈរបស់ព្រះជាម្ចាស់នៅក្នុងយើង។
-
“កូនខ្ចីក្នុងព្រះគ្រីស្ទ” គឺជាគ្រីស្ទបរិស័ទ ហេតុដូច្នេះហើយបានជាពួកគេមានព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែពួកគេមិនស្តាប់តាមទ្រង់ទេ ហេតុនេះបានជាពួកគេមិនលូតលាស់នៅក្នុងភាពពេញវ័យ ខាងវិញ្ញាណរបស់ពួកគេសោះ។ ពួកគេគឺ “មនុស្សខាងឯសាច់ឈាម” ពីព្រោះពួកគេអនុញ្ញាតឱ្យសាច់ឈាមរបស់ពួកគេ (មិនមែនព្រះវិញ្ញាណបរិសុទ្ធទេ) គ្រប់គ្រងលើអាកប្បកិរិយារបស់ពួកគេ។ នេះគឺជាអ្វីដែលបានកើតឡើងនៅក្នុងក្រុមជំនុំ នៅទីក្រុងកូរិនថូស។ ទោះបីជាពួកគេមានព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ពួកគេប្រព្រឹត្តិខ្លួន ដូចជាមនុស្សដែលគ្មានព្រះវិញ្ញាណបរិសុទ្ធដែរ។
ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ ដោយព្រោះអ្នករាល់គ្នា នៅតែខាងសាច់ឈាមនៅឡើយ ដ្បិតដែលមានសេចក្ដីឈ្នានីស ឈ្លោះប្រកែក នឹងបាក់បែកគ្នា ក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាម ហើយដើរតាមបែបមនុស្សលោកទេឬអី
៣:២-៣ ដូចជាទារកទើបនឹងកើតមកអាចផឹកបានតែទឹកដោះជាជាងអាហាររឹង អ្នកក្រុងកូរិនថូសគឺជា ទារកទើបនឹងកើតនៅក្នុងព្រះគ្រីស្ទដែលមិនមានភាពពេញវ័យដើម្បីទទួលទានអាហាររឹងបាននៅឡើយ។ លោកប៉ុលបានបង្រៀនពីសេចក្តីពិតខាងវិញ្ញាណខ្លះៗ (“ទឹកដោះ”) ប៉ុន្តែគាត់មិនអាចបង្រៀនពួកគេពី សេចក្តីពិតខាងវិញ្ញាណទាំងអស់ដែលគាត់ចង់នោះទេ (“សាច់”) ពីព្រោះពួកគេមិនទាន់ពេញវ័យ ខាងវិញ្ញាណនៅឡើយ ហើយមិនទាន់ត្រៀមខ្លួនទទួល និងអនុវត្តតាមសេចក្តីពិតបន្ថែមទៀតនោះទេ។
ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដល់អ្នកជឿដើម្បីដឹកនាំជីវិតរបស់យើងដើម្បីឱ្យយើងអាចដឹង និងធ្វើតាមព្រះហឫទ័យរបស់ទ្រង់បាន (អេសេគាល ៣៦:២៧)។ មនុស្សដែលមានឯកសិទ្ធិទទួល អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគួរតែដើរដោយវិញ្ញាណ (កាឡាទី ៥:១៥-២៦)។ ប៉ុន្តែអ្នកជឿ ទាំងនេះនៅតែ “ខាងសាច់ឈាម” នៅឡើយ ដែលមានន័យថាអាកប្បកិរិយារបស់ពួកគេត្រូវបានគ្រប់គ្រង ដោយនិស្ស័យនៃអំពើបាបដែលធ្លាក់ចុះរបស់ពួកគេ ជាជាងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ វាត្រូវបានបង្ហាញតាមរយៈការពិតថាមាន “សេចក្តីឈ្នានីស ឈ្លោះប្រកែក និងបាក់បែកគ្នា” ក្នុងចំណោមពួកគេដែលជា “កិច្ចការខាងសាច់ឈាម” (កាឡាទី ៥:២០)។ អាកប្បកិរិយាបែបនេះជា ធម្មតាគឺជាលក្ខណៈរបស់ “មនុស្សខាងឯសាច់ឈាម” ប៉ុន្តែវាមិនមែនជាចរិកលក្ខណៈនៃមនុស្សដែលមាន ភាពពេញវ័យខាងវិញ្ញាណ ដែលព្រះជាម្ចាស់ដឹកនាំនោះទេ។
គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី
