top of page

ដូច្នេះ បើ​សិន​ជា​មាន​សេចក្ដី​ដាស់‌តឿន​ណា​ក្នុង​ព្រះ‌គ្រីស្ទ ឬ​សេចក្ដី​កំសាន្ត​ណា​របស់​ផង​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ប្រកប​ណា​ផង​ព្រះ‌វិញ្ញាណ ឬ​សេចក្ដី​ថ្និត‌ថ្នម នឹង​សេចក្ដី​អាណិត‌អាសូរ​ណា នោះ​ចូរ​បំពេញ​សេចក្ដី​អំណរ​របស់​ខ្ញុំ ដោយ​អ្នក​រាល់​គ្នា​មាន​គំនិត មាន​សេចក្ដី​ស្រឡាញ់​តែ​១ ទាំង​រួប‌រួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១​ដូច​គ្នា​ចុះ 

 

២:១-២ សេចក្តីអំណរ​ របស់លោកប៉ុលនឹងត្រូវបានបំពេញ នៅពេលដែលពួកបរិសុទ្ធរួបរួមគ្នា (១:២៧)។ ការរួបរួមមិនងាយនឹងកើតមានឡើងទេនៅពេលដែល មនុស្សម្នាក់ៗដែលមានអតីតកាលខុសគ្នាពីគ្នាមក ជួបជុំគ្នាជាក្រុមតែមួយ។ ប៉ុន្តែអ្វីដែលគ្រីស្ទានត្រូវការដើម្បីឲ្យការរួបរួមអាចកើតមានឡើងបាននៅក្នុង ចំណោមយើងទាំងអស់គ្នាបាននោះគឺតាមរយៈការរួបរួមរបស់យើងជាមួយនឹងព្រះយេស៊ូវ។ ការនេះរួមមាន

 

  • ការលើកទឹកចិត្តនៅក្នុងព្រះគ្រីស្ទហើយនឹងការកំសាន្តចិត្តដោយសេចក្តីស្រលាញ់។ ការលើកទឹកចិត្ត (παράκλησις) និងការកំសាន្ត (παραμύθιον) ជាពាក្យដែលស្រដៀងគ្នា ដែលមានន័យថាដើរក្នុងផ្លូវជាមួយនឹងអ្នកណាម្នា ក់ហើយនឹងនិយាយនូវពាក្យដែលជាយោបល់ ផ្តល់កម្លាំងនិងជួយពួកគេ(យ៉ូហាន ១៤:២៦; រ៉ូម ១២:១)។ នេះជាអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់ ប្រជារាស្រ្តរបស់ព្រះអង្គ។ ​ហេតុផលដែលព្រះអង្គធ្វើការនេះដោយព្រោះតែសេចក្តីស្រឡាញ់ របស់ព្រះអង្គ។ ​នៅពេលដែលពួកបរិសុទ្ធនៅក្រុងភីលីពទាំងនេះបានទទួលដំណឹងល្អនោះ ពួកគេបានចាប់ផ្តើមស្គាល់ពីសេចក្តីស្រឡាញ់ ភាពកក់ក្តៅហើយនឹងការលើកទឹកចិត្តរបស់ ព្រះយេស៊ូវ។ ការដែលពួកគេនៅតែបន្តស្គាល់ការនេះ វានឹងបង្កើតការរួបរួមនៅក្នុងចំណោមពួកគេ។​

  • បានរួមចំណែកនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ ​ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គឲ្យបានគង់នៅក្នុងយើងទាំងអស់គ្នា (១ កូរិនថូស ៣:១៦; ២  ធីម៉ូថេ ១:១៤)។ ​ព្រះវិញ្ញាណបង្ហាត់បង្រៀន ដឹកនាំហើយនឹងចំរើនកម្លាំងដល់ពួកអ្នក ជឿ ហើយអនុញ្ញាតឲ្យយើងទាំងអស់គ្នាបានស្គាល់ពីសេចក្តីស្រឡាញ់របស់ព្រះ (រ៉ូម ៥:៥)។ នេះគឺជាការ ​”រួមចំណែក”​ (κοινωνία មានន័យថាចែករំលែក ចូលរួមជាមួយ មានទំនាក់ទំនង ឬសហការជាមួយអ្នកណាម្នាក់) នៅក្នុងព្រះវិញ្ញាណបរិសុទ្ធ ជាអ្វីដែលគ្រីស្ទានម្នាក់ៗអាចរីករាយ នៅក្នុងព្រះអង្គបាន។ ​នៅពេលយើងធ្វើដូច្នេះ ការនេះបង្កើតឲ្យមានការប្រកបទាក់ទងហើយនឹង ការរួបរួមជាមួយនឹងគ្នាទៅវិញទៅមកដោយព្រោះតែយើងទាំងអស់គ្នាដើរដោយព្រះវិញ្ញាណតែមួយ (១ កូរិនថូស ១២:១៣; ២ កូរិនថូស ១៣:១៤)។​

  • ព្រះបានប្រទាននូវព្រះហឫទ័យសន្តោសរបស់ព្រះអង្គ (១:៨) និងសេចក្តីសប្បុរសដល់ពួកអ្នកជឿ (រ៉ូម ១២:១; ២ កូរិនថូស ១:៣;​ កូឡូស ៣:១២)។ ពាក្យទាំងនេះសំដៅទៅលើព្រះហឫទ័យរបស់ ព្រះអង្គហើយនឹងសេចក្តីអាណិតអាសូរ យ៉ាងជ្រាលជ្រៅរបស់ព្រះអង្គចំពោះយើងទាំងអស់គ្នា។ ចំនុចសំខាន់សម្រាប់ភាពរួបរួមរបស់គ្រីស្ទានគឺថាគ្រប់មនុស្សទាំងអស់ដែលនៅក្នុងពួកជំនុំបានស្គាល់ពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងព្រះជាម្ចាស់។ ​ទំនាក់ទំនងនេះផ្លាស់ប្រែចិត្តរបស់យើងទាំង អស់គ្នាដើម្បីឲ្យយើងអាចស្រឡាញ់គ្នាទៅវិញទៅមកបាន។​​

 

ប្រសិនបើមនុស្សម្នាក់បានទទួលការលើកទឹកចិត្តនិងការកំសាន្តនៅក្នុងព្រះគ្រីស្ទ មានការប្រកបជិតស្និទ្ធ ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ និងព្រះទ័យសន្តោសហើយនឹងសេចក្តីសប្បុរសមកពីព្រះ នោះគាត់គួរតែ បានផ្តល់ឲ្យនូវការលើកទឹកចិត្ត ការកំសាន្តចិត្ត ការប្រកប សេចក្តីសន្តោសនិងសេចក្តីសប្បុរសទៅដល់ អ្នកដទៃផងដែរ។ ​ការនេះនឹងរក្សាការរួបរួមនៅក្នុងពួកជំនុំរបស់យើងទាំងអស់គ្នាជាមិនខាន។​

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់‌ទែង​គ្នា ឬ​ដោយ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ 

 

