
សំបុត្រប៉ុលខ្ញុំ ជាសាវករបស់ផងព្រះយេស៊ូវគ្រីស្ទ ដោយនូវបំណងព្រះហឫទ័យព្រះ ផ្ញើមកពួកបរិសុទ្ធ ដែលនៅក្រុងអេភេសូរ ជាពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ
១:១ លោកប៉ុលចាប់ផ្តើមសេចក្តីសំបុត្ររបស់គាត់ដោយការណែនាំអំពីខ្លួនគាត់ថា “ជាសាវករបស់ផង ព្រះយេស៊ូវគ្រីស្ទ”។ ពាក្យនៅក្នុងភាសាក្រិចដែលបកប្រែមកថា “សាវក” (ἀπόστολος) មានន័យថា មនុស្សម្នាក់ ‘ដែលត្រូវបានចាត់អោយទៅ’។ ជា ពាក្យដែលផ្តោតលើតំណាងម្នាក់ដែលជាអ្នកនិយាយនិងធ្វើ កិច្ចការជំនួសអោយមនុស្សម្នាក់ទៀត។ លោកប៉ុលបានប្រែក្លាយជាសាវករបស់ព្រះគ្រីស្ទយេស៊ូវ នៅពេល ដែលព្រះអង្គចាត់គាត់ឲ្យចេញទៅ “ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកស្តេច ហើយនិងពួកកូនចៅសាសន៍អ៊ីស្រាអែលផង” (កិច្ចការ ៩:១៥)។ នេះមិនមែនជាការសម្រេចចិត្តដែលបានធ្វើឡើងដោយលោកប៉ុលឬដោយពួកជំនុំនោះឡើយ។ តាមការពិត ទៅ លោកប៉ុលកំពុងតែធ្វើការបៀតបៀននិងព្យាយាមបំផ្លាញពួកជំនុំទៅវិញទេ។ តែផ្ទុយទៅវិញ ការនោះជា “បំណង ព្រះហឫទ័យព្រះ” ដែលលោកប៉ុលបានប្រែក្លាយជាសាវកម្នាក់។
ដូចដែលោកប៉ុលជាសាវកម្នាក់តាមបំណងព្រះហឫទ័យនៃព្រះនោះ ពួកអ្នកជឿទាំងអស់ គឺជាអ្វីដែលយើង ជាក៏ដោយព្រោះតែបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ដែរ។ លោកប៉ុលប្រាប់យើងទាំងអស់គ្នាថា យើងជាអ្វី។ យើងគឺជា “ពួកបរិសុទ្ធ”។ យើងជាពួកបរិសុទ្ធដោយព្រោះតែព្រះបានញែកយើងដាច់ ដោយឡែកធ្វើជា ប្រជារាស្រ្តរបស់ព្រះអង្គ តាមរយៈព្រះអង្គនឹងសម្រេចតាមបំណងព្រះហឫទ័យនៃ ទ្រង់។ លោកប៉ុល ក៏បានហៅ ពួកអ្នកអានថា “ពួកអ្នកស្មោះត្រង់ក្នុងព្រះគ្រីស្ទយេស៊ូវ”។ ទាំងអស់នេះដោយព្រោះតែពួកគេបានដាក់ សេចក្តីទុកចិត្តរបស់គេនៅក្នុងព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់ពួកគេ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
១:២ លោកប៉ុលបានជំរាបសួរដល់អ្នកអានរបស់គាត់ជាមួយនឹងពាក្យជំរាបសួរធម្មតារបស់គាត់ នៃព្រះគុណ និងសេចក្តីសុខសាន្ត។ ព្រះគុណគឺជាសេចក្តីល្អរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដែលមានន័យ ថា ព្រះអង្គ ប្រព្រឹត្តចំពោះយើង មិនមែនតាមអ្វីដែលយើងសមនឹងទទួលបាននោះទេ ប៉ុន្តែតាមសេចក្តីសប្បុរស និងចិត្តសប្បុរសរបស់ទ្រង់វិញ។ ពួកអ្នកជឿទទួលសេចក្តីសង្រ្គោះដោយព្រះគុណ ហើយរស់នៅក្នុងជីវិតគ្រីស្ទាន ដោយព្រះគុណ។ លទ្ធផលពីការនេះគឺជាសេចក្តីសុខសាន្ត (រ៉ូម ៥:១)។ សេចក្តីសុខសាន្តគឺជា សុខុមាលភាពខាងព្រលឹងវិញ្ញាណ ដែលបានមកពីការដែលបានដឹងថា អ្នកមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយ នឹងព្រះ (នោះគឺ អ្នកត្រូវបានលើកលែងទោស ទទួលយក ហើយស្រឡាញ់ដោយព្រះអង្គ)។
១:៣-១៤ សូមសរសើរដំកើងដល់ព្រះចំពោះព្រះពររបស់ព្រះអង្គដល់យើងទាំងអស់គ្នា
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់
១:៣ លោកប៉ុលចាប់ផ្តើមដោយសរសើរដល់ព្រះ (Εὐλογητὸς) ដោយព្រោះគ្រប់ទាំងព្រះពរ ដែលព្រះអង្គ បានប្រទានដល់យើង (εὐλογήσας)។ គាត់ប្រើពាក្យដូចគ្នានៅក្នុង ភាសាក្រិចដើម្បីបង្ហាញថា ការប្រព្រឹត្តិ របស់យើងចំពោះព្រះ ដែលជាការឆ្លុះបញ្ចាំង និងការឆ្លើយតបចំពោះ អ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងទាំង អស់គ្នា។ ការឆ្លើយតបដ៏សមរម្យរបស់យើងចំពោះព្រះបានមកពី ការដឹងពីអ្វីដែលទ្រង់បានធ្វើសម្រាប់យើង។ យើងមានក្តីស្រឡាញ់ ដោយព្រោះតែព្រះអង្គបានស្រឡាញ់ យើងជាមុន (១ យ៉ូហាន ៤:១៩) ហើយយើងសរសើរ ដំកើងដោយព្រោះតែព្រះអង្គបានប្រទានពរ ដល់យើង។ នៅពេលដែលយើងបានដឹងពីព្រះពរ ដែលព្រះអង្គ បានប្រទានដល់យើងនោះ យើងនឹងចំណាយពេលពេញមួយជីវិតរបស់យើងនៅក្នុងការសរសើរដំកើងព្រះអង្គ។ ដូច្នេះហើយ នៅពេលដែលយើងអានបទគម្ពីរទាំងអស់នេះ សូមអោយយើងបានសញ្ចឹងគិតចំពោះការអរព្រះគុណ រាល់ទាំងព្រះពរដែលព្រះបានប្រទានមកដល់យើងទាំងអស់គ្នា។
តើព្រះពរទាំងនេះបានមកពីអ្នកណា?
ប្រភពនៃព្រះពរគឺជា ព្រះដ៏ជាព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង។
តើយើងទទួលបានព្រះពរទាំងនេះដោយរបៀបណា?
