
ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ទេ
១២:១ ក្រុមជំនុំនៅទីក្រុងកូរិនថូសមានការបែកបាក់គ្នា។ នៅក្នុងជំពូកមុន លោកប៉ុលបានសរសេរ អំពីការបែកបាក់នៅក្នុងក្រុមជំនុំពេលពួកគេមកជួបជុំគ្នាដើម្បីអបអរពិធីលៀងព្រះអម្ចាស់។ ប៉ុន្តែក៏មានការបែកបាក់នៅក្នុងក្រុមជំនុំដែរទាក់ទងនឹងការប្រើប្រាស់អំណោយទានខាងវិញ្ញាណ ជាពិសេសអំណោយទានខាងថ្លែងពាក្យទំនាយ និងការនិយាយជាភាសាដទៃ។ ដូច្នេះនៅក្នុងជំពូក ១២-១៤ លោកប៉ុលបានឆ្លើយតបទៅនឹងបញ្ហានេះ។ គាត់ធ្វើបែបនេះដោយ៖
(១) បង្រៀនពីលក្ខណៈរបស់ក្រុមជំនុំជារូបកាយមួយដែលមានអាវយវៈច្រើន (១២:១-៣១)
(២) បង្រៀនថាសេចក្តីស្រឡាញ់ជា “ផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត” សម្រាប់ឥរិយាបថរបស់ គ្រីស្ទបរិស័ទ (១៣:១-១៣)
(៣) ណែនាំពួកគេពីរបៀបប្រើប្រាស់អំណោយទាននៃការថ្លែងពាក្យទំនាយ និងអំណោយទាន និយាយជាភាសាដទៃសម្រាប់ការជួបជុំគ្នានៅក្នុងក្រុមជំនុំ (១៤:១-៤០)។
អ្នករាល់គ្នាដឹងហើយថា ពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ដែលត្រូវបង្វែរទៅឯរូបព្រះគ តាមតែមានសេចក្ដីដឹកនាំទៅនោះ
១២:២ គ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូសបានផ្លាស់ប្រែមកពីសាសនាក្រិក។ ដោយសារតែសាវតា ដែលមិនជឿរបស់ពួកគេ ពួកគេមានគំនិតមិនត្រឹមត្រូវពីអត្ថន័យផ្នែកខាងវិញ្ញាណ។ នៅក្នុងសាសនាក្រិក ដើម្បីទទួលបានខាង “វិញ្ញាណ” គឺត្រូវមានបទពិសោធន៍ដែលអាថ៌កំបាំងដោយរួមមានទាំងទទួលបាននូវ ការបើកសម្តែង និងការប្រកាសសារដែលជម្រុញដោយព្រះរបស់ពួកគេ។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា លោកប៉ុលហៅព្រះរបស់សាសនាក្រិកថាជា “រូបព្រះគ” ដើម្បីប្រាប់ដោយដឹងថារូបព្រះនោះមិនអាចជម្រុញ ទៅលើពាក្យសម្តី ឬការបើកសម្តែងឡើយ។ ដូច្នេះពីមុនអ្នកក្រុងកូរិនថូសត្រូវបានគេបោកបញ្ឆោត និង “ត្រូវបង្វែរ” (នោះគឺពួកគេកំពុងតែដើរលើផ្លូវមិនត្រឹមត្រូវ)។
ដោយសារអ្នកក្រុងកូរិនថូសចេញមកពីសាវតាដែលមិនជឿនេះហើយបានជានៅពេលពួកគេក្លាយទៅជាគ្រីស្ទបរិស័ទ ពួកគេគិតថាសញ្ញាដែលថាបុគ្គលនោះមានផ្នែក “ខាងវិញ្ញាណ” គឺថាពួកគេទទួលបានបទពិ សោធន៍អាថ៌កំបាំងដែលមិនធម្មតាដូចជាការនិយាយជាភាសាដទៃ ឬថ្លែងពាក្យទំនាយ។ ពួកគេស្គាល់ និងឱ្យតម្លៃទៅលើអំណោយទានទាំងនេះ ប៉ុន្តែពួកគេគិតថាអំណោយទានខាងវិញ្ញាណផ្សេងទៀតមិន សំខាន់នោះទេ។
ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។
១២:៣ លោកប៉ុលមិនចង់ឱ្យពួកគេមិនដឹងពីអ្វីៗខាងព្រះវិញ្ញាណបរិសុទ្ធនោះទេ (ខ១) ដូច្នេះគាត់បញ្ជាក់យ៉ាងច្បាស់ពីលក្ខណៈដ៏ពិតនៃការបើកសម្តែងខាងព្រះវិញ្ញាណបរិសុទ្ធជាអ្វី។
សម្រាប់អ្នកក្រុងកូរិនថូស វត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺមើលឃើញច្បាស់នៅពេល ដែលព្រះវិញ្ញាណបើកសម្តែងមកតាមរបៀបដែលមិនធម្មតា ដូចជាការនិយាយជាភាសាដទៃ។ ប៉ុន្តែ លោកប៉ុលដឹងថាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប្រទានមកឱ្យអ្នកជឿ “ដើម្បីឱ្យបានស្គាល់អស់ទាំង ព្រះគុណ ដែលព្រះបានផ្តល់មកយើង” (២:១២)។ ដូច្នេះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺមិនបានប្រទាន នូវបទពិសោធន៍ដែលអាថ៌កំបាំងមកយើងទេ ប៉ុន្តែដើម្បីជួយយើងឱ្យស្គាល់ព្រះជាម្ចាស់វិញ។
ក្រៅពីនេះព្រះយេស៊ូវមានបន្ទូលថានៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមក “ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ” (យ៉ូហាន ១៥:២៤) ហើយ “ទ្រង់នឹងតម្កើងខ្ញុំ ដ្បិតទ្រង់ នឹងយកសេចក្ដីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា” (យ៉ូហាន ១៦:១៤)។ ដូច្នេះ ព័ន្ធកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ដើម្បីលើកតម្កើងព្រះយេស៊ូវ ដោយធ្វើឱ្យមនុស្សអាចស្គាល់ទ្រង់បានដែរ។ លោកប៉ុលសរសេរថា “គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវ ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ”។ ជាការពិតណាស់ នរណាក៏អាចនិយាយពាក្យទាំងនេះបានដែរ ប៉ុន្តែដើម្បីឱ្យដឹង និងយល់ពីអត្ថន័យ ដើម្បីនឹងជឿ ព្រមទាំងដើម្បីប្រកាសវាចេញមកជាសាធារណៈបាន ទាល់តែទាមទាឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងអ្នកនោះ។
