top of page

នៅក្នុងជំពូកមុន លោកប៉ុលបានពិពណ៌នាពីជីវិគ្រីស្ទបរិស័ទថាដូចជាការរត់ប្រណាំង ដែលមានរង្វាន់ សម្រាប់អ្នកឈ្នះ។ ដូច្នេះគាត់វាយដំរាងកាយរបស់គាត់ដើម្បីកុំឱ្យគាត់មិនមានសិទ្ធិទទួលបានរង្វាន់។ នៅក្នុងជំពូកនេះ លោកប៉ុលព្រមានដល់អ្នកក្រុងកូរិនថូសអំពីគ្រោះថ្នាក់នៃការមិនមានសិទ្ធិនេះ។ គាត់ធ្វើដូច្នេះដោយផ្តល់ជាឧទាហរណ៍ពីជំនាន់របស់ជនជាតិអ៊ីស្រាអែលដែលបានរង្វេងនៅក្នុងទីរហោស្ថានអស់រយៈពេលសែសិបឆ្នាំដោយមិនបានចូលទៅកាន់ទឹកដីសន្យាឡើយ។

 

បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ គ្រប់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ពពក ហើយ​ក្នុង​សមុទ្រ​នោះ ឲ្យ​បាន​តាម​លោក​ម៉ូសេ

 

១០:១-២ លោកប៉ុលកំពុងសរសេរទៅកាន់គ្រីស្ទបរិស័ទជាសាសន៍ដទៃនៅក្នុងទីក្រុងកូរិនថូស។ ប៉ុន្តែសូមសម្គាល់ថាគាត់ហៅជនជាតិអ៊ីស្រាអែលនៅក្នុងសម័យរបស់លោកម៉ូសេថា “ពួក​ឰយុកោ​យើង”។ គាត់ចាត់ទុកគ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសថាជាកូនប្រុសស្រីរបស់ជនជាតិអ៊ីស្រាអែល ដែលព្រះជាម្ចាស់ បានរំដោះចេញពីទាសភាពនៅក្នុងប្រទេសអេស៊ីព្ទ (រ៉ូម ៤:១២, ៤:១៦; កាឡាទី ៣:២៩) ពីព្រោះអ្នកជឿ ដែលជា សាសន៍ដទៃគឺដូចជា “ពន្លកអូលីវព្រៃ” ដែលត្រូវបានបំបៅឱ្យក្លាយទៅជាដើមអូលីវអ៊ីស្រាអែល (រ៉ូម ១១:១៧, គកស១៦)។​ ឥឡូវនេះអ្នកជឿដែលជាសាសន៍ដទៃទាំងអស់ (រួមទាំងខ្លួនយើង) គឺជាអ្នកស្នងមរតក ពេញលេញនៃសេចក្តីសន្យារបស់ព្រះជាម្ចាស់នៅក្នុងសញ្ញាចាស់។ 

 

លោកប៉ុលកត់ត្រាទុកនូវព្រះពរមួយចំនួនដែលអ៊ីស្រាអែលទទួល​បានក្នុង​អំឡុង​ពេលការនិរទេសចេញពី ប្រទេសអេស៊ីព្ទមក។

​

“ពួក​ឰយុកោ​យើង​​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា”។ ព្រះជាម្ចាស់បាននាំជនជាតិអ៊ីស្រាអែល ចេញមក ពីប្រទេសអេស៊ីព្ទដោយបង្គោលពពក (និក្ខមនំ ១៣:២១-២២)។ នៅក្នុងដំណើរចាកចេញពីប្រទេស អេស៊ីព្ទទៅកាន់ទឹកដីសន្យារបស់ពួកគេ ពពកបាននាំពួកគេ ហើយការពារពួកគេពីពន្លឺព្រះអាទិត្យ។ វាគឺជាការរំលឹកឥតដាច់ពីសិរីល្អ និងវត្តមានរបស់ព្រះជាម្ចាស់។​

 

“​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ” ព្រះជាម្ចាស់បានញែកសមុទ្រក្រហម ហើយជនជាតិអ៊ីស្រាអែលទាំងអស់ បានដើរឆ្លងកាត់សមុទ្រ ហើយបានឃើញព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ទប់ជញ្ជាំងទឹកសមុទ្រ ដើម្បីឱ្យពួកគេធ្វើដំណើរឆ្លងកាត់ទៅកាន់ដីស្ងួតបាន (និក្ខមនំ ១៤:២១-៣១)។ វាមិនគ្រាន់តែជា ការបង្ហាញឱ្យឃើញពីអំណាចព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជារូបភាពនៃ ពិធីបុណ្យជ្រមុជទឹកផងដែរ។

 

តាមរយៈការឆ្លងកាត់ទឹកនេះ ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណជាមួយលោកម៉ូសេ ដែលបាននាំពួកគេមកកាន់សេរីភាព និងជីវិតថ្មី។ ដូចគ្នានេះដែរតាមរយៈការឆ្លងកាត់ទឹកនេះ គ្រីស្ទបរិស័ទ ទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណជាមួយព្រះយេស៊ូវដែលបាននាំយើងមកឱ្យមានសេរីភាព និងជីវិតថ្មី (រ៉ូម ៦:៣-៤)។ លោកប៉ុលចង់ឱ្យគ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសមើលឃើញថា ដូចដែលជីវិតថ្មីរបស់ ពួកគេបានចាប់ផ្តើមជាមួយនឹងព្រះជាម្ចាស់តាមរយៈការជ្រមុជទឹក ដូច្នេះការប្រោសលោះដល់ពួក​ឰយុកោ របស់ពួកគេពីប្រទេសអេស៊ីព្ទមក និងជីវិតថ្មីក្នុងនាមជារាស្ត្ររបស់ព្រះជាម្ចាស់ក៏ចាប់ផ្តើមជាមួយនឹង ការជ្រមុជទឹកបែបនេះដែរ។

 

គ្រប់​គ្នា​បាន​បរិភោគ​ចំណី​អាហារ​ដដែល​ខាង​ព្រលឹង​វិញ្ញាណ ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដ ដែល​ ខាង​ព្រលឹង​វិញ្ញាណ​ដែរ ដ្បិត​បាន​ផឹក​ពី​ថ្មដា​ខាង​ព្រលឹង‌វិញ្ញាណ​ដែល​តាម​គេ ឯ​ថ្មដា​នោះ គឺ​ជា​ព្រះ‌គ្រីស្ទ

​

១០:៣-៤ ក្រៅពីមានអ្វីមួយស្រដៀងទៅនឹងពិធីបុណ្យជ្រមុជទឹករបស់គ្រីស្ទបរិស័ទ ជនជាតិអ៊ីស្រាអែល ក៏មានអ្វីមួយស្រដៀងទៅនឹងពិធីលៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់ដែរ។

 

“​គ្រប់​គ្នា​បាន​បរិភោគ​ចំណី​អាហារ​ដដែល​ខាង​ព្រលឹង​វិញ្ញាណ ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ដដែល​ខាង ​ព្រលឹង​វិញ្ញាណ​ដែរ”។ ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវបានទ្រទ្រង់ដោយការផ្គត់ផ្គង់ដ៏អស្ចារ្យរបស់ ព្រះជាម្ចាស់មានទាំងអាហារ និងទឹកអំឡុងពេលដែលពួកគេស្ថិតនៅក្នុងទីរហោស្ថាន (និក្ខមនំ ១៦:៣៥, ១៧:៦)។ លោកប៉ុលពិពណ៌នាពីអាហារ និងទឹកថាជា “វិញ្ញាណ” ដើម្បីបង្ហាញប្រាប់ថាវាមិនមែនមក កាន់ជនជាតិអ៊ីស្រាអែលតាមធម្មជាតិនោះទេ។ អាហារគឺជានំម៉ាណាដែលធ្លាក់មកពីស្ថានសួគ៌ ហើយ ទឹកចេញមកពីថ្ម។ ការអស្ចារ្យទាំងនេះគឺជាការបង្ហាញដ៏គួរឱ្យកត់សម្គាល់ពីសេចក្តីស្រឡាញ់របស់ ព្រះជាម្ចាស់ចំពោះជនជាតិអ៊ីស្រាអែល។

