
គ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ
ព្រះយេស៊ូវទ្រង់យាងចេញពីទីនោះ ទៅឯស្រុកទ្រង់វិញ ហើយពួកសិស្សក៏តាមទ្រង់ទៅ
៦:១ ព្រះយេស៊ូវបានយាងថ្មើរជើងចំងាយ ៣០គីឡូម៉ែត្រ ពីកាពើនិមទៅស្រុកព្រះអង្គណាសារ៉ែត។ ណាសារ៉ែតជាក្រុងតូចមួយដែលមានមនុស្សប្រមាណ៥០០នាក់។
ដល់ថ្ងៃឈប់សំរាក ទ្រង់ចាប់តាំងបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងតែស្តាប់ទ្រង់ ក៏នឹកប្លែកក្នុងចិត្ត ដោយថា អ្នកនេះបានសេចក្ដីទាំងនេះពីណាមក ចំណេះណាហ្ន ដែលបានឲ្យមកគាត់ បានជាមានការឫទ្ធិបារមីយ៉ាងនេះកើតមក ដោយសារដៃគាត់ដូច្នេះ
៦:២ ប្រជាជននៅណាសារ៉ែតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប្រាជ្ញា និងការអស្ចារ្យរបស់ព្រះយេស៊ូវ
ប៉ុន្តែពួកគេមិនបានដឹងថាប្រាជ្ញារបស់ព្រះអង្គបានមកពីណានោះទេ ឬពីការដែលព្រះអង្គធ្វើការអស្ចារ្យបានដោយ របៀបណានោះឡើយ។ ពួកគេមិនបានដឹងថាប្រាជ្ញា ហើយនឹងព្រះចេស្តានៅក្នុងការធ្វើការអស្ចារ្យរបស់ព្រះអង្គ មកពីព្រះនោះឡើយ។
តើគាត់មិនមែនជាជាងឈើ ជាកូននៃនាងម៉ារា ហើយជាបងយ៉ាកុប យ៉ូសែប យូដាស នឹងស៊ីម៉ូនទេឬអី ហើយប្អូនស្រីគាត់ តើមិននៅជាមួយនឹងយើងទៅទីនេះទេឬអី អ្នកទាំងនោះក៏អាក់អន់ចិត្តនឹងទ្រង់
៦:៣ ដោយព្រោះតែពួកគេគិតថាគេបានស្គាល់ព្រះយេស៊ូវរួចទៅហើយ ជាជាងឈើ ពួកគេមិនបានទទួលស្គាល់ ថាព្រះអង្គជាគ្រូ ជាហោរា ហើយនិងជាអ្នកប្រោសជំងឺនោះឡើយ។
តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុកខ្លួន ឬក្នុងពួកញាតិសន្តាន ហើយនៅក្នុងផ្ទះខ្លួនចេញ
៦:៤ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សមិនគោរពដល់ហោរាដែលរស់នៅជាមួយនឹងពួកគេនោះឡើយ។ ព្រះយេស៊ូវបានក្រើនរំលឹកមនុស្សពីការនេះ ដោយព្រោះតែពួកគេកំពុងតែធ្វើកំហុសដូចគ្នានោះដែរ។ ពួកគេ បានបរាជ័យនៅក្នុងការទទួលស្គាល់ព្រះយេស៊ូវជាហោរា នៅពេលដែលមនុស្សរស់នៅខាងក្រៅណាសារ៉ែតបាន ដឹងថាព្រះអង្គគឺជាហោរាម្នាក់(ខ១៥)។
នៅទីនោះទ្រង់ពុំអាចនឹងធ្វើការឫទ្ធិបារមីបានទេ ទ្រង់គ្រាន់តែដាក់ព្រះហស្ត ប្រោសមនុស្សពិការខ្លះ ឲ្យបានជាប៉ុណ្ណោះ
៦:៥ ព្រះយេស៊ូវមិនអាចធ្វើការអស្ចារ្យជាច្រើននៅទីនោះឡើយ។ ការនេះមិនមែនមានន័យថាព្រះអង្គមិនមាន ព្រះចេស្តានោះឡើយ ប៉ុន្តែមនុស្សមិនមានសេចក្តីជំនឿនៅក្នុងការទទួលបានការអស្ចារ្យពីព្រះអង្គវិញ។ ព្រះបានមានព្រះវត្តមាន ហើយត្រៀមនឹងជួយគេ ប៉ុន្តែគេមិនបានត្រៀមខ្លួនជាស្រេចនៅក្នុងការទទួលព្រះអង្គ។
ទ្រង់ក៏អស្ចារ្យពីដំណើរដែលគេមិនជឿ រួចទ្រង់យាងទៅបង្រៀនក្នុងអស់ទាំងភូមិនៅជុំវិញទៅ។
៦:៦ មនុស្សបានដាក់កម្រិតព្រះជាម្ចាស់នៅក្នុងធ្វើការនៅក្នុងជីវិតរបស់គេ ដោយព្រោះតែភាពមិនជឿរបស់គេ។ ការដែលមិនជឿបង្វែរមនុស្សម្នាក់ចេញឆ្ងាយពីព្រះ ហើយបដិសេធព្រះពររបស់ព្រះអង្គ។ ជាធម្មតា មនុស្សបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រះយេស៊ូវ ប៉ុន្តែនៅទីនេះ ព្រះយេស៊ូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយព្រោះតែពួកគេវិញ។ ព្រះអង្គ “ក៏អស្ចារ្យ” ពីការដែលគេមិនជឿនៅក្នុងស្រុករបស់ព្រះអង្គ។ មានពេលតែមួយផ្សេងទៀតតែប៉ុណ្ណោះដែលព្រះគម្ពីរបានកត់ត្រាថាព្រះយេសូវនឹកឆ្ងល់ ហើយវាគឺជា ស្ថានភាពមួយដែលផ្ទុយពីនោះទាំងស្រុង។ នោះគឺជា ជំនឿរបស់សាសន៍ដទៃម្នាក់ (ម៉ាថាយ ៨:១០)។ សូមឲ្យយើងទាំងអស់គ្នាមានជំនឿបែបនេះលើ ភាពអស្ចារ្យ និងព្រះចេស្ដារបស់ព្រះអង្គ ដែលវាធ្វើឲ្យ ព្រះអង្គនឹកឆ្ងល់ផងដែរ។
ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំង អារក្សអសោចិ៍ផង
