top of page

ជំពូក ៧

គ្រា​នោះ​ពួក​ផារិស៊ី នឹង​អ្នក​ខ្លះ​ក្នុង​ពួក​អាចារ្យ ដែល​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​ប្រជុំ​គ្នា​ឯ​ទ្រង់

៧:១ ពួកផារិស៊ី និងពួកអាចារ្យទាំងនេះត្រូវបានចាត់ឲ្យមកពីក្រុងយេរូសាឡិមដើម្បីរាយការណ៏ពីអ្វីដែល ព្រះយេស៊ូវបានធ្វើ។​

កាល​គេ​ឃើញ​ពួក​សិស្ស​ទ្រង់​ខ្លះ​បរិភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ចេញ នោះ​ក៏​ចោទ​ប្រកាន់​ទោស

 

៧:​២ ​ដៃរបស់ពួកសិស្សមិនមែនកខ្វក់នោះឡើយ ប៉ុន្តែ “មិន​ស្អាត”។ ​លោកម៉ាកុសពន្យល់ការនេះ សម្រាប់អ្នកអានសាសន៍ដទៃនៅក្នុងពីរខបន្ទាប់ទៀត។​

ដ្បិត​ពួក​ផារិស៊ី នឹង​ពួក​យូដា​ទាំង​អស់​គ្នា គេ​មិន​ដែល​បរិភោគ​ឡើយ ទាល់​តែ​បាន​ដុស​លាង​ដៃ​យ៉ាង​ស្អាត​អស់​ពី​ចិត្ត​ជា​មុន​សិន ដោយ​កាន់​តាម​សណ្តាប់​ពី​បុរាណ​របស់​ពួក​ចាស់‌ទុំ ហើយ​កាល​គេ​មក​ពី​ផ្សារ នោះ​គេ​មិន​បរិភោគ​ទេ ទាល់​តែ​បាន​ងូត​ទឹក​រួច​សិន ក៏​មាន​សេចក្ដី​ឯ​ទៀត​ជា​ច្រើន ដែល​គេ​ទទួល​កាន់​តាម​ដែរ ដូច​ជា​ការ​លាង​ពែង លាង​ឆ្នាំង លាង​ប្រដាប់​លង្ហិន ហើយ​នឹង​តុ​ជា​ដើម

៧:៣-៤ “ទំនៀមទម្លាប់របស់ពួកចាស់ទុំ”​ គឺជាច្បាប់ដែលមានគោលដៅនៅក្នុងការបកស្រាយក្រឹត្យវិន័យ លោកម៉ូសេ ហើយដាក់ជាការប្រព្រឹត្តិក្នុងការរស់នៅប្រចាំថ្ងៃ។ ទំនៀមទម្លាប់ទាំងនេះបានចាប់ផ្តើមក្នុងអំឡុងពេល និរទេសនៅក្រុងបាប៊ីឡូន ហើយតាំងពីពេលនោះដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ​យោងតាម ទំនៀមទម្លាប់ទាំងនេះ ការលាងសំអាតត្រូវបានតម្រូវអោយធ្វើមុនពេលបរិភោគអាហារ បន្ទាប់ពីអាហារ ហើយនឹងកិច្ចការផ្សេងៗ នៅក្នុងការបរិភោគ។​ វាមិនមែនជាបញ្ហារអនាម័យនោះឡើយ។​ វាគឺជាពិធីសាសនា​។ 


​ច្បាប់តែមួយ អំពីការលាងសំអាតដៃនៅក្នុងក្រឹត្យវិន័យលោកម៉ូសេគឺសម្រាប់ពួកសង្ឃមុនពេលដែលពួកគេថ្វាយ យញ្ញបូជា ឬ បរិភោគដង្វាយបរិសុទ្ធ (និក្ខមនំ​៣០:១៩;លេវីវិន័យ ២២:៦-៧)។ យ៉ាងណាមិញ ពួកអាចារ្យបាន ធ្វើអោយ ច្បាប់ប្រែក្លាយទៅជាការបង្ខិតបង្ខំចំពោះសាសន៍យូដាចំពោះគ្រប់ពេលនៃការបរិភោគអាហារ។ ​​ដូច្នេះ ហើយ ពិធីសាសនា​នៃការលាងសំអាតគឺដោយព្រោះតែទំនៀមទំលាប់ មិនមែនជាព្រះបន្ទូលព្រះនោះឡើយ។​​

ដូច្នេះ ពួក​ផារិស៊ី នឹង​ពួក​អាចារ្យ​គេ​ពិចារណា​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក មិន​កាន់​តាម​សណ្តាប់​បុរាណ​របស់​ពួក​ចាស់‌ទុំ​យ៉ាង​នេះ គឺ​គេ​បរិភោគ​ឥត​លាង​ដៃ​ទេ