​

លោកប៉ុលយល់ឃើញថាព្រះគ្រីស្ទមានវត្តមានខាងវិញ្ញាណជាមួយជនជាតិអ៊ីស្រាអែលក្នុងអំឡុងពេលដែលពួកគេស្ថិតនៅក្នុងទីរហោស្ថាន។ គាត់និយាយថាថ្មដែលពួកគេបានផឹកនោះគឺជាព្រះគ្រីស្ទ (ចោទិយកថា ៣២) ដោយសារទ្រង់គឺជាប្រភពទឹកដែលបានចិញ្ចឹមពួកគេនៅក្នុងទីរហោស្ថាន។

 

ប៉ុន្តែ ព្រះ‌ទ្រង់​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​គេ​ជា​ច្រើន​គ្នា​ទេ ដ្បិត​គេ​ត្រូវ​ដួល​ស្លាប់​រាត់‌រាយ នៅ​ក្នុង​ទី​រហោ‌ស្ថាន

 

១០:៥ ព្រះជាម្ចាស់មិនសព្វព្រះទ័យជាមួយមនុស្សជំនាន់នោះទេដោយសារតែការខ្វះជំនឿរបស់ពួកគេ ព្រមទាំងការមិនស្តាប់បង្គាប់ទ្រង់ផង។ បើទោះបីជាព្រះជាម្ចាស់បានបន្តការពារ និងផ្គត់ផ្គង់ដល់ពួកគេ នៅក្នុងទីរហោស្ថានក៏ដោយ ក៏ទ្រង់អនុញ្ញាតិឱ្យតែបុរសពីរនាក់ដែលបានចាកចេញពីប្រទេសអេស៊ីព្ទមក តែប៉ុណ្ណោះ (យ៉ូស្វេ និងកាលែប) ចូលទៅកាន់ទឹកដីសន្យា។ ចំណែកអ្នកផ្សេងទៀត (រួមទាំងម៉ូសេ និងអឺរ៉ុន) មិនមានសិទ្ធិចូលទៅកាន់ទឹកដីសន្យាទេ​ ហើយបានស្លាប់នៅក្នុងទីរហោស្ថាន (ជនគណនា ២០:៨-១២, ២០:២៤)។ ការនេះមិនមែនមានន័យថាពួកគេបាត់បង់ការសង្គ្រោះរបស់ពួកគេទេ (ពិតណាស់លោកម៉ូសេនៅឯស្ថានសួគ៌ហើយ)។ ប៉ុន្តែមានន័យថាពួកគេបរាជ័យក្នុងការចូលទៅកាន់អ្វីដែល ព្រះជាម្ចាស់បានរៀបចំទុកឱ្យពួកគេនៅក្នុងមួយជីវិតនេះ។

 

ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ

 

១០:៦ ជនជាតិអ៊ីស្រាអែលនៅជំនាន់នោះត្រូវបានព្រះជាម្ចាស់ប្រោសលោះរួចហើយ ព្រមទាំងទទួល បានបទពិសោធន៍នៃ “បុណ្យជ្រមុជទឹក” និង “ពិធីលៀងបរិសុទ្ធ” ហើយពួកគេភាគច្រើននៅតែបរាជ័យ ក្នុងការឈ្នះរង្វាន់។ ដូច្នេះមនុស្សនៅជំនាន់នោះគឺជាការព្រមាន និងជាឧទាហរណ៍ដល់អ្នកក្រុងកូរិនថូស (និងគ្រីស្ទបរិស័ទនៅគ្រប់ជំនាន់ទាំងអស់)។

​

គ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសមានសេចក្តីប៉ងប្រាថ្នាអាក្រក់ (ឧទាហរណ៍ ពួកគេចង់ចូលរួមពិធីជប់លៀង នៅក្នុងវិហារសម្រាប់ព្រះក្លែងក្លាយ ឬរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទ)។ ពួកគេគិតថាពួកគេមានសុវត្ថភាព ខាងវិញ្ញាណដោយសារព្រះពរ និងបទពិសោធន៍ខាងវិញ្ញាណកន្លងមក ជាពិសេសពិធីបុណ្យជ្រមុជទឹក និងពិធីលៀងបរិសុទ្ធ។ ដូច្នេះលោកប៉ុលព្រមានដល់ពួកគេ។ ជនជាតិអ៊ីស្រាអែលទទួលបានពរ ព្រមទាំងមានបទពិសោធន៍ខាងវិញ្ញាណដ៏អស្ចារ្យ ប៉ុន្តែពួកគេនៅតែបរាជ័យក្នុងការចូលទៅកាន់ ទឹកដីសន្យា។ តាមរបៀបដូចគ្នានេះដែរ គ្រីស្ទបរិស័ទនៅក្នុងទីក្រុងកូរិនថូសមួយចំនួនក៏អាចបរាជ័យ ផងដែរ។ 

 

អំពើបាបដូចគ្នាដែលទប់ស្កាត់ជនជាតិអ៊ីស្រាអែលនៅជំនាន់នោះពីការធ្វើតាមផែនការរបស់ព្រះជាម្ចាស់ និងទទួលព្រះពរក៏អាចទប់ស្កាត់គ្រីស្ទបរិស័ទពីការមានជីវិតដែលមានប្រសិទ្ធភាព និងការរស់នៅដែល បង្កើតផលផ្លេសម្រាប់ព្រះជាម្ចាស់នៅថ្ងៃនេះដែរ។ ដូច្នេះយើងត្រូវរៀនពីការបរាជ័យរបស់ជនជា តិអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន។ តើជនជាតិអ៊ីស្រាអែលបរាជ័យដោយរបៀបណា? ពួកគេបានប្រព្រឹត្តិ អំពើបាបធំៗចំនួនបួន៖ ថ្វាយបង្គំរូបព្រះ (ខ៧) អំពើអសីលធម៌ផ្លូវភេទ (ខ៨) ការល្បងលជាមួយ ព្រះជាម្ចាស់ (ខ៩) និងការត្អូញត្អែ (ខ១០)។

 

ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ថ្វាយ​ដែរ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «បណ្តាជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ»

​

១០:៧ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តិអំពើថ្វាយបង្គំរូបព្រះនៅពេលដែលពួកគេសុំឱ្យអឺរ៉ុនឆ្លាក់រូប គោពីមាស (និក្ខមនំ ៣២:៥-៦, ៣២:១៧-១៩)។ ពួកគេនៅតែជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេលាយឡំ ការថ្វាយបង្គំរូបព្រះជាមួយនឹងការថ្វាយបង្គំព្រះជាម្ចាស់។ 

 

ការថ្វាយបង្គំរូបព្រះរបស់ជនជាតិអ៊ីស្រាអែលត្រូវបានកត់ត្រាទុកនៅក្នុង និក្ខមនំ ជំពូក ៣២។ លោកប៉ុល ដកស្រង់ និក្ខមនំ ៣២:៦ខ «បណ្តាជន​បាន​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ»។ ដោយកត់សម្គាល់ឃើញថា គាត់ដកស្រង់ផ្នែក នៃសាច់រឿងនៅពេលដែលបណ្តាជនបរិភោគនៅក្នុងវត្តមាន របស់រូបព្រះគោធ្វើពីមាស។ លោកប៉ុលបញ្ជាក់ យ៉ាងច្បាស់ៗថាការបរិភោគអាហារសាសនានៅចំពោះ វត្តមានរបស់រូបព្រះវាគឺជាការថ្វាយបង្គំរូបព្រះ (ដូចនៅក្នុង ៨:១០ និង ១០:១៤-២២)។ ប្រសិនបើ អ្នកក្រុងកូរិនថូសធ្វើដូចគ្នានេះដែរ (ដោយទៅចូលរួម នៅក្នុងវិហាររបស់ជនជាតិក្រិកដើម្បីអបអរ ការជប់លៀងដល់រូបព្រះ) ពួកគេអាចរំពឹងថានឹងទទួលបាននូវ ផលវិបាកដូចគ្នាទៅនឹងអ្វីដែល ជនជាតិអ៊ីស្រាអែលបានជួបប្រទះដែរ។ ដូចដែលព្រះជាម្ចាស់មិនបាន អត់ឱនចំពោះការថ្វាយបង្គំរូបព្រះ របស់ជនជាតិអ៊ីស្រាអែល នោះទ្រង់ក៏នឹងមិនអត់ឱនចំពោះការថ្វាយបង្គំ រូបព្រះរបស់អ្នកក្រុងកូរិនថូសដែរ (ហើយទ្រង់នឹងអត់ឱនចំពោះការថ្វាយបង្គំរូបព្រះរបស់យើងដែរ)។ 

