top of page

ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​រឿង​ទាស់​នឹង​អ្នក​ឯ​ទៀត តើ​ហ៊ាន​ប្តឹង​ដល់​ពួក​មនុស្ស​ទុច្ចរិត មិន​ប្តឹង​ដល់​ពួក​បរិសុទ្ធ​វិញ​ទេ​ឬ​អី

 

៦:១ លោកប៉ុលទើបតែបានបង្រៀនថាក្រុមជំនុំមានទំនួលខុសត្រូវក្នុងការជំនុំជម្រះអស់អ្នកដែលនៅ “ក្នុង​” ក្រុមជំនុំ (៥:១២)។ ទំនួលខុសត្រូវនេះរួមទាំងការដោះស្រាយបញ្ហារវាងសមាជិករបស់ក្រុមជំនុំផងដែរ។ នៅក្នុងក្រុមជំនុំកូរិនថូស បងប្អូនម្នាក់បានចោទប្រកាន់បងប្អូនម្នាក់ទៀតពីបទបោកប្រាស់ និងប្លន់គាត់។ ជម្លោះនេះបាននាំគ្នាទៅរកតុលាការ។

​

លោកប៉ុលឈឺចិត្តដោយសារគ្រីស្ទបរិស័ទនាំគ្នាទៅរកតុលាការ។ គាត់ចាត់ទុកវាថាជាការបរាជ័យរបស់ ក្រុមជំនុំដោយហេតុថាពួកគេមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ការបរាជ័យនេះធ្វើឱ្យលោក ប៉ុលព្រួយចិត្តដោយសារនៅពេលសមាជិកក្រុមជំនុំនាំគ្នាទៅរកតុលាការ វាបណ្តាលឱ្យមានការមិនចុះ សម្រុងគ្នានៅក្នុងក្រុមជំនុំជាជាងការមានសន្តិភាព និងការរួបរួមគ្នា។

 

ជាការសំខាន់ណាស់ដែលគ្រីស្ទបរិស័ទត្រូវព្យាយាមដោះស្រាយជម្លោះដោយខ្លួនឯងស្របតាមគោលការណ៍របស់ព្រះជាម្ចាស់ជាជាងនាំគ្នាទៅតុលាការ។ ក្រុមជំនុំមិនគួរជំនុំជម្រះចំពោះករណីបទឧក្រិដ្ឋទេ ដូចជា ការសម្លាប់មនុស្ស ប៉ុន្តែយើងគួរតែជំនុំជម្រះជម្លោះផ្សេងៗរវាងសមាជិកក្នុងក្រុមជំនុំដើម្បីរក្សាឱ្យ បាននូវការរួបរួមគ្នានៅក្នុងក្រុមជំនុំ។ ព្រះយេស៊ូវបានបង្រៀនពីរបៀបដែលយើងត្រូវដោះស្រាយជម្លោះ នៅក្នុងក្រុមជំនុំនៅក្នុង ម៉ាថាយ ១៨:១៥-១៧។

 

យ៉ាងណាក៏ដោយសមាជិកក្រុមជំនុំទាំងនេះបានជ្រើសរើសនាំគ្នាទៅរកតុលាការដើម្បីទទួលយកការជំនុំជម្រះពី “​ពួក​មនុស្ស​ទុច្ចរិត”។ ចៅក្រមនៅក្នុងទីក្រុងកូរិនថូសគឺជាពួកអ្នកមិនជឿ ហេតុដូច្នេះការគិត និងការសម្រេចចិត្តរបស់ពួកគេគ្មានឥទ្ធិពលដែលបានមកពីប្រាជ្ញារបស់ព្រះជាម្ចាស់ទេ។ ដោយហេតុនេះហើយទើបមិនអាចទុកចិត្តពួកគេថាបានចេញសាលក្រមដែលត្រឹមត្រូវនោះទេ ជាពិសេសពួកគេតែងតែប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូក។​

 

តើ​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជំរះ​លោកីយ​ដែរ​ទេ​ឬ ដូច្នេះ បើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ​លោកីយ​បាន នោះ​តើ​មិន​គួរ​នឹង​ជំនុំ‌ជំរះ​ការណ៍​តូច​បំផុត​នេះ​បាន​ដែរ​ទេ​ឬ​អី តើ​មិន​ដឹង​ថា យើង​រាល់​គ្នា​នឹង​ជំនុំ‌ជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬ​អី ដូច្នេះ ចំណង់​បើ​ការណ៍​នៅ​ជីវិត​នេះ តើ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត

​

៦:២-៣ លោកប៉ុលរំលឹកប្រាប់ក្រុមជំនុំថានៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ រាស្ត្ររបស់ទ្រង់ នឹងជួយទ្រង់ជំនុំជម្រះលោកិយនេះ រួមទាំងមនុស្ស និងទេវត្តាផង។ ប្រសិនបើគ្រីស្ទបរិស័ទនឹងជួយ ជំនុំជម្រះលោកិយនៅពេលនោះ នោះពួកគេគួរតែអាចចេះដោះស្រាយជម្លោះតូចៗរវាងសមាជិកក្រុមជំនុំ នៅពេលនេះបាន។ 

 