២:៣ ការទាស់ទែងនៅក្នុងពួកជំនុំកើតមានឡើងដោយព្រោះតែមហិច្ឆតាអាត្មានិយម ហើយនឹងអំនួត (នោះគឺជាអ្វីកើតមានឡើងនៅពេលដែលមនុស្សផ្តោតលើតែខ្លួនគេជាជាងលើព្រះហើយនឹងអ្នកដទៃ)។ មហិច្ឆតាអាត្មានិយមគឺជាសេចក្តីប្រាថ្នាចំពោះកេរ្តិ៏ឈ្មោះនិងមុខដំណែង។ ​អំនួត (κενοδοξίαν ​មានន័យថា “​សិរីល្អដែលគ្មានប្រយោជន៍) គឺជាការដែលគិតខ្ពស់ហួសប្រមាណពីខ្លួនអ្នក នោះគឺជា ការ ដែលគិតថាអ្នកមានមុខមាត់នៅពេលដែលអ្នកគ្មានសោះ។​ មហិច្ឆតាអាតា្មនិយម ហើយនឹងអំនួតគឺជាការ ដែលមិនត្រឹមត្រូវសម្រាប់គ្រីស្ទាន។​ ផ្ទុយទៅវិញ គ្រីស្ទានគួរតែមានការបន្ទាបខ្លួន។

 

កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង 

 

២:៤ នៅពេលដែលយើងចាត់ទុកគ្នាថាមានសារៈសំខាន់ជាងខ្លួនយើងនោះ យើងនឹងយកចិត្តទុកដាក់ ចំពោះសេចក្តីត្រូវការ ហើយនឹងប្រយោជន៍របស់អ្នកទាំងនោះជាមុន។ ​ការនេះនឹងបង្កើតឲ្យមានសហគមន៍ មួយដែលគ្រប់គ្នាចង់ឲ្យពរ បំរើនិងជួយអ្នកដទៃ។

 

ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ 

 

២:៥ យើងត្រូវតែមានផ្នត់គំនិតមួយដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយរីករាយនៅក្នុងការ ដែលបានឃើញថាសេចក្តីត្រូវការរបស់ពួកគេត្រូវបានបំពេញ។ ​ផ្លូវដែលប្រសើរបំផុត ដែលលោកប៉ុល អាចលើកទឹកចិត្តដ​​ល់ពួកបរិសុទ្ធឲ្យមានការបន្ទាបខ្លួន (ហើយដើម្បីឲ្យមានការរួបរួម) គឺជាការរំលឹកគេអំពី គំរូរបស់ព្រះយេស៊ូវ។​

ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្ដី​ដែល​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្ដី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ 

 

២:៦ ភីលីព ២:៦-១១ គឺ​ជា​សេចក្តី​ថ្លែង​ការណ៍​ដ៏​ផ្តល់​ព័ត៌មាន​បំផុត​មួយនៅក្នុងព្រះគម្ពីរអំពីលក្ខណៈ នៃព្រះយេស៊ូវគ្រីស្ទ (ជាព្រះដ៏ខ្ពស់ និងភាពជាមនុស្ស) ហើយនិងពីការប្រសូត្ររបស់ព្រះអង្គ (ការដែលយកភាពជាមនុស្ស) ហើយនឹងការលើកដំកើងព្រះអង្គ (ការសោយរាជ្យរបស់ព្រះអង្គ នៅស្ថានសួគ៌)។

ព្រះយេស៊ូវគឺជា “រូបអង្គនៃព្រះ” ពាក្យដែលថា “រូបអង្គ” (μορφῇ) សំដៅលើលក្ខណៈសម្បត្តិ គុណសម្បត្តិ និងលក្ខណៈ។ ព្រះយេស៊ូវគឺជាព្រះក្នុងគ្រប់ទាំង លក្ខណៈសម្បត្តិ គុណសម្បត្តិនិងលក្ខណៈជា ព្រះរបស់ព្រះអង្គ (ហេព្រើរ ១:៣; កូឡូស ១:១៥, ២:១៩)។ ព្រះអង្គបានគង់នៅជាមួយនឹងព្រះ ហើយព្រះអង្គគឺជាព្រះមុនពេលដែលរបស់ទាំងអស់ត្រូវបានបង្កើតមក (យ៉ូហាន ១:១)។

 

ព្រះយេស៊ូវមានលក្ខណៈស្មើជាមួយនឹងព្រះ។​ ពាក្យនៅក្នុងភាសាក្រិចសម្រាប់ “ស្មើ” (ἴσα) ត្រូវបានប្រើ នៅក្នុងការប្រៀបធៀបរបស់ដែលមានទំហ៊ំ បរិមាណ គុណភាព រូបរាង ហើយនឹងចំនួនស្មើគ្នាត្រឹម។ គ្រប់លក្ខខណ្ឌទាំងអស់ព្រះយេស៊ូវគឺស្មើជាមួយនឹងព្រះ។​

 

ព្រះយេស៊ូវមិនបានទាមទារលក្ខណៈស្មើភាពជាមួយនឹងព្រះនោះឡើយ។​ ព្រះយេស៊ូវមានលក្ខណៈសម្បត្តិ ពេញទាំងស្រុងចំពោះលក្ខណៈស្មើជាមួយនឹងព្រះ រួមទាំងសិទ្ធ អភ័យឯកសិទ្ធ ហើយនឹងភាពឧត្តុង្គឧត្ត មនៃភាពជាព្រះ។ យ៉ាងណាម៉ិញ ព្រះអង្គបានជ្រើសរើសមិនបានទាមទារចំនុចណាមួយនោះឡើយ តែព្រះអង្គ បានស្ម័គ្រព្រះទ័យនៅក្នុងការលះបង់គ្រប់យ៉ាងមួយរយៈពេលគ្រា ដែលព្រះអង្គយាងមក ក្នុងពិភពលោកយើងនេះ។​

គឺ​ទ្រង់​បាន​លះ‌បង់​ព្រះ‌អង្គ​ទ្រង់ មក​យក​រូប‌ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង 

 

២:៧ ព្រះយេស៊ូវបានធ្វើឲ្យព្រះអង្គទ្រង់ទៅជាទទេ មិនមានលក្ខណៈជាព្រះដ៏ខ្ពស់ ឬលក្ខណៈសម្បត្តិរបស់ ព្រះអង្គដែលស្មើជាមួយនឹងព្រះ ប៉ុន្តែនៅតែមានសិទ្ធ អភ័យឯកសិទ្ធ និងភាពដ៏ឧត្តុង្គឧត្តមនៃភាពជាព្រះ។

 