​

ឬ​ប្រព្រឹត្ត​សេចក្ដី​កំផិត ដូច​ជា​ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត ហើយ​មាន​២​ម៉ឺន​៣​ពាន់​នាក់ បាន​ត្រូវ​វិនាស​ក្នុង​១​ថ្ងៃ​នោះ​ឯង

 

១០:៨ បុរសៗជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តិអំពើអសីលធម៌ខាងផ្លូវភេទជាមួយស្ត្រីជនជាតិម៉ូអាប់ ហើយចូលរួមនៅក្នុងការថ្វាយបង្គំរូបព្រះបាលពេអរ (ជនគណនា ២៥:១-៩)។ ជាលទ្ធផលជនជាតិអ៊ីស្រា អែលរាប់ពាន់នាក់បានស្លាប់។ ជាថ្មីម្តងទៀតលោកប៉ុលចង់ឱ្យអ្នកក្រុងកូរិនថូសយល់ឃើញពីលក្ខណៈ ស្រដៀងគ្នារវាងស្ថានភាពរបស់ជនជាតិអ៊ីស្រាអែល និងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេក៏ទទួលបានការល្បួងឱ្យប្រព្រឹត្តិអំពើអសីលធម៌ផ្លូវភេទដែរ (៦:១២-២០) ហើយប្រសិនបើ ពួកគេធ្វើដូច្នោះមែន ពួកគេក៏នឹងទទួលនូវការកាត់ទោសពីព្រះជាម្ចាស់ដែរ។

 

ឬ​ល្បង​ព្រះ‌គ្រីស្ទ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ល្បង​ទ្រង់ ហើយ​ត្រូវ​វិនាស​ទៅ ដោយ​ពស់​ចឹក 10ក៏​កុំ​ឲ្យ​ត្អូញ‌ត្អែរ ដូច​ជា​ពួក​គេ​ខ្លះ​បាន​ត្អូញ‌ត្អែរ ហើយ​ត្រូវ​វិនាស​ដោយ​មេ​បំផ្លាញ​នោះ​ឡើយ

 

១០:៩ ដើម្បី “ល្បង” ព្រះជាម្ចាស់គឺជាការមើលថាតើអ្នកអាចមិនស្តាប់បង្គាប់ប៉ុណ្ណាមុនពេលដែលទ្រង់ កាត់ទោសអ្នក (កិច្ចការ ៥:៩; ហេព្រើរ ៣:៩)។ ជនជាតិអ៊ីស្រាអែលបានធ្វើការនេះនៅពេលដែល ពួកគេបានត្អូញត្អែអំពីនំម៉ាណាដែលព្រះជាម្ចាស់បានប្រទានឱ្យពួកគេ។ ពួកគេបានប្រាប់ទៅកាន់ លោកម៉ូសេថា “​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់” (ជនគណនា ២១:៥)។ ព្រះជាម្ចាស់ បានកាត់ទោសពួកគេដោយបញ្ជូនពស់ពិសដ៏កាចសាហាវមកសម្លាប់ពួកគេអស់ជាច្រើននាក់។ ប៉ុន្តែ អស់អ្នកដែលសម្លឹងមើលទៅកាន់ពស់សំរិទ្ធនៅលើបង្គោលបានរួចជីវិតវិញ (ជនគណនា ២១:៦-៩)។

​

១០:១០ ជនជាតិអ៊ីស្រាអែលរអ៊ូរទាំនៅក្នុងទីរហោស្ថានម្តងហើយម្តងទៀត។ ការកើតឡើងធំៗចំនួនពីរគឺ (១) នៅពេលដែលពួកគេរអ៊ូរទាំទាស់នឹងលោកម៉ូសេដែលជាអ្នកដឹកនាំរបស់ពួកគេ ហើយព្រះជាម្ចាស់ បានប្រកាសថាមានតែលោកយ៉ូស្វេ កាលែប និងអ្នកដែលមានអាយុក្រោម ២០ ឆ្នាំប៉ុណ្ណោះដែលអាចចូល ទៅកាន់ទឹកដីសន្យាបាន (ជនគណនា ១៤) ហើយ (២) នៅពេលដែលប្រជាជនរអ៊ូរទាំប្រឆាំងទាស់នឹង លោកម៉ូសេអំពីការកាត់ទោសរបស់ព្រះជាម្ចាស់ប្រឆាំងនឹងកូរេ និងអ្នកដើរតាមគាត់ ហើយជំងឺរាតត្បាត បានសម្លាប់មនុស្សអស់ ១៤,៧០០នាក់ (ជនគណនា ១៦)។

 

រីឯ​ការ​ទាំង​នោះ​បាន​កើត​មក​ដល់​គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក សំរាប់​ជា​សេចក្ដី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា ដែល​យើង​នៅ​គ្រា​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប បាន​ជា​អ្នក​ណា​ដែល​ស្មាន​ថា​ខ្លួន​ឈរ នោះ​ត្រូវ​ប្រយ័ត ក្រែង​លោ​ដួល

 

១០:១១-១២ លោកប៉ុលបានប្រើឧទាហរណ៍នៃភាពមិនស្មោះត្រង់របស់ជនជាតិអ៊ីស្រាអែលដើម្បីព្រមាន ដល់មនុស្សដែលមិនស្មោះត្រង់នៅក្នុងទីក្រុងកូរិនថូស។ ជនជាតិអ៊ីស្រាអែលនៅជំនាន់នោះបានរស់នៅក្នុង ចំណុចចាប់ផ្តើមនៃការសន្យារបស់ព្រះជាម្ចាស់។ យើងរស់នៅក្នុងចំណុចចុងបញ្ចប់នៃប្រវត្តិសាស្ត្រ នៅគ្រាដែលព្រះជាម្ចាស់កំពុងតែនាំយកនូវបំណងព្រះហឫទ័យទ្រង់ទាំងអស់ឱ្យបានសម្រេចនៅក្នុងព្រះគ្រីស្ទ (២ កូរិនថូស ៣:១៤-១៨)។ ព្រឹត្តិការណ៍ទាំងនេះពីប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែលគឺ ត្រូវបានកត់ត្រាទុកដូច្នេះគ្រីស្ទបរិស័ទ (ដែលរស់នៅក្នុង “គ្រាចុងបំផុត”) អាចរៀនពីវាបាន។ ដូច្នេះយើងមិនត្រូវប្រព្រឹត្តិខុសឆ្គងដូចជនជាតិអ៊ីស្រាអែលទៀតទេ។

 

ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ‌ទ្រង់​ក៏​ស្មោះ‌ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។

