top of page

អណ្តាត ៣:១-១២

បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ ពី​ព្រោះ​ដឹង​ហើយ​ថា យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​គេ 

៣:១ លោកយ៉ាកុបព្រមានថា វាជាការទទួលខុសត្រូវដ៏ធំ ក្នុងការបង្រៀនក្រុមជំនុំ។ ពាក្យសម្តីរបស់យើងមានអានុភាពខ្លាំងទៅកាន់អ្នកដទៃ។ ដូច្នេះ គ្រូបង្រៀនត្រូវតែប្រយ័ត្នប្រយែងក្នុងការបង្រៀនសេចក្តីពិតរបស់ព្រះជាម្ចាស់ មិនមែនបង្រៀនពីគំនិតផ្ទាល់ខ្លួនទេ (ម៉ាថាយ ៥:១៩; កិច្ចការ ២០:២៥ –២៧)។ ដើម្បីធ្វើដូចនេះបាន ពួកគេត្រូវចំណាយពេលច្រើនឆ្នាំសិក្សាព្រះគម្ពីរ ហើយត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធដើម្បីយល់ពីព្រះបន្ទូលរបស់ព្រះ (២ធីម៉ូថេ ២:១៥)។ បន្ទាប់មកនៅពេលបង្រៀន ពួកគេត្រូវរៀបចំមេរៀនរបស់ពួកគេដោយមានការប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់។

 

គ្រូបង្រៀនត្រូវតែរស់នៅឆ្លុះបញ្ជាំងបង្ហាញពីសេចក្តីពិត ដែលពួកគាត់បង្រៀន តាមរយៈការរស់នៅ របស់ពួកគាត់។ ព្រះជាម្ចាស់ទ្រង់ រំពឹងឲ្យគ្រូបង្រៀនឲ្យមានស្តង់ដាខ្ពស់ចំពោះអាកប្បកិរិយា និង ឥរិយាបថ របស់ពួកគាត់។ ព្រះទ្រង់នឹងមានភាពតឹងរឹងក្នុងការជំនុំជំរះទៅកាន់ ពួកគាត់ ជាងការដែល ទ្រង់ជំនុំជំរះ ទៅកាន់មនុស្សឯទៀត។ គ្រូបង្រៀនមានឱកាសល្អ ដើម្បីជួយអោយមនុស្សមានរីកចម្រើននៅក្នុងព្រះជាម្ចាស់។ ប៉ុន្តែប្រសិនបើពួកគាត់ដឹកនាំមនុស្សឲ្យវង្វេង ដោយសារ ការបង្រៀនខុសឆ្គង ឬបង្រៀន ដោយមានចិត្តអាត្មានិយម និង មហិច្ឆតាដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ពួកគាត់នឹងទទួល ការជំនុំជំរះ ដោយព្រោះការទាំងនេះ។ នៅពេលដែលយើងយល់ពីការបង្រៀននៅក្នុងក្រុមជំនុំមាន ការពាក់ព័ន្ធនឹង អ្វីខ្លះ នោះយើងអាចឃើញពីហេតុផលដែលមានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះគួរតែធ្វើការនេះ។

ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ

 

៣:២ មូលហេតុមួយទៀតដែលមានមនុស្សមួយចំនួនតូច គួរធ្វើជាគ្រូបង្រៀនព្រះបន្ទូលនៅក្នុង ក្រុមជំនុំនោះថា គ្រូបង្រៀនត្រូវតែឧបករណ៍ដ៏គ្រោះថ្នាក់។ នោះគឺជាអណ្តាត! វាតូច តែមានអំណាច ហើយវាពិបាកក្នុងការគ្រប់គ្រង។ យើងទាំងអស់គ្នាបានធ្វើបាប ដោយសារការនិយាយខុស។ ដោយសារតែអណ្តាត គឺជាផ្នែកមួយដែលពិបាកគ្រប់គ្រងបំផុតនៅក្នុងរាងកាយ ប្រសិនបើនរណាម្នាក់អាចគ្រប់គ្រងអណ្តាតរបស់ពួកគេ នោះពួកគេក៏អាចគ្រប់គ្រងរាងកាយទាំងមូលរបស់ពួកគេបានដែរ។ ការបកប្រែនៃពាក្យ «ទប់» (χαλιναγωγῆσαι) មានន័យថា “បង្ហៀរ”។ នេះធ្វើឱ្យលោកយ៉ាកុបគិតពីឧទាហរណ៍ អំពីសត្វសេះ។

មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូប‌កាយ​វា​ទាំង​មូល​ទៅ​បាន

 

៣:៣ អ្នកជិះសេះអាចគ្រប់គ្រងទៅកាន់សត្វសេះដោយសារ តែដែកបង្ខាំតូចមួយដាក់ទៅក្នុងមាត់ សេះ។ ដោយសារការដែលគាត់អាចគ្រប់គ្រងមាត់របស់វា ធ្វើឲ្យគាត់គ្រប់គ្រងទៅកាន់រូបកាយទាំងមូល របស់ សេះនោះបាន។ គាត់អាចបញ្ជាសេះអោយទៅតាមទិសដៅដែលគាត់ចង់អោយវាទៅ។ វាជាការស្រដៀងគ្នានេះដែរ ប្រសិនបើមនុស្សម្នាក់អាចគ្រប់គ្រងអណ្តាតផ្ទាល់ខ្លួនបាន គាត់ក៏អាចគ្រប់គ្រងរាងកាយទាំងមូល និងទិសដៅនៃជីវិតរបស់គាត់ដែរ។ ប៉ុន្តែប្រសិនបើគាត់មិនអាច្រប់គ្រង អណ្តាតរបស់គាត់បានទេ គាត់នឹងនិយាយការដែលខុសឆ្គង ហើយជីវិតរបស់គាត់នឹងដើរឆ្ពោះទៅ កាន់ផ្លូវខុស។ ដែកបង្ខាំមានទំហំតូច ប៉ុន្តែមានឥទ្ធិពលយ៉ាងធំទៅកាន់សេះ។ ស្រដៀងគ្នាដែរ អណ្តាតតូច ប៉ុន្តែអ្វីដែលអណ្តាតនិយាយ មានឥទ្ធិពលមកកាន់មនុស្សទាំងស្រុង។

សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយ‌ សារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ 

 

៣:៤ លោកយ៉ាកុប ប្រើសំពៅ​ជាឧទាហរណ៍មួយទៀត ដើម្បីបង្ហាញពីរបៀបដែលវត្ថុតូចមួយអាចគ្រប់គ្រងវត្ថុធំមួយបាន ហើយក៏អាចកំណត់ទិសដៅដែលវាត្រូវទៅ។ ចង្កូតក្រោមនៃសំពៅ គឺជាដុំឈើមួយ ឬ ច្រវានៅក្រោមសំពៅ។ នៅពេលអ្នកបើកសំពៅ បែរចង្កូតសំពៅ នោះសំពៅទាំងមូលនឹងបែរទៅតាម។ សំពៅអាចមានទំហំធំ ហើយត្រូវបានរសាត់ដោយកម្លាំងខ្យល់បក់យ៉ាងខ្លាំង ប៉ុន្តែអ្នកបើកសំពៅប្រើ ចង្កូតដ៏តូចមួយ ដើម្បីកំណត់ទិសដៅដែលសំពៅទាំងមូលត្រូវទៅ។ វាក៏មានភាពស្រដៀង គ្នានឹង អណ្តាតដ៏តូចរបស់យើងដែរ ដោយសារតែអណ្តាតយើងអាចកំណត់ពីទិសដៅនៃជីវិតរបស់យើង តាមរយៈការដែលយើងនិយាយ ឬ មិននិយាយ។

ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន

៣:៥ អណ្តាតមានមាឌតូចតែមានសមត្ថភាពធំ។ ពាក្យសម្ដីរបស់យើងអាចបណ្តាលឱ្យមានរឿងល្អ ឬគ្រោះថ្នាក់។

នារដូវក្តៅក្នុងប្រទេសអ៊ីស្រាអែល វាលស្មៅ និងគុម្ពោតស្ងួតដូចចំបើង។ អណ្តាតភ្លើងតូចមួយអាចធ្វើឲ្យវាលទាំងនោះឆាបឆេះបាន។ ហើយអណ្តាតភ្លើងនោះក៏អាចឆាបឆេះរាលដាលដុត បំផ្លាញ អ្វីៗដែលនៅក្បែរៗនោះផងដែរ។ នៅពេលដែលភ្លើងចាប់ផ្តើមឆេះហើយ វាពិបាកក្នុងការពន្លត់ណាស់។ មិនយូរប៉ុន្មានវានឹងលែងជាអ្វីដែលអាចទប់ស្កាត់បាន។ នេះបង្ហាញឲ្យឃើញថាភ្លើងតូច អាចឆាបឆេះបំផ្លាញព្រៃដ៏ធំបាន។

ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ

 

៣:៦ ពាក្យសម្តីរបស់យើងអាចបង្កគ្រោះថ្នាក់ដូចភ្លើងនោះដែរ។ យើងអាចនិយាយពាក្យសម្តី ដែលបង្កឲ្យមានសេចក្តីវិនាសដែលរាលដាលដូចជាភ្លើងឆេះព្រៃ។ វានឹងរាលដាល យ៉ាងឆាប់រហ័សរហូតដល់ យើងលែងអាចគ្រប់គ្រងវាបាន។ អណ្តាតរបស់យើងអាចចាប់ផ្តើមការអាក្រក់ ដែលអាចរាលដាលនិងប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន។ ពាក្យសម្តីល្អអាចជាកត្តាជម្រុញលើកទឹកចិត្តទៅជីវិតរបស់នរណាម្នាក់ អស់មួយជីវិត។ ពាក្យសម្តីមិនល្អ អាចធ្វើឱ្យអ្នកដទៃឈឺចាប់ជាច្រើនឆ្នាំ។ លោកយ៉ាកុបនិយាយថា អណ្តាតគឺជា «លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត»។ គាត់មានន័យថា វាអាចមានសេចក្តីអាក្រក់គ្រប់បែបយ៉ាងនៅក្នុងពាក្យសម្តីរបស់យើង។

 

លោកយ៉ាកុបបានប្រើរូបភាពជាបន្តបន្ទាប់ដើម្បីឆ្ពោះទៅដល់ចំនុចកំពូលនៃសេចក្តីបង្រៀនរបស់គាត់។ ដូចជា ភ្លើងឆេះព្រៃដែលកើតពីផ្កាភ្លើងដ៏តូចមួយ នោះភាពទុច្ចរិតចក៏កើតពីអណ្តាតដ៏តូចរបស់យើងដែរ។ អណ្តាតដ៏តូចរបស់យើងអាចធ្វើឲ្យ បញ្ហាមានការីករាលដាល។ មនុស្សខ្លះមានការប្រលាក់ ប្រលោះនៅក្នុងជីវិតរបស់ពួកគេ ដោយសារតែពួកគាត់មិនចេះគ្រប់គ្រងអណ្តាតរបស់ខ្លួន។ ការនេះនឹងជះឥទ្ធិពលដល់ដំណើរជីវិតទាំងមូលរបស់ពួកគេ។ ហើយទីបំផុតអណ្តាតដែលមិនអាចគ្រប់គ្រងបានបង្កាត់ជាភ្លើងដុតបំផ្លាញអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន ហើយទីបំផុត អណ្តាតនោះនឹងត្រូវឆាបឆេះដុតឆេះដោយភ្លើងនរក។

