top of page

​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​សួរ​ខ្ញុំ នោះ​ខ្ញុំ​យល់​ឃើញ​ថា បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង

 

៧:១ នៅពាក់កណ្តាលទីពីរក្នុងសំបុត្រនេះ លោកប៉ុលឆ្លើយសំណួររបស់អ្នកក្រុងកូរិនថូស ដែលបានសរសេរមកកាន់គាត់។ ពួកគេបានសួរអំពីអាពាហ៍ពិពាហ៍ (ជំពូក ៧) អាហារដែលជាយញ្ញបូជា សម្រាប់រូបព្រះ (ជំពូក ៨-១០) ការប្រព្រឹត្តិដែលសមរម្យសម្រាប់ការជួបជុំគ្នា ជាក្រុមជំនុំ (ជំពូក ១១ និង ១៤) អំណោយទានខាងវិញ្ញាណ (ជំពូក ១២-១៣) ការរស់ឡើងវិញ (ជំពូក ១៥) និងការប្រមូលប្រាក់សម្រាប់គ្រីស្ទបរិស័ទនៅក្នុងស្រុកយូដា (ជំពូក ១៦)។

 

លោកប៉ុលចាប់ផ្តើមដោយដកស្រង់ចេញមកពីសំបុត្ររបស់អ្នកក្រុងកូរិនថូសដែលបានសរសេរមកកាន់គាត់ (សូមចំណាំថានេះគឺជាគំនិតរបស់ពួកគេ មិនមែនជាគំនិតរបស់លោកប៉ុលទេ)។ ពួកគេបានសរសេរថា “មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង”។ ហេតុអ្វីបានជាពួកគេគិតដូច្នេះ?  

 

អ្នកក្រុងកូរិនថូសមានកេរ្តិ៍ឈ្មោះថាជាទីក្រុងដែលមានអំពើអសីលធម៌ខាងផ្លូវភេទខ្លាំងជាងគេនៅក្នុងចក្រភពរ៉ូមដោយសារតែអំពើពេស្យាចារ។ ឧទាហរណ៍ ទីក្រុងនេះមានវិហារជនជាតិក្រិកដ៏ធំមួយ ដែលមាន ស្ត្រីពេស្យាមួយពាន់នាក់បានធ្វើការនៅទីនោះ។ លើសពីនេះវាជាគំនិតទូទៅរបស់ទស្សនវិទូក្រិក ដែលថា វិញ្ញាណរបស់មនុស្សគឺសុទ្ធតែល្អ ប៉ុន្តែរូបកាយទេតើដែលអាក្រក់នោះ។ ដូច្នេះប្រសិនបើមនុស្សប្រុស ចង់រស់នៅក្នុងជីវិតដ៏ល្អមួយ គាត់ត្រូវតែបដិសេធនូវសេចក្តីប្រាថ្នាខាង រូបកាយរបស់គាត់ចោល។ ក្រុមជំនុំក៏ដឹងដែរថាលោកប៉ុលជាមនុស្សនៅលីវ ហើយគាត់បានបង្រៀនពួកគេឱ្យជៀសវាងចេញ ពីអំពើអសីលធម៌ផ្លូវភេទ។ ដូច្នេះហើយពួកគេមួយចំនួនបានគិតថាវាជាការល្អដែលមិនរួមភេទទាល់តែ សោះ សូម្បីតែរៀបការក៏ដោយ។

 

តែ ដោយ​ព្រោះ​មាន​ការ​សហាយ‌ស្មន់​កើត​ឡើង បាន​ជា​គួរ​ឲ្យ​គ្រប់​គ្នា​មាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ ហើយ​គ្រប់​ទាំង​ស្រី​ក៏​ត្រូវ​មាន​ប្ដី​ជា​របស់​ផង​ខ្លួន​ដែរ

 

៧:២ លោកប៉ុលមិនយល់ស្របតាមអ្នកក្រុងកូរិនថូសទេ។ ពួកគេបានសរសេរថា “មនុស្ស​ប្រុស​មិន​ ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង” ហើយការឆ្លើយតបរបស់លោកប៉ុលគឺថា មនុស្សប្រុស គួររួមភេទជាមួយនឹងប្រពន្ធរបស់ខ្លួន (“បាន​ជា​គួរ​ឲ្យ​គ្រប់​គ្នាមាន​ប្រពន្ធ​ជា​របស់​ផង​ខ្លួន​វិញ”)។ មូលហេតុ ដែលប្តី ឬប្រពន្ធមិនគួរបដិសេធក្នុងការរួមភេទជាមួយប្តីប្រពន្ធរបស់ខ្លួនគឺដោយសារតែអំពើអសីលធម៌ ខាងផ្លូវភេទ។ 

 

ការរួមភេទគឺអសីលធម៌ប្រសិនបើវាមិនស្ថិតនៅក្នុងអាពាហ៍ពិពាហ៍ ប៉ុន្តែការរួមភេទនៅក្នុងអាពាហ៍ពិពាហ៍គឺ មិនអសីលធម៌នោះទេ។ ប្រភេទទូទៅបំផុតនៃអំពើអសីលធម៌ខាងផ្លូវភេទនៅក្នុងទីក្រុងកូរិនថូស នៅសម័យកាលនោះគឺការរួមភេទជាមួយនឹងស្ត្រីពេស្សានៅក្នុងវិហារ។ វាគឺជាសេចក្តីល្បួងមួយសម្រាប់ក្រុមជំនុំមួយចំនួន ជាពិសេសសម្រាប់អ្នកដែលប្តីប្រពន្ធរបស់ខ្លួនបដិសេធមិនព្រមរួមភេទជាមួយខ្លួន ដោយសារពួកគេគិតថាវាការល្អ (ឬមានលក្ខណៈខាងព្រលឹងវិញ្ញាណច្រើនជាង) សម្រាប់ការមិនរួមភេទ (ខ១)។ តាមរយៈការបដិសេធទៅកាន់ប្តីប្រពន្ធរបស់ខ្លួនសម្រាប់ការរួមភេទនៅក្នុងរង្វង់អាពាហ៍ពិពាហ៍ ពួកគេបង្កើតឱ្យមានសេចក្តីល្បួងឱ្យប្តីប្រពន្ធរបស់ខ្លួនមានការរួមភេទនៅក្រៅរង្វង់អាពាហ៍ពិពាហ៍វិញ។ 

​

ដូច្នេះលោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់អ្នកក្រុងកូរិនថូសថាវាជាការល្អ និងត្រឹមត្រូវចំពោះ ការរួមភេទជាមួយប្តីប្រពន្ធរបស់ខ្លួន។ លោកប៉ុលមិនបាននិយាយថាគ្រប់គ្នាគួរតែរៀបការនោះទេ (សូមមើល ៧:៨-៩)។ ទាំងគាត់ក៏មិនបាននិយាយថាការរួមភេទគឺជាហេតុផលក្នុងការរៀបការដែរ។ ផ្ទុយទៅវិញគាត់និយាយថាអ្នកដែលរៀបការគួរតែរួមភេទជាមួយប្តីប្រពន្ធរបស់ខ្លួន បើមិនដូច្នោះទេប្តីប្រពន្ធ របស់ខ្លួនអាចមានសេចក្តីល្បួងក្នុងការរួមភេទនៅក្រៅរង្វង់អាពាហ៍ពិពាហ៍មិនខាន ហើយនោះគឺជា អំពើអសីលធម៌។

 

ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ

​

៧:៣ ទាំងប្តី និងប្រពន្ធមានកាតព្វកិច្ច (ὀφειλὴν) នៅក្នុងអាពាហ៍ពិពាហ៍ ហើយវារួមមានទាំងការរួមភេទ ជាមួយប្តីប្រពន្ធរបស់ខ្លួនឯងផងដែរ។ វាសំខាន់ដែលលោកប៉ុលសរសេរអំពីសារៈសំខាន់នៃការផ្តល់ឱ្យ (ជាជាងទទួលបាន) នៅក្នុងអាពាហ៍ពិពាហ៍ដោយសារអាពាហ៍ពិពាហ៍គឺជាការប្រគល់ខ្លួនអ្នកឱ្យទៅ មនុស្សម្នាក់ទៀត។

 

ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ទេ គឺ​ជា​ប្ដី​វិញ ហើយ​ប្ដី​ក៏​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​ខ្លួន​ឯង​ដែរ គឺ​ជា​ប្រពន្ធ​វិញ

​

៧:៤ នេះមិនមែនមានន័យថារូបកាយរបស់ប្រពន្ធគឺជាកម្មសិទ្ធិរបស់ប្តីនាង ឬថារូបកាយរបស់ប្តីគឺជា កម្មសិទ្ធិរបស់ប្រពន្ធគាត់ទេ។ ផ្ទុយទៅវិញ នៅក្នុងអាពាហ៍ពិពាហ៍ មនុស្សម្នាក់មិនមានសិទ្ធិអំណាចលើ រាងកាយ របស់ខ្លួនឯងទៀតទេ។ ជីវិតដែលមានអាពាហ៍ពិពាហ៍គឺជាជីវិតរួមគ្នាដែលប្តី និងប្រពន្ធចែករំលែកអ្វីៗ គ្រប់យ៉ាងជាមួយគ្នា។ ទាំងប្តី ឬប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនឯង ឡើយ។ ពួកគេគឺជា កម្មសិទ្ធិរបស់គ្នា ទៅវិញទៅមក ហេតុដូច្នេះពួកគេមិនអាចបង្អត់ប្តីប្រពន្ធរបស់ខ្លួនឯង ដែលជារូបកាយ របស់ខ្លួនឯងនោះទេ (ខ៥)។

​

កត់សម្គាល់ឃើញថាមានភាពស្មើភាពគ្នារវាងប្តី និងប្រពន្ធនៅក្នុងការបង្រៀនរបស់លោកប៉ុល។ ពួកគេមានសិទ្ធិ និងការទទួលខុសត្រូវដូចៗគ្នាចំពោះគ្នាទៅវិញទៅមក។ វាគឺជាការបង្រៀនតាមរបៀបថ្មី និងមានការផ្លាស់ប្តូរខ្លាំងដោយសារនៅក្នុងចក្រភពរ៉ូមនាសតវត្សទីមួយគឺមានតែបុរសប៉ុណ្ណោះដែលមាន សិទ្ធិអំណាចទាំងអស់នេះ។

 

ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្ដី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ

​

៧:៥ ប្តី និងប្រពន្ធគួរតែមានការរួមភេទនៅក្នុងរង្វង់អាពាហ៍ពិពាហ៍ដើម្បីកុំឱ្យពួកគេមានការល្បួងនាំឱ្យមាន ការរួមភេទនៅក្រៅរង្វង់អាពាហ៍ពិពាហ៍ដែលជាអំពើបាប ហើយជាអ្វីដែលសាតាំងនឹងល្បួងឱ្យពួកគេធ្វើ។

​

ពាក្យដែលបានបកប្រែថា “បង្អត់” (ἀποστερεῖτε) គឺសំខាន់ណាស់។ វាគឺជាពាក្យដូចគ្នាដែលបានប្រើ នៅក្នុង ៦:៧-៨ សម្រាប់មនុស្សប្រុសដែលបានបោកប្រាស់មនុស្សម្នាក់។ វាមានន័យថាគឺជាការដកយក នូវអ្វីដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នកផ្សេង។ អ្នកក្រុងកូរិនថូសបានសរសេរថាវាជាការល្អ ដែលមនុស្ស​ ប្រុស​មិន​រួមភេទ (ខ១) ហើយលោកប៉ុលបានឆ្លើយតបតាមរយៈការបង្រៀនថាការរួមភេទនៅ ក្នុងរង្វង់ អាពាហ៍ពិពាហ៍គឺជាការល្អ និងត្រឹមត្រូវ (ខ២-៥)។ ដូច្នេះពួកគេត្រូវឈប់បោកប្រាស់ប្តីប្រពន្ធរបស់ខ្លួន ដោយបង្អត់គ្នាដោយសារតែសិទ្ធិក្នុងការរួមភេទនៅក្នុងអាពាហ៍ពិពាហ៍ (ខ៣)។ 

​

៧:៦ លោកប៉ុលសរសេរពីឯកសិទ្ធិ និងកាតព្វកិច្ចសម្រាប់ទាំងប្តី និងប្រពន្ធ។ ប្តី និងប្រពន្ធជា កម្មសិទ្ធិរបស់គ្នាទៅវិញទៅមក ដូច្នេះមិនត្រូវដកយករួបកាយខ្លួនឯងចេញពីប្តីប្រពន្ធរបស់ខ្លួនឡើយ។ ក្នុងនាមជាការអធ្យា‌ស្រ័យ លោកប៉ុលទទួលស្គាល់ថាប្តីប្រពន្ធអាចជ្រើសរើសជៀសវាងចេញពី ការរួមភេទសម្រាប់ជាការលះបង់ខ្លួនឯងនៅក្នុងការអធិស្ឋាន (ដូចជាការតមអាហារ) ប៉ុន្តែលើកលែងតែពួកគេទាំងពីរនាក់យល់ព្រមជាមួយគ្នា ហើយសម្រាប់តែនៅក្នុងគ្រាកំណត់មួយប៉ុណ្ណោះ។

 

ខ្ញុំ​ចូល​ចិត្ត​ឲ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ តែ​គ្រប់​គ្នា​មាន​អំណោយ​ទាន​មក​ពី​ព្រះ​ផ្សេង​គ្នា​រៀង​ខ្លួន គឺ​ម្នាក់​យ៉ាង​នេះ ម្នាក់​យ៉ាង​នោះ

​

៧:៧ នៅពេលលោកប៉ុលសរសេរថា “ខ្ញុំ​ចូល​ចិត្តឱ្យ​គ្រប់​មនុស្ស​ទាំង​អស់​បាន​ដូច​ជា​ខ្ញុំ” តើមានន័យ ដូចម្តេច? ចម្លើយគឺ “​ក្រមុំ កំឡោះ” ឬកាន់តែពិសេសថែមទៀត គាត់សំដៅលើការមានអំណោយទាន ភាពនៅលីវ គឺជាអ្វីដែលអាចធ្វើឱ្យគាត់អាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដែលបង្កើតផលផ្លែ ដោយមិនចាំបាច់រៀបការ។ 

 

អ្នកដែលរៀបការហើយអាចជ្រើសរើសជៀសវាងចេញពីការរួមភេទបានសម្រាប់ពេលវេលាមួយដែលចំណាយពេលសម្រាប់ព្រះអម្ចាស់។ ប៉ុន្តែសម្រាប់អ្នកដែលមានអំណោយទាននៅលីវអាចធ្វើកិច្ចការនេះបាន គ្រប់ពេលទាំងអស់។ លោកប៉ុលដឹងថាការដែលនៅលីវបានផ្តល់ឱ្យគាត់នូវពេលវេលា និងសេរីភាពច្រើន សម្រាប់ការបម្រើព្រះជាម្ចាស់។ ហេតុនេះបានជាគាត់ប្រាថ្នាឱ្យមនុស្សទាំងអស់មានអំណោយទាន នៃភាពនៅលីវនេះ ដូច្នេះហើយអាចជ្រើសរើសនៅលីវដោយសប្បាយចិត្ត។ យ៉ាងណាមិញ ការនេះមិនមែនមានន័យថាគាត់រំពឹង ឬបង្រៀនឱ្យអ្នកជឿទាំងអស់ធ្វើកិច្ចការនេះទេ។ ផ្ទុយទៅវិញគាត់ដឹងថាមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលមានអំណោយទាននៅលីវនេះ ខណៈអ្នកផ្សេងទៀតមានអំណោយទានក្នុងការៀបអាពាហ៍ពិពាហ៍។

​

ដូច្នេះសម្រាប់លោកប៉ុលទាំងការរៀបអាពាហ៍ពិពាហ៍ និងនៅលីវគឺជាអំណោយទាន ហើយទោះបីជា គាត់ចូលចិត្តអំណោយទានផ្ទាល់ខ្លួនរបស់គាត់ (នៃភាពនៅលីវ) ក៏ដោយ គាត់មិនចាត់ទុកថាការនៅលី វមានស្ថានភាពខាងវិញ្ញាណគ្រាន់បើជាងដូចជាអ្វីដែលសមាជិកក្រុមជំនុំនៅទីក្រុងកូរិនថូសមួយចំនួនបានធ្វើនោះទេ។ ពួកគេបានជម្រុញឱ្យប្តីប្រពន្ធដែលរៀបការហើយឱ្យមិន​រួមភេទ (ខ១) ដោយប្រើភាព នៅលីវរបស់លោកប៉ុលជាផ្នែកមួយនៃហេតុផលនោះ។ ប៉ុន្តែលោកប៉ុលមិនយល់ស្របតាម ហើយប្រាប់ពួកគេថាការនៅលីវគឺសម្រាប់អ្នកដែលមានអំណោយទាន ហើយការរៀបការ (ដែលមានការរួមភេទ) គឺសម្រាប់អ្នកដែលមានអំណោយទាននោះ។

​

វាសំខាន់ណាស់ដែលលោកប៉ុលពណ៌នាទាំងការរៀបការ និងការនៅលីវថាជា “អំណោយ​ទាន​មក​ពី​ព្រះ​”។ ការនេះបង្ហាញថាទាំងពីរសុទ្ធតែល្អ ហើយមួយណាដែលមនុស្សម្នាក់មានគឺសុទ្ធតែបានមកពីព្រះជាម្ចាស់។ ដូច្នេះមិនថាយើងនៅលីវ ឬរៀបការទេ យើងត្រូវចេះអរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់អំណោយទាន របស់ទ្រង់ ហើយស្វែងរកការថ្វាយសិរីល្អដល់ទ្រង់តាមរយៈអាពាហ៍ពិពាហ៍ ឬការនៅលីវរបស់យើង។ 

 

ខ្ញុំ​ក៏​និយាយ​ចំពោះ​នឹង​ពួក​ក្រមុំ​កំឡោះ ហើយ​នឹង​ពួក​មេម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ នោះ​ល្អ​ហើយ ប៉ុន្តែ បើ​អ្នក​ទាំង​នោះ​អត់​ទ្រាំ​មិន​បាន នោះ​ចូរ​យក​ប្ដី​ប្រពន្ធ​ចុះ ដ្បិត​ដែល​យក​ប្ដី​ប្រពន្ធ នោះ​ជា​ជាង​ទ្រាំ​ឲ្យ​មាន​សេចក្ដី​រោល‌រាល​វិញ

 

៧:៨-៩ បន្ទាប់ទៀត លោកប៉ុលសរសេរទៅកាន់ “​ពួក​ក្រមុំ កំឡោះ ហើយ​និង​ពួក​មេម៉ាយ”។ “មេម៉ាយ” (χήραις) គឺជាស្ត្រីដែលបានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ហើយដោយសារតែប្តីរបស់នាងស្លាប់ចោល។ “ពួកក្រមុំ កំឡោះ” អាចជាអ្នកដែលតែងតែនៅលីវរហូតមក ប៉ុន្តែលោកប៉ុលបានប្រើពាក្យផ្សេងមួយទៀត សម្រាប់អ្នកដែលមិនធ្លាប់រៀបការ (παρθένων) គាត់សរសេរអំពីពួកគេនៅពេលក្រោយក្នុងជំពូកនេះ (ខ២៥-៣៨)។ ដូច្នេះវាហាក់បីដូចជាពាក្យ ἀγάμοις សំដៅលើបុរសដែលបានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ហើយដោយសារតែប្រពន្ធរបស់គាត់ស្លាប់ចោល។

 

ពួកពោះម៉ាយ និងមេម៉ាយនៅក្នុងក្រុមជំនុំចង់ដឹងថាតើពួកគេអាច ឬគួរតែរៀបការម្តងទៀត។ លោកប៉ុល ណែនាំថាពួកគេបន្តនៅលីវចុះដោយសារតែសេរីភាពក្នុងការបម្រើព្រះអម្ចាស់ (ខ២៥-២៧, ៣២-៣៤)។ យ៉ាងណាមិញគាត់បានទទួលស្គាល់ថាការនៅលីវគឺជាអំណោយទាន ដែលមនុស្សមួយចំនួនមាន ហើយមនុស្សមួយចំនួនទៀតគ្មាននោះទេ។ ដូច្នេះប្រសិនបើពោះម៉ាយ ឬមេម៉ាយមិនអាចបម្រើ ព្រះអម្ចាស់បានដោយប្រសិទ្ធភាពដូចជាអ្នកនៅលីវទេ ដោយសារតែ សេចក្តីប៉ងប្រាថ្នាខាងផ្លូវភេទ (នោះគឺប្រសិនបើពួកគេមិនមានអំណោយទាននៅលីវ) នោះពួកគេអាចរៀបការម្តងទៀតបាន។ 

