top of page

ជំពូក ១៥

ដល់​ព្រឹក​ឡើង កាល​ពួក​សង្គ្រាជ ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ព្រម​ទាំង​ក្រុម‌ជំនុំ​ទាំង​អស់​បាន​ប្រជុំ​ពិគ្រោះ​គ្នា នោះ​ក៏​ចង​ព្រះ‌យេស៊ូវ នាំ​បញ្ជូន​ទៅ​ឯ​លោក​ពីឡាត់

១៥:១ ​ពេលនោះម៉ោងប្រហែល ៦ព្រឹក (យ៉ូហាន ១៩:១៤)។ ​ពួកអ្នកកាត់ក្តី (សាន់ហេឌ្រីន) បានធ្វើការកាត់ក្តីជាលើកទីបីពេលទាបភ្លឺដើម្បីគ្របបាំងការកាត់ក្តីដោយខុសច្បាប់កាលពីយប់មុននេះ (លូកា ២២:៦៦ -៧១)។ យ៉ាងណាមិញ ការកាត់ក្តីនេះក៏ខុសច្បាប់ដែរ ដោយព្រោះតែជាថ្ងៃនៃការរៀបចំសម្រាប់ពិធីបុណ្យរំលង ហើយវាជា ការរំលងច្បាប់នៅក្នុងការកាត់ក្តីក្នុងថ្ងៃដែលមានពិធីបុណ្យ។​ 

 

ព្រះយេស៊ូវបានផ្តន្ទាទោសពីបទប្រមាថ។ ​ទោសដែលត្រូវចំពោះការប្រមាថគឺត្រូវចោលនឹងថ្មដល់ស្លាប់ (លេវីវិន័យ ២៤:១៦) ប៉ុន្តែពួករ៉ូម៉ាំងមិនអនុញ្ញាតអោយសាសន៍យូដាដាក់ទោសស្លាប់ដល់អ្នកណាម្នាក់នោះឡើយ (យ៉ូហាន ១៨:៣១)។ ​ដូច្នេះហើយ គណៈសាន់ហេឌ្រីនបានរៀបចំគម្រោងនៅក្នុងការបញ្ចុះបញ្ចូលចៅហ្វាយ ក្រុងរ៉ូម៉ាំងបង្គាប់ទោសស្លាប់ដល់ព្រះយេស៊ូវ។ ​ពួកគេដឹងថា ពួករ៉ូម៉ាំងមិនខ្វល់ខ្វាយពីបញ្ហាសាសនារបស់សាសន៍ យូដានោះឡើយ ដូច្នេះហើយ ពួកគេបានផ្លាស់ប្តូរបទចោទដែលទាស់នឹងព្រះយេស៊ូវ។ ពួកគេថាព្រះយេស៊ូវ បានហាមឃាត់ប្រជាជនមិនឲ្យបង់ពន្ធដល់រ៉ូមហើយប្រកាសថាជាស្តេច (លូកា ២៣:១-២)។ វាមិនមែនជា ការពិតនោះឡើយ ប៉ុន្តែបទចោទប្រកាន់ពីការក្បត់ជាតិជាបទឧក្រិដ្ឋដែលរ៉ូម៉ាំងមិនអាចមិនអើពើបានឡើយ។ ​ដូច្នេះហើយ ព្រះយេស៊ូវត្រូវបានគេបញ្ជូន​ទៅ​ដល់​ពួក​សាសន៍ ដូចដែលព្រះអង្គបានមានបន្ទូលថានឹងកើតឡើង (១០:៣៣)។

លោកប៉ុនទាស ពីឡាត់គឺជាចៅហ្វាយក្រុងរ៉ូមនៅក្នុងស្រុកយូដាចាប់ពីឆ្នាំ ២៦ គ,ស ដល់ ឆ្នាំទី ៣៦ គ,ស។ ​នៅក្នុងពិធីបុណ្យរំលង ក្រុងយេរូសាឡិមពេញដោយហ្វូងមនុស្សដែលមានសាសន៍យូដាប្រមាណជា ២លាននាក់ មកប្រារព្ធពីការដែលលោកម៉ូសេបានដឹកនាំឰយុកោ​របស់ពួកគេអោយបានរួចពីការគ្រប់គ្រងរបស់ប្រទេសអេស៊ីព្ទ។ ពេលនោះមានទាហានរ៉ូម៉ាំងតែ ១០០០ នាក់តែប៉ុណ្ណោះដើម្បីការពារ។ លោកពីឡាត់មានការភ័យខ្លាច ហើយ ព្យាយាមជៀសវាងពីការអ្វីមួយដែលធ្វើអោយហ្វូងមនុស្សបង្ករទៅជាបញ្ហាហើយប្រឆាំងទាមទារសេរីភាពពីការត្រួតត្រារបស់រ៉ូម៉ាំង។

លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ

១៥:២ ​ចក្រភពរ៉ូមមិនអនុញ្ញាតអោយសាសន៍យូដាមានស្តេចជារបស់ខ្លួនគេនោះឡើយ។​ ដូច្នេះហើយ លោកពីឡាត់សួរព្រះយេស៊ូវថាតើទ្រង់ជា “ស្តេចរបស់សាសន៍យូដាឬអី” ដើម្បីអោយបានដឹងថាបទចោទពី ទោសក្បត់ជាតិរបស់រ៉ូមនោះពិតដែរទេ។ ចម្លើយរបស់ព្រះយេស៊ូវបានបញ្ជាក់ថាព្រះអង្គទ្រង់គឺជាស្តេចរបស់ ពួកសាសន៍យូដា ប៉ុន្តែមិនមែនតាមអ្វីដែលលោកពីឡាត់គិតស្មាននោះឡើយ (យ៉ូហាន ១៨:៣៣-៣៧)។

ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់ នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

១៥:៣-៥ ពួកសង្រ្គាជបានបន្តចោទប្រកាន់នឹងព្រះយេស៊ូវ។ ទោះបីជាព្រះយេស៊ូវគ្មានទោសកំហុសណាមួយ ក៏ដោយ ព្រះអង្គនៅតែស្ងៀមស្ងាត់ដោយព្រោះតែបេសកកម្មរបស់ព្រះអង្គគឺដើម្បីសុគតជំនួសអំពើបាបយើង ទាំងអស់គ្នា។ ការដែលធ្វើដូច្នោះ បទគម្ពីរ អេសាយ ៥៣:៧ ត្រូវបានសម្រេច។​ យើងបានឃើញពីលក្ខណៈ ដ៏វិសេសរបស់ព្រះយេស៊ូវនៅក្នុងការគ្រប់គ្រងខ្លួនហើយសេចក្តីស្ងប់ចិត្តពេលដែលកំពុងតែប្រឈមមុខជាមួយនឹងការវាយប្រហារដោយពាក្យសំដីនិងការវាយដំពីសត្រូវរបស់ព្រះអង្គ។ លោកពីឡាត់មានការអស្ចារ្យ ចំពោះ ព្រះយេស៊ូវដែលមិនផ្តល់ចំលើយអ្វីសោះ។​ គាត់ចង់ដោះលែងព្រះយេស៊ូវ ហើយព្រះយេស៊ូវអាចនឹងបញ្ចុះ បញ្ចូលអោយគាត់ដោះលែងព្រះអង្គយ៉ាងងាយស្រួល។​ នៅក្នុងភាពស្ងប់ស្ងាត់របស់ព្រះអង្គ យើងបានឃើញថា ព្រះអង្គបានលះបង់ព្រះជន្មដោយស្ម័គ្រចិត្ត។

រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ​តាម​ដែល​គេ​សូម

១៥:៦ ដោយព្រោះតែលោកពីឡាត់ចង់ផ្គាប់ចិត្តដល់សាសន៍យូដានៅក្នុងពិធីបុណ្យរំលងនោះ ជារៀងរាល់ ឆ្នាំគាត់តែងតែដោះលែងអ្នកទោសម្នាក់។

គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះ‌បោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ

 

១៥:៧ មានអ្នកទោសមួយចំនួនដែលជាប់គុកដោយព្រោះតែបានវាយប្រហារលើទាហានរ៉ូម៉ាំង។ ក្នុងចំណោម អ្នកទាំងនោះមានបារ៉ាបាស។គាត់ជាចោរប្លន់ (យ៉ូហាន ១៨:៤០) ជាឃាតករ (លូកា ២៣:១៨-១៩) ហើយជាមេនៃពួកបះបោរដែលបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរ៉ូម៉ាំង នៅក្រុងយេរូសាឡឹម។ ដូច្នេះហើយ បារ៉ាបាសជាអ្នក ដែលមានទោសនៃប្រព្រឹត្តបទឧក្រិដ្ឋ ដែល​ព្រះយេស៊ូវ​ត្រូវ​បាន​ចោទ​ប្រកាន់​មិន​ពិត នោះ​គឺ​ជាទោសក្បត់ជាតិ។
 
ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ

១៥:៨-១០ លោកពីឡាត់​ដឹងថា មូលហេតុ​ដែលពួកសំដេចសង្ឃប្រឆាំង​នឹង​ព្រះយេស៊ូវ គឺ​មិនមែនមានចិត្តស្មោះត្រង់របស់ពួកគេចំពោះរ៉ូមនោះឡើយ ប៉ុន្តែគឺដោយភាពច្រណែនឈ្នានីសរបស់គេ ចំពោះព្រះយេស៊ូវទៅវិញទេ។ គាត់ដឹងថាព្រះយេស៊ូវគ្មានកំហុស ហើយគាត់មានសុខ​ចិត្តនៅក្នុងការដោះលែងព្រះអង្គ (ម៉ាថាយ ២៧:១៩;លូកា ២៣:១៣-១៦) ដូច្នេះហើយ គាត់បានសួរដល់ហ្វូងមនុស្សថាតើគាត់គួរតែដោះលែងព្រះយេស៊ូវដែលជា “ស្តេចរបស់សាសន៍យូដា” ដែរទេ។
 
តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ

១៥:១១ នៅក្នុង​ហ្វូងមនុស្សរួមទាំងពួកអ្នកដែលគាំទ្របារ៉ាបាស,ហើយនឹងពួកមនុស្សដែលពួកសង្រ្គាជ បានបញ្ចុះបញ្ចូលអោយស្រែកទាស់នឹងព្រះយេស៊ូវ (ម៉ាថាយ ២៧:២០)។ មានពួកអ្នកដែលជឿលើព្រះយេស៊ូវ ជាច្រើន ប៉ុន្តែភាគច្រើនជាអ្នកមកពីស្រុកកាលីឡេ ហើយបានស្នាក់នៅក្នុងភូមិខាងក្រៅទីក្រុងយេរូសាឡិម ក្នុងពិធីបុណ្យរំលង។ ដូច្នេះហើយពួកគេមិនបាននៅក្នុងទីក្រុងពេលព្រឹកព្រលឹមយ៉ាងនេះនោះឡើយ ហើយក៏ មិនបានដឹងថាមាន ការកាត់ក្តីនៅក្នុងលានរបស់លោកពីឡាត់ដែរ។ គម្រោងរបស់គណៈសាន់ហេឌ្រីនគឺដើ ម្បីបញ្ចប់ការកាត់ក្តី មុនពេលដែលពួកអ្នកជឿពីស្រុកកាលីឡេភ្ញាក់ឡើងហើយដើរចូលទៅក្នុងទីក្រុង។​

លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

១៥:១២-១៤ លោកពីឡាត់ព្យាយាមដោះលែងព្រះយេស៊ូវ (យ៉ូហាន ១៨:៣៨; ១៩:៦, ១៩:១២) ប៉ុន្តែ ហ្វូងមនុស្សទាមទារអោយប្រហារជីវិតព្រះយេស៊ូវ។ លោកពីឡាត់ប្រកាសថាព្រះយេស៊ូវមានមិនទោសនោះ ឡើយ។ ប៉ុន្តែពួកគេនៅតែទាមទារ “ចូរ​ឆ្កាងវាទៅ”។​

ការឆ្កាងត្រូវបានបង្កើតឡើងដោយចក្រភពពើស៊ីនៅក្នុងឆ្នាំ ៥១៩ មុន គ,ស។ ដែកមុតស្រួចត្រូវបានបោះទំលុះ កដៃឬបាទដៃហើយនឹងជើងដើម្បីភ្ជាប់អ្នកទោសអោយជាប់ជាមួយនឹងឈើឆ្កាង។ ពួកអ្នកជាប់ឆ្កាងនឹងត្រូវរងទុក្ខ រយៈបីបួនថ្ងៃមុនពេលដែលស្លាប់ដោយព្រោះតែស្នាមរបួស ភាពស្រេកឃ្លាន និងខ្វះជាតិទឹក ហើយនិងការដែលស្ថិតក្រោមកំដៅថ្ងៃនៅពេលថ្ងៃនិងភាពត្រជាក់នៅពេលយប់។​

ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ា‌បាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។
 
១៥:១៥ អស់រយៈពេលបីដងដែលលោកពីឡាត់បានប្រកាសថាព្រះយេស៊ូវគ្មានទោស ប៉ុន្តែគាត់ចង់ផ្គាប់ចិត្ត ដល់ហ្វូងមនុស្សដោយព្រោះតែគាត់ភ័យខ្លាចថានឹងមានការបះបោរកើតមានឡើង។  ​ពួកអ្នកដឹកនាំសាសន៍យូដាបាននិយាយថាលោកពីឡាត់នឹង មិនស្មោះត្រង់ចំពោះសេរសាប្រសិនបើដោះលែងព្រះយេស៊ូវ (យ៉ូហាន ១៩:១២)។ ប្រសិនមានការរាយការណ៍ ដល់សេរសាពីការនេះ លោកពីឡាត់នឹងដាក់ទោស។​ លោកពីឡាត់ខ្វល់ខ្វាយពីការថែរក្សាដំណែងរបស់គាត់ជាង ភាពយុត្តិធម៌ ដូច្នេះហើយគាត់បានដោះលែងអ្នកទោសម្នាក់ ហើយបានបញ្ជារអោយប្រហារជីវិតមនុស្សដែលគ្មាន កំហុសម្នាក់។​
 
