top of page

៥:១-៦​ ដើរក្នុងសេចក្តីស្រឡាញ់

ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា  


៥:១ ដូចជាកូនៗមាន​លក្ខណៈ​ដូច​ឪពុកម្តាយរបស់គេនោះ គ្រីស្ទានគួរតែមាន​លក្ខណៈ​ដូច​ជាព្រះវរបិតា   របស់​យើងដ៏ជាព្រះផងដែរ។​​ ព្រះជាម្ចាស់បានទទួលយើងជាកូនចិញ្ចឹមឲ្យបានចូលទៅក្នុងគ្រួសារ របស់ព្រះអង្គក្នុងនាមជាកូនដែលជាទីស្រឡាញ់នៃព្រះអង្គ។ ពេលនេះ យើងគួរតែរៀនពីព្រះអង្គ ហើយត្រាប់​តាម​ព្រះអង្គ។  គ្រាដែលយើងទាំងអស់គ្នាធ្វើដូច្នេះ យើងនឹងចាប់ផ្តើមឆ្លុះបញ្ចាំងលក្ខណៈ របស់ព្រះអង្គជាមិនខានឡើយ (អេភេសូរ ៤:២៤; ម៉ាថាយ ៥:៤៨; ១ពេត្រុស ១:១៥-១៦)។   
​ 

ហើយ​ដើរ​ក្នុង​សេចក្ដី​ស្រឡាញ់ ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់ ​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញ‌បូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ។

៥:២ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ (១ យ៉ូហាន ៤:៨, ៤:១៦)។ ដូច្នេះហើយ កូនរបស់ព្រះគួរតែ​ “ដើរក្នុងសេចក្តីស្រឡាញ់”។​ គំរូដ៏ល្អឥតខ្ចោះសម្រាប់យើងទាំងអស់គ្នាពីរបៀបដែលព្រះរាជបុត្រានៃព្រះ បានដើរក្នុងសេចក្តីស្រឡាញ់នោះគឺជាព្រះយេស៊ូវ។​ ដូច្នេះហើយ សម្រាប់យើងទាំងអស់គ្នាដើរនៅក្នុង សេចក្តីស្រឡាញ់មានន័យថាយើងត្រូវ​ ស្រឡាញ់អ្នកដទៃដូចដែលព្រះយេស៊ូវបានស្រឡាញ់យើង (យ៉ូហាន ១៣:៣៤; ​១​ យ៉ូហាន ៤:១០-១១)។ ព្រះយេស៊ូវបានស្រឡាញ់យើងដោយការប្រទានរូបអង្គ ព្រះអង្គជំនួសយើងនៅលើឈើឆ្កាង។ នេះជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត (យ៉ូហាន ១៥:១៣)។

ពេលដែលព្រះយេស៊ូវប្រទានព្រះជន្មព្រះអង្គជំនួសយើងនោះគឺជា “ដង្វាយ ហើយ​ជា​យញ្ញ‌បូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ”។ ​នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យញ្ញបូជាមួយតែងតែត្រូវបានលើកឡើង ថា ជា “ក្លិនឈ្ងុយ” (លោកុប្បត្តិ ៨:២១; និក្ខមនំ ២៩:១៨។ ល។) ដែលមានន័យថា ​ព្រះទ្រង់ សព្វព្រះទ័យនឹងដង្វាយ និងយញ្ញបូជា។ ​ព្រះយេស៊ូវជាដង្វាយសម្រាប់អំពើបាបរបស់យើង ជា យញ្ញបូជាសម្រាប់ជាក្លិនឈ្ងុយដោយព្រោះតែជាដង្វាយដែលសព្វព្រះហឫទ័យដល់ព្រះ (ហេព្រើរ ៧:២៧) ។

 

ព្រះយេស៊ូវជាដង្វាយសម្រាប់យើងទាំងអស់គ្នា ហើយបានថ្វាយដល់ព្រះ។ ដូចគ្នានេះដែរ ពេលដែលយើង ស្រឡាញ់អ្នកដទៃ គឺសម្រាប់មនុស្ស និងថ្វាយដល់ព្រះ។ សេចក្តីស្រឡាញ់នោះសម្រាប់មនុស្ស ដោយព្រោះតែជាការប្រព្រឹត្តរបស់យើងជួយនិងជាការផ្តល់ប្រយោជន៏ដល់គេ។​ ជាការថ្វាយដល់ព្រះ   ដោយព្រោះតែការដែលស្រឡាញ់អ្នកដទៃ (ដូចដែលព្រះបានបង្គាប់) គឺជាដង្វាយថ្វាយដល់ទ្រង់ដែល ព្រះអង្គរាប់ថាជាការគាប់ព្រះហឫទ័យដល់ព្រះអង្គ។ ដូច្នេះហើយ ការដែល “ដើរក្នុងសេចក្តីស្រឡាញ់” គឺជាការថ្វាយជីវិតរបស់យើងដល់ព្រះ (រ៉ូម ១២:១) ហើយជាការបម្រើបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ (រ៉ូម ១២:៩-២១; ១យ៉ូហាន ៣:១៦; ម៉ាកុស ១២:២៨-៣១)។​

ឯ​សេចក្ដី​កំផិត សេចក្ដី​ស្មោក‌គ្រោក​គ្រប់​យ៉ាង នឹង​សេចក្ដី​លោភ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​ឮ​ឈ្មោះ​ក្នុង ​ពួក​អ្នក​រាល់​គ្នា​ផង ដូច​ជា​គួរ​គប្បី​ក្នុង​ពួក​បរិសុទ្ធ 

