top of page

សាវ័កប៉ុលមានសត្រូវនៅក្នុងទីក្រុងថែស្សាឡូនីច (កិច្ចការ ១៧:៥-៦, ១៧:១៣)។ ពួកគេបានបៀនបៀតគាត់ ដូច្នេះហើយបានជាគាត់ ត្រូវតែចាកចេញពីទីក្រុងឱ្យបានឆាប់បំផុត ហើយបន្ទាប់មកពួកគេបានរិះគន់គាត់។ ដូច្នេះនៅក្នុង ផ្នែកបន្ទាប់ទៀតនៅក្នុងសំបុត្រ លោកប៉ុលបានការពារសកម្មភាព និងចិត្តជម្រុញរបស់គាត់ក្នុងអំឡុង ពេលធ្វើដំណើរបេសកកម្មទៅកាន់ ទីក្រុងថែស្សាឡូនីចរបស់គាត់ (២:១–១៦) ហើយពន្យល់ប្រាប់ថា ហេតុអ្វីបានជា គាត់មិនអាចត្រឡប់ទៅសួរសុខទុក្ខក្រុមជំនុំនៅកន្លែងនោះបាននៅឡើយ (២:១៧​-​៣:១០)។ 

 

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​បែប​ដែល​យើង​ខ្ញុំ​ចូល​មក​ឯ​អ្នក​រាល់​គ្នា​ថា មិន​មែន​ជា​ឥត​កើត​ផល​ទេ

 

២:១ ព័ន្ធកិច្ចរបស់លោកប៉ុលនៅទីក្រុងថែស្សាឡូនីចមិនមែន “ឥត​កើត​ផល” ឡើយ (វាមិនមែនគ្មាន លទ្ធផលទេ)។ ការពិតវាកើតមានផលផ្លែយ៉ាងច្រើន។ មនុស្សជាច្រើនបានទទួលការសង្គ្រោះតាមរយៈ ដំណឹងល្អ ហើយក្រុមជំនុំត្រូវបានដាំ។ ក្រុមជំនុំបានលូតលាស់ និងរីកចម្រើន សូម្បីតែក្រោយពេល លោកប៉ុល និងលោកស៊ីឡាសចាកចេញក៏ដោយ (១:៥–៨)។ ហេតុនេះអ្នកជឿទាំងនេះគឺជាភស្តុតាង នៃភាពជោគជ័យនៅក្នុងបេសកកម្ម។ 

 

ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ នឹង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្ដី​ត‌យុទ្ធ​ជា​ច្រើន​ផង

២:២ នៅក្រុងភីលីព លោកប៉ុល និងលោកស៊ីឡាសត្រូវបានគេចាប់វាយ និងទះយ៉ាងដំណំ។ ពួកគេត្រូវបានចាប់ដាក់គុកទាំងចងជើងជាប់ផង (កិច្ចការ ១៦:២២-២៤)។ ប៉ុន្តែ អបើទោះបីជាការនេះ បន្ទាប់មកពួកគេនៅតែមកទីក្រុងថែស្សាឡូនីច ដោយភាពក្លាហានដើម្បីប្រកាសដំណឹងល្អ។  ភាពក្លាហានរបស់ពួកគេគឺដោយសារពួកគេគឺជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ នៅក្រុងថែស្សាឡូនីច ហ្វូងមនុស្សដែលខឹងសម្បារជាច្រើនបានវាយប្រហារផ្ទះដែលពួកគេស្នាក់នៅ ហើយពួកគេត្រូវបានចោទប្រកាន់ទាំងមិនសមហេតុផលថាមានបំណងក្បត់ស្តេចសេសា (កិច្ចការ ១៧:៥-៧) ដែលជាបទឧក្រិដ្ឋអាចនាំឱ្យមានការដាក់ទ័ណ្ឌកម្មដល់ជីវិតផង។

ការពិតដែលលោកប៉ុលផ្សាយដំណឹងល្អបើទោះបីជាមានការបៀតបៀនទាំងអស់នេះក៏ដោយបញ្ជាក់ថាការជម្រុញចិត្តរបស់គាត់មិនមែនក្លែងក្លាយនោះទេ។ នៅពេលគាត់អធិប្បាយគាត់មិនទទួលបានប្រាក់ ឬការសរសើរពីមនុស្សឡើយ។ ផ្ទុយទៅវិញគាត់បានរងទុក្ខ ត្រូវបានគេប្រព្រឹត្តិដាក់យ៉ាងអាម៉ាស់ ហើយមានជម្លោះជាច្រើនកើតឡើង។ ប៉ុន្តែយ៉ាងណាមិញគាត់នៅតែប្រកាសដំណឹងល្អ ដោយស្មោះត្រង់ ដដែល។ 

 

លោកប៉ុលបានធ្វើដំណើរទៅកាន់ទីក្រុងថែស្សាឡូនីច ហើយបានរស់នៅទីនោះតាមរបៀបដែលបង្ហាញនូវ អ្វីដែលគាត់បានអធិប្បាយ។ ចំនួនប្រាំបួនដងនៅក្នុងសំបុត្រនេះលោកប៉ុលបាននិយាយថា “​អ្នក​រាល់​គ្នា​ដឹង ​ច្បាស់​ហើយ​ថា” សំដៅទៅកាន់អ្នកជឿនៅក្រុងថែស្សាឡូនីចដែលបានដឹងពីរបៀបរស់នៅរបស់ លោកប៉ុល ដែលពួកគេបានមើលឃើញពេលលោកនៅជាមួយពួកគេ។ សាររបស់គាត់មកដល់អ្នកអានរបស់គាត់គឺថា ពួកគេដឹងពីរឿងរ៉ាវពិតរបស់លោកប៉ុល និងលោកស៊ីឡាសហើយ ពីព្រោះពួកគេបានឃើញពីរបៀប ដែលពួកគេរស់នៅ។ ហេតុដូច្នេះពួកគេមិនគួរជឿទៅលើការកុហក និងការរិះគន់ពីសត្រូវរបស់ពួកគេ នោះទេ។ 

