top of page

មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន

​

៥:១ លោកប៉ុលបានសរសេរបញ្ចប់អំពីបញ្ហានៃការបែកបាក់នៅក្នុងក្រុមជំនុំនៅក្រុងកូរិនថូស (១:១០-៤:២១)។ បន្ទាប់មក គាត់សរសេរអំពីបញ្ហាទីពីរនៅក្នុងក្រុមជំនុំ ដែលនោះគឺពួកគេអត់ឱន ចំពោះភាពអសីលធម៌ខាងផ្លូវភេទ។ សមាជិកក្រុមជំនុំម្នាក់មានទំនាក់ទំនងផ្លូវភេទជាមួយម្តាយចុង របស់ខ្លួន។ ការដាក់ទ័ណ្ឌកម្មចំពោះ សាហាយស្មន់នៅក្នុងសញ្ញាចាស់គឺការស្លាប់ (លេវីវិន័យ ១៨:៧-៨, ១៨:២៩) ហើយសាហាយស្មន់ក៏ខុសច្បាប់ដែរតាមច្បាប់របស់រ៉ូម ដោយដាក់ទ័ណ្ឌកម្ម តាមរយៈការធ្វើនិរទេសទៅកាន់កោះ។ នេះគឺជាអ្វីដែលលោកប៉ុលចង់លើកឡើង នៅពេលគាត់សរសេរថាអំពើបាបនេះ “មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង”។ ប៉ុន្តែក្រុមជំនុំនៅទីក្រុងកូរិនថូសបានទទួលយកអំពើបាបនេះ ហើយមិនបានណែនាំដល់មនុស្សម្នាក់នេះ តាមដែលលោកប៉ុលបានបង្គាប់មកពួកគេឡើយ។

​

តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ ដើម្បី​នឹង​ដក​អ្នក​ដែល​ប្រព្រឹត្ត​ការ​នោះ ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ

​

៥:២ វាគឺជាភាពក្រអឺតក្រទមរបស់ក្រុមជំនុំដែលគិតថាពួកគេអាចអនុញ្ញាតឱ្យមានអំពើបាបនេះ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងច្បាប់របស់រ៉ូមបានហាមឃាត់នោះ។ ផ្ទុយទៅវិញពួកគេ គួរតែមានភាពសោកសង្រេងចំពោះអ្វីដែលបានកើតឡើង (២ កូរិនថូស ១២:២១) ហើយដកមនុស្សនោះ ចេញពីក្រុមជំនុំ។ 

​

មនុស្សមួយចំនួនគិតថាសេចក្តីបង្គាប់នេះមានភាពឃោរឃៅណាស់ ប៉ុន្តែលោកប៉ុលចង់ឱ្យក្រុមជំនុំដឹងថា ពួកគេត្រូវបានត្រាស់ហៅមកធ្វើជារាស្ត្រដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ (១:២)។ បញ្ហាស្ថិតនៅត្រង់ថាក្រុមជំនុំ នៅទីក្រុងកូរិនថូសមិនគិតថាអំពើអសីធម៌ខាងផ្លូវភេទនោះខុសទេ ហើយមិនឱ្យតម្លៃចំពោះភាពបរិសុទ្ធ ឡើយ។ នេះគឺជាអ្វីដែលបណ្តាលឱ្យលោកប៉ុលធ្វើសកម្មភាពខ្លាំងក្លាបែបនេះនៅក្នុង ខ៣-៥។

​

ឯ​ខ្ញុំ ទោះ​បើ​មិន​នៅ​ជា​មួយ​ខាង​សាច់​ឈាម​ក៏​មែន គង់​តែ​នៅ​ជា​មួយ​ខាង​ឯ​វិញ្ញាណ ខ្ញុំ​ក៏​បាន​កាត់​ទោស​ ដល់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ហើយ ហាក់​ដូច​ជា​បាន​នៅ​ជា​មួយ​គ្នា​ដែរ គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា នឹង​វិញ្ញាណ​ខ្ញុំ​បាន​ប្រជុំ​គ្នា ព្រម​ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​ផង នោះ​ខ្ញុំ​បាន​កាត់​ទោស​អ្នក​នោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដើម្បី​នឹង​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្ស‌សាតាំង ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ

​​

៥:៣-៤ លោកប៉ុលបានចាកចេញពីទីក្រុងកូរិនថូស ប៉ុន្តែមិនមែនមានន័យថាពេលនេះក្រុមជំនុំនោះ អាចធ្វើអ្វីៗបានតាមចិត្តដែលពួកគេចង់ធ្វើនោះទេ។ ក្នុងនាមជាឪពុកខាងវិញ្ញាណរបស់ពួកគេ មានវត្តមានខាងវិញ្ញាណរបស់លោកប៉ុលនៅតែជាមួយពួកគេ។ ដូច្នេះពួកគេគួរតែស្តាប់បង្គាប់គាត់ដូច ដែលពួកគេបានធ្វើនៅពេលគាត់នៅជាមួយពួកគេនៅទីក្រុងកូរិនថូសដែរ។ 

​

លោកប៉ុលបានសរសេរទៅកាន់ពួកគេ ហើយបានបង្គាប់ពួកគេមិនឱ្យប្រកបគ្នាជាមួយបុរសម្នាក់ ដែលមានសកម្មភាពផ្លូវភេទជាមួយម្តាយចុងរបស់ខ្លួនឡើយ (ខ៩)។ យ៉ាងណាមិញក្រុមជំនុំមិនបានធ្វើតាម ការបង្គាប់របស់លោកប៉ុលទេ។ ឥឡូវនេះគាត់ទទូចឱ្យពួកគេត្រូវតែដកបុរសម្នាក់នោះចេញពីក្រុមជំនុំ។​

​

៥:៥ ដើម្បី “​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្សសាតាំង” មានន័យថាដកគាត់ចេញពីក្រុមជំនុំ ដើម្បីឱ្យគាត់ ចេញទៅក្នុងពិភពលោកដែលគ្រប់គ្រងដោយអារក្សសាតាំងនេះ (យ៉ូហាន ១២:៣១, ១៤:៣០; ២ កូរិនថូស ៤:៤)។ វិន័យនេះគឺសម្រាប់ជាប្រយោជន៍ ដល់ទាំងមនុស្សម្នាក់នោះ និងក្រុមជំនុំផងដែរ។ 

​​

ប្រយោជន៍សម្រាប់មនុស្សម្នាក់នោះគឺ “ប្រយោជន៍​ឱ្យព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះក្នុង​ថ្ងៃ​នៃ​ព្រះអម្ចាស់ យេស៊ូវ​វិញ”។ ការនេះបង្ហាញប្រាប់ថាគោលបំណងនៃវិន័យគឺ ដើម្បីឱ្យមនុស្សម្នាក់នោះ បានសង្គ្រោះ មិនមែនបំផ្លាញគាត់ទេ។ លោកប៉ុលរំពឹងថាលទ្ធផលរបស់មនុស្សម្នាក់នេះដែលចេញ ទៅក្នុង ពិភពលោកនេះនឹងឱ្យបំផ្លាញខាង “និស្ស័យ​សាច់​ឈាម” (នោះគឺគឺជានិស្ស័យខាងអំពើបាបដែលទាស់ ប្រឆាំងនឹងព្រះជាម្ចាស់)។ គំនិតគឺថានៅពេលគាត់រងទុក្ខនៅក្នុងពិភពលោកនេះ គាត់នឹង (ដូចជាកូន ពៅវង្វេង) ដឹងខ្លួនថារបៀបរស់នៅរបស់គាត់មិនត្រឹមត្រូវទេ ហើយនឹងប្រែចិត្តចេញពីអំពើបាបរបស់គាត់ ដើម្បីត្រឡប់មករកព្រះជាម្ចាស់វិញ។ នេះគឺជារបៀបដែលនិស្ស័យបាបទាស់ប្រឆាំងរបស់គាត់នឹង ត្រូវបំផ្លាញចោល ហើយវិញ្ញាណរបស់គាត់ទទួលបានការសង្គ្រោះជារៀងរហូត។

