top of page

៦:១-៤​ កូនៗ និងឪពុកម្តាយ

ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ

 

៦:១ ​ព្រះបានបង្កើតមនុស្សអោយបានរស់នៅក្នុងក្រុមគ្រួសារ។ ​ ព្រះអង្គបានប្រទានកាតព្វកិច្ចដល់ ឪពុកម្តាយនៅក្នុងការចិញ្ចឹមកូនៗ ហើយកូនៗត្រូវបានបង្គាប់ដោយការគោរពប្រតិបត្តិឪពុកម្តាយរបស់ ពួកគេ។ ​ ការស្តាប់បង្គាប់ដែលកូនៗត្រូវធ្វើនោះគឺ “នៅក្នុងព្រះអម្ចាស់”។ ការនេះបង្ហាញថា ការជំរុញទឹកចិត្តសម្រាប់ការស្តាប់បង្គាប់គឺជា ដើម្បីស្របជាមួយនឹងអ្វីដែលព្រះបានតែងតាំង។ ​         ការស្តាប់បង្គាប់ដល់ឪពុកម្តាយ​ជាការ “ត្រឹមត្រូវ” ហើយអ្វីដែលផ្ទុយនោះ ការមិនស្តាប់បង្គាប់ឪពុកម្តាយ គឺជាសញ្ញានៃ “គំនិត​ចោល‌ម្សៀត​” ​(រ៉ូម ១:២៨-៣០) (នោះគឺ គំនិតអន់ថយ)  ហើយនិងសម្រាប់សេចក្តីអាក្រក់នៅក្នុងថ្ងៃចុងក្រោយ (២ ធីម៉ូថេ ៣:១-២)។  ដូច្នេះហើយ កូនៗ ទាំងអស់គួរតែស្តាប់បង្គាប់ឪពុកម្តាយខ្លួនទោះបីជានៅក្នុងពេល ដែលលំបាក ឬ​ទាស់នឹងបំណងចិត្ត របស់គេក៏ដោយ។  ​យ៉ាងណាម៉ិញ ការពិតដែលថាការស្តាប់បង្គាប់នេះគឺ “នៅក្នុងព្រះអម្ចាស់” មានន័យថាប្រសិនបើឪពុកម្តាយរបស់យើងប្រាប់យើងឲ្យធ្វើអ្វីមួយដែលខុសច្បាប់ មិនត្រឹមត្រូវ ឬមិនស្តាប់បង្គាប់ព្រះបន្ទូលនៃព្រះនោះ នោះយើងមិនគួរធ្វើតាមនោះឡើយ។ គឺជាព្រះ មិនមែន ជាឪពុកម្តាយរបស់យើងនោះឡើយ ដែលទ្រង់មានគ្រប់ទាំងសិទ្ធិអំណាចលើសទាំងអស់។ ​

«ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង 3ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ‌អង្វែង​ទៅ ។ 

 

៦:២-៣ ​ដោយការស្តាប់បង្គាប់ឪពុកម្តាយរបស់គេ កូនៗទាំងអស់គោរពប្រតិបត្តិដល់ព្រះដោយព្រោះតែពួក គេបានធ្វើតាមបទបញ្ញត្តិរបស់ព្រះអង្គ (និក្ខមនំ ២០:១២)។  ពាក្យនៅក្នុងភាសាហេព្រើរ សម្រាប់ពាក្យ “គោរពប្រតិបត្តិ” ផ្តោតលើទម្ងន់របស់អ្វីមួយ។  ​ដែលត្រូវបានប្រើនៅក្នុងទីផ្សារសម្រាប់ជាការថ្លឹងអីវ៉ាន់ អោយបានត្រឹមត្រូវដើម្បីអោយត្រូវនឹងតម្លៃ។  ការនេះប្រាប់យើងទាំងអស់គ្នាថា​កូនត្រូវធ្វើការវាស់តម្លៃ ចំពោះឪពុកម្តាយរបស់គេអោយបានសមរម្យ។ ​នៅពេលដែលយើងធ្វើដូច្នេះ យើងនឹងបានបង្ហាញពី ការគោរព និងស្តាប់បង្គាប់ដល់ពួកគាត់ជាមិនខាន។  ព្រះបានសន្យាថានឹងប្រទានរង្វាន់ដល់ការស្តាប់បង្គាប់ របស់យើងដោយព្រះពររបស់ព្រះអង្គ។ 

ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់‌រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់‌តឿន​របស់​ព្រះ‌អម្ចាស់​វិញ ។ 

 

៦:៤​ ឪពុកគ្រប់គ្នាដែលជាគ្រីស្ទានត្រូវតែយល់ពីតួនាទីជាអ្នកគង្វាលដែលពួកគាត់មាននៅក្នុងជីវិតកូនៗ របស់ពួកគាត់ (សុភាសិត ២២:៦)។  ​ឪពុកត្រូវតែជួយកូនៗរបស់គាត់ឲ្យបានរីកចំរើនៅក្នុងលក្ខណៈ និងបានរឹងមាំខាងព្រលឹងវិញ្ញាណ។  ឪពុកគ្រប់គ្នាគួរតែចិញ្ចឹមកូនអោយបានធំឡើងដោយការ “ចូរ​បង្រៀន​វា​ ទៅ​តាម​ដំបូន្មាន (παιδείᾳ) នឹង​សេចក្ដី​ដាស់‌តឿន​ (νουθεσίᾳ) របស់​ព្រះ‌អម្ចាស់​វិញ”។ ពាក្យដំបូង ​មានន័យថា បង្ហាត់បង្រៀន (ភាពជាសិស្សគ្រីស្ទាន) ហើយបង្ហាត់ដែលជួយដល់ការអភិវឌ្ឍន៏របស់ពួកគាត់ (ហេព្រើរ​ ១២:៥-១១)។ ពាក្យទីពីរ សំដៅលើការបង្រៀនផ្ទាល់មាត់ ក្រើនរំលឹក ហើយនឹងកែតម្រូវ (ទីតុស ៣:១០)។ ​​

 

ឪពុកគ្រប់គ្នាមិនគួរដុកដាន់កូនៗរបស់ខ្លួនដែលធ្វើអោយពួកគេខឹងដោយការដែលតឹងរឹង ឬតឹងតែងពេក នោះឡើយ។ ​ផ្ទុយទៅវិញ ឪពុកគ្រប់គ្នាគួរតែធ្វើជាគំរូពីភាពជាព្រះវរបិតារបស់ព្រះដល់កូនៗរបស់ ពួកគាត់វិញ    (ទំនុកដំកើង ១០៣:១៣-១៤​; កូឡុស ៣:២០-២១)។ ​ ព្រះសព្វព្រះហឫទ័យឲ្យកូនរបស់ ព្រះអង្គ ទាំងអស់អាចទុកចិត្ត ស្តាប់បង្គាប់ ស្រឡាញ់ និងមានអំណរ ហើយការនេះ ក៏គួរតែជា គោលដៅរបស់ ឪពុកគ្រប់គ្នាផងដែរ។ ​

 

