top of page

ដូច្នេះ បង​ប្អូន ជា​ពួក​ស្ងួន‌ភ្ងា ហើយ​ជា​ទី​រឭក ជា​ទី​ត្រេក‌អរ ហើយ​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ  ឱ​ពួក​ស្ងួន‌ភ្ងា​អើយ 

 

៤:១ ​លោកប៉ុលទើបតែបានកត់ត្រាថាពួកអ្នកជឿទាំងអស់គឺជាសាសន៍ស្ថានសួគ៌ដែលនឹងបានទទួលសិរីល្អ ជាមួយនឹងព្រះយេស៊ូវអស់កល្បជានិច្ចនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ(៣:២១)។ ​ហេតុនេះហើយ យើងគួរតែ “ឈរឲ្យមាំមួនក្នុងព្រះអម្ចាស់” នៅក្នុងពេលនេះ មិនខ្វល់ថាមានការរងទុក្ខឬការបៀតបៀន ដែលយើងត្រូវប្រឈមមុខនោះឡើយ។​

ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា នឹង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ‌អម្ចាស់ 

 

៤:២ មើលទៅហាក់បីដូចជាស្ត្រីទាំងពីរនាក់នេះមានជម្លោះដែលជាការគំរាមកំហែងដល់ការរួបរួមរបស់ ពួកជំនុំនៅក្នុងក្រុងភីលីព។ ​យើងមិនដឹងថាអ្វីជាចំនុចដែលមិនមានការយល់ស្របគ្នានោះឡើយ ប៉ុន្តែលោកប៉ុលបានទូន្មានពួកគេឲ្យមូលគំនិតតែ១ (ដូចដែល មាននៅក្នុង ២:៥) ក្នុងព្រះអម្ចាស់។ ​ភាពទាស់ទែងនៅក្នុងពួកអ្នកជឿនឹងបញ្ចប់នៅពេល ដែលយើងទាំងអស់គ្នាចុះចូល តាមបំណងព្រះហឫទ័យព្រះអង្គ។

 

សូមកត់សម្គាល់ថា យើងត្រូវ “ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​"​ (ខ១) “មូល​គំនិត​តែ​១​ក្នុង​ព្រះ‌អម្ចាស់”​ (ខ២)  ហើយ “អរ​សប្បាយក្នុង​ព្រះ‌អម្ចាស់” ​(ខ៤)។ ​ឃ្លាដែលថា​ “ក្នុងព្រះអម្ចាស់” បង្ហាញថា ជីវិតរបស់គ្រីស្ទានគឺរស់នៅ ដោយពឹងអាចលើព្រះយេស៊ូវ គឺដោយសារសេចក្តីជំនឿ និងការទុកចិត្តព្រះអង្គ ហើយដោយព្រះចេស្តាព្រះអង្គ។ ​ព្រះយេស៊ូវដឹកនាំ ជំរុញទឹកចិត្ត និងប្រទានកម្លាំងនៅក្នុងការប្រព្រឹត្ត និងអាកប្បកិរិយានៃប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងពេលដែលយើងទាំងអស់គ្នាចុះចូល ហើយនៅជាប់នៅក្នុងព្រះអង្គ (យ៉ូហាន ១៥:៤, ១៥:១៤)។

ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ‌កន​ស្មោះ‌ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​២​នោះ ដែល​បាន​តតាំង​ជា​១​នឹង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​នឹង​អ្នក​ក្លេមេន នឹង​គូ‌កន​ខ្ញុំ​ឯ​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។

 

៤:៣ ​មុននេះ ស្រ្តីទាំងពីរនេះបានធ្វើតាមអ្វីដែលលោកប៉ុលបានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យធ្វើ ជាការដែលពួកគាត់បានតតាំងជាមួយគ្នានៅក្នុងការដែលធ្វើឲ្យដំណឹងល្អបានចំរើនឡើង (១:២៧)។ ពេលនេះ លោកប៉ុលចង់ឲ្យ ពួកជំនុំជួយពួកគាត់ឲ្យបានផ្សះផ្សាជាមួយនឹងគ្នា។

 

យើងអាចនឹងមិនដឹងថាអ្នកទាំងនេះជាអ្នកណានោះឡើយ ប៉ុន្តែព្រះទ្រង់ស្គាល់គេ។ ​តាំងពីមុនដើម កំណើតពិភពលោក ព្រះបានកត់ឈ្មោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងបញ្ជីជីវិតរួចទៅហើយ។ ​បញ្ជីនេះកត់ត្រាអស់ទាំងឈ្មោះរបស់ពួកអ្នកដែលនឹងទទួលមរដកនៃជីវិតអស់កល្បជានិច្ច (វិវរណៈ ៣:៥, ១៣:៨, ១៧:៨, ២០:១២-១៥, ២១:២៧; ដានីយ៉ែល ១២:១; ម៉ាឡាគី ៣:១៦-១៧; លូកា ១០:២០)។

 

ចូរ​អរ​សប្បាយ ក្នុង​ព្រះ‌អម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង 

 

៤:៤​ សេចក្តីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធគឺជាលក្ខណៈសម្បត្តិរបស់នគរនៃព្រះ(រ៉ូម ១៤:១៧)។ សេចក្តីអំណរគឺជាផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ (កាឡាទី ៥:២២-២៣)​ ដែលយើងទាំងអស់គ្នានៅតែ មានទោះបីជានៅក្នុងពេលដែលរងទុក្ខ បញ្ហា និងភាពក្រីក្រក៏ដោយ (រ៉ូម​៥:៣-៤;​ ២ កូរិនថូស ៦:១០; ៨:២-៣)។ គ្រីស្ទានម្នាក់អរសប្បាយក្នុងសេចក្តីសង្ឃឹម​ (រ៉ូម ១២:១២)។ មិនថាស្ថានភាពរបស់យើងបែប យ៉ាងណានោះឡើយ យើងនៅតែអាចអរសប្បាយជានិច្ចនៅពេលដែលយើងបានដឹងថាឈ្មោះរបស់យើង បានកត់ត្រានៅក្នុងបញ្ជីជីវិតហើយ (លូកា ១០:២០)។

