
ការហាមឃាត់មិនឲ្យមានការរើសមុខ (ការមានភាពលម្អៀង) ២:១-១៣
បងប្អូនអើយ កុំឲ្យមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ដ៏ឧត្តមនៃយើង ដោយរើសមុខអ្នកណាឡើយ
២:១ គ្រីស្ទបរិស័ទ្ធត្រូវរួបរួមគ្នា ជាគ្រួសារតែមួយនៅក្នុងព្រះគ្រីស្ទ។ ទ្រង់គឺជាព្រះអម្ចាស់នៃសិរីល្អ។ នេះគឺជាមូលដ្ឋានគ្រឹះនៃការរួបរួមរបស់យើង។ ដូច្នេះ វាមិនមែនជាការត្រឹមត្រូវនោះទេ នៅពេលដែលអ្នកជឿបង្ហាញការរើសមុខ (ភាពលំអៀង)។
ដ្បិតបើសិនជាមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាសនឹងសំលៀកបំពាក់ដ៏មានដំឡៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ
២:២ លោយ៉ាកុប បានលើកឧទាហរណ៍អំពីការរើសមុខ (ភាពលំអៀង)។ គាត់ប្រាប់អ្នកអានរបស់គាត់ឱ្យស្រមៃមើលពីបុរសម្នាក់ស្លៀកសម្លៀកបំពាក់ល្អ និងពាក់ចិញ្ចៀនមាស ចូលមកក្នុងការជួបជំុរបស់ពួកគេ។ នេះបង្ហាញថាបុរសនោះជាអ្នកមានទ្រព្យសម្បត្តិ។ បន្ទាប់មកមានបុរសក្រីក្រម្នាក់ចូលមកដែរ។ ពាក្យ ដែលលោកយ៉ាកុប ប្រើរៀបរាប់ពីមនុស្សក្រីក្រលំបាក គឺជាពាក្យដែល រាប់បញ្ចូលទាំងអ្នកសុំទានដែរ។ បុរសកំសត់នោះមានតែអាវមួយ ដែលគាត់ពាក់គ្រប់ពេល។ សម្លៀកបំពាក់របស់គាត់ចាស់ រហែក ហើយកខ្វក់ទៀត។ សម្លៀកបំពាក់របស់បុរសទី១ ភ្លឺចិញ្ចាចចិញ្ចែង ចំនែកសម្លៀកបំពាក់របស់បុរសក្រីក្រ គឺកខ្វក់។ បុរសម្នាក់មើលទៅស្អាតពីខាងក្រៅ ឯម្នាក់ផ្សេងទៀតមានសភាពយ៉ាប់យឺន។ តើក្រុមជំនំុ គួរប្រព្រឹត្តយ៉ាងណាទៅកាន់បុរសទាំងពីរនេះ?
រួចអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់មានដំឡៃនោះ ក៏អញ្ជើញគេថា សូមអង្គុយនៅទីល្អនេះ រួចប្រាប់ទៅអ្នកក្រថា ចូរឈរនៅទីនុ៎ះចុះ ឬអង្គុយនៅទៀបកំណល់ជើងខ្ញុំនេះដូច្នេះ
២:៣ បុរសអ្នកមាន ត្រូវបានគេស្វាគមន៍យ៉ាងពិសេស។ ពួកគេនាំគាត់ទៅកន្លែងអង្គុយយ៉ាងល្អ។ ប៉ុន្តែបុរសក្រីក្រវិញត្រូវបានគេប្រាប់ឱ្យឈរ ឬប្រហែលជាគាត់អាចអង្គុយនៅចុងជើងរបស់នរណាម្នាក់។ ពួកគេមិនអោយកៅអីទៅគាត់ទេ។ ពួកគេពិតជាមិនចង់អោយបុរសក្រីក្រចូលរួមជាមួយពួកគេទាល់តែសោះ។ បុរសអ្នកមានត្រូវបានគេទទួលអោយអង្គុយនៅទីល្អនេះ ខណៈដែលបុរសក្រីក្រត្រូវបានគេប្រាប់ឱ្យឈរនៅទីនោះ។ បុរសអ្នកមានត្រូវបានគេទទួលស្វាគមន៍ តែបុរសក្រីក្រមិនបានទទួលការ ស្វាគមន៍ឡើយ។ ប្រសិនបើបុរសទាំងពីរ អ្នកមាននិងអ្នកក្រ ចូលមកក្នុងក្រុមជំនុំរបស់លោកអ្នក តើលោកអ្នកនឹងប្រព្រឹត្តទៅកាន់ពួកគាត់ស្មើគ្នាដែរ ឬទេ?
