
ក្រុមជំនុំនៅទីក្រុងថែស្សាឡូនីចមិនបានដឹងពីពេលវេលានៃការយាងត្រឡប់មកវិញជាលើកទីពីររបស់ ព្រះយេស៊ូវនោះទេ។ ដូច្នេះសំបុត្រនៅក្នុងផ្នែកនេះ លោកប៉ុលបានរំលឹកដល់ពួកគេពីអ្វីដែលព្រះយេស៊ូវមាន បន្ទូលអំពីការនេះ ហើយលើកទឹកចិត្តដល់ក្រុមជំនុំថាថ្ងៃនៃព្រះអម្ចាស់គឺជាថ្ងៃនៃការសង្គ្រោះរបស់ពួកគេ។
បងប្អូនអើយ ឯត្រង់ពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់
៥:១-២ ព្រះយេស៊ូវមានបន្ទូលប្រាប់សាវ័ករបស់ទ្រង់ថាគ្មាននរណាម្នាក់ដឹងពីថ្ងៃ ឬម៉ោងនៃ ការយាងត្រឡប់មកវិញជាលើកទីពីរនោះទេ ប៉ុន្តែវាមានលក្ខណៈដូចជាចោរចូលមកលួចនៅពេលយប់ (ម៉ាថាយ ២៤:៣៦-៤៤)។ ដូចចោរចូលមកដោយមិនបានរំពឹងទុក និងគ្មានការព្រមានទុកជាមុនឡើយ ដូច្នេះថ្ងៃនៃព្រះអម្ចាស់នឹងមកមួយរំពេច ហើយគ្មានការព្រមានអ្វីនោះទេ (២ ពេត្រុស ៣:១០; វិវរណៈ ៣:៣, ១៦:១៥)។ ការនេះបង្រៀនយើងអំពីការត្រូវ ចេះត្រៀមខ្លួនឱ្យបានរួចរាល់ទុកជាមុន។
ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ
៥:៣ ថ្ងៃនៃព្រះអម្ចាស់នឹងធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ពួកគេនឹងគិតថា “មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយ” ហើយបន្ទាប់មកមានសេចក្តីហិនវិនាស ដែលសំដៅ ទៅលើកំហឹងរបស់ព្រះជាម្ចាស់ដែលនឹងមកដល់ភ្លាមៗសម្រាប់អ្នកដែលបានបដិសេធមិនព្រមទទួល ព្រះយេស៊ូវ (ម៉ាថាយ ២៤:៨)។
តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ
៥:៤ ពិភពលោកនេះគឺជាកន្លែងនៃភាពងងឹត ប៉ុន្តែព្រះយេស៊ូវបានសង្គ្រោះអ្អ្នកជឿចេញពីពិភពលោកនេះ (កូល៉ុស ១:១៣)។ ដោយហេតុថាយើងបានចូលមកក្នុងពន្លឺរបស់ព្រះគ្រីស្ទហើយ យើងមិនស្ថិតនៅក្នុង ភាពងងឹតទៀតទេ។ ហេតុដូច្នេះបើទោះបីជាថ្ងៃនៃព្រះអម្ចាស់នឹងធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលក៏ដោយក៏ វាមិនធ្វើឱ្យយើងភ្ញាក់ផ្អើលដែរ។ យើងត្រៀមខ្លួនរួចជាស្រេចចំពោះវាហើយ។
អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ
៥:៥ ការប្រព្រឹត្តរបស់គ្រីស្ទបរិស័ទគឺអំពីការប្រព្រឹត្តស្របជាមួយនឹងអ្វីដែលយើងជានៅក្នុងព្រះគ្រីស្ទ។ អាកប្បកិរយារបស់យើងបានមកពីអត្តសញ្ញាណថ្មីរបស់យើង។ យើងជាកូនប្រុសនៃពន្លឺ។ ជាភាសាហេព្រើរ “កូនប្រុស” របស់អ្វីម្យ៉ាងគឺត្រូវមានចរិកលក្ខណៈនោះ (ឧទាហរណ៍ ‘កូនប្រុសនៃការលើកទឹកចិត្ត’ មានន័យថា ជាមនុស្សដែលលើកទឹកចិត្ត កិច្ចការ ៤:៣៦)។ ដូច្នេះជាកូនប្រុសនៃពន្លឺមានន័យថា ឥឡូវនេះពន្លឺនោះគឺជាចរិកលក្ខណៈនៃអ្នកជឿ។
ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ ដ្បិតពួកអ្នកដែលដេកលក់ នោះគេតែងដេកនៅពេលយប់ ហើយពួកអ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ
