
ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។
១១:១ លោកប៉ុលបានយកខ្លួនគាត់មកធ្វើជាគំរូសម្រាប់គ្រីស្ទានដែលផ្តោតលើ “ធ្វើទាំងអស់សម្រាប់ ចម្រើនសិរីល្អដល់ព្រះ” (១០:៣១) និង “កុំឱ្យធ្វើជាទីបង្អាក់ចិត្ត” ដល់នរណាម្នាក់ឡើយ (១០:៣២; នោះគឺដោយឥតបន្ទោសបាន ហើយមិនត្រូវនាំនរណាម្នាក់ឱ្យប្រព្រឹត្តបាបសោះឡើយ) ដោយហេតុថា គាត់ចង់ឱ្យមនុស្សទាំងអស់ទទួលបានការសង្គ្រោះ។ ឥឡូវនេះគាត់បានណែនាំឱ្យអ្នកក្រុងកូរិនថូស យកតម្រាប់តាមគំរូរបស់គាត់ តាមរបៀបដូចដែលគាត់យកតម្រាប់តាមព្រះគ្រីស្ទដែរ។
ទាំងការរស់នៅ និងព័ន្ធកិច្ចរបស់គាត់ លោកប៉ុលយកតម្រាប់តាមព្រះយេស៊ូវ។ ព្រះយេស៊ូវ “មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ” (រ៉ូម ១៥:៣) ប៉ុន្តែ “បានលះបង់ព្រះអង្គទ្រង់” និងលះបង់សិទ្ធិ របស់ទ្រង់ ជាព្រះរាជបុត្រានៃព្រះ (ភីលីព ២:៥-៧) ហើយបានយកព្រះជន្មទ្រង់ដើម្បីសង្គ្រោះមនុស្ស (យ៉ូហាន ១៥:១៣)។ លោកប៉ុលយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូវ។ គាត់ឥតរកផលប្រយោជន៍ ដល់ខ្លួនឯង ឡើយ (១០:៣៣) ប៉ុន្តែ “បានទ្រទ្រង់ទាំងអស់” (៩:១២) ដើម្បីឱ្យគាត់ “អាចឱ្យបានសង្គ្រោះ ដល់អ្នកខ្លះ” (៩:២២)។
ដំណឹងល្អត្រូវប្រកាសចេញមកក្រុមជំនុំ មិនមែនគ្រាន់តែតាមរយៈការអធិប្បាយព្រះបន្ទូលប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈជីវិតរបស់អ្នកជឿម្នាក់ៗផងដែរ។ ក្រុមជំនុំទាំងមូលត្រូវយកតម្រាប់តាម និងឆ្លុះបញ្ចាំង ពីព្រះយេស៊ូវ។ ការនេះមានន័យថាយើងមិនត្រូវយកចិត្តទុកដាក់តែលើសិទ្ធិ និងសេរីភាពរបស់យើងឡើយ ប៉ុន្តែត្រូវគិតអំពីរបៀបដែលសកម្មភាពរបស់យើងអាចថ្វាយសិរីរុងរឿង ដល់ព្រះជាម្ចាស់ និងបង្ហាញពី ដំណឹងល្អទៅកាន់អ្នកដទៃ។
បងប្អូនអើយ ខ្ញុំសរសើរដល់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំ ក្នុងគ្រប់ការទាំងអស់ ហើយដោយព្រោះអ្នករាល់គ្នាកាន់តាមសេចក្ដី ដែលខ្ញុំបានបង្វឹកបង្រៀនផង
១១:២ លោកប៉ុលបានសរសេរបញ្ចប់អំពីការបរិភោគសាច់ដែលថ្វាយទៅកាន់រូបព្រះ។ បន្ទាប់មក គាត់សរសេរអំពីឥរិយាបថដែលសមស្របនៅពេលគ្រីស្ទបរិស័ទជួបជុំគ្នា។
“សេចក្ដី” ដែលលោកប៉ុលនាំមកដល់អ្នកក្រុងកូរិនថូសគឺអំពីការបង្រៀន និងការអនុវត្តរបស់ពួកសាវ័ក ដែលពួកគេទទួលបានមកពីព្រះយេស៊ូវ។ លោកប៉ុលសរសើរពីអ្នកក្រុងកូរិនថូសចំពោះការកាន់តាម សេចក្តីទាំងនេះ យ៉ាងណាមិញមានផ្នែកខ្លះៗដែលពួកគេត្រូវកែប្រែ។ ដូច្នេះនៅក្នុងជំពូកបន្ទាប់ទៀតគាត់ សរសេរអំពីការគ្របក្បាល (១១:២-១៦) បរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ (១១:១៧-៣៤) និង អំណោយទានខាងវិញ្ញាណ (ជំពូក ១២-១៤)។
តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ
១១:៣ “សិរសា” (κεφαλή) គឺជាពាក្យដ៏សំខាន់នៅក្នុងជំពូកនេះ។ ជាភាសាក្រិកពាក្យ κεφαλή តែងមានន័យថាក្បាលនៃរាងកាយ។ យ៉ាងណាមិញដោយសារក្បាលស្ថិតនៅខាងលើបង្អស់ ហើយ ជាផ្នែកដែលគួរឱ្យកត់សម្គាល់បំផុតនៃរាងកាយរបស់មនុស្ស ពេលខ្លះជនជាតិក្រិកប្រើពាក្យនេះ ដើម្បីចង់មានន័យថាមុនគេ ខ្ពស់បំផុត ឬលេចធ្លោជាងគេបង្អស់។
សំណួរទីមួយដែលយើងត្រូវសួរគឺហេតុអ្វីបានជាលោកប៉ុលប្រើពាក្យ “ក្បាល”? ចម្លើយគឺគាត់ចង់បង្រៀន អំពីការគ្របក្បាលនៅក្នុងក្រុមជំនុំ។ ដូច្នេះនៅក្នុងខនេះគាត់ចាប់ផ្តើមការបង្រៀនរបស់គាត់អំពី ការគ្របក្បាលដោយសរសេរថាម្នាក់ៗមាននិមិត្តរូប “សិរសា”។ បន្ទាប់មកគាត់បង្រៀនថា អ្វីដែលមនុស្សពាក្យពីលើក្បាល (នៃរូបកាយ) របស់ខ្លួនគឺសំខាន់ណាស់ ដោយសារវាអាចផ្តល់នូវកិត្តិយស និងភាពអាម៉ាស់ដល់និមិត្តរូប “សិរសា” (ឬ និមិត្តរូប "ក្បាល") របស់ពួកគេបាន។
លោកប៉ុលបានលើកឧទាហរណ៍ដើម្បីបង្ហាញថា មនុស្សគ្រប់រូបមាន និមិត្តរូប “សិរសា” (ឬ និមិត្តរូប "ក្បាល")។
“ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់”។ ព្រះគ្រីស្ទមានគ្រប់ទាំងសិទ្ធិអំណាចទាំងនៅស្ថានសួគ៌ និងនៅផែនដី (ម៉ាថាយ ២៨:១៨; ហេព្រើរ ២:៨) ហេតុនេះហើយបានជាទ្រង់គឺជាព្រះអម្ចាស់ លើគ្រប់ទាំងអស់រួមទាំងមនុស្សផង។ នេះរួមទាំងអ្នកជឿ ដែលបានទទួលស្គាល់ទ្រង់ថាជាព្រះអម្ចាស់ របស់ពួកគេ (អេភេសូរ ១:២២-២៣, ៤:១៥; កូល៉ុស ១:១៨) និងអ្នកមិនជឿដែល មិនទទួលស្គាល់ទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃមួយនឹងមកដល់ នៅពេលដែលមនុស្សទាំងអស់ នឹងទទួលស្គាល់សិទ្ធិអំណាច របស់ទ្រង់ (ភីលីព ២:១០-១១)។ នេះប្រាប់យើងថា វាជាការសមរម្យក្នុងការទទួលស្គាល់ និងគោរព «សិរសា» របស់យើង។
“ឯបុរសវិញ នោះជាក្បាលនៃស្ត្រី”។ ដោយកត់សម្គាល់ឃើញថាពាក្យជាភាសាក្រិក (ἀνήρ និង γυνή) មានន័យថា ‘បុរស’ និង ‘ស្ត្រី’។ ពាក្យទាំងនេះអាចបកប្រែថាជា ‘ប្តី’ និង ‘ប្រពន្ធ’ ប្រសិនបើបរិបទច្បាស់ ដែលអ្នកនិពន្ធចង់សំដៅលើបុរស ស្ត្រីដែលរៀបការរួចហើយ។ យ៉ាងណាមិញនៅក្នុងអត្ថបទនេះ (ខ២-១៧) លោកប៉ុលមិនបានបង្រៀនអំពីអាពាហ៍ពិពាហ៍ទេ ប៉ុន្តែអំពីការអធិស្ឋាន និងសេចក្តីទំនាយ នៅក្នុងក្រុមជំនុំដែលជាអ្វីម្យ៉ាងដែលស្ត្រីទាំងអស់សុទ្ធតែអាចធ្វើបាន មិនមែនសម្រាប់តែស្ត្រី ដែលរៀប ការរួចប៉ុណ្ណោះទេ (លូកា ២:៣៦-៣; កិច្ចការ ២១:៧-៩)។ ដូច្នេះទំនងជាគាត់ចង់មានន័យថា “ឯបុរស វិញ នោះជាក្បាលនៃស្ត្រី”។ ការនេះមិនមែនមានន័យថាបុរសទាំងអស់មានសិទ្ធិអំណាចលើស្ត្រីគ្រប់ គ្នានោះទេ ប៉ុន្តែស្ត្រីម្នាក់ៗមានបុរសម្នាក់ (ជាធម្មតាជាឪពុក ឬប្តី ដោយកត់សម្គាល់ថា ἀνήρ គឺឯកវចនៈ) ដែលជា “សិរសា” របស់នាង។ លោកប៉ុលពន្យល់ប្រាប់អំពីការនេះថាហេតុអ្វីបានជាវាពិតនៅក្នុង ខ៧-៩។
“សិរសានៃព្រះគ្រីស្ទ គឺជាព្រះ”។ ការនេះផ្តល់ឱ្យយើងនូវការយល់ដឹងពីអ្វីដែលលោកប៉ុលចង់សំដៅលើ “សិរសា”។ ព្រះយេស៊ូវ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ (យ៉ូហាន ១:១, ៨:៥៨, ១០:៣០, ១៧:២១-២៤) ប៉ុន្តែព្រះយេស៊ូវស្មគ្រចិត្តចុះចូលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតា (១ កូរិនថូស ៣:២៣, ១៥:២៤–២៨; យ៉ូហាន ៤:៣៤, ៥:១៩, ៥:៣០, ៦:៣៨, ៨:២៨)។ ការនេះបញ្ជាក់ ថា “សិរសា” របស់អ្នកគឺជាម្នាក់ដែលសក្តិសមឱ្យអ្នកគោរព។
បុរសណាដែលអធិស្ឋាន ឬអធិប្បាយទាំងមានពាក់អ្វីនៅលើក្បាល នោះឈ្មោះថាធ្វើបង្អាប់ដល់សិរសាខ្លួន
១១:៤ គ្រីស្ទបរិស័ទត្រូវតែ “ធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះ” (១០:៣១)។ ដូច្នេះ នៅពេល យើងអធិស្ឋាន និងថ្លែងទំនាយនៅក្រុមជំនុំ យើងត្រូវធ្វើតាមរបៀបដែលថ្វាយកិត្តិយសដល់ព្រះជាម្ចាស់។ ដូច្នេះលោកប៉ុលណែនាំថានៅពេលអធិស្ឋាន ឬថ្លែងទំនាយនៅក្រុមជំនុំ បុរសមិនត្រូវពាក់អ្វីនៅលើក្បាលទេ ហើយស្ត្រីត្រូវពាក់អ្វីនៅលើក្បាលវិញ។ ដើម្បីឱ្យដឹងថាហេតុអ្វីយើងត្រូវយល់អំពីតើការគ្របក្បាលមាន អត្ថន័យយ៉ាងដូចម្តេចនៅក្នុងវប្បធម៌នេះ។
នៅក្នុងសាសនារ៉ូម៉ាំង សង្ឃជាបុរសទាញសម្លៀកបំពាក់របស់ពួកគេពាក់នៅលើក្បាលនៅពេល ពួកគេថ្វាយដង្វាយ ឬប្រតិបត្តិពិធីសាសនានៅក្នុងវិហាររបស់ពួកគេ។ ដូច្នេះប្រសិនបើគ្រីស្ទបរិស័ទ ជាបុរសពាក់អ្វីនៅលើក្បាលខ្លួនឯងនៅពេលអធិស្ឋាន ឬថ្លែងទំនាយនៅក្រុមជំនុំ គាត់នឹងធ្វើត្រាប់ តាមការថ្វាយបង្គំដែលពួករ៉ូម៉ាំងធ្វើទៅកាន់រូបព្រះជាក់ជាមិនខាន។ ការធ្វើបែបនេះនឹងមិនផ្តល់ កិត្តិយសដល់ “សិរសា” ខាងវិញ្ញាណរបស់គាត់ (ព្រះយេស៊ូវ) ទេ។ ដូច្នេះលោកប៉ុលណែនាំថាគ្រីស្ទ បរិស័ទជាបុរសមិនត្រូវពាក់អ្វីនៅលើក្បាលខ្លួនឯងនៅពេលអធិស្ឋាន ឬថ្លែងទំនាយនៅក្រុមជំនុំឡើយ។
ឯស្ត្រីណាដែលអធិស្ឋាន ឬអធិប្បាយ ដោយមានក្បាលទទេ នោះឈ្មោះថាធ្វើបង្អាប់ដល់ក្បាលខ្លួនវិញ ដ្បិតដែលធ្វើដូច្នោះ នោះដូចជាបានកោរសក់ចេញដែរ
១១:៥ យ៉ាងណាមិញ សម្រាប់ស្ត្រីវិញ ការពាក់អ្វីនៅលើក្បាល (ជាទូទៅដោយប្រើក្រម៉ាស្តើងៗ ឬស្បៃមុខ) មានអត្ថន័យផ្សេង។ វាជាសញ្ញាប្រាប់ថានាងស្ថិតនៅក្រោមអំណាច និងការការពារពី នរណាម្នាក់ដូចជា ឪពុក ឬប្តីរបស់នាង។ វាគឺជាទំនៀមទំលាប់ក្នុងចំណោមជនជាតិក្រិក និងជនជាតិរ៉ូម៉ាំង (និងច្បាប់របស់ជនជាតិយូដា) ដែលថាគ្មានស្ត្រីណាត្រូវបង្ហាញមុខទៅកាន់សាធារណៈដោយមិនប្រើស្បៃ មុខឡើយ។ មានតែស្ត្រីរកស៊ីផ្លូវភេទតែប៉ុណ្ណោះដែលមិនពាក់ស្បៃមុខ។