៧:៥ ពួកផារិស៊ីហើយនឹងពួកអាចារ្យបានសួរថាហេតុអ្វីបានជាសិស្សរបស់ព្រះយេស៊ូវមិនធ្វើតាមទំនៀមទំលាប់ ពួកចាស់ទុំ។ ព្រះយេស៊ូវនឹងឆ្លើយជាមួយនឹងពួកគេដោយព្រះបន្ទូលថាទំនៀមទម្លាប់របស់ពួកចាស់ទុំ មិនមែនជា បញ្ញត្តរបស់ព្រះនោះឡើយ (ខ៦-១៣)។​

តែ​ទ្រង់​ឆ្លើយ​តប​ថា ពួក​អ្នក​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជន‌ជាតិ​នេះ គេ​គោរព​ប្រតិ‌បត្តិ​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ ដែល​គេ​ថ្វាយ‌បង្គំ​អញ ដោយ​បង្រៀន​សេចក្ដី​បញ្ញត្ត​ជា​របស់​មនុស្ស នោះ​ជា​ឥត​ប្រយោជន៍​ទេ»
 
៧:៦-៧ ព្រះយេស៊ូវមានបន្ទូលថាពួកផារិស៊ីហើយនឹងពួកអាចារ្យគឺជា “ពួកអ្នកមានពុត” (ὑποκριτής)។​​  ពាក្យនេះរៀបរាប់អំពីតួសំដឺងនៅក្នុងរឿងល្ខោន។ ​នៅក្នុងជំនាន់នេះ តួសម្តែងអាចនឹងដើរតួជាច្រើននៅក្នុង រឿងល្ខោនមួយ ដោយការពាក់ម៉ាស់មុខ។ គាត់អាចនឹងពាក់ម៉ាស់មួយដើម្បីដើរតួជាវិរៈបុរស ហើយពាក់ម៉ាស់ មួយទៀតដើរតួជាមនុស្សអាក្រក់។ ​វាគ្រាន់តែជាការសំដែងដើម្បីធ្វើអោយទស្សនិកជនស្រមៃមើលពីអ្វីមួយ ដែលមិនមែនជាគាត់តែប៉ុណ្ណោះ។​  ​
 
ពួកផារិស៊ី និងពួកអាចារ្យប្រៀបដូចជាតួសម្តែងដែលពាក់ម៉ាស់ដើម្បីធ្វើអោយមនុស្សគិតថាពួកគេជាអ្វីមួយដែល មិនមែនជាខ្លួនគេ។ ​ព្រះយេស៊ូវបានដកស្រង់ចេញពី អេសាយ ២៩:១៣ នៅក្នុងការមានព្រះបន្ទូលថាសាសនារ បស់ពួកគេគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ ​​ពាក្យសម្តីរបស់ពួកគេធ្វើអោយគេហាក់​ដូច​ជាថាពួកគេគោរព ប្រតិ‌បត្តិ​ព្រះ ប៉ុន្តែមិនមែននោះឡើយ។​ នៅក្នុងជំនាន់អេសាយ ​​មនុស្សនៅក្នុងក្រុងយេរូសាឡិមគេសំដែងពី ការប្រព្រឹត្តិនៃសាសនា ប៉ុន្តែគេមិនមែនស្រឡាញ់ហើយនឹងស្តាប់បង្គាប់ព្រះយ៉ាងពិតប្រាកដនោះឡើយ។ របៀបដូចគ្នា នោះដែរ ដែលពួកផារិស៊ីហើយនឹងពួកអាចារ្យធ្វើជាថ្វាយ‌បង្គំព្រះ ប៉ុន្តែចិត្តគេនៅឆ្ងាយពីព្រះអង្គ ហើយពួកគេបានយកទំនៀមទម្លាប់សំខាន់ជាងព្រះបន្ទូលព្រះ។​

សេចក្តីទំនាយរបស់អេសាយបង្រៀនយើងទាំងអស់គ្នាពីមេរៀនសំខាន់ៗមួយចំនួន។ ​ដំបូងបំផុត បង្រៀនយើង ទាំងអស់គ្នាថាយើងត្រូវតែមានទំនាក់ទំនងពិតប្រាកដជាមួយព្រះ មិនមែនគ្រាន់តែការប្រព្រឹត្តិបែបសាសនានោះ ឡើយ។ ទីពីរ ​បង្រៀនយើងថាការប្រព្រឹត្តិនៃការថ្វាយបង្គំអាចនឹងគ្មានតម្លៃប្រសិនបើយើងមិនស្រឡាញ់ ហើយនឹងស្តាប់បង្គាប់ព្រះជាម្ចាស់ យ៉ាងពិតប្រាកដ។ ​ព្រះទ្រង់ទតមើលក្នុងចិត្តរបស់យើងដើម្បីអោយបានឃើញថា អ្វីដែលពិតជាសំខាន់សម្រាប់យើងទាំងអស់គ្នា។ ព្រះសព្វព្រះទ័យឲ្យយើងថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត  (យ៉ូហាន ​៤:២៤) ​ហើយព្រះអង្គមិនទទួលយកនូវការថ្វាយបង្គំដែលខុសឆ្គងនោះឡើយ។ ​ទីបី ​យើងទាំងអស់គ្នា ត្រូវតែល្បង និងពិនិត្យមើលសេចក្តីបង្រៀនហើយនឹងទំនៀមទម្លាប់ដោយការប្រៀបធៀបជាមួយនឹងអ្វីដែលជា ព្រះបន្ទូលនៃព្រះ។ ​បន្ទាប់មកយើងត្រូវ​តែស្តាប់​បង្គាប់អ្វីដែលមកពីព្រះ ហើយបដិសេធអ្វីដែលមកពីមនុស្ស។​

ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​នឹង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត

៧:៨ ពួកអាចារ្យអោយតម្លៃលើទំនៀមទម្លាប់របស់មនុស្សជាងព្រះបន្ទូលនៃព្រះ។ ​ព្រះយេស៊ូវមានបន្ទូលថា ពួកគេបានលះចោលបញ្ញត្តរបស់ព្រះនៅក្នុងការកាន់តាមទំនៀមទម្លាប់របស់គេដែលមនុស្សបានបង្កើត។ នៅក្នុង​ ថាល់ម៉ាដ មានគំរូជាច្រើនដែលបញ្ជាក់ចំពោះអ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងខគម្ពីរនេះថាជាការពិត។​​

ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះ‌បង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ 

៧:៩ ​បញ្ហាជាមួយនឹងការបកស្រាយហើយនឹងការបន្ថែមលើក្រឹត្យវិន័យដោយពួកអាចារ្យបង្កើតទៅជាទំនៀម ទម្លាប់ដែលតាមការពិតទៅជាការដែលប្រឆាំងនឹងបទបញ្ញត្តរបស់ព្រះជាម្ចាស់ទៅវិញទេ។​

ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»

៧:១០ ​ព្រះយេស៊ូវបានប្រទានឧទាហរណ៏អំពីការនេះ។​ ព្រះអង្គបានដកស្រង់សេចក្តីដែលមានចែងនៅក្នុង ក្រឹត្យវិន័យចំនួនពីរ (និក្ខមនំ ២០:១២​និង ២១:១៧)។ បញ្ញត្តទីបួន គឺ “ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ”។ ​ពាក្យដែលត្រូវបានបកប្រែថា “គោរពប្រតិបត្តិ” គឺពីពាក្យនៅក្នុងភាសាហេប្រឺ ដែលត្រូវបានប្រើនៅក្នុងជំនួញ ដែលមានន័យថា ទទួលស្គាល់តម្លៃពិតនៃអ្វីមួយ។​  បញ្ញត្តរបស់ព្រះបង្រៀនមនុស្សអោយទទួលស្គាល់គុណតម្លៃ របស់ឪពុកម្តាយរបស់ពួកគេ ប៉ុន្តែពួកអាចារ្យបានបង្រៀនច្បាប់មួយដែលអនុញ្ញាតអោយមនុស្សអាចចៀលវាង ក្នុងការធ្វើដូច្នោះវិញ។​


តែ​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​ណា​និយាយ​ទៅ​ឪពុក​ម្តាយ​ខ្លួន​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​ជា «គ័រ‌បាន់» គឺ​ស្រាយ​ថា​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​បើក​ឲ្យ​អ្នក​នោះ​ជួយ​ដល់​ឪពុក​ម្តាយ ក្នុង​ការ​អ្វី​ទៀត​សោះ

៧:១១-១២ ពួកអាចារ្យបង្រៀនថាមនុស្សម្នាក់អាចស្បថថាពេលដែលគាត់ស្លាប់ទៅទ្រព្យសម្បត្តិរបស់គាត់ នឹងត្រូវប្រគល់អោយទៅព្រះវិហារបាន។​ មនុស្សម្នាក់អាចនិយាយអ្វីគ្រប់យ៉ាងដែលគាត់មានគឺជា “គ័រ‌បាន់” ​ដែលមានន័យថា “ជាដង្វាយថ្វាយដល់ព្រះ”​។ ​ការដែលស្បថថានឹងថ្វាយអ្វីគ្រប់យ៉ាងដែលគាត់មានដល់ព្រះ ពេលដែលគាត់ស្លាប់នោះ គាត់នឹងនិយាយថាគាត់មិនអាចនឹងអោយទៅអ្នកណាផ្សេងបានឡើយ រួមទាំង ឪពុកម្តាយចាស់ជរារបស់គាត់។ ​គាត់អាចនឹងមានភាពរីករាយជាមួយនឹងទ្រព្យសម្បត្តិរបស់គាត់ពេញមួយជីវិត របស់គាត់ដោយគ្មានការទទួលខុសត្រូវនៅក្នុងការជួយដល់ឪពុកម្តាយរបស់គាត់។ ​វាគឺជារបៀបមួយដែល បដិសេធបទបញ្ញត្តរបស់ព្រះជាម្ចាស់នៅក្នុងការគោរពប្រតិបត្តិឪពុកម្តាយ។​

ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ 

៧:១៣ នេះគឺជាឧទាហរណ៏ដ៏ច្បាស់លាស់ដែលថាទំនៀមទម្លាប់ដែលមនុស្សបានបង្កើតប្រឆាំងជាមួយនឹង ព្រះបន្ទូលនៃព្រះ។ ព្រះយេស៊ូវមានបន្ទូលថាពួកគេបានបង្កើតផ្លូវជាច្រើនផ្សេងទៀតនៅក្នុងការចៀសចេញពី ការស្តាប់តាមបទបញ្ញត្តរបស់ព្រះ។

រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​ទាំង​អស់​មក​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ​សិន ហើយ​ឲ្យ​យល់​ចុះ គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ គឺ​ជា​សេចក្ដី​ដែល ​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​វិញ បើ​អ្នក​ណា​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

៧:១៤-១៦ ព្រះយេស៊ូវសព្វព្រះទ័យឲ្យមនុស្សបានយល់ថា គំនិតអំពីភាពមិនស្អាតរបស់ពួកអាចារ្យគឺជា អ្វីដែលខុសឆ្គង។ ភាពស្អាតបរិសុទ្ធជាងអ្វីដែលនៅខាងក្រៅខ្លួន (ប្រៀបដូចជាការលាងដៃជាដើម)។​ គ្មានអ្នកណាម្នាក់ ដែលប្រែទៅជាមិនស្អាតដោយព្រោះអ្វីដែលនៅខាងក្រៅខ្លួនគេនោះឡើយ។ ​វាគឺជាអ្វី ដែលចេញពីមនុស្ស មកវិញនោះទេ (គំនិតរបស់យើង ពាក្យសំដី និងការប្រព្រឹត្ត) ដែលធ្វើអោយយើង ទៅជាមិនស្អាត។ ព្រះសព្វព្រះទ័យអោយយើងមានភាពបរិសុទ្ធពិតប្រាកដចេញពីខាងក្នុង ដែលចាប់ផ្តើម ពីក្នុងចិត្តរបស់យើង។​​

កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ​អី តើ​អ្នក​រាល់​គ្នា​នឹក​មិន​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ពី​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ ទ្រង់​ក៏​មាន​បន្ទូល​ថា គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​នោះ ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្ដី​កំផិត សហាយ‌ស្មន់ កាប់​សំឡាប់​គេ ៧:១៧-២១​ មនុស្សត្រូវបានបង្កើតមកក្នុងសេចក្តីល្អ ប៉ុន្តែ​ជ្រើសរើស​ឲ្យ​មាន​ចំណេះ​ដឹង​អំពី​អំពើ​អាក្រក់ (លោកុប្បត្តិ ១:២៧, ១:៣១, ២:១៦​-​១៧; ៣:៦)។ ពេលនេះ ប្រភពនៃសេចក្តីអាក្រក់របស់មនុស្សគឺជាចិត្តដែល មិនស្អាត ហើយនេះជាអ្វីដែលត្រូវតែធ្វើការសំអាត។ “ចិត្ត”​ ត្រូវបានប្រើនៅក្នុងការរៀបរាប់ពីភាពក្នុងខ្លួន ទាំងស្រុងរបស់មនុស្សម្នាក់ៗ។ វាគឺជាគំនិត អារម្មណ៏ ហើយនឹងបំណងប្រាថ្នារបស់យើង។ ចិត្តត្រូវបានលើក ឡើងចំនួន​៧៤ដង នៅក្នុងបទគម្ពីរសុភាសិតថា ជាប្រភពនៃការប្រព្រឹត្តគ្រប់បែបយ៉ាងរបស់យើង។​

ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក (សុភាសិត ៤:២៣)

អ្វីគ្រប់យ៉ាងដែលយើងធ្វើ មិនថាល្អឬអាក្រក់ ចាប់ផ្តើមនៅក្នុងចិត្តរបស់យើង។ ​ ​​ព្រះយេស៊ូវលើកឡើងពីការប្រព្រឹត្តដ៏អាក្រក់ដែលចេញពីចិត្តមនុស្សដែលធ្វើអោយមនុស្សស្មោក​គ្រោក។  ​វាចាប់ផ្តើមជាមួយ នឹងគំនិតអាក្រក់ ហើយដឹកនាំទៅការប្រព្រឹត្តដូចជា (១) សេចក្ដី​កំផិត ដែលជាអំពើបាបនៃសេចក្តីកំផិត គ្រប់យ៉ាងទាំងនៅក្នុងគំនិតនិងការប្រព្រឹត្ត (ម៉ាថាយ ៥:២៧-២៨) (២) សហាយស្មន់ គឺជាការរួមដំណេក ជាមួយនឹងប្តីប្រពន្ធអ្នកដទៃ (៣) កាប់​សំឡាប់​គេ​​ គឺជាសម្លាប់ដែលរៀបគំរោង ប៉ុន្តែកំហឹងហើយនឹងការប្រមាថ ក៏ជាប្រភេទនៃសម្លាប់ មនុស្សនៅក្នុងចិត្តដែរ (ម៉ាថាយ ៥: ២១-២២)​។​ 

លួច​ប្លន់ លោភោ ខិល‌ខូច ឧបាយ‌កល អាស‌អាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើង‌ឆ្មៃ នឹង​សេចក្ដី​ចំកួត