ជីវិតរបស់គ្រីស្ទានពេញដោយសេចក្តីអំណរ។​ លោកប៉ុលបានធ្វើជាគំរូពីការនេះ ហើយគាត់ប្រាប់ឲ្យយើង មានសេចក្តីអំណរដែរ។ យើងអាចមានអំណរទោះបីជានៅក្នុងពេលវេលាដែលយើងរងទុក្ខក៏ដោយ គឺដោយព្រោះតែអំណររបស់យើងគឺមាននៅក្នុងព្រះអម្ចាស់។ ​យើងមិនមែនអរសប្បាយដោយព្រោះតែស្ថានភាពទាំងនោះ ឬរបស់អ្វីមួយឡើយ ប៉ុន្តែអំណររបស់យើងគឺនៅក្នុងព្រះអម្ចាស់។ ​សូមចងចាំថាលោកប៉ុលបានកត់ត្រាសេចក្តីសំបុត្រនេះនៅក្នុង គុក រង់ចាំការកាត់ក្តី។ ប៉ុន្តែគាត់នៅតែមានអំណរ! គ្រីស្ទានទាំងអស់គ្នាអាចអរសប្បាយគ្រប់ពេលវេលា ដោយព្រោះតែសេចក្តីអំណររបស់យើងមិនមែនកើតឡើងដោយព្រោះតែស្ថានភាពរបស់យើងនោះឡើយ ប៉ុន្តែដោយព្រោះព្រះយេស៊ូវដែលមិនចេះផ្លាស់ប្រែវិញ (ហេព្រើរ ១៣:៨)។

កាលពី ដប់មួយឆ្នាំមុន ពេលដែលលោកប៉ុលនៅក្នុងទីក្រុងភីលីពគាត់បានផ្តល់គំរូដ៏ល្អមួយសម្រាប់ ការដែលមានអំណរនៅក្នុងស្ថានភាពដ៏លំបាក។​ នៅពេលដែលគាត់ហើយនឹងស៊ីឡាស ប្រកាសដំណឹងល្អ ពួកគេត្រូវបានវាយប្រហារ បានត្រូវគេចោលនឹងថ្ម ហើយចាប់ពួកគេដាក់គុក។​ ផ្ទុយពីការ ដែលមាន ការភ័យខ្លាច ឬខឹងសម្បានោះ ពួកគេមានអំណរហើយច្រៀងចំរៀងសរសើរនៅក្នុងគុក (កិច្ចការ ១៦:២៥) រហូតដល់ព្រះរំដោះពួកគេឲ្យរួច​។

 

ចូរ​សំដែង​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ស្គាល់​សេចក្ដី​សំឡូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ជិត​ដល់​ហើយ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង 

 

៤:៥ ​ក្នុងពេលដែលយើងអរសប្បាយក្នុងព្រះអម្ចាស់ ទោះបីជាក្នុងពេលដែលមានការបៀតបៀន និងការរងទុក្ខក៏ដោយនោះ អ្វីដែលមនុស្សនឹងបានឃើញនៅក្នុងលក្ខណៈសម្បត្តិរបស់យើងគឺជា “សេចក្តីសំឡូត”។​ សេចក្តីសំឡូត (ἐπιεíεια) គឺជាសេចក្តីសុភាព ដែលបន្ទាបខ្លួន និងអត់ធ្មត់ ដេលធ្វើឲ្យមនុស្សម្នាក់អាចនឹងទ្រាំទ្រនូវសេចក្តីអយុត្តិធម៌និងការប្រមាថហើយមិនតបតដោយកំហឹង និងការសងសឹកនោះឡើយ។​ ហេតុនេះហើយ វាគឺជាសមត្ថភាពនៅក្នុងការការពារមិនឲ្យមានជម្លោះដោយ ការទ្រាំទ្រចំពោះការប្រមាថដោយភាពអត់ធ្មត់ (១ ធីម៉ូថេ ៣:៣,ទីតុស ៣:២; យ៉ាកុប ៣:១៧)។ 

 

គន្លឹះដើម្បីឲ្យមានលក្ខណៈសម្បត្តិនេះគឺជាការទុកចិត្តលើព្រះ។​ ព្រះយេស៊ូវបានបង្ហាញពីលក្ខណៈ សម្បត្តិនេះ (២ កូរិនថូស ១០:១) ហើយព្រះអង្គបានបង្រៀនដល់សិស្សព្រះអង្គឲ្យមានលក្ខណៈសម្បត្តិ នោះដូចគ្នាដែរ (ម៉ាថាយ ៥:៣៨-៤២)។ ដូច្នេះហើយ លោកប៉ុលចង់ឲ្យពួកបរិសុទ្ធបង្ហាញពីលក្ខណៈ សម្បត្តិដូចព្រះគ្រីស្ទ ដល់គ្រប់គ្នា ហើយការនេះមានន័យថាពួកគេគួរតែទ្រាំទ្រចំពោះការប្រមាថ ដោយភាពអត់ធ្មត់។​

 

៤:៦ នៅពេលដែលយើងទាំងអស់គ្នារងទុក្ខ យើងមិនគួរខឹងសម្បានិងសងសឹកនោះឡើយ។​ ផ្ទុយទៅវិញ យើងគួរតែចូលទៅឯព្រះដោយសេចក្តីអធិស្ឋាន ទូលអស់ទាំងសេចក្តីត្រូវការ ការខ្លាច និងការព្រួយបារម្ភ ហើយទទួលបានការកំសាន្តចិត្តនិងកម្លាំងមកពីព្រះអង្គវិញ។ បន្ទាប់មក យើងនឹងអាចមានសេចក្តីសុភាព សេចក្តីសប្បុរស និងចិត្តល្អដល់មនុស្សទាំងអស់។​