៥:៣ ប្រសិនបើយើងត្រូវដើរនៅក្នុងសេចក្តីស្រឡាញ់នោះយើងត្រូវតែជៀសឲ្យផុតពីសេចក្តីកំផិត សេ ចក្តីស្មោកគ្រោកនិងសេចក្តីលោភ។ “សេចក្តីកំផិត” (Πορνεία) គឺជាទំនាក់ទំនងផ្លូវភេទខុសឆ្គ ងគ្រប់បែបយ៉ាង។ “សេចក្តីស្មោកគ្រោក” (ἀκαθαρσία)​ ​សំដៅលើគំនិត ពាក្យសំដី ហើយនឹង ការប្រព្រឹត្តិដែលមិនបរិសុទ្ធ។ “សេចក្តីលោភ” (πλεονεξία) គឺជាការចង់បានលើសពីអ្វីដែលត្រឹមត្រូវ សម្រាប់អ្នក ឬដែលមានបំណងចង់បានទ្រព្យសម្បត្តិអ្នកដទៃ។ ទាំងនេះគឺជាឥរិយាបទរបស់អ្នក ដែលដាច់​ចេញ​ពី​ព្រះ‌ជន្ម​ព្រះ  (​៤:១៨-១៩)។  ឥរិយាបទទាំងនេះមិនត្រូវជាមួយនឹងសណ្ឋានថ្មី ហើយអត្តសញ្ញាណថ្មី របស់យើងក្នុងនាមជាពួកបរិសុទ្ធនោះឡើយ។​ សណ្ឋានរបស់យើង អ្វីដែលយើងជឿ ហើយរបៀបដែលយើងប្រព្រឹត្តនោះត្រូវតែស្រប និងត្រូវជាមួយនឹងគ្នា។​ ​  

ព្រម​ទាំង​រឿង​គួរ​ខ្មាស ពាក្យ​សំដី​ចំកួត នឹង​ពាក្យ​កំប្លែង ដែល​សេចក្ដី​ទាំង​នោះ​មិន​គួរ​គប្បី​ដែរ ស៊ូ​ពោល​តែ​ពាក្យ​សំរាប់​អរ​ព្រះ‌គុណ​វិញ

៥:៤ ការដែលដើរក្នុងសេចក្តីស្រឡាញ់ក៏មានន័យថាយើងមិនត្រូវនិយាយអ្វីដែលមិនសមរម្យចំពោះ ពួកបរិសុទ្ធនោះឡើយ។​ រឿងគួរខ្មាស ពាក្យសំដីចំកួត ឬពាក្យកំប្លែង មិនផ្តល់ប្រយោជន៍ដល់ នរណាម្នាក់ឡើយ។  តែផ្ទុយទៅវិញ យើងគួរតែពោលតែពាក្យសម្រាប់អរព្រះគុណវិញ។​ នេះជាការដែលសមរម្យចំពោះមនុស្ស ដែលបានស្គាល់ព្រះគុណនៃព្រះនៅក្នុងព្រះគ្រីស្ទ។​

ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​មនុស្ស​កំផិត ឬ​ស្មោក‌គ្រោក ឬ​លោភ គឺ​ជា​មនុស្ស​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​នឹង​គ្រង​មរដក​ក្នុង​នគរ​នៃ​ព្រះ‌គ្រីស្ទ ហើយ​នៃ​ព្រះ​ផង​បាន​ឡើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​មក​លើ​មនុស្ស​រឹង‌ចចេស 

៥:៥-៦​ លោកប៉ុលដាស់តឿនថា មនុស្សគ្រប់គ្នាដែលនៅតែបន្តក្នុងអំពើបាបរបស់គេ បើគ្មានការប្រែចិត្ត ទេនោះ មិនអាចនឹងទទួលមរដកនៅក្នុងនគរនៃព្រះគ្រីស្ទ ហើយនឹងព្រះបានឡើយ។​ ផ្ទុយទៅវិញ ពួកគេនឹងទទួលសេចក្តីក្រោធវិញ។​ ​សេចក្តីក្រោធគឺជាកំហឹងដ៏សុចរិតនៃព្រះទាស់នឹងអំពើបាប។​ ជា ការដែលឃ្លាតឆ្ងាយចេញពីព្រះគុណ សេ​ចក្តីសប្បុរស ហើយនឹងការអត់ទោសនៃព្រះ មនុស្សនៅជាប់ក្នុង សេចក្តីក្រោធនៃព្រះដោយព្រោះតែអំពើបាបរបស់គេ។​


មនុស្សមួយចំនួននិយាយ “ពាក្យឥតប្រយោជន៍” ដែលដិសេធថា អំពើបាបនឹងត្រូវបានដាក់ទោស (២ ពេត្រុស ៣:១-៧)។ ប៉ុន្តែនៅក្នុងថ្ងៃជំនុំជំរះ ព្រះនឹងញែកមនុស្សចេញរវាង ​ពួក​កូនៗ​នៃការមិនស្តាប់បង្គាប់ (“ពួក​មនុស្ស​រឹង‌ចចេស” ២:២) ​ហើយនឹងកូនរបស់ព្រះអង្គ (១:៤-៥; ៥:១)។ ​ពួក​កូនៗ​នៃការមិនស្តាប់បង្គាប់ មិនចុះចូលចំពោះ សិទ្ធិអំណាចនៃព្រះនោះឡើយ។ ​ផ្ទុយទៅវិញ ពួកគេចង់គ្រប់គ្រងលើជីវិតរបស់គេ ហើយរស់នៅ តាមបែបរបស់គេ។​ ដូច្នេះហើយ យើងមិនគួរមាន​ ចំណែក​ជា​១​នឹង​គេ​ឡើយ (ខ៧)។

៥:៧-១៤ ដើរដូចជាកូននៃពន្លឺ 

ដូច្នេះ កុំ​ឲ្យ​មាន​ចំណែក​ជា​១​នឹង​គេ​ឡើយ ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺ​ចុះ 

៥:៧-៨ ​ព្រះទ្រង់ជាពន្លឺ (១​ យ៉ូហាន ១:៥)។​​ ដូច្នេះហើយ កូនរបស់ព្រះគួរតែដើរដូចជាកូននៃពន្លឺ (យ៉ូហាន ១២:៣៦)។ “ពន្លឺ” ជាតំណាងអោយសេចក្តីល្អ សេចក្តីសុចរិត ហើយនឹងសេចក្តីពិត។​ “សេចក្តីងងឹត” ដំណាងអោយសេចក្តីអាក្រក់ សេចក្តីទុច្ចរឹត ហើយនឹងភាព​ល្ងង់​ខ្លៅ។ ​សូមកត់សម្គាល់ថា លោកប៉ុលមិននិយាយថាយើងបាននៅក្នុងសេចក្តីងងឹតនោះឡើយ។​ គាត់ថា  យើង​រាល់​គ្នា "ក៏ងងឹតដែរ" ពីដើម។ សេចក្តីងងឹតមិនមែន មានត្រឹមតែក្នុងពិភពលោកដែលនៅជុំវិញយើងតែប៉ុណ្ណោះទេ តែវាជាអ្វីដែល នៅក្នុង ខ្លួនយើងវិញ។​ ប៉ុន្តែពេលនេះ ​យើងមិនគ្រាន់តែនៅក្នុងពន្លឺតែប៉ុណ្ណោះទេ យើងគឺជា ពន្លឺ ​​នៅក្នុង ព្រះអម្ចាស់។ ​ព្រះយេស៊ូវគឺពន្លឺនៃពិភពលោកទាំងមូល (យ៉ូហាន ៨:១២) ហើយយើងនៅក្នុងព្រះគ្រីស្ទ ដូច្នេះហើយ យើងក៏ជាតួពន្លឺដែរ (ម៉ាថាយ ៥:១៤-១៦)។​