ការពិតដែលព្រះយេស៊ូវគឺជាព្រះអម្ចាស់គឺមិនមែនជារបកគំហើញរបស់មនុស្សនោះទេ។ វាគឺជាសេចក្តីពិត ដែលមនុស្សអាចដឹងបាន មានតែតាមរយៈការបើកសម្តែងមកពីព្រះជាម្ចាស់ប៉ុណ្ណោះ (ម៉ាថាយ ១៦:១៣-២០)។ ការនិយាយថា “ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់” បានគឺត្រូវប្រកាសពីឧត្តមភាពរបស់ ព្រះយេស៊ូវ ជាមួយអង្គដែលបានប្រោសឱ្យរស់ពីសុគតឡើងវិញដើម្បីធ្វើជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី (៨:៦; កិច្ចការ ២:៣៦; រ៉ូម ១០:៩-១០; អេភេសូរ ១:២០-២១; ភីលីព ២:៩-១១)។ ដើម្បីធ្វើសេចក្តីថ្លែងនេះបានគឺត្រូវប្រកាសពីការគោរពចុះចូលចំពោះទ្រង់ ហើយទទួលយកសិទ្ធិអំណាច ទាំងស្រុងរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក។
ការនិយាយថា “ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់” គឺជាហានិភ័យណាស់សម្រាប់ការប្រកាស ដែលត្រូវធ្វើ ឡើងនៅក្នុងសតវត្សទី១ ក្នុងសម័យចក្រភពរ៉ូមដែលមនុស្សត្រូវបានបង្គាប់ឱ្យប្រកាសថា សេសាគឺជា ព្រះអម្ចាស់។ ការប្រកាសពីការគោរពចុះចូលទៅកាន់ព្រះអម្ចាស់ផ្សេងទៀតគឺជាហានិភ័យ ដែលនឹង ត្រូវប្រហារជីវិតពីបទក្បត់ជាតិ។ ដូច្នេះការនិយាយថា “ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់” បង្ហាញថា ម្នាក់នោះច្បាស់ណាស់ថាទ្រង់គឺជាព្រះអម្ចាស់ដែលពួកគេត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹង ការបៀតបៀនចំពោះការប្រកាសពីសេចក្តីពិតនេះ។ ចំណេះដឹងអំពីព្រះយេស៊ូវ និងជំនឿដ៏ក្លាហាន លើទ្រង់នេះអាច កើតឡើងបានតែតាមរយៈព្រះវិញ្ញាណបរិសុទ្ធធ្វើការតែប៉ុណ្ណោះ។
នៅក្នុងសតវត្សទីមួយ វាមានសាមញ្ញជាងដែលមនុស្សនិយាយថា “ព្រះយេស៊ូវត្រូវបណ្តាសា!”។ សម្រាប់សាសន៍យូដា ការពិតដែលថាទ្រង់ត្រូវបានសម្លាប់ដោយព្យួរនៅលើដើមឈើគឺជាសញ្ញាប្រាប់ថា ទ្រង់ទទួលបណ្តាសារមកពីព្រះជាម្ចាស់ (និក្ខមនំ ២១:២៣)។ សម្រាប់សាសន៍ដទៃ ការត្រូវបានប្រហារ ជីវិតជាឧក្រិដ្ឋជនគឺសមសម្រាប់អ្នកនោះដែលត្រូវបណ្តាសា មិនមែនជាមួយអង្គដែលជាព្រះអម្ចាស់ នោះទេ។ ប៉ុន្តែជាថ្មីម្តងទៀតវាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលធ្វើឱ្យមនុស្សអាចមើលឃើញថា “ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្តាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសា ជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅ លើឈើ») ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ ឲ្យយើងបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្ដីជំនឿ” (កាឡាទី ៣:១៣-១៤)។
គោលបំណងរបស់លោកប៉ុលគឺដើម្បីកំណត់អត្តសញ្ញាណអ្នកដែលមានផ្នែក “ខាងវិញ្ញាណ” (១៤:៣៧)។ អ្នកក្រុងកូរិនថូសគិតថាសញ្ញាដែលបញ្ជាក់ថាម្នាក់នោះមានខាងវិញ្ញាណគឺជាការនិយាយភាសាដទៃ និងការថ្លែងពាក្យទំនាយ។ ប៉ុន្តែលោកប៉ុលបង្រៀនថាអ្វីដែលសំខាន់គឺខ្លឹមសារនៃសេចក្តីថ្លែងរបស់យើង នោះ៖ អស់អ្នកដែលសារភាពថាព្រះយេស៊ូវគឺជាព្រះអម្ចាស់គឺមានផ្នែកខាងវិញ្ញាណហើយ។ គ្រីស្ទបរិស័ទ ទាំងអស់សុទ្ធតែបានធ្វើការសារភាពពីចំណុចនេះ ហេតុនេះបានជាគ្រីស្ទបរិស័ទទាំងអស់ (មិនមែនស ម្រាប់តែអ្នកចេះនិយាយភាសាដទៃប៉ុណ្ណោះទេ) គឺមានផ្នែកខាងវិញ្ញាណហើយ។ ប្រសិនបើអ្នកបានឮ ដំណឹងល្អ ជឿតាម ហើយឥឡូវនេះដើរតាមព្រះយេស៊ូវដែលជាព្រះអម្ចាស់របស់អ្នក នោះបញ្ជាក់យ៉ាង ច្បាស់ថាព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅក្នុងអ្នក។ អ្នកមានផ្នែក “ខាងវិញ្ញាណ” ហើយ។ ចូរថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់! ព្រះអង្គកំពុងតែធ្វើការនៅក្នុងអ្នក!
