top of page

នៅក្នុងជំពូក ៨-១០ លោកប៉ុលឆ្លើយតបទៅកាន់សំណួរមកពីអ្នកក្រុងកូរិនថូសអំពីការបរិភោគសាច់ ដែលបានថ្វាយយញ្ញបូជាទៅកាន់រូបព្រះផ្សេងៗ។

​

វាមានលក្ខណៈទូទៅសម្រាប់សាសន៍ក្រិកក្នុងការថ្វាយយញ្ញបូជាសត្វទៅកាន់រូបព្រះនៅក្នុងវិហារ។ សាច់មួយចំនួនត្រូវបានដុតនៅលើអាសនៈ ប៉ុន្តែចំណែកដែលនៅសេសសល់ត្រូវប្រគល់ឱ្យទៅសង្ឃ សម្រាប់បរិភោគ ឬដើម្បីប្រើសម្រាប់ការជប់លៀងជាសាធារណៈនៅវិហារ ឬសម្រាប់លក់នៅទីផ្សារ។ លទ្ធផលពីការនេះគឺថាសាច់ភាគច្រើននៅទីក្រុងកូរិនថូសបានមកពីការថ្វាយយញ្ញបូជាទៅកាន់រូបព្រះ។

 

ការនេះបានលើកឡើងនូវសំណួរជាច្រើនសម្រាប់គ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូស។ តើការថ្វាយយញ្ញបូជា ទៅកាន់រូបព្រះធ្វើឱ្យសៅហ្មងដល់សាច់ដែរឬទេ? តើគ្រីស្ទបរិស័ទអាចទិញវាពីផ្សារបានទេ? តើពួកគេអាច បរិភោគវាបានទេប្រសិនបើគេផ្តល់វាមកនៅផ្ទះរបស់មិត្តភក្តិ? តើពួកគេអាចចូលរួមពិធីជប់លៀងនៅវិហារ សម្រាប់រូបព្រះបានដែរឬទេ? ទាំងនេះគឺជាសំណួរដែលលោកប៉ុលនឹងឆ្លើយ។

 

ឯ​ត្រង់​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​រាល់​គ្នា​ដឹង​ថា (ដ្បិត​យើង​ទាំង​អស់​គ្នា​មាន​ចំណេះ រីឯ​ចំណេះ នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង តែ​សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ

 

៨:១ លោកប៉ុលចាប់ផ្តើមដោយសរសេរពីចំណេះដឹង និងសេចក្តីស្រឡាញ់។ គាត់ដកស្រង់សំបុត្រ ដែលគាត់បានទទួលមកពីគ្រីស្ទបរិស័ទនៅក្រុងកូរិនថូស។ ពួកគេបានសរសេរថា “​យើង​ទាំង​អស់​គ្នា ​មាន​ចំណេះ”។ ជាថ្មីម្តងទៀតយើងឃើញថាពួកគេអួតខ្លួនពីប្រាជ្ញា និងចំណេះដឹងរបស់ពួកគេ (៧:៣៩)។ លោកប៉ុលយល់ស្របថាចំណេះដឹងគឺសំខាន់ណាស់ (១២:៨)។ យ៉ាងណាមិញមានអ្វីម្យ៉ាងដែលសំខាន់ ជាងនេះទៅទៀតដែលគ្រីស្ទបរិស័ទត្រូវមានជាងចំណេះដឹងនោះ។ វាគឺជាសេចក្តីស្រឡាញ់។

 

ពេលយើងមានចំណេះដឹងដោយគ្មានសេចក្តីស្រឡាញ់វាអាច “នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង” នោះគឺវាអាចធ្វើឱ្យ យើងមានមោទនភាព។ ប៉ុន្តែសេចក្តីស្រឡាញ់ “ស្អាង​ចិត្ត​ឡើង” ដែលមានន័យថា វាជួយឱ្យអ្នកដទៃ លូតលាស់។ ដូច្នេះចំណេះដឹងអាចធ្វើឱ្យអំណួតរបស់យើងលូតលាស់ ប៉ុន្តែសេចក្តីស្រឡាញ់ធ្វើឱ្យមនុស្ស នៅជុំវិញខ្លួនយើងរីកចម្រើន។