​

១០:១៣ លោកប៉ុលលើកទឹកចិត្តដល់ក្រុមជំនុំថាការល្បងល និងសេចក្តីល្បួងដែលយើងជួបប្រទះ គឺជារឿង “ធម្មតាសម្រាប់មនុស្ស”​ នោះគឺវាមិនមែនជាអ្វីម្យ៉ាងដែលមិនធម្មតានោះទេ ប៉ុន្តែគឺជាផ្នែកធម្មតាមួយនៃជីវិតដែលមនុស្សទាំងអស់ជួបប្រទះ។ យើងអាចមានសេចក្តីសុខសាន្ត និងទំនុកចិត្តខណៈពេលដែលយើងធ្វើដំណើរឆ្លងកាត់ការល្បងល និងសេចក្តីល្បួងពីព្រោះព្រះជាម្ចាស់ ត្រៀមជួយយើងនូវគ្រប់ស្ថានការណ៍លំបាកៗទាំងឡាយនៅក្នុងជីវិត។“ព្រះទ្រង់ស្មោះត្រង់” (១:៩) ហើយយើងអាចទុកចិត្តទ្រង់ឱ្យជួយយើងបានតាមរបៀបពីរយ៉ាង។ 

​

ទីមួយព្រះជាម្ចាស់ “ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ”។ យើងនឹងត្រូវប្រឈមមុខជាមួយនឹងការល្បងល និងសេចក្តីល្បួងនៅក្នុងជីវិតរបស់យើង ប៉ុន្តែព្រះជាម្ចាស់ នឹងដាក់កម្រិតវាដើម្បីឱ្យវានឹងមិនច្រើនខ្លាំងពេកក្នុងការឱ្យយើងស៊ូទ្រាំ (យ៉ូប ១:១២, ២:៦)។ ក្នុងគ្រាមានការល្បងល និងការល្បួង ព្រះជាម្ចាស់អាចធ្វើបានទាំងការដាក់កំណត់នូវការលំបាក ដែលយើងជួបប្រទះ និងបង្កើនសម្មត្ថភាពរបស់យើងដើម្បីគ្រប់គ្រងលើស្ថានការណ៍នោះដោយ ប្រទានឱ្យយើងនូវសន្តិភាព ប្រាជ្ញា និងកម្លាំង។

​

ទីពីរ “ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”។ ដើម្បី “រៀប​ផ្លូវ​ឱ្យចៀស​រួច” មានន័យថាព្រះជាម្ចាស់នឹងជួយយើងគេចចេញពីការជាប់នៅក្នុងអំពើបាប។ ទ្រង់ធ្វើកិច្ចការនេះតាមរយៈ ការធ្វើឱ្យយើងអាចស៊ូទ្រាំនឹងការល្បងល និងការល្បួង ដែលយើងជួបប្រទះបាន។ ព្រះជាម្ចាស់នឹងរក្សាយើងមិនឱ្យយើងមានអារម្មណថាលើសលប់ពេកមកពីការល្បងល និងការល្បួង ដើម្បីកុំឱ្យការល្បួង ឬការល្បងលនោះបំផ្លាញយើងបាន ប៉ុន្តែផ្ទុយទៅវិញយើងអាចស៊ូទ្រាំបាន ដោយជោគជ័យដល់ទីបញ្ចប់ ហើយឈរយ៉ាងរឹងមាំ នៅក្នុងជំនឿរបស់យើងរហូតដល់ការសាកល្បង ការល្បងល ឬសេចក្តីល្បួង បានបញ្ចប់ទៅ។

 

ហេតុ​នោះ ឱ​ពួក​ស្ងួន‌ភ្ងា​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ

 

១០:១៤ សម្រាប់អ្នកជឿនៅទីក្រុងកូរិនថូស ការបដិសេធមិនចូលរួមពិធីជប់លៀងថ្វាយរួបព្រះ នឹង នាំឱ្យមានការបៀតបៀន។ នៅចំពោះមុខនៃការបៀតបៀន ការល្បួងគឺដើម្បីឱ្យអ្នកបោះបង់ចោលជំនឿ ឬសម្របសម្រួល ហើយធ្វើតាមអ្នកដែលមិនស្គាល់ ព្រះជាម្ចាស់ធ្វើ។ ប៉ុន្តែព្រះជាម្ចាស់អាចជួយពួកគេ ឱ្យស៊ូទ្រាំនឹងស្ថានការណ៍នេះបាន ហើយទ្រង់នឹង “រៀបផ្លូវឱ្យជៀសរួច”។ ដូច្នេះពួកគេត្រូវរត់ចេញពី ការថ្វាយបង្គំរូបព្រះ ហើយមិនត្រូវចូលរួមនៅក្នុងពិធីជប់លៀងថ្វាយរូបព្រះនៅក្នុង វិហារសាសន៍ក្រិក ឡើយ។


ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​នឹង​មនុស្ស​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​ខ្ញុំ​ថា​នេះ​ចុះ

 

១០:១៥ អ្នកក្រុងកូរិនថូសបានអួតអំពីប្រាជ្ញារបស់ពួកគេ។ ដូច្នេះលោកប៉ុលប្រាប់ពួកគេថាក្នុងនាមជា “មនុស្ស​មាន​ប្រាជ្ញា” ពួកគេត្រូវតែយល់ថាអ្វីដែលគាត់បាននិយាយនោះគឺត្រឹមត្រូវហើយ។

 

ឯ​ពែង​ដ៏​មាន​ពរ ដែល​យើង​សូម​ពរ​ឲ្យ តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​លោហិត​របស់​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី ហើយ​នំបុ័ង​ដែល​យើង​កាច់​នោះ តើ​មិន​មែន​ជា​សេចក្ដី​ប្រកប​នឹង​រូប​អង្គ​នៃ​ព្រះ‌គ្រីស្ទ​ទេ​ឬ​អី

​

១០:១៦ ដើម្បីបង្រៀនដល់អ្នកក្រុងកូរិនថូសពីគ្រោះថ្នាក់នៃការចូលរួមជាមួយនឹងការថ្វាយបង្គំរូបព្រះ លោកប៉ុលរំលឹកប្រាប់ពួកគេអំពីការបរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់។ “ពែង​ដ៏​មាន​ពរ ” គឺជាពែងទីបីក្នុងអំឡុងពេលបុណ្យ​រំលង។ នេះគឺជាពែងដែលព្រះយេស៊ូវបានប្រទានពរឱ្យ (១១:២៥) ហើយមានបន្ទូលថា “ពែង​នេះ​ជា​សញ្ញា​ថ្មីដោយ​នូវ​ឈាម​ខ្ញុំ” (លូកា ២២:១៧, ២២:២០) មានន័យថាវាគឺជានិមិត្តរូបនៃលោហិតរបស់ទ្រង់ដែលបានខ្ចាយសម្រាប់អំពើបាបដើម្បីបង្កើតនូវសញ្ញាថ្មីរវាងព្រះជាម្ចាស់ និងមនុស្ស។ “​នំបុ័ង​ដែល​យើង​កាច់” គឺជានិមិត្តរូបពីរូបកាយរបស់ទ្រង់ ដែលបានខ្ទេចខ្ទាំពេលទ្រង់សុគតនៅលើឈើឆ្កាង។ ដូច្នេះទាំងស្រា និងនំបុ័ងចង្អុលបង្ហាញទៅកាន់ ការសុគតរបស់ទ្រង់ទុកជាយញ្ញបូជាសម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ។

​

លោកប៉ុលចង់ឱ្យអ្នកក្រុងកូរិនថូសដឹងថានៅពេលដែលពួកគេផឹកស្រា និងបរិភោគនំបុ័ងគឺជា “សេចក្ដី​ប្រកប” នឹងព្រះលោហិត និងរូបកាយរបស់ព្រះគ្រីស្ទ។ ពាក្យបានបកប្រែ “សេចក្តីប្រកប” (κοινωνία) មានន័យថា ‘មានរួមគ្នា មានការប្រកប និងភាពជាដៃគូជាមួយគ្នា’។ លោកប៉ុលបង្រៀនថានៅពេលយើងចែករំលែកនៅក្នុងការបរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់ ការនេះបង្កើតឱ្យមានទំនាក់ទំនងរវាងអ្នកជឿ និងព្រះគ្រីស្ទ។ ព្រះយេស៊ូវមានវត្តមាននៅការបរិភោគ លៀងបរិសុទ្ធនៃព្រះអម្ចាស់ជាមួយនឹងសាវ័ករបស់ទ្រង់នាពេលយប់មុនពេលគេឆ្កាងព្រះអង្គ ហើយក្រុមជំនុំដំបូងបានដឹងថាទ្រង់មានវត្តមានតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការជួបជុំគ្នា ដើម្បីអបអរសាទរការបរិភោគលៀងបរិសុទ្ធិនៃព្រះអម្ចាស់ជាមួយគ្នានោះ (៥:៣-៥)។