៦:៧ នេះគឺជាលើកទីមួយដែលព្រះយេស៊ូវចាត់ឲ្យសិស្សព្រះអង្គចេញទៅ។ ព្រះអង្គចាត់គេអោយចេញទៅមួយ គូរៗ ដើម្បីអោយពួកគេអាចជួយគ្នាហើយនឹងលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយដើម្បីអោយដំណឹងត្រូវបាន ប្រកាសដោយមានសាក្សីពីរនាក់។ ការនេះពិតជាសំខាន់ណាស់នៅក្នុងវប្បធម៌នេះ។ តាមក្រិត្យវិន័យ សក្ខីភាព របស់មនុស្សពីរនាក់ត្រូវបានទាមទារដើម្បីនឹងបង្កើតការពិត (ចោទិយកថា ១៩:១៥; យ៉ូហាន ៨:១៧)។ ដូច្នេះហើយ ពួកសិស្សត្រូវបានចាត់អោយចេញទៅធ្វើជាសាក្សី ដែលថ្លែងទីបន្ទាល់អំពីអ្វីដែលពួកគេបានឃើញ ព្រះយេស៊ូវបានធ្វើ។ យើងឃើញវិធីសាស្រ្តដូចគ្នានៅក្នុងក្រុមជំនុំសម័យដើម។ នៅក្នុងគម្ពីរកិច្ចការ ពួកគេតែងតែ ធ្វើដំណើរជាគូ៖ ពេត្រុស និងយ៉ូហាន (កិច្ចការ ៣:១, ៤:១) ប៉ុល និងបាណាបាស (កិច្ចការ ១៣:២) និងប៉ុល និងស៊ីឡាស (កិច្ចការ ១៥:៤០)។
ក៏ហាមមិនឲ្យយកអ្វីសំរាប់តាមផ្លូវសោះ លើកតែដំបង១ប៉ុណ្ណោះ ឥតយកយាម នំបុ័ង ឬប្រាក់ដាក់ក្នុងខ្សែក្រវាត់ទេ ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ
៦:៨-៩ ព្រះយេស៊ូវមានបន្ទូលទៅពួកគេថា មិនត្រូវយកនំប៉័ង ថង់យាម ឬប្រាក់ឡើយ ដើម្បីអោយគេបាន ទុកចិត្តដល់ព្រះចំពោះសេចក្តីត្រូវការទាំងអស់របស់ពួកគេ។ បន្ទាប់មកម ពួកគេបានទូលព្រះយេស៊ូវថា ពួកគេមិនខ្វះអ្វីឡើយនៅក្នុងការបំពេញបេសកកម្មរបស់គេនោះ (លូកា ២២:៣៥)។ ព្រះយេស៊ូវបានរស់នៅ ក្នុងជីវិតយ៉ាងសាមញ្ញ ដែលមិនផ្តោតលើការដែលមានទ្រព្យសម្បត្តិនោះឡើយ (លូកា ៩:៥៨, ១២:១៥)។ សិស្សរបស់ព្រះអង្គត្រូវតែរស់នៅដូចជាព្រះអង្គប្រសិនបើយើងត្រូវតំណាងពីព្រះអង្គអោយបានត្រឹមត្រូវនោះ។
រួចមានបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ
៦:១០ នៅក្នុងវប្បធម៌នេះ វាគឺជាការរំពឹងថាមនុស្សនឹងអញ្ជើញអ្នកក្រៅដែលមកដល់ភូមិរបស់គេអោយចូលទៅ ក្នុងផ្ទះរបស់ពួកគេ។ ដូច្នេះហើយ ពួកសិស្សមានភាពងាយស្រួលនៅក្នុងការស្វែងរកទីកន្លែងសម្រាក។ នៅពេល ដែលពួកគេរកបានកន្លែងសម្រាកហើយនោះ ពួកគេត្រូវមិនប្តូរពីផ្ទះមួយទៅផ្ទះមួយទៀតឡើយ ឬស្វែងរកកន្លែង ដែលស្រណុកជាងនោះឡើយ។ បេសកកម្មរបស់ពួកគេគឺជាកិច្ចការបរិសុទ្ធ ដូច្នេះហើយ គេមិនត្រូវខ្វល់ខ្វាយពី សេចក្តីសុខឡើយ តែត្រូវផ្តោតលើការបម្រើវិញ។
ឯអស់អ្នកណាដែលមិនទទួល ឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ
៦:១១ រាល់ពេលដែលជនជាតិយូដាម្នាក់បានត្រឡប់មកប្រទេសអ៊ីស្រាអែលពីទឹកដីរបស់ពួកសាសន៍ដទៃវិញ គាត់រលាស់ធូលីពីបាតជើងគាត់ចេញ។ វាគឺជាសញ្ញានៃការបដិសេធដែលបង្ហាញថាពួកគេត្រូវបានញែកចេញពី ពួកសាសន៍ដទៃ (កិច្ចការ ១៣:៥១)។ ព្រះយេស៊ូវក៏បានមានបន្ទូលបង្គាប់សិស្សព្រះអង្គអោយធ្វើដូចគ្នាដែរ។ ពួកគេ ត្រូវរាប់ផ្ទះរបស់សាសន៍យូដា ឬទីក្រុងណាដែលបដិសេធសេចក្តីប្រកាសរបស់ពួកគេ ប្រៀបដូចជា ពួកសាសន៍ដទៃ (នោះគឺជា ពួកគេមិនមែនជាប្រជារាស្រ្តនៃព្រះ)។ ពួកសិស្សមានការទទួលខុសត្រូវនៅក្នុង ការនាំយកដំណឹងល្អដល់មនុស្ស ប៉ុន្តែវាមិនមែនជាកំហុសរបស់ពួកសិស្សនោះឡើយប្រសិនបើមនុស្សបដិសេធ មិនជឿលើសេចក្តីដែលពួកគេបានប្រកាស។ ការដែលរលាស់ធូលីអោយអស់ពីជើងគឺជាការបង្ហាញទៅកាន់ មនុស្សទាំងនោះថា ភារកិច្ចរបស់ពួកសិស្សនៅក្នុងកន្លែងនោះត្រូវបានបញ្ចប់រួចហើយ។
កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង
៦:១២ គោលដៅរបស់ពួកសិស្សនៅក្នុងការអធិប្បាយគឺត្រូវបង្កើតអោយមានការប្រែចិត្ត។ ដើម្បីអធិប្បាយពី ការប្រែចិត្តគឺទាមទារសេចក្ដីក្លាហាន ប៉ុន្តែជាសេចក្តីដែលមានសារៈសំខាន់។ នៅពេលដែលព្រះយេស៊ូវចាប់ផ្តើម ប្រកាសនោះ ពាក្យដំបូងបំផុតនៅក្នុងសេចក្តីប្រកាសរបស់ព្រះអង្គគឺ “ចូរប្រែចិត្តឡើង” (ម៉ាថាយ៤:១៧)។ វាក៏ជាពាក្យដំបូងបំផុតរបស់លោកយ៉ូហានបាប់ទីស្ទផងដែរ (ម៉ាថាយ៣:២)។ ពួកសាវកក៏បានប្រកាសពី ការប្រែចិត្តដែរ (កិច្ចការ ៣:១៩‚ ២០:២១; ២៦:២០)។ ប្រសិនបើយើងមិនហៅពួកមនុស្សមានបាបអោយ ប្រែចិត្តរែទេនោះ យើងមិនមែនអធិប្បាយដំណឹងល្អនោះឡើយ។