ចុះ​បើ​អ្នក​រាល់​គ្នា​មាន​រឿង​អ្វី​ពី​ជីវិត​នេះ នោះ​តើ​នឹង​យក​មនុស្ស ដែល​ពួក​ជំនុំ​រាប់​អាន​តិច​ជាង​គេ ឲ្យ​បាន​ជំនុំ‌ជំរះ​រឿង​នោះ​ឬ​អី

​

៦:៤ ពួកអ្នកមិនជឿគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជំនុំជម្រះជម្លោះរវាងពួកអ្នកជឿស្រមតាម គោលការណ៍របស់ព្រះជាម្ចាស់បានទេដោយសារតែពួកគេមិនស្គាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

 

ដែល​ខ្ញុំ​និយាយ​ដូច្នេះ​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​វិញ តើ​គ្មាន​អ្នក​មាន​ប្រាជ្ញា​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា សូម្បី​តែ​មួយ ដែល​អាច​នឹង​ជំនុំ‌ជំរះ​រឿង ដែល​ពួក​បង​ប្អូន​ប្តឹង‌ប្តល់​គ្នា​ទេ​ឬ​អី បាន​ជា​ពួក​បង​ប្អូន​កើត​ក្តី​នឹង​គ្នា ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​មិន​ជឿ​ផង​ដូច្នេះ

 

៦:៥-៦ សមាជិកគ្រួសាររបស់ព្រះជាម្ចាស់មិនគួរប្រឆាំងទាស់គ្នាតាមច្បាប់របស់តុលាការទេ។ មនុស្សនៅក្នុងក្រុមជំនុំគឺជា “ពួក​បង​ប្អូន” ដែលគួរតែមានការរួបរួមគ្នានៅក្នុងព្រះគ្រីស្ទ។ នៅពេល សមាជិកក្រុមជំនុំនាំបងប្អូនរបស់ខ្លួននៅក្នុងព្រះគ្រីស្ទទៅតុលាការដើម្បីឱ្យពួកអ្នកមិនជឿជំនុំជម្រះជម្លោះ ការនេះបញ្ជាក់ឱ្យឃើញថាគ្មាននរណាម្នាក់នៅក្នុងក្រុមជំនុំមានប្រាជ្ញាល្មមដើម្បីដោះស្រាយជម្លោះនេះទេ។ 

 

យ៉ាង​នោះ មាន​ពេញ​ជា​ការ​កំហុស ក្នុង​ពួក​អ្នក​រាល់​គ្នា​ហើយ គឺ​ដែល​គ្រាន់​តែ​កើត​ក្តី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឯង ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​ក្នុង​ការ​អាក្រក់​នោះ ហើយ​មិន​ស៊ូ​ទ្រាំ​ឲ្យ​គេ​បំបាត់​អ្នក​វិញ

​

៦:៧ គ្រីស្ទបរិស័ទដែលនាំបងប្អូននៅក្នុងព្រះគ្រីស្ទរបស់ខ្លួនទៅតុលាការបានបរាជ័យចំពោះ ការប្រព្រឹត្តដោយសុចរិតហើយ។ មិនថាចៅក្រមសម្រេចថាយ៉ាងណានោះទេ ក្រុមជំនុំបានចាញ់រួចទៅហើយដោយសារកេរ្តិ៍ឈ្មោះរបស់ក្រុមជំនុំត្រូវបានបំផ្លាញ ហើយការបែកបាក់គ្នាបានកើតមានឡើងនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។ ដោយសារហេតុនេះ លោកប៉ុលលើកឡើងថាការជ្រើសរើសរងទុក្ខដោយភាពអយុត្តិធម៌វាប្រសើរជាងដែលយកជម្លោះរបស់ពួកគេទៅប្រឆាំងនឹងបងប្អូនគ្រីស្ទបរិស័ទរបស់ខ្លួនតាមតុលាការ។ 

 

តែ​អ្នក​រាល់​គ្នា​ធ្វើ​បាប ហើយ​បំបាត់​គេ ទាំង​ប្រព្រឹត្ត​ដូច្នោះ​នឹង​ពួក​បង​ប្អូន​ផង 9តើ​មិន​ដឹង​ថា ពួក​មនុស្ស​ទុច្ចរិត​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ទេ​ឬ​អី 

 

៦:៨-៩ក ព្រះជាម្ចាស់ទ្រង់សុចរិត ហើយព្រះរាជ្យរបស់ទ្រង់ឆ្លុះបញ្ចាំងឱ្យឃើញពីលក្ខណៈរបស់ព្រះអង្គ។ ដោយសារព្រះរាជ្យរបស់ព្រះជាម្ចាស់គឺជាព្ររាជ្យនៃភាពសុចរិតនោះភាពមិនសុចរិតគ្មានចំណែកនៅក្នុងនោះទេ។ នៅពេលសមាជិកក្រុមជំនុំបោកប្រាស់គ្នាទៅវិញទៅមក ពួកគេមិនបានប្រព្រឹត្តខ្លួនឱ្យដូចជា ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដែលបានទទួលមរតកនៅក្នុងព្រះរាជ្យរបស់ទ្រង់ទេ។ ផ្ទុយទៅវិញ ពួកគេប្រព្រឹត្តខ្លួនដូចជាពួកមនុស្សទុចរិតដែលនឹងមិនទទួលបានព្រះរាជ្យរបស់ទ្រង់វិញ (កូល៉ុស ១:១៣)។ 

