
សេចក្តីអធិប្បាយពីសំបុត្រ ១ ថែស្សាឡូនីច
សំបុត្រប៉ុល ស៊ីលវ៉ាន នឹងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជា ព្រះវរបិតា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
១:១ អ្នកសរសេរសំបុត្រនេះគឺជាសាវ័កប៉ុលដែលយើងអានអំពីនៅក្នុងសៀវភៅកិច្ចការ។ លោកប៉ុល បញ្ចូលលោកស៊ីលវ៉ាន (ត្រូវបានគេស្គាល់ថាជាស៊ីឡាសផងដែរ) និងលោកធីម៉ូថេតាមរយៈកិច្ចស្វាគមន៍នេះ ដោយសារពួកគេគឺជា អ្នកបម្រើនៅក្នុងព័ន្ធកិច្ចជាមួយគ្នា។
នៅឆ្នាំទី ៥១គ.ស លោកប៉ុល និងលោកស៊ីឡាសគឺជាបេសកជនដំបូងគេបង្អស់ដែលបាននាំដំណឹងល្អ ទៅកាន់ក្រុងថែស្សាឡូនីចនៅខេត្តម៉ាសេដូន (កិច្ចការ ១៧:១-១០)។ ពួកគេស្នាក់នៅទីក្រុងតែរយៈពេល បីសប្តាហ៍ប៉ុណ្ណោះមុនពេលត្រូវបានគេបណ្តេញចេញទៅវិញដោយសារតែការបៀតបៀន។ យ៉ាងណាមិញ នៅសាលាប្រជុំរបស់សាសន៍យូដា “ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ” (កិច្ចការ ១៧:៤)។ នេះគឺជាការចាប់ផ្តើម កើតមានក្រុមជំនុំនៅក្រុងថែស្សាឡូនីច។
ប៉ុន្មានខែក្រោយមក លោកប៉ុលស្ថិតនៅឯក្រុងកូរិនថូស (ស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូមែត្រ) នៅពេលលោកធីម៉ូថេមករកគាត់ពីក្រុងថែស្សាឡូនីចដោយប្រាប់ដំណឹងពីក្រុមជំនុំដែលមានជំនឿរឹងមាំ មានសេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម។ លោកប៉ុលរីករាយជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងនេះធ្វើឱ្យ គាត់ សម្រេចចិត្តសរសេរសំបុត្រនេះទៅកាន់ពួកគេ។
យើងខ្ញុំអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ហើយកាលណាយើងខ្ញុំអធិស្ឋាន នោះក៏តែងដំណាលពីអ្នករាល់គ្នា ដោយនឹកចាំជាដរាប ពីការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា នៅចំពោះព្រះដ៏ជាព្រះវរបិតានៃយើងផង
១:២-៣ លោកប៉ុលចាប់ផ្តើមដោយប្រាប់ក្រុមជំនុំនៅក្រុងថែស្សាឡូនីចថា លោកប៉ុល លោកស៊ីឡាស និង លោកធីម៉ូថេ អរព្រះគុណដល់ព្រះជាម្ចាស់ចំពោះពួកគេទាំងអស់គ្នា។
