top of page

សេចក្តីអធិប្បាយពីសំបុត្រភីលីព

សំបុត្រ​ប៉ុល នឹង​ធីម៉ូថេ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព ព្រម​ទាំង​ពួក​អ្នក​ត្រួត‌ត្រា នឹង​ពួក​ជំនួយ​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

 

១:១  វាគឺជាទំនៀបទំលាប់នៅក្នុងសម័យនោះ ក្នុងការចាប់ផ្តើមផ្នែកដំបូងនៃសំបុត្រ ដោយសរសេរឈ្មោះរបស់អ្នកសរសេរសំបុត ហើយឈ្មោះរបស់អ្នកទទួល បន្ទាប់មកការសួរសុខទុក្ខ។ 

 

អ្នកសរសេរសេចក្តីសំបុត្រនេះគឺជាលោក ប៉ុល។ គាត់បានសរសេរនៅក្នុងឆ្នាំ ៦១ គ,ស នៅក្នុងទីក្រុងរ៉ូម ពេលដែលគាត់នៅក្នុងផ្ទះឃុំឃាំងរង់ចាំការសួរចំលើយរបស់សេរសាណឺរ៉ូ (កិច្ចការ ២៨:១៦, ២៨:៣០- ៣១)។ លោកប៉ុលបានលើកឡើងពី លោកធីម៉ូថេ​ដោយព្រោះតែគាត់ក៏នៅក្រុងរ៉ូមដើម្បីជួយដល់លោកប៉ុលដែរ ហើយគាត់ក៏បាននៅជាមួយនឹង លោកប៉ុលពេលដែលគាត់បានចាប់ផ្តើមពួកជំនុំនៅក្នុងក្រុងភីលីពប្រមាណ ១១ ឆ្នាំមុន (កិច្ចការ ១៦–១៨)។​

 

លោកប៉ុលបានហៅខ្លួនគាត់ហើយនឹងលោកធីម៉ូថេថា “បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ”។ ពាក្យដែលត្រូវបាន បកប្រែថា “បាវបំរើ”  (δοῦλοι) ​ជាពាក្យដែលប្រើនៅក្នុងជំនាន់នោះសម្រាប់ទាសករ (ម៉ាកុស ១០:៤៣-៤៤)។ ​ភាពខុសគ្នា រវាងទាសករម្នាក់ហើយនឹងអ្នកបម្រើនោះគឺថា ទាសករគឺជាកម្មសិទ្ធរបស់ចៅហ្វាយដែលគេបំរើ។ លោកប៉ុល ​(ដូចជា យ៉ាកុប ពេត្រុស និងយូដាស) បានសម្លឹងឃើញខ្លួនគាត់ថា ជាទាសករម្នាក់របស់ ព្រះយេស៊ូវដោយព្រោះតែគាត់ដឹងថាព្រះយេស៊ូវបានទិញគាត់ក្នុងតម្លៃមួយ (១ កូរិនថូស ៧:២២-២៣) ហើយពេលនេះគាត់ជាកម្មសិទ្ធរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ហើយនឹងត្រៀមខ្លួនជាស្រេច នៅក្នុង ការធ្វើតាមអ្វីដែលម្ចាស់របស់គាត់បង្គាប់ឲ្យគាត់ធ្វើ។​

 

អ្នកដែលបានទទួលសំបុត្រនោះគឺជា “មក​ពួក​បរិសុទ្ធ​ទាំង​អស់ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​នៅ​ក្រុង​ភីលីព”។ ការនេះមានន័យថាជាពួកគ្រីស្ទានទាំងអស់ដែលនៅក្នុងទីក្រុង ភីលីព។​ ពួកគ្រីស្ទានគឺជា ពួកបរិសុទ្ធ ​មិនមែនដោយព្រោះតែការល្អដែលគេបានធ្វើ កម្រិតសីលធម៌ ឬកុសលនោះឡើយ ប៉ុន្តែដោយព្រោះតែ ព្រះបានញែកពួកគេដាច់ដោយឡែកឲ្យបានធ្វើជារាស្រ្តរបស់ព្រះអង្គ។ ព្រះបានសម្រេចការនេះតាមរយៈ កិច្ចការរបស់ព្រះយេស៊ូវ ដែលជាហេតុដែលពួកគេជា ពួកបរិសុទ្ធ “ក្នុងព្រះគ្រីស្ទយេស៊ូវ”។ ពេលនេះ ពួកគេរស់នៅក្នុងនាមជាប្រជារាស្រ្តរបស់ព្រះ ដែលពួកគេបានដឹងថា ព្រះបានត្រាស់ហៅឲ្យគេ រស់នៅក្នុងជីវិតដែលសុចរិតឆ្លុះបញ្ចាំងពីលក្ខណៈនៃព្រះនៅក្នុងលោកីយ៍  (២ ធីម៉ូថេ ១:៩; អេភេសូរ ១:៤; កូល៉ុស ៣:១២)។

 

ពួកបរិសុទ្ធដែលលោកប៉ុលបានសរសេរសំបុត្រផ្ញើរទៅគឺនៅក្នុងក្រុង ភីលីព​។  នេះជាទីក្រុងមួយស្ថិតនៅ ប៉ែកខាងជើងនៃម៉ាសេដូនា ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ ៤២ មុនគ,ស សម្រាប់ទាហានរ៉ូម៉ាំង ដែលចូលនិវត្តន៍រស់នៅ។  ពួកអ្នកដែលរស់នៅក្នុងទីក្រុងនោះត្រូវបានផ្តល់សិទ្ធឲ្យបានក្លាយជា សញ្ជាតិរ៉ូម៉ាំង។ ​លោកប៉ុល ហើយនឹងធីម៉ូថេបាន​ដាំពួកជំនុំនៅក្នុងក្រុង ភីលីព អំឡុងឆ្នាំ​ ៥០ គ,ស (កិច្ចការ ១៦:១១-៤០)។​    ពួក “អ្នកត្រួតត្រា” គឺជាពួកចាស់ទុំហើយនឹងអ្នកដឹកគង្វាល ដែលបង្ហាត់បង្រៀន ហើយដឹកនាំពួកជំនុំ (១ ធីម៉ូថេ ៣:២; កិច្ចការ ២០:២៨)។  ពួក “អ្នកជំនួយ” គឺជាគ្រប់គ្នាដែលបំរើនៅក្នុងពួកជំនុំ។​

 

១:២ អ្នកសរសេរសំបុត្ររ៉ូម៉ាំងជាច្រើន តែងតែជូនពរដល់អ្នកទទួលសំបុត្រទាំងអស់គ្នាថា “សូមឲ្យមានសុខភា​ព​ល្អ” ប៉ុន្តែលោកប៉ុលមានអ្វីដែលល្អប្រសើរជាងនោះសម្រាប់អ្នកអានរបស់គាត់វិញគឺ: ព្រះគុណ និងសេចក្តីសុខសាន្ត។ ព្រះគុណគឺជាព្រះពរ និងព្រះចេស្តារបស់ព្រះ ដែលធ្វើការនៅក្នុងជីវិត មនុស្សណាម្នាក់។​​​ សេចក្តីសុខសាន្តគឺជាលទ្ធផលដែលកើតចេញពីព្រះគុណនេះ។​​ វាគឺជា សុខុមាលភាពពេញលេញទាំ​ង  រូបកាយ ព្រលឹង វិញ្ញាណ ហើយនឹងទំនាក់ទំនង។ ​ព្រះគុណ និងសេចក្តីសុខសាន្តគឺជាការប្រទានពីព្រះវរបិតានៃយើងហើយនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។​

