top of page

សេចក្តីអធិប្បាយពីសំបុត្របស់យ៉ាកុប

សំបុត្រ​យ៉ាកុប ជា​បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​១២ ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ។

 

១:១ សំណួរទីមួយដែលយើងភាគច្រើននឹងចោទសួរនៅពេលដែលយើងចាប់ផ្តើមអានសំបុត្រមួយនេះនោះគឺ តើលោកយ៉ាកុបជានរណា? គាត់បានណែនាំខ្លួនគាត់អោយយើងបានស្គាល់នៅក្នុងខទី១ ប៉ុន្តែ រឿងដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ អ្វីដែលគាត់មិនបាននិយាយអំពីខ្លួនគាត់។ លោកយ៉ាកុបគឺជាប្អូនប្រុសរបស់ព្រះយេស៊ូវ (ម៉ាថាយ ១៣:៥៣- ៥៦)។ ដូច្នេះ លោកយ៉ាកុបបាស្គាល់ព្រះយេស៊ូវពេញមួយជីវិតរបស់គាត់។  គាត់បានធំលូតលាស់ឡើងជាមួយព្រះយេស៊ូវ! 

 

កាលដែលព្រះយេស៊ូវបានចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ លោកយ៉ាកុបមិនមែនជាសាវ័ករបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែ ព្រះយេស៊ូវទ្រង់មានផែនការសម្រាប់គាត់។ បន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានបង្ហាញខ្លួនអោយលោកយ៉ាកុបឃើញ (១កូរិនថូស ១៥:៣-៧)។ បន្ទាប់មកលោកយ៉ាកុបបានចូលរួមជាមួយក្រុមពួកសាវ័ករបស់ព្រះយេស៊ូវ នៅក្រុងយេរូសាឡឹម (កិច្ចការ ១:១៤)។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកនៅថ្ងៃបុណ្យ ទី៥០ ក្នុង គ.ស. ៣៣ លោកពេត្រុសបានអធិប្បាយពីដំណឹងល្អ ហើយមនុស្សចំនួន៣០០០នាក់បានទទួលជឿលើព្រះយេស៊ូវ (កិច្ចការ ២)។ នេះហើយជាការចាប់ផ្តើមក្រុមជំនុំដំបូងគេបង្អស់។

 

លោកយ៉ាកុបបានក្លាយជាអ្នកដឹកនាំរបស់ពួកជំនុំ។ ហើយយើងអាចមើលឃើញយ៉ាងច្បាស់នៅក្នុងក្រុមប្រឹក្សា-ក្រុងយេរូសាឡឹមនៅក្នុង គ.ស ៤៩។ ពួកក្រុមចាស់ទុំនិងពួកសាវ័កបានជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់មួយទាក់ទងនឹងពួកសាសន៍ដទៃ។ បន្ទាប់ពីការពិភាក្សាជាច្រើនមក លោកយ៉ាកុបគឺជាអ្នកដែលបានសម្រចចិត្ត និងវិនិច្ឆ័យថាតើត្រូវធ្វើយ៉ាងណា (កិច្ចការ ១៥:១៣-២១)។ ហើយការវិនិច្ឆ័យរបស់គាត់ក៏ត្រូវបានបញ្ជូនទៅគ្រប់ក្រុមជំនុំទាំងអស់។ ត្រង់ចំណុចនេះបានបង្ហាញពីសិទ្ធិអំណាចដែលលោកយ៉ាកុបមានចំពោះពួកជំនុំដើម។

 

ហេតុនេះ លោកយ៉ាកុបជាប្អូនប្រុសរបស់ព្រះយេស៊ូវ ហើយក៏ជាអ្នកដឹកនាំនៃពួកជំនុំដើមបង្អស់ផងដែរ (ម៉ាថាយ ១៣: ៥៥; កាឡាទី ២:៩; កិច្ចការ ១៥:១៣-២១)។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា គាត់មិនបានណែនាំខ្លួនគាត់អំពីការពិតដ៏អស្ចារ្យទាំងនេះទេ។ ផ្ទុយទៅវិញ​ គាត់ហៅខ្លួនឯងថាជា «​បាវ​បម្រើ​របស់​ព្រះ ហើយ​របស់​ព្រះ‌អម្ចាស់​យេស៊វ ‌គ្រីស្ទ»។​ ពាក្យដែលគាត់ប្រើដើម្បីពិពណ៌នាអំពីខ្លួនគាត់នោះគឺ δοῦλος ដែលមានន័យថាគាត់ជាមនុស្សម្នាក់ដែលត្រូវបានជ្រើសរើស ត្រូវបាន ទិញ ហើយឥឡូវនេះក្លាយជាកម្មសិទ្ធិរបស់ចៅហ្វាយ។ សេចក្តីទាំងនេះបានពណ៌នាយ៉ាងល្អពីជីវិតរបស់យើងដែលជាគ្រីស្ទបរិស័ទ។ ព្រះបានជ្រើសរើសយើង បន្ទាប់មកព្រះយេស៊ូវបានប្រោសលោះយើង ហើយឥឡូវនេះយើងក្លាយជាកម្មសិទ្ធិរបស់ទ្រង់ (១ កូរិនថូស  ៦:១៩-២០; ១ ពេត្រុស  ១:១៨-១៩)។ ហើយនេះក៏ជាអ្វីដែលនឹងកំណត់ ពីអត្តសញ្ញាណថ្មីនៃជីវិតរបស់យើងចាប់ពីពេលនេះតទៅ។ ការពិតដ៏អស្ចារ្យបំផុតអំពីពួកយើងម្នាក់ៗ នោះគឺ យើងជាកម្មសិទ្ធិរបស់ព្រះ។ ដូច្នេះ នេះហើយជារបៀបដែលលោកយ៉ាកុបបានណែនាំអំពីខ្លួនគាត់។

 

សំបុត្រនេះទំនងជាត្រូវបានសរសេរឡើងចន្លោះ គ.ស ៤០ និង គ.​​ស ៤៨ ។ នេះមានន័យថា វាគឺជាសៀវភៅដែលបានសរសេរឡើងដំបូងគេបង្អស់នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ វាត្រូវបានសរសេរឡើងដើម្បីផ្ញើទៅកាន់ពួកគ្រីស្ទបរិស័ទជនជាតិយូដា (មូលហេតុនៃការប្រើពាក្យ «ពូជ​អំបូរ​ទាំង​១២») ដែលបានរត់ភៀសខ្លួនចេញពីទីក្រុងយេរូសាឡឹមដោយសារតែមានការបៀតបៀន (កិច្ចការ ៨:១–៤; ១១:១៩; ១២:១) ។ ឥឡូវពួកគេត្រូវរស់នៅបែកខ្ញែកគ្នាពាសពេញចក្រភពរ៉ូម។ លោកយ៉ាកុបគឺជាគ្រូគង្វាលរបស់ពួកគេកាលដែលពួកគេរស់នៅក្រុងយេរូសាឡឹមនៅឡើយ ហេតុដូច្នេះហើយ គាត់ស្គាល់ពួកគេយ៉ាងច្បាស់។ គាត់ស្វាគមន៍ពួកគេតាមបែបសាមញ្ញដែលមានន័យថា ចូរ​អរ​សប្បាយ។

 

ការល្បងល ១:២-១២

បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ

​

១:២ ជីវិតគឺពោរពេញទៅដោយការលំបាក។ ពាក្យនៅក្នុងភាសាក្រិកដែលលោកយ៉ាកុបប្រើនោះ (πειρασμός) មានន័យថា ការល្បងល ការធ្វើតេស្តសេចក្តីជំនឿ និង សេចក្តីល្បួង។ លោកយ៉ាកុបដឹងថា អ្នកអានសំបុត្ររបស់គាត់គឺកំពុងតែជួបប្រទះទុក្ខលំបាកជាច្រើន។ ពីមុន កាលនៅក្រុងយេរ៉ូសាឡឹម ពួកគេបានជួបជុំគ្នារាល់ថ្ងៃ ចែករំលែកអ្វីៗគ្រប់យ៉ាង និង ចម្រើនឡើងក្នុងការស្គាល់ព្រះនិងសេចក្តីស្រឡាញ់របស់ព្រះ (កិច្ចការ ២:៤២-៤៧)។ បន្ទាប់មក លោក ស្ទេផានត្រូវបានគេគប់នឹងដុំថ្មរហូតដល់ស្លាប់ដោយសារតែជំនឿរបស់គាត់ចំពោះព្រះយេស៊ូវ (កិច្ចការ ៦:៨-៧:៦០)។ នៅថ្ងៃនោះដែរ ក៏កើតមានការបៀតបៀនជាខ្លាំង​ទាស់ប្រឆាំងនឹងពួក​ជំនុំ។ លោកសូលបានចូលឆែកឆេរគ្រប់ផ្ទះទាំងអស់ដើម្បីចាប់ទាញអូសគ្រីស្ទបរិស័ទបញ្ជូនទៅដាក់គុក (កិច្ចការ ៨:១-៣)។ គ្រីស្ទបរិស័ទទាំងអស់ ដែលលើកលែងតែពួកសាវ័ក បានរត់ភៀសខ្លួនចេញពីក្រុងយេរូសាឡឹម។