​

ដ្បិត​ដែល​មាន​នំបុ័ង​តែ​១​ដុំ​នោះ​យ៉ាង​ណា ចំណែក​ពួក​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​១​យ៉ាង​នោះ​ដែរ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ​នោះ​ឯង 

 

១០:១៧ ទីពីរ លោកប៉ុលសង្កត់ធ្ងន់ថាការបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ក៏បង្កើតនូវភាពជាដៃគូ និងការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទដែរ។ ពីព្រោះយើងទាំងអស់គ្នា “ទទួល​ទាន​ពី​ដុំ​នំបុ័ង​តែ​មួយ” ជានិមិត្តរូបបញ្ជាក់ពីរូបកាយតែមួយរបស់ព្រះគ្រីស្ទ យើងទាំងអស់គ្នាគឺជាតែមួយនៅក្នុងព្រះគ្រីស្ទ (សូមមើលនៅ ៦:១៧)។

 

ចូរ​ពិចារណា​ពី​សាសន៍​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ចុះ ឯ​ពួក​អ្នក​ដែល​បរិភោគ​យញ្ញ‌បូជា​ទាំង​នោះ តើ​មិន​មាន​សេចក្ដី​ប្រកប​នឹង​អាសនា​ទេ​ឬ​អី

 

១០:១៨ បន្ទាប់ទៀតលោកប៉ុលរំលឹកប្រាប់ពួកគេអំពីរបៀបដែលជនជាតិអ៊ីស្រាអែលបរិភោគចំណែក នៃអាហារដែលពួកគេបានថ្វាយយញ្ញបូជា (ចោទិយកថា ១៤:២២-២៧)។ ចំណុចរបស់គាត់គឺថា ការបរិភោគអាហារដែលបានថ្វាយយញ្ញបូជានៅលើអាស្នារួចហើយធ្វើឱ្យអ្នកដែលបរិភោគនោះមានសេចក្តីប្រកបនឹងអាស្នានោះ។ ដូច្នេះអាហារពីពិធីសាសនាមានសារៈសំខាន់យ៉ាងអស្ចារ្យដោយសារវាបង្កើតឱ្យ មានលក្ខណៈនៃភាពជាដៃគូខាងវិញ្ញាណ។

 

ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​មាន​ន័យ​ថា រូប​ព្រះ​ជា​អ្វី​ឬ​ទេ ឬ​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ជា​អ្វី​ឬ​ទេ មិន​មែន​ជា​អ្វី​ទេ ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្ដី​ប្រកប​នឹង​អារក្ស​ឡើយ 

 

១០:១៩ លោកប៉ុលពន្យល់ប្រាប់ពីប្រភេទនៃភាពជាដៃគូនោះគឺត្រូវបានបង្កើតឡើង នៅពេលដែលមនុស្ស ចូលរួមពិធីជប់លៀងសម្រាប់ការថ្វាយបង្គំរូបព្រះ។ គាត់បញ្ជាក់ច្បាស់ៗថា បញ្ហាមិនមែនមកពីសាច់ទេ (ដែលនោះមកពីព្រះជាម្ចាស់) ឬរូបព្រះ (ដែលមិនមែនជាព្រះពិតប្រាកដ ហើយវាគ្រាន់តែជាវត្ថុដែលមនុស្ស បានបង្កើតឡើងប៉ុតែណ្ណោះ)។

​

១០:២០ បញ្ហាគឺថារូបព្រះតំណាងឱ្យជំនឿក្លែងក្លាយដែលប្រកួតប្រជែងជាមួយនឹងព្រះជាម្ចាស់។ បើទោះបីជា ព្រះផ្សេងៗដែលត្រូវបានអ្នកថ្វាយបង្គំរូបព្រះគោរពក៏ដោយក៏វាមិនពិតដែរ គោលបំណងរបស់ អ្នកថ្វាយបង្គំគឺដើម្បីមានការរួមគ្នាជាមួយនឹងវា ហើយការប្រកបគ្នាដែលបានបង្កើតឡើង តាមរយៈ ការចូលរួមពិធីជប់លៀងគឺពិតប្រកដ ហើយមានគ្រោះថ្នាក់ណាស់។ 

​

បើទោះបីជារូបព្រះគ្មានអំណាចអ្វីក៏ដោយ (៨:៤, ៨:៨) ហើយមិនតំណាងឱ្យព្រះពិតទេ អារក្សប្រើប្រាស់ ការថ្វាយបង្គំរូបព្រះដើម្បីបោកបញ្ឆោត និងធ្វើទាសករលើមនុស្សតាមរយៈខាងវិញ្ញាណ (ចោទិយកថា ៣២:១៦-១៧; ទំនុកដំកើង ១០៦:៣៦-៣៨)។ ដោយសារតែ មិនដឹងពីវា នោះមនុស្ស ដែលថ្វាយបង្គំរូបព្រះកំពុងតែថ្វាយសិរីល្អទៅកាន់ អារក្សតាមរយៈការថ្វាយតង្វាយ របស់ពួកគេ។ ដូច្នេះនៅពេលមនុស្សថ្វាយយញ្ញបូជាទៅកាន់រូបព្រះ ពួកគេមិនមែនធ្វើសកម្មភាព ដោយឥតន័យអ្វីសោះ ដូចជាអ្នកក្រុងកូរិនថូសគិតនោះទេ។ តាមការពិតមនុស្សនោះកំពុងតែលះបង់ឱ្យ ទៅអារក្ស ដូច្នេះហើយ ក៏បានបង្កើតឡើងនូវទំនាក់ទំនង ជាមួយវាដែរ។

 

អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់ នឹង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ ក៏​ពុំ​អាច​នឹង​បរិភោគ​នៅ​តុ​ព្រះ‌អម្ចាស់ នឹង​តុ​របស់​អារក្ស​ផង​បាន​ដែរ

 

១០:២១ អាហារ ជាពិសេសអាហារខាងសាសនាបង្កើតនូវភាពជាដៃគូ (ការប្រកប) (ខ១៦-១៨)។ ការបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់គឺជាអាហារបរិសុទ្ធដែលបង្កើតឡើងនូវការរួមប្រកបគ្នាពីចំណោមអ្នកជឿសម្រាប់ការថ្វាយបង្គំព្រះយេស៊ូវដែលមានវត្តមាននៅក្នុងចំណោមប្រជារាស្ត្ររបស់ទ្រង់។ ស្រដៀងគ្នានេះដែរដើម្បីបរិភោគនៅក្នុងពិធីជប់លៀងថ្វាយដល់រូបព្រះគឺជាការមានការរួមប្រកបជាមួយនឹងអារក្ស។ ដូចជាការដែលគ្រីស្ទបរិស័ទអបអរសាទរជាមួយនឹងការបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ ដែលជានិមិត្តរូបនៃការរួបរួមគ្នា និងការប្រកបគ្នាជាមួយព្រះយេស៊ូវដែរ ដូច្នេះពិធីជប់លៀងនេះ ដែលថ្វាយជាការគោរពដល់រូបព្រះនោះគឺជានិមិត្តសញ្ញានៃការរួបរួម និងការប្រកបគ្នារបស់មនុស្ស ជាមួយនឹងអារក្ស។

 