ព្រះបានប្រទានព្រះពរទាំងអស់នេះមកដល់យើងនៅក្នុងព្រះគ្រីស្ទ។ សូមស្រមៃមើលពីឪពុកម្នាក់ ដែលបានដាក់ អស់ទាំងអំណោយរបស់គាត់ឲ្យកូនៗ របស់គាត់នៅក្នុងប្រអប់មួយ។ បន្ទាប់មក នៅពេលដែលគាត់ប្រគល់ប្រអប់ នោះទៅអោយកូនៗ ពួកគេទទួលបានអំណោយទាំងនោះ។ ដូចគ្នានេះដែរ ព្រះវរបិតាដ៏ជាព្រះ បានដាក់គ្រប់ទាំង ព្រះពរនៅក្នុងព្រះគ្រីស្ទ។ នៅពេលដែលយើងទទួលបានព្រះគ្រីស្ទ ហើយនោះ យើងទទួលបានព្រះពរគ្រប់ទាំង អស់។
គ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណដែលព្រះមានសម្រាប់មនុស្សគឺមាននៅក្នុងព្រះគ្រីស្ទ។ ព្រះពរទាំងនេះ ជារបស់យើង មិនមែនដោយព្រោះតែអ្វីដែលយើងបានធ្វើនោះឡើយ ប៉ុន្តែដោយព្រោះតែអ្វីដែលព្រះគ្រីស្ទ បានធ្វើសម្រាប់យើងវិញ។ គ្មានអ្នកណាម្នាក់អាចអ្វីមួយ ឬសម្រេចបានការណាមួយនៅក្នុងការទទួលព្រះពរ ទាំងនេះដោយការព្រោះកិច្ចការ ឬការសន្សំកុសលរបស់គេបាននោះឡើយ។ គ្មានអ្វីដែលយើងអាចធ្វើដើម្បី សមនឹងទទួលបានព្រះពរខាងព្រលឹងវិញ្ញាណដ៏អស្ចារ្យរបស់ព្រះឡើយ។ តែផ្ទុយទៅវិញ ព្រះប្រទានព្រះពរ ទាំងនោះដល់មនុស្សដោយព្រះគុណនៅក្នុងព្រះគ្រីស្ទ។
តើមានន័យយ៉ាងដូចម្តេចនៅក្នុងការដែល “នៅក្នុងព្រះគ្រីស្ទ”?
ព្រះបានបង្កើតអោយមានការរួបរួមរវាងព្រះយេស៊ូវជាមួយនឹងពួកគ្រីស្ទាន ដូច្នេះគ្រីស្ទានម្នាក់គឺជាមនុស្ស ម្នាក់ ដែល “នៅក្នុងព្រះគ្រីស្ទ”។ ការដែល “នៅក្នុងព្រះគ្រីស្ទ” គឺជាចំនុចសំខាន់មួយនៅក្នុង សេចក្តីសំបុត្រនេះ។ លោកប៉ុលប្រើឃ្លាថា “នៅក្នុងព្រះគ្រីស្ទ” ឬ “នៅក្នុងទ្រង់” ចំនួន ២៧ដង។ ការដែល “នៅក្នុងព្រះគ្រីស្ទ” មានន័យថាជាការរួបរួមជាមួយនឹងព្រះយេស៊ូវនៅក្នុងទំនាក់ទំន ងមួយដែលផ្តល់ជីវិត ដូចជាមែកដែលភ្ជាប់ ជាមួយនឹងដើមទំពាំងបាយជូរ(យ៉ូហាន ១៥:១-៥)។ តាមរយៈការរួបរួមជាមួយព្រះគ្រីស្ទ អ្វីដែលជាសេចក្តីពិត អំពីព្រះអង្គប្រែក្លាយជាសេចក្តីពិតអំពីយើង ទាំងអស់គ្នា។ ព្រះជន្មរបស់ព្រះអង្គប្រែក្លាយជាជីវិតរបស់យើង (កូឡូស ៣:៤) សេចក្តីសុចរិត របស់ព្រះអង្គប្រែក្លាយជាសេចក្តីសុចរិតរបស់យើង (២ កូរិនថូស ៥:២១) ការសុគតរបស់ព្រះអង្គជាការស្លាប់របស់យើង (កាឡាទី ២:២០) ជ័យជំនះរបស់ព្រះអង្គគឺជាជ័យជំនះរបស់ យើង (១ កូរិនថូស ១៥:៥៧) មរតករបស់ព្រះអង្គប្រែក្លាយជាមរតករបស់យើង (រ៉ូម ៨:៧) ហើយព្រះវរបិតា របស់ព្រះអង្គប្រែក្លាយជាព្រះវរបិតារបស់យើង (ម៉ាថាយ ៦:៩)។ នេះហើយជាគន្លឹះ ក្នុងការយល់អំពី សេចក្ដីពិតខាងព្រលឹងវិញ្ញាណអំពីជីវិតថ្មីនៅក្នុងព្រះគ្រីស្ទ។ ដោយការនៅជាប់ជាមួយព្រះយេស៊ូវនោះ អ្វីដែល ជាសេចក្ដីពិតអំពីទ្រង់ នឹងក្លាយជាសេចក្ដីពិតអំពីយើង។
តើព្រះពរទាំងនេះជាព្រះពរប្រភេទណា?
ព្រះពរទាំងអស់នេះគឺជា ព្រះពរខាងព្រលឹងវិញ្ញាណ។ ព្រះពរខាងព្រលឹងវិញ្ញាណរបស់យើង គឺជា អ្វីគ្រប់យ៉ាង ដែលព្រះបានប្រទានមកយើងនៅក្នុងព្រះគ្រីស្ទ ហើយអ្វីដែលយើងជាឥឡូវនេះ ព្រោះតែ រឿងនេះ។ ព្រះពរ ទាំងនោះមិនមែនជាព្រះពរខាងសំភារៈនោះឡើយ។ ព្រះយេស៊ូវមិនបានសុគតនៅលើ ឈើឆ្កាងដើម្បី អោយពួកអ្នកដើរតាមព្រះអង្គមានភាពស្តុកស្តម្ភនៅក្នុងពិភពលោកនោះឡើយ។ តែផ្ទុយទៅ វិញ ព្រះអង្គ បានប្រទានព្រះអង្គទ្រង់ដើម្បីឲ្យយើងអាចមាន “ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់”។
តើអ្វីជាបរិមាណនៃព្រះពរទាំងនេះ?
យើងមានគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ។ ដូចជាម៉ារាអ្នកភូមិបេថានីដែលបានបំបែកដបកែវដើម្បី បង្ហាញថានាងបានចាក់ប្រេងក្រអូប ទាំងអស់លើព្រះយេស៊ូវនោះ ព្រះវរបិតាដ៏ជាព្រះបានបើកចំហារ ស្ថានសួគ៌ហើយចាក់គ្រប់ទាំងព្រះពរខាងព្រលឹង វិញ្ញាណមកលើយើងទាំងអស់គ្នាដែរ។
តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នា បានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់
១:៤ តើអ្វីជាព្រះពរខាងព្រលឹងវិញ្ញាណទាំងនេះ?
ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ អ្នកគឺជាមនុស្សដែលពេញដោយព្រះពរលើសពីអ្វីដែលអ្នកអាចស្រមៃបាន ដោយព្រោះតែអ្វីដែលព្រះបានធ្វើសម្រាប់អ្នកលើសពីការដែលអ្នកបានដឹង។ ពីខទី ៣ដល់ខទី១៤ គឺជា ប្រយោគមួយនៅក្នុងភាសាក្រិច ដូចដែលលោកប៉ុលព្យាយាមនៅក្នុងការប្រាប់ពីគ្រប់យ៉ាងដែលព្រះបានធ្វើ សម្រាប់យើងទាំងអស់គ្នា។
ព្រះពរខាងព្រលឹងវិញ្ញាណដំបូងនោះគឺថាព្រះបានជ្រើសរើសយើងអោយបានបរិសុទ្ធ និងឥតកន្លែងបន្ទោស បាន។ ព្រះជាម្ចាស់មិនបានជ្រើសរើសសាសនាមួយដែលយើងត្រូវធ្វើដើម្បីសម្រេចបានភាពបរិសុទ្ធ នោះឡើយ។ ព្រះអង្គបានជ្រើសរើសយើង។ ព្រះអង្គបានសម្រេចព្រះទ័យថាយើងនឹងធ្វើជារាស្រ្តដ៏បរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានរបស់ព្រះអង្គ។ ការសម្រេចព្រះទ័យរបស់ព្រះអង្គមិនមែនដោយព្រោះតែអ្វី ដែលយើងបានធ្វើនោះឡើយ។ ការនេះពិតជាច្បាស់ខ្លាំងណាស់ដោយព្រោះតែព្រះអង្គបានជ្រើសរើសយើង “តាំងពីមុនកំណើតលោកីយមក”។ ដូច្នេះហើយ ព្រះទ្រង់បានជ្រើសរើសយើង មុនពេលដែលយើង បានធ្វើអ្វី មួយ។
ព្រះបានម្រេចព្រះទ័យចំពោះភាពបរិសុទ្ធនិងឥតកន្លែងបន្ទោសបាននៅក្នុងការរស់នៅរបស់យើងទាំងអស់គ្នា។ ការដែលធ្វើឲ្យបានបរិសុទ្ធមានន័យថាគឺត្រូវញែកចេញដាច់ដោយឡែកដោយព្រះជាម្ចាស់ដើម្បីឆ្លុះបញ្ចាំង ពីភាពល្អឥតខ្ចោះរបស់ព្រះអង្គ។ ការដែលគ្មានកន្លែងបន្ទោសបានមានន័យថា ដែលគ្មានស្លាកស្នាម (ដែលជា ដែលគ្មានកំហុស ឬអំពើបាបទាល់តែសោះ)។ ព្រះទ្រង់ជ្រាបថា គ្មានអ្នកណាម្នាក់ក្នុងចំណោម យើងធ្វើឲ្យបានបរិសុទ្ធនិងគ្មាន កន្លែងបន្ទោសបានដោយខ្លួ នយើងនោះឡើយ ដូច្នេះហើយ ព្រះអង្គបានជ្រើសរើសនៅក្នុងការដាក់យើងទៅក្នុងព្រះគ្រីស្ទ ហើយសម្រេចបាននូវភាពបរិសុទ្ធ និងគ្មានកន្លែងបន្ទោសបានតាមរយៈព្រះអង្គ។
ព្រះបានធ្វើឲ្យ ពួកអ្នកជឿបានបរិសុទ្ធតាមរយៈការសុគតរបស់ផងព្រះយេស៊ូវ (ហេព្រើរ ១០:១០)។ ឥលូវនេះ គឺជា បំណងព្រះហឫទ័យដែលយើងទាំងអស់គ្នា “នៅក្នុងព្រះគ្រីស្ទ” អាចបានដូចជាព្រះគ្រីស្ទ ហើយរស់នៅក្នុង ជីវិត ដែលបរិសុទ្ធដែលជាការឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះអង្គ (រ៉ូម ៨:២៩; ១ ពេត្រុស ១:១៥-១៦; អេភេសូរ ៥:២៥-២៧; កូឡូស ១:២២)។ ព្រះសម្រេចការនេះតាមរយៈកិច្ចការ នៃការញែកចេញជាបរិសុទ្ធរបស់ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដែលនៅក្នុងយើង (១ ថែស្សាឡូនីច ៥:២៣; ២ ថែស្សាឡូនីច ២:១៣) ដែលនឹងត្រូវបានសម្រេចពេលដែលព្រះយេស៊ូវយាងត្រឡប់ មកវិញជាលើកទីពីរ (១ យ៉ូហាន ៣:២)។
ការពិតដែលព្រះបានជ្រើសរើសយើង “តាំងពីមុនកំណើតលោកីយមក” មានន័យថាគ្មានពេលណាមួយ ដែលអ្នក មិនត្រូវបានជ្រើសរើសនោះឡើយ។ តាំងពីមុនកំណើតលោកីយមក កិច្ចការចម្បងរបស់ ព្រះជាម្ចាស់នោះមិនមែន ជាការបង្កើត កាឡាក់ស៊ីឬភពនោះឡើយ ប៉ុន្តែគឺជាការរៀបចំនូវព្រះពរ ខាងព្រលឹងវិញ្ញាណសម្រាប់ប្រជារាស្រ្ត របស់ព្រះអង្គដែលទ្រង់បានបង្កើតដោយផ្ទាល់។ ដូចដែល ឪពុកម្តាយរៀបចំអំណោយសម្រាប់កូនៗ របស់ខ្លួនមុន ពេលដែលពួកគេចាប់កំណើតយ៉ាង ដូច្នោះដែរ ព្រះបានរៀបចំព្រះពរខាងព្រលឹងវិញ្ញាណសម្រាប់យើងទាំងអស់គ្នា តាំងពីមុនពេលដែលព្រះអង្គបង្កើត ពិភពលោកមកម្ល៉េះ។
ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារ ព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់
១:៥ ព្រះពរខាងព្រលឹងវិញ្ញាណទីពីរដែលយើងមាននៅក្នុងព្រះគ្រីស្ទគឺជាភាពជាកូនចិញ្ចឹម។ ភាពជាកូន ចិញ្ចឹមគឺជាកិច្ចការរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានប្រទានដល់រាស្រ្តរបស់ព្រះអង្គនូវឋានៈ និងសិទ្ធជាកូន ម្នាក់របស់ព្រះជាម្ចាស់ (រ៉ូម ៨:១៥, ៨:២៣, ៩:៤; កាឡាទី ៤:៥; អេភេសូរ ១:១៥)។ ការដែលទទួលជាកូនចិញ្ចឹម មានន័យថា អ្នកជាអ្នកគ្រងមរតកនៃព្រះ ជាសមាជិកនៃគ្រួសារនៃព្រះ ដែលមានព្រះជាម្ចាស់ជាព្រះវរបិតា របស់អ្នក។
ព្រះ “បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម”។ បានដំរូវទុកជាមុន (προορίσας) មានន័យថា ‘ដៅចំណាំទុកជាមុន’។ ការនេះប្រាប់យើងថាព្រះជាម្ចាស់បានសម្រេចព្រះទ័យ ធ្វើអោយមានការទទួលយើងជាកូនចិញ្ចឹមជាយូរណាស់មកហើយមុនដែលការនេះកើតមានឡើងទៅទៀត។ ដូចដែលយើងបានឃើញ គម្រោងរបស់ព្រះជាម្ចាស់គឺ “តាំងពីមុនកំណើតលោកីយមក”។ ផ្នែកមួយ នៃគម្រោង នេះគឺថាព្រះអង្គទ្រង់នឹងទទួល ឲ្យបានធ្វើជាកូនចិញ្ចឹមដល់គ្រប់ទាំងសមាជិកនៃគ្រួសារ របស់ព្រះអង្គ។ ភាពជាកូនចិញ្ចឹមរបស់យើងគឺ “តាមបំណងព្រះហឫទ័យទ្រង់”។ ពាក្យដែលបកប្រែមកថា “បំណង” ត្រង់នេះ (εὐδοκία ដែលមានន័យថា ‘អ្វីដែលអ្នកគិតថាល្អ’)។ បង្ហាញថាព្រះទ្រង់ សព្វព្រះហឫទ័យនៅក្នុងការទទួល យើងជាកូនចិញ្ចឹម។ ពាក្យនេះបង្ហាញពីសេចក្តីអំណរនៅក្នុងការ ដែលទទួលយើងជាកូនចិញ្ចឹមចំពោះព្រះអង្គ។