៦:៥-៩ - បាវបំរើ និងចៅហ្វាយ

នៅក្នុងជំនាន់នេះ មានទាសករប្រមាណជាងហុកសិបលាននាក់នៅក្នុងអាណាចក្ររ៉ូម៉ាំង។ ​ ប្រមាណ៣០% នៃប្រជាជនគឺជាទាសករ។ ​ពួកគាត់គឺជាកម្លាំងធ្វើការ ហើយរួមបញ្ចូលអ្នកបម្រើនៅក្នុងផ្ទះ និងអ្នកស៊ីឈ្នួល នោះឡើយ ប៉ុន្តែក៏រាប់បញ្ចូលទាំងមនុស្សដែលមានចំណេះដឹងដូចជាគ្រូពេទ្យ គ្រូបង្រៀន ហើយអ្នកមន្ត្រីរាជការ។  នៅក្នុងបរិបទនេះ ការយកចិត្តទុកដាក់របស់លោកប៉ុលមិនមែនជាការចំទាស់ ជាមួយនឹងទាសករភាពនោះឡើយ (ដែលជារបៀបដែលសង្គមនៅក្នុងរ៉ូម៉ាំងបានត្រូវរៀបចំឡើង និងមាន មនុស្សរាប់លាននាក់កំពុងរស់នៅបែបនេះ)  ប៉ុន្តែជាការណែនាំទៅកាន់គ្រីស្ទានអំពីទំនាក់ទំនង រវាងបាវបំរើ (ទាសករ) ហើយនឹងចៅហ្វាយ។ 

អ្នក​បំរើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅហ្វាយ​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោត‌ខ្លាច​ហើយ​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ជា​ដល់​ព្រះ‌គ្រីស្ទ

 

៦:៥ ជាថ្មីម្តងទៀត លោកប៉ុលបង្រៀនពីសារៈសំខាន់នៃការស្តាប់បង្គាប់។ ​ កូនៗគួរតែស្តាប់បង្គាប់ ឪពុកម្តាយរបស់ ពួកគេនៅក្នុងព្រះអម្ចាស់ ហើយបាវបំរើគួរតែស្តាប់បង្គាប់ចៅហ្វាយរបស់ពួកគេដូចជាដល់ ព្រះគ្រីស្ទ។ ការស្តាប់បង្គាប់នេះជាមួយនឹងការ “កោតខ្លាច ហើយញាប់ញ័រ” ​មិនមែនដោយព្រោះតែ      ភាពខ្លាចរអាចំពោះចៅហ្វាយនៅលើផែនដីតែប៉ុណ្ណោះ ប៉ុន្តែដោយព្រោះតែជាបំណងប្រាថ្នានៅក្នុងការបំរើ ព្រះយេស៊ូវអោយបានប្រសើរទៅវិញទេ (កូឡុស ៣:២២; អេសាយ ៦៦:២)។ ​

កុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត 

 

៦:៦​ លោកប៉ុលប្រាប់ដល់បាវបំរើទាំងអស់អំពីការជម្រុញចិត្តរបស់ពួកគេនៅក្នុងការបំពេញកិច្ចការអោយ បានល្អប្រសើរ។  ​ជាការដែលធ្វើឲ្យបានគាប់ព្រះហឫទ័យនៃព្រះគ្រីស្ទវិញ។  ​ដូចគ្នានេះដែរ មិនថាអ្វីដែល យើងរាល់គ្នាធ្វើនោះឡើយ យើងគួរតែធ្វើអោយអស់ពីលទ្ធភាពរបស់យើងដូចដែលយើងធ្វើថ្វាយ ព្រះយេស៊ូវ (កូឡុស ៣:២៣-២៥)។  កិច្ចការរបស់យើងត្រូវតែជាការធ្វើថ្វាយព្រះ ហើយចេញពីចិត្ត។ ​ យើងគួរតែធ្វើការដោយភាពស្មោះត្រង់ ដោយព្រោះតែយើងដឹងថានេះជាបំណងព្រះហឫទ័យនៃព្រះ សម្រាប់យើងទាំងអស់គ្នានៅក្នុងការធ្វើកិច្ចការនេះ ហើយយើងគួរតែធ្វើការអោយបានអស់ពីចិត្ត ដោយព្រោះតែយើងបានដឹងថា ព្រះគ្រីស្ទឃើញ ពីកិច្ចការរបស់យើង ហើយប្រទានរង្វាន់ចំពោះការបំរើ ដោយសេចក្តីជំនឿនៅក្នុងថ្ងៃជំនុំជំរះចុងក្រោយ។ ​

 

ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះ‌អម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី ។ 

 

៦:៧-៨ បាវបំរើគួរតែបំរើចៅហ្វាយរបស់ពួកគាត់ “ដូចដែលអ្នកធ្វើដល់ព្រះគ្រីស្ទ” (ខ៥) “ដូចជាបាវបំរើរបស់ព្រះគ្រីស្ទ” (ខ៦) ហើយ “ដូចជាដល់ព្រះអម្ចាស់” (ខ៧) ដោយព្រោះតែគាត់បានដឹងថាពួកគាត់នឹង “ទទួលរង្វាន់ពីព្រះអម្ចាស់វិញ” (ខ៨) ពីកិច្ចការល្អទាំងប៉ុន្មាន ដែលពួកគាត់បានធ្វើ។  ប្រសិនបើពួកគាត់សម្លឹងកិច្ចការរបស់គាត់របៀបនេះ ពួកគាត់នឹងធ្វើការដោយ អស់ពីចិត្តសម្រាប់ចៅហ្វាយនៅលើផែនដីរបស់គាត់ ហើយដោយការដែលធ្វើដូច្នេះពួកគាត់បានលើកដំកើង និងថ្វាយសិរីល្អដល់ព្រះអម្ចាស់របស់ពួកគាត់នៅស្ថានសួគ៌។ ​ ដូចគ្នានេះដែរ ប្រសិនបើគ្រីស្ទានម្នាក់នៅក្នុង ពេលបច្ចុប្បន្ននេះសម្លឹងមើលទៅការងាររបស់គាត់ដូចជាការបំរើ “ដល់ព្រះអម្ចាស់មិនមែន ចំពោះមនុស្ស” ​ការនោះនឹងផ្លាស់ប្រែឥរិយាបទរបស់គាត់ចំពោះកិច្ចការនោះ ហើយអនុញ្ញាតអោយគាត់ អាចបម្រើ “អស់​ពី​ចិត្ត” ហើយ “ដោយ​អំណរ”។ ​

 

ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហក‌កំហែង​ទៅ ដោយ​ដឹង​ថា ចៅហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។ 

 

៦:៩ ​ពួកអ្នកជឿទាំងអស់ត្រូវបានទិញដោយព្រះគ្រីស្ទ (១:៧; កិច្ចការ ២០:២៨; ១ កូរិនថូស ៦:២០; វិវរណៈ ៥:៩)។  ដូច្នេះហើយ ចៅហ្វាយដែលជាគ្រីស្ទាន ហើយនឹងបាវបំរើដែលជាគ្រីស្ទានមាន ចៅហ្វាយតែមួយនៅក្នុងស្ថានសួគ៌ ហើយគ្មានសេចក្តីលំអៀងនៅក្នុងព្រះអង្គនោះឡើយ (ចោទិយកថា ១០:១៧; កិច្ចការ ១០:៣៤)។  ចៅហ្វាយរាល់គ្នាត្រូវតែ ចងចាំថាពួកគេក៏នៅក្រោមសិទ្ធិអំណាច របស់ចៅហ្វាយគេនៅក្នុងស្ថានសួគ៌ដែរហើយដូច្នេះហើយគួរតែធ្វើល្អ ហើយត្រឹមត្រូវទៅកាន់មនុស្ស ដែលនៅក្រោមសិទ្ធិអំណាចរបស់ពួកគាត់ដែរ។ ​ នៅក្នុងជីវិតនេះ យើងទាំងអស់គ្នាមានតួនាទីផ្សេងៗពីគ្នា ប៉ុន្តែនៅចុងបំផុតគ្រប់គ្នាត្រូវទទួលខុសត្រូវនៅចំពោះព្រះយេស៊ូវសម្រាប់អ្វីដែលពួកគេធ្វើចំពោះអ្នកដទៃ។ ​

