top of page

ជំពូក ១៣

កាល​កំពុង​តែ​ចេញ​ពី​ព្រះ‌វិហារ​មក នោះ​ពួក​សិស្ស​ទ្រង់​ម្នាក់​ទូល​ថា លោក​គ្រូ មើល​ន៏ ថ្ម ហើយ​នឹង​មន្ទីរ​ល្អ​ណាស់​ហ្ន៎

 

១៣:១ នេះគឺជា ព្រះវិហារទីពីរដែលបានសាងសង់នៅក្នុងទីក្រុងយេរូសាឡិម។ ​ព្រះវិហារទីមួយត្រូវបានសាង សង់ដោយស្តេចសាឡូម៉ូន​ចាប់ពីឆ្នាំ ៩៦៥មុន គ,ស ដល់ឆ្នាំ ៩៥៧ មុន គ,ស ហើយត្រូវបានបំផ្លាញដោយ ចក្រភពបាប៊ីឡូននៅក្នុងឆ្នាំ ៥៨៦ មុន គ,ស។ បន្ទាប់ពីការនិរទេសទៅបាប៊ីឡូន ពួកសាសន៍យូដាបានវិល ត្រឡប់មកទីក្រុងយេរូសាឡិមវិញហើយបានសាងសង់ព្រះវិហារតូចជាងមុនចាប់ពីឆ្នាំ ៥៣៧ មុន គ,ស​ ដល់ឆ្នាំ ៥១៦ មុន គ,ស។ ស្តេចហេរ៉ូឌបានពង្រីកព្រះវិហារនេះនៅក្នុងឆ្នាំ ១៩មុន គ,ស។ ជាព្រះវិហារដែលធំ ហើយ  មានតម្លៃថ្លៃកិច្ចការនេះធ្វើត្រូវធ្វើឡើងដើម្បីផ្គាប់ចិត្តដល់សាសន៍យូដាដែលមានកំហឹងដោយព្រោះតែមានសាសន៍ដទៃធ្វើជាស្តេចរបស់ពួកគេ (ហេរ៉ូឌជាសាសន៍អេដំម ដែលត្រូវបានតែងតាំងដោយពួករ៉ូម៉ាំងដែលគ្រប់គ្រងលើ ស្រុកយូដា)។​

 

ទីធ្លានៅក្នុងព្រះវិហារមិនត្រូវបានសាងសង់រួចរហូតដល់ឆ្នាំ ៦៤ គ,ស។ ព្រះវិហារត្រូវបានសាងសង់ដោយថ្ម កំបោររលោងដែលមានទំហ៊ំ ១៤៤០០០ ម៉ែត្រការ៉េ (គ្របដណ្តប់ទំហ៊ំមួយភាគប្រាំមួយនៃទីក្រុងយេរូសាឡិម)។ ​សំណង់ព្រះវិហារមានទំហ៊ំធំណាស់ ប្រវែងបណ្តោយ ៤៦០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ និងកំពស់ ៤៦​ម៉ែត្រ។​ ថ្មដែលធំជាងគេមានប្រវែង ២៥ម៉ែត្រ ហើយមានទំងន់ធ្ងន់ជាង ​១០០ តោន។​ ជាព្រះវិហារដែលមានទំហ៊ំធំ ជាងគេនៅក្នុងពិភពលោកនាជំនាន់នោះ។​

 

ពួកសាសាន៍យូដាចាត់​ទុកព្រះវិហារនោះថា ជា​និមិត្តសញ្ញា​នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ៊ីស្រាអែល (យេរេមា ៧; យ៉ូហាន ៨:៣១-៥៩)។ ​ពួកគេមិនដែលគិតថាព្រះវិហារនោះនឹងត្រូវបំផ្លាញនោះឡើយ។​ សូម្បីតែពួកសិស្ស ក៏មានការអស្ចារ្យពីថ្មនិងសំណង់ទាំងនោះដែលពួកគេបានភ្លេចពីចំនុចដែលព្រះយេស៊ូវ បានបង្រៀន។ ដោយការដាក់បណ្តាសាលើដើមល្វា ការសំអាតព្រះវិហារ ហើយនឹងព្រះបន្ទូលអំពីការប្រៀប្រដូច អំពីចំការទំពាំងបាយជូរ  ព្រះយេស៊ូវបានប្រកាសពីការដាក់ទោសរបស់ព្រះលើប្រព័ន្ធសាសនាសាសន៍យូដា ដែលលទ្ធផលនោះគឺជាការបំផ្លាញព្រះវិហារ។​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​ឃើញ​មន្ទីរ​ធំ​ទាំង​នេះ​ឬ​ទេ បន្តិច​ទៀត នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ

 

១៣:២ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ដល់សិស្សរបស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលថា “នឹង​គ្មាន​ថ្ម​នៅ​ ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ។” សូមពិចារណាពីទំហ៊ំរបស់ថ្មទាំងនោះ ស្តាប់មើលទៅហាក់បីដូចជា មិនអាចទៅរួចនោះឡើយចំពោះពួកសិស្សទាំងអស់។​ ប៉ុន្តែសេចក្តីទំនាយរបស់ព្រះយេស៊ូវបានសម្រេចនៅក្នុងឆ្នាំ ៧០ គ,ស ពេលដែលពួករ៉ូមាំងក្រោមការដឹកនាំរបស់ថាយថាស់ (អាន​ទីតុស) បំផ្លាញទីក្រុងយេរូសាឡិម។ ​អ្នកប្រវត្តិវិទូរសាសន៍យូដាលោកចូសេហ្វឹស ដែលបានរស់នៅក្នុងពេលដែលព្រឹត្តិការណ៍នេះកើតឡើង បានប្រាប់យើងទាំងអស់គ្នាថា ពួករ៉ូម៉ាំងបានបំផ្លាញព្រះវិហារ និងតំបន់ជុំវិញព្រះវិហារទាំងស្រុង រាបដល់ដីដែលអាចភ្ជួរ ដូចជាដីចំការបាន!​