 

ឯ​ខាង​អ្នក​ដែល​មាន​ប្ដី​ប្រពន្ធ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ដែរ តែ​មិន​គឺ​ខ្ញុំ គឺ​ជា​ព្រះ‌អម្ចាស់​វិញ ទ្រង់​បង្គាប់​ថា កុំ​ឲ្យ​ប្រពន្ធ​លែង​ប្ដី​ឡើយ ឬ​បើ​បាន​លែង​ប្ដី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្ដី​ទៅ​ចុះ ឬ​ឲ្យ​ជា​នឹង​ប្ដី​ខ្លួន​វិញ​ទៅ ហើយ​ឯ​ប្ដី ក៏​កុំ​ឲ្យ​លែង​ប្រពន្ធ​ខ្លួន​ដែរ។

 

៧:១០-១១ នេះគឺជាសេចក្តីបង្គាប់តែមួយគត់នៅក្នុងជំពូកនេះ។ លោកប៉ុលទើបតែបាននិយាយថា ពួកពោះម៉ាយ និងមេម៉ាយមានសេរីភាពក្នុងការសម្រេចចិត្តថាតើពួកគេចង់នៅលីវ ឬរៀបការម្តងទៀត (ខ៨-៩)។ យ៉ាងណាមិញគាត់បានបញ្ជាក់យ៉ាងច្បាស់ថាអ្នកដែលរៀបការមិនអាចលែងលះដើម្បី ទៅរៀបការជាមួយអ្នកផ្សេងទៀតបានទេ។ សេចក្តីបង្គាប់នេះមិនមែនចេញមកពីលោកប៉ុលទេ ប៉ុន្តែព្រះយេស៊ូវទេតើជាអ្នកដែលបានបង្រៀនអំពីការនេះនៅក្នុងម៉ាថាយ ៥:៣១-៣២ និង ១៩:៣-៩។

 

ព្រះយេស៊ូវបានបង្រៀនថាផែនការរបស់ព្រះជាម្ចាស់គឺថាអ្នកដែលរៀបការរួចហើយមិនត្រូវបែកគ្នាទេ (លោកុប្បត្តិ ២:២៤)។ ដូច្នេះប្តីមិនត្រូវលែងប្រពន្ធ ហើយប្រពន្ធមិនត្រូវបែកពី​ប្តី​ឡើយ។

 

សូមកត់សម្គាល់ថា ជាភាសាក្រិច លោកប៉ុលប្រើពាក្យ χωρισθῆναι នោះមានន័យថា “បែក” ឬ “ចាកចេញ” (ជាជាង ‘លែងលះ’) សម្រាប់ប្រពន្ធដោយសារតាមច្បាប់របស់ សាសន៍យូដា ស្ត្រីមិនអាចលែងប្តីរបស់ខ្លួនបានទេ។ ដូច្នេះប្រសិនបើប្រពន្ធចង់បញ្ចប់ជីវិតអាពាហ៍ពិពាហ៍ របស់ខ្លួន នាងអាចចាកចេញពីប្តីរបស់នាងបាន ប៉ុន្តែពួកគេនៅតែជាប្តីប្រពន្ធរៀបការពេញច្បាប់ដដែល។ ដូច្នេះប្រសិនបើប្រពន្ធចង់ចាកចេញពីប្តីរបស់នាង នាងទទួលបានការអនុញ្ញាតិឱ្យធ្វើដូច្នេះ ប៉ុន្តែនាងមិនត្រូវរៀបការជាមួយនឹងមនុស្សប្រុសផ្សេងទៀតទេ បើធ្វើដូច្នេះវានឹងក្លាយទៅជាអំពើ អសីលធម៌ផ្លូវភេទ (ដោយសារនាងនៅតែរៀបការពេញច្បាប់ជាមួយនឹងប្តីទីមួយរបស់នាងនៅឡើយ)។ នាងអាចផ្សះផ្សាជាមួយប្តីរបស់នាង ឬជ្រើសរើសនៅលីវ។ 

 

ឯ​មនុស្ស​ឯ​ទៀត មិន​មែន​ព្រះ‌អម្ចាស់​មាន​បន្ទូល​ទេ គឺ​ខ្លួន​ខ្ញុំ​និយាយ​ថា បើ​បង​ប្អូន​ណា​មាន​ប្រពន្ធ​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​ខ្លួន នោះ​មិន​ត្រូវ​លះ​ចោល​នាង​ឡើយ ហើយ​ស្ត្រី​ណា​មាន​ប្ដី​ដែល​មិន​ជឿ តែ​ព្រម​នៅ​ជា​មួយ​នឹង​នាង នោះ​ក៏​មិន​ត្រូវ​ឲ្យ​នាង​លះ​ចោល​គេ​ដែរ

 

៧:១២-១៣ ក្រុមបន្ទាប់ដែលលោកប៉ុលសរសេរទៅកាន់គឺពួកអ្នកជឿដែលរៀបការជាមួយនឹងអ្នកមិនជឿ។ ប្រសិនបើមនុស្សម្នាក់បានក្លាយជាគ្រីស្ទបរិស័ទហើយ ហើយប្តីប្រពន្ធរបស់ពួកគេមិនមែនជាអ្នកជឿទេ ពួកគេគួរតែអាចបន្តរៀបការបាន។ ប្តីប្រពន្ធដែលខ្វះជំនឿមិនមែនជាហេតុផលត្រឹមត្រូវសម្រាប់ ការលែងលះគ្នាទេ។

 

សូមចំណាំថានៅពេលលោកប៉ុលសរសេរថា “មិន​មែន​ព្រះអម្ចាស់​” គាត់មានន័យថាព្រះយេស៊ូវមិន បានបង្រៀនពីចំណុចជាក់លាក់នេះដូចដែលគាត់លើកឡើងអំពីការលែងលះទេ (ខ១០-១១)។ យ៉ាងណាមិញលោកប៉ុលនៅតែសរសេរក្នុងនាមជាសាវ័កមានការវិន្និច្ឆ័យដែលគួរឱ្យទុកចិត្តបាន (ខ២៥) ដោយសារគាត់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ (ខ៤០)។

 

ដ្បិត​ប្ដី​ដែល​មិន​ជឿ នោះ​បាន​រាប់​ជា​ស្អាត​ដោយ‌សារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយ‌សារ​ប្ដី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ

 

៧:១៤ គ្រីស្ទបរិស័ទនៅក្នុងចំណងអាពាហ៍ពិពាហ៍ម្នាក់នាំមកនូវព្រះគុណ និងការការពារពីការយាយីខាង វិញ្ញាណ ហើយប្តីប្រពន្ធ និងកូនៗរបស់ពួកគេនឹងទទួលបានពរជាច្រើនដោយសារទង្វើរនេះ។ សម្រាប់អ្នកមិនជឿដែល ’រាប់ជាស្អាត’ មិនសំដៅលើការសង្គ្រោះទេ ប៉ុន្តែមានន័យថាពួកគេត្រូវបាន ញែកសម្រាប់ព្រះពរដោយសារប្តីប្រពន្ធរបស់ពួកគេគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ដូច្នេះប្តីប្រពន្ធ ដែលមិនជឿមិនធ្វើឱ្យសៅហ្មងដល់អ្នកជឿទេ (ព្រមទាំងអាពាហ៍ពិពាហ៍ និងកូនៗរបស់ពួកគេ) ប៉ុន្តែអ្នកដែលមិនជឿត្រូវបានរាប់ជាស្អាតនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេជាមួយអ្នកជឿ។

 

តែ​បើ​អ្នក​ដែល​មិន​ជឿ គេ​ដក​ខ្លួន​ចេញ នោះ​ឲ្យ​គេ​ចេញ​ចុះ យ៉ាង​នោះ បង​ប្អូន​ប្រុស​ឬ​ស្រី នឹង​មិន​នៅ​ជាប់​ចំណង​ទៀត​ទេ ប៉ុន្តែ ព្រះ‌ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​មេត្រី​នឹង​គ្នា​វិញ

 

៧:១៥ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុង ខ១៣ ថាប្តីប្រពន្ធដែលខ្វះជំនឿលើព្រះជាម្ចាស់ គឺមិនមែនជាហេតុផលត្រឹមត្រូវដើម្បីលែងលះគ្នាទេ។ យ៉ាងណាមិញប្រសិនបើប្តីប្រពន្ធដែលជា អ្នកមិនជឿចាកចេញពីអាពាហ៍ពិពាហ៍ នោះអ្នកជឿមិននៅជាប់ចំណងនៅក្នុងការរក្សាចំណង អាពាហ៍ពិពាហ៍នោះទេ។ “ព្រះ​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នាឱ្យមាន​សេចក្តី​មេត្រី​នឹង​គ្នា​វិញ” មានន័យថា គ្រីស្ទបរិស័ទគួរតែព្យាយាមបន្តនៅក្នុងអាពាហ៍ពិពាហ៍នោះ នោះគឺព្យាយាមបង្កើតឱ្យមានសេចក្តីមេត្រី នៅក្នុងទំនាក់ទំនងរបស់ពួកគេ។ ប៉ុន្តែប្រសិនបើប្តីប្រពន្ធរបស់ពួកគេបដិសេធក្នុង ការបន្តអាពាហ៍ពិពាហ៍ នោះ អ្នកជឿគួរតែមានសេចក្តីមេត្រីសម្រាប់ការបែកគ្នាជាជាងគិតថា ពួកគេត្រូវផ្សះផ្សាគ្នាវិញ។

 

ដ្បិត​ឱ​ស្ត្រី​អើយ ប្រហែល​ជា​នាង​នឹង​សង្គ្រោះ​ប្ដី​បាន​ទេ​ដឹង ឬ​បុរស​អើយ ប្រហែល​ជា​អ្នក​នឹង​សង្គ្រោះ​ប្រពន្ធ​បាន​ដែរ​ទេ​ដឹង

 