នោះតើមិនមែនឈ្មោះថា បានយោគយល់នៅក្នុងពួកអ្នករាល់គ្នា ហើយបានត្រឡប់ជាអ្នករើសមុខ ដែលមានគំនិតអាក្រក់ទេឬអី
២:៤ មានបញ្ហាដ៏ធ្ងន់ធ្ងរមួយបានកើតឡើង ដែលពាក់ព័ន្ធជាមួយអ្វីដែលក្រុមជំនុំបានធ្វើ។ វាកើតឡើងដោយសារតែពួកគេបានរើសអើង។ បុរសទាំងពីរនាក់ត្រូវបានគេទទួលយ៉ាងខុសគ្នា ដោយសារតែសម្លៀកបំពាក់របស់ពួកគេ។ យើងត្រូវតែប្រាកដថា គ្មានការរើសអើងកើតឡើងនៅក្នុងក្រុមជំនុំរបស់យើងទេ។ ក្រុមជំនុំ គឺជារូបកាយរបស់ព្រះគ្រីស្ទ ហើយទ្រង់ជាសិរសា។ នេះគឺជាក្រុមជំនុំព្រះវិហាររបស់ទ្រង់ មិនមែនកន្លែងសម្រាប់តែការជួបជុំជាក្រុមរបស់យើងនោះទេ។ ទ្រង់បានសម្រេចថា យើងគឺជារូបកាយតែមួយ។ ដូច្នេះ យើងមិនត្រូវមានការបែងចែក ឬ ការរើសមុខនោះទេ។ យើងមិនត្រូវប្រព្រឹត្ដខុសគ្នាទៅកាន់បងប្អូនប្រុស ស្រីរបស់យើងក្នុងព្រះគ្រីស្ទ ដោយសារតែទ្រព្យសម្បត្តិ រូបរាង មុខតំណែងរបស់ពួកគេក្នុងសង្គម ឬសមត្ថភាពនៃការជួយមកកាន់គោលដៅរបស់យើងនោះទេ។
ចូរស្តាប់ចុះ បងប្អូនស្ងួនភ្ងាអើយ តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយនេះ ដែលជាអ្នកមានខាងសេចក្ដីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ ដែលទ្រង់បានសន្យាទុក ឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ទេឬអី
២:៥ ការបង្ហាញការរើសមុខ លំអៀងប្រព្រឹត្តល្អទៅកាន់តែអ្នកមាន នោះគឺជាអំពើខុសឆ្គង។ លោកយ៉ាកុប បានប្រាប់ហេតុផលបីយ៉ាង។
ទីមួយ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រ។ នេះមិនមានន័យថាព្រះបានជ្រើសរើសតែអ្នកក្រទេ ប៉ុន្តែទ្រង់យកព្រះទ័យទុកដាក់ ជាពិសេសទៅលើអ្នកក្រលំបាក។ នៅក្នុងជំនាន់ក្រុមជំនុំដំបូង មិនសូវមាន អ្នកមានប៉ុន្មានទេ (លូកា ៦:២០; ១កូរិនថូស ១: ២៦–២៨)។ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រ អោយពួកគេក្លាយជា «អ្នកមានខាងសេចក្ដីជំនឿ»។ សេចក្តីជំនឿ គឺជាទ្រព្យសម្បត្តិដែលមានគុណតម្លៃពិត មិនមែនលុយ រឺទ្រព្យសម្បត្តិទេ។ ហេតុអ្វី? ព្រោះជំនឿជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ ហើយទំនាក់ទំនងជាមួយព្រះជាម្ចាស់មានតម្លៃជាងទ្រព្យសម្បត្ដិទាំងអស់ក្នុងភពផែនដីនេះ។ ដូច្នេះ អ្នកក្រដែលជឿលើព្រះយេស៊ូវ គឺជាអ្នកមានពិតប្រាកដ ជាអ្នកមានខាងជំនឿ។
អ្នកក្រដែលជាអ្នកមានក្នុងសេចក្តីជំនឿ មានសេចក្តីសន្យាដ៏អស្ចារ្យមកពីព្រះជាម្ចាស់។ ពួកគេជាអ្នកគ្រងមរតកនៃនគរព្រះ! អ្នកក្រដែលស្រឡាញ់ព្រះជាម្ចាស់ មានកន្លែងរបស់ខ្លួននៅក្នុងនគររបស់ព្រះជាម្ចាស់ ហើយមានចំណែកក្នុងទ្រព្យសម្បត្តិដ៏អស់កល្បជានិច្ចរបស់ទ្រង់! នេះគឺជាអ្វីដែលប្រសើរជាង ការមានចញ្ចៀនមាស និងសម្លៀកបំពាក់ល្អទៅទៀត។ ប្រសិនបើអស់អ្នកជឿ ជេរប្រមាថអ្នកក្រ និងអែបអបអ្នកមាន នោះសកម្មភាពរបស់ពួកគេបង្ហាញថា ពួកគេមិនដឹងពីគុណតម្លៃនៃសេចក្តីជំនឿ និងសេចក្តីសន្យារបស់ព្រះនោះឡើយ។
តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជំរះទេឬអី តើគេមិនប្រមាថដល់ព្រះនាមល្អ ដែលបានឲ្យដល់អ្នករាល់គ្នាទេឬអី