ការដែលវាត់នឹងខ្សែតីគឺជារបៀបរបបរបស់រ៉ូម៉ាំងមុនពេលដែលឆ្កាង។​ ទាហាន​ដោះ​សម្លៀក​បំពាក់​របស់​បុរស​នោះ ហើយ​គាត់​ត្រូវ​បាន​អោន​ចុះ ហើយ​ដៃ​របស់​គាត់​ទាំងខាងត្រូវបានចងផ្អោបទៅក្រោម​។​​ បន្ទាប់មកទាហានពីរនាក់ ម្នាក់ឈរម្ខាង វាយខ្នងទទេរបស់គាត់ជាមួយខ្សែតីដែលធ្វើឡើងពីស្បែកប្រាំបួនខ្សែ។ ​ខ្សែតីនោះមានចុងដែកមុត ស្រួច ហើយនឹងឆ្អឹងដែលចងនៅខាងចុង ដែលអាចហែកស្បែករហូតដល់ឆ្អឹង។ មនុស្សជាច្រើនស្លាប់ដោយការវាយនេះ។​​
 
ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ 

១៥:១៦-១៧ ពួកទាហានបានឮពួកអ្នកដឹកនាំសាសន៍យូដាចោទប្រកាន់ព្រះយេស៊ូវថាបានប្រកាសថាជា ស្តេច។ ដូច្នេះហើយ ពួកគេបានចំអកព្រះយេស៊ូវដោយការធ្វើពុតជាគោរពដល់ព្រះអង្គដូចជាស្តេច។​ ពួកគេបាន បំពាក់រូបពណ៌ស្វាយអោយព្រះអង្គ ដូចជារាជ្យវង្សពាក់។​ បន្ទាប់មកពួកគេបានធ្វើម្កុដពីបន្លា (ដើមល្មើរ)។ ពួកគេមិនបានយល់ពីអ្វីដែលពួកគេកំពុងធ្វើនោះឡើយ ប៉ុន្តែការនោះពិតជាសំខាន់ខ្លាំងណាស់។ ​បន្លាគឺជា និមិត្តសញ្ញា នៃបណ្តាសានៅលើដីដែលជាលទ្ធផលនៃអំពើបាបរបស់មនុស្ស (លោកុប្បត្តិ ៣:១៧-១៨)។ ពួកទាហានបាន យកនិមិត្តសញ្ញានៃបណ្តាសាលើដី ហើយបានធ្វើទៅជាបន្លាហើយបានបំពាក់លើព្រះសិរសា ព្រះយេស៊ូវ។ ក្នុងនាមជាស្តេចដែលបានយាងមកដកយកបណ្តាសានៃអំពើបាបចេញពីយើង ហើយព្រះយេស៊ូវ បានទទួលការនោះ។

រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

១៥:១៨ ពាក្យដែលពោលថា​ “ថ្វាយបង្គំស្តេចសាសន៍យូដា” គឺដូចជាការស្វាគមន៍ដែលមនុស្សទទួលស្វាគមន៍ អធិរាជរ៉ូម៉ាំង “ថ្វាយបង្គំព្រះចៅសេរសា”​។ ពួកទាហានដឹងថាសាសន៍យូដាគ្មានស្តេចនោះឡើយ ​​ដូច្នេះហើយ ពាក្យ​របស់​ពួកគេបានចំអកទាំងព្រះយេស៊ូវនិងសាសន៍យូដា។ ​ ព្រះយេស៊ូវត្រូវបានចំអកដោយអ្នកមិនជឿ នៅថ្ងៃ​នោះ ជា​អ្វី​ដែល​តាម​ពិត​ព្រះអង្គ​គឺ​ជា ហោរា (១៤:៦៥) ស្តេច (១៥:១៨) ហើយជាព្រះអង្គសង្រ្គោះ (១៥:៣១)។

គេ​ក៏​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ ស្តោះ​ដាក់​ទ្រង់ ហើយ​លុត​ជង្គង់​ថ្វាយ‌បង្គំ​ទ្រង់​ផង
 

១៥:១៩ បន្ទាប់ពីចំអក ពួកគេបានវាយព្រះអង្គត្រង់ព្រះសិរសាជាមួយដំបងនិងបានស្តោះដាក់ព្រះអង្គ។ ពួកគេ បានឱនក្រាបហើយធ្វើជាថ្វាយការគោរពដល់ព្រះអង្គ។ ពាក្យទាំងនោះកាន់តែអាក្រក់នៅក្នុងភាសាក្រិកដែល បង្ហាញថា ពួកគេនៅតែបន្តវាយដំ ស្តោះដាក់ ហើយនឹងថ្វាយបង្គំ។ ការនោះត្រូវបានធ្វើឡើងជាដដែលៗ ម្តងទៀតម្តងហើយម្តងទៀត។ វាគឺជាការបង្ហាញពីភាពដ៏ឃោរឃៅជាទីបំផុត។​ 

កាល​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ នោះ​គេ​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ ក៏​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង

 

១៥:២០  ពួកទាហានបានបំពាក់ព្រះពស្រ្តព្រះអង្គវិញ។​ បន្ទាប់មក គេបាននាំព្រះអង្គទៅកន្លែងខាងក្រៅជញ្ជាំង ទីក្រុងជាកន្លែងដែលត្រូវឆ្កាង (ហេព្រើរ ១៣:១១-១២)។ ពួកគេបានចំណាយពេលយ៉ាងយូរក្នុងការធ្វើដំណើរ កាត់តាមផ្លូវក្នុងក្រុងយេរូសាឡិមដើម្បីអោយពួកសាសន៍យូដាបានឃើញហើយភ័យខ្លាចចំពោះអំណាចរបស់រ៉ូម។

គេ​ចាប់​អ្នក​ស្រុក​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​អ័លេ‌ក្សាន‌ត្រុស នឹង​រូភូស ដែល​ដើរ​តាម​ផ្លូវ​ចុះ​មក​ពី​ចំការ បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​ទ្រង់។

 

១៥:២១ មនុស្សដែលជាប់ទោសត្រូវតែលីឈើឆ្កាងដោយខ្លួនគេដែលមានប្រវែង ២,៥ ម៉ែត្រ និង ទំងន់ ប្រមាណជា ៣៥ គីឡូក្រាម។ ​ព្រះយេស៊ូវបានខ្សោយល្វើយដោយការបាត់បង់ព្រះលោហិតដោយការវាយដំ ដូច្នេះហើយ ពួកទាហានបានបង្គាប់អោយមនុស្សម្នាក់ជួយលីឈើឆ្កាងនោះ។
 
លោកស៊ីម៉ូន មកពីស្រុកគីរេនដែលជាខេត្តមួយរបស់រ៉ូម៉ាំងនៅក្នុងអាហ្រ្វិចខាងជើងដែលមានពួកសាសន៍យូដាជា ច្រើនរស់នៅ។​ បទពិសោធន៍ដែលគាត់ធ្លាប់បានលីឈើឆ្កាងនោះអាចជាការដឹកនាំអោយកូនៗ របស់គាត់បានប្រែ ក្លាយជាអ្នកជឿ (រ៉ូម ១៦:១៣)។ លោកម៉ាកុសប្រាប់យើងអំពីឈ្មោះរបស់ពួកគាត់ ដែលជាករណីវិសេសលុះត្រា តែពួកអ្នកទាំងនោះត្រូវបានស្គាល់ដោយអ្នកដែលអានដំណឹងល្អម៉ាកុស។