 

ការដែលមានការខ្វល់‌ខ្វាយ គឺជាការដែលបាត់បង់សេចក្តីសុខសាន្តរបស់អ្នកហើយមិនបានទុកចិត្តលើព្រះ នោះឡើយ។​ វាកើតមានឡើងនៅពេលដែលយើងផ្តោតសំខាន់លើបញ្ហារបស់យើង ជាជាងផ្តោតសំខាន់លើ ព្រះរបស់យើង “ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា” ​(អេភេសូ ៣:២០)។ ​មធ្យោបាយសម្រាប់ការខ្វល់‌ខ្វាយ គឺជាសេចក្តីអធិស្ឋាន។​ ​ 

 

ផ្លូវដែល “មិនខ្វល់ខ្វាយ​អ្វី​ឡើយ” គឺត្រូវអធិស្ឋានទូលប្រាប់គ្រប់យ៉ាង។​ ដោយព្រោះតែ “ព្រះអម្ចាស់ទ្រង់ជិត មកដល់ហើយ” រាស្រ្តរបស់ព្រះអង្គមិនត្រូវខ្វាល់ខ្វាយពីអ្វីនោះឡើយ។​ ផ្ទុយទៅវិញ យើងអាចអធិស្ឋាន ហើយទូលសូមឲ្យព្រះជួយយើងទាំងអស់គ្នាបាន។​ ដោយសារសេចក្តីអធិស្ឋាន យើងទទួលស្គាល់ចំពោះ ការពឹងផ្អែករបស់យើងលើព្រះហើយបង្ហាញពីសេចក្តីជំនឿរបស់យើងលើព្រះអង្គ។ ​ក្នុងកាលដែលយើង ទូលអង្វរដល់ព្រះ យើងគួរតែបានពោលពាក្យអរព្រះគុណដល់ព្រះអង្គចំពោះអ្វី ដែលព្រះអង្គបានធ្វើ សម្រាប់យើងរួចទៅហើយផងដែរ។​

 

យ៉ាង​នោះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ‌ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ។

 

៤:៧ “សេចក្តីសុខសាន្តរបស់ព្រះ” គឺជាសេចក្តីសុខសាន្តដែល ព្រះបានសម្រេចបានសម្រាប់យើង បានប្រទានឲ្យយើង ហើយអ្វីដែលព្រះគឺជាសម្រាប់យើងទាំងអស់គ្នា។ ​សេចក្តីសុខសាន្តនោះគឺ "ហួស​លើស​ពី​អស់​ទាំង​គំនិត" ដោយព្រោះតែ សេចក្តីសុខសាន្តបានប្រទានមកដោយមិនបានរំពឹងនោះ នៅ​ពេលយើងបានឆ្លងកាត់នូវស្ថានភាពដ៏លំបាកជាច្រើន ហើយពេលដែលសេចក្តីសុខសាន្តមើលទៅ ហាក់បីដូចជាមិនអាចនឹងទៅរួច។​

 

​​សេចក្តីសុខសាន្តរបស់ព្រះការពារចិត្ត និងគំនិតរបស់យើងពីការខ្វល់ខ្វាយគ្រប់ទាំងអស់។ ពាក្យក្រិក ដែលបកប្រែថា “ការពារ”​ (φρουρήσει) គឺជាពាក្យដែលប្រើនៅក្នុងយោធា ដែលប្រើសម្រាប់ទាហាន ដែលឈរយាម ការពារទីក្រុងមួយ ហើយការពារទីក្រុងនោះពីការវាយប្រហារ (២ កូរិនថូស ១១:៣២)។  សូមគិតអំពីការខ្វល់ខ្វាយ ដូចជាសត្រូវណាមួយដែលព្យាយាមវាយប្រហារអ្នក។​ សេចក្តីសុខសាន្ត របស់ព្រះគឺដូចជាទាហានដែលនឹងការពារអ្នកពីការវាយប្រហារ​របស់ការខ្វល់ខ្វាយយ៉ាងនោះដែរ។ លោកប៉ុលកំពុងតែបង្រៀនយើងថា​ “ការឈរឲ្យមាំមួន” (ខ១) មានន័យថាមិនចុះចាញ់​នឹង​ការខ្វល់ខ្វាយ ប៉ុន្តែអនុញ្ញាតឲ្យសេចក្តីសុខសាន្តរបស់ព្រះការពារគំនិត និងអារម្មណ៍របស់អ្នក ការពារពីការវាយប្រហារ ដូចជាទាហានមួយកងទ័ពការពារទីក្រុងមួយពីសត្រូវយ៉ាងនោះដែរ។​ 

 

មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ 

 

៤:៨ ផ្តោតគំនិតរបស់យើងលើអ្វីដែលល្អនឹងជួយយើងឲ្យរស់នៅបានប្រសើរឡើងក្នុងនាមជារាស្រ្តរបស់ព្រះ ។ លោកប៉ុលគឺកំពុងតែបង្ហាញយើងទាំងអស់ពីរបៀបដែលយើងអាចមាន “សេចក្តីសំឡូត”​ (ខ៥) ដែលមិនមានកំហឹង ឬការខ្វល់ខ្វាយ អំពីបញ្ហានៅក្នុងជីវិត។ គន្លឹះនោះគឺ ​(១) ដឹងថា ព្រះអម្ចាស់ទ្រង់ ជិតមកដល់ហើយ (១) ជំនួសការខ្វល់ខ្វាយដោយសេចក្តីអធិស្ឋាន; នៅពេលណាដែលអ្នកមាន អារម្មណ៏ថា ខ្វល់ខ្វាយ អធិស្ឋានហើយអរព្រះគុណដល់ព្រះ (៣) ទទួលសេចក្តីសុខសាន្តនៃព្រះ ដែលការពារចិត្តរបស់អ្នក និង (៤) ផ្តោតគំនិតរបស់អ្នកលើរបស់ដែលល្អ។ ​នៅពេលដែលយើងធ្វើការ ទាំងបួនចំនុចនេះយើងនឹងក្លាយជារាស្រ្តដែលមានសេចក្តីសុខសាន្តនិងអាចបង្ហាញពីសេចក្តីសំឡូតដល់ គ្រប់គ្នាទោះបីជានៅក្នុងស្ថានភាពលំបាកជាច្រើនក៏ដោយ។​