ក៏បណ្តេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ។
៦:១៣ នៅពេលដែលពួកសាវកប្រោសអ្នកជំងឺអោយបានជាពួកគេចាក់ប្រេងតាំងអោយពួកអ្នកទាំងនោះ។ ប្រេងអូលីវគឺជានិមិត្តសញ្ញានៃព្រះគុណនៃព្រះ។ ពួកសិស្សបានប្រើវានៅក្នុងការបង្ហាញថាព្រះទ្រង់ជាព្រះ ដែលប្រោសជំងឺឲ្យបានជា។ ការដែលបណ្តេញវិញ្ញាណអាក្រក់ចេញពីមនុស្សប្រោសមនុស្សអោយបានរួចពី សេចក្តីភ័យខ្លាចវាគឺជាជ័យជំនះនៅក្នុងការតយុទ្ធជាមួយនឹងអារក្ស។ ដោយការប្រោសជំងឺអោយជាហើយនឹង បណ្តេញវិញ្ញាណអាក្រក់ពួកគេកំពុងធ្វើកិច្ចការដូចដែលព្រះយេស៊ូវបានធ្វើ (១:១៤-១៥‚-១:៣៩)។ ការនេះ បង្ហាញថាពួកគេត្រូវបានប្រទានអោយមានអំណាចដូចគ្នាដែរ។
ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានបន្ទូលថា ច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ
៦:១៤-១៥ ហេរ៉ូឌអាន់ទីផាស គឺជាអ្នកគ្រប់គ្រងនៅក្នុងដំបន់កាលីឡេហើយនឹងពឺរៀចាប់តាំងពីឆ្នាំទី៤ មុនគ‚ស រហូតដល់ឆ្នាំ៣៩ គ‚ស។ ស្តេចមិនមានប្រជាប្រិយភាពចំពោះប្រជារាស្រ្តសាសន៍យូដានោះឡើយ ចំណែកមួយនោះដោយព្រោះតែព្រះអង្គមិនមែនជាសាសន៍យូដា។ បិតារបស់ព្រះអង្គគឺជាស្តេចហេរ៉ូឌ (ម៉ាថាយ ២) មកពីស្រុកអេដំម ហើយមាតាទ្រង់ជាសាសន៍សាម៉ារី។
មនុស្សបានឃើញការអស្ចារ្យរបស់ព្រះយេស៊ូវ (ហើយនឹងកិច្ចការដែលសិស្សព្រះអង្គធ្វើនៅក្នុងព្រះនាមព្រះអង្គ) ប៉ុន្តែពួកគេមិនដឹងថាព្រះអង្គជាអ្នកណានោះឡើយ។
ប៉ុន្តែកាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ
៦:១៦ ស្តេចហេរ៉ូឌក៏មិនបានដឹងថាព្រះយេស៊ូវជានរណាដែរ ប៉ុន្តែស្តេចមានការភ័យខ្លាចដោយព្រោះតែបាប់ របស់ទ្រង់ដែលទ្រង់បានបញ្ជារអោយគេសម្លាប់លោកយ៉ូហាន-បាទីស្ទ។ ពេលនេះ ស្តេចព្រួយក្រែងថា ព្រះយេស៊ូវគឺជា លោកយ៉ូហានដែលមានជីវិតរស់ឡើងវិញ។
ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ ហើយលោកយ៉ូហានបានទូលទាស់ថា ទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុជទ្រង់ទេ
៦:១៧-១៨ លោកម៉ាកុសពន្យល់ពីរបៀបដែលស្តេចហេរ៉ូឌអាន់ទីផាសបញ្ជារអោយគេសម្លាប់លោកយ៉ូហាន។ ហេរ៉ូឌអាន់ទីផាស បានរៀបការជាមួយនឹងបុត្រីស្តេចអើរេតាសរបស់ណេបេធៀន (២ កូរិនថូស១១:៣២)។ ប៉ុន្តែទ្រង់បានលែងលះជាមួយនឹងភរិយា ហើយរៀបការជាមួយនឹងហេរ៉ូឌាស ដែលជាក្មួយស្រីហើយត្រូវជា ភរិយារបស់ប្អូនចុងឈ្មោះថា ភីលីព! ក្រិត្យវិន័យមិនអនុញ្ញាតអោយមនុស្សណារៀបការជាមួយនឹងប្រពន្ធរបស់ បងប្អូនដែលកំពុងរស់នៅនោះឡើយ (លេវីវិន័យ ១៨:១៦; ២០:២១)។ ដូច្នេះហើយលោកយ៉ូហានបានប្រាប់ ដល់ហេរ៉ូឌអាន់ទីផាសថា វាគឺជាការខុសឆ្គងដែលរៀបការជាមួយនឹងហេរ៉ូឌាស។
ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ
៦:១៩-២០ ហេរ៉ូឌាសមានកំហឹងយ៉ាងខ្លាំង ហើយបានបញ្ចុះបញ្ចូលអោយស្តេចហេរ៉ូឌចាប់លោកយ៉ូហានដាក់ គុកនៅក្នុងប្រាសាទទ្រង់ក្បែរសមុទ្រស្លាប់។ ហេរ៉ូឌមានការគោរពដល់លោកយ៉ូហាន ដោយព្រោះតែទ្រង់ទទួល ស្គាល់ថា លោកយ៉ូហានជាមនុស្សបរិសុទ្ធ។ ទ្រង់ចូលចិត្តស្តាប់លោកយ៉ូហាន ទោះបីជាទ្រង់មិនយល់ពីអ្វីគ្រប់ យ៉ាង ដែលលោកបាននិយាយក៏ដោយ។ ទ្រង់បានព្យាយាមការពារលោកយ៉ូហានពីកំហឹងរបស់ហេរ៉ូឌាស។ ប៉ុន្តែ ហេរ៉ូឌាសមានគម្រោងក្នុងការធ្វើអោយហេរ៉ូឌសម្លាប់លោកយ៉ូហាន។
លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចំរើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ នឹងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ជាទីនាំឲ្យគាប់ព្រះទ័យ ដល់ស្តេចហេរ៉ូឌ នឹងពួកភ្ញៀវណាស់ ទ្រង់ក៏មានបន្ទូលថា របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ យើងនឹងឲ្យ
៦:២១-២២ ហេរ៉ូឌាសមានកូនស្រីម្នាក់មានឈ្មោះថា សាឡូមេ ពីការរៀបការរបស់នាងជាមួយនឹងភីលីព។ សាឡូមេមានអាយុប្រហែល១៣ឆ្នាំ នៅក្នុងពេលនោះ។ នៅក្នុងពីធីជប់លៀងថ្ងៃកំណើតរបស់ហេរ៉ូឌ ហេរ៉ូឌាសបានបង្គាប់អោយសាឡូមេរាំនៅមុខហេរ៉ូឌហើយនឹងភ្ញៀវរបស់ព្រះអង្គ។ នេះមិនមែនជាទម្លាប់ នៅក្នុងវប្បធម៌នេះនោះឡើយ ដោយព្រោះតែមានតែស្រ្តីដែលខ្វះសីលៈធម៌តែប៉ុណ្ណោះដែលនឹងរាំសម្រាប់ជា ការកំសាន្តក្នុងពិធីជប់លៀង។ បន្ទាប់ពីនាងបានរាំនោះ ហេរ៉ូឌបានសន្យាថានឹងប្រទានគ្រប់យ៉ាងដែលនាង នឹងសុំដល់ទ្រង់។ ទ្រង់មានបន្ទូលដូចនោះនៅមុខភ្ញៀវរបស់ព្រះអង្គទាំងអស់។
ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង
៦:២៣ ហេរ៉ូឌមិនអាចនឹងប្រទាននគរពាក់កណ្តាលទៅឲ្យសាឡូមេទេ ដោយព្រោះព្រះអង្គមិនមាននគរនោះ ឡើយ។ ទ្រង់គ្រាន់តែជាអ្នកគ្រង់គ្រងដោយអំណាចរបស់រ៉ូម៉ាំងតែប៉ុណ្ណោះ។ ការដែលប្រទានឲ្យនាងដូច្នេះ គឺជា បង្ហាញថាទ្រង់កំពុងតែអួតនៅចំពោះមុខគ្រប់គ្នា ប៉ុន្តែទ្រង់ក៏នឹងប្រទានគ្រប់យ៉ាងដែលនាងសុំពីទ្រង់តាមដែល ទ្រង់អាចប្រទានឲ្យបាន។
នាងក៏ចេញទៅសួរមាតាថា តើត្រូវឲ្យខ្ញុំម្ចាស់សូមអ្វី មាតាឆ្លើយថា ឲ្យសូមក្បាលយ៉ូហាន-បាទីស្ទវិញ រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ
៦:២៤-២៥ ហេរ៉ូឌាសបានមានឳកាសរបស់នាងនៅក្នុងការសម្លាប់លោកយ៉ូហាន។ នាងបានប្រាប់ដល់កូនស្រី ថាអោយសុំក្បាលរបស់យ៉ូហាន។ សាឡូមេបានប្រញាប់ប្រាប់ដល់ហេរ៉ូឌថានាងចង់បានឥលូវនេះ។ នាងមិនឲ្យ ទ្រង់មានពេលសម្រាប់ពិចារណា ហើយក្បត់សំបថយារបស់ទ្រង់នោះឡើយ។
ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ ទ្រង់ចាត់ពេជ្ឃឃាតម្នាក់ទៅភ្លាម ដោយបង្គាប់ឲ្យទៅយកក្បាលលោកមក អ្នកនោះក៏ទៅកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា
៦:២៦-២៨ ហេរ៉ូឌបានបង្កើតសំបថដ៏ល្ងង់មួយ ហើយទ្រង់គួរតែបដិសេធសំណូមពររបស់សាឡូមេ ប៉ុន្តែទ្រង់មិនចង់ខ្មាស់អៀននៅចំពោះមុខភ្ញៀវដែលមកពីធីជប់លៀងរបស់ទ្រង់ទេ។ ហេរ៉ូឌពិតជាមានព្រួយខ្លាំងណាស់ចំពោះសំណូមពរនេះ ប៉ុន្តែទ្រង់បានធ្វើតាមអ្វីដែលសាឡូមេបានស្នើរសុំនោះវិញ។
កាលពួកសិស្សរបស់លោកបានឮ នោះគេមកយកសពលោកទៅបញ្ចុះក្នុងផ្នូរទៅ។
៦:២៩ ពួកសាសន៍យូដាមានទម្លាប់ពីរបៀបនៅក្នុងការកប់សាកសពរបស់មនុស្សម្នាក់ឲ្យបានត្រឹមត្រូវ។ ពួកអ្នក ដើរតាមលោកយ៉ូហានបានធ្វើកិច្ចការនោះ។ បន្ទាប់មកពួកគេបានទៅទូលដល់ព្រះយេស៊ូវពីអ្វីដែលបានកើតឡើង (ម៉ាថាយ ១៤:១២-១៣)។
ច្បាស់ណាស់ថាជីវិតរបស់លោកយ៉ូហានគឺជាផែនការណ៏របស់ព្រះ ចាប់តាំងពីការចាប់កំណើតរបស់គាត់ (លូកា១)។ ប៉ុន្តែព័ន្ធកិច្ចរបស់គាត់មានរយៈពេលត្រឹមតែ ១៨ខែតែប៉ុណ្ណោះ។ ទោះបីជាហេតុផលនៃការស្លាប់ របស់គាត់ត្រូវបានរៀបគម្រោងដោយស្រ្តីដែលអាក្រក់ម្នាក់ហើយនឹងកិច្ចការរបស់ បុរសទន់ខ្សោយម្នាក់ក៏ដោយ ព្រះជាម្ចាស់តែងតែធ្វើសម្រេចតាមគម្រោងរបស់ព្រះអង្គ។ លោកយ៉ូហានបានសម្រេចកិច្ចការ ហើយនឹង បេសកកម្មរបស់គាត់យ៉ាងជោគជ័យ។ គាត់បានរៀបចំផ្លូវថ្វាយព្រះមេស៊ី។ វាគឺជាថ្ងៃដ៏វិសេបំផុត នៅពេលដែ លព្រះបានសម្រេចបំណងព្រះហឫទ័យទ្រង់នៅក្នុងជីវិតអ្នក បេសកកម្មរបស់អ្នកបានសម្រេច ហើយព្រះអង្គហៅ អ្នកឲ្យទៅនៅជាមួយនឹងព្រះអង្គនៅស្ថានសួគ៌ (២ កូរិនថូស ៥:១-៨)។
ឯពួកសាវក ក៏ប្រជុំគ្នាឯព្រះយេស៊ូវ រ៉ាយរឿងទូលទ្រង់ពីការដែលខ្លួនបានធ្វើទាំងប៉ុន្មាន ហើយពីសេចក្ដីដែលបានបង្រៀនដែរ
