
ជំពូក ៨
នៅគ្រានោះ មានហ្វូងមនុស្សជាធំណាស់ ហើយគេគ្មានអ្វីបរិភោគ បានជាព្រះយេស៊ូវទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេបានមកនៅជាមួយនឹងខ្ញុំ៣ថ្ងៃហើយ តែឥឡូវនេះគ្មានអ្វីបរិភោគទេ បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ដ្បិតខ្លះបានមកពីឆ្ងាយណាស់
៨:១-៣ ព្រះយេស៊ូវនៅឯដេកាប៉ូលដែលជាស្រុករបស់ពួកសាសន៍ដទៃនៅខាងកើតទន្លេយ័រដាន់។ លោកម៉ាថា យប្រាប់យើងថាព្រះយេស៊ូវបានប្រោសមនុស្សជាច្រើននៅក្នុងរយៈពេលបីថ្ងៃនេះហើយថាពួកសាសន៍ដទៃ “សរសើរដំកើងព្រះរបស់អ៊ីស្រាអែល” (ម៉ាថាយ ១៥:៣១)។ មនុស្សសាសន៍ដទៃទាំងនេះរីករាយដែលបាននៅ ជាមួយនឹងព្រះយេស៊ូវ។ ពួកគេចូលចិត្តស្តាប់សេចក្តីបង្រៀនរបស់ព្រះយេស៊ូវហើយមើលព្រះអង្គធ្វើការអស្ចារ្យ ដែលពួកគេមិនចង់ទៅផ្ទះវិញនោះឡើយ ទោះបីជាពួកគេត្រូវដេកនៅខាងក្រៅក៏ដោយ។ ទោះបីជាពួកគេ អស់អាហារហើយក៏ដោយ ពួកគេនៅតែនៅជាមួយនឹងព្រះអង្គដដែល។
ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិតដល់ហ្វូងមនុស្សទាំងនោះ។ ព្រះអង្គជ្រាបថាពួកគេមានភាពស្រេកឃ្លាន ហើយពិតជាលំបាកសម្រាប់ពួកគេនៅក្នុងការដើរចំងាយឆ្ងាយដើម្បីទៅរកអាហារ។ សូមនឹកចាំពីការអស្ចារ្យ នៃការចំអែតមនុស្ស ៥០០០នាក់ ពួកសិស្សបានឃើញថាហ្វូងមនុស្សត្រូវការអាហារ ប៉ុន្តែនៅទីនេះ វាជាសំខាន់ ដែលសិស្សព្រះអង្គហាក់បីដូចជាមិនខ្វល់ពីមនុស្សទាំងនេះ។
ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំបុ័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន
៨:៤ ផ្ទុយទៅវិញ ពួកសិស្សបានគិតពីការលំបាកនៅក្នុងការស្វែងរកអាហារសម្រាប់មនុស្សទាំងនោះទៅវិញ។ ពួកគេនៅក្នុងដំបន់ទីរហោស្ថាននៅតាមភ្នំហើយពួកគេមិនដឹងថាពួកគេអាចផ្តល់អាហារអោយពួកអ្នកទាំងនោះ ដោយរបៀបណាឡើយ។ តើពួកគេពិតជាបានភ្លេចអំពីការអស្ចារ្យអំពីមនុស្សប្រុស ៥០០០ នាក់ ដែលព្រះយេស៊ូវ បានចំអែតហើយមែនទេ? ពិតជាមិនភ្លេចនោះឡើយ! ប្រហែលជាបញ្ហារបស់ពួកគាត់មិនមែនដោយខ្វះជំនឿលើ ព្រះចេស្តាព្រះយេស៊ូវនោះឡើយ ប៉ុន្តែជាការដែលមិនជឿថាព្រះអង្គនឹងប្រទានពរដល់សាសន៍ដទៃដូចដែល ព្រះអង្គបានប្រទានដល់សាសន៍យូដានោះឡើយ។ ពួកសិស្សបានគិតថានំប៉័ងគឺសម្រាប់តែពួកកូនចៅអ៊ីស្រា អែលតែប៉ុណ្ណោះ។ ប៉ុន្តែកំទិចដែលធ្លាក់ពីតុរបស់ម្ចាស់រៀបនឹងចំអែតដល់ឆ្កែតូចៗជាច្រើនទៀត។
ទ្រង់សួរគេថា អ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលឆ្លើយថា មាន៧
៨:៥ សូមចំណាំម្តងទៀតថាព្រះយេស៊ូវចាប់ផ្តើមជាមួយនឹងអ្វីដែលពួកគេមាន។
នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧នោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត
៨:៦-៧ សាសន៍យូដាតែងតែអធិស្ឋានមុនពេលដែលបរិភោគអាហារដើម្បីអរព្រះគុណចំពោះការប្រទានរបស់ ព្រះជាម្ចាស់។ ការអស្ចារ្យបានកើតមានឡើងពេលដែលព្រះយេស៊ូវកាច់នំប៉័ងហើយនឹងត្រី (ដូចជា ម៉ាកុស ៦:៤១)។ វាគឺជាការដែលធ្វើ អោយការអស្ចារ្យកើតមានឡើង។
ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិត ដែលសល់នៅបាន៧កំប្រោង
៨:៨ គ្រប់គ្នាបានបរិភោគហើយបានឆ្អែតគ្រប់គ្នា។ ព្រះយេស៊ូវចាប់ផ្តើមជាមួយនឹងនំប៉័ង ប្រាំពីរដុំហើយបានសល់ អាហារប្រាំពីរកំប្រោង! ពាក្យសម្រាប់ “កំប្រោង” កន្លែងនេះគឺ (σπυρίδας) ដូចជាពាក្យដែលប្រើក្នុងកិច្ចការ ៩:២៥ ពេលដែលលោកប៉ុលគេចចេញពីក្រុងដាម៉ាស់។ ជាកំប្រោងដែលធំ ធំល្មមដែលអាចដាក់មនុស្សបាន ដូច្នេះហើយមានអាហារច្រើនណាស់ដែលនៅសល់ មិនមែនជាកំទិចនោះឡើយ។
ឯពួកអ្នកដែលបានបរិភោគ នោះមានចំនួន៤ពាន់នាក់ រួចទ្រង់ឲ្យគេទៅវិញ