​ដូច្នេះ ឥទ្ធិពលនៃការប្រែក្លាយជាគ្រីស្ទានម្នាក់គឺលើសជាងការដែលផ្លាស់ប្តូរបរិយាកាសរបស់​យើង (ពីនៅក្នុងសេចក្តី ងងឹងមកក្នុងពន្លឺ)។ វា​ក៏​ជា​ការ​ផ្លាស់​ប្តូរ​នៃ​សណ្ឋានរបស់​យើង​ដែរ (យើង​ជា​ភាព​ងងឹត ប៉ុន្តែ​ឥឡូវ​យើង​ជា​ពន្លឺ)។ ការផ្លាស់ប្តូរនេះកើតមានឡើង “នៅក្នុងព្រះអម្ចាស់”។ ​ជាការរួបរួមរបស់យើង ជាមួយព្រះអង្គដែលធ្វើអោយយើងបានក្លាយទៅជាតួពន្លឺ។ ពេលនេះ ដោយព្រោះតែជីវិតថ្មី ដែលយើងមាន នៅក្នុងព្រះគ្រីស្ទ យើងអាចដើរក្នុងនាមជាកូននៃពន្លឺ។
 

ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្ដី​សុចរិត នឹង​សេចក្ដី​ពិត 

៥:៩ ផលផ្លែផ្លែឈើខាងវិញ្ញាណគឺត្រូវបានបង្កើតឡើងនៅក្នុងជីវិតរបស់យើង ពេល​យើងនៅជាប់នៅ ក្នុងព្រះគ្រីស្ទ (យ៉ូហាន​១៥:៥) ហើយដើរដោយព្រះវិញ្ញាណបរិសុទ្ធ (កាឡាទី ៥:១៦-១៨,២ ២-២៥)។  ​ពេលដែលយើងធ្វើដូច្នេះ ជីវិតរបស់យើងនឹងត្រូវបានកំណត់លក្ខណៈដោយសេចក្តីល្អ សេចក្តីសុចរិត និងសេចក្តីពិតជាមិនខាន។ ​សេចក្តីល្អ (ἀγαθωσύνῃ) គឺជាភាពល្អឥតខ្ចោះខាងសីលធម៌។​ សេចក្តីសុចរិត (δικαιοσύνῃ) ​គឺជាអ្វីដែលព្រះបានបញ្ជាក់សម្រាប់ការដែលធ្វើអោយបានត្រឹមត្រូវ (ដែលជាការប្រព្រឹត្តិ ពាក្យសំដី ហើយនឹងគំនិតដែលជាអ្វីដែលត្រូវជាមួយនឹងលក្ខណៈរបស់ព្រះអង្គ)។ សេចក្តីពិត (ἀληθείᾳ)​ ​គឺជា ភាពស្មោះត្រង់ ភាពត្រឹមត្រូវយុត្តិធម៌ និងការពិត។

ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្ដី​អ្វី ដែល​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ

៥:១០ កូននៃពន្លឺចង់ធ្វើអ្វីដែលគាប់ដល់ព្រះហឫទ័យនៃព្រះ។ ​ដើម្បីអោយបានដឹងថា អ្វីដែលគាប់ ព្រះហឫ​ទ័យ​នៃព្រះនោះ យើងត្រូវតែអានព្រះបន្ទូលរបស់ព្រះអង្គ ហើយស្គាល់ពីលក្ខណៈរបស់ព្រះអង្គ ផ្លូវ ហើយនឹងបំណងព្រះហឫទ័យព្រះអង្គ។
 

កុំ​ឲ្យ​ប្រកប​ក្នុង​ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្ដី​ងងឹត​ឡើយ ស៊ូ​បន្ទោស​វិញ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ

៥:១១-១២ ​ពន្លឺបង្កើតផលផ្លែនៃសេចក្តីល្អ,សេចក្តីសុចរិតនិងសេចក្តីពិត (ខ៩) ប៉ុន្តែកិច្ចការនៃ សេចក្តីងងឹតគឺ “ឥត​ផល​ប្រយោជន៍” ​ដែលថា គេមិនអាចនឹងបង្កើតអ្វីដែលល្អ សុចរិត ឬពិតបានឡើយ។​ ដូច្នេះហើយ យើងមិនគួរចូលរួមជាមួយនឹងកិច្ចការនៃសេចក្តីងងឹតនោះឡើយ។ ផ្ទុយទៅវិញ យើងគួរតែ​​ “បន្ទោស” (ἐλέγχω) ​កិច្ចការនៃសេចក្តីងងឹតដោយការទូន្មាន កែតម្រូវ ហើយនឹងស្តីបន្ទោស ចំពោះការខុសឆ្គងដែលយើងបានឃើញវិញ (ម៉ាថាយ​ ១៨:១៥; លូកា ៣:១៩; យ៉ូហាន ១៦:៨; ​១ ធីម៉ូថេ ៥:២០)។


សូមកត់សម្គាល់ថា ការល្អ (“ពន្លឺ”) នៅក្នុងជីវិតរបស់យើងត្រូវបានហៅថា “ផលផ្លែ”(ខ៩) ប៉ុន្តែសេចក្តីអាក្រក់ (“សេចក្តីងងឹត”) ត្រូវបានហៅថា​ “ការប្រព្រឹត្តិ” (ខ១១)។​ យើងបានពីសេចក្តីពិត ដូចគ្នានៅក្នុង កាឡាទី ៥។ ​នេះជាចំនុចសំខាន់នៅក្នុងការស្វែងយល់ពី ជីវិតខាងព្រលឹងវិញ្ញាណ របស់យើង។​ សេចក្តីល្អអាចបង្កើត ឡើងបានមានតែតាមរយៈដែលយើងនៅជាប់ នៅក្នុងព្រះគ្រីស្ទ តែប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យព្រះអង្គបង្កើត ផលផ្លែដោយព្រះចេស្តានៃព្រះវិញ្ញាណ ព្រះអង្គដែលនៅក្នុង យើង។​ យើងត្រូវការកិច្ចការរបស់ព្រះនៅក្នុងយើង ដើម្បីបង្កើតអោយមានផលផ្លែ យ៉ាងបរិបូរ៍នៅក្នុង ជីវិតខាងព្រលឹងវិញ្ញាណ។​ ដូច្នេះហើយ យើងគួរតែ ព្យាយាមស្វែងរក ហើយអធិស្ឋានសម្រាប់ការនេះ។ ​ប្រសិនបើគ្មានការនេះនោះ អ្វីដែលយើងមាននោះ គឺតាមបែបសាច់ឈាម ហើយជាអ្វីដែលមិនអាចបង្កើត ផលផ្លែខាងព្រលឹងវិញ្ញាណបាននោះឡើយ។​