 

នៅក្នុងស្ថានភាពដ៏លំបាកនេះ លោកយ៉ាកុបបានប្រាប់ពួកគេអំពីការត្រៀមចិត្តជាមុននៅពេលដែលពួកជួបការល្បងល។ គាត់បានប្រាប់អោយពួកគេ «រាប់វា​ជា​សេចក្ដី​អំណរសព្វ​គ្រប់​​វិញ»។ ចូរធ្វើការសំរេចចិត្តឥឡូវនេះថា អ្នកនឹងមានសេចក្តីអំណរនៅពេលដែលអ្នកជួបប្រទះការល្បងល។ យើងប្រហែលជាគិតថា ប្រសិនបើជីវិតរបស់យើងគ្មានទុក្ខលំបាកនោះទេ នោះយើងនឹងមានសេចក្តីអំណរ។ ប៉ុន្តែលោកយ៉ាកុបបាននិយាយថា យើងនៅតែអាចមានសេចក្តីអំណរ បើទោះជាយើងជួបប្រទះការល្បងលក៏ដោយ។ 

​

គួរកត់សម្គាល់ថា វាជាសេចក្តីអំណរសព្វគ្រប់វិញ។ វាមិនមែនមានន័យថា មានសេចក្តីអំណរខ្លះ ទុក្ខក្រៀមក្រំខ្លះ មួម៉ៅខ្លះ និង ខឹងសម្បាខ្លះនោះទេ។ តើវាអាចទៅរួចដោយរបៀបណាដែលថាយើងនឹងមានសេចក្តីអំណរនៅពេលដែលយើងជួបប្រទះទុក្ខលំបាក? ចម្លើយរបស់វានោះគឺមាននៅក្នុងពាក្យដែលបានបកប្រែថា «រាប់» (ἡγήσασθε)។ វាគឺជាពាក្យដែលគេប្រើនៅក្នុងភាសាគណនេយ្យ ហើយវាមានន័យថា «បូកបញ្ចូលទាំងអស់» ។ នៅក្នុងប្រព័ន្ធគណនេយ្យ អ្នកបូកបញ្ចូលអ្វីដែលអ្នកចំណេញ ហើយដកចេញអ្វីដែលអ្នកខាត ដើម្បីអោយយើងដឹងថាតើយើងខាតឬមួយចំណេញ។ ស្រដៀងគ្នានេះដែរ ប្រសិនបើយើងបូកបញ្ចូលលទ្ធផលវិជ្ជមានទាំងអស់ដែលយើងអាចទទួលបានក្នុងកាលដែលយើងជួបប្រទះការល្បងល នោះយើងនឹងឃើញថា វាគឺពិតជាមានតម្លៃនៅក្នុងជួបជាមួយការល្បងល។ តើយើងនឹងទទួលបានផលចំណេញអ្វីខ្លះនៅពេលដែលយើងឆ្លងកាត់ការល្បងល? លោកយ៉ាកុបបានប្រាប់យើងនៅក្នុង២ខបន្ទាប់ពីនេះ។

​

ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់‌ខ្ជួន

 

១:៣ ជំនឿ គឺជាការទុកចិត្តលើព្រះ។ យើងទុកចិត្តលើចរិតលក្ខណៈរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ (ព្រះគម្ពីរ) ផែនការរបស់ទ្រង់ និងការសន្យារបស់ទ្រង់។ ពេលដែលយើងឆ្លងកាត់ទុក្ខលំបាក យើងត្រូវតែសំរេចចិត្តថាយើងនឹងនៅតែបន្តទុកចិត្តលើព្រះអង្គ។ ការល្បងលនឹងល្បងតេស្តសេចក្តីជំនឿរបស់យើង។ ការល្បងលជំនឿរបស់យើង គឺមិនមែនធ្វើអោយយើងបរាជ័យនោះទេ។ ពាក្យ «ការ​ល្បង​ល» (តេស្ត) (δοκίμιον) មានន័យថា ល្បងតេស្តមើលដើម្បីបញ្ជាក់អះអាងថាពិតឬត្រឹមត្រូវ (យ៉ាកុប ១:១២; ១ពេត្រុស ១:៦-៧)។ ពាក្យនេះត្រូវបានគេប្រើសម្រាប់ធ្វើតេស្តលើលោហៈដើម្បីបញ្ជាក់ថាវាជារបស់ពិតឬអត់។

 

យើងស្រមៃថាឈ្មួញពីរនាក់។ ឈ្មួញម្នាក់គាត់លក់មាសក្លែងក្លាយ។ ហើយគាត់មិនចង់អោយនរណាម្នាក់ធ្វើតេស្តលើមាសរបស់គាត់នោះទេ ពីព្រោះមនុស្សគ្រប់គ្នានឹងដឹងថា​ មាសរបស់គាត់គឺជាមាសក្លែងក្លាយ។ ចំណែកឈ្មួយម្នាក់ ទៀតគាត់លក់មាសពិតប្រាកដ។ គាត់ស្វាគមន៍ចំពោះមនុស្សគ្រប់គ្នាដែលចង់ធ្វើតេស្តមាសរបស់គាត់ ព្រោះការធ្វើតេស្តនឹងបង្ហាញអោយគេគ្រប់គ្នាឃើញពីតម្លៃពិតប្រាកដចំពោះរបស់ដែលគាត់មាន។ ដូច្នេះហើយ ប្រសិនបើជំនឿរបស់យើងជាជំនឿពិតប្រាកដ នោះការល្បងលនឹងបង្ហាញអោយយើងបានឃើញ។ ជំនឿរបស់យើងគឺប្រៀបបានដូចជាមាស ហើយការល្បងលប្រៀបបានដូចជាភ្លើង។ មាសត្រូវបានបន្សុទ្ធដោយភ្លើង។ នៅពេលដែលយើងឆ្លងកាត់ការល្បងលដោយមានការទុកចិត្តលើព្រះ ទុក្ខលំបាកនឹងល្បងល បញ្ជាក់អោយឃើញ ចម្រើនកម្លាំង និងបន្សុទ្ធជំនឿរបស់យើង ។

​

ចរិតលក្ខណៈពិតប្រាកដនៃជំនឿដែលនឹងត្រូវបានចម្រើនឡើងតាមរយៈការឆ្លងកាត់នូវការល្បងលនោះគ សេចក្ដី​ខ្ជាប់‌ខ្ជួន។ សេចក្ដី​ខ្ជាប់‌ខ្ជួន (ὑπομονήν) គឺជាសេចក្តីអត់ធន់ ដែលវាប្រៀបដូចជាពេលយើងរត់ម៉ារ៉ាតុង ហើយយើងសម្រេចចិត្តថាយើងនឹងរត់អោយដល់ទី។ ព្រះយេស៊ូវបានប្រើពាក្យនេះនៅក្នុងរឿងប្រស្នារបស់អ្នកសាបព្រោះ ដើម្បីពណ៌នាអំពីគ្រាប់ពូជដែលបង្កើតផល (លូកា ៨:១៥)។ គ្រាប់ពូជស៊ូអត់ធន់ឆ្លងកាត់គ្រប់ដំណាក់កាលនៃដំណើរការដែលចាំបាច់ ដើម្បីបង្កើតជាផលផ្លែ។

 

