
ដូច្នេះ កាលទ្រាំមិនបានទៀត នោះយើងខ្ញុំបានគិតថា គួរឲ្យយើងខ្ញុំនៅក្រុងអាថែនតែម្នាក់ឯងចុះ ដើម្បីនឹងចាត់ធីម៉ូថេ ជាបងប្អូន គឺជាអ្នកបំរើនៃព្រះ ដែលបានធ្វើការជាមួយនឹងយើងខ្ញុំ ក្នុងដំណឹងល្អនៃព្រះគ្រីស្ទ ឲ្យគាត់បានតាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចំរើនខាងឯសេចក្ដីជំនឿផង ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយ ដោយសេចក្ដីទុក្ខលំបាកទាំងនេះ (ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងចៀសពីសេចក្ដីយ៉ាងនេះមិនរួចទេ
៣:១-២ នៅក្នុងជំពូកមុន លោកប៉ុលបានពន្យល់ប្រាប់ថាលោក និងលោកស៊ីឡាសចង់នៅជាមួយ ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច (ដែលសុទ្ធតែជាអ្នកជឿថ្មីៗ) ខណៈពួកគេប្រឈមនឹងការបៀតបៀនចំពោះ សេចក្តីជំនឿរបស់ពួកគេ (២:១៧-១៨)។ ប៉ុន្តែលោកប៉ុលស្ថិតនៅទីក្រុងអាថែន (កិច្ចការ ១៧:១៥-៣៤) ហើយមិនអាចធ្វើដំណើរទៅកាន់ទីក្រុងថែស្សាឡូនីចបាន។ ដូច្នេះលោកបានចាត់ឱ្យលោកធីម៉ូថេ ទៅពួកគេ ជំនួសវិញ។
លោកធីម៉ូថេគឺជាសមាជិកដែលក្មេងជាងគេបង្អស់នៅក្នុងក្រុមបេសកជន។ ដោយសារឋានៈរបស់គាត់ មិនស្មើនឹងឋានៈរបស់លោកប៉ុល និងលោកស៊ីឡាស ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចអាចមានសំណួរ ថាតើហេតុអ្វីបានជាលោកប៉ុលចាត់ឱ្យគាត់មកជាជាងការមកដោយខ្លួនឯង។ ដូច្នេះ លោកប៉ុលបានប្រាប់ថា គាត់បានព្យាយាមមករកជួបពួកគេជាច្រើនលើកមកហើយ ប៉ុន្តែត្រូវបានបង្អាក់ (២:១៨)។ បន្ទាប់មក លោកពណ៌នាពីលោកធីម៉ូថេថា “ជាបងប្អូន និងជាអ្នករួមការងារជាមួយព្រះ ក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ” (គកស១៦)។ ការនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាព្រះជាម្ចាស់កំពុងតែធ្វើការជាមួយ លោកធីម៉ូថេ ហេតុដូច្នេះហើយអ្នកក្រុងថែស្សាឡូនីចមិនគួរមិនឱ្យតម្លៃគាត់ឡើយ។ អស់អ្នកដែលធ្វើការងារសម្រាប់ ព្រះរាជរបស់ព្រះជាម្ចាស់ក៏ជាអ្នករួមការងារជាមួយព្រះដែរ!