តែ​ការ​ទាំង​នោះ​បាន​សំដែង​មក​យ៉ាង​ច្បាស់ ដោយ​ពន្លឺ​ភ្លឺ​បញ្ជាក់ ដ្បិត​គឺ​ជា​ពន្លឺ​ហើយ ដែល​សំដែង​ឲ្យ​ឃើញ​ទាំង​អស់ 

 

៥:១៣ ​​លោកប៉ុលរៀបរាប់ពីជំហានដែលសេចក្តីងងឹតបានផ្លាស់ប្រែមកក្នុងពន្លឺ។ សេចក្តីងងឹតលាក់បាំង ការអាក្រក់ ប៉ុន្តែពន្លឺបង្ហាញអ្វីៗគ្រប់យ៉ាងឲ្យបានច្បាស់។ ​មនុស្សរស់នៅក្នុងសេចក្តីងងឹត ហើយជា សេចក្តីងងឹតនោះឯង ប៉ុន្តែនៅពេលដែលពួកគេត្រូវបានសំដែងមកដោយពន្លឺនៃព្រះគ្រីស្ទ វាបង្ហាញពីស្ថានភាពងងឹតរបស់ពួកគេនោះ។ ប្រសិនបើគេទទួលយកពន្លឺ ហើយឆ្លើយតបជាមួយនឹង ការប្រែចិត្ត ពួកគេនឹងប្រែក្លាយជាពន្លឺ។​ ដូច្នេះហើយ ពន្លឺមិនគ្រាន់តែសំដែងឲ្យឃើញអំពើបាបនោះទេ ប៉ុន្តែក៏ធ្វើការផ្លាស់ប្រែមនុស្សមានបាបដើម្បីអោយគេបានប្រែជា “កូននៃពន្លឺ” ផងដែរ (ខ៨)។

ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា «ឯង​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»

៥:១៤ លោកប៉ុលអាចនឹងដកស្រង់ចេញពីចម្រៀងសរសើរដំកើងរបស់គ្រីស្ទានដំបូង។​ ពាក្យដែលហៅឲ្យ មនុស្សស្លាប់ខាងព្រលឹងវិញ្ញាណក្រោកឡើងហើយទទួលពន្លឺនៃព្រះគ្រីស្ទ (២:១-១០)។ ការដែលប្រែក្លាយ ជាគ្រីស្ទានម្នាក់គឺជាការភ្ញាក់ពីដេក ក្រោកពីស្លាប់ ហើយត្រូវបាននាំចេញពីសេចក្តីងងឹតចូលទៅក្នុង ពន្លឺនៃព្រះគ្រីស្ទ (២កូរិនថូស ៤:៦)។
 

៥:១៥-១៧ -ដើរដោយប្រាជ្ញា
ដូច្នេះ ត្រូវ​ប្រយ័ត​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា កុំ​ឲ្យ​ដើរ​ដូច​ជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវ​តែ​ដើរ​ដោយ​មាន​ប្រាជ្ញា​វិញ ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់

៥:១៥-១៦ ពួកអ្នកជឿទាំងអស់គួរតែមានរបៀបរស់នៅមួយ ដែលឆ្លុះបញ្ចាំងពីការពិតថាយើងជានរណា នៅក្នុងព្រះគ្រីស្ទ។  ​ដើម្បីធ្វើការនេះបានយើងត្រូវតែដើរដោយប្រាជ្ញា។ ​លោកប៉ុលបង្រៀនអំពីសេចក្តីពិត នេះដោយការបង្ហាញការប្រៀបធៀបបីយ៉ាង។​

ដំបូង លោកប៉ុលប្រៀបធៀបរវាងមនុស្សឥតប្រាជ្ញាជាមួយនឹងអ្នកមានប្រាជ្ញា។​ ការដែលជាមនុស្សមាន ប្រាជ្ញាគឺជាការដែលបានស្គាល់និងធ្វើតាមបំណងព្រះហឫទ័យនៃព្រះ (ចោទិយកថា ៤:៥–៦; ទំនុកតម្កើង ១៩:៧, ១១៩:៩៨; ម៉ាថាយ ៧:២៤; យ៉ាកុប ៣:១៣–១៧)។​ មនុស្សឆ្លាតវៃតែងក្តោបយកឳកាស គ្រប់ទាំងអស់។ ប្រយោគដែលត្រូវបានបកប្រែថា “ទាំងលៃយកឳកាស” (ἐξαγοραζόμενοι) ​មានន័យថា ឈោងចាប់យកឳកាសទិញដ៏អស្ចារ្យមួយ ដោយព្រោះតែអ្នកបានយល់ពីតម្លៃនាពេល អនាគតនៃឱកាសនេះ។​ វាមានន័យថាអ្នកចំណាយឥឡូវនេះ ព្រោះអ្នកដឹងថាអ្នកនឹងចំណេញនៅពេល អនាគត។  ពាក្យដែលបកប្រែថា “ឱកាស​ឲ្យ​ទាន់​ពេល” (καιρός) ​​មានន័យថាពេលវេលាដែលត្រឹមត្រូវ អំណោយផល ឬសមស្របសម្រាប់ការប្រព្រឹត្តិ។​ ឳកាសរបស់យើងគឺនៅក្នុងពេលឥលូវនេះ។​ ប្រសិនបើយើងជាមនុស្ស ឆ្លាតវៃ យើងនឹងក្តោបយកឳកាស ដ៏មានតម្លៃនេះនៅក្នុងការប្រើប្រាស់ ពេលវេលារបស់យើង ចំពោះការដែលមានគុណតម្លៃដ៏អស់កល្បជានិច្ច (កាឡាទី ៦:១០)។ ឥលូវនេះ ការបម្រើព្រះ ហើយការ​ធ្វើ​ល្អ​​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​គិត​ពី​ការ​ចំណេញ​ទៅ​ថ្ងៃ​អនាគតនៅក្នុង អស់កល្បជានិច្ច! ​ការពិត ដែលថា “សម័យនេះអាក្រក់ណាស់” (២ កូរិនថូស ៤:៤; អេភេសូ​ ៦:១២​; កាឡាទី ១:៤) ជាមូលហេតុដែលយើងត្រូវការប្រាជ្ញា នៅក្នុងការប្រើប្រាស់ពេលវេលាអោយបានល្អ។​ 