 

បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នៅ​ឡើយ​ទេ តែ​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ)

 

៨:២ លោកប៉ុលវិញផ្ទុយពីមនុស្សទាំងពីរប្រភេទនេះ។ អស់អ្នកដែលគិតថាពួកគេមានចំណេះដឹង និងអ្នកដែលស្រឡាញ់ព្រះជាម្ចាស់។ អ្នកក្រុងកូរិនថូសបានគិតថាពួកគេមានចំណេះដឹងច្រើនជាង ហើយនោះគឺជាគន្លឹះសម្រាប់ការរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ ប៉ុន្តែលោកប៉ុលវិញនិយាយថា ប្រសិនបើ យើងគិតថាយើងមានចំណេះដឹង (ហើយនេះគឺជាអ្វីដែលយើងទុកចិត្ត) នោះយើងពិតជាមិនដឹងនូវអ្វី ដែលយើងត្រូវដឹងនោះទេ។ អ្វីដែលគាត់ចង់សំដៅលើគឺថាគ្រីស្ទបរិស័ទត្រូវតែដឹងថា សេចក្តីស្រឡាញ់ ជាគន្លឹះពីរបៀបដែលយើងរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ មិនមែនចំណេះដឹងទេ។

​

៨:៣ ចំណេះដឹងពិតប្រាកដគឺដោយដឹងថាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតនោះគឺជាការស្រឡាញ់ ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់របស់យើងសម្រាប់ព្រះជាម្ចាស់ បង្ហាញថាទ្រង់បាននាំយើងមកកាន់ ទំនាក់ទំនងជាមួយអង្គទ្រង់ ហេតុដូច្នេះវាបញ្ជាក់ថាទ្រង់ស្គាល់យើង។ អ្វីដែលសំខាន់អំពីគ្រីស្ទបរិស័ទ គឺមិនមែនជា អ្វីដែលយើងដឹងនោះទេ (នោះគឺចំណេះដឹងរបស់យើង) ប៉ុន្តែការពិតនោះគឺព្រះជាម្ចាស់ស្គាល់ យើង! ដើម្បីឱ្យព្រះជាម្ចាស់ស្គាល់យើងគឺត្រូវមានទំនាក់ទំនងជាមួយទ្រង់ក្នុងនាមជារាស្ត្ររបស់ទ្រង់ (២ ធីម៉ូថេ ២:១៩)។

 

ឯ​ដំណើរ​បរិភោគ​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​ដឹង​ថា ក្នុង​លោកីយ​នេះ រូប​ព្រះ​មិន​ជា​អ្វី​ទេ ហើយ​ថា គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​តែ​១​ឡើយ

 

៨:៤ ព្រះជាម្ចាស់បាននាំយើងមកឱ្យមានទំនាក់ទំនងជាមួយអង្គទ្រង់ក្នុងនាមជារាស្ត្ររបស់ទ្រង់។ ឥឡូវនេះយើងដឹងថាទ្រង់គឺជា ព្រះដ៏ពិតមួយអង្គតែប៉ុណ្ណោះ ហើយរូបព្រះទាំងអស់នោះមិនមែនជាព្រះទេ។

​

លោកប៉ុលដកស្រង់ចេញពីគ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសនៅពេលគាត់សរសេរថា “រូប​ព្រះ​មិន​បាន​ជា​ អ្វី​ទេ”។ លោកប៉ុលយល់ស្របថាវាគឺជាការពិត។ រូបព្រះគឺគ្រាន់តែជារូបសំណាកដែលមនុស្សជាអ្នកធ្វើ ហើយព្រះក្លែងក្លាយដែលពួកគេតំណាងឱ្យនោះមិនមានទេ។ ដូច្នេះរូបព្រះគ្មានអំណាចទេ (ទំនុកដំកើង ១១៥:៤; អេសាយ ៤១:២១–២៩, ៤៤:៩–១៧)។ 

 

មានតែព្រះជាម្ចាស់ដ៏ពិតមួយអង្គតែប៉ុណ្ណោះ (ចោទិយកថា ៤:៣៥, ៤:៣៩, ៦:៤; អេសាយ ៤៤:៨, ៤៥:៥) ហើយរូបព្រះគឺគ្រាន់តែជា “អ្វី​ដែល​ហៅ​ថា​ព្រះ” (ខ៥)។ តើសេចក្តីពិតនេះទាក់ទងទៅនឹងបញ្ហា នៃការបរិភោគសាច់ដែលថ្វាយទៅកាន់រូបព្រះដូចម្តេចខ្លះ? 