គោលបំណងរបស់លោកប៉ុលចំពោះការចាត់ឱ្យលោកធីម៉ូថេមកគឺ “តាំងអ្នករាល់គ្នាឡើងជាមាំមួន ហើយជួយចម្រើនខាងឯសេចក្តីជំនឿផង ក្រែងអ្នកណាកើតមានចិត្តថប់ព្រួយដោយសេចក្តីទុក្ខលំបាក ទាំងនេះ”។ ការនេះបង្ហាញថាកង្វល់ចម្បងរបស់លោកប៉ុលគឺសេចក្តីជំនឿរបស់អ្នកជឿថ្មីៗទាំងនេះ (ខ២, ៥, ៦, ៧, ១០)។ លោកប៉ុលយកចិត្តទុកដាក់ពីពួកគេជាខ្លាំង ហើយចង់ជួយពួកគេឱ្យឈរមាំមួននៅក្នុង សេចក្តីជំនឿរបស់ ពួកគេខណៈពេលពួកកេជួបការទុក្ខលំបាក។
៣:៣ “សេចក្តីទុក្ខលំបាក” ដែលអ្នកជឿនៅក្រុងថែស្សាឡូនីចជួបប្រទះមិនមែនជារឿងចៃដន្យ ព្រហ្មលិខិត ព្រេងវាសនា ឬសំណាងអាក្រក់នោះទេ។ ក៏មិនមែនជាសេចក្តីទុក្ខលំបាកនេះសម្រាប់តែអ្នកជឿ នៅទីក្រុង ថែស្សាឡូនីចដែរ។ ផ្ទុយទៅវិញព្រះជាម្ចាស់បានកំណត់ថាអ្នកជឿទាំងអស់ត្រូវតែឆ្លងកាត់ សេចក្តីទុក្ខលំបាក។ ហេតុអ្វី? ពីព្រោះការល្បងលខាងឯជំនឿរបស់យើងបង្កើតឱ្យមានសេចក្តីខ្ជាប់ខ្ជួន ដើម្បីឱ្យយើង “បានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ” (យ៉ាកុប ១:២-៣; ហើយ ២ ថែស្សាឡូនីច ១:៤-៥; កិច្ចការ ១៤:២១-២២)។
សេចក្តីទុក្ខលំបាកគឺជាផ្នែកសំខាន់មួយនៅក្នុងជីវិតរបស់គ្រីស្ទបរិស័ទ (យ៉ូហាន ១៦:៣៣; កិច្ចការ ១៤:២២)។ ព្រះអម្ចាស់យេស៊ូវបានរងទុក្ខដោយសារការបៀតបៀន ហើយទ្រង់បានប្រាប់ទៅអ្នកដើរ តាមទ្រង់ឱ្យរំពឹងទុកថាក៏នឹងមានការបៀតបៀនដែរ (យ៉ូហាន ១៥:១៨-២១)។ ហេតុដូច្នេះ ក្រុមជំនុំនៅ គ្រាដំបូងបានដឹងថាពួកគេនឹងត្រូវជួបការបៀតបៀន ប៉ុន្តែព្រះយេស៊ូវគឺតែងតែគង់នៅជាមួយពួកគេជានិច្ច ហើយការល្បងលនោះនឹងជួយពួកគេឱ្យលូតលាស់មានភាពចាស់ទុំខាងវិញ្ញាណ និងមានភាពជិតស្និទ្ធ កាន់តែខ្លាំងឡើងជាមួយព្រះយេស៊ូវ។ ដោយសាររឿងនេះពួកគេបានរៀន “អួតក្នុងកាលដែលមាន ទុក្ខលំបាក” (រ៉ូម ៥:៣) ហើយ "ដោយអរសប្បាយ ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្ដីដំនៀល ដោយព្រោះព្រះនាមទ្រង់" (កិច្ចការ ៥:៤១)។ នៅពេលយើងយល់ពីការនេះដូចជាអ្វីដែលពួកគេបានធ្វើដែរ នោះការប្រឈមនឹង សេចក្តីទុក្ខលំបាកនឹងពង្រឹងទំនាក់ទំនងយើងជាមួយព្រះយេស៊ូវ មិនមែនចុះខ្សោយ នោះទេ។
ព្រោះកាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ នោះក៏បានប្រាប់ជាមុនថា យើងរៀបនឹងរងទុក្ខលំបាក ដូចជាអ្នករាល់គ្នាដឹងស្រាប់ថា មានមកហើយ)
៣:៤ លោកប៉ុលដឹងថា មានន័យយ៉ាងដូចម្តេច ក្នុងការរងទុក្ខសម្រាប់ព្រះគ្រីស្ទ (កិច្ចការ ៩:១៥-១៦; ២ កូរិនថូស ១១:២៤-២៨) ហើយគាត់រៀបចំពួកបរិសុទ្ធទាំងនេះដែលនៅក្នុងក្រុងថែស្សាឡូនីចឲ្យបានរងទុក្ខដូចគ្នាដែរ។