 

កុំ​ឲ្យ​ច្រឡំ​ឡើយ ដ្បិត​ពួក​មនុស្ស​កំផិត ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ពួក​សហាយ‌ស្មន់ ពួក​អ្នក​សំរេច​កិច្ច​ដោយ​ខ្លួន​ឯង ពួក​លេង​កូន​ជឹង ពួក​ចោរ ពួក​មនុស្ស​លោភ ពួក​ប្រមឹក ពួក​ត្មះ‌តិះដៀល នឹង​ពួក​ប្លន់​កំហែង នោះ​មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ

 

៦:៩ខ-១០ មនុស្សដែលរស់រានមានជីវិតត្រូវបានបញ្ជាក់ពីលក្ខណៈតាមរយៈអំពើបាបទាំងនេះនឹង មិនទទួលបានកេរ្តិ៍មរតកពីព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ។ ហេតុនេះ គ្រីស្ទបរិស័ទមិនត្រូវប្រព្រឹត្ត អំពើបាបទាំងនេះទេ ហើយប្រសិនបើពួកគេប្រព្រឹត្ត ពួកគេត្រូវតែកែប្រែចិត្ត ហើយឈប់ប្រព្រឹត្តវាទៀត។ 

 

ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ នឹង​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

 

៦:១១ បញ្ជីនៃអំពើបាបនៅក្នុង ខ៩-១០ ពណ៌នាពីអាកប្បកិរិយារបស់មនុស្សទុចរិត។ នេះគឺជាអ្វី ដែលអ្នកជឿមួយចំនួនធ្លាប់បានធ្វើដូច្នោះកាលពីមុន។ យ៉ាងណាមិញនៅក្នុងព្រះគ្រីស្ទ ឥឡូវនេះយើងមាន លក្ខណៈខុសពីមុន ដូច្នេះយើងត្រូវតែរស់នៅបែបយ៉ាងដូច្នោះ។ អាកប្បកិរិយារបស់យើងត្រូវតែមាន ភាពជាប់លាប់ស្របតាមអត្តសញ្ញាណថ្មីរបស់យើង។ ការនេះមានន័យថាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ត្រូវតែឈប់បោកប្រាស់ និងឈប់ប្រព្រឹត្តអំពើអសីលធម៌ផ្លូវភេទជាដើម។ ពីព្រោះយើងមិនដូចជា អ្នកដែលប្រព្រឹត្តតាមការទាំងនោះទៀតទេ។

​

ការផ្លាស់ប្រែរបស់គ្រីស្ទបរិស័ទ (ដែលព្រះជាម្ចាស់សម្រេចបានតាមរយៈកិច្ចការរបស់ព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ) ដកមនុស្សម្នាក់នោះចេញពីក្នុងចំណោមពួកមនុស្សទុចរិតដែលនឹងមិនទទួល បានមរតកនៃព្រះរាជ្យ ហើយនាំពួកគេចូលទៅកាន់គ្រួសាររបស់ព្រះជាម្ចាស់ដែលនឹងទទួលបាន មរតកនៃព្រះរាជ្យវិញ។ ប្រសិនបើព្រះជាម្ចាស់បានធ្វើឱ្យមានការផ្លាស់ប្តូរដ៏អស្ចារ្យនេះនៅក្នុងដួងចិត្ត និងជីវិតរបស់មនុស្សម្នាក់បាន នោះអាកប្បកិរិយារបស់គាត់គួរតែបង្ហាញពីការនេះ។ 

​

នៅក្នុងខគម្ពីរនេះ កិច្ចការដ៏អស្ចារ្យនៃការផ្លាស់ប្រែរបស់ព្រះជាម្ចាស់ត្រូវបានពណ៌នាតាមរបៀបបីយ៉ាង។

 

អ្នកត្រូវបានលាងសម្អាត ៖ គ្រីស្ទបរិស័ទត្រូវបានលាងសម្អាតចេញពីអំពើបាបដោយសារសេចក្តីមេត្តា របស់ព្រះជាម្ចាស់។ ការ “បាន​លាង​ស្អាត” សំដៅលើការអត់ឱនទោស ការសម្អាតខាងវិញ្ញាណ និងជីវិតថ្មី (យ៉ូហាន ៣:៣–៨; ២ កូរិនថូស ៥:១៧; អេភេសូរ ២:១០; ទីតុស ៣:៥)។ យើងត្រូវបានលាងសម្អាត តាមរយៈកិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងសម្រាប់យើង (វិវរណៈ ១:៥) និងតាមរយៈព្រះបន្ទូល របស់ព្រះជាម្ចាស់ (អេភេសូរ ៥:២៦)។ 