អ្វីដែលអ្នកនោះនិយាយចេញមកអំពីព្រះយេស៊ូវគ្រីស្ទគឺជាការសាកល្បងថាតើគាត់និយាយមកពី ព្រះវិញ្ញាណបរិសុទ្ធឬយ៉ាងណា។ ព្រះវិញ្ញាណបរិសុទ្ធតែងតែដឹកនាំមនុស្សឱ្យមកស្គាល់ព្រះយេស៊ូវ ដែលជា ព្រះអម្ចាស់ (២:៨–១៤; យ៉ូហាន ១៥:២៦; ១ យ៉ូហាន ៥:៦–៨) ដូច្នេះសញ្ញាដែលថាព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងអ្នកនោះគឺជាការលើកតម្កើងព្រះយេស៊ូវថា ជាព្រះអម្ចាស់។ អ្នកដែលស្ថិតនៅខាងវិញ្ញាណនឹង រីករាយ ចុះចូល ហើយស្តាប់បង្គាប់ព្រះយេស៊ូវដែលជា ព្រះអម្ចាស់របស់គាត់។ អ្វីៗដែលនាំឱ្យរវាតចេញពី ព្រះយេស៊ូវ ហើយនាំឱ្យមានការចាប់អារម្មណ៍ទៅកាន់ បទពិសោធន៍អាថ៌កំបាំងប្លែកៗគឺមិនមែនជាកិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធទេ។
រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់
១២:៤-៦ ឥឡូវនេះ លោកប៉ុលចាប់ផ្តើមបង្រៀនអំពីអំណោយទានខាងវិញ្ញាណ។ អំណោយទាន ខាងវិញ្ញាណមិនមែនជាទេព្យកោសល្យ ជំនាញ ឬសមត្ថភាពមកពីធម្មជាតិទេ។ មនុស្សទាំងអស់រួមទាំង អ្នកមិនជឿផងសុទ្ធតែមានទេព្យកោសល្យ ជំនាញ និងសមត្ថភាព។ ប៉ុន្តែ អំណោយទានខាងវិញ្ញាណ គឺជាសមត្ថភាពដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឱ្យដល់អ្នកជឿ ដើម្បីធ្វើឱ្យយើងអាចបម្រើបាន និងជួយកសាងគ្នាទៅវិញ ទៅមកខាងផ្នែកវិញ្ញាណដើម្បីថ្វាយសិរីរុងរឿងទៅកាន់ព្រះជាម្ចាស់។
ដោយសារគោលបំណងនៃអំណោយទានខាងវិញ្ញាណគឺដើម្បីសង់ក្រុមជំនុំឡើង អំណោយទានគួរតែបង្កើត នូវការរួបរួមគ្នា មិនមែនការបែកបាក់នៅក្នុងក្រុមជំនុំទេ។ បើទោះបីជាយើងមានអំណោយទានផ្សេងៗ ពីគ្នាក៏ដោយ អំណោយទានទាំងអស់សុទ្ធតែកើតមកពីព្រះវិញ្ញាណតែមួយ ព្រះអម្ចាស់តែមួយ និងព្រះជាម្ចាស់តែមួយអង្គដែលផ្តល់អំណាចដល់អ្នកជឿគ្រប់ៗគ្នា។ ប្រសិនបើយើងផ្តោតទៅលើ អំណោយទានផ្សេងៗគ្នារបស់យើង វាអាចបណ្តាលឱ្យកើតមានការបែកបាក់គ្នា ឬការប្រជែងគ្នារវាងព័ន្ធកិច្ច ប៉ុន្តែប្រសិនបើយើងផ្តោតតែទៅលើអ្នកប្រទានឱ្យ និងគោលបំណងរបស់ព្រះអង្គដើម្បីកសាងក្រុមជំនុំ របស់ទ្រង់នោះយើងនឹងមានការរួបរួមគ្នាជាមិនខាន។
ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល
១២:៧ ឥឡូវនេះលោកប៉ុលផ្តល់ជាគន្លឹះសម្រាប់ការបង្រៀននៅក្នុងជំពូកនេះ។ អំណោយទានខាងវិញ្ញាណ បានប្រទានមកឱ្យអ្នកជឿម្នាក់ៗដើម្បីឱ្យយើងអាចបម្រើគ្នាទៅវិញទៅមក ហេតុនេះអំណោយទានផ្តល់ជា អត្ថប្រយោជន៍ដល់ក្រុមជំនុំទាំងមូល។
កិច្ចការបីយ៉ាងដែលត្រូវធ្វើការកត់សម្គាល់។ ទីមួយព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងគ្រីស្ទបរិស័ទនីមួយៗ ហេតុដូច្នេះទ្រង់សម្តែងចេញមកតាមរបៀបផ្សេងៗជាច្រើន។ របៀបរបស់លោកប៉ុលសម្រាប់ការនិយាយ ពីកិច្ចការនេះគឺ “ទ្រង់ប្រទានឱ្យព្រះវិញ្ញាណសម្ដែងមកក្នុងគ្រប់គ្នា”។ ចំណុចដែលគាត់ចង់លើកឡើង គឺថាព្រះវិញ្ញាណធ្វើការតាមរយៈមនុស្សម្នាក់ៗនៅក្នុងក្រុមជំនុំ ប៉ុន្តែទ្រង់ធ្វើការតាមរបៀបផ្សេងៗ គ្នានៅក្នុង មនុស្សម្នាក់ៗ (ខ២៩–៣០)។
ទីពីរអំណោយទានបានប្រទានមក “ដើម្បីជាប្រយោជន៍រួម” (គកស១៦)។ អំណោយទានខាងវិញ្ញាណ បានប្រទានមក ដើម្បីប្រើប្រាស់ (មិនមែនមិនអើពើនោះទេ) ហើយអំណោយទានត្រូវតែប្រើប្រាស់តាម របៀប ដែលស្អាង ក្រុមជំនុំឡើង។ ដោយសារអំណោយទានខាងវិញ្ញាណគឺ “ដើម្បីជាប្រយោជន៍រួម” នោះអ្នកដទៃគួរតែ ទទួលបានអត្ថប្រយោជន៍ពីអំណោយទាននោះ។ លទ្ធផលនៃការប្រើប្រាស់ អំណោយទានរបស់យើង ឱ្យបានត្រឹមត្រូវគឺជាការលូតលាស់ខាងវិញ្ញាណរបស់អ្នកដទៃ។ អំណោយទានមិនបានប្រទានមកឱ្យ មនុស្សលើកកិត្តិយស ឋានៈ ឬតំណែងរបស់ខ្លួនកាត់នៅក្នុង ក្រុមជំនុំទេ។ ផ្ទុយទៅវិញ អំណោយទាន គឺដើម្បីផ្តល់ជាប្រយោជន៍ដល់អស់អ្នកដែលគាត់បម្រើ ដោយប្រើអំណោយទាននេះ។ អំណោយទានគឺបានមកពីព្រះវិញ្ញាណបរិសុទ្ធ (តាមរយៈអ្នកជឿ) ទៅកាន់ក្រុមជំនុំ។
