
៣:១-១៣ សេចក្តីអាថ៌កំបាំងដែលបានបើកសំដែង
ហេតុនោះបានជាប៉ុលខ្ញុំ ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំជាប់គុកនេះ ដើម្បីជាប្រយោជន៍ដល់អ្នក រាល់គ្នា ជាពួកសាសន៍ដទៃ
៣:១ លោកប៉ុលបានសរសេរសេចក្តីសំបុត្រនេះនៅក្នុងទីក្រុងរ៉ូម ពេលដែលរង់ចាំការកាត់ក្តីពីសេរសាណឺរ៉ូ ។ គាត់ត្រូវបានអនុញ្ញាតអោយជួលផ្ទះមួយ (កិច្ចការ ២៨:៣០) ប៉ុន្តែគាត់ត្រូវបានដាក់ច្រវ៉ាក់ និងមាន អ្នកយាម ហើយមិនអាចចាកចេញបានឡើយ។
ហេតុអ្វីបានជាលោកប៉ុលត្រូវស្ថិតក្នុងស្ថានភាពបែបនេះ?ពួកសាសន៍យូដាបានបៀតបៀនដល់លោកប៉ុលដោយព្រោះតែគាត់បានប្រកាសពីព្រះគុណនៃព្រះនៅក្នុងព្រះគ្រីស្ទដល់ពួកសាសន៍ដទៃ (កិច្ចការ ២១:២៦- ២២:២២)។ ការនេះបានបង្ករអោយមានភាពចលាចលនៅក្នុងក្រុងយេរូសាឡិម ហើយលោកប៉ុលត្រូវបាន ចាប់ខ្លួន។ ហេតុនេះហើយបានជាលោកប៉ុលសរសេរថា លោកជាអ្នកជាប់គុក “ដើម្បីជាប្រយោជន៍ដល់ អ្នករាល់គ្នា ជាពួកសាសន៍ដទៃ”។ ប៉ុន្តែសូមយកចិត្តទុកដាក់ថា លោកប៉ុលមិនបានរាប់ខ្លួនលោកថា អ្នកជាទោសរបស់រ៉ូមនោះឡើយ។ តែផ្ទុយទៅវិញ គាត់ហៅខ្លួនគាត់ថា “ជាអ្នកទោសរបស់ព្រះយេស៊ូវ គ្រីស្ទ” វិញ។ លោកប៉ុលដឹងថាព្រះយេស៊ូវកំពុងតែបង្ហាញពីបំណងព្រះហឫទ័យព្រះអង្គនៅក្នុងជីវិតរបស់គាត់ (កិច្ចការ ២៣:១១,២៧:២៣-២៤)។
លោកប៉ុលមិនបានបញ្ចប់ប្រយោគនេះនៅឡើយទេ ប៉ុន្តែបានបន្តនៅក្នុងខទី ១៤។ នៅក្នុងខទី២ គាត់បានបង្វែរទៅជាការពន្យល់ពីអាថ៌កំបាំងដ៏អស្ចារ្យវិញ។
គឺបើតិចណាស់ អ្នករាល់គ្នាបានឮនិយាយពីការត្រួតត្រារបស់ព្រះគុណនៃព្រះ ដែលបានប្រទានមកខ្ញុំ សំរាប់អ្នករាល់គ្នាថា ទ្រង់បានធ្វើឲ្យខ្ញុំស្គាល់ការអាថ៌កំបាំង ដោយការបើកសំដែង ដូចជាខ្ញុំសរសេរ យ៉ាងខ្លីពីកាលមុនដែរ
៣:២ អ្វីដែលធ្វើឲ្យលោកប៉ុលផ្លាស់ប្តូរប្រធានបទដែលគាត់ទើបតែបាននិយាយនោះគឺថា គាត់ជាអ្នកទោស ដោយព្រោះតែប្រយោជន៍ដល់ពួកសាសន៍ដទៃ។ ពេលនេះគាត់ពន្យល់បន្ថែមទៀតអំពីការត្រាស់ហៅរបស់ គាត់ឲ្យបានធ្វើជាសាវ័កដល់ពួកសាសន៍ដទៃ។ គាត់រៀបរាប់ពីព័ន្ធកិច្ចរបស់គាត់ថាជា “ការត្រួតត្រារបស់ ព្រះគុណនៃព្រះ”។ ការដែលធ្វើជាអ្នក ‘ត្រួតត្រា’ មានន័យថាជាអ្វីមួយ ដែលត្រូវបានផ្តល់ម កឲ្យអ្នក ហើយពេលនេះវាគឺជាការទទួលខុសត្រូវរបស់អ្នកនៅក្នុងការគ្រប់គ្រងវា។ ការទទួលខុសត្រូវ ដែលត្រូវបាន ប្រទានដល់លោកប៉ុលពីព្រះគឺជាការដែលធ្វើអោយព្រះគុណរបស់ព្រះអង្គបានដល់ពួកសាសន៍ដទ។