ដូច្នេះ កុំ​ឲ្យ​ខ្លៅ​ល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​វិញ

៥:១៧ ទីពីរ លោកប៉ុលប្រើការប្រៀបធៀបរវាងសេចក្តីខ្លៅល្ងង់ និងការយល់ដឹង។​​ ប្រាជ្ញាគឺជាការ ដែលបានស្គាល់ និងធ្វើតាមបំណងព្រះហឫទ័យនៃព្រះ។​ សេចក្តីខ្លៅល្ងង់គឺជាអ្វីដែលផ្ទុយគ្នា។ សេចក្តីខ្លៅល្ងង់គឺជាការដែលមិនបានស្គាល់ និងមិនបានធ្វើតាមបំណងព្រះហឫទ័យនៃព្រះនោះឡើយ។​ ព្រះបានបង្ហាញបំណងព្រះហឫ​ទ័យ​ព្រះអង្គដល់យើងរាល់គ្នាតាមរយៈ ព្រះបន្ទូលព្រះអង្គ (២ ធីម៉ូថេ ៣: ១៦) តាមរយៈព្រះវិញ្ញាណព្រះអង្គ (យ៉ូហាន ១៦:១៣) ដោយសេចក្តីអធិស្ឋាន (កូឡុស ១:៩-១០) ហើយដោយកិច្ចការរបស់ព្រះអង្គនៅក្នុងស្ថានភាពរបស់យើងម្នាក់ៗ (រ៉ូម ៨:២៨)។ ការដែលយើងបង្ហាញ ខ្លួនរបស់យើងនៅចំពោះព្រះ ហើយអនុញ្ញាតឲ្យព្រះអង្គផ្លាស់ប្រែគំនិតរបស់យើងជាថ្មីនោះ យើងនឹងអាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង (រ៉ូម​១២:២)។

កុំ​ឲ្យ​ស្រវឹង​ស្រា ដែល​នាំ​ឲ្យ​ព្រើល​ចិត្ត​ឡើយ តែ​ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ

៥:១៨ ​ទីបី លោកប៉ុលធ្វើការប្រៀបធៀបរវាងការស្រវឹងស្រាជាមួយនឹងការដែលពេញដោយព្រះវិញ្ញាណ។​ ពេលដែលមនុស្សម្នាក់ស្រវឹង គាត់មិនមានប្រាជ្ញា ការគ្រប់គ្រងខ្លួន អំណាចព្រមទាំងនិយាយនិងធ្វើរឿង ដែលល្ងង់ខ្លៅ។ ប៉ុន្តែនៅពេលដែលមនុស្សម្នាក់ពេញដោយព្រះវិញ្ញាណបរិសុទ្ធវិញនោះ គាត់មានប្រាជ្ញា មានការគ្រប់គ្រងខ្លួន មានអំណាចហើយធ្វើតាមបំណងព្រះហឫទ័យព្រះ។


“ចូរ​ឲ្យ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​វិញ” គឺ:

  • ជាបញ្ជាការ  (មិនមែនជាសំណូមពរ)។​​

  • ជា កិរិយាសព្ទអកម្ម។​ ការដែលបំពេញមិនមែនជាអ្វីមួយដែលយើងធ្វើនោះឡើយ ប៉ុន្តែជាអ្វីដែល យើងទទួល។​​

  • ជាគុណកិរិយាបច្ចុប្បន្ន  បង្ហាញថា យើងត្រូវការត្រូវបានពេញជា​ព្រះ‌វិញ្ញាណ​ក្នុងពេលឥលូវនេះ។​  

  • ជាគុណកិរិយាបន្ត បង្ហាញថា ការដែលបំពេញនេះគឺត្រូវការបន្តឥតមានពេលបច្ចប់។​

ដូច្នេះហើយ យើងត្រូវបានបង្គាប់អោយនៅតែបន្តទទួលនិងបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ យើងគួរតែទ ទួលព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដើម្បីឲ្យទ្រង់អាចដឹកនាំយើង ដូចជាទ្រង់បានដឹកនាំព្រះយេស៊ូវ។ យើងទទួលព្រះវិញ្ញាណបរិសុទ្ធនៅការផ្លាស់ប្រែរបស់យើង។ ប៉ុន្តែការដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ មានន័យថា អ្នកបន្តអនុញ្ញាតអោយព្រះអង្គដឹកនាំជីវិតរបស់អ្នក ដោយការរស់នៅដោយការចុះចូលចំពោះ ព្រះអង្គដើម្បីអោយព្រះអង្គបានធ្វើឲ្យ អ្នកបានដូចជាព្រះយេស៊ូវបន្ថែមទៀត។​

ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បទ​ទំនុក​ដំកើង ទំនុក​បរិសុទ្ធ នឹង​ចំរៀង​ខាង​ឯ​វិញ្ញាណ ទាំង​ច្រៀង ហើយ​សរសើរ​ដល់​ព្រះ‌អម្ចាស់​ដោយ​ចិត្ត ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។

៥:១៩ បន្ទាប់មក លោកប៉ុលប្រាប់យើងពីលទ្ធផលមួយចំនួនពីការដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលជា ការសរសើរដំកើងព្រះ (ខ១៩) អរព្រះគុណ (ខ២០) ហើយនឹងការចុះចូលចំពោះគ្នា ទៅវិញទៅមក (ខ២១)។ ការប្រព្រឹត្តិទាំងនោះជួយយើងឲ្យនៅតែបន្តពេញដោយព្រះវិញ្ញាណ។ យើងច្រៀងថ្វាយព្រះដើម្បីសរសើរដំកើងព្រះអង្គ។ យើងច្រៀងចំពោះគ្នាទៅវិញទៅមកដើម្បីក្រើនរំលឹក និងលើកទឹកចិត្តគ្នាទៅវិញទៅមកអំពីភាពធំឧត្តមនៃព្រះរបស់យើង។​ 