 

យ៉ាងណាមិញ ពួករ៉ូម៉ាំងមិនដែលមានបំណងនៅក្នុងការបំផ្លាញក្រុងយេរូសាឡិមនោះឡើយ។ ពេលដែលពួកគេ ហ៊ុំព័ទ្ធទីក្រុងនោះ ថាយថាស់ (ទីតុស) បានដាក់បញ្ជារដល់ពលទាហ៊ានរបស់គាត់អោយចាប់គ្រប់គ្រង ប៉ុន្តែមិន ត្រូវបំផ្លាញទីក្រុងនោះឡើយ។ ប៉ុន្តែក្នុងពេលដែលធ្វើសង្រ្គាមនោះ ក្រុងយេរូសាឡិមនិងព្រះវិហារត្រូវបានបំផ្លាញ ។ ព្រះវិហារត្រូវបានបិទដោយមាស ដូច្នេះនៅពេលដែលត្រូវភ្លើងឆេះ មាសទាំងនោះបានរលាយ ហើយហូរចូល ទៅក្នុងចន្លោះថ្មធំៗទាំងនោះ។ ក្រោយនោះមក ដើម្បីអាចប្រមូលយកមាសបាន ពួករ៉ូម៉ាំងបានរុះរើថ្មទាំងនោះ មួយដុំម្តងៗ រហូតដល់គ្មានថ្មណាមួយនៅត្រួតពីលើគ្នានោះឡើយ។ ​ហើយថ្មទាំងនោះក៏ “ត្រូវបានទម្លាក់ចុះ” ទៅក្នុងជ្រលង​ឃីដ្រុន។ ​ដូច្នេះហើយពួករ៉ូម៉ាំងបានធ្វើតាមអ្វីដែលពួកគេគ្រោងទុកនោះឡើយនៅក្នុងពេលនោះ ប៉ុន្តែពួកគេបានធ្វើដូចជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលពីការនោះថាពួកគេនឹងធ្វើការនោះកាលពីសែសិប ឆ្នាំមុន!

 

រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​នឹង​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន នឹង​អនទ្រេ គេ​មក​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា

 

ទីសំគាល់សម្រាប់ពួកសិស្ស     ១៣:៣-១៣

១៣:៣​ ព្រះយេស៊ូវយាងចេញពីព្រះវិហារ ហើយយាងទៅភ្នំដើមអូលីវ។​ ទីតាំងទាំងនោះមានសារ:សំខាន់ខ្លាំង ណាស់សម្រាប់សេចក្តីបង្រៀនអំពីការបំផ្លាញនៃព្រះវិហារ។ លោកអេសេគាលត្រូវបានបើកសំដែងអោយ​ឃើញ ពីសិរីល្អនៃព្រះចាកចេញពីព្រះវិហារ ​(អេសេគាល​១០:១៨-១៩;១១:២២-២៣)។ នោះគឺជាទីសំគាល់ដែល បង្ហាញថាព្រះវិហារទីមួយនឹងត្រូវបំផ្លាញ។ នៅក្នុងការមើលឃើញរបស់លោកអេសេគាលសិរីល្អនៃព្រះបានចាក ចេញពីព្រះវិហារ ទៅខាងខ្លោងទ្វារខាងកើត,ហើយបានឈប់នៅលើ “ភ្នំនៅខាងកើតទីក្រុង” (ដែលជាភ្នំដើមអូលីវ)។ នេះជាច្រកដដែលដែលព្រះយេស៊ូវបានយាងចេញនោះ។​ ព្រះយេស៊ូវ (ជាសិរីល្អនៃព្រះ; ហេព្រើរ ១:៣) បានចាកចេញពីព្រះវិហារ (ជាលើកចុងក្រោយ) ហើយយាងទៅភ្នំដើមអូលីវ។ ​ក្រោយមក ព្រះអង្គមានបន្ទូលទៅសិស្សព្រះអង្គអំពីការបំផ្លាញព្រះវិហារដែលនឹងត្រូវមកដល់។

 

សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក

 

១៣:៤ ​ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេចង់ដឹងបន្ថែមអំពីការនោះ។ ម៉ាថាយ ២៤:៣ ប្រាប់យើងថា មានព្រឹត្តិការណ៍ពីរដែលពួកគេបានសួរ

 

  • តើព្រះវិហារនឹងត្រូវបំផ្លាញនៅពេលណា,

  • តើអ្វីជាសញ្ញានៃការយាងមករបស់ព្រះយេស៊ូវដើម្បីគ្រងរាជ្យ ហើយនឹងពេលចុងបញ្ចប់។ 

 

ពួកសិស្សអាចនឹងគិតថាព្រឹត្តិការណ៍ទាំងនេះនឹងកើតឡើងក្នុងពេលតែមួយ។ យើងបានដឹងថាព្រឹត្តិការណ៍ទាំងនេះ មិនបានកើតឡើងក្នុងពេលតែមួយនោះឡើយ។ ព្រះវិហារត្រូវបានបំផ្លាញនៅក្នុង ឆ្នាំ​៧០ គ,ស, ប៉ុន្តែការយាងមក របស់ព្រះយេស៊ូវដើម្បីគ្រងរាជ្យនិងពេលវេលាចុងក្រោយនោះនៅមិនទាន់កើតមានឡើងនៅឡើយ។​

