top of page

សេចក្តីអធិប្បាយពីសំបុត្រអេភេសូរ

អ្នកនិពន្ធ: ​លោកប៉ុល 
លោកសុលគឺជាសាសន៍យូដាដែលកើតនៅក្នុងអំឡុងឆ្នាំទី​៥ នៃគ,ស នៅក្នុងទីក្រុងតាសុស ដែលជាទីប្រជុំជនធំ នៃខេត្តមួយរបស់រ៉ូម៉ាំងនៅក្នុងស្រុក​គីលី‌គា។ ​នៅក្នុងពេលនោះ អធិរាជរ៉ូម៉ាំងបានគ្រប់គ្រងលើផ្ទៃដីប្រមាណ ជាងបួនលានគីឡូម៉ែត្រការ៉េនិងប្រជាជន ២០% នៃចំនួនសរុបរបស់ប្រជាជនទូទាំងពិភពលោក។​ មនុស្សទាំង អស់ ដែលកើតនៅក្នុងទីក្រុងតាសុសត្រូវបានទទួលអភ័យឯកសិទ្ធអោយក្លាយជាសាសន៍រ៉ូម ហើយសាសន៍រ៉ូម ទាំងអស់ត្រូវតែមានឈ្មោះរ៉ូម៉ាំង។ ​ដូច្នេះហើយ សុលមានឈ្មោះហៅតាមបែបរ៉ូម៉ាំង ប៉ុលមានន័យថា​ “តូច”។​

កំឡុងពេលគាត់នៅក្មេង លោកប៉ុលបានចាកចេញពីក្រុងតាសុសហើយបានធំឡើងនៅក្នុងក្រុងយេរូសាឡិម។     ​គាត់បានរៀបរាប់ពីខ្លួនគាត់នៅក្នុង ភីលីព ៣:៥-៦ ថា “​ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​អ្នក​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យវិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិស៊ី  ៦ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ ក្រឹត្យវិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ”។​​ យើងបានឃើញនៅក្នុងជីវិតរបស់ លោកប៉ុលសុទ្ធតែទាក់ទងជាមួយនឹង មុខតំណែងរបស់គាត់នៅក្នុងប្រព័ន្ធសាសនារបស់សាសន៍យូដា។​

  • ការកាត់ស្បែកគឺជានិមិត្តសញ្ញានៃសេចក្តីសញ្ញារវាងព្រះជាម្ចាស់ជាមួយនឹងលោកអ័ប្រាហាំ (លោកុប្បត្តិ ១៧:១-១៣) ​ដែលមនុស្សប្រុសក្នុងអ៊ីស្រាអែលទាំងអស់ត្រូវទទួល។​​

  • បេនយ៉ាមីន​គឺជាកុលសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងអំបូរទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដោយព្រោះតែ ក្រុងយេរូសាឡិម និងព្រះវិហារស្ថិតនៅក្នុងទឹកដីដែលនៅក្រោមការគ្រប់គ្រងរបស់អំបូរនេះ។

  • គណៈផារិស៊ី (ពាក្យដែលមានន័យថា “ញែកចេញ”) ជាក្រុមដែលទទួលបានការគោរពបំផុតក្នុង ចំណោមក្រុមសាសនាសាសន៍យូដា។ ពួកគេព្យាយាមគេចចេញពីអស់អ្នកដែលមិនរក្សាទំនៀម ទំលាប់សាសនាយូដា ជាពិសេសពួកសាសន៍ដទៃ។​

  • ដោយព្រោះតែភាពមោះមុតរបស់គាត់ចំពោះសាសនាយូដា លោកប៉ុលបានធ្វើការបៀតបៀនយ៉ាងសកម្ម ចំពោះគ្រីស្ទានរហូតទាល់តែគាត់បានជួបជាមួយនឹងព្រះយេស៊ូវដែលបានផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត (កិច្ចការ ៩)។