​

អ្នកត្រូវបានញែកជាបរិសុទ្ធ ៖ គ្រីស្ទបរិស័ទត្រូវបានញែកចេញដោយឡែកពីលោកិយទៅកាន់ព្រះជាម្ចាស់ ហើយញែកចេញពីអំពើបាបទៅកាន់ភាពបរិសុទ្ធ។ ការនេះគឺតាមរយៈកិច្ចការរបស់ព្រះយេស៊ូវ នៅលើ ឈើឆ្កាង (ហេព្រើរ ១០:១០) តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យ៉ូហាន ១៧:១៩) តាមរយៈជំនឿលើអង្គព្រះយេស៊ូវ (កិច្ចការ ២៦:១៨) និងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ (រ៉ូម ១៥:១៦)។ លទ្ធផលពីការនេះគឺការផ្លាស់ប្រែជីវិតដែលបង្កើតនូវអាកប្បកិរិយាថ្មី។ អំណាចរបស់ អំពើបាបត្រូវបានបំបាក់ ហើយយើងចាប់ផ្តើមមានរបៀបរស់នៅថ្មីមួយដែលស្តាប់បង្គាប់ ហើយបរិសុទ្ធ (រ៉ូម ៦:១៧-១៨, ៦:២២)។

​

អ្នកត្រូវបានរាប់ជាសុចរិត ៖ គ្រីស្ទបរិស័ទមានជំហរថ្មីមួយនៃភាពសុចរិតនៅចំពោះព្រះជាម្ចាស់។ យើងត្រូវបានរាប់ជា សុចរិតដោយសារព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈកិច្ចការរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង (រ៉ូម ៣:២៤)។ នៅលើឈើឆ្កាង អំពើបាបរបស់យើងត្រូវបានដាក់ទៅលើទ្រង់ ហើយព្រះអង្គបានរងទុក្ខសម្រាប់ពួកគេ ហើយភាពសុចរិតរបស់ទ្រង់ត្រូវបានដាក់លើយើងវិញ ដើម្បីឱ្យយើងទទួលបានព្រះពរពីកិច្ចការនោះ (រ៉ូម ៣:២៦, ៤:២២–២៥; ២ កូរិនថូស ៥:២១; ភីលីព ៣:៨-៩; ១ ពេត្រុស ៣:១៨)។ យើងទទួលបានភាពសុចរិតតាមរយៈ ជំនឿលើអង្គព្រះយេស៊ូវ តាមរយៈការជឿលើកិច្ចការរបស់ទ្រង់សម្រាប់យើង ហើយមិនមែនតាមរយៈ ការខិតខំរបស់យើងទេ។

 

ព្រះជាម្ចាស់អាចយកប្រភេទមនុស្សដែលបានរៀបរាប់នៅក្នុង ១ កូរិនថូស ៦:៩-១០ ហើយធ្វើឱ្យពួកគេ ក្លាយទៅជាប្រភេទមនុស្សដែលបានរៀបរាប់នៅក្នុង ១ កូរិនថូស ៦:១១! តើកិច្ចការរបស់ព្រះជាម្ចាស់ អស្ចារ្យណាស់ហ្ន!

 

ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​មែន ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ

 

៦:១២ នៅទីក្រុងកូរិនថូស ត្រូវបានគេចាត់ទុកថាអាចទទួលយកបានសម្រាប់ការរួមភេទជាមួយស្ត្រីពេស្យា ហើយវាគឺជារឿងធម្មតា។ សមាជិករបស់ក្រុមជំនុំមួយចំនួនបានប្រព្រឹត្តការនេះ។ លោកប៉ុលដកស្រង់ពី អ្នកក្រុងកូរិនថូស។ ពួកគេបានសរសេរថា “ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន” ប៉ុន្តែលោកប៉ុល ឆ្លើយតបវិញថា “ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ” ហើយ “ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​ អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ”។

​

អ្នកក្រុងកូរិនថូសគិតថាដោយហេតុដែលថាព្រះជាម្ចាស់បានអត់ឱនទោសអំពើបាបរបស់ពួកគេ នេះមានន័យថាពួកគេមានសេរីភាពពីអំពើបាប ហើយអាចរស់នៅតាមរបៀបដែលពួកគេចង់បានហើយ។ យ៉ាងណាក៏ដោយលោកប៉ុលដឹងថាវាមិនមែនជាសេរីភាពនោះទេ ប៉ុន្តែជាប្រភេទនៃចំណងមួយ ដូច្នេះនៅ ក្នុង ខ១២-១៤ គាត់សរសេរដើម្បីកែប្រែនូវការយល់ឃើញមិនត្រឹមត្រូវរបស់ពួកគេចំពោះសេរីភាព របស់គ្រីស្ទបរិស័ទ។ 

 

ព្រះជាម្ចាស់អត់ឱនទោសអំពើបាបរបស់យើងនៅពេលយើងប្រែចិត្ត (អេភេសូរ ១:៧)។ ប៉ុន្តែការនេះមិនមែនមានន័យថា អ្នកជឿអាចទទួលយកអំពើបាបបាននោះទេ ឬថាយើងអាចមានចេតនាបន្តមានរបៀបរស់នៅដែលមាន បាបនោះទេ។ លោកប៉ុលសរសេរថាអំពើបាបគឺគ្មាន “ប្រយោជន៍” (συμφέρει) មានន័យថាមិនចំណេញ ឬមានប្រយោជន៍សម្រាប់យើងឡើយ។ អំពើបាបតែងតែបង្កើតឱ្យមានការបាត់បង់ និងគ្រោះថ្នាក់ដល់យើង ។ ក្រៅពីនោះ អំពើបាបមានអំណាច ហើយអាច “គ្រប់គ្រង” (ἐξουσιασθήσομαι ) យើងបាន។ ពាក្យនេះមានន័យថា ‘ធ្វើជាចៅហ្វាយ’ ឬ ‘មានអំណាចលើ’ (រ៉ូម ៦:១៤)។ ការនេះបង្ហាញប្រាប់យើងថា អំពើបាបអាចគ្រប់គ្រងលើមនុស្ស ហើយអាចធ្វើឱ្យគាត់ក្លាយទៅជា ទាសករបាន។ ការនេះរំលឹកប្រាប់ យើងពីព្រះបន្ទូលរបស់ព្រះយេស៊ូវថា “អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​ជា​បាវ​បម្រើរបស់​អំពើ​បាប ​នោះ​ហើយ” (យ៉ូហាន ៨:៣៤)។ 