លោកប៉ុលបញ្ជាក់ច្បាស់ៗថានៅពេលគ្រីស្ទបរិស័ទប្រមូលផ្តុំគ្នានៅក្នុងការជួបជុំដែលបើកទៅកាន់សាធារណៈជន ស្ត្រីត្រូវបានអនុញ្ញាតិឱ្យអធិស្ឋាន និងថ្លែងទំនាយបាន។ ប៉ុន្តែពួកគេត្រូវតែពាក់អ្វីលើក្បាល នៅពេលគេធ្វើកិច្ចការនេះ។ ប្រសិនបើស្ត្រីអធិស្ឋាន ឬថ្លែងទំនាយដោយមិនពាក់អ្វីលើក្បាលរបស់នាង នោះនាង “បង្អាប់ដល់ក្បាលខ្លួនវិញ ” នោះគឺនាងបង្អាប់ដល់បុរសដែលមានសិទ្ធិអំណាចលើជីវិត របស់នាង (ដូចជាឪពុក ឬប្តីរបស់នាង) ដោយសារនាងបង្ហាញឱ្យឃើញថានាងមិនស្ថិតនៅក្រោម សិទ្ធិអំណាចណាមួយ ទេ។ នាងអាចទាមទារសិទ្ធិ ឬសេរីភាពរបស់នាង ហើយបដិសេធមិនពាក់អ្វីនៅលើ ក្បាលបាន ប៉ុន្តែការមិនពាក់អ្វីនៅលើក្បាលនឹងធ្វើឱ្យទាស់ចិត្តមនុស្សស្របតាមស្តង់ដារវប្បធម៌។
ដូច្នេះ លោកប៉ុលប្រាប់ស្ត្រីជាគ្រីស្ទបរិស័ទថាប្រសិនបើពួកគេចង់អធិស្ឋាន ឬថ្លែងទំនាយទៅកន្លែងជួបជុំ តាមទីសាធារណៈ ពួកគេត្រូវតែពាក់អ្វីនៅលើក្បាលតាមទំនៀមទំលាប់។ ម្តងទៀត លោកប៉ុលបង្រៀនថា គ្រីស្ទបរិស័ទត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតអំពីការបង្ហាញនូវការគោរព និងមិនធ្វើឱ្យថ្នាំងថ្នាក់ ដល់មនុស្សជាជាងទាមទារសិទ្ធិរបស់យើងឡើយ។
បើស្ត្រីណាមិនពាក់អ្វីនៅលើក្បាល នោះត្រូវកាត់សក់ចេញ តែបើពួកស្រីៗអៀនខ្មាសចំពោះការកាត់ ឬកោរសក់ នោះត្រូវតែមានអ្វីពាក់វិញ
១១:៦ សម្រាប់ស្ត្រីការកោរសក់ក្បាលគឺជារឿងដ៏គួរឱ្យខ្មាស់អៀនណាស់។ សម្រាប់ជនជាតិយូដា វាគឺជា សញ្ញាបញ្ជាក់អំពីសាហាយស្មន់ (ជនគណនា ៥:១១-៣១)។ សម្រាប់ជនជាតិក្រិក វាគឺជាសញ្ញាបញ្ជាក់ថា ស្ត្រីនោះគឺជាអ្នករកស៊ីផ្លូវភេទ ឬមនុស្សស្រីដែលស្រឡាញ់ស្រីដូចគ្នា។ ចំណុចរបស់លោកប៉ុលគឺថា ប្រសិនបើស្ត្រីមិនមានអ្វីគ្របលើក្បាលរបស់នាងទេវាគួរឱ្យអាម៉ាស់ណាស់ គឺដូចជាការកោរសក់ក្បាល របស់នាងដែរ។ ដូច្នេះនាងត្រូវមានអ្វីមកគ្របក្បាលរបស់នាងវិញ។
ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ
១១:៧ ដើម្បីពន្យល់ប្រាប់ពីភាពខុសគ្នារវាងបុរស និងស្ត្រី លោកប៉ុលផ្តោតលើការបង្កើតអ័ដាម និងអេវ៉ា។ នៅក្នុងលោកុប្បត្តិ ជំពូក ២ យើងអានថាព្រះបានបង្កើតមនុស្សប្រុស (អ័ដាម) ជាមុន។ ព្រះជាម្ចាស់ បានបង្កើតគាត់តាមសណ្ឋានរបស់ទ្រង់ដើម្បីឆ្លុះបញ្ចាំងពីសិរីល្អរបស់ទ្រង់ដោយមានអំណាចនៅលើផែនដី ដូចដែលព្រះជាម្ចាស់មានអំណាចនៅស្ថានសួគ៌ដែរ។ អត្ថិភាពរបស់មនុស្សនាំមកនូវកិត្តិយសថ្វាយ ព្រះជាម្ចាស់។ ឥឡូវនេះ គាត់ត្រូវរស់នៅដោយមានទំនាក់ទំនងជាមួយទ្រង់ ដើម្បីឱ្យបានជា "សិរីល្អនៃព្រះ" ផង។ ហេតុនេះបានជាគាត់ត្រូវ “ធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះ” ហើយការនេះ រួមទាំងការមិនពាក់អ្វីនៅលើក្បាលនៅពេលគាត់អធិស្ឋាន និងថ្លែងទំនាយដែរ។
ព្រះជាម្ចាស់បានបង្កើតស្ត្រីឡើង (អេវ៉ា) បន្ទាប់ ជាសិរីល្អដល់បុរស។
ដ្បិតបុរសដើមមិនបានកើតចេញពីស្ត្រីមកទេ គឺស្ត្រីបានចេញមកពីបុរសនោះវិញ ព្រះក៏មិនបានបង្កើតបុរសមកសំរាប់ស្ត្រីដែរ គឺស្ត្រីសំរាប់បុរសវិញ
១១:៨ បុរស (អ័ដាម) មិនបានកើតមកពីស្ត្រី ឬសម្រាប់ស្ត្រីទេ។ ផ្ទុយទៅវិញគាត់ត្រូវបានបង្កើតមកពីធូលី ដីសម្រាប់ជាសិរីល្អដល់ព្រះ។ យ៉ាងណាមិញ ស្ត្រី (អេវ៉ា) ត្រូវបានបង្កើតមកពីបុរសវិញ។ ការនេះសំដៅ លើអេវ៉ាត្រូវបានបង្កើតមកពីឆ្អឹងជំនីរដែលបានមកពីអ័ដាម (លោកុប្បត្តិ ២:២១-២៣)។
១១:៩ បុរសមិនមែនបង្កើតឡើងមកសម្រាប់ស្ត្រីទេ។ តាមការពិតនៅពេលព្រះជាម្ចាស់បង្កើត មនុស្សប្រុស ដំបូងមក មិនមានស្ត្រីទេ។ យ៉ាងណាមិញបន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សប្រុស រួចហើយ ទ្រង់ជ្រាប ថា គាត់ត្រូវការជំនួយ ដូច្នេះទ្រង់បានបង្កើតស្ត្រីឡើង “សម្រាប់បុរស”។ ព្រះជាម្ចាស់មានបន្ទូល នៅ លោកុប្បត្តិ ២:១៨ ថា “ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយ សម្រាប់ជួយវា”។ ដូច្នេះអេវ៉ាត្រូវបានបង្កើតមកដើម្បីក្លាយទៅជា ជំនួយដល់អ័ដាម។