រីឯ​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ នឹង​សត្វ​នៅ​ក្នុង​សមុទ្រ នោះ​គេ​អាច​នឹង​ផ្សាំ​បាន ក៏​មាន​មនុស្ស​បាន​ផ្សាំង​ហើយ​ដែរ តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់ ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់

 

៣:៧-៨ យើងផ្សាំងសត្វបាន ប៉ុន្តែយើងមិនអាចផ្សាំងអណ្តាតរបស់យើងបានទេ។ អណ្តាតរបស់យើងអាចនិយាយ អាក្រក់ ទោះបីយើងមិនបំណងចង់និយាយការអាក្រក់នោះក៏ដោយ។ អណ្តាតគឺជារបស់ អាក្រក់ ដែលទប់មិនបាន។ វាត្រៀមជានិច្ចក្នុងទំលាយការអាក្រក់ចេញមក។ វាប្រៀបដូចជាពស់ដែលមានពិស អាចសំលាប់មនុស្សបាន។

ដោយ‌សារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះវរ‌បិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង

 

៣:៩ របៀបល្អបំផុតក្នុងការប្រើប្រាស់អណ្តាតរបស់យើង គឺយើងត្រូវប្រើប្រាស់វាសម្រាប់ការសរសើរ តម្កើងព្រះ។ យ៉ាងណាមិញ យើងក៏ប្រើអណ្តាតដដែលនោះក្នុងការដាក់បណ្តាសា។ ការដាក់បណ្តាសា គឺជាការបួងសួងកោះហៅឫទ្ធានុភាពខាងវិញ្ញាណ សូមឲ្យមានការអាក្រក់កើតឡើងទៅកាន់នរណាម្នាក់។ ការដាក់បណ្តាសាទៅកាន់មនុស្សគឺជាអំពើខុសឆ្គង ពីព្រោះមនុស្សត្រូវបានបង្កើតចេញពី រូបអង្គព្រះ (លោកុប្បត្តិ ១:២៦-២៧)។ ដូច្នេះ យើងគួរឲ្យពរទៅកាន់មនុស្ស រួមទាំងខ្មាំងសត្រូវរបស់យើងផងដែរ (ម៉ាថាយ ៥:៤៤; រ៉ូម ១២:១៤)។

មាន​ទាំង​ពាក្យ​សរសើរ នឹង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ

 

៣:១០-១១ លោកយ៉ាកុបបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពាក្យសរសើរនិងពាក្យបណ្តាសាចេញពីមាត់តែមួយ។ លោកបានរស់នៅក្នុងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលមិនមានភ្លៀងធ្លាក់ច្រើន។ ប្រជាជននៅពីនោះពឹងផ្អែកលើក្បាលទឹកផ្សេងៗ ក្នុងការធ្វើជាប្រភពទឹកសម្រាប់ពួកគេ។ «ទឹកសាប» (តាមន័យត្រង់ “ទឹកផ្អែម”) គឺជាទឹកដែលល្អសម្រាប់ការទទួលទាន។ «ទឹកភ្លាវ» (តាមន័យត្រង់ “ទឹកល្វីង” ឬ “ទឹកអំបិល”) មិនល្អសម្រាប់ការទទួលទានទេ។ ទឹកសាប (ផ្អែម) និង ទឹកភ្លាវ (ទឹកល្វីង) មិនអាចចេញមកពី ប្រភពក្បាលទឹកតែមួយនោះទេ។ ប៉ុន្តែ អណ្តាតរបស់យើងបញ្ចេញទាំងពាក្យផ្អែម និងពាក្យល្វីង ជូរចត់។ ពាក្យសំដីពីរប្រភេទផ្ទុយគ្នា ចេញមកពីអណ្តាតតែមួយ! លោកយ៉ាកុបកំពុងនិយាយថានេះមិនមែនជាការត្រឹមត្រូវធម្មតានោះទេ។

បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផង សាប​ផង​បាន​ឡើយ។

៣:១២  ដើមឈើនីមួយៗ អាចបង្កើតផលផ្លែទៅតាម ប្រភេទដើមរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្លែរបស់វាចេញមកពីធម្មជាតិរបស់វា (ម៉ាថាយ ៧:១៦)។ វាជាការស្រដៀងគ្នាជាមួយនឹង ការដែលក្បាលទឹក មានប្រភេទទឹក តែមួយប៉ុណ្ណោះ។ វាអាចមានទឹកផ្អែម (សាប) ឬ ទឹកល្វីង (ភ្លាវ) តែមិនអាចមានទាំងពីរបានទេ។ ប្រសិនបើលោកអ្នកចង់បង្កើតឲ្យមានទឹកផ្អែម (សាប) យើងមិនត្រូវធ្វើជាក្បាលទឹកដែលល្វីងជូចត់ ឬ ភ្លាវនោះទេ។ ពាក្យសំដីរបស់យើងគឺហូរចេញពីចិត្តរបស់យើង ដូចនេះបើពាក្យសម្តីរបស់យើងតែងតែរមិនល្អសមរម្យ យើងត្រូវទូលសូមឲ្យព្រះអង្គធ្វើការសំអាតចិត្តរបស់យើង។ គោលដៅរបស់យើងគួរតែជាការដែលយើងចង់និយាយតែពាក្យល្អៗ។

 

សំណួរឆ្លុះបញ្វាំង

  • តើអណ្តាតរបស់ខ្ញុំបង្កើតឲ្យមានពាក្យ ដែលល្អដូចជាទឹកសាប (ផ្អែម) ឬ  បង្កើតឲ្យមានពាក្យ អាក្រក់ដូចជាទឹកភ្លាវ (ទឹកល្វីង) ?

 

 

ប្រាជ្ញាមាន ២ ប្រភេទ ៣:១៣-១៨

ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា នឹង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយ‌សារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ

៣:១៣ ប្រាជ្ញា និងការយល់ដឹង ដូចជាសេចក្តីជំនឿដែរ យើងត្រូវបង្ហាញពីការនេះតាមរយៈការប្រព្រឹត្ត របស់យើង។ មនុស្សដែលមានប្រាជ្ញា ដឹងពីរបៀបអនុវត្តសេចក្តីពិតរបស់ព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ដូច្នេះ ភ័ស្តុតាងដែលបញ្ជាក ពីជីវិតមានប្រាជ្ញា គឺជាការរស់នៅប្រចាំថ្ងៃ ដែលមានពេញដោយការ ចរិយាមាយាទល្អ និងអាកប្បកិរិយាល្អ។ មនុស្សដែលមានប្រាជ្ញាតែងធ្វើការប្រព្រឹត្តរបស់ខ្លួន ដោយការ សុភាពរាបសារ។ ភាពសុភាពរាបសារ (πρᾳΰτης) គឺកម្លាំងសុភាព។ នេះគឺជាសមត្ថភាព ក្នុងការ មានភាពរឹងមាំ ដោយមានការបន្ទាបខ្លួន។ វាគឺ ជាចរិកលក្ខណៈរបស់ព្រះយេស៊ូវ (ម៉ាថាយ ១១:២៩, ២១:៥) ហើយក៏ជាផលផ្លែនៃព្រះវិញ្ញាណ (កាឡាទី ៥:២៣) ផងដែរ ។

បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ

 

៣:១៤ ផ្ទុយពីភាពស្លូតបូតនៃប្រាជ្ញា គឺការច្រណែនឈ្នានីស សេចក្តីគំនុំក្នុងចិត្ត និងមហិច្ឆតាអាត្មានិយម។ បុគ្គលដែលច្រណែនអ្នកដទៃ ឬមានសេចក្ដីប៉ងប្រាថ្នាអាត្មានិយម ដើម្បីឲ្យតែខ្លួនឯងបានទទួលសិរីរុងរឿង មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ព្រោះប្រាជ្ញាដែលពួកគេមានមិនមែនមកពីព្រះជាម្ចាស់ទេ។

ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ​នេះ ហើយ​ក៏​ខាង​សាច់​ឈាម នឹង​ខាង​អារក្ស​វិញ​ទេ​តើ

 

៣:១៥ ព្រះទ្រង់ គឺជាប្រភពនៃប្រាជ្ងាដ៏ពិត។ ប៉ុន្តែគឺមានប្រាជ្ងាខុសឆ្គងដែលមិនមែនមកពីព្រះជាម្ចាស់ទេ។ គឺមិនមែនមកពីស្ថានលើនោះទេ។ លោកយ៉ាកុបបានប្រាប់យើង៣ចំនុចអំពីប្រាជ្ញាខុសឆ្គង (ក្លែងក្លាយ)។

 

  • វាគឺជាប្រាជ្ញាលោកីយ៍។ ប្រាជ្ញាក្លែងក្លាយនេះ សំលឹងមើលទៅកាន់ជីវិត ដោយប្រើប្រាស់ ទស្សនៈដែលមានដែនកំណត់របស់លោកីយ៍នេះ។ ប្រាជ្ញានេះមានការផ្តោតទៅលើអ្វីៗ ដែល នៅក្នុងលោកីយ៍នេះ គឺគិតធ្វើយ៉ាង ណាឲ្យបានជោគជ័យស្របតាមគុណតម្លៃរបស់ លោកីយ៍ នេះ (ភីលីព ៣:១៨-១៩) ។ នេះគឺជាប្រាជ្ញាដែល មិនមានទស្សនៈអស់កល្បជានិច្ច ដែល មកពីស្ថានសួគ៍នោះទេ។

 

  • វាគឺជា​ប្រាជ្ញាខាងសាច់ឈាម។ «ខាងសាច់ឈាម» ក្នុងពាក្យក្រិក (ψυχική) មានន័យថាចេញពី “ព្រលឹង ឬ គំនិត” ។ វាជាគំនិតរបស់មនុស្ស មិនមែនជាសេចក្តីពិតរបស់ព្រះជាម្ចាស់ទេ។ ប្រាជ្ញាក្លែងក្លាយមិនមានទស្សនវិស័យខាងវិញ្ញាណទេ ហើយវាផ្តោតតែលើអ្វីដែលបានដឹងតាមរយៈញ្ញាណទាំងប្រាំរបស់យើងតែប៉ុណ្ណោះ។ មនុស្សខាងវិញ្ញាណបានទទួលព្រះវិញ្ញាណរបស់ព្រះ(១កូរិនថូស ២:១២) ប៉ុន្តែមនុស្សខាងសាច់ឈាមមិនបានទទួលឡើយ។ ដូច្នេះពួកគេមិនអាចយល់ពីសេចក្តីពិតខាងវិញ្ញាណនោះទេ (១កូរិនថូស ២:៦-១៦; យូដាស ១៩)។

 

  • វាជាប្រាជ្ញាខាងអារក្ស។ ប្រាជ្ញាក្លែងក្លាយកើតចេញមកពីខ្មាំងសត្រូវ (២កូរិនថូស ១១:១៣-១៥)។ នៅក្នុងលោកុប្បត្តិជំពូក៣ យើងឃើញថា សាតាំងល្បួងមនុស្សដោយពាក្យភូតកុហកដែលទាក់ទាញដល់ភាពអំនួតរបស់មនុស្ស (ដូចជា “អ្នកមិនស្លាប់ជាពិតមែនទេ” ហើយ “អ្នកនឹងបានដូចជាព្រះដែរ”)។ ប្រាជ្ញារបស់អារក្ស គឺជាការកុហកបោកបញ្ឆោតដែលទាក់ទាញទៅកាន់អំនួតរបស់មនុស្សដើម្បីបំផ្លាញពួកគេ។ ​

ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន នឹងសេចក្ដីគំនុំ នោះក៏មានវឹកវរ នឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ 