 

ហើយ​សេចក្ដី​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ ហើយ​ឃើញ​ក្នុង​ខ្ញុំ នោះ​ចូរ​ឲ្យ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

 

៤:៩ ពួកបរិសុទ្ធក្នុងក្រុងភីលីពបានរៀនពីឥរិយាបទរបស់គ្រីស្ទានដោយសារសេចក្តីបង្រៀនរបស់ លោកប៉ុល (“បានរៀន និងបានទទួល”) ហើយនិងគំរូរបស់គាត់​ (“បានឮ និងបានឃើញ”)។​ ពេលនេះ ពួកគេគួរតែធ្វើតាមអ្វីដែលលោកប៉ុលបានង្ហាញពួកគេនៅក្នុងពាក្យសម្តីនិងការប្រព្រឹត្តរបស់គាត់។ ​ប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេមិនមែនគ្រាន់តែមានសេចក្តីសុខសាន្តរបស់ព្រះតែប៉ុណ្ណោះ (ខ៧) ប៉ុន្តែព្រះនៃសេចក្តីសុខសាន្តនឹងគង់នៅជាមួយនឹងពួកគេ! ពួកគេនឹងបានស្គាល់ពីព្រះវត្តមានព្រះអង្គនៅក្នុង ជីវិតរបស់ពួកគេបានក្នុងគ្រាដែលគេទុកចិត្តលើព្រះ អធិស្ឋាននិងដើរនៅក្នុងភាពបរិសុទ្ធ។​

 

ខ្ញុំ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជានិច្ច​ដែរ តែ​រក​ឱកាស​គ្មាន

 

៤:១០ លោកប៉ុលមានសេចក្តីអំណរពេលដែលពួកបរិសុទ្ធក្នុងក្រុងភីលីពឲ្យអំណោយ​មួយ​ដល់​គាត់។ សេចក្តីអំណររបស់គាត់មិនមែនដោយព្រោះតែគាត់ត្រូវការអំណោយ​នោះឡើយ ប៉ុន្តែដោយព្រោះតែ បំណងចិត្ត របស់ពួកគេនៅក្នុងការបន្តរួមចំណែកជាមួយគាត់នៅក្នុងដំណឹងល្អ។​​

 

ដើម្បីបញ្ជាក់ការនេះឲ្យបានច្បាស់លាស់,លោកប៉ុលបាននិយយថាគាត់មិនត្រូវការអំណោយ​របស់ពួកគេនោះឡើយ (ខ១១-១៣) ហើយថាគាត់មិន​រកអំណោយនោះឡើយ (ខ១៧)។ លោកប៉ុលមិនរំពឹងថា ពួកជំនុំដែលគាត់បានចាប់ផ្តើមឡើងផ្តល់ប្រាក់ដល់គាត់នោះឡើយ។​ គាត់បានយល់ស្របដែលថា គាត់មានសិទ្ធនៅក្នុងការដែលទទួលបានការគាំទ្រដោយពួកជំនុំផ្សេងៗ (ដូចជាពួកសាវ័កផ្សេងៗ និងអ្នកដឹកនាំគ្រីស្ទានផ្សេងទៀតបានទទួលដែរ) ប៉ុន្តែគាត់បានជ្រើសរើសមិនធ្វើបែបនេះនោះឡើយ (១​ កូរិនថូស ៩:១២; ២ ថែស្សាឡូនិច ៣:៩)។ ​ផ្ទុយទៅវិញ គាត់មានទ្រព្យសម្បត្តិតិចតួចបំផុត ហើយរស់នៅ តាមអ្វីដែលគាត់អាចរកកម្រៃបានពីការងារក្រៅម៉ោង របស់គាត់ “ដេរតង់” (១ ថែស្សាឡូនិច ២:៩; ២ ថែស្សាឡូនិច ៣:៨; កិច្ចការ ១៨:៣;​ ២០:៣៤)។ លោកប៉ុលជ្រើសរើសក្នុងការផ្គត់ផ្គង់ខ្លួនគាត់ ដោយការធ្វើការដោយដៃរបស់គាត់ផ្ទាល់ ដើម្បីឲ្យគាត់មិនត្រូវពឹងផ្អែកលើអ្នកផ្សេង ដើម្បីឲ្យគាត់ អាចប្រកាសដំណឹងល្អដោយឥតគិតថ្លៃ ដល់មនុស្សគ្រប់គ្នា (កិច្ចការ ២០:៣៣-៣៤;​២ កូរិនថូស ២:១៧)។​

 

ដូច្នេះហើយ នៅក្នុង ភីលីព ៤:១០-២០ លោកប៉ុលមានភារកិច្ចដ៏លំបាកនៅក្នុងការបង្ហាញដល់ ពួកអ្នកក្រុងភីលីព ហើយនឹងការដឹងគុណរបស់គាត់សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ប៉ុន្តែក៏បានបង្ហាញថាកិច្ចការរបស់គាត់មិនមែនពឹងផ្អែកឬជំរុញទឹកចិត្តដោយជំនួយនេះដែរ។​

ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង 12ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ 

 