​

អ្នកជឿមិនត្រូវអនុញ្ញាតិឱ្យអំពើបាបមកគ្រប់គ្រងលើខ្លួនគាត់បានទេ។ ក្នុងនាមជាមនុស្សដែលត្រូវបានលាង សម្អាត ញែកជាបរិសុទ្ធ និងរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះជាម្ចាស់ គ្រីស្ទបរិស័ទមានសេរីភាព ចេញពីអំណាចរបស់អំពើបាប (រ៉ូម ៨:២១, ៨:៣៣; កាឡាទី ៥:១, ៥:១៣) ហើយឥឡូវនេះត្រូវតែឈ្នះលើអំពើបាបតាមរយៈកម្លាំងរបស់ព្រះអម្ចាស់ (រ៉ូម ៦:៦-៧)។ ដំណឹងល្អគឺជាសារនៃសេរីភាព។ អំពើបាបគឺជាទាសភាព។ គ្រីស្ទបរិស័ទមិនមែនមានសេរីភាពក្នុង ការប្រព្រឹត្ត អំពើបាបទេ គាត់មានសេរីភាពចេញពីអំពើបាបវិញដើម្បីឱ្យគាត់អាចរស់នៅក្នុងភាពសុចរិត បាន។ 

 

ឯ​ចំណី​អាហារ នោះ​សំរាប់​ក្រពះ ហើយ​ក្រពះ​ក៏​សំរាប់​ចំណី​អាហារ​ដែរ តែ​ព្រះ‌ទ្រង់​នឹង​ឲ្យ​ទាំង​២​យ៉ាង​សាប‌សូន្យ​ទៅ ឯ​រូប‌កាយ មិន​មែន​សំរាប់​ការ​កំផិត​ទេ គឺ​សំរាប់​តែ​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សំរាប់​រូប‌កាយ​ដែរ

 

៦:១៣ លោកប៉ុលដកស្រង់ពីអ្នកក្រុងកូរិនថូសម្តងទៀតនៅពេលគាត់សរសេរថា “ឯ​ចំណី​អាហារ នោះ​សម្រាប់​ក្រពះ ហើយ​ក្រពះ​ក៏​សម្រាប់​ចំណី​អាហារ​ដែរ តែ​ព្រះ​ទ្រង់​នឹង​ឱ្យ​ទាំង​២​យ៉ាង​សាបសូន្យ​ទៅ”។ នេះគឺជារបៀបដែលគេព្យាយាមបង្ហាញពីអាកប្បកិរិយានៃអំពើបាបរបស់ពួកគេថាត្រឹមត្រូវនោះ។ ពួកគេនិយាយថាការរួមភេទជាមួយស្រ្តីពេស្យាគឺមានលក្ខណៈតាមធម្មជាតិដូចជាការទទួលទានអាហារដែរ។ ដូចជា “ឯ​ចំណី​អាហារ នោះ​សម្រាប់​ក្រពះ ហើយ​ក្រពះ​ក៏​សម្រាប់​ចំណី​អាហារ​ដែរ” ពួកគេគិតថា ការរួមភេទគឺសម្រាប់រូបកាយ ហើយរូបកាយគឺសម្រាប់ការរួមភេទ។ ក្រៅពីនោះ ពួកគេគិតថា ព្រះជាម្ចាស់បំផ្លាញរូបកាយនៅពេលស្លាប់ទៅ ហើយមានតែវិញ្ញាណរបស់មនុស្សប៉ុណ្ណោះ ដែលរស់នៅ ជារៀងរហូតបាន។ ដូច្នេះពួកគេគិតថាវាគ្មានបញ្ហាអ្វីទេសម្រាប់ការដែលមនុស្សធ្វើជាមួយរូបកាយរបស់ ខ្លួននៅពេលនេះ។

 

ប៉ុន្តែពួកគេខុសហើយ។ រូបកាយមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ ប៉ុន្តែសម្រាប់ ព្រះជាម្ចាស់វិញ។ រូបកាយរបស់យើងត្រូវបានបង្កើតឡើងដើម្បីបម្រើ និងដើម្បីថ្វាយសិរីល្អដល់ទ្រង់។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់របស់មនុស្ស។ យើងគឺជាកម្មសិទ្ធិរបស់ទ្រង់ ហើយយើងត្រូវតែធ្វើអ្វី ដែលទ្រង់បានបង្គាត់មក។ ដូច្នេះ អំពើអសីលធម៌ខាងផ្លូវភេទគឺមិនអាចទទួលយកបាននោះទេ។

 

