top of page

ក្រុមជំនុំនៅទីក្រុងកូរិនថូសមានអំណោយទានខាងវិញ្ញាណ ប៉ុន្តែគ្មានសេចក្តីស្រឡាញ់ទេ។ ការគ្មានសេចក្តីស្រឡាញ់របស់ពួកគេបង្ករឱ្យកើតមានជម្លោះ អាត្មានិយម និងអំណួតដែលធ្វើឱ្យបែកបាក់ ដល់ក្រុមជំនុំ។ ដូច្នេះនៅក្នុងជំនពូកនេះ លោកប៉ុលបង្រៀនថាអ្នកជឿទាំងអស់ត្រូវដេញតាម “ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត” (១២:៣១) នោះគឺជាសេចក្តីស្រឡាញ់។  

 

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង នឹង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ

​

១៣:១ ក្រុមជំនុំនៅទីក្រុងកូរិនថូសមានមោទនៈភាពចំពោះអំណោយទានរបស់ពួកគេ។ ប៉ុន្តែប្រសិនបើ អំណោយទានធ្វើឱ្យយើងមានមោទនៈភាព ហើយអំណួតរបស់យើងបញ្ឃប់យើងមិនឱ្យស្រឡាញ់អ្នកដទៃ នោះអំណោយទានរបស់យើងនឹងមិនជួយកសាងក្រុមជំនុំឡើយ។ ដូច្នេះគោលបំណងរបស់លោកប៉ុល នៅក្នុងជំពូកនេះគឺបង្រៀនដល់ក្រុមជំនុំថាសេចក្តីស្រឡាញ់សំខាន់ខ្លាំងណាស់ ពីព្រោះបើគ្មានវាទេ នោះគ្មានប្រយោជន៍អ្វីសោះឡើយ។ 

 

ដើម្បីស្វែងយល់ពីការបង្រៀនរបស់លោកប៉ុលនៅក្នុងខទាំងនេះ សូមកត់សម្គាល់ថាមានគូបួន៖ 

(១) និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង

(២) ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង នឹង​គ្រប់​ទាំង​ចំណេះ​វិជ្ជា 

(៣) មាន​គ្រប់​ទាំង​សេចក្ដី​ជំនឿ​ល្មម​ នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន 

(៤) ចែក​អស់​ទាំង​ទ្រព្យ​សម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូប‌កាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត

 

ដោយកត់សម្គាល់ឃើញថាគូនីមួយៗចាប់ផ្តើមដោយអំណោយទានខាងវិញ្ញាណ៖ និយាយភាសាដទៃ ទំនាយ ជំនឿ និងការឱ្យ។ ពេលព្រះវិញ្ញាណយាងមកសណ្ឋិតនៅក្នុងក្រុមជំនុំ ព្រះអង្គបាននាំយក អំណោយទានទាំងនេះមកជាមួយ ហើយអ្នកក្រុងកូរិនថូសធ្លាប់ទទួលបានបទពិសោធន៍នេះរួចហើយ។

 

យ៉ាងណាមិញ ផ្នែកទីពីរនៃគូនីមួយៗមិនមែនជាអំណោយទានដែលមកពីព្រះវិញ្ញាណបរិសុទ្ទសម្រាប់ ក្រុមជំនុំទេ។ គ្មាននរណាម្នាក់នៅសម័យក្រុមជំនុំដើមដំបូងចេះនិយាយភាសាទេវតា ដឹងគ្រប់ទាំង អាថ៌កំបាំង និងចេះនូវរាល់ទាំងចំណេះដឹងទាំងអស់ អាចរើភ្នំ ឬយករូបកាយរបស់ខ្លួនទៅបូជាបានឡើយ។ លោកប៉ុលបង្រៀនថាបើទោះបីជាពួកគេមានអំណោយទានលើសគេទៅតាមការស្រមើស្រមៃ ហើយអាចធ្វើកិច្ចការដ៏អស្ចារ្យបានក៏ដោយ បើគ្មានសេចក្តីស្រឡាញ់ទេគឺគ្មានប្រយោជន៍សោះឡើយ។