៥:៦ ដោយសារយើងជាកូននៃពន្លឺនោះយើងត្រូវតែ “ចាំយាម” (នោះគឺការប្រុងប្រយ័ត្នខាងវិញ្ញាណ) និង “ដឹងខ្លួន” (នោះគឺត្រូវមានភាពស្រឡះនៅក្នុងខ្លួន ហើយការចេះគ្រប់គ្រងចិត្ត)។ ការដឹងថានឹងមានរឿងអ្វី កើតឡើងនៅចុងបញ្ចប់ជួយយើងឱ្យដឹងពីរបៀបដែលយើងគួរតែរស់នៅនាពេលឥឡូវនេះ។ យើងត្រូវតែសម្លឹងមើលទៅកាន់ព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានប្រទានមកឱ្យយើងធ្វើរហូតទាល់ តែដល់ថ្ងៃដែលទ្រង់យាងត្រឡប់មកវិញ (ម៉ាកុស ១៣:៣២-៣៧)។
៥:៧ នៅពេលថ្ងៃមនុស្សចាំយាម និងដឹងខ្លួន ប៉ុន្តែនៅពេលយប់ពួកគេដេកលក់ ឬស្រវឹង។ នៅពេលមនុស្សដេកលក់គេមិនដឹងថាមានអ្វីកើតឡើងនៅជុំវិញខ្លួនគេនោះទេ ហើយនៅពេលដែល មនុស្សស្រវឹងគេមិនចេះគ្រប់គ្រងចិត្ត ហើយក៏មិនចេះប្រព្រឹត្តខ្លួនឱ្យបានសមរម្យដែរ។ ដូចគ្នាដែរ ពិភពលោកនេះ ស្ថិតនៅក្នុងភាពងងឹតដូចជាពេលយប់ ហើយមនុស្សជាច្រើនដេកលក់ ឬស្រវឹងខាងវិញ្ញាណ ហើយមិនយល់អំពីថ្ងៃនៃព្រះអម្ចាស់ ហហើយមិនបានប្រុងប្រៀបខ្លួនឱ្យបានរួច រាល់ទុកជាមុននោះទេ។
តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក
៥:៨ លោកប៉ុលកំពុងតែសរសេរពីសារៈសំខាន់នៃការចេះប្រុងប្រយ័ត្ន ហើយការនេះធ្វើឱ្យគាត់នឹកឃើញពី អ្នកយាមកំពុងតែបំពេញភារកិច្ច។ បន្ទាប់មកគាត់បានពិពណ៌នាពីគ្រឿងសឹកមួយចំនួនដែលពួកគេពាក់។ ដោយកត់សម្គាល់ឃើញម្តងទៀតថាលោកប៉ុលរួមបញ្ចូលទាំងសេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមដែលជាគុណធម៌ដ៏អស្ចារ្យរបស់គ្រីស្ទបរិស័ទ (១:៣)។
ប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់។ ប្រដាប់បាំងទ្រូងរបស់ទាហានរ៉ូម៉ាំងម្នាក់ៗត្រូវបានធ្វើឡើងពីស្ពាន់ឬលង្ហិនហើយគ្របដណ្តប់លើខ្លួនប្រាណរបស់គាត់ចាប់ពីកដល់ចង្កេះ។ ពួកទាហានហៅវាថា “អ្នកការពារបេះដូង” ដោយព្រោះតែវាការពារបេះដូងរបស់គេ ពីព្រួញ និងដាវរបស់សត្រូវ។ ដូចគ្នានេះដែរ សេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់គ្របបាំងយើងពីការវាយប្រហារ របស់សត្រូវរបស់យើង (ភីលីព ៣:៨-៩)។ សេចក្តីជំនឿនៅក្នុងព្រះជាម្ចាស់ការពារយើងពីការមិនជឿ ការភ័យខ្លាច និងការល្បួង ដោយសារ នៅពេលដែលខ្មាំងសត្រូវព្យាយាមវាយប្រហារយើងជាមួយចំណុចទាំងនេះ យើងឆ្លើយតបវិញដោយការទុកចិត្តលើព្រះជាម្ចាស់។ សេចក្តីស្រឡាញ់ការពារយើងពីអំពើបាបដោយសារសេចក្តីស្រឡាញ់ធ្វើឱ្យយើងចង់ស្តាប់បង្គាប់ និងធ្វើឱ្យគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ និងមិនធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ការនេះការពារយើងពីល្បិចរបស់សត្រូវ របស់យើងនៅក្នុងការបំផ្លាញជីវិតរបស់យើង (បេះដូង) ដោយ អំពើបាបហើយនឹងការរស់នៅក្នុង សេចក្តីទុច្ចរិត ។
