top of page

ដូច្នេះ មនុស្ស​ត្រូវ​រាប់​យើង​ខ្ញុំ ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្ដី​អាថ៌‌កំបាំង​នៃ​ព្រះ​វិញ

 

៤:១ ក្រុមជំនុំនៅទីក្រុងកូរិនថូសត្រូវបានបែកខ្ញែកដោយសារតែពួកគេមានទស្សនៈមិនត្រឹមត្រូវពីពួកសាវ័ក និងគ្រូបង្រៀន។ ដូច្នេះលោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ពីរបៀបដែលក្រុមជំនុំគួរចាត់ទុកពួកគេបែបណា នោះគឺ “ទុក​ដូច​ជា​អ្នក​ជំនួយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​វិញ”។

 

ពាក្យជាភាសាក្រិកបកប្រែពាក្យ “​អ្នក​ជំនួយ” (ὑπηρέτας) នៅក្នុងខនេះថាជាបាវបម្រើដែលធ្វើការ នៅក្នុងកន្លែងដែលអន់ជាងគេបំផុតនៅលើកប៉ាល់ធំមួយ។ សម្រាប់លោកប៉ុលការពណ៌នាពីខ្លួនគាត់ តាមរបៀបនេះបង្ហាញពីការបន្ទាបខ្លួនដោយសារបាវបម្រើទាំងនេះមានឋានៈទាបបំផុតនៅលើកប៉ាល់។ ពាក្យនេះសង្កត់ធ្ងន់ចំពោះការពិតដែលថាសាវ័កបម្រើនៅក្រោមអំណាចម្ចាស់របស់ខ្លួនគឺព្រះយេស៊ូវដែលជាអ្នកបង្គាប់បញ្ជាពួកគេ។ ជាធម្មតាមនុស្សមិនអួតខ្លួនអំពី ឬផ្តល់កិត្តិយសទៅកាន់បាវបម្រើទេ។ ដូច្នេះក្រុមជំនុំមិនត្រូវអួតពីពួកសាវ័កទេ។

​

ពាក្យទីពីរដែលលោកប៉ុលប្រើដើម្បីពណ៌នាពីពួកសាវ័កគឺ “​អ្នក​រ៉ាប់រង” (οἰκονόμους)។ “អ្នករ៉ាប់រង” គឺជាឋានៈដែលខ្ពស់ជាងគេបង្អស់របស់បាវបម្រើរបស់ម្ចាស់ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលទទួលបាននូវទំនួលខុសត្រូវដើម្បីចាត់ចែងទ្រព្យទាំងឡាយ (រួមទាំងអគារ ស្រែចម្ការ ហិរញ្ញវត្ថុ និងបាវបម្រើដទៃៗ ទៀត) នៅពេលម្ចាស់មិននៅ។ ពាក្យនេះសង្កត់ធ្ងន់ចំពោះការពិតថាពួកសាវ័កគឺជា មនុស្សដែល ព្រះជាម្ចាស់បានប្រគល់អ្វីៗដែលមានតម្លៃឱ្យ ហើយពួកគេត្រូវទទួលខុសត្រូវចំពោះទ្រង់ ដើម្បីចាត់ចែង វាឱ្យបានល្អ។ តើព្រះជាម្ចាស់បានប្រគល់អ្វីខ្លះទៅកាន់ពួកសាវ័ក? ចម្លើយគឺ “​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​” ដែលជាផែនការពីការសង្គ្រោះរបស់ទ្រង់តាមរយៈព្រះយេស៊ូវ ព្រះមេស៊ីដែលជាប់នៅលើឈើឆ្កាង និងជាព្រះសង្គ្រោះ (២:៧) ដែលទ្រង់បានបើកសម្តែងតាមរយៈព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកសាវ័ក ហើយឱ្យពួកគេនូវទំនួលខុសត្រូវដើម្បីប្រកាសប្រាប់។ ហេតុនេះក្រុមជំនុំត្រូវចេះគោរពដល់ពួកសាវ័ក។

 

តើពួកសាវ័កមានឋានៈខ្ពស់បំផុត ឬទាបបំផុតនៅក្នុងក្រុមជំនុំដែរឬទេ? ដើម្បីយល់ពីការនេះយើងត្រូវដឹង ថាព្រះយេស៊ូវបានបង្រៀនដល់ពួកសាវ័កថា “បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ” (ម៉ាកុស ៩:៣៥)។ ព្រះយេស៊ូវបានជ្រើសរើសពួកសាវ័កឱ្យក្លាយទៅជា មនុស្សដេលធ្វើ​លេខ​១នៅក្នុងក្រុមជំនុំ ដើម្បីក្លាយជាអ្នកបម្រើដល់មនុស្សទាំងអស់។

 

រីឯ​អ្នក​រ៉ាប់រង ត្រូវ​ឲ្យ​គេ​បាន​ស្មោះ‌ត្រង់

 

៤:២ គុណភាពសំខាន់បំផុតរបស់អ្នក​រ៉ាប់រងគឺភាពស្មោះត្រង់ (ខ១៧; ៧:២៥; ម៉ាថាយ ២៤:៤៥-៥១; កូឡុស ១:៧, ៤:៧)។ ការនេះមានន័យថាការចេះស្តាប់បង្គាប់ដោយការធ្វើតាមអ្វីដែលម្ចាស់បានបង្គាប់ ឱ្យយើងធ្វើ។ សម្រាប់លោកប៉ុល ការនេះមានន័យថាប្រកាសដំណឹងល្អទោះបីជាលោកីយ៍នេះគិតថា វាជារឿងល្ងីល្ងើក៏ដោយ (៩:១៦)។ តើការនេះមានន័យយ៉ាងណាចំពោះអ្នក?