៧:១៦ នៅពេលមនុស្សដែលរៀបការហើយទទួលយកដំណឹងល្អ ប៉ុន្តែប្តីប្រពន្ធរបស់ពួកគេមិនទទួល នោះគ្មាននរណាម្នាក់ដឹងប្រាកដថាតើនៅពេលក្រោយប្តីប្រពន្ធរបស់ពួកគេនឹងទទួលបានការសង្គ្រោះ ឬមិនបានទទួលនោះទេ។ ដូច្នេះអ្នកជឿត្រូវចាត់ទុកថាប្តីប្រពន្ធរបស់ខ្លួនត្រូវបានរាប់ជាបរិសុទ្ធ ហើយព្យាយាមរស់នៅតាមរបៀបដែលបង្ហាញដំណឹងល្អទៅកាន់ពួកគេ (នោះគឺរស់នៅក្នុងជីវិតដែលសុចរិត មានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់) ដោយសារការនេះអាចនាំមកគេឱ្យមានជំនឿលើ ព្រះយេស៊ូវ ហើយទទួលបានការសង្គ្រោះ។ នៅពេលលោកប៉ុលសរសេរពីការសង្គ្រោះប្តីប្រពន្ធរបស់ មនុស្សម្នាក់ គាត់សំដៅលើការផ្សាយដំណឹងល្អទៅកាន់ពួកគេតាមរយៈពាក្យសម្តី ឬទង្វើ (១ ពេត្រុស ៣:១) ដើម្បីនាំពួកគេឱ្យជឿលើព្រះយេស៊ូវ។

 

តែ​ត្រូវ​ឲ្យ​គ្រប់​គ្នា​ដើរ​តាម​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ ហើយ​តាម​ដែល​ព្រះ​បាន​ហៅ​មក​រៀង​ខ្លួន ខ្ញុំ​ក៏​តាំង​របៀប​យ៉ាង​ដូច្នេះ ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ​ដែរ

 

៧:១៧ នៅក្នុងផ្នែកបន្ទាប់នេះ (ខ១៧-២៤) លោកប៉ុលបង្រៀនថាគ្រីស្ទបរិស័ទត្រូវរស់នៅសម្រាប់ ព្រះយេស៊ូវក្នុងស្ថានភាពដែលព្រះអង្គបានតាំងគាត់ឡើង។ ពាក្យ “តាំង” បង្ហាញប្រាប់ថាស្ថានភាព នៅក្នុងជីវិតរបស់យើង (រួមទាំងជាតិសាសន៍ ភេទ សមត្ថភាព អំណោយទានខាងវិញ្ញាណរបស់យើង។ ល។) ត្រូវបានប្រទានមកពីព្រះជាម្ចាស់ ហេតុដូច្នេះគ្រីស្ទបរិស័ទត្រូវធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់គាត់។

​

ពាក្យ “ហៅ” (καλεῖν) គឺជាពាក្យគន្លឹះនៅក្នុងជំពូកនេះដោយបានលេចឡើងចំនួនប្រាំបីដង។ ព្រះជាម្ចាស់ហៅមនុស្សមកកាន់ការសង្គ្រោះ។ ការត្រាស់ហៅរបស់ទ្រង់គឺសម្រាប់មនុស្សដែលមានប្រវត្តិ និងឋានៈខុសៗគ្នាទាំងអស់នៅក្នុងសង្គម។ ប្រសិនបើព្រះជាម្ចាស់ត្រាស់ហៅតែប្រភេទមនុស្ស ជាក់លាក់មួយ (ឧទាហណ៍ មានតែសាសន៍យូដា ឬអ្នកនៅលីវ ឬអ្នកដែលមានចំណេះដឹងតែប៉ុណ្ណោះ) នោះយើងទាំងអស់គ្នាត្រូវតែក្លាយទៅជាមនុស្សប្រភេទនោះ។ ប៉ុន្តែព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ចំពោះមនុស្សមួយប្រភេទជាងមួយប្រភេទទៀតនោះទេ។ ផ្ទុយទៅវិញការត្រាស់ហៅរបស់ព្រះជាម្ចាស់គឺ សម្រាប់មនុស្សនៅក្នុងគ្រប់ស្ថានភាពទាំងអស់ ហេតុនេះស្ថានភាពជាក់លាក់របស់យើងមិនមែនជា បញ្ហានោះទេ។ អ្វីដែលជាបញ្ហាគឺថាជីវិតថ្មីរបស់យើងនៅក្នុងព្រះគ្រីស្ទគឺជាជីវិតដែលព្រះអង្គជាអ្នកដឹកនាំ។ 

 

អ្នកជឿថ្មីៗជាច្រើននៅក្នុងក្រុមជំនុំទីក្រុងកូរិនថូសនេះបានគិតថាពួកគេត្រូវតែផ្លាស់ប្តូរស្ថានភាពរបស់ពួកគេឥឡូវនេះថាពួកគេគឺជាគ្រីស្ទបរិស័ទ។ ដូច្នេះលោកប៉ុលព្យាយាមជួយពួកគេដើម្បីឱ្យមើលឃើញថាឋានៈ និងស្ថានភាពននៅក្នុងជីវិតរបស់ពួកគេមិនមែនជាបញ្ហាទេ។ ពួកគេអាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ បានមិនថាស្ថានភាពរបស់ពួកគេយ៉ាងណានោះទេ មិនថារៀបការហើយ ឬនៅលីវ ជាទាសករ ឬមានសេរីភាព សាសន៍យូដា ឬសាសន៍ដទៃទេ។ អ្វីដែលជាបញ្ហាគឺថាពួកគេផ្តោតលើព្រះជាម្ចាស់ នៅក្នុងស្ថានភាពជីវិតរបស់ពួកគេ។ ដូច្នេះលោកប៉ុលបង្គាប់ទៅកាន់ក្រុមជំនុំឱ្យចេះរស់នៅដូចជា មនុស្សដែលព្រះជាម្ចាស់បានត្រាស់ហៅ ហើយត្រូវមានជំនឿ និងធ្វើតាមផែនការរបស់ទ្រង់នៅក្នុង ជីវិតរបស់ពួកគេ។

 

បើ​ទ្រង់​បាន​ហៅ​អ្នក​ណា​ដែល​កាត់​ស្បែក​ហើយ កុំ​ឲ្យ​អ្នក​នោះ​ត្រឡប់​ដូច​ជា​មិន​កាត់​ស្បែក​វិញ​ឡើយ បើ​ទ្រង់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក កុំ​ឲ្យ​អ្នក​នោះ​កាត់​ស្បែក​ឲ្យ​សោះ

 

៧:១៨ អ្នកជឿអាចដឹង ហើយស្រឡាញ់ ព្រមទាំងបម្រើព្រះអម្ចាស់នៅក្នុងគ្រប់កាលៈទេសៈដែលយើងស្ថិត នៅពេលព្រះអង្គត្រាស់ហៅយើង។ ឥឡូវនេះលោកប៉ុលផ្តល់ជាឧទាហរណ៍ពីគោលការណ៍នេះ។ ឧទាហរណ៍ទីមួយគឺគ្រីស្ទបរិស័ទដែលជាសាសន៍យូដា (“​កាត់​ស្បែក”) និងគ្រីស្ទបរិស័ទដែលជា សាសន៍ដទៃ (“មិនកាត់ស្បែក”)។ 

 

ឥឡូវនេះសាសន៍យូដាមួយចំនួនពិចារណាដកយកសញ្ញានៃការកាត់ស្បែកចេញដោយសារពួកគេបានក្លាយជាគ្រីស្ទបរិស័ទរួចហើយ។ ប៉ុន្តែលោកប៉ុលលើកឡើងថាវាមិនចាំបាច់នោះទេ។ គ្រីស្ទបរិស័ទដែល ជាសាសន៍ដទៃមួយចំនួនពិចារណាចំពោះការទទួលយកការកាត់ស្បែកដោយសារពួកគ្រូក្លែងក្លាយ បានប្រាប់គេថាសាសន៍ដទៃត្រូវតែកាត់ស្បែកដើម្បីទទួលបានការសង្គ្រោះ (កិច្ចការ ១៥:១-៥; កាឡាទី ៥:១-៦)។ ប៉ុន្តែជាថ្មីម្តងទៀតលោកប៉ុលលើកឡើងថាមិនចាំបាច់នោះទេ។ ការផ្លាស់ប្តូរស្ថានភាព របស់ពួកគេពីការកាត់ស្បែក ឬមិនកាត់ស្បែកនឹងមិនធ្វើឱ្យព្រះជាម្ចាស់កាន់តែ ទទួលយកពួកគេខ្លាំងឡើង នោះទេ “ដែល​នឹង​រាប់​ទាំង​ពួក​កាត់​ស្បែក ថា​ជា​សុចរិត ដោយ‌សារ​តែ​គេ​មាន​សេចក្ដី​ជំនឿ ព្រម​ទាំង​ពួក​អ្នក ​ដែល​មិន​កាត់​ស្បែក​ផង ដោយ​គេ​មាន​សេចក្ដី​ជំនឿ​នោះ​ដែរ” (រ៉ូម ៣:៣០)។ ដូច្នេះជំនឿលើព្រះជាម្ចាស់ គឺជាអ្វីដែលសំខាន់។

 

ជំនឿមិនមែនការកាត់ស្បែកទេ (ដែលជាសញ្ញាប្រាប់ថាមនុស្សម្នាក់នោះគឺជាសាសន៍យូដា) គឺជាអ្វីដែលធ្វើឱ្យព្រះជាម្ចាស់ទទួលយកមនុស្សម្នាក់នោះ។ នៅពេលដែលសាសន៍យូដាឆ្លើយតបចំពោះ ការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយជំនឿ ហើយក្លាយទៅជាគ្រីស្ទបរិស័ទ គាត់មិនចាំបាច់ក្លាយខ្លួន ទៅជាសាសន៍ដទៃនោះទេ។ ដូចគ្នាដែរសាសន៍ដទៃដែលជាអ្នកជឿ លើព្រះគ្រីស្ទមិនចាំបាច់ក្លាយខ្លួន ទៅជាសាសន៍យូដានោះទេ។ ផ្ទុយទៅវិញគ្រីស្ទបរិស័ទមកពីគ្រប់វប្បធម៌ ទាំងអស់ត្រូវតែរស់នៅឱ្យដូចជា ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដោយមានជំនឿ ហើយប្រតិបត្តិតាមទ្រង់។

 