ព្រះអង្គបានយកសណ្ឋានជាបាវបំរើវិញ។ ការនេះរៀបរាប់ពីរបៀបដែលព្រះយេស៊ូវបានធ្វើឲ្យព្រះអង្គទ្រង់ ទៅជាទទេ។ ព្រះអង្គបានធ្វើឲ្យព្រះអង្គទ្រង់ទៅជាទទេដោយការយកសណ្ឋានជា (μορφὴν នោះគឺជា មានន័យថា ភាពជា) អ្នកបំរើ​។ ​ពាក្យថា​ “យក” (λαβών) មិនមែនមនា័យថា​ផ្លាស់ប្តូរនោះឡើយ តែជាការបន្ថែមទៅវិញ។​ ព្រះយេស៊ូវមិនបានផ្លាស់ប្តូរភាពជាព្រះរបស់ព្រះអង្គហើយយកសណ្ឋានជា អ្នកបំរើនោះទេ។​ ព្រះអង្គនៅតែមានលក្ខណៈរបស់ព្រះអង្គក្នុងភាពជាព្រះដដែល ហើយបានបន្ថែមនូវ លក្ខណៈនៃអ្នកបំរើថែមទៀត។ ​ព្រះយេស៊ូវបានជ្រើសរើសធ្វើជាបាវបំរើនៃព្រះ (អេសាយ ៤២:១–៤; ៤៩:១–៦; ៥០:៤–១១; ៥២:១៣–៥៣:១២) ដើម្បីធ្វើតាមបំណង ព្រះហឫទ័យ ហើយនឹងសម្រេចផែនការនៃសេចក្តីសង្រ្គោះសម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ (យ៉ូហាន ៦:៣៨)។

 

បានប្រសូត្រមកនៅក្នុងសណ្ឋានដូចជាមនុស្ស។ ព្រះយេស៊ូវមានព្រះវត្តមានអស់កល្បរៀងមក “នៅក្នុងភាពជាព្រះ” ប៉ុន្តែព្រះអង្គត្រូវបានប្រសូត្រ (γενόμενος) “ក្នុងសណ្ឋានដូចជាមនុស្ស” ជាទារកនៅក្នុងភូមិបេថ្លេហិម។

ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ‌អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង 

 

២:៨ ការដែលនៅក្នុងសណ្ឋានជាមនុស្ស: គឺសំដៅទៅលើព្រះកាយរបស់ព្រះអង្គនៅលើផែនដីនេះ។ ដោយការប្រសូត្រដូចជាមនុស្សដទៃទៀត ព្រះយេស៊ូវមានរូបកាយជាមនុស្សពិតប្រាកដ ដែលមាន ភាពនឿយហត់ ស្រេកឃ្លាន ហើយនឹងមានអារម្មណ៍ឈឺចាប់។ ​ព្រះអង្គពិតជាបានប្រែក្លាយដូចជា យើងទាំងអស់គ្នាហើយបានប្រឈមមុខជាមួយនឹងការរងទុក្ខដែលយើងទាំងអស់គ្នាឆ្លងកាត់ដែរ។​

 

ព្រះអង្គបានបន្ទាបព្រះកាយព្រះអង្គដោយការស្តាប់បង្គាប់រហូតដល់សុគត។ ព្រះមួយជីវិតរបស់ព្រះយេស៊ូវ (ចាប់តាំងពីក្នុងស្នូកសត្វដល់ក្នុងផ្នូរ) គឺជាជីវិតនៃការបន្ទាបខ្លួនហើយស្តាប់តាមព្រះយ៉ាងពេញបរិបូរ។ ប៉ុន្តែ អ្វីដែលបង្ហាញយ៉ាងវិសេសបំផុតនៅក្នុងការបន្ទាបខ្លួនរបស់ព្រះអង្គគឺថាព្រះអង្គជាម្ចាស់នៃជីវិតបានចុះចូល រហូតដល់សុគត (កិច្ចការ ៣:១៥)។

 

ទោះបីជាត្រូវសុគតនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះយេស៊ូវគឺដោយត្រូវជាប់ឆ្កាង ដែលជាការស្លាប់ដ៏ ព្រៃផ្សៃ និងដោយអាណោចអាធម្មជាទីបំផុត។ តាមច្បាប់របស់សាសន៍យូដាអ្នកដែលស្លាប់ដោយការឆ្កាងគឺ ជាការស្លាប់ក្រោមបណ្តាសានៃព្រះ (កាឡាទី ៣:១៣, ចោទិយកថា ២១:២៣)។ វាគឺជាការស្លាប់ដ៏អាម៉ាស់ បំផុតដោយក្រោមច្បាប់របស់រ៉ូម៉ាំងគឺមិនអនុញ្ញាតឲ្យដាក់ទោស ដល់សាសន៍រូម៉ាំងបែបនោះឡើយ ប៉ុន្តែ ទោសនេះគឺសម្រាប់តែមនុស្សដែលមានឋានៈតូចទាប ទាសករ និងឧក្រិដ្ឋជនឃោរឃៅតែប៉ុណ្ណោះ។

សង្ខេបឲ្យខ្លី ព្រះយេស៊ូវមិនបានរាប់ពីលក្ខណៈសម្បត្តិរបស់ព្រះអង្គស្មើជាមួយនឹងព្រះថា ជាអ្វីមួយ ដែល អាចប្រើសម្រាប់ជាប្រយោជន៍របស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានជ្រើសរើសយកផ្លូវនៃ ការបន្ទាបខ្លួន ដោយការស្តាប់បង្គាប់ដែលឈានដល់ការសុគតរបស់ព្រះអង្គ។​ ការបន្ទាបខ្លួនរបស់ព្រះអង្គ អាចមើលឃើញជាប្រាំពីរចំនុចដូចជាការរបៀរាប់ពីលើចុះក្រោម។

(១) ព្រះយេស៊ូវនៅក្នុងភាពជាព្រះ

(២) ព្រះអង្គមិនបានទាមទារនូវលក្ខណៈសម្បត្តិស្មើជាមួយនឹងព្រះនោះឡើយ 

(៣) ព្រះអង្គបានធ្វើឲ្យព្រះអង្គទ្រង់ទៅជាទទេ

(៤) ព្រះអង្គបានប្រែក្លាយជាបាវបំរើ

(៥) ព្រះអង្គបានប្រសូត្រមកជាមនុស្ស

(៦) ព្រះអង្គបានបន្ទាបព្រះអង្គទ្រង់  

(៧) ព្រះអង្គបានសុគតនៅលើឈើឆ្កាង។                                             

 

ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង 

 

២:៩ ដោយព្រោះតែការបន្ទាបខ្លួន ស្តាប់បង្គាប់ រងទុក្ខ និងសុគតរបស់ព្រះយេស៊ូវ ព្រះបានលើកដំកើង ព្រះអង្គ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរលើសអស់ទាំងនាមផង (ហេព្រើរ ២:៩; វិវរណៈ ៥:១១-១២; កិច្ចការ ៥:៣០-៣១)។ ព្រះនាមនោះគឺ “ព្រះអម្ចាស់” (ខ១១)។

ដើម្បី​កាល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ‌អម្ចាស់ សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា។

 