 

ដ្បិត​សេចក្ដី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្ដី​ខុស‌ឆ្គង ឬ​ពី​សេចក្ដី​ស្មោក‌គ្រោក ឬ​ពី​សេចក្ដី​ឆ‌បោក​នោះ​ទេ តែ​តាម​ដែល​ព្រះ‌ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ

 

២:៣-៤ លោកប៉ុលបានលើកឡើងចំនួនប្រាំពីរចំណុចអំពីអ្វីដែលមិនបានកំណត់ពីលក្ខណៈនៃព័ន្ធកិច្ចរបស់ ពួកគេចំពោះអ្នកក្រុងថែស្សាឡូនីច។ 

 

ទីមួយ ការអធិប្បាយរបស់ពួកគេមិន​មែន​កើត​ពី​សេចក្ដី​ខុស‌ឆ្គងនោះទេ។ លោកប៉ុល និងលោកស៊ីឡាស មិនខុសទេ ហើយសារដែលពួកគេប្រកាសគឺជាការពិតមិនមែនក្លែងក្លាយឡើយ។ 

 

ទីពីរ ការអធិប្បាយរបស់ពួកគេមិនមែនចេញមកដោយសារតែការជម្រុញចិត្តបែបអាត្មានិយមមិនបរិសុទ្ធ នោះឡើយ។ លោកប៉ុល និងលោកស៊ីឡាសមិនមែនទទួលបានការជម្រុញចិត្តដោយសារតែបំណងចិត្ត ដែលទទួលបានពីមនុស្សនោះទេ។ ពួកគេមិនមែនទទួលបានការជម្រុញចិត្តតាមរយៈប្រាក់ ការសរសើរ ឬផ្លូវភេទឡើយ (ខ៥-៦)។

ទីបី ពូកគេមិនមែនព្យាយាមបោកបញ្ឆោត (δόλῳ) មនុស្សឡើយ។ ពាក្យជាភាសាក្រិចសំដៅទៅលើ ការចាប់ត្រីដោយប្រើនុយ ហើយមានន័យថាបោកបញ្ឆោតមនុស្សដើម្បីចាប់ពួកគេដើម្បីទទួលបានអ្វីមួយ ពីពួកគេ។ ពួកគ្រូក្លែងក្លាយអធិប្បាយតែសារដែលពេញនិយមដើម្បីទាក់ទាញអ្នកដើរតាមជាច្រើន ដែលពួកគេទទួលបានការសរសើរ និងលុយជាថ្នូរ។ នេះគឺជាអ្វីដែលពួកគ្រូក្លែងក្លាយធ្វើ ប៉ុន្តែគ្រូពិតប្រាកដដូចជាលោកប៉ុល និងលោកស៊ីឡាសមិនបានធ្វើដូច្នោះទេ។ 

ទីបួន ពួកគេមិនបាននិយាយដើម្បីយកចិត្តមនុស្សឡើយ។ បំណងចិត្តដើម្បីយកចិត្តមនុស្សគឺជា អ្វីដែលធ្វើឱ្យពួកគ្រូក្លែងក្លាយបង្រៀនពីកំហុស ភាពមិនបរិសុទ្ធ និងការបោកបញ្ឆោត។ ពួកគេយកចិត្តទុកដាក់ខ្លាំងទៅលើការពេញនិយមជាជាងសេចក្តីពិត។ ប៉ុន្តែលោកប៉ុល និងលោកស៊ីឡាសមិនបានស្វែងរកការសរសើរ និងការយល់ព្រមពីមនុស្សឡើយ (ខ៦)។ ផ្ទុយទៅវិញពួកគេចង់ធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យវិញ។

 

ព្រះជាម្ចាស់បានជ្រើសរើស ល្បងល និងអនុញ្ញាតិ ហើយបញ្ជូនលោកប៉ុលឱ្យក្លាយជាសាវ័ក ទៅកាន់ ពួកសាសន៍ដទៃ និងប្រគល់ការទទួលខុសត្រូវឱ្យគាត់ក្នុងការប្រកាសដំណឹងល្អ (១ កូរិនថូស ៩:១៧–១៨; កាឡាទី ២:៧; ១ ធីម៉ូថេ ១:១១–១២; ទីតុស ១:៣)។ អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅចង់ធ្វើឱ្យ គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់តាមរយៈការបម្រើដ៏ ស្មោះត្រង់របស់ពួកគេ។ ហេតុដូច្នោះបានជា វាគឺដោយលោកប៉ុលទទួលបានការត្រាស់ហៅពីព្រះជាម្ចាស់ ឱ្យធ្វើកិច្ចការនេះដែលការជម្រុញចិត្តរបស់គាត់ សម្រាប់ព័ន្ធកិច្ចរបស់គាត់គឺដើម្បីធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះទ័យ (កាឡាទី ១:១០; ២ ធីម៉ូថេ ២:៤)។  