ព្រោះ​ការ​កាត់​ស្បែក​មិន​ជា​អ្វី​ទេ ឬ​ដែល​មិន​កាត់​ស្បែក នោះ​ក៏​មិន​ជា​អ្វី​ដែរ តែ​ដែល​មាន​ប្រយោជន៍ នោះ​គឺ​ស្រេច​នឹង​កាន់​តាម​បញ្ញត្ត​របស់​ព្រះ​វិញ 

 

៧:១៩ ការកាត់ស្បែកគឺជាសញ្ញាប្រាប់ពីសេចក្តីសញ្ញាចាស់រវាងព្រះជាម្ចាស់ និងជនជាតិអ៊ីស្រាអែល។ ស្ថិតនៅក្នុងសេចក្តីសញ្ញាចាស់ មានតែសាសន៍អ៊ីស្រាអែលប៉ុណ្ណោះដែលជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។

 

ប៉ុន្តែតាមរយៈការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានបង្កើតនូវសេចក្តីសញ្ញាថ្មីរវាង ព្រះជាម្ចាស់​ និងអ្នកជឿទាំងអស់ (កាឡាទី ៥:២, ៥:៦, ៦:១៥)។ ឥឡូវនេះជាតិសាសន៍មិនពាក់ព័ន្ធ នឹងការទទួលយកមនុស្សម្នាក់មក ធ្វើជារាស្ត្ររបស់ព្រះជាម្ចាស់ទេ (កាឡាទី ៣:២៨; អេភេសូរ ២:១១–១៨, ៣:៦; កូល៉ុស ៣:១១)។ នៅក្នុងព្រះគ្រីស្ទ មនុស្សមកពី គ្រប់ជាតិសាសន៍ និងវប្បធម៌ទាំងអស់សុទ្ធតែព្រះជាម្ចាស់អាចទទួលយកបានតាមរយៈជំនឿ។

 

ការឆ្លើយតបដែលត្រឹមត្រូវចំពោះព្រះគុណ និងការត្រាស់ហៅរបស់ព្រះជាម្ចាស់គឺការធ្វើតាមបំណង ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការប្រតិបត្តិតាមព្រះជាម្ចាស់គឺជាអ្វីដែលព្រះយេស៊ូវបានបង្ហាញ មកកាន់យើង ហើយនេះជាអ្វីដែលព្រះអង្គចង់បានពីមនុស្សដែលទទួលបានការប្រោសលោះមកពីទ្រង់។

 

បើ​មនុស្ស​មាន​សណ្ឋាន​ជា​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ​ចុះ

 

៧:២០ នេះគឺជាចំណុចគន្លឹះរបស់លោកប៉ុលនៅក្នុងផ្នែកនេះ។ គ្រីស្ទបរិស័ទត្រូវតែចេះស្កប់ចិត្តសម្រាប់ ការបម្រើព្រះយេស៊ូវនៅក្នុងគ្រប់កាលៈទេសៈដែលពួកគេស្ថិតនៅពេលព្រះជាម្ចាស់ត្រាស់ហៅពួកគេ។ ការកាន់តាមបញ្ញតិរបស់ព្រះគឺជាអ្វីដែលគ្រីស្ទបរិស័ទអាចធ្វើបាននៅក្នុងកាលៈទេសៈណាមួយក៏បាន មិនថាកាត់ស្បែក ឬមិនកាត់ស្បែក ទាសករ ឬសេរីភាព រៀបការ ឬនៅលីវនោះទេ។ ដូច្នេះអ្វីដែលសំខាន់គឺមិនមែនជាស្ថានភាពនៅក្នុងជីវិតរបស់យើងទេ ប៉ុន្តែរបៀបដែលយើងរស់នៅសម្រាប់ព្រះជាម្ចាស់នៅក្នុងស្ថានភាពនោះ។

 

កាល​ទ្រង់​ហៅ​អ្នក​មក តើ​អ្នក​ជា​បាវ​បំរើ​គេ​ឬ​អី កុំ​ឲ្យ​ព្រួយ​ពី​សេចក្ដី​នោះ​ឡើយ តែ​បើ​អាច​នឹង​ដោះ​ខ្លួន​រួច នោះ​ស៊ូ​ដោះ​ខ្លួន​ចេញ​ទៅ

​

៧:២១ ឧទាហរណ៍ទីពីរសម្រាប់គោលការណ៍ចេញពីខ១៧ គឺគ្រីស្ទបរិស័ទដែលជាទាសករ និងគ្រីស្ទបរិស័ទដែលកើតមកដោយមានសេរីភាព។​

 

ទាសករមួយចំនួននៅក្នុងទីក្រុងកូរិនថូសបានក្លាយទៅជាគ្រីស្ទបរិស័ទ ហើយពួកគេគិតថាពួកគេមិនអាច បម្រើព្រះជាម្ចាស់បានឡើយរហូតទាល់តែពួកគេមានសេរីភាពសិន។ លោកប៉ុលប្រាប់ពួកគេថាប្រសិនបើ ពួកគេមានឱកាសទទួលបានសេរីភាពហើយ ពួកគេត្រូវធ្វើយ៉ាងដូច្នេះ។ ប៉ុន្តែប្រសិនបើមិនបានទេ ពួកគេនៅតែអាចស្គាល់ និងស្រឡាញ់ ព្រមទាំងបម្រើព្រះជាម្ចាស់បាន (ហើយនេះគឺពិតជាជីវិត របស់គ្រីស្ទបរិស័ទ) សូម្បីតែពួកគេជាទាសករក៏ដោយ។ លោកប៉ុលមិនបានអនុញ្ញាតិឱ្យមានជាទាសករទេ ប៉ុន្តែគាត់បង្រៀនថាអ្នកដែលជាទាសករនៅតែអាចប្រតិបត្តិតាម និងផ្តល់កិត្តិយសដល់ព្រះជាម្ចាស់បាន (អេភេសូរ ៦:៥–៨; កូល៉ុស ៣:២៣; ១ ធីម៉ូថេ ៦:១-២)។

​

ទាសករនៅក្នុងសម័យចក្រភពរ៉ូមអាចទទួលបានសេរីភាពពីម្ចាស់របស់ពួកគេបានទុកជារង្វាន់សម្រាប់ការខិតខំធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំ ឬជាលទ្ធផលនៃការទូទាត់សងដែលទាសករបានធ្វើ។ លោកប៉ុលលើកឡើងថា ប្រសិនបើទាសករអាចទទួលបានសេរីភាពរបស់ពួកគេ នោះពួកគេអាចទទួលយក ឱកាសនោះបាន។ ការនេះបង្ហាញប្រាប់ថាចំណុចរបស់គាត់គឺថាមិនមែនឱ្យមនុស្សត្រូវតែ បន្តស្ថិតនៅក្នុងស្ថានភាពដែលពួកគេស្ថិតនៅពេលពួកគេទទួលបានការត្រាស់ហៅនោះទេ។ ផ្ទុយទៅវិញ ចំណុចរបស់គាត់គឺថាគ្រីស្ទបរិស័ទ អាចរស់នៅតាមការត្រាស់ហៅរបស់ខ្លួននៅក្នុងស្ថានភាព ណាមួយដែលយើងស្ថិតនៅបានពេលព្រះជាម្ចាស់ត្រាស់ហៅយើង។

 

ដ្បិត​អ្នក​ណា​ដែល​ធ្វើ​ជា​បាវ​បំរើ​គេ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​ហៅ​មក នោះ​ជា​អ្នក​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ជា​ណា​ដែល​ទ្រង់​ហៅ​មក នោះ​ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ​វិញ

 

៧:២២ នៅពេលដែលមនុស្សម្នាក់ក្លាយជាគ្រីស្ទបរិស័ទហើយ គាត់មានសេរីភាពពីការដាក់ទណ្ឌកម្ម និងអំណាចរបស់អំពើបាប (រ៉ូម ៦:៧-២២, ៨:២) ហើយឥឡូវនេះគាត់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ ដូច្នេះនៅពេលដែល ព្រះជាម្ចាស់ត្រាស់ហៅទាសករមកក្នុងព្រះគ្រីស្ទ គាត់ចូលមកក្នុងសេរីភាពដ៏អស្ចារ្យ នៃភាពជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ បើទោះបីជាគាត់នៅតែមានឋានៈជាទាសករនៅក្នុងលោកិយនេះ ក៏ដោយ គាត់ត្រូវមើលឃើញខ្លួនឯងថាជា ​អ្នក​មាន​សេរីភាព​របស់​ព្រះអម្ចាស់ ពីព្រោះគាត់មានសេរីភាពពី ទាសភាពនៃអំពើបាប ហើយសេរីភាពនេះសំខាន់ជាងកាលៈទេសៈរបស់គាត់នៅក្នុងលោកិយនេះទៅ ទៀត។

​

យ៉ាងណាមិញ គ្រីស្ទបរិស័ទដែលកើតមកដោយមិនជាប់មានទាសភាពទេ (នោះគឺអស់អ្នក ដែលមិនធ្លាប់បាន ក្លាយខ្លួនទៅជាទាសករ) គឺមិនមាន “សេរីភាព” ក្នុងន័យថាពួកគេមិនអាចជ្រើសរើស របៀបរស់នៅ របស់ពួកគេបាន។ ផ្ទុយទៅវិញពួកគេគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ ហើយពួកគេត្រូវតែ ស្តាប់តាមព្រះអង្គជាម្ចាស់។ មនុស្សមានសេរីភាពដែលព្រះជាម្ចាស់បានត្រាស់ហៅមកក្នុងព្រះគ្រីស្ទ គឺឥឡូវនេះជា “បាវ​បម្រើ​នៃ ​ព្រះគ្រីស្ទ​វិញ”។ ដើម្បីយល់ពីអត្ថន័យរបស់លោកប៉ុល យើងត្រូវតែដឹងអំពីទាសភាពរបស់ជនជាតិ រ៉ូមនាសម័យនោះ។