៣:៣ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សេចក្តី “អាថ៌កំបាំង” គឺជាសេចក្តីពិតដែលត្រូវបានលាក់ទុក ប៉ុន្តែនៅពេលនេះត្រូវបានបើកសំដែងដោយព្រះ។ លោកប៉ុលបានទទួលការបើកសំដែងពីព្រះ នៅពេល ដែលគាត់បានជួបជាមួយនឹងព្រះយេស៊ូវនៅតាមផ្លូវទៅក្រុងដាម៉ាស (កិច្ចការ ៩)។
កាលណាអ្នករាល់គ្នាមើលសំបុត្រនោះ នោះនឹងអាចនឹងយល់ពីចំណេះខ្ញុំ ខាងឯការអាថ៌កំបាំងរបស់ ព្រះគ្រីស្ទបាន ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិ ស្គាល់ដូចជាបានសំដែងមកឲ្យពួកសាវក នឹងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា នឹងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ
៣:៤-៦ ព្រះបានបើកសំដែងសេចក្តីពិតដល់លោកប៉ុល (ហើយពួកសាវ័កនិងហោរាផ្សេងទៀត) ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ។ ពេលនេះ នៅពេលដែលយើងអានព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធ បើកភ្នែកចិត្តរបស់យើងដើម្បីឲ្យយើងអាចទទួលបានសេចក្តីពិតផងដែរ។
ការអាថ៌កំបាំងដែលបានបើកសំដែងដល់លោកប៉ុលគឺថាពួកសាសន៍ដទៃអាចធ្វើជាអ្នកទទួលមរតកជា សមាជិក និងជាអ្នកចែករំលែកសេចក្តីសន្យានៃព្រះជាមួយនឹងអ៊ីស្រាអែល។ ពួកសាសន៍ដទៃគឺជា:
(១) “ជាអ្នកគ្រងមរដកជាមួយគ្នា” នៃកេរ្តិ៏អាករតែមួយ (ដែលធ្វើជាប្រជារាស្រ្តនៃព្រះ ហើយចែករំលែកនូវ ភាពឧត្តុងឧត្តមនៅក្នុងរាជ្យនគរ និងស្ថានសួគ៌របស់ព្រះអង្គ)
(២) “នឹងជារូបកាយជាមួយគ្នា” (នោះគឺជា រូបកាយនៃព្រះគ្រីស្ទ ពួកជំនុំ) និង
(៣) “ជាអ្នកទទួលចំណែកនៃសេចក្ដីសន្យារបស់ទ្រង់” (នោះគឺជា ព្រះវិញ្ញណបរិសុទ្ធ ជីវិតអស់កល្បជា និច្ច និងសេចក្តីសង្រ្គោះ នៅក្នុងព្រះគ្រីស្ទ)។
ការទាំងនេះអាចកើតឡើងបានមានតែ “ក្នុងព្រះគ្រីស្ទ” និង “ដោយសារដំណឹងល្អ” តែប៉ុណ្ណោះ។ ដូច្នេះហើយ ការទាំងនេះមិនអាចត្រូវបានបើកសំដែងដល់មនុស្សជំនាន់មុនជាមួយនឹងភាពពេញលេញ ហើយនឹង ភាពច្បាស់លាស់ដូចជាពេលនេះដែលត្រូវបានបើកសំដែងនោះឡើយ។ នៅក្នុងព្រះគម្ពីរ សញ្ញាចាស់ សេចក្តីសង្រ្គោះនៃពួកសាសន៍ដទៃនៅក្នុងព្រះមេស៊ីក៏ត្រូវបានចែងផងដែរ (អេសាយ ១១:១០, ៤៩:៦-៧; ដានីយ៉ែល ៧:១៤) ប៉ុន្តែការដែលរួមបញ្ចូលគ្នារបស់សាសន៍យូដានិងសាសន៍ដទៃ នៅក្នុង ការបង្កើតឡើង ជាពួកជំនុំមិនត្រូវបានបើកសំដែងនោះឡើយ។ សេចក្តីពិតនេះត្រូវបានបើកសំដែង ដោយព្រះវិញ្ញាណបរិសុទ្ធដល់លោកប៉ុល (កាឡាទី ១:១៥-១៦, ២:១-៩) បន្ទាប់មកដល់លោកពេត្រុស (កិច្ចការ ១០:៩-២០, ១១:៤-១៨, ១៥:៧-៩) ហើយក្រោយមកដល់ពួកសាវ័កនិងពួកហោរាទាំងអស់ (កិច្ចការ ១៥)។
