
២:១-១០ សេចក្តីសង្រ្គោះដោយសារព្រះគុណ
បទគម្ពីរនេះគឺជាបទគម្ពីរមួយដែលច្បាស់លាស់បំផុតនៅក្នុងការរៀបរាប់ពីដំណឹងល្អ។ បទគម្ពីរនេះបង្ហាញ ពីអ្វីដែលព្រះបានធ្វើសម្រាប់ពួកអ្នកជឿ ដោយប្រាប់យើងទាំងអស់គ្នាពីអ្វីដែលធ្លាប់ជាយើង ដោយសារសណ្ឋានដើមរបស់យើង (ខ1-3) និងអ្វីដែលជាយើងឥឡូវនេះដោយសារព្រះគុណ (ខ4-10)។
២:១-៣ សណ្ឋានដើមរបស់យើង
ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ
២:១ មុនពេលដែលព្រះបានសង្រ្គោះយើង យើងបានស្លាប់រួចទៅហើយ។ ដើម្បីឲ្យបានយល់ពីចំនុចនេះ យើងត្រូវតែទទួលស្គាល់ថាសេចក្តីស្លាប់គឺជាការញែកចេញ។ សេចក្តីស្លាប់ខាងសាច់ឈាមកើតមានឡើង នៅ ពេលដែលព្រលឹងវិញ្ញាណ ហើយនឹងរូបកាយញែកដាច់ចេញពីគ្នា (យ៉ាកុប ២:២៦) សេចក្តីស្លាប់ ខាងព្រលឹង វិញ្ញាណកើតឡើងនៅពេលដែលមនុស្សម្នាក់ត្រូវបានញែកដាច់ចេញពីព្រះ។ បទគម្ពីរនេះគឺ ផ្តោតទៅលើសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណ។
យើងត្រូវបាន “ស្លាប់” ដូចគ្នានឹងមនុស្សដែលចាប់តាំងពីជំនាន់លោកអ័ដាម រហូតមកបានស្លាប់ដែរ។ សូមចងចាំថាព្រះជាម្ចាស់បានមានបន្ទូលទៅអ័ដាមថាមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវល្អ នឹងអាក្រក់ នោះឡើយ “ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន” (លោកុប្បត្តិ ២:១៧)។ អ័ដាមបានបរិភោគផ្លែនោះ ហើយគាត់បានស្លាប់ប៉ុន្មានរយឆ្នាំក្រោយមក។ ប៉ុន្តែតើគាត់បានស្លាប់ក្នុងន័យអ្វី ដែល «នៅថ្ងៃ» ដែលគាត់បានបរិភោគផ្លែឈើនោះ? ចម្លើយនោះគឺគាត់ពិតជាបានស្លាប់ ខាងព្រលឹងវិញ្ញាណមែន។ នៅក្នុងថ្ងៃនោះ គាត់បានបាត់បង់ទំនាក់ទំនងដ៏ជិតស្និតដែលគាត់មានជាមួយនឹង ព្រះនៅក្នុងសួនច្បារអេដែន។
រ៉ូម ៥:១២ ប្រាប់យើងទាំងអស់គ្នាថា “ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្ល ងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ”។
មនុស្សបានបាត់បង់ជីវិតខាងព្រលឹងវិញ្ញាណដែលព្រះបានប្រទានឲ្យនៅក្នុងការបង្កើត ដែលជាជីវិតដែល មាន ទំនាក់ទំនងជាមួយនឹងព្រះអង្គ។ តើអ្វីដែលបានញែកមនុស្សដាច់ចេញពីព្រះ? ការល្មើសរំលង និងអំពើបាបរបស់យើង។ ពាក្យទាំងពីរនេះសំដៅទៅលើការបរាជ័យនៅក្នុងការរស់នៅក្នុងសេចក្តីសុចរិត។ ដូច្នេះហើយ ការល្មើសរំលងរបស់យើង ហើយនឹងអំពើបាបត្រូវតែបានដោះស្រាយ មុនពេលដែល យើងអាចមានជីវិត ដែលមានទំនាក់ទំនងជាមួយនឹងព្រះ។ មនុស្សគ្រប់ទាំងអស់សុទ្ធតែស្លាប់ ខាងព្រលឹងវិញ្ញាណដោយព្រោះតែ អំពើបាប ដូច្នេះហើយ យើងត្រូវការជីវិតថ្មីដែលមកពីព្រះ។
ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស
២:២ ដូចជាលោកអ័ដាម,មនុស្សបានបន្តនៅក្នុងការរស់នៅក្នុងជីវិតខាងសាច់ឈាម ប៉ុន្តែបានបាត់បង់ជីវិត ខាងព្រលឹងវិញ្ញាណជាមួយនឹងព្រះ។ នៅក្នុងស្ថានការណ៏នេះ មនុស្សមិនមែន (និងមិនអាច) ស្គាល់ ឬឆ្លើយតប ជាមួយព្រះបានឡើយ។ ព្រះជាម្ចាស់នៅតែពេញដោយព្រះគុណក្នុងការប្រទានជីវិត ខាងសាច់ឈាមដល់ពួកគេ (តាមការពិតទៅ របស់ល្អគ្រប់យ៉ាងដែលគេមានសុទ្ធតែមកពីព្រះ) ប៉ុន្តែពួកគេ មិនបានទទួលស្គាល់ ស្តាប់ និយាយជាមួយ សរសើរ បម្រើ ឬស្តាប់បង្គាប់ព្រះអង្គនោះឡើយ។ តើមនុស្ស ដែលស្លាប់ខាងព្រលឹងវិញ្ញាណរ ស់នៅក្នុង ជីវិតរបស់ដោយរបៀបណា? ដើម្បីអោយបានដឹង ចម្លើយនោះ យើងត្រូវតែគិតអំពីរបៀបដែលយើង ធ្លាប់បានរស់នៅជីវិតមុនពេលដែលព្រះបានសង្រ្គោះយើង។
មុនពេលដែលព្រះបានសង្រ្គោះយើង យើងបានប្រព្រឹត្តតាមរបៀបលោកីយនេះ។ មានន័យថាយើង បានរស់នៅតាមការឲ្យតម្លៃនិងផ្តោតសំខាន់ទៅលើរបស់ខាងលោកីយ។ ពិភពលោកផ្តោតសំខាន់ជាមួយនឹង ខាងសាច់ឈាម សំភារៈនិយម (មិនមែនខាងព្រលឹងវិញ្ញាណ) របស់ដែលមិនថិតថេរ (មិនអស់កល្ប) ហើយគិតតែខ្លួនឯង (មិនមែនលើព្រះ)។ លោកីយនេះឲ្យតម្លៃលើកេរ្តិ៏ឈ្មោះ និងទ្រព្យសម្បត្តិ ជាជាងភាពបរិសុទ្ធនិងសេចក្តីសុចរិត។ សង្ខេបឲ្យខ្លី លោកីយឲ្យតម្លៃលើអ្វីដែល ផ្ទុយពីរាជ្យនគរនៃ ព្រះជាម្ចាស់ ឲ្យតម្លៃ (ម៉ាថាយ ៦:១៩-២៤, ៦:៣១- ៣២; ១៦:២៥; ២០:២៥-២៨)។ មនុស្សបានចំណាយជីវិតរបស់ ពួកគេនៅក្នុងការឈោងចាប់របស់នៅក្នុងលោកីយ ហើយច្រានចោល របស់ដែលមកពីព្រះ។
ទីពីរ មុនពេលដែលព្រះបានសង្រ្គោះយើង យើងបានតាមមេគ្រប់គ្រងរាជ្យលើអាកាស។ ដែលជាសាតាំង។ មនុស្សអាចនឹងមិនមានការប្រុងប្រយ័ត្នចំពោះសាតាំង ប៉ុន្តែវាកំពុងតែគ្រប់គ្រងជីវិតរបស់ពួកគេ។ សាតាំងវា ខិតខំ នៅក្នុងការកុហក ល្បួងលួងលោម បោកបញ្ឆោតមនុស្សធ្វើអោយពួកគេមានការសង្ស័យចំពោះ ព្រះបន្ទូលព្រះ បដិសេធព្រះចេស្តារបស់ព្រះអង្គ ហើយមិនស្តាប់បង្គាប់ព្រះ។ លទ្ធផលគឺមនុស្ស បានប្រែក្លាយជា “ពួកមនុស្ស រឹងចចេស” ដែលជា មិនស្ដាប់បង្គាប់ ចិត្តដែលរឹងទទឹង ហើយដែលមិនជឿ។
យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជា មនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ
២:៣ ទីបី មុនពេលដែលព្រះបានសង្រ្គោះយើង យើងបានរស់នៅ “ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ ឈាមយើង”។ សាច់ឈាមយើងគឺជាសណ្ឋានដែលពេញដោយអំពើបាបរបស់យើងដែលយើងទទួលបាន នៅក្នុងធ្លាក់ចុះរបស់មនុស្ស។ សាច់ឈាមរបស់យើងបង្ករអោយមានសេចក្តីប៉ងប្រាថ្នាអាក្រក់របស់យើង ដូច្នេះហើយ ជាជាងប៉ងប្រាថ្នាចង់បានព្រះនិងភាពបរិសុទ្ធនោះ យើងបានប៉ងប្រាថ្នារបស់ខុសដែលធ្វើឲ្យ យើងមិនស្តាប់បង្គាប់ ព្រះជាម្ចាស់។ ការនេះបានធ្វើឲ្យយើងក្លាយជា “កូននៃសេចក្ដីក្រោធ” មានន័យថា យើងបានក្លាយជាមនុស្ស ដែលសក្តិសមនៅក្នុងការទទួលការជំនុំជំរះ ដាក់ទោស និងទារុណកម្ម។
សង្ខេបឲ្យខ្លី យើងទាំងអស់គ្នាបានស្លាប់នៅក្នុងការរំលង និងអំពើបាប។ ដោយការដែល គ្មានទំនាក់ទំនង ជាមួយនឹងព្រះ យើងបានដើរតាមផ្លូវរបស់លោកីយ សាតាំង និងសាច់ឈាមរបស់យើង។ គ្រប់ទាំង ការទាំងនេះជា ការទាស់ជាមួយនឹងព្រះ ហើយដែលដើរតាមការទាំងនោះ ដែលនាំអោយយើងកាន់តែ ចូលទៅក្នុងអំពើបាប ការល្មើសរំលង និងការមិនស្តាប់បង្គាប់។ ជាលទ្ធផលយើងបានប្រែក្លាយជាមនុស្ស ជាប់ក្នុងសេចក្ដីក្រោធ។ ការនេះបង្ហាញថាយើងត្រូវការការអស្ចារ្យ នៅក្នុងការដែលអាចសង្រ្គោះយើងបាន។
២:៤-១០ ~ សណ្ឋានរបស់យើងដោយសារព្រះគុណ
ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោស ឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ
២:៤-៥ “ប៉ុន្តែព្រះ” ពាក្យទាំងពីរនេះបង្ហាញពីការលូកព្រះហស្តដ៏អស្ចារ្យបំផុត។ លោកប៉ុលបានរៀបរាប់ ពីសណ្ឋានរបស់មនុស្សជាតិ។ តាមសណ្ឋានដើម យើងបានស្លាប់នៅក្នុងការល្មើសរំលង និងអំពើបាប។ ប៉ុន្តែ ព្រះបានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ។ ដូចដែល ព្រះបានប្រោសព្រះយេស៊ូវ ឲ្យរស់ពីសុគតឡើងវិញនោះ ព្រះអង្គក៏បានប្រោសពួកអ្នកជឿពីសេចក្តីស្លាប់ខាងព្រលឹងវិញ្ញាណ ហើយ បានធ្វើឲ្យយើងរស់នៅខាងព្រលឹងវិញ្ញាណជាមួយព្រះគ្រីស្ទ!
ខគម្ពីរនេះប្រាប់យើងទាងអស់គ្នាពីអ្វីដែលជាសេចក្តីសង្រ្គោះ។ សេចក្តីសង្រ្គោះគឺជាការអស្ចារ្យមកពីព្រះ ដែលព្រះអង្គបានយកមនុស្សដែលបានស្លាប់នៅក្នុងអំពើបាបហើយនិងការល្មើសរំលងមក ហើយធ្វើឲ្យគេ បានរស់នៅក្នុងព្រះគ្រីស្ទ។ ពេលដែលអ្នកប្រែក្លាយជាគ្រីស្ទានម្នាក់ អ្នកមិនបានផ្លាស់ប្តូរសាសនារបស់អ្នក នោះឡើយ គឺព្រះបានផ្លាស់ប្រែជីវិតអ្នកវិញ។ ព្រះអង្គបានសង្រ្គោះអ្នកពីសេចក្តីស្លាប់ សេចក្តីដីក្រោធ និង ចំណង ហើយបាននាំអ្នកអោយចូលមកក្នុងរាជ្យនគររបស់ព្រះអង្គជាមួយនឹងគ្រប់ទាំងព្រះពរគ្រប់ទាំងអស់។
ហេតុអ្វីបានជាព្រះធ្វើគ្រប់ការទាំងនេះសម្រាប់យើង? ដោយព្រោះតែព្រះទ្រង់ “មានសេចក្ដីមេត្តាករុណាដ៏ លើសលប់” ហើយដោយព្រោះតែ “ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើង រាល់គ្នា”។ ក្នុងការដែលបះបោរទាស់នឹងព្រះ យើងសក្តិសមក្នុងការទទួលសេចក្តីខ្ញាល់របស់ព្រះអង្គ មិនមែនជា សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ព្រះអង្គនោះឡើយ។ ប៉ុន្តែព្រះបានបង្ហាញពី សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់ទ្រង់ដោយការសង្រ្គោះមនុស្សមានបាប។ ជាជាងការដែល ទទួលបាននូវសេចក្តីក្រោធ សម្រាប់អំពើបាបរបស់យើងនោះ យើងបានទទួលសេចក្តីសង្រ្គោះនៅក្នុង ព្រះគ្រីស្ទទៅវិញ។ ទាំងអស់នេះគឺ ដោយព្រោះតែព្រះគុណនៃព្រះ។ សេចក្តីសង្ឃឹមតែមួយគត់របស់មនុស្ស ដែលបានធ្លាក់ចុះគឺជា ព្រះគុណនៃព្រះ។ មនុស្សមិន អាចប្រោសលោះខ្លួនគេ ធ្វើអោយគេទទួលបាន ជីវិតខាងព្រលឹងវិញ្ញាណ និងលើកខ្លួនគេទៅស្ថានសួគ៌ បានឡើយ។ ប៉ុន្តែដំណឹងល្អនោះគឺថា ព្រះបានធ្វើ គ្រប់ការទាំងនេះ សម្រាប់អស់អ្នកណាដែលនៅក្នុងព្រះគ្រីស្ទ។
ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ
២:៦ ពួកអ្នកជឿទាំងអស់គឺនៅក្នុងព្រះគ្រីស្ទ ដូច្នេះហើយអ្វីដែលព្រះបានសម្រេចសម្រាប់ព្រះគ្រីស្ទ ព្រះអង្គក៏បានសម្រេចសម្រាប់យើងទាំងអស់គ្នាដែរ។ ព្រះយេស៊ូវមិនគ្រាន់តែត្រូវបានប្រោសឲ្យរស់ពីសុគត ឡើង វិញតែប៉ុណ្ណោះទេ ព្រះអង្គក៏ត្រូវបានលើកឡើងពីផែនដីទៅស្ថានសួគ៌វិញផងដែរ។ ដូចគ្នានេះដែរ យើងមិន គ្រាន់តែត្រូវបានធ្វើអោយមានជីវិតនៅក្នុងព្រះគ្រីស្ទនោះឡើយ យើងក៏នឹងត្រូវបានប្រោសឲ្យ យើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ។ ការនេះបង្ហាញពីការឆ្លងកាត់ នៅក្នុងជីវិត ខាងព្រលឹងវិញ្ញាណរបស់យើង។ ដោយព្រោះតែជីវិតរបស់យើងគឺ នៅក្នុងព្រះគ្រីស្ទ ដូចដែល ព្រះអង្គគង់នៅក្នុង ស្ថានសួគ៌ដ៏ខ្ពស់ យើងរាល់គ្នាក៏ដូចគ្នាដែរ។ អ្វីដែលជាសេចក្តីពិតអំពីព្រះអង្គក៏ជា សេចក្តីពិតអំពីយើងទាំងអស់គ្នាដែរ។ ការដែលយកនិស្ស័យជា មនុស្សរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះ យកឈ្នះអំពើបាប និងសេចក្តីស្លាប់ ហើយត្រូវបានប្រោសឲ្យបានរស់ឡើងវិញនិងត្រូវបានលើកដំកើងនោះ ព្រះគ្រីស្ទបានលើកមនុស្សជាតិឡើងទៅ ស្ថានសួគ៌!