 

ព្រះ‌យេស៊ូវ​ចាប់​តាំង​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា គឺ​ខ្ញុំ​នេះ​ហើយ គេ​ក៏​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ផង 

 

១៣:៥-៦ ​ព្រះយេស៊ូវបានដាស់តឿនសិស្សព្រះអង្គមិនត្រូវអោយចាញ់បញ្ឆោតរបស់មនុស្សដែលមកដោយ នូវព្រះនាមព្រះអង្គ តែជាព្រះមេស៊ីក្លែងក្លាយឡើយ។ ​នៅក្នុងជំនាន់នេះ (ចាប់ពី ឆ្នាំ​៣០ គ,ស ដល់ ឆ្នាំ ៧០ គ,ស) មានព្រះមេស៊ីក្លែងក្លាយមួយចំនួនដែលព្យាយាមដឹកនាំប្រជាជនសាសន៍យូដាទាស់ជាមួយនឹងរ៉ូម។ ​នៅចុងបំផុត នៅក្នុងឆ្នាំ ៦៦ គ,ស ពួកសាសន៍យូដាពិតជាបានបះបោរតាមការដឹកនាំប្រឆាំងនឹងរ៉ូម ដែលនាំអោយក្រុងយេរូសាឡិម និងព្រះវិហារត្រូវបានបំផ្លាញ។​

 

កាល​ណា​អ្នក​រាល់​គ្នា​ឮ​និយាយ​ពី​ចំបាំង ហើយ​ពី​សូរ​ចំបាំង នោះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ក៏​នឹង​មាន​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ ហើយ​នឹង​មាន​អំណត់ នឹង​ចលាចល​កើត​ឡើង នេះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​វេទនា​ទេ

 

១៣:៧-៨ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលអំពីចំនុចបីយ៉ាងថាមិនមែនជាទីសំគាល់នោះឡើយ:សង្រ្គាម      រញ្ជួយផែនដីនិងគ្រោះរាំងស្ងួត។ ការនេះនឹងកើតឡើងគ្រប់ពេលវេលា ដូច្នេះការនេះមិនមែនជាទីសំគាល់ នៃពេលវាចុងក្រោយនោះឡើយ។​

 

ប៉ុន្តែ ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត​ខ្លួន ពី​ព្រោះ​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឯ​ក្រុម‌ជំនុំ គេ​នឹង​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុ ង​សាលា​ប្រជុំ ហើយ​នាំ​ទៅ​ចំពោះ​ចៅហ្វាយ​ខេត្ត នឹង​ស្តេច ដោយ​ព្រោះ​ខ្ញុំ ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ 

 

១៣:៩ ព្រះយេស៊ូវមានបន្ទូលអំពីការបៀតបៀនដែលសិស្សព្រះអង្គនឹងត្រូវជួប​។ ​ការនេះនឹងកើតឡើងដំបូង បំផុតពីសាសន៍យូដាពីសាលាកាត់ក្តីនិងសាលាប្រជុំនៅក្នុងដំបន់។ ពួកសាន់ហេឌ្រីននៅក្នុងក្រុងយេរូសាឡិមគឺជា តុលាការធំបំផុត ប៉ុន្តែសាលាប្រជុំត្រូវបានប្រើប្រាស់ជាកន្លែងអនុវត្តច្បាប់នៅក្នុងដំបន់។ ពួកសិស្សត្រូវបាន ​បៀតបៀនដោយពួកសាសន៍យូដាហើយត្រូវបានចាប់ដាក់គុកហើយត្រូវបានគេវាត់និងខ្សែតីតាមការបញ្ជាររបស់ពួកអ្នកកាត់ក្តីទាំងនេះ (កិច្ចការ ៤:២១, ៥:១៨, ៥:៤០; ២ កូរិនថូស ៦:៩,១១:២៣-២៤)។ ​យ៉ាងណាមិញ ពេលដែលពួកគេត្រូវចាប់ខ្លួនហើយត្រូវបានសួរចម្លើយនោះ ពួកគេបានមានឳកាសក្នុងការប្រកាសពីសេចក្តីជំនឿ របស់គេក្នុងព្រះយេស៊ូវដល់ពួកអ្នកគ្រប់គ្រងសាសន៍ដទៃ (កិច្ចការ ២៤ និង ២៥)​ ហើយនឹងពួកស្តេច (កិច្ចការ ២៦)។

 

ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន 

 

១៣:១០ ព្រះយេស៊ូវបញ្ជាក់ដល់សិស្សព្រះអង្គថាការបៀតបៀននឹងមិនអាចឃាត់ឃាំងការប្រកាសដំណឹងល្អ បានឡើយ។​ ដំណឹងល្អនឹងត្រូវប្រកាសទៅគ្រប់ជាតិសាសន៍ ដើម្បីអោយមនុស្សគ្រប់សាសន៍ត្រូវបានបញ្ចូលទៅ ក្នុងនគរនៃព្រះ។​ នៅក្នុងការមើលឃើញរបស់លោកយ៉ូហានអំពីស្ថានសួគ៌ គាត់បានឃើញមនុស្សមកពី ​«រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា» (វិវរណៈ ​៧:៩-១០)។​ ដូច្នេះហើយ នៅក្នុងខនេះ ព្រះយេស៊ូវមានបន្ទូលទៅសិស្សព្រះអង្គថាពួកគេមានបេសកកម្មចំពោះសាសន៍ដទៃ ហើយថាពេលវេលាមុនពេល ដែល​ព្រះអង្គយាងមកជាលើកទីពីរមិនមែនគ្រាន់តែជាពេលដែលត្រូវរង ការបៀតបៀននោះទេ ប៉ុន្តែក៏ជាពេលនៃព្រះគុណ ហើយនឹងការផ្សាយដំណឹងល្អផងដែរ (២​ កូរិនថូស ៦:២)។​