៤:១១-១៣ ទោះបីជាគាត់នៅក្នុងគុកក៏ដោយ លោកប៉ុលមិនមែនខ្វះខាត ដោយព្រោះតែគាត់បានរៀន នៅក្នុងការដែលមានភាពស្កប់ស្កល់ក្នុងគ្រប់ស្ថានភាពទាំងអស់។ ក្នុងនាមជាបេសកជន គាត់បានធ្វើដំណើរ ពីទីក្រុងមួយទៅទីក្រុងមួយមិនទាំងបានដឹងថា គាត់នឹងត្រូវបានស្វាគមន៍ ឬត្រូវបានជួបជាមួយនឹងហ្វូង មនុស្ស ដែលមានកំហឹងចង់សម្លាប់គាត់នោះឡើយ។ ​ ​អស់រយៈពេលពីរទសវត្សរ៏គាត់បានធ្វើការនេះ ហើយបានឆ្លងកាត់គ្រប់ស្ថានភាពដែលល្អបំផុត (២ កូរិនថូស ១២:២-៤) ហើយនឹងស្ថានភាពដែលអាក្រក់បំផុត (២ កូរិនថូស ១១:២៤-២៨)។ ប៉ុន្តែលោកប៉ុលតែងតែមានចិត្តស្កប់ស្កល់ ជានិច្ច។ ​ស្ថានភាពទាំងនោះមិនបានធ្វើឲ្យគាត់ផ្លាស់ប្តូរឡើយ។​

តើអ្វីជាការសំងាត់នៃសេចក្ដី​សន្តោសដែលលោកប៉ុលបានរៀន? ទីមួយ សេចក្ដី​សន្តោសនោះគឺនៅក្នុងព្រះគ្រីស្ទ។ ​ លោកប៉ុល​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ។ ​គាត់ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ ហើយដោយសារការទាំងអស់នេះគាត់បានរៀនថាភាពស្កប់ស្កល់ មិនមែនកើតមានឡើង ដោយការដែលមានស្ថានភាពល្អប្រសើរនោះឡើយ។ គឺបានមកពីព្រះយេស៊ូវ។ 

 

សេចក្ដី​សន្តោសកើតចេញពីការ ដែលបានស្គាល់ ឲ្យតម្លៃ មានអំណរ និងស្កប់ស្កល់នៅក្នុងព្រះគ្រីស្ទ។​ មនុស្សត្រូវបានបង្កើតមកសម្រាប់ទំនាក់ទំនង ហើយ​មនុស្ស​ដ៏​អស្ចារ្យ​បំផុត​ដែល​មាន​ទំនាក់​ទំនង​ជា​មួយនឹង ​គឺ​ព្រះ​យេស៊ូវ។ ​គ្មានអ្វីមួយដែលមានតម្លៃលើសជាងការដែលបានស្គាល់ព្រះគ្រីស្ទនោះឡើយ (៣:៧)។

 

អំណររបស់គ្រីស្ទានមិនមែនពឹងផ្អែកលើស្ថានភាពផ្សេងៗនោះឡើយ; ផ្ទុយទៅវិញ គឺជាការពឹងផ្អែកលើ ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវ។​ សេចក្តីអំណររបស់យើងមិនមែនកើតចេញពីអ្វីដែលយើង មាននោះឡើយ ប៉ុន្តែកើតចេញពីការដែលថាតើយើងជាកម្មសិទ្ធរបស់អ្នកណា។ យើងជាកម្មសិទ្ធរបស់ ព្រះគ្រីស្ទហើយនៅក្នុងព្រះអង្គយើងមានគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណរបស់ព្រះ។ ដូច្នេះហើយ ការរួបរួមនៅក្នុងព្រះគ្រីស្ទគឺជាការសំងាត់នៃភាព​សន្តោសដ៏ពិតប្រាកដ។​ ប្រសិនបើភាព​សន្តោសរបស់ អ្នកអាស្រ័យទៅលើអ្វីមួយក្នុងលោកនេះ វានឹងផ្លាស់ប្តូរគ្រប់ពេលវេលា ពីព្រោះអ្វីៗទាំងអស់នៅក្នុង ពិភពលោកផ្លាស់ប្តូរ។ ប៉ុន្តែប្រសិនបើភាព​សន្តោសរបស់អ្នកពឹងផ្អែកលើព្រះយេស៊ូវ នោះវានឹងរឹងមាំ ដ្បិត​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​‌កល្ប​ជានិច្ច​ត​ទៅ!

ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង 12ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត‌ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ 

 

ទីពីរ ព្រះគ្រីស្ទចំរើនកម្លាំងដល់យើង។ ការដែលចំរើនកម្លាំងដោយព្រះគ្រីស្ទនេះគឺគ្មានពេលបញ្ចប់ឡើយ។​ ពីពេលមួយទៅពេលមួយ ព្រះយេស៊ូវបណ្តាលឲ្យយើងទាំងអស់គ្នាធ្វើតាមអ្វីដែលព្រះអង្គ សព្វព្រះទ័យឲ្យយើងធ្វើ។​ ដូច្នេះហើយ ក្នុងពេលដែលយើងរស់នៅក្នុងជីវិតជាគ្រីស្ទាននោះ កម្លាំងដែលយើងទាំងអស់គ្នាត្រូវការ តែងតែមានស្រាប់នៅក្នុងគ្រប់ស្ថានភាពទាំងអស់។​

“ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”។ តើការនេះ ន័យយ៉ាងដូចម្តេច?​ ច្បាស់ណាស់ ការនេះមិនមែនមានន័យថាខ្ញុំអាចធ្វើគ្រប់ការទាំងអស់ទេ។ មានកិច្ចការ ជាច្រើនដែលខ្ញុំមិនអាចធ្វើបាន។ ​តាមការពិតទៅ ព្រះយេស៊ូវមានបន្ទូលថា “ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ” (យ៉ូហាន ១៥:៥)។ អ្វី​ដែល​វា​មាន​ន័យ​ថា ព្រះអាចធ្វើគ្រប់យ៉ាង ទាំងអស់ ដូច្នេះហើយជាមួយនឹងព្រះជាម្ចាស់គ្រប់យ៉ាងអាចកើតឡើងបានទាំងអស់។ ហេតុអ្វី? ដោយព្រោះតែព្រះអង្គប្រទានកម្លាំងដែលរាស្រ្តរបស់ព្រះអង្គត្រូវការ ដើម្បី​ឲ្យ​យើងទាំងអស់គ្នា អាចធ្វើបានទាំងអស់ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើ។

