
នៅក្នុង ៤:១-៥:២២ លោកប៉ុលសរសេរដើម្បី “ផ្តល់ឱ្យនូវអ្វីដែលខ្វះខាតនៅក្នុងជំនឿរបស់អ្នក” (៣:១០)។ ការណែនាំទាំងនេះគឺជាអ្វីដែលលោកចង់ប្រាប់ទៅដល់ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច ដោយផ្ទាល់ ប្រសិនបើលោកអាចទៅសួរសុខទុក្ខពួកគេបាន។
មួយសោតទៀត បងប្អូនអើយ យើងខ្ញុំអង្វរ ហើយទូន្មានដល់អ្នករាល់គ្នា ក្នុងព្រះអម្ចាស់យេស៊ូវថា ចូរដើរតាមដែលគួរគប្បី ដើម្បីឲ្យបានគាប់ដល់ព្រះហឫទ័យព្រះកាន់តែខ្លាំងឡើង ដូចជាបានទទួលបង្គាប់ពីយើងខ្ញុំរួចហើយ
៤:១ នៅពេលលោកប៉ុល និងលោកស៊ីឡាសនៅជាមួយអ្នកក្រុងថែស្សាឡូនីចពួកលោកបានបង្រៀន ដល់ពួកគេថា គោលដៅនៃជីវិតរបស់គ្រីស្ទាន: គឺមានរបៀបរស់នៅដែលគាប់ព្រះហឫទ័យដល់ ព្រះជាម្ចាស់។ ព្រះយេស៊ូវរស់នៅក្នុងជីវិតដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ (ម៉ាថាយ ៣:១៧; យ៉ូហាន ៨:២៩) ហើយទ្រង់បានបង្រៀនដល់អ្នកដើរតាមទ្រង់ពីរបៀបរស់នៅយ៉ាងដូច្នោះដើម្បីឱ្យគាប់ ព្រះហឫទ័យដល់ព្រះជាម្ចាស់ផងដែរ។ យើងធ្វើឱ្យព្រះគាប់ព្រះហឫទ័យតាមរយៈការស្តាប់បង្គាប់តាម ព្រះបន្ទូលទ្រង់ (ខ៣) ហើយតាមរយៈការទុកចិត្តលើទ្រង់ និងដើរដោយជំនឿជាមួយទ្រង់ (ហេព្រើរ ១១:៦)។ លោកប៉ុល បញ្ជាក់ថានេះគឺជា អ្វីដែលអ្នកជឿនៅក្រុងថែស្សាឡូនីចកំពុងតែធ្វើរួចហើយ ហើយលោកសួរ ជម្រុញ លើកទឹកចិត្ត និងបបួលពួកគេអនុវត្តវាឱ្យបានកាន់តែច្រើនឡើងៗ។
ដ្បិតអ្នករាល់គ្នាស្គាល់សេចក្ដីបញ្ញត្តដែលយើងខ្ញុំបានប្រគល់មកអ្នករាល់គ្នា ដោយនូវព្រះអម្ចាស់យេស៊ូវហើយ
៤:២ “សេចក្តីបញ្ញត្ត” (παραγγελίας) គឺជាការបង្គាប់ថាត្រូវតែគោរពតាម។ ពាក្យជាភាសាក្រិច នេះត្រូវបានប្រើប្រាស់សម្រាប់ការបញ្ជាទ័ពដែលត្រូវបញ្ជូនទៅកាន់ជួរកងទ័ពដ៏វែងមួយ។ គំនិតគឺថាព្រះយេស៊ូវបានបង្គាប់ទៅពួកសាវ័ក ហើយឥឡូវនេះព័ន្ធកិច្ចរបស់ពួកសាវ័កគឺត្រូវបញ្ជូន សេចក្តីបង្គាប់របស់ព្រះយេស៊ូវទៅកាន់ក្រុមជំនុំរបស់ទ្រង់។ ហេតុដូច្នេះហើយបានជានៅពេលយើង ស្តាប់តាមសេចក្តីបញ្ញត្តនៅក្នុងសំបុត្ររបស់លោកប៉ុល យើងគឺមិនគ្រាន់តែស្តាប់តាមសេចក្តីបង្រៀន របស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែគឺជាសេចក្តីបញ្ញត្តរបស់ព្រះអម្ចាស់យេស៊ូវវិញ។
ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ
៤:៣ នៅក្នុង ៣:១៨ លោកប៉ុលបានអធិស្ឋានសម្រាប់ភាពបរិសុទ្ធ និងភាពឥតសៅហ្មង។ ឥឡូវនេះ លោកលើកទឹកចិត្ត និងបង្រៀនពួកគេពីអ្វីដែលលោកបានអធិស្ឋានឱ្យពួកគេ។ ការនេះបង្ហាញយើងពី របៀបដែលការអធិស្ឋានទៅកាន់ព្រះជាម្ចាស់សម្រាប់ក្រុមជំនុំ និងបង្រៀនពីបំណងព្រះហឫទ័យរបស់ ព្រះជាម្ចាស់ទៅកាន់ក្រុមជំនុំ ធ្វើការជាមួយគ្នាដើម្បីសម្រេចគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។