ពាក្យថា «សេចក្តីខ្ជាប់ខ្ជួន» នៅក្នុងភាសាក្រិកមានន័យថា «ឋិតនៅក្រោម»។ វាគឺជាលក្ខណៈមួយដែលអ្នកមានការអភិវឌ្ឍន៍ខ្លួននៅពេលដែលអ្នកកំពុងស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ ហើយអ្នករើសយកការឋិតនៅក្រោមបន្ទុកនោះជាជាងការព្យាយាមរត់គេចចេញពីវា។ ពេលយើងឋិតនៅក្នុងស្ថានភាពលំបាក​វាបង្កើតអោយមានជាសេចក្តីអត់ធន់។ ក៏ប៉ុន្តែយើងត្រូវតែជ្រើសរើសឋិតនៅក្រោមការលំបាកដោយឈរនៅលើសេចក្តីជំនឿ។ ប្រសិនបើយើងឆ្លើយតបទៅកាន់ទុក្ខលំបាកដោយការសង្ស័យចំពោះព្រះ ការរអ៊ូរទាំ ឬភាពទន់ជ្រាយនោះ វានឹងបង្កើតទៅជាសេចក្តីជូរល្វីង ការបាក់ទឹកចិត្ត​ និងភាពក្មេងខ្ចីវិញ គឺមិនមែនជាសេចក្តីអត់ធន់នោះឡើយ។ អត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីស្ថានភាពលំបាកគឺវាអាស្រ័យទៅលើការឆ្លើយតបរបស់យើងក្នុងវេលាដែលយើងកំពុងឆ្លងកាត់ការល្បងលទាំងនោះ ។

​

ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់‌ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញ‌លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ

 

១:៤ ហេតុអ្វីបានជាសេចក្តីអត់ធន់វាមានតម្លៃរហូតដល់អាចធ្វើអោយមានសេចក្តីអំណរនៅក្នុងពេល ដែលយើងជួបជាមួយនឹងការល្បងល? ពីព្រោះសេចក្តីអត់ធន់វានាំយើងអោយក្លាយទៅជា «បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត ​ឥត​ខ្វះ​អ្វី​ឡើយ»។ ត្រង់ចំណុចនេះបានបង្ហាយអោយយើងឃើញថា វាពិតជាមានអ្វីអស្ចារ្យដែលយើងអាចនឹងទទួលបាន ជាជាងយើងគ្រាន់តែឲ្យយើងធ្ចើយ៉ាងម៉េចអោយតែឆ្លងផុតពីការល្បងលនោះ។ តាមរយៈការល្បងលនៅក្នុងជីវិតរបស់យើង យើងនឹងត្រូវបានក្លាយទៅជាគ្រប់ លក្ខណ៍ និង ពេញខ្នាតដោយសារតែព្រះជាម្ចាស់។ 

​

ផែនការរបស់ព្រះសម្រាប់អ្នកជឿគ្រប់រូបគឺ នៅថ្ងៃណាមួយយើងទាំងអស់គ្នានឹងដូចព្រះយេស៊ូវ (ភីលីព ៣:១០-១១; រ៉ូម​ ៨:២៩; ១ យ៉ូហាន ៣:១-៣)។ ទុក្ខលំបាកការល្បងល ចាំបាច់ត្រូវកើតឡើង ដើម្បីធ្វើឲ្យ ការនេះអាចសម្រេច។ ទុក្ខលំបាកការល្បងល អភិវឌ្ឍចរិតលក្ខណៈរបស់យើងឲ្យ ដូចព្រះគ្រីស្ទ ដោយល្បងលពីជំនឿរបស់យើង និង ជម្រុញ អោយមានការជំនះតស៊ូ។ ហើយនៅថ្ងៃណាមួយនេះវានឹងធ្វើអោយយើងមានភាពចាស់ទុំ និងពេញខ្នាតដូចព្រះយេស៊ូវដែរ។ នៅចុងបញ្ចប់ យើងមិនមានការខ្វះខាត ផែ្នកណាមួយ នៃចរិតលក្ខណៈរបស់ព្រះគ្រីស្ទឡើយ។ នេះគឺជាមូលហេតុនៃសេចក្តីអំណរសម្រាប់អស់អ្នក ដែលចង់ក្លាយដូចជាព្រះយេស៊ូវ។ ឥឡូវយើង ឃើញថាលោកយ៉ាកុប បានប្រាប់មកកាន់យើងថា «ត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ» នៅពេលយើងជួបកការល្បងលផ្សេងៗ ព្រោះថាការទាំងនោះធ្វើឲ្យយើងមានភាពចាស់ទុំ និង មានភាពពេញខ្នាត។   

​

ការល្បងល  

       🔻       

ល្បង(តេស្ត)សេចក្តីជំនឿ   

   🔻   

បង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន(អត់ធន់តស៊ូ)

🔻

ធ្វើឲ្យយើងមានភាពចាស់ទុំ និង ពេញខ្នាត

 

ការល្បងលតែងតែមានមូលហេតុ ហើយជារឿយៗវាមានការពាក់ព័ន្ធជាមួយ នឹងអំពើអាក្រក់របស់មនុស្ស។ ទោះយ៉ាងណាក៏ដោយ យើងត្រូវតែមើលអោយហួសពីបុព្វហេតុរបស់មនុស្ស ទៅកាន់សំនួរធំជាងនេះ ​ថាហេតុអ្វីបានជាព្រះអោយរាស្ត្ររបស់ទ្រង់ប្រឈមមុខនឹងការសាកល្បងទាំងនេះ។​ មូលហេតុ គឺដើម្បីអភិវឌ្ឍចរិតលក្ខណៈនៅក្នុងខ្លួនយើងអោយដូចព្រះគ្រីស្ទ ។ នៅក្នុងការល្បងល អ្វីដែលមនុស្សមានបំណងសម្រាប់ ការអាក្រក់ នោះព្រះទ្រង់មាន បំណងសម្រាប់ការល្អវិញ (លោកុប្បត្ដិ ៥០:២០; ម៉ាកុស ១៤:១០-១១ និង កិច្ចការ ២:២៣-២៤; ម៉ាថាយ ៥:១១-១២; រ៉ូម ៨:២៨)។ ចូរទុកចិត្តទៅកាន់សេចក្តីស្រលាញ់ និង អធិរាជភាពរបស់ទ្រង់ ដោយជឿថាទ្រង់នឹងប្រើប្រាស់ការ ល្បងល នៅក្នុងជីវិតរបស់អ្នក សម្រាប់គោលបំណងល្អ ដែលទ្រង់មានស្រមាប់អ្នក។

​

តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ

 

១:៥ ពេលខ្លះវាមានអារម្មណ៍ថាការល្បងលទាំងនោះកំពុងធ្វើឲ្យយើងមានអារម្មណ៍លើសលប់។ ប្រហែលជាយើងបារម្ភថា ជំនឿរបស់យើងនឹងមិនអាចឆ្លងកាត់ការល្បងលបានទេ។ តើយើងគួរធ្វើអ្វី? ចម្លើយគឹ យើងត្រូវសុំប្រាជ្ញាមកពីព្រះ។ ការមានប្រាជ្ញា គឺជាការដឹងនិងធ្វើអ្វីដែលគាប់ព្រះហឫទ័យ ទៅកាន់ព្រះ។ មានតែព្រះដែលទ្រង់ជាអ្នកអាចផ្តល់ឱ្យយើងនូវអំណោយទានប្រាជ្ញានេះ​ ហើយទ្រង់ផ្តល់វាអោយដល់អស់អ្នកណាដែលសុំពីទ្រង់។ យើងត្រូវសុំប្រាជ្ញាពីទ្រង់ជាទៀងទាត់​ នោះយើងនឹងដឹងថាអ្វីដែលល្អបំផុតដែលត្រូវធ្វើក្នុងគ្រប់ស្ថានភាពនៃជីវិតរបស់យើង។ នៅពេលយើងទូលសុំប្រាជ្ញាពីព្រះ ទ្រង់នឹងប្រទានអោយដោយមិនចាប់កំហុសរបស់យើង។ ហើយទ្រង់ក៏នឹងមិនបន្ទោសយើងឡើយចំពោះការដែលយើងគ្មានប្រាជ្ញាមកពីខ្លួនឯង ឬការខ្វះប្រាជ្ញាផ្សេងៗ ដែលនាំអោយយើងធ្លាក់ ខ្លួនមក ក្នុងស្ថានភាពដែលយើងកំពុងឋិតនៅនោះទេ។

​

តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង

 