 

អ្នកជឿនៅទីក្រុងកូរិនថូសបាននិយាយថាដោយសារតែ “រូប​ព្រះ​មិន​បាន​ជា​អ្វី​ទេ” នេះមានន័យថា សាច់ដែលថ្វាយទៅកាន់រូបព្រះមិនសៅហ្មងអ្វីឡើយ។ សាច់ដែលថ្វាយទៅកាន់អ្វីម្យ៉ាង ដែលគ្មានជីវិតនោះមិនប៉ះពាល់ដល់គ្រីស្ទបរិស័ទតាមរបៀបណាមួយឡើយ។ ដូច្នេះពួកគេចាត់ទុកថា ទួលបានការអនុញ្ញាតិដើម្បីបរិភោគសាច់នៅក្នុងពិធីជប់លៀងនៅក្នុងវិហារដល់រូបព្រះ។

 

លោកប៉ុលយល់ស្របជាមួយនឹងចំណេះដឹងរបស់គ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសទាំងនេះ (នោះគឺគាត់ យល់ស្របថារូបព្រះគឺមិនបានជាអ្វីទេ) ប៉ុន្តែសេចក្តីស្រឡាញ់ដល់ព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ ដល់បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទគួរតែធ្វើឱ្យគ្រីស្ទបរិស័ទជ្រើសរើសមិនចូលរួមនៅក្នុងពិធីជប់លៀងនៅក្នុងវិហារដល់រូបព្រះ។

 

ដ្បិត​ថ្វី​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ដូច​ជា​មាន​ព្រះ​ជា​ច្រើន នឹង​ម្ចាស់​ជា​ច្រើន​មែន គង់​តែ​ខាង​យើង មាន​ព្រះ​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះវរ‌បិតា ដែល​របស់​សព្វ​សារពើ​កើត​មក​ពី​ទ្រង់ ហើយ​យើង​រាល់​គ្នា​ក៏​សំរាប់​ទ្រង់ ក៏​មាន​ព្រះ‌អម្ចាស់​តែ​១ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​យើង​ក៏​ដោយ‌សារ​ទ្រង់​ដែរ

​

៨:៥-៦ លោកប៉ុលមានលក្ខណៈផ្ទុយពីព្រះក្លែងក្លាយទាំងឡាយនៅក្នុងសាសនារបស់មនុស្ស ជាមួយនឹង ព្រះពិតដែលគ្រីស្ទបរិស័ទ (តាមរយៈព្រះយេស៊ូវគ្រីស្ទ) ដែលស្គាល់ថាគឺជាបិតារបស់ពួកគេ។ មនុស្សដែលមិនស្គាល់ព្រះថ្វាយបង្គំរូបព្រះថាជា “ព្រះ” និង “ព្រះអម្ចាស់” តាមរយៈការថ្វាយ យញ្ញបូជារបស់ពួកគេ។ ប៉ុន្តែរូបព្រះមិនមែនជាព្រះពិតទេ (ទំនុកដំកើង ១១៥:៤–៧; កិច្ចការ ១៩:២៦)។ ព្រះដ៏ពិតតែមួយគឺជាប្រភព គោលដៅ និងគោលបំណងសម្រាប់គ្រាប់អ្វីៗទាំងអស់ដែលបានបង្កើតមក។ យើងបានកើតមកពីទ្រង់ ហើយយើងរស់នៅសម្រាប់ទ្រង់។ ហេតុនេះបានជាទ្រង់គឺជាបិតា “ដែល​របស់​សព្វ​សារពើកើត​ មក​ដោយសារ​ទ្រង់ ហើយ​យើង​ក៏​ដោយសារ​ទ្រង់​ដែរ”។ ព្រះបិតាបានបង្កើតអ្វីៗសព្វសារពើតាមរយៈ ព្រះយេស៊ូវគ្រីស្ទ (កូល៉ុស ១:១៥-២០; ១ ធីម៉ូថេ ២:៤-៥; យ៉ូហាន ១:១-៣, ហេព្រើរ ១:១-៣) ហើយព្រះបិតាបានប្រោសលោះមនុស្សតាមរយៈព្រះយេស៊ូវគ្រីស្ទ ដើម្បីឱ្យក្លាយទៅ ជាផ្នែកមួយនៃការបង្កើតថ្មី (២ កូរិនថូស ៥:១៧)។ 