 

ប៉ុន្តែ​កាល​ណា​គេ​នាំ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ នោះ​កុំ​ឲ្យ​ថប់​ព្រួយ​ជា​មុន​ពី​បែប​និយាយ ឬ​ពី​ពាក្យ​ដែល​ត្រូវ​ថា​ឡើយ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា នៅ​វេលា​នោះ​ឯង ដ្បិត​មិន​មែន​ជា​អ្នក​រាល់​គ្នា​ដែល​ត្រូវ​និយាយ​ទេ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ​តើ

 

១៣:១១ ​ព្រះយេស៊ូវបានដាស់តឿសិស្សព្រះអង្គពីគ្រោះថ្នាក់ ប៉ុន្តែទ្រង់ក៏បានសន្យាថានឹងផ្តល់ជំនួយដល់ គេដែរ។​ ព្រះវិញ្ញាណបរិសុទ្ធនឹងមានព្រះបន្ទូលតាមរយៈពួកគេនៅពេលដែលពួកគេត្រូវសួរចម្លើយ (កិច្ចការ ៤:៨,៦:១០)។

 

បង​ប្អូន​នឹង​បញ្ជូន​គ្នា​ឲ្យ​ត្រូវ​ស្លាប់ ហើយ​ឪពុក​នឹង​បញ្ជូន​កូន កូន​នឹង​លើក​គ្នា​ទាស់​នឹង​ឪពុក​ម្តាយ ហើយ​នឹង​សំឡាប់​គាត់​បង់ មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត។

 

១៣:១២-១៣ លោកីយ៍ស្អប់អ្នកដើរតាមព្រះយេស៊ូវ (យ៉ូហាន ១៥:១៨-១៩) ដូច្នេះហើយ ការបៀតបៀន នឹងកើតមានឡើង។ ​អាចនឹងកើតមក សូម្បីពីតែក្រុមគ្រួសាររបស់យើងផ្ទាល់។ អ្វីដែលជាការលើកទឹកចិត្តយើង នៅក្នុងការទ្រាំទ្រចំពោះបញ្ហាទាំងនោះគឺជាសេចក្តីសន្យារបស់ព្រះយេស៊ូវអំពីសេចក្តីសង្រ្គោះ។ ការទ្រាំទ្ររបស់ យើងបង្ហាញថា យើងមានសេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទក្នុងការសង្រ្គោះយើង ហើយព្រះអង្គ​នឹង​សម្រេច​ការ​នេះ ​ជា​ពុំ‌ខាន។

 

ការរងទុក្ខ ១៣:១៤-២៣

នៅក្នុងការយាងមកលើកទីមួយ ព្រះយេស៊ូវបានកាត់ទោសក្រុងយេរូសាឡិម។ នៅក្នុងការយាងមកលើកទីពិរ របស់ព្រះអង្គ ទ្រង់នឹងជំនុំជំរះពិភពលោកទាំងមូល។ នៅក្នុង ខ​១៤-២៣ ព្រះយេស៊ូវមានបន្ទូលអំពីព្រឹត្តិការណ៍ ដែលបង្ហាញពីការជំនុំជំរះទាំងពីរនេះ។ យើងគួរតែប្រុងប្រយ័ត្ននៅក្នុងការសិក្សាអំពីការជំនុំជំរះក្រុងយេរូសាឡិម ដែលពេលនេះសេចក្តីទំនាយត្រូវបានសម្រេចដោយព្រោះតែការនេះផ្តល់នូវតំរុយអំពីការជំនុំជំរះដែលនឹងត្រូវមក។​

 

កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ ឈរ​នៅ​កន្លែង​ដែល​មិន​គួរ​ឲ្យ​ឈរ (អ្នក​ណា​ដែល​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​រត់​ទៅ​ឯ​ភ្នំ​ទៅ

 

១៣:១៤ ​ពួកសិស្សសុំអោយបានឃើញពីទីសំគាល់ (ខ៤) ហើយពេលនេះព្រះយេស៊ូវមានបន្ទូលពីទីសំគាល់មួយ ។ ​ “សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ” ​នេះគឺជាប្រយោគដែលដកស្រង់ចេញពីបទគម្ពីរដានីយ៉ែល​ (ដានីយ៉ែល ៨:១៣, ៩:២៧, ១១:៣១, ១២:១១)។​ ដែលសំដៅលើការថ្វាយបង្គំរូបព្រះនៅក្នុងទីបរិសុទ្ធនៅក្នុងព្រះវិហារនៃក្នុង ក្រុងយេរូសាឡិម។​អំឡុងឆ្នាំ​៥៣០ មុន គ,ស,លោកដានីយ៉ែលបានកត់ត្រាថា “ស្តេចនៃភាគខាងជើង” នឹងមកដោយការប្រមាថដល់ព្រះវិហារ (ដានីយ៉ែល​១១:៣១)។​ ការនេះបានកើតឡើងនៅក្នុងឆ្នាំ ១៦៨ មុន គ,ស នៅពេលដែលស្តេចប្រទេសក្រិក អាន់ទីយ៉ូកាស អេពីភេនេស បានយកឈ្នះសាសន៍យូដាហើយបានដាក់រូប   សំណាក់ហ្សូសជាព្រះរបស់ក្រិកនៅក្នុងទីបរិសុទ្ធនៅក្នុងព្រះវិហារនៃក្រុងយេរូសាឡិម។ ​ហើយក្រោយមក ស្តេចបានថ្វាយយញ្ញបូជាជាសត្វជ្រូក ជាសត្វដែលមិនស្អាត នៅលើអាសនា។​