១:៦ អំណោយទាននៃប្រាជ្ញាគឺមានសម្រាប់មនុស្សទាំងអស់ ប៉ុន្តែមានល័ក្ខខណ្ឌ។ នៅពេលយើងទូលសុំប្រាជ្ញាពីព្រះយើងត្រូវតែជឿថា ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់យើង ហើយទ្រង់នឹងប្រទានប្រាជ្ញាដល់យើង។ ព្រះនឹងមិនឆ្លើយតបនឹងការអធិស្ឋានរបស់អស់អ្នកណា ដែលមានការសង្ស័យលើទ្រង់ឡើយ។ ជំនឿបង្កើតអោយមានទំនាក់ទំនងជាមួយព្រះ។ ការសង្ស័យបំផ្លាញទំនាក់ទំនងនេះវិញ។ រលកសមុទ្រត្រូវបានផាត់ដោយសារខ្យល់ ទាំងរំពើកចុះឡើង។ លោកយ៉ាកុបបាននិយាយថា មនុស្ស ដែលមានការសង្ស័យគឺជាមនុស្សដែលសាវា ប្រៀបដូចជារលកទាំងនោះដែរ។

​

កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ។

 

១:៧-៨ អស់អ្នកដែលមានការសង្ស័យទៅលើព្រះ នឹងមិនទទួលបានប្រាជ្ញាពីទ្រង់ឡើយ។ លោកយ៉ាកុបបានប្រើ ពាក្យមួយដោយចំៗ សម្រាប់មនុស្សដែលមានការសង្ស័យច្រើន (δίψυχος) ថាជា មនុស្ស «ចិត្តពីរ»។ ពាក្យនេះមិនមាននៅក្នុងអក្សរសាស្ត្រក្រិកទេ។  ប្រហែលជា លោកយ៉ាកុបបានបង្កើតពាក្យដោយខ្លួនឯង។ ខ្លឹមសារសំខាន់ គឺថាមនុស្សមានការសង្ស័យ គឺដោយសារតែពួកគេមានគំនិតពីរផ្ទុយគ្នាក្នុងការគិតរបស់ពួកគេ ហើយពួកគេមិនអាចជ្រើសរើសបានថា តើគំនិតមួយណា គឺជា គំនិតត្រឹមត្រូវឡើយ។ ពួកគេអាចជឿមួយរំពេច ហើយពេលក្រោយពួកគេលែងជឿក៏អាចថាបាន។

​

ត្រូវ​ឲ្យ​បង​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក‌អរ ដោយ​បាន​ដំកើង​ឡើង

 

១:៩ ដោយសារការល្បងលដែលពួកយើងកំពុងជួបប្រទះ ​បានធ្វើអោយអ្នកអានរបស់លោកយ៉ាកុបជាច្រើននាក់កាន់តែក្រលំបាកទៅៗ ។ លោកយ៉ាកុបបានលើកទឹកចិត្តពួកគេ។ ពួកគេប្រហែលជាមិនមានទ្រព្យសម្បត្ដិច្រើនទេ ក៏ប៉ុន្តែពួកគេគឺជាអ្នកមាននៅខាងផ្នែកព្រះពរខាងវិញ្ញាណ។ ឋានៈខ្ពស់ («តម្កើង​ឡើង») ​ដែលពួកគេមាន នោះគឺជាឋានៈដែលពួកគេមាននៅក្នុងព្រះគ្រីស្ទ។ ពួកគេគឺជាកូនស្ងួនភ្ងាដ៏គួរជាទីស្រឡាញ់របស់ព្រះ ហើយគឺជាអ្នកដែលទទួលបានភាពបរិបូរនៃជីវិតអស់កល្បជានិច្ច។ ទោះបីជាយើងមិនមានអ្វីនៅក្នុងលោកីយ៍នេះក៏ដោយ អ្នកជឿលើទ្រង់អាចអរសប្បាយនឹងឋានៈខាងផ្នែកព្រលឹងវិញ្ញាណដ៏ខ្ពង់ខ្ពស់ដែលគាត់មានដោយសារព្រគុណរបស់ព្រះជាម្ចាស់ និងក្តីសង្ឃឹមដែលការនោះនាំមកកាន់ជីវិតរបស់គាត់ (រ៉ូម ៨:១៤-២១; ១ពេត្រុស១:៣-៩) ។

​

ហើយ​អ្នក​មាន​ត្រូវ​អរ​សប្បាយ ដោយ​ត្រូវ​បន្ទាប​ចុះ​វិញ ដ្បិត​គេ​នឹង​បាត់​ទៅ​ដូច​ជា​ផ្កា​ស្មៅ

 

១:១០ ដោយសារតែភាពលោភលន់ និងការបង្រៀនខុសឆ្គង មនុស្សខ្លះគិតថាទ្រព្យសម្បត្តិ គឺជាសញ្ញានៃការពេញចិត្តរបស់ព្រះ។ ប៉ុន្តែវាមិនមែនជាអ្វីដែលព្រះយេស៊ូវបានបង្រៀនយើងនោះទេ   (លូកា ៦:២០, ៦:២៤, ១៦:១៩-២៥; ម៉ាថាយ ៦:២៤, ១៩:២៣)។ អ្នកណាដែលកំពុងប្រមូលទ្រព្យសម្បត្ដិនៅលើផែនដី គឺមានន័យថាពួកគេកំពុងរស់នៅជាមួយជីវិត ដែលមិនគិតអំពីភាពអស់កល្បជានិច្ចនៅក្នុងគំនិតរបស់ពួកគាត់ឡើយ។ លោកយ៉ាកុប ធ្វើការប្រៀបធៀបជីវិតរបស់បុរសអ្នកមានស្តុកស្តុម្ភម្នាក់ទៅនឹងផ្កាស្មៅ។ ផ្កាស្មៅដុះឡើងយ៉ាងឆាប់រហ័សនៅនិទាឃរដូវ។ ផ្កានោះមើល ទៅដូចជាគួរអោយទាក់ទាញ ប៉ុន្តែវាមានអាយុកាលមិនវែងទេ វានឹងអស់ជីវិតបន្ទាប់ពីនិទាឃរដូវ។

​

ពី​ព្រោះ​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​វេលា​ណា នោះ​ធ្វើ​ឲ្យ​ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ ឯ​លំអ​ក៏​វិនាស​សូន្យ​ទៅ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​ផ្លូវ​ខ្លួន​យ៉ាង​នោះ​ដែរ 

​

១:១១ នៅប្រទេសអ៊ីស្រាអែល មានខ្យល់ក្តៅយ៉ាងខ្លាំង ដែលបក់ពីវាលខ្សាច់ភាគខាងត្បូងមកលើដែនដី។ ក្នុងរយៈពេលមួយម៉ោង វាអាចធ្វើស្មៅនិងផ្កាទាំងអស់ឆេះ។ នេះប្រៀបដូចនឹង ចុងបញ្ចប់នៃជីវិតរបស់អ្នកមាន ដែលវាអាចមកដល់យ៉ាងឆាប់រហ័ស ដោយគ្មានការរំពឹងទុក ឬ ការព្រមានជាមុន។

 

កន្លែងល្អបំផុតដែលយើងគួរតែមានទ្រព្យសម្បត្តិ គឺនៅឋានសួគ៌ មិនមែននៅផែនដីនោះទេ (ម៉ាថាយ ៦:១៩-២១) ។ បើទ្រព្យសម្បត្តិយើងនៅលើផែនដី នៅពេលយើងស្លាប់យើង យើងចាកចោលទ្រព្យសម្បត្តិទាំងនោះ ។ ប៉ុន្តែបើទ្រព្យសម្បត្តិយើងនៅឋានសួគ៌ ពេលយើងស្លាប់  យើងទៅរកទ្រព្យសម្បត្តិរបស់យើង។ ការរីករាយជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នកមាន នៅផែនដីនេះមិនអាចប្រៀបស្មើ នឹងការរីករាយរបស់អ្នកជឿទាំងអស់នឹងមាននៅស្ថានសួគ៍ដ៏អស់កល្ប ជានិច្ច។ ដូច្នេះអ្នកក្រ ដែលស្រឡាញ់ព្រះជាម្ចាស់ គឺមានទ្រព្យសម្បត្ដិច្រើនជាងអ្នកមានបំផុតនៅលើពិភពលោក ដោយព្រោះថាអ្នកនោះមិនជឿ ហើយមិន  ស្រលាញ់ដល់ព្រះ។ ជាជាងតាមស្វែងរកទ្រព្យសម្បត្ដិយើងគួរដើរតាមព្រះយេស៊ូវ ព្រមទាំង សុខចិត្តលះបង់ដើម្បីជាសិស្សរបស់ទ្រង់ ហើយព្យាយាមស៊ូទ្រាំរាល់ការល្បងលរបស់យើង ដោយមានសេចក្តីជំនឿ។