២:១០ បន្ទាប់ពីការរស់ពីសុគតឡើងវិញ ហើយនឹងការយាងទៅស្ថានសួគ៌នោះ ព្រះយេស៊ូវមិនមែនគ្រាន់តែ បន្តនៅក្នុងតួនាទីដដែលដូចដែលព្រះអង្គបានមានមុនពេលដែលព្រះអង្គយាងមកផែនដីនេះតែប៉ុណ្ណោះ។ផ្ ទុយទៅវិញ ព្រះអង្គបានទទួលងារថ្មីមួយជាព្រះអម្ចាស់នៃរបស់ដែលបានបង្កើតមកទាំងអស់​ (ម៉ាថាយ ២៨:១៨; រ៉ូម ១៤:៩; កិច្ចការ ២:៣៦)! ថ្ងៃមួយគ្រប់របស់ទាំងអស់នឹងទទួលស្គាល់ព្រះយេស៊ូវថាជាព្រះអម្ចាស់។ ការនេះរួមទាំងពួក ទេវតានៅក្នុងស្ថានសួគ៌ដែរ (វិវរណៈ ៤:២-៩) ព្រលឹងវិញ្ញាណរបស់ពួកអ្នកដែលបានប្រោសលោះនៅ ស្ថានសួគ៌ (វិវរណៈ ៤:១០-១១) ពួកអ្នកជឿនៅលើផែនដី (រ៉ូម​ ១០:៩) ពួកអ្នកបះបោរមិនព្រមស្តាប់តាម នៅលើផែនដី (២ថែស្សាឡូនិច ១:៧-៩) ហើយនឹងពួកអារក្សនិងមនុស្សដែលបាត់បង់នៅក្នុងស្ថាននរក (១ ពេត្រុស​៣:១៨-២២)។ ពួកអ្នកដែលបះបោរទាស់នឹងព្រះនឹងត្រូវបញ្ចប់នៅពេលដែលព្រះយេស៊ូវយាង ត្រឡប់មកវិញជាលើកទីពីរ។

 

នៅក្នុងអេសាយ ៤៥:២២-២៤ ព្រះយេហូវ៉ា​បានប្រកាសថា “គ្រប់ទាំងជង្គង់នឹងលត់” ​ពេលនេះ ព្រះបានប្រទានសិទ្ធនេះដល់ព្រះរាជបុត្រាព្រះអង្គ។ ព្រះយេស៊ូវគឺជាព្រះអម្ចាស់ដែលជង្គង់ទាំងអស់ នឹងត្រូវលត់នៅចំពោះព្រះអង្គ។ ការដែលជង្គង់ត្រូវលត់គឺបង្ហាញពីការចុះចូលចំពោះមួយអង្គ ដែលមានគ្រប់ទាំងព្រះចេស្តាដែលគ្មានអ្វីអាចនឹងទាស់នឹងទ្រង់បានឡើយ។​

២:១១ ពាក្យនៅក្នុងភាសាសក្រិចសម្រាប់ពាក្យថា “សារភាព” មានន័យថា ទទួលស្គាល់ បញ្ជាក់ និងយល់ព្រម”។ គ្រប់ទាំងរបស់ទាំងអស់ដែលបង្កើតមកនឹងសារភាពថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់។ ​ការនេះមានន័យថា​គ្រប់ទាំងរបស់ដែលត្រូវបានបង្កើតមកទាំងប៉ុន្មាននឹងទទួលស្គាល់ពីព្រះចេស្តារបស់ ព្រះអង្គហើយនិងសិទ្ធរបស់ព្រះអង្គនៅក្នុងការត្រួតត្រា។ ការនេះមិនមែនមានន័យថាគ្រប់ទាំងអស់ នឹងបានសង្រ្គោះនោះឡើយ ប៉ុន្តែនៅចុងបំផុតគ្រប់គ្នានឹងបានដឹងហើយនឹងទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់​ មិនថាដោយអំណរឬដោយការស្ញែងខ្លាចនោះឡើយ។​

ការនេះ គឺសម្រាប់ថ្វាយគ្រប់ទាំងសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។​ ព្រះធ្វើកិច្ចការទាំងអស់នេះដោយបំណង ព្រះហឫទ័យដើម្បីឲ្យសិរីល្អរបស់ព្រះអង្គត្រូវបានបង្ហាញ។ ព្រះបានលើកដំកើងព្រះរាជបុត្រាព្រះអង្គ ហើយបានតាំងព្រះអង្គឡើងធ្វើជាព្រះអម្ចាស់។ ព្រះបានដាក់គ្រប់របស់ទាំងអស់ដែលបានបង្កើតមកនឹង ត្រូវលត់ជង្គង់នៅចំពោះព្រះយេស៊ូវជាព្រះអម្ចាស់ហើយសារភាពថាព្រះអង្គមានអំណាចនៅក្នុងការត្រួតត្រា។ការនេះបង្ហាញពីសិរីល្អនៃព្រះដោយព្រោះតែគ្រប់ទាំងអស់គឺជាការដែលស្របតាមផែនការណ៏របស់ព្រះ។

 

ព្រះយេស៊ូវបានបន្ទាបព្រះអង្គទ្រង់ ហើយព្រះបានលើកដំកើងព្រះអង្គយ៉ាងខ្ពស់ ហើយជាលទ្ធផលនៃការ ទាំងនេះគឺដើម្បីថ្វាយសិរីល្អដល់ព្រះ។ ការលើកដំកើងព្រះយេស៊ូវអាចសម្លឹងឃើញជាបួនចំនុចរាប់ពីក្រោម ឡើងទៅលើ។

              

(៤) គ្រប់របស់ទាំងអស់ដែលបានបង្កើតមកនឹងត្រូវលត់ជង្គង់ហើយសារភាពថាព្រះយេស៊ូវគឺជាព្រះអម្ចាស់!    

(៣) ព្រះបានប្រទានឲ្យព្រះអង្គនូវនាមដែលខ្ពស់អស់ទាំងនាម (“ព្រះអម្ចាស់”)

(២) ព្រះបានលើកព្រះយេស៊ូវឡើងទៅស្ថានសួគ៌ឲ្យបានគង់លើបល្ល័ង្កនៅខាងស្តាំព្រះអង្គ 

(១)ព្រះបានប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញ

 

មេរៀនសម្រាប់ពួកបរិសុទ្ធគឺច្បាស់ខ្លាំងណាស់។ ដូចដែលព្រះយេស៊ូវបានដាក់ចុះមួយឡែកចំពោះប្រ យោជន៍របស់ព្រះអង្គដើម្បីឲ្យបានប្រយោជន៍ដល់អ្នកដទៃ ហេតុនេះហើយយើងក៏គួរតែធ្វើដូចគ្នាដែរ។ ​ដូចដែលព្រះយេស៊ូវបានបន្ទាបព្រះអង្គទ្រង់ហើយបានស្តាប់តាមព្រះជាម្ចាស់ ហើយក្រោយមកព្រះបាន ដំកើងព្រះអង្គនោះ ពួកអ្នកជឿទាំងអស់គួរតែបន្ទាបខ្លួនហើយស្តាប់តាមព្រះហើយទុកចិត្តថាព្រះអង្គនឹង លើកដំកើងយើងទាំងអស់គ្នាដែរ។ ជីវិតជាគ្រីស្ទានគឺត្រូវមានការផ្លាស់ប្រែឲ្យបានដូចជាព្រះគ្រីស្ទនៅក្នុងការ បន្ទាបខ្លួននិងការស្តាប់តាមព្រះ។ បន្ទាប់មក ពេលដែលព្រះអង្គយាងត្រឡប់មកវិញយើងនឹងបានដំកើង ឡើងគ្រាដែលព្រះអង្គផ្លាស់ប្រែយើងទាំងអស់គ្នាឲ្យបានដូចជាព្រះអង្គនៅក្នុងសិរីល្អ។