 

តែ​ខាង​ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់​គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទ​ប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​ចោទ​ប្រកាន់​ទោស​ខ្លួន​ខ្ញុំ​ផង

​

៤:៣ ប្រសិនបើមនុស្សម្នាក់ពិតជាបាវបម្រើរបស់ព្រះយេស៊ូវមែន នោះអ្វីដែលសំខាន់សម្រាប់គាត់គឺថា ព្រះយេស៊ូវពេញចិត្តនឹងគាត់។ មិនថាអ្នកដទៃគិតបែបណានោះទេពីព្រោះពួកគេមិនមែនជាម្ចាស់ របស់យើងនោះទេ។ 

 

អ្នកក្រុងកូរិនថូសបានវិន្និច្ឆ័យលោកប៉ុល ប៉ុន្តែគាត់មិនខ្វល់ពីការវិន្និច្ឆ័យរបស់ពួកគេដោយចាត់ទុកថា សំខាន់នោះទេ។ លោកប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនៅទីក្រុងរ៉ូមថា៖ “តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បម្រើ​ របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ” (រ៉ូម ១៤:៤)។ ដោយសាររឿងនេះ លោកប៉ុលមិនទាំងវិន្និច្ឆ័យខ្លួនឯងផង។ ការវាយតម្លៃពីព័ន្ធកិច្ចខ្លួនឯងរបស់គាត់មិនពាក់ព័ន្ធគ្នាទេពីព្រោះ មានតែអ្វីដែលម្ចាស់របស់លោកគិតប៉ុណ្ណោះដែលសំខាន់។

 

ពី​ព្រោះ​ខ្ញុំ​មិន​ឃើញ​មាន​អ្វី​នៅ​ក្នុង​ខ្លួន​ខ្ញុំ​សោះ ប៉ុន្តែ ខ្ញុំ​មិន​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ហេតុ​នោះ​ទេ អ្នក​ដែល​ចោទ​ប្រកាន់​ទោស នោះ​គឺ​ជា​ព្រះ‌អម្ចាស់​វិញ​ទេ​តើ

​

៤:៤ លោកប៉ុលមិនបានដឹងអំពីការបរាជ័យណាមួយ ឬអំពើបាបដែលមិនបានសារភាពនៅក្នុង ជីវិតរបស់គាត់ទេ ប៉ុន្តែគាត់ដឹងថានោះគឺជាព្រះយេស៊ូវ មិនមែនខ្លួនគាត់ទេដែលជាអ្នកជំនុំជម្រះ។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចផ្តល់នូវការជំនុំជម្រះពិត និងត្រឹមត្រូវដល់បាវបម្រើរបស់ទ្រង់។ មានតែទ្រង់តែប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជំនុំជម្រះការស្តាប់បង្គាប់ និងភាពស្មោះត្រង់របស់យើងចំពោះកិច្ចការដែលទ្រង់បានប្រទានមកឱ្យយើងធ្វើ (២ ធីម៉ូថេ ២:១៥)។

 

ដូច្នេះ កុំ​ឲ្យ​ចោទ​ប្រកាន់​ទោស​គ្នា​មុន​កំណត់​ឡើយ លុះ​ត្រា​តែ​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក ដែល​ទ្រង់​នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំង ដែល​ធ្វើ​នៅ​ទី​ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ​វិញ ហើយ​នឹង​បើក​សំដែង ឲ្យ​ឃើញ​អស់​ទាំង​គំនិត ក្នុង​ចិត្ត​របស់​មនុស្ស​ផង នោះ​គ្រប់​គ្នា​នឹង​បាន​សេចក្ដី​សរសើរ​ពី​ព្រះ​រៀង​ខ្លួន។

 

៤:៥ គ្រីស្ទបរិស័ទត្រូវទទួលការជំនុំជម្រះពីម្ចាស់របស់ខ្លួន មិនមែនពីបាវបម្រើផ្សេងទៀតនោះទេ។ នៅពេលព្រះយេស៊ូវយាងមកវិញជាលើកទីពីរ គ្រីស្ទបរិស័ទទាំងអស់មានការងាររបស់ពួកគេ ដែលត្រូវត្រួតពិនិត្យ (២ កូរិនថូស ៥:១០)។ ការវិន្និច្ឆ័យរបស់ព្រះយេស៊ូវនឹងល្អឥតខ្ចោះ ដ្បិតទ្រង់ “នឹង​យក​អស់​ទាំង​អំពើ​លាក់​កំបាំងដែល​ធ្វើ​នៅ​ទី​ងងឹតមក​ដាក់​នៅ​ទី​ភ្លឺ​វិញ” ដែលសំដៅលើការជម្រុញចិត្ត គំនិត និងអាកប្បកិរិយារបស់មនុស្សម្នាក់ដែលមានតែទ្រង់ប៉ុណ្ណោះដែលអាចដឹងបាន។ នៅគ្រានោះហេតុការណ៍ទាំងឡាយនឹងត្រូវបានដឹង ហើយអស់ទាំងគំនិត និងចេតុនានៅក្នុងចិត្តរបស់ មនុស្សទាំងអស់នឹងត្រូវបានបង្ហាញចេញមក (ម៉ាថាយ ១០:២៦)។

​

ដូច្នេះលោកប៉ុលប្រាប់ទៅកាន់អ្នកក្រុងកូរិនថូសថាមិនត្រូវវិន្និច្ឆ័យពីភាពស្មោះត្រង់របស់គាត់ឡើយ ពីព្រោះការនេះមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចធ្វើបានយ៉ាងត្រឹមត្រូវនៅពេលទ្រង់យាងត្រឡប់មកវិញ។ ពីព្រោះរង្វាន់គឺអាស្រ័យទៅលើការជម្រុញចិត្ត និងដួងចិត្តរបស់យើងព្រមទាំងការងាររបស់យើងដែរ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចផ្តល់ការសរសើរដែលបាវបម្រើម្នាក់ៗសមនឹងទទួលបាន។