៧:២២ (៤) លួច​ប្លន់ ​​ដែលរួមបញ្ចូលគ្រប់ការប្រព្រឹត្តនៃការលួច (៥)​ លោភោ គឺជាបំណងប្រាថ្នានៃ ការចង់បានទ្រព្បសម្បត្តិរបស់អ្នកដទៃ (៦)​ ​ខិលខូច គឺជាសេចក្តីសំអប់របស់មនុស្ស ហើយនឹងចិត្តប៉ងប្រាថ្នានៅ ក្នុងការធ្វើអោយអ្នកដទៃឈឺចាប់ (៧)​ ​ឧបាយកល គឺជាផ្ទុយពីភាពស្មោះត្រង់។​ វាគឺជាការកុហកអ្នកដទៃ ដើម្បីបញ្ឆោតអោយគេជឿលើសេចក្តីកំភូត (៨)​ ​អាសអាភាស គឺជាការប្រព្រឹត្តដែលគួរខ្មាសអៀនជាសាធារណៈ (៩)​ ភ្នែក​អាក្រក់ (ច្រណែន) គឺជាការដែលមិនរីករាយជាមួយនឹងភាពជោគជ័យរបស់អ្នកដទៃ។ (១០)​ ជេរ​ប្រមាថ ​គឺជាការនិយាយអាក្រក់ពាក្យមិនពិត អំពីអ្នកណាម្នាក់។ (១១)​ ​ឆ្មើង‌ឆ្មៃ  គឺជាអំពើបាបដំបូង។​ វាគឺជាអំពើបាបរបស់សាតាំងដែលមិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែចង់អោយគេថ្វាយបង្គំវា។ វាគឺជាអំពើបាប របស់អ័ដាមនិងអេវ៉ាដែលមិនចង់ស្តាប់តាមព្រះ ប៉ុន្តែចង់ប្រែក្លាយ ដូចជាព្រះ (១២)សេចក្តីចំកួត ជាការរស់នៅ ដោយគ្មានប្រាជ្ញាដោយព្រោះតែខ្វះសណ្តាប់ធ្នាប់ឬកម្រិតសីលធម៌នៃការរស់នៅ។​​


គឺ​សេចក្ដី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​វិញ។

៧:២៣  ការអាក្រក់ទាំងអស់នេះហើយដែលចេញពីក្នុងខ្លួនយើងមក។ ពួកសាសន៍យូដាជឿថាសេចក្តីល្អចេញ ពីខាងក្នុងពួកគេហើយសេចក្តីអាក្រក់នៅខាងក្រៅខ្លួនពួកគេ។ ប៉ុន្តែការនេះមិនត្រឹមត្រូវនោះឡើយ។​ បញ្ហាដ៏ធំបំផុតរបស់យើងមិនមែនជាអ្វីដែលនៅខាងក្រៅខ្លួនយើងនោះទេ។ វាគឺជាអ្វីដែលនៅខាងក្នុងខ្លួនយើង (គឺជាលក្ខណៈបាបនៃភាពជាមនុស្ស)​។​ ​ មនុស្សព្យាយាមរស់តាមគុណតម្លៃនៃសីលធម៌ ប៉ុន្តែលោកិយ៍នៅតែ ពោរពេញដោយអំពើបាបរបស់មនុស្ស។ ​តើយើងអាចបំបាក់រង្វង់នៃអំពើបាបនេះហើយនឹងការឈឺចាប់ ដែលជា លទ្ធផលបានដោយរបៀបណា?​ ចម្លើយនោះគឺយើងទាំងអស់គ្នាត្រូវការចិត្តថ្មីមួយ។​ សូមស្តាប់ពីរបៀបដែល សេចក្តីសញ្ញាថ្មីនៅក្នុងព្រះគ្រីស្ទត្រូវបានរៀបរាប់នៅក្នុង អេសេគាល ៣៦:២៦-២៧: 

អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង

នេះគឺជាដំណោះស្រាយតែមួយចំពោះបញ្ហានៃសេចក្តីអាក្រក់ អំពើបាបហើយនឹងការរងទុក្ខវេទនា។​ មានព្រះមួយ អង្គដែលពោរពេញដោយព្រះចេស្តាដែលអាចផ្លាស់ប្តូរចិត្តរបស់យើង ហើយទ្រង់អាចដាក់សេចក្តីមេត្តាជំនួស អោយភាពអាត្មានិយម សេចក្តីស្រឡាញ់តាជំនួសអោយសំអប់ ហើយងអំណរជំនួសអោយទុក្ខព្រួយ។  យើងត្រូវការព្រះក្នុង ការផ្លាស់ប្រែ យើងពីខាងក្នុងមក។​ មានតែតាមរយៈការទទួលយកកិច្ចការនៃការផ្លាស់ប្តូរ នៃព្រះតាមរយៈព្រះ វិញ្ញាណបរិសុទ្ធរបស់ព្រះអង្គនៅក្នុងយើងតែប៉ុណ្ណោះដែលយើងអាចទទួលបានសេចក្តី សង្រ្គោះពីអំណាចនៃអំពើបាបបាន។​ 

ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស នឹង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន

៧:២៤ នេះគឺជាពេលតែមួយនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវដែលព្រះអង្គចាកចេញពីផាឡេស្ទីន។ ព្រះអង្គយាងទៅខាងជើងទៅស្រុកទីរ៉ុស ចំងាយ៥៥គីឡូម៉ែត្រ ដែលចំណាយពេល​ ២-៣ ថ្ងៃថ្មើរជើង។ ​សំនួរដំបូងបំផុតដែលយើងគួរសួរនោះគឺហេតុអ្វី? វាមិនមែនជាការដែលព្រះអង្គទៅបង្រៀនឬធ្វើព័ន្ធកិច្ច នោះឡើយ ដោយព្រោះតែបានប្រាប់យើងថាព្រះអង្គមិនសព្វព្រះទ័យអោយអ្នកណាម្នាក់ដឹងថា ព្រះអង្គ យាងទៅទីនោះឡើយ។ ព្រះអង្គយាងទៅទីនោះដើម្បីបង្រៀនដល់សិស្សរបស់ព្រះអង្គនូវមេរៀនដ៏សំខាន់ ដែលពួកគេត្រូវចាកចេញពីស្រុកកំណើតរបស់ពួកគេដើម្បីស្វែងយល់។ ទីរ៉ុសគឺជាទីក្រុងមួយនៅតាមឆ្នេរ សមុទ្រនៃមេឌីទែរ៉ីណេ។ វាគឺជាស្រុករបស់សាសន៍ដទៃ។​

ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោចិ៍​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ

៧:២៥-២៦ ការដែលទំលាក់ខ្លួននៅទាបជើងអ្នកណាម្នាក់គឺជានិមិត្តសញ្ញានៃការបន្ទាបខ្លួននៅពេលដែល ធ្វើការស្នើរសុំអ្វីមួយ។ ​ស្រ្តីនោះជាសាសន៍សីរ៉ូ ភេនីស ជនជាតិក្រេក។ នាងបានទទូចអង្វរជាច្រើនដងដែល ជាការបង្ហាញថានាងពិតជាត្រូវការជំនួយយ៉ាងខ្លាំងបំផុត។​

តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ

៧:២៧ ​សាសន៍យូដាបានហៅពួកសាសន៍ដទៃថា​ “ឆ្កែ” ​គឺជាការប្រមាថ ប៉ុន្តែព្រះយេស៊ូវមិនបានប្រើពាក្យនោះ សម្រាប់ជាការប្រមាថនោះឡើយ។ សាសន៍យូដាហៅថាឆ្កែស្មោកគ្រោក (κύων) តែផ្ទុយទៅវិញ ​ព្រះយេស៊ូវ បានប្រើពាក្យថាឆ្កែតូច ឬកូនឆ្កែដែលជាសត្វចិញ្ចឹមរបស់គ្រួសារ (κυναρίοις)។ ប្រសិនបើព្រះអង្គសព្វព្រះទ័យ បដិសេធជាមួយនឹងនាង ព្រះអង្គនឹងបានហៅនាងថា κύων ​វិញ ប៉ុន្តែព្រះអង្គមិនបានហៅនាងយ៉ាងនោះឡើយ ហើយការនេះដែលបានលើកទឹកចិត្តនាងនៅក្នុងការព្យាយាម។ ​សូមចំណាំថាព្រះយេស៊ូវមានបន្ទូលថាទុកឲ្យកូន ក្មេងស៊ីដំប៉័ងរបស់វាជាមុនសិន។ ព្រះអង្គមានបន្ទូលថាពួកសាសន៍យូដាត្រូវតែបានទទួលព្រះពររបស់ព្រះមេស៊ី ជាមុនសិន។ ព្រះអង្គមិនបានមានបន្ទូលថាសាសន៍ដទៃមិនអាចនឹងទទួលបានព្រះពរពីព្រះអង្គនោះឡើយ ហើយជាថ្មីម្តងទៀតការនេះជាការលើកទឹកចិត្តដល់ស្រ្តីនោះ។

នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ​ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ

៧:២៨ ស្រ្តីនោះបានហៅព្រះយេស៊ូវថា​ “ព្រះអម្ចាស់”។ នាងគឺជាមនុស្សតែម្នាក់ដែលបានហៅព្រះយេស៊ូវថា “ព្រះអម្ចាស់” នៅក្នុងដំណឹងល្អម៉ាកុស។​ នាងមិនមានការអាក់អន់ចិត្តដោយព្រោះព្រះបន្ទូលព្រះយេស៊ូវនោះ ឡើយ ដោយព្រោះតែនាងបានយល់ពីអ្វីដែលព្រះអង្គមានបន្ទូល។ ​នាងបានដឹងថាឆ្កែព្រៃមិនត្រូវបានផ្តល់អាហារ ឲ្យនោះឡើយ ប៉ុន្តែសត្វចិញ្ចឹមនឹងបានអាហារវិញ។ ​ការឆ្លើយតបរបស់នាងបង្ហាញថា នាងសង្ឃឹមថានាងក៏អាច ទទួលបានការអស្ចារ្យពីព្រះយេស៊ូវ ដូចដែលពួកសាសន៍យូដាជាច្រើនបានទទួលដែរ។​