លោកប៉ុល ដឹងគុណដល់ព្រះជាម្ចាស់ដោយសារអ្វីៗដែលទ្រង់បានធ្វើនៅក្នុងជីវិតរបស់ពួកគេ។ ពេលលោកប៉ុលអរគុណដល់ព្រះជាម្ចាស់ចំពោះពួកគេ គាត់នឹកចាំ “ការដែលអ្នករាល់គ្នាធ្វើ ដោយសេចក្ដីជំនឿ នឹងពីការនឿយហត់ ដែលធ្វើដោយសេចក្ដីស្រឡាញ់ ហើយដែលអ្នករាល់គ្នា មានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ គាត់អរគុណដល់ ព្រះជាម្ចាស់សម្រាប់ការនេះ ដោយសារគាត់បានដឹងថាការនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងពួកគេ។ បុព្វហេតុនៃកិច្ចការ ការនឿយហត់ និងភាពខ្ជាប់ខ្លួន ជាសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម របស់ពួកគេ ហើយជាប្រភពនៃសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមរបស់ពួកគេគឺជា ព្រះជាម្ចាស់។
ការពិតដែលថាជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមមានវត្តមាននៅក្នុងក្រុមជំនុំគឺជាអំណោយផង និងជាកិច្ចការរបស់ព្រះជាម្ចាស់ផង។ ហេតុដូច្នេះហើយបានជាយើងត្រូវអរគុណដល់ទ្រង់នៅពេល យើងឃើញមានគុណភាពទាំងនេះមាននៅក្នុងប្រជារាស្ត្ររបស់ព្រះអង្គ។ យើងក៏អរគុណដល់ទ្រង់ សម្រាប់ផលផ្លែល្អៗដែលគុណភាពទាំងនេះកើតចេញមក។
-
ព្រះជាម្ចាស់ប្រទានជំនឿដល់រាស្ត្ររបស់ទ្រង់ ហើយការនេះបង្កើតបានជាកិច្ចការ (យ៉ាកុប ២:១៤-១៨)។ ជំនឿបង្កើតបានជាកិច្ចការដោយសារដើម្បីមានជំនឿគឺត្រូវទុកចិត្តលើព្រះជាម្ចាស់។ ប្រសិនបើអ្នកទុកចិត្តលើព្រះជាម្ចាស់ នោះអ្នកនឹងធ្វើអ្វីៗតាមដែលទ្រង់បង្គាប់ឱ្យធ្វើ។ ការនេះមានន័យថាអ្នកធ្វើការល្អដែលទ្រង់បានរៀបចំឱ្យអ្នកធ្វើរួចហើយ (អេភេសូ ២:១០)។
-
ព្រះជាម្ចាស់ប្រទានដល់រាស្ត្ររបស់ទ្រង់នូវសេចក្តីស្រឡាញ់ ហើយការនេះបង្កើតបានជា ការនឿយហត់ (១ យ៉ូហាន ៣:១៨)។ សេចក្តីស្រឡាញ់បង្កើតបានជាការនឿយហត់ ដោយសារសេចក្តីស្រឡាញ់ សម្រាប់ព្រះជាម្ចាស់ជម្រុញឱ្យយើងចេះបម្រើទ្រង់ ហើយសេចក្តីស្រឡាញ់សម្រាប់មនុស្សជម្រុញ ឱ្យយើងចេះយកចិត្តទុកដាក់ចំពោះពួកគេ។ សូមចំណាំថា ពាក្យជាភាសាក្រិចបកប្រែថា “ការនឿយហត់” (κόπου) មានន័យថា កិច្ចការដែលហត់នឿយ និងបែកញើសហូរញើស។ ការនេះបង្ហាញប្រាប់យើងថា សេចក្តីស្រឡាញ់ របស់ព្រះជាម្ចាស់បង្កើតឱ្យមានថាមពលដែល ធ្វើឱ្យយើងអាចខិតខំធ្វើការ បម្រើទ្រង់ និងធ្វើល្អចំពោះអ្នកដទៃបាន។
-