 

សម្រាប់គ្រីស្ទបរិស័ទ ភាពស្មោះត្រង់គឺជាភាពជោគជ័យ។ ភាពជោគជ័យមិនមែនជាភាពល្បីល្បាញ ឬការសរសើរពី មនុស្សនោះទេ។ ការសរសើរបានមកពីព្រះជាម្ចាស់នៅគ្រាជំនុំជម្រះចុងក្រោយ ហើយនេះគឺជាការសរសើរ តែមួយគត់ដែលសំខាន់។ ហេតុនេះការវិន្និច្ឆ័យរបស់អ្នកជឿនៅក្រុងកូរិនថូស មិនសំខាន់នោះទេ ពីព្រោះ (១) មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចវិន្និច្ឆ័យបាវបម្រើរបស់ទ្រង់បាន និង (២) ពីព្រោះមានតែការវិន្និច្ឆ័យនៅគ្រាចុងក្រោយតែប៉ុណ្ណោះដែលសំខាន់។

 

បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្ដី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ នឹង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្ដី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្ដី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ

​

៤:៦ លោកប៉ុលបានយកខ្លួនឯង និងលោកអ័ប៉ុឡូសមកធ្វើជាគំរូពីអ្នកបម្រើរបស់ព្រះអម្ចាស់។ ពួកគេគឺដូចជាកសិករ (៣:៦-៩) ជាង​ផ្ទះ​ (៣:១០-១៥) អ្នកបម្រើ និងអ្នកជំនួយ (ខ១-៥)។ លោកប៉ុលបានធ្វើកិច្ចការនេះដើម្បីបង្រៀនទៅកាន់ក្រុមជំនុំអំពីអាកប្បកិរិយាសមរម្យដែលពួកគេត្រូវមានទៅកាន់អ្នកដឹកនាំរបស់ខ្លួន។

 

ក្រុមជំនុំកូរិនថូសបានធ្វើការវិន្និច្ឆ័យដល់អ្នកដឹកនាំរបស់ពួកគេ។ ពួកគេលើកអ្នកដឹកនាំមួយចំនួនខ្ពស់ពេក រីឯអ្នកមួយចំនួនទៀតទាបពេក។ ប៉ុន្តែលោកប៉ុលចង់ឱ្យពួកគេឈប់ធ្វើដូច្នេះវិញ ពីព្រោះគ្រីស្ទបរិស័ទ ទាំងអស់គឺជាអ្នកបម្រើរបស់ព្រះយេស៊ូវ។ ក្រុមជំនុំត្រូវប្រព្រឹត្តិចំពោះអ្នកបម្រើរ បស់ព្រះយេស៊ូវទាំងអស់ ដោយការគោរព ប៉ុន្តែស្ថិតនៅក្នុងដែនដែលបានកត់ត្រាទុកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់  ដើម្បីកុំឱ្យពួកគេអួតខ្លួនអំពីអ្នកបម្រើម្នាក់ទាស់នឹងអ្នកផ្សេងទៀតឡើយ (១ ថែស្សាឡូនីច ៥:១២-១៣; ១ ធីម៉ូថេ ៥:១៧-១៨; ហេព្រើរ ១៣:១៧)។ 

​

ចូរស្រមៃថាព្រះមហាក្សត្របានអញ្ជើញអ្នកមកពិធីជប់លៀង។ អ្នកធ្វើដំណើរទៅកាន់រាជវាំងរបស់ទ្រង់ ហើយអ្នកបម្រើរបស់ទ្រង់យកអាហារមកឱ្យអ្នក។ តើអ្វីជាអាកប្បកិរិយាសមរម្យដែលអ្នកត្រូវមានចំពោះ អ្នកបម្រើទាំងនេះ? ម្យ៉ាងវិញទៀត អ្នកមិនគួរផ្តល់កិត្តិយសខ្លាំងពេកដល់ពួកគេទេ ដោយសារព្រះមហាក្សត្រទៅវិញទេដែលបានប្រទានពិធីជប់លៀងមួយនេះ ហើយទ្រង់សក្តិសមទទួលបានកិត្តិយស មិនមែនអ្នកបម្រើទេ។ ទោះយ៉ាងណា ម្យ៉ាងវិញទៀតអ្នកក៏មិនត្រូវមិនគោរពពួកគេដែរ ពីព្រោះពួកគេគឺជាអ្នកបម្រើរបស់ព្រះមហាក្សត្រ ហើយទ្រង់បានប្រទានឱ្យពួកគេធ្វើកិច្ចការនេះ។

 

ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ

​

៤:៧ ក្រុមជំនុំនៅក្រុងកូរិនថូសមិនមានការរួបរួមគ្នាទេ។ មានការបែងចែកទៅជាក្រុមៗ ហើយក្រុមនីមួយៗអួតខ្លួនថាពួកគេគឺជាក្រុមដែលល្អបំផុត។ ប៉ុន្តែគ្រីស្ទបរិស័ទត្រូវដឹងថាអ្វីៗគ្រប់យ៉ាង ដែលយើងមានគឺសុទ្ធតែព្រះជាម្ចាស់បានប្រទានមកយើង។ ទាំងទេពកោសល្យ និងអំណោយទានទាំងអស់គឺមិនមែនបានមកដោយសារគុណសម្បត្តិរបស់អ្នកទេ ប៉ុន្តែគឺដោយសារព្រះគុណទ្រង់សម្រាប់យើងវិញ។ ដូច្នេះយើងមិនត្រូវអួតអំពីខ្លួនឯងនោះទេ។ យើងជំពាក់គ្រប់យ៉ាងដោយព្រះគុណរបស់ព្រះជាម្ចាស់ ដូច្នេះហើយរាល់ការអួតខ្លួនអំពីមនុស្សទាំងអស់ (ខ្លួនឯង ឬអ្នកដទៃ) គឺមិនសមរម្យនៅក្នុងក្រុមជំនុំឡើយ។ 