ទីបីដោយសារព្រះវិញ្ញាណបរិសុទ្ធគឺជាប្រភពនៃអំណោយទានទាំងនេះ (មិនមែនជាខ្លួនយើងទេ) យើងត្រូវចេះបន្ទាបខ្លួន ហើយស្រឡាញ់នៅពេលយើងប្រើប្រាស់អំណោយរបស់យើង។ នៅពេលយើងបម្រើដល់អ្នកដទៃដោយការបន្ទាបខ្លួន និងសេចក្តីស្រឡាញ់នោះយើងក្លាយខ្លួន ដូចជាព្រះគ្រីស្ទ។ នេះគឺជារង្វាន់សម្រាប់អ្នកដែលមានអំណោយទាន មិនមែនជាការគោរពបានមកពី ក្រុមជំនុំទេ ប៉ុន្តែរីកចម្រើនកាន់តែដូចជាព្រះគ្រីស្ទឡើង។ ព្រះវិញ្ញាណបរិសុទ្ធចង់ប្រទានពរដល់ក្រុមជំនុំ តាមរយៈការធ្វើការតាមរយៈយើងម្នាក់ៗ ហើយនៅពេលយើងធ្វើកិច្ចការនេះ លទ្ធផលគឺអ្នកដទៃ ត្រូវបានស្អាងឡើងផ្នែកខាងវិញ្ញាណ ហើយយើងរីកចម្រើនឡើងកាន់តែដូចព្រះគ្រីស្ទថែមទៀត។
ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល
១២:៨ បន្ទាប់មក លោកប៉ុលផ្តល់ជាឧទាហរណ៍ពីអំណោយទាន។ គាត់មិនបានផ្តល់នូវបញ្ជីអំណោយទាន ទាំងស្រុងនោះទេ ប៉ុន្តែផ្ទុយទៅវិញគាត់បានបង្ហាញពពីលក្ខណៈចម្រុះនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងក្រុមជំនុំ។
“ប្រាជ្ញា” គឺជាសមត្ថភាពក្នុងការស្គាល់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
“ចំណេះដឹង” គឺជាសមត្ថភាពក្នុងការយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកាសពី សេចក្តីពិតរបស់ព្រះជាម្ចាស់។
ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល
១២:៩ គ្រីស្ទបរិស័ទទាំងអស់មានសេចក្ដីជំនឿខ្លះៗ (ដូចជាយើងមានប្រាជ្ញាខ្លះៗ និងចំណេះដឹងខ្លះៗ) ហើយគ្រប់ទាំងជំនឿគឺសុទ្ធតែជាអំណោយទានរបស់ព្រះជាម្ចាស់សម្រាប់យើង។ ប៉ុន្តែ អំណោយទាន ខាងវិញ្ញាណនៃជំនឿគឺជាការជឿជាក់ដែលព្រះជាម្ចាស់នឹងថ្វើការតាមរយៈព្រះចេស្តា និងសេចក្តីមេត្តា របស់ទ្រង់ តាមរបៀបពិសេសមួយ ក្នុងករណីជាក់លាក់មួយ។ ឧទាហរណ៍៖ ការមានជំនឿក្នុង ការអធិស្ឋានឱ្យមានការអស្ចារ្យសម្រាប់នរណាម្នាក់។
“អំណោយទាន នឹងអាចប្រោសឲ្យជា” មិនសំដៅលើអំណាចនៃការព្យាបាលជំងឺទាំងអស់នោះទេ ប៉ុន្តែជាករណីជាក់លាក់មួយនៃការប្រោសឲ្យជាវិញ។ មនុស្សម្នាក់ៗដែលបានជាសះស្បើយបានទទួល អំណោយមួយពីព្រះ។ ការព្យាបាលមិនមែនជាសមត្ថភាពដែលមនុស្សមាននោះទេ គ្មាននរណាម្នាក់នៅក្នុង ព្រះគម្ពីរត្រូវបានគេ ប្រកាសថាជា “អ្នកប្រោសឲ្យជា” នោះទេ ហើយមានតែមួយអង្គប៉ុណ្ណោះដែលមាន ព័ន្ធកិច្ចប្រោសឲ្យជា គឺព្រះយេស៊ូវ។
ព្រះជាម្ចាស់គឺជាអ្នកប្រោសឲ្យជា ប៉ុន្តែទ្រង់ក៏អាចធ្វើការតាមរយៈមនុស្សដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដែលឈឺក្នុងស្ថានភាពជាក់លាក់មួយដែរ។ ឧទាហរណ៍៖ ព្រះអង្គធ្វើការតាមរយៈលោកប៉ុល ដើម្បីប្រោសមនុស្សឲ្យជា (កិច្ចការ ១៤:៨–១០, ១៩:១១–១២, ២៨:៧–៩) ប៉ុន្តែវាមិនមានន័យថា លោកប៉ុលមានអំណាច ដើម្បីប្រោសឲ្យជាគ្រប់ទាំង ជំងឺទាំងអស់ទេ (ភីលីព ២:២៧; ២ ធីម៉ូថេ ៤:២០)។
ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់ អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ
១២:១០ "ការឫទ្ធិបារមី" ៖ រួមទាំងការធ្វើការដ៏អស្ចារ្យដែលកើតឡើងពីព្រះចេស្តារបស់ព្រះជាម្ចាស់។
"ការថ្លែងទំនាយ" (គកស១៦) គឺជាការប្រកាសពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្តែងពី អំណងព្រះហឫទ័យ របស់ព្រះជាម្ចាស់ដល់មនុស្សទាំងអស់។ ពេលខ្លះហោរ៉ាប្រកាសពីអនាគត (កិច្ចការ ១១:២៨; ចោទិយកថា ១៨:២១–២២) ប៉ុន្តែ ជាញឹកញាប់ពួកគេនិយាយ ពីស្ថានភាពបច្ចុប្បន្នដើម្បីនាំមក នូវការលើកទឹកចិត្ត និងភាពសុខស្រួល (១ កូរិនថូស ១៤:៣) នាំមនុស្សឱ្យមានការភ្ញាក់ដឹងខ្លួនឡើង (១៤:២៤-២៥) ហើយត្រាស់ហៅឱ្យគេប្រែចិត្ត (វិវរណៈ ១១:៣)។
ការសង្កេតស្គាល់ អស់ទាំងវិញ្ញាណ គឺជាសមត្ថភាពក្នុងការដឹងពីភាពខុសគ្នារវាងអ្វីដែលមកពី ព្រះវិញ្ញាណបរិសុទ្ធ និងអ្វីដែលមិនមែន (កិច្ចការ ៨:១៨-២៣, ១៦:១៦-១៨)។ អំណោយទាននៃការសម្គាល់នេះធ្វើឱ្យមនុស្សអាចដឹងថា តើនរណាម្នាក់កំពុងតែអធិប្បាយ “ដំណឹងល្អដទៃទៀត” (កាឡាទី ១:៦) ឬ “ព្រះយេស៊ូវមួយអង្គទៀត” (២ កូរិនថូស ១១:៤) ឬបង្រៀនពីគោលលិទ្ធិខុសឆ្គងដែលផ្ទុយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។