សូមចំណាំពីការលើកឡើងពីព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ម្តងហើយម្តងទៀតចំនួនបីដងនៅក្នុង ខទាំងបី នេះ។ ​អត្តសញ្ញាណរបស់លោកប៉ុលជា (“បាវបំរើរបស់ព្រះគ្រីស្ទយេស៊ូវ”) អត្តសញ្ញាណ អ្នកអានសំបុត្រ គាត់ជា (“ពួកបរិសុទ្ធនៅក្នុងព្រះគ្រីស្ទយេស៊ូវ”) ហើយនឹងព្រះគុណ និងសេចក្តីសុខសាន្ត ដែលយើងទទួលបានមកពីព្រះដ៏ជាព្រះវរបិតាហើយនឹងព្រះគ្រីស្ទយេស៊ូវ។ នៅក្នុងសំបុត្រនេះ លោកប៉ុល នឹងបង្ហាញយើងថាជីវិតរបស់គ្រីស្ទានម្នាក់ៗគឺ នៅក្នុង ជាមួយ ដោយសារ និងសម្រាប់ព្រះគ្រីស្ទយេស៊ូវ។

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា ខ្ញុំ​ក៏​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ នៅ​គ្រប់​វេលា​ដែល​ខ្ញុំ​អធិស្ឋាន​ជានិច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដរាប​ដល់​ឥឡូវ​នេះ 

 

១:៣-៤ ចំនុចសំខាន់នៃសេចក្តីសំបុត្រនេះគឺជា អំណរនៅក្នុងព្រះគ្រីស្ទ។ លោកប៉ុលប្រើពាក្យថា “អំណរ” ចំនួន ១៦ដង (១:៤, ១:១៨, ១:២២, ២:២, ២:១៧-១៨, ២:២៨-២៩, ៣:១, ៤:១, ៤:៤, ៤:១០)។​ មានពេលប្រាំបីដងដែលលោកប៉ុលប្រាប់ដល់អ្នកអានរបស់គាត់អំពីសេចក្តីអំណរ របស់គាត់ ហើយប្រាំបីដងដែលគាត់លើកទឹកចិត្តពួកគេអោយមានអំណរ។ ​តើអ្វីជាអំណរ? អំណរគឺជាការស្កប់ស្កល់​ ដែលឥតឈប់ឈរ មិនថាអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយនៅក្នុងជីវិត។ ​តើយើងអាចមានអំណរ ដោយរបៀបណា? ​ចំលើយនោះគឺ ព្រះគ្រីស្ទ។​ លោកប៉ុលនឹងបង្ហាញ យើងពីរៀបដែលគាត់មានអំណរ សូម្បីតែនៅក្នុងស្ថានភាពដែលលំ​បា​​កដោយព្រោះតែទំនាក់ទំនង របស់គាត់ជាមួយនឹងព្រះយេស៊ូវ។​

លោកប៉ុលអរព្រះគុណដល់ព្រះសម្រាប់ពួកអ្នកជឿនៅក្នុងក្រុងភីលីព។​ គាត់តែងតែបានគិតអំពីពួកគេ ហើយការនេះនាំឲ្យគាត់មានអំណរ។​ សម្រាប់លោកប៉ុល អំណរមកពីព្រះយេស៊ូវ ហើយពីការ ដែលបានស្គាល់ និងឆ្លងកាត់ដំណឹងល្អ ហើយបានឃើញអ្នកដទៃក៏ធ្វើយ៉ាងដូច្នោះដែរ។ ​ហេតុផលទាំងពីរ ដែលគាត់បានផ្តល់ឲ្យសម្រាប់សេចក្តីអធិស្ឋានដ៏អំណររបស់គាត់បានបង្ហាញយ៉ាងច្បាស់អំពី​រឿង​នេះ។

១:៥ ហេតុផលទីមួយសម្រាប់សេចក្តីអំណរ របស់លោកប៉ុលគឺជាពួកបរិសុទ្ធក្រុងភីលីព ដែលជាដៃគូរជាមួយនឹងគាត់នៅក្នុងដំណឹងល្អ។ ការនេះបានចាប់ផ្តើមពេលដែលគាត់ប្រកាសដំណឹងល្អ នៅក្នុងក្រុងភីលីព (កិច្ចការ ១៦)។ ​ពេលដែលគាត់នៅជាមួយនឹងពួកគេនៅឡើយ មានអ្នកខ្លះក្នុងពួកគេ បានតតាំង​ជា​មួ​យ​នឹងលោកប៉ុលក្នុងដំណឹងល្អ (៤:៣)។ បន្ទាប់ពីគាត់ចាកចេញទៅ ពួកគេតែងតែអធិស្ឋានសម្រាប់គាត់ជានិច្ច (ខ១៩) ប្រកាសដំណឹងល្អ (១:២៧-២៨) ហើយនៅតែទំនាក់ទំនងជាមួយនឹងគាត់តាមរយៈអ្នកនាំសារ (២:២៥-៣០) ហើយបានផ្ញើរអំណោយ ជាជំនួយដល់ព័ន្ធកិច្ចរបស់គាត់(៤:១០-២០)។ 

 

ខ្ញុំ​ជឿ​សេចក្ដី​នេះ​ជា​យ៉ាង​ជាក់​ថា ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ 

 

១:៦ ហេតុផលទីពីរចំពោះអំណរ របស់លោកប៉ុលគឺជាទំនុកចិត្តដែលព្រះនឹងសម្រេច ការល្អដែលព្រះអង្គបា​ន​ចាប់ផ្តើមក្នុងពួកបរិសុទ្ធទាំងនេះ។ ​“​ធ្វើ​ការ​ល្អ” ដែលព្រះបានចាប់ផ្តើមធ្វើ នៅក្នុងពួកគេគឺជាសេចក្តីសង្រ្គោះដែល​បានចាប់ផ្តើមពេលដែលពួកគេទទួលដំណឹល្អដំបូងបំផុត (ខ៤)។ ពេលដែលព្រះចាប់ផ្តើមសេចក្តី         ស​ង្រ្គោះ​របស់យើងរាល់គ្នានោះ ព្រះអង្គក៏បន្តធ្វើការនោះ ហើយធានាថាការនោះនឹងបានសម្រេច។​

 

សេចក្តីសង្រ្គោះគឺជាកិច្ចការរបស់ព្រះចាប់តាំងពីដើមដំបូងដល់ចុងបំផុត។​ ដូច្នេះហើយ ពេលដែលការនោះបានចាប់ផ្តើម វាប្រាកដ​ជានឹងបានសម្រេចដោយព្រោះតែព្រះទ្រង់ស្មោះត្រង់  (១ ថែស្សាឡូនីច ៥:២៣-២៤)។ ​លោកប៉ុលដឹងថាព្រះជាម្ចាស់ ដែលព្រះ​អង្គចាប់ផ្តើមការល្អនេះនៅក្នុងពួកគេ ព្រះអង្គនឹងបន្ត រហូតដល់ការនេះបានសម្រេច​ “ដល់​ថ្ងៃ​នៃ​ព្រះ‌​យេ​ស៊ូវ​គ្រី​ស្ទ”។​ ការនេះគឺសំដៅលើការយាងត្រឡប់មកវិញ ជាលើកទីពីរ ពេលដែល ការប្រទានសិរីរុងរឿងនៃពួកអ្នកជឿដែលនឹងកើតមានឡើង។​  