មនុស្សដែលថ្វាយបង្គំរូបព្រះចូលទៅកាន់ការរួមប្រកបជាមួយនឹងអារក្ស។ ដូច្នេះអ្នកក្រុងកូរិនថូស នឹងក្លាយទៅជាដៃគូជាមួយនឹងអារក្សប្រសិនបើពួកគេចូលរួមនៅក្នុងពិធីជប់លៀងសម្រាប់ថ្វាយដល់រូបព្រះនោះ។ ប៉ុន្តែអ្នកដែលរួបរួមជាមួយនឹងព្រះអម្ចាស់ និងជាមួយអ្នកជឿដូចគ្នាជាមួយនឹងគាត់តាមរយៈ ការចូលរួមជាមួយនឹងការបរិភោគបរិសុទ្ធលៀងនៃព្រះអម្ចាស់មិនអាចចូលរួមជាមួយនឹងការថ្វាយបង្គំរូបព្រះបានទេ។ ដូច្នេះអ្នកជឿមិនត្រូវចូលរួមជាមួយនឹងពិធីជប់លៀងថ្វាយដល់រូបព្រះ ទាំងនេះឡើយ។

​

ឬ​តើ​យើង​ចង់​បណ្តាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ប្រចណ្ឌ​ឬ​អី តើ​យើង​ខ្លាំង​ពូកែ​ជាង​ទ្រង់​ឬ។

 

១០:២២ ព្រះជាម្ចាស់គឺជាព្រះដែលច្រណែន។ ការច្រណែនរបស់ទ្រង់ភ្ជាប់ទៅកាន់ភាពបរិសុទ្ធ និងព្រះចេស្តារបស់ទ្រង់។ ពីព្រោះគ្មានអ្វីប្រៀបផ្ទឹមបានទៅនឹងទ្រង់ឡើយ ហើយគ្មានអ្នក​ឲ្យ​ស្មើ​នឹងទ្រង់ ឡើយ​ ហេតុនោះគឺវាសក្តិសមឱ្យទ្រង់ ច្រណែនហើយនៅពេលដែលប្រជារាស្ត្ររបស់ទ្រង់ ផ្តល់ការគោរព និងស្តាប់បង្គាប់ដែលមានតែទ្រង់តែមួយ អង្គប៉ុណ្ណោះ សមនឹងទទួលបាន ចំពោះអ្វីផ្សេងទៀត។ សូមកត់សម្គាល់ថានៅក្នុងសញ្ញាចាស់ ការច្រណែនរបស់ទ្រង់តែងតែឆ្លើយតបទៅកាន់ការថ្វាយបង្គំរូបព្រះ ពីសំណាក់ប្រជារាស្ត្ររបស់ទ្រង់ (និក្ខមនំ ២០:៥; ៣៤:១៤; ចោទិយកថា ៤:២៤, ៥:៩, ៦:១៤–១៥; យ៉ូស្វេ ២៤:១៩–២០; ១ ពង្សាវតារក្សត្រ ១៤:២២–២៣; ទំនុកដំកើង ៧៨:៥៨; អេសេគាល ៨:៣; ណាហ៊ុម ១:២; សេផានា ១:១៨)។។

 

លោកប៉ុលព្រមានដល់ក្រុមជំនុំនៅទីក្រុងកូរិនថូស (មិនមែនអំពីអំណាចរបស់អារក្សទេ) ប៉ុន្តែអំពីការច្រ ណែនរបស់ព្រះអម្ចាស់។ អ្នកក្រុងកូរិនថូសអាចគិតថា ពួកគេគ្រាន់តែចូលរួមនៅក្នុងពិធីជប់លៀង ប៉ុន្តែតាមការពិតពួកគេមានការរួមប្រកបគ្នាជាមួយនឹងអារក្ស (២:៨)។ ប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេនឹងញុះញង់​ឱ្យព្រះ​ជាម្ចាស់ច្រណែន ទ្រង់នឹងបែព្រះភក្រចេញពីពួកគេ ហើយពួកគេនឹងត្រូវបាន បំផ្លាញជាជំនាន់ដ៏អាក្រក់ (ដូចជាជំនាន់របស់ពួកអ៊ីស្រាអែល នៅទីរហោស្ថានដែរ)។

 

សមាជិកមួយចំនួនក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូសគិតថាវាគឺជាសិទ្ធិរបស់ពួកគេក្នុងការចូលរួមជាមួយពិធីជប់លៀងទាំងនេះ ហើយពួកគេព្យាយាមនាំអ្នកជឿដទៃទៀតឱ្យទៅចូលរួមផងដែរ។ ប៉ុន្តែលោកប៉ុលកំពុងតែ ប្រាប់ពួកគេថាពួកគេមិនត្រូវធ្វើកិច្ចការនេះជាដាច់ខាតពីព្រោះ (១) វាមិនមែនជាអាកប្បកិរិយា ដេលផ្អែកលើសេចក្តីស្រឡាញ់ទេ ហើយអាកប្បកិរិយារបស់គ្រីស្ទបរិស័ទគឺផ្អែកលើសេចក្តីស្រឡាញ់ មិនមែនចំណេះដឹងទេ និង (២) ដោយហេតុថាវាជាមិនសមរម្យទាល់តែសោះសម្រាប់អ្នកដែលមានជីវិត នៅក្នុងព្រះគ្រីស្ទទៅចូលរួម ពិធីជប់លៀងថ្វាយរូបព្រះយ៉ាងដូច្នេះ។

 

មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ

​

១០:២៣ សេរីភាពជាគ្រីស្ទបរិស័ទគឺសំខាន់ណាស់ ប៉ុន្តែមានរឿងរ៉ាវមួយចំនួនដែលមិនមែនជា ភាពឆ្លាតវៃសម្រាប់គ្រីស្ទបរិស័ទធ្វើឡើយ​ ពីព្រោះវាមិនបានជួយពង្រឹងយើងនៅក្នុងសេចក្តីជំនឿ ឬជួយអ្នកដទៃឱ្យស្គាល់ព្រះឡើយ (ខ២៤)។ អ្នកក្រុងកូរិនថូសគិតថាចំណេះដឹង និងសិទ្ធិគឺជាមូលដ្ឋាន គ្រឹះនៃអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ។ ប៉ុន្តែលោកប៉ុលដឹងថាសេចក្តីស្រឡាញ់ ទៅវិញទេដែលសំខាន់ បំផុតនោះ ពីព្រោះសេចក្តីស្រឡាញ់ជួយពង្រឹងដល់អ្នកដទៃ។

 

កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ

 

១០:២៤ សេរីភាពរបស់គ្រីស្ទបរិស័ទគឺមានដែនកំណត់ដោយ​របៀប​ដែលសកម្មភាពរបស់យើង ដែលប៉ះពាល់ដល់អ្នកដទៃ។ ការស្រឡាញ់ និងការយកចិត្តទុកដាក់របស់គ្រីស្ទបរិស័ទចំពោះអ្នកដទៃ ហេតុដូច្នេះយើងមិនអាចស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនយើងដោយអាត្មានិយមឡើយ ប៉ុន្តែផ្ទុយទៅវិញ ស្វែងរកអ្វីដែលល្អសម្រាប់អ្នកដទៃវិញ។ ដូច្នេះយើងត្រូវតែធ្វើអ្វីដែលមានប្រយោជន៍ និងពង្រឹងអ្នកដទៃ ជាជាងផ្តោតតែទៅលើសិទ្ធិរបស់យើង។

 

ចូរ​បរិភោគ​គ្រប់​របស់​ទាំង​អស់ ដែល​គេ​លក់​នៅ​ទី​ផ្សារ ឥត​ចាំ​បាច់​សើុប​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត

​

១០:២៥ លោកប៉ុលបានហាមឃាត់គ្រីស្ទបរិស័ទមិនឱ្យចូលរួមនៅក្នុងពិធីជប់លៀងថ្វាយទៅកាន់រូបព្រះទេ ពីព្រោះវាគឺជាការធ្វើជាដៃគូជាមួយអារក្ស ប៉ុន្តែចុះសម្រាប់សាច់ដែលលក់នៅលើទីផ្សារវិញយ៉ាងណាដែរ?