​

មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់‌ខ្ជួនហើយ នោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះ‌អម្ចាស់ទ្រង់សន្យានឹងប្រទានឲ្យដល់អស់អ្នកណាដែលស្រឡាញ់ទ្រង់។

 

១:១២ នៅពេលដែលអ្នកមានជំនឿ បានស៊ូជំនះឆ្លងកាត់ការល្បងលរបស់ពួកគេដោយជោគជ័យ ពួកគេនឹងទទួលបានសេចក្តីអំណរដ៏អស្ចារ្យបំផុត។ នេះគឺដោយសារតែនៅពេលដែលពួកគេត្រូវបានឆ្លងកាត់ដោយការល្បងល ពួកគេនឹងទទួលបានពរជ័យដែលព្រះបានសន្យាគឺ៖ មកុដនៃជីវិត។ ក្នុងពាក្យក្រិក «មកុដ» (στέφανος) គឺជាកម្រងផ្កាដាក់លើក្បាលកីឡាករដែលមានជ័យជំនះ (១កូរិនថូស ៩:២៥; ២ធីម៉ូថេ  ៤:៨; ១ពេត្រុស ៥:៤; វិវរណៈ ២:១០)។ មកុដ គឺជីវិតដែលអស់កល្បជានិច្ច។ ជីវិតដែលអស់កល្បជានិច្ច គឺជាអំណោយដែលព្រះបានសន្យាដល់អស់អ្នកណា ដែលស្រឡាញ់ទ្រង់។ ដូច្នេះអ្វីដែលសំខាន់បំផុតដែលត្រូវធ្វើនៅពេលយើងឆ្លងកាត់ការល្បងលគឺ ត្រូវបន្តស្រឡាញ់ព្រះ។ បន្តស្រឡាញ់ព្រះ មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នកទេ នោះអ្នកនឹងទទួលបានជ័យជំនះ។

 

សំណួរឆ្លុះបញ្ចាំង

  • តើជាធម្មតា ខ្ញុំឆ្លើយតបទៅនឹង ការល្បងលក្នុងជីវិតខ្ញុំដោយរបៀបណា?

​

ព្រះទ្រង់ល្អ ១:១៣-១៨

កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ‌ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ 


១:១៣ លោកយ៉ាកុប ធ្វើសេចក្តីថ្លែង២សំខាន់អំពីព្រះ។

  • គ្មានអ្វីអាចល្បួងព្រះអង្គឲ្យធ្វើការអាក្រក់បាននោះឡើយ។ ការអាក្រក់មិនអាចជៈឥទ្ធិពល ឬ មានអំណាច មកលើព្រះអង្គបាននោះឡើយ (លេវីវិន័យ ១៩:២; អេសាយ ៦:៣; យ៉ូប ៣៤:១០; ហាបាគុក ១:១៣) ។ 

  • ព្រះមិនដែលល្បួងអោយមនុស្សធ្វើអំពើអាក្រក់ឡើយ។ ព្រះអង្គមិនមែនជាប្រភពនៃសេចក្តី ល្បួង ឬ ជាមូល ហេតុធ្វើឲ្យមនុស្សធ្វើការអាក្រក់នោះឡើយ។ 

​

តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយ‌សារ​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង‌លោម​ទេ

 

១៖១៤ សេចក្តីល្បួងគឺកើតចេញពី សេចក្តីប៉ងប្រាថ្នា ដែលពេញដោយអំពើបាបរបស់យើង។ ប្រសិន បើសេចក្តីប្រាថ្នារបស់យើងបរិសុទ្ធ នោះសេចក្តីល្បួងគ្មានអំណោចមកលើយើងនោះទេ  ដូចដែលវាគ្មានអំណាចលើព្រះយេស៊ូវដែរ (ម៉ាថាយ ៤:១-១១)។ សេចក្ដីប៉ងប្រាថ្នាអាក្រក់របស់យើង លួងលោម បោកបញ្ឆោត និង ទាញយើងឲ្យធ្លាក់ទៅក្នុងគ្រោះថ្នាក់។ ពាក្យក្រិកដែល លោកយ៉ាកុបប្រើ គឺជាពាក្យដែលត្រូវបាន ប្រើនៅក្នុង វិធីប្រមាញ់សត្វ។ «នាំប្រទាញ» (ἐξελκόμενος) ពណ៌នាអំពីការល្បួងអោយសត្វចូលទៅក្នុងអន្ទាក់; «លួងលោម» (δελεαζόμενος) គឺចាប់យកសត្វដោយនុយ។ អន្ទាក់នុយទាក់ទាញអោយសត្វរត់រកសេចក្តីស្លាប់ វាដូចនឹងសេចក្តីប្រាថ្នារបស់យើងដែរ វាទាញយើងអោយស្វែងរកអ្វីដែលប្រកបដោយគ្រោះថ្នាក់ ។ នៅពេលដែលយើងត្រូវសេចក្តីល្បួង យើងកំពុងគិតថាវាជាសេចក្តីរីករាយ ប៉ុន្តែការពិតគឺយើងកំពុងនៅក្នុងគ្រោះថ្នាក់ ហើយយើង គឺជាជនរងគ្រោះ។ 

​

រួច​កាល​ណា​សេចក្ដី​ប៉ង‌ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់។

 

១:១៥  នៅពេលដែលយើងជួបសេចក្តីល្បូង វាមិនមែនជាអំពើបាបទេ តែបើយើងអនុញ្ញាតឲ្យ សេចក្តីប៉ងប្រាថ្នាអាក្រក់ លួងលោមអូសទាញយើងបាន នោះយើងនឹងធ្លាក់ចូលក្នុងអំពើបាប។ អំពើបាបគឺជា លទ្ធផលនៃដំណើរការមួយ។ លោកយ៉ាកុបបានពណ៌នាពីការនេះ ដូចជាដំណាក់កាលនៃជីវិត។ មានការចាប់កំណើត ការកើត និងការស្លាប់។  រួចកាលណាសេចក្តីប៉ងប្រាថ្នាជាប់មាននៅក្នុងផ្ទៃ នោះនឹងសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។

 

សេចក្តីប៉ងប្រាថ្នា​

​​​​​​​​​​​​​🔻

​​​​​​​​​សេចក្តីល្បួង  

🔻

អំពើបាប  

🔻

 សេចក្តីស្លាប់

 

សេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង លួងលោមនិងទាញឲ្យយើងធ្លាក់ក្នុងការល្បួង។ ប្រសិនបើយើងបរាជ័យក្នុងការទប់ទល់ជាមួយនឹងសេចក្តីល្បូង នោះយើងនឹងប្រព្រឹត្តអំពើបាប។ ប្រសិនបើអំពើបាបនៅបន្តនៅក្នុងជីវិតរបស់មនុស្សណាម្នាក់ដោយមិនមានការប្រែចិត្តនោះទេ  វានឹង បណ្តាលឱ្យមានសេចក្តីស្លាប់ដ៏អស់កល្បជានិច្ច។ នេះគឺជាការផ្ទុយជាមួយនឹង សេចក្តីជំនឿដែលមានការតស៊ូហើយនាំឆ្ពោះទៅកាន់មកុដនៃជីវិត (ខ ១២) ។

​

បង​ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​ត្រូវ​បំភាន់​ឡើយ

​

១:១៦ ការល្បួងដែលយើងជួបប្រទះ មិនមែនមកពីព្រះនោះទេ។ លោកយ៉ាកុបបានប្រាប់អ្នកអានរបស់គាត់ថា កុំឲ្យត្រូវបំភាន់ទៀតឡើយ។ ពួកគេគិតថាព្រះកំពុងល្បួងពួកគេ ប៉ុន្តែពួកគេបានគិតខុស ចំពោះការនេះ។ ពាក្យក្រិកដែលបកប្រែថា «ឲ្យត្រូវបំភាន់» (πλανᾶσθε) មានន័យថា ងាកចេញពីមាគ៌ាត្រឹមត្រូវ។ ព្រះយេស៊ូវបានប្រើពាក្យនេះក្នុងពាក្យប្រៀបប្រដូច អំពីចៀមដែលវង្វេងបាត់ (លូកា ១៥:៣-៧)។ នៅពេលដែលអ្នកជឿវង្វេងចេញឆ្ងាយពីការយល់ដឹងដ៏ពិតអំពីព្រះ ពួកគេចាំបាច់ត្រូវការអ្នកគង្វាលរបស់ពួកគេ ជួយនាំពួកគេឲ្យត្រលប់មករកផ្លួវត្រឹមត្រូវវិញ។ លោកយ៉ាកុបបានធ្វើការនេះ ដោយបង្ហាញណែនាំអ្នកអានរបស់គាត់ ថាព្រះមិនមែនជាប្រភពនៃសេចក្តីល្បួងទេ តែទ្រង់គឺជាប្រភពនៃការល្អទាំងអស់វិញ។