គួរ​គប្បី​ឲ្យ​ខ្ញុំ​គិត​ពី​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ពី​ខ្ញុំ​នៅ​ជាប់​ក្នុង​ចិត្ត​ជានិច្ច ទោះ​បើ​ខ្ញុំ​ជាប់​ចំណង ឬ​កំពុង​តែ​ដោះ‌សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​ក្តី ដ្បិត​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ប្រកប ក្នុង​ព្រះ‌គុណ​ជា​មួយ​នឹង​ខ្ញុំ​ដែរ ព្រះ‌ទ្រង់​ជា​ស្មរ‌បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដោយ​ព្រះ‌ហឫទ័យ​សន្តោស​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ 

 

១:៧-៨ សេចក្តីអំណររបស់លោកប៉ុលគឺជាអ្វីដែលត្រឹមត្រូវ ដោយព្រោះតែនេះជាសេចក្តីស្រឡាញ់របស់ គាត់សម្រាប់ពួកបរិសុទ្ធក្រុងភីលីព ដែលមាន​សេចក្ដី​ប្រកប ក្នុង​ព្រះ‌គុណ​ជា​មួយ​នឹងគាត់។ ​ពួកគាត់ទាំងអស់ គ្នាបានឆ្លងកាត់បទពិសោធន៍នៃព្រះគុណនៃព្រះគ្រាដែលពួកគេបានប្រឈមមុខស្ថានភាព ដ៏លំបាកនេះជាមួយនឹងគ្នា។ ​លោកប៉ុលកំពុងនៅក្នុងក្រុងរ៉ូម ពួកគេនៅក្នុងក្រុងភីលីព។​ ប៉ុន្តែ ពួកគាត់ បានបន្តនៅក្នុងការធ្វើជាដៃគូរជាមួយនឹងលោកប៉ុលក្នុងគ្រាដែលគាត់នៅជាប់គុក ហើយនឹងដែល “​កំពុង​តែ ​ដោះ‌សា ហើយ​បញ្ជាក់​ដំណឹង​ល្អ​​”។ លោកប៉ុលសំដៅលើការសួរចំលើយរបស់គាត់ ដែលគាត់ត្រូវតែឆ្លើយ ​ការពារ​​អំពី​ដំណឹង​ល្អ ហើយ​បញ្ជាក់យ៉ាងច្បាស់លាស់ថា ដំណឹងល្អជាសេចក្តីពិត។​

 

ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល​មើល ឲ្យ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​ប្រសើរ ដើម្បី​ឲ្យ​បាន​ជ្រះ‌ថ្លា ហើយ​ឥត​ធ្វើ​ឲ្យ​អ្នក​ណា​អាក់‌អន់​ចិត្ត​ឡើយ ដរាប​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ ព្រម​ទាំង​មាន​ពេញ​ជា​ផល​នៃ​សេចក្ដី​សុចរិត​ដែល​មក​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​ផង។

 

១:៩​​ ពេលនេះលោកប៉ុលប្រាប់ពួកបរិសុទ្ធនៅក្រុងភីលីព ពីអ្វីដែលគាត់បានអធិស្ឋានសម្រាប់ពួកគេ។​ ​គាត់អធិស្ឋានសូមឲ្យសេចក្តីស្រឡាញ់របស់ពួកគេបានចម្រើន​កាន់​តែ​ច្រើន​ឡើងៗ​។ ​គោលដៅនៅក្នុងជីវិត របស់គ្រីស្ទានម្នាក់ គឺត្រូវឲ្យស្រឡាញ់ព្រះឲ្យអស់ពីចិត្ត ​អស់ពីគំនិត អស់ពីព្រលឹងហើយនឹងអស់ពីកម្លាំង ហើយត្រូវស្រឡាញ់ អ្នកជិតខាងឲ្យដូចខ្លួនឯង។ សេចក្តីស្រឡាញ់ប្រភេទ​នេះ មិនអាចសម្រេចបាន ដោយដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់មនុស្សបានឡើយ។ វាគឺជាអ្វីដែលព្រះធ្វើឲ្យកើតមានឡើង (១​ ថែស្សាឡូនិច ៣:១២; រ៉ូម ៥:៥) ហេតុនេះហើយ បានជាលោកប៉ុលអធិស្ឋានដល់ព្រះថា សូមឲ្យសេចក្តីស្រឡាញ់របស់គេបានចម្រើនឡើង។​​

 

លោកប៉ុលបានអធិស្ឋានសូមឲ្យសេចក្តីស្រលាញ់របស់គេ "បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង"។​  ដើម្បីឲ្យការនេះ អាចកើតឡើងបាន ពួកបរិសុទ្ធត្រូវការឲ្យមាន “សេចក្ដី​ចេះ​ដឹង នឹង​យោបល់​”​ ដើម្បីឲ្យបានដឹងថា តើត្រូវមា​ន​​​សេចក្តីស្រឡាញ់បែបដោយប្រាជ្ញាជាយ៉ាងណា។ ការនេះនឹង​ជួយឲ្យ​យើង ​​នៅក្នុងការបង្ហាញពីសេចក្តីស្រឡាញ់ដល់​អ្នក​ដទៃ ​តាម​របៀប​ដែល​កាន់តែប្រសើរ និង​បរិសុទ្ធ។ នៅពេលដែលយើងមាន សេចក្តីស្រឡាញ់រួមជាមួយនឹងចំណេះដឹង ហើយនឹងយោបល់នោះ (នោះគឺជា ការមានចិត្តថ្មី ហើយនឹង គំនិតជាថ្មី) លទ្ធផលនឹងបណ្តាលឲ្យយើងបាន “បញ្ជាក់ពីអ្វីដែលល្អប្រើសើរ”។​​ ការនេះមានន័យថា យើងនឹងបានដឹងពីអ្វីដែលល្អ នៅក្នុងការប្រព្រឹត្ត ហើយយើងនឹងធ្វើការនោះ។​

១:១០ ​លទ្ធផលពីការនេះនឹងនាំឲ្យមានជីវិតមួយដែល “បរិសុទ្ធ ហើយរកកន្លែងបន្ទោសមិនបាន”។ លក្ខណៈសម្បត្តិទាំងពីរនេះ នាំទៅកាន់ជីវិតមួយ ដែលសុចរិត។​