 

៦:១០-២០ គ្រឿងសឹកខាងព្រលឹងវិញ្ញាណ

ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌ចេស្តា​ទ្រង់

 

៦:១០​​ លោកប៉ុលចាប់ផ្តើមនៅក្នុងផ្នែកចុងក្រោយនេះសេចក្តីសំបុត្រនេះជាមួយនឹងបញ្ជាការ “ចូរ​ឲ្យ​មាន ​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់”។  ហេតុផលដែលយើងត្រូវតែរឹងមាំនៅក្នុងព្រះអម្ចាស់ ដោយព្រោះតែ គ្រីស្ទានទាំងអស់ត្រូវបានត្រាស់ហៅអោយបានតយុទ្ធនៅក្នុងសមរភូមិ។ ​យើងរាល់គ្នាត្រូវបានត្រាស់ហៅ ដោយព្រះជាម្ចាស់អោយបានឈររឹងមាំនៅក្នុងនាមជាទាហានរបស់ព្រះយេស៊ូវគ្រីស្ទហើយចូលទៅក្នុង សង្រ្គាមទាស់នឹងសត្រូវរបស់យើង។ ​នេះជាការសន្និដ្ឋានចំពោះគ្រប់យ៉ាងដែលលោកប៉ុលបានប្រាប់យើង ទាំងអស់គ្នា។ ​គាត់បានប្រាប់យើងទាំងអស់គ្នាអំពីការដែលយើងត្រូវបានជ្រើសរើស ត្រាស់ហៅ ទទួលជាកូនចិញ្ចឹម ប្រោសលោះ បានទទួលការអត់ទោស ត្រូវបានប្រទានឲ្យនូវព្រះវិញ្ញាណបរិសុទ្ធ ហើយបានធ្វើឲ្យមានជីវិតខាងព្រលឹងវិញ្ញាណបានរស់នៅ ហើយបានបញ្ចូលទៅក្នុងរូបកាយនៃព្រះគ្រីស្ទ ហើយបំពាក់បំប៉នជាមួយនឹងអំណោយទានខាងវិញ្ញាណ ហើយត្រូវបានអនុញ្ញាតអោយដើរ នៅក្នុងសេចក្តី ស្រឡាញ់ បានប្រាជ្ញានៅក្នុងពន្លឺនៃព្រះជាម្ចាស់។ ​ឥលូវនេះបញ្ជាការដែលគាត់ផ្តល់ឲ្យនោះគឺ ចូរ​ឲ្យ​មាន ​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់។ 

ដែលមានកម្លាំងនោះគឺជាការការពារអ្វីគ្រប់យ៉ាងដែលព្រះបានប្រទានឲ្យយើង។ ​យើងការពារទាស់នឹងការ វាយប្រហាររបស់សត្រូវ។ ​សត្រូវរបស់យើង ជាសាតាំង ដែលជាមេបោកបញ្ឆោត មេកុហក ហើយជា មេល្បួង។ វានឹងវាយប្រហារទាស់នឹងគ្រប់យ៉ាងដែលព្រះបានប្រទានដល់យើងទាំងអស់គ្នា។ វានឹងព្យាយាម បំផ្លាញកិច្ចការរបស់ព្រះនៅក្នុងយើងទាំងអស់គ្នា។ ​យើងទាំងអស់គ្នាតែងតែប្រាថ្នាចង់បានជីវិតមួយ ដែលគ្មានបញ្ហា ប៉ុន្តែវាមិនអាចកើតមានឡើងនៅឡើយនៅក្នុងពិភពលោកនេះ។ ​យើងត្រូវតែទទួលស្គាល់ ថា យើងទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងការតយុទ្ធ។ 

 

លោកប៉ុលបានផ្តល់នូវបញ្ជាការជាចំនួនបីមកដល់យើងទាំងអស់គ្នា។ ​ទីមួយនោះគឺ “ចូរ​ឲ្យ​មាន​កំឡាំង​ ឡើង​ក្នុងព្រះ‌​អម្ចាស់”។ នេះគឺជាបញ្ជាការ។ អ្នកត្រូវតែទទួលកំឡាំងមកពីព្រះជានិច្ច។ ​យើងមិនអាចធ្វើ អោយខ្លួន យើងរឹងមាំបាននោះឡើយ។ ​យើងអាចរឹងមាំបានមានតែនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ។ ​យើងរឹងមាំ “នៅក្នុងព្រះចេស្តានៃឫទ្ធិបារមីរបស់ព្រះអង្គ”។ ​យើងមិនអាចពឹងផ្អែកលើកំឡាំងរបស់ខ្លួនយើង (ដែលមិនរឹងមាំគ្រប់គ្រាន់បានឡើយ) ប៉ុន្តែដោយពឹងអាងលើ” ព្រះចេស្តាដ៏ខ្លាំងពូកែ” របស់ព្រះវិញ (១:១៩)។ 

 

នៅពេលដែលលោកប៉ុលប្រាប់ឲ្យយើងមាន​កំឡាំង​ឡើង ដោយ​ឫទ្ធិ‌បារមីរបស់​ព្រះ‌ចេស្តា​ទ្រង់  គាត់ប្រើពាក្យ ចំនួនបីដូចគ្នាដែលគាត់បានប្រើនៅក្នុង ១:១៩ នៅក្នុងការរៀបរាប់ពីរបៀប ដែលព្រះបានប្រោស ព្រះយេស៊ូវអោយរស់ពីសុគតឡើងវិញ។ ​ការនេះបង្ហាញថាព្រះចេស្តាដដែល ដែលបានប្រោសព្រះយេស៊ូវ អោយរស់ពីសុគតឡើងវិញគឺកំពុងតែធ្វើការនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាដែរ!​ ជាមួយនឹងព្រះចេស្តា នេះ ព្រះយេស៊ូវបានយកឈ្នះសត្រូវរបស់ព្រះអង្គ។ ពេលនេះ ព្រះចេស្តានេះកំពុងតែមានសម្រាប់ជួយ យើងឲ្យបានរស់នៅក្នុងជ័យជំនះមួយនោះដែលព្រះអង្គបានយកឈ្នះសម្រាប់យើងទាំងអស់គ្នា។ ​

 

កំឡាំងនេះបានប្រទានមកដល់យើងទាំងអស់គ្នាគ្រាដែលយើងនៅជាប់នៅក្នុងព្រះគ្រីស្ទ។ ចំនួន​កម្លាំង ​ខាង​វិញ្ញាណ​ដែល​យើង​មាន​គឺ​អាស្រ័យ​លើ​ការ​ស្តាប់​បង្គាប់​របស់​យើង និង​​ភាពជិតស្និត​នៃ​ទំនាក់ទំនង ​របស់​យើង​ជាមួយព្រះអង្គ។ ​​ចំនុចសំខាន់នៃការទទួលបានជោគជ័យនៅក្នុងការសង្គ្រាមខាងព្រលឹង វិញ្ញាណគឺត្រូវឲ្យបាននៅជាប់នៅក្នុងព្រះគ្រីស្ទគ្រប់ពេលវេលាទាំងអស់។ ​ប្រសិនបើយើង មិន​ស្ថិត​នៅ​ជាប់​ នឹង​ព្រះអង្គ​ទេ យើង “ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ” (យ៉ូហាន ១៥:១-៥)។ ប៉ុន្តែនៅ​ក្នុងព្រះគ្រីស្ទ  “យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត" (រ៉ូម ៨:៣១-៣៧)។ ​