២:៦-៧ ទីពីរ ពួកអ្នកមានកំពុងតែបៀតបៀនក្រុមជំនុំ។ ពួកអ្នកមានបានចាប់អ្នកជឿព្រះឲ្យចូលតុលាការ ហើយចោទប្រកាន់ពួកគេពីបទរល្មើសនឹងច្បាប់។ ចៅក្រមពុករលួយ យល់ព្រមជាមួយនឹង ការដែលពួកអ្នកមាននិយាយ។ ពួកអ្នកមានក៏និយាយប្រមាថប្រឆាំងនឹងព្រះនាមរបស់ព្រះយេស៊ូវ។ ព្រះនាមរបស់ព្រះយេស៊ូវ គឺជាព្រះនាមដ៏ល្អពិសេស មានកិត្តិនាម និង កិត្តិយសដ៏ខ្ពង់ខ្ពស់ និងសក្តិសម ទទួលការសរសើរ។ វាជាការប្រមាថដល់ព្រះ នៅពេលដែលមនុស្សនិយាយទាស់ប្រឆាំងនឹងព្រះនាម របស់ទ្រង់។
បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ
២:៨-៩ ទីបី ការរើសមុខ (ភាពលំអៀង) គឺជាការប្រព្រឹត្តរំលងទាស់នឹង ក្រឹត្យវិន័យដ៏ប្រសើររបស់ព្រះ។ លោកយ៉ាកុបហៅ ខគម្ពីរលេវីវិន័យ ១៩:១៨ ថា «ក្រឹត្យវិន័យដ៏ប្រសើរ» ពីព្រោះស្តេចរបស់យើងបានមានបន្ទូលថា បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តនេះ និងក្រឹត្យវិន័យដែលបង្គាប់ឲ្យយើងស្រឡាញ់ព្រះអម្ចាស់ (ម៉ាថាយ ២២:៣៦-៤០)។ ក្រឹត្យវិន័យបានប្រទានមកកាន់យើងពួកយើង ដើម្បីបង្រៀនយើងឲ្យចេះស្រឡាញ់ព្រះ និង ស្រឡាញ់មនុស្ស។ បើយើងស្រឡាញ់គ្នាទៅវិញដូចជាអ្វីដែលយើងគួរ នោះមានន័យថា យើងបាន សម្រេចគ្រប់ក្រឹត្យវិន័យទំាងអស់ (រ៉ូម ១៣:១០; កាឡាទី ៥:១៤)។ ការបង្ហាញការរើសមុខ (ភាពលំអៀង) គឺជាការបរាជ័យក្នុងការស្តាប់បង្គាប់តាមក្រឹត្យវិន័យ ដែលបង្គាប់ឲ្យយើងស្រឡាញ់អ្នកជិតខាងរបស់យើង។
ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូលតែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រិត្យវិន័យទាំងមូលនោះហើយ
២:១០ ក្រិត្យវិន័យរបស់ព្រះផ្តុំមកតែមួយ ហើយមិនអាចបែងចែកបានទេ។ ការបរាជ័យក្នុងការស្តាប់ បង្គាប់ទៅលើ ក្រឹត្យវិន័យណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រឹត្យវិន័យទាំងមូល។ វាដូចជាការ ដែលយកញញួរទៅវាយបំបែក បង្អួចកញ្ចក់។ នៅពេលអ្នកវាយបំបែកនៅចំណុចមួយ បង្អួចទាំងមូលនឹងត្រូវបែកខ្ទេច។ យើងមិនអាចជ្រើស រើសផ្នែកណាមួយនៃក្រឹត្យដែលយើងយល់ស្រប និងចង់ស្តាប់បង្គាប់តាម ហើយមិនអើពើនឹងផ្នែកដែលយើងមិនចូលចិត្តឡើយ។ ការស្តាប់បង្គាប់តែ ចំនុចខ្លះៗ គឺជាការមិនស្តាប់បង្គាប់។ បើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យទាំងអស់ តែលោកអ្នក ប្រព្រឹត្តរំលង នឹងក្រឹត្យវិន័យណាមួយ លោកអ្នកនៅមានឈ្មោះថាជាអ្នកបំពានលើក្រឹត្យវិន័យ។
ពីព្រោះព្រះដែលមានបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់ក៏មានបន្ទូលថា «កុំឲ្យសំឡាប់មនុស្ស»ដែរ ដូច្នេះ បើអ្នកមិនបានប្រព្រឹត្តសេចក្ដីកំផិតទេ តែបានសំឡាប់វិញ នោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រិត្យវិន័យហើយ
២:១១ ក្រឹត្យវិន័យរបស់ព្រះ មានសេចក្តីបង្គាប់បញ្ជាជាច្រើន តែគឺជាច្បាប់ក្រឹត្យវិន័យតែមួយមក ពីព្រះ។ យើងមិនអាចធ្វើការដោះសារចំពោះការបរាជ័យក្នុងការស្តាប់បង្គាប់ទៅលើក្រឹត្យវិន័យណាមួយឡើយ ទោះបីជាយើងបានស្តាប់បង្គាប់ទៅលើផ្នែកមួយផ្សេងទៀតនៃក្រឹត្យវិន័យក៏ដោយ។
ចូរឲ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រិត្យវិន័យនៃសេចក្ដីសេរីភាព រៀបនឹងជំនុំជំរះអ្នកហើយចុះ