ព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្ររបស់ទ្រង់គឺមិនមែនភោគទ្រព្យ ឬឥទ្ធិពល ឬជោគជ័យ នៅក្នុងពិភពលោកនេះទេ។ ផ្ទុយទៅវិញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្ត្ររបស់ ទ្រង់គឺភាពបរិសុទ្ធ។ ព្រះជាម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ីស្រាអែលថា “ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញនេះដែលជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា អញបរិសុទ្ធ” (លេវីវិន័យ ១៩:១)។ ការនេះបង្ហាញ ប្រាប់យើងថាព្រះជាម្ចាស់ចង់ឱ្យប្រជារាស្ត្ររបស់ទ្រង់ ឆ្លុះបញ្ចាំងពីលក្ខណៈរបស់ទ្រង់។ លក្ខណៈរបស់ ទ្រង់កំណត់ពីស្តង់ដារស្របតាមការដែលប្រជារាស្ត្ររបស់ទ្រង់ត្រូវរស់នៅ។
នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះវិញ្ញាណរបស់ព្រះធ្វើការជាមួយគ្នាដើម្បីប្រទានជីវិតថ្មី ដល់មនុស្សម្នាក់នេះ ជំហានបន្ទាប់នៃកិច្ចការរបស់ពួកគេគឺការរាប់ជាបរិសុទ្ធរបស់មនុស្សម្នាក់នោះ។ ការរាប់ជាបរិសុទ្ធគឺជាដំណើរការនៃការញែកចេញពីអំពើបាបទៅព្រះជាម្ចាស់។ ពាក្យ “បរិសុទ្ធ” មានន័យថា “ញែកចេញ” ហើយបង្រៀនយើងថាប្រជារាស្ត្ររបស់ព្រះជាម្ចាស់គឺខុសពីមនុស្សដទៃទៀត ដោយសារយើងរស់នៅស្របតាមលក្ខណៈរបស់ព្រះជាម្ចាស់ មិនមែនស្របតាមតម្លៃរបស់សង្គម ឬវប្បធម៌នោះទេ (និក្ខមនំ ១៩:៥–៦; លេវីវិន័យ ២០:២៣–២៦; ចោទិយកថា ២៦:១៨–១៩)។ សូមចំណាំថានៅក្នុងខ ៣-៥ លោកប៉ុលកំពុងសំដៅលើការញែកចេញពីភាពមិនបរិសុទ្ធ ខាងផ្លូវភេទ ប៉ុន្តែការរាប់ជាបរិសុទ្ធគឺចាំបាច់នៅគ្រប់ ផ្នែកទាំងអស់នៅក្នុងជីវិតរបស់យើង។
ត្រូវឲ្យអ្នករាល់គ្នានិមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រសើរ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
៤:៤-៥ ការចេះទប់ចិត្តគឺជាផលផ្លែខាងវិញ្ញាណ (កាឡាទី ៥:២២-២៣)។ អ្នកជឿរីកចម្រើន ដោយសារ ការចេះទប់ចិត្តតាមរយៈការចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ។ ខណៈពេលដែលយើងរស់នៅដោយវិញ្ញាណ យើងអាចយកឈ្នះបំណងចិត្តមិនត្រឹមត្រូវដែលល្បួងយើងឱ្យប្រព្រឹត្តិអំពើអសីលធម៌ខាងផ្លូវភេទ។ បុត្រាបុត្រីរបស់ព្រះជាម្ចាស់មិនត្រូវធ្វើតាមអំពើអសីលធម៌តាមអ្នកមិនស្គាល់ព្រះជាម្ចាស់នោះឡើយ ហេតុនេះបានជាគេមិនដេញតាមភាពបរិសុទ្ធ។ ព្រះជាម្ចាស់បានប្រទានឱ្យយើងនូវអំណាចដើម្បីទទួលបានជ័យជំនះលើអំពើបាបដោយព្រះវិញ្ញាណរបស់ទ្រង់ ហើយឥឡូវនេះយើងមានទំនួលខុសត្រូវក្នុងការ រស់នៅដោយវិញ្ញាណ។
កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។
៤:៦-៨ លោកប៉ុលផ្តល់មូលហេតុចំនួនបីដែលអ្នកជឿត្រូវតែរស់នៅក្នុងជីវិតដែលបរិសុទ្ធ ជាពិសេសចំពោះ ការប្រព្រឹត្តិខាងផ្លូវភេទរបស់ពួកគេ។ ដោយកត់សម្គាល់ឃើញថាមូលហេតុនីមួយៗទាក់ទងទៅនឹង ពេលវេលាខុសៗគ្នា (អនាគត អតីតកាល និងចប្ចុប្បន្ន) និងង្គបុគ្គលទ្រង់ផ្សេងគ្នារបស់ព្រះត្រៃឯក (ព្រះយេស៊ូវ ព្រះបិតា ព្រះវិញ្ញាណបរិសុទ្ធ)។
(១) ព្រះអម្ចាស់យេស៊ូវនឹងវិន្និច្ឆ័យអំពើបាបនៅថ្ងៃជំនុំជម្រះ។ ហេតុផលមួយដែលគ្រីស្ទបរិស័ទត្រូវតែ មានភាពស្អាតស្អំខាងផ្លូវភេទគឺដោយសារយើងដឹងថាព្រះយេស៊ូវនឹងវិន្និច្ឆ័យអំពើបាប ហើយធានាថានឹង មានភាពយុត្តិធម៌នៅថ្ងៃជំនុំជម្រះ។ ព្រះយេស៊ូវបានបង្រៀនដល់សាវ័ករបស់ទ្រង់ថាអំពើអសីលធម៌ខាង ផ្លូវភេទមានផលវិបាកអស់កល្បជានិច្ច ហេតុដូច្នេះយើងត្រូវតែធ្វើសកម្មភាព ខ្លាំងក្លាដើម្បីជៀសវាងចេញពី ការប្រព្រឹត្តិអំពើបាបតាមរបៀបនេះ (ម៉ាថាយ ៥:២៧-៣០)។
(២) ព្រះវរបិតាដ៏ជាព្រះបានត្រាស់ហៅយើងឱ្យរស់នៅក្នុងជីវិតដែលបរិសុទ្ធ។ ហេតុផលទីពីរដែលគ្រីស្ទបរិស័ទត្រូវមានភាពស្អាតស្អំខាងផ្លូវភេទគឺដោយសារការត្រាស់ហៅរបស់យើង។ ការត្រាស់ហៅរបស់ព្រះជាម្ចាស់គឺជាការត្រាស់ហៅដែលបរិសុទ្ធ (៤:៣; រ៉ូម ១:៧, ១ កូរិនថូស ១:២) នោះគឺជាការត្រាស់ហៅឲ្យធ្វើជារាស្ត្ររបស់ទ្រង់ដែលត្រូវបានព្រះជាម្ចាស់ញែកចេញ និងសម្រាប់ ព្រះជាម្ចាស់។ ហេតុនេះភាពមិនស្អាតស្អំគឺមិនស៊ីគ្នាជាមួយនឹងយើងដែលជារាស្ត្ររបស់ព្រះជាម្ចាស់ នៅក្នុងព្រះយេស៊ូវគ្រីស្ទឡើយ។ ឥឡូវនេះ ភាពបរិសុទ្ធគឺជាគោលដៅនៃជីវិតរបស់យើង។
លើសពីនោះទៀតដោយសារព្រះជាម្ចាស់បានត្រាស់ហៅយើងដោយរាប់ជាបរិសុទ្ធ មនុស្សដែលគិតថា អំពើបាបខាងផ្លូវភេទមិនសំខាន់គឺមិនគោរពដល់ព្រះជាម្ចាស់នោះទេ។ ការត្រាស់ហៅរបស់ព្រះជាម្ចាស់គឺ លើសពីបញ្ញតិ វាគឺជាអំណាចរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងជីវិតរបស់អ្នកជឿ។ ពេលបង្កើតពិភពលោក មកព្រះជាម្ចាស់មានបន្ទូលថា “ចូរឲ្យមានពន្លឺឡើង” ហើយរំពេចនោះស្រាប់តែមានពន្លឺឡើង! នៅពេលឡាសាស្លាប់ និងនៅក្នុងផ្នូរ ព្រះយេស៊ូវបានហៅគាត់ថា “ឡាសារអើយ ចូរចេញមក” ហើយគាត់បានចេញមក! ជាមួយការហៅនាំឱ្យព្រះចេស្តាចេញមកធ្វើអ្វីៗដែលព្រះយេស៊ូវបានបង្គាប់ ឱ្យគាត់ធ្វើ។ ដូចគ្នានេះដែរ ពេលព្រះជាម្ចាស់ត្រាស់ហៅអ្នកឱ្យចូលមកក្នុងភាពបរិសុទ្ធ ព្រះចេស្តារបស់ទ្រង់ នឹងធ្វើការនៅក្នុងអ្នកដើម្បីសម្រេចបំណងព្រះហឫទ័យទ្រង់ (រ៉ូម ៨:២៨-៣០)។ បទគម្ពីរប្រាប់យើងថា ព្រះជាម្ចាស់បានត្រាស់ហៅយើងចេញពីភាពងងឹតមកកាន់ពន្លឺ (១ ពេត្រុស ២:៩) ពីសេចក្តីស្លាប់ មកកាន់ជីវិត (អេភេសូ ២:៦) ពីភាពមិនស្អាតស្អំមកកាន់ភាពបរិសុទ្ធ (៤:៧) និងទៅកាន់ព្រះរាជ្យ និងសិរីល្អរបស់ទ្រង់ (២:១២)។ ដូច្នេះ “ការត្រាស់ហៅ” មានព្រះចេស្តា សកម្មភាព និងការសន្យារបស់ព្រះជាម្ចាស់។
(៣) ព្រះវិញ្ញាណបរិសុទ្ធបានប្រទានមកឱ្យយើងដើម្បីធ្វើឱ្យយើងអាចរស់នៅក្នុងជីវិតបរិសុទ្ធបាន។ របៀបដែលព្រះបិតាដ៏ជាព្រះប្រទានព្រះចេស្តាដែលយើងអាចក្លាយជាបរិសុទ្ធបានគឺតាមរយៈការប្រទានព្រះវិញ្ញាណដ៏បរិសុទ្ធរបស់ទ្រង់មកឱ្យយើង។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គឺជាអំណោយទានដល់អស់អ្នក ដែលជឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទសម្រាប់ការសង្គ្រោះ (កិច្ចការ ២:៣៨; រ៉ូម ៨:៩; ១ កូរិនថូស ៣:១៦, ១២:១៣; ២ កូរិនថូស ៦:១៦)។ ព្រះវិញ្ញាណដែលយើងបានទទួលគឺជាព្រះវិញ្ញាណដ៏បរិសុទ្ធ ហើយនៅពេលទ្រង់គង់នៅក្នុងយើង ព្រះវត្តមានរបស់ទ្រង់បង្កើតផលផ្លែខាងវិញ្ញាណដែលមានលក្ខណៈ ដ៏សុចរិតដូចជាព្រះគ្រីស្ទ និងរួមទាំងការចេះទប់ចិត្តនេះផងដែរ។
រីឯសេចក្ដីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយ អ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន នៅគ្រប់ក្នុងស្រុកម៉ាសេដូនដែរ តែបងប្អូនអើយ យើងខ្ញុំសូមទូន្មាន ឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ
៤:៩-១០ នៅក្នុងចក្រភពរ៉ូម “សេចក្តីស្រឡាញ់ជាបងជាប្អូន” (φιλαδελφίας) មានន័យថា សេចក្តីស្រឡាញ់រវាងកូនៗរបស់ឪពុកតែមួយ។ សម្រាប់គ្រីស្ទបរិស័ទវាមានន័យថាសេចក្តីស្រឡាញ់ ដែលរួបរួមយើងជាមួយ គ្នាក្នុងនាមជាបងប្អូនប្រុសស្រីខាងវិញ្ញាណនៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់ ដែលជាព្រះវរបិតានៃយើង។ តាមរយៈព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ទ្រង់ ព្រះវរបិតាដ៏ជាព្រះ បង្រៀនអ្នកជឿឱ្យស្រឡាញ់ គ្នាទៅវិញទៅមក (ម៉ាកុស ១២:២៨-៣១; រ៉ូម ៥:៥)។ គ្រីស្ទបរិស័ទនៅ ទីក្រុងថែស្សាឡូនីចចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយ ឥឡូវនេះលោកប៉ុលចង់ឱ្យពួកគេធ្វើការនេះ កាន់តែច្រើនឡើងថែមទៀត។
ហើយខំប្រឹងឲ្យអស់ពីចិត្ត នឹងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ឥតត្រូវការអ្វីឡើយ។