​

អ្នកក្រុងកូរិនថូសគិតថាអំណោយទានខាងនិយាយភាសាដទៃគឺជាសញ្ញាបញ្ជាក់ប្រាប់ថាមនុស្សម្នាក់មានលក្ខណៈខាងវិញ្ញាណ។ ប៉ុន្តែលោកប៉ុលប្រាប់ពួកគេថាអំណោយទានខាងនិយាយ “ភាសារបស់មនុស្សលោក” (នោះគឺជាភាសារបស់មនុស្សដែលអ្នកមិនធ្លាប់បានរៀន) វាគ្រាន់តែជាសម្លេង ប៉ុណ្ណោះ ប្រសិនបើធ្វើ ដោយគ្មានសេចក្តីស្រឡាញ់នោះ។ បើគ្មានសេចក្តីស្រឡាញ់ទេ វាគ្មានប្រយោជន៍ឡើយគឺប្រៀបដូចជា គងដែលឮសូរខ្លាំង សម្លេងឆាបដែលប្រើសម្រាប់ការថ្វាយបង្គំរបស់អ្នកមិនជឿវិញ (១២:២)។ ក្រៅពីនោះបើទោះបីជាអ្នកចេះនិយាយភាសារបស់ទេវតា (ដែលមនុស្សមិនអាចធ្វើបាន) ក៏ដោយ សូម្បីតែការនោះក៏គ្មានប្រយោជន៍អ្វីសោះឡើយបើគ្មានសេចក្តីស្រឡាញ់។

​

១៣:២ ទំនាយគឺជាអំណោយទានមួយផ្សេងទៀតដែលអ្នកក្រុងកូរិនថូសឱ្យតម្លៃខ្ពស់បំផុត។ ប៉ុន្តែជាថ្មីម្តងទៀត លោកប៉ុលប្រាប់ពួកគេថាការមានអំណោយទានខាងវិញ្ញាណដោយគ្មាន សេចក្តីស្រឡាញ់នោះគឺគ្មានប្រយោជន៍អ្វីសោះឡើយ។ តាមការពិតបើទោះបីជាមនុស្សអាច “​ស្គាល់​អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា” ក៏ដោយ (គ្មាននរណាអាចធ្វើបានសោះ) បើគ្មានសេចក្តីស្រឡាញ់ទេ វានៅតែគ្មានប្រយោជន៍អ្វីសោះឡើយ។ 

 

អំណោយទានខាងវិញ្ញាណបន្ទាប់ទៀតគឺជំនឿ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ក្រុមជំនុំនូវ អំណោយទានខាងជំនឿ ដែលធ្វើឱ្យមានការអស្ចារ្យ។ ប៉ុន្តែបើទោះបីជាមនុស្សមានជំនឿបែបយ៉ាងដូច្នោះ ដែលគាត់អាចធ្វើបាន ក៏ដោយ “ភ្នំ​រើ​ចេញ” (អេសាយ ៥៤:១០; ម៉ាថាយ ១៧:២០; ម៉ាកុស ១១:២២–២៣) វាគ្មានប្រយោជន៍អ្វីទាល់តែសោះបើគ្មានសេចក្តីស្រឡាញ់។

 

ដោយសម្គាល់ឃើញថាមានបីដងដែលលោកប៉ុលប្រើពាក្យ “គ្រប់ទាំង”៖ អស់​ទាំង​សេចក្ដី​អាថ៌‌កំបាំង គ្រប់​ទាំង​ចំណេះ​វិជ្ជា គ្រប់​ទាំង​សេចក្ដី​ជំនឿ។ បើទោះបីជាមនុស្សអាចមានអំណោយទានទាំងអស់នេះ ហើយមានគ្រប់ទាំងអំណោយទានពេញខ្នាតក៏ដោយ តែមិនចេះស្រឡាញ់ទេ នោះគ្មានប្រយោជន៍អ្វី សោះឡើយ។

​

១៣:៣ អំណោយទានខាងវិញ្ញាណទីបួនដែលលោកប៉ុលបញ្ជាក់គឺការចេះឱ្យ (រ៉ូម ១២:៨)។ នៅសម័យក្រុមជំនុំដំបូងមនុស្សមួយចំនួនលក់ទ្រព្យដែលពួកគេមានដើម្បីបរិច្ចាកប្រាក់ឱ្យទៅក្រុមជំនុំ (កិច្ចការ ២:៤២-៤៥) ប៉ុន្តែមិនមានអ្នកណាបាន​ប្រគល់​រូប‌កាយ​របស់ខ្លួនទៅ​ឲ្យ​គេ​ដុតឡើយ។