២:១២ មនុស្សទាំងអស់នឹងទទួលការជំនុំជំរះ (កិច្ចការ ១៧:៣១; រ៉ូម ២:៦-១១; ២ កូរិនថូស ៥:១០) រួមទាំងគ្រីស្ទបរិស័ទផងដែរ។ គ្រីស្ទបរិស័ទនឹងមិនត្រូវទទួលការជំនុំជំរះ ចំពោះអំពើបាបទេ ដោយសារតែការជំនុំជំរះនេះបានកើតឡើងទៅលើព្រះគ្រីស្ទ រួចទៅហើយ នៅពេលដែលទ្រង់បានសុគតនៅលើឈើឆ្កាង (យ៉ូហាន ៥:២៤; រ៉ូម ៨:១; កូល៉ុស ២:១៤)។ ប៉ុន្តែឥរិយាបថរបស់យើង (រ៉ូម ១៤:១០-១២) សកម្មភាពរបស់យើង (២ កូរិនថូស ៥:៩-១០) ពាក្យសម្ដីរបស់យើង (ម៉ាថាយ ១២: ៣៦) និងភាពស្មោះត្រង់នៃការបម្រើរបស់យើង (ម៉ាថាយ ២៥:១៤-៣០) នឹងទទួលការជំនុំជំរះ។ ដូច្នេះយើងគួរតែនិយាយ និងប្រព្រឹត្ដដូចអស់អ្នកដែលដឹងថា យើងនឹងទទួលការជំនុំជំរះទៅលើរបៀបដែលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះ និងទៅកាន់មនុស្ស។ សម្រាប់ការ អានកំណត់ត្រាអំពីក្រឹត្យវិន័យនៃសេចក្ដីសេរីភាព សូមមើល ១:២៥។
ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតគេមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។
២:១៣ តើយើងអាចយកឈ្នះលើការជំនុំជំរះយ៉ាងដូចម្តេច នៅពេលដែលយើងទាំងអស់គ្នាបាន ប្រព្រឹត្តរំលងទៅលើក្រឹត្យវិន័៍យរបស់ព្រះ? មានវិធីតែមួយគត់ គឺតាមរយៈសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់។ ប្រសិនបើយើងចង់ទទួលបានមេត្តាករុណារបស់ព្រះជាម្ចាស់ ដែលជាអ្វីដែលយើងមិនសមនឹងទទួលនោះ យើងត្រូវតែបង្ហាញសេចក្តីមេត្តាករុណាដល់អ្នកដទៃ ទោះបីជាពួកគេមិនសមនឹងទទួលសេចក្តីមេត្តាករុណានោះក៏ដោយ។ អស់អ្នកណាដែលមានចិត្តមេត្តាករុណា អស់អ្នកទាំងនោះ នឹង ទទួលបានសេចក្តីមេត្តាករុណាវិញ (ម៉ាថាយ ៥: ៧, ៧:២, ១៨:២១-៣៥) ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើយើងមិនបង្ហាញសេចក្តីមេត្តាករុណាដល់អ្នកដទៃទេ យើងនឹងមិនទទួលបានសេចក្តីមេត្តាពីព្រះជាម្ចាស់បាន ឡើយ។ គ្រីស្ទបរិស័ទ្ធដែលបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ្នកដទៃ គឺកំពុងតែធ្វើអ្វីដែលក្រឹត្យវិន័យនៃសេចក្ដីស្រឡាញ់តម្រូវឱ្យធ្វើ ហើយមិនគួរមានការភ័យខ្លាចការជំនុំជំរះនោះឡើយ។
សំណួរឆ្លុះបញ្ចាំង
-
តើខ្ញុំបង្ហាញការរើសមុខ (ភាពលម្អៀង) ទៅកាន់មនុស្សផ្សេងៗដែរឬទេ?
ជំនឿ និង ការប្រព្រឹត្ត ២:១៤-២៦
ជំនឿ គឺជាចំនុចចាំបាច់ណាស់នៅក្នុងជីវិតគ្រីស្ទបរិស័ទ។ យើងត្រូវបានសង្គ្រោះដោយសារព្រះគុណ តាមរយៈសេចក្តីជំនឿ (អេភសូ ២:៨-៩) ហើយបន្ទាប់មកយើងដើរដោយសេចក្តីជំនឿ (២កូរិនថូស ៥:៧) ។ គឺជាដោយសារតែ សេចក្តីជំនឿនោះឯង ដែលរាស្ត្ររបស់ព្រះអាចធ្វើកិច្ចការដែលព្រះអង្គ បានបង្គាប់ឲ្យពួកគេធ្វើ ហើយមនុស្សនឹងនឹកចាំពីសេចក្តីជំនឿរបស់ពួកគេ (ហេព្រើរ ១១) ។ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ (ហេព្រើរ ១១:៦) ដ្បិតការទាំងប៉ុន្មានដែលយើងធ្វើ ដោយឥតមានសេចក្តីជំនឿ នោះសុទ្ធជាតែអំពើបាបហើយ (រ៉ូម ១៤:២៣) ។ នៅក្នុងអត្ថបទនេះ យ៉ាកុបកំពុងពិភាក្សាពីទំនាក់ទំនងរវាង សេចក្តីជំនឿ ការប្រព្រឹត្ត និង សេចក្តីសង្គ្រោះ។
បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ
២:១៤ លោកយ៉ាកុបចាប់ផ្ដើមដោយឲ្យឧទាហរណ៍មួយ។ បុរសម្នាក់អះអាងថាគាត់មានសេចក្តីជំនឿ ប៉ុន្តែគាត់មិនមានការប្រព្រឹត្តការល្អនោះទេ។ លោកយ៉ាកុបសួរថា តើសេចក្តីជំនឿបែបនេះអាចជួយសង្គ្រោះគាត់បានឬទេ? ហើយនេះ គឺជាសំណួរដែលគាត់នឹងឆ្លើយនៅក្នុងផ្នែកនេះ។ ដូច្នេះបញ្ហា គឺថាតើចាំបាច់ត្រូវមានសេចក្តីជំនឿប្រភេទណា ដើម្បីឲ្យអាចទទួលបានសេចក្តីសង្រ្គោះ។
ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី
២:១៥-១៦ លោកយ៉ាកុបលើកឧទាហរណ៍អំពីភាពពុតត្បុតក្នុងពាក្យសំដីរបស់មនុស្ស ដែលគ្មានការប្រព្រឹត្តសកម្មភាពអ្វីទាំងអស់។ មនុស្សម្នាក់ មើលឃើញ បងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទដែលកំពុងត្រូវការជំនួយ។ គាត់និយាយពាក្យសម្តី ដែលវាហាក់បីដូចជាថាគាត់មានការយកចិត្តទុកដាក់ប៉ុន្តែ គាត់បានឲ្យពួកទៅ ដោយមិនបានឲ្យអ្វីសោះទៅកាន់ពួកគាត់។ លោកយ៉ាកុបសួរថា តើមានប្រយោជន៍អ្វី? ចម្លើយគឺ “គ្មានប្រយោជន៍ទេ” ពីព្រោះពាក្យទាំងនេះមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់បងប្អូនប្រុសស្រីដែលមានខ្វះខាតនោះទេ។ ពួកគេនៅតែរងា និង ស្រែកឃ្លាន។ចំណុចដែលលោកយ៉ាកុបចង់ចង្អុលបង្ហាញនោះគឺថា ការដែលមានតែពាក្យសំដី តែគ្មានការបង្ហាញចេញ ជាសកម្មភាព មិនអាចបង្កើតឲ្យមានអ្វីដែលល្អបាននោះឡើយ ។
ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង
២:១៧ ដូចគ្នាដែរ ប្រសិនបើយើងនិយាយថា យើងមានជំនឿតែយើងមិនធ្វើតាមជំនឿនោះទេ នេះក៏គ្មានប្រយោជន៍ដែរ មិនថាមកកាន់យើង ឬ អ្នកដទៃ។ លោកយ៉ាកុបប្រើពាក្យថា សេចក្តីជំនឿដែល «ស្លាប់»។ សេចក្តីជំនឿស្លាប់មិនមែន មានន័យថាជំនឿបានស្លាប់ទេ។ តែវាមានន័យថាវាគឺជា សេចក្តីជំនឿដែលមិនដែលមិនជីវិតតាំងពីមុនមក។
តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ
២:១៨ លោកយ៉ាកុបបានចាប់ផ្តើមលើកឡើងថា មានបុរសម្នាក់ដែលនិយាយថាគាត់មានជំនឿ តែគ្មានគ្មានការ ប្រព្រឹត្តនោះទេ (ខ ១៤)។ ឥឡូវនេះ លោកយ៉ាកុបស្រមៃថា មានអ្នកជឿម្នាក់ប្រឈមជំរុញឲ្យបុរស ម្នាក់នោះ ធ្វើការអះអាង បង្ហាញពីសេចក្តីជំនឿរបស់គាត់។ តើត្រូវធ្វើយ៉ាងណាដើម្បីបង្ហាញពីសេចក្តីជំនឿ? គឺតាមរយៈសកម្មភាពការប្រព្រឹត្តរបស់យើង ដែលបង្ហាញពីការទុកចិត្តលើព្រះ (ម៉ាថាយ ៨:៥-១០, ១៥:២១-២៨; ម៉ាកុស ២: ៣-៥)។ ប៉ុន្តែបើសិនជា នរណាម្នាក់គ្មានការប្រព្រឹត្តនោះទេ តើគាត់អាចបង្ហាញពីសេចក្តីជំនឿរបស់គាត់ដោយរបៀបណា? នេះជាការសំដែងឲ្យឃើញថា សេចក្តីជំនឿរបស់គាត់គឺជាជំនឿដែលស្លាប់។
អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ
២:១៩ មនុស្សដែលមានជំនឿស្លាប់ មិនចង់រស់នៅក្នុងការស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទេ។ ដូច្នេះ ពួកគេច្រើនតែនិយាយថាគ្រាន់តែជឿលើព្រះពិតតែមួយ គឺគ្រប់គ្រាន់ហើយ។ វាគឺ ជាការពិតដែលមានតែព្រះពិតតែមួយ ហើយវាជាការល្អដែលដឹង និងជឿលើសេចក្តីពិតនេះ។ ប៉ុន្តែ ការជឿថាមានព្រះតែមួយគឺមិនដូចគ្នា ជាមួយនឹងការមានជំនឿលើព្រះអង្គនោះទេ។ សូម្បីតែពួកអារក្ស ក៏ដឹងដែរថាព្រះជាម្ចាស់ គឺជាព្រះពិតតែមួយ។ ពួកវាដឹងថាពួកវានឹងទទួលការជំនុំជំរះ ហើយពេលវេលា និងទីកន្លែង សម្រាប់ការដាក់ទណ្ឌកម្មរបស់ពួកវា ត្រូវបានកំណត់ហើយ (ម៉ាថាយ ៨:២៩; លូកា ៨:៣១)។ ដោយសារតែរឿងនេះ ពួកវាខ្លាចញាប់ញ័រយ៉ាងខ្លាំង។ ប៉ុន្តែចំណេះដឹងអំពីព្រះមិនដូចគ្នានឹងការដាក់សេចក្តីជំនឿលើព្រះអង្គនោះទេ។
ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ
២:២០ ជំនឿ «ស្លាប់» នេះគឺទាក់ទងនឹងពាក្យសម្តី និងជំនឿរបស់យើង ប៉ុន្តែវាមិននាំឆ្ពោះទៅកាន់ ការមានភាពសកម្មក្នុងការទុកចិត្តទៅកាន់ព្រះ នេះហើយគឺជាការដែលគ្មានប្រយោជន៍ទាល់តែសោះ។ បុគ្គលណាដែលមិនយល់ឃើញ ថា សេចក្តីជំនឿនាំឆ្ពោះទៅកាន់ការប្រព្រឹត្តល្អ អ្នកនោះគឺជាមនុស្សកំឡៅ។ ពាក្យក្រិកសម្រាប់ពាក្យ «កំឡៅ» (κενέ) មានន័យថា “ទទេ” ឬ “គ្មាន” ដែលការនេះសំដៅទៅលើការខ្វះការយល់ដឹង។
ចុះលោកអ័ប្រាហាំ ជាឰយុកោយើង តើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី
២:២១ បន្ទាប់ពីបានពិពណ៌នាថា ជំនឿស្លាប់គ្មានប្រយោជន៍ទាល់តែសោះ ឥឡូវនេះលោកយ៉ាកុប បានផ្តល់ឧទាហរណ៍ពីរ អំពីមនុស្សដែលមានសេចក្តីជំនឿ ដែលមានភាពរស់រវើក និង មានប្រយោជន៍ គឺលោក អ័ប្រាហាំ
(ខ ២២-២៣) និង នាងរ៉ាហាប (ខ ២៥)។
ព្រះជាម្ចាស់បានសន្យាថានឹងធ្វើឲ្យលោកអ័ប្រាហំ ក្លាយទៅជាប្រជាជាតិ (នគរ) ដ៏ធំមួយ (លោកុប្បត្តិ ១២:២) ដែលមានពូជពង់កូនចៅច្រើនដូចផ្កាយ (លោកុប្បត្តិ ១៥:៤-៥)។ ទោះបីគាត់ជាមនុស្សចាស់ ហើយគ្មានកូនក៏ដោយអ័ប្រាហាំ ជឿថាព្រះជាម្ចាស់នឹងធ្វើតាមអ្វីដែលទ្រង់បានសន្យា។ ដោយសារតែការនេះ ទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់ (លោកុប្បត្តិ ១៥:៦)។ ក្នុងកំឡុងពេលនោះមិនមានលើកឡើងនិយាយពីការប្រព្រឹត្តនោះឡើប។ ព្រះជាម្ចាស់បានរាប់អ័ប្រាហាំ ជាសុចរិត ដោយសារសេចក្តីជំនឿរបស់របស់គាត់។
ក្រោយមក យើងឃើញភស្ដុតាងបញ្ជាក់ពី សេចក្តីជំនឿរបស់លោកអ័ប្រាហាំ។ ជំនឿរបស់អាប្រាហាំបានទទួល
ការល្បងលដ៏លំបាកបំផុត នៅពេលដែលព្រះជាម្ចាស់ បានមានបន្ទូលឲ្យគាត់ថ្វាយ អ៊ីសាកដែលជាកូនប្រុសរបស់គាត់ ជាយញ្ញបូជា។ ពីមុនព្រះអង្គបានមានបន្ទូលថាសេចក្តីសន្យា របស់ទ្រង់ អំពីនគរ (ប្រជាជាតិ)ដ៏ធំមួយ នឹងបានសម្រេចតាមរយៈជីវិតរបស់លោកអ៊ីសាក (លោកុប្បត្តិ ២១:១២-១៣)។ ឥឡូវនេះទ្រង់កំពុងតែមានបន្ទូលប្រាប់លោកអ័ប្រាហាំ ថ្វាយអ៊ីសាកជាយញ្ញបូជា (លោកុប្បត្តិ ២២:១-២)! ដូច្នេះ តើសេចក្ដីសន្យារបស់ទ្រង់ នឹងសម្រេចបានដោយរបៀបណា? លោកអ័ប្រាហាំ មិនបានដឹងទេ ប៉ុន្តែគាត់នៅតែបន្តទុកចិត្តលើព្រះជាម្ចាស់។ គាត់បានត្រៀមខ្លួនធ្វើអ្វីដែលផ្ទុយពីចិត្ត និងប្រាជ្ញារបស់គាត់ គាត់ធ្វើការនេះ ដោយគ្រាន់តែគាត់ដឹងថាវាជាអ្វីដែលព្រះអង្គមានបន្ទូលឲ្យគាត់ធ្វើ។ យើងឃើញថាជំនឿ មានន័យថាមនុស្សម្នាក់សុខចិត្តធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូលឲ្យធ្វើ។ គាត់ជឿជាក់ថាព្រះជាម្ចាស់នឹងនៅតែសម្រេចតាមការសន្យារបស់ទ្រង់តាមរយៈ អ៊ីសាក (ហេព្រើរ ១១:១៧-១៩)។ ការប្រព្រឹត្តរបស់គាត់បានរាប់ជាសុចរិតដោយសារការប្រព្រឹត្តទាំងនោះបានបង្ហាញពី ការមានសេចក្តីជំនឿនៅទៅលើព្រះអម្ចាស់។
ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង
២:២២ សេចក្តីជំនឿ និង ការប្រព្រឹត្ត គឺផ្សារភ្ជាប់គ្នា មិនមែនដាច់ដោយឡែកពីគ្នាទេ។ ការប្រព្រឹត្ត គឺជាលទ្ធផល និងការបង្ហាញពីសេចក្តីជំនឿ។ ជំនឿពិត «មានការប្រព្រឹត្ត» (ខ ១៧) គឺ «បានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត» (ខ ២២) ហើយ «បានគ្រប់លក្ខណ៍» ដោយការប្រព្រឹត្ត (ខ ២២)។ «បានគ្រប់លក្ខណ៍» (ἐτελειώθη) មានន័យថានឹងនាំអ្វីម្យ៉ាងឲ្យទៅដល់គោលដៅ។ ដូចនេះ សេចក្តីជំនឿរបស់យើងមានគោល។ ហើយគោលដៅនៃសេចក្ដីជំនឿរបស់យើង គឺជាការដែល ប្រឹងប្រែងឆ្ពោះទៅរកជីវិត ដែលរស់នៅស្តាប់បង្គាប់ព្រះ។
នោះទើបបានសំរេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក» ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ
២:២៣ ព្រះបានប្រកាសរាប់ លោកអាប្រាហាំថា ជាមនុស្សសុចរិត នៅយប់ដែលគាត់បានជឿលើការសន្យារបស់ទ្រង់។ ច្រើនឆ្នាំក្រោយមក គាត់បានត្រៀមខ្លួនក្នុងការថ្វាយអ៊ីសាកជាយញ្ញបូជា ដល់ព្រះជាម្ចាស់។ ក្នុងការធ្វើដូចនេះ បទគម្ពីរដែលបាននិយាយថាលោកអាប្រាហាំត្រូវបានរាប់ជាសុចរិតដោយសារជំនឿរបស់គាត់ (លោកុប្បត្តិ ១៥:៦) ហើយវាត្រូវបានសម្រេចជាច្រើនឆ្នាំក្រោយមកដោយសារការប្រព្រឹត្ត របស់គាត់ដែលបង្ហាញពីជំនឿនេះ (លោកុប្បត្តិ ២២) ។
វាគឺជាការដូចគ្នាដែរ សម្រាប់អស់អ្នកណាដែលបានទទួលសេចក្តីសង្គ្រោះហើយ។ ព្រះអង្គបាន រាប់យើងជាសុចរិត ដោយសារជំនឿ បន្ទាប់មកយើងធ្វើការប្រព្រឹត្តដែលបង្ហាញអោយឃើញ និងបំពេញជំនឿរបស់យើង។ នៅពេលដែលយើងប្រព្រឹត្តដោយសេចក្តីជំនឿ នោះយើងនឹងទទួលបានសេចក្តី ជំនឿកាន់តែច្រើន។ លទ្ធផលនៃសេចក្តីជំនឿរបស់យើងនៅក្នុងព្រះអង្គ មានការលូតលាស់កាន់តែ ជ្រាលជ្រៅ ហើយកាន់តែរឹងមាំជាងពីមុន។ ដូចជាអាប្រាហាំមានជំនឿកាន់តែខ្លាំង នៅពេលគាត់ដើរជាមួយព្រះជាម្ចាស់។ ដូចគ្នាដែរ ជំនឿរបស់យើងក៏កាន់តែប្រពៃឡើង នៅពេលដែលយើងដាក់ភ្នែករំពឹងមើលដល់ព្រះ (ហេព្រើរ ១២:២)។ មិត្តភាពជាមួយព្រះជាម្ចាស់ គឺកើតចេញពីការស្តាប់បង្គាប់ យ៉ាងស្មោះត្រង់ (២របាក្សត្រ ២០:៧; អេសាយ ៤១:៨; យ៉ូហាន ១៥:១៤)។
ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ
២:២៤ លោកយ៉ាកុបមិនកំពុងនិយាយថា ការរាប់ជាសុចរិតមិនចាំបាច់ទាមទារឲ្យមានសេចក្តីជំនឿ នោះទេ ប៉ុន្តែគាត់កំពុងបង្រៀនថា ជំនឿពិតតែងតែត្រូវបានអមដោយការប្រព្រឹត្តល្អត្រឹមត្រូវ។ ការប្រព្រឹត្តមិនមែនកើតឡើង ដើម្បីជំនួសសេចក្តីជំនឿនោះទេ តែការប្រព្រឹត្តកើតឡើងដោយសារ សេចក្តីជំនឿវិញ។ ការប្រព្រឹត្ត គឺជាសញ្ញាមួយ ដែលបង្ហាញថាជំនឿដែលនាំឲ្យមានសេចក្តីសង្គ្រោះ កំពុងមានវត្តមាននៅក្នុងជីវិត របស់បុគ្គលម្នាក់ (ខ ១៨)។ ប្រសិនបើបុគ្គលណាម្នាក់ទទួលបានសេចក្តី សង្គ្រោះ ដោយសារព្រះគុណរបស់ព្រះ នោះគាត់នឹងដើរក្នុងការប្រព្រឹត្តល្អ ដែលព្រះទ្រង់បានរៀបចំសម្រាប់អោយគាត់ធ្វើ (អេភេសូ២: ៨-១០)។ ប្រភេទនៃសេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត (សំដៅទៅលើអស់អ្នកណាដែលមានសេចក្តីជំនឿលើព្រះ ប៉ុន្តែសេចក្តីជំនឿរបស់គាត់មិនឥទ្ធិពលមកកាន់ជីវិតរបស់គាត់ ឡើយ) គឺជាជំនឿ ដែលមិនមានភាពដូចគ្នាជាមួយនឹងជំនឿ របស់អស់អ្នកដែលបានសេចក្តីសង្គ្រោះ នោះទេ។