 

ព្រះយេស៊ូវបានដកស្រង់ចេញពីបទគម្ពីរដានីយ៉ែលដើម្បីបង្ហាញពីសេចក្តីដែលស្រដៀងគ្នាចំពោះការប្រមាថដល់ ព្រះវិហារដែលនឹងកើតឡើងជាថ្មីនៅពេលដែលកងទ័ពរ៉ូម៉ាំងបំផ្លាញក្រុងយេរូសាឡិម (លូកា ២១:២០)។ ​នៅពេលដែលមនុស្សបានឃើញថាការនេះរៀបនឹងកើតឡើងហើយនោះ ពួកគេត្រូវតែរត់ទៅឯភ្នំដែលពួកគេអាច មានសុវត្ថិភាព។ ដោយព្រោះតែការដាស់តឿនរបស់ព្រះយេស៊ូវ ពួកគ្រីស្ទានសាសន៍យូដាបានចាកចេញពីក្រុង យេរូសាឡិមហើយបានធ្វើដំណើរចំងាយ​៨០ គីឡូម៉ែត្រទៅប៉ែកខាងជើងដល់ ប៉េឡានៅក្នុង ឆ្នាំ​៦៨ គ,ស, មុនពេលដែលពួករ៉ូម៉ាំងវាយប្រហារក្រុងយេរូសាឡិម។ គ្រាដែលពួកគ្រីស្ទានចាកចេញពីទីក្រុងនោះ មាន ពួកសាសន៍យូដាជាច្រើនបានប្រមូលផ្តុំគ្នាក្នុងក្រុងយេរូសាឡិមដោយព្រោះតែពួកគេគិតថាជាមានកំផែងដែលរឹងមាំហើយថាព្រះវិហារនឹងការពារពួកគេ។ ប៉ុន្តែពួកទាហានរ៉ូម៉ាំងបានបោះបន្ទាយនៅខាងក្រៅយេរូសាឡិម អស់រយៈពេលប្រាំខែហើយបានបញ្ឈប់មនុស្សនាំយកអាហារចូលក្នុងក្រុង។ ពួកគេបានរង់ចាំអោយពួកមនុស្ស ដែលនៅក្នុងក្រុងយេរូសាឡិមមានការអត់ឃ្លាន។ មានមនុស្សច្រើនជាងមួយ​លាននាក់បានស្លាប់។​ ប៉ុន្តែគ្មានគ្រីស្ទានសាសន៍យូដាណាម្នាក់ស្លាប់នោះឡើយ។ ​ពួកគេបាននាំគ្នាចាកចេញពីទីក្រុងពេលដែល គេបានឃើញពីការដែល ព្រះយេស៊ូវបានមានបន្ទូលចាប់ផ្តើមកើតមានឡើង (លូកា ២១:២០-២២)។​

 

ហេតុការណ៍នេះបានក្រើនរំលឹកយើងទាំងអស់គ្នាពីសារៈសំខាន់នៃការដែលមានសេចក្តីជំនឿលើព្រះបន្ទូលរបស់ ព្រះយេស៊ូវ ជាជាងការពឹងផ្អែកលើសមត្ថភាពរបស់យើង ឬការទុកចិត្តលើទ្រព្យសម្បត្តិរបស់យើងនៅក្នុងការការពារយើង។ នៅក្នុងពេលនោះ ព្រះយេស៊ូវ បានមានបន្ទូលអំពីការបំផ្លាញទីក្រុងយេរូសាឡិម ហើយពួកអ្នកដែលយកចិត្តទុកដាក់ស្តាប់ការដាស់តឿនរបស់ ព្រះអង្គប៉ុន្មានឆ្នាំក្រោយមកបានមានសុវត្ថិភាព។ ក្នុងពេលនោះដែរ ព្រះយេស៊ូវក៏បានមានព្រះបន្ទូលអំពីពេល វេលាចុងក្រោយ និងការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះអង្គដែរ។ តើយើងនឹងស្តាប់តាមការដាស់តឿន របស់ព្រះអង្គចំពោះយើងដែរទេ? (ខ៣២-៣៧)

 

កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក​ក្នុង​ផ្ទះ ឬ​ចូល​ទៅ​យក​អ្វី​ចេញ​ពី​ផ្ទះ ក៏​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ​ត្រឡប់​មក​វិញ នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ឡើយ 

 

១៣:១៥-១៦ ការណែនាំនេះគឺជាការលើកទឹកចិត្តដល់ពួកអ្នកជឿអោយរត់ចេញដោយប្រញ៉ាប់ពេលដែលគេ បានឃើញទាហានរ៉ូម៉ាំងសំដៅឆ្ពោះទៅក្រុងយេរូសាឡិម។​

 

នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ នឹង​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់ 

 

១៣:១៧ ​ព្រះយេស៊ូវបានយកព្រះទ័យទុកដាក់ជាពិសេសអំពីបញ្ហាចំពោះស្រ្តីដែលមានផ្ទៃពោះ ហើយនឹង ម្តាយដែលមានកូនតូចដែលអាចនឹងមានការលំបាកនៅក្នុងការធ្វើដំណើរអោយបានឆាប់រហ័ស។​

