top of page

នៅក្នុងជំពូក ៨ លោកប៉ុលបានបង្រៀនថាជីវិតរបស់គ្រីស្ទបរិស័ទគឺនិយាយពីសេចក្តីស្រឡាញ់។ គ្រីស្ទបរិស័ទស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់មនុស្ស ហេតុនេះយើងនឹងមិនទទូចទាមទារសិទ្ធិរបស់ យើងឡើយប្រសិនបើវាអាចធ្វើឱ្យអ្នកដទៃជំពប់នឹងការដើរជាមួយព្រះជាម្ចាស់របស់ពួកគេ។ នៅក្នុងជំពូកនេះ លោកប៉ុលបង្ហាញពីរបៀបដែលគាត់បានធ្វើតាមគោលការណ៍នេះនៅក្នុងជីវិតរបស់គាត់។

 

តើ​ខ្ញុំ​មិន​មែន​ជា​សាវក​ទេ​ឬ​អី តើ​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​សេរី‌ភាព​ទេ​ឬ​អី តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ​ឬ​អី តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ស្នាដៃ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់​ទេ​ឬ​អី

 

៩:១ លោកប៉ុលចាប់ផ្តើមជាមួយនឹងសំណួរចំនួនបួន។ ចម្លើយសម្រាប់សំណួរនីមួយៗគឺ “មែនហើយ”។ លោកប៉ុលមានសេរីភាព។ គាត់គឺជាសាវ័ក។ គាត់បានឃើញព្រះអម្ចាស់ (១៥:៨; កិច្ចការ ៩:៣–៦; កាឡាទី ១:១១–១៩) ហើយគាត់បានបង្កើតក្រុមជំនុំ នៅក្នុងទីក្រុងកូរិនថូស។

​

បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​មនុស្ស​ឯ​ទៀត ក៏​គង់​តែ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ភស្តុ‌តាង ពី​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់ ឯ​សេចក្ដី​ដោះ‌សា​របស់​ខ្ញុំ​នៅ​មុខ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ

​

៩:២-៣ ពាក្យនៅក្នុងភាសាក្រិចដែលបកប្រែមកថា “សាវក” (ἀπόστολος) ​មានន័យថា មនុស្សម្នាក់ ‘ដែលត្រូវបានចាត់អោយទៅ’។ ​ជា ពាក្យដែលផ្តោតលើតំណាងម្នាក់ដែលជាអ្នកនិយាយនិងធ្វើ កិច្ចការជំនួសអោយមនុស្សម្នាក់ទៀត។ ​លោកប៉ុលបានប្រែក្លាយជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ នៅពេលដែល ព្រះអង្គចាត់គាត់ឲ្យចេញទៅ “ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់ ​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង” (កិច្ចការ ៩:១៥)។ ​

 

ព្រះយេស៊ូវបានបញ្ជូនលោកប៉ុលទៅប្រកាសដំណឹងល្អនៅក្នុងទីក្រុងកូរិនថូស។ ព្រះជាម្ចាស់ បានធ្វើការប្រកបដោយព្រះចេស្តារតាមរយៈព័ន្ធកិច្ចរបស់គាត់ ហើយក្រុមជំនុំត្រូវបានបង្កើតឡើង (សូមមើលការពន្យល់នៅ ២:១-៥)។ ការពិតដែលការនេះកើតឡើងបង្ហាញប្រាប់ថាព្រះគុណរបស់ ព្រះជាម្ចាស់បានធ្វើការតាមរយៈលោកប៉ុល ហើយបញ្ជាក់ថាគាត់គឺជាសាវ័ក (២ កូរិនថូស ៣:៣, ១០:១៣-១៥)។ ហេតុនេះបានជាលោកប៉ុលសរសេរថាអ្នកក្រុងកូរិនថូសគឺ “ភស្តុ‌តាង ពី​ការ‌ងារ​ជា​ សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់”។ ដូច្នេះក្រុមជំនុំនៅក្នុងទីក្រុងកូរិនថូសគឺជាភ័ស្តុតាងដែលបញ្ជាក់ថា លោកប៉ុល គឺជាសាវ័ក។ ក្រុមជំនុំផ្សេងទៀតត្រូវបានបង្កើតឡើងដោយសារសាវ័កផ្សេងទៀត ប៉ុន្តែលោកប៉ុល ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកូរិនថូសដើម្បីបង្កើតក្រុមជំនុំនេះ ដូច្នេះហើយបានជាគាត់គឺជាសាវ័កដល់អ្នកក្រុងកូរិនថូស។។

 

នោះ​គឺ​ថា តើ​យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ទទួល​ទាន​ទេ​ឬ​អី តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ ទៅ​ជា​មួយ ដូច​ជា​សាវក​ឯ​ទៀត នឹង​បង​ប្អូន​ព្រះ‌អម្ចាស់ ហើយ​កេផាស​ដែរ​ទេ​ឬ​អី

​

៩:៤-៥ លោកប៉ុលផ្តល់នូវគំរូអំពីសិទ្ធិចំនួនបីដែលសាវ័កមាន។ សាវ័កមានសិទ្ធិក្នុងការទទួលបាន អាហារ និងភេសជ្ជៈពីក្រុមជំនុំដែលពួកគេបម្រើ (លូកា ១០:៧)។ ពួកគេក៏មានសិទ្ធិនាំប្រពន្ធដែលជាអ្នកជឿទៅ ជាមួយផង ហើយរំពឹងថាក្រុមជំនុំនឹងផ្គត់ផ្គង់ដល់នាងដែរ។ សាវ័កមួយចំនួន (រួមទាំងបងប្អូនរបស់ ព្រះយេស៊ូវ និងលោកពេត្រុស (“កេផាស”) បានធ្វើយ៉ាងដូច្នេះ។ សាវ័កក៏មានសិទ្ធិទទួលយកជំនួយ ហិរញ្ញវត្ថុពីក្រុមជំនុំដែរប្រយោជន៍ឱ្យពួកគេអាចបម្រើពេញពេលបានដោយមិនចាំបាច់ធ្វើការ (ក្រៅពីព័ន្ធកិច្ចរបស់ខ្លួន) ដើម្បីផ្គត់ផ្គង់ខ្លួនឯង។

 

ឬ​មួយ តើ​មាន​តែ​ខ្ញុំ នឹង​បាណា‌បាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី

 