​

នៅក្នុងសតវត្សទីមួយ ប្រហែលមួយភាគបីនៃចំនួនប្រជាជនរបស់ចក្រភពរ៉ូមគឺជាទាសករ។ មានតែអ្នកមានប៉ុណ្ណោះដែលមានទាសករ ហើយមូលហេតុដែលពួកគេទិញទាសករគឺដើម្បីឱ្យគេជួយនៅ ក្នុងដំណើរការអចលនទ្រព្យដ៏ធំសម្បើមរបស់ពួកគេ។ ទាសករជាច្រើនទទួលបានការហ្វឹកហ្វឺន ដើម្បីផ្តល់ជាសេវាកម្មជំនាញ (ដូចជាគិលានុបដ្ឋាយិកា គ្រូបង្រៀន គណនេយ្យករ និងអ្នកសាងសង់) ដល់ម្ចាស់របស់ពួកគេ។ ម្ចាស់របស់ពួកគេទទួលបានអត្ថប្រយោជន៍ពីការបម្រើរបស់ទាសករ ហើយទាសករមានការងារជាប់លាប់ ព្រមទាំងសេចក្តីត្រូវការទាំងឡាយសម្រាប់កន្លែងរស់នៅ និងអាហារដែលម្ចាស់របស់គាត់ជាអ្នកផ្តល់ឱ្យ។ ដូច្នេះសម្រាប់មនុស្សជាច្រើនជាទាសករគឺពេញចិត្តចង់ ធ្វើជាមនុស្សដែលមានសេរីភាពវិញ។ ចំណុចធំមួយដែលខុសគ្នារវាងទាសករ និងមនុស្ស ដែលមានសេរីភាពគឺថាទាសករមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងទេ។ គាត់គឺជាកម្មសិទ្ធិរបស់ម្ចាស់គាត់ ហើយនោះគឺជាចំណុចដែលលោកប៉ុលបានលើកឡើង។ គ្រីស្ទបរិស័ទគឺជាមនុស្សដែលមានព្រះអម្ចាស់។

​

តាមរយៈការនិយាយថានៅក្នុងព្រះគ្រីស្ទទាសករទទួលបានសេរីភាព ហើយមនុស្សដែលមានសេរីភាពគឺជា ទាសករ ជាថ្មីម្តងទៀតលោកប៉ុលបង្រៀនថាឋានៈនៅក្នុងសង្គ មរបស់មនុស្សមិនមែនជារឿងសំខាន់នោះ ទេ។ នៅក្នុងព្រះគ្រីស្ទ ទាសករមិនត្រូវអស់សង្ឃឹមជាមួយនឹងកាលៈទេសៈរបស់ខ្លួននៅក្នុងលោកិយនេះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវមានអំណរដោយព្រះអង្គបានដោះគេឱ្យមានសេរីភាពចេញពីចំណងនៃអំពើបាប (ដែលជាទម្រង់នៃភាពជាទាសករដ៏អាក្រក់បំផុត)។ នៅក្នុងព្រះគ្រីស្ទមនុស្សដែលមានសេរីភាពមិន ត្រូវអួតពីសេរីភាពរបស់ខ្លួនទៅកាន់លោកិយនេះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវដឹងថាពួកគេគឺជា កម្មសិទ្ធិរបស់ព្រះគ្រីស្ទ ហើយត្រូវតែស្តាប់តាមទ្រង់ដែលជាព្រះអម្ចាស់របស់ពួកគេ។ 

​

ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ កុំ​ឲ្យ​ត្រឡប់​ជា​បាវ​បំរើ​របស់​មនុស្ស​ទៀត​ឡើយ

 

៧:២៣ អ្នកជឿសុទ្ធតែត្រូវបានទិញមកជាមួយនឹងតម្លៃមួយ។ តម្លៃនោះគឺជាព្រះលោហិតរបស់ព្រះយេស៊ូវ (១ ពេត្រុស ១:១៩)។ ឥឡូវនេះ យើងគឺជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ ដូច្នេះយើងមិនគួរធ្វើជាទាសករ របស់មនុស្សទេ។ ការនេះមានន័យថាយើងមិនត្រូវត្រូវបានគ្រប់គ្រងតាមរបៀបរបស់លោកិយ និងតម្លៃរបស់ មនុស្សទេ។

 

បង​ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ហៅ​មក នោះ​ឲ្យ​ប្រព្រឹត្ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ។

 

៧:២៤ លោកប៉ុលបញ្ចប់នៅក្នុងផ្នែកនេះដោយបញ្ជាក់ឡើងវិញថាមនុស្សម្នាក់ៗគួរតែស្ថិតនៅក្នុង លក្ខខ័ណ្ឌដែលព្រះជាម្ចាស់បានត្រាស់ហៅគាត់។ ការនេះមិនបានហាមឃាត់មនុស្សម្នាក់ពីការធ្វើឱ្យ ស្ថានភាពរបស់គាត់ប្រសើឡើងទេ (ខ២១) ប៉ុន្តែវាដាស់តឿនគាត់មិនឱ្យធ្វើការផ្លាស់ប្តូរជីវិតរបស់គាត់ ដោយគ្រាន់តែគាត់ក្លាយទៅជាគ្រីស្ទបរិស័ទនោះឡើយ។ ឧទាហរណ៍ ការក្លាយទៅជាគ្រីស្ទបរិស័ទមិនមែន មានន័យថាមនុស្សម្នាក់ត្រូវតែឈប់ពីការងាររបស់គាត់ (លើកលែងតែវាពេញដោយអំពើបាប) ហើយមកបម្រើការងារនៅក្នុងអង្គការគ្រីស្ទបរិស័ទនោះទេ។ ផ្ទុយទៅវិញយើងគួរតែ ““ប្រព្រឹត្ត​ត​តាម​សណ្ឋាន​នោះ នៅ​ចំពោះ​ទ្រង់​ចុះ” មិនថាស្ថានភាពរបស់យើងបែបណាក៏ដោយ។ ព្រះជាម្ចាស់មិនបានជ្រើសរើស សាសនាមួយដែលអ្នកត្រូវតែប្រតិបត្តិតាមនោះទេ។ ទ្រង់ជ្រើសរើសអ្នក។ អ្នកមិននៅឯកកោ​ទេខណៈ អ្នកព្យាយាមរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ ព្រះជាម្ចាស់គង់នៅជាមួយអ្នក ហើយអ្នកត្រូវតែសម្លឹងមើលទៅកាន់ទ្រង់ ខណៈដែលអ្នករស់នៅក្នុងជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ ដែលព្រះបានត្រាស់ហៅអ្នកមក។

 

ឯ​ត្រង់​ពួក​ស្រី​ក្រមុំៗ ខ្ញុំ​គ្មាន​ទទួល​សេចក្ដី​បង្គាប់​ពី​ព្រះ‌អម្ចាស់​មក​ទេ តែ​ខ្ញុំ​សំដែង​ដោយ​គំនិត​ខ្ញុំ ទុក​ដូច​ជា​បាន​ទទួល​សេចក្ដី​មេត្តា‌ករុណា​មក​ពី​ព្រះ‌អម្ចាស់ ឲ្យ​បាន​គួរ​ជឿ​ដែរ

 

៧:២៥ លោកប៉ុលបានបង្រៀនថាទាំងរៀបការ និងនៅលីវសុទ្ធតែជាអំណោយទានមកពីព្រះជាម្ចាស់ (ខ១-៩) ហើយសម្រាប់មនុស្សដែលមានអំណោយទាននៅលីវ (ខ៧) ការនៅលីវមានប្រយោជន៍ច្រើន ណាស់។ ឥឡូវគាត់បន្តឆ្លើយសំណួររបស់អ្នកក្រុងកូរិនថូសតាមរយៈការសរសេរពីអ្នកដែលបានភ្ជាប់ ពាក្យរួចហើយ។

 

សមាជិកមួយចំនួនរបស់ក្រុមជំនុំបានភ្ជាប់ពាក្យរួចហើយ ហើយឥឡូវនេះពួកគេបាននឹងកំពុងពិចារណាថា តើពួកគេគួរតែបន្តតាមផែនការរៀបការរបស់ពួកគេ ឬគួរបោះបង់ផែនការអាពាហ៍ពិពាហ៍ចោល ធ្វើខ្លួនជានៅលីវវិញ។

​

ព្រះយេស៊ូវមិនបានបង្គាប់មកពីបញ្ហានេះទេ ដូច្នេះលោកប៉ុលគ្រាន់តែអាចផ្តល់ជាដំបូន្មានតែប៉ុណ្ណោះ។ ប៉ុន្តែការដំបូន្មានរបស់លោកប៉ុលមិនត្រូវបានចាត់ទុកថាមិនសំខាន់នោះទេ។ ផ្ទុយទៅវិញវាត្រូវបានផ្តល់ មកដោយ “ទុក​ដូច​ជា​បាន​ទទួល​សេចក្តី​មេត្តាករុណា​មកពី​ព្រះអម្ចាស់ឱ្យ​បាន​គួរ​ជឿ​ដែរ”។ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះយេស៊ូវបានជ្រើសរើសលោកប៉ុលឱ្យក្លាយជាសាវ័ករបស់ទ្រង់ ហើយបានបំពេញគាត់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ ដោយហេតុនេះលោកប៉ុលអាចផ្តល់នូវ ដំបូន្មានដ៏ឈ្លាសវៃទៅកាន់ក្រុមជំនុំបាន។

 

ដូច្នេះ ដោយ​ព្រោះ​គ្រា​លំបាក​នេះ ខ្ញុំ​ស្មាន​ជា​យ៉ាង​នេះ​បាន​ស្រួល គឺ​ថា​គួរ​ឲ្យ​មនុស្ស​នៅ​តែ​ដដែល​វិញ

 

៧:២៦ លោកប៉ុលចាត់ទុកថាវាមានប្រយោជន៍ដល់អ្នកដែលបានភ្ជាប់ពាក្យហើយ មិនរៀបការ ដោយសារតែ “គ្រា​លំបាក​នេះ”។ ក្រុមជំនុំកំពុងស៊ូទ្រាំជាមួយនឹងពេលវេលាដ៏លំបាក ហើយការយកចិត្តទុកដាក់របស់ លោកប៉ុលចំពោះពួកគេមានន័យថាគាត់គិតថាវាមិនមែនជាពេលវេលាល្អ ដើម្បីរៀបការឡើយ។

 

តើ​ជាប់​មាន​ប្រពន្ធ​ឬ​អី កុំ​ឲ្យ​រក​ផ្លូវ​នឹង​លែង​គ្នា​ឡើយ បើ​មិន​ទាន់​ជាប់​មាន​ប្រពន្ធ​នៅ​ឡើយ នោះ​ក៏​កុំ​ឲ្យ​រក​ប្រពន្ធ​ដែរ