ខ្ញុំបានធ្វើជាអ្នកបំរើដំណឹងល្អនោះ តាមព្រះគុណនៃព្រះ ជាអំណោយទានដែលទ្រង់ប្រទានមកខ្ញុំ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងធ្វើ
៣:៧ អំណោយទានទីមួយនៃព្រះគុណនៃព្រះដែលបានប្រទានដល់លោកប៉ុលគឺជាការបើកសំដែងនៃ សេចក្តីអាថ៌កំបាំង (ខ២-៦)។ អំណោយទានទីពីរគឺជាបេសកកម្មនៅក្នុងការប្រាប់អ្នកដទៃអំពីការនោះ។ លោកប៉ុលគឺជាអ្នកបម្រើនៃដំណឹងល្អ។ ក្នុងនាមជាអ្នកបម្រើនៃដំណឹងល្អ លោកប៉ុលតែងតែត្រៀមខ្លួន ជាស្រេចនៅក្នុងការក្តោបយកឳកាសដើម្បីប្រកាសដំណឹងល្អ ហើយធ្វើអោយមនុស្សជាច្រើនបានស្គាល់ យល់ និងអោយតម្លៃលើដំណឹងល្អ។ គាត់មិនបានស្វែងរកឳកាសកេងចំណេញពីដំណឹងល្អនោះឡើយ ឬទទួលបានមុខដំណែងហើយអំណាចលើមនុស្សដោយព្រោះដំណឹងល្អនោះឡើយ។ សម្រាប់លោកប៉ុល វាគឺជាអភ័យឯកសិទ្ធនៅក្នុងការដែលបានស្គាល់ដំណឹងល្អ ហើយដែលអាចចែករំលែកដំណឹងល្អនោះ។ ហេតុផលតែមួយដែលលោកប៉ុលអាចធ្វើការនេះបានដោយព្រោះតែជាព្រះគុណនិងព្រះចេស្តានៃព្រះនៅក្នុងការធ្វើការក្នុងគាត់ (រ៉ូម ១៥:១៨-១៩;កូឡូស១:២៨-២៩)។ ដោយព្រោះតែព្រះគុណនៃព្រះដែលគាត់ ត្រូវបានត្រាស់ហៅអោយបានធ្វើជាសាវ័កដល់ពួកសាសន៍ដទៃ ហើយគឺដោយព្រោះតែព្រះចេស្តានៃព្រះ ដែលគាត់អាចធ្វើកិច្ចការដែលព្រះបានត្រាស់ហៅឲ្យគាត់បានធ្វើនោះ។
ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ ហើយឲ្យខ្ញុំបានបំភ្លឺដល់គ្រប់ មនុស្សទាំងអស់ ពីសេចក្ដីប្រកបក្នុងការអាថ៌កំបាំង ដែលលាក់ទុកក្នុងព្រះ តាំងពីអស់កល្បរៀងមក ជាព្រះដែលទ្រង់បង្កើតរបស់សព្វសារពើ ដោយសារព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពួកគ្រប់គ្រង នឹងពួកមាន អំណាចនៅស្ថានដ៏ខ្ពស់ បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើន យ៉ាងណាស់ ដោយសារពួកជំនុំ
៣:៨ លោកប៉ុលរៀបរាប់ពីខ្លួនគាត់ថាជាអ្នកតិចជាងពួកបរិសុទ្ធដ៏តិចបំផុតទាំងអស់។ គាត់ធ្វើយ៉ាងដូច្នេះ ដោយព្រោះតែមុនពេលដែលគាត់បានស្គាល់ព្រះយេស៊ូវ គាត់បានបៀតបៀនដល់ពួកជំនុំ (១ កូរិនថូស ១៥:៩; ១ធីម៉ូថេ ១:១២-១៥)។ ប៉ុន្តែព្រះបានធ្វើឲ្យគាត់ប្រែក្លាយជាមនុស្សថ្មីនៅក្នុងព្រះគ្រីស្ទ (១ កូរិនថូស ១៥:១០)។