ការត្រាស់ហៅ និងដំណើរបេសក‌កម្មរបស់លោកប៉ុល​​​​ (ឆ្នាំ ៣៣-៥៨ គ,ស)
ព្រះយេស៊ូវបានត្រាស់ហៅលោកសុលអោយធ្វើជាសាវ័កសម្រាប់ប្រកាសដល់សាសន៍ដទៃ! ​មានន័យថាគាត់ត្រូវ ប្រកាសដំណឹងល្អដែលគាត់ស្អប់ដល់ដល់មនុស្សដែលគាត់បានព្យាយាមគេចចេញពេញមួយជីវិតរបស់គាត់។ ​ព្រះចេស្តានៃព្រះបានផ្លាស់ប្រែជីវិតរបស់មនុស្សម្នាក់យ៉ាងអស្ចារ្យនៅក្នុងរយៈពេលត្រឹមតែបីថ្ងៃតែប៉ុណ្ណោះពី អ្នកបៀតបៀនមកជាគ្រីស្ទានហើយជាអ្នកប្រកាសម្នាក់ ហើយជាសាសន៍យូដាដែលមោះមុតប្រែក្លាយជាសាវ័ក ដល់សាសន៍ដទៃទៅវិញ។​

លោកប៉ុលមានភាពស្មោះត្រង់ចំពោះការត្រាស់ហៅរបស់គាត់។ ​គាត់បានចាប់ផ្តើមជាមួយនឹងពេលវេលានៃការ រៀបចំអស់រយៈពេល បីឆ្នាំនៅក្នុងទីរហោស្ថានអារ៉ាបៀ។ ក្រោយ​មក គាត់​បាន​ចំណាយ​ពេល​ប្រហែលដប់មួយឆ្នាំ ធ្វើផ្សាយ​ដំណឹង​ល្អ ​នៅ​ក្នុងស្រុក​គីលី‌គា និង​ស៊ីរី​។ នៅក្នុងស៊ីរី ពួកជំនុំអាន់ទីយ៉ូកបានចាត់លោកប៉ុលអោយ ទៅធ្វើព័ន្ធកិច្ចជាមួយនឹងលោកបាណាបាស (ឆ្នាំ​៤៧-៤៨ គ,ស, កិច្ចការ ១៣-១៤)។ នេះគឺជាលើកទីមួយនៅ ក្នុងចំណោមដំណើរបេសកកម្មដ៏អស្ចារ្យដែលលោកប៉ុលបានធ្វើ។​ ការធ្វើដំណើរបេសកកម្មទីពីរនៅក្នុងឆ្នាំ ៤៩-៥២ គ,ស ជាមួយ​ស៊ីឡាស ធីម៉ូថេ និង​លូកា (កិច្ចការ ១៥:៣៦-១៨:២២)។ ការធ្វើដំណើរបេសកកម្មទីបី គឺពី គ.ស.៥៣-៥៨ (កិច្ចការ ១៨:២៣-២១:១៩)។​​ សូមមើលពីផែនទីនៃដំណើរបេសកកម្មរបស់លោកប៉ុល

ការចាប់ខ្លួន កាត់ក្តី និងការស្លាប់របស់លោកប៉ុល (ឆ្នាំ ៥៨-៦៧ គ,ស)
នៅក្នុងក្រុងយេរូសាឡិម ពួកសាសន៍យូដាចាប់ខ្លួនលោកប៉ុលដោយព្រោះតែពួកគេជំទាស់ជាមួយនឹងព័ន្ធកិច្ចរបស់ គាត់ចំពោះសាសន៍ដទៃ។​ ពេលដែលគេចាប់ផ្តើមវាយដំលោកប៉ុលនោះ ពួករ៉ូម៉ាំងបានចាប់ខ្លួនគាត់ ហើយនាំយក គាត់ចេញទៅដើម្បីស៊ើបសួរអោយដឹងថាគាត់បានធ្វើអ្វីខ្លះ។​ គាត់ត្រូវបានឃុំខ្លួននៅក្រុង​សេសា‌រាអស់រយៈពេល ២ឆ្នាំ (ឆ្នាំ ៥៨-៦០ គ,ស) ហើយការកាត់ក្តីរបស់គាត់ត្រូវបានចោទសួរដោយចៅហ្វាយក្រុងពីរ មុនពេលដែល ប្រើសិទ្ធជាសាសន៍រ៉ូម៉ាំងរបស់គាត់ដើម្បីបង្ហាញខ្លួននិងបកស្រាយនៅចំពោះព្រះភ័ក្រ្តសេរសាក្នុងក្រុងរ៉ូម។​  