ការពិតដែលស្ត្រីត្រូវបានបង្កើតឡើងមកសម្រាប់បុរសមិនមែនមានន័យថានាងតូចទាបជាង ឬស្ថិតនៅ ក្រោមបង្គាប់របស់បុរសឡើយ។ ផ្ទុយទៅវិញវាបង្ហាញថាអ័ដាមមិនពេញលក្ខណៈដោយខ្លួន គាត់ឡើយ ហើយគាត់ត្រូវការជំនួយ ហេតុនេះស្ត្រីគឺចាំបាច់សម្រាប់គាត់។ បុរសត្រូវការអ្នកជំនួយ ដែលសមនឹងគាត់ដែលជា “ឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ” (លោកុប្បត្តិ ២:២៣) នោះគឺម្នាក់ ដែលមានលក្ខណៈដូចគាត់ ប៉ុន្តែខុសគ្នាពីគាត់ ម្នាក់ដោយឡែកសម្រាប់ជា “សិរីល្អ” ផ្ទាល់ខ្លួនរបស់គាត់។
ដូច្នេះបុរសគឺជា “សិរសា” របស់ស្ត្រី (ខ៣) ដោយសារបុរសកើតមកមុន ហើយស្ត្រីកើតចេញមកពីបុរស។ ស្ត្រីគឺជា “សិរីល្អ” របស់បុរស (ខ៧) ដោយសារនាងកើតមក “ពីបុរស” ហើយត្រូវបានបង្កើតមកសម្រាប់ គាត់ ដើម្បីក្លាយជាអ្នកជំនួយរបស់គាត់ ដើម្បីឱ្យគាត់បានពេញលេញ ហើយការប្រមូលផ្តុំគ្នា នោះពួកគេ អាចបង្កើតបានជាមនុស្សជាតិ។ ដូច្នេះនាងបំពេញបន្ថែមដល់បុរសក៏ដូចជាបំពេញដល់ការបង្កើតដែរ។
ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសំគាល់ពីអំណាចរបស់ប្ដី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា
១១:១០ ដោយសារតែបុរសគឺជា “សិរសា” របស់នាង ហើយនាងគឺជា “សិរីល្អ” របស់បុរស ស្ត្រីនោះ ត្រូវតែមានអ្វីគ្របក្បាលរបស់នាងនៅពេលអធិស្ឋាន និងថ្លែងទំនាយដើម្បីក្លាយជា និមិត្តសញ្ញា នៃសិទ្ធិអំណាច ដែលនាងស្ថិតនៅក្រោម។ បុរស (ដែលមានព្រះគ្រីស្ទជាសិរសា) អធិស្ឋាន និងថ្លែងទំនាយដោយមិនមាន អ្វីគ្របក្បាលឡើយពីព្រះគាត់តំណាង និងឆ្លុះបញ្ចាំងពីសិរីល្អរបស់ ព្រះជាម្ចាស់។ ស្ត្រី (ដែលមានបុរសជា សិរសា) អធិស្ឋាន និងថ្លែងទំនាយដោយមានអ្វីគ្របក្បាលរ បស់នាងពីព្រោះនាងតំណាង និងឆ្លុះបញ្ចាំងពី សិរីល្អរបស់បុរស។ ការធ្វើយ៉ាងដូច្នេះនាងក៏ថ្វាយសិរីល្អ ដល់ព្រះជាម្ចាស់តាមរយៈការស្តាប់បង្គាប់របស់ នាងដែរ។
ពួកទេវតាគឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានវត្តមាននៅការជួបជុំគ្នារបស់ក្រុមជំនុំ។ ពួកគេរៀនពីព្រះគុណរបស់ព្រះជាម្ចាស់តាមរយៈការមើលពីជីវិតរបស់ប្រជារាស្ត្ររបស់ទ្រង់ (អេភេសូ ៣:១០)។ ពួកទេវតាថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយចង់ឱ្យការជួបជុំក្រុមជំនុំរបស់យើង នៅលើផែនដីថ្វាយកិត្តិយសដល់ព្រះជាម្ចាស់ឱ្យបានសមរម្យដែរ។
ប៉ុន្តែ ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ
១១:១១ បុរស និងស្ត្រីមិនអាចឯករាជ្យពីគ្នាបានទេ ផ្ទុយទៅវិញពួកគេពឹងផ្អែក និងត្រូវការគ្នាទៅវិញ ទៅមក។
១១:១២ ស្ត្រីដំបូង (អេវ៉ា) ត្រូវបានបង្កើតឡើងពីបុរសដំបូង (អ័ដាម)។ ប៉ុន្តែចាប់តាំងពីពេលនោះមក បុរសទាំងអស់បានកើតចេញពីស្ត្រី (នោះគឺដោយសារកើតចេញពីម្តាយ)។ ដូច្នេះ បុរសទាំងអស់ ពឹងផ្អែកលើស្ត្រីសម្រាប់ជីវិតរបស់ពួកគេ។ ប៉ុន្តែលើសពីនេះ យើងទាំងអស់គ្នា (បុរស និងស្ត្រី) ពឹងផ្អែកលើព្រះជាម្ចាស់សម្រាប់ជីវិត។
ដូច្នេះលោកប៉ុលសន្និដ្ឋានបញ្ចប់ថា “គ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ”។ ទាំងបុរស និងស្ត្រី កើតមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្កើតមនុស្សប្រុសដំបូងមកពីធូលី ហើយព្រះជាម្ចាស់បានបង្កើត ស្ត្រីដំបូងមកពីបុរស ហើយចាប់តាំងពីពេលនោះមកព្រះជាម្ចាស់បានបង្កើតពូជមនុស្សទាំងអស់មក តាមរយៈទារកដែលកើតមកពីស្ត្រី។ ទាំងអស់នេះសុទ្ធតែជាការរចនាឡើងរបស់ព្រះជាម្ចាស់ និងសម្រាប់សិរីល្អរបស់ទ្រង់។
ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ
១១:១៣ ដូចនៅក្នុង ១០:១៥ លោកប៉ុលបញ្ចប់ការបង្រៀនពីប្រធានបទរបស់គាត់ដោយរៀបរាប់ប្រាប់ ទៅកាន់អ្នកអានរបស់គាត់ឱ្យគិតពីអ្វីដែលត្រឹមត្រូវ។ នៅពេលពួកគេធ្វើយ៉ាងដូច្នេះហើយ លោកប៉ុលរំពឹងថា ពួកគេយល់ស្របតាមអ្វីដែលគាត់បានលើកឡើងនោះគឺត្រឹមត្រូវ។
តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន តែបើស្ត្រីទុកសក់វែង នោះឯងជាសេចក្ដីលំអដល់នាងវិញ ដ្បិតសក់វែងនោះ ទ្រង់បានប្រទានមកនាង ទុកជាប្រដាប់សំរាប់ទទូរ
១១:១៤-១៥ នៅក្នុងសង្គមរ៉ូម៉ាំងនាសម័យកាលរបស់លោកប៉ុល (និងនៅកន្លែងជាច្រើនទៀតនៅលើ ពិភពលោកក្នុងប្រវត្តសាស្ត្រ) មនុស្សប្រុសតែងតែមានសក់ខ្លី។ ចំពោះមនុស្សប្រុសដែលមានសក់វែង ត្រូវបានគេចាត់ទុកថាជារឿងអាម៉ាស់។ យ៉ាងណាមិញ តាមលក្ខណៈធម្មជាតិមនុស្សស្រីមានសក់វែង “សម្រាប់គ្របបាំង”។ លោកប៉ុលមើលឃើញពីការនេះថាជាការបញ្ជាក់ពីធម្មជាតិថាវាសក្តិសមណាស់ ដែលមនុស្សមិនត្រូវគ្របក្បាលរបស់ខ្លួនឡើយ ហើយសម្រាប់មនុស្សស្រីត្រូវគ្រប ក្បាលរបស់ខ្លួននៅពេល ពួកគេអធិស្ឋាន និងថ្លែងទំនាយនៅក្នុងក្រុមជំនុំ។