ប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ។ មួកសឹករបស់រ៉ូម៉ាំងត្រូវបានផលិតមកពីដែក ហើយការពារក្បាលពីការវាយប្រហារ។ ស្រដៀងគ្នានេះដែរ ក្បាលរបស់យើងត្រូវបានការពារពេល ដែលយើងបានដឹងថា ព្រះនឹងសង្គ្រោះយើង។ នៅក្នុងសញ្ញាថ្មី “សេចក្តីសង្ឃឹម” គឺជាការរំពឹងទុកជាក់លាក់ និងពិតប្រាកដ ដោយសារអ្វីៗ ដែលព្រះជាម្ចាស់បានសន្យា។ នៅពេលដែលសាតាំងព្យាយាមធ្វើបាបយើង ជាមួយនឹងសេចក្តីសង្ស័យហើយនឹងការបាក់ទឹកចិត្តនោះ យើងគួរតែនឹកចាំថាសេចក្តីសង្រ្គោះរបស់យើងគឺ ត្រូវបានបោះត្រាហើយនឹងធានាដោយ ព្រះវិញ្ញាណបរិសុទ្ធ (អេភេសូរ ១:១២-១៤) ហើយគ្មានអ្នកណាឆក់យកយើង ពីព្រះហស្តនៃព្រះបានឡើយ (យ៉ូហាន ១០:២៨-២៩)។ សេចក្តីសង្រ្គោះរបស់យើង គឺមានសុវត្ថិភាព។ ចំណេះដឹងនេះការពារយើង ដូចដែលយើងពាក់មួកសឹកដែលការពារយើងដែរ។
ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង ដើម្បីឲ្យយើងរាល់គ្នាបានរស់នៅជាមួយនឹងទ្រង់ ទោះបើចាំយាមឬដេកលក់ក្តី
៥:៩-១០ ហេតុអ្វីបានជាអ្នកជឿមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់នេះ ដែលការពារ យើងដូចជាគ្រឿងសឹក? ពីព្រោះយើងដឹងថា ព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់ សេចក្ដីក្រោធទេ។ ទីបញ្ចប់នៅថ្ងៃនៃព្រះអម្ចាស់ វាសនារបស់អ្នកជឿមិនមែនអាស្រ័យទៅលើកិច្ចការ ដែលយើងខំប្រឹង ធ្វើនោះទេ ប៉ុន្តែតាមរយៈកិច្ចការរបស់ព្រះអង្គសម្រាប់យើងវិញ ហើយទ្រង់បានដំរូវយើងទុកសម្រាប់ ការសង្គ្រោះ! វាគឺជាដោយសារអ្វីដែលព្រះជាម្ចាស់បានដំរូវទុកសម្រាប់យើង និងសម្រេចសម្រាប់ យើងដោយយើងនឹងទទួលបានការសង្រ្គោះតាមរយៈព្រះយេស៊ូវ (ខ២៤, ១:៤, ២:១២, ៣:៣, ៤:៧)។
វាពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រីស្ទបរិស័ទក្នុងការយល់ដឹងពីសេចក្ដីក្រោធរបស់ព្រះ ដើម្បីយល់ពី ដំណឹងល្អឲ្យបានត្រឹមត្រូវ។ សេចក្តីក្រោធគឺជាកំហឹងដ៏សុចរិតរបស់ព្រះជាម្ចាស់ប្រឆាំងនឹងអ្វីៗ ដែលមិនសុចរិត។ យើងត្រូវតែដឹងថាអំពើបាបរបស់យើងបាននាំយើងឲ្យស្ថិតនៅក្រោម ព្រះពិរោធរបស់ ព្រះជាម្ចាស់ (អេភេសូរ ២:១-៣)។ ប៉ុន្តែ ព្រះជាម្ចាស់ព្រះបានធ្វើផ្លូវមួយសម្រាប់មនុស្សដើម្បីបានសង្គ្រោះ ចេញពីសេចក្ដីក្រោធដែលយើងសមនឹងទទួលដោយសារអំពើបាបរបស់យើង។ ព្រះអង្គបានចាត់ ព្រះរាជបុត្រាទ្រង់មកក្នុងលោកីយ ដើម្បីមកទទួលទោសចំពោះអំពើបាបរបស់ យើង (រ៉ូម ៥:៨-៩)។ នៅលើឈើឆ្កាង ព្រះយេស៊ូវបានយកអង្គទ្រង់ជំនួសមនុស្សមានបាប ហើយបានទទួលព្រះពិរោធរបស់ ព្រះជាម្ចាស់សម្រាប់អំពើបាបរបស់យើង។ បន្ទាប់មក ព្រះជាម្ចាស់បានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពី ស្លាប់ឡើងវិញ។ ឥឡូវនេះ អស់អ្នកដែលទុកចិត្តលើព្រះយេស៊ូវបានរួចពីសេចក្ដីក្រោធដែលអំពើបាប របស់យើងសមនឹងទទួល។
ឥឡូវនេះ ការសង្គ្រោះទទួលបានហើយ “ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង ដែលទ្រង់ សុគត ជំនួសយើង”។ ព្រះយេស៊ូវបានសុគត “ជំនួសយើង” មានន័យថា ការសុគតរបស់ទ្រង់នៅលើ ឈើឆ្កាងគឺជំនួសយើង និងសម្រាប់ជាប្រយោជន៍របស់យើង។ គោលបំណងនៃការសុគតរបស់ព្រះគ្រីស្ទ សម្រាប់យើងគឺដើម្បីបង្កើតជីវិតថ្មីរបស់យើងជាមួយទ្រង់។ ព្រះអង្គសុគតដើម្បីឱ្យយើងមានជីវិត។ ជីវិតដែលទ្រង់ប្រទានមកឱ្យយើងគឺអស់កល្បជានិច្ច សូម្បីតែសេចក្តីស្លាប់ក៏មិនអាចបញ្ចប់ វាបានដែរ។ “ទោះបើចាំយាម ឬដេកលក់ក្តី” មានន័យថា ‘ទោះបើយើងរស់ ឬស្លាប់ក្តី’។ ទោះបើយើងនៅរស់ ឬស្លាប់ ក្តីនៅពេលព្រះគ្រីស្ទយាងត្រឡប់មកវិញ យើងនឹងមានជីវិតរស់នៅជាមួយទ្រង់ (រ៉ូម ១៤:៨)។ ការសង្គ្រោះគឺ ការដេលបានរស់នៅជាមួយនឹងព្រះយេស៊ូវ។
ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។
៥:១១ ព្រះជាម្ចាស់បានដំរូវយើងទុកសម្រាប់ការសង្គ្រោះ ហើយព្រះយេស៊ូវបានសុគតដើម្បីឱ្យយើង មានជីវិត។ ហេតុដូច្នេះសេចក្តីសង្ឃឹមរបស់យើងសម្រាប់ការសង្គ្រោះគឺត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ។ វាមិនអាស្រ័យទៅលើអំពើល្អរបស់យើងដែលប្រែប្រួលគ្រប់ពេលវេលា ហើយមិនគ្រប់លក្ខណ៍នោះទេ ប៉ុន្តែតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការសម្រេចបានរបស់ព្រះគ្រីស្ទទាំងពីរនោះគឺសុទ្ធតែ គ្រប់លក្ខណ៍។ ហេតុនេះជំនួសឱ្យការថប់បារម្ភនៅចុងបញ្ចប់ យើងត្រូវចេះលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសេចក្តីសង្ឃឹមនៃការសង្គ្រោះដ៏អស្ចារ្យតាមរយៈព្រះយេស៊ូវ ហើយត្រៀមខ្លួនជាស្រេចដោយអំណរ សម្រាប់ការយាងត្រឡប់មកវិញរបស់ទ្រង់។
តែបងប្អូនអើយ យើងខ្ញុំអង្វរអ្នករាល់គ្នាថា ចូរចំណាំឲ្យស្គាល់ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ ចូរនៅជាមួយគ្នាដោយមេត្រីចុះ
៥:១២-១៣ ““ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា នឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា ក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ” គឺជាអ្នកដឹកនាំដែលធ្វើការដើម្បីផលប្រយោជន៍ ដល់ក្រុមជំនុំ។ កិច្ចការរបស់ពួកគេត្រូវបាន ពណ៌នាថាជា៖
(១) "ខំធ្វើកិច្ចការ" (κοπιῶντας) ដែលធ្វើរហូតទាល់តែអ្នកអស់កម្លាំងដែលបង្ហាញប្រាប់ថាការបម្រើ ដល់ក្រុមជំំនុំគឺជា ការងារលំបាក;
(២) “នាំមុខ” (προϊσταμένους) គឺជាការដឹកនាំក្រុមជំនុំទៅតាមរបៀបសុចរិត និង
(៣) “ទូន្មាន” (νουθετοῦντας) គឺជាការណែនាំក្រុមជំនុំតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។
នៅពេលអ្នកដឹកនាំធ្វើកិច្ចការទាំងនេះក្រុមជំនុំគួរតែចេះថ្លែងអំណរគុណដល់ពួកគេ ហើយគោរពពួកគេ ដោយសារគុណតម្លៃ និងការបម្រើដ៏ស្មោះត្រង់របស់ពួកគេ។ នៅពេលណាដែលយើងឃើញកិច្ចការរបស់ ព្រះធ្វើបានល្អ យើងត្រូវចេះផ្តល់ការគោរពដែលសមគួរនឹងការនេះដោយសារសេចក្តីស្រឡាញ់របស់ យើងចំពោះព្រះជាម្ចាស់ធ្វើឱ្យយើងរីករាយមើលឃើញការបម្រើទ្រង់បានល្អ។
បងប្អូនអើយ យើងខ្ញុំទូន្មានឲ្យអ្នករាល់គ្នាបន្ទោស ដល់ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់ ហើយជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់
៥:១៤ បន្ទាប់មកទៀតលោកប៉ុលបង្រៀនអំពីក្រុមចំនួនបីដែលត្រូវការជំនួយនៅក្នុងក្រុមជំនុំថែស្សាឡូនីច។