១:១១​ សេចក្តីសុចរិតនេះគឺជាផលផ្លែខាងព្រលឹងវិញ្ញាណដែលបានមកដោយសារព្រះយេស៊ូវ។ ​ព្រះយេស៊ូវបានបង្ហាញសេចក្តីសុចរិតនេះយ៉ាងល្អឥតខ្ចោះនៅក្នុងលក្ខណៈ និងកិច្ចការរបស់ព្រះអង្គផ្ទាល់។ ​ពេលនេះ ចំនុចសំខាន់នៃការដែលបង្កើតផលផ្លែនិងជីវិតសុចរិតនោះគឺជា ការដែលនៅជាប់ ក្នុងព្រះគ្រីស្ទ (យ៉ូហាន ១៥:១-៦)។ តាមរយៈការអធិស្ឋានទៀងទាត់ ហើយនឹងស្តាប់បង្គាប់ព្រះអង្គនោះ យើងទទួលជីវិត និងអំណាចពីព្រះអង្គ ដើម្បីឲ្យព្រះអង្គអាចបង្កើតសេចក្តីសុចរិត និងការល្អនៅក្នុងខ្លួនយើង ដោយព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ២:១៤; កាឡាទី​៥:២២-២៣)។ ការដែលរស់នៅបែបដូច្នេះ នោះព្រះនឹងទទួលបានសិរីរុងរឿង។

 

ដូច្នេះហើយ គោលដៅ​ដ៏សំខាន់របស់លោកប៉ុល ហើយនឹងសេចក្តីអធិស្ឋានទៅចំពោះព្រះ  ផ្តោតសំខាន់លើ «​ជា​សិរី‌ល្អ ហើយ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​»។  “សិរីរុងរឿង” គឺជាភាពស្រស់បំព្រង ភាពធំឧត្តម ហើយនឹងសេចក្តីប្រសើរបំផុតនៃព្រះ; “ការសរសើរដំកើង”​ គឺជាការឆ្លើយតប របស់យើងចំពោះការស្ញើចសរ​សើរ លើកដំកើង និងអំណរពេលដែលយើងទទួលស្គាល់ សិរីរុងរឿងរបស់ព្រះអង្គ។​

 

បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ ដល់​ម៉្លេះ​បាន​ជា​នៅ​ពេញ​ក្នុង​ផ្ទៃ​វាំង នឹង​គ្រប់​កន្លែង​ឯ​ទៀត គេ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជាប់​ចំណង​នេះ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ 

 

១:១២ ពួកបរិសុទ្ធនៅក្រុងភីលីពបានយកចិត្តទុកដាក់ចំពោះលោកប៉ុលយ៉ាងជ្រាលជ្រៅបំផុត​។ ​ពួកគេមិនបាន​ឃើញគាត់រយៈពេល៤ឆ្នាំមកហើយ ហើយដឹងថាគាត់នឹងត្រូវចោទសួរដោយអង្គជំនុំជំរះ ជាន់ខ្ពស់នៅក្នុងទីក្រុងរ៉ូម។ ពួកគេចង់ដឹងពីសុខទុក្ខរបស់គាត់ថាជាយ៉ាងណា តើអ្វី​ដែល​គាត់​គិត​ថា​ លទ្ធផល​នៃ​ការ​ជំនុំ​ជម្រះ​នឹង​មាន ហើយតើការនេះនឹងប៉ះពាល់ដល់ការរីកចំរើននៃដំណឹងល្អដែរ ឬយ៉ាងណា។ លោ​កប៉ុលដឹងថា ពួកគេគិតបែបយ៉ាងនេះ ហើយធ្វើការបញ្ជាក់ប្រាប់ពួកគេ ដើម្បីឲ្យពួកគេមានទំនុកចិត្ត ដូចដែលគាត់មាន ដូចដែលបានគិតអំពីស្ថានភាពនោះ។​

“ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ” ​គឺគ្រប់ទាំងព្រឹត្តិការណ៏ទាំងប៉ុន្មានដែលជាហេតុ ដែលនាំឲ្យគាត់ ត្រូវជា​ប់​គុកនៅរ៉ូម​ ដែលយើងអានអំពីការនេះនៅក្នុង កិច្ចការ ជំពូកទី ២១ ដល់​ ២៨។ លោកប៉ុលប្រាប់ពួកគេថាអ្វីដែលកើតឡើងចំពោះគាត់នោះ​ “​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ”។ ​នេះគួរតែជាការភ្ញាក់ផ្អើលដល់អ្នកក្រុងភីលីព។ ​ពួកគេអាចនឹងគិតថា ការពិតដែលសាវ័កដំណឹងល្អ ដល់សាសន៍ដទៃ ត្រូវបានជាប់ចំណងអាចនឹងបង្អាក់ការចំរើន​ដល់ដំណឹងល្អថាគាត់ត្រូវបានចាត់ឲ្យចេញទៅ ប្រកាសនោះឡើយ។ ​ប៉ុន្តែ ព្រះបន្ទូលនៃព្រះមិនត្រូវជាប់ចំណងនោះឡើយ (២ ធីម៉ូថេ ២:៩) ហើយវត្តមានរបស់លោកប៉ុលនៅក្នុងរ៉ូមក្នុងនាមជាអ្នកទោសម្នាក់ពិតជាបានជួយដល់ការចំរើននៃដំណឹងល្អ ទៅវិញ។​

 

១:១៣ មានបីចំនុចដែលដំណឹងល្អបានចំរើនដោយសារការជាប់គុករបស់លោកប៉ុល។ ចំនុចដំបូង ពួកអ្នកយាមរាជ្យវាំងគ្រប់ទាំងអស់ដឹងថា លោកប៉ុលត្រូវជាប់គុកគឺ ដោយព្រោះ ព្រះគ្រីស្ទ។ អស់រយៈពេលពីរឆ្នាំ ដែលលោកប៉ុលត្រូវជាប់ចំណងក្រោមការត្រួតពិនិត្យរបស់ទាហាន ដែលមានដំណែងខ្ពស់បំផុតរបស់សេរសា។ ​ការនេះបានផ្តល់ឳកាសជាច្រើនដល់គាត់នៅក្នុងការប្រកាស ដំណឹងល្អដល់ពួកគេ។ ​​ពេលនោះពួកអ្នកយាមនៅក្នុងរាជ្យវាំងទាំងអស់ ហើយនឹងមានមនុស្សជាច្រើន ដែលនៅកៀកនឹងសេរសា បានដឹងពីហេតុផលដែលលោកប៉ុលត្រូវជាប់ចំណង គឺដោយព្រោះតែ គាត់បានប្រកាសថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់។ ហេតុនេះហើយ មនុស្សដែលមិនធ្លាប់បានឮ ពីព្រះយេស៊ូវពីមុន កំពុងតែបានរៀនពីអំពីព្រះអង្គដោយសារលោកប៉ុលវិញ។​

ហើយ​ពួក​បង​ប្អូន​ច្រើន​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ក៏​បាន​សង្ឃឹម​ឡើង​ដោយ‌សារ​ចំណង​ខ្ញុំ ហើយ​គេ​ហ៊ាន​ផ្សាយ​ព្រះ‌បន្ទូល​កាន់​តែ​ច្រើន​ឡើង ដោយ​ឥត​ភ័យ​ខ្លាច

 