​

៧:២៧ ដើម្បីឱ្យយល់ពីខគម្ពីរនេះយើងត្រូវតែដឹងថាលោកប៉ុលកំពុងតែបង្រៀនថា (១) គ្រីស្ទបរិស័ទគួរតែ ស្ថិតនៅក្នុងស្ថានភាពដែលគាត់ស្ថិតនៅ (ខ១៧, ២០, ២៤) ហើយ (២) ឥឡូវនេះគាត់សរសេរទៅកាន់ អ្នកដែលបានភ្ជាប់ ពាក្យរួចហើយ (ខ២៥)។ អ្នក​ដែល​រៀបការ​ហើយ ឬនៅលីវអាចបន្តនៅដូច្នោះដដែល ចុះ ប៉ុន្តែមនុស្សម្នាក់មិនអាចស្ថិតនៅក្នុងការភ្ជាប់ពាក្យអស់មួយជីវិតរបស់គាត់បាននោះទេ។ គាត់ត្រូវតែជ្រើសរើសរៀបការ ឬបញ្ចប់ការភ្ជាប់ពាក្យនោះ។

 

ដូច្នេះលោកប៉ុលទូន្មានមនុស្សប្រុសដែលបានភ្ជាប់ពាក្យហើយឱ្យពិចារណាថាតើគាត់ “ជាប់​ចំណង​” ជាមួយនឹងមនុស្សស្រីដែលគាត់ភ្ជាប់ពាក្យជាមួយឬទេ។ ការ “ជាប់​ចំណង​” មានន័យថាគាត់ជាប់នៅក្នុង កាតព្វកិច្ចដែលត្រូវរៀបការជាមួយនាង (ប្រហែលដោយសារវាជាដំណាក់កាលចុងក្រោយនៃការភ្ជាប់ពាក្យ ហើយអ្វីៗបានរៀបចំរួចរាល់អស់ហើយ)។​ ប្រសិនបើគាត់ជាប់ចំណងនោះគាត់អាចរៀបការបាន។ ប៉ុន្តែប្រសិនបើគាត់មានសេរីភាពពីកាតព្វកិច្ចយ៉ាងដូច្នោះ នោះគាត់មិនគួររៀបការទេ។

 

ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។ 

 

៧:២៨ អ្នកក្រុងកូរិនថូសប្រហែលជាបានទូន្មានទៅកាន់មនុស្សប្រុសជំទង់ៗនៅក្នុងក្រុមជំនុំ ដែល បានភ្ជាប់ពាក្យមិនត្រូវរៀបការដោយសារតែនេះជារឿងល្អ ឬពេញដោយវិញ្ញាណជាងនោះទេ (ខ១)។ លោកប៉ុលយល់ស្របថាវាល្អសម្រាប់អ្នកភ្ជាប់ពាក្យបន្តនៅលីវ ប៉ុន្តែហេតុផលគឺដោយសារតែគ្រាលំបាកនេះ មិនមែនដោយសារវាប្រសើរជាង ឬពេញដោយវិញ្ញាណជាងចំពោះការនៅលីវនោះទេ។

 

ដោយកត់សម្គាល់ឃើញថាលោកប៉ុលមិនដែលនិយាយថាការរៀបការ ឬនៅលីវពេញដោយវិញ្ញាណ ជាងនោះទេ។ គាត់ទូន្មានពីអ្វីដែលគាត់ចាត់ទុកថាមានប្រយោជន៍ច្រើននៅក្នុងគ្រាដែលមាន ការបៀតបៀនខ្លាំង។ គាត់ចាត់ទុកថាមានអត្ថប្រយោជន៍ជាងដែលស្ថិតនៅក្នុងភាពជាអ្នកនៅលីវ ប៉ុន្តែគាត់ដឹងថាមនុស្សម្នាក់ៗមានអំណោយទានផ្ទាល់ខ្លួនមកពីព្រះជាម្ចាស់ (៧:៧)។

​

លោកប៉ុលបញ្ជាក់ច្បាស់ថាវាមិនមែនជាអំពើបាបទេប្រសិនបើមនុស្សប្រុសទាំងនេះសម្រេចចិត្តថាពួកគេចង់រៀបការជាមួយនឹងស្រ្តីដែលគេបានភ្ជាប់ពាក្យជាមួយនោះ។ យ៉ាងណាមិញ ដោយសារតែគ្រាលំបាកនេះ ប្រសិនបើពួកគេរៀបការ ពួកគេត្រូវជួបប្រទះជាមួយនឹងការលំបាកជាច្រើនទៀត ហើយលោកប៉ុលចង់​ឲ្យ​ពួកគេ​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។ នេះគឺជាដំបូន្មានរបស់គាត់ ហើយវាទទួលបានការជម្រុញចិត្តដោយសារតែការបារម្ភចេញពីភាពជាអ្នកគង្វាលរបស់គាត់ចំពោះពួកគេ។

 

បង​ប្អូន​អើយ ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ថា ពេល​វេលា​ចង្អៀត​ណាស់​ហើយ ពី​នេះ​ទៅ​មុខ គួរ​តែ​ឲ្យ​ពួក​អ្នក​ដែល​មាន​ប្រពន្ធ បាន​នៅ​ដូច​ជា​គ្មាន​វិញ ពួក​ដែល​យំ ដូច​ជា​មិន​យំ ពួក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ ពួក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស់​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ​នេះ​តែង‌តែ​ផ្លាស់​ទៅ

 

៧:២៩-៣១ លោកប៉ុលទូន្មានពីរបៀបដែលគ្រីស្ទបរិស័ទទាំងអស់នៅក្នុងទីក្រុងកូរិនថូសត្រូវរស់នៅក្នុង ពេលគ្រាលំបាកនេះ (ខ២៦)។ ការធ្វើដូច្នេះគឺគាត់ស្មោះត្រង់នឹងការបង្រៀនរបស់ព្រះយេស៊ូវ ដែលបានប្រាប់ទៅកាន់គ្រីស្ទបរិស័ទ នៅគ្រប់សម័យកាលទាំងអស់ ឱ្យត្រៀមខ្លួនជាស្រេចសម្រាប់ ការយាងមកវិញរបស់ទ្រង់ (ម៉ាថាយ ២៤:៤៤)។ គ្រីស្ទបរិស័ទគួរតែមានអារម្មណ៍ថាបន្ទាន់ ចំពោះការបម្រើព្រះអម្ចាស់ ដោយសារតែភាពមិនច្បាស់លាស់អំពីពេលណាដែលគ្រាចុងក្រោយនឹងមកដល់ ដ្បិតបន្ទាប់ពីនេះ ទៅនឹងមិនអាចមានពេល ដើម្បីនាំមនុស្សមកកាន់ព្រះគ្រីស្ទ ហើយបង្កើតសិស្សបានទេ។

 

អស់អ្នកដែលដឹងថា “​គំរូ​នៃ​លោកីយ៍​នេះ​តែង​តែ​ផ្លាស់​ទៅ” (ប៉ុន្តែរាជ្យរបស់ព្រះជាម្ចាស់នឹង ស្ថិតស្ថេរនៅជារៀងរហូត) នឹងរស់នៅជាមួយគុណតម្លៃថ្មីសម្រាប់អ្វីៗដែលសំខាន់ និងអ្វីៗដែលមិនសំខាន់ នៅក្នុងជីវិត (១ យ៉ូហាន ២:១៥-១៧)។ លោកប៉ុលបញ្ជាក់ច្បាស់ថាគ្រីស្ទបរិស័ទនៅតែអាចរៀបការបាន  កាន់ទុក្ខបាន រីករាយបាន ទិញទំនិញបាន ហើយនៅតែប្រើ​ប្រាស់​លោកីយ​នេះ ប៉ុន្តែយើងធ្វើកិច្ចការ ទាំងអស់នេះជាមួយនឹងអាកប្បកិរិយាថ្មី។ អាទិភាពរបស់យើងមិនមែនជា ការរៀបអាពាហ៍ពិពាហ៍ រៀបចំពីធិបុណ្យសព ជប់លៀង ទិញទំនិញទេ។  ជំនួសយើងនឹងពិនិត្យមើលវាទាំងអស់ដែលជា ផ្នែកមួយរបស់លោកិយដែលនឹងកន្លងផុតទៅ។ អាទិភាពរបស់យើងគឺត្រូវធ្វើឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យ (ខ៣២) ហើយ​បាន​ឧស្សាហ៍​បំរើ​ព្រះ‌អម្ចាស់ (ខ៣៥)។ 

 

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​សេចក្ដី​កង្វល់ ឯ​អ្នក​ដែល​គ្មាន​ប្រពន្ធ នោះ​តែង​រវល់​តែ​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ

 

៧:៣២ អ្នកនៅលីវមិនមានការទទួលខុសត្រូវចំពោះអាពាហ៍ពិពាហ៍ទេ ជាលទ្ធផល ពួកគេមានពេល និងសេរីភាពច្រើនជាង ដើម្បីផ្តោតលើព្រះអម្ចាស់ (៣:១០-១៤, ១៤:១២)។ នេះគឺជាហេតុផលដែល លោកប៉ុលចាត់ទុកថាការនៅលីវប្រសើជាងសម្រាប់គាត់ និងសម្រាប់អ្នក ដែលមានអំណោយទាន ខាងនៅលីវ។

 

តែ​អ្នក​ណា​ដែល​មាន​ប្រពន្ធ នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច ឲ្យ​ប្រពន្ធ​បាន​ពេញ​ចិត្ត ស្ត្រី​មាន​ប្ដី នឹង​ស្ត្រី​ក្រមុំ​ក៏​ខុស​ពី​គ្នា​យ៉ាង​នោះ​ដែរ គឺ​ស្ត្រី​ដែល​គ្មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​របស់​ព្រះ‌អម្ចាស់ ឲ្យ​បាន​បរិសុទ្ធ​ទាំង​ខ្លួន​ប្រាណ នឹង​ព្រលឹង​វិញ្ញាណ​ផង តែ​ស្ត្រី​ណា​ដែល​មាន​ប្ដី នោះ​តែង​រវល់​នឹង​ការ​នៅ​លោកីយ​នេះ​វិញ ដែល​នឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​ប្ដី​បាន​ពេញ​ចិត្ត 

 