សាតាំងអាចធ្វើការអស្ចារ្យដើម្បីបោកបញ្ឆោតមនុស្សបាន (២ ថែស្សាឡូនីច ២:៩-១០; វិវរណៈ ១៣:១១-១៤)។ វាអាចបោកបញ្ឆោត តាមរយៈសារ ឬការល្បួងក្លែងក្លាយ (លោកុប្បត្តិ ២:១៦-៣:៥) ហើយព្យាយាមបោកបញ្ឆោតក្រុមជំនុំ តាមរយៈគ្រូក្លែងក្លាយ (យូដាស ៤; ២ ពេត្រុស ២:១-២)។ អាចមានវិញ្ញាណនៃការកុហក់ តាមរយៈមាត់របស់ហោរា (១ ពង្សាវតាក្សត្រ ២២:២១-២៣; ២ របាក្សត្រ ១៨:២០-២២) ហើយអ្នកជឿអាចត្រូវបានបោកបញ្ឆោត ដោយនិយាយអ្វីដែលមិនត្រឹមត្រូវ (ម៉ាថាយ ១៦:២៣)។ ដូច្នេះសំខាន់ណាស់ដើម្បីល្បងលព្រះបន្ទូល ជាមួយអស់អ្នក ដែលប្រកាសខ្លួនថា ថ្លែងព្រះបន្ទូលមកពីព្រះជាម្ចាស់ (១ យ៉ូហាន ៤:១-៣)។
"ចេះនិយាយភាសាដទៃផ្សេងៗ" ៖ អំណោយទានត្រូវបានកំណត់ដោយរកឃើញនៅក្នុង កិច្ចការ ២:៥-១២ ថាជាសមត្ថភាពក្នុង ការចេះនិយាយភាសាដែលអ្នកមិនបានរៀន។
"ចេះបកប្រែភាសាដទៃ"។ ដោយសារភាសាគឺជាភាសាបរទេសដែលមនុស្សភាគច្រើន (រួមទាំងអ្នកនិយាយផង) មិនបានដឹងពីអ្វីដែលនិយាយចេញមកនោះទេ។ ដូច្នេះព្រះវិញ្ញាណបរិសុទ្ធ ប្រទាននូវអំណោយទាននៃការបកស្រាយនេះដើម្បីឱ្យក្រុមជំនុំអាចយល់ និងបំភ្លឺពីព្រះបន្ទូល ដែលបានប្រកាសចេញមកនេះ។
តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។
១២:១១ ព្រះវិញ្ញាណបរិសុទ្ធមានអធិបតេយ្យភាពក្នុងការប្រទានអំណោយទាន។ ទ្រង់ប្រទានអំណោយ ទាន “តាមដែលទ្រង់សព្វព្រះហឫទ័យ”។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ផ្តល់អំណាចដល់មនុស្សរបស់ព្រះ ឱ្យធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងគ្រីស្ទបរិស័ទម្នាក់ៗ ហើយទ្រង់ប្រទាននូវអំណោយទានជាច្រើនប្រភេទ។
ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ
១២:១២ ពីព្រោះអ្នកជឿទាំងអស់គឹនៅក្នុងព្រះគ្រីស្ទ ពួកយើងគឺជារូបកាយតែមួយ។ ដូចជារូបកាយរបស់ មនុស្សមានអាវយវៈជាច្រើនតែទាំងអស់គឺជារូបកាយតែមួយតែប៉ុណ្ណោះ។ ក៏មានមនុស្សជាច្រើននៅក្នុង ក្រុមជំនុំដែល (ទោះបីជាមានលក្ខណៈខុសៗគ្នាក៏ដោយ) ជារូបកាយតែមួយដែរ។
ដូច្នេះទាំងនៅក្នុងរូបកាយរបស់មនុស្ស និងក្រុមជំនុំគឺមាន៖ (១) ការរួបរួម ដោយសារអាវយវៈទាំងអស់ តភ្ជាប់គ្នា ហើយធ្វើការជាមួយគ្នាតែមួយ និង (២) លក្ខណៈចម្រុះ ដោយសារអាវយវៈទាំងអស់សុទ្ធតែ ខុសៗពីគ្នា ហើយមានលក្ខណៈ និងមុខងារខុសគ្នាដែរ។
ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ
១២:១៣ ព្រះយេស៊ូវធ្វើពិធីជ្រមុជទឹកឱ្យមនុស្សដោយព្រះវិញ្ញាណបរិសុទ្ធ (សូមមើលកំណត់សម្គាល់នៅ ម៉ាថាយ ៣:១១) ខណៈពេលដែលទ្រង់ធ្វើកិច្ចការនេះនោះក៏កើតមានក្រុមជំនុំឡើង។ គ្រប់គ្នាដែលមាន ព្រះវិញ្ញាណបរិសុទ្ធគឺសុទ្ធតែជាអាវយវៈនៃក្រុមជំនុំរបស់ព្រះអង្គ។ វាគឺជាវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ តែមួយ នៅក្នុងអ្នកជឿម្នាក់ៗដែលប្រទានឱ្យយើងនូវការរួបរួមគ្នាជាមួយនឹងអ្នកជឿទាំងអស់ផ្សេងទៀត ហើយធ្វើឱ្យយើងទៅជា “រូបកាយតែមួយ”។
ដោយពិពណ៌នាពីបទពិសោធន៍នៃការទទួលបានព្រះវិញ្ញាណបរិសុទ្ធ លោកប៉ុលប្រើពាក្យថា “បានទទួលបុណ្យជ្រមុជ” និង “ផឹកពីព្រះវិញ្ញាណតែមួយ”។ ចំណុចរបស់គាត់គឺថាយើងជ្រមុជទៅក្នុង ព្រះវិញ្ញាណ ហើយថាព្រះវិញ្ញាណបរិសុទ្ធបំពេញយើង។ ការនេះកើតឡើងនៅពេលមនុស្សមាន ការផ្លាស់ប្រែ។ នៅពេលមានការផ្លាស់ប្រែអ្នកជឿម្នាក់ៗទទួលព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកគេ (រ៉ូម ៨:៩; ១ កូរិនថូស ៦:១៩; កូល៉ុស ២:១០; ២ ពេត្រុស ១:៣-៤) ហើយក្លាយជាអាវយវៈនៅក្នុងរូបកាយ របស់ព្រះគ្រីស្ទ។
ការទទួលព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលធ្វើឱ្យអ្នកជឿខុសពីអ្នកមិនជឿ (២:១០-១៤)។ ការទទួលព្រះវិញ្ញាណបរិសុទ្ធគឺជាការចាប់ផ្តើមជីវិតជាគ្រីស្ទបរិស័ទ (កាឡាទី ៣:២-៣)។ ការទទួលព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលធ្វើឱ្យមនុស្សក្លាយជាបុត្ររបស់ព្រះជាម្ចាស់ (រ៉ូម ៨:១៤-១៧)។ ដូច្នេះមូលដ្ឋាននៃការរួបរួមរបស់យើងក្នុងនាមជាគ្រីស្ទបរិស័ទគឺជាបទពិសោធន៍រួមរបស់យើងដែលមានព្រះវិញ្ញាណបរិសុទ្ធតែមួយ។