សូមចងចាំថាលោកប៉ុលអធិស្ឋាដើម្បីឲ្យយើងទាំងអស់គ្នាបានដឹងពី “ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿយ៉ាងណាដែរ” (១:១៩)។ ការបង្ហាញដ៏អស្ចារ្យពីព្រះចេស្តានៃគឺ ថា ព្រះគ្រីស្ទត្រូវ បានប្រោសឲ្យរស់ពីសុគតឡើងវិញហើយបានអោយគង់នៅខាងស្តាំនៃព្រះជាម្ចាស់នៅក្នុងស្ថានសួគ៌ដ៏ខ្ពស់ (១:២០)។ ចំនុចរបស់លោកប៉ុលនោះគឺថា សម្លឹងមើលពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ព្រះយេស៊ូវ ទទួលស្គាល់ពីព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះជាម្ចាស់ ហើយដឹងថាព្រះចេស្តាដូចគ្នានោះ ដែល បានធ្វើការ នៅក្នុងជីវិតរបស់អ្នកដែរ។ យើងទាំងអស់គ្នាក៏បានស្លាប់ដែរ (២:១) ប៉ុន្តែព្រះបានប្រោសឲ្យ យើងរស់ឡើងវិញ (២:៥) ត្រូវបានប្រោសអោយរស់ជាមួយនឹងព្រះគ្រីស្ទ ហើយ អោយយើងបានអង្គុយ ជាមួយនឹងព្រះអង្គ នៅក្នុងស្ថានសួគ៌ដ៏ខ្ពស់។ នេះជាបទពិសោធន៍របស់គ្រិស្តបរិស័ទគ្រប់ៗរូប។ ត្រូវបានអង្គុយ ជាមួយនឹងព្រះគ្រីស្ទ ពេលនេះ យើងចែករំលែកនូវជ័យជំនះរបស់ព្រះអង្គ លើអំណាចនៃវិញ្ញាណអាក្រក់ (១:២០-២១) ហើយមិនស្ថិតនៅក្រោម ការឃុំគ្រងរបស់អំពើបាប លោកីយ សាតាំង និងសាច់ឈាម របស់យើងទៀតនោះឡើយ(២:១-៣)។
ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ
២:៧ លោកប៉ុលបានផ្តល់ហេតុផលមួយទៀតពីហេតុអ្វីបានជាព្រះទ្រង់បានធ្វើគ្រប់ការទាំងនេះ។ ការនេះដើម្បី ឲ្យព្រះអង្គអាចនឹងបង្ហាញ “ព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់” នៅក្នុងជំនាន់ ដែលនឹងមកដល់។ នៅក្នុងការដែលបានប្រោសអោយបានរស់ឡើងវិញនិងដំកើងព្រះគ្រីស្ទ ព្រះជាម្ចាស់ បានបង្ហាញ “ព្រះចេស្តាដ៏ខ្លាំង លើសលន់របស់ទ្រង់” (១:១៩-២០)។ ប៉ុន្តែនៅក្នុង ការដែលប្រោសយើងអោយរស់ឡើង និងដំកើងយើងនៅ ក្នុងព្រះគ្រីស្ទនោះ ព្រះបានបង្ហាញ “ព្រះគុណដ៏ ធ្ងន់លើសលប់របស់ទ្រង់”។ ព្រះទ្រង់នឹងតែងតែប្រព្រឹត្តចំពោះយើងទាំងអស់គ្នា ដោយព្រះគុណនៃទ្រង់ ហើយព្រះអង្គនៅតែបន្តបង្ហាព្រះគុណដ៏លើសលប់របស់ទ្រង់ ដល់អស់កល្បជានិច្ច។ ដូច្នេះហើយ ពួកជំនុំ នឹងធ្វើជាការបង្ហាញពីព្រះគុណ និងសេចក្តីសប្បុរសរបស់ព្រះអស់កល្បជានិច្ច។
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែន កើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន
២:៨-៩ ខគម្ពីរទាំងនេះច្បាស់លាស់ខ្លាំងណាស់នៅក្នុងការបង្ហាញគម្រោងការនៃសេចក្តីសង្រ្គោះ។ សេចក្តីសង្រ្គោះគឺបានដោយសារព្រះគុណ តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ។
យើងទទួលបានសេចក្តីសង្រ្គោះដោយសារព្រះគុណ (នោះគឺជាការទទួលបានដោយឥតគិតថ្លៃ ដែលយើង មិនសក្តិសមទទួលបាន) ដែលព្រះបានធ្វើក្នុងជីវិតយើងទេ។ ព្រះគុណគឺជាសេចក្តីល្អនៃព្រះទៅកាន់មនុស្ស ដែលមានន័យថាព្រះអង្គជាអ្នកប្រព្រឹត្តចំពោះយើង មិនមែនតាមអ្វីដែលយើងសមនឹងទទួលបាននោះឡើយ ប៉ុន្តែដោយសារតែ ព្រះហឫទ័យសណ្ដោស និងសេចក្ដីសប្បុរសរបស់ព្រះអង្គវិញ។
ព្រះគុណគឺអាចទទួលបានតាមរយៈសេចក្តីជំនឿ។ ជំនឿគឺជាអំណោយទានមកពីព្រះដែលអនុញ្ញាតឲ្យ យើងអាចទុកចិត្តលើព្រះគ្រីស្ទ (ដែលជាការទុកចិត្តទាំងស្រុងលើព្រះអង្គ គ្រប់យ៉ាងដែលព្រះអង្គមាន ព្រះបន្ទូល និងបានធ្វើ ដូច្នេះហើយអាចពឹងផ្អែកលើព្រះអង្គសម្រាប់ ទទួលបានសេចក្តីសង្រ្គោះ)។ សេចក្ដីជំនឿគឺជាការទទួលស្គាល់ថាកិច្ចការនៃសេចក្ដីសង្គ្រោះរបស់ព្រះគ្រីស្ទ ជាកិច្ចការដែលបានសម្រេច ពេញលេញ ហើយដែលយើងមិនអាចនឹងបន្ថែមអ្វីទៅវាបានឡើយ។ ព្រះគុណ សេចក្តីសង្រ្គោះ ហើយនឹងសេចក្តីជំនឿទាំងអស់ សុទ្ធតែជាអំណោយទាន មកពីព្រះជាម្ចាស់។ នៅពេលដែលលោកប៉ុល កត់ត្រាថា “សេចក្ដីនោះ ក៏មិនមែនកើតពីអ្នករាល់គ្នាដែរ” គាត់សំដៅលើកិច្ចការទាំងស្រុងនៃការទទួលបាន សេចក្តីសង្រ្គោះ ដោយសារព្រះគុណតាមរយៈសេចក្តីជំនឿ។ គ្រប់ទាំងអស់គឺជាអំណោយទានរបស់ ព្រះជាម្ចាស់។
សេចក្តីសង្រ្គោះគឺជាអំណោយទាន មិនមែនជារង្វាន់។ សេចក្តីសង្រ្គោះមិនអាចនឹងទទួលបានដូចកម្រៃ ឡើយ។ មានប្រយោគចំនួនបីដែលបង្ហាញយ៉ាងច្បាស់ថាសេចក្តីសង្រ្គោះមិនមែនដោយសារតែការប្រព្រឹត្ត របស់មនុស្សនោះឡើយ “សេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ” “គឺជាអំណោយទានរបស់ព្រះវិញ” និង “ក៏មិនមែនដោយការប្រព្រឹត្តដែរ”។ “ការប្រព្រឹត្ត” ផ្តោតលើអ្វីដែលមនុស្សអាចសម្រេច ដែលធ្វើឲ្យ មនុស្សគិតថាពួកគេអាចទទួលបានកេរ្តិ៏ឈ្មោះ ឬមានអភ័យឯកសិទ្ធពីព្រះ។ ប្រសិនបើសេចក្តីសង្រ្គោះ ទទួលបានដោយការប្រព្រឹត្តនោះ មនុសអាចនឹងមានអ្វីមួយដើម្បីអួតខ្លួនជាមិនខានឡើយ។ ប៉ុន្តែ ដោយសារតែសេចក្តីសង្រ្គោះដោយសារព្រះគុណនោះ ការនេះបញ្ឈប់យើងពីសេចក្តីអំនួតគ្រប់យ៉ាងអំពីខ្លួ នយើង។ សេចក្តីសង្រ្គោះដោយសារព្រះគុណមានន័យថា រាល់ទាំងការសរសើរដំកើងទាំងអស់ថ្វាយ ដល់ព្រះ។
ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
២:១០ លោកប៉ុលទើបតែបាននិយាយថាយើងមិនអាចអួតអំពីសេចក្តីសង្រ្គោះរបស់យើងបានឡើយ ដោយព្រោះតែគ្រប់យ៉ាងបានទទួលដោយសារព្រះគុណ។ អ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់យើងដើម្បី បានសង្គ្រោះ គឺត្រូវបានសម្រេចដោយសារព្រះ។ ពេលនេះ គាត់បន្ថែមទៅមុខ បន្តទៀតនៅ ក្នុងការបញ្ជាក់ឲ្យបានច្បាស់ថាគ្រប់យ៉ាងដែលយើងត្រូវធ្វើបន្ទាប់ពីយើងទទួលបាន សេចក្តីសង្រ្គោះដែលនៅតែជាកិច្ចការនៃព្រះដែលធ្វើការក្នុងយើងនោះ។ លោកប៉ុលប្រាប់យើងថា:
-
យើងគឺជាស្នាដៃរបស់ព្រះជាម្ចាស់
-
យើងត្រូវបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវ និង
-
កិច្ចការល្អទាំងប៉ុន្មានដែលយើងធ្វើគឺត្រូវបានរៀបចំជាមុនដោយព្រះជាម្ចាស់។
យើងទាំងអស់គ្នាជាឧបករណ៏របស់ព្រះជាម្ចាស់។ យើងមិនបានបង្កើតខ្លួនយើងនោះឡើយ ដូច្នេះហើយ យើងមិនអាចនឹងអួតអំពីខ្លួនយើងបានឡើយ។ ទាំងជីវិតខាងសាច់ឈាមនិងជីវិតខាងព្រលឹងវិញ្ញាណ របស់យើងនៅក្នុងព្រះគ្រីស្ទគឺជាកិច្ចការរបស់ផងព្រះជាម្ចាស់។ ពាក្យដែលបកប្រែមកថា “ឧបករណ៏” (ποίημα) ត្រូវបានប្រើនៅក្នុងការររៀបរាប់អំពីស្នាដៃរបស់សិប្បករដែលមានជំនាញម្នាក់។ ព្រះជាម្ចាស់គឺជា សិប្បករដ៏អស្ចារ្យបំផុត ហើយព្រះអង្គកំពុងបង្កើតយើងឲ្យក្លាយទៅជាអ្វីដែលទ្រង់ចង់បាន។ ការបង្កើត សេចក្តីប្រោសលោះ កំណើតថ្មី ការញែកជាបរិសុទ្ធ និងសិរីល្អរបស់យើងទាំងអស់នេះជាកិច្ចការ របស់ព្រះអង្គ។ ដូច្នេះហើយ ជាជាងការដែលយើងអួតអំពី ខ្លួនយើងនោះ យើងគួរតែអរព្រះគុណ ព្រះជាម្ចាស់ ចុះចូលចំពោះព្រះអង្គ ហើយទុកចិត្តនៅក្នុងព្រះចេស្តា របស់ព្រះអង្គនៅក្នុងការសម្រេចកិច្ចការ ល្អដែលព្រះអង្គបានចាប់ផ្តើមនៅក្នុងយើងទាំងអស់គ្នា (ភីលីព ១:៦)។
នៅពេលដែលអ្នកប្រែក្លាយជាគ្រីស្ទានម្នាក់ នេះគឺជាជំហានថ្មីនៃកិច្ចការរបស់ព្រះនៅក្នុងអ្នក។ ព្រះអង្គបាន បង្កើតអ្នកជាមនុស្សថ្មីម្នាក់ ត្រូវបានបង្កើតនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ការដែល “ត្រូវបានបង្កើត” មានន័យថា ព្រះបាននាំអ្នកអោយចូលក្នុងអ្វីដែលថ្មី។ ពេលដែលព្រះសង្រ្គោះយើង យើងមិនមែនគ្រាន់តែ ប្រែក្លាយជាមនុស្ស ដែលល្អប្រសើរជាងមនុស្សចាស់របស់យើងនោះឡើយ។ តែផ្ទុយទៅវិញ យើងជាមនុស្ស ដែលត្រូវបានបង្កើតថ្មីនៅក្នុងព្រះគ្រីស្ទ។ ជីវិតថ្មីដែលយើងមាននៅក្នុងព្រះគ្រីស្ទ ជាកម្មសិទ្ធរបស់ព្រះអង្គ ដោយព្រោះតែព្រះអង្គបានបង្កើតមក។ ជីវិតថ្មីនេះត្រូវបានកំណត់លក្ខណៈដោយកិច្ចការដ៏ល្អ ដែលជា ការថ្វាយសិរីល្អដល់ព្រះជាម្ចាស់។
តើអ្វីជាទំនាក់ទំនងរវាងសេចក្តីសង្រ្គោះនិងកិច្ចការល្អ? លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់:ដំបូង យើង ត្រូវបានសង្រ្គោះ (ខ៨-៩) បន្ទាប់មកយើងធ្វើកិច្ចការល្អ (ខ១០)។ សាសនារបស់មនុស្ស បង្រៀនអ្នកឲ្យធ្វើការល្អដើម្បី អាចសង្រ្គោះខ្លួនអ្នក (ឬធ្វើអោយខ្លួនអ្នកបានសុចរិត)។ ប៉ុន្តែព្រះជាម្ចាស់ មានគម្រោងផ្សេងពីនេះ។ ព្រះបានសង្រ្គោះអ្នកជាមុនដើម្បីឲ្យអ្នកអាចធ្វើកិច្ចការល្អបាន។ កិច្ចការល្អមិនអាច ធ្វើឲ្យមនុស្សទទួលបានសេចក្តីសង្រ្គោះនោះឡើយ ប៉ុន្តែបន្ទាប់ពីមនុស្សម្នាក់ត្រូវបានសង្រ្គោះ នោះជីវិតរ បស់ពួកគាត់គួរតែពេញដោយកិច្ចការល្អ។ ដូច្នេះហើយកិច្ចការល្អដែលយើងធ្វើគឺជាលទ្ធផល មិនមែនជា ហេតុ នៃសេចក្តីសង្រ្គោះរបស់យើងនោះឡើយ។
បន្ទាប់ពីយើងទទួលបានសេចក្តីសង្រ្គោះហើយនោះ តើកិច្ចការល្អអ្វីដែលយើងត្រូវធ្វើ? យើងធ្វើ កិច្ចការល្អដែល ព្រះបានរៀបចំសម្រាប់យើងតាំងពីមុន។ កិច្ចការទាំងឡាយ ថ្វាយសិរីល្អដល់ព្រះអង្គ ដោយព្រោះតែការទាំងនោះគឺជា កិច្ចការដែលព្រះអង្គបានរៀបចំ និងសម្រេចដោយព្រះចេស្ដារបស់ ទ្រង់នៅក្នុងយើង ដើម្បីជាទីបន្ទាល់ចំពោះព្រះគុណនៃការសង្គ្រោះរបស់ទ្រង់ដែលធ្វើការនៅក្នុងយើង។ ដូច្នេះហើយ ទាំងនោះគឺកិច្ចការដែលជា: (១) ព្រះហឫទ័យព្រះ (២) សម្រចដោយព្រះចេស្តានៃ ព្រះវិញ្ញាណបរិសុទ្ធ (៣) សម្រាប់សិរីរុងរឿងរបស់ព្រះអង្គ។ មិនត្រូវអោយមានការអួត អំពីខ្លួនយើងពេលដែលកិច្ចការល្អ ទាំងនោះត្រូវបានរៀបចំ និងផ្តល់អំណាចមកពីព្រះនោះឡើយ។ តែផ្ទុយទៅវិញ កិច្ចការទាំងនោះ សំរាប់ជាសេចក្ដីសរសើរដល់ សិរីល្អនៃទ្រង់។