តាមរយៈការរៀបរាប់ពីអ្វីដែលព្រះបានធ្វើសម្រាប់យើង ដូចជាការ “ទទួលជាកូនចិញ្ចឹម” នេះ លោកប៉ុលជួយ ដល់ពួកអ្នកជឿអោយបានទទួលស្គាល់ពីសេចក្តីពិតមួយចំនួនអំពីទំនាក់ទំនងថ្មី ជាមួយនឹង ព្រះជាម្ចាស់។
ដំបូងបំផុត ការដែលទទួលជាកូនចិញ្ចឹមគឺជាការដែលយកអ្នកណាម្នាក់ដែលមិនមែនជាគ្រួសាររបស់អ្នក ហើយនាំ គេចូលមកក្នុងគ្រួសាររបស់អ្នកក្នុងនាមជាកូនរបស់អ្នក។ នេះជាអ្វីដែលព្រះបានធ្វើសម្រាប់ អស់ពួកអ្នកដែលជឿ។ មនុស្សមិនមែនមានភាពជាកូនរបស់ព្រះនៅក្នុងលក្ខណៈធម្មជាតិនោះឡើយ តែផ្ទុយទៅវិញយើងបានត្រឡប់ជា កូនព្រះតាមបំណងព្រះហឫទ័យនៃព្រះវរបិតាវិញ (យ៉ូហាន ១:១២-១៣)។
ទីពីរ វាពិតជាមានការលំបាកនិងចំណាយថ្លៃណាស់នៅក្នុងការទទួលកូនចិញ្ចឹមនៅក្នុងច្បាប់របស់រ៉ូម៉ាំង។ ស្រដៀងគ្នានេះដែរ វាពិតជាលំបាកនិងចំណាយថ្លៃយ៉ាងច្រើនសម្រាប់ព្រះនៅក្នុងការនាំយកយើងចូ លទៅក្នុងគ្រួសាររបស់ព្រះអង្គ។ ថ្លៃនោះគឺជាការសុគតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង។
ទីបី ការដែលទទួលយកកូនចិញ្ចឹមនៅក្នុងសាសន៍រ៉ូមគឺជារៀងរហូត។ គ្មានផ្លូវណាមួយដែលអ្នកណាម្នាក់ អាច លុបចោលភាពជាកូនចិញ្ចឹមនោះឡើយ។ ចំនុចនេះឆ្លុះបង្ហាញពីសុវត្ថិភាពដែលយើងមាននៅក្នុង ទំនាក់ទំនង ជាមួយនឹងព្រះជាម្ចាស់។ ព្រះបានបង្កើតអោយមានការរួបរួមជាមួយនឹងយើងទាំងអស់គ្នា ដែលគ្មានអ្វីមួយ និងអ្នកណាម្នាក់អាចបំបែកបាននោះឡើយ (យ៉ូហាន ១០:២៧-២៩; រ៉ូម ៨:៣៨-៣៩)។
ទីបួន យោងតាមច្បាប់របស់រ៉ូម៉ាំង ការទទួលជាកូនចិញ្ចឹមធ្វើអោយអ្នកប្រែក្លាយជាមនុស្សថ្មី។ រាល់ទាំងបំណុល របស់អ្នកត្រូវបានលុបចោល ហើយអ្នកត្រូវបានសម្រេចអោយរួចខ្លួនពីបទឧក្រិដ្ឋណា មួយដែលអ្នកបានប្រព្រឹត្ត។ នេះជាអ្វីដែលព្រះបានធ្វើសម្រាប់យើងទាំងអស់គ្នា។ ព្រះអង្គបានប្រទានជីវិតថ្មី មួយដល់យើងដែលមាន អត្តសញ្ញាណថ្មីមួយ ហើយពេលនេះយើងរួចពីបំណុលនិងទណ្ឌកម្មនៃអំពើបាប ទាំងអស់របស់យើង។
ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់
១:៦ គ្រប់ការទាំងអស់នេះធ្វើឲ្យយើងសរសើរព្រះអង្គចំពោះសិរីល្អនៃព្រះគុណទ្រង់។ ព្រះគុណនេះ ត្រូវបានផ្តល់ ឱ្យយើងដោយសេរីនៅក្នុង "ព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់" នោះគឺនៅក្នុងព្រះយេស៊ូវ (ម៉ាថាយ ៣:១៧, ១៧:៥)។ សូមចំណាំពីហេតុទាំងបីនៃការសុំកូនចិញ្ចឹមរបស់យើង។ ការសុំកូនចិញ្ចឹម របស់យើងគឺ
(១) តាមបំណងព្រះហឫទ័យនៃព្រះវរបិតា
(២) សម្រេចបានតាមរយៈកិច្ចការរបស់ព្រះយេស៊ូវ និង
(៣) ដើម្បីឲ្យបានសរសើរដល់សិរីល្អនៃព្រះគុណនៃព្រះ។
ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់
១:៧ ព្រះពរខាងព្រលឹងវិញ្ញាណបន្ទាប់ដែលយើងមាននៅក្នុងព្រះគ្រីស្ទគឺជា សេចក្តីប្រោសលោះ។ សេចក្តីប្រោសលោះគឺជាការប្រោសអោយរួចពីចំណងដែលត្រូវបានសម្រេចដោយការបង់ថ្លៃលោះ (ម៉ាថាយ ២០:២៨; ទីតុស ២:១៣-១៤; ១ ពេត្រុស ១:១៨)។ មានន័យថាអ្នកណាម្នាក់បានបង់ថ្លៃនៅក្នុងការទិញ សេរីភាពរបស់អ្នក។ ពាក្យដែលប្រើនៅក្នុងការបង់ថ្លៃលោះសម្រាប់ទាសករ អ្នកទោសសង្រ្គាម ឬអ្នកទោស ដែលត្រូវទោសស្លាប់ម្នាក់។ នៅក្នុងហេតុការណ៏និមួយៗ នេះគឺដើម្បីជួយសង្គ្រោះអ្នកណាម្នាក់ពីស្ថានភាព ដ៏អស់សង្ឃឹម ដែលពួកគេគ្មានអំណាចនៅក្នុងការសង្រ្គោះខ្លួនគេ។ ការប្រោសលោះនេះត្រូវបានសម្រេច ដោយអ្នកប្រោសលោះម្នាក់ដែលបានទិញសេរីភាពរបស់ពួកគេ។
គំរូនៃការប្រោសលោះនៅក្នុងព្រះគម្ពីរសញ្ញាចាស់នៅពេលដែលព្រះប្រោសលោះប្រជារាស្រ្តរបស់ព្រះអង្គពី ទាសករភាពនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះបានសម្រេចការនេះតាមរយៈឈាមនៃកូនចៀមបុណ្យរំលង ដែលបានការពារប្រជារាស្រ្តរបស់ព្រះអង្គ។ ថ្ងៃបន្ទាប់ពួកគេត្រូវបានប្រោសឲ្យរួចពីទាសករភាព។ ចំនុចនេះ ចង្អុរបង្ហាញពីការប្រោសលោះដែលព្រះនឹងសម្រេចសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គតាមរយៈព្រះគ្រីស្ទ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ការប្រោសលោះគឺជាកិច្ចការរបស់ព្រះក្នុងការរំដោះមនុស្សឲ្យរួចពីភាពជាទាសករ នៃអំពើបាប ដើម្បីប្រែក្លាយជាប្រជារាស្រ្តរបស់ព្រះអង្គ ហើយជាថ្មីម្តងទៀតការនេះបានសម្រេចដោយសារ ព្រះលោហិតនេះ កូនចៀម។
ការប្រោសលោះគឺជាកិច្ចការដ៏អស្ចារ្យបំផុតរបស់ព្រះ ដែលវាស់វែងដោយតម្លៃដែលទ្រង់បានបង់សម្រាប់ ការនោះ។ ថ្លៃនោះសម្រាប់ការប្រោសលោះរបស់យើងគឺជាព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជា ការសុគតរបស់ព្រះអង្គ។ ការសុគតរបស់ព្រះយេស៊ូវគឺជាការបង់ថ្លៃលោះ ដ៏ពេញលេញនៃអំពើបាបរបស់ ពិភពលោក (១យ៉ូហាន ២:១-២)។ នៅក្នុងការដែលប្រទានព្រះជន្មរបស់ព្រះអង្គនោះ ព្រះយេស៊ូវបានទិញមនុស្សពីភាពជា ទាសករនៃអំពើបាប ហើយពេលនេះយើងជាកម្មសិទ្ធរបស់ព្រះអង្គ (យ៉ូហាន ៨:៣៤; រ៉ូម ៦:១៦; ១កូរិនថូស ៦:១៩-២០;១ ពេត្រុស ១:១៨-១៩)។