 

ទីផ្សារតែងតែមានសាច់ដែលបានបូជាទៅកាន់រូបព្រះ។ វាជាការលំបាកណាស់ដើម្បីឱ្យដឹងថាតើសាច់មួយ ដុំណាដែលបានថ្វាយទៅកាន់រូបព្រះ ឬមិនបានថ្វាយនោះ (៨:១-៦) ដូច្នេះលោកប៉ុលអនុញ្ញាតិឱ្យ ពួកគេបរិភោគអ្វីក៏បានដែលមានលក់នៅទីផ្សារដោយមិនចាំបាច់ស៊ើបថាតើវាមកពីកន្លែងណានោះទេ។ ការនេះបង្ហាញថាវាមិនមែនជាបញ្ហាសម្រាប់គាត់នោះទេថាតើសាច់មួយដុំណាដែលបានថ្វាយទៅកាន់រូបព្រះ ឬមិនបានថ្វាយនោះ។ នៅក្រៅពីកន្លែងជប់លៀងថ្វាយទៅកាន់រូបព្រះនៅក្នុងវិហារ សាច់សម្រាប់រូបព្រះគឺគ្រាន់តែជាអាហា ហើយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ (រ៉ូម ១៤:១៤)។

 

ជាការសំខាន់ណាស់ដែលត្រូវសម្គាល់ថាការព្រមានរបស់លោកប៉ុលនៅក្នុង ខ១៥-២២ គឺស្តីអំពី ការប្រកបគ្នាជាមួយនឹងអារក្សនៅក្នុងពិធីជប់លៀងថ្វាយរូបព្រះនៅក្នុងវិហារ។ បញ្ហាគឺមិនមែនថា សាច់នោះសៅហ្មងនោះទេ ប៉ុន្តែការបរិភោគវានៅក្នុងវិហារសម្រាប់ថ្វាយទៅកាន់រូបព្រះគឺជា ការចូលរួម ក្នុងការថ្វាយបង្គំរូបព្រះ និងមានការប្រកបគ្នាជាមួយអារក្ស។ ប៉ុន្តែប្រសិនបើ អ្នកជឿទិញ សាច់មកពីទីផ្សារ (ដែលប្រហែលជាអាចត្រូវបានថ្វាយទៅកាន់រូបព្រះ) រួចយកវាទៅផ្ទះ ហើយអរព្រះគុណដល់ព្រះជាម្ចាស់ សម្រាប់សាច់នោះ រួចគាត់អាចបរិភោគបានដោយមិនមានអារម្មណ៍ ថាបានធ្វើខុសឡើយ។

 

ដ្បិត​ផែនដី នឹង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌អម្ចាស់

 

១០:២៦ លោកប៉ុលពន្យល់ប្រាប់ពីសេរីភាពរបស់គាត់ចំពោះបញ្ហានេះដោយដកស្រង់ពី ទំនុកតម្កើង ២៤:១។ សាសន៍យូដាតែងតែដកស្រង់ខគម្ពីរនេះសម្រាប់ជាព្រះពរដែលពួកគេអធិស្ឋាន នៅពេល បរិភោគអាហារ។

​

លោកប៉ុលបានដឹងថាព្រះជាម្ចាស់ទ្រង់មានអធិបតេយ្យភាពលើគ្រប់ទាំងរបស់ទាំងអស់ (៨:៦) ហើយអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតឡើងគឺសុទ្ធតែល្អ (១ ធីម៉ូថេ ៤:៤)។ ការបង្កើតទាំងមូលគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ មិនមែនផ្នែកខ្លះទៅព្រះ ហើយផ្នែកខ្លះទៀតទៅរូបព្រះនោះទេ។ ព្រះជាម្ចាស់គឺជាប្រភពនៃអាហារ ហេតុនេះអាចបរិភោគវាបានដោយគ្រាន់តែអរព្រះគុណទៅកាន់ទ្រង់។

 

តែ​បើ​អ្នក​ណា​ដែល​មិន​ជឿ គេ​អញ្ជើញ​អ្នក​ទៅ​ពិសា ហើយ​អ្នក​ចង់​ទៅ​ដែរ នោះ​ត្រូវ​បរិភោគ​គ្រប់​មុខ ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ឥត​ចាំ​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត

 

១០:២៧ ស្ថានភាពបន្ទាប់ទៀតដែលលោកប៉ុលសរសេរអំពីនោះគឺនៅពេលដែលអ្នកមិនជឿអញ្ជើញ គ្រីស្ទបរិស័ទទៅកាន់ផ្ទះរបស់គាត់ដើម្បីទទួលទានអាហារពេលល្ងាច។ នៅក្នុងស្ថានភាពនេះ គ្រីស្ទបរិស័ទត្រូវបានអនុញ្ញាតិឱ្យទៅបានប្រសិនបើគាត់ចង់ទៅ ហើយគាត់អាចបរិភោគអ្វីក៏បាន ដែលបានដាក់មកឱ្យគាត់នោះដោយមិនចាំបាច់សួរថាតើបានវាមកពីប្រភពណានោះទេ។ ដូច្នេះវាដូចគ្នានឹងការដែលអ្នកបរិភោគនៅក្នុងផ្ទះរបស់អ្នកដែរ (ខ២៥-២៦)។ 

 

ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ នឹង​បញ្ញា​ចិត្ត​ផង ដែល​ខ្ញុំ​ថា បញ្ញា​ចិត្ត​នេះ នោះ​មិន​មែន​បញ្ញា​ចិត្ត​របស់​អ្នក​ទេ គឺ​របស់​គេ​វិញ ដ្បិត​ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ត្រូវ​បញ្ញា​ចិត្ត​របស់​គេ​ជំនុំ‌ជំរះ

 

១០:២៨ ប៉ុន្តែស្ថានភាពវាខុសគ្នាប្រសិនបើមាននរណាម្នាក់និយាយថា “មុខ​នេះ​ជា​តង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ”។ ការកត់សម្គាល់នេះធ្វើឱ្យមានការផ្លាស់ប្តូរដល់កាលៈទេសៈ។ ប្រសិនបើមាននរណាម្នាក់ប្រកាសថាសាច់នោះមានសារៈសំខាន់សម្រាប់ខាងសាសនាហើយ គ្រីស្ទបរិស័ទមិនត្រូវទទួលទានឡើយ។ ហេតុអ្វី? ពីព្រោះការបរិភោគនៅក្នុងកាលៈទេសៈបែបទាំងនេះ នឹងធ្វើឱ្យអ្នកដទៃគិតថាគ្រីស្ទបរិស័ទយល់ព្រមចំពោះការថ្វាយបង្គំរូបព្រះ។ គ្រីស្ទបរិស័ទមិនត្រូវបរិភោគ “ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ និង​បញ្ញា​ចិត្ត​ផង” មានន័យថាបញ្ហាចិត្តរបស់អ្នកមិនជឿ។

 

១០:២៩ គ្រីស្ទបរិស័ទដឹងថាការថ្វាយសាច់ទៅកាន់រូបព្រះមិនធ្វើឱ្យខូចសាច់នោះទេ ពីព្រោះ (១) រូបព្រះមិនមែនពិតទេ ហើយក៏គ្មានអំណាចដែរ និង (២) មានព្រះពិតតែមួយប៉ុណ្ណោះ ហើយគ្រប់អាហារ ទាំងអស់គឺជារបស់ព្រះ។ ទោះយ៉ាងណាចំណេះដឹងរបស់គ្រីស្ទបរិស័ទមិនសំខាន់នោះទេ ប៉ុន្តែសេចក្តីស្រឡាញ់របស់គាត់ចំពោះអ្នកដទៃដែលគាត់ចង់ឱ្យទទួលបានការសង្គ្រោះទើបសំខាន់។ អ្នកមិនជឿត្រូវបានបោកបញ្ឆោត ហើយគិតថារូបព្រះគឺជាព្រះពិត ហើយចង់បរិភោគសាច់ដើម្បីគោរព ដល់ព្រះក្លែងក្លាយនោះ។ ដូច្នេះនៅពេលដែលគ្រីស្ទបរិស័ទបរិភោគសាច់ អ្នកមិនជឿគិតថាគ្រីស្ទបរិស័ទ យល់ស្របនឹងការថ្វាយបង្គំរូបព្រះរបស់គាត់។ ដូច្នេះប្រាជ្ញា និងសកម្មភាពនៃសេចក្តីស្រឡាញ់សម្រាប់ គ្រីស្ទបរិស័ទគឺមិនត្រូវបរិភោគទេ។