១:១៤​  ចំនុចទីពីរដែលដំណឹងល្អបានចំរើននៅក្នុងពេលវេលាបែបនេះគឺ ដែលលោកប៉ុលត្រូវជាប់គុក បានធ្វើឲ្យគ្រីស្ទានផ្សេងទៀតនៅក្នុងទីក្រុងរ៉ូមកាន់តែមានទំនុកចិត្តឡើងថែមទៀតនៅក្នុងព្រះអម្ចាស់។ ​ពួកគាត់បានដឹងថាប្រសិនបើព្រះយេស៊ូវអាចប្រទានសេចក្តីក្លាហានដល់លោកប៉ុល ឲ្យបានធ្វើបន្ទាល់ សូម្បីតែគាត់នៅជាប់ចំណងផងនោះ ព្រះអង្គក៏អាចប្រទាននូវសេចក្តីក្លាហានដល់ពួកគាត់ឲ្យបានធ្វើ បន្ទាល់ដូចគ្នាដែរ។ ​ជាលទ្ធផល  ពួកគាត់បានប្រកាសព្រះបន្ទូលនៃព្រះកាន់តែខ្លាំងឡើង ដោយ សេចក្តីក្លាហានលើសពីមុនទៅទៀត។​

 

មាន​ខ្លះ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ឈ្នានីស ហើយ​ចង់​ឈ្លោះ​ប្រកែក​មែន តែ​ខ្លះ ដោយ​ចិត្ត​ស្មោះ‌សរ​វិញ ឯ​ពួក​មួយ គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ទទឹង មិន​មែន​ដោយ​ចិត្ត​ស្អាត​ទេ នោះ​គឺ​ដោយ​ស្មាន​ថា គេ​នឹង​បន្ថែម​សេចក្ដី​ទុក្ខ​លំបាក​ដល់​ចំណង​ខ្ញុំ​ទៀត ឯ​ពួក​មួយ​ទៀត គេ​ប្រព្រឹត្ត​ដោយ​ស្រឡាញ់​វិញ ដោយ​ដឹង​ថា ខ្ញុំ​បាន​តាំង​ឡើង សំរាប់​ដោះ‌សា​ពី​ដំណឹង​ល្អ

 

១:១៥ ​ការដែល “សំដែងពីព្រះគ្រីស្ទ” គឺជាការប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះដោយព្រះគុណ តាមរយៈសេ​​ចក្តី​ជំនឿនៅក្នុងព្រះគ្រីស្ទ។​​​ ពួកគ្រីស្ទាននៅក្រុងរ៉ូមបានឃើញថា លោកប៉ុលមិនអាចនឹង ប្រកាសជាសាធា​រ​ណៈបាន​ ដូច្នេះហើយ ពួកគាត់បានធ្វើការនេះជំនួសលោកប៉ុលប៉ុន្តែជាមួយនឹងការជំរុញ ទឹកចិត្តផ្សេងៗពីគ្នា។​​

១:១៦-១៧ មនុស្សមួយចំនួនបានដឹងថាលោកប៉ុលត្រូវបានជាប់គុក ដោយព្រោះតែការ​ឆ្លើយ​ការ​ពារ​ របស់គាត់ចំ​ពោះ​​ដំណឹងល្អ ហើយត្រូវបានជំរុញទឹកចិត្តដោយសេចក្តីស្រឡាញ់គ្រីស្ទានសម្រាប់ លោកប៉ុលនៅក្នុងការប្រកាសដំណឹងល្អ។​ អ្នកខ្លះទៀតត្រូវបានជំរុញចិត្តដោយសេចក្តីច្រណែនឈ្នានីស ហើយនិងភាពអាត្មានិយមហើយចង់ឲ្យមានកេរ្តិ៏ល្អជាងលោកប៉ុលគ្រាដែលគាត់នៅជាប់គុកនៅឡើយ។​ ពួកគេបានគិតថាការនេះអាចនឹងធ្វើឲ្យលោកប៉ុលកាន់តែរងទុក្ខថែមទៀត។​

 

ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្ដី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត

 

១:១៨ នៅក្នុងចិត្តរបស់លោកប៉ុលគ្មានសេចក្តីច្រណែនឈ្នានីសនោះឡើយ។ ​វាមិនសំខាន់ទេដែល អ្នកខ្លះបានធ្វើការនោះស​​ម្រាប់គាត់ ឬអ្នកខ្លះធ្វើដើម្បីទាស់នឹងគាត់នោះឡើយ។ ​អ្វីដែលសំខាន់នោះគឺថា ព្រះគ្រីស្ទត្រូវបានប្រកាសវិញ ហើយការនេះបានផ្តល់សេចក្តីអំណរ ដល់លោកប៉ុល។ ​គាត់រីករាយ ដោយព្រោះតែដំណឹងល្អកំពុងតែចំរើន។ ​អ្វីដែលសំខាន់បំផុតសម្រាប់លោកប៉ុលគឺជាការ ដែលដំណឹងល្អ ត្រូវបានប្រកាស។​

ដំណឹងល្អបានកំពុងចំរើនឡើងតាមរៀបផ្សេងទៀតទោះបីជាលោកប៉ុលគាត់មិនបានដឹងក៏ដោយ។​ក្នុងអំឡុងពេលប៉ុន្មានឆ្មាំដែលលោកប៉ុលត្រូវជាប់គុកនោះ លោកប៉ុលមិនអាចបានទៅសួរសុខទុក្ខពួកជំនុំទាំងប៉ុន្មាន ដែលគាត់បានចាប់ផ្តើមនោះឡើយ។​ ដូច្នេះហើយ គាត់បានសរសេរសំបុត្រផ្ញើរទៅពួកជំនុំទាំងនោះ។ ​សេចក្តីសំ​បុ​ត្រ​ទាំងនេះមានដូចជា (ភីលីព អេភេសូ កូឡូស ហើយនិងភីលេម៉ូន) បានផ្តល់ព្រះពរដល់ជីវិតជាច្រើនលាននាក់ក្នុងរយៈពេលពីរពាន់ឆ្នាំមកនេះ។​ ​សេចក្តីសំបុត្រទាំងនេះ បានចំរើនដល់ដំណឹងល្អលើសជាងអ្វីដែលោកប៉ុលអាចសម្រេចបានបើដែលគាត់អាចធ្វើដំណើរដោយសេរីនៅក្នុងចក្រភពរ៉ូម៉ាំងទៅទៀត។  ​ហេតុនេះហើយ ការជាប់គុករបស់គាត់ពិតជាបានចំរើនដល់ដំណឹងល្អ យ៉ាងខ្លាំង!​

 

ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង តាម​សេចក្ដី​ដែល​ខ្ញុំ​ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះ‌គ្រីស្ទ​ក្នុង​រូប‌កាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី 

 