នៅពេលលោកប៉ុល និងលោកស៊ីឡាសបានធ្វើដំណើរមកកាន់ទីក្រុងថែស្សាឡូនីចពួកគេបានបង្រៀន ថា វាជាការចាំបាច់ដែលព្រះមេស៊ីត្រូវរងទុក្ខ (កិច្ចការ ១៧:១-៤)។ ការរងទុក្ខគឺជាផ្លូវទៅកាន់សិរីល្អដែលព្រះយេស៊ូវបានដើរ (លូកា ២៤:២៦;ហេព្រើរ ២:១០) ហើយវាគឺជាផ្លូវសម្រាប់យើងទាំងអស់គ្នាដែរ។ ចំនុចសំខាន់នៃភាពជាសិស្ស គឺការរួបរួមជាមួយព្រះគ្រីស្ទ ហើយការនេះមានន័យថា យើងទទួលរងទុក្ខជាមួយនឹងទ្រង់ចុះ មុនពេលដែលយើងរួមចំណែកនៅក្នុង សិរីល្អរបស់ព្រះអង្គ (រ៉ូម ៨:១៦-១៧)។ ប្រសិនបើយើងដើរតាមជំហានរបស់ទ្រង់ យើងក៏នឹងរងទុក្ខនៅក្នុងពិភពលោកនេះដែរ។ ហើយការរួមចំណែកនៅក្នុងការរងទុក្ខរបស់ព្រះអង្គយើងបានប្រែដូចជាព្រះគ្រីស្ទ (ភីលីព ៣:១០)។ អស់អ្នកដែលរងទុក្ខដោយសារព្រះយេស៊ូវនៅពេលនេះដោយសារសេចក្តីជំនឿរបស់ពួកគេចំពោះទ្រង់នឹងទទួលបានជ័យជំនះរបស់ទ្រង់ ហើយទទួលសិរីល្អដូចជាទ្រង់ដែរ។
ដោយហេតុនោះ កាលខ្ញុំទ្រាំមិនបានទៀត នោះខ្ញុំបានចាត់គាត់មកឲ្យបានដឹងពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក្រែងមេល្បួងបានលួងនាំចិត្តអ្នករាល់គ្នា ឲ្យការនឿយហត់របស់យើងខ្ញុំបានទៅជាឥតអំពើវិញ
៣:៥ លោកប៉ុលបានចាត់ឱ្យលោកធីម៉ូថេឱ្យទៅមើលថាតើពួកគេបានស៊ូទ្រាំនៅគ្រាមានសេចក្តីទុក្ខលំបាក ឬទេ។ លោកប៉ុលព្រួយបារម្ភថាសាតាំងអាចល្បួងពួកគេឱ្យលះបង់ចោលជំនឿរបស់ពួកគេដើម្បីជៀស ចេញពីការធ្វើទុក្ខបៀតបៀន។ រសិនបើពួកគេបានលះបង់ចោលជំនឿរបស់ពួកគេមែន នោះកិច្ចការបេសកកម្មដែលប៉ុល និងសីឡាសបានធ្វើក្នុងចំណោមពួកគេនឹងទៅជា “ឥតអំពើវិញ” (នោះគឺមិន បង្កើតផល)។
តែឥឡូវនេះ ដែលធីម៉ូថេបានចេញពីអ្នករាល់គ្នា ទៅដល់យើងខ្ញុំ ព្រមទាំងនាំដំណឹងល្អពីសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាទៅប្រាប់យើងខ្ញុំវិញ ហើយពីដំណើរដែលអ្នករាល់គ្នានឹកចាំពីយើងខ្ញុំ ដោយអំណរជានិច្ច ទាំងរឭកចង់ឃើញយើងខ្ញុំផង ដូចជាយើងខ្ញុំរឭកដល់អ្នករាល់គ្នាដែរ
៣:៦ ពេលលោកធីម៉ូថេបានឃើញសេចក្តីជំនឿរបស់អ្នកក្រុងថែស្សាឡូនីចចំពោះព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់របស់ពួកគេដល់ព្រះជាម្ចាស់ និងចំពោះគ្នាទៅវិញទៅមក វាបញ្ជាក់យ៉ាងច្បាស់ថា ពកគេបានឈរមាំមួន និងប្រកាន់ខ្ជាប់ជាមួយនឹងដំណឹងល្អ។ លោកធីម៉ូថេបានត្រឡប់ទៅកាន់ទីក្រុង អាថែនវិញដើម្បីជម្រាបប្រាប់ដល់លោកប៉ុលពីការនេះ ហើយដំណឹងធ្វើឱ្យមានការសម្រាលទុក្ខ និងលើកទឹកចិត្តដល់លោកប៉ុលជាខ្លាំង។