៣:៤ មូលហេតុដែលបណ្តាលឱ្យមានការបែកបាក់នៅក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូសគឺភាពមិនទាន់ ពេញវ័យខាងវិញ្ញាណរបស់អ្នកជឿ។ មានសេចក្តីឈ្នានីស ឈ្លោះប្រកែក និងបាក់បែកគ្នានៅក្នុងក្រុមជំនុំ ដោយសារពួកគេអួតខ្លួន ហើយឈ្លោះប្រកែកគ្នាថាតើអ្នកដឹកនាំរបស់ពួកគេមួយណាដែលពួកគេចូលចិត្ត ដើរតាមជាង។
ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ
៣:៥ ការអួតអំពីអ្នកដឹកនាំដែលពួកគេចូលចិត្តរបស់ពួកគេនោះបង្ហាញថាពួកគេមិនទាន់យល់ថា តើអ្វីទៅជាព័ន្ធកិច្ចរបស់គ្រីស្ទបរិស័ទនៅឡើយទេ។ ក្រុមជំនុំមិនមែនជាកម្មសិទ្ធិរបស់លោកប៉ុល ឬលោកអ័ប៉ុឡូសទេ។ ក្រុមជំនុំជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ហើយលោកអ័ប៉ុឡូស និងលោកប៉ុល គ្រាន់តែជាអ្នកបម្រើរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់ ហើយទ្រង់ប្រទានឱ្យទាំង លោកប៉ុល និងលោកអ័ប៉ូឡូសនូវកិច្ចការមួយសម្រាប់ធ្វើនៅទីក្រុងកូរិនថូស។
ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ
៣:៦ ព្រះយេស៊ូវបានបញ្ជូនលោកប៉ុលទៅប្រកាសដំណឹងល្អនៅទីក្រុងកូរិនថូស ហើយនៅពេលដែល មនុស្សបានទទួលយកដំណឹងល្អដោយជំនឿហើយ ក្រុមជំនុំក៏ត្រូវបានដាំឡើង។ លោកប៉ុលបានបង្រៀន ដល់ក្រុមជំនុំអស់រយៈពេលមួយឆ្នាំកន្លះ ហើយបន្ទាប់ពីលោកចាកចេញទៅ លោកអ័ប៉ូឡូសបានមកកាន់ ទីក្រុងកូរិនថូស ហើយបង្រៀនដល់ក្រុមជំនុំ។ យ៉ាងណាមិញការរីកចម្រើនរបស់ក្រុមជំនុំមិនមែនដោយសារ អំណាចរបស់លោកប៉ុល ឬលោកអ័ប៉ូឡូសទេ ប៉ុន្តែតាមរយៈអំណាចរបស់ព្រះជាម្ចាស់វិញ។
កសិករអាចព្រួសគ្រាប់ពូជ ហើយស្រោចទឹកបាន ប៉ុន្តែគាត់មិនអាចធ្វើឱ្យគ្រាប់ពូជដុះឡើងបានទេ។ ដូចគ្នាដែរ គ្រីស្ទបរិស័ទព្រួសគ្រាប់ពូជ (នោះគឺយើងប្រកាសដំណឹងល្អ) ហើយស្រោចទឹក (នោះគឺ យើងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ក្រុមជំនុំ) ប៉ុន្តែយើងមិនអាចធ្វើឱ្យមនុស្សរីកចម្រើន ខាងវិញ្ញាណបានទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើការនេះបាន។
ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ
៣:៧ ការរីកចម្រើនខាងវិញ្ញាណគឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សម្នាក់។ វាមិនមែនជាអ្វីដែល មនុស្សអាចធ្វើបាននោះទេ ប៉ុន្តែគឺជាសមិទ្ធផលរបស់ព្រះជាម្ចាស់។ ហេតុនេះការផ្តល់ឋានៈខ្ពស់ពេក ដល់គ្រីស្ទបរិស័ទគឹជាការបរាជ័យក្នុងការទទួលស្គាល់ថាវាគឺជាព្រះជាម្ចាស់ដែលបណ្តាលឱ្យមានការរីកចម្រើន។ ដោយសារការរីកចម្រើនទាំងអស់គឺដោយសារព្រះចេស្តារបស់ព្រះជាម្ចាស់ នោះសីរីល្អទាំងអស់ គឺជារបស់ទ្រង់។