​

គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ

​

១:១៧ លោកយ៉ាកុប ថ្លែងសេចក្ដីពិត ៣ អំពីព្រះ។

​

១) ព្រះជាប្រភពនៃគ្រប់ទាំងការល្អទាំងអស់។ រាល់អ្វីដែលទ្រង់ផ្តល់អោយគឺល្អទាំងអស់ ហើយគ្រប់អំណោយទាំងអស់ដែលទ្រង់ប្រទានគឺ ល្អឥតខ្ចោះ។ អំណោយរបស់ទ្រង់បានបញ្ជូនអោយពួកយើង ពីឋានសួគ៌មកផែនដី។

​

២) ព្រះជា «ព្រះវរបិតានៃពន្លឺ»។ ទ្រង់ជាអ្នកបង្កើតព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយ។ ផ្ទៃមេឃប្រកាសពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងបង្ហាញឲ្យយើងឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ។

​

៣) ព្រះទ្រង់មានភាពស្មោះត្រង់ ហើយ មិនប្រែប្រួល។ ពន្លឺពីព្រះអាទិត្យ ព្រះចន្ទ និងផ្កាយអាចមានការប្រែប្រួល  ប៉ុន្តែព្រះជាម្ចាស់ទ្រង់មិនប្រែប្រួលនោះឡើយ។ នៅពេលព្រះអាទិត្យ និងព្រះចន្ទចែងចាំងមកផែនដី ក៏បង្កើតឲ្យមានស្រមោល។ ស្រមោលមានការប្រែប្រួល ប៉ុន្តែព្រះជាម្ចាស់មិនដែលប្រែប្រួលទេ។ ព្រះអង្គទ្រង់គ្មានការផ្លាស់ប្តូរ ប្រែប្រួលនោះទេ ។ ទ្រង់មិនការផ្លាស់ប្តូរប្រែប្រួលដូចជាស្រមោលនោះទេ។ យើងអាចទុកចិត្តលើទ្រង់បាន ពីព្រោះទ្រង់ល្អជានិច្ច និងជារៀងរហូត។
 

ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។

​

១:១៨ លោកយ៉ាកុបប្រាប់យើងអំពីអំណោយដ៏ល្អឥតខ្ចោះ ដែលព្រះបានប្រទានអោយ គឺអំណោយនៃការកើតជាថ្មី (យ៉ូហាន ៣:៣; ១ពេត្រុស  ១:៣, ១:២៣; ១យ៉ូហាន  ២:២៩, ៣:៩, ៤:៧, ៥:១, ៥:៤, ៥:១៨)។ ការកើតជាថ្មីនេះគឺជាការព្យាបាលមកពីព្រះចំពោះ និស្ស័យបាបរបស់យើង (ដែលនាំ ទៅរកសេចក្តីស្លាប់)។ វាគឺជាការកើតជាថ្មីខាងឯវិញ្ញាណ ដែលកើតឡើងដោយសារតែព្រះចេស្តា របស់ព្រះ។ លោកយ៉ាកុប ប្រើពាក្យសង្កត់ធ្ងន់មួយក្នុងភាសាក្រិក (βουληθεὶς) ដែលមានន័យថាតាមគម្រោងព្រះហឫទ័យ ដែលពេញដោយការប្តេជ្ញាចិត្ត យ៉ាងមួសមុតរបស់ព្រះ។ វាគឺជាគោលបំណងដែលព្រះបានកំណត់ ហើយទ្រង់នឹងធ្វើឲ្យកើតឡើង។

​

របៀបដែលទ្រង់ប្រទានការកើតជាថ្មីនេះ គឺតាមរយៈ «ព្រះ‌បន្ទូលដ៏ពិត» ដែលជាដំណឹងល្អ (អេភេសូរ ១:១៣; កូល៉ុស ១:៥; ២ធីម៉ូថេ ២:១៥)។ តាមរយៈការទទួលដំណឹងល្អនោះឯង ដែលធ្វើឲ្យយើងកើតជាថ្មី។ ដំណឹងល្អគឺជាអ្វីគ្រប់យ៉ាងដែល ព្រះយេស៊ូវបានធ្វើ សម្រាប់យើង។ ដំណឹងល្អគឺជា ដំណោះស្រាយរបស់ព្រះទៅកាន់ អំពើបាប និង សេចក្តីស្លាប់។ អំពើបាបបង្កើតឲ្យមានសេចក្តីស្លាប់ (ខ១៥) ប៉ុន្តែព្រះអង្គប្រទានការកើតជាថ្មី ដែលនាំ ឆ្ពោះទៅកាន់ជីវិតអស់កល្បវិញ (ខ១៨)។ លោកយ៉ាកុបបានប្រើប្រាស់ពាក្យដូចគ្នា (ἀποκυέω) ដែលត្រូវបានគេប្រើសម្រាប់ការ «ការបង្កើត» នៅក្នុងខទាំងពីរ ដើម្បីធ្វើឲ្យមានភាពច្បាស់លាស់ទៅ កាន់ភាពផ្ទុយគ្នារបស់ចំនុចទាំងពីរនេះ។ 

​

ផលដំបូង ចាប់ផ្តើមមានឡើងពេលដែលរដូវចម្រូតបានចូលមកដល់។ នៅពេលដែលផលដំបូងបានឲ្យផលមក វាគឺជាសញ្ញាមួយដែលបង្ហាញថា ព្រះទ្រង់កំពុងបង្កើតនូវជីវិតថ្មី។ នៅក្នុងគម្ពីរសញ្ញាចាស់ ផលដំបូងតែងតែជារបស់ព្រះជាម្ចាស់ (ចោទិយកថា ២៦: ១-១១)។ លោកយ៉ាកុបយល់ឃើញថាគ្រីស្ទបរិស័ទ គឺដូចជាផលដំបូងដែរ។ ដោយ ហេតុអ្វី? ទីមួយ ពីព្រោះយើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ទីពីរ ពីព្រោះយើងគឺជាការដើមដំបូងនៃការបង្កើតថ្មី។ អស់អ្នកណាដែលបានកើតជាថ្មី ដោយសារតែ ដំណឹងល្អ គឺជាសញ្ញា សំគាល់ដំបូង នៃការដែលព្រះទ្រង់ធ្វើការបង្កើតថ្មី ដែលនឹងកើតឡើង ហើយនឹងមកដល់ (រ៉ូម ៨:១៨-២៥; វិវរណៈ ២១ & ២២; យ៉ូហាន ៣:១-១៥; ២ ពេត្រុស ៣:១០-១៣) ។

​

រស់នៅដោយព្រះបន្ទូល ១:១៩-២៧

ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្ដី​កំហឹង​របស់​មនុស្ស មិន​ដែល​សំរេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ


១:១៩-២០ សេចក្តីសុចរិត គឺជាអាកប្បកិរិយាដែលព្រះជាម្ចាស់ទ្រង់ពេញចិត្ត និង ជាអ្វីដែលទ្រង់ចង់អោយមនុស្សមាន។ នៅក្នុងផ្នែកនេះលោកយ៉ាកុបបង្រៀនអ្នកជឿ ពីរបៀបរស់នៅដោយសុចរិតត្រឹមត្រូវ។ យើងធ្វើការនេះបានតាមរយៈការឮព្រះបន្ទូលរបស់ព្រះ ហើយធ្វើតាមព្រះបន្ទូលរបស់ទ្រង់។ យើងត្រូវឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹង។

​

បាន​ជា​ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​ចេញ នឹង​សេចក្ដី​គំរក់​ដ៏​មាន​ច្រើន​ម៉្លេះ​ចេញ​ផង ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន 