 

អ្នក​រាល់​គ្នា​ឆ្អែត​ហើយ ក៏​ជា​អ្នក​មាន​ផង កាល​ឥត​ពី​យើង​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​បាន​សោយ‌រាជ្យ​ឡើង ហើយ​ខ្ញុំ​ក៏​សុខ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ‌រាជ្យ​ដែរ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​សោយ‌រាជ្យ​ជា​មួយ​គ្នា

 

៤:៨ អំណួត និងភាពក្រអឺតក្រទមគឺជាបញ្ហាដ៏ធំនៅក្នុងក្រុមជំនុំនៅក្រុងកូរិនថូស (ខ១៨-១៩, ៥:២, ៨:១, ១៣:៤; ២ កូរិនថូស ១២:២០)។ ពួកគេអួតខ្លួនដោយសារពួកគេគិតថាពួកគេជោគជ័យ មានប្រាជ្ញា ហើយឈានដល់កម្រិតមានភាពពេញវ័យខាងវិញ្ញាណ។ ពួកគេទើបតែបានក្លាយជាគ្រីស្ទបរិស័ទរយៈពេល បីឆ្នាំប៉ុណ្ណោះ ហើយនៅមិនទាន់ពេញវ័យខាងវិញ្ញាណនៅឡើយ (“​កូន​ខ្ចី​ក្នុង​ព្រះគ្រីស្ទ” ៣:១), ប៉ុន្តែពួកគេអួតខ្លួនធ្វើដូចជាពួកគេបានសោយរាជ្យដូច្នោះដែរ។

 

គ្រីស្ទបរិស័ទនឹងសោយរាជ្យជាមួយព្រះយេស៊ូវនៅពេលព្រះអង្គយាងមកវិញ ហើយបង្កើតព្រះរាជ្យ របស់ទ្រង់នៅលើផែនដីនេះ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនោះ ឯកសិទ្ធិរបស់យើងគឺជា ការចែករំលែកនូវ ការឈឺចាប់ និងតិះដៀលរបស់ទ្រង់វិញ (ហេប្រឺ ១៣:១៣; រ៉ូម ៨:១៧)។ ដូចដែលព្រះយេស៊ូវ មានបន្ទូលថា “បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ” (យ៉ូហាន ១៣:១៦)។ ព្រះយេស៊ូវរងទុក្ខ ហើយប្រសិនបើទ្រង់ជាចៅហ្វាយរបស់យើង ហើយយើងជាអ្នកបម្រើរបស់ទ្រង់ នោះយើងក៏រងទុក្ខដែរ។ ជីវិតរបស់គ្រីស្ទបរិស័ទមិនមែនជាផ្លូវកាត់ ហើយងាយស្រួលទៅកាន់សិរីល្អនោះទេ ប៉ុន្តែគឺជាផ្លូវដ៏វែងឆ្ងាយ ដែលឆ្លងកាត់ការរងទុក្ខមុនពេលឈានដល់សិរីល្អបាន។ ជាថ្មីម្តងទៀតនេះគឺជា ប្រាជ្ញាពីឈើឆ្កាង ដែលមនុស្ស​ខាង​សាច់​ឈាមគិតថាល្ងង់ ប៉ុន្តែមនុស្សខាងវិញ្ញាណអាចយល់បាន។ 

​

មូលហេតុដែលលោកប៉ុលចង់បានឱ្យគ្រីស្ទបរិស័ទពិតជាបានចាប់ផ្តើមសោយរាជ្យរួចហើយគឺពីព្រោះនោះមានន័យថាព្រះយេស៊ូវបានយាងមកវិញហើយ​ ហើយលោកប៉ុលនឹងលែងជួបការបៀតបៀន និងការរងទុក្ខក្នុងនាមជាសាវ័កទៀតហើយ។ ប៉ុន្តែគាត់ដឹងថាពេលវេលានេះមិនទាន់មកដល់នៅឡើយទេ។ បច្ចុប្បន្ននេះគឺជាពេលវេលានៃការរងទុក្ខ មិនមែនសិរីល្អសម្រាប់គ្រីស្ទបរិស័ទទេ។ លើកទីមួយនៅពេលព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះគឺមកដើម្បីរងទុក្ខ។ លើកទីពីរ ទ្រង់នឹងយាងមកសោយរាជ្យ។ ប៉ុន្តែមុនពេលនោះមកដល់ អ្នកដើរតាមទ្រង់នឹងត្រូវរងទុក្ខ នៅក្នុងលោកីយ៍​នេះ។

 

ខ្ញុំ​ស្មាន​ថា ព្រះ‌ទ្រង់​បាន​ដាក់​យើង​ខ្ញុំ ដែល​ជា​ពួក​សាវក ឲ្យ​នៅ​ក្រោយ​បង្អស់ ហាក់​ដូច​ជា​បាន​ដំរូវ​ឲ្យ​ត្រូវ​ស្លាប់​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ត្រឡប់​ជា​ទី​ដែល​សំរាប់​ឲ្យ​លោកីយ​បាន​មើល​លេង គឺ​ដល់​ទាំង​ពួក​ទេវតា នឹង​ពួក​មនុស្ស​ផង

 