លោកប៉ុលបានចំណាយពេល​ ពីរឆ្នាំ (ឆ្នាំ៦០-៦២ គ,ស) ​នៅក្នុងក្រុងរ៉ូម ​រង់ចាំការកាត់ក្តី។ នៅទីបំផុត ​លោកប៉ុលត្រូវបានដោះលែងហើយត្រឡប់ទៅធ្វើព័ន្ធកិច្ចរបស់គាត់វិញ។​ ប៉ុន្មានឆ្នាំក្រោយមក គាត់ត្រូវបាន ចាប់ខ្លួន ដោយព្រោះតែបានប្រកាសដំណឹងល្អហើយត្រូវបានដាក់គុកនៅក្នុងក្រុងរ៉ូម។ ​លោកប៉ុលត្រូវគេ បៀតបៀននៅក្រុងងរ៉ូម​ក្នុងឆ្នាំ៦៧ គ,ស ​ហើយត្រូវបានគេកាត់ក្បាលក្រោមបញ្ជាររបស់ សេរសាណេរ៉ូ។​ ប៉ុន្តែវាគឺជាចុងបញ្ច​ប់​​ដ៏មានជោគជ័យ។​ នៅក្នុងជំពូកចុងក្រោយនៃសេចក្តីសំបុត្រចុងក្រោយរបស់គាត់ នៅក្នុងព្រះគម្ពីរ លោកប៉ុលបានកត់ត្រាពាក្យទាំងនេះនៅក្នុងគុកពេលដែលគាត់រង់ចាំការកាត់ក្តី “ខ្ញុំ​បាន​តយុទ្ធ ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ ៨ ពី​នេះ​ទៅ​មុខ នឹង​មានមកុដ​នៃ​សេចក្តី ​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ”។ ​(២ ធីម៉ូថេ ៤:៧-៨)

 

កាលបរិច្ឆេក
លោកប៉ុលបាន​សរសេរ​សំបុតនេះ ផ្ញើទៅអ្នកក្រុងអេភេសូ​រអំឡុងឆ្នាំ ៦០-៦២ គ,ស នៅក្រុងរ៉ូមពេលដែលគាត់ រង់ចាំការកាត់ក្តី។ ​គាត់ត្រូវ​បានឃុំខ្លួននៅក្នុងផ្ទះ មានន័យថាគាត់ត្រូវបានគេដាក់ច្រវ៉ាក់និងយាមដោយ ពួកទាហាននៅក្នុងផ្ទះដែលគាត់បានជួល (កិច្ចការ ២៨:១៦)។ អំឡុងពេលនេះ លោកប៉ុលបានចែករំលែក ដំណឹងល្អជាមួយនឹងពួកអ្នកយាមរបស់គាត់ទាំងប៉ុន្មាន (ភីលីព ១:១២-១៤) ហើយក៏បានសរសេរសំបុត្រ កូឡូស ភីលេម៉ូន ហើយនិងភីលីព។​

ព័ន្ធកិច្ចរបស់លោកប៉ុលនៅក្នុងក្រុងអេភេសូរ 
អេភេសូរជាទីក្រុងមួយដែលមានប្រជាជនប្រមាណ ២៥០,០០០ នាក់ ដែលជាទីក្រុងធំទីពីរនៅក្នុងពិភពលោក    (បន្ទាប់ពីក្រុងរ៉ូម)។  ទីក្រុងនេះជាការឧទិ្ទសចំពោះព្រះរបស់រ៉ូម៉ាំងព្រះ‌នាង​ឌីអាន ហើយ​គេ​សង់​ព្រះវិហារ​ធំ​មួយ​។ លោកប៉ុលចំណាយពេលនៅក្នុងទីក្រុងអេភេសូរច្រើនជាងកន្លែងផ្សេងៗទៀតក្នុង ដំណើរបេសកកម្មរបស់គាត់។ ​ការធ្វើដំណើរមកក្រុងនេះលើកទីមួយរបស់គាត់នៅក្នុងឆ្នាំ ៥១​គ,ស, គឺ​មាន​ រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ប៉ុន្តែលោកប៉ុល បានសន្យាថានឹងត្រឡប់មកវិញប្រសិនបើជាបំណងព្រះហឫទ័យ របស់ព្រះ (កិច្ចការ ១៨:១៨-២១)