៩:៦ លោកប៉ុលគឺជាសាវ័ក ហើយសាវ័កមានសិទ្ធិទាំងអស់នេះ។ ប៉ុន្តែបើទោះបីជាលោកប៉ុលមានសិទ្ធិ ទាំងនេះក៏ដោយ គាត់ និងលោកបាណាបាសមិនបានប្រើប្រាស់សិទ្ធិរបស់ពួកគេជាសាវ័កទេ។ ពួកគេមិនបានទាមទារម្ហូបអាហារ និងភេសជ្ជៈពីក្រុមជំនុំទេ ពួកគេមិនមានប្រពន្ធដែលត្រូវការផ្គត់ផ្គង់ ហើយពួកគេមិនទទួលបានប្រាក់កម្រៃសម្រាប់កិច្ចការរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានផលិត តង់លក់សម្រាប់យកមកផ្គត់ផ្គង់ដល់ដំណើរបេសកកម្មរបស់ពួកគេវិញ (១ ថែស្សាឡូនីច ២:៩-១០, ២ ថែស្សាឡូនីច ៣:៨)។

 

ចុះ​តើ​ដែល​មាន​អ្នក​ណា​ធ្វើ​ជា​ទាហាន ហើយ​ចាយ​តែ​ប្រាក់​ខ្លួន​ឯង​ឬ​ទេ តើ​ដែល​មាន​អ្នក​ណា​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ រួច​មិន​បរិភោគ​ផល​ពី​ចំការ​នោះ ឬ​ដែល​មាន​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ ឥត​ផឹក​ទឹក​ដោះ​វា​ឬ​ទេ

 

៩:៧ លោកប៉ុលផ្តល់ជាគំរូចំនួនបីដើម្បីបញ្ជាក់ថាសាវ័កមានសិទ្ធិក្នុងការទទួលបានប្រាក់កម្រៃ។ ទាហាន អ្នកដាំទំពាំងបាយជូរ និងអ្នកគង្វាលសុទ្ធតែទទួលបានការផ្គត់ផ្គង់តាមរយៈការងាររបស់ខ្លួន។ គោលការណ៍គឺថាមនុស្សម្នាក់ៗមានសិទ្ធិក្នុងការរកប្រាក់កម្រៃសម្រាប់ការរស់នៅពីការងាររបស់ខ្លួន។

 

ដែល​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ នោះ​តើ​តាម​តែ​របៀប​មនុស្ស​ប៉ុណ្ណោះ ឯ​ក្រិត្យ‌វិន័យ តើ​មិន​ថា​ដូច្នេះ​ដែរ​ទេ​ឬ

 

៩:៨ គោលការណ៍នេះគឺមិនមែនគ្រាន់តែជាទស្សនៈរបស់មនុស្សប៉ុណ្ណោះទេ។ តាមការពិតលោកប៉ុល អាចបង្ហាញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានមកជាមួយនឹងគោលការណ៍ដូចគ្នានេះដែរ។

 

ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​ថា «កុំ​ឲ្យ​ឃ្លុំ​មាត់​របស់​គោ ដែល​បញ្ជាន់​ស្រូវ​ឡើយ» នោះ​តើ​ព្រះ‌ទ្រង់​គិត​ដល់​គោ​តែ​ប៉ុណ្ណោះ

​

៩:៩ លោកប៉ុលដកស្រង់មកពី ចោទិយកថា ២៥:៤។ គោធ្វើការបញ្ជាន់បំបែកសំបកគ្រាប់ស្រូវ។ ក្រឹត្យវិន័យបានចែងថានៅពេលដែលគោដើរបញ្ជាន់គ្រាប់ស្រូវមិនត្រូវឃ្លុំមាត់វាទេ។ វាឃោរឃៅណាស់ ដែលឱ្យគោដើរជាន់លើគ្រាប់ស្រូវ ប៉ុន្តែបែរជាឃ្លុំមាត់វាទៅវិញ ការធ្វើយ៉ាងដូច្នេះវាមិនអាចស៊ីអ្វីបាននោះទេ! ប្រសិនបើព្រះជាម្ចាស់ខ្វល់ខ្វាយចំពោះសត្វគោដែលបញ្ជាន់គ្រាប់ស្រូវ នោះទ្រង់គឺពិតជាខ្វល់ខ្វាយ ចំពោះសាវ័កដែលអធិប្បាយពីដំណឹងល្អរបស់ទ្រង់លើសជាងនេះទៅទៀត!

 

ឬ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ចំពោះ​ដល់​យើង​រាល់​គ្នា​ដែរ គឺ​ដោយ​ព្រោះ​តែ​យើង​រាល់​គ្នា​ហើយ បាន​ជា​សេចក្ដី​នោះ​បាន​ចែង​ទុក​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ភ្ជួរ‌រាស់ បាន​ភ្ជួរ‌រាស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​បញ្ជាន់​ដោយ​សង្ឃឹម នោះ​នឹង​បាន​តាម​សេចក្ដី​សង្ឃឹម​នោះ​ឯង

 

៩:១០ ចោទិយកថា ២៥:៤ បញ្ជាក់ថាសាវ័កមានសិទ្ធិក្នុងការទទួលបានការគាំទ្រផ្នែកសម្ភារៈ។ ប្រសិនបើក្រឹត្យវិន័យអនុញ្ញាតិឱ្យគោស៊ីស្មៅនៅក្នុងស្រែដែលវាធ្វើការងារនោះបាន មានន័យថាមនុស្ស ដែលជាអ្នកធ្វើការក៏ត្រូវបានអនុញ្ញាតិឱ្យទទួលបានអាហារពីវាលស្រែដែលពួកគេធ្វើការនោះដែរ។ ប្រសិនបើគោមិនត្រូវបានគេឃ្លុំមាត់នៅពេលដែលវាធ្វើការទេ ពួកសាវ័កក៏មិនត្រូវបានហាមឃាត់មិនឱ្យ បរិភោគដោយសារតែកង្វះការផ្គត់ផ្គង់ពីចំណោមមនុស្សដែលពួកគេបម្រើនោះដែរ (កាឡាទី ៦:៦)។ 

​

ការប្រកាសដំណឹងល្អគឺដូចជាការភ្ជួរស្រែ និងព្រួសគ្រាប់ពូជដូច្នោះដែរ។ ការបង្កើតសិស្សគឺដូចជាការច្រូត កាត់។ អ្នកណាដែលធ្វើកិច្ចការដើម្បីបង្កើតឱ្យមានចម្រូតត្រូវមានសិទ្ធិទទួលបានចំណែកពីចម្រូតនោះ។