លោកធីម៉ូថេក៏បាននាំយកដំណឹង ដែលអ្នកក្រុងថែស្សាឡូនីចមានអនុស្សាវរីយ៍ដ៏រីករាយក្នុងគ្រាល្អៗ ដែលលោកប៉ុល និងលោកស៊ីឡាសបានចំណាយពេលជាមួយពួកគេ ហើយពួកគេទន្ទឹងរង់ចាំជួបពួកគាត់ ម្តងទៀត។ កង្វល់របស់លោកប៉ុលគឺថាការបៀតបៀន និងការមួលបង្កាច់ពីសំណាក់សត្រូវរបស់លោកនៅ ទីក្រុងថែស្សាឡូនីចអាចបណ្តាលឱ្យជំនឿរបស់ក្រុមជំនុំថ្មីៗមានភាពរង្គោះរង្គើ ហើយសេចក្តីស្រឡាញ់ របស់ពួកគេមានភាពថមថយ។ ប៉ុន្តែការទាំងនេះមិនបានកើតឡើងនោះទេ។ ផ្ទុយទៅវិញសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកគេមានភាពរឹងមាំ និងខ្ជាប់ខ្ជួន។
ដូច្នេះ បងប្អូនអើយ ក្នុងខណដែលយើងខ្ញុំកំពុងតែមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីលំបាកជាច្រើន នោះយើងខ្ញុំមានសេចក្ដីក្សាន្តចិត្ត ពីដំណើរអ្នករាល់គ្នាឡើងវិញ ដោយសារសេចក្ដីជំនឿរបស់អ្នករាល់គ្នា
៣:៧ កត់សម្គាល់ឃើញថាលោកប៉ុលបានបញ្ជូនលោកធីម៉ូថេឱ្យទៅលើកទឹកចិត្តពីសេចក្តីជំនឿរបស់ ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចនៅគ្រាមានសេចក្តីទុក្ខលំបាក (ខ២)។ បន្ទាប់មកដំណឹងពីភាពស្មោះត្រង់ របស់ពួកគេបានលើកទឹកចិត្តដល់លោកប៉ុលខណៈពេលដែលលោកកំពុងតែជួបប្រទះនឹង សេចក្តីទុក្ខលំបាកនៅក្នុងបេសកកម្មរបស់លោក (សុភាសិត ១១:២៥)។
ដ្បិតឥឡូវនេះ បើអ្នករាល់គ្នាឈរនៅមាំមួនក្នុងព្រះអម្ចាស់ នោះទើបយើងខ្ញុំនឹងរស់នៅ
៣:៨ វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប៉ុល ដែលថាក្រុមជំនុំស្មោះត្រង់ចំពោះព្រះ។ រហូតទាល់តែគាត់បានឮដំណឹងល្អថាពួកគេបានបានស៊ូទ្រាំនឹងសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះយេស៊ូវក្នុងគ្រាមានសេចក្តីទុក្ខលំបាករបស់ពួកគេ លោកមានអារម្មណ៍បានថាលោកដូចជាស្លាប់ហើយ។ ប៉ុន្តែនៅពេលលោកធីម៉ូថេបាននាំដំណឹងដែលពួកគេ “ឈរនៅមាំមួនក្នុងព្រះអម្ចាស់” ការនេះធ្វើឱ្យ លោកប៉ុលមានអារម្មណ៍ថានៅមានជីវិត ហើយធ្វើឲ្យគាត់អាចបន្តកិច្ចការបេសកកម្មរបស់គាត់បាន នៅពេលប្រឈមមុខនឹងទុក្ខព្រួយ និងទុក្ខលំបាក។
“ឈរនៅមាំមួន” (στήκετε) គឺជាពាក្យដែលត្រូវបានប្រើប្រាស់សម្រាប់កងទ័ពដែលបដិសេធ មិនព្រមដក ថយបើទោះបីជាកំពុងរងការវាយប្រហារពីខ្មាំងសត្រូវក៏ដោយ។ លោកប៉ុលប្រើពាក្យនេះញឹកញាប់ ដើម្បី បង្រៀនដល់គ្រីស្ទបរិស័ទថាយើងកំពុងតែតយុទ្ធនៅក្នុងសង្គ្រាមខាងវិញ្ញាណជាមួយគ្នាប្រឆាំងនឹងសត្រូវ (១ កូរិនថូស ១៦:១៣; កាឡាទី ៥:១; អេភេសូរ ៦:១១-១៤; ភីលីព ១:២៧; ៤:១; ២ ថែស្សាឡូនីច ២:១៥)។