លោកប៉ុលបញ្ចប់បទគម្ពីរនេះ ជាមួយនឹងការប្រៀបប្រដូចការដែលមិនមានភាពច្បាស់លាស់នៅក្នុង ការបកប្រែទាំងអស់។ គាត់បាននិយាយថាដែលយើង “ធ្លាប់ដើរ” នៅក្នុងការរំលងនិងអំពើបាប ពេលដែល យើងដើរតាមសាតាំង (ខ២) ប៉ុន្តែពេលនេះយើង “គួរតែដើរ” នៅក្នុងកិច្ចការល្អ ដែលព្រះបានរៀបចំ សម្រាប់យើង (ខ១០)។ សម្រាប់ សាសន៍យូដាការដែល “ដើរ” មានអត្ថន័យអំពីការរស់នៅ។ ដូច្នេះហើយ លោកប៉ុលប្រៀបប្រដូចពីការដើរពីរបែប (“នៅក្នុងការរំលង និងអំពើបាប” ប្រៀបប្រដូចជាមួយនឹង “នៅក្នុង កិច្ចការល្អ”) ដែលជាតំណាងអោយរបៀបរស់នៅពីរផ្សេងគ្នា ដែលជាការដឹកនាំដោយម្ចាស់ពីរផ្សេងគ្នា (ព្រះ និងសាតាំង)។
សង្ខេប: បទគម្ពីរនេះប្រៀបប្រដូចពីអ្វីដែលធ្លាប់ជាយើងដោយសារសណ្ឋានដើមរបស់យើង និងអ្វីដែលជា យើងឥឡូវនេះដោយសារព្រះគុណ។ គ្រប់ទាំងសិរីល្អនៃការផ្លាស់ប្រែ ទាំងអស់សូមថ្វាយដល់ព្រះជាម្ចាស់ ដោយព្រោះតែសេចក្តីសង្រ្គោះរបស់យើងគឺជាកិច្ចការទាំងស្រុងរបស់ព្រះអង្គ។
សណ្ឋានដើមរបស់យើងគឺ:
-
ស្លាប់ខាងព្រលឹងវិញ្ញាណ
-
ដើរនៅក្នុងការរំលងនិងអំពើបាប
-
ដើរតាមលោកីយ សាតាំង ហើយនិងសាច់ឈាម
-
ជាកូនដែលជាប់ក្នុងសេចក្តីខ្ញាល់
ប៉ុន្តែព្រះ
ដោយសារព្រះគុណយើង:
-
មានជីវិតនៅក្នុងព្រះគ្រីស្ទ
-
ដើរនៅក្នុងកិច្ចការល្អ
-
ត្រូវបានលើកឡើងទៅស្ថានសួគ៌
-
បានសង្រ្គោះដោយសារព្រះគុណ
២:១១-២២ តែមួយនៅក្នុងព្រះគ្រីស្ទ
ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលពួកទទួលកាត់ស្បែក ក្នុងសាច់ ដោយដៃមនុស្ស គេហៅអ្នករាល់គ្នាជាពួកមិនកាត់ស្បែកវិញ នៅវេលានោះ អ្នករាល់គ្នា នៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្ដីសញ្ញា ដែលទ្រង់បានសន្យាទុក ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយនេះដែរ
២:១១ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានជ្រើសរើសលោកអ័ប្រាហាំហើយបានតាំងសេចក្តីសញ្ញា ជាមួយនឹង គាត់ដើម្បីញែកពូជពង្សរបស់គាត់ជំនាន់ក្រោយអោយបានធ្វើជារាស្រ្តបរិសុទ្ធ។ ការកាត់ស្បែក គឺជាទីសំគាល់នៃសេចក្តីសញ្ញានេះ។ ដូច្នេះហើយ ពួកសាសន៍យូដា (“ពួកកាត់ស្បែក”) ហៅសាសន៍ដទៃ “ពួកមិនកាត់ស្បែក”ដើម្បីបង្ហាញថាពួកគេមិនមានចំណែកនៅក្នុងសេចក្តីសញ្ញាជាមួយនឹងព្រះនោះឡើយ។ ពួកសាសន៍យូដាមាន អភ័យឯកសិទ្ធជាច្រើន។ យ៉ាងណាម៉ិញ ពួកសាសន៍ដទៃធ្លាប់ត្រូវបានខាងក្រៅ អភ័យឯកសិទ្ធទាំងអស់នេះ។
២:១២ លោកប៉ុលរំឭកដល់អ្នកអានសំបុត្ររបស់គាត់ដែលជាសាសន៍ដទៃពីសេចក្តីពិតទាំងប្រាំ នៅក្នុង ជំនាន់មុនពេលដែលព្រះយេស៊ូវយាងមក។ ពួកគេត្រូវបានញែកចេញពីព្រះគ្រីស្ទ ជាមនុស្សផ្សេងពី ប្រជារាស្រ្តនៃព្រះ ដែលគ្មានសេចក្តីសញ្ញានៃសេចក្តីសន្យាជាមួយព្រះនោះឡើយ ជាមនុស្សគ្មានសង្ឃឹម (ដោយព្រោះតែ សេចក្តីសង្ឃឹមអាស្រ័យលើសេចក្តីសន្យានៃព្រះ) ហើយជាមនុស្សគ្មានព្រះ។ នេះជា ស្ថានភាពរបស់យើងទាំងអស់ គ្នាមុនពេលដែលយើងបានស្គាល់ព្រះយេស៊ូវ។
តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់
២:១៣ មុនពេលដែលព្រះយេស៊ូវយាងមក ពួកសាសន៍យូដាគឺជាពួកអ្នកដែលនៅជិតព្រះក្នុងនាមជារាស្រ្ត ដែលបានជ្រើសរើសរបស់ព្រះអង្គ; ប៉ុន្តែពួកសាសន៍ដទៃ (រួមទាំងមនុស្សដែលនៅក្នុងក្រុងអេភេសូ) បាន “នៅឆ្ងាយ” ពីព្រះ។ ប៉ុន្តែពេលនេះនៅក្នុងព្រះគ្រីស្ទយេស៊ូវពួកសាសន៍ដទៃបាន “មកជិតវិញ”។ តើអ្វីដែល បាននាំយកឲ្យមកជិតព្រះ? ព្រះលោហិតនៃព្រះគ្រីស្ទ។ មានតែតាមការនេះតែប៉ុណ្ណោះដែលអាចនាំយើងឲ្យ បានមកជិតព្រះ។ មានមនុស្សជាច្រើនបានលើកឡើងពីផ្លូវផ្សេងទៀតដែលអាចចូលមកជិតព្រះ។ មនុស្សខ្លះ អាចគិតថាអ្នកអាចចូលមករកព្រះតាមរយៈប្រព្រឹត្តល្អ តាមរយៈសាសនា ឬ តាមរយៈភាពជាសមាជិកនៅ ក្នុងក្រុមណាមួយ។ ប៉ុន្តែមានផ្លូវតែមួយតែប៉ុណ្ណោះដែលអាចនាំអ្នកមកជិតព្រះនោះ គឺតាមរយៈព្រះលោហិត របស់ព្រះគ្រីស្ទ។
ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើឲ្យទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់ កណ្តាលចេញ
២:១៤ ព្រះយេស៊ូវគឺជា “សេចក្តីមេត្រីនៃយើងរាល់គ្នា”។ ចំនុចសំខាន់នៅក្នុងខនេះគឺជាសេចក្តីមេត្រី ដែល មានរវាងពួកអ្នកជឿសាសន៍យូដា និងសាសន៍ដទៃ។ ព្រះអង្គបាន “ធ្វើឲ្យទាំង២រួមគ្នាតែ១”។ ព្រះយេស៊ូវបាននាំសាសន៍យូដានិងសាសន៍ដទៃអោយបានជាសាសន៍តែមួយ -ពួកជំនុំ។ ការដែលធ្វើដូច្នេះ ព្រះយេស៊ូវបានបញ្ចប់ការបែងចែកហើយនឹងសេចក្តីសំអប់ ដែលបានកើតមាន ឡើងរវាងសាសន៍យូដា និងសាសន៍ដទៃអស់រយៈពេលជាច្រើនសតវត្សមកហើយ។