១:១៩-២០ លោកប៉ុលមានសេចក្តីរីករាយដោយព្រោះតែគាត់បានដឹងថាព្រះនឹងសម្រេច “សេចក្តីសង្រ្គោះ” របស់គាត់​ (យ៉ូប ១៣:១៦)។ លោកប៉ុលមិនមែនសំដៅលើការដែលរំដោះឲ្យបានរួចពី ការប្រហារជីវិត ឬសេចក្តីសង្រ្គោះនៅស្ថានសួគ៌ពេលដែលគាត់ស្លាប់ទៅនោះឡើយ។​ ​តែផ្ទុយទៅវិញ “សេចក្តីសង្រ្គោះ” របស់គាត់នោះ គឺថាគាត់នឹងត្រូវឈរនៅមុខការចោទសួរ របស់រ៉ូម៉ាំងដោយ សេចក្តីក្លាហាន ហើយព្រះគ្រីស្ទនឹងត្រូវបានដំកើងឡើងនៅក្នុងគាត់ “ទោះរស់ឬស្លាប់ក្តី”។ អ្វីដែលលោកប៉ុលយកចិត្តទុកដាក់បំផុតនោះគឺថាគាត់នឹងបានធ្វើទីបន្ទាល់ដោយសេចក្តីក្លាហានសម្រាប់ព្រះគ្រីស្ទ ហើយថាការចោទសួររបស់គាត់នឹងបានថ្វាយសិរីល្អដល់ព្រះអង្គ។

 

លោកប៉ុលសម្លឹងមើលចំពោះសេចក្តីសង្រ្គោះនេះ ​ត្រូវ​បានសម្រេចបានដោយ (១) សេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធនៅក្រុងភីលីពសម្រាប់គាត់ ហើយ (២) ជំនួយដែលប្រទានមកពី ព្រះវិញ្ញាណបរិសុទ្ធ។ ចំនុចទាំងពីរដែលផ្សាភ្ជាប់ជាមួយគ្នា ដោយព្រោះព្រះនឹងបំពេញលោកប៉ុល ដោយព្រះវិញ្ញាណបរិសុទ្ធជាចម្លើយចំពោះសេចក្តីអធិស្ឋានរបស់ពួកគាត់។​ ព្រះវិញ្ញាណបរិសុទ្ធនឹងប្រទាន កម្លាំងដែលលោកប៉ុលត្រូវការចំពោះសេចក្តីក្លាហាន និងការសំដែងទីបន្ទាល់យ៉ាងច្បាស់លាស់ ចំពោះ ដំណឹងល្អពេលដែលត្រូវចោទសួរ ដូច្នេះហើយទោះបីជា គាត់ត្រូវដោះលែង ឬប្រហារជីវិតក៏ដោយ “ព្រះគ្រីស្ទនឹងបានសរសើរដំកើង”។​

 

ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ‌គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ 

 

១:២១ ​លោកប៉ុលទើបតែបានលើកឡើងថា “សេចក្តីសង្ឃឹមហើយនឹងសេចក្តីរំពឹង”របស់គាត់ គឺថាព្រះគ្រីស្ទនិងត្រូវបានសរសើរដំកើងនៅក្នុងរូបកាយរបស់គាត់ មិនថាដោយការរស់នៅ ឬដោយការស្លាប់របស់គាត់នោះឡើយ។​ ​​បន្ទាប់មក លោកប៉ុលប្រាប់យើងទាំងអស់គ្នាពីអ្វីដែលជាការរស់​ នៅហើយនឹងសេចក្តីស្លាប់ មានអត្ថន័​យ​ចំពោះគាត់។​

 

សម្រាប់ប៉ុល ការ​រស់​គឺ​ព្រះគ្រិស្ដ​។ ព្រះគ្រីស្ទគឺជាការជំរុញទឹកចិត្តស ម្រាប់ការប្រព្រឹត្ចរបស់គាត់  គោលដៅនៃជីវិតនឹងព័ន្ធកិច្ចរបស់គាត់ ហើយជាប្រភពនៃកម្លាំងរបស់គាត់។ លោកប៉ុលបាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ហើយព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​គាត់ ហើយឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌គ្រីស្ទ  (កាឡាទី ២:២០)។ គាត់បានត្រូវកប់ ជាមួយនឹងព្រះគ្រីស្ទដើម្បីឲ្យបានដូចជាព្រះគ្រីស្ទត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ លោកប៉ុល អាចនឹងរស់នៅក្នុងជី​វិតថ្មីនៅក្នុងព្រះអង្គដែរ (រ៉ូម ៦:៤, ៦:៨,១៤:៧-៩; ២ កូរិនថូស ៥:១៤-១៥)។

ការ "ដែលស្លាប់ទៅ នោះ​ជា​កំរៃ​វិញ”  ​ជំរុញ​ឱ្យ​មាន​សំណួរ៖ ជាកំរៃពីអ្វី? ចំលើយនោះគឺ ដែលបានព្រះគ្រីស្ទជាកំរៃ។ ​ជីវិតរបស់លោកប៉ុលគឺជាជីវិតនៅក្នុងព្រះគ្រីស្ទ (កូឡូស ៣:៤)។ សេចក្តីស្លាប់នឹងមិនបញ្ចប់ជីវិតនោះ ប៉ុន្តែវានឹងកាន់តែបង្កើនជីវិតនោះ នៅពេលដែលលោកប៉ុលឲ្យកាន់តែបានទៅ នៅជាមួយនឹងព្រះគ្រីស្ទនៅក្នុងស្ថានសួគ៌ ហើយមានទំនាក់ទំនងជាមួយនឹងព្រះអង្គនៅទីនោះ។

 

ប៉ុន្តែ បើ​រស់​ខាង​ឯ​សាច់​ឈាម នឹង​នាំ​ឲ្យ​ការ​ខ្ញុំ​កើត​ផល នោះ​ខ្ញុំ​មិន​ដឹង​រើស​យក​ខាង​ណា​ទេ ខ្ញុំ​មាន​សេចក្ដី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង តែ​បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង

 

១:២២ លោកប៉ុលមានអារម្មណ៏មាន​បំណង​ប្រាថ្នា​ពីរ​ផ្ទុយ​គ្នា៖ នៅក្នុងការទៅនៅជាមួយនឹងព្រះគ្រីស្ទ ដោយការស្លាប់ ឬត្រូវនៅបំរើសេចក្តីត្រូវការរបស់គ្រីស្ទានដោយការរស់នៅបន្ត។ ​ប្រសិនបើគាត់ស្លាប់ គាត់នឹងបានទៅនៅជាមួយព្រះយេស៊ូវ។​ ប្រសិនបើគាត់បន្តរស់នៅ គា​ត់ដឹងថាព្រះយេស៊ូវនឹងបន្តធ្វើការ តាមរយៈគាត់នៅក្នុងការធ្វើកិច្ចការដែលបង្កើតផលផ្លែ។

 