 

បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាប‌ព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី

 

៩:១១ អ្នកជួយផ្គត់ផ្គង់ដែលសាបព្រួសខាងវិញ្ញាណទៅក្នុងចំណោមមនុស្សមានសិទ្ធិទទួលយករបស់ របរពីអ្នកទាំងនោះដើម្បីបំពេញសេចក្តីត្រូវការរបស់គាត់។ លោកប៉ុល “បានសាបព្រួស” នៅពេលដែល គាត់អធិប្បាយអំពីដំណឹងល្អ និងបង្រៀនក្រុមជំនុំនៅទីក្រុងកូរិនថូស។ ដូច្នេះវាគឺជាសិទ្ធិរបស់គាត់ក្នុង ការទទួលបានរបស់របរនៃចម្រូតមកពីពួកគេ (រ៉ូម ១៥:២៦-២៧)។ 

 

បើ​អ្នក​ឯ​ទៀត​មាន​អំណាច​នោះ​លើ​អ្នក​រាល់​គ្នា នោះ​តើ​យើង​ខ្ញុំ​មិន​ត្រូវ​មាន​លើស​ជាង​គេ​ទៅ​ទៀត​ទេ​ឬ​អី ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​នោះ​ទេ យើង​ខ្ញុំ​បាន​ទ្រ‌ទ្រង់​ទាំង​អស់​វិញ ដើម្បី​មិន​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ

​

៩:១២ គ្រីស្ទបរិស័ទដទៃទៀតទទួលបានការផ្គត់ផ្គង់ខាងផ្នែកហិរញ្ញវត្ថុមកពីក្រុមជំនុំនៅទីក្រុងកូរិនថូស ដូច្នេះលោកប៉ុលដែលបានបង្កើតក្រុមជំនុំឡើងក៏ពិតជាយ៉ាងដូច្នោះដែរមានសិទ្ធិទទួលបានការផ្គត់ផ្គង់ ខាងផ្នែកហិរញ្ញវត្ថុពីក្រុមជំនុំ។ យ៉ាងណាក៏ដោយ បើទោះបីជាលោកប៉ុលមានសិទ្ធិទទួលយកប្រាក់ ពីពួកគេក៏ដោយក៏គាត់បានបោះបង់ចោលសិទ្ធិនេះដែរ។ ហេតុអ្វីបានជាលោកប៉ុលធ្វើដូច្នេះ?

 

លោកប៉ុលបានបដិសេធមិនទទួលយកប្រាក់ពីមនុស្សដែលគាត់បានមកធ្វើជាបេសកជនទេ ពីព្រោះថា វាអាច “​ឱ្យ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បង្អាក់​”។ ពាក្យជាភាសាក្រិកបកប្រែ “បង្អាក់” (ἐνκοπὴν) ត្រូវបានគេប្រើសម្រាប់បំផ្លាញផ្លូវមួយដើម្បីបង្អាក់មិនឱ្យមនុស្សបន្តដំណើរនៅលើផ្លូវនោះបានទៀត។ ដូច្នេះ លោកប៉ុលមានន័យថាគាត់បានជៀសវាងពីការធ្វើកិច្ចការដែលអាចបង្អាក់ផ្លូវដែលស្អាតសម្រាប់ដំណឹងល្អ ចំពោះការមកកាន់ទីក្រុងកូរិនថូសនេះ។

 

ប្រសិនបើលោកប៉ុលបានទទួលប្រាក់ពីក្រុមជំនុំ តើការនេះអាចរារាំងការរីកចម្រើននៃដំណឹងល្អ យ៉ាងណាទៅ? មនុស្សមួយចំនួន អាចនឹងមិនទទួលយកដំណឹងល្អប្រសិនបើពួកគេគិតថាវាមានន័យថា ពួកគេមានកាតព្វកិច្ចផ្គត់ផ្គង់ដល់បេសកជនដែលបាននាំដំណឹងល្អមកកាន់ពួកគេ។ អ្នកផ្សេងទៀត អាចគិតថាព័ន្ធកិច្ចរបស់គាត់គឺ “​ប្រព្រឹត្ត​ដោយ ​ចិត្ត​លោភ​” (១ ថែស្សាឡូនិច ២:៣-៦) ហើយបែបនេះគេអាចបដិសេធសារគាត់បាន។ ដូច្នេះលោកប៉ុល បានជ្រើសរើសបោះបង់សិទ្ធិក្នុង ការទទួលបានការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុចេញដើម្បីឱ្យដំណឹងល្អ អាច​ផ្សាយ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ ដល់មនុស្សទាំងអស់ និងដើម្បីឱ្យដល់មនុស្សជាច្រើនទៀត។

 

លោកប៉ុលមានបំណងចិត្តដ៏អស្ចារ្យមួយនៅក្នុងជីវិតរបស់គាត់ គឺ “ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​”។ អ្វីៗគ្រប់យ៉ាង ដែលគាត់ធ្វើគឺ “ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ” (ខ១៩-២៣)។ ដូច្នេះនៅពេលគាត់មានជម្រើសរវាង ការទទូចអំពីសិទ្ធិរបស់គាត់ ឬការរីកចម្រើននៃដំណឹងល្អ គាត់នឹងតែងតែជ្រើសរើសយកអ្វីដែលធ្វើឱ្យ ដំណឹងល្អរីកចម្រើន។ លោកប៉ុលជ្រើសរើសយកការស៊ូទ្រាំនឹងភាពអាម៉ាស់ ការស្រេកឃ្លាន ស្រេកទឹក សម្លៀកបំពាក់រហែករយ៉ៃ និងធ្វើការដោយប្រើដៃរបស់គាត់ (៤:១០-១២) ជាជាងធ្វើឱ្យមានឧបសគ្គដល់ មនុស្សក្នុងការទទួលយកដំណឹងល្អ។

 