៥:២០ ​យើងអរព្រះគុណដល់ព្រះ “ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់”   ដោយព្រោះតែយើងទុកចិត្តលើ ព្រះអង្គហើយដឹងថាព្រះអង្គទ្រង់គ្រប់គ្រងទាំងអស់ ហើយព្រះអង្គធ្វើកិច្ចការតាមបំណងព្រះហឫទ័យទ្រង់ នៅក្នុងគ្រប់ទាំងស្ថានភាពទាំងអស់ (រ៉ូម ៨:២៨; អេភេសូ ១:១១)។ យើងអរព្រះគុណ “ដោយ​ នូវ​ព្រះ‌នាម​ព្រះអម្ចាស់ព្រះ‌យេស៊ូវ​គ្រីស្ទ”  ដោយព្រោះតែគ្រប់ការទាំងអស់ដែល​យើង​មានមករកយើង ​ដោយសារព្រះអង្គ។​

៥:២១ ​យើងចុះចូលចំពោះគ្នាទៅវិញទៅមក “ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ”។ ​នៅក្នុងជីវិតជា គ្រីស្ទាន មានការកោតខ្លាចចំពោះព្រះដ៏ត្រឹមត្រូវ ដែលនឹងជួយបង្កើតភាពបរិសុទ្ធនៅក្នុងខ្លួនយើង (២ កូរិនថូស ៧:១; កិច្ចការ ៩:៣១)។ ​ពួកអ្នកជឿទាំងអស់ដែលរស់នៅត្រូវបានចាក់ បំពេញដោយព្រះវិញ្ញាណនៃព្រះ​នឹងចុះចូលនៅក្នុងទំនាក់ទំងដែលព្រះបានតែងតាំង។ ពាក្យនៅក្នុង ភាសាក្រិចសម្រាប់ការចុះចូល (ὑποτάσσω) ​មានន័យថា​ “រៀបចំអោយនៅក្រោម” (សូមមើលការបក ស្រាយចំនុច ១:២២)។ មានន័យថាទទួលយកដំណែងដែលព្រះបានប្រទានអោយអ្នកនៅក្រោមលំដាប់ លំដោយនៃសិទ្ធអំណាច។

យើងទាំងអស់គ្នា ដែលនៅក្នុងរូបកាយនៃព្រះគ្រីស្ទ ជាគ្រប់គ្រងដោយការចុះចូល។ យើងទាំងអស់គ្នានៅក្រោមព្រះគ្រីស្ទដែលទ្រង់ជាសិរសានៃពួកជំនុំ ហើយយើងទាំងអស់គ្នា មានតួនាទីផ្សេងៗពីគ្នានៅក្នុងក្រុមគ្រួសាររបស់យើងទាំងមូល រួមបញ្ចូលទាំង ប្រពន្ធនិងប្តី (ខ២២-៣៣) កូនៗនិងឪពុកម្តាយ (៦:១-៤) បាវបំរើនិងចៅហ្វាយ (៦:៥-៩)។ លោកប៉ុលនឹងសរសេរអំពី ទំនាក់ទំនងនីមួយៗទាំងនេះ។


៥:២២-៣៣~ប្រពន្ធ និងប្តី  
ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ

 

៥:២២​​ លោកប៉ុលបានចាប់ផ្តើមជាមួយនឹងការនិយាយទៅកាន់ប្រពន្ធទាំងអស់។ ​នៅក្នុងអាពាហ៍ពិពាហ៍ ព្រះបានរៀបចំអោយប្រពន្ធទាំងអស់នៅក្រោមអំណាចរបស់ប្តីរបស់ខ្លួន។ នេះមិនមែនជាការអំពីឋានៈរបស់ ស្រ្តីប្រៀបធៀបជាមួយនឹងបុរសនោះឡើយ។​ មិនមែនជាការផ្តោតសំដៅទៅកាន់តម្លៃ ឬសមត្ថភាពនោះ ឡើយ។ នេះគឺជាការអំពីតួនាទីនៅក្នុងចំណងអាពាហ៍ពិពាហ៍។

ព្រះបានតាំងអោយមានឋានានុក្រមនៅក្នុងក្រុមគ្រួសារនៅតាំងពីក្នុងការបង្កើតពិភពលោកមកម្ល៉េះ។​ នៅក្នុង ឋានានុក្រុមនេះ ប្រពន្ធត្រូវបានដាក់ឲ្យនៅក្រោមសិទ្ធអំណាចរបស់ប្តីរបស់គាត់។ ​នៅពេលដែលគាត់ទទួល យកតួនាទីនេះ គាត់ធ្វើការនោះ “ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ” មានន័យថា គាត់ចុះចូលចំពោះអ្វី ដែលព្រះអង្គបានតាំងឡើង។ ​ដូច្នេះហើយ នេះជាផ្នែកមួយពី របៀបដែលគាត់បម្រើព្រះយេស៊ូវ។ សូមកត់សម្គាល់ថា លោកប៉ុលមិនបាននិយាយថា “ប្រពន្ធរាល់គ្នាអើយ ចូរស្តាប់បង្គាប់ប្តីរបស់ខ្លួន នោះឡើយ”  (សូមផ្ទៀងជាមួយ​ ៦:១, ៦:៥)។ ការដែលបានលើកឡើងនោះមិនមែនជា ការស្តាប់តាម បញ្ជាររបស់ប្តីនោះឡើយ ប៉ុន្តែជាការទទួលយកនូវតួនាទីដែលព្រះបានប្រទានដល់គាត់នៅក្នុងគ្រួសាររបស់ គាត់។​

 

ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​រូប‌កាយ​ផង ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

៥:២៣-២៤  ព្រះគ្រីស្ទគឺជា “សិរសា”​ (អ្នកដឹកនាំ) នៃពួកជំនុំ។ មានទំនាក់ទំនងពីចំនុចដ៏ពិតនេះ ជាមួយនឹងចំណងអាពាហ៍ពិពាហ៍។​