 

៣:១៦ ប្រាជ្ញាក្លែងក្លាយ តែងតែនាំទៅរកភាពវឹកវរ និងការអាក្រក់។ នៅពេលដែលយើងច្រណែនអ្នកដទៃ ឬមានមហិច្ឆតាអាត្មានិយម សេចក្តីគំនុំ ការទាំងនោះនឹងបង្វែរយើងចេញពីការផ្តោតលើព្រះអង្គ។ ហើយយើងក៏ធ្វើការសម្រេចចិត្តខុស។ ពាក្យដែលបកប្រែថា «វឹកវរ» មានន័យថា អស្ថិរភាព និងការភាន់ច្រឡំ។ នេះមិនមែនមកពីព្រះជាម្ចាស់ទេ។ លោកប៉ុល បានប្រើពាក្យដូចគ្នា នៅពេលគាត់សរសេរថា ព្រះអង្គមិនមែនជាព្រះនៃ សេចក្តីវឹកវរទេ (១កូរិនថូស ១៤:៣៣) ។ ប្រាជ្ញាក្លែងក្លាយ នាំអោយមានភាពវឹកវរ អស្ថិរភាព ការប្រកួតប្រជែង និងការបែងបាក់ក្នុងចំណោមមនុស្ស។

តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា‌ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង

 

៣:១៧ ប៉ុន្តែប្រាជ្ញាដែលមកពីព្រះជាម្ចាស់ គឺខុសគ្នាពីប្រាជ្ញាទាំងនោះឆ្ងាយណាស់។ លក្ខណៈសំខាន់នៃប្រាជ្ញារបស់ព្រះជាម្ចាស់ គឺថាប្រាជ្ញារបស់ទ្រង់មានភាពបរិសុទ្ធ។ ប្រាជ្ញាទ្រង់មិនមានឥរិយាបថនៃ អំពើបាប។ លោកយ៉ាកុបបានរៀបរាប់ពីគុណសម្បត្តិនៃប្រាជ្ងាដែលមកពីស្ថានសួគ៍ ។ គួរកត់ សម្គាល់ថា គុណសម្បត្តិនីមួយៗ បង្កើតឲ្យមានភាពចុះ សម្រុងគ្នារវាងមនុស្សនិងមនុស្ស។

 

  • មានមេត្រីចិត្ត៖ វានាំទៅរក ការចុះសម្រុងគ្នា និងសន្តិភាព ។

  • សេចក្តីសំឡូត៖ វាមានលក្ខណៈគួរសម និងចិត្តល្អ។​ គឺជាការយល់ពីចំណុចខ្វះខាតរបស់មនុស្ស ហើយមានការអត់ធ្មត់ជាមួយពួកគេ។

  • ចិត្តទន់៖ ទទួលការបង្រៀន ហើយចុះចូលជាមួយក្រមសីលធម៌។ គឺជាការស្តាប់តាមគំនិតរបស់អ្នកដទៃ ហើយ ឆ្លើយតបយ៉ាងសមរម្យ ដោយគ្មានភាពអាត្មានិយម ។ គឺជាការសុខចិត្តចុះចូលស្រប តាម នៅពេលដែលវាគឺជាអ្វីដែលល្អបំផុត។

  • ពេញ​ដោយ​សេចក្តី​មេត្តាករុណា និង​ ផល​​ល្អ៖ វាជាការអាណិតអាសូរ ការអត់ទោស ហើយតែងតែត្រៀមខ្លួនជានិច្ចក្នុងការជួយដល់ មនុស្សដែលខ្វះខាត។ ការនេះបង្កើតឲ្យមានជីវិតមួយ ដែលថ្វាយកិក្តិយសដល់ព្រះជាម្ចាស់ គឺជាជីវិតដែលពេញដោយសេចក្តីស្រឡាញ់ និង ការប្រព្រឹត្តល្អ។