មិនមែនត្រឹមតែរាងកាយសម្រាប់ព្រះអម្ចាស់ទេ ប៉ុន្តែព្រះអម្ចាស់គឺសម្រាប់រូបកាយដែរ។ ឥឡូវនេះទ្រង់គង់ នៅក្នុងរូបកាយរបស់គ្រីស្ទបរិស័ទតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយទ្រង់នឹងប្រទានសិរីល្អ ដល់រូបកាយរបស់យើងនៅពេលព្រះអង្គយាងមកវិញជាលើកទីពីរ។ ផែនការរបស់ព្រះជាម្ចាស់ សម្រាប់រូបកាយគឺមិនឱ្យមានការបំផ្លាញឡើយ ប៉ុន្តែគឺជាសិរីល្អ និងជាការរស់ឡើងវិញ (១ កូរិនថូស ១៥)។

 

ព្រះ‌ទ្រង់​បាន​ទាំង​ប្រោស​ឲ្យ​ព្រះ‌អម្ចាស់​រស់​ឡើង​វិញ ហើយ​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​រស់​ឡើង​ដែរ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់

​

៦:១៤ ការរស់ឡើងវិញរបស់ព្រះយេស៊ូវបង្ហាញប្រាប់ពីសារៈសំខាន់របស់រូបកាយ។ ការពិតដែលព្រះបិតាបានប្រោសព្រះបុត្រាពីស្លាប់បង្ហាញឱ្យឃើញពីសេចក្តីថ្លៃថ្នូររបស់រូបកាយ។ វាមិនដូចជារបស់ដែលនឹងត្រូវបំផ្លាញចោលឡើយ ផ្ទុយទៅវិញវាត្រូវទទួលបាននូវសិរីល្អវិញ (១៥:៤៤, ១៥:៥១; ម៉ាថាយ ២២:៣០; ភីលីព ៣:២១)។ 

 

ដូចជាការដែលព្រះយេស៊ូវទ្រង់មានព្រជន្មរស់ឡើងវិញដែរ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទនឹងត្រូវបានរស់ឡើងវិញ ដូច្នោះដែរ។​ អ្នកជឿទាំងអស់នឹងរស់ឡើងវិញនៅពេលព្រះយេស៊ូវយាងមកលើកទីពីរ (រ៉ូម ៦:៥)។ រូបកាយដែលរស់ឡើងវិញរបស់យើងគឺជារូបកាយខាងវិញ្ញាណ មិនចេះវិនាស ហើយមានសិរីរុងរឿង និងមានអំណាច។

 

តែ​មិន​ដឹង​ថា រូប‌កាយ​អ្នក​រាល់​គ្នា ជា​អវយវៈ​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ដូច្នេះ តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះ‌គ្រីស្ទ ឲ្យ​ទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​សំផឹង​វិញ​ឬ ទេ មិន​ត្រូវ​ឡើយ

 

៦:១៥ រូបកាយរបស់គ្រីស្ទបរិស័ទគឺសម្រាប់ព្រះអម្ចាស់ ហើយវាក៏ជាផ្នែកនៃរូបកាយរបស់ទ្រង់ដែរ ដែលជាក្រុមជំនុំ (អេភេសូរ ១:២២-២៣)។ គ្រីស្ទបរិស័ទរួមគ្នាជាមួយនឹងព្រះគ្រីស្ទ។ យើងនៅ “ក្នុងព្រះគ្រីស្ទ” ហើយគឺជា សមាជិកនៃរាងកាយរបស់ទ្រង់ (យ៉ូហាន ១៧:២០-២៦)។ ពេលយើងយល់ពីកិច្ចការនេះហើយ នោះយើងដឹងថាហេតុអ្វីបានជា អំពើអសីលធម៌ខាងផ្លូវភេទពិតជាកំហុសដ៏ធ្ងន់ណាស់។ ប្រសិនបើរូបកាយរបស់យើងគឺជាផ្នែក នៃរូបកាយរបស់ព្រះគ្រីស្ទ នោះយើងមិនត្រូវឱ្យរូបកាយរបស់យើងប្រឡាក់ប្រឡូកជាមួយនឹងស្ត្រីពេស្យាទេ។ លោកប៉ុលសួរថា “តើ​ខ្ញុំ​នឹង​យក​អវយវៈ​របស់​ព្រះគ្រីស្ទឱ្យទៅ​ធ្វើ​ជា​អវយវៈ​របស់​ស្រី​សំផឹង​វិញ​ឬ?” ចម្លើយរបស់ទ្រង់គឺ “ទេ មិន​ត្រូវ​ឡើយ!”។ យើងមិនអាចដកយកផ្នែកនៃរូបកាយរបស់ព្រះគ្រីស្ទ ហើយឱ្យវាប្រឡាក់ប្រឡូកជាមួយនឹងស្ត្រីពេស្យាបានទេ។ ការធ្វើដូច្នេះគឺជាការបដិសេធ ព្រះយេស៊ូវ ដែលជាព្រះអម្ចាស់នៃរូបកាយរបស់យើង ហើយប្រព្រឹត្តតាមរបៀបដែលធ្វើឱ្យស្មោកគ្រោក និងមាន គ្រោះថ្នាក់ដល់រូបកាយរបស់ទ្រង់។

 