៨:៩ ជាថ្មីម្តងទៀត ចំនួនដែលរាប់គឺតែមនុស្សប្រុសតែប៉ុណ្ណោះ (ម៉ាថាយ ១៥:៣៨) ដូច្នេះហើយចំនួនសរុបនៃ មនុស្សដែលត្រូវបាន ចំអែតអាចនឹងមានចំនួនច្រើនជាងបួនពាន់នាក់។ ទោះបីជាការអស្ចារ្យនេះស្រដៀងគ្នា ទៅនឹងអ្វីដែលមានៅក្នុង ម៉ាកុស ៦ក៏ដោយ សារៈសំខាន់នោះគឺមានភាពខុសគ្នា។
ម៉ាកុស ៦៖ ព្រះយេស៊ូវនៅក្នុងស្រុក កាលីឡេ ក្នុងចំណោមសាសន៍យូដា
ម៉ាកុស ៨៖ ព្រះយេស៊ូវនៅ ដេកាប៉ូល ក្នុងចំណោមសាសន៍ដទៃ។
ម៉ាកុស ៦៖ ហ្វូងមនុស្សបាននៅជាមួយនឹងព្រះយេស៊ូវពេញ ១ថ្ងៃ។
ម៉ាកុស ៨៖ ហ្វូងមនុស្សបាននៅជាមួយព្រះយេស៊ូវពេញ ៣ថ្ងៃ។
ម៉ាកុស ៦៖ ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិតដោយព្រោះតែ “មនុស្សទាំងនោះប្រៀបដូចជាចៀមដែលគ្មានអ្នកគង្វាល”
ម៉ាកុស ៨៖ ព្រះយេស៊ូវមានព្រះទ័យក្តួលអាណិតដល់មនុស្សទាំងនោះដោយព្រោះតែគេ “គ្មានអ្វីបរិភោគ”។
ពួកសិស្សបានឃើញថាមនុស្សទាំងនោះត្រូវការអាហារ។
ម៉ាកុស ៦៖ មានតែព្រះយេស៊ូវដែលជ្រាបពីសេចក្តីត្រូវការអាហាររបស់មនុស្សទាំងនោះ។
ម៉ាកុស ៨៖ មានអាហារសល់១២ កន្រ្តក។នៅក្នុងព្រះគម្ពីរ លេខ១២គឺជានិមិត្តសញ្ញារបស់អ៊ីស្រាអែល។
ម៉ាកុស ៦៖ មានអាហារសល់៧កំប្រោង។នៅក្នុងព្រះគម្ពីរលេខ៧គឺជានិមិត្តសញ្ញាពីភាពពេញលេញនិងល្អឥតខ្ចោះ។
ពាក្យសម្រាប់កន្រ្តកគឺ (κοφίνων) គឺជាកន្ត្រកយួរដៃដែលពួកសាសន៍យូដាប្រើដាក់ម្ហូបអាហារ។
ម៉ាកុស ៨៖ ពាក្យសម្រាប់កំប្រោងគឺ (σπυρίδας) ដែលមានទំហ៊ំធំជាងដែលពួកសាសន៍ដទៃប្រើ។
សេចក្តីនេះច្បាស់ណាស់។ ព្រះមេស៊ីបានយាងមកឯសាសន៍យូដា(ដែលបានរង់ចាំ) ប៉ុន្តែក៏យាងមកឯសាសន៍ ដទៃដែរ។ ព្រះយេស៊ូវគឺជានំប៉័ងជីវិតសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់! ព្រះទ័យក្តួលអាណិតរបស់ ព្រះអង្គគឺសម្រាប់ចៀមដែលវង្វេងគឹអ៊ីស្រាអែល និង សម្រាប់សាសន៍ដទៃដែល មិនមានអ្វីបរិភោគជាយូរណាស់ មកហើយ។
សូមចំណាំពីគំរូនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវនៅក្នុងពេលនេះ។ ដំបូងបំផុត ព្រះអង្គលុបបំបាត់ការបែងចែក រវាងអាហារដែលស្អាតនិងមិនស្អាត។ បន្ទាប់មកព្រះអង្គលុបបំបាត់ការបែងចែករវាងមនុស្សដែលស្អាតនិងមិន ស្អាត ដែលជាសាសន៍យូដានិងសាសន៍ដទៃ (ជាមនុស្សដែលពួកសាសន៍យូដារាប់ថា ‘មិនស្អាត’)។ ព្រះយេស៊ូវបានចាកចេញពីស្រុកផាឡេស្ទីនយាងទៅស្រុកទីរ៉ុស ហើយបានប្រោសកូនស្រីរបស់ស្រ្តីសាសន៍ ដទៃម្នាក់ឲ្យបានជាដើម្បីបង្ហាញថានំប៉័ងពីតុរបស់ម្ចាស់ក៏សម្រាប់សាសន៍ដទៃដូចជាសាសន៍យូដាដែរ។ បន្ទាប់មកព្រះអង្គយាងទៅដេកាប៉ូលហើយបានចំអែតហ្វូងមនុស្សសាសន៍ដទៃដោយនំប៉័ងនិងត្រី ដូចជាអ្វីដែល ព្រះអង្គបានធ្វើចំពោះសាសន៍យូដា។ ព្រះយេស៊ូវបានបង្ហាញដល់សិស្សរបស់ព្រះអង្គថា សេចក្តីសង្រ្គោះ នៃព្រះគឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់។ ការនេះគឺជារៀបចំពួកគេឲ្យត្រៀមសម្រាប់បេសកកម្ម ដ៏វិសេសដែលព្រះអង្គនឹងប្រទានដល់ពួកគេ (ម៉ាថាយ ២៨:១៨-២០)។
ស្រាប់តែទ្រង់យាងចុះទូក ជាមួយនឹងពួកសិស្ស ទៅឯស្រុកដាលម៉ានូថាទៅ នោះពួកផារិស៊ីចេញមក តាំងជជែក ដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សំដែងទីសំគាល់ពីលើមេឃឲ្យគេឃើញ
៨:១០-១១ ព្រះយេស៊ូវបានយាងត្រឡប់មកទឹកដីរបស់សាសន៍យូដាវិញហើយភ្លាមនោះពួកអ្នកទាស់នឹង ព្រះអង្គមកពីពួកអ្នកដឹកនាំសាសនាបានបន្តទាស់នឹងទ្រង់។ ពួកគេបានមកជជែកនឹងព្រះអង្គហើយសុំឲ្យព្រះអង្គ សំដែងទីសំគាល់ដោយព្រះចេស្តាព្រះអង្គ។ ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើនមក ហើយដោយព្រះចេស្តា របស់ព្រះអង្គដែលមកពីព្រះ (យ៉ូហាន ៣:២)។ បញ្ហានោះមិនមែនដោយព្រោះតែខ្វះភស្តុតាងនោះឡើយ។ បញ្ហានោះគឺជា ភាពខ្វាក់ភ្នែកខាងព្រលឹងវិញ្ញាណរបស់ពួកអ្នកដឹកនាំសាសនាទាំងនោះ។ ពួកផារិស៊ីជាមនុស្ស “បាំងភ្នែក” “មនុស្សខ្វាក់” ហើយជា “អ្នកដឹកនាំខ្វាក់” (ម៉ាថាយ ២៣:១៧-២៤) ជាពួកអ្នកដែលតែងតែ បដិសេធព្រះយេស៊ូវ (ម៉ាកុស ៣:៦, ៣:២២)។
ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសំគាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានមកមនុស្សដំណនេះឡើយ រួចទ្រង់យាងចេញពីគេ ចុះទូកឆ្លងទៅឯត្រើយម្ខាងវិញ។
៨:១២-១៣ ព្រះយេស៊ូវបានដកដង្ហើមធំ។ ជាសញ្ញាបង្ហាញពីព្រះទ័យក្រៀមក្រំដែលពួកអ្នកដឹកនាំសាសនា របស់ប្រជារាស្រ្តនៃព្រះជាពួកមនុស្សខ្វាក់ខាងព្រលឹងវិញ្ញាណ។ ពួកគេបានឃើញព្រះយេស៊ូវប្រោសមនុស្សឈឺ ឲ្យជា ហើយបណ្តេញវិញ្ញាណអាក្រក់ ប៉ុន្តែពួកគេនៅតែបដិសេធមិនព្រមជឿព្រះអង្គ។ ការដែលសុំអោយធ្វើទី សំគាល់គឺជាសញ្ញានៃការបដិសេធចំពោះទីសំគាល់ទាំងប៉ុន្មានដែលព្រះអង្គបានធ្វើកន្លងមក ហើយនេះជា ការបដិសេធព័ន្ធកិច្ចរបស់ព្រះអង្គ។
ឯពួកសិស្ស គេភ្លេចយកនំបុ័ងទៅ នៅជាប់តែ១ដុំក្នុងទូកប៉ុណ្ណោះ ទ្រង់ក៏ផ្តាំគេថា ចូរប្រុងមើល ហើយប្រយ័តនឹងដំបែរបស់ពួកផារិស៊ី នឹងរបស់ហេរ៉ូឌ ឲ្យមែនទែន
៨:១៤-១៥ ព្រះយេស៊ូវក្រើនរំលឹកសិស្សរបស់ព្រះអង្គអំពី “ដំបែ” របស់ពួកផារិស៊ី ដែលជាសេចក្តីបង្រៀន និងពុតត្បុតរបស់ពួកគេ (ម៉ាថាយ ១៦:១២; លូកា ១២:១)។ ព្រះយេស៊ូវព្រួយថាសេចក្តីបង្រៀន ហើយនឹង ពុតត្បុតរបស់ពួកផារិស៊ីអាចនឹង រាលដាលដល់សិស្សរបស់ព្រះអង្គហើយប៉ះពាល់ដល់សេចក្តីជំនឿរបស់ពួកគេ ប្រៀបដូចជាដំបែដែលអាចធ្វើឲ្យ ម្សៅនំប៉័ងដោលឡើងដែរ។ ព្រះយេស៊ូវក៏ព្រួយថាសិស្សរបស់ព្រះអង្គអាចនឹង រងឥទ្ធិពលដោយពាក្យរបស់ “ហេរ៉ូឌ”។ ពួកសិស្សអាចនឹងមានមហិច្ឆិតាដូចជាហេរ៉ូឌ ហើយប៉ងប្រាថ្នាចង់ ទទួលបានដំណែង ហើយនឹងតួនាទីនៅក្នុងពិភពលោក (៩:៣៣-៣៤, ១០:៣៥-៣៧)។
គេរិះគិតគ្នាថា គឺពីព្រោះយើងគ្មាននំបុ័ងទេដឹង
៨:១៦ ព្រះយេស៊ូវមានបន្ទូលអំពីឥទ្ធិពលអាក្រក់ ប៉ុន្តែពួកសិស្សគិតថាព្រះអង្គមានបន្ទូលពីអាហារទៅវិញ។
កាលព្រះយេស៊ូវបានជ្រាប នោះទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី
៨:១៧ បញ្ហារបស់ពួកសិស្សគឺដូចគ្នាជាមួយនឹងពួកផារិស៊ី សេចក្តីល្ងង់ខ្លៅខាងព្រលឹងវិញ្ញាណដែលនាំទៅរក សេចក្តីខ្វាក់។ ប្រជារាស្រ្តរបស់ព្រះត្រូវតែទទួល យកមកអនុវត្ត នូវសេចក្តីពិតដែលព្រះបើកសំដែងដល់យើង ពុំនោះទេយើងនឹងមិនមានការរីកចំរើនខាងព្រលឹងវិញ្ញាណនោះឡើយ។
អ្នករាល់គ្នាមានភ្នែក តើមើលមិនឃើញ មានត្រចៀក តើស្តាប់មិនឮ ហើយមិនចាំទេឬអី
៨:១៨ នេះគឺជាការដកស្រង់ចេញពី អេសេគាល ១២:២។ ពួកហោរាបានប្រកាសព្រះបន្ទូលរបស់ព្រះ ប៉ុន្តែមានពេលជាច្រើនដែលតែងតែមានការយល់ច្រឡំដោយព្រោះតែភាពល្ងង់ខ្លៅខាងព្រលឹងវិញ្ញាណរបស់ពួកអ្នកដែលបានស្តាប់ឮនោះ។
ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧ នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត។
៨:១៩-២១ ព្រះយេស៊ូវក្រើនរំលឹកពួកគេអំពីការអស្ចារ្យទាំងពីរពេលដែលព្រះអង្គចំអែតហ្វូងមនុស្សទាំងពី រក្រុម។ ពួកសិស្សនៅតែ ‘ខ្វាក់’ ចំពោះសេចក្តីពិតខាងព្រលឹងវិញ្ញាណដែលការអស្ចារ្យទាំងនេះ បានបើក សំដែង។ ពួកគេមិនយល់ថាការក្រើនរំលឹករបស់ព្រះអង្គគឺអំពីគ្រោះថ្នាក់នៃសាសនាក្លែងក្លាយ (ពួកផារិស៊ី) ហើយនឹងមហិច្ឆិតាលោកិយ៍ (ហេរ៉ូឌ) ហើយមិនមែនជានំប៉័ងពិតប្រាកដនោះឡើយ! យ៉ាងណាមិញ អ្វីដែលសំខាន់បំផុតនោះ ពួកគេនៅតែមិនយល់ថា ព្រះយេស៊ូវជានរណា! ប្រសិនបើគេបានយល់ នោះពួកគេនឹង មិនខ្វល់ខ្វាយថា គេមាននំប៉័ងប៉ុន្មាននោះឡើយដោយព្រោះតែពួកគេដឹងថាព្រះយេស៊ូវមានគ្រប់ទាំងព្រះចេស្តា នៅក្នុងការផ្គត់ផ្គង់ដល់ពួកគេជាមិនខាន។