គេ​នាំ​ទ្រង់​ទៅ​ដល់​កន្លែង​ហៅ​ថា «គាល់‌កូថា» ដែល​ស្រាយ​ថា ភ្នំ​លលាដ៏​ក្បាល

១៥:២២ គាល់កូថា គឺជាភ្នំមួយដែលមានរាងដូចជាលលាដ៏ក្បាល។ ដែលមាននៅភាគខាងជើងនៃក្រុង យេរូសាឡិម ដែលនៅខាងក្រៅជញ្ជាំងក្រុង នៅលើផ្លូវធំ។ ​នៅទីកន្លែងនេះ យើងបានឃើញពីអំពើបាបដ៏អាក្រក់ របស់មនុស្សហើយនិងភាពអស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។​

នោះ​គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ លាយ​នឹង​ជ័រ​ល្វីង‌ទេស ថ្វាយ​ទ្រង់​សោយ តែ​ទ្រង់​មិន​សោយ​ទេ

១៥:២៣ ជាទំនៀមទំលាប់របស់សាសន៍យូដា (យោងតាម សុភាសិត ៣១:៦) ដែលពួកស្រ្តីផ្តល់ស្រាទំពាំង បាយជូរលាយជាមួយនឹងជ័រល្វីងទេសដល់មនុស្សដែលនឹងត្រូវប្រហារជីវិតដើម្បីជួយកាត់បន្ថយការឈឺចាប់។ ព្រះយេស៊ូវបានបដិសេធ។ ព្រះអង្គបានជ្រើសរើសនៅក្នុងការសោយពី “ពែង” នៃការរងទុក្ខជំនួស​វិញ ហើយព្រះអង្គសព្វព្រះទ័យនៅក្នុងការសំរេច​កិច្ចការ​ដង្វាយធួន​របស់ព្រះអង្គអោយបានពេញលេញ។

កាល​បាន​ឆ្កាង​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចាប់​ឆ្នោត​ចែក​គ្នា ដើម្បី​ឲ្យ​ដឹង​ជា​អ្នក​ណា​ត្រូវ​បាន​អ្វី

១៥:២៤ ពួករ៉ូមាំងអនុញ្ញាតអោយពួកទាហានយកសម្លៀកបំពាក់របស់មនុស្សដែលគេបានប្រហារជីវិត។​ ទាហានម្នាក់ៗ បានយកបំណែកនៃព្រះពស្តរបស់ព្រះយេស៊ូវ។ ​ ​ពួកគេបានចាប់ឆ្នោតដើម្បីសម្រេចថា អ្នកណា បានអាវវែងរបស់ព្រះអង្គ (យ៉ូហាន ១៩:២៣-២៤)។​ការនេះជាការសម្រេចតាម ទំនុកដំកើង ២២:១៨។

ពេល​ដែល​គេ​ឆ្កាង​ទ្រង់ គឺ​ជា​ពេល​ម៉ោង​៩​ព្រឹក

១៥:២៥ ពេលនេះម៉ោង ៩ព្រឹក។​ ពួករ៉ូមាំងបានបោះដែកគោលមនុស្សជាប់នឹងឈើឆ្កាង នៅលើដៃ ឬកដៃដែលមានខ្លួន ប្រាណផ្តេកទៅលើឈើឆ្កាងនិងចងខ្សែនៅដើមដៃ។ ​ជើងទាំងសងខាងត្រូវបានផ្អោបបន្តិចដែលមានប្រអប់ជើង ត្រូវបានបោះដែកគោលទៅលើប្រអប់រាងបីជ្រុង។​ មនុស្សដែលត្រូវបានឆ្កាងត្រូវតែព្យាយាមរុញខ្លួនឡើងទៅលើ ដោយប្រើជើង ដើម្បីអាចដកដង្ហើមបាន។ ​មនុស្សដែលត្រូវបានឆ្កាងភាគច្រើនស្លាប់ដោយសារតែថប់ដង្ហើម។ ​លោកស៊ីកឺរ៉ូ អ្នកប្រវត្តិវិទូររ៉ូម៉ាំង​នៅក្នុងពេលនោះ បានរៀបរាប់ថា “គឺជាភាពព្រៃផ្សៃបំផុងក្នុងចំណោមការដាក់ ទោសដ៏ឃោរឃៅទាំងប៉ុន្មាន”។

យ៉ាងណាមិញ យើងបានយល់ពីឈើឆ្កាងហើយ មិនមែននៅពេលដែលយើងផ្តោតលើភាពឃោរឃៅរបស់ ពួករ៉ូម៉ាំងនោះឡើយ ប៉ុន្តែនៅពេលដែលយើងដឹងពីមូលហេតុពិតរបស់វា៖ នោះគឺជាអំពើបាបរបស់យើង។​ ​ យើងបានយល់ពី អត្ថន័យដំណឹងល្អនៅពេលដែលយើងបានយល់ថាយើងជាមនុស្សមានបាប ហើយព្រះគ្រីស្ទ ដែលគ្មានបាបសោះ នោះ ស្ម័គ្រព្រះទ័យទទួលទោសដោយព្រោះបាបយើង។​ តើអ្នកអាចសម្លឹងមើល ទៅកាន់​ឈើឆ្កាង ហើយនិយាយចេញពីចិត្តថា “ខ្ញុំ​សម​នឹង​នៅ​ទី​នោះ មិន​មែនព្រះយេស៊ូវទេ”? ហើយឈានទៅមុខមួយជំហ៊ានទៀត ដោយការដាក់សេចក្តីទុកចិត្តរបស់អ្នកលើទ្រង់ជាព្រះអង្គសង្រ្គោះរបស់អ្នក ទទួលយកអ្វីដែលព្រះអង្គបានធ្វើស ម្រាប់អ្នក។ ​ព្រះអង្គបានជំនួសកន្លែងរបស់អ្នកហើយបានសុគតសម្រាប់អ្នក។ ព្រះអង្គបានសុគត ដើម្បីឲ្យអ្នក បានជីវិតអស់កល្បជានិច្ច។ នេះហើយជាដំណឹងល្អ។

គេ​សរសេរ​ប្រកាស​កត់​ទោស​ទ្រង់​ថា «នេះ​ស្តេច​សាសន៍​យូដា» 

 

១៥:២៦ ​នៅលើស្លាកឈើត្រូវបានសរសេរពីការចោទប្រកាន់ប្រឆាំងនឹងអ្នកដែលត្រូវបានថ្កោលទោស។ ​ដែលនៅលើ ព្រះសិរសាព្រះយេស៊ូវនៅលើឈើឆ្កាងនោះ (ម៉ាថាយ ២៧:៣៧)។ លោកពីឡាត់បានសរសេរថា “ស្តេចរបស់សាសន៍យូដា” នៅលើស្លាកឈើនោះ ដើម្បីបញ្ឈឺចិត្តពួកសង្រ្គាជដែលបានបង្ខំគាត់អោយធ្វើការកាត់ទោសមនុស្សដែលគ្មានកំហុសម្នាក់។ ពួកគេបានជំទាស់ ប៉ុន្តែគាត់បដិសេធមិនព្រមដូរនោះឡើយ (យ៉ូហាន ១៩:២១-២២)។​
 
ហើយ​ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់ ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង នោះ​បាន​សំរេច​តាម​បទ​គម្ពីរ​ដែល​ថា «គេ​បាន​រាប់​ទ្រង់​ជា​ពួក​អ្នក​ទទឹង​ច្បាប់»។