 

ព្រះជាប្រភពនៃកម្លាំងរបស់យើងទាំងអស់គ្នាហើយ ព្រះអង្គធ្វើឲ្យយើងអាចធ្វើបានអ្វីគ្រប់យ៉ាងដែលព្រះអង្គ សព្វព្រះទ័យ។ អ្នកជឿម្នាក់ៗអាចធ្វើតាមអ្វីដែលព្រះត្រាស់ហៅគេឲ្យធ្វើដោយព្រោះតែព្រះអង្គចំរើនកម្លាំង ការពារ ទ្រទ្រង់ បំពាក់ និងផ្គត់ផ្គង់សម្រាប់យើងទាំងអស់គ្នា។ ​គ្រាដែលយើងធ្វើតាមអ្វី ដែលព្រះ បានបង្កើតយើងឲ្យបានធ្វើ ការនោះនឹងផ្តល់សេចក្តីអំណរយ៉ាងវិសេសដល់យើង! យើងគឺជាដៃគូរ ជាមួយព្រះនៅក្នុងការសម្រេចតាមបំណងព្រះហឫទ័យដ៏វិសេសរបស់ព្រះអង្គ! ដូច្នេះហើយ ការសំងាត់នៃសេចក្តីសន្តោស គឺជាការដែលបានស្គាល់ព្រះចេស្តានៃព្រះនៅក្នុងជីវិតរបស់អ្នក ហើយបានស្គាល់ថាព្រះអង្គសម្រេចតាមបំណងព្រះហឫទ័យដែលព្រះអង្គមានសម្រាប់អ្នក។​

 

ប៉ុន្តែ ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ដល់​សេចក្ដី​កំសត់​របស់​ខ្ញុំ នោះ​ប្រពៃ​ហើយ។ ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង 

 

៤:១៤-១៦ ពួកបរិសុទ្ធនៅក្នុងភីលីពបានសហការជាមួយនឹងលោកប៉ុលនៅក្នុងពេលវេលាដ៏លំបាករបស់ គាត់នៃការដែលគាត់ជាប់នៅក្នុងគុក។ អំណោយ របស់ពួកគេគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និង ការប្តេជ្ញា របស់ពួកគេចំពោះលោកប៉ុល។​ ប៉ុន្តែមានអ្វីលើសពីនោះទៅទៀត: អំណោយនោះក៏ជា និមិត្តសញ្ញាសម្រាប់ ការសហការរបស់ពួកគេនៅក្នុងការប្រកាសដំណឹងល្អផងដែរ (១:៥)។ ការនេះ​ជា ​របៀប​ដែល​យើង​គួរ​មាន​ទស្សនៈ​ចំពោះ​ដង្វាយ​ទាំង​អស់​ដែលបានផ្តល់សម្រាប់បេសកជនគ្រីស្ទាន។  វាមិនមែនគ្រាន់តែជាការ ដែល បានផ្តល់ឲ្យសម្រាប់ការគាំទ្រឬសម្រាប់បំពេញសេចក្តីត្រូវការនោះឡើយ ប៉ុន្តែជាការសហការនៅក្នុង ការបំរើ។ យើងធ្វើការជាមួយនឹងគ្នាដើម្បីឲ្យមានការចំរើនឡើងដល់ដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទ។​

 

ស្រុកម៉ាសេដូន គឺជាខេត្ត ហើយក្រុងភីលីព និងក្រុងថែស្សាឡូនីចនៅក្នុងខេត្តនោះ។ ពួកជំនុំនៅ ក្នុងក្រុងភីលីពបានរួមចំណែកជាមួយនឹងលោកប៉ុល ប៉ុន្តែពួកអ្នកក្រុងថែស្សាឡូនីចមិនបានរួមចំណែក នោះឡើយ ទោះបីជាទីក្រុងដែលធំជាងច្រើនដងក៏ដោយ។​ តាមការពិត ពួកអ្នកជឿដែលនៅក្នុងក្រុងភីលីព តែងតែ ធ្វើដំណើរចំងាយ ​១៤៥ គីឡូម៉ែត្រមកកាន់ទីក្រុងថែស្សាឡូនីច ដើម្បីជួយដល់សេចក្តីត្រូវការ របស់លោកប៉ុល។​

 

មិន​មែន​ថា ខ្ញុំ​រក​ចង់​បាន​ទាន​ទេ ខ្ញុំ​រក​តែ​ផល​ដែល​ចំរើន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ 

 

៤:១៧ មិនមែនប្រាក់កាសទេដែលសំខាន់សម្រាប់លោកប៉ុល។​ គាត់យកចិត្តទុកដាក់ចំពោះអ្នក ដែល បានផ្តល់ឲ្យជាជាងអំណោយនោះ។ ​សេចក្តីអំណររបស់គាត់មិនមែនស្ថិតលើការដែលគាត់បានទទួលប្រាក់ នោះឡើយ (ជាអ្វីដែលគាត់មិនត្រូវការ) ប៉ុន្តែគឺជាពួកជំនុំដែលគាត់បានចាប់ផ្តើមនៅក្នុងក្រុងភីលីព ដែលកំពុងបង្កើតផលផ្លែនៃសេចក្តីសប្បុរស ដែលព្រះនឹងប្រទានរង្វាន់ឲ្យ។​

 

ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌ទ្រង់​ទទួល ហើយ​សព្វ​ព្រះ‌ហឫទ័យ​ដែរ