ប៉ុន្តែ បើមានអ្នកណាចង់ជជែកពីសេចក្ដីនេះ នោះយើងរាល់គ្នាគ្មានទំលាប់យ៉ាងនោះទេ ហើយពួកជំនុំនៃព្រះក៏គ្មានដែរ។
១១:១៦ លោកប៉ុលបញ្ចប់ការបង្រៀនរបស់គាត់ពីប្រធានបទនៃការគ្របក្បាលនេះដោយបញ្ជាក់ថា ក្រុមជំនុំគ្រីស្ទបរិស័ទទាំងអស់ធ្វើតាមការអនុវត្តនេះ ហេតុនេះអ្នកក្រុងកូរិនថូសក៏ត្រូវធ្វើ ដូច្នោះដែរ។
ខាងឯសេចក្ដីដែលខ្ញុំប្រាប់មកក្រោយនេះ ខ្ញុំមិនសរសើរដល់អ្នករាល់គ្នាទេ ដ្បិតដែលអ្នករាល់គ្នាប្រជុំគ្នា នោះមិនមែនឲ្យបានល្អឡើងទេ គឺឲ្យបានអាក្រក់ជាងទៅវិញ
១១:១៧ នៅក្នុងខ២ លោកប៉ុលបានសរសើរដល់អ្នកក្រុងកូរិនថូសពីការធ្វើតាមការបង្រៀនរបស់គាត់ ប៉ុន្តែពេលនេះលើកឡើងនូវបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលកំពុងតែកើតឡើងនៅពេលពួកគេមកជួបប្រជុំគ្នាជាក្រុមជំនុំ។
ព្រោះមុនដំបូងខ្ញុំឮថា កាលណាអ្នករាល់គ្នាមូលមកក្នុងពួកជំនុំ នោះតែងមានការបែកខ្ញែកគ្នាទៅ ហើយខ្ញុំក៏បានជឿខ្លះដែរ
ពីព្រោះត្រូវតែមានបក្សពួកក្នុងពួកអ្នករាល់គ្នា ដើម្បីឲ្យពួកខ្ជាប់ខ្ជួនបានសំដែងមកឲ្យស្គាល់ច្បាស់
១១:១៨-១៩ ការជួបប្រជុំគ្នារបស់ពួកគេត្រូវបានសន្មត់ថាជាសញ្ញានៃការរួបរួមគ្នានៅក្នុងព្រះគ្រីស្ទ ប៉ុន្តែផ្ទុយទៅវិញវាបង្ហាញពីការបែកបាក់ និងភាពមិនចុះសម្រុងគ្នារវាងសមាជិកក្រុមជំនុំទៅវិញ។
ការប្រព្រឹត្តិរបស់គ្រីស្ទបរិស័ទគួរតែបង្ហាញដោយឆ្លុះបញ្ចាំងពីដំណឹងល្អនោះគឺយើងគួរតែយកតម្រាប់តាមព្រះគ្រីស្ទ និងសេចក្ដីស្រឡាញ់ដ៏លះបង់របស់ទ្រង់ចំពោះអ្នកដទៃ។ ប៉ុន្តែការបែកបាក់គ្នានៅក្នុងក្រុមជំនុំ របស់ពួកគេបង្ហាញថាគ្រីស្ទបរិស័ទនៅក្នុងទីក្រុងកូរិនថូសបានបរាជ័យចំពោះការយល់ និងការអនុវត្តតាម ដំណឹងពីឈើឆ្កាង។
ដូច្នេះ ដែលប្រជុំគ្នានៅទីណាមួយ នោះមិនមែនប្រជុំ ដើម្បីនឹងបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ទេ ដ្បិតកាលបរិភោគ នោះគ្រប់គ្នាខំបរិភោគម្ហូបរបស់ខ្លួនឲ្យតែឆ្អែតមុនគេទៅ បានជាមានមួយនៅឃ្លាន ហើយមួយទៀតស្រវឹង
១១:២០-២១ នៅក្នុងក្រុមជំនុំដំបូងវាគឺជាប្រពៃណីរបស់អ្នកជឿដែលត្រូវបរិភោគអាហាររួមគ្នា (កិច្ចការ ២:៤២, ២:៤៦)។ ពួកគេហៅអាហារនេះថាជា “អាហាររួមប្រកប” ឬ ‘ពិធីជប់លៀងក្តីស្រឡាញ់’ (យូដាស ១២) ដោយសារវាសង្កត់ធ្ងន់ទៅលើការចែករំលែកអាហារជាមួយគ្នាទុកដូចជាគ្រួសារ។ ពេលបរិភោគ អាហាររួចពួកគេអបអរពិធីលៀងព្រះអម្ចាស់។ អ្នកជឿទាំងអស់ត្រូវមកជួបជុំគ្នានៅជុំវិញតុមួយដើម្បីទុកជា ការរំលឹកដល់ការលះបង់របស់ទ្រង់សម្រាប់ពួកគេគ្រប់ៗគ្នា។
គោលបំណងនៃការរួមប្រកបនេះគឺជាការចែករំលែកអាហារជាមួយគ្នា និងការអបអរពីការរួបរួមគ្នារបស់ ពួកគេនៅក្នុងព្រះគ្រីស្ទ។ ប៉ុន្តែនៅក្នុងទីក្រុងកូរិនថូស បញ្ហាគឺថាអ្នកជឿដែលជាអ្នកមានមិនបានចែករំលែក ទៅកាន់អ្នកជឿដែលជាអ្នកក្រីក្រទេ។ អ្នកជឿដែលជាអ្នកមានបានយកអាហារមកជាមួយយ៉ាងច្រើន សម្រាប់បរិភោគតែខ្លួនឯងប៉ុណ្ណោះ ខណៈពេលអ្នកជឿដែលជាអ្នកក្រីក្រមានអាហារបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់បរិភោគ ហើយបែទៅជាស្រេកឃ្លានវិញ។
លោកប៉ុលលើកឡើងថាពួកគេមិនអាចហៅវាថាជា “ពិធីលៀងព្រះអម្ចាស់” បានទេនៅពេលពួកគេ ប្រព្រឹត្តបែបយ៉ាងដូច្នេះ។ ប្រសិនបើអ្នកជឿម្នាក់មានអាហារដ៏ច្រើនលើសលប់សម្រាប់បរិភោគ ហើយបែរទៅជាស្រវឹង ខណៈដែលអ្នកជឿដទៃទៀតមានអាហារតែបន្តិចបន្តួចសម្រាប់បរិភោគ ហើយបែទៅជាស្រេកឃ្លានវិញ នោះវាមិនបានប្រកាសពីការសុគតរបស់ព្រះអម្ចាស់សម្រាប់មនុស្ស ទាំងអស់ទាល់តែសោះ។ មនុស្សអាត្មានិយមដែលបរិភោគអាហារតែខ្លួនឯងគឺខុសពីព្រះយេស៊ូវ ដែលបានយកនំបុ័ង ហើយកាច់វាឱ្យទៅមនុស្សទាំងអស់ (១១:២៣)។ អ្នកក្រុងកូរិនថូសបានប្រព្រឹត្តខ្លួន តាមបែបអាត្មានិយម ប៉ុន្តែព្រះយេស៊ូវមិនបានអាត្មានិយមឡើយដោយបានលះបង់ព្រះជន្មទ្រង់សម្រាប់ អ្នកដទៃវិញ។