ព្រះបានប្រទានព្រះគុណដល់លោកប៉ុលអោយបានប្រកាសពី “សម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបាន” ។ “សម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបាន” គឺជាអ្វីគ្រប់យ៉ាងដែលព្រះគ្រីស្ទជា និងគ្រប់យ៉ាងដែល ព្រះអង្គបានប្រទាន។ មូលហេតុដែលសម្បត្តិនេះ ត្រូវបាន ពិពណ៌នាថា “ដ៏ប្រមាណមិនបាន” ដោយព្រោះតែយើងមិនអាចនឹង ស្វែងយល់ពី សម្បត្តិទាំងនោះដោយខ្លួនយើងបានឡើយ។ ការត្រាស់ហៅរបស់លោកប៉ុលគឺជាការជួយដល់ពួកអ្នកជឿ អោយបានស្គាល់ពីគ្រប់ទាំងអស់ ដែលយើង មាននៅក្នុងព្រះគ្រីស្ទ។
៣:៩-១០ លោកប៉ុលក៏ត្រូវបានត្រាស់ហៅអោយនាំយកពន្លឺទៅបំភ្លឺគ្រប់គ្នាអំពីសេចក្តីអាថ៌កំបាំងនៃ ផែនការណ៍នៃព្រះ។ ព្រះបានធ្វើឲ្យការតីអាថ៌កំបាំងនេះត្រូវបានស្គាល់តាមផ្លូវមួយដ៏អស្ចារ្យ។ ដំបូងបំផុត ព្រះបានបើកសំដែងដល់ពួកសាវ័កដោយព្រះវិញ្ញាណបរិសុទ្ធ (ខ៥)។ បន្ទាប់មក ពួកសាវ័កបានធ្វើឲ្យ ការតីអាថ៌កំបាំងនេះ ដល់ពិភពលោកបានស្គាល់ដោយការប្រកាសដំណឹងល្អដែលជាការ ដែលបង្កើត អោយមានពួកជំនុំ។ បន្ទាប់មក សេចក្តីនេះត្រូវបានស្គាល់ “នៅស្ថានដ៏ខ្ពស់” (ដែលជាពិភព នៃវិញ្ញាណទាំងមូល) ដោយពួកទេវតាទាំងល្អ និងអាក្រក់ ដែលបានឃើញពីការរីកចំរើនរបស់ពួកជំនុំ។ សូម្បីតែពួកទេវតា ក៏មិនបានដឹង ពីផែនការណ៍របស់ព្រះដែរ (១ ពេត្រុស ១:១០-១២)។ ផ្ទុយទៅវិញ ពួកគេបានស្គាល់ពីការអស្ចារ្យនៃផែនការណ៍របស់ព្រះនៃសេចក្តីសង្រ្គោះ ដោយការដែលឃើញពីកិច្ចការ ដែលព្រះអង្គបានធ្វើសម្រាប់យើងទាំងអស់គ្នាវិញ។
តាមរយៈកិច្ចការនៃព្រះចំពោះយើងទាំងអស់គ្នា ព្រះអង្គបានបង្ហាញពី “ប្រាជ្ញានៃព្រះដ៏មានជាច្រើន” ដល់ពិភពព្រលឹងវិញ្ញាណទាំងមូល។ ពាក្យក្រិកដែលត្រូវបានបកប្រែ “មានជាច្រើន” (πολυποίκιλος) មានន័យថា ‘ពណ៌ជាច្រើន’ ហើយក៏ត្រូវបានប្រើនៅក្នុងការរៀបរាប់ពីផ្ការ ម្កុដ និងគ្រឿងប៉ាក់ (នោះគឺជា ការតុបតែងរបស់ជាច្រើនអោយមានស្រស់ស្អាតនិងខុសប្លែកពីគេ)។ នេះជាអ្វីដែលបង្ហាញពីប្រាជ្ញានៃព្រះ។ ទេវតាសាទរនៅពេលដែលពួកគេបានដឹងពីភាពស្រស់បំព្រងនៃប្រាជ្ញានៃព្រះ (លូកា ១៥: ១-១០; ១ ពេត្រុស ១:១២; ១ កូរិនថូស ១១:១០; ហេព្រើរ ១:១៤)។ ដូច្នេះ នៅក្នុងខទាំងនេះ យើងបានឃើញថា យើងត្រូវបានត្រាស់ហៅអោយបានចូលមកក្នុងអ្វីដែលវិសេសជាងសេចក្តីសង្រ្គោះរបស់ខ្លួនយើងម្នាក់ទៅ ទៀត។ យើងត្រូវបានត្រាស់ហៅអោយបានធ្វើជាពួកជំនុំ ហើយពួកជំនុំគឺជាការបង្ហាញពីព្រះចេស្តានៃ ព្រះដ៏លើសលប់ដល់ពិភពព្រលឹងវិញ្ញាណទាំងមូល!