​

គោលការណ៍នៃការរងទុក្ខដោយសារអារក្សសាតាំងអាចជាគោលបំណងរបស់ព្រះជាម្ចាស់ត្រូវបានរកឃើញនៅក្នុងគម្ពីរយ៉ូប (ជាពិសេស យ៉ូប ២:៤-១០) ហើយនៅក្នុងជីវិតរបស់លោកប៉ុល (“បន្លា​…​ក្នុង​សាច់ ​ឈាម” (២ កូរិនថូស ១២:៧)។ វាប្រសើរជាងសម្រាប់មនុស្សម្នាក់ ត្រូវបានដកមនុស្សចេញពីក្រុមជំនុំ រងទុក្ខ ប្រែចិត្ត ហើយទទួលបានការសង្គ្រោះ (១:៧) ជាជាងក្រុមជំនុំទទួលយកគាត់ ហើយគាត់មិនដែលប្រែចិត្ត ហើយបាត់បង់ទៅវិញនៅថ្ងៃ ជំនុំជម្រះ។

 

សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង ​បាន​ទេ​ឬ​អី

​

៥:៦ អត្ថប្រយោជន៍ដល់ក្រុមជំនុំសម្រាប់ការដកមនុស្សម្នាក់នោះចេញគឺដើម្បីរក្សាភាពបរិសុទ្ធរបស់ ពួកគេក្នុងនាមជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ (១:២)។ នៅក្នុងបទគម្ពីរ “ដំបែ” មានន័យថាឥទ្ធិពល ជាទូទៅគឺជាឥទ្ធិពលអវិជ្ជមាន (ម៉ាថាយ ១៦:៦; កាឡាទី ៥:៩)។ គ្រាន់តែដំបែតូចមួយអាចធ្វើឱ្យប៉ះពាល់ ដល់ដុំម្ស៉ៅទាំងមូលបាន ដូច្នេះអំពើបាបរបស់មនុស្សម្នាក់អាចធ្វើឱ្យប៉ះពាល់ក្រុមជំនុំទាំងមូលបាន។ 

​

ចូរ​សំអាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះ‌គ្រីស្ទ​ដ៏​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ

​

៥:៧ នៅក្នុងគម្ពីរនិក្ខមនំ មុនពេលជនជាតិអ៊ីស្រាអែលចាកចេញពីប្រទេសអេស៊ីព្ទ ពួកគេត្រូវយក ដំបែចាស់ចេញពីផ្ទះរបស់ពួកគេសិន (និក្ខមនំ ១៣:៣–១០, ២៣:១៥; ចោទិយកថា ១៦:៣–៨)។ សេចក្តីបង្គាប់នេះគឺមានគោលបំណងសម្រាប់ខាងផ្នែកសុខភាព។ ដើម្បីដំបែត្រូវបានធ្វើឡើង ជនជាតិអ៊ីស្រាអែលរក្សាម្ស៉ៅមួយដុំតូចដែលបានធ្វើកាលពីសប្តាហ៍មុនរង់ចាំឱ្យវាឡើងមេ បន្ទាប់មកដាក់វាចូលទៅក្នុងម្ស៉ៅនៅក្នុងសប្តាហ៍នេះឱ្យវាឡើង។ យ៉ាងណាមិញ ប្រសិនបើ មិនរក្សាវាទុកនៅក្នុងលក្ខខ័ណ្ឌត្រឹមត្រូវទេវាអាចមានបញ្ហា ហើយដំបែមួយដុំដែលមិនល្អនឹងធ្វើឱ្យផ្អូមខូច ដល់ដុំម្ស៉ៅ បន្តបន្ទាប់ ទៀតជាដើម។ វិធីសាស្ត្រតែមួយបែបគត់ដើម្បីធ្វើនំបុ័ងឱ្យល្អម្តងទៀតបានគឺ ត្រូវបោះចោលដុំដំបែចាស់ នោះ ហើយចាប់ផ្តើមជាមួយនឹងដុំថ្មីមួយវិញ។ ហេតុនេះបានជា ជនជាតិអ៊ីស្រាអែលទទួលបានការបង្គាប់ឱ្យ សម្អាតផ្ទះរបស់ពួកគេមួយឆ្នាំម្តងដោយយកដំបែទាំងអស់ ចោស (និក្ខមនំ ១២:១៤-២០) ហើយចាប់ផ្តើម ដំណើរការធ្វើដំបែថ្មីសម្រាប់ដុតនំបុ័ងរយៈពេល ដប់ពីខែបន្ទាប់ទៀត។