ព្រះជាម្ចាស់ប្រទានសេចក្តីសង្ឃឹមដល់មនុស្ស ហើយការនេះបង្កើតវានជាភាពខ្ជាប់ខ្ជួន (រ៉ូម ៨:២៤ -២៥; ហេព្រើ ១០:២៣)។ សេចក្តីសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូវបង្កើតបាននូវភាពខ្ជាប់ខ្ជួន។ ភាពខ្ជាប់ខ្ជួនគឺជាសមត្ថភាពក្នុងការស៊ូទ្រាំនៅគ្រាមានទុក្ខលំបាក។ សេចក្តីសង្ឃឹម ដែលយើងមាន ក្នុងមានជាគ្រីស្ទបរិស័ទគឺថាព្រះយេស៊ូវនឹងយាងត្រឡប់មកកាន់ផែនដីវិញដើម្បីសោយរាជ្យនៅក្នុងភាពសុចរិត ហើយយើងនឹងរស់នៅក្នុងព្រះរាជ្យទ្រង់ជារៀងរហូត។ សេចក្តីសង្ឃឹមនេះ ប្រទានឱ្យយើងនូវកម្លាំងដើម្បីស៊ូទ្រាំនឹងការប្រឆាំង និងអរិភាព ហើយត្រូវមាន ភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។
ឱបងប្អូន ដែលព្រះទ្រង់ស្រឡាញ់អើយ យើងខ្ញុំដឹងថា ទ្រង់បានរើសតាំងអ្នករាល់គ្នាហើយ
១:៤ លោកប៉ុលអរគុណដល់ព្រះជាម្ចាស់ដោយសារគាត់ដឹងថាព្រះជាម្ចាស់ជាអ្នកជ្រើសរើសពួកគេ។ ព្រះជាម្ចាស់បានជ្រើសរើសពួកគេឱ្យក្លាយជារាស្ត្ររបស់ទ្រង់ ដែលព្រះអង្គស្រឡាញ់។ ព្រះអង្គជ្រើសរើស ឱ្យពួកគេមានជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ (ខ២)។ ព្រះអង្គជ្រើសរើសឱ្យពួកគេ "តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្ដីពិតផង" (២ ថែស្សាឡូនីច ២:១៣)។ ព្រះអង្គជ្រើសរើសឱ្យពួកគេដើម្បីឱ្យបានបរិសុទ្ធ និងឥតកន្លែងបន្ទោសបាន (អេភេសូ ១:៤) និងដើម្បីក្លាយជា “បងប្អូន” ដែលជាសមាជិកនៅក្នុងគ្រួសាររបស់ព្រះអង្គ។
ដ្បិតដំណឹងល្អរបស់យើងខ្ញុំ មិនបានផ្សាយមកដល់អ្នករាល់គ្នា ដោយពាក្យសំដីតែប៉ុណ្ណោះទេ គឺដោយព្រះចេស្តា នឹងព្រះវិញ្ញាណបរិសុទ្ធដែរ ហើយដោយសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងថែមទៀតផង
១:៥ លោកប៉ុលដឹងថាព្រះជាម្ចាស់បានជ្រើសរើសអ្នកជឿនៅក្រុងថែស្សាឡូនីចដោយសារ
-
(១) របៀបដែលដំណឹងល្អបានចូលមកដល់ពួកគេ (ខ៥) និង
-
(២) ឥទ្ធិពលនៃដំណឹងល្អ ដែលស្ថិតនៅក្នុងជីវិតរបស់ពួកគេនៅពេលពួកគេបានទទួលវា ដោយសារជំនឿ (ខ៦-១០)។
ដំណឹងល្អបានចូលមកកាន់ពួកគេ “ដោយពាក្យសំដី… ដោយព្រះចេស្តា ហើយដោយសេចក្តីជំនឿ ដ៏មោះមុតជាខ្លាំងថែមទៀតផង”។ លោកប៉ុល និងលោកស៊ីឡាសបានអធិប្បាយដំណឹងល្អដោយពាក្យសំដី ប៉ុន្តែវាគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើឱ្យពាក្យសំដីនោះមកដោយចេស្តា និងសេចក្ដីជំនឿ ដ៏មោះមុតជាខ្លាំង។