ប្រសិនបើព្រះជាម្ចាស់មិនប្រទានឱ្យនូវការបើកសម្តែង នាំមនុស្សឱ្យមានជំនឿ ហើយបណ្តាលឱ្យពួកគេរីក ចម្រើនទេ នោះគ្មានក្រុមជំនុំទាល់តែសោះ។ អ្នកបម្រើទ្រង់ដឹងពីរឿងនេះដោយសារពួកគេប្រកាសពី ដំណឹងល្អរបស់ទ្រង់ ហើយបង្រៀនព្រះបន្ទូលទ្រង់ និងបន្ទាប់មកតាមរយៈអំណាចរបស់ទ្រង់ ព្រះវិញ្ញាណ និងព្រះបន្ទូល ទ្រង់បង្កើតផលផ្លែនៅក្នុងជីវិតរបស់មនុស្ស។ ទាំង “ឯអ្នកដែលសាបព្រោះ” (លោកប៉ុល) “និងអ្នកដែលស្រោច” (អ័ប៉ូឡូស) មិនសំខាន់ទេ ពីព្រោះពួកគេគ្មានអំណាចអ្វីដើម្បីធ្វើឱ្យគ្រាប់ ពូជលូត លាស់ និងនាំមកនូវជីវិតនោះទេ។ ហេតុនេះអ្នកក្រុងកូរិនថូស (និងគ្រីស្ទបរិស័ទទាំងអស់) គួរតែអួតនៅក្នុង ព្រះជាម្ចាស់ (មិនមែនអ្នកបម្រើរបស់ទ្រង់ទេ) ពីព្រោះមានតែទ្រង់ប៉ុណ្ណោះ ដែលសម្រេចបាននូវការសង្គ្រោះ និងការញែកជាបរិសុទ្ធ។
ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ
៣:៨ អ្នកបម្រើរបស់ព្រះជាម្ចាស់ទាំងអស់គឺជាក្រុមតែមួយ (ក្រុមរបស់ទ្រង់!) ហេតុនេះហើយបានជា យើងមិនប្រកួតប្រជែងគ្នានោះទេ។ កិច្ចការណាក៏ដោយដែលយើងទទួលបានមកពីព្រះជាម្ចាស់ យើងទាំងអស់គ្នាមានគោលដៅដូចគ្នា នោះគឺការរីកចម្រើនរបស់ក្រុមជំនុំទ្រង់សម្រាប់សិរីល្អរបស់ទ្រង់។ ហេតុនេះយើងទាំងអស់គ្នាធ្វើការជាមួយគ្នាសម្រាប់ព្រះជាម្ចាស់ដើម្បីបម្រើទ្រង់ ហើយទ្រង់នឹងប្រទាន រង្វាន់ដល់យើងសម្រាប់កិច្ចការរបស់យើងនៅពេលទ្រង់យាងមកវិញ។
ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។
៣:៩ លោកប៉ុល និងលោកអ័ប៉ូឡូសគឺជាអ្នកធ្វើការរបស់ព្រះជាម្ចាស់ ហើយក្រុមជំនុំនៅក្រុងកូរិនថូស គឺជាវាលស្រែរបស់ព្រះជាម្ចាស់ (ខ៦-៨) និងអគាររបស់ព្រះជាម្ចាស់ (ខ១០-១១)។ ហេតុនេះក្រុមជំនុំ លោកប៉ុល និងលោកអ័ប៉ូឡូសសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ដូច្នេះវាមិនត្រឹមត្រូវទេ ដែលនិយាយថា “ខ្ញុំជាកម្មសិទ្ធិរបស់លោកប៉ុល” ឬ “ខ្ញុំដើរតាមលោកអ័ប៉ូឡូស” ដោយសារយើងទាំងអស់ គ្នាជា កម្មសិទ្ធិរបស់ និងដើរតាមព្រះជាម្ចាស់។
ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ
៣:១០ លោកប៉ុល និងលោកអ័ប៉ូឡូសគឺជាអ្នករួមការងារសម្រាប់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់លោកប៉ុលគឺការចាក់គ្រឹះនៅទីក្រុងកូរិនថូស ហើយកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់លោក អ័ប៉ូឡូសគឺត្រូវសង់នៅលើគ្រឹះនោះ។
លោកប៉ុលទទួលស្គាល់ថាគ្រប់យ៉ាងដែលគាត់សម្រេចបាននៅទីក្រុងកូរិនថូសគឺដោយសារព្រះគុណរបស់ ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានត្រាស់ហៅលោកប៉ុលឱ្យក្លាយទៅជាសាវ័ក (១:១)។ ព្រះជាម្ចាស់បានបញ្ជូន គាត់ទៅកាន់ទីក្រុងកូរិនថូសដើម្បីប្រកាស “ប្រាប់សេចក្តីបន្ទាល់ពីព្រះ” (២:១) ហើយព្រះជាម្ចាស់បានធ្វើការ តាមរយៈព្រះចេស្តារបស់ទ្រង់ដើម្បីដឹកនាំអ្នកក្រុងកូរិនថូសឱ្យមានជំនឿ (១:២-៩)។ ទាំងអស់នេះគឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់។