 

បាន​ជា ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត‌ខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ 

 

២:១២-១៣ ​​លោកប៉ុលទើបតែបានផ្តល់ឲ្យយើងរាល់គ្នាពីគំរូដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវក្នុង ការស្តាប់បង្គាប់តាមបំណងព្រះហឫទ័យនៃព្រះវរបិតា។ ពេលនេះ គាត់ទទូចឲ្យពួកបរិសុទ្ធស្តាប់បង្គាប់តាម អ្វីដែលព្រះធ្វើការនៅក្នុងជីវិតរបស់ពួកគេ  នោះគឺជាការដែលព្រះអង្គសម្រេចកិច្ចការនៃ សេចក្តីសង្រ្គោះរបស់ព្រះអង្គ (១:៦)។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី “សេចក្តីសង្រ្គោះ” មានន័យថា សង្រ្គោះពីបាប នោះគឺជាការសង្រ្គោះឲ្យបានរួចពី ទោសបញ្ញត្តិនៃអំពើបាប អំណាចនៃអំពើបាប និងវត្តមាននៃអំពើបាប។ យើងទាំងអស់គ្នាបានរួចពី ទោសបញ្ញត្តិនៃអំពើបាប  នៅក្នុងពេលដែលយើងបានទទួលព្រះយេស៊ូវជាព្រះអង្គសង្រ្គោះនៃយើង ទាំងអស់គ្នា ហើយើងនឹង ត្រូវបានសង្រ្គោះឲ្យរួចពីវត្តមាននៃអំពើបាបនៅពេលដែលយើងបានចូលទៅ ក្នុងស្ថានសួគ៌។ ប៉ុន្តែ សេចក្តីសង្រ្គោះដែលយើងទាំងអស់គ្នាឆ្លងកាត់នៅក្នុងពេលនេះគឺជា ការញែកជាបរិសុទ្ធ នោះគឺជាការយកឈ្នះលើអំពើបាប ចំរើនឡើងនៅក្នុងភាពបរិសុទ្ធ ហើយនឹង មានទំនាក់ទំនងកាន់តែ ជ្រាលជ្រៅ ជាមួយនឹងព្រះជាម្ចាស់ដែលជាលទ្ធផលពីការនេះ។ ​នេះជាអ្វី ដែលលោកប៉ុលលើកទឹកចិត្ដដល់អ្នកដែលអានសេចក្តីសំបុត្ររបស់គាត់ឲ្យបានខំប្រឹងធ្វើឲ្យបាន។​

 

ពួកជំនុំនៅក្នុងក្រុងភីលីពតែងតែបង្ហាញពីសេចក្តីជំនឿរបស់គេដោយការស្តាប់បង្គាប់ព្រះគ្រីស្ទ ហើយនិង បទបញ្ញត្តិដែលសាវ័ករបស់ព្រះអង្គ (ប៉ុល)បានបង្រៀនដល់ពួកគេ ពេលដែលគាត់នៅមានវត្តមាន ជាមួយនឹងពួកគេនៅឡើយ។ ពេលនេះ ទោះបីជាលោកប៉ុលអវត្តមានក៏ដោយ គាត់បានផ្តល់បង្គាប់នេះ ដល់ពួកគេថា “ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា”។ ​សេចក្តីសង្រ្គោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនជា ការសម្រេចបានរបស់មនុស្សនោះឡើយ។​ ដូច្នេះហើយនៅពេលដែលលោកប៉ុលប្រាប់ពួកគេឲ្យ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា គាត់មិនមែនមានន័យថាឲ្យធ្វើការនោះដោយខ្លួនគេដោយ ឡែកពីព្រះនោះឡើយ។ គាត់មានន័យថា​ឲ្យធ្វើការនោះជាមួយនឹងព្រះ​ (“ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា”) ប៉ុន្តែដាច់ដោយឡែកពីលោកប៉ុល (ដែលអវត្តមាននៅក្នុងពួកគេ)។

លោកប៉ុលមិនដែលបង្រៀនថាសេចក្តីសង្រ្គោះបានមកដោយការប្រព្រឹត្តនោះឡើយ (រ៉ូម ៣:២១-២៤; អេភេសូ ២:៨-៩)។ នៅក្នុងខនេះ  គាត់មិនបានប្រាប់មនុស្សឲ្យព្យាយាមសម្រេចសេចក្តីសង្រ្គោះរបស់ គេដោយខ្លួនគេនោះឡើយ។ គាត់កំពុងតែប្រាប់ដល់ពួកបរិសុទ្ធ ដែលបានទទួលសេចក្តីសង្រ្គោះរួចហើយ ដោយព្រះគុណនៃព្រះ ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះនេះនៅក្នុងជីវិតរបស់ពួកគេ។  នោះគឺថា ការដែលអនុវត្ត យ៉ាងសកម្មនូវអ្វីដែលគេបានទទួល ដើម្បីឲ្យការនោះពិតជាមានឥទ្ធិពលនៅក្នុងជីវិតរបស់ពួកគេ។ ​អ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងជីវិតរបស់យើង គួរតែបានបញ្ចេញមកនៅក្នុងការប្រព្រឹត្ត ដែលមាននៅក្នុងជីវិតរបស់យើង។ 

 

យើងធ្វើយ៉ាងដូច្នេះជាមួយនឹង សេចក្តីកោតខ្លាចនិងញាប់ញ័រ។ ទាំងនេះគឺជាឥរិយាបទយ៉ាងត្រឹមត្រូវដែល គ្រីស្ទានទាំងអស់គ្នា ត្រូវមានក្នុងការបង្ហើយសេចក្តីសង្រ្គោះរបស់ពួកគេ។ ការនេះរួមទាំងការភ័យខ្លាច ដ៏បរិសុទ្ធចំពោះការដែលធ្វើទាស់នឹងព្រះទ័យព្រះ ហើយនឹងការសរសើរនិងគោរពដល់ព្រះអង្គ (សុភាសិត ១:៧, ៩:១០; អេសាយ ៦៦:១-២)។​

ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា។ ហេតុផលដែលគ្រីស្ទានត្រូវតែបង្កើយសេចក្តីសង្រ្គោះ របស់គេ ដោយ​កោត‌ខ្លាច ហើយ​ញាប់​ញ័រ​ចុះ គឺដោយព្រោះតែដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត ​យើង​រាល់​គ្នា។ សេចក្តីសង្រ្គោះរបស់យើងគឺជាកិច្ចការដ៏បរិសុទ្ធនៃព្រះ ហេតុដូច្នេះហើយយើងត្រូវតែឲ្យតម្លៃ លើសេចក្តីសង្រ្គោះនោះ។ ​ព្រះជាម្ចាស់នៃសកលលោកព្រះអង្គកំពុងតែធ្វើការនៅក្នុងចិត្តរបស់អ្នក! ការនេះគួរតែជំរុញអ្នកឱ្យសហការជាមួយនឹងព្រះអង្គ ហើយធ្វើការដោយសេចក្តីឧស្សាហ៏ចំពោះសេចក្តីសង្រ្គោះរបស់អ្នក។