តាមគំនិតសំរេចតាំងពីអស់កល្បរៀងមក ដែលទ្រង់បានគិតស្រេចក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ហើយក្នុងទ្រង់ យើងរាល់គ្នាក៏មានសេចក្ដីក្លាហាន នឹងច្បាប់ចូលដោយទុកចិត្ត ដោយសារសេចក្ដីជំនឿជឿដល់ទ្រង់ដែរ
៣:១១ នៅក្នុងព្រឹត្តិកាណ៏នៃប្រវត្តិសាស្រ្តពិភពលោកទាំងអស់ មានបំណងព្រះហឫទ័យនៃព្រះមួយ ដែល ត្រូវបានសំដែងចេញហើយត្រូវបានសម្រេចនៅក្នុងព្រះគ្រីស្ទ។ នេះគឺជាចំនុចសំខាន់បំផុតនៅក្នុង សេចក្តីសំបុត្រនេះ។ ទាំងនេះជាបំណងព្រះហឫទ័យនៃព្រះ តាំងពីដើមមក នៅក្នុងការនាំនូវសេចក្តីប្រោស លោះដល់មនុស្សក្នុងគ្រប់ជាតិសាសន៍ទាំងអស់ជាមួយគ្នាក្នុងនាមជាពួកជំនុំរបស់ព្រះអង្គ។ ព្រះបាន សម្រេចការទាំងនេះនៅក្នុងព្រះគ្រីស្ទដែលបានប្រោសលោះពួកជំនុំ បំពេញពួកជំនុំនិងជាសិរសា ហើយជា ថ្មជ្រុងយ៉ាងឯក។
៣:១២ នៅក្នុងព្រះគ្រីស្ទ យើងអាចចូលទៅឯព្រះ (សូមមើលចំនុចនៅក្នុង ២:១៨)។ យើងមានសេចក្តីក្លាហាន (παρρησίαν ដែលជា ‘សេរីភាពនៅក្នុងការនិយាយ’)ហើយអាចចូលទៅ ជាមួយនឹងទំនុកចិត្តតាមរយៈសេចក្តីជំនឿរបស់យើងនៅក្នុងព្រះអង្គ (១ ពេត្រុស ៣:១៨; ១ ធីម៉ូថេ ២:៥; យ៉ូហាន ១៤:៦;ហេព្រើរ ១០:១៩,៤:១៦)។ យើងមានទំនុកចិត្តដោយព្រោះតែយើងបានដឹងថា កិច្ចការរបស់ព្រះយេស៊ូវនៃសេចក្តីសង្រ្គោះបានធ្វើអោយយើងអាចទទួលយកបានចំពោះព្រះ។
ហេតុនោះបានជាខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យរសាយចិត្តដោយការដែលខ្ញុំរងទុក្ខលំបាក ជាការដែលមានប្រយោជន៍ដល់អ្នករាល់គ្នានោះឡើយ ដ្បិតការនោះជាសិរីល្អដល់អ្នករាល់គ្នាទេ។
៣:១៣ លោកប៉ុលមិនចង់អោយពួកអ្នកជឿនៅក្នុងក្រុងអេភេសូបាក់ទឹកចិត្ដដោយព្រោះតែការរងទុក្ខរបស់ គាត់ដែលកំពុងតែជួបនោះឡើយ។ គាត់រងទុក្ខដោយព្រោះតែការត្រាស់ហៅរបស់គាត់នៅក្នុងការប្រកាស ប្រាប់ដល់សាសន៍ដទៃអំពីសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបាន ដែលពេលនេះជារបស់ផងពួកគេ។ ការត្រាស់ហៅនេះគឺមកពីព្រះហើយក៏បានបង្កើតផលផ្លែយ៉ាងអស្ចារ្យ ដែលជាការរីកចម្រើនរបស់ពួកជំនុំ។ ការនេះគឺយោងតាមបំណងព្រះហឫទ័យ និងប្រាជ្ញានៃព្រះ។ ដូច្នេះហើយ ពួកគេមិនត្រូវរសាយចិត្តនោះ ឡើយ។
៣:១៤-២១~ សេចក្តីអធិស្ឋានទីពីររបស់លោកប៉ុល
ដោយហេតុនោះបានជាខ្ញុំលុតជង្គង់ នៅចំពោះព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា 15ដែលគ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយនៅផែនដី មាននាមត្រកូលពីទ្រង់មក ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង
៣:១៤-១៥ ពេលនេះលោកប៉ុលបន្តគំនិតរបស់គាត់ពី ៣:១ ដោយសេចក្តីអធិស្ឋានសម្រាប់អ្នកដែល អាន។ “ដោយហេតុនោះ” គឺផ្តោតទៅលើចំនុចដែលបានបញ្ចប់ នៅក្នុងជំពូក២ កន្លែងដែល លោកប៉ុល បាននិយាយថាពួកអ្នកជឿទាំងអស់គឺជា "ពួកដំណាក់ព្រះ" (២:១៧-២:២១)។ ពេលនេះ គាត់បញ្ជាក់ថា ព្រះគឺជាព្រះវរបិតានៃគ្រួសារទាំងមូល ទាំងពួកអ្នក ដែលនៅក្នុងស្ថានសួគ៌ និង ពួកអ្នកនៅលើផែនដី។ ក្នុងនាមជាព្រះវរបិតានៃយើង ព្រះអង្គមានសិទ្ធិអំណាចលើយើង ហើយជាអំណាចនៅក្នុងការដាក់ឈ្មោះ យើងទាំងអស់គ្នា។ ក្នុងនាមជាព្រះវរបិតានៃយើង ព្រះអង្គក៏បានប្រទានអោយយើង “តាមសិរីល្អនៃទ្រង់ ដ៏ប្រសើរក្រៃលែង” ដើម្បីឲ្យយើងមានគ្រប់ទាំងអំណាច ដែលយើងត្រូវការ នៅក្នុងការរស់នៅជាគ្រីស្ទាន។
៣:១៦ លោកប៉ុលអធិស្ឋានសូមឲ្យព្រះបានប្រទានកម្លាំងដល់យើង។ ការចម្រើនកម្លាំងនេះគឺតាមរយៈ ព្រះវិញ្ញាណនៃព្រះអង្គដែលធ្វើការនៅក្នុង “មនុស្សខាងក្នុង” របស់យើង - នោះគឺជាវិញ្ញាណរបស់មនុស្ស ដែលត្រូវបានធ្វើអោយមានជីវិតរស់ដោយសារព្រះ (២:៥)។ មនុស្សខាងក្នុងរបស់យើងគឺត្រូវបានកែប្រែជា ថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ (២ កូរិនថូស ៤:១៦; កូឡុស ៣:១០) ត្រូវបានបង្ហាត់ (១ ធីម៉ូថេ ៤:៧-៨) លាងសំអាតដោយព្រះបន្ទូលនៃព្រះ (អេភេសូ ៥:២៦) និងត្រូវបានចំអែត (ម៉ាថាយ ៤:៤)។
ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្ដីស្រឡាញ់
៣:១៧ លោកប៉ុលអធិស្ឋានសូមឲ្យព្រះគ្រីស្ទបាន “សណ្ឋិត” (គង់ κατοικῆσαι) នៅក្នុងចិត្តរបស់យើង តាមរយៈសេចក្តីជំនឿ។ ពាក្យនៅក្នុងភាសាក្រិចមានន័យថា ជាការគង់នៅអស់កល្បជានិច្ច។ ព្រះវត្តមាន ដ៏អស់កល្បជានិច្ចនៃព្រះគ្រីស្ទគឺជា បទពិសោធន៍នៅក្នុង “ចិត្ត” របស់យើង។ នៅក្នុងព្រះគម្ពីរ "ចិត្ត" គឺជាចំនុចសំខាន់របស់មនុស្សម្នាក់ ដែលជាគំនិតទាំងអស់ អារម្មណ៏ ហើយនឹងការសម្រេចចិត្តរបស់យើង កើតចេញមក។ ពេលដែលព្រះគ្រីស្ទគង់នៅក្នុងចិត្តរបស់យើង ព្រះអង្គគឺជាចំនុចសំខាន់នៃជីវិតរបស់យើង ហើយសោយរាជ្យលើគ្រប់ទាំងអស់ដែលយើងធ្វើ។
ការដែលចម្រើនកម្លាំងដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្សខាងក្នុងរបស់យើងមានន័យថា ព្រះគ្រីស្ទគង់ នៅក្នុងចិត្តរបស់យើង។ ព្រះគ្រីស្ទរស់នៅក្នុងអ្នកជឿ ហើយបានកមានរូបរាង ក្នុងអ្នកជឿឡើង ដោយព្រះ វិញ្ញាណព្រះអង្គ (កាឡាទី ២:២០, ៤:១៩)។ ការដែលគង់នៅចិត្តនេះ គឺតាមរយៈសេចក្តីជំនឿ នោះគឺជា ការដែលយើងទុកចិត្តលើព្រះអង្គ ទ្រង់ធ្វើអោយចិត្តរបស់យើងបានក្លាយទៅជាដំណាក់របស់ព្រះអង្គ។