តើយើងខ្ញុំអាចនឹងអរព្រះគុណដល់ព្រះ ពីដំណើរអ្នករាល់គ្នា ដោយប្រការដូចម្តេច ឲ្យបានល្មមធួននឹងអស់ទាំងសេចក្ដីអំណរ ដែលយើងខ្ញុំមាននៅចំពោះព្រះនៃយើង ដោយព្រោះអ្នករាល់គ្នាបាន យើងខ្ញុំទូលអង្វរដោយទទូចទាំងយប់ទាំងថ្ងៃ សូមឲ្យបានឃើញមុខអ្នករាល់គ្នា ហើយឲ្យបានបំពេញសេចក្ដីអ្វីដែលខ្វះ ខាងឯសេចក្ដីជំនឿរបស់អ្នករាល់គ្នាផង
៣:៩-១០ សេចក្តីរាយការណ៍របស់លោកធីម៉ូថេបាននាំឱ្យលោកប៉ុលមានសេចក្តីអំណរ និងការដឹងគុណ ជាពន់ពេកដល់ព្រះជាម្ចាស់។ ការស៊ូទ្រាំរបស់អ្នកក្រុងថែស្សាឡូនីចជំនួសឱ្យសេចក្តីទុក្ខលំបាកបានបង្ហាញ ថាជំនឿរបស់ពួកគេគឺមាំមួន។ ឥឡូវនេះលោកប៉ុលចង់ឱ្យពួកគេលូតលាស់នៅក្នុងសេចក្តីជំនឿរបស់ពួកគេ។
គោលដៅរបស់គ្រីស្ទបរិស័ទគឺត្រូវលូតលាស់សេចក្តីជំនឿរបស់យើងចំពោះព្រះជាម្ចាស់។ ការនេះ មានន័យថា យើងចង់ស្គាល់ទ្រង់កាន់តែច្រើនឡើងថែមទៀត និងលូតលាស់ខាងការយល់ដឹងថា ទ្រង់ជានរណា អ្វីដែលទ្រង់បានធ្វើ ព្រមទាំងផែនការ និងបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់ប្រជារាស្ត្រ របស់ទ្រង់។ ហេតុដូច្នេះហើយកិច្ចការរបស់គ្រូគង្វាល អ្នកដាំក្រុមជំនុំ និងបេសកជនគឺត្រូវហ្វឹកហ្វឺនអ្នកជឿ ឱ្យមានជំនឿរឹងមាំ និងពិតប្រាកដចំពោះព្រះជាម្ចាស់ដើម្បីឱ្យពួកគេឈរមាំមួននៅក្នុងព្រះអម្ចាស់នៅ គ្រប់ទាំងសេចក្តីទុក្ខលំបាក់ទាំងឡាយ។
មូលហេតុមួយដែលលោកប៉ុល និងលោកស៊ីឡាសចង់ត្រឡប់ទៅរកក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចវិញ គឺដើម្បី “បំពេញសេចក្តីអ្វីដែលខ្វះខាងឯសេចក្តីជំនឿរបស់អ្នករាល់គ្នាផង”។ ចូរចងចាំថាលោកប៉ុល និងលោកស៊ីឡាសមានពេលតែពីរបីសប្តាហ៍ជាមួយពួកគេតែប៉ុណ្ណោះនៅទីក្រុងថែស្សាឡូនីច ហើយនៅតែមានរឿងច្រើនទៀតដែលពួកគេត្រូវរៀនពីសេចក្តីជំនឿជាគ្រីស្ទបរិស័ទ ជាពិសេសអំពី ការញែកជាបរិសុទ្ធ និងការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ។ ដោយសារ លោកប៉ុល មិនអាចត្រឡប់មករកពួកគេវិញបាននៅឡើយ លោកបានណែនាំពួកគេនៅក្នុង ៤:១-៥:១១ ក្នុងសំបុត្រនេះដើម្បីបំពេញនូវអ្វីដែលមានភាពខ្វះខាតនៅក្នុងសេចក្តីជំនឿរបស់ពួកគេ។
សូមឲ្យព្រះដ៏ជាព្រះវរបិតា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងខ្ញុំ ទ្រង់ដំរង់ផ្លូវយើងខ្ញុំ ឲ្យបានមកឯអ្នករាល់គ្នា