សេចក្តីប្រោសលោះគឺជាអ្វីដែលព្រះបានធ្វើសម្រាប់យើង ការអត់ទោសគឺជាអ្វីដែលព្រះបានធ្វើសម្រាប់អំពើ បាបរបស់យើង។ ព្រោះតែព្រះយេស៊ូវបានប្រោសលោះយើងដោយព្រះលោហិតរបស់ព្រះអង្គអំពើបាប របស់យើងត្រូវបានអត់ទោសឲ្យ (ហេព្រើរ ៩:២២)។ ពាក្យនៅក្នុងភាសាក្រិចសម្រាប់ការ “អត់ទោស” (ἄφεσιν) មានន័យថា “បញ្ជូនទៅឲ្យឆ្ងាយ”។ ការអត់ទោសមានន័យថាព្រះបានបញ្ជូនអំពើបាប ចេញឲ្យឆ្ងាយពី មនុស្សមានបាប។ ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង (ទំនុកដំកើង ១០៣: ១២)។ ព្រះបានសម្រេចការអត់ទោសដោយការផ្ទេរអំពើបាបរបស់យើងទៅលើព្រះគ្រីស្ទនៅលើឈើឆ្កាង ហើយជំនុំជំរះអំពើបាបនៅទីនោះ។ នៅពេលដែលមនុស្សម្នាក់ទទួលយកព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះនោះ គាត់ត្រូវបាន អត់ទោសដោយព្រោះតែការផ្ទេរអំពើបាបនេះ។
ការរំលងគឺជាការដែលទៅកន្លែងណាដែលអ្នកមិនគួរទៅ។ គ្រប់ពេលវេលានៅក្នុងជីវិតរបស់យើង នៅពេល ដែលយើងបានធ្វើអ្វីមួយដែលយើងមិនគួរធ្វើនោះ វាគឺជាការរំលង។ ប៉ុន្តែដោយយោងតាមព្រះគុណ ដ៏បរិបូរនៃព្រះ យើងត្រូវបានអត់ទោសរាល់សេចក្តីរំលង។
ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់
១:៨ ព្រះបាន “បង្ហូរ” ព្រះគុណមកលើយើង។ សូមនឹកចាំពីសេចក្តីបរិសុទ្ធ ហើយនឹងចំនុចដែលរកកន្លែ ងបន្ទោសមិនបានរបស់យើងនោះគឺដោយព្រោះតែ “ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ” ភាពជាកូន ចិញ្ចឹមរបស់យើងគឺ “តាមបំណងព្រះហឫទ័យទ្រង់” ការប្រោសលោះរបស់យើងគឺ “ដោយសារព្រះ លោហិតទ្រង់” ហើយការអត់ទោសចំពោះសេចក្តីរំលងរបស់យើងគឺ “តាមព្រះគុណដ៏ធ្ងន់ក្រៃលែង នៃទ្រង់”។ ច្បាស់ណាស់ថា ព្រះពរខាងព្រលឹងវិញ្ញាណដែលយើងទទួលបានគឺជាកិច្ចការរបស់ ព្រះជាម្ចាស់ទាំងស្រុងដោយសារព្រះគុណ បំណងព្រះហឫទ័យ និងការសម្រេចរបស់ព្រះអង្គ។
ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់ បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង
១:៩ ព្រះពរខាងព្រលឹងបន្ទាប់ទៀតគឺជាការបើកសំដែង។ ព្រះជាម្ចាស់បានបើកសំដែងអោយយើងរាល់គ្នា បានដឹង “សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់” ដើម្បីឲ្យយើងបានដឹងពីគម្រោងការរបស់ព្រះអង្គ ហើយបានចូលរួមនៅក្នុងគម្រោងការនោះ។
១:១០ តើអ្វីជាគម្រោងការរបស់ព្រះ? គម្រោងការនោះគឺដើម្បីបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង។ ព្រះជាម្ចាស់កំពុងធ្វើការបង្កើតថ្មី ដែលមានព្រះគ្រីស្ទ ជាសិរសា (១:២២-២៣)។ នឹងមានផ្ទៃមេឃថ្មីនិងផែនដីថ្មីមួយ ហើយពិភពលោកថ្មីនេះ នឹងត្រូវបង្រួបបង្រួមនៅក្នុងព្រះគ្រីស្ទ (វិវរណៈ ២១)។
ឲ្យរួមគ្នាមកក្នុងទ្រង់ ដែលយើងរាល់គ្នាបានកេរ្តិ៍អាករក្នុងទ្រង់ដែរ ដោយទ្រង់បានដំរូវយើងទុកជាមុន តាមដំរិះសំរេចរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់ តាមដែលគាប់ព្រះហឫទ័យទ្រង់ ប្រយោជន៍ឲ្យយើងខ្ញុំ ដែលបានទុកចិត្តជឿដល់ព្រះគ្រីស្ទជាមុន បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់
១:១១-១២ ព្រះប្រើ "ប្រាជ្ញា នឹងដំរិះសព្វគ្រប់" នៅក្នុងការកំណត់បំណងព្រះហឫទ័យរបស់ព្រះអង្គ (ខ៨)។ បន្ទាប់មក ព្រះអង្គធ្វើការគ្រប់ទាំងអស់ស្របតាមបំណងព្រះហឫទ័យទ្រង់។ ដូច្នេះហើយគ្រប់យ៉ាង ដែលព្រះគ្រោង ទុកកើតឡើងត្រឹមត្រូវតាមគម្រោងទាំងនោះ ហើយគ្រប់ទាំងបំណងព្រះហឫទ័យ របស់ព្រះសម្រេចគ្រប់ទាំងអស់ (អេសាយ ៤៦:៩-១១, ៥:១១)។
យោងតាមបំណងព្រះហឫទ័យដ៏អស់កល្បរបស់ព្រះអង្គ ព្រះជាម្ចាស់បានដំរូវពួកអ្នកជឿសាសន៍យូដា ទុកជាមុន អាចនឹងមានកេរមរតក (“កេរ្តិ៏អាករ”) ហើយនិងជា “បានសំរាប់នឹងសរសើរដល់សេរីល្អទ្រង់”។ “កេរ្តិ៏អាករ” របស់គេនោះគឺជាទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ក្នុងនាមជារាស្រ្តរបស់ព្រះអង្គ ហើយគ្រប់ទាំងសេចក្តីសន្យា និងព្រះពរដែលព្រះអង្គបានប្រទាន។ នៅពេលដែលលោកប៉ុលកត់ត្រា “យើង” នៅក្នុងខទាំងពីរនេះ គឺផ្តោតទៅពួកអ្នកជឿដែលជាសាសន៍យូដា។ ពួកគេ “បានទុកចិត្តជឿដល់ ព្រះគ្រីស្ទជាមុន” ក្នុងពេលដែលពួកគេរង់ចាំការយាងមករបស់ព្រះមេស៊ីអស់ រយៈពេលជាច្រើនសតវត្ស ចាប់តាំងពីក្នុងជំនាន់ ពួកហោរា។
ឯអ្នករាល់គ្នា ក៏បានឮព្រះបន្ទូលនៃសេចក្ដីពិត គឺជាដំណឹងល្អពីសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោ យសារទ្រង់ដែរ ហើយកាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរ្តិ៍អាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សំរាប់ជាសេចក្ដីសរសើរដល់ សិរីល្អនៃទ្រង់។