១៥:២៧-២៨ ចោរដែលនៅខាងស្តាំនិងខាងឆ្វេងព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយអេសាយ  “គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់” (អេសាយ ៥៣:១២)។

ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ ឥឡូវ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ដោយ​ចុះ​ពី​ឈើ​ឆ្កាង​មក 

 

១៥:២៩-៣០ ទីកន្លែងនៃការឆ្កាងនោះគឺនៅក្បែរផ្លូវធំ។ ​ពួកអាចារ្យបានផ្សព្វផ្សាយការកុហករបស់ពួកគេអំពី ព្រះយេស៊ូវដើម្បីអោយមនុស្សដែលដើរចុះឡើងអាចនិយាយសេចក្តីនោះតគ្នា។ ​ពាក្យរបស់ពួកគេជាការចំអក សេចក្តីល្បួង និងបានសម្រេចសេចក្តីទំនាយ (ទំនុកដំកើង ២២:៦-៨)។ តែសូមអរព្រះគុណ សម្រាប់ជាប្រយោជន៍ របស់យើង ព្រះយេស៊ូ​របានមិន​អើពើពីការនោះឡើយ។


ពួក​សង្គ្រាជ​នឹង​ពួក​អាចារ្យ ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច​គ្នា ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា វា​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ឯ​ទៀត​បាន តែ​ពុំ​អាច​នឹង​សង្គ្រោះ​ចំពោះ​ខ្លួន​ឯង​បាន​ទេ ចូរ​ឲ្យ​ព្រះ‌គ្រីស្ទ ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ចុះ​ពី​ឈើ​ឆ្កាង​មក​ឥឡូវ​ចុះ ឲ្យ​យើង​បាន​ឃើញ ហើយ​ជឿ​ផង ឯ​២​នាក់​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ដៀល​ត្មះ​ទ្រង់​ដែរ។

១៥:៣១-៣២ ពួកសង្រ្គាជ និងពួកអាចារ្យ បាននិយាយពីសេចក្តីពិតនៅពេលដែលគេនិយាយថាព្រះអង្គបាន សង្រ្គោះអ្នកដទៃ។ ​ព្រះអង្គបានសង្រ្គោះមនុស្សពីសេចក្តីស្លាប់ ជំងឺ និងវិញ្ញាណអាក្រក់។ ប៉ុន្តែពេលដែលពួកគេ និយាយថា “ព្រះអង្គមិនអាចសង្រ្គោះខ្លួនឯងបាននោះ” មិនមែនជាការពិតនោះឡើយ។ ព្រះយេស៊ូវអាចនឹង    សង្រ្គោះព្រះអង្គទ្រង់ ប៉ុន្តែព្រះអង្គមិនសព្វព្រះទ័យក្នុងការធ្វើដូច្នោះទេដោយព្រោះតែព្រះអង្គបានយាងមកដើម្បី និងសង្រ្គោះអ្នកដទៃដោយការសុគតរបស់ព្រះអង្គ។ មនុស្សជឿលើព្រះអង្គ មិនមែនដោយព្រោះតែព្រះអង្គយាង ចុះពីឈើឆ្កាងមកនោះឡើយ ប៉ុន្តែដោយព្រោះតែការអស្ចារ្យមួយដ៏វិសេស ដែលព្រះអង្គធ្វើបីថ្ងៃក្រោយនោះ វិញ។​

ដល់​ម៉ោង​១២ នោះ​មាន​ងងឹត​ដាប​គ្រប​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល

១៥:៣៣ នេះជាពេលដ៏សំខាន់បំផុតនៃរយៈពេលបីម៉ោងនៅក្នុងប្រវត្តិសាស្រ្តនៃពិភពលោក។ ពេលនៅម៉ោង ​១២ ថ្ងៃត្រង់ នៅថ្ងៃទី ១៤ ខែនីសាន់នៅក្នុង ឆ្នាំ ៣០ គ,ស។​ នៅពេលថ្ងៃត្រង់ ភាពងងឹតបានគ្របបាំងផែនដី រហូតដល់ម៉ោង ៣ រសៀល​។ ​ភាពងងឹតនោះប្រៀបដូចជាភាពងងឹតដែលគ្របបាំងប្រទេសអេស៊ីព្ទនៅក្នុងជំនាន់ លោកម៉ូសេ។​ ភាពងងឹតគឺជាបណ្តាសាទីប្រាំបួន ហើយក្រោយមកគឺជាការស្លាប់របស់កូនច្បង (និក្ខមនំ ១០:២២, ១១:៥)។​ របៀបដដែលនោះបានកើតឡើងជាថ្មីនៅត្រង់នេះ។ ផែនដីបានប្រែទៅជាងងឹតយ៉ាងអស្ចារ្យមុនពេល ដែលព្រះរាជបុត្រានៃព្រះតែមួយសុគត។​ ព្រះបានមានបន្ទូលប្រាប់ដល់ហោរាអេម៉ុសថា “នៅ​ថ្ងៃ​នោះ​ អញ​នឹង ​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត” និង “អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ”  (អេម៉ុស ៨:៩-១០)។ ភាពងងឹតគឺជានិមិត្តសញ្ញានៃការជំនុំជំរះរបស់ ព្រះជាម្ចាស់ (អេម៉ុស ៥:២០)។ ត្រង់នេះ ភាពងងឹតបង្ហាញថា សេចក្តីជំនុំជំរះ របស់ព្រះជាម្ចាស់បានធ្លាក់ទាស់ នឹងអំពើបាបរបស់មនុស្ស។ ព្រះយេស៊ូវដែលជាពន្លឺនៃពិភពលោកបានយករាល់ ទាំងអំពើបាបរបស់យើងផ្ទុក លើព្រះអង្គទ្រង់។​ ព្រះអង្គជាមនុស្សតែមួយដែលបានរស់នៅក្នុងជីវិតល្អឥតខ្ចោះគ្មានកំហុសណាសោះ​ ដែល បានសុគតជំនួសមនុស្សមានបាប។​​

លុះ​វេលា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ ទ្រង់​បន្លឺ​ឧទាន​ជា​ខ្លាំង​ថា អេឡយៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ឱ​ព្រះ‌អង្គ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូលបង្គំ