 

ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ‌ទ្រង់​ជា​សាក្សី​ហើយ ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច នឹង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី 

២:៥-៦ ទីប្រាំ គ្មានពាក្យ​បញ្ចើចនៅក្នុងសេចក្តីអធិប្បាយរបស់លោកប៉ុល និងលោកស៊ីឡាសទេ។ ពាក្យ​បញ្ចើចគឺជាការបោកបញ្ឆោតដោយប្រើពាក្យសម្តីដើម្បីព្យាយាមយកចិត្តមនុស្ស ហើយមានឥទ្ធិពល ទៅលើពួកគេដើម្បីទទួលបានលុយ និងការសរសើរពីពួកគេវិញ។ ក្នុងនាមជាអ្នកនាំសារនៃសេចក្តីពិតរបស់ ព្រះជាម្ចាស់ដែលយកចិត្តទុកដាក់យ៉ាងពិតប្រាកដដល់អ្នកស្តាប់របស់ខ្លួន លោកប៉ុល និងលោកស៊ីឡាស មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដើម្បីព្យាយាមទទួលបានអ្វីម្យ៉ាងពីពួកអ្នកស្តាប់របស់គេនោះទេ។

 

ទីប្រាំមួយ ពួកគេមិនទទួលបានការជម្រុញចិត្តតាមរយៈភាពលោភលន់ឡើយ។ លោកប៉ុលមិនទទួលបាន ប្រាក់ពីអ្នកក្រុងថែស្សាឡូនីចទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើតង់ដែលគាត់លក់ដើម្បីគាំទ្រដល់ព័ន្ធកិច្ចរបស់ លោកវិញ។ ហេតុដូច្នេះគ្មាននរណាម្នាក់អាចចោទប្រកាន់គាត់ពីការលោភលន់បានទេ (២:៩; ២ ថែស្សាឡូនីច ៣:៨; ១ កូរិនថូស ៤:១២; កិច្ចការ ២០:៣៣-៣៥)។

 

ទីប្រាំពីរ ពួកគេមិនបានស្វែងរកការសរសើរពីមនុស្សនោះទេ។ លោកប៉ុលមិនបានប្រើតួរនាទីរបស់គាត់ ក្នុងនាមជាសាវ័កដើម្បីស្វែងរកការសរសើរសម្រាប់ខ្លួនឯងឡើយ ប៉ុន្តែមានតែការសរសើរសម្រាប់ ព្រះជាម្ចាស់ និងមកពីព្រះតែប៉ុណ្ណោះ (១ កូរិនថូស ៩:១១-១២, ១០:៣១; ម៉ាថាយ ៦:១-២; យ៉ូហាន ៥:៤១-៤៤)។ គាត់មិនបានទាមទារថាឱ្យអ្នកជឿបម្រើ​គាត់ ឬចុះចូលចំពោះសិទ្ធិអំណាចរបស់គាត់ ក្នុងនាមជាសាវ័កនោះទេ (លូកា ២២:២៤-២៧)។ ផ្ទុយទៅវិញ លោកប៉ុលបម្រើពួកគេ ហើយមើលថែ ពួកគេវិញ។

យើង​ខ្ញុំ​បាន​នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ​ស្លូត‌បូត​វិញ ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ 

 

២:៧ ប្រសិនបើយើងចង់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ នោះយើងត្រូវធ្វើតាមរបៀបរបស់ទ្រង់។ របៀបរបស់ ព្រះជាម្ចាស់គឺត្រូវបម្រើដោយសេចក្តីស្រឡាញ់ ស្លូតបូត និងចេះបន្ទាបខ្លួនដូចជាព្រះយេស៊ូវបានធ្វើដែរ។

 

លោកប៉ុល លោកស៊ីឡាស​ និងលោកធីម៉ូថេ បានយកតម្រាប់តាមព្រះយេស៊ូវ ហើយបានធ្វើដំណើរមកកាន់ ទីក្រុងថែស្សាឡូនីចជាមួយព័ន្ធកិច្ចដែលមានលក្ខណៈស្លូតបូត និងជម្រុញចិត្តដោយសេចក្តីស្រឡាញ់ (“ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូនដែល​កំពុង​នៅ​បៅ”)។ ការជម្រុញចិត្តរបស់ម្តាយដែលនៅបំបៅ មើលថែទាំ កូនរបស់នាងគឺជាសេចក្តីស្រឡាញ់ (មិនមែនដោយសារចង់បានការសរសើរ ប្រាក់ ឬអំណាយ ឡើយ)។ សេចក្តីស្រឡាញ់គឺជាការជម្រុញចិត្តដ៏ត្រឹមត្រូវសម្រាប់ព័ន្ធកិច្ចរបស់គ្រីស្ទបរិស័ទ (១ កូរិនថូស ១៣)។

គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួន‌ភ្ងា​ដល់​យើង​ខ្ញុំ 

២:៨ ពួកបេសកជនពិតជាបានស្រឡាញ់ដល់អ្នកជឿនៅទីក្រុងថែស្សាឡូនីច។ បើទោះបីជាពួកគេមាន ពេលជាមួយគ្នាតែពីរបីសប្តាហ៍ក្តីតែពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នារដូចជាវាងសមាជិកនៅក្នុង គ្រួសារដូច្នោះដែរ។