 

តែ​មនុស្ស​ទាំង​អស់​គ្មាន​ចំណេះ​នេះ​ទេ មាន​អ្នក​ខ្លះ​នៅ​តែ​កោត‌ខ្លាច​ចំពោះ​រូប​ព្រះ ហើយ​គេ​បរិភោគ​ភោជ‌នាហារ​ទាំង​នោះ ទុក​ដូច​ជា​ដង្វាយ​ថ្វាយ​ទៅ​រូប​ព្រះ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ម៉្លោះ​ហើយ បញ្ញា​ចិត្ត​គេ​ដែល​ខ្សោយ នោះ​ត្រូវ​ស្មោក‌គ្រោក​ទៅ​វិញ

​

៨:៧ គ្រីស្ទបរិស័ទមួយចំនួននៅទីក្រុងកូរិនថូសបានដឹងថារូបព្រះគ្មានជីវិតទេ ដោយហេតុនេះសាច់ ដែលបានថ្វាយទៅកាន់រូបចម្លាក់នៅតែជាសាច់ធម្មតាដដែល។ ដោយសារតែចំណេះដឹងនេះពួកគេមាន អារម្មណ៍ថាមានសេរីភាពក្នុងការបរិភោគវានៅក្នុងវិហារ ឬទិញវាមកពីផ្សារ។

 

ប៉ុន្តែគ្រីស្ទបរិស័ទដទៃទៀតនៅទីក្រុងកូរិនថូសមានអារម្មណ៍ថាវាមិនត្រឹមត្រូវសម្រាប់ឱ្យពួកគេបរិភោគសាច់ដែលបានថ្វាយទៅកាន់រូបព្រះទេ។ ពីមុនពួកគេបានជឿលើរូបព្រះទាំងនេះ ហើយថ្វាយបង្គំវា។ ប៉ុន្តែឥឡូវនេះពួកគេគឺជាគ្រីស្ទបរិស័ទ។ ដូច្នេះការត្រឡប់ទៅកាន់វិហាររបស់សាសន៍ក្រិកដែលពួកគេធ្លាប់ បានថ្វាយបង្គំរូបព្រះ ហើយបរិភោគសាច់ដែលបានថ្វាយទៅកាន់រូបព្រះហាក់ដូចជាមានអារម្មណ៍ថា បានចូលរួមជាមួយនឹងការថ្វាយបង្គំរូបព្រះ​វិញដែលជាអំពើបាប និងមិនស្មោះត្រង់ទៅកាន់ព្រះជាម្ចាស់ ជាព្រះវរបិតារបស់ពួកគេ។

 

ដូច្នេះតើទស្សនៈណាមួយត្រឹមត្រូវ? លោកប៉ុលយល់ស្របតាមចំណេះដឹងរបស់ទស្សនៈទីមួយ   យ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់គឺជាអ្វីដែលកំណត់ពីឥរិយាបថរបស់គ្រីស្ទបរិស័ទ។ ដូច្នេះជាជាងការផ្តោតទៅលើតែអ្វីដែលអនុញ្ញាតិឱ្យយើងធ្វើ យើងត្រូវតែចេះពិចារណាពីផលប៉ះពាល់ នៃសកម្មភាពរបស់យើងទៅលើ គ្រីស្ទបរិស័ទដែលជាបងប្អូនប្រុសស្រីរបស់យើងដែរ។