អ្នកខ្លះគិតថា ការបង្រៀនរបស់ លោកប៉ុល និង លោកយ៉ាកុបលើប្រធានបទនេះមានភាពផ្ទុយគ្នា ប៉ុន្តែវាមិនពិតទេ។ ប៉ុលបង្រៀនថាយើងត្រូវបានសង្គ្រោះដោយសេចក្តីជំនឿ។ ហើយលោកយ៉ាកុប បានបង្រៀនយើងពីសេចក្តីជំនឿដែលនាំឲ្យមានសេចក្តីសង្គ្រោះមានលក្ខណៈយ៉ាងណា។ លោកប៉ុលបាន បង្រៀនយើងថា ការទុកចិត្តទៅលើការប្រព្រឹត្តរបស់យើងដើម្បីឲ្យបានសេចក្តីសង្គ្រោះគឺជា ការគ្រោះ ថ្នាក់យ៉ាងធំ។ លោកយ៉ាកុបបានបង្រៀនយើងថា ការទុកចិត្តទៅលើសេចក្តីជំនឿដែលស្លាប់ គឺជាការ គ្រោះថ្នាក់ យ៉ាងធំដែរ។ ម្នាក់ៗកំពុងបង្រៀនសេចក្ដីពិតដ៏សំខាន់មួយ។ ពួកគាត់ទាំងពីរ យល់ស្របថាសេចក្ដីសង្គ្រោះគឺ ជាអំណោយទានមកពីព្រះជាម្ចាស់ (យ៉ាកុប ១:១៧-១៨; អេភេសូ ២:៨) ទទួលបានដោយសារសេចក្តីជំនឿ (យ៉ាកុប ១:២១; កាឡាទី ៣:២៨) ហើយជំនឿពិតត្រូវបានអមដោយការប្រព្រឹត្តល្អត្រឹមត្រូវ (យ៉ាកុប ២:២២; កាឡាទី ៥:៦)។
ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត
២:២៥ លោកយ៉ាកុប ប្រើនាងរ៉ាហាប ជាឧទាហរណ៍មួយទៀត។ រ៉ាហាប ជាជនជាតិសាសន៍កាណានដែលរស់នៅក្នុងទីក្រុងយេរីខូរ។ យ៉ូស្វេ ដែលជាមេដឹកនាំជនជាតិអ៊ីស្រាអែល បានចាត់អ្នកស៊ើបការណ៍ពីរនាក់ ឲ្យទៅស៊ើបអង្កេត ពីទីក្រុង។ រ៉ាហាបជឿថាព្រះជាម្ចាស់ជាព្រះមួយពិត (យ៉ូស្វេ ២:១១) ដូច្នេះនាងបានជួយអ្នកស៊ើបការណ៍ទាំងពីរនោះ (យ៉ូស្វេ ២:២-៥; ហេព្រើរ ១១:៣១) ។ ជំនឿរបស់នាងនាំឲ្យនាងធ្វើចេញជាសកម្មភាព។ នេះបានបង្ហាញថា នាងមានជំនឿពិតលើព្រះជាម្ចាស់។ ការមានសេចក្តីជំនឿ គឺជាការរស់នៅស្របតាមសេចក្តីពិត ដែលយើងស្គាល់អំពីព្រះ។
នាងរ៉ាហាបមានលក្ខណៈជាច្រើនដែល ខុសប្លែកពីលោកអ័ប្រាហាំ។ នាងជាស្ត្រី ជាសាសន៍ដ៏ទៃនិង ជាស្រីពេស្យា។ ប៉ុន្តែពួកគេមានចំណុចរួមមួយ គឺសេចក្តីជំនឿលើព្រះ។ លោកយ៉ាកុបលើកពីមនុស្សពីរនាក់ដែលមានលក្ខណៈខុសគ្នាធ្វើជាឧទាហរណ៍ ដើម្បីបង្រៀនពីសេចក្តីពិតដ៏អស្ចារ្យមួយនេះ គឺ៖ ព្រះអង្គនឹងរាប់ជាសុចរិតអស់អ្នកណាដែលមានសេចក្តីជំនឿដ៏រស់នៅក្នុងទ្រង់។
ពីព្រោះសេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។
២:២៦ ជំនឿដែលគ្មានការប្រព្រឹត្ត គឺប្រៀបដូចជារូបកាយដែលគ្មានវិញ្ញាណ។ គឺជាអ្វីដែលស្លាប់ហើយ។ លោកយ៉ាកុបបានពណ៌នាពីជំនឿគ្មានការប្រព្រឹត្ត គឺជាដូចជំនឿរបស់ពួកអារក្ស (ខ ១៩) ឥតប្រយោជន៍ (ខ ២០) និង ស្លាប់ (ខ ១៧, ២៦) ។ គាត់មិនបានបដិសេធថានេះមិនមែន ជាជំនឿនោះទេ ប៉ុន្តែគាត់និយាយថានេះមិនមែនជាជំនឿដែលត្រឹមត្រូវ ។ សំនួរដែលលោកអ្នក យ៉ាកុបបានពិចារណា នៅក្នុងអត្ថបទនេះគឺថា តើជំនឿប្រភេទណាដែលអាចសង្គ្រោះមនុស្សបាន? ចម្លើយរបស់គាត់គឺជា ជំនឿដែលមិនមែនគ្រាន់តែពាក្យសំដី(ខ ១៤-១៧) ឬ គ្រាន់តែជឿនោះទេ(ខ ១៨-២០) ប៉ុន្តែ គឺជាសេចក្តីជំនឿដែលមានភាពរស់រវើក ហើយបានសម្រេចដោយការប្រព្រឹត្ត។ ជំនឿបែបនេះ មានការទុកចិត្តយ៉ាងអស់ពីចិត្តទៅកាន់ព្រះអង្គ ដោយសារតែដឹងថា មានតែទ្រង់ទេ ដែលអាចសង្គ្រោះបាន (យ៉ូហាន ៦៖៦៦-៦៩)
សំណួរឆ្លុះបញ្ចាំង
-
តើជីវិតរស់នៅរបស់ខ្ញុំបានបង្ហាញថាខ្ញុំមានជំនឿដ៏រស់ទៅលើព្រះអម្ចាស់ ដែរឬទេ?