-
“ពួកអ្នកដែលគ្មានសណ្តាប់ធ្នាប់” គឺជាអស់អ្នកដែលបដិសេធមិនព្រមធ្វើការ ហេតុនេះពួកគេ ត្រូវការការព្រមានដោយមានការណែនាំនៅក្នុង ១ ថែស្សាឡូនីច ៤:១១-១២។
-
“ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត" គឺជាអស់អ្នកដែលថប់បារម្ភនឹងមនុស្សជាទីស្រឡាញ់ របស់ពួកគេ ដែលបានស្លាប់ (១ ថែស្សាឡូនីច ៤:១៤-១៧) ហេតុនេះពួកគេត្រូវការ ការលើកទឹកចិត្តតាមរយៈការសន្យារបស់ព្រះជាម្ចាស់ថា តើនឹងមានអ្វីកើតឡើង នៅពេល ព្រះយេស៊ូវយាងត្រឡប់មកវិញលើកទីពីរ។
-
“ពួកអ្នកដែលខ្សោយ” គឺជាអ្នកដែលមិនចេះទប់ចិត្ត និងត្រូវបានល្បួងដោយសារអំពើអសីលធម៌ (១ ថែស្សាឡូនីច ៤:២-៨) ហេតុនេះពួកគេត្រូវការការអធិស្ឋាន និងការបង្រៀនដើម្បីរីកចម្រើន សម្រាប់ការញែកជាបរិសុទ្ធរបស់ពួកគេ។
ក្រុមទាំងបីនេះត្រូវការឱ្យយើងចេះអត់ធ្មត់នឹងពួកគេ។ ការអត់ធ្មត់គឺជាផលផ្លែខាងវិញ្ញាណ (កាឡាទី ៥:២២) ចរិកលក្ខណៈនៃសេចក្តីស្រឡាញ់ (១ កូរិនថូស ១៣:៤) និងគុណភាពរបស់ព្រះជាម្ចាស់ (និក្ខមនំ ៣៤:៦)។ ការអត់ធ្មត់របស់យើងបានមកពីជំនឿរបស់យើងដែលព្រះជាម្ចាស់នឹងសម្រេចបានតាមបំណង ព្រហឫទ័យទ្រង់នៅក្នុងជីវិតរបស់ពួកគេ ហេតុនេះយើងត្រូវតែអនុញ្ញាតិពេលវេលាឱ្យទ្រង់ធ្វើកិច្ចការនេះ។
ចូរប្រយ័ត កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ
៥:១៥ ក្នុងនាមជាបុត្ររបស់ព្រះជាម្ចាស់ការប្រព្រឹត្តរបស់យើងត្រូវតែផ្អែកទៅលើលក្ខណៈរបស់ ព្រះវរបិតានៃយើង (ម៉ាថាយ ៥:៤៣–៤៨)។ ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់ ហេតុនេះគ្រីស្ទបរិស័ទ ត្រូវតែជាមនុស្ស ដែលមានសេចក្តីស្រឡាញ់ ហើយការនេះមានន័យថាយើងស្វែងរកការធ្វើអំពើល្អ ទៅកាន់មនុស្សគ្រប់គ្នា។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ
៥:១៦-១៨ លោកប៉ុលផ្តល់ឱ្យអ្នកជឿនូវគន្លឹះចំនួនបីសម្រាប់ភាពជោគជ័យនៅក្នុងជីវិតរបស់ គ្រីស្ទបរិស័ទ។
អរសប្បាយ៖ ការ “អរសប្បាយ” (χαίρετε) មានន័យថាទទួលបានបទពិសោធន៍ និងរីករាយនៅក្នុង ព្រះគុណ របស់ព្រះជាម្ចាស់។ នៅពេលដែលលោកប៉ុលសរសេរថា “ចូរអរសប្បាយជានិច្ច” វាមិនមែនជា ការបង្គាប់ឱ្យមានអារម្មណ៍សប្បាយគ្រប់ពេលនោះទេ ប៉ុន្តែចូរអរសប្បាយនៅក្នុងព្រះអម្ចាស់មិនថាយើង មានអារម្មណ៍បែបណានោះឡើយ។ ហេតុផលដែលគ្រីស្ទបរិស័ទអាចអរសប្បាយជានិច្ចបានគឺដោយសារ សេចក្តីអំណររបស់យើងមិនមែនជា កាលៈទេសៈ (ដែលតែងតែប្រែប្រួល) នោះទេ ប៉ុន្តែនៅក្នុងព្រះជាម្ចាស់ (ដែលមិនប្រែប្រួល) វិញ។ នៅពេលវេលាដែលល្អ និងមិនល្អ យើងអរសប្បាយនៅក្នុងព្រះជាម្ចាស់ ដោយសារទ្រង់ល្អគ្រប់វេលា។