 

`ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំ‌មួន ទាស់​នឹង​ឧបាយ‌កល​ទាំង​អម្បាល‌ម៉ាន ​របស់​អារក្ស 

 

៦:១១ បញ្ជាការទីពីររបស់លោកប៉ុលនោះគឺ “ចូរបំពាក់គ្រប់គ្រឿងសឹករបស់ព្រះ”។  យើងបានរឹងមាំនៅ ក្នុងព្រះអម្ចាស់ពេលដែលយើងបំពាក់គ្រឿងសឹកដែលព្រះអង្គបានប្រទានមកយើងទាំងអស់គ្នា។ ​យើងត្រូវតែបំពាក់គ្រប់ទាំងបំណែកនៃគ្រឿងសឹកនោះ។ ​ប្រសិនបើមានបំណែកណាមួយបាត់បង់នោះ នោះហើយជាកន្លែងដែលសត្រូវរបស់យើងនឹងវាយប្រហារយើងជាមិនខាន។ លោកប៉ុល​ប្រាប់​យើង​ពី​អ្វី​ដែល​គ្រឿង​សឹក​ទាំង​មូល​រួម​បញ្ចូល​នៅក្នុងខបន្ទាប់។  

 

បញ្ជាការទីបីនោះគឺ “ចូរ​ឲ្យ​ឈរ​មាំ‌មួន​ចុះ”។ គោលដៅនៅក្នុងការដែលបំពាក់គ្រឿងសឹកគឺជា ការដែលអាច ធ្វើឲ្យយើងអាចឈររឹងមាំបាន។ ដែល “ឈរមាំមួន” គឺជាពាក្យដែលប្រើសម្រាប់កងទ័ព មានន័យថា ការពារនៅក្នុងទីតាំងដ៏សំខាន់នៅក្នុងសមរភូមិ​។ ​យើងការពារគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានមក ដល់យើងទាំងអស់គ្នាពីការវាយប្រហារដោយល្បិចកល្បនិងសេចក្តីអាក្រក់របស់ពលទាហានសត្រូវ។ ​ការ​ឈររឹងមាំគឺ ដើម្បី​ទាស់ជាមួយនឹងសេចក្តីល្បួង  កាន់​គ្រប់ទាំងព្រះពរដែលព្រះ បានប្រទានមកដល់យើងទាំងអស់គ្នា មិនបោះបង់ចោល រស់នៅតាមអត្តសញ្ញាណថ្មីរបស់យើងក្នុងនាម ជាកូនរបស់ព្រះ ហើយប្រកាសដំណឹងល្អដល់ពិភពលោក។ ​សូមនឹកចាំថា​ “អ្នក” កន្លែងនេះគឺជាពហុវចន។ ​យើងបំពាក់គ្រឿងសឹក ហើយធ្វើការប្រយុទ្ធនៅក្នុងសមរមភូមិជាមួយគ្នាក្នុងនាមជាកងទ័ពមួយ។  ​យើងមិន មែនប្រយុទ្ធប្រឆាំងតែម្នាក់ឯងនោះឡើយ។ ​

 

ដ្បិត​យើង​រាល់​គ្នា​មិន​មែន​ត‌យុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់‌គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ

 

៦:១២ ​លោកប៉ុលបង្ហាញថាអ្នកណាដែលជាសត្រូវរបស់យើង។ ​យើង​រាល់​គ្នា​​មិន​មែន​ត‌យុទ្ធ​នឹង​ សាច់​ឈាម​ទេ (មិនមែនជាការតយុទ្ធទាស់នឹងមនុស្សឡើយ)។ ផ្ទុយទៅវិញ គឺជាការតយុទ្ធខាង ព្រលឹងវិញ្ញាណទាស់នឹងអំណាចខាងព្រលឹងវិញ្ញាណវិញ។ ​ដែលមានបួនសណ្ឋាន “ពួក​គ្រប់‌គ្រង”  “ពួក​មាន​អំណាច”  “ពួកម្ចាស់នៃសេចក្តីងងឹត”​  “អំណាចអាក្រក់ខាងវិញ្ញាណ” គឺជាសណ្ឋាននៃពួកទេវតា ដែលបានធ្លាក់ចុះហើយនឹងពួកអារក្ស។ ​ទាំងនេះគឺជាផ្នែកនិមួយៗនៃពលទាហាន ដែលនៅក្រោម ការដឹកនាំរបស់សាតាំង។ យើងតយុទ្ធទាស់នឹងវិញ្ញាណអាក្រក់មួយចំនួនធំដែលកំពុងតែធ្វើការនៅក្នុង ពិភពលោកនេះ។ ​អំណាចអាក្រក់ទាំងនេះអាចប្រើមនុស្សឲ្យធ្វើកិច្ចការរបស់វា ប៉ុន្តែយើងទាំងអស់គ្នាត្រូវ តែចងចាំថាការតយុទ្ធនេះគឺទាស់ជាមួយនឹងសាតាំង ហើយនឹងពលទាហានរបស់វាទៅវិញទេ។ 

 

តើយើងបានដឹងអ្វីខ្លះអំពីអំណាចអាក្រក់ខាងវិញ្ញាណទាំងនេះ? ​យើងដឹងថា ពួកវាជាវិញ្ញាណ ដែល ត្រូវបានបង្កើតមក (កូឡូស ១:១៦) ដែលបានទាស់ប្រឆាំងជាមួយនឹងព្រះ ហើយជ័យជំនះលើ ពួកវាត្រូវបានយក ឈ្នះដោយការសុគតហើយនឹងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវ បានដកអំណាចរបស់ ពួកអ្នកគ្រប់គ្រង ហើយពួកមានអំណាចនៅលើឈើឆ្កាង (កូឡូស ២:១៥)។ ដូចជាមានសញ្ញានៃការយកឈ្នះពួកវានោះ ពួកវានឹងត្រូវបានដាក់នៅក្រោមព្រះបាទារបស់ព្រះយេស៊ូវ ហើយនឹងយើងទាំងអស់គ្នា (ទំនុកដំកើង ១១០:១; ១ កូរិនថូស ១៥:២៥; អេភេសូ ១:២២  ២:៦)។ យើងបានដឹងថាព្រះយេស៊ូវកំពុងតែសោយរាជ្យនៅស្ថានសួគ៌ ដែលខ្ពស់លើសអស់តាំង ពួកអ្នកគ្រប់គ្រប់ និងអំណាចទាំងអស់ (អេភេសូ ១:២០-២១; ១ ពេ​ត្រុ​ស ៣:២១-២២) ហើយថាព្រះទ្រង់ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក ​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ (អេភេសូ ២:៦)។ យើងដឹងថាសាតាំងជាសត្រូវ ដែលត្រូវបានបំបាក់ហើយចុងបញ្ចប់របស់វាគឺជាការពិត (វិវរណៈ ២០:១០)។ យើងបានដឹងថា ពេលវេលា មួយត្រូវបានកំណត់សម្រាប់គ្រប់ទាំងវិញ្ញាណអាក្រក់នៅក្នុងការទទួលការជំនុំជំរះហើយនឹងត្រូវបំផ្លាញ (ម៉ាថាយ ៨:២៩; ​១ កូរិនថូស ១៥:២៤)។ យើងដឹងថាពួកវាមិនអាចបំបែកយើង ចេញពី សេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើងទាំងអស់គ្នាបានឡើយ (រ៉ូម ៨:៣៨-៣៩) ។ 