ចុះតើអ្នករាល់គ្នាគ្មានផ្ទះ សំរាប់ជាទីឲ្យបានបរិភោគអាហារទេឬអី ឬតើអ្នកមើលងាយដល់ពួកជំនុំនៃព្រះ ហើយចង់ធ្វើពួកអ្នកដែលគ្មានអ្វីសោះ មានសេចក្ដីខ្មាសឬអី តើគួរឲ្យខ្ញុំនិយាយនឹងអ្នករាល់គ្នាថាដូចម្តេច គួរឲ្យសរសើរឬ ខ្ញុំមិនសរសើរទេ។
១១:២២ អ្នកជឿដែលជាអ្នកមានគួរតែបរិភោគអាហារដ៏ច្រើនលើសលប់របស់ខ្លួននៅផ្ទះ និងមិនមើល ងាយដល់ក្រុមជំនុំរបស់ព្រះជាម្ចាស់តាមរយៈការធ្វើឱ្យអាម៉ាស់ដល់គ្រីស្ទបរិស័ទក្រីក្រដែលគ្មានអាហារបរិភោគសម្រាប់ការប្រជុំគ្នានេះឡើយ។
ដ្បិតឯសេចក្ដីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំបុ័ង លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្ដីរំឭកពីខ្ញុំចុះ»
១១:២៣-២៤ អាហាររួមប្រកបគ្នារបស់ក្រុមជំនុំនៅទីក្រុងកូរិនថូសគឺមិនមែនជាពិធីលៀងព្រះអម្ចាស់ ពិតប្រាកដទេ ពីព្រោះវាមិនបានឆ្លុះបញ្ចាំង ឬប្រកាសពីអត្ថន័យរបស់អាហារនេះឡើយ។ ដូច្នេះលោកប៉ុល រំលឹកប្រាប់ពួកគេនូវអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពីអាហារនេះ (ម៉ាថាយ ២៦-៣០; ម៉ាកុល ១៤:២២ -២៦; លូកា ២២:១៤-២៣)។
ពិធីលៀងព្រះអម្ចាស់ដែលគ្រីស្ទបរិស័ទអបអរសាទរនោះគឺជាការបន្តធ្វើពិធីលៀងព្រះអម្ចាស់ដែលព្រះយេស៊ូវបានបរិភោគជាមួយនឹងពួកសាវ័ករបស់ព្រះអង្គដែលជាអាហារថ្ងៃបុណ្យរំលង។ ក្នុងអំឡុងពេលបរិភោគ អាហារនោះ ព្រះយេស៊ូវមានបន្ទូលថានំបុ័ងប្រៀបដូចជាព្រះរាយរបស់ទ្រង់ដែលត្រៀមនឹងខ្ទេចខ្ទាំនៅលើ ឈើឆ្កាង។ ទ្រង់កាច់នំបុ័ង ហើយប្រទានឱ្យទៅសាវ័កទាំងអស់របស់ទ្រង់ដើម្បីបង្ហាញប្រាប់ថា ការលះបង់ របស់ទ្រង់គឺសម្រាប់ពួកគេទាំងអស់គ្នា។ ការទទួលនំបុ័ងនៅក្នុងពិធីលៀងព្រះអម្ចាស់គឺជា ទីសម្គាល់ ដែលអ្នកទទួលការលះបង់របស់ព្រះយេស៊ូវដែលបានសុគតនៅលើឈើឆ្កាងដើម្បីលោះបាបយើង។
ព្រះយេស៊ូវប្រាប់ទៅកាន់សាវ័ករបស់ទ្រង់ថា “ចូរធ្វើកិច្ចនេះទុកជាសេចក្ដីរំឭកពីខ្ញុំចុះ”។ ការនេះមានន័យថា ព្រះអង្គចង់ឱ្យពួកគេធ្វើត្រាប់តាមសកម្មភាពរបស់ទ្រង់ចំពោះការកាច់ និងបរិភោគនំបុ័ងជាមួយគ្នាទុកជា ការនឹកចាំពីការសុគតរបស់ទ្រង់។ ដូច្នេះគ្រីស្ទបរិស័ទគួរតែសញ្ជឹងគិតឱ្យបានទៀងទាត់ពីសារៈសំខាន់ នៃការសុគតរបស់ព្រះយេស៊ូវសម្រាប់យើង។
តើព្រះកាយរបស់ព្រះយេស៊ូវមានលក្ខណៈដូចជានំបុ័ងថ្ងៃបុណ្យរំលងយ៉ាងដូចម្តេច?
-
នៅថ្ងៃបុណ្យរំលង នំបុ័ងគ្មានមេទេ។ សម្រាប់សាសន៍យូដា មេគឺជានិមិត្តសញ្ញានៃអំពើបាប។ ដូចគ្នានេះដែរ រូបកាយរបស់ព្រះយេស៊ូវគ្មានបាបសោះឡើយ។
-
នំបុ័ងគ្មានមេដែលបរិភោគជាអាហារនៅថ្ងៃបុណ្យរំលងមានមាននិមិត្តសញ្ញាដុត (“ឆ្នូតៗ”) និងប្រហោង (ដែលមើលទៅដូចជាសញ្ញា “ចាក់ទំលុះ”) បណ្តាលមកពីការដុត។ តាមរបៀបដូចគ្នានេះ រូបកាយរបស់ព្រះយេស៊ូវមានស្នាម “ឆ្នូតៗ” នៅពេលគេវាយដំព្រះអង្គ ហើយចាក់រំលុះទ្រង់ នៅលើឈើឆ្កាង។
-
សម្រាប់អាហារភាគច្រើនមនុស្សម្នាក់ៗត្រូវមានអាហារដែលជានំបុ័ងតូចៗរបស់ខ្លួន ប៉ុន្តែនំបុ័ងនៅថ្ងៃបុណ្យរំលងគឺជានំបុ័ងមួយដែលកាច់ដើម្បីចែករំលែកក្នុងចំណោមមនុស្សទាំងអស់។ តាមរបៀបដូចគ្នានេះ ព្រះកាយរបស់ព្រះយេស៊ូវត្រូវបានកាច់សម្រាប់អ្នកជឿទាំងអស់។
លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្ដីរំឭកដល់ខ្ញុំ»
១១:២៥ អាហារនៅថ្ងៃបុណ្យរំលងមានពែងស្រាចំនួនបួន។ ពែងដែលព្រះយេស៊ូវលើកឡើងនោះគឺជា ពែងទីបីដែលហៅថា “ពែងនៃការប្រោសលោះ” ដោយសារតែវាអបអរចំពោះការប្រោសលោះដល់ជនជាតិ អ៊ីស្រាអែឱ្យចាកចេញពីទាសភាពនៅក្នុងប្រទេសអេហ្ស៊ីប។
ព្រះយេស៊ូវមានបន្ទូលប្រាប់ទៅកាន់ពួកសាវ័ករបស់ទ្រង់ថាពែងស្រាទំពាំងបាយជូរគឺជាព្រះលោហិតរបស់ទ្រង់បានបង្កើតជាសេចក្ដីសញ្ញាថ្មីដែលព្រះជាម្ចាស់ទ្រង់បានសន្យា (យេរេមា ៣១:៣១-៣៤; ២ កូរិនថូស ៣:៦; ហេព្រើរ ៨:៨, ៩:១៥, ១២:២៤)។ សេចក្តីសញ្ញាគឺត្រូវបានកើតឡើងតាមរយៈការខ្ចាយព្រះលោហិត (និក្ខមនំ ២៤:៨)។ ដូចជាបុណ្យរំលងលើកទីមួយបាននាំទៅកាន់ការតាំងសេចក្ដីសញ្ញាដំបូងរវាងព្រះជាម្ចាស់ និងប្រជារាស្ត្ររបស់ទ្រង់នៅភ្នំស៊ីណាយ ការសុគតរបស់ព្រះយេស៊ូវនៅថ្ងៃបុណ្យរំលងបានបង្កើត ជាសេចក្ដីសញ្ញាថ្មីរវាងព្រះជាម្ចាស់ និងប្រជារាស្ត្ររបស់ទ្រង់។
តើសេចក្ដីសញ្ញាថ្មីស្តីអំពីអ្វី?