​

តាមរបៀបដូចគ្នានេះ លោកប៉ុលបង្គាប់ឱ្យក្រុមជំនុំដកមនុស្សម្នាក់ចេញនៅក្នុង ខ១ (“ដំបែចាស់”) ដើម្បីឱ្យពួកគេពិតជាអាចធ្វើជាប្រជារាស្ត្រដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់បាន (“ដំថ្មី” នោះគឺ “​ឥត​មាន​ដំបែ”)។ ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ ពួកគេត្រូវបានធ្វើឱ្យត្រឡប់ទៅជាបរិសុទ្ធរួចហើយ (១:២; ៦:១១)។ ឥឡូវនេះពួកគេត្រូវរស់នៅក្នុងជីវិតដែលបរិសុទ្ធ ហើយការនេះមានន័យថាដកមនុស្សម្នាក់ នេះចេញ ដែលជាឥទ្ធិពលមិនល្អនៅក្នុងក្រុមជំនុំដោយសារតែរបៀបរស់នៅដែលជាប់មានបាបរបស់គាត់។

​

ព្រះយេស៊ូវបានសុគតដើម្បីសង្គ្រោះមនុស្សពីអំពើបាប។ ដូច្នេះ មនុស្សម្នាក់គួរតែក្លាយទៅជាគ្រីស្ទបរិស័ទ លុះត្រាតែគាត់ចង់បានការសង្គ្រោះរួចចេញពីអំពើបាប។ តាមការពិតជីវិតថ្មីរបស់គាត់នៅក្នុងព្រះគ្រីស្ទ មិនទាន់ចាប់ផ្តើមទេរហូតទាល់តែគាត់ប្រែចិត្តចេញពីអំពើបាបសិន។ ដូច្នេះគ្រីស្ទបរិស័ទពិតប្រាកដនឹង មិនមានចិត្តរឹងរួស អាកប្បកិរិយាបះបោរនឹងព្រះជាម្ចាស់ ដែលបដិសេធក្នុងការប្រែចិត្តចេញពីបាប។

​

មន្ទីរពេទ្យគឺសម្រាប់អ្នកឈឺ។ ប៉ុន្តែ  មន្ទីរពេទ្យគឺសម្រាប់អ្នកឈឺទេតើដែលចង់ជានោះ។ វាមិនមែនសម្រាប់មនុស្ស ដែលចង់ឈឺរហូតនោះទេ។ ដូចគ្នាដែរ ក្រុមជំនុំគឺសម្រាប់មនុស្សមានបាប (ដោយសារមនុស្សទាំងអស់ សុទ្ធតែជាមនុស្សមានបាប)។ ប៉ុន្តែ ក្រុមជំនុំគឺសម្រាប់មនុស្សមានបាប ដែលចង់ជានោះ (នោះគឺយើងចង់យកឈ្នះ អំពើបាប ហើយលូតលាស់នៅក្នុងភាពបរិសុទ្ធ)។ ក្រុមជំនុំមិនមែនសម្រាប់មនុស្សមានបាបដែលចង់បន្ត រស់នៅក្នុងជីវិតដែលគ្រប់គ្រងដោយអំពើបាបនោះទេ។ 