សេចក្តីសង្រ្គោះគឺជាកិច្ចការរបស់ព្រះ ហើយទីតាំងនៃកិច្ចការនេះគឺ​នៅក្នុងអ្នក។ ហេតុនេះហើយ សេច​ក្តីសង្រ្គោះគឺជាបទពិសោធន៏ដ៏ជាក់ច្បាស់ ដែលកើតមានឡើងនៅក្នុងជីវិតរបស់អ្នក (១ កូរិនថូស​១៥:១០; កាឡាទី​ ២:២០)។ យើងបានស្គាល់សេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានសម្រេចស ម្រាប់យើងដោយព្រោះតែពេលនេះ ព្រះអង្គធ្វើការនៅក្នុងយើងដោយព្រះវិញ្ញាណ បរិសុទ្ធរបស់ព្រះអង្គ (កិច្ចការ ១:៨; ១ កូរិនថូស ៣:១៦-១៧; ៦:១៩-២០)។​ ម្តងទៀត សូមនឹកចាំថាសេចក្តីសង្រ្គោះ ដែលយើងទាំងអស់គ្នាបានស្គាល់ក្នុងពេលនេះគឺជាការញែកជាបរិសុទ្ធ។

 

ព្រះវិញ្ញាណបរិសុទ្ធបណ្តាលឲ្យយើងទាំងអស់គ្នា “​មាន​ទាំង​ចំណង​ចង់​ធ្វើ”។ ព្រះអង្គធ្វើការនៅក្នុង ពួកអ្នកជឿដើម្បីធ្វើឲ្យយើងមានបំណងនៅក្នុងការស្តាប់តាមព្រះហឫទ័យនៃព្រះ (“ឲ្យមានចំណង់”) ហើយបន្ទាប់មកប្រទានអំណាចឲ្យបានធ្វើការនោះ (“ឲ្យ​បាន​ប្រព្រឹត្ត​”)។ តាមរយៈការនេះ ព្រះចេស្តា នៃព្រះនឹងធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គចង់ និងអាចរស់នៅក្នុងជីវិតបរិសុទ្ធ  ដែលបង្កើតផលផ្លែ ខាងព្រលឹងវិញ្ញាណ (ហេព្រើរ ១៣:២១; កូឡូស ១:២៩; ២ កូរិនថូស ៨:១៦-១៧; យ៉ូហាន ១៥:៥; ១ កូរិនថូស ១២:៦)។

“ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់”។ នេះគឺជាហេតុផលដែលព្រះធ្វើការនៅក្នុងជីវិតរបស់ យើង។​ ព្រះអង្គធ្វើការនេះដោយព្រោះតែជាបំណងព្រះហឫទ័យព្រះអង្គ។ គ្រប់យ៉ាងដែលព្រះអង្គធ្វើ ព្រះអង្គធ្វើដោយព្រោះតែជាបំណងព្រះហឫទ័យព្រះអង្គ។ ដោយព្រោះតែព្រះទ្រង់ល្អ អ្វីដែលត្រូវនឹងបំណង ព្រះហឫទ័យព្រះអង្គគឺជាអ្វីដែលល្អសម្រាប់អស់អ្នកដែលព្រះអង្គស្រឡាញ់ (រ៉ូម ៨:២៨)។

 

ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន​នៅ​ក្នុង​ដំណ​មនុស្ស​វៀច ហើយ​ខិល‌ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ

 

២:១៤-១៥ ដោយព្រោះតែព្រះធ្វើការនៅក្នុងយើងដើម្បីឲ្យមានបំណងចង់ធ្វើការដើម្បីឲ្យបានត្រូវតាម បំណងព្រះហឫទ័យព្រះអង្គ យើងគួរតែ “​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រកែក”។​  នៅពេលដែលយើងបានដឹងថាព្រះកំពុងតែធ្វើការនៅក្នុងជីវិតរបស់យើងដើម្បីបង្ហើយសេចក្តីសង្រ្គោះរបស់យើងបន្ទាប់មក ឥរិយាបទដែលត្រឹមត្រូវនោះគឺជាអំណរ មិនមែនជាការត្អូញត្អែរហើយនឹងប្រកែក នោះឡើយ។​

 

ខគម្ពីរទាំងនេះប្រើពាក្យដែលដកស្រង់ចេញពីព្រះគម្ពីរសញ្ញាចាស់ដែលរៀបរាប់ពីជំនាន់ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងទីរហោស្ថានបន្ទាប់ពីត្រូវបានរំដោះពីទាសករភាពនៅក្នុងប្រទេសអេស៊ីព្ទ។ ម្តងហើយ ម្តងទៀតពួកគេត្អូញត្អែរពីការរស់នៅក្នុងទីរហោស្ថានហើយថាពួកគេមិនគួរចាកចេញពីអេស៊ីព្ទមកនោះឡើយ (ជនគណនា ១១:១-៦; ១៤:១-៤; ២០:២; ២១:៤-៥)។ លោកម៉ូសេបានរៀបរាប់ពីពួគេថា “គេ​ជា​ដំណ​មនុស្ស​វៀច​ហើយ​ក្រវិចក្រវៀន” (ចោទិយកថា ៣២:៥) ហើយនិង “គេ​ជា​ដំណ​មនុស្ស​វៀច ​ពេក​ណាស់ ជា​កូន​ចៅ​ដែល​មិន​មាន​សេចក្តី​ស្មោះត្រង់​សោះ” (ចោទិយកថា ៣២:២០)។ 

 

ព្រះបានប្រោសលោះគេពីទាសករភាព ប៉ុន្តែផ្ទុយពីការដែលមានសេចក្តីអំណរអំពីការនេះ ពួកគេបាន ត្អូញ‌ត្អែរ ហើយប្រកែក។ គ្រីស្ទានមិនគួរធ្វើដូចជាមនុស្សនៅក្នុងជំនាន់ដែលនៅក្នុងទីរហោស្ថាន នោះឡើយ។ ព្រះបានប្រោសលោះយើងរាល់គ្នាពីទាសករនៃអំពើបាបដែលដឹកនាំទៅរកសេចក្តីហិនវិនាស។ ហេតុនេះហើយ យើងគួរតែឆ្លើយតបជាមួយនឹងសេចក្តីស្រលាញ់ អំណរ ហើយស្តាប់តាមព្រះអង្គ។ បន្ទាប់មក យើងនឹង “បាន​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ ដែល​រក​បន្ទោស​មិន​បាន”។ 

 