៣:១១ បន្ទាប់មក លោកប៉ុលផ្តល់ពរដល់ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច។ ពរនោះមានចំនួនពីរផ្នែក។ ទីមួយលោកប៉ុលអធិស្ឋានថាសូមឱ្យព្រះជាម្ចាស់ និងព្រះយេស៊ូវនឹងដករនាំងដែលសាតាំងកំពុងប្រើ ដើម្បីរារាំងលោកមិនឱ្យត្រឡប់មកកាន់ទីក្រុងថែស្សាឡូនីចវិញ។ បន្ទាប់មកលោកប៉ុលនឹងអាចត្រឡប់ មកលេងជាមួយពួកគេបាន។ យើងដឹងថាព្រះជាម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋាននេះដោយសារ លោកប៉ុលបានធ្វើដំណើរជុំវិញខេត្តម៉ាសេដូនចំនួនពីរលើកនៅចុងបញ្ចប់នៃដំណើរបេសកកម្មលើកទីបីរបស់លោកនៅក្នុងរយៈពេលប្រាំឆ្នាំក្រោយមក (កិច្ចការ ២០:១៥)។ សូមចំណាំថាថែស្សាឡូនីចគឺជាទីក្រុង របស់ខេត្តមួយនេះ។
សូមឲ្យព្រះអម្ចាស់ចំរើនសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា ឲ្យបានពេញពោរហូរហៀរដល់គ្នាទៅវិញទៅមក ព្រមទាំងដល់មនុស្សទាំងអស់ផង ដូចជាយើងខ្ញុំស្រឡាញ់ដល់អ្នករាល់គ្នាដែរ
៣:១២ ទីពីរលោកប៉ុលអធិស្ឋានទៅកាន់ព្រះយេស៊ូវថាទ្រង់នឹងបណ្តាលឱ្យសេចក្តីស្រឡាញ់របស់ ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីច “ចម្រើន” (πλεονάσαι) ដើម្បីពហុគុណ ពេញពោរ និង “ហូរហៀរ”។ សេចក្តីស្រឡាញ់ដ៏បរិបូរណ៍នេះគឺសម្រាប់បងប្អូនប្រុសស្រីរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ (៤:៩-១២) និង “ដល់មនុស្សទាំងអស់” (រួមទាំងអ្នកមិនជឿ និងសូម្បីតែខ្មាំងសត្រូវរបស់ពួកគេផង)។ សេចក្តីស្រឡាញ់ប្រភេទនេះ មិនអាចសម្រេចបាន ដោយដោយការខិតខំប្រឹងប្រែងរបស់មនុស្ស បានឡើយ។ វាគឺជាអ្វីដែលព្រះធ្វើឲ្យកើតមានឡើង បណ្តាលឲ្យ (រ៉ូម ៥:៥) ហេតុនេះហើយ បានជាលោកប៉ុលអធិស្ឋានដល់ព្រះថា សូមឲ្យសេចក្តីស្រឡាញ់របស់គេបានចម្រើនឡើង។
យើងដឹងថាព្រះយេស៊ូវឆ្លើយតបចំពោះការអធិស្ឋាននេះដោយសារនៅក្នុងសំបុត្រទីពីរលោកប៉ុលសរសេរថា “សេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងដែរ (πλεονάζει)” (២ ថែស្សាឡូនីច ១:៣)។
ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នា ឲ្យបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ជាមួយនឹងអស់ទាំងអ្នកបរិសុទ្ធរបស់ទ្រង់។
៣:១៣ ការជូនពររបស់លោកប៉ុលបញ្ចប់ដោយផ្តោតទៅលើពេលវេលានៃការយាងមកវិញជា លើកទីពីររបស់ព្រះយេស៊ូវ។ នៅថ្ងៃនៃព្រះអម្ចាស់ ព្រះយេស៊ូវនឹងយាងមកជាមួយនឹងពួកទេវតារបស់ទ្រង់ (សាការី ១៤:៥) ហើយប្រមូលរាស្ត្ររបស់ទ្រង់។ ក្រុមជំនុំទាំងមូលនឹងឈរនៅចំពោះព្រះវត្តមាន របស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។ សេចក្តីអធិស្ឋានរបស់លោកប៉ុលសម្រាប់អ្នកជឿនៅទីក្រុង ថែស្សាឡូនីច គឺថានៅថ្ងៃនោះ ពួកគេនឹងបានជា “បរិសុទ្ធឥតសៅហ្មង”។