​

ការសុគតរបស់ព្រះគ្រីស្ទធ្វើឱ្យយើងក្លាយជាមនុស្សថ្មី ហើយពេលនេះយើងត្រូវតែកម្ចាត់មនុស្ស ចាស់នោះចេញដើម្បីទទួលបានបទពិសោធន៍ជីវិតថ្មីនេះនៅក្នុងព្រះគ្រីស្ទ។ នៅក្នុងនិក្ខមនំ នំបុ័ងឥតដំបែគឺជានិមិត្តសញ្ញារបស់ជនជាតិអ៊ីស្រាអែលដែលរួចមានសេរីភាពចេញពីភាពជាទាសកររបស់ប្រទេសអេស៊ីព្ទ (និក្ខមនំ ១២:១៥–១៧)។ ឥឡូវនេះក្រុមជំនុំត្រូវតែជា “ឥតដំបែ” ដោយសារតែវាត្រូវបានសង្គ្រោះចេញពីភាពជា ទាសករនៃអំពើបាបដោយព្រះយេស៊ូវ ដែលជាកូនចៀមនៃបុណ្យរំលងយ៉ាងល្អឥតខ្ចោះ។

​

នៅពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងនៅថ្ងៃបុណ្យរំលង ទ្រង់សុគតក្នុងនាមជា “កូន​ចៀម​នៃ​ព្រះដែល​ដោះ​បាប​មនុស្ស​លោក” (យ៉ូហាន ១:២៩)។ ដូចជាឈាមរបស់កូនចៀមនៅ ថ្ងៃបុណ្យរំលងដែលការពារជនជាតិអ៊ីស្រាអែលពីការបំផ្លាញ លោហិតរបស់ព្រះយេស៊ូវសង្គ្រោះ ប្រជារាស្ត្រទ្រង់ឱ្យរួចពីការបំផ្លាញដែរ (និក្ខមនំ ១២:២៣)។ ការសុគតរបស់ព្រះយេស៊ូវបានរំដោះ យើងចេញពីអំពើបាប ហេតុដូច្នេះឥឡូវនេះយើងត្រូវរស់នៅឱ្យដូចជាមនុស្សដែលត្រូវបានរំដោះឱ្យមាន សេរីភាពវិញ។ 

​

បាន​ជា​ត្រូវ​ឲ្យ​យើង​ធ្វើ​បុណ្យ​នេះ​ដោយ​ឥត​មាន​ដំបែ គឺ​ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​ពិត​វិញ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​នឹង​ដំបែ​ជា​សេចក្ដី​អាក្រក់ នឹង​សេចក្ដី​កំណាច​នោះ​ទៀត​ឡើយ។

​

៥:៨ “បុណ្យ​នេះ” សំដៅលើជីវិតទាំងស្រុងរបស់អ្នកជឿ។ ជីវិតជាគ្រីស្ទបរិស័ទរបស់យើងគួរតែត្រូវបាន កំណត់លក្ខណៈតាមរបៀបដូចគ្នាទៅនឹងលក្ខណៈរបស់បុណ្យរំលងដែរ នោះគឺការប្រោសលោះ សេរីភាព អំណរ និងភាពបរិសុទ្ធក្នុងនាមជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ យើងអបអរការប្រោសលោះ ដែលព្រះជាម្ចាស់សម្រេចបានឱ្យយើងតាមរយៈការរស់នៅក្នុងជីវិតដែលបរិសុទ្ធ។ ជីវិតថ្មីរបស់យើង នៅក្នុងព្រះគ្រីស្ទត្រូវតែជាពិធីបុណ្យនៃភាពរីករាយដែលយើងអបអរដោយ “សេចក្តី​ស្មោះត្រង់ និង​សេចក្តី​ពិត” មិនមែនដោយអំពើបាប ការព្យាបាទ និងអំពើទុច្ចរិតឡើយ។