៤:៩ ព្រះជាម្ចាស់បានកំណត់ថាសាវ័កត្រូវតែរងទុក្ខដូចជាព្រះគ្រីស្ទដែរ​ ហើយការធ្វើយ៉ាងដូច្នោះគឺ ពួកគេបានធ្វើជាគំរូពីជីវិតជាគ្រីស្ទបរិស័ទទៅកាន់ក្រុមជំនុំ (ម៉ាថាយ ៥:១១; លូកា ៦:២២; កិច្ចការ ៩:១៦)។ ពួកសាវ័កគឺដូចជាអ្នកទោសសង្គ្រាមដែលពួករ៉ូមដឹកតាមដងផ្លូវនៅក្នុងទីក្រុងរ៉ូម តាមក្បួនដង្ហែរជ័យជំនះ (២ កូរិនថូស ២:១៤-១៥)។ អ្នកទោសដែលត្រូវបានកាត់ទោសឱ្យស្លាប់គឺ នៅពីក្រោយក្បួនដង្ហែរ។ បន្ទាប់ពីក្បួនដង្ហែរចប់ ពួកគេត្រូវបាននាំយកទៅកាន់ស្តាដ ដែល អ្នកទស្សនាមើលទៅកាន់ពួកគេដែលត្រូវអ្នកប្រយុទ្ធ និងសត្វព្រៃសម្លាប់។ 

 

យើង​ខ្ញុំ​ជា​មនុស្ស​ល្ងង់‌ល្ងើ​ដោយ​យល់​ដល់​ព្រះ‌គ្រីស្ទ តែ​អ្នក​រាល់​គ្នា​ជា​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ‌គ្រីស្ទ​វិញ យើង​ខ្ញុំ​ខ្សោយ តែ​អ្នក​រាល់​គ្នា​មាន​កំឡាំង អ្នក​រាល់​គ្នា​មាន​សេចក្ដី​រុងរឿង តែ​យើង​ខ្ញុំ​អាប់‌ឱន​កេរ្តិ៍​ឈ្មោះ​វិញ

 

៤:១០ លោកីយ៍​នេះគិតថាដំណឹងពីឈើឆ្កាងគឺជា “សេចក្តី​ចំកួត” និង “កំសោយ” (១:១៨, ១:២៣)។ ដូច្នេះវាមិនភ្ញាក់ផ្អើលទេដែលលោកីយ៍​គិតថាពួកសាវ័កដែលប្រកាសដំណឹងពីឈើឆ្កាងគឺជា “មនុស្ស​ល្ងង់‌ល្ងើ​” និង “ខ្សោយ” ផងដែរ។

 

ពួកសាវ័កដែលព្រះយេស៊ូវបានជ្រើសតាំងឡើងត្រូវបានចាត់ទុកថាជាមនុស្សល្ងង់ល្ងើ និងទន់ខ្សោយ ហើយមិនទទួលបានកិត្តិយសពីលោកីយ៍​នេះទេ។ ប៉ុន្តែអ្នកក្រុងកូរិនថូសដែលជា “កូន​ខ្ចី​ក្នុង​ព្រះគ្រីស្ទ” (៣:១) អួតខ្លួនពីភាពឆ្លាតវៃ រឹងមាំ និងភាពគួរឱ្យផ្តល់កិត្តិយសរបស់ពួកគេ! អ្នកបម្រើដែលមានភាពពេញវ័យខាងវិញ្ញាណ (ដូចពួកសាវ័ក) គឺស្មោះត្រង់នឹងព្រះយេស៊ូវ ទោះបីជាមានការបៀតបៀនពីលោកីយ៍​នេះក៏ដោយ ប៉ុន្តែអ្នកជឿដែលមិនទាន់ពេញវ័យ (ដូចក្រុមជំនុំនៅកូរិនថូស) អួតពីខ្លួនឯង ហើយស្វែងរកការផ្តល់កិត្តិយសពីលោកីយ៍​នេះទៅវិញ។ 

 

លុះ​មក​ដល់​ឥឡូវ​នេះ យើង​ខ្ញុំ​ត្រូវ​ទាំង​ឃ្លាន ទាំង​ស្រេក ហើយ​នៅ​អាក្រាត ទាំង​ត្រូវ​គេ​វាយ ហើយ​ក៏​ដើរ​សាត់​អណ្តែត យើង​ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​នឹង​ដៃ​យើង កាល​ណា​គេ​ជេរ នោះ​យើង​ខ្ញុំ​ឲ្យ​ពរ​វិញ កាល​ណា​គេ​បៀត‌បៀន នោះ​យើង​ខ្ញុំ​ទ្រាំ‌ទ្រ

​

៤:១១-១២ លោកប៉ុលកត់ត្រាទុកនូវភាពអាម៉ាស និងការរងទុក្ខដែលពួកសាវ័កបានជួបប្រទះ។ ខណៈដែលយើងអានបញ្ជីនេះ យើងទទួលបានការរំលឹកប្រាប់ពីព្រះជន្មរបស់ព្រះយេស៊ូវ ដែលបានឆ្លងកាត់ការស្រេកឃ្លានផងដែរ (ម៉ាថាយ ៤:១-៤) ស្រេកទឹក (យ៉ូហាន ១៩:២៨) គ្មានផ្ទះសម្បែង (ម៉ាថាយ ៨:២០) ធ្វើការដោយផ្ទាល់ដៃ (ម៉ាកុស ៦:៣) ហើយត្រូវបានគេជេរប្រមាថ បៀតបៀន និងបង្កាច់បង្ខូច (អេសាយ ៥៣:៣)។ 