ទ្រង់ក៏យាងមកដល់ក្រុងបេតសៃដា រួចមានគេនាំមនុស្សខ្វាក់ម្នាក់មកទូលអង្វរឲ្យទ្រង់ពាល់គាត់
៨:២២ បេតសៃដា គឺជាភូមិនេសាទនៅប៉ែកខាងជើងនៃឆ្នេរសមុទ្រកាលីឡេ។ ជាស្រុកកំណើងរបស់ភីលីព។
ទ្រង់ក៏ចាប់ដៃមនុស្សខ្វាក់នោះនាំចេញទៅក្រៅភូមិ រួចស្តោះដាក់ភ្នែកគាត់ ហើយដាក់ព្រះហស្តលើ ព្រមទាំងសួរបើគាត់ឃើញអ្វីឬទេ
៨:២៣ ដើម្បីប្រោសមនុស្សខ្វាក់ឲ្យភ្លឺ ព្រះយេស៊ូវបានចាប់ដៃគាត់ ហើយនាំគាត់ទៅក្រៅភូមិ ដោយព្រោះតែ នៅទីនោះខ្វះសេចក្តីជំនឿ (ម៉ាថាយ ១១:២១)។ ការដែលមិនជឿអាចផ្លាស់ប្តូរបរិយាកាសខាងព្រលឹងវិញ្ញាណ (៦:៥-៦)។ ដូច្នេះហើយ ពេលខ្លះដើម្បីឲ្យការអស្ចារ្យកើតមានឡើងបាន ការដែលមិនជឿត្រូវតែបានដកចេញ (ម៉ាកុស ៥:៤០; កិច្ចការ ៩:៤០)។ ព្រះយេស៊ូវបានរៀបចំឲ្យមនុស្សខ្វាក់នោះបានទទួលការអស្ចារ្យរបស់គាត់។ ព្រះយេស៊ូវបានប្រើទឹកព្រះឳស្ឋព្រះអង្គ (ដូចជា ពួកគ្រូពេទ្យសាសន៍យូដា) ហើយបានដាក់ព្រះហស្ត លើគាត់។ នេះជាការបង្ហាញទៅកាន់មនុស្សនោះថា ព្រះអង្គនឹងប្រោសគាត់ឲ្យបានជា ហើយជាការលើកទឹកចិត្ត អោយមនុស្សនោះមានជំនឿ។
គាត់ក៏ងើបភ្នែកឡើងទូលឆ្លើយថា ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ នោះទ្រង់ដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត ប្រាប់ឲ្យងើបឡើងមើល ស្រាប់តែភ្នែកគាត់បានភ្លឺឡើង ឃើញច្បាស់ទាំងអស់
៨:២៤-២៥ នេះជាការប្រោសជំងឺតែមួយដែលព្រះយេស៊ូវបានធ្វើកិច្ចការពីរជំហ៊ាន។ ដំបូងបំផុត មនុស្សនោះ បានឃើញព្រាងៗ មនុស្សមើលទៅដូចជាដើមឈើរកំពុងដើរ។ មនុស្សនោះត្រូវតែផ្តោតអារម្មណ៏ ហើយ សម្លឹងមើលដោយយកចិត្តទុកដាក់។ នៅពេលដែលគាត់ធ្វើដូច្នោះ ភ្នែករបស់គាត់បានភ្លឺឡើង ហើយគាត់អាច មើលឃើញគ្រប់យ៉ាងច្បាស់ល្អ។
ការអស្ចារ្យបានធ្វើឡើងជាពីរជំហ៊ានដើម្បីបង្រៀនដល់សិស្សរបស់ព្រះអង្គពីមេរៀនដ៏សំខាន់នៅក្នុងភាពខ្វាក់។ មេរៀននោះគឺថា ពួកគេដូចជាមនុស្សខ្វាក់ម្នាក់នោះដែរ។ ភាពខ្វាក់ខាងព្រលឹងវិញ្ញាណរបស់ពួកគេប្រៀបបាន ដូចជាភាពខ្វាក់ខាងរាងកាយនេះដែរ។ ដូចជាមនុស្សខ្វាក់នោះ ពួកគេអាចនឹងមើលឃើញច្បាស់បន្តិចម្តងៗ។ ប្រៀបបានដូចជាមនុស្សម្នាក់នេះត្រូវការឲ្យព្រះយេស៊ូវដាក់ដៃលើគាត់ពីរដងមុនពេលដែលគាត់អាចមើលឃើញ ច្បាស់ ពួកសិស្សត្រូវការឲ្យព្រះយេស៊ូវចំអែតហ្វូងមនុស្សពីរក្រុមមុនពេលដែលពួកគេអាចឃើញថាព្រះយេស៊ូវជាអ្វី ។
ស្រដៀងគ្នានេះដែរ យើងមិនយល់គ្រប់យ៉ាងអំពីព្រះបន្ទាប់ពីយើងបានប្រែក្លាយជាគ្រីស្ទានភ្លាមៗ នោះឡើយ។ យើងរៀនពីលក្ខណៈរបស់ព្រះអង្គ ផែនការណ៏និងព្រះចេស្តាព្រះអង្គបន្តិចម្តងៗ។ បទពិសោធន៍របស់គ្រីស្ទាន គឺដូចជាមនុស្សម្នាក់នៅបេតសៃដានោះដែរ។ ដំបូងបំផុត គាត់ជាមនុស្សខ្វាក់ (ដូចជាយើងទាំងអស់គ្នាពីមុនដែរ) បន្ទាប់មកគាត់មានការមើលឃើញដោយផ្នែក (ដូចជាយើងនៅពេលនេះ ១កូរិនថូស ១៣:៩-១២) ហើយ នៅទីបញ្ចប់ គាត់មានការមើលឃើញល្អឥតខ្ចោះ (ដូចជាយើងនឹងមាននៅថ្ងៃមួយ (១ យ៉ូហាន ៣:២ )។ ភ្នែករបស់យើងត្រូវបានបើក មិនមែនដោយការស្វែងយល់នៃគំនិតមនុស្សនោះឡើយ ប៉ុន្តែដោយការបើកសំដែង ដ៏អស្ចារ្យរបស់ព្រះ។ ការរីកចម្រើន នៅក្នុងការយល់ដឹងរបស់យើង អំពីព្រះ គឺជាការអស្ចារ្យមួយ ដូចជាការបើក ភ្នែករបស់មនុស្សខ្វាក់។
ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។
៨:២៦ ព្រះយេស៊ូវបានឲ្យមនុស្សនោះទៅផ្ទះវិញអាចជាការសាទរដ៏វិសេសរបស់ក្រុមគ្រួសារមួយ!