លោកប៉ុលពន្យល់ប្រាប់ពីរបៀបដែលអ្នកជឿនៅទីក្រុងកូរិនថូសបើទោះជាមានច្រើននាក់យ៉ាងណាក៏ជារូបកាយតែមួយដែរ។ ចម្លើយរបស់គាត់គឺព្រះវិញ្ញាណបរិសុទ្ធដែលពួកគេទាំងអស់គ្នាបានទទួល។ ជីវិតរួមគ្នារបស់ពួកគេនៅក្នុងព្រះវិញ្ញាណបរិសុទ្ធបានលុបបំបាត់នូវសារៈសំខាន់ពីភាពខុសគ្នាដែលធ្លាប់បំបែកពួកគេ (“សាសន៍យូដា ឬសាសន៍ក្រេក បាវបម្រើ ឬអ្នកជាក្តី”) ដោយធ្វើឱ្យពួកគេទៅជារូបកាយតែមួយ នៅក្នុងព្រះគ្រីស្ទ។
រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ
១២:១៤ រូបកាយមួយមានអាវយវៈជាច្រើន។ ដូច្នេះការពិតដែលក្រុមជំនុំគឺជា “រូបកាយតែមួយ” មិនមែនមានន័យថាយើងទាំងអស់គ្នាសុទ្ធតែដូចៗគ្នានោះទេ។ វាមានន័យថាយើងប្រៀបដូចជា អាវយវៈផ្សេងគ្នាដែលមានរូបកាយតែមួយវិញ ហើយយើងតភ្ជាប់គ្នា និងធ្វើការជាមួយគ្នា ហើយអាវយវៈនីមួយៗមានតួនាទីសំខាន់ដែលត្រូវធ្វើដើម្បីជាប្រយោជន៍ដល់រូបកាយទាំងមូល។
បើសិនជាជើងនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី
១២:១៥ លោកប៉ុលផ្តល់នូវការលើកទឹកចិត្តទៅកាន់អ្នកដែលមានតួនាទីដ៏តូចទាបនៅក្នុងរូបកាយ។ ជើងប្រហែលជាបាក់ទឹកចិត្តដោយសារតែគ្មានសមត្ថភាពអាចធ្វើតាមមុខងារដែលដៃអាចធ្វើបាន ហើយគិតថាតួនាទីរបស់ខ្លួនមិនសំខាន់។ ប៉ុន្តែជើងគឺជាអាវយវៈរបស់រូបកាយ ដូចជាដៃដែរ។
ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី
១២:១៦ ជាជើង និងជាដៃក៏ដូចជាត្រចៀក និងភ្នែកដែរ។ រូបកាយត្រូវការជើងក៏ដូចជាដៃ ព្រមទាំង ត្រចៀក និងភ្នែកដែរ។ អត្ថន័យបង្កប់នោះគឺថាគ្មានមនុស្ស (ឬអំណោយទាន) ណាដែលមិនសំខាន់នៅក្នុង រូបកាយរបស់ព្រះគ្រីស្ទនោះទេ។
បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណា បើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា
១២:១៧ គ្មានអាវយវៈរបស់រូបកាយណាមួយអាចធ្វើតាមមុខងាររបស់អាវយវៈផ្សេងទៀតបានទេ។ ត្រចៀកមិនអាចមើលឃើញ ហើយភ្នែកក៏មិនអាចស្តាប់ឮបានដែរ។ ដូច្នេះភ្នែក និងត្រចៀកគឺសុទ្ធតែ មានសារៈសំខាន់។ ដូចគ្នានេះដែរមនុស្សគ្រប់ៗគ្នានៅក្នុងក្រុមជំនុំគឺសុទ្ធតែមានសារៈសំខាន់ ម្នាក់ៗមានអំណោយទានរបស់គេរៀងៗខ្លួន បើមិនដូច្នោះទេមុខងារខ្លះរបស់រូបកាយនឹងត្រូវបាត់ ទៅជាមិនខាន។
តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់
១២:១៨ លក្ខណៈចម្រុះនៅក្នុងរូបកាយគឺកើតមានតាមរយៈការរចនាឡើងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្កើតអាវយវៈផ្សេងៗពីគ្នា ហើយរៀបចំវា “ទ្រង់បានដាក់ចុះ” ដើម្បីឱ្យមានរូបកាយបែប យ៉ាងដូច្នេះ។ ការពិតដូចគ្នានេះក៏កើតមានចំពោះមនុស្ស និងអំណោយទាននៅក្នុងក្រុមជំនុំ ដែររបស់ព្រះអង្គដែរ។ យើងត្រូវបានរៀបចំឡើងស្របតាមព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះយើងទាំងអស់គ្នា គួរតែទទួលយកកិច្ចការដែលព្រះអង្គបានប្រទានឱ្យមកយើងធ្វើនៅក្នុងក្រុមជំនុំរបស់ទ្រង់ ហើយទទួលយក អ្នកដទៃតាមអំណោយទានរបស់ពួកគេផងដែរ។
បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ
១២:១៩-២០ មិនថាអាវយវៈមួយសំខាន់ចំពោះរូបកាយប៉ុណ្ណានោះទេ វាអាចមិនមានរូបកាយ ដែលបានមកពីអាវយវៈតែមួយបានឡើយ។ ផ្ទុយទៅវិញមានអាវយវៈជាច្រើន ហើយទាំងអស់នោះបង្កើត បានជារូបកាយតែមួយ។
ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ
១២:២១ នៅក្នុងខ១៥-១៦ លោកប៉ុលបានសរសេរអំពីអាវយវៈដ៏តូចទាបរបស់រូបកាយ (ជើង និងត្រចៀក) ដែលតំណាងឱ្យមនុស្សនៅក្នុងក្រុមជំនុំដែលគិតថាពួកគេមិនមែនជាកម្មសិទ្ធរបស់ ក្រុមជំនុំឡើយ ដោយសារកង្វះអំណោយទានដែលក្រុមជំនុំទាំងអស់មើលឃើញ ហើយឱ្យតម្លៃ។ បន្ទាប់ទៀតលោកប៉ុលសរសេរពី អ្នកដែលមានអំណោយទានដែលក្រុមជំនុំទាំងអស់ឱ្យតម្លៃ។
នៅពេលយើងជួបជាមួយមនុស្សម្នាក់ ភ្នែក និងក្បាលគឺជាចំណុចដែលយើងត្រូវមើល។ ដូច្នេះភ្នែក និងក្បាលតំណាងឱ្យអ្នកដែលមានអំណោយទាននៅក្នុងក្រុមជំនុំដែលគ្រប់គ្នាមើលឃើញ។ នៅក្នុងក្រុមជំនុំទីក្រុងកូរិនថូស អ្នកទាំងនេះឱ្យតម្លៃខ្លាំងទៅលើសារៈសំខាន់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនសូវឱ្យតម្លៃទៅកាន់សមាជិកក្រុមជំនុំដទៃទៀតដោយគេគិតថាមិនសំខាន់ដូចពួកគេ។ តាមរយៈអំនួតរបស់ខ្លួន ពួកគេគិតថាពួកគេមិនត្រូវការអំណោយទានខាងវិញ្ញាណពរបស់ មនុស្សទាំងនេះទេ។