ពាក្យជាភាសាក្រិចបកប្រែ “ឥតសៅហ្មង” មានន័យថាគ្មានស្នាមជាំ ឬកំហុសឡើយ។ ពាក្យនេះ ត្រូវបានប្រើប្រាស់ដើម្បីពិពណ៌នាពីមនុស្សដែលកាន់តាមបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយមានរបៀប រស់នៅដែលបរិសុទ្ធ និងសុចរិត (លូកា ១:៦; ភីលីព ២:១៥, ៣:៦)។ “បរិសុទ្ធ” (ἁγιωσύνῃ) គឺត្រូវញែកចេញពីអំពើបាប ហើយថ្វាយទៅ ព្រះជាម្ចាស់ដើម្បីឱ្យយើងឆ្លុះបញ្ចាំងពីលក្ខណៈ និងសីលធម៌ដ៏ល្អឥតខ្ចោះរបស់ទ្រង់ (រ៉ូម ១:៤; ២ កូរិនថូស ៧:១)។
សេចក្តីស្រឡាញ់គឺជាកូនសោរឆ្ពោះទៅកាន់ភាពឥតសៅហ្មង និងភាពបរិសុទ្ធ។ លោកប៉ុលអធិស្ឋានថា សេចក្តីស្រឡាញ់របស់ពួកគេពេញពោរហូរហៀរឡើង “ប្រយោជន៍នឹងតាំងចិត្តអ្នករាល់គ្នាឲ្យបរិសុទ្ធ ឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតារបស់យើងរាល់គ្នា”។ ការនេះបង្ហាញប្រាប់យើងថា សេចក្តីស្រឡាញ់នាំទៅរកភាពឥតសៅហ្មង និងភាពបរិសុទ្ធ។ វាគឺជាសេចក្តីស្រឡាញ់របស់យើងចំពោះ ព្រះជាម្ចាស់ដែលនឹងបណ្តាលឱ្យយើងស្វែងរកភាពបរិសុទ្ធនៅក្នុងជីវិតរបស់យើង ហើយវាគឺជា សេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់ប្រទានមកឱ្យយើងសម្រាប់មនុស្ស ដែលនឹងធ្វើឱ្យយើងមិនប្រព្រឹត្តិ អំពើបាបទាស់នឹងពួកគេ (រ៉ូម ១៣:៨-១០)។
លោកប៉ុលដឹងថាមានតែព្រះជាម្ចាស់តែប៉ុណ្ណោះអាចពង្រឹងដួងចិត្តរបស់អ្នកជឿបានដើម្បីឱ្យយើងនឹងបានជាឥតសៅហ្មង ហើយបរិសុទ្ធនៅពេលទ្រង់យាងមកវិញ។ ការញែកជាបរិសុទ្ធរបស់យើងគឺជាកិច្ចការរបស់ ព្រះជាម្ចាស់ ហេតុនេះហើយបានជាលោកប៉ុលអធិស្ឋាន ហើយទូលសូមព្រះជាម្ចាស់ឱ្យធ្វើការនេះ។ ប៉ុន្តែវាគឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយើង ហេតុដូច្នេះហើយយើងត្រូវទទួលបានការបង្រៀន និងការលើកទឹកចិត្តអំពីការនេះ។ ប្រធានបទទាំងពីរនេះគឺភាពបរិសុទ្ធ និងការយាងត្រឡប់មកវិញជា លើកទីពីររបស់ព្រះយេស៊ូវគឺជាផ្នែកពីរដែលខ្វះខាតនៅក្នុងសេចក្តីជំនឿរបស់អ្នកក្រុងថែស្សាឡូនីច (ខ១០)។ ហេតុដូច្នេះហើយបានជា លោកប៉ុលនឹងពន្យល់ប្រាប់បន្ថែមទៀតអំពីការញែកជាបរិសុទ្ធនៅក្នុង ៤:៣-៨ និងការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះយេស៊ូវនៅក្នុង ៤:១៣-៥:១១។