នៅពេលដែលលោកប៉ុលសរសេរថាព្រះយេស៊ូវ “បានរុះជញ្ជាំងដែលខាន់កណ្តាលចេញ” គាត់អាចនឹងគិត អំពីទីកន្លែងក្នុងព្រះវិហារ នៅក្នុងក្រុងយេរូសាឡិម។ ព្រះវិហារនេះត្រូវបានព័ទ្ធជុំវិញដោយបីទីលានមួយ សម្រាប់ពួកសង្រ្គាជសាសន៍យូដា មួយសម្រាប់បុរសសាសន៍យូដានិងមួយសម្រាប់ស្រ្តីសាសន៍យូដា។ នៅខាងក្រោមចំនួន ១៩ កាំជណ្ដើរជាទីលានសម្រាប់សាសន៍ដទៃ។ ពួកសាសន៍ដទៃអាចសម្លឹងមើល ទៅលើ ហើយបានឃើញសំណង់ព្រះវិហារ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតអោយចូលទៅក្បែរនោះឡើយ។ ពួកគេត្រូវបានញែកដាច់ចេញពីតំបន់ព្រះវិហារដោយជញ្ជាំងថ្មរដែលមានកម្រាស់ ១,៥ម។ ការហាមប្រាម ត្រូវបានសរសេរនៅលើជញ្ជាំងដែលថា “មិនអនុញ្ញាតអោយជនបរទេសចូលទៅក្នុងផ្នែកណាមួយនៃតំបន់ ព្រះវិហារឡើយ។ អ្នកណាម្នាក់ដែលត្រូវតាមទាន់ ធ្វើការនោះនឹងត្រូវទទួលខុសត្រូវចំពោះទោសស្លាប់ របស់ខ្លួនគេ”។ លោកប៉ុលដឹងពីជញ្ជាំងនេះដោយ បទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់។ បីឆ្នាំមុន គាត់ស្ទើរតែត្រូវបានគេសម្លាប់ ដោយហ្វូងជនជាតិយូដាដែលខឹងសម្បារ ដែលគិតថា គាត់បាននាំយក សាសន៍ដទៃម្នាក់ពីអេភេសូរមកឆ្លងកាត់ ជញ្ជាំងនេះ (កិច្ចការ ២១:២៨)។
ពួករ៉ូម៉ាំងបានបំផ្លាញជញ្ជាំងនេះនៅក្នុងឆ្នាំ ៧០គ,ស នៅពេលដែលទាហានរបស់គេបំផ្លាញក្រុង យេរូសាឡិម។ យ៉ាងណាមិញ ពេលដែលលោកប៉ុលកត់ត្រាសេចក្តីសំបុត្រនេះគឺ (ឆ្នាំ ៦១-៦២ គ,ស) ជញ្ជាំងនៅមាននៅឡើយទេ។ ដូច្នេះ ហេតុអ្វីបានជាគាត់និយាយថាជញ្ជាំងត្រូវបានរុះចេញ? ដោយព្រោះតែ នៅក្នុងន័យខាងព្រលឹងវិញ្ញាណជញ្ជាំងនោះត្រូវបានរុះចេញដោយព្រះយេស៊ូវនៅលើឈើឆ្កាង។
ជញ្ជាំងនោះញែកពួកសាសន៍ដទៃចេញពីតំបន់ជុំវិញព្រះវិហារដែលនៅជិតជាមួយនឹងព្រះ ដែលមានតែ ពួកសាសន៍ យូដាតែប៉ុណ្ណោះត្រូវបានអនុញ្ញាតអោយចូលទៅបាន។ ប៉ុន្តែនៅក្នុងពេលនេះ ដោយព្រោះតែ ព្រះយេស៊ូវ មនុស្សគ្រប់ជាតិសាសន៍អាចចូលមកឯព្រះ ហើយថ្វាយបង្គំព្រះអង្គជាមួយនឹងគ្នា។ នៅក្នុងព្រះគ្រីស្ទ យើងទាំងអស់គ្នាទទួលបានព្រះពរ សេចក្តីសន្យា សេចក្តីសង្ឃឹម សេចក្តីសញ្ញា ហើយនឹងការដែលអាច ចូលទៅឯព្រះដូចគ្នាទាំងអស់ ដោយមិនខ្វល់ពីវប្បធម៌របស់យើង។ ដូច្នេះហើយ ការដែលរុះជញ្ជាំង គឺជានិមិត្តសញ្ញាពីរបៀបដែលព្រះបានបញ្ចប់ការបែងចែក ហើយនឹងភាពជាសត្រូវ រវាងសាសន៍យូដា និងសាសន៍ដទៃ ហើយបាននាំពួកសាសន៍ដទៃមកឯព្រះ។
ព្រមទាំងបំបាត់សេចក្ដីសំអប់គ្នា ដោយនូវរូបសាច់ទ្រង់ គឺបំបាត់ក្រិត្យវិន័យដែលមានបញ្ញត្ត នឹងសេចក្ដីហាមប្រាមទាំងប៉ុន្មានចេញ ដើម្បីឲ្យបានយកទាំង២មក បង្កើតជាមនុស្សថ្មីតែ១ក្នុងព្រះអង្គទ្រង់ ដោយតាំងជាស្ពានមេត្រីឲ្យ
២:១៥ លោកប៉ុលប្រាប់យើងទាំងអស់គ្នាពីរបៀបដែលព្រះយេស៊ូវបានធ្វើការនេះ។ ព្រះយេស៊ូវបានបញ្ចប់ នូវ ភាពសំអប់គ្នារវាងសាសន៍យូដានិងសាសន៍ដទៃដែលបង្ករឡើងដោយក្រឹត្យវិន័យ។ ព្រះបានប្រទាន ក្រឹត្យវិន័យដល់អ៊ីស្រាអែល។ ប្រសិនបើពួកគេបានរក្សាអស់ទាំងក្រឹត្យវិន័យនោះ ពួកគេនឹងបានជាសុចរិត។ ប៉ុន្តែពួកគេមិនអាចរក្សាបាននោះឡើយ។ ប៉ុន្តែព្រះយេស៊ូវបានយាងមកហើយសម្រេចក្រឹត្យវិន័យ។ លើសពី នេះទៅទៀត ព្រះអង្គបានយកអស់ទាំងភាពបរាជ័យនៃការដែលមិនអាចរក្សាក្រឹត្យវិន័យនោះ មកដាក់លើ ព្រះអង្គទ្រង់នៅលើឈើឆ្កាង។ ក្នុងការដែលធ្វើដូច្នេះ ព្រះអង្គបាននាំមកនូវផ្លូវថ្មីមួយ ដែលមនុស្សអាច ជាសុចរិតនៅចំពោះព្រះភ័ក្រ្តនៃព្រះ ដែលជាដោយសារសេចក្តីជំនឿ នៅក្នុងកិច្ចការដ៏សុចរិតរបស់ព្រះអង្គ សម្រាប់យើងទាំងអស់គ្នា (ភីលីព ៣:៨-៩)។ មុនពេលនេះ ក្រឹត្យវិន័យបានធ្វើអោយមាន ភាពសំអប់គ្នា ហើយនឹងការញែកចេញរវាងសាសន៍យូដា និងសាសន៍ដទៃ ដោយព្រោះតែសាសន៍យូដាមានក្រឹត្យវិន័យ ហើយសាសន៍ដទៃមិនមាន។ យ៉ាងណាមិញ ព្រះយេស៊ូវបានបញ្ចប់ភាពជាសត្រូវនេះ ដោយការសម្រេច ក្រឹត្យវិន័យសម្រាប់ពួកអ្នកជឿទាំងអស់ (ទាំងសាសន៍យូដានិងសាសន៍ដទៃ)។ ពេលនេះ ព្រះយេស៊ូវ (មិនមែនជាក្រឹត្យវិន័យ) គឺជាប្រភពនៃ សេចក្តីសុចរិតរបស់យើងទាំងអស់គ្នា។
ហេតុអ្វីបានជាព្រះយេស៊ូវធ្វើការនេះ? ដំបូងបំផុត ព្រះអង្គធ្វើការនេះដើម្បីបង្កើតនៅក្នុងព្រះអង្គនូវមនុស្ស ជាតិថ្មីមួយ។ នៅក្នុងអត្ថបទរបស់លោកប៉ុល មនុស្សពីរក្រុមដែលត្រូវបានញែកចេញគឺជាសាសន៍យូដា និងសាសន៍ដទៃ។ ប៉ុន្តែក្រោយមកពួកអ្នកជឿសាសន៍យូដានិងសាសន៍ដទៃត្រូវបានបង្រួបបង្រួម ដោយព្រះ យេស៊ូវនៅក្នុងរូបកាយតែមួយ ដែលជាពួកជំនុំ។ ដូច្នេះហើយ ព្រះយេស៊ូវបានបង្កើតមនុស្សជាតិថ្មីមួយ ដែលរួបរួមនៅក្នុងព្រះអង្គ។
នៅក្នុងព្រះគ្រីស្ទមានការរួបរួម។ សព្វថ្ងៃនេះ យើងបានឃើញថាព្រះយេស៊ូវបានបង្រួបបង្រួមនុស្ស ដើម្បីអោយគេបានក្លាយជាគ្រួសារតែមួយ។ នៅក្នុងព្រះគ្រីស្ទ មនុស្សមកពីវប្បធម៌ផ្សេងៗ ពីគ្នា បានប្រែ ក្លាយជាសម្លាញ់ និងគ្នាជាមួយនឹងគ្នាយ៉ាងងាយស្រួលនិងឆាប់រហ័សដោយព្រោះតែពួកគេគឺជាសម្លាញ់ ជាមួយនឹងព្រះយេស៊ូវរួចទៅហើយ។ នៅទូទាំងពិភពលោក មនុស្សគ្រប់ជាតិសាសន៍កំពុងតែមករក ព្រះយេស៊ូ ហើយត្រូវបានរួបរួមនៅក្នុងទ្រង់។ នេះគឺជាចម្លើយចំពោះសេចក្តីអធិស្ឋានរបស់ព្រះយេស៊ូវ នៅក្នុង យ៉ូហាន ១៧:២០-២៦ ហើយនឹងក្នុងការចាប់ផ្តើមនៃការសម្រេច នៃផែនការណ៏របស់ព្រះ ដើម្បីបំព្រួមគ្រប់ ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង (១:១០)។
ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្ដី សំអប់គ្នា ដោយឈើឆ្កាងនោះឯង
២:១៦ ទីពីរ ព្រះយេស៊ូវផ្សះផ្សាមនុស្សជាតិថ្មីនេះជាមួយនឹងព្រះតាមរយៈឈើឆ្កាង។ ឈើឆ្កាងនៃព្រះគ្រីស្ទ បានដកយកជញ្ជាំងដែលបាំងរវាងសាសន៍យូដា និងសាសន៍ដទៃ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះនោះគឺ ឈើឆ្កាងក៏បានដកយកជញ្ជាំងដែលបាំងរវាងមនុស្សទាំងពីរក្រុម និងព្រះជាម្ចាស់ដែរ។ អំពើបាបរបស់យើង បានញែកយើងដាច់ចេញពីព្រះ ដូច្នេះហើយអំពើបាបរបស់យើងត្រូវតែបានលុបបំបាត់ មុនពេលដែល យើង អាចមានសេចក្តីមេត្រីជាមួយនឹងព្រះ។ ការទាំងនេះបានសម្រេចនៅលើឈើឆ្កាង ពេលដែលព្រះយេស៊ូវ ទទួលការដាក់ទោសចំពោះអំពើបាបរបស់យើង។ ពេលនេះ ពួកអ្នកជឿទាំងអស់ត្រូវបានផ្សះផ្សាជាមួយនឹង ព្រះ ដោយព្រោះតែការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងទាំងអស់គ្នា។
ដែល “ផ្សះផ្សា” មានន័យថាត្រូវបានធ្វើឲ្យកើតមានឡើងវិញនូវទំនាក់ទំនងដែលបានបាត់បង់។ ជាការផ្លាស់ប្តូរសត្រូវទៅជាមិត្តសម្លាញ់។ ព្រះបានបង្កើតមនុស្សមកដើម្បីអោយមានមិត្តភាពជាមួយនឹង យើង។ មិត្តភាពនេះ ត្រូវបានបាត់បង់ដោយព្រោះតែអំពើបាបពេល ដែលមនុស្សបះបោរទាស់នឹងព្រះ ហើយបានប្រែក្លាយជាសត្រូវរបស់ព្រះអង្គ (កូឡុស ១:២១)។ ប៉ុន្តែនៅក្នុងព្រះគ្រីស្ទមិត្តភាព ដែលព្រះបានបង្កើតមនុស្សអោយមានជាមួយនឹង ព្រះអង្គនោះត្រូវបានសង្រួបសង្រួមឡើងវិញ។
សង្ខេបឲ្យខ្លី ការសម្រេចរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងគឺ:
-
ព្រះអង្គបានបញ្ចប់ភាពជាសត្រូវនិងការបែងចែករវាងសាសន៍យូដានិងសាសន៍ដទៃដែលបង្ករឡើងដោយក្រឹត្យវិន័យ។
-
ព្រះអង្គបានបង្កើតមនុស្សជាតិដែលមានសាមគ្គីភាពថ្មី ដោយការដាក់បញ្ចូលសាសន៍យូដា និងសាសន៍ដទៃនៅក្នុងរូបកាយតែមួយ-ពួកជំនុំ។
-
ព្រះអង្គបានផ្សះផ្សាមនុស្សជាតិដែលមានសាមគ្គីភាពថ្មីនេះជាមួយនឹងព្រះ។
ហើយកាលទ្រង់បានយាងមក នោះទ្រង់បានផ្សាយដំណឹងល្អ គឺជាសេចក្ដីមេត្រីដល់អ្នករាល់គ្នា ដែលនៅឆ្ងាយ នឹងដល់ពួកអ្នកដែលនៅជិតផង
២:១៧ ព្រះយេស៊ូវបានយាងមកជាមួយនឹងដំណឹងល្អនៃសេចក្តីមេត្រីដែលត្រូវបានផ្សាយដល់ “អ្នករាល់គ្នា ដែលនៅឆ្ងាយ” ដែលជាសាសន៍ដទៃ និងដល់ “ពួកអ្នកដែលនៅជិត” ដែលជាសាសន៍យូដា។
ដ្បិតដោយសារទ្រង់ នោះយើងទាំង២សាសន៍មានផ្លូវចូលទៅដល់ព្រះវរបិតា ដោយព្រះវិញ្ញាណតែ១
២:១៨ ពេលនេះ សាសន៍យូដា និងសាសន៍ដទៃអាចចូលទៅរកព្រះវរបិតាដ៏ជាព្រះតាមផ្លូវរបៀបដូចគ្នា តាមរយៈព្រះយេស៊ូវ។ យើងមិនអាចចូលទៅឯព្រះដោយលក្ខខណ្ឌរបស់យើងឬតាមរយៈការខំប្រឹងរបស់ខ្លួន យើងនោះឡើយ។ យើងអាចចូលទៅរកព្រះបានមានតែតាមរយៈព្រះយេស៊ូវតែមួយប៉ុណ្ណោះ (យ៉ូហាន ១៤:៦)។
ពាក្យដែលបកប្រែថា “ចូលទៅ” (προσαγωγὴν) ត្រូវបានប្រើសម្រាប់ការនាំយកមនុស្សម្នាក់ចូលទៅក្នុង ព្រះវត្តមានរបស់ស្តេចមួយអង្គ។ ប្រសិនបើអ្នកចង់គាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះ អ្នកអាច នឹងព្យាយាមបាន ប៉ុន្តែប្រហែលជាអ្នកមិនអាចនឹងចូលទៅក្បែរព្រះអង្គបានឡើយ។ ប៉ុន្តែ សូមស្រមៃថា ប្រសិនបើ អ្នកបានស្គាល់អ្នកណាម្នាក់ដែលជាអ្នកជិតដិតនឹងព្រះមហាក្សត្រ។ គាត់អាចនឹងនាំអ្នកអោយបានគាល់នឹង ព្រះមហាក្សត្របាន។ នេះជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ យើងទាំងអស់គ្នា។ ពេលដែលយើងបានស្គាល់ ព្រះយេស៊ូវនោះ តាមរយៈព្រះអង្គយើងអាចនឹងចូលមកឯ ព្រះ ដ៏ជាព្រះវរបិតាបាន។
សូមកត់សំគាល់ពីភាពជាព្រះទាំងបីនៃព្រះជាម្ចាស់នៅក្នុងខនេះ យើងចូលមករកព្រះវរបិតា តាមរយៈ ព្រះយេស៊ូវ ដោយព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈព្រះគ្រីស្ទយើងបានប្រែក្លាយជាសមាជិកនៃគ្រួសារនៃព្រះ ហើយ ព្រះវិញ្ញាណបរិសុទ្ធជួយយើងអោយបានស្គាល់ព្រះថាជាព្រះវរបិតានៃយើង (កាឡាទី ៤:៦; រ៉ូម ៨:១៥-១៦)។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ
២:១៩ មុននេះ ពួកសាសន៍ដទៃ “ជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀត” ប៉ុន្តែដោយព្រោះតែ កិច្ចការរបស់ព្រះយេស៊ូវ (ខ១៤-១៨) យើងពេលនេះបានប្រែក្លាយ “ជាជាតិតែ១” ជាមួយនឹង ពួកអ្នកជឿសាសន៍យូដា។ ប៉ុន្តែលើសពីនេះទៅទៀតនោះ យើងក៏ជា “ជាពួកដំណាក់ព្រះវិញ” ដែលជាសមាជិកនៃគ្រួសារនៃព្រះ។ ការផ្លាស់ប្រែពីស្ថានភាពរបស់សាសន៍ដទៃបានសម្រេចរួចរាល់ ពេញលេញហើយ។