លោកប៉ុលបោះបង់ចោលសិទ្ធិរបស់គាត់ដោយសារសេចក្តីស្រឡាញ់ជាគ្រីស្ទបរិស័ទ។ សេចក្តីស្រឡាញ់នឹង ទ្រាំទ្រគ្រប់ការទាំងអស់ដើម្បីជាប្រយោជន៍ដល់អ្នកផ្សេងឯទៀត (៩:១២; ១៣:៧)។ សេចក្ដីស្រឡាញ់ "ឥត​រក​ផល​ប្រយោជន៍​ដល់​ខ្លួន​ឡើយ គឺ​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​រួច" (១០:៣៣)។  ស្រឡាញ់គឺជាការធ្វើ ត្រាប់តាមព្រះគ្រីស្ទ (១១:១) ដែលបានបង្ហាញនូវសេចក្តីស្រឡាញ់ ដ៏អស្ចារ្យបំផុតមកកាន់យើង (យ៉ូហាន ១៥:១៣)។ នេះគឺជាគន្លឹះដើម្បីយល់ពីការបង្រៀនរបស់លោកប៉ុល អំពីការបរិភោគសាច់ ដែលថ្វាយ ទៅកាន់រូបព្រះនោះ (៨:១៣)។ ប្រសិនបើលោកប៉ុលមានឆន្ទៈបដិសេធ សិទ្ធិរបស់គាត់ក្នុងការបរិភោគ និងផឹកចំពោះ ការលះបង់របស់ក្រុមជំនុំដើម្បីឱ្យដំណឹងល្អរីកចម្រើន នោះអ្នកក្រុងកូរិនថូសត្រូវបដិសេធ សិទ្ធិរបស់ខ្លួន សម្រាប់ការបរិភោគសាច់ដែលជាដង្វាយទៅកាន់រូប ព្រះតាមហេតុផលដូចគ្នានេះដែរ។

 

តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយ‌សារ​ព្រះ‌វិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។

​

៩:១៣ លោកប៉ុលផ្តល់នូវឧទាហរណ៍មួយទៀតអំពីគោលការណ៍ដែលអ្នកធ្វើការសមនឹងទទួលបានប្រាក់ ឈ្នួលរបស់ខ្លួន។ សង្ឃដែលបម្រើក្នុងវិហារនៅទីក្រុងយេរូសាឡឹមចិញ្ចឹមជីវិតមកពីកិច្ចការ ដែលពួកគេ ទទួលបានការផ្គត់ផ្គង់តាមរយៈដង្វាយមួយភាគដប់ពីផលដំណាំ និងសត្វ ក៏ដូចជាអំណោយខាងហិរញ្ញវត្ថុ ផងដែរ (លេវីវិន័យ ៦:១៦-១៨; ជនគណនា ១៨:៨-២៤; ចោទិយកថា ១៨:១-៥)។ 

 

ព្រះ‌អម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយ‌សារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ

 

៩:១៤ លោកប៉ុលផ្តល់នូវភស្តុតាងចុងក្រោយមួយទៀតថាអ្នកដែលប្រកាសដំណឹងល្អអាចចិញ្ចឹមជីវិត បានតាមរយៈការធ្វើកិច្ចការនេះ។ នៅពេលព្រះយេស៊ូវបញ្ជូនសិស្សទាំង ៧២នាក់ចេញទៅ ទ្រង់ផ្តល់សិទ្ធិឱ្យពួកគេ សម្រាប់ការទទួលយកការស្នាក់នៅ អាហារ និងទឹកពីមនុស្សដែលពួកគេបម្រើ ពីព្រោះ “​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​ឈ្នួល​វិញ” (លូកា ១០:៧; ម៉ាថាយ ១០:៨-១០; ១ ធីម៉ូថេ ៥:១៨)។

 

តែ​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​ណា​១​នេះ​ទេ ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ខ្លួន​ខ្ញុំ​ដែរ ខ្ញុំ​ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្ដី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស

​

៩:១៥ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មានសិទ្ធិក្នុងការទទួលយកប្រាក់កម្រៃពីការងាររបស់គាត់ ប៉ុន្តែគាត់បានជ្រើសរើសមិនធ្វើការនេះទេ។ លើសពីនេះគាត់មិនបានសរសេរពីប្រធានបទនេះដើម្បីសុំទៅ កាន់អ្នកក្រុងកូរិនថូសឱ្យផ្គត់ផ្គង់ដល់គាត់នៅពេលនេះទេ។ ផ្ទុយទៅវិញគាត់ “ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្តី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស”។ តើអ្វីទៅជា “សេចក្តី​អំនួត” ​របស់លោកប៉ុល? ចម្លើយគឺថា គាត់ប្រកាសដំណឹងល្អដោយមិនទទួលបានប្រាក់កម្រៃដើម្បីមិនបង្ករឱ្យមានឧបសគ្គអ្វីឡើយ។ 

 

ពី​ព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ

 

៩:១៦ លោកប៉ុលមិនបានអួតពីការប្រកាសដំណឹងល្អទេដោយសារវាមិនមែនជាការសម្រេចចិត្តរបស់ គាត់ដើម្បីក្លាយទៅជាអ្នកអធិប្បាយឡើយ។ ផ្ទុយទៅវិញវាគឺជាបំណងព្រះទ័យរបស់ព្រះជាម្ចាស់សម្រាប់ ជីវិតរបស់គាត់ ហេតុនេះគាត់បានដឹងថាគាត់ត្រូវតែធ្វើកិច្ចការនោះ។

 

ព្រះជាម្ចាស់បានជ្រើសរើសលោកប៉ុលឱ្យធ្វើកិច្ចការនេះ ហើយបានត្រាស់ហៅគាត់ និងបើកសម្តែងពី បំណងព្រះហឫទ័យរបស់ទ្រង់ទៅកាន់គាត់នៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស (កាឡាទី ១:១៥-១៦)។ ចាប់តាំងពីពេលនោះមក ការប្រកាសពីព្រះគ្រីស្ទគឺជាបំណងចិត្ត និងគោលបំណងនៅក្នុងជីវិតរបស់គាត់ ហើយការដែលមិនប្រកាសដំណឹងល្អនឹងក្លាយជា “​វរ​” ដល់លោកប៉ុលមិនខាន។ “វេ” ជាពាក្យដែល បានប្រើដោយពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់នៅក្នុងការបង្ហាញពី ការជំនុំជំរះរបស់ព្រះជាម្ចាស់។ ការនេះបង្ហាញប្រាប់ថា លោកប៉ុលដឹងថាគាត់នឹងក្លាយទៅជាអ្នកបម្រើមិនស្មោះត្រង់ឡើយ ប្រសិនបើគាត់មិនអធិប្បាយពីដំណឹងល្អ ទេនោះ។ 

 

បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​បាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើស​ទ័ល នោះ​គង់​តែ​មាន​ការ‌ងារ​ចែក​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ​ដែរ