បន្ទាប់មក លោកប៉ុលបន្ថែមថា “ម្នាក់ទៀតជាអ្នកសង់ពីលើ”។ គាត់សំដៅលើគ្រូផ្សេងៗទៀត (រួមទាំង លោក អ័ប៉ូឡូស) ដែលបានមកកាន់ទីក្រុងកូរិនថូស ហើយសង់នៅលើគ្រឹះ ដែលលោកប៉ុលបានបង្កើត ឡើង។ លោកប៉ុលបានព្រមានពីការនេះ “ត្រូវឱ្យមនុស្សប្រយ័ត្នរៀងខ្លួនអំពីបែបណាដែលសង់ពីលើ ជើងនោះ”។ វាគឺជាការទទួលខុសត្រូវដ៏ធ្ងន់មួយដែលត្រូវមានព័ន្ធកិច្ចបង្រៀននៅក្រុមជំនុំ ហើយគ្រូត្រូវតែប្រុងប្រយ័ត្ន អំពីរបៀបដែលពួកគេសង់ក្រុមជំនុំឡើង។
ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ
៣:១១ អគារមួយត្រូវការមានគ្រឹះតែមួយប៉ុណ្ណោះ។ ពេលចាក់គ្រឹះរួចហើយ វាមិនត្រូវការចាក់គ្រឹះ ម្តងទៀតនោះទេ។ លោកប៉ុលបានចាក់គ្រឹះសម្រាប់ក្រុមជំនុំនៅទីក្រុងកូរិនថូស។ គ្រឹះនោះគឺជា ព្រះយេស៊ូវគ្រីស្ទ។ ក្រុមជំនុំត្រូវបានសង់ឡើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះគឺវាបានសង់ឡើងដោយ ដំណឹងល្អថាតើទ្រង់ជានរណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើងក្នុងនាម ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ក្រុមជំនុំមិនមែនបង្កើតឡើងដោយសារអ្នកដឹកនាំ ឬទំនៀមទម្លាប់ ឬនិមិត្តរបស់មនុស្សឡើយ។ វាត្រូវបានសង់ឡើង “ព្រះយេស៊ូវគ្រីស្ទ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង” (២:២)។ នេះគឺជាគ្រឹះដែលលោកប៉ុលបានចាក់នៅពេលលោកមកកាន់ទីក្រុងកូរិនថូស។
ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទត្រូវជាប់ឆ្កាងសម្រាប់មនុស្សមានបាបគឺតែងតែជាគ្រឹះរបស់ក្រុមជំនុំ ហើយ អ្វីៗគ្រប់យ៉ាងដែលយើងធ្វើគឺសង់ឡើងនៅលើគ្រឹះនេះ។ ដូច្នេះអ្នកទាំងឡាយដែលមានព័ន្ធកិច្ចបង្រៀន នៅក្នុងក្រុមជំនុំត្រូវតែសង់នៅលើគ្រឹះនេះ និងមិនមែនសង់គ្រឹះថ្មីផ្សេងពីនេះទេ។
ដំណឹងល្អមិនមែនគ្រាន់តែជាចំណុចចូលទៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទដែលយើងទុកចោលដោយសារយើងរីកចម្រើនមានភាពពេញវ័យខាងវិញ្ញាណនោះទេ។ ដំណឹងល្អរបស់ព្រះគ្រីស្ទជាប់នៅលើឈើឆ្កាងគឺជាគ្រឹះ របស់ក្រុមជំនុំ ហើយការយល់ដឹងដ៏ត្រឹមត្រូវពីព្រះគ្រីស្ទដែលជាប់នៅលើឆ្កាងនឹងមានឥទ្ធិពល នៅគ្រប់ ទិដ្ឋភាពទាំងអស់នៅក្នុងជីវិតរបស់ក្រុមជំនុំ។ នៅក្នុងដំណើរជាគ្រីស្ទបរិស័ទរបស់យើង ព្រះវិញ្ញាណបរិសុទ្ធ នឹងបន្តនាំយើងត្រឡប់ទៅកាន់ឈើឆ្កាងវិញដើម្បីពង្រឹងការយល់ដឹងរបស់យើងពីព្រះគុណ សេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ យុត្តិធម៌ ភាពសុចរិត ការអត់ទោសបាប និងការសង្គ្រោះ ដែលយើងមានតាមរយៈការជាប់ឆ្កាងរបស់ព្រះគ្រីស្ទ។
បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា
៣:១២-១៣ ការបង្រៀននៅក្នុងក្រុមជំនុំគឺដូចជាការសង់នៅលើគ្រឹះ។ នៅពេលមនុស្សសាងសង់ ពួកគេប្រើប្រាស់សម្ភារៈផ្សេងៗគ្នា (ឧទាហរណ៍ ឈើ ឬឥដ្ឋ ឬស៊ីម៉ងត៍)។ សម្ភារៈមួយចំនួនប្រសើរជាង មានតម្លៃជាង ហើយជាប់បានយូរជាងសម្ភារៈផ្សេងទៀត។ ដូចគ្នានេះដែរការបង្រៀននៅក្នុងក្រុមជំនុំ អាចមានកម្រិតគុណភាព សារៈប្រយោជន៍ និងតម្លៃខុសៗពីគ្នា។