 

បើ​ខ្ញុំ​ទទួល​ទាន​ដោយ​អរ​ព្រះ‌គុណ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​របស់​ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​រួច​ហើយ​នោះ

​

១០:៣០ ប្រសិនបើគ្រីស្ទបរិស័ទអាចបរិភោគសាច់បានដោយអរព្រះគុណដល់ព្រះជាម្ចាស់ ហើយ មិនបង្កបញ្ហាដល់មនសិការរបស់នរណាម្នាក់ទេ នោះគ្មាននរណាម្នាក់គួរកាត់ទោសគាត់សម្រាប់ ការបរិភោគសាច់ដែលបានថ្វាយទៅកាន់រូបព្រះនៅក្នុងផ្ទះរបស់ពួកគេឡើយ។

 

ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី‌ល្អ​ដល់​ព្រះ​ចុះ

 

១០:៣១​ នេះគឺជាសេចក្តីសន្និដ្ឋានសម្រាប់បញ្ហានេះ។ សម្រាប់លោកប៉ុលវិញ បញ្ហាគឺមិនមែននិយាយ អំពីសាច់ ឬរូបព្រះទេ។ អ្វីដែលសំខាន់គឺសិរីល្អរបស់ព្រះជាម្ចាស់។ គោលបំណងនៅក្នុងជីវិតរបស់យើង គឺថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ ការនេះមានន័យថាយើងតែងតែមានគោលដៅក្នុងការរស់នៅ ដែលគាប់ព្រះហឫទ័យដល់ទ្រង់ ហើយជួយដល់អ្នកដទៃឱ្យស្គាល់ទ្រង់ដែរ ដើម្បីឱ្យពួកគេនឹង សរសើរដល់ទ្រង់ដែរ (ម៉ាថាយ ៥:១៦)។

​

នៅពេលគ្រីស្ទបរិស័ទម្នាក់មានការព្រួយបារម្ភច្រើនអំពីសិរីល្អរបស់ព្រះជាម្ចាស់ជាជាងអំពីសិទ្ធិរបស់គាត់ នោះគាត់នឹងតែធ្វើអ្វីៗដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់រាល់សកម្មភាពទាំងអស់។ ប្រសិនបើ គាត់បរិភោគសាច់ គាត់នឹងធ្វើដូច្នោះដើម្បីថ្វាយសិរីល្អដល់ព្រះ ហើយអរព្រះគុណដល់ទ្រង់ ដែលបានប្រទានអាហារល្អៗមក។ ប្រសិនបើគាត់មិនបរិភោគសាច់ទេ នោះគឺដោយសារវាទាក់ទង នឹងការថ្វាយបង្គំរូបព្រះ ហើយសេចក្តីស្រឡាញ់របស់គាត់សម្រាប់ព្រះ និងសម្រាប់មនុស្សធ្វើឱ្យគាត់កាន់តែ យកចិត្តទុកដាក់ចំពោះសិរីល្អរបស់ទ្រង់ និងការសង្គ្រោះរបស់ពួកគេច្រើនជាងគាត់ខ្វល់ខ្វាយអំពីសាច់។ 

 

កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ

​

១០:៣២ ដើម្បីនាំមកនូវសិរីល្អដល់ព្រះជាម្ចាស់ គ្រីស្ទបរិស័ទគួរតែប្រព្រឹត្តខ្លួនតាមរបៀបដែលដឹកនាំ អ្នកដទៃឱ្យមានទំនាក់ទំនងជាមួយនឹងព្រះយេស៊ូវ (៩:១៩-២៣)។ ផ្ទុយទៅវិញការ “ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ” គឺជាការប្រព្រឹត្តតាមរបៀបដែលទប់ស្គាត់អ្នកមិនជឿពីការស្តាប់ឮដំណឹងល្អ ឬបញ្ឃប់ពួកគេមិនឱ្យមាន ជំនឿលើព្រះគ្រីស្ទ។ វាក៏មានន័យដែរថាការប្រព្រឹត្តតាមរបៀបដែលបណ្តាលឱ្យបងប្អូនប្រុសស្រី នៅក្នុងព្រះគ្រីស្ទជំពប់នៅក្នុងសេចក្តីជំនឿរបស់ពួកគេ។ ដូច្នេះលោកប៉ុលជម្រុញឱ្យអ្នកក្រុងកូរិនថូស រស់នៅតាមរបៀប ដែលមិនធ្វើឱ្យបង្អាក់ចិត្តដល់នរណាម្នាក់ឡើយ។

 

ដូច​ជា​ខ្លួន​ខ្ញុំ​ក៏​ផ្គាប់​ដល់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​ទាំង​អស់​ដែរ ដោយ​ឥត​រក​ផល​ប្រយោជន៍​ដល់​ខ្លួន​ឡើយ គឺ​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​រួច។

​

១០:៣៣ សម្រាប់គ្រីស្ទបរិស័ទដែលពេញវ័យ អ្វីៗគ្រប់យ៉ាងគឺសម្រាប់ជាសិរីល្អរបស់ព្រះជាម្ចាស់ និងជាប្រយោជន៍ដល់ដំណឹងល្អ គឺថាមនុស្សនឹងទទួលវា ហើយត្រូវបានសង្គ្រោះ។

 

លោកប៉ុលគឺជាគំរូដ៏ល្អពីការរស់នៅដែលស្រមតាមគោលការណ៍នេះ។ គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលជួយ ដល់អ្នកដទៃឱ្យទទួលបានដំណឹងល្អ (៩:១៩-២២) ហើយក្លាយជាអ្នកដើរតាមព្រះយេស៊ូវ។ គាត់យល់ដឹងពីរបៀបដែលសកម្មភាពរបស់គាត់អាចជួយ ឬរារាំងអ្នកដទៃចំពោះជំនឿរបស់ពួកគេ លើព្រះយេស៊ូវ ហើយប្រព្រឹត្តតាមរបៀបដែលនាំមនុស្សទៅកាន់ព្រះជាម្ចាស់។  គាត់មិនបានធ្វើអ្វីសោះ ដែលបណ្តាលឱ្យគ្រីស្ទបរិស័ទដទៃទៀតជំពប់ដួលទៅក្នុងអំពើបាបសោះ (៨:១៣) ឬអាចធ្វើឱ្យរារាំង មនុស្សមិនឱ្យទទួលយកដំណឹងល្អ (៩:១២; ២ កូរិនថូស ៦:៣; រ៉ូម ១៤:១៣, ១៤:២០-២១)។ អ្វីដែលសំខាន់សម្រាប់លោកប៉ុលនោះមិនមែនជាសិទ្ធិ និងអត្ថប្រយោជន៍របស់គាត់ទេ ប៉ុន្តែគឺជា សេចក្តីសង្គ្រោះរបស់អ្នកដទៃវិញ (៩:២២) ហើយគោលការណ៍នេះគឺមានឥទ្ធិពលនៅលើ អ្វីៗដែលគាត់ធ្វើ។ នេះគឺជាឧទាហរណ៍ដែលគាត់ចង់ឱ្យអ្នកក្រុងកូរិនថូសធ្វើតាម។

bottom of page