ព្រះយេស៊ូវ នឹងពួកសិស្ស ក៏ចេញទៅឯភូមិទាំងប៉ុន្មាន នៅស្រុកសេសារា-ភីលីព ទ្រង់មានបន្ទូលសួរពួកសិស្សតាមផ្លូវថា តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា
៨:២៧ ស្រុកសេសារា-ភីលីពមានចំងាយ ៤០គីឡូម៉ែត្រពីភាគខាងជើងនៃសមុទ្រកាលីឡេ។ ក្នុងពេលដែល ព្រះអង្គកំពុងធ្វើដំណើរ ព្រះយេស៊ូវមានបន្ទូលសួរសិស្សព្រះអង្គថា “តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា?”។ នេះគឺជាចំនុច សំខាន់នៅក្នុងដំណឹងល្អម៉ាកុស។អ្វីគ្រប់យ៉ាងដែលមានមុននេះ (ជំពូកទី ១-៧) បានដឹកនាំអោយ មកដល់សំនួរថា តើព្រះយេស៊ូវជាអ្នកណា ហើយអ្វីគ្រប់យ៉ាងដែលកើតមានឡើងបន្ទាប់ពីនោះ (ជំពូក ៩-១៦) គឺជាលទ្ធផលនៃចម្លើយ។
ពួកសិស្សទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ
៨:២៨ មនុស្សភាគច្រើនមានការភាន់ចំពោះចំនុចថាព្រះយេស៊ូវជាអ្នកណា។ គំនិតដែលដូចគ្នាជាច្រើននោះគឺថា ព្រះអង្គជាហោរាម្នាក់ដែលមានជីវិតរស់ឡើងវិញ -អាចជាយ៉ូហានបាប់ទីស្ទឬជាអេលីយ៉ាឬ “ជាហោរាណាមួយ”។ ហ្វូងមនុស្សបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើហើយបានស្តាប់ឮសេចក្តីដែលព្រះអង្គបង្រៀនរួចហើយ ប៉ុន្តែពួកគេនៅតែមិនយល់ដោយព្រោះតែពួកគេមិនបានដើរតាមព្រះអង្គ។ ដើម្បីអោយបានស្គាល់ព្រះអង្គច្បាស់ យើងទាំងអស់គ្នាត្រូវតែដើរតាមព្រះអង្គអោយបានគៀក។
ទ្រង់សួរថា ចុះឯអ្នករាល់គ្នា តើថាខ្ញុំជាអ្នកណា នោះពេត្រុសឆ្លើយឡើងថា ទ្រង់ជាព្រះគ្រីស្ទ
៨:២៩ ព្រះយេស៊ូវសួរសិស្សព្រះអង្គថា តើពួកគេគិតថាព្រះអង្គជាអ្នកណា។ នេះគឺជាសំនួរដ៏សំខាន់បំផុត សម្រាប់មនុស្សទាំងអស់ តើអ្នកថាព្រះយេស៊ូវជាអ្នកណា?
លោកពេត្រុសបានឆ្លើយ។ គាត់ថា “ទ្រង់ជាព្រះគ្រីស្ទ”។ នេះគឺជាលើកទីមួយនៅក្នុងដំណឹងល្អម៉ាកុសចាប់តាំង ពីខទីមួយ មកដែលព្រះយេស៊ូវត្រូវបានហៅថាជាព្រះគ្រីស្ទ (ដែលជា ព្រះមេស៊ី)។
ទ្រង់ក៏ហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាពីដំណើរទ្រង់សោះ
៨:៣០ ពួកសាសន៍យូដាទន្ទឹងរង់ចាំព្រះមេស៊ីដើម្បីមកតាំងរាជនៅលើផែនដី។ ព្រះយេស៊ូវបានមកធ្វើកិច្ចការ នោះ ប៉ុន្តែមិនមែនតាមរបៀបដែលពួកគេបានរំពឹងនោះឡើយ។ ពួកគេគិតថាព្រះមេស៊ីនឹងដឹកនាំពួកគេប្រឆាំង ជាមួយនឹងរ៉ូម៉ាំង ហើយទទួលបានសេរីភាពសម្រាប់អ៊ីស្រាអែល។ ប៉ុន្តែព្រះយេស៊ូវមិនបានយាងមកដើម្បីយក ឈ្នះរ៉ូម៉ាំងនោះឡើយ។ ព្រះអង្គបានយាងមកដើម្បីយកឈ្នះសត្រូវដ៏ធំបំផុតរបស់មនុស្ស នោះគឺជាអំពើបាប សាតាំង និងសេចក្តីស្លាប់។ ដូច្នេះហើយ ព្រះយេស៊ូវបានបង្គាប់សិស្សព្រះអង្គមិនឲ្យប្រាប់អ្នកណាម្នាក់ថា ព្រះអង្គជា ព្រះមេស៊ីនៅឡើយទេ។ មុនពេលដែលពួកគេអាចប្រកាសពីព្រះយេស៊ូវថាទ្រង់ជាព្រះមេស៊ីនោះ ពួកគេត្រូវរៀន អំពីលក្ខណៈដ៏ពិតនៃបេសកកម្មរបស់ព្រះមេស៊ីជាមុនសិន។
រួចទ្រង់ចាប់តាំងបង្រៀនគេថា កូនមនុស្សត្រូវរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ បោះបង់ចោល ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលលោកស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ
៨:៣១ បេសកកម្មរបស់ព្រះមេស៊ីមានរួមជាមួយនឹងការរងទុក្ខ ការបដិសេធ និងការសុគត។ ព្រះយេស៊ូវមាន បន្ទូលថាព្រះអង្គត្រូវតែរងទុក្ខនិងត្រូវគេធ្វើគត់។ នេះជាបំណងព្រះហឫទ័យនៃព្រះដែលព្រះយេស៊ូវត្រូវធ្វើ កិច្ចការទាំងនេះ ដោយព្រោះតែគ្មានផ្លូវណាផ្សេងទៀតដែលអាចសង្រ្គោះមនុស្សបាននោះឡើយ។ ទោះបីជា ព្រះយេស៊ូវមានអំណាច ហើយនឹងសិទ្ធនៅក្នុងការចៀសចេញពីការរងទុក្ខរបស់មនុស្សជាតិក៏ដោយ ព្រះអង្គ បានទទួលព្រមសម្រាប់ធ្វើកិច្ចការនោះដើម្បីជាថ្លៃលោះសម្រាប់អំពើបាបរបស់យើង ក្នុងការចុះចូលចំពោះ ផែនការណ៍របស់ព្រះវរបិតាព្រះអង្គ (អេសាយ ៥៣:១០; ម៉ាកុស ១០:៤៥; កិច្ចការ ២:២៣, ៣:១៨, ៤:២៣-២៨)។ នេះគឺជាអ្វីដែលផ្ទុយស្រឡះពីការរំពឹងរបស់សាសន៍យូដា ចំពោះព្រះមេស៊ី ទោះបីជាត្រូវបាន បើកសំដែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ក៏ដោយ (លោកុប្បត្តិ ៣:១៥; អេសាយ ៥២:១៣-៥៣:១២; សាការី ១២:១០; ទំនុកតម្កើង ២២ & ៦៩)។
ទ្រង់មានបន្ទូលពីដំណើរនោះយ៉ាងច្បាស់លាស់ នោះពេត្រុសនាំទ្រង់ទៅចាប់តាំងនិយាយជំទាស់ដល់ទ្រង់
៨:៣២ ការជំទាស់របស់លោកពេត្រុសបង្ហាញថា គាត់មិនបានយល់ពីអ្វីដែលព្រះយេស៊ូវត្រូវយាងមកដើម្បីធ្វើ នោះឡើយ។ លោកពេត្រុសមិនបានយល់ពីផែនការណ៍របស់ព្រះសម្រាប់សេចក្តីសង្រ្គោះហើយគាត់ក៏បាននិយាយ ទាស់នឹងផែនការណ៍នោះ ដូចជាប្រសិនបើគាត់នឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ។
តែទ្រង់បែរមកទតឃើញពួកសិស្ស ក៏បន្ទោសពេត្រុសថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះសោះ គឺតាមតែគំនិតរបស់មនុស្សលោកវិញ។
៨:៣៣ ដោយមិនបានដឹងខ្លួន លោកពេត្រុសបានល្បួងព្រះយេស៊ូវដូចដែលសាតាំងបានល្បួងព្រះអង្គនៅទី រហោស្ថានដែរ (ម៉ាថាយ ៤:១-១១)។ វាជាសេចក្តីល្បួងនៃការចៀសវាងពីការរងទុក្ខ ហើយនឹងប្រើប្រាស់ ព្រះចេស្តារបស់ព្រះអង្គដើម្បីបម្រើខ្លួនឯង ជាជាងការស្តាប់តាមព្រះ។ លោកពេត្រុសមិនបានយល់ថា ការសុគតរបស់ព្រះយេស៊ូវនៅលើ ឈើឆ្កាងជាផែនការណ៍របស់ព្រះនោះឡើយ។ គាត់នៅតែបានមើលឃើញ ត្រឹមតែមួយផ្នែកតែប៉ុណ្ណោះ។ គាត់បានមើលឃើញថាព្រះយេស៊ូវជាព្រះមេស៊ី ប៉ុន្តែមិនបានដឹងថាព្រះអង្គត្រូវតែ រងទុក្ខនោះឡើយ។
នៅពេលដែលលោកពេត្រុសថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទនោះគឺជាការដែលព្រះបានបើកសំដែងដល់គាត់ (ម៉ាថាយ ១៦:១៧)។ ប៉ុន្តែនៅពេលដែលលោកពេត្រុសជំទាស់នឹងព្រះយេស៊ូវនោះ គំនិតរបស់គាត់គឺតាម តែគំនិតរបស់មនុស្សលោកវិញ មិនមែនគិតតាមគំនិតរបស់ព្រះសោះ។ ព្រះយេស៊ូវមានបន្ទូលថា “សាតាំងអើយ ចូរថយទៅក្រោយអញទៅ” ដែលមានន័យថា ‘ចៀសផ្លូវអញ’។ ព្រះយេស៊ូវមិនបានមានបន្ទូលថាពេត្រុសត្រូវ បានអារក្សសណ្ឋិតនោះឡើយ ប៉ុន្តែពេត្រុសត្រូវបានបញ្ឆោតដោយសាតាំងនៅក្នុងការនិយាយទាស់នឹង ផែនការណ៍របស់ព្រះ។
កាលទ្រង់បានហៅហ្វូងមនុស្ស នឹងពួកសិស្សមក នោះក៏មានបន្ទូលទៅគេថា អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួន មកតាមខ្ញុំចុះ
៨:៣៤ ពេលនេះព្រះយេស៊ូវមានបន្ទូលអំពីចំនុចសំខាន់បីចំពោះភាពជាសិស្ស។
(១) "លះកាត់ចិត្តខ្លួនឯងចោល" មានន័យថា បដិសេធខ្លួនអ្នក នោះគឺជាត្រូវនិយាយថា ‘ទេ’ ចំពោះខ្លួនអ្នក ហើយនឹងផែនការណ៍របស់អ្នក ដើម្បីអោយអ្នកអាចនិយាយថា ‘បាទ/ចាស’ ចំពោះព្រះហើយនឹងព្រះហឫទ័យ ព្រះអង្គចំពោះជីវិតអ្នក។ នេះជាអ្វីដែលព្រះយេស៊ូវបានធ្វើ ហើយព្រះអង្គត្រាស់ហៅយើងឲ្យបានធ្វើដូចជា ព្រះអង្គដែរ។ យើងបានលះកាត់ចិត្តខ្លួនឯងចោល យើងនៅពេលដែលយើងបន្ទាបខ្លួនចុះចូលចំពោះព្រះ ហើយស្តាប់តាមបំណងព្រះហឫទ័យរបស់ព្រះទាំងស្រុង។ ការដែលបដិសេធខ្លួនយើងគឺជាការដែលទាស់ នឹងគំនិតខាងលោកីយ៍។ លោកីយ៍ប្រាប់យើងឲ្យឈោងចាប់ក្តីស្រមៃរបស់យើង ប៉ុន្តែប្រសិនបើយើងធ្វើដូច្នោះ យើងមិនអាចដើរតាមព្រះយេស៊ូវបានឡើយ។ យើងត្រូវតែ ធ្វើការសម្រេចចិត្តថាជីវិតរបស់យើងនឹងត្រូវដឹកនាំ ដោយខ្លួនយើងឬដឹកនាំដោយព្រះ។