ប៉ុន្តែភ្នែកត្រូវការដៃ ហើយក្បាលក៏ត្រូវការជើងដែរ។ អាវយវៈមួយរបស់រូបកាយប្រហែលជា អាចធ្វើតាម មុខងាររបស់ខ្លួនបានល្អ ប៉ុន្តែវានៅតែត្រូវការអាវយវៈដទៃទៀតដែលមានមុខងារផ្សេងគ្នាដែលខ្លួន មិនអាចធ្វើបាន។
ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ
១២:២២ ដើម្បីឱ្យរូបកាយមួយដំណើរការបានល្អ ១០០% យើងត្រូវការអាវយវៈទាំងអស់របស់រូបកាយ មានដំណើរការល្អ។ សូម្បីតែអាវយវយៈ “ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជា ជាងវិញ”។ ពាក្យ “ខ្សោយជាង” បញ្ជាក់ថាអាវយវៈទាំងនេះហាក់ដូចមិនសំខាន់។ ប៉ុន្តែវាពិតជា “មានប្រយោជន៍ជាជាងវិញ” មានន័យថារូបកាយមិនអាចមានដំណើរការបានល្អទេបើគ្មានវាទេ។
ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត
១២:២៣-២៤ អាវយវៈមួយចំនួននៃរូបកាយរបស់មនុស្សមានលក្ខណៈឯកជន។ បើទោះបីជាអាវយវៈនេះ មិនអាចមើលឃើញបាន ហើយយើងមិនអាចនិយាយពីវាបានច្រើនក៏ដោយក៏អាវយវៈទាំងនេះនៅតែជា អាវយវៈដែលមានសារៈសំខាន់ចំពោះរូបកាយដែរ ហើយយើងបង្ហាញនូវភាពថ្លៃថ្នូរ និងផ្តល់កិត្តិយស ឱ្យវាដោយគ្រប់បាំងជាមួយនឹងសម្លៀកបំពាក់ដែរ។
ដូច្នេះលោកប៉ុលឆ្លើយតបទៅកាន់អំណួតរបស់មនុស្សនៅក្នុងក្រុមជំនុំដែលមានអំណោយទានមនុស្សអាចមើលឃើញបានទុកជាការរំលឹកដល់ពួកគេថាអាវយវៈរបស់រូបកាយដែល “ឯអវយវៈណារបស់យើង ដែលមិនល្អមើល” គឺពិតជា ត្រូវផ្តល់កិត្តិយស និងភាពថ្លៃថ្នូរកាន់តែខ្លាំងឡើងថែមទៀត។ អ្នកដែលមានព័ន្ធកិច្ចជាសាធារណៈ ដែលក្រុមជំនុំទាំងអស់មើលឃើញ (ដូចជាការអធិប្បាយ) មិនសំខាន់ជាងអ្នកដែលមានព័ន្ធកិច្ច ដែលមើល មិនឃើញនឹងភ្នែក (ដូចជាអ្នកអធិស្ឋាន) នោះដែរ។
ដើម្បីមិនឲ្យមានសេចក្ដីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក
១២:២៥ មូលហេតុដែលព្រះជាម្ចាស់រៀបចំក្រុមជំនុំតាមរបៀបនេះគឺដើម្បីកុំឱ្យមានការបែកបាក់ នៅក្នុង ក្រុមជំនុំ។ ព្រះជាម្ចាស់បានរចនាក្រុមជំនុំឡើងដើម្បីឱ្យមនុស្សម្នាក់ៗត្រូវការអ្នកដទៃ ដើម្បីឱ្យមានដំណើរ ការបានត្រឹមត្រូវជាមួយគ្នាជារូបកាយតែមួយ។ ផែនការរបស់ទ្រង់គឺថាប្រជារាស្ត្ររបស់ព្រះអង្គ នឹងមាន ការខ្វល់ខ្វាយដូចគ្នា និងស្មើគ្នាចំពោះគ្នាទៅវិញទៅមក។
ដូច្នេះ បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ
១២:២៦ គេអាចមើលឃើញការរួមគ្នារបស់រូបកាយបានទាំងតាមរយៈការរងទុក្ខ និងការផ្តល់កិត្តិយស។ ប្រសិនបើអាវយវៈមួយរបស់រូបកាយមានការឈឺចាប់ វានឹងប៉ះពាល់ដល់រូបកាយរបស់អ្នកទាំងមូល។ ដូចគ្នាដែរការរងទុក្ខរបស់នរណាម្នាក់នៅក្នុងក្រុមជំនុំមានន័យថាក្រុមជំនុំទាំងមូលក៏រងទុក្ខដែរ។
ស្រដៀងគ្នានេះនៅពេលដែលអាវយវៈមួយរបស់រូបកាយទទួលបានការផ្តល់កិត្តិយស អាវយវៈទាំងអស់ ចែករំលែកភាពរីករាយជាមួយគ្នា។ ដោយកត់សម្គាល់ឃើញថា លោកប៉ុលមិនបានលើកឡើង ពីការចែករំលែកការផ្តល់កិត្តិយសទេ ប៉ុន្តែចែករំលែកនូវភាពរីករាយវិញ។ ការនេះបង្ហាញប្រាប់ថា រីករាយជាខ្លាំងដោយមើលឃើញអ្នកដទៃទទួលបានការផ្តល់កិត្តិយសនៅក្នុងក្រុមជំនុំ។ សេចក្តីស្រឡាញ់មិនមែនជាការប្រជែងគ្នាគឺជាលក្ខណៈរបស់អ្នកដែលនៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។
អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន
១២:២៧ ដើម្បីក្លាយទៅជាគ្រីស្ទបរិស័ទគឺត្រូវក្លាយទៅជាអាវយវៈនៃរូបកាយរបស់ព្រះគ្រីស្ទ។ អ្នកជឿម្នាក់ៗជាកម្មសិទ្ធិរបស់រូបកាយ ហើយជាអាវយវៈដ៏សំខាន់របស់រូបកាយ។
ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង មុនដំបូង គឺពួកសាវក ទី២ពួកគ្រូអធិប្បាយ ទី៣ពួកគ្រូបង្រៀន រួចមកមានការឫទ្ធិបារមី មានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ ជាការគ្រប់គ្រង ហើយជាភាសាដទៃផង