 

ប៉ុន្តែ ចំណី​អាហារ មិន​មែន​ជា​គ្រឿង ដែល​នាំ​ឲ្យ​ព្រះ​រាប់​អាន​យើង​ទេ ដ្បិត​បើ​យើង​បរិភោគ នោះ​មិន​មែន​មាន​បំណាច់​អ្វី ហើយ​បើ​មិន​បរិភោគ​ទេ នោះ​យើង​ក៏​មិន​ខ្វះ​អ្វី​ដែរ

​

៨:៨ អាហារមិនបាននាំយើងឱ្យខិតទៅក្បែរព្រះជាម្ចាស់ ឬធ្វើឱ្យយើងទទួលបានការពេញចិត្តពីទ្រង់ទេ។ ដូច្នេះគ្មានអត្ថប្រយោជន៍ខាងវិញ្ញាណសម្រាប់ការបរិភោគសាច់ ហើយក៏គ្មានអត្ថប្រយោជន៍ខាងវិញ្ញាណ ចំពោះការជៀសចេញពីវាដែរ។ ដូច្នេះកង្វល់របស់បងប្អូនប្រុសស្រីរបស់យើងនៅក្នុងព្រះគ្រីស្ទគួរតែ ជាអ្វីដែលកំណត់ពីការសម្រេចចិត្តរបស់យើង។

 

តែ​ត្រូវ​ប្រយ័ត ក្រែង​អំណាច​យើង​នេះ បាន​បង្កើត​ជា​ហេតុ​នាំ​ឲ្យ​ពួក​កំសោយ​ជំពប់​ដួល

​

៨:៩ គ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសបានអះអាងថាវាគឺជាសិទ្ធិរបស់ពួកគេក្នុងការបរិភោគសាច់ ដែលថ្វាយទៅកាន់រូបព្រះប្រសិនបើពួកគេចង់បរិភោគ។ ប៉ុន្តែលោកប៉ុលរំលឹកប្រាប់ពួកគេថា គ្មានគ្រីស្ទបរិស័ទណាមានសិទ្ធិបញ្ជាក់អះអាងពីអំណាចរបស់គាត់ទេប្រសិនបើវាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់គ្រីស្ទបរិស័ទដទៃទៀត។ អ្នកដែលទទូចទាមទារអំណាចរបស់ពួកគេ ហើយយកចំណេះដឹងធ្វើជាគន្លឹះ សំខាន់ដើម្បីកំណត់ពីឥរិយាបថរបស់ពួកគេមិនបានស្គាល់ពីរបៀបរបស់គ្រីស្ទបរិស័ទនៃការស្រឡាញ់ឡើយ។

 

សកម្មភាពរបស់យើងមិនអាចផ្អែកទៅលើតែអ្វីដែលយើងដឹងថាត្រឹមត្រូវ ឬទទួលបានការអនុញ្ញាតិសម្រាប់ ខ្លួនឯងនោះទេ។ សេចក្តីស្រឡាញ់សម្រាប់បងប្អូនប្រុសស្រីរបស់យើងនៅក្នុងព្រះគ្រីស្ទមានន័យថា យើងត្រូវតែចាត់ទុកផងដែរពីរបៀបនៃសកម្មភាពរបស់យើងដែលនឹងជះឥទ្ធិពល ឬប៉ះពាល់ទៅលើពួកគេ។ យើងមិនត្រូវធ្វើឱ្យ “ជំពប់” ដល់ពួកគេទេ។ “ជំពប់” គឺជាឧបសគ្គនៅតាមផ្លូវដែលអាចធ្វើឱ្យទាក់ជើង មនុស្ស ឬធ្វើឱ្យការធ្វើដំណើរទៅមុខរបស់ពួកគេមានការលំបាក។ យើងមិនត្រូវក្លាយទៅជាការបង្អាក់ ចំពោះការលូតលាស់ខាងវិញ្ញាណរបស់បងប្អូនប្រុសស្រីរបស់យើងនៅក្នុងព្រះគ្រីស្ទទេ។ ការនេះមានន័យថាយើងមិនត្រូវសម្តែងនូវអាកប្បកិរិយាតាមរបៀបដែលអាចនាំឱ្យអ្នកដទៃប្រព្រឹត្តិអំពើបាបនោះទេ។