-
វាគឺនិយាយអំពីការផ្លាស់ប្រែនៅក្នុងចិត្តដែលដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងយើង៖ “អញនឹងដាក់ក្រឹត្យវិន័យរបស់អញនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ” (យេរេមា ៣១:៣៣)។
-
វាគឺនិយាយអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលសម្អាតយើងពីគ្រប់ទាំងអំពើបាប៖ “អញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀត ជាដរាបទៅ” (យេរេមា ៣១:៣៤)។
-
វាគឺនិយាយអំពីទំនាក់ទំនងថ្មី និងជិតស្និទ្ធជាមួយព្រះជាម្ចាស់៖ “នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ” (យេរេមា ៣១:៣៣)។
យេរេមានិយាយអំពីការតាំងសេចក្ដីសញ្ញាថ្មី ហើយព្រះយេស៊ូវនិយាពីការខ្ចាយព្រះលោហិតរបស់ទ្រង់ ដើម្បីបង្កើតនូវការតាំងសេចក្ដីសញ្ញាថ្មីនេះ។ តាមរយៈការសុគតរបស់ទ្រង់សម្រាប់យើង យើងមានផ្លាស់ប្រែនៅក្នុងចិត្ត ការអត់ទោសពីអំពើបាប ព្រមទាំងទំនាក់ទំនងជិតស្និទ្ធថ្មីជាមួយ ព្រះជាម្ចាស់។
ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក
១១:២៦ ពេលក្រុមជំនុំចូលមករួមគ្នាបរិភោគនំបុ័ង និងផឹកស្រាទំពាំងបាយជូរនៅក្នុងពិធីលៀងព្រះអម្ចាស់ យើងប្រកាសពីការសុគតរបស់ព្រះគ្រីស្ទសម្រាប់យើងដែលជាដំណឹងល្អស្តីពីការសង្គ្រោះរបស់យើង។
ចំណុចរបស់លោកប៉ុលគឺថាគោលបំណងរបស់អាហារនោះគឺជាការប្រកាសពីការសុគតរបស់ព្រះគ្រីស្ទ និងការសង្គ្រោះដល់ក្រុមជំនុំទាំងអស់ដែលការនេះបានសម្រេច។ ប៉ុន្តែសកម្មភាពរបស់អ្នកក្រុងកូរិនថូស នៅក្នុងការបរិភោគអាហាររបស់ពួកគេមិនបានប្រកាសពីការសុគតរបស់ព្រះអម្ចាស់ទេ ហេតុនេះបានជា លោកប៉ុលនិយាយថាអាហាររបស់ពួកគេគឺមិនមែនជាពិធីលៀងព្រះអម្ចាស់ទេ (ខ២០)។
គ្រីស្ទបរិស័ទនឹងបន្តអបអរពិធីលៀងព្រះអម្ចាស់ “ដរាបដល់ទ្រង់យាងមក”។ នៅពេលយើងបរិភោគនៅក្នុង ពិធីលៀងព្រះអម្ចាស់ យើងប្រកាសពីការយាងមកជាលើកទីមួយរបស់ព្រះយេស៊ូវ នៅពេលព្រះអង្គរងទុក្ខ សម្រាប់អំពើបាបរបស់យើង ប៉ុន្តែយើងក៏ប្រកាសពីការយាងមកជាលើកទីពីរដែរ នៅពេលព្រះអង្គយក យើងទៅនៅជាមួយទ្រង់វិញ។ ហេតុដូច្នេះពិធីលៀងព្រះអម្ចាស់គឺរំលឹកឡើងវិញការសុគតរបស់ព្រះគ្រីស្ទ ហើយក៏សម្លឹងមើលទៅមុខសម្រាប់ការយាងត្រឡប់មកវិញជាលើកទីពីររបស់ទ្រង់ដែរ (ម៉ាថាយ ២៦:២៩; ម៉ាកុស ១៤:២៥; លូកា ២២:១៨) និងពិធីជប់លៀងថ្ងៃមង្គលការរបស់កូនចៀម (វិវរណៈ ១៩: ៩)។
បានជាអ្នកណាដែលបរិភោគនំបុ័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់
១១:២៧ លោកប៉ុលព្រមានថាគ្រីស្ទបរិស័ទត្រូវតែបរិភោគពិធីលៀងព្រះអម្ចាស់ដោយចេញពីចិត្ត និង អាកប្បកិរិយាចេះគួរសម។ ការចូលរួមនៅក្នុងពិធីលៀងព្រះអម្ចាស់តាម “បែបមិនគួរសម” គឺជា ការប្រព្រឹត្តដែលមិនសមរម្យដោយសារម្នាក់នៅមិនបានយល់ដឹងពីអត្ថន័យរបស់អាហារនោះ។ គ្រីស្ទបរិស័ទ នៅទីក្រុងកូរិនថូសមួយចំនួនធ្វើកិច្ចការនេះដោយបរិភោគអាហារមួយចម្អែតនៅចំពោះគ្រីស្ទបរិស័ទក្រីក្រដែលស្រេកឃ្លាន។ ពួកគេយកពិធីលៀងព្រះអម្ចាស់ធ្វើជាពេលសំញែងខ្លួនជាជាងយកពេលនោះ ដើម្បីសញ្ជឹង គិតពីការសុគតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទឡើយ។ ការប្រព្រឹត្តបែបនេះមិនគោរពដល់ ព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់ឡើយ (នោះគឺវាធ្វើឱ្យអាម៉ាស់ដល់ការលះបង់របស់ទ្រង់ សម្រាប់យើង)។
ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ
១១:២៨ មុនពេលពួកគេចូលរួមទទួលទានអាហារ អ្នកជឿគួរតែពិនិត្យមើលខ្លួនឯងសិនដើម្បីឱ្យដឹង ប្រាកដថាគាត់មានអាកប្បកិរិយាត្រឹមត្រូវ ហើយយល់ដឹងពីពិធីលៀងព្រះអម្ចាស់នេះ។ រាល់ពេល យើងបរិភោគពីពិធីលៀងព្រះអម្ចាស់ យើងគួរតែគិតអំពីការសុគតរបស់ទ្រង់ ហើយប្រព្រឹត្តតាមបែប ដែលស្របទៅនឹងការលះបង់របស់ព្រះគ្រីស្ទជំនួសយើង។
ដើម្បីចូលរួមតាមឥរិយាបថដែលសមរម្យ៖
-
យើងគួររំលឹកឡើងវិញ (ខ២៣-២៦)។ នំបុ័ងដែលកាច់នោះរំលឹកយើងពីព្រះកាយរបស់ព្រះគ្រីស្ទ ដែលបានប្រទានមកយើង ហើយពែងស្រាទំពាំងបាយជូររំលឹកយើងពីព្រះលោហិតរបស់ទ្រង់ ដែលបានខ្ចាយសម្រាប់យើង។ ព្រះយេស៊ូវចង់ឱ្យយើងនឹកចាំពីការលះបង់របស់ទ្រង់សម្រាប់ យើង។ ហេតុអ្វី? ពីព្រោះអ្វីៗដែលយើងមានក្នុងនាមជាគ្រីស្ទបរិស័ទគឺបានមកពីការសុគត របស់ព្រះអង្គសម្រាប់យើង។ ដូច្នេះយើងត្រូវចូលរួមនៅក្នុងពិធីលៀងព្រះអម្ចាស់ ដោយការបន្ទាបខ្លួន និងដោយចេះដឹងគុណ។