 

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ‌ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ 

 

២:៩ ក្នុងនាមជាសាវ័ករបស់ព្រះយេស៊ូវ​ លោកប៉ុលមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមជំនុំ ដែលគាត់បានដាំនៅទីក្រុងថែស្សាឡូនីច (១ កូរិនថូស ៩:៣-១៨)។ ប៉ុន្តែគាត់មិនបានសុំប្រាក់ពី ពួកគេទាល់តែសោះ។ ផ្ទុយទៅវិញគាត់មានការងារជាអ្នកធ្វើតង់ដើម្បីផ្គត់ផ្គង់ខ្លួនឯង (២ ថែស្សាឡូនីច ៣:៧-៩; កិច្ចការ ១៨:១-៣)។ លោកប៉ុល លោកស៊ីឡាស​ និងលោកធីម៉ូថេធ្វើការរយៈពេលច្រើនម៉ោង ទាំងយប់ទាំងថ្ងៃដើម្បីមិនបណ្តោយខ្លួនឱ្យក្លាយជាបន្ទុករបស់នរណាម្នាក់នៅក្នុងក្រុមជំនុំឡើយ។ 

 

មូលហេតុដែលពួកគេមិនព្រមទទួលយកប្រាក់ពីអ្នកដែលពួកគេបានអធិប្បាយទៅកាន់គឺដើម្បីជៀសវាងពី ការ “មិន​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ” (១ កូរិនថូស ៩:១២)។ ដើម្បីជាប្រយោជន៍ដល់ ដំណឹងល្អ ពួកគេជៀសវាងពីការប្រព្រឹត្តណាមួយដែលអាចធ្វើឱ្យមនុស្សមានការសង្ស័យពីសេចក្តីពិ តនៅក្នុងសាររបស់ពួកគេ ឬចោទប្រកាន់ពួកគេថាបានលើកទឹកចិត្តដោយសារភាពលោភលន់ និងមានបំណងចង់បានប្រាក់ដូចជាពួកគ្រូក្លែងក្លាយ (១ ពេត្រុស ៥:២)។

 

អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន

 

២:១០ នៅពេលដំណឹងល្អបានផ្សាយចេញទៅទាំងភាពត្រឹមត្រូវនៃសារ និងចរិតលក្ខណៈរបស់អ្នកនាំសារ គឺសំខាន់ណាស់។ បេសកជនទាំងនេះបានដឹងពីសេចក្តីពិតនៃដំណឹងល្អ អធិប្បាយវាយ៉ាងត្រឹមត្រូវ ហើយរស់នៅតាមរបៀបដែលស្របនឹងសារនោះ (ខ៣-៤; ១:៥)។

មានសាក្សីចំនួនពីរ (ចោទិយកថា ១៧:៦, ១៩:១៥; ២ កូរិនថូស ១៣:១) ដែលអាចបញ្ជាក់ពី អាកប្បកិរិយាត្រឹមត្រូវរបស់លោកប៉ុល លោកស៊ីឡាស និងលោកធីម៉ូថេបានគឺអ្នកក្រុងថែស្សាឡូនីច និងព្រះជាម្ចាស់។ ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចគឺជាសាក្សី ចំពោះអាកប្បកិរិយារបស់បេសកជនពីព្រោះ គេបានឃើញរបៀបដែលពួកគេរស់នៅខណៈពេលពួកគេរស់នៅជាមួយខ្លួន។ ព្រះជាម្ចាស់ក៏ជាសាក្សីផងដែរ ពីព្រោះទ្រង់ជ្រាបគ្រប់ការទាំងអស់ រួមទាំងចិត្ត គំនិត ពាក្យសម្តី និងទង្វើរបស់មនុស្សទាំងអស់។ 

សាក្សីទាំងពីរនេះបានដឹងថាអាកប្បកិរិយារបស់បេសកជនគឺ “បរិសុទ្ធ” (ὁσίως) ដោយត្រូវរស់នៅ តាមរបៀបដែលគាប់ព្រះទ័យដល់ព្រះជាម្ចាស់ “​​សេចក្តី​សុចរិត” (δικαίως) ដោយត្រូវរស់នៅតាមរបៀប ដែលត្រឹមត្រូវចំពោះមនុស្ស និង “​ឥត​សៅហ្មង” (ἀμέμπτως) ដែលជាអាកប្បករិយាដែលគ្មានកំហុស។

 

ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​និមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន នឹង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

២:១១-១២ នៅក្នុងចក្រភពរ៉ូម ឪពុកមានទំនួសខុសត្រូវក្នុងការអប់រំ និងបណ្តុះបណ្តាលកូនៗរបស់ ពួកគេ។ លោកប៉ុល និងលោកស៊ីឡាសបានប្រព្រឹត្តិខ្លួនដូចជាឪពុកដល់ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច។ សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះពួកគេត្រូវបានបង្ហាញតាមរយៈការពិតដែលពួកគេបាននាំ សារទៅកាន់ពួកគេផ្ទាល់ខ្លួនម្នាក់ៗ។ ពួកគេបានប្រកាសដំណឹងល្អជាសាធារណៈ ប៉ុន្តែពួកគេក៏បានយកចិត្ត ទុកដាក់ និងចាប់អារម្មណ៍ចំពោះបុគ្គលផងដែរដើម្បីពន្យល់ប្រាប់ពីដំណឹងល្អទៅកាន់ពួកគេតាមរយៈ ការសន្ទនាជាលក្ខណៈឯកជន។