៧:៣៣-៣៤ មនុស្សដែលរៀបការហើយមានកាតព្វកិច្ច និងការទទួលខុសត្រូវដែលអ្នកនៅលីវមិនមាន។ ដើម្បីឱ្យមានអាពាហ៍ពិពាហ៍មានលក្ខណៈល្អប្រសើរ ទាំងប្តី និងប្រពន្ធត្រូវតែខិតខំ​ដើម្បីឲ្យពេញ​ចិត្តគ្នា ​ទៅ​វិញ​ទៅ​មក ហើយកិច្ចការនេះវាត្រូវការទាំងពេលវេលា និងការខិតខំប្រឹងប្រែង។ ដូច្នេះបើទោះបីជា អាពាហ៍ពិពាហ៍មិនបានឃាត់ឃាំងសម្រាប់ការលះបង់ទៅកាន់ព្រះជាម្ចាស់ក៏ដោយក៏មនុស្សប្រុសដែលបានភ្ជាប់ពាក្យហើយត្រូវតែចេះពិចារណា (មុនពេលគាត់ធ្វើការសម្រេចចិត្តអំពី អាពាហ៍ពិពាហ៍) ថាតើគាត់អាច បំពេញតាមទំនួសខុសត្រូវផ្សេងៗ ទាំងសម្រាប់ព្រះជាម្ចាស់ និងសម្រាប់ភរិយារបស់គាត់បានដែរឬទេ។ 

 

ស្ត្រីដែលមិនទាន់រៀបការអាចយកចិត្តទុកដាក់ពីរបៀបដើម្បីក្លាយខ្លួនទៅជាមនុស្ស “បរិសុទ្ធ” នោះគឺញែកឱ្យនៅដាច់ដោយឡែកសម្រាប់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់។ វាមិនមែនមានន័យថា នាងជាមនុស្សមានភាពសុចរិតជាងស្ត្រីដែលរៀបការហើយនោះទេ ប៉ុន្តែមានន័យថានាងអាចមាន ពេលច្រើនជាងសម្រាប់ព្រះជាម្ចាស់ដោយសារនាងមិនមានទំនួលខុសត្រូវចំពោះអាពាហ៍ពិពាហ៍។

 

ដែល​ខ្ញុំ​និយាយ​សេចក្ដី​នេះ នោះ​សំរាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ជា​ការ​ដាក់​អន្ទាក់​រូត​នៅ​មុខ​អ្នក​រាល់​គ្នា​ទេ គឺ​សំរាប់​ការ​ដែល​គួរ​គប្បី ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឧស្សាហ៍​បំរើ​ព្រះ‌អម្ចាស់ ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ

 

៧:៣៥ ការណែនាំរបស់លោកប៉ុលគឺមានបំណងដើម្បីឱ្យក្លាយជាប្រយោជន៍ដល់ពួកគេ មិនមែនដាក់ កម្រិតពួកគេទេ។ គោលបំណងរបស់គាត់គឺដើម្បីជួយឱ្យពួកគេរស់នៅក្នុងជីវិតមួយដែលគាប់ព្រះហឫទ័យ ដល់ព្រះអម្ចាស់។ ប្រសិនបើយើងបានយល់ពីលោកប៉ុលច្បាស់នោះយើងគួរតែទទួលយកអំណោយទាន ដែលព្រះជាម្ចាស់បានប្រទានមកយើងនោះដោយចិត្តរីករាយមិនខាន (មិនថារៀបការ ឬនៅលីវ) ហើយ​មាន​គោលបំណង​ ដើម្បី​មាន​ម្រាប់ការលះបង់ដែលមានភាពជាប់លាប់ និងគ្មានការរារាំងទៅកាន់ ព្រះអម្ចាស់។

 

បើ​មាន​អ្នក​ណា​ស្មាន​ថា មិន​គួរ​គប្បី​ចំពោះ​កូន​ក្រមុំ ដែល​ហួស​អាយុ​គ្រប់​ការ​ហើយ ក៏​មាន​សេចក្ដី​បង្ខំ​ក្នុង​ការ​នោះ​ដែរ នោះ​ឲ្យ​ឪពុក​ធ្វើ​តាម​ចិត្ត​ទៅ គឺ​ឲ្យ​កូន​យក​ប្ដី​ចុះ គ្មាន​បាប​ទេ

 

៧:៣៦ គ្រាលំបាកនាពេលបច្ចុប្បន្ននៅទីក្រុងកូរិនថូសអាចធ្វើឱ្យគ្រីស្ទបរិស័ទចង់នៅលីវជាង ប៉ុន្តែវាមិនបានធ្វើឱ្យអាពាហ៍ពិពាហ៍ជារឿងខុសទេ។ ដូច្នេះលោកប៉ុលបញ្ជាក់ឡើងវិញនូវអ្វីដែលគាត់ បានលើកឡើងនៅក្នុងខ២៨ ទៅកាន់មនុស្សប្រុសដែលចង់រៀបការ នោះគឺអាពាពិពាហ៍គឺមិនមែនជា អំពើបាបទេ។ ប្រសិនបុរសដែលបានភ្ជាប់ពាក្យហើយគិតថា វាជាឥរិយាបថមិនសមរម្យចំពោះ ការលុបចោលអាពាហ៍ពិពាហ៍ ហើយគាត់មានបំណងចង់រៀបការខ្លាំង នោះគាត់គួរតែរៀបការ។

​

តែ​ឪពុក​អ្នក​ណា​ដែល​មាន​ចិត្ត​ដាច់​ឥត​មាន​សេចក្ដី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​សំរេច​ដោយ​ខ្លួន​ឯង​បាន ហើយ​បាន​តាំង​ចិត្ត​ថា នឹង​ទុក​កូន​ឲ្យ​នៅ​ជា​ក្រមុំ​ដរាប​ទៅ នោះ​ក៏​ស្រួល​ហើយ

 

៧:៣៧ ប៉ុន្តែសម្រាប់បុរសដែលបានភ្ជាប់ពាក្យរួច (មិនមែន “ឪពុក​”) ដែលបានសម្រេចចិត្តថា គាត់មិនចង់រៀបការទេ នោះការបន្តនៅលីវគឺជាជម្រើសដែលត្រឹមត្រូវ។  

​

លក្ខណៈខុសគ្នារវាងបុរសទាំងពីរនេះគឺថាបុរសនេះគឺ “ឥត​មាន​សេចក្តី​បង្ខំ​ទេ គឺ​មាន​អំណាច​នឹង​ សម្រេច​ដោយ​ខ្លួន​ឯង​បាន” ចំណែកឯ ខ៣៦ បុរស “ខ្លួន​មិន​គួរ​គប្បី​ចំពោះ​គូ‌ដណ្ដឹង ហើយ​បើ​ចិត្ត​គេ​ពុះ​កញ្ជ្រោល​ខ្លាំង” (គកស១៦)។ ដូច្នេះថាតើបុរសដែលបានភ្ជាប់ពាក្យរួចគួរតែរៀបការ ឬមិនគួរអាស្រ័យលើបំណងចិត្តរបស់បុរសនោះទាំងស្រុង។ ដូច្នេះបុរសម្នាក់ៗគួរតែចេះធ្វើការសម្រេចចិត្ត ដោយខ្លួនឯង។

​

បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត

 

៧:៣៨ បុរសដែលបានភ្ជាប់ពាក្យរួចដែលសម្រេចចិត្តរៀបការធ្វើបានល្អហើយ ពីព្រោះអាពាហ៍ពិពាហ៍គឺជា អំណោយទានមកពីព្រះជាម្ចាស់។ យ៉ាងណាមិញដោយសារតែគ្រាលំបាកនាពេលបច្ចុប្បន្ន (ខ២៦) លោកប៉ុលចាត់ទុកបុរសដែលសម្រេចចិត្តថាមិនត្រូវរៀបការដើម្បីឱ្យប្រសើរនោះទេ។

 

កាល​ប្ដី​នៅ​រស់​នៅ​ឡើយ នោះ​ប្រពន្ធ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ចំណង​របស់​ប្ដី​ជា​ដរាប តែ​បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​នាង​មាន​ច្បាប់​នឹង​យក​ប្ដី​បាន​តាម​ចិត្ត ឲ្យ​តែ​យក​ក្នុង​ព្រះ‌អម្ចាស់ ប៉ុន្តែ តាម​គំនិត​ខ្ញុំ​យល់​ថា បើ​នាង​នោះ​នៅ​តែ​មេម៉ាយ​ត​ទៅ នោះ​នាង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​ស្មាន​ថា ខ្ញុំ​មាន​វិញ្ញាណ​នៃ​ព្រះ​ដែរ។

 

៧:៣៩ លោកប៉ុលសន្និដ្ឋានដោយកត់សម្គាល់ថាអាពាហ៍ពិពាហ៍គឺជាការប្តេជ្ញាចិត្តអស់មួយជីវិត (លោកុប្បត្តិ ២:២៤; ម៉ាឡាគី ២:១៦; រ៉ូម ៧:១-៣)។ ដូច្នេះភរិយាត្រូវនៅជាប់ជាមួយនឹងប្តីរបស់នាង អស់មួយជីវិត។ ប្រសិនបើគាត់ស្លាប់បាត់ទៅ នាងមានសេរីភាពក្នុងការរៀបការម្តងទៀតប្រសិនបើនាងចង់ ប៉ុន្តែប្តីទីពីររបស់នាងត្រូវតែជាគ្រីស្ទបរិស័ទ បើមិនដូច្នោះទេនាងអាចនៅតែមិនរៀបការតាមការណែនាំ របស់លោកប៉ុលដោយសារតែគ្រាលំបាកនាពេលបច្ចុប្បន្ននៅក្នុងទីក្រុងកូរិនថូស (ខ២៦)។

​

៧:៤០ លោកប៉ុលមិនគ្រាន់តែផ្តល់នូវយោបល់ផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ។ ដំបូន្មាននេះបានប្រទាន មកឱ្យគាត់តាមរយៈការបើកសម្តែងពីព្រះវិញ្ញាណបរិសុទ្ធ “​ខ្ញុំ​ស្មាន​ថា ខ្ញុំ​មាន​វិញ្ញាណ​នៃ​ព្រះ​ដែរ” គឺជាការស្តីបន្ទោសទៅកាន់អ្នកក្រុងកូរិនថូសដែលបានអួតខ្លួនធ្វើ ដូចជាមានតែពួកគេប៉ុណ្ណោះ ដែលមានប្រាជ្ញាខាងវិញ្ញាណដ៏ពិត (៣:១៨, ៨:១)។ 

bottom of page