ព្រះយេស៊ូវមានបន្ទូលថាពួកអ្នកដើរតាមព្រះអង្គគឺជា “ពន្លឺនៃលោកីយ” (ម៉ាថាយ ៥:១៤-១៦)។ ពេលនេះលោកប៉ុលលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យ “​ភ្លឺ​នៅ​កណ្តាល​គេ ដូច​ជា​តួ​ពន្លឺ​នៅ​ក្នុង​លោក” ។ពាក្យដែលបកប្រែមកថា “ពន្លឺ” (φωστῆρες)  ត្រូវបានប្រើនៅក្នុងការបកប្រែជាភាសាក្រិចនៃបទគម្ពីរ លោកុប្បត្តិ ១:១៤-១៩ សម្រាប់ ថ្ងៃ ខែនិងផ្កាយ ដែលព្រះបានដាក់នៅក្នុងលំហរផ្ទៃមេឃនៅក្នុងថ្ងៃទីបួន។​ ពន្លឺទាំងនេះមិនមែនភ្លឺសម្រាប់ខ្លួនឯងនោះឡើយ។ ដុំពន្លឺទាំងនេះគឺជាពន្លឺសម្រាប់លោកីយ។ ​ព្រះទ្រង់ក៏មានបំណងព្រះហឫទ័យដូចគ្នាសម្រាប់ពួកបរិសុទ្ធរបស់ព្រះអង្គដែរ។​

២:១៦ គន្លឹះនៃការរស់នៅក្នុងជីវិតមួយដែលភ្លឺនោះគឺ​ នៅជាប់ក្នុងព្រះ‌បន្ទូល​នៃ​ជីវិត​។ ​“ព្រះបន្ទូលនៃជីវិត” គឺជាដំណឹងល្អដែលនាំឲ្យមានជីវិតអស់កល្បជានិច្ចនៅពេលដែលដំណឹងល្អ ត្រូវបានទទួលដោយសេចក្តីជំនឿ។ ប្រសិនបើពួកអ្នកក្រុងភីលីពទាំងនេះនៅជាប់ក្នុងដំណឹងល្អ នោះពួកគេនឹងមានជីវិតអស់កល្បជានិច្ច ហើយព័ន្ធកិច្ចរបស់លោកប៉ុលចំពោះគេនោះក៏ប្រយោជន៍ដែរ។

ប៉ុន្តែ បើ​សិន​ជា​ត្រូវ​ច្រួច​ខ្ញុំ​ចេញ​លើ​យញ្ញ‌បូជា នឹង​ការ​ជំនួយ​របស់​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ក៏​អរ ហើយ​មាន​សេចក្ដី​អំណរ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ដែរ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ ហើយ​អរ​សប្បាយ ជា​មួយ​នឹង​ខ្ញុំ​ផង។

 

២:១៧​​ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកសង្ឃតែងតែចាក់ស្រាទំពាំងបាយជួយនៅក្បែរឬពីលើសត្វ ណាមួយ ដែលត្រូវថ្វាយជាយញ្ញបូជាដល់ព្រះដើម្បីធ្វើឲ្យយញ្ញបូជានោះបានពេញលក្ខណៈ និង អាចទទួលបាន នៅចំពោះព្រះ (ជនគណនា ១៥:១០; ២៨:៧)។ ការនេះត្រូវបានហៅថា “ដង្វាយច្រួច”។ សេចក្តីជំនឿរបស់ពួកអ្នកក្រុងភីលីព​ ប្រៀបបានដូចជាដង្វាយដែលថ្វាយដល់ព្រះយ៉ាង នោះដែរ ហើយលោកប៉ុលរីករាយនៅក្នុងការបន្ថែមការរងទុក្ខរបស់គាត់ (ហើយអាចនឹងស្លាប់) ជាដង្វាយច្រួច ប្រសិនបើចាំបាច់ នៅក្នុងការធ្វើឲ្យដង្វាយរបស់ពួកគេបានឥតខ្ចោះហើយទទួលយកបាននៅចំពោះព្រះ។ 

 

 

២:១៨ ជីវិតរបស់លោកប៉ុលទាំងមូលគឺសម្រាប់ព្រះយេស៊ូវ។ នេះគឺជាប្រភពនៃសេចក្តីអំណររបស់ លោកប៉ុល ហើយគាត់ចង់ឲ្យអ្នកក្រុងភីលីពមានឥរិយាបទដូចគ្នាដែរ។ ដូចដែលពួកគេបានរួមចំណែកនៅ ក្នុងដំណឹងល្អដែរ​​​​ (១:៥) ហើយនៅក្នុងការរងទុក្ខសម្រាប់ព្រះគ្រីស្ទ (១:២៩-៣០) គាត់ក៏ចង់ឲ្យពួកគាត់ បានរួមចំណែកនៅក្នុងសេចក្តីអំណររបស់គាត់ចំពោះការចំរើនឡើងនៃដំណឹងល្អដែរ។​ ទោះបីជា លោកប៉ុលត្រូវរងទុក្ខ ឬត្រូវគេសម្លាប់ដោយសារសេចក្តីជំនឿគាត់ក៏ដោយ គាត់នៅតែមានអំណរ ហើយចង់ឲ្យពួកគេមានអំណរជាមួយនឹងគាត់ដែរ។ អំណរ (មិនមែនជាការត្អូញត្អែរឬប្រកែកឡើយ) គឺជាឥរិយាបទដ៏ត្រឹមត្រូវសម្រាប់គ្រីស្ទានម្នាក់ៗ (១:១៨,​១:២៥, ២:២៩,៣:១,៤:៤)។

 

គំរូពីរ-ពីអ្នកដែលដូចព្រះគ្រីស្ទ: លោកធីម៉ូថេ និង អេប៉ាប្រូឌីត

ខ្ញុំ​សង្ឃឹម ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា បន្តិច​ទៀត ខ្ញុំ​នឹង​ចាត់​ធីម៉ូថេ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្សាន្ត​ចិត្ត​ឡើង ដោយ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា 

២:១៩ ​​ដោយព្រោះតែការជាប់ឃុំឃាំងរបស់គាត់ លោកប៉ុលមិនអាចវិលត្រឡប់មកទីក្រុងភីលីពក្នុង ពេលនេះបានទេ ប៉ុន្តែគាត់សង្ឃឹមថានឹងចាត់ធីម៉ូថេឲ្យមកឯពួកគេឆាប់ៗ។​

 

ដ្បិត​ខ្ញុំ​គ្មាន​អ្នក​ណា​មាន​គំនិត​ដូច​ជា​គាត់ ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​របស់​អ្នក​រាល់​គ្នា ដោយ​ស្មោះ‌ត្រង់​នោះ​ទេ 21ពី​ព្រោះ​មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ 

 

២:២០-២១ ​លោកធីម៉ូថេ​មានចិត្តគំនិតដូចជាលោកប៉ុលដោយព្រោះតែគាត់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះពួកបរិសុទ្ធនៅក្រុងភីលីព។ ​ការនេះគឺកំរខ្លាំងណាស់ ដោយព្រោះតែមនុស្សភាគច្រើន “រកតែប្រយោជន៍ផ្ទាល់ខ្លួន”។ ប៉ុន្តែធីម៉ូថេគឺខុសពីអ្នកជឿដទៃទៀតដែលលោកប៉ុលអាចចាត់ឲ្យទៅ ឯពួកអ្នកក្រុងភីលីពដោយព្រោះតែគាត់បានយកប្រយោជន៍របស់ព្រះគ្រីស្ទជាសំខាន់លើសជាងប្រយោជន៍គាត់។