 

ដ្បិត បើ​អ្នក​ណា​ឃើញ​អ្នក​ឯង ដែល​មាន​ចំណេះ កំពុង​តែ​អង្គុយ​បរិភោគ​ក្នុង​វិហារ​មាន​រូប​ព្រះ នោះ​តើ​មិន​បាន​កំឡា​ចិត្ត​អ្នក​កំសោយ ឲ្យ​បរិភោគ​ដង្វាយ​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​ដែរ​ឬ​អី 

 

៨:១០ តាមរយៈសំណួរនេះយើងរៀនបានពីកិច្ចការបីយ៉ាងអំពីស្ថានភាពនៅក្នុងទីក្រុងកូរិនថូស។ ទីមួយគ្រីស្ទបរិស័ទដែលដឹងថារូបព្រះគឺមិនពិតទេចំពោះការទៅចូលរួមពិធីជប់លៀងនៅវិហាររបស់រូបព្រះនោះ។ ទីពីគ្រីស្ទបរិស័ទដទៃទៀតបានឃើញពួកគេធ្វើកិច្ចការនេះ ហើយវាលើកទឹកចិត្តពួកគេឱ្យចូលរួម នៅក្នុងពិធីទាំងនេះផងដែរ។ ទីបីការត្រឡប់ទៅកាន់វិហាររបស់សាសន៍ក្រិកវិញដើម្បីទទួលយកពិធី ជប់លៀងទាំងនេះអាចបណ្តាលឱ្យគ្រីស្ទបរិស័ទដែលទន់ខ្សោយធ្លាក់ចូលទៅក្នុងអំពើបាបចាស់ៗ និងការថ្វាយបង្គំរូបព្រះឡើងវិញ។

 

ដូច្នេះ បង​ប្អូន​កំសោយ ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស គេ​នឹង​ត្រូវ​វិនាស​ដោយ‌សារ​ចំណេះ​របស់​អ្នក​វិញ

 

៨:១១ លោកប៉ុលបង្ហាញពីផលវិបាកនៃការធ្វើកិច្ចការនេះ។ ចំណេះដឹងដែលថារូបព្រះមិនពិតទេ និងមិនបានជាអ្វីទេ ដែលបណ្តាលឱ្យគ្រីស្ទបរិស័ទមួយចំនួនបរិភោគនៅក្នុងវិហាររបស់សាសន៍ក្រិក អាចបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់គ្រីស្ទបរិស័ទដែលទន់ខ្សោយនាំឱ្យគេប្រព្រឹត្តិអំពើបាប នោះគឺវាអាចនាំគាត់ឱ្យត្រឡប់ទៅរក ការថ្វាយបង្គំរូបព្រះវិញ។

​

បើទោះបីជារូបព្រះមិនបានជាអ្វីទេ តែមានខ្មោចបិសាចសណ្ឋិតនៅជាមួយនឹងរូបព្រះនោះ (១០:១៩-២២) ហេតុដូច្នេះការថ្វាយបង្គំរូបព្រះអាចច្បាមយកមនុស្សដែលចងភ្ជាប់ដោយអំណាចរបស់វាបាន។ ប្រសិនបើគ្រីស្ទបរិស័ទដែលមិនទាន់ពេញវ័យនៅទីក្រុងកូរិនថូសធ្វើដំណើរទៅកាន់វិហាររបស់សាសន៍ក្រិក ហើយបរិភោគនៅទីនោះ ពួកគេអាចត្រឡប់ទៅកាន់សាសនាក្រិក និងព្រះក្លែងក្លាយវិញ ហើយបោះបង់ចោលនូវជំនឿជាគ្រីស្ទបរិស័ទរបស់ពួកគេ។ ការនេះនឹងបណ្តាលឱ្យមានការបំផ្លាញ កើតមានឡើងនៅគ្រាចុងបញ្ចប់។ វាមិនមែនជាការបរិភោគអាហារដែលបំផ្លាញពួកគេនោះទេ ប៉ុន្តែការថ្វាយបង្គំរូបព្រះដែលទាក់ទងទៅនឹងវិហាររបស់សាសន៍ក្រិកវិញ។