១:១៣ បន្ទាប់មក គម្រោងការរបស់ព្រះនោះគឺជាការរាប់បញ្ចូល “អ្នករាល់គ្នា” (ដែលជា ពួកសាសន៍ដទៃ)។ ពួកអ្នកជឿនៅក្នុងក្រុងអេភេសូ (ដែលភាគច្រើនសុទ្ធតែជាពួកសាសន៍ដទៃ) ដែលត្រូវបានរាប់បញ្ចូលនៅក្នុង ព្រះគ្រីស្ទពេលដែលពួកគេបានឮដំណឹងល្អហើយទទួលជឿលើព្រះគ្រីស្ទ។ ពួកអ្នកជឿសាសន៍ដទៃពេលនេះ មានកេរ្តិ៏អាករពីព្រះដូចគ្នាដែរ។ ពេលនេះយើងទាំងអស់គ្នាត្រូវបាន រាប់បញ្ចូលថាជាប្រជារាស្រ្តរបស់ផងព្រះ យើងមានទំនាក់ទំនងជាមួយនឹងព្រះ ហើយមានសេចក្តីសន្យា និងព្រះពរដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ក៏ជារបស់ផងយើងដែរ។
នៅពេលដែលយើងជឿដល់ព្រះអង្គ ព្រះទ្រង់ “ដៅចំណាំ” (ἐσφραγίσθητε) យើងដោយព្រះ វិញ្ញាណបរិសុទ្ធ (២ កូរិនថូស ១:២១-២២)។ ពាក្យនៅក្នុងភាសាក្រិចសំដៅលើត្រា ឬសញ្ញារបស់ មនុស្សម្នាក់ដែលបានបោះលើ ឯកសារដើម្បីបញ្ជាក់ថាឯកសារនោះពិតប្រាកដ។ ការដែលអ្នកបោះត្រាលើ អ្វីមួយនោះគឺជារបៀបដែលបង្ហាញថា វាជាការពិត ហើយអ្នកបានធ្វើការបញ្ជាក់យល់ព្រម។ ត្រាក៏បានបង្ហាញពីភាពជាម្ចាស់ផងដែរ។ នៅពេលអីវ៉ាន់ ត្រូវបាននាំមក ដើម្បីធ្វើការដឹកជញ្ជូន អីវ៉ាន់ទាំងនោះមានត្រាបោះពីលើដែលជាត្រារបស់ម្ចាស់អីវ៉ាន់នោះ ដើម្បីបង្ហាញថា អីវ៉ាន់ទាំងនោះជាក ម្មសិទ្ធរបស់អ្នកណា។ ការនេះផ្តល់ឲ្យនូវ សុវត្ថិភាព និងការការពារ ចំពោះអីវ៉ាន់ទាំងអស់នោះ។ គ្មានអ្នកណាម្នាក់អាចលួចអីវ៉ាន់នោះបានឡើយ បើទោះបីជាមានគេលួចក៏ដោយ ត្រានោះបង្ហាញយ៉ាង ច្បាស់ថា គេមិនមែនជាម្ចាស់ពិតប្រាកដនោះឡើយ។
ដូច្នេះហើយគំនិតដែលបង្ហាញថាយើងត្រូវបានដៅចំណាំនោះគឺថាព្រះបានដាក់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើងដែលជាត្រា ឬសញ្ញាផ្ទាល់របស់ព្រះអង្គក្នុងការបញ្ជាក់ថាយើងជាកម្មសិទ្ធរបស់ព្រះអង្គ ហើយសេចក្តីប្រោសលោះរបស់យើង (ដែលជា ការដែលព្រះអង្គបានទិញយើង) គឺពិតប្រាកដ និងសុវត្ថិភាព។ នៅពេលដែលព្រះដាក់ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គនៅក្នុងអ្នក នោះជាការបញ្ជាក់ ថាអ្នកគឺជាកម្មសិទ្ធរបស់ព្រះអង្គ ហើយបានប្រោសលោះឲ្យរួចដោយសារព្រះអង្គ។
១:១៤ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនអ្នក គឺជាទីបញ្ចាំចិត្តថាអ្នកមានកេរ្តិ៏អាករមួយ (២ កូរិនថូស ៥:៤-៥; ១ ពេត្រុស ១:៣-៤)។ ពាក្យសម្រាប់ “ទីបញ្ចាំចិត្ត” (ἀρραβὼν) គឺជារបៀបដែលពួកអ្នកជំនួញ ប្រើនៅពេលដែល អតិថិជនណាម្នាក់ផ្តល់ប្រាក់មួយចំនួនជាប្រាក់កក់។ នៅពេលដែលទទួលបានប្រាក់កក់ ហើយនោះ វាបង្កើតបាន ជាកិច្ចសន្យាស្របច្បាប់មួយដែលធានាថាការជួញដូរ នឹងត្រូវបានសម្រេច នៅក្នុងពេលខាងមុខ។ នៅក្នុងភាសា ក្រិចសម័យទំនើប ពាក្យ (ἀρραβὼν) ប្រើសម្រាប់ជញ្ជៀន ភ្ជាប់ពាក្យ ដែលជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ និងការប្តេជ្ញា នៅក្នុងការរៀបការជាមួយអ្នកណាម្នាក់ នាពេលខាងមុខ។ នេះជាអត្ថន័យនៃព្រះវិញ្ញាណបរិសុទ្ធ សម្រាប់ពួកអ្នកជឿ ជាការបញ្ចាំចិត្ត ដែលព្រះបានប្រទានឲ្យយើងក្នុងពេលនេះ ដែលបញ្ជាក់ពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយនឹងការប្តេជ្ញា ចំពោះយើងទាំងអស់គ្នា ដូច្នេះហើយដើម្បីឲ្យយើងបានដឹងប្រាកដថាយើង នឹងបានទទួលនូវកេរ្តិ៏អាករ ដ៏ពេញលេញនៅក្នុងពេលខាងមុខ។
សូមពិចារណាពីចំនុចនេះ ប្រសិនបើការបញ្ចាំចិត្តគឺជាព្រះវិញ្ញាណបរិសុទ្ធ នោះមរតកដ៏ពេញលេញនោះ កាន់តែវិសេសទៅទៀត! មរតករបស់យើងគឺជាជីវិតអស់កល្បជានិច្ចជាមួយនឹងព្រះជាម្ចាស់។ ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមកយើងទាំងអស់គ្នាក្នុងពេលនេះជាការធានាអះអាងថាថ្ងៃ មួយមរតកដ៏ពេញលេញជាជីវិតអស់កល្បជានិច្ចនឹងបានជារបស់យើង។ ដូច្នេះហើយ ព្រះពរខាងព្រលឹង វិញ្ញាណ ចុងក្រោយនៅក្នុងផ្នែកនេះគឺជា ការធានាអះអាងពីសេចក្តីសង្រ្គោះ។ អ្នកជឿម្នាក់ៗ មានការធានាអះអាងចំពោះ សេចក្តីសង្រ្គោះ។ ហេតុអ្វី? ដោយព្រោះតែការធានាអះអាចនោះគឺជា ព្រះវិញ្ញាណបរិសុទ្ធនៃព្រះ!
ព្រះជាម្ចាស់បានប្រោសលោះយើងដោយព្រះលោហិតនៃព្រះរាជបុត្រាព្រះអង្គ (ខ៤) ហើយពេលនេះ យើងគឺជា រាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ (កិច្ចការ ២០:២៨; ១ ពេត្រុស ២:៩) ព្រះជាម្ចាស់ទ្រង់នឹងទាមទារយកកេរ្តិ៍អាកររបស់ ព្រះអង្គនៅក្នុងថ្ងៃប្រោសលោះ ដែលជាថ្ងៃ ដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ ហើយយើងនឹងបានសិរីល្អ (អេភេសូ ៤:៣០; ១ ពេត្រុស ១:៥;រ៉ូម ៨:២២-២៣)។ នៅក្នុងថ្ងៃនោះ បំណងព្រះហឫទ័យនៃព្រះចំពោះ ប្រជារាស្រ្តរបស់ព្រះអង្គ នឹងត្រូវបានសម្រេច។ យើងរាល់គ្នាមិនអាចយល់បានពេញលេញអំពីអត្ថន័យ យ៉ាងណាទៅកាន់ព្រះនោះទេ ដែលឃើញពីបំណងព្រះហឫទ័យព្រះអង្គបានសម្រេចនោះឡើយ។ ការដែលបានឃើញមនុស្សមានបាប ត្រូវបាន ប្រោសលោះដោយសារព្រះគុណព្រះអង្គ ឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះអង្គ ជាភាពបរិសុទ្ធ និងឥតកន្លែង បន្ទោសបាន ដូចជាព្រះអង្គបានសម្រេចឲ្យយើងទាំងអស់គ្នាតាំងពីមុនកំណើតពិភពលោក!