ចុះ​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា អ្នក​ណា​ដែល​ទៅ​សេព‌សម្ភព​នឹង​ស្រី​សំផឹង នោះ​ជា​រូប​សាច់​តែ​១​ផង​គ្នា ដ្បិត​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា «អ្នក​ទាំង​២​នឹង​ទៅ​ជា​សាច់​តែ​១»

 

៦:១៦ លោកុប្បត្តិ ២:២៤ បង្រៀនអំពីគោលបំណងរបស់ព្រះជាម្ចាស់សម្រាប់អាពាហ៍ពិពាហ៍។ មនុស្សប្រុសត្រូវចាកចេញពីឪពុកម្តាយដើម្បីទៅរួមរស់ (κολληθήσεται) ជាមួយនឹងប្រពន្ធរបស់គាត់។​ ការពិតដែលថា “ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ” បង្ហាញប្រាប់ថាការរួមភេទធ្វើឱ្យ មានភាពជិតស្និទ្ធ។ ព្រះជាម្ចាស់មានបំណងឱ្យភាពជិតស្និទ្ធនេះកើតមានរវាងប្តី និងប្រពន្ធ។ ប៉ុន្តែការរួមភេទជាមួយស្ត្រីពេស្យាគឺជាការ “​នៅ​ជាប់​” (κολλώμενος) នឹងនាង។ ពាក្យជាភាសាក្រិក សំដៅលើចំណងជិតស្និទ្ធ គឺដូចជាវត្ថុពីរត្រូវបានបិតកាវជាប់គ្នាឱ្យក្លាយទៅជាវត្ថុតែមួយ។ 

 

ឯ​អ្នក​ដែល​នៅ​ជាប់​នឹង​ព្រះ‌អម្ចាស់ នោះ​ក៏​ជា​វិញ្ញាណ​តែ​១​នឹង​ទ្រង់​ដែរ

 

៦:១៧ លោកប៉ុលប្រើពាក្យ “នៅជាប់” (κολλώμενος) ជាថ្មីម្តងទៀត។ ពេលនេះគាត់ប្រើវាសម្រាប់ ការរួមគ្នាខាងវិញ្ញាណរវាងអ្នកជឿ និងព្រះអម្ចាស់។ នៅពេលយើងនៅជាប់ជាមួយនឹងព្រះយេស៊ូវ យើងក្លាយទៅជា “វិញ្ញាណ​តែ​មួយ” ជាមួយទ្រង់។ យើងមានការួមគ្នាខាងវិញ្ញាណនេះជាមួយព្រះយេស៊ូវ ដោយសាររូបកាយរបស់គ្រីស្ទបរិស័ទគឺជាវិហារដែលវិញ្ញាណរបស់ព្រះគ្រីស្ទគង់នៅ (១២:៣; យ៉ូហាន ៧:៣៨-៣៩, ២០:២២; កិច្ចការ ១:៨; រ៉ូម ៨:៩; ២ កូរិនថូស ៦:១៦)។។  

 

ចូរ​រត់​ពី​ការ​សហាយ‌ស្មន់​ចេញ គ្រប់​ទាំង​អំពើ​បាប​ណា​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប‌កាយ​ទេ តែ​អ្នក​ណា​ដែល​សហាយ‌ស្មន់​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូប‌កាយ​ខ្លួន​ឯង​ផង

​

៦:១៨ រូបកាយរបស់គ្រីស្ទបរិស័ទគឺជាវិហារ ហើយការរស់ឡើងវិញបង្ហាញថាវាមានតម្លៃជាអចិន្ត្រៃយ៍។ ពេលមនុស្សម្នាក់ប្រព្រឹត្តអំពើបាបដូចជាការសម្លាប់មនុស្ស​ ឬលួច គាត់ប្រើប្រាស់រូបកាយរបស់គាត់ ដើម្បីប្រព្រឹត្តកំហុស។ ប៉ុន្តែនៅពេលគាត់ប្រព្រឹត្តអំពើអសីលធម៌ផ្លូវភេទ គាត់កំពុងតែប្រព្រឹត្តអំពើបាបទស់ នឹងរូបកាយខ្លួនឯងដោយធ្វើឱ្យវាសៅហ្មងវិញ។ ដូច្នេះគ្រីស្ទបរិស័ទត្រូវតែ “រត់​ពី​ការ​សហាយស្មន់​ចេញ” ដោយសារវាមានគ្រោះថ្នាក់សម្រាប់យើងខ្លាំងណាស់។

​

ការមានការរួមភេទជាមួយស្ត្រីពេស្យា អ្នកជឿដកខ្លួនរបស់គាត់ចេញពីការួមគ្នាជាមួយព្រះគ្រីស្ទ ហើយធ្វើឱ្យវាក្លាយទៅជាសមាជិកនៃរូបកាយរបស់នាងវិញ ដោយហេតុនេះក៏បានដាក់វានៅក្រោម អំណាចរបស់នាង (ខ១២)។ ការរួមគ្នាខាងរូបកាយរបស់អ្នកជឿនេះជាមួយស្ត្រីពេស្យាគឺខុសដោយ សាររូបកាយរបស់អ្នកជឿគឺជាកម្មសិទ្ធិរបស់ព្រះអម្ចាស់រួចទៅហើយ។ ដូច្នេះអំពើអសីលធម៌ខាង ផ្លូវភេទគឺជាអំពើបាបដែលបដិសេធម្ចាស់ត្រឹមត្រូវរបស់រាងកាយ។ 