១:២១ ប្រសិនបើយើងចង់អោយជីវិតរបស់យើងសុចរិតត្រឹមត្រូវ នោះយើងចាំបាច់ត្រូវធ្វើសកម្មភាពពីរយ៉ាង «ទាំងលះចោលអស់ទាំងសេចក្ដីស្មោក‌គ្រោកចេញ និងសេចក្ដីគំរក់» ហើយ ទទួលព្រះបន្ទូលរបស់ព្រះ ដោយចិត្តសុភាពចុះ។ សេចក្តីស្មោកគ្រោក និងសេចក្ដីគំរក់ គឺស្ថិតនៅជុំវិញយើង ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺដូចជាគ្រាប់ពូជដែលដាំនៅខាងក្នុងចិត្តអ្នកជឿ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងចាក់ឬស ហើយលូតលាស់ឡើងនៅក្នុងយើងនៅ ពេលយើងទទួលព្រះបន្ទូលដោយការ បន្ទាបខ្លួន។ ក្នុងពាក្យក្រិក ពាក្យ «ទទួល» (δέχομαι) មានន័យថាទទួលដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ យើងសូមស្វាគមន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រោះយើងអោយតម្លៃខ្ពស់ទៅលើព្រះបន្ទូលទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាច សម្រាប់ជួយសង្គ្រោះព្រលឹងរបស់យើង នៅពេលយើងទទួលព្រះបន្ទូលដោយការបន្ទាបខ្លួន។

​

ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ

​

១:២២  ការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនគ្រាន់តែយើងស្តាប់ប៉ុណ្ណោះទេ។ យើងទទួលព្រះបន្ទូលដោយការអនុវត្តន៍តាម។ វាគឺជាការខុសឆ្គងក្នុងការគិតថា អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែស្តាប់ ព្រះបន្ទូលប៉ុណ្ណោះ។ ពាក្យដែលលោកយ៉ាកុប ប្រើសម្រាប់ពាក្យ “អ្នកស្តាប់” (ἀκροαταὶ) ត្រូវបានប្រើសម្រាប់មនុស្សដែលអង្កុយស្តាប់ការបង្រៀននៅសាកលវិទ្យាល័យ តែពួកគេមិនមែនជានិស្សិតនោះទេ ពួកគេមិនដែលបានធ្វើលំហាត់កិច្ចការណាមួយ ឬ ការប្រលងឡើយ ដូច្នេះហើយពួកគេ មិនដែលបាន បញ្ចប់ការសិក្សារបស់ខ្លួនឡើយ។ យើងនឹងមិនអាចទទួលបានភាពចាស់ទុំខាងវិញ្ញាណនោះទេ ប្រសិន បើយើងមិនស្តាប់បង្គាប់ធ្វើតាមព្រះបន្ទូលរបស់ទ្រង់។ 

​

ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម

​

១:២៣-២៤ នៅពេលដែលមនុស្សចូលមករកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេប្រហែលជាគិតថាពួកគេកំពុងតែពិនិត្យមើលព្រះបន្ទូលទ្រង់។ តែតាមពិតព្រះបន្ទូលរបស់ព្រះទ្រង់ទេ ដែលកំពុងពិនិត្យមើលយើងវិញ (ហេព្រើរ ៤:១២)។ ព្រះបន្ទូលរបស់ព្រះ គឺប្រៀបដូចជាកញ្ចក់។ នៅពេលដែលយើងឆ្លុះមើលព្រះបន្ទូលទ្រង់ ព្រះបន្ទូលនឹងបង្ហាញយើងពីការពិតអំពីខ្លួនយើង។ បុរសនៅក្នុងខនេះ ឆ្លុះមើលកញ្ចក់ដោយយកចិត្តទុកដាក់ប៉ុន្តែបន្ទាប់មកគាត់បានចេញទៅ ហើយភ្លេចអ្វីដែលគាត់បានឃើញ។ គាត់មិនបានធ្វើអ្វី ដើម្បីជាការឆ្លើយតបនឹងអ្វីដែលគាត់បានឃើញឡើយ។

​

លោកយ៉ាកុប កំពុងបង្ហាញយើងពីគ្រោះថ្នាក់ នៃការមិនឆ្លើយតបនឹងអ្វីដែលយើងឃើញនៅក្នុង ព្រះបន្ទូលរបស់ព្រះ។ មនុស្សអាចត្រូវបានទទួលការបោកបញ្ឆោតឱ្យគិតថាពួកគេជាមនុស្សសុចរិតដោយសារពួកគេអានព្រះគម្ពីរ ឬស្តាប់សេចក្ដីអធិប្បាយ។ ប៉ុន្តែការពិតគឺ ប្រសិនបើយើងមិនបានទទួលព្រះបន្ទូលដោយការយកមកអនុវត្តន៍តាមទេ ព្រះបន្ទូលនោះនឹងមិនមានឥទ្ធិពលអ្វីមកលើយើងឡើយ។ បុរសនោះបានឃើញ និងយល់យ៉ាងត្រឹមត្រូវ ប៉ុន្តែបញ្ហាគឺថា គាត់មិនបានធ្វើសកម្មភាពឆ្លើយតបនឹងអ្វីដែលគាត់បានឃើញ។

​

តែ​អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​មាន​ភ្លេច​សេចក្ដី​ដែល​ស្តាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន។

​

១:២៥ ឥឡូវនេះលោកយ៉ាកុបបានរៀបរាប់អំពីអ្នកដែលស្តាប់ ហើយប្រព្រឹត្តតាមអ្វីដែលគាត់បានស្តាប់។ លទ្ធផលគឺគាត់ «នឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន»។ ចូរកត់សម្គាល់ថា:

​

  • គាត់សំឡឹងយ៉ាងមោះមុតលើសេចក្ដីពិតរបស់ព្រះ។ លោកយ៉ាកុប ប្រើពាក្យមួយ (παρακύψας) ដែលមានន័យថា អោនខ្លួនចុះដើម្បីពិនិត្យមើលឲ្យបានដិតដល់។ គឺជាពាក្យដូចគ្នា ដែលត្រូវបានប្រើសម្រាប់លោកយ៉ូហាន និងនាងម៉ារាអ្នកស្រុកម៉ាក់ដាឡានៅពេលពួកគេពិនិត្យមើលផ្នូររបស់ព្រះយេស៊ូវ (យ៉ូហាន ២០:៥,១១) ។ វាមានន័យថា ការអង្កេតមើលអ្វីមួយដោយប្រុងប្រយ័ត្ន។ នេះគឺជាការសំដៅលើ បុគ្គលណាមួយ ដែលមានភាព សកម្មក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះ ដើម្បីឲ្យអាចយល់ច្បាស់ពីអត្ថន័យ។ បុរសទីមួយមើលដោយយកចិត្តទុកដាក់ (κατανοέω, ខ២៣) ប៉ុន្តែបុរសម្នាក់នេះបានឪនខ្លួនទៅពិនិត្យមើល។ ការនេះទាមទារឲ្យមានការបន្ទាប ខ្លួន និង ការខិតខំប្រឹងប្រែង។ 

  • គាតបន្តធ្វើបែបនេះ។  នេះគឺជាការបង្ហាញពីសារៈសំខាន់ក្នុងការមានទម្លាប់ សិក្សាព្រះបន្ទូលរបស់ព្រះជាប្រចាំ។ បុរសទីមួយបានដើរចេញ (ខ២៤) ប៉ុន្តែបុរសនេះតស៊ូទៅមុខ។

  • គាត់មិនភ្លេចអ្វីដែលគាត់បានស្តាប់នោះទេ។ ការនេះបង្ហាញពីសារៈសំខាន់នៃការចងចាំព្រះបន្ទូរបស់ព្រះជាម្ចាស់ ។ បុរសទីមួយបានភ្លេចព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែបុរសម្នាក់នេះចងចាំទុកក្នុងចិត្ត។

  • អ្វីដែលសំខាន់បំផុតនោះគឺ គាត់ធ្វីតាមអ្វីដែលព្រះបន្ទូលនិយាយ។ នៅពេលយើងធ្វើតាមព្រះបន្ទូលរបស់ព្រះ ព្រះបន្ទូលទ្រង់ នឹងផ្លាស់ប្រែជីវិតរបស់យើង ។ ការស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាថ្មដាយ៉ាងរឹងដែលយើងនឹងសាងសង់ជីវិតយើងពីលើ (ម៉ាថាយ ៧: ២៤- ២៥)។ ព្រោះព្រះបន្ទូលទ្រង់គឺជា គ្រឹះដ៏រឹងមាំ។    