១៥:៣៤​ ភាពងងឹតគឺជានិមិត្តសញ្ញាមួយនៃការដែលព្រះវរបិតាទ្រង់មានវត្តមានឆ្ងាយពីព្រះរាជបុត្រាព្រះអង្គ។ ជាមួយនឹងការឈឺចាប់ដ៏ខ្លាំង ព្រះរាជបុត្រានៃព្រះបានឆ្លងកាត់ជាមួយនឹងអ្វីដែលព្រះអង្គមិនធ្លាប់បានឆ្លងកាត់ពី មុនទាល់តែសោះ គឺជាការញែកចេញពីព្រះដែលបង្ករឡើងដោយអំពើបាប។ ​ព្រះបន្ទូលរបស់ព្រះយេស៊ូវជាភាសា អារ៉ាមិច ហើយដកស្រង់ចេញពីទំនុកដំកើង ២២:១។ ​នេះគឺពេលតែ​មួយដែលរួមនៅក្នុងដំណឹងល្អ (គឺ ម៉ាថាយ ម៉ាកុស និងលូកា) ជាពេលដែលព្រះយេស៊ូវហៅព្រះជាម្ចាស់ដោយមិនបានហៅព្រះអង្គថា “ព្រះវរបិតា”។​ ព្រះបានលះបង់ចោលព្រះអង្គដោយព្រោះតែអំពើបាបយើងទាំងអស់គ្នា។ ​សេចក្តីក្រោធនៃព្រះទាស់នឹងអំពើបាប បានធ្លាក់លើព្រះយេស៊ូវ (កាឡាទី ៣:១៣; ចោទិយកថា ២១:២៣)។ យើងមិនអាចនឹងយល់ពីភាពឯកា និងការកើតទុក្ខធ្ងន់ ដែលព្រះយេស៊ូវមាននៅក្នុងពេលនេះនោះឡើយ។ ​យើងអាចនឹងរងទុក្ខដោយព្រោះតែ អំពើបាបរបស់យើង ហើយនឹងបាបរបស់អ្នកដទៃដែលទាស់នឹងយើង ប៉ុន្តែព្រះយេស៊ូវបានរងទុក្ខសម្រាប់ អំពើបាបរបស់មនុស្សគ្រប់គ្នា ដែលបានធ្វើនៅក្នុងពិភពលោកទាំងមូល ទាំងពីមុន បច្ចុប្បន្ននិងពេលខាងមុខ។​ នេះគឺជាការរងទុក្ខដ៏ជ្រាលជ្រៅ បំផុតនៅក្នុងប្រវត្តិសាស្រ្ត។
 
ការដែលដកស្រង់ចេញពី ទំនុកដំកើង ២២ ព្រះយេស៊ូវបាននាំចំណាប់អារម្មណ៍របស់យើងទៅក្នុងបទទំនុកដំកើង នេះ ដែលសរសេរដោយស្តេចដាវីឌ កាលពី ១០០០ឆ្នាំ មុន។ ​បទទំនុកដំកើងនេះមានសេចក្តីទំនាយច្រើនជាង ២០​សេចក្តីទំនាយអំពីការឆ្កាង។​ អ្វីដែលគួរអោយអស្ចារ្យបំផុតនោះគឺជាពាក្យ​ដែល​ថា  “គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​ នៃ​ទូលបង្គំ” ​ដែលបានកត់ត្រាកាលពី ប្រាំសតវត្សមុនពេលការឆ្កាងនេះត្រូវបានបង្កើតឡើង!​ 

អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ក៏​ឮ ហើយ​គេ​និយាយ​ថា មើល វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ រួច​ម្នាក់​រត់​ទៅ​យក​សារាយ‌រំហួត​ជ្រលក់​ទឹក‌ខ្មេះ​ជោក ដាក់​នឹង​ចុង​ដើម​ត្រែង​ហុច​ទៅ ថ្វាយ​ទ្រង់​សោយ ដោយ​ពោល​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​បញ្ចុះ​វា​ឬ​ទេ។

 

១៥:៣៥-៣៦ មនុស្សមួយចំនួនបានគិតថាព្រះយេស៊ូវកំពុងតែស្រែកហៅលោកអេលីយ៉ា ប្រហែលជាដោយ ព្រោះទំនៀមទំលាប់មួយរបស់សាសន៍យូដាដែលថាលោកអេលីយ៉ាងនឹងមកជួយសង្រ្គោះមនុស្សសុចរិតពេលដែលគេកំពុងតែរងទុក្ខវេទនា។​

រួច​ព្រះ‌យេស៊ូវ ទ្រង់​ស្រែក​ជា​ខ្លាំង ហើយ​ក៏​ផុត​ដង្ហើម​ទៅ

 

១៥:៣៧ បន្ទាប់ពីនៅលើប្រាំមួយម៉ោងនៅលើឈើឆ្កាង ព្រះយេស៊ូវបានស្រែកឡើងហើយសុគតទៅ។ ​ពេលគឺទើបតែកន្លងផុតម៉ោង ៣ រសៀលហើយ។ ពេលនេះអំឡុងពេលចន្លោះ (ម៉ោង ៣-៥រសៀល) ជាពេលដែលកុនចៀមនៃពិធីបុណ្យរំលងត្រូវបានសម្លាប់។ ​នៅក្នុងពេលនេះ នៅពាសពេញក្រុងយេរូសាឡិម កុនចៀម ដែល គ្មានស្លាកស្នាមត្រូវបានថ្វាយជាយញ្ញបូជាដើម្បីនឹកចាំពីរបៀបដែលព្រះជាម្ចាស់ប្រោសប្រជា រាស្រ្តរបស់ព្រះអង្គចេញពីភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ ប៉ុន្តែសេចក្តីប្រោសលោះដ៏ពិតប្រាកដគឺជាអ្វី ដែលកំពុងកើតឡើង នៅខាង ក្រៅទីក្រុង នៅលើភ្នំរាងដូចលលាដ៏ក្បាល ​នៅលើឈើឆ្កាងរបស់រ៉ូម៉ាំង កន្លែងដែលកូនចៀមរបស់ព្រះកំពុងដកយកអំពើបាបរបស់ពិភពលោកនោះទៅវិញទេ។​
 
ជាធម្មតា មនុស្សដែលជាប់ឆ្កាងគ្មានកម្លាំងទៀតនោះឡើយ ជាពិសេសពេលដែលពួកគេរៀបស្លាប់។ ​​ប៉ុន្តែ សម្រែករបស់ព្រះយេស៊ូវមិនមែនជាដង្ហើមចុងក្រោយដ៏ទន់ខ្សោយ របស់មនុស្សដែលហៀបនឹង
ស្លាប់នោះឡើយ។ ជាសម្រែកនៃ ជ័យជំនះ។ សម្រែកដែលស្រែកនោះគឺថា “ការ​ស្រេច​ហើយ “ (យ៉ូហាន ១៩:៣០)។ ​“ការ​ស្រេច​ហើយ” គឺ Τετέλεσται ​នៅក្នុងភាសាក្រិក។​ ពាក្យនេះត្រូវបានកត់ត្រានៅលើឯកសារផ្លូវការ ដែលមានន័យថា “បានបង់ ថ្លៃពេញ”។ 

ព្រះដែលជាព្រះអង្គដែលបង្កើតយើង ដូច្នេះហើយយើងជំពាក់ការស្តាប់បង្គាប់ចំពោះព្រះអង្គ។ ​នៅពេលដែល យើងធ្វើបាប យើងបានបរាជ័យនៅក្នុងថ្វាយនូវការស្តាប់បង្គាប់ដល់ព្រះដែលព្រះអង្គសក្តិសមនិងទទួល។ ​ដូច្នេះហើយ អំពើបាបនិមួយៗ បានបង្កើននូវបំណុលរបស់យើង។ ប៉ុន្តែនៅក្នុងពេលនោះ ព្រះយេស៊ូវជ្រាបថា បំណុលនៃអំពើបាបរបស់យើងត្រូវបានបង់ថ្លៃលោះពេញថ្លៃរួចហើយ។​ ព្រះអង្គជ្រាបថា ព្រះអង្គ​អាច​ប្រគល់ ព្រះវិញ្ញាណរបស់ព្រះអង្គហើយសុគត ដោយជ្រាបថាព្រះអង្គបានសម្រេចគ្រប់យ៉ាងជា ការទាមទារដើម្បីសង្រ្គោះ យើងរួចហើយ (យ៉ូហាន ១០:១៨)។ គ្មានអ្វីមួយដែលយើងអាចបន្ថែមនៅក្នុងសេចក្តីសង្រ្គោះរបស់យើងបាននោះ ឡើយ។ ព្រះគ្រីស្ទ ជាព្រះអង្គសង្រ្គោះរបស់យើង បានបង់ថ្លៃលោះយ៉ាងពេញថ្លៃ ហើយពេល នេះយើងទាំងអស់ គ្នាត្រូវតែទុកចិត្តលើព្រះអង្គឲ្យបានពេញលេញ។​

គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ដល់​ក្រោម 

 

១៥:៣៨ ​ភ្លាមនោះក្រោយពេលដែលព្រះយេស៊ូវសុគត វាំងននដែលបាំងនៅក្នុងព្រះវិហារបានរហែកចាប់ពីចុង ខ្ពស់រហូតដល់ដី ​ការនេះបង្ហាញថាជាកិច្ចការរបស់ព្រះជាម្ចាស់។ ​វាំងនននោះមានកំពស់ ​១៨ ម៉ែត្រ​ ហើយ កម្រាស់ ១០ សង់ទីម៉ែត្រ​ ដែលជារនាំងបាំងចែកផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុត (និក្ខមនំ​ ២៦:៣៣; ហេព្រើរ ៩:៣)។ មានតែសំដេចសង្រ្គាជតែប៉ុណ្ណោះដែលអាចចូលបាន ហើយទោះបីជាយ៉ាងនោះក្តីចូលបានតែមួយថ្ងៃ តែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺជាថ្ងៃនៃការថ្វាយដង្វាយលោះបាប។ ​ភារៈកិច្ចរបស់គាត់ត្រូវចូលទៅក្នុងទីនោះ   ដើម្បីបានប្រោះ​ឈាម​គោនៅ​លើ​គម្រប​នៃសេចក្តីសប្បុរសរបស់ហឹបសញ្ញា ដើម្បីគ្រប់បាំងអំពើបាបរបស់មនុស្ស ពីព្រះភ័ក្រនៃព្រះជាម្ចាស់។ មានតែឈាមតែប៉ុណ្ណោះដែលអាចគ្រប់បាំងអំពើបាបបាន (លេវីវិន័យ ១៧:១១)។

វាំងននត្រូវបានរហែកជាការបង្ហាញថាពេលនេះមនុស្សអាចចូលទៅក្នុងព្រះវត្តមាននៃព្រះតាមរយៈការលោះបាបនៃសេចក្តីសុគតរបស់ព្រះគ្រីស្ទ។ ​ឥលូវនេះយើងអាចចូលទៅក្នុងព្រះវត្តមាននៃព្រះ(ហេព្រើរ ១០:១៩-២២)។ ការដែលអាចចូលទៅឯព្រះនៅក្នុងពេលនេះគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ មិនមែនតាមរយៈពួកសង្ឃនិងព្រះវិហារ ទៀតនោះឡើយ។​ ព្រះយេស៊ូវគឺជាសំដេចសង្ឃខ្ពស់បង្អស់ដ៏អស់កល្បជានិច្ច (ហេព្រើរ ៨:១) ព្រះអង្គបានប្រទាន ព្រះអង្គទ្រង់ជាយញ្ញបូជាដ៏ល្អឥតខ្ចោះ (ហេព្រើរ ៩:១៤) ដើម្បីប្រទានអោយប្រជារាស្រ្តរបស់ព្រះអង្គនូវ​ “សេចក្ដី​ប្រោស​លោះ នៅ​អស់​‌កល្ប​ជានិច្ច” (ហេព្រើរ ៩:១២)។ ការសុគតរបស់ព្រះយេស៊ូវគឺជាយញ្ញបូជា ចុងក្រោយ បង្អស់សម្រាប់អំពើបាប (ហេព្រើរ ៧:២៧, ១០:១១-១២)។
 
ឯ​មេ​ទ័ព​ដែល​ឈរ​ទល់​មុខ​នឹង​ទ្រង់ គាត់​ឃើញ​ថា ទ្រង់​ស្រែក​ឡើង ហើយ​ផុត​ដង្ហើម​ទៅ​យ៉ាង​ដូច្នោះ ក៏​និយាយ​ថា មនុស្ស​នេះ​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន 

១៥:៣៩ ​មេទ័ពម្នាក់ជាអ្នកដឹកនាំមនុស្ស ១០០ នាក់ នៅក្នុងកងទ័ពរបស់រ៉ូម៉ាំង។ គាត់ធ្លាប់បានឃើញមនុស្ស ជាច្រើន​ស្លាប់ដោយសារការឆ្កាង។ ​ប៉ុន្តែគាត់បានទទួលស្គាល់ថាការសុគតរបស់ព្រះយេស៊ូវខុសប្លែកពីគេ។ ​គាត់បានឮព្រះយេស៊ូវអង្វរដល់ព្រះវរបិតាសម្រាប់ការអត់ទោសដល់ពួកទាហានដែលបានឆ្កាងព្រះអង្គ (លូកា ២៣:៣៤)។ គាត់បានឮព្រះយេស៊ូវសន្យាចំពោះចោរដែលប្រែចិត្តថា គាត់នៅបានទៅនៅក្នុងស្ថា​ន​បរមសុខ ​(លូកា ២៣:៤៣)។ ​ចាប់តាំងពីថ្ងៃត្រង់ដល់ម៉ោង ៣រសៀល គាត់បានឈរនៅក្នុងភាពងងឹត ដែលជាបាតុភូត   ដ៏អស្ចារ្យ។ ​ពេលដែលភាពងងឹតនោះបានបញ្ចប់ទៅ គាត់បានឮពីសម្រែកនៃភាពជោគជ័យរប​ស់​ព្រះយេស៊ូវ ស្រែកថា “​ការស្រេចហើយ” ហើយគាត់បានឃើញពីការដែលព្រះយេស៊ូវបានប្រគល់ ព្រះវិញ្ញាណព្រះអង្គ។ ភ្លាមនោះ មានការរញ្ជួយដីយ៉ាងខ្លាំង។ ​​ពេលដែលមេទ័ពនោះ ឃើញពីកាផែនដីញ័រ គាត់បានយល់ពីសេចក្តីពិ តដ៏អស្ចារ្យអំពីយេស៊ូវយ៉ាងច្បាស់។ គាត់បាននិយាយថា “មនុស្សនេះ​ប្រាកដ​ជា ​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន!”​។​ នេះជាសេចក្តីពិតដែលលោកម៉ាកុសចាប់ផ្តើមដំណឹងល្អរបស់គាត់ (១:១)។

ក៏​មាន​ស្ត្រី​ខ្លះ​ដែល​បាន​តាម​បំរើ​ព្រះ‌យេស៊ូវ ក្នុង​គ្រា​ដែល​ទ្រង់​គង់​នៅ​ស្រុក​កាលី‌ឡេ​នៅ​ឡើយ គេ​ឈរ​មើល​ពី​ចំងាយ ក្នុង​ពួក​ស្ត្រី​ទាំង​នោះ គឺ​ម៉ារា ពី​ស្រុក​ម៉ាក់‌ដាឡា​១ នឹង​ម៉ារា ជា​ម្តាយ​យ៉ាកុប​តូច នឹង​យ៉ូសេ​១ ហើយ​នឹង​សាឡូ‌មេ​១ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់​ដែរ។