​

បើទោះបីជាពួកសាវ័កត្រូវបានលោកីយ៍​នេះបដិសេធក៏ដោយ (កិច្ចការ ១៣:៥០–៥១, ១៤:៥–៦, ១៤:១៩, ១៦:២០–២៤, ១៧:៥–៩, ១៧:១៣–១៤, ១៨:១២–១៦) ពួកគេឆ្លើយតបចំពោះរឿងនេះ ដូចជាអ្វីដែលព្រះយេស៊ូវបានធ្វើដែរ (ហើយបង្រៀនឱ្យអ្នកដើរតាមទ្រង់) នោះគឺប្រកបដោយព្រះពរ ការស៊ូទ្រាំ និងការអធិស្ឋាន (ម៉ាថាយ ៥:៤៤; លូកា ៦:២៨; រ៉ូម ១២:១៤; ១ ពេត្រុស ២:២៣; ៣:៩, ៣:១៥-១៦)។

 

កាល​ណា​គេ​ប្រមាថ នោះ​យើង​ខ្ញុំ​អង្វរ​ដល់​គេ យើង​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សំរាម​របស់​លោកីយ ហើយ​ដូច​ជា​កំអែល​នៃ​មនុស្ស​ទាំង​អស់ ដរាប​ដល់​ឥឡូវ​នេះ

 

៤:១៣ លោកីយ៍​នេះមិនកោតសរសើរពួកសាវ័កសម្រាប់ការប្រកាសពីប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់ទេ។ លោកប៉ុលពណ៌នាពីរបៀបដែលលោកីយ៍​ចាត់ទុកពួកសាវ័កថាជា “កាក” ដែលអ្នកឃើញមាននៅលើ ចានកខ្វក់ ហើយជា “​សម្រាម” នៅក្នុងធុង (បរិទេវ ៣:៤៥)។ ចំណុចរបស់លោកប៉ុលគឺថាការដើរតាម ព្រះយេស៊ូវ និងការរស់តាមព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ (ជាជាងប្រាជ្ញា​របស់​លោកីយ៍​) នឹងបណ្តាលឱ្យមនុស្សម្នាក់ត្រូវលោកីយ៍នេះបដិសេធ។

 

ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​ទេ ខ្ញុំ​គ្រាន់​តែ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ស្ងួន‌ភ្ងា​វិញ​ប៉ុណ្ណោះ 

 

៤:១៤ ទោះបីជាពួកគេមិនមានភាពពេញវ័យខាងវិញ្ញាណក៏ដោយ លោកប៉ុលនៅតែស្រឡាញ់ អ្នកជឿនៅទីក្រុងកូរិនថូស។ ពួកគេគឺជា “កូន​ស្ងួនភ្ងា​” ដោយសារកំណើតថ្មីរបស់ពួកគេបានកើតឡើង នៅពេលគាត់អធិប្បាយពីដំណឹងល្អទៅកាន់ពួកគេ។ ហេតុនេះហើយបានជាគាត់សរសេរថាវាគឺ ​ “ដោយសារ​ដំណឹង​ល្អ” ដែលគាត់បានក្លាយទៅជាឪពុករបស់ពួកគេ (ខ១៥)។ ក្នុងនាមជាកូនស្ងួនភ្ញាខាងវិញ្ញាណរបស់គាត់ គាត់ដឹងថាវាគឺជាទំនួលខុសត្រូវរបស់គាត់ក្នុង ការដាស់តឿនដល់ពួកគេ ហើយកែប្រែឥរិយាបថ និងអាកប្បកិរិយាខុសឆ្គងរបស់ពួកគេ (ម៉ាថាយ ១៨:១៥-២០; កិច្ចការ ២០:៣១; ១ ថែស្សាឡូនិច ២:៧-១២; ៥:១៤)។ 

​

ដ្បិត​ថ្វី​បើ​អ្នក​រាល់​គ្នា​មាន​គ្រូ​ទាំង​ម៉ឺន​ក្នុង​ព្រះ‌គ្រីស្ទ តែ​គ្មាន​ឪពុក​ជា​ច្រើន​ទេ មាន​តែ​ខ្ញុំ​១​ប៉ុណ្ណោះ ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ ដោយ‌សារ​ដំណឹង​ល្អ

 

៤:១៥ ពាក្យជាភាសាក្រិកបកប្រែពាក្យ “ណែនាំ” (παιδαγωγοὺς) មានន័យត្រង់ថា ‘អ្នកដែលណែនាំដល់ក្មេងៗ’។ នេះគឺជាទាសករដែលគ្រួសារអ្នកមានជនជាតិក្រិក និងរ៉ូមជួលឱ្យមើលការខុសត្រូវកូនប្រុសៗរបស់ពួកគេមានអាយុពីប្រាំមួយឆ្នាំដល់ដប់ប្រាំមួយឆ្នាំ ហើយជួយបង្ហាត់ជំនាញសីលធម៌ជាមូលដ្ឋាន ចង្អុលបង្ហាញ និងដាក់ទោសចំពោះអាកប្បកិរិយាមិនល្អ។ ប៉ុន្តែលោកប៉ុលជាមនុស្សដែលលើសពីការណែនាំសម្រាប់ពួកគេ។​ គាត់គឺជាឪពុកខាងព្រលឹងវិញ្ញាណ របស់ពួកគេ (២ កូរិនថូស ១២:១៤-១៥; កាឡាទី ៤:១៩; ៣ យ៉ូហាន ៤)។ ដូច្នេះគ្មានគ្រូ ឬគ្រូគង្វាលណាផ្សេងទៀតដែលយកចិត្តទុកដាក់ចំពោះពួកគេដូចជាគាត់បានធ្វើនោះទេ។

​

ដូច្នេះ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​យក​ដំរាប់​តាម​ខ្ញុំ​ចុះ។

 