១:២៣-២៤ ​ប្រសិនបើលោកប៉ុលធ្វើការជ្រើសរើសយកអ្វីដែលល្អប្រសើរសម្រាប់ខ្លួនគាត់នោះ​ គាត់នឹងជ្រើសរើសនៅក្នុងការចាកចេញហើយទៅនៅជាមួយនឹងព្រះគ្រីស្ទ ដោយព្រោះតែ ការដែលទៅនៅ ជាមួយនឹងព្រះគ្រីស្ទនោះល្អប្រសើរជាងបទពិសោធន៍​ដ៏​ល្អ​បំផុត​នៅ​លើ​ផែនដីនេះ។​ ប៉ុន្តែ ជំរើសគឺជា ការជ្រើសរើសរវាងការទាំងពីរនេះមួយណាប្រសើរជាងសម្រាប់លោកប៉ុល (ចាកចេញ) ឬអ្វីដែលល្អប្រសើរ សម្រាប់ពួកជំនុំ (សម្រាប់លោកប៉ុលនៅបន្ត)។ បន្តិចទៀត លោកប៉ុលនឹងសូមអង្វរដល់ពួកអ្នក អានសេចក្តីសំបុត្ររបស់គាត់ ត្រូវ​ស្វែង​រក​ប្រយោជន៍​​​អ្នក​ដទៃ​  (២:៤)។ ត្រង់ចំនុចនេះគាត់បានធ្វើជាគំរូ ដោយខ្លួនគាត់ផ្ទាល់ដោយការបង្ហាញពីភាពជាអ្នកគង្វាលដែលយកចិត្តទុកដាក់ចំពោះសេចក្តីត្រូវការរបស់ពួកជំនុំជាជាងបំណងប្រាថ្នារបស់គាត់ផ្ទាល់។ ​គាត់ដឹងថាគាត់នឹងនៅបន្ត ដើម្បីឲ្យគាត់នៅតែអាចបំរើគេបាន។​

 

ហើយ​ដោយ​ហេតុ​ដែល​ខ្ញុំ​ជឿ​សេចក្ដី​នោះ​យ៉ាង​ពិត​ប្រាកដ បាន​ជា​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ត​ទៅ​ទៀត ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿន​ជឿន​ឡើង ហើយ​ឲ្យ​មាន​សេចក្ដី​អំណរ ដោយ‌សារ​សេចក្ដី​ជំនឿ​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​ខ្ញុំ​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ម្តង​ទៀត 

 

១:២៥-២៦ លោកប៉ុលបានដឹងពីការដោះលែងរបស់គាត់ ហើយនឹងវិលត្រឡប់ទៅកាន់ក្រុងភីលីព នឹងជាលទ្ធផលនៅក្នុងការធ្វើឲ្យពួកអ្នកក្រុងភីលីពរីកចំរើននៅក្នុងសេចក្តីជំនឿ។ ការយល់ដឹងររបស់គេ ហើយនឹងអំណរគុណនៃសេចក្តីពិតនៃព្រះនឹងបានរីកចំរើន ហើយសេចក្តីអំណររបស់គេ នឹងបានរីកចំរើនគឺ ជាលទ្ធផល។​ ​ហេតុនេះ​ហើយ គាត់មានទំនុកចិត្តថា ព្រះនឹងធ្វើឲ្យគាត់ត្រូវបានដោះលែង ឲ្យគាត់ មានសេរីភាពយ៉ាងឆាប់។ លោកប៉ុលគឺត្រឹមត្រូវ។ គាត់ត្រូវបានដោះលែងឲ្យរួចខ្លួនពីការជាប់គុក ហើយ បន្តនៅក្នុងបេសកកម្មរបស់គាត់ប្រាំមួយឆ្នាំទៀត។

 

ប៉ុន្តែ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ដើម្បី​កាល​ណា​ខ្ញុំ​មក​សួរ ឬ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា​ក្តី នោះ​គង់​តែ​នឹង​បាន​ឮ​និយាយ​ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន​ហើយ ព្រម​ទាំង​មាន​ចិត្ត​មាន​គំនិត​តែ​១ ដើម្បី​នឹង​តតាំង​ជា​មួយ​គ្នា ដោយ​នូវ​សេចក្ដី​ជំនឿ ខាង​ឯ​ដំណឹង​ល្អ​ផង 

 

១:២៧ ​មិនថាលោកប៉ុលអាចនឹងមកឯពួកគាត់ ឬអត់ក៏ដោយ គាត់ចង់ឲ្យពួកគេរស់នៅក្នុងជីវិត ដែបង្ហាញពីតម្លៃនៃដំណឹងល្អ។ ​គាត់បានប្រើពាក្យថា (πολιτεύεσθε​​ ដែលបកប្រែមកថា “ប្រព្រឹត្តិបែបគួរ”) ដែលមានន័យថារស់នៅក្នុងនាមជារាស្រ្តម្នាក់។ ​ដោយព្រោះតែទីក្រុងភីលីព ត្រូវបានបង្កើតឡើងដោយរ៉ូមនោះ អ្នកដែលរស់នៅទីនោះមានសញ្ជាតិរ៉ូម (កិច្ចការ ១៦:១២, ១៦:២០-២១)។ ការនេះមានន័យថា ពួកគេមានឯកសិទ្ធិ ហើយមានការទទួលខុសត្រូវ ដែលមានមនុស្ស ​ភាគច្រើនមិនមាន ហើយរ៉ូមរំពឹងថាពួកគេត្រូវរស់នៅក្នុងជីវិតមួយ ដែលសក្តិសមចំពោះរ៉ូម។​

 

ប៉ុន្តែពេលនេះពួកបរិសុទ្ធនៅក្នុងក្រុងភីលីពមិនមែនគ្រាន់តែជាសាសន៍​របស់ចក្រភពរ៉ូមតែប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាប្រជាសាសន៍​ស្ថាន‌សួគ៌ដែរ (៣:២០)។​ ហេតុនេះហើយ លោកប៉ុលប្រាប់ពួកគេថាពួកគេគួររស់នៅ ឲ្យ​បាន​​សក្តិសមជាមួយនឹងដំណឹងល្អនៃព្រះគ្រីស្ទ (ដែលបានប្រោសលោះពួកគេ ហើយធ្វើឲ្យគេ បានប្រែក្លាយជាសាសន៍​ស្ថាន‌សួគ៌)។ ចំនុចសំខាន់ចំពោះការរស់នៅឲ្យបានសក្តិសមចំពោះដំណឹងល្អ គឺត្រូវយល់និងឲ្យតម្លៃដំណឹងល្អឲ្យបានត្រឹមត្រូវ។ ​ពេលដែលយើងធ្វើដូច្នេះ យើងនឹង​សុខ​ចិត្ត​ បានទ្រាំទ្រចំពោះ ការលះបង់ ការរងទុក្ខ ហើ​យ​នឹងការបៀតបៀនសម្រាប់ព្រះគ្រីស្ទជាមិនខាន។​

 

ដំណឹងល្អនៅក្នុងទីក្រុងភីលីព

ដំណឹងល្អនោះគឺថា​ ព្រះយេស៊ូវគ្រីស្ទ ដែលមានភាពស្មើជាមួយនឹងព្រះ (២:៦) បានយកនិស្ស័យជា មនុស្ស (២:៧) បានស្តាប់តាមព្រះយ៉ាងល្អឥតខ្ចោះ (២:៨) បានសុគតនិងរស់ឡើងវិញ (២:៨-៩) ដើម្បីឲ្យនៅក្នុងព្រះអង្គ អស់អ្នកដែលជឿនឹងត្រូវបានរាប់ជាសុចរិតដោយសារតែសេចក្តីសុចរិតនៃ ព្រះគ្រីស្ទ (៣:៩) ហើយបា​ន​សេចក្តីសង្រ្គោះ (១:២៨, ៣:២០) ពីសេចក្តីហិនវិនាស (១:២៨, ៣:១៩) ហើយពេលនេះបានជាកម្មសិទ្ធរបស់ព្រះគ្រីស្ទ (៣:១២) ដែលព្រះអង្គនឹងប្រោសគេឲ្យរស់ឡើងវិញ (៣:១១) ហើយលើកដំកើងគេឡើង (៣:២១)។