ការធ្វើដំណើរលើកទីពីរមកក្រុងនេះរយៈពេលប្រហែលជាបីឆ្នាំ​ក្នុងអំលុងឆ្នាំ​ ៥៣-៥៦ គ,ស។​ លោក​ប៉ុល បានដឹកនាំការពិភាក្សានៅក្នុងសាលាមួយជា​រៀង​រាល់​ថ្ងៃ អស់រយៈពេល ២ ឆ្នាំ ដើម្បីឲ្យគ្រប់គ្នាដែលនៅតាមខេត្ត អាចស្តាប់ឮព្រះបន្ទូលព្រះ(១៩:១០)។ ព្រះបានធ្វើការអស្ចារ្យយ៉ាងវិសេសតាមរយៈលោកប៉ុល ដែលសូម្បីតែ    កន្សែងដៃ និងក្រមាដែលគាត់បានពាល់យកទៅឲ្យអ្នកដែលមានជំងឺ អ្នកទាំងនោះត្រូវបានប្រោសឲ្យជា (កិច្ចការ ១៩:១១ ​​-១២)។ ​ព័ន្ធកិច្ចរបស់លោកប៉ុលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីក្រុងនេះ។ អាជីវកម្មដ៏ធំនៅក្នុងទី ក្រុងនេះ គឺជាការលក់គំរូនៃព្រះវិហាររបស់ព្រះ‌នាង​ឌីអាន។ ប៉ុន្តែក្នុងពេលដែលមនុស្សបានឮពីដំណឹងល្អ ពួកគេឈប់ជឿលើ ព្រះក្លែងក្លាយ ហើយឈប់ទិញគំរូនៃព្រះវិហារនោះ។​ ពួកជាងចម្លាក់បានឆ្លើយតបដោយ បង្ករអោយមានចលាចល (កិច្ចការ ១៩:២៣-៤១)។ បន្ទាប់ពីមានចលាចលលោកប៉ុលបានចាកចេញពីក្រុង អេភេសូរ។​


ការទៅលេងទីបីរបស់លោកប៉ុលគឺនៅក្នុងក្រុង​មីលេត ចំងាយហាសិបគីឡូម៉ែត្រពីក្រុងអេភេសូរ (កិច្ចការ ២០: ១៦-៣៨)។ ​​លោកប៉ុលបានចាត់គេអោយទៅប្រាប់ពួកចាស់ទុំរបស់ពួកជំនុំក្រុងអេភេសូរអោយមកជួបគាត់នៅទី នោះ ដើម្បីដាស់តឿនពួកគេអំពីគ្រូក្លែងក្លាយ។ ​ក្រោយមក លោកធីម៉ូថេបានដឹកនាំពួកជំនុំនៅអេភេសូរ អស់រយៈពេល ១ ឆ្នាំកន្លះដើម្បីទាស់នឹងសេចក្តីប​ង្រៀ​ន ក្លែងក្លាយនៅក្នុងពួកជំនុំ (១ ធីម៉ូថេ ១:៣-១១)។ លោកប៉ុលបានសរសេរសេចក្តីសំបុត្រ ធីម៉ូថេទី ១ និងទី២ ដើម្បី​ជួយគាត់នៅក្នុងការធ្វើកិច្ចការនោះ។ ​យើងបានដឹងថាពួកជំនុំបានធ្វើតាមការណែនាំរបស់លោកលោក​ប៉ុល និងលោកធីម៉ូថេដោយព្រោះតែពីរទសវត្ស ក្រោយមកព្រះយេស៊ូវបានសរសើរដល់ពួកជំនុំនៅក្រុងអេភេសូរដែលមិនព្រមចុះចូលតាមពួកគ្រូក្លែងក្លាយ (វិវរណៈ ២:១-៧)។