នៅពេលព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការខាងវិញ្ញាណដ៏អស្ចារ្យ នឹងសម្រេចបាន។ ព្រះវិញ្ញាណបរិសុទ្ធប្រទានព្រះចេស្តា និងសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងទៅដល់អ្នកអធិប្បាយ ដើម្បីឱ្យគេដឹង ជឿ និងប្រកាសពីដំណឹងល្អបានច្បាស់ៗ និងដោយក្លាហាន។ ព្រះវិញ្ញាណបរិសុទ្ធ ក៏ប្រទាននូវសេចក្ដីជំនឿដ៏មោះមុតជាខ្លាំងដល់អ្នកស្តាប់ដំណឹងល្អ ដែលបណ្តាលឱ្យមានការប្រែចិត្ត ជំនឿ និងការផ្លាស់ប្រែរបស់ពួកគេ។
ដូចជាអ្នករាល់គ្នាដឹងហើយ ពីដំណើរយើងខ្ញុំ ដែលនៅក្នុងពួកអ្នករាល់គ្នាជាយ៉ាងណា សំរាប់នឹងជួយដល់អ្នករាល់គ្នា
វាសំខាន់ណាស់នៅពេលដែលដំណឹងល្អត្រូវបាននាំទៅកាន់មនុស្សដែលមិនធ្លាប់បានឮពីវាសោះពីមុនមក ពួកគេក៏គួរតែមើលឃើញពីគំរូល្អៗអំពីរបៀបរស់នៅរបស់គ្រីស្ទបរិស័ទដែរ។ ដូច្នេះលោកប៉ុល និងលោកស៊ីឡាសបានរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទពិតប្រាកដ ដែលបានបង្ហាញដំណឹងល្អ ទៅកាន់ អ្នកក្រុងកូរិនថូស។ ពួកគេមិនគ្រាន់តែមកជាមួយពាក្យសម្តីតែប៉ុណ្ណោះទេ។ ពួកគេមកដោយសេចក្តីស្រឡាញ់ ដែលបង្ហាញដល់មនុស្សពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវ។ លោកប៉ុល និងលោកស៊ីឡាសមិនគ្រាន់តែ អធិប្បាយដំណឹងល្អប៉ុណ្ណោះទេ ពួកគេបានរស់នៅដំណឹងល្អផងដែរ។
អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនឹងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្ដីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន នឹងស្រុកអាខៃ
១:៦-៧ មូលហេតុទីពីរ លោកប៉ុលដឹងថាអ្នកជឿនៅក្នុងក្រុងថែស្សាឡូនីចត្រូវបានជ្រើសតាំងពី ព្រះជាម្ចាស់គឺដោយសារឥទ្ធិពលដែលដំណឹងល្អបានជ្រួតជ្រាបដល់ពួកគេបន្ទាប់ពីពួកគេបានទទួលវា រួចហើយ (ខ៦-១០)។ ដំណឹងល្អមកជាមួយនឹងព្រះចេស្តា ហើយវាផ្លាស់ប្តូរជីវិតអស់អ្នកទាំងឡាយណា ដែលទទួលវាយ៉ាងពិតប្រកដនោះ។
សម្គាល់ឃើញថាទាំងការអធិប្បាយពីដំណឹងល្អ (ខ៥) និងការផ្លាស់ប្រែរបស់អ្នកស្តាប់ (ខ៦) ព្រះវិញ្ញាណបរិសុទ្ធគឺជាកូនសោរ។ បន្ទាប់មកក្រោយពេលមនុស្សទទួលដំណឹងល្អ និងកែប្រែចិត្តហើយ ព្រះវិញ្ញាណបរិសុទ្ធបង្កើតនូវការផ្លាស់ប្រែនៅក្នុងជីវិតរបស់ពួកគេ។ សម្គាល់ឃើញថា៖