 

ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំ‌មួន​ដដែល

 

៦:១៣ តើយើងតយុទ្ធនៅក្នុងសមរភូមិខាងព្រលឹងវិញ្ញាណនេះដោយរបៀបណា? ​ដូចជាទាហានម្នាក់យើង ត្រូវបំពាក់គ្រឿងសឹកគ្រប់ទាំងអស់មុនពេលដែលការតយុទ្ធត្រូវចាប់ផ្តើម​។ ​គ្រឿងសឹករបស់យើងគឺមកពីព្រះ (អេសាយ ​៥៩:១៦-១៧) ។ វា​ជា​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ទាហាន​ត្រូវការដើម្បីត្រៀមខ្លួនសម្រាប់ ​ការ​ប្រយុទ្ធ។ សូមនឹកចាំថាយើងមិនត្រូវបានបង្គាប់ឲ្យយកឈ្នះអោយបានជ័យជំនះនោះឡើយ ជ័យជំនះ ត្រូវបានយកឈ្នះរួចទៅហើយដោយព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទ (១:១៩-២២; ៤:៨)។ ផ្ទុយទៅវិញ យើងត្រូវបានប្រាប់អោយបំពាក់គ្រប់ទាំងគ្រឿងសឹកនៃព្រះ ដើម្បីអោយយើងអាច “មាន​កំឡាំង​ឡើង​ក្នុង ​ព្រះ‌អម្ចាស់” ​(ខ១០) ដែលយើងអាចនឹង “ឈរ​មាំ‌មួន ទាស់​នឹង​ឧបាយ‌កល​ទាំង​អម្បាល‌ម៉ាន​របស់​អារក្ស៉  (ខ១១) ហើយនៅចុងបំផុត “នៅ​តែ​ឈរមាំមួនដដែល” (ខ១៣)។ 

 

ចូរ​ឲ្យ​ឈរ​មាំ‌មួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង

 

៦:​១៤ បន្ទាប់មក លោកប៉ុលប្រាប់យើងអំពីគ្រឿងសឹករបស់យើង។ លោកប៉ុលត្រូវបានជាប់ច្រវ៉ាក់ជាប់នឹង ទាហានរ៉ូម៉ាំងគ្រាដែលគាត់កំពុងតែសរសេរសេចក្តីសំបុត្រនេះ ហើយអាចមើលឃើញពីគ្រឿងសឹកទាំង ប៉ុន្មាន ដែលទាហាននោះពាក់។ ដូច្នេះហើយ លោកប៉ុលប្រាប់យើងថា:ចូរពាក់គ្រឿងសឹករបស់អ្នកដូចជា ទាហាន ម្នាក់យ៉ាងដូច្នោះដែរ។ ​

ដំបូងបំផុត ចូរបំពាក់​ខ្សែក្រវាត់នៃសេចក្តីពិត។ ​ខ្សែក្រវាត់របស់ទាហារ៉ូម៉ាំងមានប្រវែងពី​ ១៥-២០សម​។ ​គ្រឿងសឹកនិងអាវុធត្រូវបានភ្ជាប់ជាមួយនឹងខ្សែក្រវាត់នោះ ដូច្នេះហើយ នៅពេលដែលទាហានម្នាក់ បានពាក់ហើយនោះគាត់ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជាស្រេចហើយ។ ​ចំនុចនេះធ្វើឲ្យលោកប៉ុលគិតពី សេចក្តីពិតដោយព្រោះតែគ្រប់យ៉ាងដែលគាត់រៀបរាប់នៅក្នុងគ្រឿងសឹករបស់គ្រីស្ទានត្រូវបានភ្ជាប់ទៅកាន់ សេចក្តីពិត។ ​ពេលដែលយើងមានសេចក្តីពិតនោះ យើងបានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជាស្រេចហើយ។ សត្រូវរបស់យើងគឺជាអ្នកភូតកុហក និងជាអ្នកបញ្ឆោត ដូច្នេះដើម្បីឈរប្រឆាំងនឹងវា រឿងដំបូងដែលយើងត្រូវបំពាក់​ខ្សែក្រវាត់នៃសេចក្តីពិត។

 

​សត្រូវរបស់យើងគឺជាមេកុហកហើយជាមេបញ្ឆោតដូច្នេះហើយដើម្បីអាចឈរតតាំងជាមួយវាបាន ចំនុចដំបូងបំផុតដែលយើងត្រូវពាក់នោះគឺជាសេចក្តីពិត ។ ​

 

សេចក្តីពិតគឺជាគ្រប់យ៉ាងដែលព្រះបានមានព្រះបន្ទូលប្រាប់យើងទាំងអស់គ្នានៅក្នុងព្រះគម្ពីរ ពីព្រះអង្គទ្រង់ ផែនការណ៏របស់ព្រះអង្គ ពីខ្លួនយើង ពីសត្រូវរបស់យើង ហើយនឹងសេចក្តីសង្រ្គោះ។ សេចក្តីពិតនៃព្រះ ត្រូវបានបើកសំដែងយ៉ាងវិសេសនៅក្នុងដំណឹងល្អ (១:១៣, ៤:១៥, ៤:២១, ៤:២៤)។ ព្រះយេស៊ូវមាន បន្ទូលថា “អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​ នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច” (យ៉ូហាន ៨:៣២)។ យើងទទួលបានកម្លាំងដោយសេចក្តីពិតពេលដែលយើងរស់នៅជាមួយនឹង សេចក្តីពិត។ រាស្ដ្រ​របស់​ព្រះ​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត ហើយ​ជឿ​សេចក្ដី​ពិត។ ប្រ​សិ​នបើយើងជឿលើសេចក្តីកុហក ហើយខ្វះ ភាពស្មោះត្រង់នៅក្នុងរបៀបដែលយើង រស់នៅនោះ វានឹងញែកយើងចេញពីគ្រឿងសឹកផ្សេងទៀតរបស់យើងជាមិនខានឡើយ។ ដូច្នេះហើយ យើងត្រូវតែពាក់ ខ្សែក្រវាត់នៃសេចក្តីពិតនៅជុំវិញខ្លួនយើង។ ​​ 