នោះ​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ រួច​កាល​នាង​បាន​ទៅ​ដល់​ផ្ទះ​វិញ ក៏​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ អារក្ស​បាន​ចេញ​ស្រេច​ហើយ។  

៧:២៩-៣០ ព្រះយេស៊ូវសព្វព្រះទ័យចំពោះសេចក្តីជំនឿដែលនាងបានបង្ហាញនៅក្នុងការឆ្លើយតបរបស់នាង (ម៉ាថាយ ១៥:២៨)។ វាអាចជានំប៉័ងរបស់កូនក្មេង ប៉ុន្តែនាងបានដឹងច្បាស់ថា​វាជា “តុអាហាររបស់ម្ចាស់”​ (ម៉ាថាយ ១៥:២៧)។ ព្រះពររបស់ព្រះជាម្ចាស់មិនមែនមានសម្រាប់តែអ៊ីស្រាអែលតែប៉ុណ្ណោះទេ ប៉ុន្តែ ចំពោះព្រះម្ចាស់ដែលទ្រង់ប្រទាន ពរដល់អស់អ្នកណាដែលមានជំនឿនៅក្នុងព្រះអង្គ។ កូនស្រីរបស់ស្រ្តីនោះ មិននៅទីនោះឡើយ ប៉ុន្តែព្រះយេស៊ូវ បានប្រោសនាងពីចំងាយដោយព្រោះតែសេចក្តីជំនឿរបស់ម្តាយនាង។​ ពាក្យកិរិយាស័ព្ទ នៅក្នុងភាសាក្រិចដែលប្រើនោះគឺ (ἐξεληλυθός)​ ប្រាប់យើងទាំងអស់គ្នាថាវិញ្ញាណអាក្រក់ បានចេញទៅ ព្រមទាំងនៅឆ្ងាយពីនាងជារៀងរហូតតទៅ។​

ព្រះយេស៊ូវបាននាំសិស្សព្រះអង្គចេញពីស្រុកផាឡេស្ទីនដើម្បីបង្រៀនពួកគេមេរៀនដ៏សំខាន់មួយ។​ តាមរយៈ ការបង្ហាញព្រះទ័យករុណាចំពោះស្រ្តីនោះ ព្រះយេស៊ូវបានបង្ហាញថា​ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់ជាតិសាសន៍ ទាំងអស់។​ ស្រ្តីសាសន៍ស៊ីរ៉ូ ភេនីស បានទទួលការអស្ចារ្យពីព្រះមេស៊ី! នៅក្នុងដំណឹងល្អ មានតែមនុស្សពីរនាក់ តែប៉ុណ្ណោះដែលទទួលបានសរសើរចំពោះសេចក្តីជំនឿរបស់ពួកគាត់ពីព្រះយេស៊ូវ។ នាងជាម្នាក់ក្នុងចំណោម នោះ។ ​ម្នាក់ទៀតគឺជាមេទ័ពរ៉ូម៉ាំង ​(ម៉ាថាយ​៨:១០)។ អ្នកទាំងពីរនាក់សុទ្ធតែជាសាសន៍ដទៃ។

លំដាប់​ពី​នោះ​មក ទ្រង់​ចេញ​ពី​ព្រំ‌ដែន​ស្រុក​ទីរ៉ុស នឹង​ស៊ីដូន ក៏​យាង​កាត់​ស្រុក​ដេកា‌ប៉ូល មក​ដល់​សមុទ្រ​កាលី‌ឡេ​វិញ

៧:៣១ ព្រះយេស៊ូវបានធ្វើដំណើរជុំវិញយ៉ាងឆ្ងាយក្នុងការវិលត្រឡប់មកកាលីឡេវិញ។​ ព្រះអង្គបានយាង ថ្មើរជើងចំងាយ ២៥០ គីឡូម៉ែត្រហើយអាចនឹងចំណាយពេលជាច្រើនខែ។​ ព្រះអង្គបានស្នាក់នៅក្នុងទឹក ដីសាសន៍ដទៃ ជាដំបូងបំផុតបានយាងទៅប៉ែកខាងជើងទៅស៊ីដូន ហើយបន្ទាប់មកទៅប៉ែកខាងត្បូងឈាង ខាងកើតទៅដេកាប៉ូល។ កា រនេះបានផ្តល់ពេលវេលាផ្ទាល់ខ្លួនដល់ព្រះយេស៊ូវនៅក្នុងការបង្រៀនសិស្សព្រះអង្គ ដោយការចៀសចេញពីទឹកដីដែលគ្រប់គ្រងដោយសត្រូវរបស់ព្រះអង្គ។​

នោះ​មាន​គេ​នាំ​មនុស្ស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក មក​ឯ​ទ្រង់ ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់