(១) ពួកគេ “បានទទួលព្រះបន្ទូល”។ ពួកគេបានទទួល និងជឿលើដំណឹងល្អដែលបានផ្សាយ មកកាន់ពួកគេ (២:១៣)។ ពួកគេធ្វើយ៉ាងដូច្នេះបើទោះបីជា “កើតទុក្ខលំបាកជាខ្លាងផង”។ ទុក្ខលំបាកនេះមានចែងនៅក្នុងគម្ពីរ កិច្ចការ ១៧:៥-៩ ហើយបានបន្តក្រោយពេលលោកប៉ុល និងលោកស៊ីឡាសចាកចេញពីទីក្រុង។
(២) ពួកគេមាន “សេចក្តីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធ”។ ព្រះវិញ្ញាណបរិសុទ្ធប្រទានសេចក្តីអំណរដល់ អ្នកដែលបានទទួលដំណឹងល្អ (កិច្ចការ ១៣:៥២; រ៉ូម ១៤:១៧; កាឡាទី ៥:២២; ១ ពេត្រុស ៤:១៣–១៤)។ សេចក្តីអំណរនេះ គឺដោយសារយើងស្គាល់ និងស្រឡាញ់ព្រះជាម្ចាស់ ហើយនោះមានតម្លៃយ៉ាងខ្លាំងសម្រាប់អ្នកជឿ ជាងអ្វីៗទាំងអស់នៅក្នុងលោកនេះផង។ វាគឺជាសេចក្តីអំណរដ៏ខ្លាំងក្រៃលែងដែលការបៀតបៀនមិនអាច បំផ្លាញ វាបានឡើយ។
(៣) ពួកគេបានក្លាយទៅជា “អ្នកត្រាប់តាម” ព្រះយេស៊ូវ។ អ្នកជឿចង់ក្លាយខ្លួនឱ្យដូចជាព្រះយេស៊ូវ ហើយត្រាប់តាម ទ្រង់នៅក្នុងភាពបរិសុទ្ធ (៣:១៣, ៤:៣, ៤:៧), សេចក្តីស្រឡាញ់ (៣:១២, ៤:៩-១០) និងនៅក្នុង ការរងទុក្ខ (៣:២-៤)។ នេះគឺជាគោលដៅរបស់ព្រះជាម្ចាស់សម្រាប់យើង ហើយវាត្រូវតែ ជាគោលដៅសម្រាប់យើងខ្លួនឯងផងដែរ (រ៉ូម ៨:២៩)។ ដោយសារលោកប៉ុល និងលោកស៊ីឡាសបានក្លាយជា អ្នកដើរតាម ព្រះយេស៊ូវអស់រយៈពេលជាច្រើនឆ្នាំ ពួកគេបានអភិវឌ្ឍខ្លួនឱ្យមានលក្ខណៈដូចជាព្រះគ្រីស្ទ ហេតុនេះ ក្រុមជំនុំនៅក្រុងថែស្សាឡូនីចអាចធ្វើត្រាប់តាមពួកគេដែរដូចជាពួកគេធ្វើត្រាប់តាមព្រះគ្រីស្ទ (១ កូរិនថូស ១១:១)។
(៤) ពួកគេក្លាយជាគំរូដល់គ្រីស្ទបរិស័ទនៅតាមក្រុមជំនុំផ្សេងៗ។ ពេលពួកគេស្ថិតនៅក្រុងថែស្សាឡូនីច លោកប៉ុល និងលោកស៊ីឡាសបានក្លាយជាគំរូដល់គ្រីស្ទបរិស័ទនៅក្រុងថែស្សាឡូនីច។ បន្ទាប់មក គ្រីស្ទបរិស័ទនៅក្រុងថែស្សាឡូនីចបានក្លាយជាគំរូដល់អ្នកជឿផ្សេងៗទៀតដោយសារភាពក្លាហាននៃការប្រកាសដំណឹងល្អ និងភាពក្លាហានក្នុងការស៊ូទ្រាំនឹងការលំបាកដើម្បីជាយោជន៍ដល់ព្រះគ្រីស្ទ។
ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន នឹងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ
១:៨ កិច្ចការល្អដែលព្រះជាម្ចាស់បានធ្វើនៅក្នុងក្រុមជំនុំនៅក្រុងថែស្សាឡូនីចបានល្បីសុះសាយនៅក្នុង ខេត្តម៉ាសេដូនរបស់ពួកគេ ខេត្តអាខៃដែលនៅជិតខាង និងពាសពេញទូទាំងតំបន់។ មនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយនិយាយពីការផ្លាស់ប្រែនៅក្នុងជីវិតរបស់ពួកគេ។ ហេតុនេះហើយបានជាលោកប៉ុល និងលោកស៊ីឡាសមាន សេចក្តីអំណរជាខ្លាំង ហើយអរគុណដល់ព្រះជាម្ចាស់នៅពេលពួកគេបានឮដំណឹងល្អអំពីពួកគេ។
ដ្បិតគេថ្លែងប្រាប់ពីយើងខ្ញុំ ដែលអ្នករាល់គ្នាបានទទួលយើងជាយ៉ាងណា ទាំងបែរចេញពីរូបព្រះ មកឯព្រះដ៏ពិត ឲ្យបានគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌ ដែលព្រះបានប្រោសឲ្យទ្រង់ រស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវ ដែលទ្រង់ប្រោសឲ្យយើងរួចពីសេចក្ដីខ្ញាល់ទៅមុខ។
១:៩-១០ នៅពេលដែលមនុស្សម្នាក់ពិតជាទទួលដំណឹងល្អដោយជំនឿ លទ្ធផលគឺជីវិតមាន ការផ្លាស់ប្រែ។ ប្រជាជននៅក្រុងថែស្សាឡូនីចមានសេចក្តីសង្ឃឹមថ្មី ជំនឿថ្មី និងសេចក្តីស្រឡាញ់ថ្មី ចំពោះព្រះជាម្ចាស់។
ដំបូងបង្អស់ ពួកគេបែរចេញពីការថ្វាយបង្គំព្រះក្លែងក្លាយ ដែលមនុស្សភាគច្រើននៅក្នុងចក្រភពរ៉ូមថ្វាយបង្គំ ហើយបានចាប់ផ្តើមបម្រើដល់ព្រះដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិត។ ពួកគេដឹងថារូបចម្លាក់គឺជា ព្រះក្លែងក្លាយ ហើយគ្មានជីវិតទេ ហើយព្រះជាម្ចាស់វិញគឺជាព្រះដ៏ពិត និងមានព្រះជន្មរស់ ហើយសក្តិសម ទទួលបានគ្រប់ទាំងការគោរព។ ហេតុនេះ ពួកគេបានបម្រើទ្រង់ដោយអស់ពីចិត្ត។
ទីពីរ ពួកគេបានរង់ចាំព្រះរាជបុត្រាទ្រង់យាងត្រឡប់ពីស្ថានសួគ៌មកវិញ។ ពួកគេដឹងថា ព្រះយេស៊ូវ បានសុគត នៅលើឈើឆ្កាងដើម្បីអំពើបាបរបស់ពួកគេ (៤:១៤) ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យរួចពី សេចក្តីស្លាប់ ហើយទ្រង់បានយាងឡើងទៅកាន់ស្ថានសួគ៌វិញ។ ពួកគេក៏ដឹងថាថ្ងៃមួយទ្រង់ នឹងយាងត្រឡប់មកផែនដីវិញ ហើយរំដោះពួកគេឱ្យរួចពី “សេចក្តីខ្ញាល់ទៅមុខ”។ សេចក្តីខ្ញាល់គឺជាការជំនុំជម្រះដ៏ត្រឹមត្រូវរបស់ ពួកមនុស្សអាក្រក់ដោយសារអំពើបាបរបស់ពួកគេ (៥:២; ២ ថែស្សាឡូនីច ២:២; រ៉ូម ២:៥, ២:៨, ៥:៩)។ តាមរយៈការទទួលយកការដាក់ទោស ដោយសារ អំពើបាបរបស់យើងនៅលើឈើឆ្កាង ព្រះយេស៊ូវសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ចេញពីការកាត់ទោសនៅថ្ងៃជំនុំជម្រះ (រ៉ូម ៨:១)។