៦:៣០ ពេលនេះជានិទាឃរដូវនៅក្នុងកាលីឡេនា ឆ្នាំ ២៩ គ‚ស។ នៅពេលដែលពួកសាវកត្រឡប់មកវិញ ពួកគេបានទូលព្រះអង្គពីអ្វីដែលបានកើតឡើងនៅក្នុងការបំពេញបេសកកម្មរបស់ពួកគេ។
រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង នោះក៏នាំគ្នាចុះទូកចេញទៅឯទីស្ងាត់ដោយឡែកទៅ
៦:៣១-៣២ ព្រះយេស៊ូវបានសម្រេចព្រះទ័យថាពួកសិស្សរបស់ព្រះអង្គត្រូវការសម្រាក។ ការដែលធ្វើដូចនេះ ព្រះអង្គបានធ្វើជាគំរូសម្រាប់ពួកអ្នកបម្រើព្រះអង្គទាំងអស់។ យើងទាំងអស់គ្នាត្រូវការពេលវេលានៃការសម្រាក នៅក្នុងការចំណាយពេលជាមួយព្រះយេស៊ូវដើម្បីអោយយើងមានសេចក្តីប្រកបជាមួយនឹងព្រះអង្គ ហើយ យើងអាចមានកម្លាំងចិត្តឡើងវិញដោយព្រះអង្គ។
ឯហ្វូងមនុស្សគេឃើញទ្រង់ចេញទៅ ហើយមានគ្នាច្រើនបានស្គាល់ទ្រង់ បានជាមានមនុស្សពីគ្រប់ក្រុងទាំងប៉ុន្មាន នាំគ្នារត់ទៅមុន ប្រជុំគ្នាឯទ្រង់។
៦:៣៣ បានចុះទូកឆ្លងកាត់បឹងអស់រយៈពេលយូរ ដូច្នេះពួកអ្នកដើរតាមទ្រង់រត់ទៅដល់កន្លែង នោះមុនទូក ទៅដល់។ ហ្វូងមនុស្សយ៉ាងធំបានចាប់ផ្តើមប្រជុំគ្នា។
កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្ដីជាច្រើន
៦:៣៤ ចៀមដែលគ្មានអ្នកណាមើលថែទាំពួកវានឹងវង្វេងពីផ្លូវដែលត្រឹមត្រូវ។ ដូចគ្នានេះដែរមនុស្សទាំងនេះ គ្មានអ្នកណាដឹកនាំពួកគេក្នុងការបញ្ឈប់មិនអោយវង្វេងចេញពីព្រះនោះឡើយ។ ពួកអាចារ្យ ហើយនឹងពួកផារិស៊ី គឺជាពួកអ្នកគង្វាលអាក្រក់ដែលមិនបានមើលថែចៀមរបស់ពួគេនោះឡើយ (អេសេគាល ៣៤:៤-៦) ប៉ុន្តែ ព្រះយេស៊ូវជាអ្នកគង្វាលល្អ (យ៉ូហាន ១០:១១)។ ព្រះយេស៊ូវមានព្រះហឫទ័យក្តួលអាណិតដល់មនុស្ស (ម៉ាកុស ១:៤១, ៦:៣៤, ៨:២, ៩:២២)។ ព្រះអង្គមានព្រះទ័យសោកសង្រេងដោយព្រោះបងជីដូនមួយទ្រង់បានស្លាប់ ហើយពួកហ្វូងមនុស្សរំខានដល់គម្រោងសម្រាប់ការសម្រាកជាមួយនឹងសិស្សរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ នៅតែសព្វព្រះទ័យនៅក្នុងការឃ្វាលពួកគេដោយការបង្រៀន ដោយព្រោះតែព្រះអង្គទតឃើញពីសេចក្តីត្រូវការ របស់ពួកគេចំពោះសេចក្តីពិត។
លុះពេលជ្រុលហើយ នោះពួកសិស្សមកទូលទ្រង់ថា ទីនេះជាទីស្ងាត់ ហើយពេលក៏ជ្រុលផង សូមទ្រង់ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ ដ្បិតគេគ្មានអ្វីបរិភោគសោះ តែទ្រង់មានបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ប៉ុន្តែពួកសិស្សទូលថា តើឲ្យយើងរាល់គ្នាទៅទិញនំបុ័ងចំនួន៤០រៀល ឲ្យគេបរិភោគឬអី
៦:៣៥-៣៧ ពេលនោះជិតដល់ម៉ោង ៦ល្ងាចហើយ។ ហ្វូងមនុស្សក៏ឃ្លានហើយដែរ ប៉ុន្តែគ្មានអាហារនោះ ឡើយ។ ដំណោះស្រាយរបស់ពួកសិស្សនោះគឺ ឲ្យគេទៅរកទិញអាហារនៅស្រុកស្រែ ហើយក្នុងភូមិនៅជុំវិញចុះ។ ប៉ុន្តែព្រះយេស៊ូវបានទតឃើញពីដំណោះស្រាយផ្សេង ហើយទ្រង់សព្វព្រះទ័យឲ្យសិស្សព្រះអង្គបានឃើញដូចគ្នា ដែរ។ ព្រះអង្គមានបន្ទូលថា: “ចូរអ្នករាល់គ្នាឲ្យគេ បរិភោគទៅ”។ ព្រះយេស៊ូវជ្រាបហើយថាព្រះអង្គនឹងប្រទានឲ្យ គេបរិភោគ ប៉ុន្តែព្រះអង្គមានបន្ទូលដើម្បីល្បងល ពួកសិស្សព្រះអង្គ (យ៉ូហាន ៦:៥-៦)។ ពួកសិស្សមាន ការភ្ញាក់ផ្អើលដែលព្រះអង្គប្រាប់អោយគេផ្តល់អាហារដល់ហ្វូងមនុស្ស។ ពួកគេបានគិតពីការដែលមិនអាចទៅ រួចនៅក្នុងការធ្វើកិច្ចការនេះដោយសមត្ថភាពរបស់ពួកគេ ជាជាងការ ដែលអាចធ្វើទៅបានដោយការធ្វើការ នោះដោយព្រះចេស្តានៃព្រះទៅវិញ។ ម្នាក់ក្នុងចំណោមពួកគេ ភីលីព បានធ្វើការគិតគូរថាពួកគេត្រូវការប្រាក់ ២០០ឌីណារី ដើម្បីអាចចំអែតគ្រប់គ្នាបាន (យ៉ូហាន ៦:៧)។ មួយឌីណារី គឺជាប្រាក់ឈ្នួលនៃការធ្វើការមួយថ្ងៃ របស់កម្មករនៅជនបទ។
ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន ចូរទៅមើលសិន កាលបានដឹងហើយ ក៏ទូលឆ្លើយថា មាន៥ដុំនឹងត្រី២ទេ
៦:៣៨ ពួកសិស្សបានផ្តោតចំពោះអ្វីដែលពួកគេគ្មាន (គឺ ប្រាក់២០០ឌីណារី) ប៉ុន្តែព្រះយេស៊ូវមានបន្ទូលប្រាប់ ពួកគេអោយរកមើលអ្វីដែលពួកគេមាន។ អនទ្រេបានឃើញក្មេងប្រុសម្នាក់ដែលមាននំប៉័ងប្រាំដុំតូចៗ ហើយនឹង ត្រីពីរកន្ទុយតូចៗ (យ៉ូហាន ៦:៩)។ ព្រះយេស៊ូវមិនត្រូវការអាហាររបស់ក្មេងប្រុសនោះដើម្បីនឹងចំអែតដល់ហ្វូង មនុស្សនោះឡើយ។ សកលលោកទាំងមូល ត្រូវបានបង្កើតមកតាមរយៈព្រះអង្គ ចេញពីភាពទទេ (លោកុប្បត្តិ ១:១; យ៉ូហាន ១:១-៣)។ ប៉ុន្តែមានមេរៀនដ៏សំខាន់សម្រាប់សិស្សរបស់ព្រះអង្គ នៅក្នុងការរៀន។ របៀបដែលទ្រង់នឹងផ្តត់ផ្គង់នោះ តែងតែចាប់ផ្តើមជាមួយអ្វីដែលយើងមានរួចទៅហើយ។ អ្វីដែលពួកគេមាននោះគឺគ្រប់គ្រាន់នៅក្នុងការដាក់ក្នុង ព្រះហស្តព្រះយេស៊ូវ ដោយព្រោះតែព្រះអង្គមានព្រះចេស្តា ហើយនឹងធនធានទាំងអស់នៅស្ថានសួគ៌នៅជាមួយនឹងទ្រង់។
នោះទ្រង់បង្គាប់ឲ្យពួកសិស្សប្រាប់គេ ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ
៦:៣៩ ព្រះយេស៊ូវបង្គាប់ឲ្យអង្គុយលើស្មៅខ្ចីដោយពួកៗ ដើម្បីអោយមានភាពងាយស្រួលសម្រាប់ពួកសិស្ស នៅក្នុងការចែកអាហារ។ ពាក្យដែលត្រូវបានបកប្រែថា «អង្គុយ» (ἀνακλιθῆναι) មានន័យថា ដេកលេង លើកែងដៃឆ្វេងរបស់អ្នក ដែលជារបៀបអង្គុយរបស់ពួកសាសន៍យូដានៅក្នុងការបរិភោគអាហារ។ ដូច្នេះហើយ ការបង្គាប់មានន័យថា “ត្រៀមខ្លួនសម្រាប់បរិភោគ!”។ ព្រឹត្តិការណ៏នេះក្រើនរំលឹកយើងអំពី ទំនុកដំកើង ២៣។ ព្រះអម្ចាស់ទ្រង់ជា អ្នកគង្វាលរបស់ប្រជារាស្រ្តព្រះអង្គដែលទ្រង់នឹងអោយគេដេកនៅវាល ស្មៅខៀវខ្ចី ហើយទ្រង់ រៀបចំអាហារអោយ ពួកគេ។
គេក៏អង្គុយដោយជួរ ក្នុង១ជួរ៥០នាក់ ទាំងអស់មាន១០០ជួរ
៦:៤០ ពួកហ្វូងមនុស្សបង្ហាញសេចក្តីជំនឿរបស់ពួកគេដោយការយល់ព្រមអង្គុយជាក្រុមៗ ប្រៀបបានដូចជាពិធី ជប់លៀង ដែលគ្មានអាហារនៅចំពោះមុខបែបយ៉ាងដូច្នោះដែរ។ មនុស្សបានអង្គុយជាក្រុមៗ បានរំឭកលោក ពេត្រុសអំពីអ្វីមួយ។ ពាក្យដែលត្រូវបានបកប្រែថា “ជាក្រុមៗ” (πρασιαὶ) រៀបរាប់ពីជួរបន្លែរនៅក្នុងសួនមួយ។លោកពេត្រុសច្បាស់ជាបានប្រាប់លោកម៉ាកុសពីអ្វីដែលមនុស្សមើលទៅដូចជាអង្គុយជាជួរយ៉ាងស្អាត។
រួចទ្រង់យកនំបុ័ង៥ នឹងត្រី២នោះ ងើបទតទៅលើមេឃប្រទានពរ ហើយកាច់នំបុ័ងប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យគេ ក៏បែងភាគត្រី២នោះ ចែកទៅមនុស្សទាំងអស់ដែរ គេបានបរិភោគឆ្អែតគ្រប់គ្នា
៦:៤១-៤២ ពួកសាសន៍យូដាតែងតែអរព្រះគុណព្រះមុនពេលបរិភោគអាហារចំពោះការប្រទានអោយមាន
អាហារ។ សេចក្តីអធិស្ឋាននោះគឺ “សូមសរសើដល់ទ្រង់ ឳព្រះអម្ចាស់ដ៏ជាព្រះ ស្តេចនៃសកលលោក ដែលទ្រង់ បានប្រទានអោយមានអាហារពីដីមក ហើយផ្គត់ផ្គង់ដល់អ្វីគ្រប់យ៉ាងដែលព្រះអង្គបានបង្កើតមក”។ ព្រះយេស៊ូវ អធិស្ឋាន ហើយទតមើលទៅស្ថានសួគ៌។ បន្ទាប់មកការអស្ចារ្យកើតមានឡើង។ ព្រះយេស៊ូវបានកាច់នំប៉័ង ហើយ ប្រទាននំប៉័ងនោះទៅអោយពួកសិស្ស។ ការកើនឡើងច្រើនបានកើតឡើងនៅក្នុងព្រះហស្តព្រះអង្គ។ ភ្លាមៗនោះ មានអាហារគ្រប់គ្រាន់សម្រាប់គ្រប់គ្នានៅក្នុងការបរិភោគយ៉ាងបរិបូរ។
រួចប្រមូលចំណិតនំបុ័ង នឹងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក
៦:៤៣ មានចំណិតនំប៉័ងដែលនៅសល់ ១២កន្ត្រក។ នៅចុងបញ្ចប់មាននៅសល់ច្រើនជាងកាលដែលបាន ចាប់ផ្តើម! ពាក្យដែលប្រើសម្រាប់ “កន្រ្តក” (κοφίνους) គឺជាកន្ត្រកយួរដៃដែលពួកសាសន៍យូដាប្រើនៅក្នុង ការដាក់ម្ហូប។ ព្រះយេស៊ូវជ្រាបពីចំនួនប៉ុន្មានដែលត្រូវបង្កើតឡើងដើម្បីអោយគ្រប់គ្នាអាចនឹងបរិភោគតាមចិត្ត ហើយនឹងពួកសិស្សអាចមានចំណែកដែលសល់ម្នាក់មួយកន្ត្រក!