ប្រដាប់បាំងដើមទ្រូងនៃសេចក្តីសុចរិត​ ​គឺជាបំណែកទីពីរនៃគ្រឿងសឹកដែលត្រូវពាក់។ ​ប្រដាប់បាំងទ្រូង របស់ទាហានរ៉ូម៉ាំងម្នាក់ៗត្រូវបានធ្វើឡើងពីស្ពាន់ឬលង្ហិនហើយគ្របដណ្តប់លើខ្លួនប្រាណរបស់គាត់ចាប់ពីកដល់ចង្កេះ។ ​ពួកទាហានហៅវាថា “អ្នកការពារបេះដូង” ​ដោយព្រោះតែវាការពារបេះដូងរបស់គេ ពីព្រួញ និងដាវរប​ស់​សត្រូវ។ ​ដូចគ្នានេះដែរ សេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្របបាំង យើងពីការវាយប្រហារ របស់សត្រូវរបស់យើង (ភីលីព ៣:៨-៩)។ ក្នុងពេលដែលយើងដើរ ដោយការស្តាប់បង្គាប់ចំពោះ ព្រះអង្គនោះ សេចក្តីសុចរិតគឺត្រូវបានបង្កើតឡើងនៅក្នុងខ្លួនយើង ហើយយើងឆ្លុះបញ្ចាំងពីលក្ខណៈ ដ៏សុចរិតនៃព្រះនៅក្នុងជីវិតរបស់យើង  (៤:២៤; ៥:៨-១០)។ ​ការនេះការពារយើងពីល្បិចរបស់សត្រូវ របស់យើងនៅក្នុងការបំផ្លាញជីវិតរបស់យើង (បេះដូង) ដោយ អំពើបាបហើយនឹងការរស់នៅក្នុង សេចក្តីទុច្ចរិត ។ ​

 

ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ‌សាន្ត ទុក​ជា​ស្បែក​ជើង

 

៦:១៥ បំណែកទីបីនៃគ្រឿងសឹកគឺជាស្បែកជើង  ដែលជា “សេចក្ដី​ប្រុង​ប្រៀប​របស់ ​ដំណឹង​ល្អនៃ​ សេចក្ដី​សុខ‌សាន្ត”។ ​លោកប៉ុលកំពុងតែគិតអំពីស្បែកជើងស្បែកដែលរឹងមាំរបស់ទាហានរ៉ូម៉ាំង។ ស្បែកជើងនោះត្រូវបានដំភ្ជាប់ជាមួយនឹងបាត ដែលរឹងមាំនៅក្នុងការជួយដល់ទាហានអោយបានឈរមាំ ទោះបីនៅទីកន្លែងដែលលំបាកក៏ដោយ។ ដូចគ្នានេះដែរ ការដែលបានស្គាល់ដំណឹងល្អជួយ អោយយើងអាចឈររឹងមាំនៅក្នុងការតយុ​ទ្ធខាងព្រលឹងវិញ្ញាណដែលយើងប្រឈមុខ។ ដំណឹងល្អគឺជា ​"ដំណឹងល្អនៃសេចក្តីសុខសាន្ត” ​ ដោយព្រោះតែដំណឹងល្អផ្តល់អោយមនុស្សម្នាក់មានសេចក្តីសុខសាន្ត ជាមួយនឹងព្រះ ហើយនៅក្នុងខ្លួនយើង (អេសាយ ៥២:៧) ។ ​

ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់ អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​ កំណាច ដោយ‌សារ​ខែល​នោះ​បាន

 

៦:១៦ ​ទីបួន គឺជា​ខែលនៃសេចក្តីជំនឿ។  ពាក្យដែលប្រើសម្រាប់​ “ខែល” គឺជាពាក្យនៅក្នុង ភាសាក្រិចសម្រាប់ “ទ្វារ” ដោយព្រោះតែខែលរបស់រ៉ូម៉ាំងមានទំហ៊ំធំ (១,២ សម គុណនិង ៧៥ សម) ហើយមានរាងដូចជាទ្វារ។ ​វាត្រូវបានប្រើសម្រាប់ការពាររាងកាយទាំងមូលពី “ព្រួញភ្លើង” របស់សត្រូវ។ មុនពេលដែលទាហានរ៉ូម៉ាំងបាញ់ព្រួញពីធ្នូរបស់គេ ពួកគេនឹងដុតភ្លើងជាមុនសិន។ ​ដើម្បីការពារជាមួយនឹង ការនេះ ខែលដែលមានស្បែកគ្របដណ្តប់ពួកទាហានត្រូវជ្រលក់ខែលទៅក្នុងទឹកជាមុនសិន។ ខែលដែល មានសំណើមអាចនឹងពន្លត់ភ្លើងពីព្រួញភ្លើងបានយ៉ាងឆាប់រហ័ស ។ 

 

ការវាយប្រហារដ៏អាក្រក់របស់សត្រូវ (ដែលជាសាតាំង) គឺប្រៀបដូចជាគ្រាប់ព្រួញភ្លើងយ៉ាងដូច្នោះដែរ។ ព្រួញដែលសត្រូវនឹងព្យាយាមប្រើនោះគឺដើម្បីធ្វើឲ្យយើងមានការឈឺចាប់រួមមាន ការសង្ស័យ ការភ័យខ្លាច អំនួត ភាពលោភលន់ កំហុសនិងសេចក្តីកុហក។ មានតែមួយតែប៉ុណ្ណោះដែលអាចការពារយើងបាន ដែលជា សេចក្តីជំនឿនៅក្នុងព្រះជាម្ចាស់ (១ ពេត្រុស ៥:៨-៩)។ យើងទុកចិត្តលើព្រះ ហើយជឿលើ លក្ខណៈរបស់ព្រះអង្គ ព្រះបន្ទូលព្រះអង្គ សេចក្តីសន្យារបស់ព្រះអង្គ។ ខែលរបស់រ៉ូម៉ាំងមាន ទំពក់នៅខាងលើ ខាងក្រោម និងចំហៀងដើម្បីអោយអាចភ្ជាប់គ្នាបានធ្វើជាជញ្ជាំងការពារពួកគេ (ដែលពួកគេហៅថា “ស្នូកអណ្តើក”)។ គ្រីស្ទានក៏ធ្វើដូចគ្នានេះដែរ។ ​យើងអាចរួមជាមួយគ្នានៅក្នុង ការលើកទឹកចិត្តគ្នាទៅវិញទៅមកនៅក្នុងសេចក្តីជំនឿដែលយើងនឹងមានសុវត្ថិភាពពីការវាយប្រហារ របស់សត្រូវ។ 

 

ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក នឹង​ដាវ​របស់​ព្រះ‌វិញ្ញាណ​ដែរ គឺ​ជា​ព្រះ‌បន្ទូល

 

៦:១៧​​ ​ទីប្រាំគឺជា មួកសឹកនៃសេចក្តីសង្រ្គោះ។ ​ មួកសឹករបស់រ៉ូម៉ាំងត្រូវបានផលិតមកពីដែក ហើយការពារក្បាលពីការវាយប្រហារ។ ​ស្រដៀងគ្នានេះដែរ ក្បាលរបស់យើងត្រូវបានការពារពេល ដែលយើងបានដឹងថាព្រះបានសង្រ្គោះយើងរួចហើយ។ ​នៅពេលដែលសាតាំងព្យាយាមធ្វើបាបយើង ជាមួយនឹងសេចក្តីសង្ស័យហើយនឹងការបាក់ទឹកចិត្តនោះ យើងគួរតែនឹកចាំថាសេចក្តីសង្រ្គោះរបស់យើងគឺ ត្រូវបានបោះត្រាហើយនឹងធានាដោយព្រះវិញ្ញាណបរិសុទ្ធ (១:១២-១៤) ហើយគ្មាន​អ្នក​ណា​ឆក់​យក​យើង​ ពីព្រះហស្តនៃព្រះបានឡើយ (យ៉ូហាន ១០:២៨-២៩)។ សេចក្តីសង្រ្គោះរបស់យើង គឺមានសុវត្ថិភាព។ ​ចំណេះដឹងនេះការពារយើង ដូចដែលយើងពាក់មួកសឹកដែលការពារយើងដែរ។ ​យើងគួរតែរំលឹកខ្លួនយើង ថា ព្រះបានសង្រ្គោះយើងពីការដាក់ទោសចំពោះអំពើបាបរបស់យើងរួចហើយ ព្រះអង្គកំពុងសង្រ្គោះ យើងចេញពីអំណាចនៃអំពើបាបក្នុងពេលនេះ ហើយព្រះអង្គនឹងសង្រ្គោះយើងចេញពីវត្តមាននៃអំពើបាប នៅពេលដែលយើងទៅស្ថានសួគ៌។ ​