  • អត្ថន័យដែលមានសម្រាប់ប្រពន្ធរាល់គ្នានោះគឺ ពួកគាត់ត្រូវតែចុះចូលចំពោះប្តីរបស់ពួកគាត់ ដូចជាពួកជំនុំ ចុះចូលចំពោះព្រះគ្រីស្ទយ៉ាងដូច្នោះដែរ។ ដូច្នេះហើយ ពួកជំនុំធ្វើជាគំរូពីការចុះចូលសម្រាប់ប្រពន្ធគ្រប់គ្នា នៅក្នុងការធ្វើតាម។​

  • អត្ថន័យសម្រាប់ប្តីគ្រប់គ្នាគឺថា ពួកគាត់ត្រូវតែដឹកនាំនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់ ដូចជា ព្រះគ្រីស្ទដឹកនាំពួកជំនុំ។​ ដូច្នេះហើយ ព្រះគ្រីស្ទបានផ្តល់នូវគំរូពីការដឹកនាំសម្រាប់ ប្តីគ្រប់គ្នាក្នុង ការធ្វើតាម។​  

បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ ព្រះ‌អង្គ​ទ្រង់​ជំនួស​ផង ដើម្បី​ឲ្យ​ទ្រង់​បាន​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សំអាត​នឹង​ទឹក គឺ​ជា​ព្រះ‌បន្ទូល ប្រយោជន៍​នឹង​ថ្វាយ​ពួក​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ពួក​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​ឲ្យ​ដូច​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ

៥:២៥ ពេលនេះ លោកប៉ុលនិយាយទៅកាន់ប្តីទាំងអស់។ នៅក្នុងចំណងអាពាហ៍ពិពាហ៍ ការដែលលើកឡើងនេះ មិនមែនសំដៅទៅលើសិទ្ធរបស់ប្តីនៅក្នុងការត្រួតត្រានោះឡើយ ប៉ុន្តែកាតព្វកិច្ច របស់គាត់នៅក្នុង ការបង្ហាញសេចក្តីស្រឡាញ់ទៅវិញទេ។​ ប្តីគ្រប់គ្នាត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន “ដូចជាព្រះគ្រីស្ទ បានស្រឡាញ់ដល់ពួកជំនុំ”។​ ​បុរសដែលជាប្តីត្រូវតែគិតពីរបៀបដែល ព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបន្ទាប់មកបង្ហាញសេចក្តីស្រឡាញ់នោះដល់ប្រពន្ធរបស់គាត់។​ ការនេះនឹងជំរុញឲ្យបុរសជាប្តី ស្រឡាញ់ប្រពន្ធរបស់គាត់តាមបែបលះបង់។ ​គាត់នឹងផ្ដល់ឲ្យអ្វីគ្រប់យ៉ាង ដែលគាត់មាន ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការទាំងប៉ុន្មាន ដែលប្រពន្ធ​មាន។ គាត់នឹងស្រឡាញ់ ដឹកនាំ ផ្តល់ឲ្យ ការពារ ហើយនឹងយកចិត្តទុកដាក់ចំពោះ ប្រពន្ធរបស់គាត់។ ​សេចក្តីស្រឡាញ់នេះមានន័យថា គាត់ចង់បានតែអ្វី ដែលល្អសម្រាប់ប្រពន្ធរបស់ គាត់តែប៉ុណ្ណោះ។ គ្មានប្រពន្ធណាមួយ នឹងមានការពិបាក​ចុះចូលចំពោះប្តីដែលស្រឡាញ់ខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ ពួកជំនុំនោះឡើយ។​ បញ្ញត្តិដែលមានសម្រាប់ប្តីនោះត្រូវធ្វើជាបុរស ដែលមានលក្ខណៈសម្បត្តិបែបដូច្នោះ។​

៥:២៦-២៧ ​លោកប៉ុលសរសេរអំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកជំនុំដើម្បីឲ្យយើងបានដឹងពី បំណងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។​ ព្រះគ្រីស្ទ “បានប្រគល់ព្រះអង្គទ្រង់” ជំនួសពួកជំនុំនៅលើ ឈើឆ្កាងដើម្បីញែកយើងអោយបានបរិសុទ្ធ (ទីតុស ២:១៤)។ ព្រះអង្គបានលាងសំអាតពួកជំនុំ ដោយ ព្រះបន្ទូលព្រះអង្គ ហើយពេលនេះព្រះអង្គកំពុងធ្វើអោយពួកជំនុំ “ឥតប្រឡាក់” (មានន័យថា "​គ្មានភាពមិនបរិសុទ្ធ”) ហើយ ““ឥត​ជ្រួញ” (មានន័យថា “គ្មានសញ្ញានៃភាពចាស់”)។ នេះគឺជាការសម្រេចតាមបំណងព្រះហឫទ័យនៃព្រះតាំងពីមុនកំណើត លោកីយ៍មកម្ល៉េះ (អេភេសូ ១:៤០)។ ព្រះយេស៊ូវបានធ្វើការទាំងនេះសម្រាប់កូនក្រមុំរបស់ព្រះអង្គ (ដែលជាពួកជំនុំ) ដើម្បីធ្វើអោយនាងបានស្អាត នៅក្នុងថ្ងៃមង្គលការរបស់យើងហើយអនាគតដ៏រុងរឿង ជាមួយគ្នានាពេលខាងមុខ (វិវរណៈ ២១:១-៤, ២១:៩-១១)។​ ការដែលធ្វើយ៉ាងដូច្នោះ ព្រះអង្គធ្វើជាគំរូសម្រាប់ បុរសគ្រប់គ្នានៅក្នុងការលះបង់ជីវិតរបស់ ខ្លួននៅក្នុងការជួយដល់ប្រពន្ធរបស់ខ្លួន អោយបានចំរើនឡើង។​

 

ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូប‌កាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ 