នៅក្នុងការសន្ទនាទាំងនេះ ពួកគេបានជម្រុញឱ្យអ្នកជឿនៅទីក្រុងថែស្សាឡូនីចដើរយ៉ាង “គួរ​នឹង​ព្រះ”។ នេះមានន័យថាត្រូវមានជីវភាពរស់នៅដែលត្រូវជាមួយនឹងលក្ខណៈរបស់ព្រះជាម្ចាស់។ អាកប្បកិរិយាល្អរបស់យើងគឺមិនមែនដើម្បី​ទទួល​បាន​ការស្រឡាញ់ ឬព្រះពរមកពីព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ វាគឺជាការឆ្លើយតបទៅកាន់ការត្រាស់ហៅរបស់ព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់ បានត្រាស់ហៅយើងឱ្យក្លាយជារាស្ត្ររបស់ទ្រង់ ឥឡូវនេះយើងគួរតែមានជីវិតដែលមានជំនឿ សង្ឃឹម និងសេចក្តីស្រឡាញ់ ដែលសមរម្យក្នុងនាមជាបុត្ររបស់ព្រះជាម្ចាស់។

 

តើវាមានន័យថាព្រះជាម្ចាស់ “ត្រាស់ហៅ” អ្នក?  ការត្រាស់ហៅគឺលើសពីការអញ្ជើញ។ វាមានន័យថា ព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់អ្នកយ៉ាងសកម្មដើម្បីនាំអ្នកចូលមកក្នុងទំនាក់ទំនងជាមួយអង្គទ្រង់ (២ ធីម៉ូថេ ១:៩)។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សតាមរយៈដំណឹងល្អ (២ ថែស្សាឡូនីច ២:១៤; ១ កូរិនថូស ១:២២-២៥) ហើយធ្វើឱ្យពួកគេអាចយល់ និងជឿលើដំណឹងល្អនោះបាន (ម៉ាថាយ ១៦:១៧; កិច្ចការ ១៦:១៤-១៥) ហើយចូលមករកព្រះយេស៊ូវដើម្បីទទួលបការសង្គ្រោះ (យ៉ូហាន ៦:៤៤)។ នៅពេលការនេះកើតឡើង ពួកគេមានជីវិតដ៏អស់កល្បជានិច្ចនៅក្នុងព្រះរាជរបស់ទ្រង់។ 

ដើម្បីត្រូវបានជ្រើសរើសតាំងពីមុនកំណើតលោកីយ៍មក (អេភេសូ ១:៤) ហើយបន្ទាប់មកបានត្រាស់ហៅនៅ គ្រាមួយ (១ ពេត្រុស ២:៩) គឺជាចំណុចចាប់ផ្តើមនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់អ្នក ដែលទីបំផុត នាំទៅរកសិរីរុងរឿង។ ដូចនៅក្នុង រ៉ូម ៨:២០ ចែងថា “ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ដំរូវ​ទុក​ជា​មុន នោះ​ទ្រង់ ​ក៏​ហៅ ហើយ​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ នោះ​ទ្រង់​ក៏​រាប់​ទុក​ជា​សុចរិត ហើយ​ពួក​អ្នក ​ដែល​ទ្រង់​បាន​រាប់​ជា​សុចរិត នោះ​ទ្រង់​ក៏​បាន​ដំកើង​ឡើង​ដែរ។”

 

គ្រីស្ទបរិស័ទមានឯកសិទ្ធិពិសេសបំផុត។ យើងត្រូវបានត្រាស់ហៅដោយព្រះជាម្ចាស់ “មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់”។ ការនេះបង្ហាញប្រាប់យើងថាគោលដៅចុងក្រោយបង្អស់របស់អ្នកជឿគឺ ដើម្បីរស់នៅក្រោមការសោយរាជ្យរបស់ព្រះជាម្ចាស់ និងនៅក្នុងព្រះវត្តមានរបស់ទ្រង់ជារៀងរហូត។ 

ដើម្បីទទួលបានការត្រាស់ហៅ “មក​ក្នុង​នគររបស់​ទ្រង់” មានន័យថាយើងត្រូវបានត្រាស់ហៅឱ្យក្លាយជា រាស្ត្ររបស់ព្រះដែលមានព្រះជាមហាក្សត្រដែលសោយរាជ្យនៅក្នុងជីវិតរបស់យើង។ ការសោយរាជ្យរបស់ ព្រះជាម្ចាស់នេះចាប់ផ្តើមនៅពេលព្រះជាម្ចាស់ហៅយើងឱ្យចូលមករកទ្រង់ (៥:២៤) ឱ្យក្លាយជារាស្ត្ររបស់ទ្រង់ ហើយចូលមករួមប្រកបជាមួយព្រះយេស៊ូវ (១ កូរិនថូស ១:៩)។ ក្នុងនាមជារាស្ត្ររបស់ព្រះជាម្ចាស់ យើងត្រូវបានត្រាស់ហៅឱ្យចូលមកក្នុងភាពបរិសុទ្ធ (៤:៧; រ៉ូម ១:៧) និងទៅក្នុងសិរីរុងល្អ (២ ថែស្សាឡូនីច ២:១៤)។ 

 