ឥទ្ធិពលនៃការដែលយើងមានព្រះគ្រីស្ទគង់នៅក្នុងចិត្តរបស់យើងគឺជាសេចក្តីស្រឡាញ់។ ពួកអ្នកជឿទាំង អស់ “ចាក់ឬស (ἐρριζωμένοι) ហើយ តាំងមាំមួន (τεθεμελιωμένοι)” ក្នុងសេចក្តីស្រឡាញ់នៃ ព្រះគ្រីស្ទ។ ពាក្យដំបូងបំផុតដែលត្រូវបានប្រើសម្រាប់ដើមឈើ (ម៉ាថាយ ៣:១០) ទីពីរគឺសម្រាប់សំណង់ អាគារ (ម៉ាថាយ ៧:២៥)។ សេចក្តីស្រឡាញ់នៃព្រះយេស៊ូវប្រៀបបានដូចជាដី ដែលយើងបានចាក់ឬស ចូលទៅយ៉ាងជ្រៅ។ ដូចជាដីដែលបានផ្តល់ជីវិតដល់ដើមឈើ ហើយអនុញ្ញាតអោយបានរីកចំរើនឡើង ហើយបានរឹងមាំស្ថិតស្ថេរនៅកន្លែងនោះ សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទប្រទានជីវិត ដល់យើងទាំងអស់គ្នា ធ្វើឲ្យយើងបានរីកចំរើន ហើយរក្សាយើងអោយបាននៅស្ថិតស្ថេ។ សេចក្តីស្រឡាញ់របស់ព្រះអង្គក៏ដូចជា គ្រឹះដ៏រឹងមាំដែលយើងអាចតាំងជីវិតរបស់យើងនៅលើគ្រឹះនោះផងដែរ។
ដើម្បីឲ្យអាចនឹងយល់ ជាមួយនឹងពួកបរិសុទ្ធទាំងអស់គ្នា ពីទទឹង បណ្តោយ ជំរៅ នឹងកំពស់នៃសេចក្ដីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ។
៣:១៨ លោកប៉ុលប្រើរង្វាស់ទាំងបួន (ទទឹង បណ្តោយ ជំរៅ នឹងកំពស់) នៅក្នុងការរៀបរាប់ ពីសេចក្តីស្រឡាញ់ដ៏ធំទូលាយនិងពេញលេញនៃព្រះយេស៊ូវ។ គាត់បានអធិស្ឋាន ថាយើងអាចនឹង មានកម្លាំងដើម្បីអោយបាន “យល់ច្បាស់” (καταλαβέσθαι) ពីសេចក្តីស្រឡាញ់ ដ៏ធំទូលាយ និងពេញលេញនៃព្រះយេស៊ូវ។ ពាក្យនោះមានន័យថា “តោងអោយបានជាប់នៅ” និង “នៅជាប់បាន រឹងមាំ”។ យើងបានស្គាល់ពីសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ មិនមែនដោយព្រោះតែការស្វែងយល់ នៅក្នុង គំនិតយើងនោះឡើយ ប៉ុន្តែដោយការដែលយើងតោងអោយបានជាប់នៅសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ យ៉ាងរឹងមាំឆ្លងកាត់គ្រប់ទាំងរដូវកាលនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាវិញ។
៣:១៩ គោលដៅរបស់គ្រីស្ទានម្នាក់គឺ ដើម្បីឲ្យ "បានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ” ដែលជាការដែលបានស្គាល់ព្រះអង្គ ទទួលយកនឹងបានពិសោធន៍សេចក្តីស្រឡាញ់នៃព្រះអង្គ បន្ទាប់មកត្រូវ ស្រឡាញ់ដល់អ្នកដទៃជាមួយនឹងសេចក្តីស្រឡាញ់ដែលព្រះអង្គបានបង្ហាញដល់យើង។ សេចក្តីស្រឡាញ់ នៃព្រះគ្រីស្ទគឺវិសេសជាងអ្វីដែលណាម្នាក់អាចស្វែងយល់បានលើសទៅទៀត។ ជាសេចក្តីស្រឡាញ់ដែល “រកគិតមិនយល់”។ មិនថាយើងបានស្គាល់សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទច្រើនប៉ុណ្ណានោះឡើយ តែងតែ នៅមានច្រើនទៀតដែលយើងត្រូវដឹង។ យ៉ាងណាមិញ គ្រាដែលយើងមិនអាចនឹងស្វែងយល់ពី សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទបានពេញលេញនោះ យើងអាចដកពិសោធន៍និងរីកចំរើននៅក្នុងចំណេះដឹង របស់យើងចំពោះសេចក្តីស្រឡាញ់នោះ។