 

ត្រូវ​ឲ្យ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា​ឡើយ

 

១៣:១៨ ​ការដែលរត់ភៀសខ្លួននៅក្នុងរដូវរងាគឺជាការលំបាកខ្លាំងណាស់។ ​អាចនឹងរងាហើយនឹងសើម អាចនឹង លំបាកក្នុងការស្វែងរកចំណីអាហារ ហើយពិបាកនៅក្នុងការឆ្លងទន្លេ។ ព្រះយេស៊ូវមានបន្ទូលថាចូរឲ្យអធិស្ឋានថា កុំឲ្យការនោះកើតឡើងនៅក្នុងរដូវរងា។ ពួកគេបានអធិស្ឋាន ហើយសេចក្តីអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយ តប។ ពេលដែលពួករ៉ូម៉ាំងវាយប្រហារក្រុងយេរូសាឡិមនោះនៅក្នុងរដូវក្តៅ។ ការដួលរលំនៃក្រុងយេរូសាឡិម នៅក្នុងថ្ងៃទី ១០​ ខែសីហា ឆ្នាំ​៧០ គ,ស។​

 

ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​លោកីយ ដែល​ព្រះ‌ទ្រង់​បាន​បង្កើត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ទេ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ផង 

 

១៣:១៩ ការរងទុក្ខនៅក្នុងក្រុងយេរូសាឡិម​គឺជាការរងទុក្ខវេទនាជាខ្លាំងដែលមិនធ្លាប់កើតមានឡើងពីមុនមក។ មនុស្សច្រើនជាងមួយលាននាក់បានស្លាប់។ ប៉ុន្តែទោះបីជាការរងទុក្ខវេទនាយ៉ាងនោះក្តីគ្រាន់តែជាទីសំគាល់មួយ ពីអ្វីដែលកើតឡើងនៅក្នុងពេលវេលាចុងក្រោយតែប៉ុណ្ណោះ។​ “​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ” ​នឹងកើតឡើង ម្តងទៀតនៅពេលដែលពួកទាស់នឹងព្រះគ្រីស្ទប្រមាថដល់ព្រះវិហារនៅក្នុងក្រុងយេរូសាឡិម (ដែលនឹងសាងសង់នៅក្នុងពេលអនាគត) ជាលើកទីបី។ 

 

សេចក្តីទំនាយរបស់លោកដានីយ៉ែលប្រាប់យើងថាអ្នកដឹកនាំពិភពលោកម្នាក់នឹងតាំងសញ្ញាជាមួយនឹងអីស្រាអែលរយៈពេលប្រាំពីរឆ្នាំ។​ ពាក់កណ្តាលនោះ គាត់នឹងទាមទារអោយអោយមនុស្សថ្វាយបង្គំគេដូចជាព្រះ (២​ ថែស្សាឡូនិច ២:៣-៤; វិវរណៈ ១៣:១១-១៥)។ នេះគឺជាការចាប់ផ្តើមនៃការ​ “រងទុក្ខវេទនាដ៏ធំ” ដែល ព្រះយេស៊ូវមានបន្ទូលនៅក្នុងខនេះហើយជាការរៀបរាប់ដែលមាននៅក្នុង វិវរណ: ១៥។​ បីឆ្នាំកន្លះក្រោយមក ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ (ដានីយ៉ែល ១២:១១)។

 

បើ​ព្រះ‌អម្ចាស់​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី នោះ​គ្មាន​មនុស្ស​ណា​បាន​សង្គ្រោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ ដោយ​ព្រោះ​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង 

 

១៣:២០ ដោយ​សារ​សេចក្ដី​មេត្តា​ករុណា​នៃទ្រង់ ព្រះនឹងធ្វើអោយពេលវេលានៃការរងទុក្ខនោះខ្លីជាង សម្រាប់ជា​ប្រយោជន៍​ដល់ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង។​ “ពួក​អ្នក​ដែល​ទ្រង់​បាន​រើស​តាំង” គឺជាប្រជារាស្រ្តដែលបានប្រោស លោះរបស់ព្រះ។​

នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​ថា មើល ទ្រង់​គង់​នៅ​ទី​នុ៎ះ នោះ​កុំ​ឲ្យ​ជឿ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​ព្រម​ទាំង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត​ឲ្យ​មែន‌ទែន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​គ្រប់​ទាំង​អស់​ជា​មុន​ហើយ

 

១៣:២១-២៣ ព្រះយេស៊ូវបានក្រើនរំលឹកអំពីហោរាក្លែងក្លាយហើយនឹងព្រះមេស៊ីក្លែងក្លាយដែលគេនឹងធ្វើទី សំគាល់ព្រមទាំងការអស្ចារ្យដើម្បីព្យាយាមបោកបញ្ឆោតពួកអ្នករើសតាំងរបស់ព្រះ។ ប៉ុន្តែពួកគេមិនអាចធ្វើបាន នោះឡើយ។​ ពួកអ្នករើសតាំងរបស់ព្រះស្តាប់តាមសម្លេងរបស់ព្រះយេស៊ូវ ដើរតាមព្រះអង្គ ហើយឃុំគ្រងដោយ ព្រះអង្គ (យ៉ូហាន ១០:៤-៥, ១០:២៧-២៩) នេះជាហេតុផលដែលពួកគេនឹងទ្រាំទ្រដល់ចុងបំផុត (ខ១៣)។

 

ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្ដី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​នឹង​ធ្លាក់​ចុះ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក

 

ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ១៣:២៤-២៧

១៣:២៤-២៥ ពេលនេះព្រះយេស៊ូវមានបន្ទូលអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គ។​ ពួកហោរានៅក្នុង ព្រះគម្ពីរសញ្ញាចាស់បានកត់ត្រាអំពីទីសំគាល់នៅលើមេឃដែលនឹងកើតមានឡើងមុន “ថ្ងៃនៃព្រះអម្ចាស់” ដែលជាថ្ងៃជំនុំជំរះ (ខ២៤ ដកស្រង់ពី អេសាយ ១៣:១០;ខ ២៥ ដកស្រង់ពី អេសាយ​៣៤:៣-៤)។​ ដែលនឹងពេញដោយសេចក្តីងងឹតដោយព្រោះតែគ្មានពន្លឺពីថ្ងៃ ខែឬផ្កាយនោះឡើយ (យ៉ូអែល ២:៣១-៣២; វិវរណៈ ៦:១២-១៤)។  “អស់ទាំងអំណាចនៅលើមេឃ” ដែលនឹងត្រូវកក្រើកគឺជាព្រះអាទិត្យ ព្រះ​ច័ន្ទ ហើយនឹងផ្កាយ។

 

នោះ​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក មាន​ទាំង​ព្រះ‌ចេស្តា​ជា​ខ្លាំង នឹង​សិរី‌ល្អ​ផង

 

១៣:២៦ ពាក្យថា “កូនមនុស្ស” គឺជាឈ្មោះដែលព្រះយេស៊ូវតែងតែប្រើនៅក្នុងការហៅព្រះអង្គទ្រង់។ លោកម៉ាកុសបានកត់ត្រាពីការដែលព្រះយេស៊ូវប្រើព្រះនាមព្រះអង្គនេះចំនួន​១៣ ដង ដែលលើសពីឈ្មោះ ដែលហៅព្រះអង្គទ្រង់ផ្សេងទៀតទាំងអស់។ ពេលនេះជាលើកទីមួយដែលព្រះយេស៊ូវផ្សាភ្ជាប់ព្រះនាមនេះ​ “កូនមនុស្ស” ជាមួយនឹងសេចក្តីទំនាយលោកដានីយ៉ែល។ ​លោកដានីយ៉ែលបានឃើញ “មាន​១​អង្គ​ដូច​ជា​ មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស។” (ដានីយ៉ែល​ ៧:១៣)។ ព្រះយេស៊ូវមានបន្ទូលអំពីការយាង មកជាលើកទីពីររបស់ព្រះអង្គដោយពាក្យទាំងនេះ។

 

ព្រះយេស៊ូវបានយាងចេញទៅលើពពក(កិច្ចការ ១:៩) ហើយព្រះអង្គនឹងយាងមកវិញលើពពក (១ ថែស្សាឡូនិច ៤:១៧)។ ព្រះចេស្តានិងសិរីល្អដែលព្រះអង្គនឹងមានពេលដែលព្រះអង្គយាងត្រឡប់មកវិញបង្ហាញពីភាពខុសគ្នា រវាងការយាងមកលើកទីមួយនិងលើកទីពីរ​ (វិវរណៈ​១៩)។ ​​ការយាងមកលើកទីមួយរបស់ព្រះយេស៊ូវតម្រូវឲ្យ ព្រះអង្គត្រូវរងទុក្ខនិងសុគត ប៉ុន្តែការយាងមកជាលើកទីពីររបស់ព្រះអង្គនឹងបង្ហាញសិរីល្អដ៏រុងរឿងរបស់ព្រះអង្គ ដល់គ្រប់គ្នាពេលទ្រង់យាងមកដោយជ័យជំនះ ក្នុងនាមជាស្តេចនៃផែនដី និងចៅក្រមដ៏សុចរិត!

 

ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​ដែល​បាន​រើស​តាំង មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ។

 

១៣:២៧ ​ អាទិភាពរបស់ព្រះយេស៊ូវនៅក្នុងការយាងមកជាលើកទីពីររបស់ព្រះអង្គគឺជាការប្រមូលផ្តុំ ប្រជារាស្រ្តរបស់ព្រះអង្គទៅនៅជាមួយនឹងព្រះអង្គជាការចាប់ផ្តើមរាជ្យមួយពាន់ឆ្នាំរបស់ព្រះអង្គនៅលើផែនដី (វិវរណៈ ២០:៤)។ ព្រះអង្គចាត់ទេវតាព្រះអង្គទៅប្រមូលពួកគេ “មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ”។​ “មកពីទិសទាំង៤” មានន័យថា មកពីគ្រប់ទីកន្លែង។​ ការនេះបង្ហាញដល់ ពួកសិស្សថា នឹងមានអ្នកដើរតាមព្រះយេស៊ូវពាសពេញពិភពលោកដូចជាអ្វីដែលយើងបានឃើញក្នុងពេល បច្ចុប្បន្ន។ ​ព្រះទ្រង់នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង (អេភេសូ ១:១០)។

 

ប៉ុន្តែ​ត្រូវ​រៀន​សេចក្ដី​ប្រៀប​ប្រដូច ពី​ដើម​ល្វា​ចុះ គឺ​កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ 

 

១៣:២៨ ស្លឹកដែលនៅលើដើមល្វាបង្ហាញថារដូវក្តៅជិតមកដល់ហើយ។ ដូចដែលវាមានទីសំគាល់នៅក្នុង ធម្មជាតិអំពីអ្វីដែលជិតមកដល់នោះ ក៏មានទីសំគាល់ពីការដែលជិតមកដល់នៅក្នុងផ្នែកខាងព្រលឹងវិញ្ញាណ ផងដែរ។​