កាលពីសម័យបុរាណ មនុស្សសង់ប្រាសាទពីមាស ប្រាក់ និងថ្មមានតម្លៃផ្សេងៗ (ដូចជាថ្មម៉ាប និងថ្មក្រានីត)។ ប៉ុន្តែពួកគេសង់ផ្ទះធ្វើពីឈើ ស្បូវ ឬស្លឹកវិញ។ ប្រសិនបើអគារនោះសម្រាប់ព្រះជាម្ចាស់ អ្នកនឹងប្រើសម្ភារៈដែលល្អបំផុត។ ប្រសិនបើវាសម្រាប់មនុស្ស នោះត្រូវប្រើសម្ភារៈរាងមិនសូវមានតម្លៃ បន្តិច។ ដូចគ្នានេះដែរការបង្រៀនមួយចំនួនមានតម្លៃអស្ចារ្យណាស់ ហើយមានតម្លៃជាប់នៅរហូត ដោយសារវាគឺជាប្រាជ្ញារបស់ព្រះជាម្ចាស់។ ដូច្នេះវាប្រៀបដូចជាមាស ប្រាក់ និងថ្មមានតម្លៃផ្សេងៗដែរ។ ប៉ុន្តែការបង្រៀនមួយចំនួនមានតម្លៃតិចតួចដោយសារវាគ្រាន់តែជាប្រាជ្ញារបស់មនុស្សតែប៉ុណ្ណោះ។ ការបង្រៀននេះប្រៀបដូចជាឈើ ស្បូវ និងស្លឹកដែរ។
៣:១៣ ហេតុអ្វីបានជាវាមានសារៈសំខាន់ដែលយើងត្រូវបង្រៀនពីប្រាជ្ញារបស់ព្រះជាម្ចាស់ជាជាងប្រាជ្ញា របស់មនុស្ស? ពីព្រោះថ្ងៃនៃការជំនុំជម្រះជិតមកដល់ហើយ ហើយនៅថ្ងៃនោះព្រះជាម្ចាស់នឹងធ្វើការ សាកល្បងគុណភាពនៃកិច្ចការរបស់មនុស្សម្នាក់ៗ។ សូមកត់សម្គាល់ថាភ្លើងមិនបន្សុត ឬដាក់ទោស អ្នកធ្វើការងារដែលជាគ្រីស្ទបរិស័ទទេ ផ្ទុយទៅវិញវាសាកល្បងការងាររបស់ពួកគេវិញ។ រង្វាន់ដែលអ្នកធ្វើការជាគ្រីស្ទបរិស័ទត្រូវទទួលបានអាស្រ័យលើសម្ភារៈដែលគាត់ប្រើសម្រាប់សាងសង់។
បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់
៣:១៤ នៅពេលយើងសង់ក្រុមជំនុំនៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ ការនេះនាំមកនូវសិរីល្អដល់ទ្រង់ និងព្រះពរដល់មនុស្ស។ នេះដូចជាអគារដែលសង់ពីមាស ប្រាក់ និងថ្មមានតម្លៃដែរ។ វានឹងមិនត្រូវបំផ្លាញ អស់ដោយសារភ្លើងទេ ប៉ុន្តែនឹងរួចជីវិត ហើយទទួលបានរង្វាន់នៅថ្ងៃជំនុំជម្រះ (វិវរណៈ ២២:១២)។ អំពើល្អទាំងឡាយរបស់អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ “តាមគេជាប់” (វិវរណៈ ១៤:១៣) ដែលមានន័យថាទង្វើនោះនឹងត្រូវបានចងចាំទុក ហើយប្រទានរង្វាន់ដ៏នៅអស់កល្បជានិច្ច។
នៅក្នុងកូរិនថូស ៤:៥ លោកប៉ុលពណ៌នារង្វាន់ថាជា “សេចក្តីសរសើរពីព្រះ”។ នេះរំលឹកប្រាប់យើងពី ពាក្យសម្តីម្ចាស់របស់យើងទៅកាន់បាវបម្រើដ៏ស្មោះត្រង់នៅក្នុងងពាក្យប្រៀបប្រដូចអំពីទេពកោសល្យ។ “ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯ ងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ ចៅហ្វាយឯងចុះ” (ម៉ាថាយ ២៥:២១)។ ដូច្នេះ រង្វាន់សម្រាប់ការបម្រើដ៏ស្មោះត្រង់គឺការអនុញ្ញាតិពីម្ចាស់ និងទំនុកចិត្តរបស់ម្ចាស់ ចំពោះអ្នក ដែលនាំមកនូវការប្រទានទំនួលខុសត្រូវកាន់តែអស្ចារ្យនៅក្នុងរាជ្យរបស់ទ្រង់។
បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង។