អធិស្ឋាន៖ ការអធិស្ឋានគឺជាការប្រាស្រ័យទាក់ទងគ្នាជាមួយព្រះជាម្ចាស់។ វាគឺជាដោយសារព្រះយេស៊ូវ បានផ្សះ ផ្សាយើងនឹងព្រះជាម្ចាស់ហើយតាមរយៈព្រះលោហិត ដែលយើងមានឯកសិទ្ធិក្នុងការចូលទៅរក ព្រះជាម្ចាស់ហើយនិយាយទៅកាន់ទ្រង់បាន។ ឥឡូវនេះ យើងអាចមានការសន្ទនាជាប់ជានិច្ចជាមួយ ព្រះជាម្ចាស់បាន ដោយសារទ្រង់គង់នៅជាមួយយើងជានិច្ច។ ពេញមួយថ្ងៃយើងអាចសុំជំនួយ និងប្រាជ្ញា មកពីទ្រង់សម្រាប់ស្ថានភាពដែលយើងជួបប្រទះ សុំការអត់ទោសពីទ្រង់គ្រប់ពេល ដែលយើងប្រព្រឹត្ត អំពើបាប និងសរសើរតម្កើងដល់ទ្រង់ចំពោះសេចក្តីល្អរបស់ទ្រង់ចំពោះយើង។ ជីវិតយើងទាំងមូលអាចជា សេចក្តីអធិស្ឋានទៅកាន់ព្រះជាម្ចាស់។
អរព្រះគុណ៖ ការអរព្រះគុណ (εὐχαριστεῖτε) គឺជាការទទួលស្គាល់ថារាល់ទាំងការល្អទាំងឡាយ ដែលចូលមកក្នុងជីវិត របស់យើងសុទ្ធតែមកពីព្រះជាម្ចាស់ដោយសារព្រះគុណទ្រង់។ សម្គាល់ឃើញថា ការអរព្រះគុណរបស់ យើងគឺមិនមែនសម្រាប់គ្រប់ទាំងកាលៈទេសៈទាំងអស់ទេ ប៉ុន្តែនៅក្នុងគ្រប់ទាំង កាលៈទេសៈទាំងអស់។ វាគឺជាដោយសារយើងដឹងថាព្រះជាម្ចាស់ធ្វើគ្រប់កិច្ចការទាំងឡាយ ជាការល្អ សម្រាប់យើងដែលយើងអាចថ្វាយការអរព្រះគុណទៅកាន់ទ្រង់នៅគ្រប់កាលៈទេសៈទាំងអស់ (រ៉ូម ៨:២៨)។ គ្រប់កាលៈទេសៈទាំងអស់របស់យើង ទាំងការល្អ និងការអាក្រក់ ផ្សំគ្នាឡើងសម្រាប់ឱ្យយើងទទួលបាននូវ ភាពអស់កល្ប និងសិរីរុងរឿងដ៏អស់កល្បរបស់ទ្រង់ នេះហើយជាអ្វីដែលយើងអរគុណដល់ទ្រង់នោះ។
សូមកត់សម្គាល់នៅពេលយើងគួរតែអរសប្បាយ អធិស្ឋាន និងអរព្រះគុណ។ នោះគឺ “ជានិច្ច” “ឥតឈប់ឈរ” ហើយ “ក្នុងគ្រប់ការទាំងអស់”។ ការនេះបង្ហាញប្រាប់យើងថាគ្រីស្ទបរិស័ទគឺជារបៀបរស់នៅ។ វាគឺជាបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែលយើងដើរនៅក្នុងជីវិតឥតឈប់ឈរ ជារៀងរាល់ថ្ងៃដោយអរសប្បាយ ការអធិស្ឋាន និងអរព្រះគុណ។ ព្រះអង្គចង់ឱ្យយើងអធិស្ឋានទៅកាន់ទ្រង់ ព្រះអង្គចង់ឱ្យអ្នកទទួលបានចម្លើយសម្រាប់ការអធិស្ឋាន ហើយចេះអរព្រះគុណ និងមានការអរសប្បាយ។
កុំឲ្យពន្លត់ព្រះវិញ្ញាណ កុំឲ្យមើលងាយការអធិប្បាយឡើយ ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីសេចក្ដីអាក្រក់គ្រប់យ៉ាង។
៥:១៩ ដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ យើងត្រូវការព្រះវិញ្ញាណបរិសុទ្ធ។ យើងត្រូវតែទទួលពីព្រះអង្គ ហើយអនុញ្ញាតិឱ្យទ្រង់ដឹកនាំយើង។ ហេតុនេះបានជាលោកប៉ុលសរសេរថា យើងមិនត្រូវ “ពន្លត់ព្រះវិញ្ញាណ”។ “ពន្លត់” គឺជាពាក្យសម្រាប់ពន្លត់ភ្លើង។ ព្រះវិញ្ញាណបរិសុទ្ធមានលក្ខណៈ ដូចជាភ្លើងដែរពីព្រោះទ្រង់មានព្រះចេស្តា ហើយទ្រង់បន្សុទ្ធមនុស្ស ដើម្បីឱ្យពួកគេបានបរិសុទ្ធ ហើយយើងមិនត្រូវពន្លត់ភ្លើងនេះឡើយ។ យើងពន្លត់ព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលយើងមិនអនុញ្ញាតិ ឱ្យទ្រង់បង្រៀន ដឹកនាំ និងធ្វើការនៅក្នុង និងតាមរយៈយើង តែរឹងរូស មិនស្តាប់បង្គាប់ ហើយពឹងផ្អែកលើ គំនិត និងកម្លាំងខ្លួនឯង (នេះគឺជាអ្វីដែលលោកប៉ុលហៅថា “សាច់ឈាម”)។