 

១៥:៤០-៤១ ​ស្រ្តីមួយក្រុមបានឈរមើលពីចំងាយ។ ​លោកម៉ាកុសបានលើកឡើងពីមនុស្សចំនួនបីនាក់។ ​ម៉ារា មកពីស្រុកម៉ាក់ដាឡា ជាភូមិមួយនៅខាងត្បូងឈាងខាងលិចនៃសមុទ្រកាលីឡេ។​ សាឡូមេគឺជាម្តាយរបស់ យ៉ាកុប និងយ៉ូហាន។​ ហើយស្ត្រីម្នាក់ទៀតឈ្មោះថា​ម៉ារាអាចជាប្អូនថ្លៃរបស់មាតាព្រះយេស៊ូវ។​ ស្ត្រីទាំងនេះ (និង ច្រើននាក់ផ្សេងទៀត) បានជួយពួកសិស្សផ្នែកហិរញ្ញវត្ថុហើយនិងការបម្រើ (ម៉ាថាយ ២៧:៥៥; លូកា ៨:១-៣)។ នៅក្នុងដំណឹងល្អម៉ាកុសមានតែពីរក្រុមតែប៉ុណ្ណោះដែលត្រូវបានលើកឡើងថាបានបម្រើព្រះយេស៊ូវគឺ ពួកស្រ្តី ទាំងនេះហើយនិងពួកទេវតា (១:១៣)។​ ពួកគេបានបង្ហាញពីភក្តីភាពចំពោះព្រះយេស៊ូវដោយការបង្ហាញខ្លួន នៅក្នុងការសុគតរបស់ព្រះអង្គ។ បុរសទាំងអស់លើកលែងលោកយ៉ូហានបានរត់ចេញ។​

មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​នៅ​ស្រុក​អើរី‌ម៉ាថេ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​ក្រុម‌ជំនុំ ជា​អ្នក​រង់​ចាំ​នគរ​ព្រះ​ដែរ អ្នក​នោះ​បាន​មក​ដល់ ក៏​ចូល​ទៅ​ឯ​លោក​ពីឡាត់ ដោយ​ចិត្ត​ក្លាហាន សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ ដោយ​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង 

១៥:៤២-៤៣ យ៉ូសែបគឺជាសមាជិកនៃគណៈសាន់ហេឌ្រីន ប៉ុន្តែគាត់មិនបានយល់ព្រមចំពោះការសម្រេច ដាក់ទោសស្លាប់ដល់ព្រះយេស៊ូវនោះឡើយ (លូកា ២៣:៥១)។ ​​គាត់ជា “មនុស្សល្អនិងសុចរិតម្នាក់” (លូកា ២៣:៥០) ដែលជា “សិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែដោយសំងាត់ដោយព្រោះតែការភ័យខ្លាចចំពោះសាសន៍ យូដា” (យ៉ូហាន ១៩:៣៨)។ ប៉ុន្តែគាត់បានបង្ហាញពីភាពក្លាហានរបស់គាត់។ ​គាត់បានទៅជួបលោកពីឡាត់ ដើម្បីស្នើរសុំសពព្រះយេស៊ូវ។ ​ការដែលធ្វើដូច្នេះជាភាពក្លាហានដោយព្រោះតែគ្រប់គ្នាបានដឹងថា គាត់គឺជា សម្លាញ់ម្នាក់របស់ព្រះយេស៊ូវ ដែលជាលទ្ធផលអាចនឹងទទួលនូវការបៀតបៀនពីគណៈសាន់ហេឌ្រីន។​

ឯ​លោក​ពីឡាត់ មាន​សេចក្ដី​ឆ្ងល់​ពី​ទ្រង់ ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប 

 

១៥:៤៤-៤៥ លោកពីឡាត់មានការភ្ញាក់ផ្អើលដែលព្រះយេស៊ូវទ្រង់សុគតជាឆាប់ដល់ម្ល៉េះ។ ជាធម្មតា ការឆ្កាងធ្វើអោយមានមានការស្លាប់ដ៏ឈឺចាប់យឺតៗ  ដែលអាចនឹងចំណាយពេលពីរបីថ្ងៃ។ ជាថ្មីម្តងទៀត យើង បានឃើញថា គ្រប់យ៉ាងបានកើតឡើងតាមការកំណត់របស់ព្រះជាម្ចាស់។ ព្រះយេស៊ូវសុគតនៅក្នុងពិធីបុណ្យ រំលង ហើយនឹងរស់ពីសុគតឡើងវិញ (បន្ទាប់បីថ្ងៃសប្ប័ទ) នៅថ្ងៃផលផ្លែដំបូង (សូមមើលការបកស្រាយនៅ ១៦:៦)។

គាត់​ក៏​ទិញ​សំពត់​ទេស‌ឯក រួច​ដាក់​ព្រះ‌សព​ទ្រង់​ចុះ​មក រុំ​នឹង​សំពត់​នោះ នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​១​មក សន្ធប់​ខ្ទប់​មាត់​ផ្នូរ​ជិត 

 

១៥:៤៦ លោកយ៉ូសែប មានពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះរវាងការសុគតរបស់ព្រះយេស៊ូវនៅម៉ោង ៣ រសៀលហើយនឹងការចាប់ផ្តើមថ្ងៃសប្ប័ទនៃបុណ្យរំលងពេលថ្ងៃលិចដើម្បីរៀបចំការបញ្ចុះសពព្រះយេស៊ូវ។ ផ្នូរនៅក្នុងសួនច្បារក្បែរភ្នំគាល់កូថា​(យ៉ូហាន ​១៩:៤១) ទៅនោះគឺជារោងភ្នំដែលបានជីកនៅក្នុងភ្នំ ដែ​លមា​ន​ថ្ម ​ដ៏​ធំដែលត្រូវបានប្រមៀលមកបិទជិតនៅខាងមុខផ្លូវចូល។ មានតែអ្នកមានទ្រព្យសម្បត្តិតែប៉ុណ្ណោះដែលអាចទិញ ផ្នូរដ៏មានតម្លៃនេះបាន។ ការបញ្ចុះសពព្រះយេស៊ូវបានសម្រេចសេចក្តីទំនាយនៅក្នុងអេសាយ ៥៣:៩។​​
 
ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នឹង​ម៉ារា ជា​ម្តាយ​យ៉ូសេ គេ​ក៏​ឃើញ​កន្លែង​ដែល​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ។

១៥:៤៧ ពួកស្រ្តីបានឃើញពីទីកន្លែងដែលព្រះយេស៊ូវត្រូវបានបញ្ចុះ។ ​ពួកគេសម្រេច​ចិត្ត​ត្រឡប់មកវិញ បន្ទាប់ពីថ្ងៃសប្ប័ទដើម្បីអប់សពព្រះយេស៊ូវ។

ជំពូក ទី ដប់ប្រាំ -ចំនុចសំខាន់
(៣២) ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីសង្រ្គោះយើងពីអំពើបាប

 

bottom of page