ប្រធានបទសំខាន់នៃសេចក្តីសំបុត្រ
ប្រធានបទសំខាន់គឺជាសេចក្តីរួបរួមនៃអ្វីៗទាំងអស់ក្នុងព្រះគ្រីស្ទ។ ផែនការណ៍របស់ព្រះដ៏អស្ចារ្យនោះគឺជា ការនាំយកគ្រប់ទាំងអស់ទាំងនៅក្នុងស្ថានសួគ៌និងនៅលើផែនដីមកដាក់ក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ​ (១:១០)។ នៅក្នុងពិភពនៃវិញ្ញាណ ព្រះយេស៊ូវមានជ័យជំនះលើអំណាចនៃវិញ្ញាណបះបោរដោយការរស់ពី សុគតឡើងវិញនិងការយាងទៅស្ថានសួគ៌វិញរបស់ព្រះអង្គ (១:១៩-២១)។ នៅលើផែនដី ព្រះយេស៊ូវ បានផ្សះផ្សា មនុស្សជាមួយនឹងព្រះតាមរយៈឈើឆ្កាង ហើយបង្កើតមនុស្សជាតិ​ថ្មីនៅក្នុងព្រះគ្រីស្ទ (នោះ​គឺ​ ពួកជំនុំ) (២:១៤-១៦)។

ព្រះយេស៊ូវគឺជាសិរសានៃពួកជំនុំ។ រូបភាពទាំងបីរបស់ពួកជំនុំដែលលោកប៉ុលប្រើនៅក្នុងសេចក្តីសំបុត្រនេះ រូបកាយ (២:១៣-១៨;៤:១១-១៦) ដំណាក់ (អគារ​ ២:១៩-២២) និងកូនក្រមុំ (៥:២៥-៣២) រៀបរាប់ពី ការរួបរួមរបស់ពួកជំនុំ ដោយព្រោះតែការរួបរួមជាមួយព្រះគ្រីស្ទ។ ពេញក្នុងសេចក្តីសំបុត្រលោកប៉ុលបញ្ជាក់ សេចក្តីស្រលាញ់ របស់ព្រះចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ហើយពីរបៀបដែលពួកគេត្រូវស្រឡាញ់ព្រះអង្គ ហើយនឹងស្រឡាញ់គ្នា ទៅវិញទៅមកដោយព្រោះតែការនេះ (១:៤-៥; ២:៤; ៣:១៩; ៤:១-២; ៥:១-២; ៦:២៣-២៤)។

សមាសភាពនៃសេចក្តីសំបុត្រ
សំបុត្របែងចែកចេញពីពីរផ្នែក។

  • ផ្នែកទី ១: ព្រះពររបស់អ្នកជឿនៅក្នុងព្រះគ្រីស្ទ ​(ជំពូក ១-៣) ប្រាប់យើងទាំងអស់គ្នាពីអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើងតាមរយៈកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទ។

  • ផ្នែកទី ២: ការដើររបស់អ្នកជឿនៅក្នុងពិភពលោក (ជំពូក ៤-៦) បង្រៀនយើងអំពីការរួបរួមក្នុងពួកជំនុំ ហើយនឹងការប្រព្រឹត្តិរបស់គ្រីស្ទាន។​

 

ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ អ្នកគឺជាមនុស្សដែលមានពរលើសជាងអ្វីដែលអ្នកអាចស្រមៃបាន ដោយព្រោះតែព្រះបានធ្វើការយ៉ាងអស្ចារ្យសម្រាប់អ្នកលើសពីអ្វីដែលអ្នកបានដឹង។ ​លោកប៉ុលត្រូវបានត្រាស់ហៅអោយប្រកាសឲ្យ “បាន​ឃើញ​ព្រះគុណ​ដ៏​ធ្ងន់​លើស​លប់​របស់​ទ្រង់” (២:៧)។ ផ្នែកទីមួយនៃសេចក្តីសំបុត្រប្រាប់អ្នកដើរតាម ព្រះយេស៊ូវទាំងអស់អំពីព្រះពរខាងព្រលឹងវិញ្ញាណរបស់ពួកគេ។ ​​ការទាំងអស់នេះរួមមានទាំងការត្រូវ​បាន ជ្រើសរើស​ដោយ​ព្រះ អោយបានបរិសុទ្ធ និងឥតកន្លែងបន្ទោសបាន (១:៤) ជាកូនចិញ្ចឹម (១:៥) ការប្រោសលោះ និងការអត់ទោសបាប (១:៧) ការបើកសំដែង (១:៩-១២) ព្រះវិញ្ញាណបរិសុទ្ធ (១:១៣) មរដកមួយ (១:១៤) មានជីវិតរស់នៅខាង ព្រលឹងវិញ្ញាណ (២:៥) សេចក្តីសង្រ្គោះ (២:៨) អាចចូលទៅឯព្រះបាន (២:១៨) ជាសមាជិកនៃដំណាក់របស់ ព្រះ(២:១៩)។ ទាំងអស់នេះជាអ្វីដែលព្រះបានធ្វើសម្រាប់យើងនៅក្នុងព្រះគ្រីស្ទ ហើយយើងជានរណាជាលទ្ធផល។


ផ្នែកទីពីរនោះគឺពីអ្វីដែលយើងទាំងអស់គ្នាគួរធ្វើ ដោយព្រោះតែអ្វីដែលព្រះបានធ្វើសម្រាប់យើង។ លំដាប់ពិតជា មានសារៈសំខាន់ខ្លាំងណាស់។ ដើម្បី​ឆ្លើយ​តប​បចំពោះ​ជាម្ចាស់បានយ៉ាងត្រឹមត្រូវ យើង​ត្រូវ​យល់ពីអ្វីដែលព្រះអង្គ បានធ្វើសម្រាប់យើង។ ​ប្រសិនបើយើងមិនដឹងពីព្រះពរខាងវិញ្ញាណរបស់យើង នោះយើងនឹងរស់នៅក្នុង ភាពក្រីក្រខាងវិញ្ញាណ។ នៅពេលដែល យើងបានយល់ពីអ្វីដែលព្រះបានធ្វើ សម្រាប់យើងហើយនោះ តើយើងត្រូវឆ្លើយតបបែបណា? លោកប៉ុលប្រាប់យើងថា “​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ បែប​គួរ​នឹង​ការងារ ដែល​ទ្រង់​ បាន​ហៅ​មក​ធ្វើ​ចុះ” (៤:១)។ គាត់បានជំរុញឲ្យពួកអ្នកជឿទាំងអស់អោយដើរ “បែបគួរ” (៤:១), “ក្នុងសេចក្តីស្រឡាញ់” (៥:២) “ដូចជាមនុស្សភ្លឺ” (៥:៨) និង “ដោយ​មាន​ប្រាជ្ញា​”​(៥:១៥)។ នៅក្នុងសេចក្តីសំបុត្រនេះ មានបញ្ញត្តិចំនួន​៤១; បញ្ញត្តិចំនួន ៤០ នៅក្នុងផ្នែកទីពីរ។ លោកប៉ុលណែនាំយើង   ទាំងអស់គ្នាពីរបៀបរស់នៅតាមសណ្ឋានថ្មីរបស់យើងក្នុងនាមជាប្រជារាស្រ្ត ដែលរស់នៅក្នុងព្រះគ្រីស្ទ។ គាត់បានបញ្ចប់ជាមួយនឹង សេចក្តីបង្រៀនអំពីគ្រឿងសឹកខាងវិញ្ញាណដើម្បីអោយ យើងបានដឹងពីរបៀបការពារ អ្វីគ្រប់យ៉ាងដែលព្រះបានប្រទានមកយើងទាំងអស់គ្នា។​

bottom of page