ដើម្បីទទួលបានការត្រាស់ហៅឱ្យចូលទៅក្នុង “សិរីរុងល្អ” របស់ទ្រង់គឺដើម្បីស្គាល់ និងទទួលបានបទពិសោធន៍ដ៏ត្រចះត្រចង់របស់ទ្រង់ និងភាពថ្លៃថ្លាក្នុងនាមជាព្រះ។  សិរីល្អដ៏នៅអស់កល្បជានិច្ចគឺជាគោលដៅចុងក្រោយនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ (២ ពេត្រុស ១:៣; ១ ពេត្រុស ៥:១០) ដោយសារព្រះជាម្ចាស់នឹងនាំកូនប្រុសស្រីរបស់ទ្រង់ទៅកាន់សិរីល្អ។ សិរីល្អនេះគឺជាភាពឥតខ្ចោះបំផុតរបស់អ្នកជឿដែលនឹងកើតឡើងនៅពេលព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង (១ យ៉ូហាន ៣:២)។ យើងនឹងមានសិរីល្អនៅពេលយើងឆ្លុះបញ្ចាំងពីសិរីល្អរបស់ព្រះជាម្ចាស់ជារៀងរហូត។

វាគឺជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ឱ្យចូលមកក្នុងព្រះរាជរបស់ទ្រង់ និងសិរីល្អនេះ ហើយដែលបណ្តាល ឱ្យអ្នកជឿចង់មានភាពបរិសុទ្ធ សុចរិត និងអាកប្បកិរិយាដែលឥតសៅហ្មង។ នៅពេលយើងដឹងពី ការត្រាស់ហៅដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ការនេះជម្រុញទឹកចិត្តរបស់យើងឱ្យរស់នៅតាមរបៀបមួយ ដែលគាប់ព្រះហឫទ័យដល់ទ្រង់។ 

 

ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ​ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ

 

២:១៣ ពួកបេសកជនបានអរគុណដល់ព្រះជាម្ចាស់ជានិច្ចដែលអ្នកក្រុងថែស្សាឡូនីចនេះបានឆ្លើយតបនឹង ដំណឹងល្អ (១:២, ៥:៧)។ នៅពេលពួកគេនៅជាមួយគេ លោកប៉ុល និងលោកស៊ីឡាសបានផ្តល់ព្រះបន្ទូល ព្រះដល់ពួកគេ មិនមែនគ្រាន់តែជាគំនិតរបស់មនុស្សប៉ុណ្ណោះទេ (កាឡាទី ១:១១-១២)។ អ្នកក្រុងថែស្សាឡូនីចបានស្តាប់សម្លេងរបស់លោកប៉ុល និងលោកស៊ីឡាស ប៉ុន្តែពួកគេបានដឹងថា វាគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេបានស្តាប់ឮនោះ ហេតុដូច្នោះហើយបានជា ពួកគេទទួលយក។ ពាក្យជាភាសាក្រិចបកប្រែ “បាន​ទទួល” (ἐδέξασθε) មានន័យថា ‘ស្វាគមន៍’។ អ្នកក្រុងថែស្សាឡូនីចបានស្វាគមន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានទទួលយកវាដោយដួងចិត្ត ដែលល្អ (លូកា ៨:១៣)។ បន្ទាប់មកវាចាប់ផ្តើមធ្វើការប្រកប ដោយអំណាច ហើយបបង្កើតផលផ្លែល្អៗ នៅក្នុងជីវិតរបស់ពួកគេ (១.៥)។
 

តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បណ្តាល​មក​ក្នុងអ្នកជឿដោយរបៀបណា?

កិច្ចការដ៏អស្ចារ្យដំបូងបង្អស់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺបង្កើតជីវិតខាងវិញ្ញាណនៅក្នុងបុគ្គលម្នាក់នោះ។  នៅពេលប្រកាសដំណឹងល្អ វាកើតមកជាមួយនឹងអំណាច និងជាមួយព្រះវិញ្ញាណដ៏បរិសុទ្ធ ចូលទៅក្នុងដួងចិត្តរបស់មនុស្សម្នាក់នោះ ហើយបង្កើតនូវការដឹង​ច្បាស់ពីអំពើបាប ការប្រែចិត្ត និងជឿលើព្រះយេស៊ូវ (១:៥; រ៉ូម ១០:១៧; ១ ពេត្រុស ១:២២-២៥)។ នេះគឺជាការចាប់ផ្តើមជីវិតថ្មី របស់អ្នកជឿនៅក្នុងព្រះគ្រីស្ទ (យ៉ាកុប ១:១៨)។ ជីវិតថ្មីនេះគឺខាងវិញ្ញាណ និងភាពអស់កល្បជានិច្ច ដែលកំណត់លក្ខណៈដោយសេចក្តីជំនឿលើព្រះជាម្ចាស់ និងទំនាក់ទំនងជាមួយទ្រង់ (ហេព្រើរ ១១)។