 

តើ​មិន​ដឹង​ទេ​ឬ​អី​ថា រូប‌កាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ

​

៦:១៩ នៅក្នុង ១ កូរិនថូស ៣:១៦ លោកប៉ុលបានសរសេរថាក្រុមជំនុំទាំងមូលគឺជាវិហាររបស់ ព្រះវិញ្ញាណបរិសុទ្ធ។ ឥឡូវនេះគាត់និយាយថាការដូចគ្នានេះគឺពិតសម្រាប់គ្រីស្ទបរិស័ទម្នាក់ៗ។ រូបកាយរបស់អ្នកជឿម្នាក់ៗគឺជាកន្លែងដែលព្រះជាម្ចាស់មានវត្តមានគង់នៅ ដូច្នេះវាគឺជាវិហារ។ 

​

រូបកាយរបស់យើងគឺជាវិហារដែលព្រះជាម្ចាស់សព្វព្រះហឫទ័យគង់នៅ។ ឯកសិទ្ធិក្នុងនាមជាវិហាររបស់ ព្រះជាម្ចាស់ក៏មានកាតព្វកិច្ចមិនត្រូវប្រមាថ (ឬ “​បង្ខូច​” ៣:១៧) វិហារនេះដែរ។ នេះមានន័យថា ការប្រព្រឹត្តទាំងឡាយដែលមិនសមនៅក្នុងវិហាររបស់ព្រះជាម្ចាស់ក៏មិនសមសម្រាប់កូនរបស់ព្រះជាម្ចាស់ ដែរ។

 

ដូច្នេះការជជែកវែកញែកគ្នាចុងក្រោយរបស់លោកប៉ុលប្រឆាំងនឹងអំពើអសីលធម៌ផ្លូវភេទនៅក្នុង ៦:១២-២០ គឺជាសំណួរ៖ តើរូបកាយរបស់អ្នកជាកម្មសិទ្ធិរបស់នរណា? ចម្លើយគឺ “អ្នក​រាល់​គ្នា​មិន​មែន​ ជា​របស់​ផង​ខ្លួន​ទេ”។ រូបកាយរបស់គ្រីស្ទបរិស័ទមិនមែនជារបស់ផងខ្លួនទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទ រូបកាយរបស់អ្នកគឺជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ (ខ១៣) គឺជាសមាជិករបស់ព្រះគ្រីស្ទ (ខ១៥) គឺជាវិហារបស់ព្រះវិញ្ញាណបរិសុទ្ធ (ខ១៩) និងត្រូវបានព្រះជាម្ចាស់ចេញថ្លៃលោះ (ខ២០)។ 

 

ដ្បិត​ព្រះ‌ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​ដំកើង​ព្រះ​នៅ​ក្នុង​រូប‌កាយ ហើយ​ក្នុង​វិញ្ញាណ​នៃ​អ្នក​រាល់​គ្នា ដែល​ជា​របស់​ផង​ទ្រង់​ចុះ។

 

៦:២០ មូលហេតុដែលថាគ្រីស្ទបរិស័ទមិនមែនជាកម្មសិទ្ធិរបស់ផងខ្លួនគឺដោយសារយើងត្រូវបានចេញ ថ្លៃលោះជាមួយនឹងតម្លៃមួយ។ តម្លៃនោះគឺជាព្រះលោហិតរបស់ព្រះយេស៊ូវ (១ ពេត្រុស ១:១៨; វិវរណៈ ៥:៩)។ នៅលើឈើឆ្កាងព្រះយេស៊ូវ បានប្រទានព្រះជន្មទ្រង់ដើម្បីបង់ថ្លៃលោះដល់មនុស្សមានបាប។ នេះគឺជាអត្ថន័យនៃការប្រោសលោះ។ ពីមុនយើងគឺជាទាសកររបស់អំពើបាប ប៉ុន្តែព្រះយេស៊ូវប្រោសលោះយើងតាមរយៈការបង់ថ្លៃលោះ ហើយបានប្រទានឱ្យយើងមានសេរីភាពពីម្ចាស់ពីមុនរបស់យើងដែលជាអំពើបាបនោះ។

 

ព្រះយេស៊ូវបានទិញយើងមកជារបស់ទ្រង់ ហើយឥឡូវនេះយើងគឺជាកម្មសិទ្ធិរបស់ទ្រង់។ ដូច្នេះយើងត្រូវថ្វាយសិរីល្អដល់ព្រះជាម្ចាស់តាមរយៈរូបកាយរបស់យើង (រ៉ូម ១២:១)។ នៅក្នុងគម្ពីរសញ្ញាចាស់ គោលបំណងរបស់ព្រះវិហារគឺដើម្បីនាំសិរីល្អថ្វាយព្រះជាម្ចាស់ និងសម្រាប់ញែកព្រះនាមទ្រង់ជាបរិសុទ្ធ។ ឥឡូវនេះវាក៏ជាគោលបំណងដ៏ខ្ពង់ខ្ពស់របស់គ្រីស្ទបរិស័ទផងដែរ (១០:៣១)។ អ្វីៗគ្រប់យ៉ាងដែលយើងធ្វើគួរតែសម្រាប់ជាសិរីល្អដល់ព្រះជាម្ចាស់។

bottom of page