​

ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​កំផិត​ឡើយ តែ​ពាក្យ​នោះ​មិន​សំដៅ​ចំពោះ​មនុស្ស​កំផិត​របស់​ផង​លោកីយ​នេះ ឬ​មនុស្ស​លោភ មនុស្ស​ប្លន់​កំហែង ឬ​មនុស្ស​ថ្វាយ‌បង្គំ​រូប​ព្រះ​នោះ​ទេ ដ្បិត​បើ​ដូច្នោះ នោះ​ត្រូវ​តែ​ចេញ​ឲ្យ​ផុត​ពី​លោកីយ​នេះ​ទៅ

​

៥:៩ នៅក្នុងសេចក្តីសំបុត្រមុនមួយ ដែលលោកប៉ុលបានសរសេរទៅកាន់ក្រុមជំនុំនេះ គាត់បានហាមឃាត់ ពួកគេមិនឱ្យមានការប្រកបគ្នាជាមួយនឹងមនុស្សដែលអសីលធម៌ខាងផ្លូវភេទនៅក្នុងក្រុមជំនុំ។ ប៉ុន្តែពួកគេយល់ច្រឡំពីអ្វីដែលលោកប៉ុលបានសរសេរ។ ដូច្នេះឥឡូវនេះគាត់បានបញ្ជាក់វាឱ្យបានច្បាស់។

​

៥:១០ លោកប៉ុលមិនមានន័យថាពួកគេមិនអាចទាក់ទងគ្នាជាមួយអ្នកមិនជឿនោះទេ។ មានមនុស្សជាច្រើននៅទីក្រុងកូរិនថូសដែលអសីលធម៌ខាងផ្លូវភេទ លោភលន់ បោកប្រាស់ និងគោរពថ្វាយបង្គំរូបព្រះ។ បើទោះបីជាយើងមិនពេញចិត្តចំពោះអាកប្បកិរិយារបស់ពួកគេក៏ដោយ ក៏គ្រីស្ទបរិស័ទមិនត្រូវជៀសចេញ ឬវិន្និច្ឆ័យចំពោះអ្នកមិនជឿឡើយ។

​

គឺ​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ដោយ​ន័យ​យ៉ាង​នេះ​ថា បើ​មាន​អ្នក​ណា​នៅ​ក្នុង​ពួក​ជំនុំ ជា​មនុស្ស​កំផិត ឬ​លោភ ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ឬ​ជេរ​ប្រមាថ ជា​អ្នក​ប្រមឹក ឬ​ប្លន់​កំហែង នោះ​មិន​ត្រូវ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិភោគ​ជា​មួយ​នឹង​គេ​ផង

​

៥:១១ គោលដៅគឺមិនមែនត្រូវដកខ្លួនចេញពីពិភពលោកនេះទេ ប៉ុន្តែត្រូវរក្សាភាពបរិសុទ្ធនៅក្នុងក្រុមជំនុំ។ ពិភពលោកនេះអាចពោរពេញដោយអំពើបាប ប៉ុន្តែក្រុមជំនុំត្រូវតែបរិសុទ្ធ។ នៅពេលសមាជិកក្រុមជំនុំម្នាក់ ចង់រស់នៅតាមស្តង់ដាររបស់ពិភពលោកនេះ ជាជាងស្តង់ដារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះយើងមិនត្រូវមានទំនាក់ទំនងជាមួយនឹងម្នាក់នោះទេ។ ពេលលោកប៉ុលសរសេរសំបុត្រនេះ ការបរិភោគអាហារជាមួយគ្នាគឺជានិមិត្តសញ្ញានៃការទទួលយក និងមានការប្រកបជិតស្និទ្ធ។ ប៉ុន្តែគ្រីស្ទបរិស័ទមិនត្រូវមានការប្រកបជិតស្និទ្ធជាមួយមនុស្សដែលប្រកាសខ្លួនថាជាគ្រីស្ទបរិស័ទ ប៉ុន្តែនៅតែមានរបៀបរស់នៅដែលជាប់មានបាប ហើយបដិសេធក្នុងការប្រែចិត្ត។