កិច្ចការដ៏អស្ចារ្យទីពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺបង្កើតនូវចរិតលក្ខណៈនៃការប្រតិបត្តិតាម ព្រះជាម្ចាស់ (នោះគឺភាពបរិសុទ្ធ សុចរិត និងឥតសៅហ្មង) នៅក្នុងអ្នកជឿ។ ព្រះជាម្ចាស់បំផ្លាស់បំប្រែជីវិតរបស់ អ្នកជឿប្រកបដោយព្រះចេស្តារតាមរយៈព្រះបន្ទូលទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតគាត់។ ក្នុងនាមជាមនុស្សដែលបន្តទទួលយកព្រះបន្ទូលទ្រង់ ជានិច្ច វាក្លាយជាអំណាចយ៉ាងសកម្ម ដែលធ្វើការនៅក្នុងគាត់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធបង្រៀន កែតម្រូវ ស្តីបន្ទោស បណ្តុះបណ្តាលនៅក្នុងភាពសុចរិត បំពាក់បំប៉ន លើកទឹកចិត្ត ប្រៀន​ប្រដៅ​ ញែកជាបរិសុទ្ធ និងពង្រឹងគាត់ដើម្បីឱ្យព្រះហឬទ័យរបស់ព្រះជាម្ចាស់ បានសម្រេច នៅក្នុងជីវិតរបស់គាត់ (យ៉ូហាន ១៧:១៧; ២ ធីម៉ូថេ ៣:១៦-១៧; រ៉ូម ១៥:៤)។ 

 

ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ 

 

២:១៤ តើលទ្ធផល (ឬ “ផលផ្លែ”) អ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតឡើងនៅក្នុងជីវិតរបស់ អ្នកជឿទាំងនេះនៅក្រុងថែស្សាឡូនីច? ចម្លើយគឺថា ពួកគេត្រូវបានធ្វើឱ្យអាចឈរយ៉ាងរឹងមាំបាន នៅចំពោះ ការប្រឈមមុខជាមួយនឹងការបៀតបៀន ហើយពួកគេបានធ្វើកិច្ចការនេះដោយសេចក្តីអំណរ (១:៦-៧)។ 

 

តាមរយៈការសូទ្រាំដ៏ខ្ជាប់ខ្ជួនរបស់ពួកគេ ពួកគេបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំនៅស្រុកយូដា (ដែលយើងបានអាននៅក្នុងគម្ពីរកិច្ចការ) ដែលត្រូវបានបៀតបៀនដោយសារប្រជាជនរបស់ពួកគេផងដែរ។ 

 

ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះ‌អម្ចាស់​យេស៊ូវ នឹង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះ‌ហឫទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ គេ​ហាម​មិន​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ដល់​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ឡើយ គឺ​ដើម្បី​តែ​នឹង​បំពេញ​អំពើ​បាប​របស់​ខ្លួន​គេ​ជានិច្ច​ប៉ុណ្ណោះ តែ​សេចក្ដី​ក្រោធ​បាន​មក​លើ​គេ​ពេញ​ទី​ហើយ។

 

២:១៥ អ្នកដឹកនាំសាសនាយូដាបាននាំព្រះយេស៊ូវទៅកាន់លោកពីឡាត់ ហើយទាមទារឱ្យធ្វើគត់ទ្រង់ (លូកា ២៣:១-២៤, ២៣:៣៤-៣៨), ដូចជាឪពុករបស់ពួកគេបានសម្លាប់ពួកហោរ៉ា នៅក្នុងសញ្ញាចាស់ដែរ (កិច្ចការ ៧:៥១-៥២)។ បន្ទាប់មកពួកគេបានប្រឆាំងជាមួយនឹងពួកសាវ័ក (អ្នកតំណាងរបស់ព្រះយេស៊ូវ) ដែលបានប្រកាសដំណឹងល្អ។

 

២:១៦ ការសង្គ្រោះកើតឡើងដោយសារការប្រកាស និងការទទួលដំណឹងល្អ។ ដំណឹងល្អគឺ “ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះសម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំងសាសន៍​ យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង” (រ៉ូម ១:១៦-១៧)។ ហេតុដូច្នេះអស់អ្នកដែលទាស់ប្រឆាំងនឹង ការប្រកាសដំណឹងល្អគឺប្រឆាំងនឹងមនុស្សជាតិពីព្រោះដំណឹងល្អគឺជាអំណាចដើម្បីសង្គ្រោះមនុស្ស។ 

តាមរយៈការទាស់ប្រឆាំងនឹងពួកសាវ័កដែលបានប្រកាសដំណឹងល្អ មេដឹកនាំសាសនាយូដា “មិន​ជា​ទី​គាប់​ដល់​ព្រះហឫទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ” ពីព្រោះពួកគេបានព្យាយាមរារាំងមនុស្សពីការទទួលសេចក្តីសង្គ្រោះ។ លទ្ធផលចំពោះការនេះគឺ “សេចក្តីក្រោធ” គឺជាកំហឹងរបស់ព្រះជាម្ចាស់ទាស់នឹងអំពើទុច្ចរិត។ សេចក្តីក្រោធដែលពួកយូដាប្រឈម ជាមួយគឺជាការបំផ្លាញទីក្រុងយេរូសាឡឹម និងព្រះវិហារពីដោយសារពួករ៉ូមនៅក្នុងឆ្នាំ ៧០គ.ស។ 

 

បង​ប្អូន​អើយ ក្រោយ​ដែល​យើង​ខ្ញុំ​ត្រូវ​ឃ្លាត​មុខ​ពី​អ្នក​រាល់​គ្នា​បន្តិច តែ​មិន​មែន​ឃ្លាត​ចិត្ត​ឡើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​សង្វាត រឭក​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​វិញ​ជា​ខ្លាំង បាន​ជា​យើង​ខ្ញុំ​ចង់​មក​សួរ​អ្នក​រាល់​គ្នា គឺ​ប៉ុល​ខ្ញុំ​ចង់​មក​មួយ​ដង​ពីរ​ទៅ​ហើយ តែ​អារក្ស​សាតាំង​បាន​ឃាត់​យើង​ខ្ញុំ​វិញ