 

៩:១៧ ប្រសិនបើការអធិប្បាយដំណឹងល្អគឺជាគំនិតរបស់លោកប៉ុលមែន​ នោះគាត់សក្តិសមទទួល បានរង្វាន់។ ប៉ុន្តែមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញលោកប៉ុលទទួលបានតួនាទីជាអ្នក​រ៉ាប់រង​មកពី ព្រះជាម្ចាស់ (សូមមើលកំណត់សម្គាល់នៅ ៤:១)។ ​អ្នក​រ៉ាប់រង​មានទំនួលខុសត្រូវក្នុងការចាត់ចែងធនធាន ដែលម្ចាស់ របស់ពួកគេបានផ្តល់ឱ្យ។

​

អ្នក​រ៉ាប់រងធ្វើកិច្ចការដើម្បីនាំឱ្យមានផលចំណេញដល់ម្ចាស់របស់ខ្លួនមិនមែនខ្លួនឯងនោះទេ (ម៉ាថាយ ២៥:១៤-៣០)។ អ្នក​រ៉ាប់រងមិនទទួលបានប្រាក់ឈ្នួលមកពីមនុស្សដែលគាត់ដឹកនាំ ឬគ្រប់គ្រង ឬមកពីវាលស្រែដែលគាត់ចាត់ចែងនោះដែរ។ គាត់ទទួលបានរង្វាន់មកពីម្ចាស់របស់គាត់។ ដូច្នេះលោកប៉ុលមិនអាចសុំ “រង្វាន់” មកពីអ្នកក្រុងកូរិនថូស ដែលជាមនុស្សដែលគាត់ដឹកនាំ និងគ្រប់គ្រង ព្រមទាំងវាលស្រែដែលគាត់បានដាំដុះនោះទេ។

 

ដូច្នេះ តើ​រង្វាន់​ខ្ញុំ​ជា​យ៉ាង​ណា គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ដោយ​ឥត​យក​ថ្លៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្លួន ក្នុង​ដំណឹង​ល្អ​ហួស​ល្បត់​ឡើយ

 

៩:១៨ តើអ្វីទៅជារង្វាន់សម្រាប់អ្នក​រ៉ាប់រង? ដើម្បីធ្វើការដោយមិនបានកម្រៃ! តាមរយៈការប្រកាស ដំណឹងល្អ “ដោយ​ឥត​យក​ថ្លៃ​” (នោះគឺដោយមិនទទួលយកកម្រៃ) ព័ន្ធកិច្ចរបស់លោកប៉ុលក្លាយទៅជា ការបង្ហាញពីដំណឹងល្អ ដែលសេចក្តីសង្គ្រោះជារង្វាន់ឥតគិតថ្លៃមកពីព្រះជាម្ចាស់។

 

លោកប៉ុលត្រូវតែអធិប្បាយ។ ប៉ុន្តែគាត់មិនចាំបាច់អធិប្បាយដោយមិនគិតប្រាក់នោះទេ។ គាត់មានជម្រើស ថាតើទទួលយកកម្រៃ ឬមិនទទួល ហើយសម្រាប់ជាប្រយោជន៍ដល់ដំណឹងល្អ គាត់បានផ្តល់វាឱ្យដោយ ឥតគិតថ្លៃ (ជាជាងទទូចអំពីសិទ្ធិទទួលបានប្រាក់កម្រៃរបស់គាត់)។ នេះគឺជាការអួតអាងរបស់គាត់ (ខ១៥)។ ដូច្នេះលោកប៉ុលមានរង្វាន់!​ ប៉ុន្តែរង្វាន់របស់គាត់មិនមែនជាប្រាក់។ រង្វាន់របស់គាត់គឺជាការ ដែលអាចប្រកាសដំណឹងល្អដោយឥតយក កម្រៃទៅគ្រប់មនុស្សទាំងអស់។

 

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បំរើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បំរើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត

 

៩:១៩ ការពិតដែលលោកប៉ុលមិនទទួលបានកម្រៃមកពីមនុស្សធ្វើឱ្យគាត់ “មិន​ជាប់​បំរើ​អ្នក​ណា​សោះ​”។ ព័ន្ធកិច្ចរបស់គាត់គឺមិនត្រូវបានគ្រប់គ្រងដោយមនុស្សនោះទេ ប៉ុន្តែដោយព្រះជាម្ចាស់វិញ។ គាត់គ្មាន កាតព្វកិច្ចអ្វីក្នុងការនិយាយយកចិត្តមនុស្សទេ ប៉ុន្តែអាចប្រកាសពីប្រាជ្ញារបស់ព្រះជាម្ចាស់ ទៅកាន់ មនុស្សទាំងអស់វិញ។ 

 

តើលោកប៉ុលប្រើប្រាស់សេរីភាពនេះដូចម្តេចខ្លះ? គាត់ជ្រើសរើសធ្វើឱ្យខ្លួនឯងជាអ្នកបម្រើទៅកាន់មនុស្ស ទាំងអស់! ហេតុអ្វី? ដើម្បីនាំមនុស្សឱ្យជឿលើព្រះយេស៊ូវ។ នៅក្នុងព្រះគ្រីស្ទលោកប៉ុលមានសេរីភាព ចេញ ពីមាគ៌ារបស់លោកិយនេះដែលចាត់ថាទុកខ្លួនឯងសំខាន់មុនគេបង្អស់។ នៅក្នុងព្រះគ្រីស្ទគាត់មានសេរីភា ពក្នុងការស្រឡាញ់ និងបម្រើអ្នកដទៃដោយមិនត្រូវបានគ្រប់គ្រងពីសេចក្តីត្រូវការដើម្បីទទួលបានប្រាក់កម្រៃ ឋានៈ និងសិទ្ធិរបស់គាត់នោះទេ។ ព្រះយេស៊ូវគឺជាគំរូដ៏អស្ចារ្យចំពោះសេរីភាពយ៉ាងដូច្នោះ។ ព្រះអង្គបានជ្រើសរើសចុះពីស្ថានសួគ៌មកកាន់លោកិយនេះដើម្បីបម្រើ ដើម្បីស្វែងរក និងសង្គ្រោះមនុស្ស ដែលបាត់បង់ និងដើម្បីប្រទានជីវិតរបស់ទ្រង់ទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើន (ម៉ាកុស ១០:៤៣-៤៥)។

 

ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ

​

៩:២០ លោកប៉ុលធ្វើខ្លួនឯងជា “អ្នកបម្រើដល់មនុស្សទាំងអស់” ដែលគាត់អាចនាំមនុស្សបានជាច្រើន នាក់សម្រាប់ព្រះគ្រីស្ទ។ ដើម្បីក្លាយជាអ្នកបម្រើដល់មនុស្សទាំងអស់មានន័យថា៖

​

“​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា”។ នៅពេលលោកប៉ុលប្រកាសដំណឹងល្អទៅកាន់ សាសន៍យូដា គាត់រស់នៅដូចជាសាសន៍យូដា៖ នោះគឺគាត់កាន់តាមបញ្ញតិដែលគាត់មិនចាំបាច់កាន់ តាមក្នុងនាមជាគ្រីស្ទបរិស័ទ។ ឧទាហរណ៍ នៅក្នុង កិច្ចការ ២១:២៣-២៦ លោកប៉ុលចូលរួមនៅក្នុង ពិធីបរិសុទ្ធរបស់សាសន៍យូដា ដែលគាត់មិនចាំបាច់ធ្វើនោះទេ ប៉ុន្តែគាត់បានធ្វើយ៉ាងដូច្នោះដើម្បីឱ្យគាត់ ដឹងថាវានឹងជួយដល់ព័ន្ធកិច្ចរបស់គាត់សម្រាប់សាសន៍យូដា។

 

ហើយ​ដូច​ជា​ឥត​ក្រិត្យ‌វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ​ដែរ

 

៩:២១ “​ដូច​ជា​ឥត​ក្រិត្យ‌វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ”។ ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ គឺសាសន៍ដទៃ។ ការនេះ មានន័យថានៅពេលលោកប៉ុលបម្រើដល់សាសន៍ដទៃ គាត់ធ្វើខ្លួនដូចជា គាត់ជាសាសន៍ដទៃដែរ នោះគឺគាត់មិនទទូចឱ្យកាន់តាមក្រឹត្យវិន័យរបស់លោកម៉ូសេទេ (ដែលសាសន៍ដទៃមិនធ្លាប់បានដឹង ឬបានគោរពតាម) ដើម្បីកុំឱ្យក្លាយទៅជាឧបសគ្គដល់ពួកគេ ក្នុងការទទួលយកដំណឹងល្អ។

​

ការពិតដែលលោកប៉ុល បាន​ត្រឡប់​ “ដូច​ជា​ឥត​ក្រិត្យ‌វិន័យ” មិនមែនមានន័យថាជាឥរិយាបថនៃអំពើបាប នោះទេ។ ហេតុនេះបានជាគាត់បន្ថែមថា "មិន​មែន​ថា​ខ្ញុំ​ឥត​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌គ្រីស្ទ​វិញ" ដែលមានសេចក្តីបង្គាប់របស់ព្រះយេស៊ូវ ការបង្រៀនរបស់ទ្រង់ និងគំរូរបស់ទ្រង់ពីការលះបង់ជីវិតសម្រាប់អ្នកដទៃ។

 

ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ‌សារ​សណ្ឋាន​ទាំង​នោះ​ឯង

 

៩:២២ នៅក្នុង ១:២៧ លោកប៉ុលបានសរសេរថា “ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស”។ “ពួក​កំសោយ” គឺជាមនុស្សដែលគ្មានទ្រព្យសម្បត្តិ ឬឋានៈ ឬតួនាទីនៅក្នុងសង្គមឡើយ។ ដើម្បីឈោងចាប់មនុស្សទាំងនេះ (ដោយគាត់ដឹងថាព្រះជាម្ចាស់បានជ្រើស រើស) លោកប៉ុលបានរៀបចំខ្លួនដើម្បីក្លាយជាអ្នកកំសោយ និងគ្មានទ្រព្យសម្បត្តិ ឬឋានៈ ឬតួនាទីនៅក្នុង សង្គមធ្វើជាអ្នកអធិប្បាយពីដំណឹងល្អ។ នៅក្នុងព័ន្ធកិច្ចរបស់គាត់ គាត់ពឹងផ្អែកទៅលើ ប្រាជ្ញារបស់ព្រះជាម្ចាស់ និងអំណាចនៃដំណឹងល្អដើម្បីសង្គ្រោះដល់មនុស្សជាជាងអំណាច និងកម្លាំងរបស់មនុស្ស ដើម្បីមានឥទ្ធិពលដល់មនុស្ស។

 

លោកប៉ុលបានដឹងថាអំណាចរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឱ្យល្អឥតខ្ចោះឡើងនៅក្នុងភាពទន់ខ្សោយ ហេតុនេះហើយបានជាភាពទន់ខ្សោយរបស់គាត់មានប្រសិទ្ធិភាពជាងកម្លាំងរបស់គាត់ ដើម្បីនាំអ្នកដទៃមកកាន់ដំណឹងល្អរបស់ព្រះគ្រីស្ទ។ ដូច្នេះលោកប៉ុលបានដឹងថាព័ន្ធកិច្ចរបស់គាត់គឺ ដើម្បីប្រកាសពីព្រះគ្រីស្ទ ដែលបានជាប់ឆ្កាង ហើយពឹងផ្អែកទៅលើប្រាជ្ញា និងព្រះចេស្តារបស់ព្រះជាម្ចាស់ ការបោះបង់ចោលសិទ្ធិរបស់គាត់ដោយបន្ទាបខ្លួន និងមិនទទួលបានប្រាក់កម្រៃ ព្រមទាំងនាំដំណឹងល្អទៅកាន់មនុស្សបាត់បង់ ដើម្បីព្យាយាមនាំពួកគេមកសម្រាប់ព្រះអម្ចាស់។

​

“ខ្ញុំបាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឱ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ” គឺជាការសង្ខេបពីវិធីសាស្ត្ររបស់លោកប៉ុលសម្រាប់កិច្ចការរបស់បេសកជន។ គាត់ប្រកាសដំណឹងល្អ ទៅកាន់មនុស្សទាំងអស់។ គ្មាននរណាម្នាក់ដែលមិនត្រូវបានរាប់បញ្ចូលដោយសារតែជាតិសាសន៍ សាសនា ឬឋានៈសង្គមរបស់ពួកគេឡើយ។ គាត់សម្របខ្លួនទៅនឹងវប្បធម៌របស់ក្រុមនីមួយៗដែលគាត់ កំពុងតែស្វែងរកដើម្បីនាំដំណឹងល្អទៅកាន់ដោយមិនទាមទារអំពីសិទ្ធិរបស់គាត់នោះទេ។