៥:២៨ ​ព្រះយេស៊ូវស្រឡាញ់ពួកជំនុំដោយព្រោះតែពួកជំនុំគឺជាកូនក្រមុំរបស់ព្រះអង្គ ប៉ុន្តែក៏ដោយព្រោះតែ ពួកជំនុំគឺជារូបកាយរបស់ព្រះអង្គផងដែរ។​ ដូចគ្នានេះដែរ បុរសជាប្តីគួរតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ដោយព្រោះតែអ្នកទាំងពីរគឺជារូបកាយតែមួយ។​ លោកប៉ុលនឹកចាំពី លោកុប្បត្តិ​២:២៤ ដែលបានចែងថា ប្តីហើយនឹងប្រពន្ធជា “សាច់តែមួយ”។ នៅពេលដែលបុរសម្នាក់ ហើយនឹងស្រ្តីម្នាក់រៀបអាពាហ៍ពិពាហ៍ ពួកគេបានក្លាយជាសាច់តែមួយ។ ​ដូចនេះហើយប្រសិនបើប្តីមិនស្រឡាញ់ប្រពន្ធខ្លួនទេនោះ គឺគាត់មិន បានស្រឡាញ់ដល់ខ្លួនគាត់វិញទេ។ ប្រសិនបើគាត់មិនបានថែរក្សាចំណងអាពាហ៍ពិពាហ៍របស់គាត់ គាត់មិនស្រឡាញ់ជីវិតរបស់គាត់នោះឡើយ។ ប៉ុន្តែប្រសិនបើគាត់យកចិត្តទុកដាក់ចំពោះអាពាហ៍ពិពាហ៍ របស់គាត់វិញ គាត់កំពុងតែថែរក្សាជីវិតរបស់គាត់ហើយ។​

ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​សាច់​ខ្លួន​ឯង​ឡើយ គឺ​គេ​តែង​ចិញ្ចឹម ហើយ​ថ្នាក់​ថ្នម​វិញ ដូច​ជា​ព្រះ‌អម្ចាស់​ដល់​ពួក​ជំនុំ​ដែរ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​របស់​រូប​អង្គ នឹង​សាច់​ឆ្អឹង​ទ្រង់ 

៥:២៩-៣០ យើងចិញ្ចឹម និងថែរក្សារូបកាយរបស់យើង។ ព្រះយេស៊ូវចិញ្ចឹមនិងថែរក្សារូបកាយរបស់ ព្រះអង្គ ដែលជាពួកជំនុំ។​ បុរសជាប្តីគួរតែចិញ្ចឹម និងថែរក្សាប្រពន្ធខ្លួន ដូចដែលគាត់ធ្វើសម្រាប់ រូបកាយរបស់គាត់ដោយព្រោះតែពួកគាត់ជាសាច់ឈាមតែមួយ។​

«ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​២​នោះ ​នឹង​ត្រឡប់​ជា​សាច់​តែ​១​វិញ» សេចក្ដី​អាថ៌‌កំបាំង​នេះ​ជ្រៅ​ណាស់ តែ​ខ្ញុំ​និយាយ​ខាង​ឯ​ព្រះ‌គ្រីស្ទ នឹង​ពួក​ជំនុំ​វិញ 

៥:៣១ ពេលនេះលោកប៉ុលដកស្រង់ចេញពី លោកុប្បត្តិ ២:២៤ ដើម្បីបង្ហាញថាព្រះគ្រីស្ទ ហើយនឹង ពួកជំនុំគឺជារូបកាយដែលរួបរួមគ្នាមកតែមួយ។ ការ​រួបរួម​របស់​លោកអ័ដាម និងប្រពន្ធរបស់គាត់នៅក្នុង ចំណងអាពាហ៍ពិពាហ៍ ចង្អុល​ទៅ​ភាព​ពិត​កាន់​តែ​ប្រសើរ​នៃ​ការ​រួបរួម​រវាង​ព្រះគ្រីស្ទជាមួយនឹងកូនក្រមុំរបស់ ព្រះង្គ ដែលជាពួកជំនុំ។​

៥:៣២ នេះជាអាថ៌កំបាំងដ៏ជ្រៀលជ្រៅដោយព្រោះតែគ្មានអ្នកណាអាចនឹងយល់ច្បាស់ពីលោកុប្បត្តិ ២:២៤ តាមរបៀបនេះ ដោយគ្មានការបើកសំដែងរបស់ព្រះជាម្ចាស់នោះឡើយ។​​ ផែនការណ៍របស់ព្រះ  ចាប់តាំងពីការបង្កើតពិភពលោកគឺ ដើម្បីឲ្យមនុស្សបានរួបរួមជាមួយនឹងព្រះរាជបុត្រាព្រះអង្គនៅក្នុង ទំនាក់ទំនងដែលពោរពេញដោយសេចក្តីស្រឡាញ់។​ បន្ទាប់មក ព្រះបានបង្កើតបុរស និងស្រ្តីដំបូង ហើយព្រះអង្គបានប្រទាននូវការរៀបអាពាហ៍ពិពាហ៍ ដែលជាការចម្លងនូវទំនាក់ទំនង ដែលថ្ងៃមួយ នឹងកើត មានឡើងរវាងព្រះគ្រីស្ទ ហើយនឹងពួកជំនុំព្រះអង្គ។ នេះគឺជាអ្វីដែលអាពាហ៍ពិពាហ៍របស់មនុស្ស ត្រូវបានរៀបចំឡើងដើម្បីឆ្លុះបញ្ចាំង។ ​ការរៀបអាពាហ៍ពិពាហ៍របស់អ្នករាល់គ្នាគឺជា ការចម្លងពីគំរូមួយនេះ! ​តើបងប្អូនបានដឹងដែរឬទេ? ​ព្រះយេស៊ូវ ដឹកនាំ ស្រឡាញ់ ហើយបានប្រគល់ ព្រះអង្គទ្រង់ជំនួសពួកជំនុំ ហើយពួកជំនុំចុះចូលចំពោះព្រះអង្គ។ ​ពេលដែលប្តីនិងប្រពន្ធ បំពេញកាតព្វកិច្ច ទាំងនេះ ចំពោះគ្នាទៅវិញទៅមក ការរៀបអាពាហ៍ពិពាហ៍របស់ពួកគាត់ឆ្លុះ បញ្ចាំងទំនាក់ទំនងរវាង ព្រះគ្រីស្ទជាមួយនឹងពួកជំនុំរបស់ព្រះអង្គ។

ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត‌ខ្លាច​ប្ដី​ដែរ។


៥:៣៣ នេះជាការសង្ខេប។ មានច្បាប់តែពីរតែប៉ុណ្ណោះសម្រាប់ចំណងអាពាហ៍ពិពាហ៍ ហើយមួយសម្រាប់ ប្តីនិងមួយសម្រាប់ប្រពន្ធ។​ ប្រពន្ធ កោតខ្លាច (ដែលជាការគោរព) ដល់ប្តីរបស់ខ្លួន។ ប្តី ត្រូវស្រឡាញ់ ប្រពន្ធខ្លួន។ ​នេះជាកម្រិតស្តង់ដាររបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍។

bottom of page