 

២:១៧-១៨ លោកប៉ុល លោកស៊ីឡាស និងលោកធីម៉ូថេស្រឡាញ់ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចណាស់ មិនមែនគ្រាន់តែពេលពួកគេនៅជាមួយគេប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់មកទៀតផងដែរ។ បើទោះបីជាពួកគេនៅ ឆ្ងាយពីគេក៏ដោយក៏អ្នកជឿទាំងនេះស្ថិតនៅក្នុងចិត្តរបស់ពួកគេដែរ។ មូលហេតុដែលលោកប៉ុល និងដៃគូរបស់គាត់មិនបានស្នាក់នៅរយៈពេលយូរជាមួយអ្នកក្រុងថែស្សាឡូនីច ឬត្រឡប់មកមើល ពួកគេវិញគឺមិនមែនដោយសារខ្វះចំណាប់អារម្មណ៍ ឬខ្វះការខ្វល់ខ្វាយនោះទេ។ ផ្ទុយទៅវិញពួកគេត្រូវ “ឃ្លាត” ដោយសារការបៀតបៀន ហើយបន្ទាប់មកដោយសារការរារាំងមិនឱ្យត្រឡប់មកវិញរបស់សាតាំង។

 

សាតាំងគឺជាសត្រូវដែលប្រឆាំងទាល់នឹងព្រះជាម្ចាស់ និងមនុស្ស (រ៉ូម ១៦:២០) ហើយព្យាយាមរារាំង ការរីកចម្រើនរបស់ដំណឹងល្អ (២ កូរិនថូស ២:១១; ៤:៤)។ តាមរបៀបមួយចំនួន វារារាំងលោកប៉ុលមិនឱ្យ ត្រឡប់មកកាន់ទីក្រុងថែស្សាឡូនីចវិញដោយសារវាគិតថាការធ្វើដូច្នេះនឹងអាចបញ្ឃប់ការផ្សាយដំណឹងល្អ បាន។ យ៉ាងណាមិញសាតាំងបានបរាជ៧យដោយសារអ្នកជឿនៅក្រុងថែស្សាឡូនីចបានឈរយ៉ាងមាំ  ទោះបីជាមានទុក្ខលំបាកដោយសារព្រះជាម្ចាស់បណ្តាលឱ្យសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់ពួកគេរីកចម្រើនឡើង។

លើសពីនេះទៀតការមិនមានលទ្ធភាពត្រឡប់មកកាន់ទីក្រុងថែស្សាឡូនីចវិញរបស់លោកប៉ុលតាមពិតទៅបាននាំមកនូវព្រះពរដល់ក្រុមជំនុំនៅទូទាំងពិភពលោក។ ដោយរបៀបណា? ពីព្រោះនៅពេល លោកប៉ុលមិនអាចមកសួរសុខទុក្ខអ្នកក្រុងថែស្សាឡូនីចបាន លោកបានសម្រេចចិត្តសរសេរសំបុត្រ នេះជំនួសវិញ។ សំបុត្រនេះបានប្រទានពរដល់គ្រីស្ទបរិស័ទរាប់លាននាក់អស់រយៈពេល ២០០០ឆ្នាំហើយ ហើយវានឹងមិនត្រូវបានសរសេរមកនោះទេប្រសិនបើសាតាំងមិនបានរារាំងលោកប៉ុលពីការត្រឡប់មកកាន់ក្រុងថែស្សាឡូនីចវិញ។ អ្វីដែលសាតាំងមានសម្រាប់គោលបំណងអាក្រក់នោះ ព្រះជាម្ចាស់មានបំណងល្អវិញ ហើយនៅទីបំផុតផែនការរបស់ព្រះជាម្ចាស់ទទួលបានជោគជ័យ។

 

ដ្បិត​តើ​សេចក្ដី​សង្ឃឹម សេចក្ដី​អំណរ នឹង​មកុដ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីក‌រាយ​ឡើង នោះ​ជា​អ្វី បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​រាល់​គ្នា​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​អំណរ​របស់​យើង​ខ្ញុំ​ពិត​មែន។

 

២:១៩-២០ លោកប៉ុលមានភាពរីករាយនៅពេលគាត់គិតអំពីការបង្ហាញក្រុមជំនុំនៅក្រុងថែស្សាឡូនីច ទៅព្រះយេស៊ូវនៅពេលទ្រង់យាងមកវិញជាលើកទីពីរ។ ពួកគេគឺជាភស្តុតាងដែលគាត់បានបំពេញតាម ការត្រាស់ហៅយ៉ាងស្មោះត្រង់ ដើម្បីក្លាយទៅជាសាវ័កដល់សាសន៍ដទៃ (ភីលីព ៤:១)។ ការបៀតបៀន ទាំងអស់ដែលលោកប៉ុលបានរងទុក្ខនៅទីក្រុងថែស្សាឡូនិចនឹងមានតម្លៃនៅថ្ងៃដែលពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីចទាំងអស់ដែលគាត់បានជួយឱ្យទទួលការសង្គ្រោះ ទទួលសិរីល្អនៅក្នុងព្រះវត្តមានរបស់ ព្រះជាម្ចាស់។ ហាលេលូយ៉ា!

bottom of page