៧:៣២ ដោយព្រោះតែមនុស្សនោះថ្លង់ ហើយគាត់មិនអាចរៀននិយាយឲ្យបានល្អនោះឡើយ។

ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយ‌ឡែក យក​អង្គុលី​ព្រះ‌ហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់ កាល​ទ្រង់​បាន​ងើប​ទត​ទៅ​លើ​មេឃ​ហើយ នោះ​ទ្រង់​ថ្ងូរ រួច​មាន​បន្ទូល​ទៅ​គាត់​ថា «អិប‌ផាថា» គឺ​ថា ឲ្យ​បើក​ឡើង

 

៧:៣៣-៣៤ ​ព្រះយេស៊ូវបាននាំយកគាត់ទៅដោយឡែកទៅកន្លែងស្ងាត់ហើយបានមានបន្ទូលនឹងគាត់ដោយ សញ្ញាដើម្បីបង្ហាញពីអ្វីដែលព្រះអង្គនឹងធ្វើ។ ព្រះអង្គបានពាល់ត្រចៀកហើយនឹងអណ្តាតមនុស្សនោះ ហើយ ព្រះអង្គបានប្រើទឹកព្រះឳស្ឋ។ ​នេះជាសញ្ញាក្នុងការមានបន្ទូលនឹងមនុស្សនោះថា ព្រះអង្គទ្រង់នឹងប្រោស ត្រចៀក និងអណ្តាតគាត់ឲ្យជា។​ បន្ទាប់មក ព្រះយេស៊ូវសម្លឹងមើលទៅស្ថានសួគ៌ដើម្បីបង្ហាញថាព្រះចេស្តានៃការប្រោស ឲ្យជាគឺមកពីព្រះជាម្ចាស់។ ​ព្រះយេស៊ូវបានថ្ងូរ ជាការអធិស្ឋានដោយគ្មានពាក្យ។ ទាំង​អស់នេះ ​គឺ​ដើម្បី​ទំនាក់ ​ទំនងនឹងមនុស្សថ្លង់ ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សេចក្តីជំនឿ​របស់​គាត់ ​មុនពេលដែលការប្រោសឲ្យជាកើតមានឡើង ។ ​​ ព្រះយេស៊ូវកំពុង​មានបន្ទូលទៅមនុស្សនោះថា ព្រះអង្គនឹ ងប្រោសគាត់ ដោយព្រះចេស្តាដែលមកពីព្រះ ដោយព្រោះតែព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះគាត់យ៉ាងខ្លាំង។

ស្រាប់​តែ​ត្រចៀក​ក៏​បើក សរសៃ​អណ្តាត​បាន​ធូរ នោះ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់

៧:៣៥ សម្រាប់​មនុស្ស​ថ្លង់ ភាសា​ដែល​និយាយ​បាន​ច្បាស់​ជា​ធម្មតា​ត្រូវ​តែ​រៀន​ក្នុង​រយៈ​ពេល​មួយ។  នៅក្នុងករណីនេះ មនុស្សនោះអាចនិយាយបានច្បាស់ បន្ទាប់ពីត្រូវបានប្រោសឲ្យជា។​

ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ឡើយ ប៉ុន្តែ​ដែល​ទ្រង់​ហាម​ប៉ុណ្ណា នោះ​គេ​ចេះ​តែ​ប្រកាស​ប្រាប់​រឹត‌តែ​ច្រើន​ឡើង​ប៉ុណ្ណោះ​ទៀត គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់‌ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។

៧:៣៦-៣៧ ​ការប្រោសមនុស្សថ្លង់ឲ្យស្តាប់ឮគឺជាសញ្ញាមួយរបស់ព្រះមេស៊ី។ វាបានសម្រេចសេចក្តីទំនាយ របស់ហោរាអេសាយ ដែលបាននិយាយថា៖ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​ មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង (អេសាយ ៣៥ :៥-៦)។ ​មនុស្សមានការអស្ចារ្យជាខ្លាំងដោយការអស្ចារ្យដែលពួកគេបាន ប្រកាសគ្រប់ទីកន្លែង ផ្ទុយពីអ្វីដែលព្រះយេស៊ូវបានហាមមិនអោយគេប្រាប់អ្នកណាម្នាក់ឡើយ។ ​ពួកគេបាននិយាយថា “លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ”។ វាគឺជាការរៀបរាប់ដ៏ត្រឹមត្រូវចំពោះព័ន្ធកិច្ចរបស់ព្រះយេស៊ូវ។


ជំពូក ប្រាំពីរ-ចំនុចសំខាន់
(១៤) ព្រះជាម្ចាស់ចាប់អារម្មណ៍នឹងដួងចិត្តរបស់យើង មិនមែនជាសាសនារបស់យើងនោះឡើយ។​
(១៥) ព្រះពររបស់ព្រះជាម្ចាស់គឺសម្រាប់អស់អ្នកណាដែលជឿ មិនបែងចែកអាយុ ភេទ ជនជាតិ ឬជាតិសាសន៍នោះឡើយ។​

bottom of page