បន្ទាប់មក យើងនៅមានចំនុចសំខាន់នៅក្នុងសេចក្តីអធិស្ឋានរបស់លោកប៉ុលបន្ថែមទៀត។ គាត់អធិស្ឋាន ថា ដោយព្រោះតែសេចក្តីស្រឡាញ់នេះយើងនឹង “ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញដល់គ្រប់ទាំង សេចក្ដីពោរពេញរបស់ផងព្រះ”។ សេចក្តីពោរពេញរបស់ផងព្រះគឺជាអ្វីគ្រប់យ៉ាង ដែលព្រះជាសម្រាប់ យើងទាំងអស់គ្នាតាមរយៈសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ។ លោកប៉ុលអធិស្ឋានថា សូមឲ្យយើងបានទទួល គ្រប់ទាំងល្អ សេចក្តីស្រឡាញ់ ប្រាជ្ញា និងសេចក្តីពិតនៃព្រះ ដែលយើងអាចធ្វើទទួលបាន នៅក្នុងពេល នេះ។ លោកប៉ុលចង់អោយយើងបានបំពេញជាមួយសេចក្តីពោរពេញនៃព្រះ (៣:១៩) សេចក្តីពោរពេញនៃ ព្រះគ្រីស្ទ (៤:១៣) ហើយនឹងសេចក្តីពោរពេញនៃព្រះវិញ្ញាណ (៥:១៨)។
ក្នុងពេលដែលពួកអ្នកជឿទាំងអស់ត្រូវបានចម្រើនកម្លាំងតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្សខាងក្នុង របស់គេនោះ គ្រាដែលពួកគេអនុញ្ញាតឲ្យព្រះគ្រីស្ទគង់នៅក្នុងចិត្តរបស់ពួកគេតាមរយៈសេចក្តីជំនឿនោះ ហើយនឹងគ្រាដែលពួកគេបានស្គាល់កាន់តែសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទនោះ ដំណើរការនៃការដែល ត្រូវបានបំពេញដោយសេចក្តីពោរពេញនៃព្រះនឹងកើតមានឡើង។
ឯព្រះ ដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តាដែលបណ្តាលក្នុងយើងរាល់គ្នា
៣:២០ លោកប៉ុលបានអធិស្ឋានថាយើងនឹង “បានស្គាល់សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិន យល់” ហើយនឹង “ប្រយោជន៍ឲ្យអ្នករាល់គ្នាបានពេញ ដល់គ្រប់ទាំងសេចក្ដីពោរពេញរបស់ផងព្រះ”។ តើវាហាក់ដូចជាថារឿងនេះ នឹងមិនអាចកើតឡើងបានទេ? ហេតុផលតែមួយដែលការទាំងនេះអាចកើត មានឡើងបាន គឺដោយព្រោះតែព្រះចេស្តានៃព្រះតែមួយប៉ុណ្ណោះ។ ព្រះចេស្តានៃព្រះគឺមិនអាច វាស់ស្ទង់បាន គ្មានកម្រិត អស់កល្បជានិច្ច។ ព្រះអង្គគឺ “ដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្ដី ដែលយើងសូម ឬគិតក្តី” ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការធ្វើការក្នុងយើង-រៀងៗខ្លួន (១ កូរិនថូស ៦:១៩-២០) ហើយក្នុងនាមជាប្រជារាស្រ្តនៃព្រះ (១ កូរិនថូស ៣:១៦)។ ការនេះលើកទឹកចិត្ដដល់យើងទាំងអស់គ្នា អោយមានសេចក្តីជំនឿ នៅក្នុងព្រះគ្រប់ពេលវេលាទាំងអស់ ដោយព្រោះតែយើងដឹងថាគ្មាន អ្វីដែលព្រះធ្វើមិនកើតនោះឡើយ។
នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
៣:២១ លោកប៉ុលបានបញ្ចប់ផ្នែកទីមួយនៅក្នុងសេចក្តីសំបុត្ររបស់គាត់ជាមួយនឹងគោលបំណង នៃការបង្កើត ហើយនឹងការប្រោសលោះ: ដើម្បីថ្វាយសិរីល្អដល់ព្រះ! គោលបំណងចុងក្រោយនៃ សេចក្តីសង្រ្គោះ គឺជាសិរីល្អដ៏អស់កល្បជានិច្ចនៃព្រះ។ លោកប៉ុលអធិស្ឋានថាព្រះទ្រង់នឹងពេញ ដោយសិរីល្អ នៅក្នុងពួកជំនុំហើយនឹងនៅក្នុងព្រះគ្រីស្ទអស់កល្បជានិច្ច។ ដូចដែលព្រះគ្រីស្ទបាននាំមក នូវសិរីល្អថ្វាយព្រះ ដោយការស្តាប់បង្គាប់ និងចុះចូលដោយសេចក្តីជំនឿ របស់ព្រះអង្គចំពោះ ព្រះហឫទ័យនៃព្រះវរបិតាព្រះ អង្គនោះ ពួកជំនុំមានវត្តមានដើម្បីនាំមកសិរីល្អថ្វាយព្រះដូចគ្នានោះដែរ។