៤:១៨ នៅពេលដែលលោកប៉ុលរៀបរាប់ពីអំណោយរបស់ពួកគេថាជា “​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌ ទ្រង់​ទទួល ហើយ​សព្វ​ព្រះ‌ហឫទ័យ​ដែរ” គាត់កំពុងតែនិយាយថា វាមានគុណតម្លៃសក្តិសមយ៉ាងវិសេស។ ​នៅក្នុងព្រះគម្ពីរសញ្ញចាស់ យញ្ញបូជាត្រូវបានរាប់ថា​ជា “ឃ្លិនឆ្ងុយ” ប្រសិន​បើ​វាត្រូវបានរៀបចំយ៉ាង ត្រឹមត្រូវ ហើយត្រូវបានថ្វាយដើម្បីឲ្យបានទទួលនិងគាប់ដល់ព្រះទ័យព្រះ (លោកុប្បត្តិ ៨:២០-២១; និក្ខមនំ ២៩:១៨; លេវីវិន័យ ១:៩, ១៣, ១៧)។ 

 

ដូច្នេះហើយ គុណតម្លៃដ៏វិសេសនៃអំណោយរបស់ពួកអ្នកក្រុង ភីលីព គឺជាយញ្ញបូជាខាងព្រលឹងវិញ្ញាណ (រ៉ូម ១២:១; ១ ពេត្រុស ២:៥) ដែលគាប់ព្រះទ័យព្រះ។ នៅពេលដែលពួកជំនុំមួយរួមចំណែករជាមួយនឹង អ្នកបម្រើដំណឹងល្អម្នាក់ វាគឺជាដង្វាយដែលគាប់ដល់ព្រះទ័យព្រះ ដោយព្រោះតែ (១) ជាកិច្ចការរបស់ ព្រះអង្គនៅក្នុងពួកគេ និង (២) ជាកិច្ចការរបស់ព្រះអង្គតាមរយៈពួកគេ នៅក្នុងការផ្គត់ផ្គង់សម្រាប់ អ្នកបម្រើរបស់ព្រះអង្គ។

 

ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ 

 

៤:១៩ ​ដោយព្រោះតែពួកគេបានគោរបប្រតិបត្តិដល់ព្រះដោយជួយបំពេញដល់សេចក្តីត្រូវការរបស់ សាវ័ករបស់ព្រះអង្គនោះ ព្រះនឹងលើកដំកើងពួកគេដោយបំពេញសេចក្តីត្រូវការរបស់ពួកគេ។ នៅក្នុងកិច្ចការទាំងអស់នេះ ព្រះត្រូវបានសរសើរដំកើង។

 

លោកប៉ុលបានបញ្ជាក់ប្រាប់ពួកគេថាគ្រប់ទាំងសេចក្តីត្រូវការរបស់ពួកគេនឹងត្រូវបានបំពេញឲ្យពីធនធាន ដែលគ្មានកំណត់របស់ព្រះ។ ជាព្រះអង្គដ៏ជាអ្នកបង្កើត និងព្រះអម្ចាស់លើទាំងអស់; “ភោគសម្បត្តិ” របស់ព្រះ ដ៏រាប់មិនបាន។ ពួកគេមានភោគសម្បត្តិ “ដ៏​ឧត្តម” ​ហើយពួកគេមានភោគសម្បត្តិ “ក្នុងព្រះគ្រីស្ទយេស៊ូវ”។

 

  • ការពិតដែលថា ភោគសម្បត្តិនៃព្រះគឺ “​ឧត្តម” ជួយយើងឲ្យបានដឹងពីលក្ខណៈសម្បត្តិ និងប្រភេទនៃភោគសម្បត្តិនោះបែបយ៉ាងណា។​ ភោគសម្បត្តិទាំងនោះវិសេសជាងទ្រព្យសម្បត្តិ របស់មនុស្ស។ ​ព្រះតែងតែមានអ្វីដែលយើងត្រូវការ និងផ្គត់ផ្គង់រាល់ទាំងសេចក្តីត្រូវការរបស់ ពួកអ្នកជឿទាំងអស់ដើម្បីឲ្យមានសេចក្តីអំណរដ៏ពិតប្រាកដ (ម៉ាថាយ ៦:៣១-៣៤; ទំនុកដំកើង ២៣:១, ៣៤:៩-១០,៨៤:១១; រ៉ូម ៨:៣២-៣៧)។

  • ការដែលថា ភោគសម្បត្តិនៃព្រះគឺមាន “ក្នុងព្រះគ្រីស្ទយេស៊ូវ” ប្រាប់យើងទាំងអស់គ្នាថា ព្រះយេស៊ូវគឺជាប្រភពនៃសេចក្តីបរិបូរនៃព្រះដល់យើងទាំងអស់គ្នា។ ​ព្រះយេស៊ូវគឺជា ​អ្នក​សម្រុះ​សម្រួល​តែ​មួយ​រវាង​ព្រះជាម្ចាស់​ និង​មនុស្ស​ ហើយដោយសារព្រះអង្គគ្រប់ទាំងព្រះពរ នៃព្រះបានប្រទានមកមនុស្ស (ហេព្រើរ ៩:១៥; អេភេសូ ១; ១ ធីម៉ូថេ ២:៥)។ ព្រះពររបស់ព្រះមាននៅក្នុងព្រះគ្រីស្ទដោយព្រោះតែ ព្រះអង្គបានសម្រេចការទាំង នោះសម្រាប់យើង ហើយនៅពេលដែលយើងនៅក្នុងព្រះអង្គយើងនឹងមានគ្រប់ទាំង ព្រះពរខាងព្រលឹងវិញ្ញាណគ្រប់យ៉ាង។

 

សូម​ឲ្យ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា បាន​សិរី‌ល្អ​នៅ​អស់‌កល្ប​រៀង​ត​ទៅ អាម៉ែន។

 