-
យើងគួរសម្លឹងមើលទៅមុខ (ខ២៦)។ យើងបរិភោគពិធីលៀងព្រះអម្ចាស់នេះ “ដរាបដល់ទ្រង់ យាងមក”។ ការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទដើម្បីមកសោយរាជ្យនៅលើផែនដីគឺជា សេចក្តីសង្ឃឹមដ៏អស្ចារ្យរបស់ក្រុមជំនុំ ហើយយើងគួរគិតអំពី និងសម្លឹងមើលទៅកាន់ការនេះ ដូចជាអ្វីដែលព្រះអង្គបានធ្វើនៅក្នុងពិធីលៀងព្រះអម្ចាស់លើកដំបូងដែរ (សូមមើល ម៉ាថាយ ២៦:២៩)។
-
យើងគួរមើលពីខាងក្នុងខ្លួន (ខ២៧-២៨, ៣១-៣២)។ យើងត្រូវសញ្ជឹងគិតនៅក្នុងចិត្តរបស់យើង វិន្និច្ឆ័យអំពើបាបរបស់យើង ហើយសារភាពវាទៅព្រះជាម្ចាស់។ ប្រសិនបើយើងមិនវិន្និច្ឆ័យ អំពើបាបរបស់ខ្លួនឯងទេ នោះព្រះជាម្ចាស់នឹងអប់រំយើងរហូតទាល់តែយើងសារភាព ហើយបោះបង់ចោលអំពើបាបរបស់យើង។
ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថាបរិភោគជាសេចក្ដីជំនុំជំរះដល់ខ្លួនវិញ ដោយព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ
១១:២៩ នៅពេលយើងអបអរពិធីលៀងព្រះអម្ចាស់ យើងត្រូវដឹងថាមូលហេតុដែលយើងជាក្រុមជំនុំ (“រូបអង្គ” របស់ព្រះគ្រីស្ទ) គឺដោយសារការសុគតរបស់ព្រះយេស៊ូវសម្រាប់យើងទាំងអស់គ្នា។ “ពិចារណាឃើញរូបអង្គ” មានន័យថាស្គាល់ពីនំបុ័ង និងស្រាទំពាំងបាយជូរតំណាងឱ្យព្រះយេស៊ូវ ដែលបានជាប់នៅលើឆ្កាងសម្រាប់យើង ហើយការនេះធ្វើឱ្យពិធីលៀងព្រះអម្ចាស់បរិសុទ្ធ ហើយខុសគ្នា ពីអាហារដទៃផ្សេងទៀត។
ការយល់ដឹងដ៏ត្រឹមត្រូវពីការតំណាងរបស់នំបុ័ង និងស្រាទំពាំងបាយជូរគួរតែមានការផ្លាស់ប្តូរចំពោះ អាកប្បកិរិយា និងការប្រព្រឹត្តរបស់អ្នកក្រុងកូរិនថូស។ នៅពេលយើងស្គាល់ពីអត្ថន័យរបស់អាហារ ដែលជានិមិត្តសញ្ញានៃការលះបង់របស់ព្រះគ្រីស្ទហើយ នោះពួកគេនឹងសម្តែងនូវចិត្តមេត្តាទៅកាន់ បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ ហើយចែករំលែកអាហាររបស់ពួកគេជាមួយអ្នកដទៃនៅក្នុង ការបរិភោគអាហារនោះមិនខាន។ ដូច្នេះពិធីលៀងព្រះអម្ចាស់គួរតែបង្ហាញពីសេចក្តីស្រឡាញ់ និងការរួបរួមគ្នារបស់ក្រុមជំនុំ។
គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើន ទៅជាខ្សោយ ហើយឈឺ ក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរ
១១:៣០ ប្រសិនបើយើងបរិភោគ និងផឹកពីពិធីលៀងព្រះអម្ចាស់តាមបែបមិនគួរសម យើងបរិភោគ និងផឹកសម្រាប់ជាសេចក្ដីជំនុំជំរះដល់ខ្លួនឯងវិញ។ គ្រីស្ទបរិស័ទមួយចំនួននៅទីក្រុងកូរិនថូស បានធ្លាក់ខ្លួនឈឺ ហើយស្លាប់ដោយសារអំពើបាបនេះ។
បើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើង នោះយើងមិនត្រូវជាប់ជំនុំជំរះទេ
១១:៣១ ប្រសិនបើយើងសញ្ជឹងគិតពីខ្លួនឯង នោះព្រះជាម្ចាស់នឹងមិនចាំបាច់កែតម្រូវយើងទេ។ ប៉ុន្តែនៅពេល ដែលយើងមិនពិចារណាមើលក្នុងខ្លួនឯងទេ ព្រះជាម្ចាស់នឹងវាយផ្ចាលយើងដើម្បីជួយយើង ឱ្យផ្លាស់ប្តូរ អាកប្បកិរិយាដែលមិនត្រឹមត្រូវរបស់យើងចេញ។
តែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជំរះ នោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញ ដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីយឡើយ
១១:៣២ ការដែលគ្រីស្ទបរិស័ទទទួលបានការវិន្និច្ឆ័យមកពីព្រះជាម្ចាស់ គឺជា ការ “វាយផ្ចាល” នោះគឺព្រះដ៏ជាព្រះវរបិតាដែលទ្រង់ស្រឡាញ់កំពុងតែប្រដៅដល់បុត្ររបស់ទ្រង់ហើយ។ គោលបំណងនៃការវាយផ្ចាលនេះគឺដើម្បីនាំយើងឱ្យចាកចេញពីទង្វើខុសឆ្គង ដើម្បីឱ្យយើង “ជាប់ទោសជាមួយនឹងលោកីយឡើយ” (ដែលសំដៅទៅលើការវិន្និច្ឆ័យនៅថ្ងៃចុងក្រោយ)។
ដូច្នេះ បងប្អូនអើយ កាលណាប្រជុំគ្នា ដើម្បីនឹងបរិភោគ នោះត្រូវបង្អង់ចាំគ្នាផង បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។
១១:៣៣-៣៤ លោកប៉ុលបញ្ចប់ដោយណែនាំដល់ក្រុមជំនុំថានៅពេលពួកគេមកប្រជុំគ្នាដើម្បី អបអរពិធីលៀងព្រះអម្ចាស់ ពួកគេត្រូវចែករំលែកអាហារជាមួយគ្នាដើម្បីបង្ហាញពីការរួបរួមរបស់ពួកគេ នៅក្នុងព្រះគ្រីស្ទ។