៤:១១ ក្រៅពីចេះស្រឡាញ់គ្នាទៅវិញទៅមកនេះ ក្រុមជំនុំត្រូវតែ “នៅដោយស្រគត់ស្រគំទាំងប្រព្រឹត្តតែ រឿងជារបស់ផងខ្លួន”។ នេះមានន័យថាមិនត្រូវបង្ករបញ្ហា និងជម្លោះក្នុងចំណោមមនុស្សនៅក្នុងជីវិត របស់អ្នកឡើយ។ ពួកគេក៏ត្រូវធ្វើការដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងមិនត្រូវពឹងផ្អែកលើអ្នកដទៃដែរ។ នេះគឺជាអ្វីដែលលោកប៉ុល និងលោកស៊ីឡាសបានបង្ហាញទៅកាន់ ពួកគេតាមរយៈការធ្វើការទាំងថ្ងៃទាំង យប់ដើម្បីផ្គត់ផ្គង់ខ្លួនឯងជាជាងសុំប្រាក់ពីក្រុមជំនុំ (២:៩)។
៤:១២ មនុស្សមួយចំនួននៅក្នុងក្រុមជំនុំក្រុងថែស្សាឡូនីចទំនេរ ហើយមិនធ្វើការអ្វីសោះ។ ផ្ទុយទៅវិញពួកគេបានកេងប្រវ័ញ្ចភាពសប្បុរសរបស់សមាជិកក្រុមជំនុំ (ដែលបានផ្តល់អាហារ និងប្រាក់ដល់ពួកគេ) ហើយបានក្លាយជាបន្ទុករបស់ពួកគេ។
លោកប៉ុលបានផ្តល់នូវហេតុផលចំនួនពីរថាហេតុអ្វីបានជាគ្រីស្ទបរិស័ទត្រូវចេះរកប្រាក់សម្រាប់ការរស់នៅផ្ទាល់ខ្លួន។ ហេតុផលមួយគឺត្រូវ “ប្រព្រឹត្តដោយគួរគប្បីដល់មនុស្សខាងក្រៅ”។ អស់អ្នកដែលកេងប្រវ័ញ្ចភាពសប្បុរសពីអ្នកដទៃមិនគ្រាន់តែជាបន្ទុកប៉ុណ្ណោះទេ ពួកគេក៏ធ្វើឱ្យគ្រីស្ទបរិស័ទមានកេរ្តិ៍ឈ្មោះមិនល្អដែរក្នុងចំណោមអ្នកមិនជឿថាជាមនុស្សកម្ជិល និងអាត្នានិយម។ ហេតុផលទីពីរគឺថាពួកគេនឹងនិងមិនត្រូវពឹងផ្អែកលើអ្នកដទៃឡើយ។ ខណៈពេលដែលអ្នកជឿត្រូវ តែចេះត្រៀមខ្លួនជានិច្ចក្នុងការជួយដល់អ្នកដទៃ (កាឡាទី ៦:២; កិច្ចការ ២០:៣៥), យើងត្រូវតែទទួលបន្ទុលផ្ទាល់ខ្លួនរបស់យើងផងដែរ (កាឡាទី ៦:៥)។
ដូច្នេះសរុបសេចក្តីមកលោកប៉ុលណែនាំដល់ក្រុមជំនុំថាពួកគេត្រូវតែខិតខំធ្វើការដើម្បីចិញ្ចឹមខ្លួនឯងដើម្បីឱ្យរបៀបរស់នៅរបស់ពួកគេទទួលបានការគោរពពីមនុស្សខាងក្រៅ។ វាត្រូវតែជាគោលដៅរបស់យើងក្នុង នាមជាគ្រីស្ទបរិស័ទផងដែរ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម
៤:១៣ បន្ទាប់មកទៀត លោកប៉ុលបង្រៀនពីអ្វីដែលនឹងកើតឡើងចំពោះអ្នកជឿនៅពេលព្រះយេស៊ូវ យាងត្រឡប់មកវិញជាលើកទីពីរ។ មូលហេតុដែលលោកប៉ុលធ្វើបែបនេះ ប្រហែលមកពីអ្វីដែលលោកធីម៉ូថេបានប្រាប់គាត់អំពីស្ថានភាពនៅទីក្រុងថែស្សាឡូនីច។
ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចបានដឹងថាព្រះយេស៊ូវនឹងយាងមក កាន់ផែនដីវិញនៅថ្ងៃមួយ ហើយនោះវានឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលគ្រប់គ្នានៅក្នុងពិភពលោក នឹងមើលឃើញ។ សំណួរដែលពួកគេមានគឺថា “តើនឹងមានអ្វីកើតឡើងចំពោះគ្រីស្ទបរិស័ទ ដែលបានស្លាប់មុនពេលទ្រង់យាងមក? តើពួកគេនឹងខកខានចំពោះការយាងមករបស់ទ្រង់ដែរឬទេ?” ដូច្នេះលោកប៉ុលបង្រៀនពួកគេអំពីគ្រីស្ទបរិស័ទដែលបានស្លាប់ទៅមុនសព្វថ្ងៃនេះ។