​

ការនេះមិនមានន័យថាគាត់ផ្លាស់ប្តូរដំណឹងល្អដើម្បីឱ្យទាក់ទាញទៅកាន់ក្រុមផ្សេងៗទេ។ ផ្ទុយទៅវិញ នៅក្នុង កាឡាទី ១:៦-៩ លោកប៉ុលបញ្ជាក់យ៉ាងច្បាស់លាស់ថាមានដំណឹងល្អតែមួយប៉ុណ្ណោះ ដូចគ្នាសម្រាប់មនុស្សរាល់គ្នា ហើយចំពោះការអធិប្បាយដំណឹងល្អផ្សេងក្រៅពីនេះគឺជាបណ្តាសា។ ដូច្នេះលោកប៉ុលមិនបានផ្លាស់ប្តូរដំណឹងពីព្រះគ្រីស្ទដែលជាប់ឆ្កាងដើម្បីឱ្យមានរឿងអាស្រូវកាន់តែតិចជាមួយនឹងសាសន៍យូដា ឬល្ងង់ល្ងើបន្តិចជាមួយនឹងសាសន៍ក្រិក (១ កូរិនថូស ១:២២-២៣)។ ប៉ុន្តែការ “​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់” មានន័យថាគាត់សម្របការប្រតិបត្តិរបស់គាត់ ទៅកាន់អ្នកដែលគាត់ចង់នាំឱ្យទទួលបានការសង្គ្រោះដោយមិនបង្កើតឱ្យមានជាឧបសគ្គដល់ដំណឹងល្អនោះទេ។

 

ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។

 

៩:២៣ មូលហេតុដែលលោកប៉ុលបានក្លាយទៅជាអ្វីៗគ្រប់យ៉ាងទៅកាន់មនុស្សទាំងអស់គឺមិនមែន ដើម្បីយកចិត្តមនុស្សនោះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះដល់ព្រលឹងវិញ។ នេះគឺជាបំណងចិត្តនៅក្នុងជីវិត របស់គាត់៖ “ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ” (ខ១២, ១៥-១៨)។ ឱកាសជួយឱ្យ ដំណឹងល្អរីកចម្រើន និងផ្លាស់ប្រែជីវិតជារៀងរហូតគឺជាអ្វីដែលជម្រុញលោកប៉ុលឱ្យបោះបង់ចោលសិទ្ធិ របស់គាត់ដើម្បីនាំមនុស្សដទៃទៅកាន់ព្រះយេស៊ូវ។ មេរៀនសម្រាប់អ្នកក្រុងកូរិនថូសគឺថាពួកគេដែរត្រូវចេះ យកចិត្តទុកដាក់ឱ្យបានច្រើនអំពីការលូតលាស់នៃដំណឹងល្អជាជាងអំពីសិទ្ធិ និងសេរីភាពរបស់ពួកគេ។

​

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់ ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ

 

៩:២៤ លោកប៉ុលពិពណ៌នាពីជីវិតជាគ្រីស្ទបរិស័ទថាដូចជាការរត់ប្រណាំងមួយដែលអ្នករត់សុទ្ធតែ ព្យាយាមដើម្បីឱ្យបានឈ្នះរង្វាន់ (កាឡាទី ៥:៧; ភីលីព ២:១៦, ៣:១២-១៤; ១ ថែស្សាឡូនិច ២:១៩; ២ ធីម៉ូថេ ២:៥; ៤:៨)។ អ្នកក្រុងកូរិនថូសបានដឹងពីឧទាហរណ៍នេះដោយសារពួកគេបានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតដ៏ធំលើកពីរ (បន្ទាប់ពីការប្រកួតកីឡាអូឡាំពិក) នៅក្នុងចក្រភពរ៉ូម។ ដូច្នេះ លោកប៉ុលបានប្រាប់ពួកគេឱ្យរស់នៅមានលក្ខណៈដូចជាអត្តពលិកដែលមានគោលដៅដើម្បីឈ្នះរង្វាន់ (៦:៩-១១) ហើយត្រង់នេះមានន័យថាពួកគេត្រូវតែមានវិន័យផ្ទាល់ខ្លួន និងត្រូវមានការតស៊ូនៅក្នុង ជីវិតជាគ្រីស្ទបរិស័ទរបស់ខ្លួន។

 

ហើយ​អស់​អ្នក​ដែល​ត‌យុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ ​ដែល​ត្រូវ​ពុក‌រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ​១ ដែល​មិន​ចេះ​ពុក‌រលួយ​ឡើយ

 

៩:២៥ គោលដៅនៃការឈ្នះកំណត់ពីរបៀបរស់នៅរបស់របស់អត្តពលិក។ ការឈ្នះទាមទារឱ្យមានវិន័យ ហេតុដូច្នេះចំណុចគន្លឹះនោះគឺ “ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក”។ នៅទីក្រុងកូរិនថូសគ្រប់គ្នាបានដឹងថា ដើម្បីឈ្នះការរត់ប្រណាំងបានតម្រូវឱ្យមានការបដិសេធខ្លួនឯង ជាពិសេសទាក់ទងនឹងអ្វីដែលអ្នកបរិភោគ។ អត្តពលិកដែលចង់ឈ្នះមិនអាចចេះតែបរិភោគអ្វីៗដូចគ្នាទៅនឹងមនុស្សដែលមិនបានរៀបចំខ្លួនសម្រាប់ការរត់ប្រណាំងទេ។ អត្តពលិកដែលចង់ឈ្នះត្រូវតែបដិសេធអ្វីៗគ្រប់យ៉ាង (សូម្បីតែការល្អ) ដែលអាចទប់ស្គាត់ គាត់មិនឱ្យសម្រេចគោលដៅរបស់ខ្លួនបាន។

 