បំណែកចុងក្រោយនៃគ្រឿងសឹកគឺជា ដាវរបស់ព្រះវិញ្ញណ។ ដាវគឺជាបំណែកតែមួយប៉ុណ្ណោះ នៅក្នុង ចំណោមគ្រឿងសឹកដែលត្រូវបានប្រើសម្រាប់ការវាយប្រហារ។ ​ដាវរបស់រ៉ូម៉ាំងខុសប្លែកពីដាវ ដែល កោងដែលអ្នកផ្សេងទៀតប្រើនៅក្នុងជំនាន់នោះ។ ​ដាវរបស់រ៉ូម៉ាំងគឺត្រង់ហើយមានមុខមុតទាំងសងខាង។ ពួកគេអាចគ្រប់គ្រងពិភ​ព​លោកដោយការដែលប្រើដាវនេះ។ ​ប៉ុន្តែពួកទាហានត្រូវធ្វើការហ្វឹកហាត់ ហើយនឹង អនុវត្តអោយដឹងច្បាស់ពីរបៀបប្រើប្រាស់វាអោយបានត្រឹមត្រូវ។ ​ជាធម្មតាពួកគេត្រូវធ្វើការហ្វឹកហាត់រយៈ ពេលប្រាំឆ្នាំមុនពេលដែលគេអាចធ្វើការប្រយុទ្ធដោយប្រើដាវនេះបាន។ ​ 

 

ដាវរបស់ព្រះវិញ្ញាណគឺជាព្រះបន្ទូលនៃព្រះ (ហេព្រើរ ៤:១២)។ ​ដាវនេះមានអំណាចលើសជា ងអាវុធទាំងប៉ុន្មា​ន​របស់សាតាំងទាំងអស់។ ​ពេលដែលសត្រូវវាយប្រហារយើងនោះ យើងត្រូវតែប្រើដាវ របស់យើងដូចដែលជាព្រះយេស៊ូវបានប្រើដែរ។ ​បីដងដែលសាតាំងបានល្បួងព្រះអង្គ ហើយគ្រប់ពេលទាំង អស់ព្រះយេស៊ូវបានឆ្លើយតបជាមួយនឹងព្រះបន្ទូលនៃព្រះ (ម៉ាថាយ ៤:១-១០)។ បន្ទាប់មកអារក្ស​ក៏ចាក ចេញពីព្រះអង្គទៅ។ ​អាវុធដូចគ្នានោះក៏មានសម្រាប់យើងទាំងអស់គ្នាដែរ។ ​យើងគួរតែទុកព្រះបន្ទូល នៃព្រះនៅក្នុងចិត្តនិងគំនិតរបស់យើងទាំងអស់គ្នា។ ព្រះបន្ទូលនោះនឹងជួយយើង អោយយកឈ្នះ សេចក្តីល្បួង សេចក្តីសង្ស័យ ចិត្តដែលមិនជឿ ការកុហក ហើយនឹងសេចក្តីបង្រៀន ក្លែងក្លាយ ដែល​វាយប្រហារយើង។ ​នៅពេលដែលយើង ស្គាល់ព្រះបន្ទូលនៃព្រះហើយយើងអាចចែករំលែក ជាមួយអ្នកដទៃ ដើម្បីឲ្យអ្នកដែលជាប់ចំណងរបស់សាតាំងអាចស្តាប់ឮពីព្រះបន្ទូលដែលផ្តល់ជីវិត ហើយត្រូវបានដោះឲ្យរួច ដូចដែលយើងទាំងអស់គ្នាទទួលបានដែរ។ ​​ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំ អ្នកកត់ត្រាព្រះគម្ពីរ (២ ធីម៉ូថេ ៣:១៦; ហេព្រើរ​៣: ៧-១០,  ១០:១៥-១៨; ១ ពេត្រុស ១:១០-១២; ២ ពេត្រុស ១:២១) ហើយព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​សេចក្តី​ដែល​យើង​រាល់​គ្នា​ត្រូវ​និយាយក្នុងពេល វេលាដ៏ត្រឹមត្រូវ (លូកា ១២:១២)។

 

ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់ 

 

៦:១៨ លោកប៉ុលបញ្ចប់ជាមួយនឹងអាវុធដ៏មានឥទ្ធិពលបំផុតដែលយើងមាននៅក្នុងការតយុទ្ធ។ អាវុធគឺ ត្រូវអធិស្ឋានដោយព្រះវិញ្ញាណ។ ​នេះគឺជាសេចក្តីអធិស្ឋានដែលដឹកនាំហើយតម្រង់ដោយព្រះវិញ្ញាណ បរិសុទ្ធដល់អស់អ្នកដែលមានទំនុកចិត្តនៅក្នុងការចូលទៅឯព្រះវរបិតា (២:១៨)។ តាមរយៈសេចក្តីអធិស្ឋាន យើងអាចនឹងប្រាស្រ័យទំនាក់ទំនងជាមួយហើយនឹងបានទទួលបញ្ជាពីមេបញ្ជាការរបស់យើង ដែលជា ព្រះជាម្ចាស់។ ការអធិស្ឋានគឺជារបៀបដែលយើងនាំយកព្រះចេស្តាទាំងអស់របស់ព្រះទៅក្នុងស្ថានភា ពរបស់យើង។ ដូច្នេះហើយ ជីវិតមួយដែលពឹងផ្អែកលើព្រះនៅក្នុងសេចក្តីអធិស្ឋាន ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ប្រសិនបើយើងត្រូវតយុទ្ធដោយភាពជោគជ័យទាស់នឹងអំណាចនៃសេចក្តីអាក្រក់។ 

 

នៅក្នុងបញ្ជាការចុងក្រោយនៃសេចក្តីសំបុត្ររបស់គាត់ លោកប៉ុល​បង្គាប់​យើងទាំងអស់គ្នាឲ្យ:

 

  • អធិស្ឋានរាល់ពេលវេលា។ អធិស្ឋានសម្រាប់គ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជីវិតរបស់យើង។ ជីវិតគួរតែពេញដោយសេចក្តីអធិស្ឋានដ៏ធំនៅចំពោះព្រះ។

  • ជាមួយនឹងសេចក្តីអធិស្ឋានគ្រប់ទាំងអស់ ហើយនឹងសេចក្តីទូលអង្វរ។ អធិស្ឋានគ្រប់ទាំងប្រភេទ សេចក្តីអធិស្ឋាន។ ឧទាហរណ៍ សេចក្តីអធិស្ឋាននៃការសរសើរដំកើង សេចក្តីអរព្រះគុណ ការប្រែចិត្ត ការទូលអង្វរជំនួសមិត្តភក្តិ សត្រូវ ហើយនឹងអ្នកដឹកនាំជាដើម។ ​