១២:២៨ នៅក្នុងរូបកាយព្រះជាម្ចាស់ដាក់អាវយវៈទៅតាមកន្លែងដែលទ្រង់បានរចនាឡើង (ខ១៨, ២៤)។ វាដូចគ្នា ទៅនឹងរូបកាយរបស់ព្រះគ្រីស្ទដែរ។ មនុស្សមិនអាចជ្រើសរើសតួនាទីរបស់ពួកគេបានទេ ប៉ុន្តែ ព្រះជាម្ចាស់ តែងតាំងពួកគេឱ្យធ្វើកិច្ចការរៀងៗខ្លួននៅក្នុងក្រុមជំនុំ។ ការនេះបញ្ជាក់ពីអធិបតេយ្យភាព របស់ព្រះជាម្ចាស់ (ខ៧, ១១, ១៨)។
លោកប៉ុលរាយបញ្ជីឈ្មោះអាវយវៈមួយចំនួននៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ។
ពួកសាវ័កគឺជាមនុស្សទាំងដប់ពីរនាក់ដែលព្រះយេស៊ូវបានជ្រើសរើសឱ្យនៅជាមួយទ្រង់ (ម៉ាកុស ៣:១៤-១៩)។ បន្ទាប់ពី ព្រះអង្គរស់ពីសុគតឡើងវិញ ទ្រង់បញ្ជូនពួកគេទៅធ្វើជាស្មរបន្ទាល់ពី ការរស់ឡើងវិញ ហើយដើម្បីប្រកាសដំណឹងល្អ។ ក្រោយមកលោកប៉ុលត្រូវបានបញ្ជូនឱ្យធ្វើជាសា វ័កផងដែរ (កិច្ចការ ៩)។ ពួកសាវ័កគឺជាប្រភពនៃ គោលលទ្ធិរបស់ក្រុមជំនុំ (កិច្ចការ ២:៤២)។ ពួកគេជាដែលដាក់គ្រឹះចុះសម្រាប់ពួកជំនុំដោយការទទួល អធិប្បាយ ហើយនឹងសរសេរ ព្រះបន្ទូលនៃព្រះ (អេភេសូរ ២:២០ ៣:៥)។ ពួកគេបានបញ្ជាក់ដល់ព្រះបន្ទូលតាមរយៈសញ្ញា ភាពអស្ចារ្យនិង ការអស្ចារ្យ (២ កូរិនថូស ១២:១២; កិច្ចការ ៨:៦-៧)។
ពួកហោរាបានស្តាប់ឮនិងប្រកាសព្រះបន្ទូលនៃព្រះដើម្បីស្អាងចិត្ត លើកទឹកចិត្ត និងកំសាន្ដចិត្ដ ប្រជារាស្រ្តនៃព្រះ (១ កូរិនថូស ១៤:៣ើ កិច្ចការ ១១:២៧-២៨, ១៥:៣២, ២១:៩-១១។ ពេលខ្លះពួកហោរាប្រកាសពីអ្វីដែលនឹងកើតមាន ឡើងនៅក្នុងពេលអនាគត ប៉ុន្តែអ្វីដែលកើតឡើងភាគច្រើននោះតួនាទីរបស់ពួកគាត់គឺជាការប្រកាសពី បំណងព្រះហឫទ័យដែល មាននៅក្នុងស្ថានភាពបច្ចុប្បន្ននោះ។
ពួកសាវក និងហោរាត្រូវបានប្រទានមកដល់ពួកជំនុំ ដើម្បីទទួលនូវការបើកសំដែងពីព្រះ។ បន្ទាប់ពី ការនេះបានកើតឡើងហើយនោះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយដល់ពួកជំនុំនៅក្នុង ការស្វែងយល់ និងធ្វើតាមសេចក្តីពិតទាំងនេះ។ ដូច្នេះហើយ ព្រះបានប្រទានអោយមានគ្រូបង្រៀន ដល់ពួកជំនុំរបស់ព្រះអង្គ។ របៀបដែលគ្រូបង្រៀនកសាងមនុស្សឱ្យមានភាពចាស់ទុំខាងវិញ្ញាណ គឺដោយការបង្រៀនពីព្រះបន្ទូលនៃព្រះ (ម៉ាកុស ៦:៣៤)។
បន្ទាប់មកលោកប៉ុលផ្តល់ជាឧទាហរណ៍ពីអំណោយទាន នៅក្នុងក្រុមជំនុំ។ អំណោយទាននីមួយៗគឺជា ឧទាហរណ៍ពីរបៀបដែលព្រះវិញ្ញាណធ្វើការតាមរយៈសមាជិករបស់ក្រុមជំនុំ។
សម្រាប់ "ការឫទ្ធិបារមី" និងការប្រោសឲ្យជា (សូមមើលកំណត់ចំណាំនៅ ខ៩-១០)។
“ការជំនួយ” គឺជាសមត្ថភាពក្នុងការបម្រើដល់អ្នកដទៃតាមរយៈការអនុវត្តជាក់ស្តែង (រ៉ូម ១២:៧)។
“ការគ្រប់គ្រង” គឺជាភាពជាអ្នកដឹកនាំ (មិនមែនជាការងារការិយាល័យទេ)។ ពាក្យជាភាសាក្រិកគឺ κυβερνήσεις ដែលជាអ្នកកាន់ចង្កូតកប៉ាល់ (កិច្ចការ ២៧:១១) ហើយសំដៅលើអ្នកដែលអាចដឹកនាំ និងនាំមុខព័ន្ធកិច្ចក្រុមជំនុំប្រកបដោយប្រសិទ្ធភាព។
“ភាសាដទៃ” (សូមមើលកំណត់ចំណាំនៅ ខ១០)។
តើគ្រប់គ្នាជាសាវកឬអី គ្រប់គ្នាជាគ្រូអធិប្បាយឬអី គ្រប់គ្នាជាគ្រូបង្រៀនឬអី គ្រប់គ្នាធ្វើការឫទ្ធិបារមីបានឬអី គ្រប់គ្នាមានអស់ទាំងអំណោយទាននឹងប្រោសឲ្យជាបានឬអី គ្រប់គ្នាអាចនិយាយភាសាដទៃបានឬអី គ្រប់គ្នាចេះបកប្រែភាសាបានឬអី
១២:២៩-៣០ ការខ្វល់ខ្វាយរបស់លោកប៉ុលនៅក្នុងជំពូកនេះគឺជាសេចក្តីត្រូវការសម្រាប់ភាពចម្រុះ ដែលត្រូវដំណើរការដោយចេះសាមគ្គីគ្នា។ ដោយមានសំណួរទាំងនេះ គាត់បានបញ្ជាក់រឿងនេះ យ៉ាងច្បាស់។ គាត់សួរថា តើមនុស្សទាំងអស់សុទ្ធតែមានអំណោយទានខាងវិញ្ញាណដូចគ្នាដែរឬទេ?
ចម្លើយគឺ “ជាការពិតណាស់ មិនមែនទេ”។ នោះនឹងធ្វើឱ្យគ្រប់គ្នាទៅជាដូចៗគ្នា ដែលមើលទៅដូចជារូបកាយដែលមានអាវយវៈតែមួយប៉ុណ្ណោះ វាមិនមែនជារូបកាយទាល់តែសោះ។
ចូរសង្វាតឲ្យបានអំណោយទាន យ៉ាងវិសេសទៅចុះ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត។
១២:៣១ លោកប៉ុលបានសរសេរពីអំណោយទាន ប៉ុន្តែមានអ្វីដែលប្រសើរជាងអំណោយទានទាំងអស់ នេះទៅទៀត។ តាមការពិតបើគ្មានវាទេអំណោយទានគ្មានប្រយោជន៍អ្វីទាល់តែសោះ។ ដូច្នេះនៅក្នុងជំពូកបន្ទាត់លោកប៉ុលនឹងបង្រៀនអំពី “ផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត” នេះ។