 

ដើម្បីអាចធ្វើការនេះបានពួកគេត្រូវតែមានការរួបរួមហើយនឹងសេចក្តីក្លាហាន។ ​ពួកគេត្រូវតែឈររឹងមាំ ហើយតយុទ្ធដោយប្រកៀកស្មាគ្នាដូចជាទាហានដែលកំពុងប្រឈមមុខជាមួយនឹងការវាយប្រហារលើដំណឹងល្អយ៉ាងនោះដែរ។ ​ពួកគេនឹងដើរដោយសក្តិសមចំពោះ (តាមបែបគួរនឹង) ដំណឹងល្អ ដោយការកាន់ខ្ជាប់ តាមដំណឹងល្អ ហើយនឹងប្រកាសដំណឹងល្អ មិនខ្វល់ថាមានការប្រឆាំងទាស់យ៉ាងណានោះឡើយ។​

 

ឥត​មាន​ភ័យ​ខ្លាច ចំពោះ​ពួក​ទាស់​ទទឹង​ក្នុង​ការ​អ្វី​ឡើយ ដំណើរ​នោះ​ឯង នឹង​សំដែង​ពី​សេចក្ដី​ហិន​វិនាស​របស់​គេ តែ​ពី​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​វិញ ដែល​សេចក្ដី​នោះ​បាន​មក​ពី​ព្រះ​ផង 

 

១:២៨ ពួកបរិសុទ្ធមិនគួរមានការភ័យខ្លាចដោយព្រោះតែការបៀតបៀនដែលគេប្រឈមមុខនោះឡើយ។ ​ការដែលកាន់ខ្ជាប់តាមដំណឹងល្អនឹងដកសេចក្តីភ័យខ្លាចរបស់ពួកគេចំពោះការជាប់គុក (១:១៤) ស្ថានភាពដ៏លំបាកជាច្រើន (៤:១១-១៣) ការបាត់បង់ (៣:៧-៨; ៤:១៩) ហើយនឹងសេចក្តីស្លាប់បាន (២:២៩-៣០,៣:២១)។

 

នៅក្នុងពេលដែលមានការបៀតបៀន ពួកបរិសុទ្ធត្រូវបានប្រទានឲ្យនូវសេចក្តីក្លាហានមកពីព្រះឲ្យបានឈរ រឹងមាំនៅក្នុងសេចក្តីជំនឿរបស់ពួកគេ។ ​ហេតុនេះហើយ ការទ្រាំទ្ររបស់យើងគឺជាសញ្ញានៃសេចក្តីស​ង្រ្គោះ ​​របស់យើងទាំងអស់គ្នា។ ​សេចក្តីជំនឿដែលមិនភ័យខ្លាចគឺជានិមិត្តសញ្ញាដល់យើង ទាំងអស់គ្នាថាយើង បានសង្រ្គោះហើយ; ហើយជាសញ្ញាដល់​ពួក​ទាស់​ទទឹង​របស់យើងថា គេមិនបានសង្រ្គោះនោះឡើយ។​

 

ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ ទាំង​កើត​មាន​សេចក្ដី​តតាំង​ដដែល ដែល​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​មាន​ទៀត។

 

១:២៩ ការរងទុក្ខគឺជាផ្នែកមួយនៃផ្លូវរបស់ព្រះនៅក្នុងការសម្រេចបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ ស​ម្រា​ប់ពួកអ្នកជឿទាំងអស់ (យ៉ាកុប ១:២-៤)។ លោកប៉ុលដឹងថា មានន័យយ៉ាងដូចម្តេច ក្នុងការរងទុក្ខសម្រាប់ព្រះគ្រីស្ទ (កិច្ចការ ៩:១៥-១៦; ២ កូរិនថូស ១១:២៤-២៨) ​ហើយគាត់រៀបចំពួកបរិសុទ្ធទាំងនេះដែលនៅក្នុងក្រុងភីលីពឲ្យបានរងទុក្ខដូចគ្នាដែរ។ ​តាមពិតទៅ គាត់លើកទឹកចិត្តដល់ពួកគេថាការរងទុក្ខសម្រាប់ព្រះគ្រីស្ទគឺជាអំណោយទានមកពីព្រះ (“​មាន​ឱកាស​បើក ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ”) ​ដូចជាសេចក្តីជំនឿលើព្រះគ្រីស្ទក៏ជាអំណោយទានរបស់ព្រះជាម្ចាស់យ៉ាងនោះដែរ។

 

ការរងទុក្ខគឺជាផ្លូវទៅកាន់សិរីល្អដែលព្រះយេស៊ូវបានដើរ (លូកា ២៤:២៦;​ហេព្រើរ ២:១០), ហើយវាគឺជាផ្លូវសម្រាប់យើងទាំងអស់គ្នាដែរ។​ ចំនុចសំខាន់នៃភាពជាសិស្ស គឺការរួបរួមជាមួយព្រះគ្រីស្ទ ហើយការនេះមានន័យថា យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ មុនពេលដែលយើងរួមចំណែកនៅក្នុង សិរីល្អរបស់ព្រះអង្គ (រ៉ូម ៨:១៦-១៧)។ ការរងទុក្ខសម្រាប់ព្រះគ្រីស្ទបង្ហាញសេចក្តីជំនឿដ៏​ពិត​ឥត​ក្លែង របស់យើង (១ ពេត្រុស ១:៦-៧) ហើយបញ្ជាក់ថាយើងបានទទួលសេចក្តីសង្រ្គោះ (ខ២៨)។ ការរួមចំណែកនៅក្នុងការរងទុក្ខរប​ស់​ព្រះអង្គយើងបានប្រែដូចជាព្រះគ្រីស្ទ (៣:១០)។ ការរងទុក្ខសម្រាប់ ព្រះគ្រីស្ទគឺជាអំណោយទាននៃព្រះគុណដែលនាំឲ្យមានកម្លាំង (១ ពេត្រុស ៥:១០) អំណរ និងព្រះពរ (១ ពេត្រុស ៤:១៣-១៤)។

 

១:៣០ លោកប៉ុលចាត់​ទុកបេសកកម្មគាត់ទាំងមូល រាប់តែមួយប៉ុណ្ណោះគឺជា “សេចក្ដី​តតាំង” (ἀγῶνα) សម្រាប់ដំណឹងល្អ។ ​​បន្ទាប់មក គាត់សរសេរថា អ្នកអានសំបុត្រគាត់ “មាន​សេចក្ដី​តតាំង​ដដែល”។ ការហសការរបស់គេនៅក្នុងដំណឹងល្អ (ខ៥) មានន័យថាពួកគេបានរួមចំណែកនៅក្នុង ការតយុទ្ធដូចជាលោកប៉ុលមានដែរ។ ​គ្រីស្ទាននៅក្នុងពេលបច្ចុប្បន្ននេះគួរតែសម្លឹងមើលទៅក្នុងជីវិតរបស់ គេថាជាសមរភូមិខាងព្រលឹងវិញ្ញាណមួយហើយថាយើងកំពុងតយុទ្ធនិងយកឈ្នះជាមួយនឹងគ្នា។​

bottom of page