ឯពួកអ្នកដែលបានបរិភោគ នោះមានប្រុសៗ៥ពាន់នាក់។
៦:៤៤ មានមនុស្សប្រុសចំនួន៥០០០នាក់។ ស្រ្តីហើយនឹងក្មេងៗក៏នៅទីនោះដែរ (ម៉ាថាយ ១៤:២១) ដូច្នេះហើយមានច្រើនជាង ៥០០០នាក់ដែលត្រូវបានចំអែតដោយការអស្ចារ្យនេះ។ ចំនួនមនុស្សដែលត្រូវបាន ចំអែតគឺជាអ្វីដែលគួរអោយកត់សំគាល់ ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតអំពីការអស្ចារ្យនេះ គឺអ្វីដែលវាបានបង្ហាញអំពី ព្រះយេស៊ូវ។ នៅក្នុងជំនាន់លោក ម៉ូសេ ព្រះបានចំអែតដល់ប្រជារាស្រ្តរបស់ព្រះអង្គ ដោយការអស្ចារ្យដោយ នំប៉័ងមកពីស្ថានសួគ៌។ បន្ទាប់មក មុនពេលដែលគាត់ស្លាប់ទៅ លោកម៉ូសេបានប្រាប់ដល់សាសន៍យូដាថា ថ្ងៃមួយព្រះទ្រង់នឹងចាត់ហោរាម្នាក់ ដូចជាគាត់ (ចោទិយកថា១៨:១៥)។ ដូច្នេះហើយ ពេលដែលព្រះយេស៊ូវ ចំអែតមនុស្សដោយការអស្ចារ្យជាមួយ នឹងនំប៉័ងនោះ ពួកគេទទួលស្គាល់ថាព្រះអង្គគឺជាហោរាដែលលោកម៉ូសេ បាននិយាយនោះហើយ! នេះគឺជាមូលហេតុដែលយ៉ូហានប្រាប់យើងថា៖ « កាលមនុស្សទាំងប៉ុន្មានបានឃើញ ទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយមែន»។
ដូចដែលព្រះបានតាំងសញ្ញាមួយជាមួយនឹងអ៊ីស្រាអែលតាមរយៈលោកម៉ូសេនោះ (និក្ខមនំ ១៦:១៤-១៨) ព្រះបានតាំងសញ្ញាថ្មីមួយជាមួយនឹងពួកអ្នកជឿតាមរយៈព្រះយេស៊ូវ (លូកា ២២:២០; ហេព្រើរ ៨:៦-១៣)។ ព្រះយេស៊ូវគឺជានំប៉័ងដ៏ពិតប្រាកដមកពីស្ថានសួគ៌ ជានំប៉័ងជីវិត ហើយអស់អ្នកដែលដែលបានបរិភោគនោះ នឹងមិនឃ្លានទៀតឡើយ (យ៉ូហាន ៦:៣៥)។ សារៈសំខាន់ដ៏អស្ចារ្យ នៃព្រឹត្តិការណ៍នេះគឺច្បាស់ណាស់ ព្រោះវាជាការអស្ចារ្យមួយក្នុងចំណោមការអស្ចារ្យតែពីរប៉ុណ្ណោះ ដែលត្រូវបានកត់ត្រានៅក្នុងដំណឹងល្អទាំងបួន។ ការអស្ចារ្យមួយទៀតនោះគឺជាការរស់ពីសុគតឡើងវិញ របស់ព្រះយេស៊ូវ។
ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯបេតសៃដា នៅត្រើយម្ខាងជាមុន ដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់ កាលទ្រង់បានឲ្យគេទៅអស់ហើយ នោះក៏យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិស្ឋាន
៦:៤៥-៤៦ ពួកហ្វូងមនុស្សចង់ចាប់បង្ខំព្រះយេស៊ូវហើយតាំងអោយទ្រង់ធ្វើជាស្តេច (យ៉ូហាន ៦:១៥)។ ព្រះយេស៊ូវមិនសព្វព្រះទ័យអោយសិស្សព្រះអង្គពាក់ព័ន្ធជាមួយនឹងរឿងនេះឡើយ ដូច្នេះហើយព្រះអង្គបង្គាប់ អោយពួកគេចុះទូកទៅបេតសៃដាភ្លាម។ បន្ទាប់មកព្រះអង្គបានបញ្ចុះបញ្ចូលពួកហ្វូងមនុស្សអោយចាកចេញ ទៅហើយព្រះអង្គយាងទៅលើភ្នំដើម្បីអធិស្ឋាន។
លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់ ទ្រង់ក៏ឃើញពួកសិស្សចែវទូកទាំងលំបាក ព្រោះច្រាសខ្យល់ លុះពេលប្រហែលជាយាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯគេ ហើយធ្វើហាក់ដូចជាចង់យាងបង្ហួសទៅទៀត លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង
៦:៤៧-៤៩ ព្រះយេស៊ូវទតឃើញថាសិស្សព្រះអង្គកំពុងតែមានការលំបាក (βασανιζομένους) នៅក្នុង ការអុំទូកនៅក្នុងខ្យល់ដ៏ខ្លាំង។ ពាក្យនៅក្នុងភាសាក្រិចបានបង្ហាញថាមានការឈឺចាប់សម្រាប់ពួកសិស្ស ប្រៀបបានដូចជាត្រូវគេវាយដំ។ ពួកគេបានព្យាយាមអុំទូកជាច្រើនម៉ោងប៉ុន្តែនៅតែកណ្តាលសមុទ្រដដែល។
សម្រាប់ពួកសាសន៍យូដាពេលយប់រាប់ចាប់ពីម៉ោង៦ល្ងាចហើយត្រូវបានបែកចែកទៅជាបួនយាមក្នុងមួយយាម មានបីម៉ោង។ ព្រះយេស៊ូវបានយាងមកទូកនៅក្នុងយាមបួន ចន្លោះពីម៉ោង ៣ព្រឹកទៅម៉ោង ៦ព្រឹក។ ព្រះអង្គ សព្វព្រះទ័យយាងមកក្បែរទូក ប៉ុន្តែនៅពេលដែលពួកសិស្សបានឃើញព្រះអង្គពួកគេបានស្រែកយ៉ាងខ្លាំង។ ពួកគេមានការភ័យខ្លាចខ្លាំងណាស់!ពួកគេស្មានថាព្រះអង្គជាខ្មោចដោយព្រោះតែងងឹត ហើយមានតែខ្មោចតែ ប៉ុណ្ណោះដែលពួកគេអាចនឹកស្មានដល់ថាដែលអាចដើរនៅលើទឹកបាន។
ដ្បិតគ្រប់គ្នាបានឃើញទ្រង់ ហើយក៏ភ័យស្លុត តែទ្រង់មានបន្ទូលទៅគេជា១រំពេចថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី
៦:៥០ ព្រះយេស៊ូវមានបន្ទូលប្រាប់គេថាកុំអោយខ្លាចឡើយ។ រយៈពេលប្រាំបីដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលព្រះយេស៊ូវមានព្រះបន្ទូលប្រាប់អ្នកដែលដើរតាមព្រះអង្គថាកុំអោយខ្លាចឡើយ (ម៉ាថាយ ១៤:២៧, ១៧:៧, ២៨:១០; ម៉ាកុស ៦:៥០; លូកា ៥:១០, ១២:៣២; យ៉ូហាន ៦:២០; វិវរណៈ ១:១៧)។ ព្រះយេស៊ូវគឺជាប្រភព នៃសេចក្តីក្លាហានរបស់យើង។ ព្រះអង្គលើកទឹកចិត្តដល់យើងទាំងអស់គ្នាអោយមានសេចក្តីជំនឿនៅក្នុងព្រះអង្គ ហើយមិនត្រូវមានការភ័យខ្លាចចំពោះស្ថានភាពរបស់យើងនោះឡើយ។
នោះទ្រង់យាងឡើងទៅឯគេនៅក្នុងទូក រួចខ្យល់ក៏ស្ងប់ឈឹង អ្នកទាំងនោះមានសេចក្ដីអស្ចារ្យជាខ្លាំងពន់ពេក ព្រមទាំងវិលវល់ក្នុងចិត្ត
៦:៥១ បន្ទាប់ពីព្រះអង្គយាងចូលទៅក្នុងទូកភ្លាមខ្យល់ព្យុះក៏បានស្ងប់ទៅ។ ពួកសិស្សមិនមានការភ័យខ្លាចទៀត ឡើយ ពួកគេមាន «សេចក្ដីអស្ចារ្យជាខ្លាំងពន់ពេក ព្រមទាំងវិលវល់ក្នុងចិត្ត» (λίαν ἐκ περισσοῦ ἐν ἑαυτοῖς ἐξίσταντο).។ ពាក្យនៅក្នុងភាសាក្រិចបង្ហាញពី ប្រត្តិកម្មនៃការភ្ញាក់ផ្អើលដ៏ខ្លាំងបំផុត។ ពួកគេភាំងស្មារតីយ៉ាងខ្លាំងបំផុតចំពោះការអស្ចារ្យនេះរបស់ព្រះយេស៊ូវ លើសជាងការអស្ចារ្យដែលពួកគេ បានឃើញព្រះយេស៊ូវធ្វើពីមុន។
គេមិនបានយល់ដោយសារការដែលបានចំរើននំបុ័ងទេ ដ្បិតគេមានចិត្តរឹងរូស។
៦:៥២ ពួកសិស្សមិនទាន់បានយល់មេរៀនពីការអស្ចារ្យនៃនំប៉័ងអំពីថា ព្រះយេស៊ូវជានរណានៅឡើយទេ។ ពួកគេមិនយល់ថាហេតុអ្វីបានជាព្រះអង្គមិនសព្វព្រះទ័យអោយពួកអ៊ីស្រាអែលតាំងទ្រង់ជាស្តេចនោះឡើយ។ បញ្ហាគឺជាចិត្តរបស់ពួកគេដែលបានរឹង ដោយព្រោះតែពួកគេមានមហិច្ឆតាអាត្មានិយមអំពីការដែលនឹង មានន័យយ៉ាងណាចំពោះពួកគេក្នុងនាមជាសិស្សរបស់ស្តេច (ម៉ាកុស ៩:៣៣-៣៤‚ ១០:៣៥-៣៧)។
លុះបានឆ្លងទៅដល់ស្រុកគេនេសារ៉ែត ត្រើយខាងនាយហើយ នោះក៏ឈប់ចតទូក
៦:៥៣ គេនេសារ៉ែតជាភូមិមួយនៅខាងលិចបឹងនោះ។ មានចំងាយប្រមាណពីរបីគីឡូម៉ែត្រពីបេតសៃដាខាងត្បួង។ ការអុំទូកបានធ្វើអោយពួកសិស្សនឿយហត់ ដូច្នេះហើយពួកគេឈប់នៅទីនោះជាជាងនៅបេតសៃដា (ពួកគេនឹងទៅទីនោះ នៅពេលក្រោយនៅក្នុង ម៉ាកុស ៨:២២-២៦)។
កាលបានឡើងពីទូក នោះមនុស្សទាំងឡាយបានស្គាល់ទ្រង់ជា១រំពេច ហើយរត់ទៅគ្រប់ក្នុងស្រុកជុំវិញ តាំងសែងមនុស្សជំងឺដេកលើពូកមកឯទ្រង់ នៅកន្លែងត្រង់ណាដែលគេឮថាទ្រង់គង់នៅ
៦:៥៤-៤៤ គេនេសារ៉ែតមានចំងាយបួនគីឡូម៉ែត្រពីភាគខាងត្បូងឈាងខាងលិចនៃក្រុងកាពើនិម។ មនុស្សបានរត់ចុះឡើងដោយក្តីរំភើប ប្រាប់អោយមនុស្សនាំយកមិត្តភក្តិរបស់ពួកគេដែលឈឺមកឯព្រះយេស៊ូវ។
ហើយកន្លែងណាក៏ដោយ ដែលទ្រង់យាងចូល ទោះក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេក៏បានដាក់មនុស្សជំងឺទាំងប៉ុន្មាននៅទីផ្សារ រួចទូលអង្វរទ្រង់ឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ទ្រង់តែប៉ុណ្ណោះ ហើយអស់អ្នកណាដែលបានពាល់ទ្រង់ នោះក៏បានជាទាំងអស់គ្នា។
៦:៥៦ មុននោះ ព្រះយេស៊ូវបានប្រោសស្រ្តីធ្លាក់ឈាមម្នាក់ឲ្យបានជានៅពេលគាត់បានពាល់ជាយអាវ របស់ព្រះអង្គ (ម៉ាកុស ៥:២៥-៣៤)។ រឿងរ៉ាងនោះត្រូវបានប្រកាសសុសសាយហើយឥឡូវនេះ អ្នកផ្សេងទៀត ក៏ធ្វើដូចគ្នានៅទីនេះ។ គ្រប់គ្នាដែលបានពាល់ជាយព្រះពស្តព្រះអង្គត្រូវបានប្រោសឲ្យជា។ ជាយព្រះពស្តព្រះអង្គ តំណាងអោយសិទ្ធិអំណាចរបស់ព្រះអង្គ។ សិទ្ធិអំណាចរបស់ព្រះអង្គវិសេស អស្ចារ្យណាស់ ដែលគ្រាន់តែបានពាល់ជាយព្រះពស្ត្រទ្រង់ ប៉ុណ្ណោះ អាចធ្វើអោយមានការប្រោសឲ្យបាន ជាភ្លាមៗ។
ជំពួកប្រាំមួយ - ចំនុចសំខាន់
(១២) ការដែលខ្វះសេចក្តីជំនឿបង្ខាំងមនុស្សម្នាក់មិនឲ្យមានលទ្ធភាពក្នុងការទទួលយកពីព្រះជាម្ចាស់។
(១៣) ព្រះយេស៊ូវផ្គត់ផ្គង់ និងការពារដល់អ្នកដើរតាមព្រះអង្គ។