ស្ថានភាពចាស់របស់យើង (២:១២)
-
ស្ថានភាពថ្មីរបស់យើង
-
ត្រូវបានញែកដាច់ចេញពីព្រះគ្រីស្ទ
-
ជាមនុស្សចម្លែកឆ្ងាយពីកេរ្តិ៏អាកររបស់អ៊ីស្រាអែល
-
ជាពួកអ្នកក្រៅស្រុកចំពោះសេចក្តីសញ្ញានៃសេចក្តីសន្យា
-
គ្មានសេចក្តីសង្ឃឹម
-
ជាពួកអ្នកគ្មានព្រះ
នៅក្នុងព្រះគ្រីស្ទ (២:១៣)
-
ជាជាតិតែមួយ និងជាពួកដំណាក់នៃព្រះ (២:១៩)
-
មិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀត (២:១៩)
-
ត្រូវបានត្រាស់ហៅអោយមានសេចក្តីសង្ឃឹមតែមួយ (៤:៤)
-
អាចចូលទៅរកព្រះវរបិតាបាន(២:១៨)
ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវកនឹងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក
២:២០ ពេលនេះលោកប៉ុលចង់អោយអ្នកអានសេចក្តីសំបុត្ររបស់គាត់ស្រមៃមើលពីសំណង់អាគារមួយ។ គ្រឹះរបស់អាគារនោះគឺជាពួកសាវ័កនិងពួកហោរា ហើយថ្មជ្រុងយ៉ាងឯកនៃសំណង់អាគារនោះ គឺជា ព្រះយេស៊ូវ ហើយសំណង់អាគារនោះគឺជាពួកអ្នកជឿទាំងអស់ (ពួកជំនុំ)។
គ្រឹះ: ពួកសាវ័កនិងពួកហោរា
គ្រឹះដ៏រឹងមាំគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សំណង់អាគារ។ ព្រះបានតាំងពួកជំនុំនៅលើគ្រឹះនៃ ការបើកសំដែងរបស់ព្រះអង្គ ដែលបានប្រទានដល់ពួកសាវ័កនិងពួកហោរាដែលពួកគាត់បានកត់ត្រានៅក្នុង ព្រះគម្ពីរសញ្ញាថ្មី។ ដោយព្រោះតែពួកគាត់បានទទួល ប្រកាស និងកត់ត្រា ព្រះបន្ទូលនៃព្រះ ពួកគាត់គឺជា ការចាប់ផ្តើមនៃសំណង់អាគារដែលពួកអ្នកជឿផ្សេងទៀតនឹងត្រូវបានស្អាងឡើងនៅលើនៅពេលក្រោយ។
ថ្មជ្រុង: ព្រះយេស៊ូវគ្រីស្ទ
របស់តែម្យ៉ាងដែលពួកអ្នកសាងសង់រាប់ថាមានសារៈសំខាន់ជាងគ្រឹះនោះ គឺជាថ្មជ្រុង។ ថ្មផ្សេងទៀតគ្រប់ ទាំងអស់គឺពឹងផ្អែកលើថ្មនេះដែលជាអ្នកទ្រសំណង់អាគារទាំងមូលអោយបាននៅជាប់គ្នា។ ព្រះយេស៊ូវគឺជា ថ្មជ្រុង។ ព្រះអង្គជាថ្មមុនដំបូងបង្អស់ដែលត្រូវបានដាក់ចុះ ហើយជាថ្មដែលកំណត់ទីតាំង និងគាំទ្រដល់ថ្ម ផ្សេងទៀតទាំងអស់។ ក្នុងពេលដែលថ្មផ្សេងទៀតទាំងអស់ (ដែលជា ពួកអ្នកជឿទាំងអស់) ត្រូវបានបញ្ចូល ជាមួយនឹងព្រះអង្គនោះ ព្រះអង្គបានទ្រពួកយើងអស់នៅក្នុងសំណង់អាគារតែមួយ។
ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ។
សំណង់អាគារ: ពួកជំនុំ
២:២១ លោកប៉ុលរៀបរាប់ពីពួកជំនុំថាដូចជាសំណង់អាគារមួយដែលកំពុងសាងសង់។ ពួកសាសន៍យូដា និងពួកសាសន៍ ដទៃកំពុងតែត្រូវបាន “ផ្គុំភ្ជាប់គ្នា” (συναρμολογουμένη)។ ពាក្យនៅក្នុងភាសាក្រិច រៀបរាប់ពីរបៀបដែលអ្នកសាងសង់ម្នាក់កាត់និងបញ្ចូលថ្មចូលគ្នាដើម្បីធ្វើអោយមានអាគារមួយដែលរឹងមាំ និងស្រស់ស្អាត។ វាជាកិច្ចការដែលព្រះយេស៊ូវ (ដែលជាជាងឈើ) នឹងបានធ្វើច្រើនមកហើយ។ ព្រះអង្គជ្រាបថាកន្លែងណាដែលត្រូវដាក់ថ្មនិមួយៗដើម្បីសម្រេចតាមបំណងព្រះហឫទ័យទ្រង់។
គោលដៅនៃមនុស្សជាតិដែលមានសាមគ្គីភាពនេះ គឺដើម្បីជាព្រះវិហារដ៏បរិសុទ្ធមួយ។ ព្រះវិហារគឺជា កន្លែងដែលព្រះគង់នៅ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានបង្ហាញសិរីល្អរបស់ព្រះអង្គនៅក្នុងរោង ឧបោសថ ហើយក្រោយមកនៅក្នុងទីបរិសុទ្ធបំផុតនៅក្នុងព្រះវិហារនាក្រុងយេរូសាឡិម។ ព្រះអង្គទ្រង់ធ្វើ ដូច្នេះជាសញ្ញាបង្ហាញថា ព្រះអង្គគង់នៅជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គ។ ពេលនេះ ព្រះមានព្រះវិហារ ថ្មីនៅលើផែនដី។ ដែលមិនមែនសង់ឡើងពីថ្មនោះឡើយ។ តែវាត្រូវបានសង់ឡើងពីប្រជារាស្រ្តដ៏បរិសុទ្ធ!
២:២២ រូបកាយរបស់ព្រះគ្រីស្ទគឺជាការសម្រេចនូវអ្វីគ្រប់យ៉ាងដែលព្រះវិហារ នៅក្នុងក្រុងយេរូសាឡិម ត្រូវបានបម្រុងទុក (យ៉ូហាន ២:១៩-២១)។ ពេលនេះ ដែលពួកអ្នកជឿសាសន៍យូដានិងសាសន៍ដទៃ បានរួបរួមនៅក្នុងរូបកាយនៃព្រះគ្រីស្ទនោះ យើងទាំងអស់គ្នាត្រូវបានសង់ឡើងជាមួយគ្នាក្នុងនាមជា ព្រះវិហារនៃព្រះ។
សូមនឹកចាំពីមុន ពួកសាសន៍ដទៃមិនអាចនឹងចូលទៅក្បែរព្រះវិហារនៃព្រះបានឡើយ។ ពេលនេះ យើងទាំង អស់គ្នា (រួមជាមួយនឹងពួកសាសន៍យូដាដែលជឿ) គឺជាព្រះវិហារនៃព្រះ! ព្រះទ្រង់រស់នៅក្នុងយើង (ម្នាក់ៗ និងទាំងអស់គ្នា) តាមរយៈព្រះរាជបុត្រាព្រះអង្គ និងដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ។ ព្រះវិហារនេះ មិនត្រូវបាន បង្កើតឡើងដោយដៃមនុស្សនោះឡើយ។ ព្រះវិហារនេះ ត្រូវបានសង់ឡើង (ហើយរីកចំរើនឡើង) ដោយព្រះចេស្តានៃព្រះ! ក្នុងពេលដែលយើងចូលមកឯព្រះគ្រីស្ទនោះ ព្រះអង្គសង់យើងជាមួយនឹង គ្នា។ គោលបំណងសម្រាប់ព្រះវិហារថ្មីនេះគឺដូចជាព្រះវិហារចាស់ដែរ គឺដើម្បីជាកន្លែងដែលព្រះគង់នៅ លើផែនដីដោយព្រះវិញ្ញាណរបស់ព្រះអង្គ។