​

ដ្បិត​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ខ្ញុំ​ជំនុំ‌ជំរះ​ដល់​មនុស្ស​ខាង​ក្រៅ តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជំរះ​មនុស្ស​ក្នុង​ពួក​ជំនុំ​ទេ​ឬ​អី 

​

៥:១២ ក្រុមជំនុំមិនត្រូវរំពឹងថាមានអាកប្បកិរិយាជាគ្រីស្ទបរិស័ទចេញមកពីមនុស្ស ដែលមិនមែន ជាគ្រីស្ទបរិស័ទនោះទេ ប៉ុន្តែយើងត្រូវរំពឹងថាមានអាកប្បកិរិយាជាគ្រីស្ទបរិស័ទចេញមកពីមនុស្ស នៅក្នុងក្រុមជំនុំវិញ។ មានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលមានសិទ្ធិជំនុំ ជម្រះមនុស្សនៅខាងក្រៅ ក្រុមជំនុំបាន។ កិច្ចការរបស់យើងគឺត្រូវផ្សាយដំណឹងល្អទៅកាន់ពួកគេ មិនមែនវិន្និច្ឆ័យពួកគេទេ។

​

យើងមិនវិន្និច្ឆ័យមនុស្សនៅខាងក្រៅក្រុមជំនុំនោះទេ ប៉ុន្តែយើងមានទំនួលខុសត្រូវក្នុងការវិន្និច្ឆ័យ អាកប្បកិរិយានៅក្នុងក្រុមជំនុំ។ ការវិន្និច្ឆ័យនេះគឺចាំបាច់ដើម្បីរក្សាភាពបរិសុទ្ធរបស់ក្រុមជំនុំ ហើយនាំអ្នកជឿដែលជាប់នៅក្នុងអំពើបាបឱ្យប្រែចិត្ត ហើយត្រឡប់មករកព្រះអម្ចាស់វិញ។

​

ពេលព្រះយេស៊ូវបង្រៀនយើងមិនឱ្យវិន្និច្ឆ័យនៅក្នុងម៉ាថាយ ៧:១-៥ ព្រះអង្គមានន័យថាការរិះគន់តាម របៀបផ្ទាល់ខ្លួនចំពោះកំហុសតូចៗ (៤:៣)។ ប៉ុន្តែនៅក្នុងខនេះ លោកប៉ុលកំពុងតែសំដៅទៅលើវិន័យ របស់ក្រុមជំនុំសម្រាប់មនុស្សម្នាក់ដែលចង់ក្លាយជាផ្នែកមួយរបស់ក្រុមជំនុំ ប៉ុន្តែក៏ចង់មានរបៀបរស់នៅ ដែលមានបាបដែរ។ វិន័យនេះគឺសម្រាប់ជាអត្ថប្រយោជន៍ទាំងសម្រាប់មនុស្សមានបាប និងក្រុមជំនុំ (ម៉ាថាយ ១៨:១៥-១៧)។

​

ឯ​ចំណែក​ពួក​អ្នក​ខាង​ក្រៅ នោះ​ព្រះ​នឹង​ជំនុំ‌ជំរះ​គេ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ។

​

៥:១៣ លោកប៉ុលដកស្រង់ចេញពី ចោទិយកថា ១៧:៧ ដើម្បីបង្ហាញប្រាប់ថាក្រុមជំនុំមានទំនួល ខុសត្រូវដូចជាជនជាតិអ៊ីស្រាអែលបានធ្វើដើម្បីដកចេញពីសហគមន៍របស់ព្រះជាម្ចាស់ចំពោះអ្នកដែលមានចេតនា ហើយប្រឆាំងទាស់នឹងក្រិតវិន័យរបស់ព្រះជាម្ចាស់ជានិច្ចនោះ។

bottom of page