​

ដូច្នេះលោកប៉ុលបានផ្តល់នូវឧទាហរណ៍ (ពីការស្រមៃឃើញ) អំពីការលះបង់ខ្លួនឯងបំផុតទៅទៀត។ ជាថ្មីម្តងទៀត ចំណុចរបស់គាត់គឺថា ទង្វើដ៏គួរឱ្យកត់សម្គាល់បំផុត បើគ្មានសេចក្តីស្រឡាញ់ទេ គឺគ្មានប្រយោជន៍អ្វីសោះឡើយ។

 

ឯ​សេចក្ដី​ស្រឡាញ់​តែង‌តែ​អត់‌ធ្មត់ ហើយ​ក៏​សប្បុរស សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស

 

១៣:៤ លោកប៉ុលបានបង្រៀនថាប្រសិនបើយើងមានអំណោយទានខាងវិញ្ញាណ ហើយធ្វើកិច្ចការដ៏គួរឱ្យ កត់សម្គាល់ ប៉ុន្តែគ្មានសេចក្តីស្រឡាញ់សោះ វាគ្មានប្រយោជន៍អ្វីសោះឡើយ។ វាបង្ហាញប្រាប់យើងថា សេចក្តីស្រឡាញ់គឺមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់គ្រីស្ទបរិស័ទ។ ដូច្នេះបន្ទាប់ទៀត លោកប៉ុល ធ្វើការពិពណ៌នាអំពីលក្ខណៈរបស់សេចក្តីស្រឡាញ់ ដើម្បីឲ្យយើងអាចយល់ថាសេចក្តីស្រឡាញ់ជាអ្វី។

 

“សេចក្តីស្រឡាញ់” (Ἀγάπη) មានន័យថាអ្នកចង់បានអ្វីដែលល្អបំផុតសម្រាប់អ្នកដទៃ ហើយប្រគល់ខ្លួនអ្នក (នោះគឺពេលវេលា ធនធាន និងជីវិតរបស់អ្នក) ដើម្បីសម្រេចកិច្ចការនេះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្ស សូម្បីតែខ្មាំងសត្រូវរបស់ទ្រង់ផង (រ៉ូម ៥:៦-៨)។ សេចក្តីស្រឡាញ់របស់ព្រះត្រូវបានបង្ហាញតាមរយៈការផ្តល់ ឲ្យនូវអ្វីដែលមានតម្លៃបំផុតចំពោះទ្រង់ (ព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់) ដើម្បីបំពេញនូវតម្រូវការ ដ៏ធំរបស់យើង (សម្រាប់ការសង្គ្រោះ ការអត់​ឱនទោស និងសេរីភាពចេញពីអំពើបាប និងសេចក្តីស្លាប់)។  ដូច្នេះ ការស្រឡាញ់ មានន័យថាជាសកម្មភាពទៅកាន់អ្នកដទៃតាមរបៀបដែលព្រះជាម្ចាស់ នៅក្នុងព្រះគ្រីស្ទបានសម្តែងមកកាន់យើងគ្រប់គ្នា។

 

ការពិពណ៌នារបស់លោកប៉ុលពីសេចក្តីស្រឡាញ់គឺចាប់ផ្តើមជាមួយនឹងការអត់ធ្មត់ និងចិត្តសប្បុរស ដែលជាគុណភាពទាំងពីរបស់ព្រះជាម្ចាស់ (២ ពេត្រុស ៣:៩, និក្ខមនំ ៣៤:៦; ទំនុកដំកើង ៨៦:១៥) ដែលព្រះគ្រីស្ទបានបង្ហាញមកកាន់យើង នោះគឺជា​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ (កាឡាទី ៥:២២-២៣)។ ដោយសារព្រះជាម្ចាស់ទ្រង់មានព្រះទ័យអត់ធ្មត់ និងសប្បុរសចំពោះយើងនោះយើង ត្រូវចេះមានចិត្តអត់ធ្មត់ និងសប្បុរសចំពោះគ្មានទៅវិញទៅមកដែរ។ 

 

​សេចក្ដី​ស្រឡាញ់​តែង‌តែ​អត់‌ធ្មត់។  អត់ធ្មត់ (μακροθυμία) គឺជាការអត់ធ្មត់ជាមួយមនុស្ស។ វាគឺជាពាក្យ ដែលបានមកពីពាក្យក្រិច ពីរពាក្យ ដែលមានន័យថា ឆ្ងាយ  (μακρός) និង កំហឹង  (θυμός)។ នៅពេលដែលយើងមានសេចក្តីស្រឡាញ់ ការផ្ទុះកំហឹងនឹងនៅឆ្ងាយពីយើង។