 

តែ​អ្នក​រាល់​គ្នា​ស្គាល់​កិរិយា​របស់​គាត់​ហើយ ថា​គាត់​បាន​បំរើ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​ដំណឹង​ល្អ ដូច​ជា​កូន​បំរើ​ឪពុក 

 

២:២២ លោកធីម៉ូថេធ្វើតាមគំរូរបស់ព្រះយេស៊ូវ (២:៧) ហើយបានធ្វើឲ្យខ្លួនគាត់ទៅជាអ្នកបំរើនៃ ដំណឹងល្អ។

 

ដូច្នេះ កាល​ណា​ខ្ញុំ​បាន​ឃើញ​ថា រឿង​ខ្ញុំ​នឹង​សំរេច​ជា​យ៉ាង​ណា នោះ​ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​គាត់​មក​ភ្លាម ហើយ​ខ្ញុំ​ជឿ​ប្រាកដ ដោយ‌សារ​ព្រះ‌អម្ចាស់​ថា បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​មក​ដែរ។

 

២:២៣-២៤ ​បន្ទាប់ពីលោកប៉ុលបានដឹងលទ្ធផលនៃការកាត់ក្តីរបស់គាត់ភ្លាមនោះ គាត់នឹងចាត់លោកធីម៉ូថេឲ្យមកឯពួកគេជាមិនខាន។

ខ្ញុំ​បាន​យល់​ឃើញ​ថា ត្រូវ​ចាត់​អេប៉ា‌ប្រូឌីត​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គាត់​ជា​បង​ប្អូន ជា​គូ‌កន​ធ្វើ​ការ ហើយ​ធ្វើ​ទាហាន​ជា​មួយ​នឹង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ទៅ ឲ្យ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ការ គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា គាត់​ឈឺ 

 

២:២៥-២៦ លោកអេប៉ាប្រូឌីតត្រូវបានចាត់ដោយពួកជំនុំនៅក្រុងភីលីព ដើម្បី​ឲ្យ​អំណោយ ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ដែល​លោកប៉ុល​ត្រូវ​ការ ហើយ​​បម្រើ​ដល់​ប៉ុល។ លោកប៉ុលបានហៅលោកអេប៉ាប្រូឌីតថា “បងប្អូនខ្ញុំ”​ ដើម្បីបង្ហាញពីទំនាក់ទំនងហើយនឹងសេចក្តីស្រឡាញ់ចំពោះគាត់ក្នុងនាមជាអ្នក ដែលមានជំនឿម្នាក់; “ជាគូកនធ្វើការ” ដើម្បីបង្ហាញថាគាត់បានធ្វើការនៅក្នុងបុព្វហេតុដំណឹងល្អ ជាមួយនឹងលោកប៉ុល ហើយនឹងជា “ទាហានជាមួយនឹងខ្ញុំ” ដើម្បីបង្ហាញថា គាត់បានប្រឈមមុខក្នុង សេចក្ដី​តតាំង ហើយបានរងទុក្ខសម្រាប់ដំណឹងល្អដូចជាលោកប៉ុលដែរ។

 

គាត់​បាន​ឈឺ​មែន​ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ‌ទ្រង់​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​១ គឺ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ជា​ខ្ជាន់ៗ​ឡើយ ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​គាត់ ហើយ​ឲ្យ​ខ្ញុំ​បាន​អន់​ព្រួយ​ដែរ

២:២៧-២៨ ពួកអ្នកក្រុងភីលីពអាចនឹងមានការភ្ញាក់ផ្អើលដែលបានឃើញលោក អេប៉ាប្រូឌីតម្តងទៀត។ ហេតុនេះបានជាលោកប៉ុលពន្យល់ហេតុផលដែលគាត់ចាត់ឲ្យគាត់មកវិញ។

ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នោះ​ចុះ ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះ‌គ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ។

 

២:២៩-៣០ ដូចជាព្រះយេស៊ូវគ្រីស្ទបានត្រឡប់ជាស្តាប់បង្គាប់ដល់សុគត (២:៨) លោកអេប៉ាប្រូឌីត ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះ‌គ្រីស្ទ​ដែរ ("គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​នឹង​បំពេញ​ សេចក្ដី​ណា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួយ​ដល់​ខ្ញុំ")។ ​ដូចដែលព្រះបានឆ្លើយតបចំពោះ ការស្តាប់បង្គាប់របស់ព្រះគ្រីស្ទដោយការដំកើងព្រះអង្គនោះ លោកអេប៉ាប្រូឌីតគួរតែត្រូវបានស្វាគមន៏ត្រឡប់មកទីក្រុង ភីលីពវិញ ដោយសេចក្តីអំណរ និងកិត្តិយសយ៉ាងនោះដែរ។ ពួកជំនុំគួរតែកិត្តិយសដល់អស់អ្នក ដែលបានលះបង់សម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។

 

លោកប៉ុលបានផ្តល់ឲ្យនូវគំរូចំនួនពីរពីការដែលមានន័យយ៉ាងណានៅក្នុងការដែលមានចិត្តគំនិតដូចជាព្រះយេស៊ូវគ្រីស្ទមាន (ខ៥)

  • លោកធីម៉ូថេបំរើដោយមិនរកប្រយោជន៍ផ្ទាល់ខ្លួននិងយកចិត្តទុកដាក់ចំពោះគ្រីស្ទានយ៉ាងជ្រាលជ្រៅបំផុត។​ 

  • លោកអេប៉ាប្រូឌីតបានប្តេជ្ញាក្នុងការធ្វើបេសកកម្មរបស់គាត់ ទោះបីជាមានការប្រឈមមុខយ៉ាងខ្លាំង ចំពោះសុខភាពនិងជីវិតរបស់គាត់ក៏ដោយ។​

 

អ្នក​ទាំង​ពីរ​គឺ​ជា​អ្នក​បម្រើ​នៃ​ដំណឹង​ល្អ​ ដែល​បានស្តាប់​តាម​ព្រះគ្រីស្ទ (ដោយការធ្វើតាមគំរូរបស់ព្រះអង្គ) ដោយបង្ហាញសេចក្តីអំណរ ការបន្ទាបខ្លួន ហើយនឹងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។  ដូច្នេះហើយ ពួកគាត់បានបង្ហាញពីលក្ខណៈសម្បត្តិដែលលោកប៉ុលលើកទឹកចិត្តដល់ពួកបរិសុទ្ធនៅក្រុងភីលីពឲ្យមាននោះឯង (១:២៧-២:៤) ជាអ្វីដែលបានបង្ហាញយ៉ាងល្អឥតខ្ចោះនៅក្នុងការរស់នៅរបស់ព្រះយេស៊ូវ (២:៥-១១)។

 

bottom of page