“ពួកអ្នកដែលដេកលក់ទៅហើយ” គឺជាអ្នកជឿដែលបានស្លាប់ (យ៉ូហាន ១១:១១-១៤)។ នៅពេលអ្នកជឿ ស្លាប់ រាងកាយរបស់គាត់ដេកលក់នៅក្នុងដី ប៉ុន្តែវិញ្ញាណរបស់គាត់ទៅនៅជាមួយព្រះជាម្ចាស់ (២ កូរិនថូស ៥:៨)។ ពេលគ្រីស្ទបរិស័ទស្លាប់ទៅវាគ្រាន់តែដូចជាការដេកលក់តែប៉ុណ្ណោះដោយសារព្រះយេស៊ូវ អាចដាស់ពួកគេឱ្យភ្ញាក់ឡើងបាន។ ហេតុនេះបានជាគ្រីស្ទបរិស័ទមិនមានទុក្ខព្រួយអស់សង្ឃឹម អំពីអស់អ្នកដែលបានស្លាប់ទៅនោះឡើយ។ យើងប្រហែលជាសោកសៅ និងយំដូចជាអ្វីដែលព្រះយេស៊ូវ បានធ្វើនៅឯផ្នូររបស់ឡាសាដែរ (យ៉ូហាន ១១:៣៥-៤៤) ប៉ុន្តែយើងក៏ដឹងដែរថាព្រះយេស៊ូវអាចប្រោស ពួកគេឱ្យមានជីវិតវិញបានយ៉ាងងាយដូចជាការដាស់មនុស្សពីការគេងលក់ដូច្នោះដែរ។ ដោយសាររឿងនេះទុក្ខសោករបស់យើងប្រៀបដូចជាភាពសោកសៅនៅពេលមិត្តភក្តិធ្វើដំណើរចេញទៅឆ្ងាយ។ យើងដឹងថាយើងនឹងជួបគ្នាម្តងទៀត ប៉ុន្តែយូរនោះ។ នេះមានន័យថាយើងមានសេចក្តីសង្ឃឹមដ៏អស្ចារ្យ ដែលនឹងត្រូវមកដល់។
ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ
៤:១៤ នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញជាលើកទីពីរទ្រង់នឹងនាំគ្រីស្ទបរិស័ទទាំងអស់ ដែលបានស្លាប់មកជាមួយទ្រង់ដែរ។ តើរឿងនេះកើតឡើងយ៉ាងដូចម្តេចទៅ? ចម្លើយគឺការមាន ព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់នឹងប្រោសអ្នកជឿឱ្យរស់ឡើងវិញ (រ៉ូម ៨:១១; ១ កូរិនថូស ៦:១៤, ១៥:១២-២៣; ២ កូរិនថូស ៤:១៤; កូឡូស ១:១៨) ដូច្នេះពួកគេនឹងមានជីវិត ហើយចូលរួមនៅក្នុងសិរីល្អ នៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ។ ការស្លាប់របស់ពួកគេមិនមានន័យថាពួកគេនឹងខកខាន មិនបានឃើញការយាងត្រឡប់មកវិញជាលើកទីពីរឡើយដោយសារព្រះយេស៊ូវនឹងនាំពួកគេមកជាមួយទ្រង់ដែរ។
មូលដ្ឋានគ្រឹះនៃសេចក្តីសង្ឃឹមនៅក្នុងជីវិតរបស់អ្នកជឿបន្ទាប់ពីការស្លាប់គឺការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ដូចដែលយើងជឿថាព្រះេយស៊ូវបានសុគត ហើយរស់ឡើងវិញដែរ ដូច្នេះយើងក៏ជឿដែរថា អស់អ្នកដែលបានដេកលក់នៅក្នុងព្រះយេស៊ូវនឹងត្រូវបានប្រោសឱ្យរស់វិញ ហើយចូលរួមនៅក្នុងការយាង ត្រឡប់មកវិញជាលើកទីពីរបស់ទ្រង់ដែរ។ “ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុង លោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ” (១ កូរិនថូស ១៥:២២)។ ការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាការសន្យា និងការធានាពីការរស់ឡើងវិញរបស់យើង។ យើងនឹងមានជីវិតរស់ដោយសារព្រះយេស៊ូវមានព្រះជន្មរស់ ហើយការរួមគ្នារបស់យើងជាមួយទ្រង់ គឺខ្លាំងជាងសេចក្តីស្លាប់ទៅទៀត។
ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះអម្ចាស់យាងមក នោះយើងមិនទៅមុនពួកអ្នក ដែលបានដេកលក់ទៅហើយនោះទេ
៤:១៥ “ព្រះអម្ចាស់យាងមក” ពាក្យជាភាសាក្រិច (παρουσίαν) ដែលត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នា ពីការយាងចូលក្រុងរបស់ព្រះមហាក្សត្រជាមួយនឹងក្បួនអធិកអធមដ៏អស្ចារ្យ និងការអបអរសាទរ។ ការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះយេស៊ូវនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យខណៈពេលដែលព្រះមហាក្សត្រនៃស្ថានសួគ៌ និងផែនដីយាងមកសោយរាជ្យ (២:១៩; ៣:១៣)។
លោកប៉ុលបញ្ជាក់យ៉ាងច្បាស់ថាគ្រីស្ទបរិស័ទដែលមានជីវិតនៅថ្ងៃនោះនឹងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ។ លោកពន្យល់ពីការនេះនៅក្នុងខ ១៦-១៧។
ឱស្ឋ ទាំងមានឮសំឡេងមហាទេវតា នឹងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញ ជាមុនបង្អស់
៤:១៦ ចុងបញ្ចប់នៃយុគសម័យនឹងកើតឡើងនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ការយាងត្រឡប់មកវិញរបស់ទ្រង់នឹងក្លាយជាព្រឹត្តិការណ៍មួយដែលមានមនុស្សទាំងអស់ជាសាក្សី។ វានឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
នៅពេលដែលព្រះយេស៊ូវយាង ត្រឡប់មកវិញនឹងមាន “ស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសម្លេងមហាទេវតា និងត្រែរបស់ព្រះផង”។ ពាក្យជាភាសាក្រិចបុរាណសម្រាប់ពាក្យ “ស្រែក” (κελεύσματι) គឺជាពាក្យដែលបានប្រើសម្រាប់បង្គាប់ ដែលកាពីទែនកប៉ាល់ប្រកាសទៅកាន់អ្នកចែវ របស់គាត់ ឬមេទាហានបង្គាប់ទៅកាន់កូនទាហានរបស់គាត់។ វាបង្ហាញពីសិទ្ធិអំណាច និងភាពបន្ទាន់។ នៅក្នុងគម្ពីរសញ្ញាចាស់ សម្លេងត្រែបន្លឺឡើងនៅពេលមាន ការជួបជុំរាស្ត្ររបស់ព្រះជាម្ចាស់ (លេវីវិន័យ ២៣:២៤; ជនគណនា ១០:២)។
លោកប៉ុលលួងលោមអ្នកអានរបស់លោកតាមរយៈការសង្កត់ធ្ងន់ថា បងប្អូនក្នុងព្រះគ្រីស្ទរបស់ពួកគេ ដែលស្លាប់នឹងរស់ឡើងវិញជាមុន ពីមុនអ្នកជឿដែលនៅមានជីវិត ហេតុនេះពួកគេនឹងមិនខកខានចំពោះ ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនោះទេ។
រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ
៤:១៧ បន្ទាប់ពីអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រីស្ទត្រូវបានប្រោសពីសេចក្តីស្លាប់ឡើងវិញ អ្នកជឿដែលមានជីវិតនៅលើផែនដីនឹងត្រូវ “លើកឡើង” (ἁρπαγησόμεθα) ទៅក្នុងពពកជាមួយគ្នាទាំងអស់។ ពាក្យជាភាសាក្រិចមានន័យថាកញ្ឆក់អ្វីម្យ៉ាងដោយកម្លាំង និងភ្លាមៗ។ វាពិពណ៌នាពីព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះយេស៊ូវខណៈដែលទ្រង់ប្រមូលផ្តុំរាស្ត្រទាំងអស់របស់ទ្រង់។ នឹងមានការរួមប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់យើងទាំងអស់នៅក្នុងព្រះគ្រីស្ទ ហើយយើងនឹងជួបជុំនឹងព្រះយេស៊ូវនៅលើអាកាសជាមួយគ្នា។
ពាក្យជាភាសាក្រិចបកប្រែ “ជួបជុំ” (ἀπάντησιν) សំដៅលើទំនៀមទម្លាប់នៃការចាត់មនុស្សមួយក្រុម ឱ្យចេញទៅស្វាគមន៍ភ្ញៀវសំខាន់ម្នាក់ដែលធ្វើដំណើរមកកាន់ទីក្រុង។ ក្រុមនេះនឹងជួបជាមួយភ្ញៀវនៅពេល គាត់មកដល់ខាងក្រៅក្រុងដើម្បីនាំគាត់ចូលមកក្នុងទីក្រុងដែលជាដំណាក់កាលចុងក្រោយនៃដំណើររបស់គាត់។ នេះគឺជារបៀបនៃការបង្ហាញការគោរពទៅកាន់ភ្ញៀវ។ ដូច្នេះពាក្យនេះមានន័យថាទៅកាន់ពួកគេ ដើម្បីនាំពួកគេមកជាមួយអ្នក។ នេះគឺជារបៀបដែលពាក្យត្រូវបានប្រើប្រាស់នៅក្នុងអត្ថបទចំនួនពីរផ្សេង ទៀតនៅក្នុងគម្ពីរសញ្ញាថ្មី (ម៉ាថាយ ២៥:៦; កិច្ចការ ២៨:១៥)។ ហេតុដូច្នេះហើយបន្ទាប់ពីយើងត្រូវបាន “លើកឡើង” ទៅជួបជុំព្រះគ្រីស្ទនៅលើអាកាស បន្ទាប់មកយើងនឹងត្រឡប់មកកាន់ផែនដីវិញជាមួយទ្រង់ ដែលព្រះអង្គនឹងសង់ព្រះរាជ្យទ្រង់ឡើង។ បន្ទាប់មក “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ” ដែលទ្រង់សោយរាជ្យជារៀងរហូត។
ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ។
៤:១៨ សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទគឺជាការរំពឹងទុកដ៏រីករាយ និងមានទំនុកចិត្តពីជីវិតដ៏អស់កល្ប ជានិច្ចតាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះមហាក្សត្រយាងត្រឡប់មកវិញ ហើយព្រះអង្គនឹងនាំយក អ្នកជឿទាំងអស់ដែលបានស្លាប់ និងអ្នកជឿដែលមានជីវិតមករួមប្រកបជាមួយគ្នានៅក្នុងព្រះរាជ្យរបស់ទ្រង់ ជារៀងរហូត។
ការសន្យាពីការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ និងការរួមប្រកបដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវ និងរាស្ត្ររបស់ទ្រង់គឺជាប្រភពដ៏អស្ចារ្យនៃការលើកទឹកចិត្តសម្រាប់គ្រីស្ទបរិស័ទ។ មិនថាយើងនៅរស់ ឬស្លាប់នោះទេនៅពេលទ្រង់យាងមក យើងដឹងថាយើងនឹងទៅជួបជុំជាមួយទ្រង់នៅលើអាកាស ហើយក្លាយជាផ្នែកមួយនៃរាជ្យរបស់ទ្រង់នៅលើផែនដីជារៀងរហូត។ ហេតុដូច្នេះដូច អ្វីដែលលោកប៉ុលបានលើកឡើង យើងត្រូវ “កំសាន្តចិត្តគ្នាទៅវិញទៅមកដោយដំណើរនេះចុះ”។