 

​​សេចក្ដី​ស្រឡាញ់​តែង‌តែសប្បុរស។​  សេចក្ដីសប្បុរសគឺជាការ ដែលយកចិត្តទុកដាក់ទៅកាន់អ្នកដទៃ។ នេះគឺជាសេចក្តីស្រឡាញ់ ដែលចេញជាសកម្មភាព ត្រៀម ជានិច្ច ក្នុងការជួយទៅកាន់អ្នកដទៃ បង្ហាញមេត្តាធម៌ បម្រើ ហើយធ្វើអ្វីៗ ដោយគិតគូរចង់ជួយ បំពេញតម្រូវការ។

​

បន្ទាប់មកលោកប៉ុលប្រាប់យើងអំពីចំណុចទាំងប្រាំពីរដែលសេចក្តីស្រឡាញ់មិនត្រូវធ្វើ។ អាកប្បកិរិយា ទាំងនេះមានលក្ខណៈទូទៅនៅក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូស ដូច្នេះលោកប៉ុលប្រាប់ទៅកាន់អ្នកអាន របស់គាត់ថាពួកគេត្រូវមានសេចក្តីស្រឡាញ់ ពីព្រោះបើគ្មានវាទេនោះពួកគេមិនបានប្រព្រឹត្តិ ដូចជា គ្រីស្ទបរិស័ទដ៏ពិតនោះទេ។

​

សេចក្ដី​ស្រឡាញ់​មិន​ចេះ​ឈ្នានីស។ ការឈ្នានីសធ្វើឱ្យទៅជាមិនសប្បាយចិត្តចំពោះភាពជោគជ័យ ព្រះពរ និងអំណោយទានរបស់អ្នកដទៃទៅវិញ។ ប៉ុន្តែសេចក្តីស្រឡាញ់ចង់ឱ្យមនុស្សទទួលបានផលផ្លែ ហើយជួយឱ្យពួកគេមកប្រព្រឹត្តយ៉ាងដូច្នេះវិញ។ 

 

សេចក្តីស្រឡាញ់មិន​ចេះ​អួត​ខ្លួន។ ការអួតគឺជាការសរសើរពីខ្លួនឯង ឬអួតអាងពីអំណោយទានរបស់អ្នក ដើម្បីធ្វើឱ្យអ្នកដទៃឱ្យតម្លៃខ្ពស់មកលើអ្នក។ នេះគឺជាអ្វីដែលអ្នកក្រុងកូរិនថូសធ្វើ (៤:៧) ប៉ុន្តែសេចក្តីស្រឡាញ់ចង់ជួយកសាងអ្នកដទៃវិញ មិនមែនខ្លួនឯងទេ។

 

សេចក្តីស្រឡាញ់មិនមានចិត្តធំ។ ការមានចិត្តធំគឺជាការមានទស្សនៈហួសហេតុទៅលើខ្លួនឯង។ ពាក្យជាភាសាក្រិក (φυσιόω) មានន័យថាបំប៉ោងពីអ្វីម្យ៉ាង (ដូចជាប៉េងប៉ោង) ដោយធ្វើឱ្យវាមើលទៅ ធំជាងមុន។ លោកប៉ុលបានប្រើពាក្យនេះដើម្បីពិពណ៌នាពីឥទ្ធិពលដែលចំណេះដឹងបានកើតមានឡើង ចំពោះអ្នកក្រុងកូរិនថូស (៤:៦, ៤:១៨-១៩, ៥:២, ៨:១)។ 

​

សេចក្តីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន ឬអួត ឬមានចិត្តធំឡើយ ពីព្រោះសេចក្តីស្រឡាញ់គឺមិនផ្តោត ទៅលើខ្លួនឯងឡើយ ប៉ុន្តែអ្នកដទៃវិញ។ សេចក្តីស្រឡាញ់ចង់ប្រទានពរឱ្យអ្នកដទៃ ហេតុដូច្នេះ ការច្រណែនអ្នកដទៃ ឬអួតខ្លួន ឬមានចិត្តធំចំពោះខ្លួនឯងគឺផ្ទុយពីសេចក្តីស្រឡាញ់វិញ។