​

លោកប៉ុលគិតខុសពីអ្នកក្រុងកូរិនថូស (ដែលទទូចទាមទារសិទ្ធិ និងសេរីភាព) ទៅនឹងព្រះយេស៊ូវ ដែលស្រឡាញ់បានធ្វើឱ្យទ្រង់បោះបង់សិទ្ធិ និងសេរីភាពរបស់ទ្រង់ ហើយបានដាក់ព្រះជន្មទ្រង់ដើម្បី សង្គ្រោះយើង។ យើងត្រូវមើលទៅកាន់អ្នកជឿម្នាក់ៗក្នុងនាមជាមនុស្សដែលព្រះយេស៊ូវបានរងទុក្ខ និងសុគតដើម្បីដោះគាត់ឱ្យមានសេរីភាពពីអំពើបាប។ ពេលយើងធ្វើដូច្នេះ យើងនឹងដឹងពីរបៀបដ៏ គួរឱ្យភ័យខ្លាចយ៉ាងណាចំពោះការនាំបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទឱ្យត្រឡប់ចូលទៅក្នុងអំពើបាបវិញ។

 

យ៉ាង​នោះ ដែល​ធ្វើ​បាប​នឹង​ពួក​បង​ប្អូន ហើយ​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​កំសោយ​របស់​គេ​ត្រូវ​របួស នោះ​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះ‌គ្រីស្ទ​ដែរ

 

៨:១២ ការបណ្តាលឱ្យបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទជំពប់គឺលើសពីគ្រាន់តែធ្វើបាបទាស់នឹង មនុស្សម្នាក់នោះ។ ការធ្វើបាបទាស់នឹងគ្រីស្ទបរិស័ទគឺជាអំពើបាបទាស់នឹងព្រះគ្រីស្ទ។ អ្នកជឿទាំងអស់គឺនៅក្នុងព្រះគ្រីស្ទ ហើយអ្វីៗទាំងឡាយណាដែលបានធ្វើទាស់នឹងពួកគេគឺដូចជា ធ្វើទាស់នឹងទ្រង់ដែរ (ម៉ាថាយ ១០:៤២, ១៨:៦-១៤, ២៥:៤២-៤៥)។ 

 

ហេតុ​ដូច្នេះ បើ​សិន​ជា​ចំណី​អាហារ​អ្វី​នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល។

 

៨:១៣ កូនសោរសម្រាប់ការប្រព្រឹត្តរបស់គ្រីស្ទបរិស័ទគឺមិនមែនជាសិទ្ធិ ឬសេរីភាពរបស់យើងទេ។ កូនសោរគឺជាសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់កំណត់ពីការប្រព្រឹត្តិរបស់គ្រីស្ទបរិស័ទ។ សេចក្តីស្រឡាញ់ស្អាងចិត្តឡើង (៨:១)។ វាមិនបណ្តាលឱ្យអ្នកជឿដទៃទៀតជំពប់ដួលនោះទេ (៨:១៣)។ អ្វីដែលសំខាន់ចំពោះគ្រីស្ទបរិស័ទដែលពេញវ័យគឺមិនមែនជាសិទ្ធិរបស់ពួកគេទេ ប៉ុន្តែគឺជាសេចក្តីស្រឡាញ់ និងស្អាងចិត្តបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទឡើង។ លោកប៉ុលធ្វើជាគំរូពីគោលការណ៍នេះតាមរយៈ ការធ្វើជាគំរូដោយខ្លួនគាត់ផ្ទាល់។ គាត់នឹងមិនបរិភោគសាច់ទៀតទេជាជាងការដែលធ្វើឱ្យបងប្អូនរបស់គាត់ ជំពប់ដួលទៅក្នុងអំពើបាបនោះ។ 

bottom of page