៤:១៦ កុមារធ្វើត្រាប់តាមឪពុករបស់ពួកគេ។ លោកប៉ុលគឺជាឪពុកខាងវិញ្ញាណរបស់ក្រុមជំនុំនេះ ដូច្នេះហើយបានជាគាត់ជំរុញឱ្យពួកគេធ្វើត្រាប់តាមគាត់។ គោលបំណងគឺមិនមែនថា ពួកគេត្រូវធ្វើដូចជា លោកប៉ុលនោះទេ ប៉ុន្តែគឺថាពួកគេនឹងត្រូវក្លាយទៅជាដូចព្រះយេស៊ូវឱ្យបានកាន់តែច្រើនវិញ។ លោកប៉ុលសរសេរនៅក្នុង ១១:១ ថា “​ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ដែរ”។

​

តើលោកប៉ុលរំពឹងថាឱ្យពួកគេធ្វើត្រាប់តាមអ្វីខ្លះ? តាមរយៈសំបុត្រនេះ យើងឃើញថាគាត់ចង់ឱ្យពួកគេ៖ 

​​

  • ទុកចិត្ត និងពឹងផ្អែកទៅលើប្រាជ្ញារបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណរបស់ព្រះ និងព្រះចេស្តា របស់ព្រះដែលធ្វើការតាមរយៈភាពទន់ខ្សោយ ការភ័យខ្លាច និងការញ័រភ័យ (២:១-៤), ជាជាងទុកចិត្ត និងពឹងផ្អែកទៅលើប្រាជ្ញារបស់មនុស្ស (ខ១១-១៣)។

​​

  • ដឹងថាអ្វីៗទាំងអស់ដែលថាពួកគេជានរណា និងអ្វីៗទាំងអស់ដែលពួកគេមានគឺដោយសារ ព្រះគុណរបស់ព្រះជាម្ចាស់ (៣:១០) ហេតុដូច្នេះហើយមិនត្រូវអួតអំពីមនុស្សឡើយ ប៉ុន្តែចូរថ្វាយសីរីល្អដល់ព្រះជាម្ចាស់វិញ (៤:៧)។

​​

  • ចាត់ទុកខ្លួនឯងថាជា បាវបម្រើរបស់ព្រះយេស៊ូវដែលគោលដៅគឺត្រូវមានភាពស្មោះត្រង់ ចំពោះម្ចាស់របស់ខ្លួន (៤:១-៥)។

​​

  • មិនច្រណែន ឬប្រកួតប្រជែងគ្នាជាមួយអ្នកបម្រើដែលជាគ្រីស្ទបរិស័ទដទៃទៀតទេ ដើម្បីឱ្យពួកគេទាំងអស់គ្នាអាចធ្វើការជាមួយគ្នាបាននៅក្នុងចម្ការរបស់ព្រះជាម្ចាស់ (៣:៥-៩)។

​​

  • លះបង់មហិច្ឆតារបស់ខ្លួនចេញការមានឋានៈខ្ពង់ខ្ពស់ ហើយទទួលស្គាល់ថាលោកីយ៍នឹងចាត់ទុក ពួកគេថាជាមនុស្សល្ងង់ល្ងើ និងខ្សោយ ហើយត្រូវឆ្លើយតប ចំពោះការបំពានដោយព្រះពរ ការស៊ូទ្រាំ និងការអធិស្ឋានវិញ (៤:១០-១៣)។

​

សរុបសេចក្តីមក ជីវិតរបស់លោកប៉ុលគឺផ្តោតទៅលើព្រះយេស៊ូវទាំងស្រុង ជាព្រះគ្រីស្ទដែលបានជាប់ឆ្កាង និងជាព្រះសង្គ្រោះ (១:១៨-២:៥, ៣:៥-១៧)។ គ្រីស្ទបរិស័ទក៏ត្រូវប្រាកដដែរថាព្រះយេស៊ូវគឺជា ចំណុចកណ្តាលនៃសេចក្តីជំនឿរបស់យើង ហើយពឹងអាងលើទ្រង់។ យើងលូតលាស់នៅក្នុង ភាពចាស់ទុំខាងវិញ្ញាណរបស់យើងរហូតដល់កម្រិតដែលយើងទទួលយកប្រាជ្ញារបស់ទ្រង់ ហើយបដិសេធប្រាជ្ញារបស់លោកីយ៍វិញ។ ដើម្បីរីកចម្រើននៅក្នុងភាពចាស់ទុំខាងវិញ្ញាណរបស់យើង ដំបូងយើងត្រូវតែសម្រេចចិត្តថាយើងចង់ស្គាល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយរស់នៅតាមរបៀប របស់ទ្រង់ (ជាជាងគំនិត និងរបៀបរបស់មនុស្ស)។ បន្ទាប់មកយើងត្រូវចេះធ្វើផែនការដើម្បីរៀនពី ព្រះហឫទ័យ និងរបៀបរបស់ព្រះជាម្ចាស់តាមរយៈការអានព្រះបន្ទូលទ្រង់ជារៀងរាល់ថ្ងៃ ដើម្បីឱ្យយើងអាចចាប់ផ្តើមអនុវត្តប្រាជ្ញារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ហើយរស់នៅធ្វើជា ប្រជារាស្ត្ររបស់ទ្រង់។

 

ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចាត់​ធីម៉ូថេ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គាត់​ជា​កូន​ស្ងួន‌ភ្ងា ហើយ​ស្មោះ‌ត្រង់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​រំឭក​អ្នក​រាល់​គ្នា ពី​គ្រប់​ទាំង​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះ‌គ្រីស្ទ តាម​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​នៅ​សព្វ​អន្លើ