 

ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នោះ​កើត​មក នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នោះ​បាន​កើត​មក 

 

១៣:២៩-៣០ ព្រះយេស៊ូវមានបន្ទូលថា “មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅទាល់​តែ​គ្រប់ការ​ទាំង​ នោះ​បាន​កើត​មក”។ “គ្រប់ការទាំងនោះ”​ សំដៅទៅលើព្រឹត្តិការណ៍ដែលមានចាប់ពី ខ១៤-២៩ ដែលជា ការឡើងបង្ហាញពីពួកអ្នកទទឹងនឹងព្រះគ្រីស្ទ ការរងទុក្ខ សេចក្តីងងឹត ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ និង ការប្រមូលផ្តុំពួកអ្នករើសតាំង។ ព្រឹត្តិការណ៍ទាំងនេះនឹងកើតឡើងនៅក្នុងជំនាន់មួយហើយពេលខ្លះនៅក្នុងពេល អនាគត។ ការនេះបង្ហាញថាពេលដែលចុងបំផុតបានមកដល់គ្រប់ទាំងអស់នឹងកើតឡើងយ៉ាងឆាប់រហ័ស។​

ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ នឹង​មិន​ដែល​កន្លង​បាត់​ឡើយ 

 

១៣:៣១ សកលលោកទាំងមូលមិនស្ថិតស្ថេរអស់កល្បនោះឡើយ។​ ទាំងអស់មានការចាប់ផ្តើម (លោកុប្បត្តិ ១:១) ហើយទាំងអស់នឹងមានពេលបញ្ចប់ (២ ពេត្រុស ៣:៥-១៣)។​ គ្រប់ទាំងអស់នឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះយេស៊ូវនៅតែជាសេចក្តីពិតអស់កល្បជានិច្ច (វិវរណ: ២១:១; ម៉ាថាយ ៥:១៧-២០)។ ការនេះគឺដូចជា ព្រះបន្ទូលនៃព្រះដែលមាននៅក្នុងព្រះគម្ពីរសញ្ញចាស់ ​(អេសាយ ៤០:៦-៨)។ 

 

ឯ​ត្រង់​ថ្ងៃ នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​បាន​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ‌បុត្រា​ក៏​មិន​ជ្រាប​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​ប៉ុណ្ណោះ

 

១៣:៣២ មនុស្សមួយចំនួនបានធ្វើការទស្សន៍ទាយពីពេលវេលាដែលព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ឬពេល ចុងបញ្ចប់នៃពិភពលោក។​ ពួកគេតែងតែទស្សន៍ខុសដោយព្រោះតែគ្មានមនុស្សណាម្នាក់ដឹងពីការនេះឡើយ។​ ពេលព្រះយេស៊ូនៅលើផែនដីនេះ សូម្បីតែព្រះអង្គក៏មិនជ្រាបដែរ។ ​ប៉ុន្តែព្រះវរបិតាជ្រាប ដោយព្រោះតែព្រះអង្គ បានកំណត់ពេលវេលាសម្រាប់ការនេះរួចហើយ (កិច្ចការ ១:៦-៧)។​

 

ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ នេះ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​ផ្ទះ​ចេញ​ពី​ស្រុក​ទៅ​ទី​ឆ្ងាយ ក៏​ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ ព្រម​ទាំង​ដាក់​ការ​ឲ្យ​ធ្វើ​គ្រប់​គ្នា ហើយ​ផ្តាំ​អ្នក​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង 

 

១៣:៣៣-៣៤ ព្រះយេស៊ូវប្រៀបបានដូចជាមនុស្សម្នាក់ដែលបានធ្វើដំណើរទៅឆ្ងាយ។ ប៉ុន្តែគាត់មិនបានប្រាប់ ថា គាត់នឹងត្រឡប់មកវិញពេលណានោះទេ។ ដូចជាពួកបាវបំរើនៅក្នុងការប្រៀបប្រដូចរបស់ព្រះយេស៊ូវ គ្រីស្ទានម្នាក់ៗ មានកិច្ចការដែលត្រូវធ្វើ រហូតដល់ពេលដែលព្រះអង្គយាងត្រឡប់មកវិញ។​

 

ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​មិន​ដឹង​ជា​វេលា​ណា​ដែល​ម្ចាស់​ផ្ទះ​នឹង​មក​វិញ​ទេ ទោះ​បើ​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ព្រឹក​ក្តី ក្រែង​លោ​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់ ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ។

 

១៣:៣៥-៣៧ ព្រះយេស៊ូវអាចនឹងយាងមកគ្រប់ពេលវេលា។​ ពេលវេលាទាំង​៤នៃការចាំយាមយប់ ត្រូវបានលើកឡើងនៅត្រង់នេះ៖ ​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ និង​ព្រឹក​ក្តី (ទាបភ្លឺ)។ ព្រះយេស៊ូវបានលើកឡើងពីសេចក្តីត្រូវការ នៃការយកចិត្តទុកដាក់ និងត្រៀមខ្លួនសម្រាប់ការយាង ត្រឡប់មកវិញរបស់ព្រះអង្គ។​

 

ជំពូកទី ដប់បី-ចំនុចសំខាន់

២៨, ព្រះយេស៊ូវនឹងយាងត្រឡប់មកផែនដីវិញដោយព្រះចេស្តាជា​ខ្លាំង និងសិរីល្អ។

bottom of page