  • ជាមួយនឹងការទ្រាំទ្រគ្រប់ទាំងអស់។  ​យើងមិនត្រូវបោះបង់ចោលនោះឡើយប្រសិនបើយើង មិនបានទទួលនូវចម្លើយភ្លាមៗនោះ។ ​យើងនៅតែបន្តអធិស្ឋានរហូតទាល់តែយើងបានឃើញច ម្លើយរបស់ព្រះ ។ 

  • សម្រាប់ពួកបរិសុទ្ធទាំងអស់។  យើងគួរតែប្រុងចំពោះសេចក្តីត្រូវការ និងឳកាសដើម្បីអធិស្ឋាន សម្រាប់បងប្អូនប្រុសស្រីរបស់យើងនៅក្នុងព្រះគ្រីស្ទ។ ការប្រព្រឹត្តិ ដ៏ប្រសើរនៅក្នុងការរួបរួមយើង ទាំងអស់គ្នានៅក្នុងការប្រកបគឺជាការអធិស្ឋានសម្រាប់ គ្នាទៅវិញទៅមក។  

 

ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ 

 

៦:១៩ ​លោកប៉ុលដឹងថាគាត់ត្រូវការសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿអោយមានប្រសិទ្ធភាពនៅក្នុងការ តា្រស់ហៅរបស់គាត់។ ប៉ុន្តែគាត់មិនបានសុំឲ្យអ្នកដែលអានសេចក្តីសំបុត្ររបស់គាត់អោយអធិស្ឋាន សម្រាប់ការដោះលែងគាត់នោះឡើយ។ គាត់បានដឹងថាព្រះគ្រប់គ្រងលើគ្រប់ទាំងអស់នៅក្នុងពេល វេលារបស់ព្រះអង្គ ហើយថាទោះបីជានៅក្នុងគុកក៏ដោយក៏គាត់នៅតែអាចប្រកាសដំណឹងល្អបានដែរ។ ដូច្នេះហើយគាត់សុំរឿងពីរយ៉ាង ថាព្រះនឹងប្រទានអោយគាត់មានពាក្យសម្តីដែលគួរគប្បី ហើយថា គាត់អាចប្រកាសដំណឹងល្អដោយសេចក្តីក្លាហាន។ ​តើសេចក្តីអធិស្ឋានរបស់គាត់បានឆ្លើយតបដែរទេ? លោកលូកាបញ្ជាក់ថាពិតជាបានការឆ្លើយតប។ ​គាត់បានកត់ត្រាថា “រីឯ​ប៉ុល គាត់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល ពេញ​២​ឆ្នាំ គាត់​បាន​ទទួល ​អស់​អ្នក​ណា​ដែល​មក​ឯ​គាត់ ទាំង​ប្រកាស​ប្រាប់​ពី​នគរ​ព្រះ ហើយ​បង្រៀន​គ្រប់​ទាំង​សេចក្ដី ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​តាម​ចិត្ត ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ”។ (កិច្ចការ ២៨:៣០-៣១)។ ​

 

ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី។ 

 

៦:២០ ​លោកប៉ុលគឺជា​ “​ទូត​ជាប់​ច្រវាក់” ម្នាក់។ ​ទូតម្នាក់គឺជាតំណាងឲ្យ ស្តេចរបស់គាត់ នៅក្នុងប្រទេសមួយផ្សេងទៀ។ ​គាត់មានកិច្ចការដែលត្រូវធ្វើនៅក្នុងប្រទេសមួយនោះ។ ​កិច្ចការនោះគឺ ត្រូវប្រាប់មនុស្សទាំងអស់អំពីរឿងល្អគ្រប់យ៉ាងនៅក្នុងប្រទេសរបស់គាត់។ លោកប៉ុលគឺជាទូតរបស់រាជ្យនគ រនៃព្រះ។ គាត់នាំយកដំណឹងមកពីព្រះ។ ​ដំណឹងនោះអាចផ្លាស់ប្រែពិភពលោកបាន។ ​

 

៦:២១-២៤ - ពាក្យសួរសុខទុក្ខចុងក្រោយ

តែ​អ្នក​ទី​ឃីកុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា ហើយ​ជា​អ្នក​ជំនួយ​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​គ្រប់​ការ​ ទាំង​អស់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខ្ញុំ​ធ្វើ​អ្វីៗ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ដំណើរ​យើង​ខ្ញុំ ហើយ​ឲ្យ​គាត់​បាន​កំឡា​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ដែរ ។ 

 

៦:២១-២២ មុននេះ លោកទីឃីកុស​បានធ្វើដំណើរជាមួយនឹងលោកប៉ុលពេលដែលគាត់នាំយកដង្វាយ ទៅកាន់ពួកជំនុំនៅក្នុងក្រុងយេរូសាឡិម (កិច្ចការ ២០:៤-៦)។ ពេលនេះ លោកប៉ុលចាត់គាត់ អោយនាំយកសេចក្តីសំបុត្រហើយនឹងលើកទឹកចិត្តដល់ពួកជំនុំនៅអេភេសូ។ ​

សូម​ឲ្យ​ពួក​បង​ប្អូន​បាន​ប្រកប​ដោយ​នូវ​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​សេចក្ដី​ជំនឿ អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ 24សូម​ឲ្យ​ព្រះ‌គុណ បាន​សណ្ឋិត​នៅ​ជា​១​ នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះ‌ត្រង់ ។  អាម៉ែន ។ :៚

 

៦:២៣-២៤  លោកប៉ុលជំរាបលាអ្នកអានសំបុត្ររបស់គាត់ជាមួយនឹងពរនៃសេចក្តីសុខសាន្ត និង សេចក្តីស្រ​ឡា​ញ់ ព្រម​ទាំង​សេចក្ដី​ជំនឿ ហើយជាមួយនឹងសេចក្តីអធិស្ឋាននៃព្រះគុណ។ ​នៅក្នុង សេចក្តីសំបុត្រទាំងដប់បីរបស់លោកប៉ុលចាប់ផ្តើមជាមួយនឹងពាក្យថា “សូមឲ្យអ្នករាល់គ្នាបានប្រកបដោយ ព្រះគុណ” ហើយនៅគ្រប់ទាំងដប់បីសំបុត្របញ្ចប់ជាមួយនឹង “សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអ្នក ”។ ​

 

យើងមានព្រះគុណ ប៉ុន្តែលោកប៉ុលចង់អោយយើងមានលើសទៅទៀត ហើយសម្រាប់ព្រះគុណកើនឡើង ទ្វេដងដូចដែលយើងស្រឡាញ់ព្រះយេស៊ូវជាមួយនឹងសេចក្តីស្រឡាញ់ដែលមិនចេះស្លាប់។ ពាក្យដែល លោកប៉ុលប្រើនៅក្នុងការរៀបរាប់សេចក្តីស្រឡាញ់របស់យើងចំពោះព្រះ (ἀφθαρσίᾳ) សំដៅទៅលើ អ្វីមួយដែលមិនអាចផ្លាស់ប្រែ ស្លាប់ ឬបំផ្លាញបានឡើយ (១ កូរិនថូស ៩:២៥; ​១៥:៥២; ១ ធីម៉ូថេ ១:១៧)។ វា​គឺ​ជា​ការ​ស្រឡាញ់​ជាមួយនឹងសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។ គឺ​ការ​ស្រឡាញ់​ព្រះ​ជាមួយ នឹង​សេចក្ដី​ស្រឡាញ់​ដូច​គ្នា​ដែលព្រះទ្រង់បានស្រឡាញ់យើង។  

bottom of page