 

១៣:៥ សេចក្តីស្រឡាញ់មិនប្រព្រឹត្តបែបមិនគួរសម។ ពីព្រោះសេចក្តីស្រឡាញ់ជាការយកចិត្តទុកដាក់ ចំពោះមនុស្ស វាមិនមែនជាការមិនផ្តល់កិត្តិយសឱ្យអ្នកដទៃ ឬប្រព្រឹត្តិតាមរបៀបដែលមិនសមរម្យ ដែលធ្វើឱ្យពួកគេអាក់អន់ចិត្ត ឬឈឺចាប់ឡើយ។ នេះគឺជាអ្វីដែលអ្នកជឿដែលជាអ្នកមាននៅទីក្រុង កូរិនថូសបានធ្វើក្នុងអំឡុងពេល​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់ (១១:២០-២២)។

​

សេចក្តីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន។  វាមិនមែនជាភាពអាត្មានិយម ហើយផ្តោតទៅលើប្រយោជន៍ ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ នេះគឺជាអ្វីដែលអ្នកជឿនៅទីក្រុងកូរិនថូស ដែលទទួចអំពីសិទ្ធិរបស់ពួកគេ សម្រាប់ ការទៅចូលរួមពិធី ជប់លៀងថ្វាយរូបព្រះដែលកំពុងធ្វើ (១០:២៣-២៤)។ ប៉ុន្តែសេចក្តីស្រឡាញ់ ផ្តោតលើការចេះឱ្យទៅ អ្នកដទៃ មិនមែនជាការអះអាងគាំទ្រខ្លួនឯងឡើយ។

 

សេចក្តីស្រឡាញ់មិន​រហ័ស​ខឹង។ ពេលយើងមានសេចក្តីស្រឡាញ់ យើងមិនរហ័សខឹងអ្នកដទៃឡើយ។

 

សេចក្តីស្រឡាញ់មិន​ប្រកាន់​ទោស។ ពាក្យជាភាសាក្រិក (λογίζεται) សំដៅលើការរក្សាគណនេយ្យភាព និងកត់ត្រាអ្វីម្យ៉ាងចុះទុកជាភ័ស្តុតាងដើម្បីប្រឆាំងនឹង នរណាម្នាក់ឡើយ។ ប៉ុន្តែសេចក្តីស្រឡាញ់មិនធ្វើ យ៉ាងដូច្នោះទេ។ លោកប៉ុលប្រើពាក្យបង្រៀនថាព្រះជាម្ចាស់មិនរាប់អំពើបាបរបស់យើងដើម្បីប្រឆាំង នឹងយើងទេ (រ៉ូម ៤:៧–៨; ២ កូរិនថូស ៥:១៩)។

 

មិន​ដែល​អរ​សប្បាយ​ចំពោះ​សេចក្ដី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ​តែ​នឹង​សេចក្ដី​ស្មោះ‌ត្រង់​វិញ

 

១៣:៦ សេចក្តីស្រឡាញ់ត្រេកអរចំពោះអ្វីៗ ដែលពិតប្រាកដ ដែលល្អ ដែលសុចរិត ហើយស្មោះត្រង់ ជាជាងអបអរជាមួយនឹងអំពើបាប ការកុហក់ ឬអយុត្តិធម៌។

 

ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ‌ទ្រ​ទាំង​អស់

 

១៣:៧ ភាពអស្ចារ្យរបស់សេចក្តីស្រឡាញ់គឺថាគ្រប់ទាំងអស់សុទ្ធតែអាចគ្របបាំងបាន ជឿបាន សង្ឃឹមបាន ហើយទ្រាំទ្របាន។ សេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ នោះមិនបោះបង់ចោលឡើយ។ វាលើសជាងពីការបរាជ័យរបស់មនុស្ស ហើយមិនដែលបាត់បង់ជំនឿទៅលើព្រះជាម្ចាស់ ឬសង្ឃឹមលើព្រះបន្ទូលរបស់ទ្រង់ឡើយ ហេតុដូច្នេះវានៅស្ថិតស្ថេរគ្មានទីបញ្ចប់ឡើយ (១ ពេត្រុស ៤:៨; ១ យ៉ូហាន ៤:១៦)។

 

រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ​ក៏​ត្រូវ​សាប‌សូន្យ​ទៅ​ដែរ តែ​ឯ​សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ

 

១៣:៨ អំណោយទានខាងវិញ្ញាណពីទំនាយ ចំណេះដឹង និងនិយាយភាសាដទៃមានសារៈសំខាន់នៅពេល បច្ចុប្បន្ននេះដោយសារវាជួយដល់ក្រុមជំនុំឱ្យស្គាល់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យទ្រង់។ ប៉ុន្តែ នៅពេលផែនដីដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់មកដល់ អំណោយទានទាំងនេះលែងសំខាន់ទៀតហើយ ដោយសារយើងស្គាល់ព្រះជាម្ចាស់ពេញលេញ (ខ១២)។ ដូច្នេះអំណោយទានទាំងនេះនឹងលែង មានតទៅទៀត។ យ៉ាងណាមិញ “ឯ​សេចក្ដី​ស្រឡាញ់​មិន​ដែល​ផុត​ឡើយ” ពីព្រោះវាជាគុណភាពរបស់ ព្រះជាម្ចាស់ ហើយព្រះអង្គមិនប្រែប្រួលឡើយ។

 

ដ្បិត​យើង​ចេះ​មិន​ទាន់​សព្វ​គ្រប់ ហើយ​យើង​អធិប្បាយ​ក៏​មិន​ទាន់​បាន​ពេញ​ខ្នាត​ផង តែ​កាល​ណា​សេចក្ដី​គ្រប់​លក្ខណ៍​បាន​ចូល​មក នោះ​សេចក្ដី​ដែល​មិន​ពេញ​ខ្នាត​នឹង​បាត់​ទៅ

 

១៣:៩-១០ ឥឡូវនេះ យើងស្គាល់ ហើយទាយ “មិនទាន់សព្វគ្រប់” នោះគឺជាចំណេះដឹង និងទំនាយរបស់ យើងមិនពេញខ្នាតផង។ ប៉ុន្តែ “កាលណាសេចក្ដី​គ្រប់​លក្ខណ៍​បាន​ចូល​មក” នោះគឺគ្រាដ៏អស់កល្បជានិច្ច របស់ផ្ទៃមេឃ និងផែនដីថ្មី (១៥:២៤) នៅពេលដែលយើងជួបជាមួយព្រះជាម្ចាស់មុខទល់នឹងមុខ (វិវរណៈ ២២:៤) នោះយើងនឹងមានចំណេះដឹងពេញខ្នាតឡើង។ ទំនាយនឹងលែងមានតទៅទៀត ពីព្រោះនៅពេល យើងរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងព្រះរាជរបស់ព្រះអង្គ នោះក៏លែងត្រូវការទំនាយទៀតដែរ។ ព្រះអង្គនឹងមានបន្ទូលទៅកាន់ប្រជារាស្ត្ររបស់ទ្រង់ដោយផ្ទាល់។

 

កាល​ដែល​ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ នោះ​ខ្ញុំ​បាន​និយាយ​ដូច​ជា​កូន​ក្មេង ក៏​មាន​គំនិត​ដូច​ជា​កូន​ក្មេង ហើយ​បាន​ពិចារណា ដូច​ជា​កូន​ក្មេង​ដែរ លុះ​កាល​ខ្ញុំ​ធំ​ហើយ នោះ​ខ្ញុំ​បាន​លះ​ចោល​ការ​របស់​កូន​ក្មេង ​ចេញ​ទៅ

 

១៣:១១ លោកប៉ុលប្រើប្រាស់ឧទាហរណ៍ចំនួនពីរដើម្បីធ្វើការប្រៀបធៀបពេលវេលាបច្ចុប្បន្ននៅលោកិយ នេះទៅនឹងផែនដីថ្មីរបស់ព្រះជាម្ចាស់នាពេលអនាគត។

 

(១) កុមារដែលលូតលាស់ក្លាយទៅជាមនុស្សពេញវ័យ។ កុមារគឺប្រៀបដូចជាពេលបច្ចុប្បន្នដែលមិនទាន់ ពេញវ័យនេះដោយប្រៀបធៀបទៅនឹងភាពពេញវ័យរបស់មនុស្សពេញវ័យគឺប្រៀបដូចជាភាពពេញវ័យនៃផែនដីថ្មីរបស់ព្រះជាម្ចាស់នាពេលអនាគតដែរ។ ដូចជាកុមារនៅពេលធំឡើងមានភាពចាស់ទុំខាងរូបរាងកាយ អ្នកជឿនឹងបន្តលូតលាស់រហូតទាល់តែយើងមានភាពចាស់ទុំខាងវិញ្ញាណ ហើយអំណោយទានខាងវិញ្ញាណ លែងសំខាន់ទៀតហើយ។