ការលះកាត់ចិត្តខ្លួនឯង មិនមែនជាការដែលនាំទៅរកជីវិតដែលទទេ ឬមិនបានបំពេញនោះឡើយ។ នៅពេលដែលយើងបដិសេធខ្លួនយើងហើយអនុញ្ញាតឲ្យព្រះដឹកនាំជីវិតរបស់យើងនោះ ព្រះអង្គប្រទានឲ្យយើង មានចក្ខុវិស័យ ក្តីសង្ឃឹមហើយនឹងគោលដៅ ហើយប្រទានកម្លាំងដល់យើងនៅក្នុងការធ្វើកិច្ចការដែលយើង មិនធ្លាប់បានគិតថាអាចនឹងធ្វើបាន។ យើងផ្លាស់ប្តូរគោលដៅពីខ្លួនយើងទៅឯព្រះវិញ ហើយបានឃើញថាជីវិត ដែលរស់នៅសម្រាប់សិរីល្អរបស់ព្រះអង្គនោះគឺជាជីវិតដែលពេញដោយអំណរប្រសើរជាង ស្កប់ស្កល់ហើយរីករាយ ជាងអ្វីដែលយើងធ្លាប់បានជួបប្រទះពីមុនមក។
(២) ផ្ទុកឈើឆ្កាងខ្លួន: នេះគឺជាលើកទីមួយដែលព្រះយេស៊ូវមានបន្ទូលអំពីឈើឆ្កាងទៅកាន់សិស្សរបស់ ព្រះអង្គ។ សម្រាប់ពួកគាត់មានន័យថាគឺជាការរងទារុណកម្ម ហើយនឹងការស្លាប់ដោយអាម៉ាស់។ ពេលតែមួយដែលមនុស្សផ្ទុកឈើឆ្កាងខ្លួននោះ គឺជាពេលដែលលីទៅកន្លែងដែលត្រូវជាប់ឆ្កាង។ ពេលដែលពួកគេធ្វើដូចនេះ ពួកគេរងទុក្ខជាសាធារណៈដោយការអាម៉ាស់ ប្រមាថនិងសើចចំអកពីហ្វូងមនុស្ស។ ជាអ្វីដែលព្រះយេស៊ូវបាន ទ្រាំទ្រ ហើយជាអ្វីដែលព្រះអង្គហៅសិស្សព្រះអង្គឲ្យទ្រាំទ្រដែរ។ សម្រាប់យើង ទាំងអស់គ្នា ការដែល "ផ្ទុកឈើឆ្កាង” មានន័យថាជាការទទួលយកនូវភាពអាម៉ាស់ ការរងទុក្ខ ការបៀតបៀន ហើយសូម្បីតែការស្លាប់ ដោយព្រោះតែការប្តេជ្ញារបស់ចំពោះសេចក្តីជំនឿលើព្រះយេស៊ូវ។ លោកីយ៍នឹងបដិសេធ យើងចំពោះ ការដើរតាមព្រះយេស៊ូវ ប៉ុន្តែព្រះនៃសកលលោកនឹងទទួលយកយើង ហើយហៅយើងថាជាកូនរបស់ ព្រះអង្គ។
ព្រះគម្ពីរបង្រៀនថាការរងទុក្ខមិនមែនជាអ្វីដែលយើងតែងតែព្យាយាមនៅក្នុងការរត់គេចនោះឡើយ ដោយព្រោះ តែការនោះអាចបម្រើសម្រាប់ជាគោលដៅល្អនៅក្នុងជីវិតរបស់យើង (យ៉ាកុប ១:២-៤)។ ផ្លូវដែលនាំទៅរកសិរីល្អ ដ៏អស់កល្បជានិច្ចរួមផ្សំជាមួយនឹងការរងទុក្ខ។ ចំនុចទាំងពីរនេះបានកើតឡើងចំពោះព្រះអង្គសង្រ្គោះ ហើយ នឹងសកើតឡើងម្រាប់អស់អ្នកដែលដើរតាមព្រះអង្គ (១ ពេត្រុស ២:២១-២៥‚ ៥:១០-១១)។
ដូចដែលព្រះយេស៊ូវលះបង់ព្រះជន្មរបស់ ព្រះអង្គនៅក្នុងការស្តាប់តាមផែនការណ៍ របស់ព្រះ (ខ៣១) សិស្សរបស់ព្រះអង្គគួរតែធ្វើឲ្យជីវិតរបស់គេប្រែ ក្លាយជាតង្វាយដល់ព្រះដូចគ្នាដែរ (រ៉ូម ១២: ១-២; ២កូរិនថូស ៥:១៤-១៥; កាឡាទី ២:២០; ១ យ៉ូហាន ៣:១៦)។ ពេលដែលយើងយល់ពីព្រះពរដ៏វិសេស ដែលជាលទ្ធផល ពីឈើឆ្កាងរបស់ព្រះយេស៊ូវនោះ វានឹងជួយអោយយើងទទួលយកឈើឆ្កាងរបស់យើង ដោយព្រោះតែយើងដឹង ថាការទាំងនោះក៏ជាគោលបំណងល្អផងដែរ (ភីលីព ៣:១០-១១)។
(៣) មកតាមខ្ញុំចុះ។ ជាសិស្សម្នាក់គឺត្រូវបានហៅអោយដើរតាមព្រះយេស៊ូវ។ ការនេះមានន័យថាយើងត្រូវ ស្វែងយល់ពីព្រះអង្គ (យ៉ូហាន ១០:១៤-១៦) ស្គាល់ព្រះបន្ទូលព្រះអង្គ ហើយត្រូវបានដឹកនាំដោយព្រះវិញ្ញាណ របស់ព្រះអង្គ (រ៉ូម ៨:១៤)។ ដើម្បីដើរតាមព្រះយេស៊ូវ គឺត្រូវដើរតាមផ្លូវដូចគ្នាដែលព្រះអង្គបានដើរ (នោះគឺជា ការចុះចូល ហើយនឹងស្តាប់តាមព្រះ) ហើយដើរទន្ទឹមជាមួយនឹងព្រះអង្គនៅក្នុងទំនាក់ទំនងដ៏ជិតស្និតលើផ្លូវនោះ (១យ៉ូហាន ២:៦)។ ក្នុងពេលដែលយើង ធ្វើដូចនេះ យើងនឹងបានដូចជាព្រះអង្គ។ ព្រះអង្គគង់នៅជាមួយយើង គ្រប់ជំហ៊ាន ដែលយើងឈាន (ម៉ាថាយ ២៨:១៨-២០)។
ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ
៨:៣៥ មេរៀនដែលមាននៅក្នុងខនេះគឺសំខាន់ណាស់។ វាគឺជាសេចក្តីបង្រៀនតែមួយរបស់ព្រះយេស៊ូវដែលមាន នៅក្នុងដំណឹងល្អទាំងបួន (ម៉ាថាយ ១០:៣៩, ១៦:២៥; លូកា ៩:២៤, ១៧:៣៣; យ៉ូហាន ១២:២៥)។ អ្នកណាដែលចង់ «ឲ្យរួច» ជីវិតក្នុងពេលនេះ ដោយការរស់នៅសម្រាប់ខ្លួនគេ (ហើយ ដូច្នេះបដិសេធក្នុង ការដើរតាមព្រះយេស៊ូវ) នឹងត្រូវ «បាត់» ជីវិត នៅគ្រាមកដល់។ ពាក្យថា “ជីវិត” មិនមែនជា βιος (ជីវិតរាងកាយ) ប៉ុន្តែជា ψυχη (ផ្តោតលើខាងព្រលឹងវិញ)។ ព្រះយេស៊ូវមានន័យថា ប្រសិនបើយើងរស់នៅ ដើម្បីតែខ្លួនយើង យើងនឹងបាត់បង់ជីវិតខាងព្រលឹងវិញ្ញាណយ៉ាងពិតប្រាកដ នោះគឺជាជីវិតជាមួយនឹងព្រះ។ ប៉ុន្តែព្រះយេស៊ូវបានសន្យាថា៖ «អ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹង ដំណឹងល្អ នោះនឹងបានជីវិតវិញ»។ ការនេះមានន័យថាប្រសិនបើយើងបាត់ជីវិតដែលគិតតែខ្លួនឯងជាទីមួយ ហើយ រស់នៅថ្វាយព្រះយេស៊ូវ នោះយើងនឹងរស់នៅអស់កល្បជានិច្ច (១០:២៩-៣០)។ សម្រាប់អស់អ្នកណាដែលបដិសេធខ្លួនឯង លីឈើឆ្កាងហើយដើរតាមព្រះយេស៊ូវ នឹងទទួលបានជីវិតអស់ កល្បជានិច្ច។
ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ
៨:៣៦-៣៧ ព្រះយេស៊ូវបានប្រៀបធៀបពីអ្វីដែលមនុស្សអាចទទួលបានក្នុងជីវិតនេះហើយនឹងតម្លៃនៃព្រលឹង របស់មនុស្សម្នាក់។ ព្រះអង្គបានសង្ខេបថាគ្មានអ្វីមួយនៅក្នុងពិភពលោកនេះមានតម្លៃជាងព្រលឹងរបស់អ្នក នោះឡើយ។ ប្រសិនបើគ្មានអ្វីណាមួយនៅក្នុងពិភពលោកនេះដែលមានតម្លៃដូចព្រលឹងរបស់អ្នកនោះ នោះគ្មានអ្វីមួយនៅក្នុងពិភពលោកដែលសក្តិសមអោយអ្នកលះបង់ព្រលឹងរបស់អ្នកនោះឡើយ។ ដើម្បីស្គាល់ពីតម្លៃនៃព្រលឹងរបស់អ្នក សូមមើលពីតម្លៃដែលព្រះយេស៊ូវបានបង់ថ្លៃដើម្បីជួយសង្រ្គោះព្រលឹងអ្នក។
ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ នឹងពាក្យខ្ញុំ នៅក្នុងដំណមនុស្សកំផិត ហើយមានបាបនេះ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់ព្រះវរបិតា ជាមួយនឹងពួកទេវតាបរិសុទ្ធ។
៨:៣៨ ដំណមនុស្សកំផិតគឺជាពួកអ្នកដែលមិនមានសេចក្តីជំនឿលើព្រះ។ ព្រះយេស៊ូវបង្រៀនថាដើម្បីអាចធ្វើជា សិស្សព្រះអង្គបានមានន័យថាត្រូវរស់នៅខុសពីការរស់នៅដែលមនុស្សភាគច្រើនកំពុងរស់នៅ។ ជាលទ្ធផល ព្រះអង្គជ្រាបថាមនុស្សអាចនឹងមានសេចក្តីខ្មាសដោយព្រោះព្រះអង្គហើយនឹងព្រះបន្ទូលទ្រង់។ មនុស្សជាច្រើន ត្រូវបានល្បួងឲ្យផ្លាស់ប្តូរអ្វីដែលព្រះយេស៊ូវបានបង្រៀន ហើយធ្វើឲ្យសេចក្តីបង្រៀននោះត្រូវនឹងគុណតម្លៃនៃ វប្បធម៌របស់ពួកគេ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែធ្វើការសម្រេចចិត្តថាតើគំនិតរបស់អ្នកណា ដែលយើងផ្តល់ តម្លៃឲ្យខ្លាំងបំផុត:គំនិតរបស់មនុស្សឬរបស់ព្រះ? នៅក្នុងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ព្រះអង្គនឹង ជំនុំជំរះមនុស្សគ្រប់គ្នា។ របៀបដែលមនុស្សឆ្លើយតបចំពោះព្រះយេស៊ូវក្នុងពេលនេះ កំណត់ពីរបៀបដែលព្រះអង្គ នឹងឆ្លើយតបចំពោះពួកគេនៅក្នុងពេលនោះ។
ជំពូក ប្រាំបី-ចំនុចសំខាន់
(១៦) ព្រះយេស៊ូវយាងមកសម្រាប់មនុស្សគ្រប់ជាតិសាសន៍ទាំងអស់:សាសន៍យូដានិងសាសន៍ ដទៃ។
(១៧) ព្រះយេស៊ូវយាងមកដើម្បីរងទុក្ខហើយនឹងសុគតសម្រាប់អំពើបាបរបស់យើង។
(១៨) គ្មានអ្វីមួយនៅក្នុងពិភពលោកដែលមានតម្លៃដូចជាព្រលឹងរបស់អ្នកនោះឡើយ។