អ្នករត់ផ្តោតលើការឈ្នះរង្វាន់ សម្រាប់ការប្រកួតនៅក្នុងទីក្រុងកូរិនថូសវិញគឺជាកម្រងផ្កាធ្វើពីដើមបន្លែ! ប៉ុន្តែគ្រីស្ទបរិស័ទរត់ដើម្បីទទួលបានរង្វាន់កាន់តែអស្ចារ្យ។ យើងរត់ដើម្បីទទួលបានម្កុដ ដែលមិនចេះ ពុកផុយ ជារង្វាន់នៅក្នុងនគរស្ថានសួគ៌ដែលជាប់នៅជារៀងរហូត (១៥:៤២, ១៥:៥០-៥៤; ២ ធីម៉ូថេ ៤:៨; យ៉ាកុប ១:១២; ១ ពេត្រុស ៥:៤; វិវរណៈ ២:១០)។ ប្រសិនបើអត្តពលិកមានវិន័យចំពោះខ្លួនឯង ជាមួយនឹងការហ្វឹកហាត់ដែលហ្មត់ចត់ដើម្បីព្យាយាមយកឈ្នះកម្រងផ្កាធ្វើពីដើមបន្លែ។ តើគ្រីស្ទបរិស័ទគួរ ខិតខំឱ្យមានវិន័យចំពោះខ្លួនឯងខ្លាំងប៉ុណ្ណាដើម្បីឱ្យឈ្នះរង្វាន់មកុដដែលមិនចេះពុកផុយពីព្រះជាម្ចាស់នោះ!

 

បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ គឺ​ខ្ញុំ​វាយ‌ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។

 

៩:២៦-២៧ លោកប៉ុលបានយកខ្លួនឯងមកធ្វើជាគំរូដោយសារជីវិតរបស់គាត់ពោរពេញដោយ គោលបំណង (១១:១)។ គាត់មិនដូចជាអ្នករត់ដែលមិនដឹងថាតើគោលដៅបញ្ចប់របស់ខ្លួន នៅឯណានោះទេ។ ផ្ទុយទៅវិញគាត់រត់តម្រង់ឆ្ពោះទៅរកគោលដៅ (ភីលីព ៣:១៤)។ គាត់មិនដូចជាអ្នកប្រដាល់ដែលដាល់ខ្យល់នោះទេ (នោះគឺគាត់វាយមិនត្រូវគូប្រកួតរបស់ខ្លួនទេ)។ ផ្ទុយទៅវិញគាត់ វាយដំរាងកាយរបស់គាត់។ ពាក្យបកប្រែ “វាយដំ” (ὑπωπιάζω) ជាពាក្យនៅក្នុងការប្រដាល់មានន័យថា ‘វាយចំពីក្រោមភ្នែក’។ ការនេះបង្ហាញឱ្យឃើញពីការតាំងចិត្ត របស់លោកប៉ុលក្នុងការបង្ក្រាបរាងកាយរបស់ខ្លួនឯង និងគ្រប់គ្រងលើវា។ 

​

លោកប៉ុលមិនបានបង្រៀនថារាងកាយអាក្រក់នោះទេ (៦:១៥-២០; ១ ថែស្សាឡូនិច ៥:២៣; រ៉ូម ៦:១៧-១៩) ប៉ុន្តែថាវាត្រូវការមានវិន័យ និងគ្រប់គ្រងដើម្បីឱ្យយើងអាចប្រើប្រាស់រាងកាយរបស់យើង មកបម្រើព្រះជាម្ចាស់បាន។ លោកប៉ុលដឹងថាគាត់ត្រូវបានព្រះជាម្ចាស់អនុញ្ញាតិ ហើយបានប្រគល់ ភារកិច្ចមកដើម្បីអធិប្បាយពីដំណឹងល្អ (១ ថែស្សាឡូនិច ២:៤) ប៉ុន្តែគាត់មិនចង់ក្លាយទៅជា “​ចោល​ចេញ” ពីកិច្ចការនេះដោយជំពប់ទៅក្នុងអំពើបាបឡើយ (៣:១២-១៥; ទំនុកតម្កើង ១០១:៦; ១ ធីម៉ូថេ ៣:២; ទីតុស ១:៦)។ ដូច្នេះគាត់មិនអនុញ្ញាតិឱ្យបំណងខាងរូបកាយរបស់គាត់គ្រប់គ្រងលើអាកប្បកិរិយា របស់គាត់ទេ។ ផ្ទុយទៅវិញគាត់ផ្តោតទៅលើការទៅឱ្យដល់គោលដៅដើម្បីបានរង្វាន់វិញ។

 

សរុបមកនៅក្នុងជំពូកនេះលោកប៉ុលបានបង្រៀនថាគ្រីស្ទបរិស័ទត្រូវតែជ្រើសរើសបោះបង់ចោលសិទ្ធិរបស់ខ្លួនប្រសិនបើវាជួយធ្វើឱ្យដំណឹងល្អរីកចម្រើនឡើង។ គាត់បានប្រើប្រាស់ខ្លួនគាត់ធ្វើជាគំរូពីគោលការណ៍ នេះ។ លោកប៉ុលមានសិទ្ធិក្នុងនាមជាសាវ័ក ប៉ុន្តែគាត់បានបោះបង់ចោលសិទ្ធិទាំងអស់នេះដើម្បីជា ប្រយោជន៍ឈោងចាប់ដល់មនុស្សជាច្រើនទៀតតាមរយៈដំណឹងល្អ។ ដូចជាពេលដែលលោកប៉ុលបោះបង់ ចោលសិទ្ធិរបស់គាត់ក្នុងការទទួលបានការគាំទ្រពីក្រុមជំនុំ (ពីព្រោះវាអាចបង្ករឱ្យមានជាឧបសគ្គចំពោះ ដំណឹងល្អ) ដូច្នេះគ្រីស្ទបរិស័ទនៅក្នុងទីក្រុងកូរិនថូសត្រូវតែលះបង់សិទ្ធិរបស់ខ្លួនដើម្បីបរិភោគសាច់ ដែលបានថ្វាយទៅកាន់រូបព្រះ ពីព្រោះការនេះអាចធ្វើឱ្យបងប្អូនប្រុសស្រីរបស់ពួកគេជំពប់ នៅក្នុង ការថ្វាយបង្គំរូបព្រះ។ មេរៀនសម្រាប់យើងនៅថ្ងៃនេះគឺថាយើងត្រូវតែមានបំណងចិត្តលះបង់ចោលអ្វីៗ នៅក្នុងជីវិតរបស់យើងដែលរារាំងនូវការរីកចម្រើនរបស់ដំណឹងល្អ ដូច្នេះដើម្បីឱ្យយើងអាចយកឈ្នះ ការរត់ប្រណាំង ហើយទទួលបានរង្វាន់ដែលព្រះជាម្ចាស់មានសម្រាប់យើងដែរ។

bottom of page