៣:១៥ ការបង្រៀនដោយប្រើប្រាជ្ញារបស់មនុស្ស (ជាជាងសេចក្តីពិតរបស់ព្រះជាម្ចាស់) អាចនាំមកនូវ ប្រជាប្រិយភាពជាមួយមនុស្សនៅពេលនេះ ប៉ុន្តែនឹងមិនទទួលបានរង្វាន់មកពីព្រះជាម្ចាស់សម្រាប់ ការធ្វើកិច្ចការនេះទេ។ អស់អ្នកដែលបង្រៀនដោយប្រើប្រាជ្ញារបស់មនុស្សទៅកាន់ក្រុមជំនុំកំពុងតែ សង់ឡើងដោយប្រើ “ឈើ ស្បូវ ឬស្លឹក” (ខ១២) ហើយកិច្ចការរបស់ពួកគេនឹងត្រូវបំផ្លាញចោលនូវថ្ងៃ ជំនុំជម្រះ។ ពួកគេនឹងមិនបាត់បង់ការសង្គ្រោះរបស់ពួកគេទេ ប៉ុន្តែពួកគេនឹងបាត់បង់រង្វាន់ពីព្រះជាម្ចាស់ ដោយសារពួកគេមិនស្មោះត្រង់នឹងម្ចាស់ (៤:៤) ដោយសារពួកគេជ្រើសរើសបង្រៀនដោយប្រើប្រាជ្ញារបស់ មនុស្សដើម្បីទទួលបានការយល់ព្រមពីមនុស្ស ជាជាងបង្រៀនប្រាជ្ញារបស់ព្រះជាម្ចាស់ដែលបើកសម្តែងមក តាមរយៈព្រះបន្ទូលរបស់ទ្រង់។
ព្រះជាម្ចាស់នឹងជំនុំជម្រះគ្រូៗនៅក្នុងក្រុមជំនុំតាមរយៈភាពស្មោះត្រង់របស់ពួកគេសម្រាប់ការបង្រៀនពីប្រាជ្ញារបស់ទ្រង់។ នៅពេលគ្រូដែលជាគ្រីស្ទបរិស័ទប្រកាសព្រះបន្ទូលរបស់ព្រះទៅកាន់ រាស្ត្ររបស់ ព្រះជាម្ចាស់ ព្រះអង្គនឹងសង់ក្រុមជំនុំរបស់ទ្រង់ឡើង។ លទ្ធផលគឺ ព្រះជាម្ចាស់នឹងទទួលបានគ្រប់ទាំង សិរីល្អឥឡូវនេះ ហើយទ្រង់នឹងប្រទានរង្វាន់ដល់អ្នកបម្រើរបស់ទ្រង់សម្រាប់ភាពស្មោះត្រង់ នៅថ្ងៃជំនុំជម្រះ។
គោលការណ៍នេះគឺពិតណាស់សម្រាប់ព័ន្ធកិច្ចរបស់គ្រីស្ទបរិស័ទទាំងអស់។ អស់អ្នកដែលបម្រើព្រះ ទៅតាមប្រាជ្ញារបស់ទ្រង់ដូចដែលបានបើកសម្តែងតាមរយៈព្រះបន្ទូលទ្រង់ (ជាជាងតាមគំនិតផ្ទាល់ខ្លួន របស់ពួកគេ ប្រពៃណីរបស់មនុស្ស និងប្រាជ្ញារបស់លោកីយ៍នេះ) នឹងទទួលបានរង្វាន់មកពីព្រះជាម្ចាស់ ដោយសារពួកគេបានសង់ក្រុមជំនុំរបស់ទ្រង់តាមរបៀបរបស់ទ្រង់។
តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា
៣:១៦ “ខ្លួនអ្នករាល់គ្នា” នៅក្នុងខនេះគឺពហុវចនៈ។ ដូច្នេះលោកប៉ុលកំពុងតែប្រាប់ថាមនុស្សទាំងអស់ ដែលបានជួបជុំគ្នានៅក្នុងនាមព្រះគ្រីស្ទ (នោះគឺក្រុមជំនុំ) នៅក្នុងទីក្រុងកូរិនថូសមានព្រះវិហារមួយ សម្រាប់ព្រះជាម្ចាស់។ មនុស្សគឺជាព្រះវិហារ។ ហេតុផលដែលថាពួកគេគឺជាព្រះវិហាររបស់ព្រះជាម្ចាស់ គឺដោយសារទ្រង់គង់នៅក្នុងពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ដូចជាព្រះជាម្ចាស់ដែលគង់នៅក្នុង ព្រះវិហារនៅទីក្រុងយេរូសាឡឹមនៅក្នុងសញ្ញាចាស់ដែរ ឥឡូវនេះព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងក្រុមជំនុំ របស់ព្រះយេស៊ូវគ្រីស្ទ។
វាគួរឱ្យគត់សម្គាល់ដែរថាលោកប៉ុលប្រកាសថាអ្នកជឿទាំងអស់ដែលមកជួបជុំគ្នានៅក្នុងដំណាក់នៅក្នុងទីក្រុងកូរិនថូសគឺជា “ព្រះវិហារនៃព្រះ”! បើប្រៀបធៀបទៅនឹងព្រះវិហារដ៏ធំនៅក្រុងកូរិនថូស និងព្រះវិហារដ៏ធំនៅទីក្រុងយេរូសាឡឹម ក្រុមជំនុំនៅទីក្រុងកូរិថូសមើលទៅហាក់បីដូចជាតូច និងមិនសំខាន់។ ប៉ុន្តែគឺជាវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកគេវិញ ដែលធ្វើឱ្យពួកគេក្លាយជា ព្រះវិហាររបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស ហើយព្រះវិហារនេះមានគុណតម្លៃដ៏ពិសេសសម្រាប់ ព្រះជាម្ចាស់។
បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឲ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង។
៣:១៧ ព្រះជាម្ចាស់ស្រឡាញ់ក្រុមជំនុំរបស់ទ្រង់។ ក្រុមជំនុំគឺជាព្រះវិហាររបស់ទ្រង់ ហើយប្រសិនបើនរណាម្នាក់បំផ្លាញព្រះវិហាររបស់ទ្រង់ (នោះគឺពួកគេព្យាយាមបំផ្លាញក្រុមជំនុំ របស់ទ្រង់ហើយ) ព្រះជាម្ចាស់នឹងជំនុំជម្រះ ហើយបំផ្លាញអ្នកនោះ។ ក្រុមជំនុំគឺ “បរិសុទ្ធ” ដោយសារវាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយវាមានគុណតម្លៃដ៏អស្ចារ្យដោយសារទ្រង់បានបង្កើតវាឡើង សម្រាប់នាំសិរីល្អទៅកាន់ទ្រង់។
កុំឲ្យអ្នកណាបញ្ឆោតខ្លួនឡើយ បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយនេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឲ្យមានប្រាជ្ញាឡើង
៣:១៨ ប្រាជ្ញារបស់ព្រះជាម្ចាស់ និងប្រាជ្ញារបស់មនុស្សមិនដូចគ្នាទេ។ យើងត្រូវតែជ្រើសរើសថាតើប្រាជ្ញា ណាមួយដែលយើងត្រូវរស់នៅតាម (ហើយបង្រៀនមនុស្សដទៃទៀតឱ្យរស់នៅតាម)។ អ្នកទាំងឡាយនៅក្នុងក្រុមជំនុំដែលជ្រើសរើសយកប្រាជ្ញារបស់មនុស្ស (ជាជាងប្រាជ្ញារបស់ព្រះជាម្ចាស់) គឺត្រូវបានបោកបញ្ឆោតហើយ។ ហេតុនេះលោកប៉ុលដាស់តឿនថាពួកគេក្លាយទៅជា “ល្ងង់ល្ងើ” នៅក្នុងភ្នែករបស់លោកីយ៍ ដើម្បីឱ្យពួកគេបានទៅជាមានប្រាជ្ញានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ។
នៅពេលយើងបដិសេធប្រាជ្ញារបស់មនុស្ស ហើយជ្រើសរើសយកប្រាជ្ញារបស់ព្រះជាម្ចាស់ (នោះគឺយើងជឿលើដំណឹងល្អ និងសេចក្តីពិតរបស់ព្រះជាម្ចាស់ដែលបានបើកសម្តែងមកតាមរយៈ ព្រះបន្ទូលរបស់ទ្រង់) លោកីយ៍នឹងគិតថាយើងជាមនុស្សល្ងង់ល្ងើ ប៉ុន្តែព្រះជាម្ចាស់នឹងចាត់ទុកយើងថា ជាមនុស្សមានប្រាជ្ញាវិញ។ ដូច្នេះគោលបំណងនៃការក្លាយទៅជាល្ងង់ល្ងើតាមលោកីយ៍នេះគឺដើម្បី ឱ្យអ្នកអាចបែទៅជាមានប្រាជ្ញានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ។
ដើម្បីឱ្យស្គាល់ពីប្រាជ្ញារបស់ព្រះជាម្ចាស់ មនុស្សម្នាក់ត្រូវតែស្មគ្រចិត្តក្លាយខ្លួនទៅជាមនុស្សល្ងង់ល្ងើ នៅចំពោះភ្នែករបស់លោកីយ៍នេះ។ ប្រាជ្ញាពិតប្រាកដចូលមកនៅពេលដែលយើងបដិសេធ “ប្រាជ្ញារបស់លោកីយ៍នេះ” (២:១៤-១៥)។ អ្នកក្រុងកូរិនថូសកំពុងតែបោកបញ្ឆោតខ្លួនឯងពីព្រោះ ពួកគេគិតថាពួកគេមានប្រាជ្ញាតាមរយៈការដើរតាមប្រាជ្ញា និងស្តង់ដាររបស់លោកីយ៍ តែតាមការពិត ពួកគេត្រូវក្លាយទៅជាមនុស្សល្ងង់ល្ងើតាមស្តង់ដាររបស់លោកីយ៍នេះ ហើយទទួលយកប្រាជ្ញារបស់ ព្រះជាម្ចាស់វិញ។