៥:២០ របៀបមួយដែលមនុស្សពន្លត់ព្រះវិញ្ញាណគឺតាមរយៈការមើលងាយសេចក្តីទំនាយ ដែលទ្រង់ បានទានឱ្យ។ នៅក្នុង ១ កូរិនថូស ១៤ លោកប៉ុលបង្រៀនថាទំនាយគឺជាអំណោយទានខាងវិញ្ញាណ តាមរយៈការថ្លែងសារពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីប្រៀនប្រដៅ ឬលើកទឹកចិត្តដល់ក្រុមជំនុំ។ ប៉ុន្តែនៅពេលយើង បដិសេធមិនព្រមស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធ យើងពន្លត់កិច្ចការរបស់ទ្រង់ ហើយលទ្ធផលគឺជាក្រុមជំនុំ ដែលមិនទាន់ពេញវ័យ។
៥:២១ ទំនាយត្រូវការការសាកល្បងពីព្រោះមានហោរាក្លែងក្លាយ (ម៉ាថាយ ២៤:២៤; ១ កូរិនថូស ១២:១–៣; ២ ថែស្សាឡូនីច ២:២; ១ យ៉ូហាន ៤:១)។ តើយើងធ្វើការសាកល្បង សេចក្តីទំនាយ ដោយរបៀបណា? ទីមួយទំនាយត្រូវតែស្របតាមសេចក្តីបង្រៀនរបស់ពួកសាវ័ក (២ ថែស្សាឡូនីច ២:២; ១ យ៉ូហាន ៤:១–៦)។ ទីពីរទំនាយត្រូវតែកសាងក្រុមជំនុំឱ្យមានសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ (១ កូរិនថូស ១៤)។ ទីបីយើងស្គាល់ហោរាក្លែងក្លាយតាមរយៈផលផ្លែរបស់ពួកគេ (ម៉ាថាយ ៧:១៥-២០)។ ហេតុនេះយើងត្រូវមើលទៅកាន់ចរិកលក្ខណៈ និងរបៀបរស់នៅរបស់ពួកគេ ដើម្បីមើលថា តើពួកគេរស់នៅដូចជាព្រះយេស៊ូវដែរឬទេ។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ។
៥:២៣-២៤ លោកប៉ុលបញ្ចប់សំបុត្ររបស់គាត់ជាមួយនឹងព្រះពរនេះដែលសង្ខេបទៅជាប្រធានបទគន្លឹះ នៅក្នុងសំបុត្រនេះ។
(១) ភាពបរិសុទ្ធ៖ ព្រះពរដែលលោកប៉ុលចង់ឱ្យក្រុមជំនុំមានគឺការរាប់ជាបរិសុទ្ធពេញលេញ (៤:១-១២)។ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថាការរាប់ជាបរិសុទ្ធគឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយើង។ ភាពបរិសុទ្ធមិនមែនជាអ្វីដែលយើងអាចបង្កើតឡើងបាន ឬសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងដោយខ្លួនយើងនោះទេ។ ព្រះជាម្ចាស់តាមរយៈអំណាចនៃព្រះវិញ្ញាណដ៏បរិសុទ្ធ កំពុងបង្កើតបានជាភាពបរិសុទ្ធនៅក្នុងយើង។ បន្ទាប់មកនៅពេលយើងយល់ដឹងថាការរាប់ជាបរិសុទ្ធគឺជាគោលបំណងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់រាស្ត្ររបស់ទ្រង់ហើយ យើងត្រូវសហការជាមួយព្រះអង្គ ហើយដេញតាមគោលដៅនេះដោយអស់ពីចិត្ត។
(២) ការយាងត្រឡប់មកវិញជាលើកទីពីររបស់ព្រះយេស៊ូវ៖ ហេតុផលដែលយើងត្រូវការព្រះជាម្ចាស់ញែក យើងជាបរិសុទ្ធទាំងស្រុងគឺដើម្បីឱ្យនៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញយើងនឹង “ឥតសៅហ្មង” (៤:១៣-៥:១១)។ ព្រះយេស៊ូវនឹងយាងត្រឡប់មកសោយរាជ្យនៅលើផែនដីវិញនៅក្នុងព្រះរាជ្យនៃ សេចក្តីសុចរិតលើប្រជារាស្ត្រដ៏វិសុទ្ធ។ ឥឡូវនេះជីវិតយើងគឺជាការរៀបចំខ្លួនសម្រាប់ធ្វើជារាស្ត្រដ៏បរិសុទ្ធ របស់ទ្រង់អស់កល្បជានិច្ច។
(៣) អធិបតេយ្យភាពរបស់ព្រះជាម្ចាស់៖ ការលើកទឹកចិត្តដ៏អស្ចារ្យបំផុតសម្រាប់ក្រុមជំនុំគឺដឹងថា ព្រះជាម្ចាស់ទ្រង់មានអធិបតេយ្យភាព ហើយទ្រង់នឹងសម្រេចគ្រប់ទាំងផែនការរបស់ព្រះអង្គ (ខ៩, ១:៤, ២:១២, ៣:៣, ៤:៧, ៥:៩)។ គ្រីស្ទបរិស័ទ អាចមានជំនឿចិត្តពេញលេញថាព្រះជាម្ចាស់នឹងធ្វើគ្រប់ ទាំងអស់ដែលទ្រង់មានបន្ទូលថាទ្រង់នឹងធ្វើ។