 
បុរសនោះពិនិត្យមើលក្នុង «ក្រឹត្យ‌វិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យ‌វិន័យខាងឯសេរី‌ភាព»។ ព្រះយេស៊ូវ បានបំពេញក្រឹត្យវិន័យរបស់លោកម៉ូសេ ទ្រង់ហើយគឺជាអង្គបុគ្គលដែលបានសម្រេច សេចក្តីសម្រេច របស់ក្រឹត្យវិន័យ។ ឥឡូវនេះ ក្រឹត្យវិន័យដែលអ្នកជឿដើរតាម គឺជាការបង្រៀនរបស់ព្រះយេស៊ូវ គឺជាអ្វី បើកសំដែងអត្ថន័យយ៉ាងពិតប្រាកដ និង ការអនុវត្តន៍យ៉ាងត្រឹមត្រូវទៅកាន់ក្រឹត្យវិន័យដែលព្រះបាន ប្រទានទៅកាន់លោកម៉ូសេ (ម៉ាថាយ ២២:៣៤-៤០, ២៨:២០; យ៉ូហាន ១៣:៣៤, ១៥:១៤)។ ព្រះយេស៊ូវមិនបានមកដើម្បីលើកចោលក្រឹត្យវិន័យ ឬ ផ្លាស់ប្តូរក្រឹត្យវិន័យ នោះទេ តែទ្រង់បាននាំយកការតាំងសញ្ញាថ្មី ដែលជាការសរសេរក្រឹត្យវិន័យនៅក្នុងដួងចិត្តរបស់អ្នកជឿ វិញ។ 

​

នេះគឺ ជាក្រឹត្យវិន័យនៃសេរីភាព ពីព្រោះក្រឹត្យវិន័យនេះធ្វើឱ្យមនុស្សមានសេរីភាព (រ៉ូម ៨:២)។ តើក្រឹត្យវិន័យនាំមកនូវសេរីភាពយ៉ាងដូចម្តេច? គឺតាមរយៈ ពេលដែលព្រះវិញ្ញាណបរិសុទ្ធដាក់ក្រឹត្យវិន័យនេះទៅលើដួងចិត្តរបស់អ្នក មានជំនឿណាម្នាក់ អ្នកនោះនឹងបានរួចផុតពីការជាប់ចំណងនៃអំពើបាប ហើយទទួល បានការ ប្រទានអំណាចអោយអាចស្តាប់បង្គាប់ព្រះជាម្ចាស់ (យ៉ូហាន​៨:៣១ -៣៦; យេរេមា ៣១:៣៣-៣៤)។ នេះគឺជាច្បាប់នៃសេរីភាព ដែលយើងមិនស្តាប់បង្គាប់តាមដោយព្រោះតែវាគឺជាកាតព្វកិច្ចសាសនានោះទេ ប៉ុន្តែដោយសារតែ យើងមានចិត្តដែលបាន ទទួលការផ្លាស់ប្រែ ហើយចង់ស្តាប់បង្គាប់ទៅកាន់ព្រះ។ នៅពេលដែលធ្វើការស្តាប់បង្គាប់ តាមក្រឹត្យវិន័យរបស់ទ្រង់ យើងនឹងរកឃើញសេរីភាពយ៉ាងពិតប្រាកដ គឺជាសេរីភាពដែលរួចចេញពី អំពើបាប។ នេះធ្វើឲ្យយើងមានសេរីភាពក្នុងការរស់នៅសម្រាប់ព្រះ។ 

​

បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ។

​

១:២៦-២៧ លោកយ៉ាកុប ធ្វើការសន្និដ្ឋានដោយពិពណ៌នាពីបុរសម្នាក់ដែលធ្វើសកម្មភាពខាងសាសនា ប៉ុន្តែមិនអាចគ្រប់គ្រងអ្វីដែលគាត់និយាយបានទេ។ ពាក្យសម្តីរបស់យើងសំខាន់ណាស់ ពីព្រោះវាបង្ហាញពីសភាព ឬ លក្ខណៈនៃដួងចិត្តរបស់យើង (ម៉ាថាយ ១២:៣៤)។ បុរសនោះគោរពធ្វើតាមសាសនាតែសំបកក្រៅប៉ុណ្ណោះ  ប៉ុន្តែគាត់ពុំមានការផ្លាស់ប្តូរនៅខាងក្នុងទេ។ ដូច្នេះគាត់បោក បញ្ឆោតខ្លួនឯង។ លទ្ធផលនៃការទទួលព្រះបន្ទូលរបស់ព្រះយ៉ាងពិតប្រាកដ គឺមិនមែនគ្រាន់តែជាសកម្មភាពសាសនាប៉ុណ្ណោះទេ តែវាជាការផ្លាស់ប្តូរជីវិតដែលឆ្លុះបញ្ចាំងពីចិត្ត ដែលឲ្យអាទិភាពទីមួយ ទៅកាន់ព្រះ។

​

លោកយ៉ាកុបបានផ្តល់ឧទាហរណ៍ពីរទាក់ទងនឹងសាសនា ដែលព្រះអង្គរាប់ថាជាសាសនាដែលបរិសុទ្ធ ហើយឥតសៅ‌ហ្មង៖ 

  • គឺជាការទៅរកក្មេងកំព្រា និងមេម៉ាយ ហើយទទួលយកពួកគេមកមើលថែ។ ព្រះជាមា្ចស់ គឺជា «ឪពុករបស់ក្មេងកំព្រា និងជាអ្នកការពារស្ត្រីមេម៉ាយ» (ទំនុកតម្កើង ៦៨:៥)។ ព្រះទ្រង់មានព្រះទ័យរីករាយ នៅពេលដែលយើងមានការយកចិត្តទុកដាក់ចំពោះអស់អ្នកណាដែលងាយរងគ្រោះនៅក្នុងសង្គម ដោយសារតែនេះគឺជាការយក ចិត្តទុកដាក់របស់ទ្រង់ដែរ (ចោទិយកថា ១០:១៨, ១៤: ២៨-២៩; ទំនុកដំកើង ១៤៦:៩; អេសាយ ១:១០-១៧)។ 

  • រក្សាខ្លួនយើងអោយ «មិនឲ្យប្រឡាក់» (ἄσπιλος “គ្មានស្នាម”) ដោយលោកកិយ៍ឡើយ។ អ្វីដែលលោកីយ៍ឲ្យតម្លៃ ជម្រុញ ចង់អោយមនុស្សប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិ ឋានៈបុណ្យសក្តិ និងភាពរីករាយ ដែលធ្វើឱ្យពួកគេធ្លាក់ក្នុងអំពើបាប (១ យ៉ូហាន ២:១៦) ។ ប៉ុន្តែ ទ្រង់បាន ញែកយើងចេញជាបរិសុទ្ធ ដើម្បីឲ្យយើងបានបរិសុទ្ធដូចជាទ្រង់ដែរ (ពេត្រុសទី ១ ១:១៦) ។ 

 

សរុបសេចក្តីមក វាមិនគ្រប់គ្រាន់ទេក្នុងការ គ្រាន់តែការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ខ ២២-​២៥) ឬចូលរួមក្នុងសកម្មភាពសាសនា (ខ ២៦)។ ផ្ទុយទៅវិញ យើងត្រូវតែធ្វើតាមអ្វីដែលព្រះបន្ទូលទ្រង់បង្គាប់ឲ្យយើងធ្វើ។ នៅពេលយើងទទួលព្រះបន្ទូល ជីវិតរបស់យើងនឹងត្រូវផ្លាស់ប្តូរទៅជាជីវិតដែលមានការយកចិត្តទុកដាក់ ទៅកាន់មនុស្សដែលខ្វះខាត និង រស់នៅក្នុងជីវិតដែលបរិសុទ្ធ។ ហើយតាមរយៈការរស់នៅ បែបនេះ ហើយ ដែលយើងអាចរឆ្លុះបញ្ជាំងពីចរិកលក្ខណៈរបស់ព្រះ។ 

​

សំណួរឆ្លុះបញ្ចាំង

  • តើខ្ញុំឆ្លើយតបទៅកាន់សេចក្តីពិត ដែលបានបើកសំដែងចេញពីព្រះបន្ទូលរបស់ព្រះដោយ របៀបណា?

bottom of page