ពីព្រោះប្រាជ្ញារបស់លោកីយនេះ ជាសេចក្ដីល្ងង់ល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់ខ្លួនគេ» ហើយមានបទ១ទៀតថា «ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញ ថាជាឥតប្រយោជន៍ទាំងអស់»
៣:១៩-២០ ដូចដែលលោកប៉ុលបានបញ្ជាក់ច្បាស់ៗ៖ មានប្រាជ្ញារបស់ព្រះជាម្ចាស់ និងមានប្រាជ្ញា របស់លោកីយ៍ - ហើយទាំងនេះគឺខុសគ្នាទាំងស្រុង។ ប្រាជ្ញារបស់លោកីយ៍គឺល្ងង់ល្ងើនៅក្នុងព្រះ នេត្ររបស់ព្រះជាម្ចាស់។ លោកប៉ុលបានដកស្រង់ពី យ៉ូប ៥:១៣ និងទំនុកតម្កើង ៩៤:១១ ដើម្បីបង្ហាញពីលក្ខណៈរបស់ព្រះជាម្ចាស់ចំពោះ “ប្រាជ្ញា” របស់លោកីយ៍នេះ។
មនុស្សគិតថាប្រាជ្ញារបស់ខ្លួនគឺឆ្លាតជាង ប៉ុន្តែព្រះជាម្ចាស់ដឹងពីគំនិតរបស់មនុស្សគ្រប់ៗគ្នា ហើយទ្រង់ដឹងថាគំនិតរបស់មនុស្សគឺ “ឥតប្រយោជន៍” (μάταιοι នោះគឺ ‘ដោយគ្មានលទ្ធផល’ ‘គ្មានផលផ្លែ’)។ ប្រាជ្ញារបស់លោកីយ៍មិនសម្រេចបាននូវគុណតម្លៃអស់កល្បជានិច្ចអ្វីសោះឡើយ។ វាមានតែការព្រួយបារម្ភពីអ្វីៗនៅលោកីយ៍នេះប៉ុណ្ណោះ ហើយទីបំផុតការទាំងអស់នេះនឹងកន្លងផុតទៅ។
ដូច្នេះ កុំឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់ផងអ្នករាល់គ្នា ទោះទាំងប៉ុល ឬអ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្ដីស្លាប់ របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ តែឯអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ។
៣:២១ លោកប៉ុលអង្វរម្តងទៀតទៅកាន់ក្រុមជំនុំឱ្យឈប់អួតអំពីមនុស្សដោយសារបុព្វហេតុនេះបង្កើត ឱ្យមានការបែកបាក់នៅក្នុងក្រុមជំនុំ (១:១០)។ ការអួតអំពីអ្នកដឹកនាំ ឬនិកាយ ឬស្ថាប័នរបស់អ្នកគឺជា ការដាក់នូវការទុកចិត្តរបស់អ្នកទៅលើមនុស្ស មិនមែនព្រះជាម្ចាស់ទេ។ ហេតុនេះយើងមិនត្រូវអួត ពីមនុស្សឡើយ។ ផ្ទុយទៅវិញ អ្នកជឿនៅទីក្រុងកូរិនថូសត្រូវដឹងថា “គ្រប់ទាំងអស់ជារបស់ ផងអ្នករាល់គ្នា”!
៣:២២-២៣ ក្រុមជំនុំមិនមែនជាកម្មសិទ្ធិរបស់ពួកសាវ័ក ឬអ្នកដឹកនាំដែលជាមនុស្សណាម្នាក់នោះទេ។ តាមការពិតអ្នកដឹកនាំទាំងអស់នោះគឺជាកម្មសិទ្ធិរបស់ក្រុមជំនុំក្នុងនាមជាអ្នកបម្រើរបស់ពួកគេ (ខ៥)។ ក្រៅពីនោះអ្វីៗទាំងឡាយដែលជាការបង្កើតមកសុទ្ធតែជាកម្មសិទ្ធិរបស់គ្រីស្ទបរិស័ទដោយសារយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ ហើយគ្រប់ទាំងអស់ជារបស់ផងទ្រង់ (១៥:២៣-២៨)។ ដូច្នេះនៅក្នុងទ្រង់ យើងទាំងអស់គ្នាមានគ្រប់ទាំងអស់ (រ៉ូម ៨:១៧; កាឡាទី ៤:៧)។ ទីបំផុត ព្រះគ្រីស្ទជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដែលសោយរាជ្យលើគ្រប់ទាំងអស់ រួមទាំងលោកីយ៍ ជីវិត ការស្លាប់ បច្ចុប្បន្ន និងអនាគត។ ដូច្នេះគ្រីស្ទបរិស័ទដែលពេញវ័យមិនអួតពីមនុស្សទេ ប៉ុន្តែថ្វាយបង្គំ និងផ្តល់កិត្តិយសដល់ព្រះជាម្ចាស់ដែលលើសពីអ្វីៗទាំងអស់។