ចំនុចនេះជាចុងបញ្ចប់នៃផ្នែកទីមួយនៃសេចក្តីសំបុត្រនេះ។ លោកប៉ុលបានប្រាប់យើងពីគម្រោងរបស់ ព្រះជាម្ចាស់សម្រាប់យើង ដែលព្រះអង្គកំពុងសម្រេចតាមរយៈព្រះយេស៊ូវ។ ការនោះបានចាប់ផ្តើម នៅពេលដែល ព្រះជ្រើសរើសយើង តាំងពីមុនកំណើតពិភពលោកឲ្យបានធ្វើជាកូនដែលបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន របស់ព្រះអង្គ (ខ៤) រួមបញ្ចូលទាំងសេចក្តីប្រោសលោះ និងការអត់ទោស ដែលយើងទទួលបានក្នុងពេលនេះ តាមរយៈកិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង (ខ៧) ហើយសម្លឹងមើលទៅខាងមុខចំពោះការរួបរួមគ្រប់ ទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅលើផែនដីនៅ ក្នុងព្រះគ្រីស្ទ (ខ១០) ការដែលមានព្រះវិញ្ញាណបរិសុទ្ធជា ការធានាអះអាងដែលថាយើង នឹងបានជាផ្នែក មួយនៃការបង្កើតថ្មីនោះ។ បំណងព្រះហឫទ័យនៃព្រះ ត្រូវបានលើកឡើងចំនួនបីដងនៅក្នុងខគម្ពីរ ទាំងនេះ គឺទាំងអស់ដើម្បីឲ្យ “សរសើរដល់សិរីល្អនៃទ្រង់” (ខ៦, ១២, ១៤)។
១:១៥-២៣ សេចក្តីអធិស្ឋានរបស់លោកប៉ុលសម្រាប់អ្នកក្រុងអេភេសូរ លោកប៉ុលបានចាប់ផ្តើមដោយ ការសរសើរដំកើងព្រះដោយព្រោះតែព្រះអង្គបានប្រទានដល់ពួកជំនុំ រាល់ទាំង ព្រះពរខាងព្រលឹងវិញ្ញាណ។ ពេលនេះគាត់អធិស្ឋានសម្រាប់ពួកជំនុំ ដើម្បីឲ្យបានយល់ ពីអ្វីគ្រប់យ៉ាងដែលព្រះ បានធ្វើសម្រាប់យើងទាំងអស់គ្នា។
ដោយហេតុនោះ កាលខ្ញុំឮនិយាយពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាមាន ដល់ព្រះអម្ចាស់យេស៊ូវ ហើយនឹងពី សេចក្ដីស្រឡាញ់ ដែលមានដល់ពួកបរិសុទ្ធទាំងអស់គ្នា នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នា ឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំវិញ ដើម្បីនឹងសូមឲ្យព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យ មានប្រាជ្ញា ហើយក៏បើកសំដែង ឲ្យដឹងពីដំណើរស្គាល់ទ្រង់
១:១៥-១៦ លោកប៉ុលបានធ្វើព័ន្ធកិច្ចនៅក្នុងក្រុងអេភេសូរយៈពេលជិតបីឆ្នាំ។ សេចក្តីសំបុត្រនេះ ត្រូវបានកត់ ត្រាប្រហែលជា៥ឆ្នាំក្រោយមក។ ពួកបរិសុទ្ធគួរតែមានសេចក្តីជំនឿនៅក្នុងព្រះយេស៊ូវ ហើយមានសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក។ ដូច្នេះហើយ លោកប៉ុលអរព្រះគុណព្រះដោយ ព្រោះតែពួកជំនុំដែលគាត់បានចាប់ផ្តើម នៅក្នុងក្រុងអេភេសូរមានសេចក្តីជំនឿ និងសេចក្តីស្រឡាញ់។
១:១៧ លោកប៉ុលបន្តនៅក្នុងសេចក្តីអធិស្ឋានដើម្បីសុំឲ្យព្រះបានប្រទានប្រាជ្ញាដល់ពួកគេនិងការបើក សំដែងនៃ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ដើម្បីឲ្យពួកគេបានដឹងពីព្រះថាព្រះអង្គជាយ៉ាងណា គឺព្រះអង្គជា “ព្រះវរបិតាដ៏ មានសិរីល្អ”។
ដើម្បីឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នា បានភ្លឺឡើង ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅអ្នករាល់គ្នា នោះមាន សេចក្ដីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង
១:១៨ នៅពេលដែលយើងទទួលបានចំណេះដឹងនិងការបើកសំដែងដោយព្រះវិញ្ញាណបរិសុទ្ធនោះ “ភ្នែក ចិត្តរបស់យើងទាំងអស់គ្នា” នឹងបានយល់ដឹង។ នៅពេលដែលការនេះកើតមានឡើង យើងនឹងបានស្គាល់
(១) សេចក្តីសង្ឃឹមដែលព្រះបានត្រាស់ហៅយើង
(២) សិរីល្អដ៏ប្រសើរក្រៃលែងនៃមរតករព្រះអង្គនៅក្នុងពួកបរិសុទ្ធ និង
(៣) ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿ
សេចក្តីសង្ឃឹមដែលព្រះបានត្រាស់ហៅយើង
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សេចក្តីសង្ឃឹមគឺជាការរំពឹងទុកនូវអ្វីមួយដែលប្រាកដ ដែលមិនទាន់បានឃើញនៅ ឡើយ។ ពួកអ្នកជឿមានសេចក្តីសង្ឃឹមយ៉ាងជាក់ច្បាស់ពីអនាគតដ៏ល្អប្រសើ។
-
ព្រះបានត្រាស់ហៅយើងឲ្យបានមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់ (១ថែស្សាឡូនីច ២:១២)
-
ព្រះយេស៊ូវនឹងយាងត្រឡប់មកផែនដីវិញមកសោយរាជ្យ (ទីតុស ២:១៣; វិវរណៈ ១១:១៥)
-
យើងនឹងបានរស់ឡើងវិញជាមួយនឹងរូបកាយខាងព្រលឹងវិញ្ញាណដែលមិនចេះពុករលួយឡើយ (១ កូរិនថូស ១៥:៤២-៤៤)
-
យើងនឹងទទួលបានសិរីល្អជាមួយនឹងព្រះគ្រីស្ទនៅពេលដែលយើងបានឃើញព្រះអង្គ ហើយនឹងបានផ្លាស់ប្រែ ទៅដូចជាព្រះអង្គ (១ យ៉ូហាន ៣:២; រ៉ូម៨:២៩; កូឡូស ៣:៤)
-
យើងនឹងទទួលបានជីវិតអស់កល្បជានិច្ច (ទីតុស ៣:៥-៦) នៅក្នុងពិភពលោកមួយដែល គ្មានសេចក្តីស្លាប់ ការយំសោក ស្រែកយំឬការឈឺចាប់ (វិវរណៈ ២១:៤) ជាមួយនឹង ព្រះជារៀង រហូត (វិវរណៈ២២:៣-៥)
នេះជាសេចក្តីសង្ឃឹមដែលព្រះបានត្រាស់ហៅអ្នក។ លោកប៉ុលអធិស្ឋានសូមអោយអ្នកបានដឹងពីការនេះ។ តើអ្នកមានសេចក្តីសង្ឃឹមនេះដែរទេ?
សិរីល្អដ៏ប្រសើរក្រៃលែងនៃមរតកព្រះអង្គនៅក្នុងពួកបរិសុទ្ធ លោកប៉ុលចង់អោយអ្នកអានសេចក្តីសំបុត្ររបស់គាត់បានស្គាល់ពីមរតករបស់គេ (អេភេសូ ១:១៤; កូឡូស ១:១២, ៣:២៤; ហេព្រើរ ៩:១៥; ១ ពេត្រុស ១:៣-៤)។ សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់ត្រូវបាន ប្រទានដល់ប្រជារាស្រ្តរបស់ព្រះអង្គ (រ៉ូម ៩:២៣; អេភេសូ ៣:១៤-១៦; ភីលីព ៤:១៩; កូឡូស ១:២៧)។ មរតករបស់យើងគឺថាយើងនឹងទទួលបានសិរីល្អពេលដែល ព្រះយេស៊ូវយាងត្រឡប់មកវិញហើយរីករាយ ក្នុងជីវិតអស់កល្បជានិច្ចជាមួយព្រះជារៀងរហូត (រ៉ូម ៨:២១, ៨:២៩-៣០; ២ថែស្សាឡូនីច ២:១៤)។ ដូច្នេះហើយ មរតករបស់យើងនោះគឺការនៅជាមួយព្រះ ហើយមរតករបស់ព្រះគឺជាយើងទាំងអស់គ្នា! យើងទាំងអស់គ្នា គឺជាកម្មសិទ្ធិ (កេរ្តិ៍អាករ) របស់ព្រះ ហើយព្រះអង្គនឹងយកយើងធ្វើជា រាស្រ្តរបស់ព្រះអង្គជារៀងរហូត។ ដូច្នេះហើយ ព្រះអង្គជ្រើសរើសធ្វើឲ្យយើងបានរុងរឿង។ កាលណា យើងកាន់តែរុងរឿង ដោយសារព្រះចេស្ដារបស់ព្រះ សិរីល្អនៃទ្រព្យសម្បត្តិរបស់ព្រះជាម្ចាស់កាន់កើនឡើង តែខ្លាំងថែមទៀត!
ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ ជាព្រះចេស្តាដែលទ្រង់បានសំដែងចេញ ដោយប្រោសព្រះគ្រីស្ទ ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រមទាំងតាំងឲ្យគង់ខាងស្តាំទ្រង់នៅស្ថានដ៏ខ្ពស់
១:១៩-២០ ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿ
លោកប៉ុលចង់ឲ្យអ្នកអានសេចក្តីសំបុត្ររបស់គាត់បានស្គាល់ពីអ្វីដែលព្រះចេស្តានៃព្រះដែលបានសម្រេចនៅក្នុងជីវិតរបស់ពួកគេ (គាត់ពន្យល់ពី ចំនុចនេះនៅក្នុង ២:១-១០)។ ព្រះចេស្តាដ៏លើសលន់នៃព្រះគឺខ្ពស់ ហើយ លើសអស់ទាំងអំណាចគ្រប់ទាំងអស់។ ព្រះចេស្តានោះខ្ពស់លើសលន់ដែលមិនអាចវាស់ស្ទង់បាន។
ព្រះចេស្តានៃព្រះត្រូវបានបង្ហាញនៅក្នុងការរស់ពីសុគតឡើងវិញនិងការយាងទៅស្ថានសួគ៌វិញរបស់ព្រះយេស៊ូវ។ព្រះបានប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញ ហើយក្រោយមក ៤០ ថ្ងៃព្រះអង្គបានលើក ទ្រង់ឡើងទៅ ស្ថានសួគ៌ឲ្យបានគង់ខាងស្តាំនៃទ្រង់ ជាទីដ៏មានសិរីល្អហើយអំណាចខ្ពស់លើសទាំងអស់។ ព្រះបានដាក់គ្រប់ ទាំងអស់នៅក្រោមព្រះបាទព្រះយេស៊ូវ (ខ២២)។
ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី នឹងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះ ដែលបានតាំងឡើងដែរ មិនមែនតែក្នុងបច្ចុប្បន្ននេះតែប៉ុណ្ណោះ គឺទៅក្នុងអនាគតខាងមុខទៀតផង
១:២១ ព្រះយេស៊ូវខ្ពស់លើសអស់ទាំងរបស់ដែលបានបង្កើតមកទាំងប៉ុន្មាន ទាំងនៅក្នុងពិភពព្រលឹង វិញ្ញាណ និងនៅលើផែនដី ទាំងក្នុងពេលបច្ចុប្បន្ន និងរហូតអស់កល្បតទៅ (ភីលីព ២:៩-១១)។
ហើយទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសា លើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់
១:២២ ព្រះបានដាក់គ្រប់ទាំងអស់ទាំងនៅក្នុងស្ថានសួគ៌និងនៅលើផែនដីនៅក្រោមសិទ្ធិអំណាចរបស់ ព្រះយេស៊ូវ។ លោកប៉ុលប្រើឃ្លាចំនួនពីរដើម្បីបញ្ជាក់ឲ្យបានច្បាស់។ ពាក្យដែលបកប្រែថា “បង្ក្រាប” (ὑπέταξεν) មានន័យថា ‘ដាក់នៅខាងក្រោម’ ហើយត្រូវបានប្រើនៅក្នុងការរៀបរាប់ពីរបៀបដែល កងទ័ពត្រូវបានរៀបចំឡើងក្នុងចំណាត់ថ្នាក់ ក្រោមការបញ្ជាររបស់មេដឹកនាំ។ ការដែល “នៅក្រោម ព្រះបាទ” គឺជាឃ្លាដែលប្រើសម្រាប់ ព្រះចេស្តារបស់ស្តេចមួយអង្គ ដែលមានអំណាចលើសត្រូវ ដែលចាញ់ហើយ (ទំនុកដំកើង ៨:៦, ៤៧:២-៣, ១១០:១)។ ឃ្លាទាំងពីរបញ្ជាក់ពីការចុះចូល ចំពោះសិទ្ធិអំណាច។ ព្រះយេស៊ូវគឺជាស្តេចដ៏មានជ័យជំនះរបស់យើង ហើយ ជាមេបញ្ជារការ ដោយព្រោះតែបន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញព្រះវរបិតាដ៏ជាព្រះបានដាក់គ្រប់យ៉ាង (រួមទាំង យើង) នៅក្រោមសិទ្ធិអំណាចរបស់ព្រះអង្គ (ម៉ាថាយ ២៨:១៨)។
ចំនុចរបស់លោកប៉ុលគឺថា សិរសារបស់ពួកជំនុំក៏ជាអ្នកដឹកនាំដ៏ខ្ពស់លើសទាំងអស់នៅក្នុងសកលលោក ផងដែរ! ព្រះយេស៊ូវដែលមានសិទ្ធិអំណាចគ្រប់ទាំងអស់ទាំងនៅស្ថានសួគ៌នៅលើផែនដីត្រូវបានប្រទាន ដោយព្រះជាម្ចាស់ ដល់ពួកជំនុំក្នុងនាមជាសិរសារបស់យើងទាំងអស់គ្នា។ ការនេះផ្តល់ទំនុកចិត្តដល់យើង ទាំងអស់គ្នាថា ពួកជំនុំនឹងនឹងទទួលបានជោគជ័យដូចដែលយើងបានចុះចូលចំពោះព្រះអម្ចាស់នៃយើង ដែលព្រះអង្គសោយរាជ្យយលើគ្រប់ទាំងអស់។
គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។
១:១៣ ពាក្យដែលបកប្រែថា “ពួកជំនុំ” (ἐκκλησία) ជាពាក្យដែលមាននៅក្នុងភាសាក្រិចពីរពាក្យដែល មានន័យថា ‘ហៅឲ្យចេញ’។ ពួកជំនុំគឺជាមនុស្សដែលព្រះបានត្រាស់ហៅអោយបង្កើតជា រូបកាយនៃព្រះគ្រីស្ទ លើផែនដី។ ព្រះយេស៊ូវរួបរួមជាមួយនឹងពួកជំនុំរបស់ព្រះអង្គ ហើយព្រះអង្គធ្វើការក្នុង និងតាមរយៈយើងទាំងអស់គ្នា។ ពួកជំនុំគឺជាព្រះបាទាព្រះអង្គដែលទៅឯមនុស្សបាត់បង់ ជាមាត់នៅក្នុង ការប្រកាសព្រះបន្ទូលទ្រង់ ជាចិត្តនៅក្នុងការចែករំលែកសេចក្តីស្រលាញ់ព្រះអង្គ និងជាដៃក្នុងការបម្រើ ព្រះអង្គ។ ការនេះជាបំណងព្រះហឫទ័យ របស់ព្រះអង្គដែលពួកជំនុំគឺជាការបង្ហាញ យ៉ាងពេញលេញអំពី ព្រះយេស៊ូវ ដោយការបំពេញ ជាមួយព្រះអង្គ និងដោយសារព្រះអង្គ។ ព្រះអង្គគឺជាមួយអង្គ “ដែលបំពេញ គ្រប់ទាំងអស់ ក្នុងទាំងអស់”។ ព្រះអង្គកំពុងបំពេញគ្រប់ទាំងអស់ អោយបានពេញលេញ (១:១០, ៤:១០-១៦) ដោយព្រោះតែគម្រោងការរបស់ព្រះ ដែលមិនអាចបញ្ឈប់បាន នៅក្នុងការបំព្រួមគ្រប់ទាំងអស់ ទាំងនៅស្ថានសួគ៌ និងលើផែនដី នៅក្នុងព្រះគ្រីស្ទ។