  • ឥត​រើស​មុខ៖ គឺជាការមិនបង្ហាញការរើសអើង ឬ ប្រកាន់បក្សពួកឡើយ។ គឹជាការដែល មានភាពច្បាស់លាស់ពីអ្វីដែលពិតត្រង់    ហើយមានស្តង់ដាត្រឹមត្រូវដែលមានមិនមានភាពផ្លាស់ ប្តូរ។

  • ឥត​ពុត​មាយា៖ មនុស្សកំពុត បៀបដូចជាតួអង្គពាក់ម៉ាសមុខ ហើយសំដែងជាតួអង្គច្រើនក្នុង ការសំដែង។ តែសម្រាប់ ប្រាជ្ងាដែលមកពីព្រះជាម្ចាស់ មិនលាក់ពុត ឬសម្តែងឡើយ តែគឺជាការដែល ធ្វើចេញពី ចិត្តទៀងត្រង់នៅគ្រប់ទាំងការដែលខ្លួនធ្វើ។

រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង។

 

៣:១៨ លោកយ៉ាកុប សរុបសេចក្តី ដោយបង្ហាញការប្រៀបធៀបមួយ។ ស្រមៃមើលវាលមួយដែលត្រៀមរួចជាស្រេចសម្រាប់ការប្រមូលផល។ ដំណាំនៅលើវាលនោះ ដាំដុះបង្កើតឲ្យមានសេចក្តី សុចរិត។ សេចក្តីសុចរិតបានដុះឡើង នៅលើដីនៃសេចក្តីមេត្រី។ ព្រះអង្គចង់ឲ្យយើងរស់នៅជីវិត ដែលមានសេចក្តីសុចរិត ដែលកើតចេញពីសេចក្តីមេត្រី ដែលមិនមែន កើតចេញពីកំហឹងក្តៅក្រហាយ ឬ ភាពវឹកវរនោះទេ។ ប្រាជ្ញាដែលមកពីព្រះជាម្ចាស់ជួយអោយយើងក្លាយជាមនុស្សដែលមានសេចក្តីមេត្រី។

 

គ្រាប់ពូជនេះត្រូវបានសាបព្រោះដោយពួកអ្នកដែលស្វែងរក សេចក្តីមេត្រីនោះឯង។ ការធ្វើជាអ្នកដែល ស្វែងរកសេចក្តីមេត្រី នោះគឺជាចរិតលក្ខណៈរបស់អស់អ្នកដែលជាកូនព្រះ (ម៉ាថាយ ៥: ៩)។ ពួកអ្នកដែលស្វែងរក សេចក្តីមេត្រី មានសេចក្តីស្រឡាញ់ទៅកាន់សេចក្តីមេត្រី រស់នៅក្នុងសេចក្តីមេត្រី ហើយបង្កើតបរិយា កាសដែលពោរពេញដោយសេចក្តីមេត្រី។ ហើយចម្រូត ដែលបានជួយសាងឡើង ដោយពួកអ្នកស្វែង រកសេចក្តីមេត្រី នឹងបង្កើតឲ្យមានសហគមន៍ ដែលមានសន្តិភាព និង មេត្រីភាព ហើយការប្រព្រឹត្តរបស់ ពួកគាត់មានពេញដោយសេចក្តីសុចរិត។

 

សំណួរឆ្លុះបញ្ចាំង៖

  • តើជីវិតរបស់ខ្ញុំឆ្លុះបញ្ចាំងពី សេចក្តីសុភាពរាបសា និង សេចក្តីមេត្រី ដែលបានមកពីប្រាជ្ញារបស់ស្ថានសួគ៍ ឬ ជីវិតរបស់ខ្ញុំឆ្លុះបញ្ជាំងពី មហិច្ឆតាអាត្មានិយម សេចក្តីគំនុំ ភាពវឹកវរ ដែលបានមកពីប្រាជ្ញាក្លែងក្លាយរបស់លោកីយ៍នេះ?

bottom of page