​

៤:១៧ លោកប៉ុលចង់ធ្វើដំណើរមកកាន់ទីក្រុងកូរិនថូសដោយរស់នៅជាមួយពួកគេដើម្បីធ្វើជា គំរូពី ជីវិតរស់នៅជាគ្រីស្ទបរិស័ទទៅដល់ពួកគេ។ ប៉ុន្តែព្រះយេស៊ូវមានកិច្ចការឱ្យគាត់ធ្វើនៅទីក្រុងអេភេសូ (១ កូរិនថូស ១៦:៨-៩) ដូច្នេះគាត់បានបញ្ជូនលោកធីម៉ូថេទៅឱ្យពួកគេវិញ។

 

លោកធីម៉ូថេត្រូវបានលោកប៉ុលបង្ហាត់បង្រៀនបានយ៉ាងល្អដែលគាត់អាចធ្វើជាតំណាងរបស់លោកប៉ុល បាន (១៦:១០-១១; កិច្ចការ ១៩:២២; ២ ធីម៉ូថេ ២:២; ៣:១០-១៤)។ តាមរយៈ​ការណែនាំ និងអាកប្បកិរិយារបស់គាត់ លោកធីម៉ូថេនឹងចែករំលែកនូវអ្វីដែលលោកប៉ុលបានបង្រៀនដល់គាត់ ហើយរំលឹកដល់អ្នកក្រុងកូរិនថូសពីរបៀបរស់នៅជាគ្រីស្ទបរិស័ទដែលសមរម្យ ដូចដែលលោកប៉ុលពណ៌នាថាជា “​កិរិយា​របស់​ខ្ញុំ​ក្នុង​ព្រះគ្រីស្ទ”។

 

មាន​អ្នក​ខ្លះ​កើត​មាន​ចិត្ត​ធំ ដោយ​គិត​ស្មាន​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា​ទេ ប៉ុន្តែ បន្តិច​ទៀត បើ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​មក​ជា​មិន​ខាន ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សំដី​របស់​ពួក​អ្នក​ដែល​មាន​ចិត្ត​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​ដល់​ទាំង​អំណាច​គេ​ថែម​ទៀត​ផង

 

៤:១៨ អ្នកជឿនៅក្រុងកូរិនថូសមួយចំនួនបានក្លាយទៅជាមនុស្សដែលក្រអឺតក្រទម (ខ៦)។ ពេលលោកធីម៉ូថេទៅសួរសុខទុក្ខពួកគេ មិនមែនជាលោកប៉ុលទេ ពួកគេបាននិយាយថាលោកប៉ុលលែង មកកាន់ទីក្រុងរបស់ពួកគេទៀតហើយ។ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់អនុញ្ញាតិ លោកប៉ុលបានធ្វើផែនការមក ជួបជាមួយនឹងពួកគេឆាប់ៗ។ 

 

៤:១៩ ពេលលោកប៉ុលមក វានឹងច្បាស់ថាតើអ្នកជឿទាំងនេះពិតជាមានអំណាចខាងវិញ្ញាណប៉ុណ្ណានោះ។ វាមិនបញ្ហាទេថាតើពួកគេអួតខ្លួន ហើយអាចនិយាយបានល្អនោះ។ អ្វីដែលជាបញ្ហាគឺថាតើព្រះ‌ចេស្តារបស់ ព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់ពួកគេដែរឬទេ។ ពេលោកប៉ុលមកកាន់ទីក្រុងកូរិនថូស តើពួកគេ គ្រាន់តែមានពាក្យសម្តីដែលជាប្រាជ្ញារបស់មនុស្ស ឬតើពួកគេក៏នឹងអាចបង្ហាញពីព្រះ‌ចេស្តារបស់ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេ?  

 

ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ស្រេច​នឹង​ឥទ្ធិ‌ឫទ្ធិ​វិញ

​

៤:២០ ព្រះ‌ចេស្តារបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់មនុស្សម្នាក់បង្ហាញចេញមកតាមរយៈ ភាពបរិសុទ្ធ និងភាពសុចរិតនៅក្នុងជីវិតរបស់ពួកគេ។ ដូច្នេះភាពពេញវ័យខាងវិញ្ញាណមិនអាចវាស់វែង បានតាមរយៈ ការនិយាយចេញមកជាពាក្យសម្តីតាមប្រាជ្ញារបស់មនុស្សនោះទេ ប៉ុន្តែតាមរយៈអំណាច នៃជីវិត ដែលបរិសុទ្ធវិញ (ម៉ាថាយ ៧:២១-២៣)។ ពេលលោកប៉ុលធ្វើដំណើរមក តើជីវិតរបស់ អ្នកក្រុងកូរិនថូស បង្ហាញថាពួកគេមានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ឬទេ?

 

តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​យ៉ាង​ណា ចង់​ឲ្យ​ខ្ញុំ​មក​ទាំង​កាន់​ដំបង ឬ​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ចិត្ត​សុភាព​រាប​សា​វិញ។

​

៤:២១ លោកប៉ុលនឹងធ្វើដំណើរមកកាន់ទីក្រុងកូរិនថូស ប៉ុន្តែតើលោកនឹងមកដោយរបៀបណា? គាត់អាចធ្វើដំណើរមកដោយកាន់ “ដំបង” នោះគឺដើម្បីបង្ហាត់បង្រៀនពួកគេក្នុងនាមជាឪពុក ដែលណែនាំដល់កូនៗរបស់គាត់នៅពេលពួកគេប្រព្រឹត្តិអាក្រក់។ ឬគាត់អាចមក “​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​សុភាព​រាប​សា​វិញ” ពេលឪពុកធ្វើទៅកាន់កូនៗរបស់គាត់ដែលប្រព្រឹត្តិល្អ។ ចម្លើយទៅកាន់សំណួរ របស់លោកប៉ុលអាស្រ័យលើសកម្មភាពរបស់ក្រុមជំនុំនៅទីក្រុងកូរិនថូស។

bottom of page