តើព្រះជាម្ចាស់មានបន្ទូលថាទ្រង់នឹងធ្វើអ្វីខ្លះ? ព្រះបន្ទូលទ្រង់បញ្ជាក់យ៉ាងច្បាស់ៗថា៖
-
ព្រះអង្គបានត្រាស់ហៅអ្នកដែលទ្រង់បានជ្រើសរើសមកកាន់ភាពបរិសុទ្ធ និងការសង្គ្រោះ (៤:៧; រ៉ូម ១:៦-៧, ៨:២៨; ២ ធីម៉ូថេ ១:៩; ១ ពេត្រុស ២:៩)។
-
ព្រះអង្គនឹងរក្សា ហើយនាំអស់អ្នកដែលទ្រង់បានត្រាស់ហៅឱ្យមានសិរីរុងរឿង (២:១២; ១ ពេត្រុស ៥:១០)
-
គ្មាននរណាម្នាក់ដែលទ្រង់បានជ្រើសរើស នឹងត្រូវបាត់បង់ឡើយពីព្រោះព្រះអង្គទ្រង់ស្មោះត្រង់ (យ៉ូហាន ៦:៣៧–៤០, ១០:២៨-២៩; រ៉ូម ៨:២៨–៣៩; ១ កូរិនថូស ១:៩; ភីលីព ១:៦; យូដាស ២៤)។
សង្ខេបសេចក្តីមក ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ញែកអស់អ្នកដែលទ្រង់គង់នៅក្នុងជាបរិសុទ្ធ។ លទ្ធផលនៃការងារនៃការញែកជាបរិសុទ្ធនេះគឺថា យើងកំពុងតែផ្លាស់ប្រែទៅឲ្យដូចជារូបឆ្លុះនោះឯង (កាន់តែដូច ព្រះគ្រីស្ទខ្លាំងឡើង) ពីសិរីល្អទៅដល់សិរីល្អ (២ កូរិនថូស ៣:១៨) រហូតទាល់តែយើង មានសិរីរុងរឿង ជាមួយព្រះអង្គ នៅពេលទ្រង់យាងត្រឡប់មកវិញ ជាលើកទីពីរ (កូល៉ុស ៣:៤; ១ យ៉ូហាន ៣:២)។ ការប្រទានសិរីរុងរឿងនេះគឺជាការបញ្ចប់នៃការញែកជាបរិសុទ្ធរបស់យើង។ ការប្រទានសិរីរុងរឿងគឺជាគោលបំណងដ៏អស្ចារ្យ របស់ព្រះជាម្ចាស់សម្រាប់រាស្ត្ររបស់ទ្រង់ ហើយព្រះអង្គជាព្រះអាចទុកចិត្តបានសម្រាប់ការសម្រេច គោលបំណងរបស់ទ្រង់នោះ។ ហេតុផលដែលទំនុកចិត្តរបស់យើងថា យើងនឹងមានសិរីរុងរឿង ដែលជាលក្ខណៈរបស់ព្រះជាម្ចាស់។ ព្រះអង្គទ្រង់ស្មោះត្រង់ ហើយទ្រង់ប្រាកដ ជាធ្វើមិនខានឡើយ!
បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង
៥:២៥ បេសកជនបានអធិស្ឋានឱ្យក្រុមជំនុំ ឥឡូវនេះពួកគេសុំឱ្យក្រុមជំនុំអធិស្ឋានឱ្យពួកគេវិញ។ លោកប៉ុល និងគូកនរបស់គាត់បានជួបគ្រោះថ្នាក់ និងទុក្ខវេទនា ហើយលោកដឹងច្បាស់ថា លោកត្រូវការសេចក្តីអធិស្ដ្ឋានពីមិត្តភក្តិរបស់លោក។
សូមជំរាបសួរដល់ពួកបងប្អូនទាំងអស់ ដោយថើបបរិសុទ្ធដែរ
៥:២៦ ការថើបថ្ពាល់គឺជាទម្លាប់នៃការស្វាគមន៍នៅក្នុងវប្បធម៌មួយនេះ។
ខ្ញុំផ្តាំមកអ្នករាល់គ្នាដោយព្រះអម្ចាស់ថា សូមអានមើលសំបុត្រនេះ ឲ្យពួកបងប្អូនបរិសុទ្ធគ្រប់គ្នាស្តាប់ផង
៥:២៧ ការនេះបង្ហាញពីសារៈសំខាន់របស់អ្នកជឿទាំងអស់ឱ្យស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚
៥:២៨ ស្ទើតែរាល់សំបុត្រទាំងអស់របស់លោកប៉ុលចាប់ផ្តើម និងបញ្ចប់ដោយព្រះពរនៃព្រះគុណនេះ។ ពេលចាប់ផ្តើមសំបុត្ររបស់លោកប៉ុល គាត់សរសេរថា “សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ” ហើយ ចុងបញ្ចប់គាត់សរសេរថា “សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយព្រះគុណ”។ ព្រះជាម្ចាស់ផ្តល់ព្រះគុណ ដល់ប្រជារាស្ត្ររបស់ទ្រង់នៅពេលពួកគេអានព្រះបន្ទូលរបស់ទ្រង់ ហើយព្រះគុណនេះជាប់នៅជាមួយ ពួកគេជានិច្ច។