 

ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយ‌សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ 

​

១៣:១២ (២) អ្នកក្រុងកូរិនថូសល្បីល្បាយតាមរយៈកញ្ចក់ដែលពួកគេបានធ្វើ ប៉ុន្តែនៅគ្រាដែលកញ្ចក់ ទង់ដែងដែលកែច្នៃ (មិនមែនកញ្ចក់) ហើយភាពឆ្លុះនោះមើលឃើញមិនច្បាស់ទេ។ តាមរបៀបដូចគ្នានេះ បទពិសោធន៍នាពេលបច្ចុប្បន្នរបស់យើងជាមួយព្រះជាម្ចាស់ និងអំណោយទានខាងវិញ្ញាណរបស់ទ្រង់ គ្រាន់តែជាការឆ្លុះមើលឃើញមិនច្បាស់ពីសិរីរុងរឿងដ៏ពិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយើងនឹងមើលឃើញច្បាស់ជាមួយនឹងផែនដីថ្មីវិញ (វិវរណៈ ៧:១៧, ២១:៣-៤)។

 

ឥឡូវ​នេះ ខ្ញុំ​ស្គាល់​មិន​ទាន់​អស់ តែ​នៅ​វេលា​នោះ ខ្ញុំ​នឹង​ស្គាល់​វិញ ដូច​ជា​ព្រះ‌ទ្រង់​ស្គាល់​ខ្ញុំ​ដែរ

​

ការមើលឃើញដែរក៏ដូចជាការស្គាល់ដែរ។ ចំណេះដឹងរបស់លោកិយទាំងអស់គឺមិនទាន់សព្វគ្រប់ឡើយ (ខ៩) ប៉ុន្តែចំណេះដឹងដ៏គ្រប់លក្ខណ៍គឺកើតមាននៅពេលយើងស្គាល់ព្រះជាម្ចាស់ពេញលេញ (ដូចជាយើង ដែលសព្វថ្ងៃនេះព្រះជាម្ចាស់បានស្គាល់យើងពេញលេញហើយ)។ ចំណេះដឹងដែលព្រះជាម្ចាស់មាន សម្រាប់យើងគឺបានគ្រប់លក្ខណ៍ហើយ និងជាមួយផែនដីថ្មី យើងក៏នឹងស្គាល់ព្រះកាន់តែច្បាស់ឡើង។ 

 

ឥឡូវ​នេះ នៅ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម នឹង​សេចក្ដី​ស្រឡាញ់ ទាំង​៣​មុខ​នេះ តែ​សេចក្ដី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្ដី​ស្រឡាញ់។

​

១៣:១៣ សេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់គឺជាគុណសម្បត្តិដ៏អស្ចារ្យរបស់គ្រីស្ទបរិស័ទ។ សេចក្តីស្រឡាញ់គឺវិសេសជាងគេ ពីព្រោះវានឹងជាប់នៅ និងរីកចម្រើនអស់កល្បជានិច្ចតរៀងទៅ។ នៅពេលយើងស្ថិតនៅនគរស្ថានសួគ៌ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមបានបំពេញតាមគោលបំណង វាអស់ហើយ ប៉ុន្តែឯសេចក្តីស្រឡាញ់ជាគុណភាពរបស់ព្រះជាម្ចាស់វិញ ហេតុដូច្នេះវាស្ថិតស្ថេរនៅជា រៀងរហូត។ ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់ (១យ៉ូហាន ៤:៨) ហើយតែងតែជាសេចក្តីស្រឡាញ់ ជានិច្ច។ នៅស្ថានសួគ៌ យើងនឹងមានសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍សម្រាប់ព្រះជាម្ចាស់ និងចំពោះគ្នាទៅវិញទៅមក។ យើងនឹងតែងតែស្រឡាញ់ព្រះអម្ចាស់ និងស្រឡាញ់គ្នាទៅវិញទៅមក ហើយរីកចម្រើននៅក្នុង សេចក្តីស្រឡាញ់នោះអស់កល្បជានិច្ច។

ជំពូក ១៤
bottom of page