៤:២០ ក្នុងពេលដែលលោកប៉ុលពិចារណាពីភោគសម្បត្តិដ៏រាប់មិនអស់នៃព្រះ បណ្តាលឲ្យគាត់សរសើរ ដំកើងព្រះ។ ​គាត់ដឹងថាសិរីល្អជាកម្មសិទ្ធិរបស់ព្រះវរបិតា ដែលកំពុងធ្វើការនៅក្នុង និងតាមរយៈ ពួកបរិសុទ្ធនៅក្រុងភីលីពនៅក្នុងការផ្គង់ផ្គង់សេចក្តីត្រូវការរបស់គាត់ ហើយនឹងធ្វើការក្នុងការបំពេញ សេចក្តីត្រូវការរបស់ពួកគេ (ទាំងការព្រលឹងវិញ្ញាណ និងសាច់ឈាម) ទាំងពេលនេះ និងរៀងរហូត។​

ការ​ដែលថ្វាយ​សិរីល្អ​ដល់​ព្រះ​គឺ​មិន​មែនត្រូវ​បន្ថែម​អ្វី​មួយ​ដល់​ទ្រង់​ដែល​ទ្រង់​មិន​មានរួចទៅហើយនោះឡើយ។​​ ផ្ទុយទៅវិញ វាគឺជាការទទួលស្គាល់ហើយសរសើរដំកើងភាពជាព្រះរបស់ព្រះអង្គ។ ព្រះអង្គប្រទានពរ ដល់យើងទាំងអស់គ្នា ចូរយើងថ្វាយព្រះពរដល់ព្រះអង្គ។​ ព្រះអង្គបានផ្គត់ផ្គង់គ្រប់ទាំង សេចក្តីត្រូវការ របស់យើង យោងតាមភោគសម្បត្តិរបស់ព្រះអង្គនៅក្នុងសិរីល្អ; ចូរយើងសរសើរដំកើងសិរីល្អ ព្រះអង្គអស់ កល្បជានិច្ចជារៀងរាបតទៅ!

 

សូម​ជំរាប​សួរ មក​ពួក​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​ផង ឯ​ពួក​បង​ប្អូន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

 

៤:២១-២២ សូមកត់សម្គាល់ពីការបញ្ជាក់លើឃ្លាថា “អ្នក​រាល់​គ្នា” និង “ពួកបរិសុទ្ធទាំងអស់គ្នា”។ លោកប៉ុលដឹងថា​ពួកអ្នកជឿទាំងអស់ពិតជាសំខាន់ខ្លាំងណាស់។​ ពួកបរិសុទ្ធម្នាក់ៗត្រូវបានញែកដាច់ ដោយឡែកដោយព្រះជាកម្មសិទ្ធរបស់ព្រះអង្គក្នុងនាម ជារាស្រ្តដែលព្រះអង្គបានជ្រើសរើស។​ ពេលនេះ លោកប៉ុលលើកទឹកចិត្តឲ្យមានការរួបរួមនៅក្នុងចំណោមពួកបរិសុទ្ធ ។ពួកបរិសុទ្ធទាំងអស់ដែលនៅក្រុងរ៉ូម ជំរាបសួរដល់ពួកបរិសុទ្ធទាំងអស់គ្នានៅក្នុងទីក្រុងភីលីព! យើងទាំងអស់គ្នាជាគ្រួសារតែមួយនៅក្នុង ព្រះគ្រីស្ទ។

សូមកត់សម្គាល់ថា លោកប៉ុលបានលើកឡើងពីពួកបរិសុទ្ធនៅក្នុង “ដំណាក់របស់សេសារ”។ ការនេះអាចជាការលើកទឹកចិត្តដល់ពួកអ្នកក្រុងភីលីពដែលដំណឹងល្អបានចំរើនឡើងនៅក្នុងក្រុងរ៉ូម ហើយថាសូម្បីតែបុគ្គលិករបស់អធិរាជរ៉ូម៉ាំងមួយចំនួនក៏បានប្រែក្លាយជាគ្រីស្ទានដែរ។​

 

សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚

 

៤:២៣ គ្រប់ទាំងសេចក្តីសំបុត្ររបស់លោកប៉ុលបានចាប់ផ្តើមជាមួយនឹងពាក្យថា “សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណ”  ហើយបញ្ចប់ដោយពាក្យថា “សូមឲ្យព្រះគុណបានប្រកបដល់អ្នករាល់គ្នា”។ នេះជាការបង្ហាញថាគោលបំណងនៃសេចក្តីសំបុត្រទាំងនេះ គឺជាដើម្បីឲ្យព្រះគុណបានប្រកបដល់ អ្នកដែលបានអានទាំងអស់គ្នា ហើយបន្ទាប់មកសេចក្តីសង្ឃឹមរបស់លោកប៉ុលនោះគឺថា ព្រះគុណនឹងនៅបន្តជាមួយនឹង ពួកគេបន្ទាប់ពីគេបានអានសេចក្តីសំបុត្រ។

 

ព្រះគុណគឺជា “របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ”។ សេចក្តីសំបុត្រនេះ; ចាប់ពីការចាប់ផ្តើមដល់បញ្ចប់; ផ្តោតសំខាន់លើព្រះយេស៊ូវគ្រីស្ទ ដែលជាជីវិតរបស់លោកប៉ុល (១:២១)។ ការដែលរស់នៅគឺសម្រាប់ ព្រះគ្រីស្ទ។​ ដូច្នេះហើយ សូមឲ្យព្រះគុណនៃព្រះអម្ចាស់យេស៊ូវបាននៅជាមួយនឹងអ្នកអានទាំងអស់គ្នា ដែលអានសំបុត្រនេះ ហើយនៅជាមួយនឹងអស់អ្នកដែលបានប្រើបទអត្ថាធិប្បាយនេះ នៅក្នុងការជួយ ដល់ការស្វែងយល់ពីព្រះបន្ទូលព្រះអង្គដល់យើងទាំងអស់គ្នា។

 

bottom of page